លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម

ព័ត៌មានជាតិ

ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា

2026/05/06 11:42:57 am        83
ព្រះវិហារ៖ លោកឧត្តមអគារនុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារ និងលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមពិធីប្រកាសព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស ដល់ទណ្ឌិតនៅពន្ធនាគារខេត្តព្រះវិហារ ចំនួន ១០នាក់ ស្រី ៣ នាក់ ដែលត្រូវបានបន្ធូរបន្ថយទោស ក្នុងព្រះរាជពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦។ក្នុងពិធីនោះដែរលោកឧត្តមអគារនុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារ និងលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខរបស់​ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដល់ជនជាប់ឃុំទាំងអស់ និងបានធ្វើការណែនាំបន្ថែមទៀតដល់ជនជាប់ឃុំ ត្រូវយកចិត្តទុកដាក់គោរពវិន័យសណ្ដាប់ធ្នាប់ បទបញ្ជារបស់ពន្ធនាគារ កុំបង្កបញ្ហា នាំឱ្យកើតបទល្មើសថ្មីមួយទៀត។ លោក បន្ដការផ្ដាំផ្ញើទៀតថា ត្រូវយកយកចិត្តទុកដាក់ថែទាំ​សុខភាព​ផ្ទាល់ខ្លួន យកចិត្តទុកដាក់រៀនជំនាញវិជ្ជាជីវៈ ដើម្បី​ចេញទៅវិញប្រកបមុខរបរផ្គត់ផ្គង់គ្រួសារ និងចេះគោរពគ្នាទៅវិញទៅមក យោគយល់អ្នកជាប់ឃុំជាមួយគ្នា កែខ្លួនធ្វើជាមនុស្សល្អ ក្លាយជាបុគ្គលឆ្នើម ជាមូលហេតុនាំឱ្យមានការបន្ធូរបន្ថយទោសរាល់បុណ្យជាតិម្ដងៗ និងរួចទោសឆាប់បានចូលទៅរួមរស់ក្នុងសង្គមវិញ ។សូមបញ្ជាក់ថា ជនជាប់ឃុំ ចំនួន៩នាក់ ស្រី ៣ នាក់ ត្រូវបានបន្ធូរបន្ថយទោសរយៈពេល៣ខែ និងជនជាប់ឃុំ១នាក់ ត្រូវបានបន្ធូរបន្ថយទោស រយៈពេល៦ខែ ៕

TOP STORY | សម្ដេចតេជោ ហ៊ុន សែន ប្រកាស​គាំទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នាកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី

2026/05/06 11:16:56 am        304
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បាន​​​ប្រកាស​​គាំ​ទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នា​រវាង​កម្ពុជា និង​ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។តាមរយៈបណ្ដាញសង្គម​នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន​បានសរសេរយ៉ាងដូច្នេះថា «​ខ្ញុំសូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នៅ​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​ស្រាយ ​ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។»សម្ដេចតេជោបន្តថា ​មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺ​ដំណើរ​ឆ្ពោះ​ទៅតា​មយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើប​អា​ចដោះ​ស្រាយ​ដោយ​មាន​ភាគី​ទី៣​ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សម្រាប់សម្ដេច​​ដែល​បាន​ធ្វើ​កិច្ច​ការ​នេះ​តាំង​​ពី​អតីត​នាយក​រដ្ឋ​មន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 សម្ដេច​ពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោម​ហេតុ​ផល ​(គ្មានវឌ្ឍនភាព)។សម្ដេចតេជោបន្តទៀតថា «ខ្ញុំគួរតែបំភ្លឺថា គ្មានវឌ្ឍនភាពដោយសារអ្វី? ភាគីថៃ​ខ្លួន​ឯង​ដឹង​ច្បាស់​ជាង​នរណា​ទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រី​ប៉ុន្មាន​ហើយ​ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​អតីត​នាយក​រដ្ឋ​មន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឆ្នាំ២០០៦? កម្ពុជាធ្វើដំណើរដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បន្ត​ដោយ​ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និងខ្លឹមសារចរចា។ ក្នុង​ពេល​ជា​មួយគ្នាថៃ ផ្លាស់ប្តូនាយករដ្ឋមន្ត្រីប្រមាណ១០នាក់ តើនេះជាហេតុ​ផល​មួយ​នៃ​ការ​គ្មាន​វឌ្ឍន​ភាព​ទេ?»សម្ដេចតេជោ​បញ្ជាក់បន្ថែមថា ទោះបីថៃមានការផ្លាស់ប្តូនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏​ថ្នាក់​ដឹក​នាំ​ទាំង​នោះ​នៅ​តែបង្ហាញការបន្តចចារ សូម្បីរដ្ឋាភិបាលឯកឧត្តមនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចា​ជីវ៉ា ​ក៏បានចាត់បញ្ជូន​ ឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយខ្ញុំនៅផ្ទះតាខ្មៅ នាឆ្នាំ២០១០ ដែល​នៅ​ពេល​នោះ​ហើយ​ដែល​វរ​ជនទាំងពីរបានស្គាល់សម្លកកូរខ្មែរលើកដំបូងដែលភរិយាសម្ដេច​ចំអិនផ្ទាល់ដៃ ជូន​ភ្ញៀវ​កិត្តិយស​ទាំង​២រូបសម្រាប់អាហារថ្ងៃត្រង់។កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូម​កុំចោ​ទ​ប្រកាន់ថា​កម្ពុជា​ធ្វើ​អន្តរ​ជា​តូប​នីយ​កម្ម​ប​ញ្ហា​ទ្វេភា​គី ​និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិ​ចូល​រួម និង​ក៏​សូម​កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្ត​ការ​ទ្វេភាគី​ចាស់​ដែល​ថៃ​លុប​ចោល​ជា​ឯកតោភា​គី។​ សង្ឃឹមថា កម្ពុជា និងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែល​មាន​សមត្ថកិច្ច​លើ​បញ្ហាសមុទ្រ៕

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធពិភាក្សាអំពីក្របខ័ណ្ឌច្បាប់អនុវត្តចំពោះករណីក្មេងទំនើង

2026/05/06 10:27:14 am        295
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌច្បាប់ដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។លោកជំទាវ ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ BTV ឲ្យដឹងថា កិច្ចប្រជុំនេះ រៀបចំឡើងដោយក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌច្បាប់ដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង។ ហើយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធមួយចំនួន រួមមានជាអាទិ៍ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្ថាប័នអយ្យការផងដែរ។ទាក់ទងវិធានការច្បាប់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ប្រាប់ BTV ថា មកដល់ម៉ោងនេះ គឺមានវិធានការបីដែលនឹងត្រូវដាក់ឲ្យអនុវត្ត ក្នុងនោះមានទី១.ទោសការងារសហគមន៍ (ច្បាប់មានហើយ)។ ទី២. ការភ្ជួរទោសសាកល្បង គឺជាវិធានការមួយដែលតុលាការភ្ជួរទោស តុលាការសម្រេចផ្ដន្ទាទោស ប៉ុន្តែទោសអត់អនុវត្តនោះទេ។ ហើយដាក់កាតព្វកិច្ចដើម្បីអនុវត្តរយៈពេលបីឆ្នាំ ហើយបើសាម៉ីខ្លួនទៅបំពេញការងារបានល្អ គឺមិនដល់៣ឆ្នាំគាត់អាចទទួលបានរបបនឹង។ ទី៣. គឺការដោះលែងដោយមានលក្ខខណ្ឌ ចំពោះទណ្ឌិតដែលកំពុងតែជាប់ទោស អនុវត្តទោសបានចាប់ពី ២ភាគ៣ទៅ គឺច្បាប់អនុញ្ញាតឲ្យមានការដោះលែងដោយមានលក្ខខណ្ឌ។ លក្ខខណ្ឌសម្រាប់ការបំពេញការងារជាប្រយោជន៍សម្រាប់គាត់ផង និងជាប្រយោជន៍ដើម្បីបម្រើឲ្យប្រទេសជាតិផង។សូមជម្រាបថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទសិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងៗទំនើង។ ដើម្បីយកក្មេងទំនើងអស់ទាំងនោះទៅជួយដល់សកម្មភាពនៅសមរភូមិជួរមុខ៕ អត្ថបទ៖ វង្ស សុភាព

‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម

2026/05/05 07:24:29 pm        180
‎នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អមដំណើរពីថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ជូនលោកស្រី ស ថា ដែលជាមុខសញ្ញាគ្រួសារពលី មានជីវភាពខ្វះខាត រស់នៅភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។‎ក្នុងឱកាសនេះ ឯកឧត្តម គន់ គីម ថ្លែងថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរ និងខ្វល់ខ្វាយជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលមានជីវភាពលំបាក ដើម្បីដោះស្រាយក្នុងការផ្តល់ដីឡូត៍ និងផ្ទះ ក៏ដូចជាដីសម្បទានសង្គមកិច្ចតាមបណ្តាខេត្ត។ឯកឧត្តម គន់ គីម ថ្លែងទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១សមាគម បានចាត់ទុកវីរភាពរបស់វីរកងទ័ព គឺជាយុទ្ធជនដែលមានគុណតម្លៃចំពោះជាតិ និងប្រជាជន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់កណ្តាល បានចុះពិនិត្យ និងផ្តល់ផ្ទះជូនអតីតយុទ្ធជនដែលមានដីអត់ផ្ទះជាបន្តបន្ទាប់។‎ក្នុងឱកាសនេះដែរ ឯកឧត្តម គន់ គីម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមមាន ថវិក និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ៕

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ

2026/05/05 06:36:32 pm        158
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ថ្មីៗនេះ បានសម្រេចឃុំខ្លួនក្រុមជនសង្ស័យជាជនជាតិវៀតណាមចំនួន ១១នាក់ និងជនជាតិចិនចំនួន ១នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្នុងរូបភាពបង្កប់ការទាក់ទាញឱ្យវិនិយោគក្លែងក្លាយ។យោងតាមដីកាសម្រេចរបស់លោកស្រី តាន់ គឹមហៀក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទទាំង ១២នាក់ ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងមណ្ឌលកែប្រែទី២ (ម២) ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់។ជនត្រូវចោទទាំង១២នាក់នេះ ទី១ ឈ្មោះ វ៉ូ វ៉ាន់ហ៊ុ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ទី២ ឈ្មោះ ឡេ ម៉ាន់ហ៊ុ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិវៀតណាម ទី៣ ឈ្មោះ ដន ហាយអាញ់ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិវៀតណាម ទី៤ ឈ្មោះអ៊ូ ឈីង ឡុង ភេទប្រុស អាយុ៤០ ឆ្នាំ ទី៥ ឈ្មោះចឹង តានហ៊ុ ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិវៀតណាម ទី៦ ឈ្មោះ ង្វៀន ឌឹកដាយ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម ទី៧ ឈ្មោះ ដាំង ម៉ាយធី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ទី៨ ឈ្មោះដាំង វៀតយុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម ទី៩ ង្វៀន ធីប៊ិចហាញ់ ភេទស្រី អាយុ១៩ ឆ្នាំ ជនជាតិវៀតណាម ទី១០ ឈ្មោះ វ៉ាង វ៉ាង ដាក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម ទី១១ ឈ្មោះ ចឹង ងុកជឿង អាន ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិវៀតណាម និងទី១២ ឈ្មោះ ឡេ ធីវៀនចាង ភេទស្រី អាយុ២២ ឆ្នាំ ជនជាតិវៀតណាម។ ជនទាំង១២នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចអគារខុនដូ ZHUOYUFENG ស្ថិតនៅអគារលេខ ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៥ កថាខណ្ឌ ៣ ចំណុចទី១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មក។ ជាមួយច្បាប់នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ

2026/05/05 05:55:56 pm        203
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001, ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើបណ្ដាញសង្គម នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នេះថា ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។ សម្ដេចធិបតី បានលើកឡើងបន្ថែមថា ជាង ២៥ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឱ្យឃើញអំពីស្មារតី នៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។ ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជា យើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។ សម្ដេចធិបតី អះអាងថា ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។ ជាមួយគ្នានេះ សម្ដេចធិបី បញ្ជាក់ថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ៕

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

2026/05/05 05:16:49 pm        255
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និង​កុមារ បានថ្លែងថា ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃសង្គមជាតិ។ក្នុងសារលិខិតក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៦ ក្រោមប្រធានបទ «ពិភព​លោក​ត្រូវការឆ្មបបន្ថែម១លាននាក់» សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានបញ្ជាក់ថា ការវិនិយោគលើឆ្មប មិនមែន​ត្រឹម​តែ​ជា​ការផ្តល់សេវាសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គម​ជាតិទាំងមូល។ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះ ‘វីរបុរសសមរភូមិមុខ’ គឺបងប្អូនឆ្មប ដែលបានលះបង់កម្លាំងកាយចិត្ត ជួយសង្គ្រោះជីវិតមាតានិងទារក ទាំងក្នុងស្ថានភាពធម្មតា និងស្ថានភាពអាសន្ន។ សម្រាប់កម្ពុជា ការទទួលបានសេវាពីឆ្មបជំនាញនៅតាមសហគមន៍ជនបទ គឺជាកត្តាស្លាប់រស់។ កម្ពុជាមិនត្រឹមតែបង្កើនចំនួនឆ្មបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងគុណភាពឱ្យស្របតាមស្តង់ដាអន្តរជាតិ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​បានបន្ថែមថា ប្រធានបទជាតិឆ្នាំនេះ បានបញ្ជាក់ច្បាស់ថា ឆ្មបកម្ពុជាត្រូវតែទទួលបានការអប់រំខ្ពស់ មានសិទ្ធិសម្រេចចិត្ត និងក្លាយជាអ្នកដឹកនាំ ដើម្បីធានាថា 'មាតាគ្រប់រូប និងគ្រប់កំណើតទារកទាំងអស់' ទទួលបានសុវត្ថិភាព។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បន្តវិនិយោគបន្ថែមលើវិជ្ជាជីវៈឆ្មប។ ទន្ទឹមនឹងនោះ សូមអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងសម្រាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានឆ្មបជំនាញ។ ចំណែកបុរសជាស្វាមី និងគ្រួសារ គឺជាបង្អែកដ៏សំខាន់ក្នុងការគាំទ្រដល់មាតានៅគ្រប់ដំណាក់កាល។  ដូច្នេះកាការរួមគ្នានៅថ្ងៃនេះ ដើម្បីដោះស្រាយបញ្ហាកង្វះឆ្មប និងពង្រឹងសមត្ថភាពឆ្មបកម្ពុជា គឺជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគតដ៏រុងរឿងនៃសង្គមជាតិយើង "ឆ្មបកម្ពុជា ដើម្បីមាតា និងទារកគ្រប់រូប"៕ អត្ថបទ: សំ ងីម

ព្រះសង្ឃ និងពលរដ្ឋ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគជាមួយកាកបាទក្រហមកម្ពុជា បន្ត​កិច្ច​ការ​មនុស្សធម៌

2026/05/05 05:05:45 pm        209
ព្រះសង្ឃ និងប្រជាពលរដ្ឋ លើកឡើងថា កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុង​ការ​បំពេញ​កិច្ចការមនុស្សធម៌ និងជួយពលរដ្ឋក្រីក្រ ជួបការលំបាក ចំគោលដៅ។ ពលរដ្ឋ អំពាវនាវ​ដល់​សប្បុរសជន បន្តចូលរួមបរិច្ចាគថវិកា តាមលទ្ធភាព ដើម្បីគាំទ្រ​សកម្ម​ភាព​មនុស្ស​ធម៌​ របស់កាកបាទក្រហមកម្ពុជា។ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រាប់ BTV នៅ​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ ថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​ព្រះ​មហា​ក្សត្រី ​ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបំពេញកិច្ចការមនុស្សធម៌យ៉ាងសកម្ម និង​ទាន់​ពេល​វេលា។ ជាក់ស្ដែង ជនចាស់ជរាគ្មានទីពឹង ស្រ្ដីមេម៉ាយ ក្មេងកំព្រា ជនពិការ និងពលរដ្ឋ ដែល​រងគ្រោះព្រោះគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ កាកបាទ​ក្រហម​តែង​តែផ្ដ​ល់ជំ​នួយ​សង្រ្គោះ​បាន​ទាន់ពេលវេលាជានិច្ច។ប្រជាពលរដ្ឋ អំពាវនាវសូមឲ្យសប្បុរសជន ចូលរួមបន្តទៀត ក្នុងការបរិច្ចាគថវិកា ដើម្បី​គាំ​ទ្រ​សកម្ម​ភាព​មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះ និង​ជន​ងាយ​រង​គ្រោះ​បំផុត​។កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ ដែលបំពេញបេសកកម្ម សង្រ្គោះពលរដ្ឋក្រីក្រ រង​គ្រោះ ​ជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ វណ្ណៈ ជំនឿសាសនា ឬ​និន្នា​ការ​នយោបាយ​នោះ​ឡើយ។ តាមរយៈស្មារតីនេះ កាកបាទក្រហមកម្ពុជា បានក្លាយជា ស្ថាប័ន​ដែល​ផ្ដល់​ភាព​កក់ក្ដៅបំផុតជូនពលរដ្ឋ។ សូមជម្រាបជូនថា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី១៦៣ ទិវា​ពិភព​លោក ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បី​មនុស្សធម៌»៕ អត្ថបទ៖ លៀ ស៊ីណា 

ទិវាឆ្មបជាតិ-អន្តរជាតិ៖ ឆ្មបប្តេជ្ញាខិតខំចូលរួមកាត់បន្ថយអាត្រាមរណមាតា និង​ទារក​ប្រកប​ដោយ​វិជ្ជាជីវៈ

2026/05/05 04:39:29 pm        244
​នៅថ្ងៃទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្មបកម្ពុជា បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ខិតខំ​ចូល​រួម​កាត់​បន្ថយ​អត្រា​មរណ​មាតា និងទារកប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ទិវាឆ្មបជាតិ អន្តរជាតិ ៥ឧសភា ឆ្នាំ២០២៦ ប្រារព្ធឡើងក្រោមប្រធានបទ៖ ពិភពលោក ត្រូវ​ការ​ឆ្មប ​បន្ថែម១លាននាក់ ហើយតាមរយៈទិវាឆ្មបឆ្នាំនេះ ដែលបណ្តាឆ្មប បានថ្លែង​ការ​ប្តេជ្ញា​ចិត្ត​គោរព​ក្រម​សីលធម៌ជំនាញវិជ្ជាជីវៈ មើលថែរក្សាសុខភាពស្ត្រីជាម្តាយទំាងមុន អំឡុងពេល និង​ក្រោយ​ពេល​សម្រាលឲ្យបានល្អបំផុត សំដៅលើកកម្ពស់សុខភាព និង​កាត់​បន្ថយ​អាត្រា​មរណ​ភាព​មាតា និងទារកឲ្យមានអាត្រាទាបបំផុត។ប្រធានសមាគមឆ្មបសាខាខេត្តកណ្តាល ក៏ដូចបណ្តាឆ្មបនៃមន្ទីរពេទ្យជ័យជំនះ នៅខេត្តកណ្តាល បាន​ប្រាប់​BTV នៅថ្ងៃទី៥ ខែឧសភា នេះថា ស្ថានភាពការគាំទ្រការពង្រឹងវិជ្ជាជីវៈឆ្មប ការ​ពង្រីក​ការ​បណ្តុះ​បណ្តាលជំនាញឆ្មប ការពង្រឹងភាពជាអ្នកដឹកនាំ និងក្រមសីលធម៌វិជ្ជាជីវៈ នៅ​ខេត្ត​កណ្តាល ​ត្រូវបានផ្តោតការយកទុកដាក់ខ្លាំង និងការណែនាំ និងទទួល​ការ​បណ្តុះ​បណ្តាល​ច្រើន​ពី​ថ្នាក់​ដឹក​នាំក្រ​សួងសុខាភិបាល ហើយជាពិសេសទៀតនោះ ការអនុវត្តគោលនយោបាយ ផ្តល់​បណ្ណ​ ប.ស.ស បណ្ណសមធម៌ និងបណ្ណក្រីក្រនានាទៀតរបស់រាជរដ្ឋាភិបាល គឺបាន​រួម​ចំណែក​ខ្លាំង​ជួយ​ដល់​ការលើកកម្ពស់សុខភាពមាតា និងទារក និងបានធ្វើឲ្យស្ត្រី នៅគ្រប់​កម្រិត​ជីវភាព​ទាំង​អស់​នាំ​គ្នា​ចូលមកទទួលសេវារដ្ឋ និងបានរួមគ្នា​ចំណែក​ខ្លាំង​ក្នុង​កាត់​បន្ថយ​អាត្រា​មរណ​ភាព​មាតា និង​ទារក បានខ្ពស់បំផុត។វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្ដុង្គឧត្តម និងជាការជួយសង្គ្រោះអាយុជីវិតមនុស្ស និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​គ្រួសារទាំ​ងឡាយ និងជួយឱ្យកុមារម្នាក់ៗចាប់ផ្តើមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និង​ការ​ថែ​ទាំង​យ៉ាង​ហ្មត់ចត់៕ អត្ថបទ៖ ស៊ុម សុខជា 

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងផ្ទះវីឡាពីរកន្លែងដែលជនបរទេសរត់គេចពីការបង្ក្រាបបទល្មើស Online Scams សំងំលាក់ខ្លួននៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជាច្រើននាក់

2026/05/05 04:28:00 pm        255
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងផ្ទះវីឡាពីរកន្លែងដែលជនបរទេសរត់គេចពីការបង្ក្រាបបទល្មើស Online Scams សំងំលាក់ខ្លួន នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជាច្រើននាក់។អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កងកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ដប្រតិបត្តិការបង្ក្រាបទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលរត់គេចពីការបង្ក្រាបបទល្មើសលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) នៅភូមិសាស្ដ្រជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យពេលកន្លងទៅមិនបន្ធូដៃឡើយ។អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនៅព្រឹកនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបនៅទីតាំងផ្ទះវីឡាចំនួន២កន្លែង ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្រសោបបានជនជាតិបរទេសជាច្រើនរយនាក់ និងដកហូតបានកាំភ្លើងខ្លី រថយន្ដ ព្រមទាំងសម្ភារមួយចំនួនទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវបានថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM
អ្នកស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៧៨​​នាក់ ខណៈមនុស្ស​ ១,៥លាននាក់ រង​ប៉ះពាល់ នៅភាគខាងត្បូងហ្វីលីពីន
06/18/2026 08:06 PM
លោក Zelensky៖ «ទីក្រុងមូស្គូនឹងឆេះ​សន្ធោសន្ធៅ​» ប្រសិនបើរុស្ស៊ីនៅតែបន្តការវាយប្រហារ
06/18/2026 07:06 PM
លោក Hegseth៖ អាមេរិកនឹងធ្វើ​ការវាយប្រហារ និងបិទផ្លូវទឹក​ឡើងវិញ បើអ៊ីរ៉ង់មិនបំពេញការប្តេជ្ញាចិត្ត
06/18/2026 07:06 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM