អនុប្រធានទី១ អាជ្ញាធរមីន ស្នើមូលនិធិចិន សម្រាប់សន្តិភាព និងការអភិវឌ្ឍ គាំទ្រ​ដល់​ជន​មាន​ពិការ​ភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា
រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
អ្នកជំនាញសេដ្ឋកិច្ច៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន នឹង​កាន់​តែ​ស៊ីជម្រៅ​លើ​​វិស័យ​សេដ្ឋកិច្ច និងកសិកម្ម

ព័ត៌មានជាតិ

អត្ថប្រយោជន៍សាលាដែលមានវិន័យល្អ គឺទទួលបានធនធានមនុស្សដ៏ល្អសំរាប់ប្រទេសជាតិ

2026/03/10 04:35:55 pm        121
កំពង់ឆ្នាំង៖ លោក នុត អង្គារ នាយកសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ បានថ្លែងថា «គោលនយោបាយសាលាត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យដំណើរការបង្រៀនរបស់គ្រូ និងដំណើរការៀនរបស់សិស្សប្រព្រឹត្តទៅបានរលូតត្រឹមត្រូវ និងមានប្រសិទ្ធភាព»។ យើងក៏អាចនិយាយបានថា គោលនយោបាយរបស់សាលាគឺជាគំនិតប្រាជ្ញានៃការគ្រប់គ្រងដឹកនាំ ចាត់ចែង សំដៅសម្រេចឲ្យបានគោលដៅនៃការបង្រៀន និងរៀបតាមផែនការកំណត់ប្រកបដោយភាពជោគជ័យ។លោកនាយកសាលាបានបន្តថា៖ ដូច្នេះសាលាត្រូវកំណត់ និងរៀបចំគោលនយោបាយក្នុងការដឹកនាំការបង្រៀន និងរៀនឲ្យបានត្រឹមត្រូវ។ ភាគច្រើនសិស្សនឹងឃើញគោលនយោបាយនៃការគ្រប់គ្រងរបស់សាលាតាមរយៈបទបញ្ញត្តិនានា បទបញ្ជាផ្ទៃក្នុង និងច្បាប់វិន័យផ្សេងទៀតដែលសាលាបានដាក់កំណត់ឲ្យសិស្ស និងគ្រូអនុវត្តក្នុងបរិវេណសាលា។ ដូច្នេះសិស្សត្រូវធ្វើតាមវិន័យ ឬបទបញ្ញត្តិផ្សេងៗឲ្យបានត្រឹមត្រូវទៀងទាត់ និងខ្ជាប់ខ្ជួនបំផុត ព្រោះថា វានឹងធ្វើឲ្យអ្នកក្លាយទៅជាសិស្សល្អ សិស្សគំរូ សិស្សឆ្នើម សិស្សពូកែ ឬសិស្សអស្ចារ្យបាន។លោកបានបន្ថែមថា៖ សិស្សត្រូវតែហ៊ានជ្រើសរើសចូលរៀនសាលារៀនណាដែលមានច្បាប់វិន័យ និងបទបញ្ជាផ្ទៃក្នុងដ៏តឹងរឹង ព្រោះវិន័័យគឺជាពុម្ពដ៏ស្រស់ស្អាតទំនើបក្នុងការផលិតសិស្សពូកែ ឬសិស្សប្រកបដោយគុណភាព។ សាលាណាដែលគ្មានច្បាប់វិន័យ ឬបទបញ្ជាផ្ទៃក្នុងដ៏តឹងរឹង វាគ្រាន់តែជាកន្លែងចាយពេលវេលាឥតប្រយោជន៍របស់សិស្សប៉ុណ្ណោះ ព្រោះវាមិនបានធ្វើឲ្យសិស្សស្គាល់ពីតម្លៃពិតនៃការសិក្សាអប់រំ ជាពិសេសនោះមិនបានអប់រំចិត្តគំនិតសិស្សឲ្យល្អប្រសើរឡើយ។ ដូច្នេះសិស្សត្រូវតែហ៊ានចូលខ្លួនដើម្បីឲ្យវិន័យជួយដុសខាត់លត់ដំអប់រំកែច្នៃ ដើម្បីក្លាយទៅជាសិស្សដ៏ល្អប្រសើរ មានរូបរាងថ្មី ចំណេះដឹងថ្មី ជំនាញពិត សមត្ថភាពខ្លាំងដើម្បីអាចច្បាំងឈ្នះលើសមរភូមិការងារឬក្នុងវិស័យមុខរបរទៅថ្ងៃអនាគត។ជាការពិតណាស់សាលាដែលមានវិន័យល្អ មានគោលនយោបាយល្អ និង ធ្វើឲ្យសិស្ស និសិត្ស ទទួលបានជោគជ័យក្នុងការសិក្សា ផ្ទុយទៅវិញបើយើងរៀននៅសាលាដែលគ្មានវិន័យល្អ គ្មានគោលនយោបាយល្អ សិស្សប្រាកដជាគ្មានគុណភាព និង មិនអាចប្រកួតប្រជែងជាមួយសិស្សដែលរៀននៅសាលាដែលមានវិន័យល្អបានឡើយ៕ ដោយ ៖ កាំងហុង វាស្នា​ 

ព្រះសង្ឃនិងសប្បុរជននៅខេត្តស្វាយរៀងបន្តផ្តល់ម៉ូតូជាលើកទី១៤ជូនវីរកងទ័ពសមរភូមិមុខ

2026/03/10 04:26:34 pm        249
ស្វាយរៀង ៖  ព្រះសង្ឃ និងសប្បុរជន នៅខេត្តស្វាយរៀង បានបន្តផ្តល់ម៉ូតូជាលើកទី១៤ជូនវីរកងទ័ពសមរភូមិមុខ ដែលនេះជា ការបង្ហាញការគិតគូរដល់វីរកងទ័ពដែលកំពុងតែឈរជើងយ៉ាងរឹងមាំការពារទឹកដីពីការឈ្លានពាន។ម៉ូតូចំនួន៥គ្រឿង របស់ប្រើប្រាស់ និងថវិកា ជាអំណោយបន្ថែមរបស់ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្ត ស្វាយរៀង និងលោក ចាន់ សំណាង លោកស្រី គឹមធារី និងកុមារី ចាន់ ធីតា នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានធ្វើការ ប្រគល់ជូនដល់វីរកងទ័ពនៅសមរភូមិជួរមុខ ដែលពិធីនេះបានប្រព្រឹត្តទៅនៅវត្តជម្ពូព្រឹក្សា ថ្ងៃទី១០ ខែមីនា នេះ។ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះមេគណខេត្ត ក្នុងនាមមន្ត្រីសង្ឃ និងតំណាងសប្បុរសជន បានមានសង្ឃដីកាសម្ដែង ការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងវីរយុទ្ធជន ដែលឈរជើងនៅជួរមុខទប់ទល់នឹងសៀមឈ្លានពានបូរណភាពទឹកដី យ៉ាងអង់អាច ដោយមិនរាថយ ។ព្រះអង្គបានមានសង្ឃដីកាបន្តថា សម្ភារ ម៉ូតូ អាវ និងថវិកា ដែលប្រគល់ជូនវីរកងទ័ពនៅពេលនេះក្នុងគោលបំ ណងផ្សារភ្ជាប់រវាងវីរកងទ័ពជួរមុខ និងសមរភូមិក្រោយតែប៉ុណ្ណោះ ហើយក៏ជាការឆ្លើយតបនូវមនោសញ្ចេតនារវាង ព្រះ សង្ឃ ពុទ្ធបរិស័ទ ពលរដ្ឋ ដើម្បីបំពេញបន្ថែមតម្រូវការរបស់វីរកងទ័ព។តំណាងវីរកងទ័ពសមរភូមិជួរមុខ ដែលមកទទួលម៉ូតូនៅថ្ងៃនេះ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ព្រះសង្ឃ ពលរដ្ឋ សប្បុរសជន ខេត្តស្វាយរៀង ដែលអំណោយនេះ គឺជាចំណែកយ៉ាងធំធេង និងជ្រាលជ្រៅបំផុតក្នុងបុព្វ ហេតុការពារទឹកដឹប្រឆាំងតបតជាមួយនឹងចោរសៀមដែលចូលទន្ទ្រានទឹកដីរបស់យើង៕អត្ថបទ ៖ Phea Sarith

អនុប្រធាន គ.ជ.អ.ប អំពាវនាវក្រុមប្រឹក្សារាជធានីខេត្ត ជំរុញថ្នាក់ក្រោមជាតិ​អនុវត្តផែនការ​អភិវឌ្ឍន៍​ជាតិឲ្យជោគជ័យ

2026/03/10 04:21:57 pm        251
ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) បានអំពាវនាវដល់ក្រុមប្រឹក្សារាជធានីខេត្ត ជួយជំរុញបន្ថែមដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវអនុវត្តផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ និងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី២ អាណត្តិទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍ថា នៅពេលខាងមុខ គ.ជ.អ.ប នឹងមានពិធីផ្សព្វផ្សាយនូវផែនការអភិវឌ្ឍន៍ជាតិ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងស្ថាប័នថ្នាក់ជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តនូវផែនការចុងក្រោយ នៃកម្មវិធីជាតិ ដំណាក់កាលទី២ ។ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប បានលើកទឹកចិត្តទៅដល់សមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ជួយបន្តផ្សព្វផ្សាយនូវផែនការនេះ ក៏ដូចជាចូលរួមអនុវត្តនូវផែនការអភិវឌ្ឍន៍ជាតិឲ្យកាន់តែទទួលបានលទ្ធផលល្អ តាមការគ្រោងទុក ខណៈមន្ទីរស្ថាប័នមួយចំនួន ត្រូវបានកំណែទម្រង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនោះ ។ជាមួយគ្នានេះ ឯកឧត្តម សក់ សេដ្ឋា បានវាយតម្លៃចំពោះសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ដោយមិនត្រឹមតែបានពិនិត្យ ពិភាក្សាលើសមិទ្ធផលសំខាន់ៗសម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅការងារ សម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៦ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកំណត់អំពីបញ្ហាប្រឈម ដែលត្រូវបន្តដោះស្រាយក្នុងកម្រិតផ្ទៃក្នុងសមាគម ព្រមទាំងកំណត់នូវបញ្ហាប្រឈម និងសំណូមពរដែលត្រូវស្នើជូនរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យពិចារណាទាំងក្នុងកម្រិតក្របខណ្ឌបទដ្ឋានគតិយុត្ត និងទាំងក្នុងកម្រិតបច្ចេកទេស ដើម្បីធានាឱ្យក្រុមប្រឹក្សារាជធានី ខេត្ត អាចប្រើប្រាស់សិទ្ធិ និងអនុវត្តតួនាទីរបស់ខ្លួនបានពេញលេញស្របតាមការកំណត់ដោយច្បាប់រៀបចំអង្គការ ។សម្រាប់លទ្ធផលនៃកិច្ចប្រជុំនេះ ​ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិ​ក្រុមប្រឹក្សារាជធានី ខេត្ត មានប្រសាសន៍ថា លទ្ធផលចំនួន ៤ចំណុច ទី១. ក្រុមប្រឹក្សាជាតិបានអនុម័តបំពេញបន្ថែមសមាសភាពសមាជិកក្រុមប្រឹក្សាជាតិ ចំនួនបីរូប, ទី២. ក្រុមប្រឹក្សាជាតិបានពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៥ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២៥, ទី៣. ក្រុមប្រឹក្សាជាតិបានពិភាក្សា និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៦ និងទី៤. ក្រុមប្រឹក្សាជាតិបានស្វែងយល់អំពីកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ផអ៥ទី២ (២០២៦-២០៣០) ។ គួរបញ្ជាក់ថា សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត (ស.ជ.ខ.) បង្កើតឡើងនៅឆ្នាំ២០១៣ ជាស្ថាប័នតំណាងឱ្យក្រុមប្រឹក្សាទាំង ២៥ រាជធានី-ខេត្តនៅកម្ពុជា ដើម្បីលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក ។ សមាគមនេះដើរតួនាទីសំខាន់ក្នុងការពង្រឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងកិច្ចសហប្រតិបត្តិការ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

រដ្ឋមន្រ្តីសុខាភិបាល ដឹកនាំកិច្ចប្រជុំជាមួយមន្រ្ដីក្រសួង​ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើក​ទិស​ដៅបន្ត

2026/03/10 02:59:26 pm        242
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ច​ប្រជុំ​កម្រិត​ថ្នាក់​ដឹក​នាំ​លើក​ទី១ នៃខែមីនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមា​ន​ការ​អញ្ជើញ​ចូល​រួម​ពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គ​នាយក​រង ​និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធាន​មន្ទីរ​សុខាភិបាល​រាជ​ធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត, កាលពីរសៀល​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ២០២៦។ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថាថា ទម្លាប់​រិះ​គិត​ពិចារណា នាំឱ្យយើងកាន់តែពូកែក្នុងការដោះស្រាយបញ្ហា បន្ថែមលើសពីនោះ គឺនាំ​ឱ្យ​យើង​ជា​អ្នក​ដឹកនាំ​មើលឃើញ លើសពីការដែលយើងទម្លាប់មើលមិនឃើញ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងណែនាំសំដល់ថ្នាក់ដឹកនាំក្រសួង គ្រូពេទ្យ និង​អ្នកវិជ្ជាជីវៈសុខាភិបាល ត្រូវខ្ជាប់គុណធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរ (dignity) របស់ខ្លួន ដែល​ផ្សារ​ភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈ និងបន្តពង្រឹង​គុណភាព​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ទាំង​សេវា​រ​ដ្ឋ និងឯកជន។ឯកឧត្តមក៏បានជំរុញឱ្យថ្នាក់ដឹកនាំក្រសួង គ្រូពេទ្យ និងអ្នកវិជ្ជាជីវៈសុខាភិបាល ពង្រឹង​សមត្ថភាព​នៃការ​សង្គ្រោះបន្ទាន់នៅគ្រប់កម្រិត ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសេវាឯកជន, បង្កើន​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ជាពិសេសការប្រើប្រាស់មូលនិធិសមធ៌និងប.ស.ស.ប្រកបដោយសមធម៌ក្នុង​ឱកាសនោះឯកឧត្តមរដ្ឋមន្រ្ដីបានជំរុញដល់ មន្ទីរពេទ្យទាំងអស់យកចិត្ត​ទុក​ដាក់​ថែ​រក្សា​ហេដ្ឋា​រចនា​សម្ព័ន្ធ បរិស្ថាន អនាម័យ មធ្យោបាយទំនាក់ទំនង និងមធ្យោបាយធ្វើដំណើរ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ ត្រូវបន្ត​ខិតខំ​ប្រឹង​ប្រែង​ជំរុញ​ការងារ​ដោយ​ការទទួលខុសត្រូវខ្ពស់ សុជីវធម៌ គុណធម៌ សមធម៌ និងបង្កើន​ការ​សហការ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ៕ អត្ថបទ រដ្ឋា 

២ខែដើមឆ្នាំនេះការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ

2026/03/10 02:52:07 pm        176
ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា រយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ មាន​ទំហំ​ទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មាន​ទឹក​ប្រាក់​ជាង ៥,២ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ៥,៨ ពាន់លាន ដុល្លារ​។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងរយៈពេល ២ ខែ ដើម​ឆ្នាំ​២០២៦​នេះ ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងបណ្តា​ប្រទេស​មួយ​ចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ១១ ពាន់លានដុល្លារ កើន​ឡើង​ជាង​ ១៧ ភាគរយ បើធៀប រយៈពេល ដូចគ្នាឆ្នំា២០២៥ (មានទឹកប្រាក់ប្រមាណជាង ៩ ពាន់​លានដុល្លារប៉ុណ្ណោះ) ។ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា រយៈ​ពេល​២​ខែ ​ដើមឆ្នាំនេះ មានទំហំទឹកជាង ៥,២ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧ ភាគរយ បើ​ធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ដោយកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗ រួមមាន៖ ប្រទេស​ចិន ជិត ៣០០ លានដុល្លារ, សហរដ្ឋអាមេរិក ជាង ២,២ ពាន់លានដុល្លារ, វៀតណាម​ជាង​ ៦២៥ លានដុល្លារ, ជប៉ុនជាង ៣២៨ លានដុល្លារ, ថៃជាង ១១២ លានដុល្លារ, អេស្បាញ ជាង ២០៦ លានដុល្លារ, កាណាដា ជិត ២០០ លានដុល្លារ, និងការនាំចេញទៅ កាន់​ប្រទេស​ផ្សេងៗ​ជា​ច្រើនទៀត។ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជាបាននាំចូល​ទំនិញ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​ជា​ង ៥,៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ក្នុង​នោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ, វៀតណាមជាង ៦៥១ លានដុល្លារ, ជប៉ុន ១៧៧ លានដុល្លារ, ថៃ ៣១៨ លានដុល្លារ, សឹង្ហបុរី ជាង ៣២២ លាន​ដុល្លារ, ម៉ាឡេស៊ី ជិត ២០០ លានដុល្លារ ក្រៅពីនេះកម្ពុជា​ក៏​បាន​នាំចូល​ទំនិញ​ផ្សេង​ៗ​ពី​ប្រទេស​ជា​ច្រើន​ទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចប្រធានរដ្ឋសភាស្នើរដ្ឋសភាហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ និង​ជួយជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យានិងកសិកម្ម បន្ថែមទៀត

2026/03/10 02:10:34 pm        181
សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត ជីយ៉ចជី ស៊ូច (György Such) អគ្គ​លេខាធិការ នៃរដ្ឋសភាហុងគ្រី និងសហការី ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​ក្នុង​ឱកាស​ដែល ឯកឧត្តមបណ្ឌិត ដឹកនាំគណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ការ​ងារ​នៅ​ព្រះរាជាណា​ច​ក្រកម្ពុជា។ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយជាខ្លាំង និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត ជីយ៉ចជី ស៊ូច ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលកម្ពុជា និងហុងគ្រី ពិនិត្យលើសក្តានុពលផ្សេងៗទៀត ក្នុងការបង្កើត និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង ដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ បច្ចេកវិទ្យានិងទេសចរណ៍ ជាដើម។សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ហើយចាត់ទុកថា ជាជំហានថ្មីមួយទៀត ដែលបង្ហាញពីលទ្ធផលជាក់ស្តែង នៃការអនុវត្តដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០២៥ ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេស រវាងអគ្គលេខាធិការដ្ឋានទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រីមកកាន់កម្ពុជានាពេលនេះ កើតចេញពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសហុងគ្រី កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋសភាប្រទេសទាំងពីរ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាហុងគ្រី ទាំងកម្រិតរដ្ឋសភា និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា។ហុងគ្រី គឺជាមិត្តចាស់របស់កម្ពុជា ជាមិត្តដែលមានការយោគយល់ ជឿជាក់ គោរពគ្នា និងស្មោះត្រង់។ ទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ហុងគ្រី បានឈានដល់ខួបទី៧០ឆ្នាំ ដែលបានឆ្លុះបញ្ចាំងនូវស្មារតីនៃចំណងមិត្តភាពដ៏យូរអង្វែង ប្រកបដោយភាពស្អិតល្មួត និងកិច្ចសហប្រតិបត្តិការដ៏ល្អ។រដ្ឋសភាប្រទេសទំាងពីរបានឱ្យតម្លៃចំពោះសន្តិភាព។ សន្តិភាពជាតម្រូវការរបស់ពលរដ្ឋគ្រប់ជាតិសាសន៍។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា នៅក្នុងបរិបទស្មុគស្មាញរបស់ពិភពលោកនេះ “យើងត្រូវនាំគ្នាបញ្ចប់សង្រ្គាម បើមិនដូច្នេះសង្រ្គាមនឹងបញ្ចប់យើងទាំងអស់គ្នា”។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សភាកម្ពុជា និងហុងគ្រី នឹងបន្តជំរុញគំនិតផ្តួចផ្តើមនេះឱ្យកាន់តែសកម្ម និងជាក់ស្តែង។ សម្តេចបានអរគុណដល់ប្រទេសហុងគ្រី ដែលបានផ្តួចផ្តើមគំនិតសហប្រតិបត្តិការ Danube-Mekong ដែលមានសារៈសំខាន់ដល់ប្រជាពលរដ្ឋនៅទ្វីបទាំងពីរ ក្នុងការទាញយកផលប្រយោជន៍ពីទន្លេដ៏ធំ និងមានសក្តានុពលទាំងផ្នែកសេដ្ឋកិច្ច កសិកម្ម និងវប្បធម៌។ ជាមួយគ្នានេះ សម្តេចក៏បានស្នើរដ្ឋាភិបាលហុងគ្រីជួយគាំទ្រកម្មវិធី Software និងជំនាញឯកទេស ដើម្បីលើកកម្ពស់ស្ថាប័នរដ្ឋសភាកម្ពុជា ទៅជាសភាឌីជីថល ដែលបច្ចុប្បន្ននេះកំពុងដំណើរការបានមួយជំហានធំរួចមកហើយ។សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធានគណៈប្រតិភូ បានយល់ស្របគ្នាថា ទំនាក់ទំនងសភា ឬការទូតសភា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះសភាតំណាងឱ្យសំឡេងរបស់ប្រជាពលរដ្ឋ។ ការពង្រឹងទំនាក់ទំនងនេះ នឹងជួយលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងលើវិស័យសំខាន់ៗដទៃទៀត។ ឯកឧត្តមបណ្ឌិត ជីយ៉ចជី ស៊ូច បានគោរពថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ។ ឯកឧត្តមបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជានៅលើគ្រប់វិស័យ។ឯកឧត្តមបណ្ឌិតបានគាំទ្រប្រសាសន៍របស់សម្តេចប្រធានរដ្ឋសភា និងបានបង្ហាញក្តីសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ នឹងសម្រេចបានលទ្ធផលជាច្រើន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ក៏ដូចជាវិស័យជាច្រើនទៀត ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ។ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះថ្នាក់ដឹកនាំរដ្ឋសភាហុងគ្រី សមាជិក សមាជិការដ្ឋសភា ឯកឧត្តមអគ្គលេខាធិការ និងសហការី ព្រមទាំងឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានសហការរៀបចំ និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត ចំពោះគណៈប្រតិភូកាលពីចុងឆ្នាំ២០២៥។ សម្តេចប្រធានរដ្ឋសភាក៏បានអរគុណដល់ប្រទេសហុងគ្រីដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រី ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក។ សម្តេចផ្ទាល់ក៏ជាអតីតនិស្សិតម្នាក់ ដែលបានសិក្សានៅប្រទេសហុងគ្រី ផ្នែកសារព័ត៌មានផងដែរ។សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់ប្រទេសហុងគ្រី ជួយបន្ថែមចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រីបន្ថែមទៀត និងបានអរគុណដល់រដ្ឋាភិបាលហុងគ្រី ដែលបានយកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជា ដូចជាប្រជាពលរដ្ឋហុងគ្រី ដូច្នោះដែរ៕

អត្ថបទវិភាគ៖ ផលប៉ះពាល់សេដ្ឋកិច្ច និងនយោបាយពិភពលោកនៃសង្គ្រាមរបស់អ៊ីស្រាអែល-សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់

2026/03/10 01:51:24 pm        502
ការផ្ទុះអរិភាពជាផ្លូវការរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ គឺមិនមែនគ្រាន់តែជាជម្លោះក្នុងតំបន់មួយផ្សេងទៀតនោះទេ។ វាគឺជាចំណុចរបត់មួយនៅក្នុងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល ដែលមានសក្តានុពលក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។¹ ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនយោបាយ យើងត្រូវតែពិនិត្យមើលឱ្យបានស៊ីជម្រៅអំពីផលប៉ះពាល់ដែលកំពុងកើតមាន និងអាចកើតមាននាពេលអនាគត ដែលជះឥទ្ធិពលទាំងលើទីផ្សារសកល និងតុល្យភាពអំណាចនយោបាយ។១-ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច៖ វិបត្តិថាមពលសកល និងអតិផរណាផលប៉ះពាល់ភ្លាមៗ និងធ្ងន់ធ្ងរបំផុតគឺទៅលើទីផ្សារថាមពលសកល។ អ៊ីរ៉ង់គឺជាប្រទេសដែលមានទុនបម្រុងប្រេង និងឧស្ម័នធម្មជាតិដ៏ធំបំផុតមួយក្នុងពិភពលោក។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺទីតាំងយុទ្ធសាស្ត្ររបស់វានៅជាប់ច្រកសមុទ្រហូមុស (Strait of Hormuz) ដែលជាចំណុចច្រកចេញចូលថាមពលដ៏សំខាន់បំផុតរបស់ពិភពលោក។²វិបត្តិប្រេង និងឧស្ម័ន៖ ច្រកសមុទ្រហូមុស បាននិងកំពុងដឹកជញ្ជូនប្រហែល ២០% នៃប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោក។³ យោងតាមក្រុមហ៊ុន Bloomberg Economics រាល់ការថយចុះ ១% នៃការផ្គត់ផ្គង់ប្រេងសកល អាចនាំឱ្យតម្លៃប្រេងកើនឡើង ៤%។⁴ ប្រសិនបើច្រកសមុទ្រនេះត្រូវបានបិទរយៈពេលជាច្រើនខែ តម្លៃប្រេងអាចនឹងកើនឡើងប្រហែល ៨០% ពីកម្រិតមុនជម្លោះ ដែលអាចឈានដល់ប្រហែល ១០៨ ដុល្លារក្នុងមួយបារ៉ែល។⁵ ការគំរាមកំហែង និងការរំខានចរាចរណ៍នៅក្នុងច្រកសមុទ្រនេះ បានធ្វើឱ្យតម្លៃប្រេងឆៅ Brent Futures កើនឡើងភ្លាមៗ ដោយឡើងដល់កំពូលនៅ ១១៩.៥០ ដុល្លារក្នុងមួយបារ៉ែល ដែលជាការកើនឡើងជាង ៣០% ចាប់តាំងពីជម្លោះបានចាប់ផ្តើម។⁶ ក្រុមហ៊ុនដឹកជញ្ជូនធំៗដូចជា Maersk បានផ្អាកដំណើរការតាមផ្លូវសមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដោយបង្វែរទិសដៅនាវាទៅតាមផ្លូវវាងអាហ្វ្រិកខាងត្បូង ដែលបង្កើនពេលវេលា និងថ្លៃដើមដឹកជញ្ជូនយ៉ាងច្រើន។⁷សម្ពាធអតិផរណាឡើងវិញ៖ ការកើនឡើងថ្លៃប្រេង និងថ្លៃដឹកជញ្ជូននេះ កំពុងចាក់ប្រេងឥន្ធនៈបន្ថែមទៅលើភ្លើងអតិផរណាសកល។ លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រង IMF បានព្រមានថា ការកើនឡើង ១០% នៃតម្លៃប្រេងដែលបន្តកើតមានពេញមួយឆ្នាំភាគច្រើន នឹងធ្វើឱ្យអតិផរណាសកលកើនឡើង ៤០ បន្ទុកមូលដ្ឋាន (០.៤ ភាគរយ) ខណៈដែលកំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះ ០.១-០.២%។⁸ តម្លៃប្រេងសាំងលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើងជាង ១០% ដែលជិតដល់កម្រិតខ្ពស់បំផុតដែលធ្លាប់ឃើញក្នុងពាក់កណ្តាលឆ្នាំ ២០២២ ដោយផ្តល់ផលប៉ះពាល់ផ្ទាល់ដល់អំណាចទិញរបស់អ្នកប្រើប្រាស់។⁹ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងសង្គមជាតិ (NIESR) បានបង្ហាញថា កំណើនសេដ្ឋកិច្ចនៅចក្រភពអង់គ្លេសអាចថយចុះពី ១.១% មក ០.៩% ខណៈដែលកំណើនតំបន់ចាយប្រាក់អឺរ៉ូអាចធ្លាក់ចុះពី ១.២% មក ១% ប្រសិនបើផលប៉ះពាល់នៃជម្លោះនៅតែបន្តកើតមាន។¹⁰ផលប៉ះពាល់លើទីផ្សារកំពុងរីកចម្រើន (Emerging Markets)៖ សម្រាប់ប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលថាមពល ឥទ្ធិពលនេះកាន់តែធ្ងន់ធ្ងរថែមទៀត។ Fitch Ratings បានព្រមានថា ជម្លោះអ៊ីរ៉ង់បង្កើនហានិភ័យឥណទានថ្មីសម្រាប់ប្រទេសកំពុងរីកចម្រើន។ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំៗដូចជា ឥណ្ឌា ការនាំចូលឥន្ធនៈហ្វូស៊ីលសុទ្ធគឺស្មើនឹង ៣% ឬច្រើនជាងនេះនៃ GDP។ ប្រទេសដែលមានសមត្ថភាពហិរញ្ញវត្ថុតានតឹងរួចហើយ ដូចជាប៉ាគីស្ថាន ឬប្រទេសដែលមានឱនភាពគណនីចរន្តធំ ប្រឈមមុខនឹងភាពងាយរងគ្រោះកាន់តែខ្លាំង។¹¹ ការបិទច្រកសមុទ្រហូមុសរយៈពេលយូរអាចធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់អារម្មណ៍វិនិយោគិនសកល ដែលបណ្តាលឱ្យប្រាក់ដុល្លារអាមេរិករឹងមាំឡើង និងធ្វើឱ្យទីផ្សារសម្រាប់ការចេញប័ណ្ណបំណុលចុះខ្សោយ។¹²ការចំណាយផ្ទាល់នៃសង្រ្គាម៖ សង្រ្គាមនេះកំពុងប្រើប្រាស់ធនធានហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់។ ការប៉ាន់ស្មានបឋមពីវិទ្យាស្ថាន Freeman Spogli (FSI) នៃសាកលវិទ្យាល័យ Stanford បានបង្ហាញពីអតុល្យភាពយុទ្ធសាស្ត្រដ៏សំខាន់មួយ៖ អ៊ីរ៉ង់មាន "ការផ្គត់ផ្គង់គ្មានទីបញ្ចប់នៃយន្តហោះគ្មានមនុស្សបើក (Drone) វាយប្រហារផ្លូវតែមួយរយៈពេលខ្លី ដែលមានតម្លៃត្រឹមតែប្រហែល ៣៥,០០០ ដុល្លារក្នុងមួយគ្រឿងប៉ុណ្ណោះ" ខណៈដែលអាមេរិកកំពុងបាញ់ទម្លាក់ពួកវាដោយប្រើគ្រាប់រ៉ុក្កែតដែលមានតម្លៃប្រហែល ២ លានដុល្លារក្នុងមួយគ្រាប់—ដែលជាអត្រាដោះដូរមួយអនុគ្រោះដល់អ៊ីរ៉ង់ក្នុងជម្លោះអូសបន្លាយ។¹³ អ្នកជំនាញ FSI ក៏បានព្រមានផងដែរថា អាមេរិកកំពុងប្រើប្រាស់គ្រាប់រំសេវវាយប្រហារច្បាស់លាស់រយៈចម្ងាយឆ្ងាយ និងយន្តហោះស្ទាក់ចាប់ក្នុងអត្រាមួយដែលអាចធ្វើឱ្យឃ្លាំងស្តុកអាវុធរបស់ខ្លួន "ទទេ" សម្រាប់រយៈពេលពី ២ ទៅ ៣ ឆ្នាំខាងមុខ ដែលអាចប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងហេតុការណ៍ផ្សេងទៀត។¹⁴២-ផលប៉ះពាល់ផ្នែកនយោបាយ៖ សម្ព័ន្ធភាពថ្មី និងស្នាមប្រេះឆាចាស់ផ្នែកនយោបាយ សង្រ្គាមនេះកំពុងបង្កើតនូវសក្ដានុពលដ៏ស្មុគស្មាញ ទាំងក្នុងតំបន់ និងនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់។ការផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិ៖ នេះជាលើកទីមួយហើយដែលយើងឃើញមានប្រតិបត្តិការយោធារួមគ្នាយ៉ាងពេញលេញរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។¹⁵ យោងតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ការឆ្លើយតបរបស់អឺរ៉ុបគឺមានការប្រុងប្រយ័ត្ន ដោយរដ្ឋាភិបាលភាគច្រើនបានដកខ្លួនចេញពីប្រតិបត្តិការនេះ។ បណ្តាប្រទេស E3 (បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស) បានចេញសេចក្តីថ្លែងការណ៍កត់សម្គាល់ថា ពួកគេអាចចាត់វិធានការ 'ការពារ' ដើម្បីគាំទ្រដៃគូឈូងសមុទ្រ ប៉ុន្តែដូចដែលអតីតទីប្រឹក្សារដ្ឋាភិបាលអង់គ្លេសមួយរូបបាននិយាយថា "មហាអំណាចដែលយើងបានកសាងសន្តិសុខទាំងមូលរបស់យើងគឺកំពុងចូលរួមក្នុងសង្រ្គាមដែលយើងគ្មានតួនាទីក្នុងការរៀបចំផែនការ"។¹⁶ចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អ៊ីរ៉ង់ បានឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន។ ការវិភាគរបស់ IISS បង្ហាញថា ខណៈដែលអ៊ីរ៉ង់តំណាងឱ្យប្រហែល ១៣% នៃការនាំចូលប្រេងរបស់ចិន ចិនវិញមានចំនួនរហូតដល់ ៨០% នៃការនាំចេញប្រេងសរុបរបស់អ៊ីរ៉ង់។ ភាពមិនស្មើគ្នានេះ រួមផ្សំជាមួយនឹងការវិនិយោគដ៏ធំរបស់ចិននៅក្នុងតំបន់ឈូងសមុទ្រតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) បានបង្ហាញពីការឆ្លើយតបជាសាធារណៈមានកម្រិតរបស់ទីក្រុងប៉េកាំង—ការអំពាវនាវឱ្យបញ្ចប់អរិភាព និងការថ្កោលទោសសកម្មភាពរបស់អាមេរិក—ជាជាងការគាំទ្រយ៉ាងសំខាន់ណាមួយដល់ទីក្រុងតេអេរ៉ង់។¹⁷វិបត្តិនយោបាយក្នុងស្រុកអាមេរិក៖ ប្រហែលជាផលប៉ះពាល់ដ៏គួរឱ្យចាប់អារម្មណ៍បំផុត គឺការបែកបាក់ផ្នែកនយោបាយនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់។ ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងបរទេស (ECFR) កត់សម្គាល់ថា ខណៈដែលមានក្រុមអ្នកគាំទ្រសង្រ្គាមនៅជុំវិញលោកប្រធានាធិបតីត្រាំ Trump ដែលមានទំនោរគាំទ្រអ៊ីស្រាអែលខ្លាំង ប៉ុន្តែមានការគាំទ្រជាសាធារណៈតិចតួចសម្រាប់សង្រ្គាមអូសបន្លាយនេះ។ ឥស្សរជនលេចធ្លោនៅក្នុងចលនា MAGA បានរិះគន់ជាសាធារណៈចំពោះប្រតិបត្តិការនេះ ដោយកត់សម្គាល់ថាវាផ្ទុយនឹងការសន្យាយុទ្ធនាការរបស់លោក Trump ក្នុងការជៀសវាង"សង្រ្គាមអស់កល្បបែបអ៊ីរ៉ាក់"Iraq-style forever wars."។¹⁹ការផ្លាស់ប្តូរអាកប្បកិរិយាសាធារណៈចំពោះអ៊ីស្រាអែល៖ សង្រ្គាមនេះកំពុងពន្លឿនការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៅក្នុងអាកប្បកិរិយារបស់អាមេរិក។ ការស្ទង់មតិរបស់ Gallup ដែលធ្វើឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២៦ បានរកឃើញថា ជាលើកដំបូងក្នុងរយៈពេលជាងពីរទសវត្សរ៍នៃការស្ទង់មតិ ប្រជាជនអាមេរិកកាន់តែច្រើនអាណិតអាសូរដល់ប៉ាឡេស្ទីន (៤១%) ជាងអ៊ីស្រាអែល (៣៦%)។ នេះគឺជាការផ្លាស់ប្តូរយ៉ាងខ្លាំងពីកាលពីត្រឹមតែមួយឆ្នាំមុន ដែលអ៊ីស្រាអែលនាំមុខ ៤៦% ទល់នឹង ៣៣%។ ក្នុងចំណោមគណបក្សប្រជាធិបតេយ្យ ការផ្លាស់ប្តូរនេះកាន់តែលេចធ្លោថែមទៀត៖ ៦៥% ឥឡូវនេះអាណិតអាសូរដល់ប៉ាឡេស្ទីន បើប្រៀបធៀបទៅនឹងត្រឹមតែ ១៧% ប៉ុណ្ណោះដែលអាណិតអាសូរដល់អ៊ីស្រាអែល។²⁰ ការណ៍នេះអាចធ្វើឱ្យប៉ះពាល់ដល់ការគាំទ្រផ្នែកនយោបាយ និងយោធារបស់អាមេរិកចំពោះអ៊ីស្រាអែលក្នុងរយៈពេលវែង។សេចក្តីសន្និដ្ឋាន៖ ភាពមិនច្បាស់លាស់ និងសេណារីយ៉ូនានាដូចដែលអ្នកវិភាគមកពីក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងបរទេសបានកត់សម្គាល់ថា "បញ្ជីនៃអ្នកទទួលរងគ្រោះ—ទាំងមនុស្ស យុទ្ធសាស្ត្រ និងសេដ្ឋកិច្ច—កាន់តែច្រើនឡើងៗរៀងរាល់ម៉ោង។ នៅពេលដែលសង្រ្គាមកាន់តែរីករាលដាល វាច្បាស់ណាស់ថានឹងមិនមានអ្នកឈ្នះពិតប្រាកដនោះទេ ប៉ុន្តែអ្នកខ្លះនឹងទទួលរងការខាតបង់ធ្ងន់ជាងអ្នកដទៃ"។²¹ កត្តាសំខាន់បំផុតដែលកំណត់ពីទំហំនៃផលប៉ះពាល់គឺ រយៈពេលនៃសង្រ្គាម ។សេណារីយ៉ូរយៈពេលខ្លី (តិចជាងមួយខែ)៖ Fitch Ratings បានបង្ហាញថា ហានិភ័យចំពោះអត្រាឥណទាននៃទីផ្សារកំពុងរីកចម្រើនគួរតែអាចគ្រប់គ្រងបាន ប្រសិនបើការបិទច្រកសមុទ្រហូមុសដ៏មានប្រសិទ្ធភាពមានរយៈពេលតិចជាងមួយខែ ហើយការខូចខាតធំដុំដល់ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងក្នុងតំបន់ត្រូវបានជៀសវាង។²²សេណារីយ៉ូអូសបន្លាយ (ច្រើនជាងមួយខែ)៖ ទោះជាយ៉ាងណា ប្រសិនបើសង្រ្គាមអូសបន្លាយ ដោយមានការបិទច្រកសមុទ្រហូមុសជាបន្តបន្ទាប់ និងការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេង ពិភពលោកនឹងប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរ។ អ្នកវិភាគរបស់ OCBC ព្រមានថា នេះអាចប្រៀបធៀបទៅនឹងវិបត្តិឆ្នាំ ២០២២ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនទៅទៀត។²³ ECFR ព្រមានថា ប្រឈមមុខនឹងហានិភ័យអត្ថិភាព ថ្នាក់ដឹកនាំអ៊ីរ៉ង់អាចស្វែងរកអស្ថិរភាពសកលដ៏ទូលំទូលាយ ក្នុងគោលបំណង "រំខានដល់ទីផ្សារថាមពលសកល និងលំហូរពាណិជ្ជកម្ម ដែលជាមធ្យោបាយធានាថាអ្វីមួយដូចនេះនឹងមិនកើតឡើងម្តងទៀតទេ"។²⁴សរុបមក សង្រ្គាមនេះគឺជាពេលវេលាដ៏សំខាន់មួយ។ វាមិនត្រឹមតែគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចសកល—ដូចការវិភាគពី IMF និង Fitch ចង្អុលបង្ហាញពីហានិភ័យអតិផរណា និងសារពើពន្ធយ៉ាងសំខាន់—ប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងសាកល្បង និងរៀបចំសម្ព័ន្ធភាពនយោបាយដែលមានអាយុកាលរាប់ទសវត្សរ៍ឡើងវិញផងដែរ ដូចដែលបានបង្ហាញយ៉ាងច្បាស់ដោយការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៅក្នុងការស្ទង់មតិយោបល់សាធារណៈរបស់អាមេរិករបស់ Gallup ។ សម្រាប់សហរដ្ឋអាមេរិក នេះអាចជាការភ្ញាក់រលឹកផ្នែកនយោបាយដ៏ជ្រាលជ្រៅមួយ៕គន្ធនិទ្ទេស¹ វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS), "ផលប៉ះពាល់ភូមិសាស្ត្រនយោបាយនៃសង្គ្រាម US-Israel-Iran," Strategic Comments, ខែមីនា ២០២៦។² រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA), "ចំណុចច្រកចេញចូលដឹកជញ្ជូនប្រេងពិភពលោក," ខែកក្កដា ២០២៥។³ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA), របាយការណ៍ទីផ្សារប្រេង, ខែកុម្ភៈ ២០២៦។⁴ Bloomberg Economics, "ផលវិបាកសេដ្ឋកិច្ចនៃការបិទច្រកសមុទ្រហូមុស," Bloomberg, ថ្ងៃទី ១ ខែមីនា ២០២៦។⁵ ដដែល។⁶ Reuters, "តម្លៃប្រេងកើនឡើងខណៈជម្លោះកាន់តែខ្លាំងនៅមជ្ឈិមបូព៌ា," ថ្ងៃទី ២ ខែមីនា ២០២៦។⁷ Maersk, "ដំបូន្មានអតិថិជន៖ ប្រតិបត្តិការនៅសមុទ្រក្រហម និងឈូងសមុទ្រអាដែន," ថ្ងៃទី ២៨ ខែកុម្ភៈ ២០២៦។⁸ Kristalina Georgieva, "សន្និសីទសារព័ត៌មាន IMF ស្តីពីទស្សនវិស័យសេដ្ឋកិច្ចសកល," មូលនិធិរូបិយវត្ថុអន្តរជាតិ, ថ្ងៃទី ៣ ខែមីនា ២០២៦។⁹ សមាគមរថយន្តអាមេរិក (AAA), "តម្លៃឧស្ម័នមធ្យមភាគជាតិ," ខែមីនា ២០២៦។¹⁰ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងសង្គមជាតិ (NIESR), "ផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះមជ្ឈិមបូព៌ា," NIESR Monthly Update, ខែមីនា ២០២៦។¹¹ Fitch Ratings, "ទីផ្សារកំពុងរីកចម្រើនប្រឈមនឹងហានិភ័យពីផលប៉ះពាល់នៃជម្លោះអ៊ីរ៉ង់," Fitch Wire, ថ្ងៃទី ២ ខែមីនា ២០២៦។¹² ដដែល។¹³ Kelly Grieco និង Eric Min, "របៀបដែលជម្លោះអ៊ីរ៉ង់កំពុងបង្ហូរឃ្លាំងស្តុកអាវុធយោធាអាមេរិក," Stanford Freeman Spogli Institute Analysis, ថ្ងៃទី ៥ ខែមីនា ២០២៦។¹⁴ ដដែល។¹⁵ ក្រុមប្រឹក្សាទំនាក់ទំនងបរទេស (CFR), "បន្ទាត់ពេលវេលា៖ កិច្ចសហប្រតិបត្តិការយោធា US-Israel," ខែមីនា ២០២៦។¹⁶ វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS), "ប្រតិកម្មរបស់អឺរ៉ុបចំពោះជម្លោះមជ្ឈិមបូព៌ាដែលកំពុងពង្រីក," IISS Analysis, ថ្ងៃទី ៤ ខែមីនា ២០២៦។¹⁷ វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS), "វិបត្តិភាពលំបាករបស់ចិនក្នុងវិបត្តិអ៊ីរ៉ង់," IISS Strategic Comments, ខែមីនា ២០២៦។¹⁹ Jeremy Shapiro និង Maryam Saleh, "អាមេរិកមុនគេ ឬអ៊ីស្រាអែលមុនគេ? សង្គ្រាមផ្ទៃក្នុងរបស់គណបក្សសាធារណរដ្ឋ," ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងបរទេស (ECFR), ថ្ងៃទី ៣ ខែមីនា ២០២៦។²⁰ Gallup, "ជាលើកដំបូង ប្រជាជនអាមេរិកកាន់តែច្រើនអាណិតអាសូរដល់ប៉ាឡេស្ទីនជាងអ៊ីស្រាអែល," Gallup News, ថ្ងៃទី ២ ខែមីនា ២០២៦។²¹ Ellie Geranmayeh និង Julien Barnes-Dacey, "សង្រ្គាមកាន់តែរីករាលដាល៖ ផលប៉ះពាល់ក្នុងតំបន់ និងសកលនៃការវាយប្រហាររបស់ US-Israeli លើអ៊ីរ៉ង់," ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងបរទេស (ECFR), ថ្ងៃទី ៥ ខែមីនា ២០២៦។²² Fitch Ratings, "ទីផ្សារកំពុងរីកចម្រើនប្រឈមនឹងហានិភ័យពីផលប៉ះពាល់នៃជម្លោះអ៊ីរ៉ង់," Fitch Wire, ថ្ងៃទី ២ ខែមីនា ២០២៦។²³ ធនាគារ OCBC, "ទីផ្សារថាមពលសកល៖ ការវាយតម្លៃហានិភ័យនៃវិបត្តិថ្មីមួយ," OCBC Economic Research, ថ្ងៃទី ៤ ខែមីនា ២០២៦។²⁴ Ellie Geranmayeh និង Julien Barnes-Dacey, "សង្រ្គាមកាន់តែរីករាលដាល៖ ផលប៉ះពាល់ក្នុងតំបន់ និងសកលនៃការវាយប្រហាររបស់ US-Israeli លើអ៊ីរ៉ង់," ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងបរទេស (ECFR), ថ្ងៃទី ៥ ខែមីនា ២០២៦។អត្ថបទដោយ៖ ឯកឧត្តម សោ សុន្ទរ៍ធារី​ MSc/PhD សាស្រ្តាចារ្យសេដ្ឋកិច្ចនយោបាយនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE)

ក្រសួងអប់រំ និងKOICA ប្រជុំ​ពិនិត្យលើកម្មវិធីផ្តល់​អាហារ​តាម​សាលា​រៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍នៅកម្ពុជា ឧបត្ថម្ភគាំទ្រដោយសាធារណរដ្ឋកូរ៉េ

2026/03/10 01:38:35 pm        223
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងទូទៅ និងអនុគណៈកម្មការបច្ចេកទេស ស្តីពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ តាមខេត្តគោលដៅ ឧបត្ថម្ភគាំទ្រដោយសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកស្រី Moonjung Choi នាយិកាប្រចាំប្រទេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) លោកស្រី Kyung-nan Park នាយិកាប្រចាំប្រទេស កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងបញ្ជាក់ពីតួនាទីភារកិច្ច រួមនឹងការទទួលខុសត្រូវរបស់សមាជិកគណៈកម្មការ និងអនុគណៈកម្មការបច្ចេកទេស និងបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីក្រោមគម្រោងគាំទ្រការអនុវត្តរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា នៅតាមសាលារៀនគោលដៅមួយចំនួននៃខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប និងឧត្តរមានជ័យ។ គម្រោងគាំទ្រនេះ ផ្តោតសំខាន់លើរបបអាហារសិស្ស ហេដ្ឋារចនាសម្ព័ន្ធផ្ទះបាយ កន្លែងសិស្សទទួលទានអាហារ សម្ភារៈផ្ទះបាយ និងការកសាងសមត្ថភាពជូនដល់ក្រុមការងារបច្ចេកទេសនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។មុនឈានចូលដល់កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីសាវតាកម្មវិធីផ្តល់អាហារតាមសាលា ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៩ ដោយបានសហការជាមួយដៃគូអភិវឌ្ឍន៍ជាច្រើន និងរំលេចពីយុទ្ធសាស្ត្រផ្ទេរកម្មវិធីអាហារតាមសាលារៀន និងកម្មវិធីអាហារូបករណ៍រាជរដ្ឋាភិបាលកម្ពុជា និងផលជះពហុវិស័យរបស់កម្មវិធីនេះ។ ក្រសួងអប់រំ យុវជន និងកីឡា បានសហការយ៉ាងជិតស្និទ្ធជាមួយ WFP អនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនជូនដល់កុមារក្នុងវ័យសិក្សានៅកម្រិតបឋមសិក្សា ដោយក្នុងឆ្នាំសិក្សា២០២៥-២០២៦ មានសាលាបឋមសិក្សា ១ ១១៤ បាននិងកំពុងទទួលផលពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្នុងនោះសាលា ៨១៦ អនុវត្តដោយប្រើថវិកាជាតិ និងសាលា ២៩៨ ទៀត អនុវត្តដោយប្រើថវិកាដៃគូអភិវឌ្ឍនានា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។នាឱកាសនេះដែរ នាយិកាប្រចាំប្រទេស កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានរួមគ្នាតាំងពីចាប់ផ្តើមដំបូងមកទល់បច្ចុប្បន្ន និងចូលរួមអបអរសាទរ ដែលក្នុងឱកាសដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង កន្លងមកនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្រេចទទួលយកតួនាទីជាប្រធានកិត្តិយសកម្មវិធីផ្តល់អាហារតាមសាលារៀន ដើម្បីចូលរួមចំណែកកាន់តែសកម្មក្នុងការជំរុញការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ឱ្យកាន់តែទូលំទូលាយនៅកម្ពុជា។ នេះពិតជាវឌ្ឍនភាពដ៏សំខាន់ និងជាសញ្ញាណវិជ្ជមានថ្មីមួយទៀត សបញ្ជាក់ពីការទទួលស្គាល់ភាពចាំបាច់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលក្នុងការបន្តអនុវត្តកម្មវិធីនេះ ខណៈ WFP នឹងនៅតែបន្តភាពជាដៃគូផ្នែកបច្ចេកទេសប្រកបដោយប្រសិទ្ធភាព គាំទ្រដល់យុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅសម្រេចគោលដៅភាពជាម្ចាស់នៃកម្មវិធីនេះទាំងស្រុងត្រឹមឆ្នាំ២០២៨។ជាមួយគ្នានេះដែរ នាយិកាប្រចាំប្រទេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបង្ហាញពីមោទនភាពចំពោះវឌ្ឍនភាពនៃកម្មវិធី បន្ទាប់ពីបានមើលឃើញពីសមិទ្ធផលជាច្រើននៃគម្រោងគាំទ្រការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍សម្រាប់ដំណាក់កាលទី១ ឆ្នាំ២០២០ ដល់ ២០២៤ និងសម្រាប់ឆ្នាំទី១ ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២៥ ដល់២០២៩។ លោកស្រីក៏បានរំលេចពីគោលបំណងក្នុងការបន្តពង្រឹងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធការអនុវត្តកម្មវិធី វាយតម្លៃពីបញ្ហាប្រឈមដើម្បីរកដំណោះស្រាយ និងសកម្មភាពគ្រោងអនុវត្តនៅឆ្នាំ២០២៦ សំដៅជំរុញឱ្យបាននូវវឌ្ឍនភាពនៃការផ្ទេរ-ទទួលកម្មវិធីទៅជាកម្មវិធីជាតិ។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានជំរុញបេសកកម្មនេះឱ្យទទួលបានជោគជ័យ និងបង្កើតផលជះជាវិជ្ជមានជាច្រើនដល់សហគមន៍នៅតាមតំបន់ជនបទដែលមានតម្រូវការពិតប្រាកដ ជាពិសេសបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយគម្លាតអាហារូបត្ថម្ភរបស់កុមារមកពីគ្រួសារខ្វះខាតលទ្ធភាព ឱ្យទទួលបានការលូតលាស់បញ្ញាស្មារតីពេញលេញនិងរឹងមាំ និងបានចូលរួមចំណែកសម្រាលបន្ទុកគ្រួសាររបស់សិស្ស ក៏ដូចជាសហគមន៍កសិផលក្នុងស្រុក៕ 

រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នៅ​មជ្ឈឹមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ

2026/03/10 01:05:14 pm        322
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៦នេះ បាន​ចេញសេចក្តីណែនាំដល់បណ្តាម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងអស់ ត្រូវ​ពង្រឹង​អនុ​លោម​ភាព​ក្នុងការទិញ-លក់ឱ្យបានត្រឹមត្រូវ ដើម្បីធានា​បាន​នូវ​តម្លាភាព​នៃ​ការ​ផ្គត់​ផ្គង់​នៅ​លើ​ទីផ្សារ​ ខណៈរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា​ក៏បាន​និង​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផល​ប៉ះពាល់នៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈនេះ។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់សារ​ជាថ្មី​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០២៦នេះថា ដើម្បីធានាបាននូវតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់​ប្រេង​ឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូនានា រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ នៅតាម​បណ្តា​រាជ​ធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ចដូចខាងក្រោម៖-ត្រូវលក់តាមតម្លៃដែលស្ថានីយនិងដេប៉ូ បានដាក់តាំងបង្ហាញជាសាធារណៈដោយយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ-ត្រូវធានាសុក្រឹតភាពនៃគុណភាពនិងបរិមាណប្រេងឥន្ធនៈ ដែលត្រូវលក់ជូនអតិថិជន-ត្រូវធានាតម្លាភាពជូនអតិថិជនចំពោះសន្និធិ(ឬស្តុក)ប្រេងឥន្ធនៈដែលមាន ជាពិសេសត្រូវជូនដំណឹងជាមុនយ៉ាងតិច ១ថ្ងៃ មកកាន់មន្ទីររ៉ែនិងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត ក្នុងករណីប្រេងឥន្ធនៈអស់ពីស្តុក ឬមានបំណងផ្អាកលក់ប្រេងឥន្ធនៈជាបណ្តោះអាសន្ន-ក្នុងករណីអស់ស្តុក ត្រូវជូនដំណឹងជាសាធារណៈនៅថ្ងៃដែលមានស្តុកប្រេងឥន្ធនៈវិញ។-ត្រូវធានាតម្លាភាព និងគណនេយ្យភាពនៃស្តុកប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ ដោយជូនដំណឹងមកកាន់មន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្តអំពីស្ថានភាពស្តុកជាក់ស្តែង១០% មុនពេលអស់ស្តុក-ចំពោះស្ថានីយ និងដេប៉ូដែលមានបំណងផ្អាកដំណើរការជាបណ្តោះអាសន្ន៖• ត្រូវអនុវត្តតាមនីតិវិធីនៃការផ្អាកជាបណ្តោះអាសន្នរបស់ស្ថាប័នមានសមត្ថកិច្ចទើបអាចផ្អាកការលក់ចែកចាយរបស់ខ្លួនបាន• ចំពោះស្ថានីយនិងដេប៉ូ ដែលបានទទួលការវាយតម្លៃថា អាចដំណើរការឡើងវិញបាន ត្រូវសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីបំពេញនីតិវិធីបើកដំណើរការ• ក្នុងករណីដែលរកឃើញថា បានប្រព្រឹត្តខុសនឹងសេចក្តីណែនាំនេះ ស្ថាប័នមានសមត្ថកិច្ចនឹងបន្តអនុវត្តនីតិវិធីនៃច្បាប់ជាធរមាន-ត្រូវផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់៖• សេវាសាធារណៈចាំបាច់៖ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តបម្រើសេវាសាធារណៈ។ល។• ប្រជាកសិករ និងបុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម ដែលមានតម្រូវការចម្បងក្នុងការរក្សាដំណើរការចាំបាច់នៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម។មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែនិងថាមពល និងអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបានអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយនិងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាដែលកេងប្រវ័ញ្ចនិងឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ។សូមជម្រាបថា ដើម្បីធានានូវតម្លាភាព និងនិងដេប៉ូ លក់ដូរប្រកបដោយសុក្រិតភាព, មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម, មន្ទីរពាណិជ្ជកម្ម និងមន្ទីររ៉ែ និងថាមពលរួមជាមួយអាជ្ញាធររាជធានី-ខេត្ត កំពុងបន្តចុះតាមដាន និងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបាន អនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាដែល កេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃដែលបង្កផលប៉ះពាល់ដល់សាធារណៈ។ សូមបញ្ជាក់ដែរថា តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម តម្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែមីនា ឆ្នាំ២០២៦ ប្រេងសាំងធម្មតាមានតម្លៃ១លីត្រ ៤ ៤០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៥ ១៥០រៀលក្នុងមួយលីត្រ៕ 

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ និងយន្តការ​ជាច្រើនជួយ​សម្រួល​ដល់​គ្រួសារ​យុទ្ធជនពលី

2026/03/10 12:41:55 pm        214
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹក​នាំ​ដោយ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ដាក់​ចេញ​គោល​នយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ខណៈថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទាំង​អស់​ចង​ចាំ​ជានិច្ច​នូវវីរភាព​ដ៏​អង់​អាច​ក្លាហា​ន​របស់វីរកងទ័ព វីរនគរបាលជាតិ និងវីរកងរាជអាវុធ​ហត្ថ​ដែល​បាន​បូជា​អាយុ​ជីវិត​ដើម្បី​ការ​ពារ​បូរណភា​ពទឹកដី និងការពារសេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់​សារ​ជា​ថ្មី​តាមរយៈ​សន្និសីទ​សារព័ត៌​មាន​នៅ​ថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែង​តែ​យក​ចិត្ត​ទុក​ដាក់ខ្ពស់បំផុតចំពោះក្រុមគ្រួសាររបសស់យុទ្ធជនពលី និងវីរកងទ័ព វីរនគរបាលជាតិ និង​វីរ​កង​រាជអាវុធហត្ថដែលកំពុងខិតខំការពារជាតិ បូរណភាពទឹកដី និងប្រជាជន។ ឯកឧត្តមបានថ្លែងថា ជាក់ស្ដែង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៩ ខែ​មីនា ​ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មីជូនក្រុមគ្រួសារវីរកងទ័ពពលី នៅក្នុងមូលដ្ឋាន​ខេត្ត​កំពង់​ឆ្នាំង និងបាននាំអំណោយរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈ​ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់​ក្រុម​គ្រួសារ​នៃ​សព​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់​នៅប្រចាំថ្ងៃផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតក៏បាន​អញ្ជើញ​គោរ​ព​វិញ្ញាណក្ខន្ធ​វីរកងទ័ពដែលបានពលីក្នុងសមរភូមិដើម្បីការពារបូរណភាពទឹកដី និងបានពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណៈ​ទុក្ខ​ដ៏​ក្រៀម​ក្រំបំផុត​ និង​ប្រសាសន៍​សួរ​សុខទុ​ក្ខ​ពី​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះក្រុមគ្រួសារសពផងដែរ។ការប្រគល់ផ្ទះថ្មីនិងអំណោយសម្បុរសធម៌ជាច្រើន រួមទាំងការជួយជ្រោមជ្រែងជីវភាពគ្រួសារ និង​កូន​ៗ​របស់វីរយុទ្ធជនពលី គឺជាសកម្មភាព​ដ៏លេច​ធ្លោ​មួយ​ដែល​លោក​ជំទាវ​បណ្ឌិត​តែង​តែ​ធ្វើ​ជា​បន្ត​បន្ទាប់​នារយៈពេលចុងក្រោយនេះនៅក្នុងបណ្តាខេត្ត​នានា​ដែល​ស្តែង​ឱ្យ​ឃើញ​ពី​ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និ​ង​លោក​ជំទាវបណ្ឌិត លើគ្រួសារ​យុទ្ធជនពលី​ដែល​បានលះប​ង់​ជីវិត​ដើម្បី​បុព្វ​ហេតុ​ការពា​រ​ជាតិ​មាតុ​ភូមិ និង​ប្រជាពលរដ្ឋខ្មែរ។ សកម្មភាពនេះក៏សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់​ដឹក​នាំ និងប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព វីរ​នគរ​បាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានបូជាអាយុជីវិតដើម្បីការពារបូរណភាពទឹកដី និង​ការ​ពារសេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។ឯកឧត្តមបន្តថា ជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញគោលនយោបាយ និង​យន្ត​ការ​​ជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់​ជូន​មុខ​របរ​ចិញ្ចឹម​ជីវិត ​ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អា​ហារូបករណ៍​ដល់​កូន​​ៗ​ឱ្យ​បាន​សិក្សា​រហូ​ត​ដល់​កម្រិត​បរិញ្ញា​បត្រ ការរៀបចំឥណទានសារជាថ្មី និងការដោះស្រាយ​បំណុល​ជូន​វីរយុទ្ធជន​ក្នុង​សមរភូមិ ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ក្រុម​គ្រួសារ​វីរយុទ្ធជនពលីថែមទៀតផង។ សម្រាប់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការស្វះស្វែងរកបទឈប់បាញ់ និង​ការ​គោរព និងអនុវត្តបទឈប់បាញ់គឺជាការផ្តល់តម្លៃដល់ជីវិតមនុស្សពោលគឺជាការបញ្ចប់ការស្លាប់ ការ​រងរបួស និងការខូចខាតផ្សេងៗទៀតមកលើប្រជាពលរដ្ឋ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសង្គម ហើយងាកមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការការទូតវិញ។ ជម្រើស​សន្តិភាព​នេះ​ទទួល​បានការសាទរនិងគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ ការតបស្នង​សង​គុណ​ចំ​ពោះ​គ្រួសារ​វីរយុទ្ធជនពលី គឺជាគុណធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំ និង​ប្រជាជន​កម្ពុជា​គ្រប់​រូប ខណៈដែល​រាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយ​បញ្ហា​ព្រំដែន​យ៉ាង​សកម្ម​ដោយ​មធ្យោបាយ​សន្តិវិធីតាមរយៈយន្តការការទូត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា។អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានទី១ អាជ្ញាធរមីន ស្នើមូលនិធិចិន សម្រាប់សន្តិភាព និងការអភិវឌ្ឍ គាំទ្រ​ដល់​ជន​មាន​ពិការ​ភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា
04/24/2026 02:04 PM
រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
04/24/2026 02:04 PM
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
04/24/2026 02:04 PM
អ្នកជំនាញសេដ្ឋកិច្ច៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន នឹង​កាន់​តែ​ស៊ីជម្រៅ​លើ​​វិស័យ​សេដ្ឋកិច្ច និងកសិកម្ម
04/24/2026 02:04 PM
មេដឹកនាំអ៊ីរ៉ង់ បញ្ជាក់ពីការរួបរួមជាតិ ខណៈប្ដេជ្ញាសងសឹក ស្របពេលមានរបាយការណ៍ពីជម្លោះផ្ទៃក្នុង
04/24/2026 12:04 PM
អនុប្រធានទី១ អាជ្ញាធរមីន និង​ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជាជួបពិភាក្សាគ្នា ស្តីពីការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍គាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា
04/24/2026 12:04 PM
សម្តេចធិបតី បន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ការ​បង្ក្រាប​បទ​ល្មើស​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានបង្អង់ដៃឡើយ
04/24/2026 12:04 PM
អ្នកវិភាគ៖កម្ពុជា-ចិន គឺជាមិត្តជិតស្និទ្ធដែលមិនអាចខ្វះគ្នាបាន ខណៈកិច្ចប្រជុំ ២+២ ដើម្បីបង្កើនទំនាក់ទំនងបន្ថែម
04/24/2026 12:04 PM
កម្ពុជា-ចិន ឯកភាពគ្នាថា យន្តការ «២+២» នឹងដើរ​តួនាទី​ជា​វេទិកា​ពង្រឹង​ទំនាក់​ទំនង​ជា​យុទ្ធសាស្ត្រ
04/24/2026 12:04 PM
អ្នកនាំពាក្យ៖ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត ខណៈពលរដ្ឋខ្មែរទាំង២ភេទមានអាយុ ១៨ ដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចនេះ ដោយស្ត្រីផ្អែកតាមការស្ម័គ្រចិត្ត
04/24/2026 12:04 PM