ព្រឹទ្ធសភាគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងឡូជីស្ទិកជាតិ
សម្ដេចតេជោ ហ៊ុន សែន ជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន
អគ្គលេខាធិការ គ.ល.ក. ប្តេជ្ញាចិត្តរឹតបណ្តឹងមិនឱ្យមាន Online Scams នៅតាមកាស៊ីណូឡើយ
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស

ព័ត៌មានជាតិ

គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំសង្រ្កាន្តប៉ៃលិន

2025/03/25 08:11:52 pm        109
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាព ការ រៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន នាខែក្រោយ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ដល់ប្រជាពលរដ្ឋទាំង ក្នុង ខេត្ត និងក្រៅខេត្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គ.ស ២០២៥ ក្រោមម្លប់សន្តិភាព ។លោកជំទាវបានមានប្រសាសន៍ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ រដ្ឋបាលខេត្ត បានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិន ឱ្យបានអធិកអធម សម្រាប់ប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយ៍ខ្មែរ ការប្រគុំតន្ត្រីខ្នាតធំរាំលេងកម្សាន្ត និងការដាក់តាំងពិព័រណ៍ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាង ណាទាក់ទាញ ចំណាប់ អារម្មណ៍ ពី មហា ជនទាំងក្នុងខេត្ត និងក្រៅខេត្តឱ្យបានច្រើនកុះករ ។លោកជំទាវ បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង កម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាត្រៀមចូលរួមរៀបចំ តាមតួរនាទីភារកិច្ចប្រកបដោយការទទួល ខុសត្រូវខ្ពស់ តាម សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេស ត្រូវធ្វើការតុបតែង លម្អភ្លើង ពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ដូចជា៖ រមណីយដ្ឋានបេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងប៉ៃលិន និងបរិវេណវិមានឯករាជ្យខេត្ត ជាដើម។លោកជំទាវបានមានប្រសាសន៍ផ្តាំផ្ញើដល់រដ្ឋបាលក្រុងស្រុក កងកម្លាំងមានសមត្ថកិច្ចទាំងបី ប្រភេទ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុង ភូមិសាស្ត្រ របស់ ខ្លួន ទទួលខុសត្រូវឲ្យបានល្អ ប្រកបដោយប្រសិទ្ធភាពបំផុត ដោយធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន ប្រជាពលរដ្ឋ នៅគ្រប់គោលដៅជាពិសេសនៅតាមទីវត្តអារាម កន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍នានា និងកន្លែង ប្រមូល ផ្តុំមនុស្សច្រើនផងដែរ ៕

ធនាគារពិភពលោកបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

2025/03/25 08:09:33 pm        112
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា, វៀតណាម និងឡាវ និង​សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោកស្រីក៏បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីភាពជាដៃគូដ៏រឹងមាំរវាងធនាគារពិភពលោក ជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ទន្ទឹមនឹងនេះ, លោកស្រីនាយិកាក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការអនុម័តលេីឯកសារស្តីពី​ ≪ ក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោកប្រចាំកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៩≫ និងបានគូសបញ្ជាក់អំពីការបេ្ដជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រទៅដល់កម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលតែងតែគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរ​អំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្ម​ សំដៅដល់ការជំរុញ​កំណេីន​ និងការអភិវឌ្ឍ​ ដោយផ្តោតលេី​វិស័យជាច្រេីនមានជាអាទិ៍៖ សេដ្ឋកិច្ច, កសិកម្ម, ទេសចរណ៍, ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យឡូជីស្ទីក ក៏ដូចជាការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តក្នុងការទាក់ទាញនូវវិនិយោគទុនបន្ថែមមកកាន់កម្ពុជា ព្រមទាំងវិធានការគន្លឹះក្នុងការធានានូវបវិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា ជាពិសេសការបង្កលក្ខណៈអំណោយផលដល់វិស័យឯកជនក្នុងការធ្វើសមាហរណកម្ម និងពង្រឹងភាពធន់របស់ខ្លួន។ សម្ដេចបវរធិបតី និងលោកស្រីនាយិកា ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ដោយក្នុងនោះ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវវិធានការចាំបាច់របស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រឹងការអប់រំជាមូលដ្ឋាន​,​ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ, ការពង្រឹងវិស័យសុខាភិបាល, ព្រមទាំង​ ការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ លោកស្រីនាយិកាបានសម្ដែងនូវការគាំទ្រចំពោះការដាក់ចេញនូវវិធានការទាំងនេះ​ និងបានគូសបញ្ជាក់ថា ធនាគារពិភពលោកបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជានៅក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាចាំបាច់នៅក្នុងការជំរុញភាពជោគជ័យនៃចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យលោកស្រីនាយិកាបន្តសហការ និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក​ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតផងដែរ៕

យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា

2025/03/25 08:06:32 pm        118
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, លោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ ពិសេស រវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងកងទ័ពជើងគោកកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងបណ្តាអង្គភាពកងទ័ពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកឧត្តមសេនីយ៍ទោ​ ក៏បាន​គោរព​ជម្រាបជូន​ សម្តេចបវរធិបតី​ផងដែរថា ក្នុង​ដំណេីរ​ទស្សនកិច្ច​នាពេល​នេះ​ ក៏ដេីម្បី​ជូន​ពរដល់អង្គភាពនៃកងយុទ្ធពល​ខេមរភូមិន្ទ​កម្ពុជា​ ក្នុ​ងឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដែលនឹង​ឈាន​ចូល​មកដល់​នាពេលខាង​មុខនេះ។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រពៃណី និងជាមិត្តភាព នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា ប្រពៃណីនៃការសាកសួរសុខទុក្ខ និងជូនពរគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ ជាសកម្មភាពដ៏ល្អប្រពៃ​​​មួយ។ សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ជាពិសេសកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ និងការហ្វឹកហ្វឺនដល់កងទ័ពកម្ពុជានាពេលកន្លងមក។ សម្តេចបវរធិបតីក៏បានលើកទឹកចិត្តដល់យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយបញ្ជាការដ្ឋានកងទ័ពជេីងគោក និងបណ្តាអង្គភាពកងទ័ពចំណុះកងទ័ពជើងគោកកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន អះអាងថា បងប្រុសសម្ដេច (ឯកឧត្តម ហ៊ុន សាន) នៅមានជីវិត

2025/03/25 07:46:45 pm        159
នៅយប់ថ្ងៃទី២៥មីនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងថាបងប្រុសសម្ដេច (ឯកឧត្តម ហ៊ុន សាន) នៅមានជីវិត នៅឡើយហើយកំពុងទទួលការព្យាបាលពីគ្រូពេទ្យនៅផ្ទះ។តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ បានសរសេរដូច្នេះថា «មុននេះប៉ុន្មានម៉ោងមានព័ត៌មានថាបងប្រុសរបស់ខ្ញុំ(ហ៊ុន សាន)ទទួលមរណភាពហើយ។ ខ្ញុំសូមបញ្ជាក់ថាបងប្រុសរបស់ខ្ញុំនៅមានជីវិតនៅឡើយដែលគ្រូពេទ្យកំពុងបន្តសង្រ្គោះនៅហ្នឹងផ្ទះរបស់គាត់។»សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះការយកចិត្តទុកដាក់ និងការរាប់អានពីសំណាក់ប្រជាពលរដ្ឋចំពោះសុខទុក្ខរបស់បងប្រុស និងគ្រួសាររបស់ខ្លួន។

យុវជនមានពិការជើងម្នាក់នៅកំពង់ឆ្នាំងតស៊ូក្នុងការរៀនសូត្ររហូតទទួលបានផ្ទះថ្មថ្មី១ខ្នងពីកាកបាទក្រហមកម្ពុជា

2025/03/25 06:30:56 pm        223
ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ យុវជន ឡាយ សំណាង ដែលមានពិការភាពតស៊ូក្នុងការសិក្សារៀន សូត្រ រស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទទួលបានផ្ទះថ្មីខ្នង ទំហំ៤ម៉ែត្រ x ១៦.៥ម៉ែត្រ x កម្ពស់ ៤.២ម៉ែត្រ ពីកាកបាទក្រហមកម្ពុជា។ ក្រោមក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។ក្នុងឱកាស ប្រគល់-ទទួលផ្ទះខាងលើ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយដោះស្រាយខាងផ្នែកជីវភាពរស់នៅ ជាបន្តបន្ទាប់ដល់ក្មួយ ឡាយ សំណាង និងក្រុមគ្រួសារ និងសូមឱ្យក្មួយត្រូវផ្តោតការយកចិត្តទុកដាក់លើការសិក្សា ជាពិសេសឪពុកម្តាយ បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏បានជំរុញលើកទឹកចិត្តកូន ឱ្យទៅសិក្សារៀនសូត្រ ដែលនេះគឺជាគំរូដ៏ល្អមួយសម្រាប់យុវជនដទៃទៀត។ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានគូសបញ្ជាក់ផងដែរថា៖ «កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាស នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជា ទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពី កាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។ យុវជន ឡាយ សំណាង និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថា នឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ។ សំណាង បានប្តេជ្ញាចិត្តថា ខិតខំរៀនសូត្របន្តទៅមុខទៀត ដើម្បីសម្រេចក្តីបំណង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។ បច្ចុប្បន្ន សំណាង មានអាយុ២១ឆ្នាំ កំពុងសិក្សានៅថ្នាក់ទី១២ នៃវិទ្យាល័យក្រុងកំពង់ឆ្នាំង រស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មិនត្រឹមតែមានពិការភាពជើងមួយចំហៀងនោះទេ ថែមទាំងតម្រូវឱ្យទៅវះកាត់ឆ្អឹងដុះមកជាប្រចាំទៀតផង រហូតដល់ទៅ១៨លើករួចមកហើយ តែទោះបីជាបែបនេះក្ដី ក៏រូបគេមិនបានបោះបង់ការសិក្សាចោលដែរ ទាំងដែលខ្លួនពិការ ពិបាកក្នុងការធ្វើដំណើរ ហើយគ្រួសារក៏មានជីវភាពខ្វះខាតទៀត ខិតខំជម្នះបញ្ហាគ្រប់បែបយ៉ាង បន្តការសិក្សាតាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។សូមបញ្ជាក់ថា កន្លងមកក្រុមគ្រួសារខាងលើនេះ ត្រូវបានជួយសម្រាលការលំបាកពីកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង និងថ្ងៃនេះបានទទួលផ្ទះថ្មថ្មី១ខ្នង រួមជាមួយអំណោយសម្រាប់សង្កត់ផ្ទះមួយចំនួនទៀតរួមមាន អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥យួរ, ទឹកស៊ីអ៊ីវ ២យួរ, ឃីត (មុង ភួយ សារុង ក្រមា) ២ឃីត, ទឹកក្រូច ៤កេស, ទឹកបរិសុទ្ធ ៤កេស, សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ៥០ម៉ឺនរៀល៕ អត្ថបទៈ សំ ងីម

កម្ពុជា-កូរ៉េពិនិត្យគោលនយោបាយការផ្តល់ហិរញ្ញប្បទាន និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តភាពជាដៃគូ

2025/03/25 06:18:18 pm        130
ភ្នំពេញ ៖ កម្ពុជា-កូរ៉េ ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥ គោលនយោបាយនៃការផ្តល់ហិរញ្ញប្បទានរបស់កូរ៉េ និង ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តភាពជាដៃគូកូរ៉េសម្រាប់កម្ពុជា និងការកំណត់ទិសដៅអាទិភាពសម្រាប់ឆ្នាំ២០២៦ ។​ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក និងឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសហប្រធាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍ រវាងរាជរដ្ឋា- ភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី កិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោ បាយលើកទី៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ កាលពីខែ ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែល បានចូលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់កម្ពុជា២០២១-២០២៥ ដែលផ្តោតលើវិស័យអាទិភាពសំខាន់ៗចំនួន៤គឺ៖ ១) វិស័យអប់រំ, ២) វិស័យដឹកជញ្ជូន, ៣) កសិកម្មនិងអភិវឌ្ឍន៍ជនបទ, និង៤) ការគ្រប់គ្រងទឹកនិងសុខមាលភាពសាធារណៈ ។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ក៏បានអបអរសាទរ ចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅជាដៃគូយុទ្ធសាស្រ្ត សម្រាប់កម្ពុជា ដែលបានឯកភាពពីប្រមុខរដ្ឋាភិបាលទាំងពីរកាលពីឆ្នាំ២០២៤ កន្លងទៅ ដែលបង្ហាញអំពីការបេ្តជ្ញាចិត្តខ្ពស់របស់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការបង្កើនទំហំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការមកកម្ពុជា។ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការអបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ។ តាមរយៈដៃគូយុទ្ធសាស្រ្តសម្រាប់កម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្តេជ្ញាខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់ វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្ហាញពីចក្ខុវិស័យក្នុងការបង្កើតនូវគម្រោងខ្នាតធំ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន សហប្រតិបតិ្តការអភិវឌ្ឍន៍ ផ្តោតលើប្រសិទ្ធភាពនិងការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន័ ។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បាន ជម្រាបជូនពីបច្ចុប្បន្នភាព នៃការកែសម្រួលយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់កម្ពុជា ដោយបានបញ្ចូលនូវវិស័យអាទិភាពរបស់រាជរដ្ឋាភិ- បាលកម្ពុជា ហើយការកែសម្រួលនេះ គ្រោងនឹងបញ្ចប់ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ។ សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ លើផែនការហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ របស់រដ្ឋា- ភិបាលសាធារណរដ្ឋកូរ៉េឆ្នាំ២០២៥ និងបេក្ខភាពគម្រោងឆ្នាំ២០២៦ និងបានបានពិភាក្សាលើនីតិវិធី និងបែបបទនៃការរៀបចំ គម្រោង ស្នើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការកូរ៉េ សំដៅលើការពង្រឹងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងនិរន្តរភាពរបស់គម្រោង៕អត្ថបទ៖ សុន រ៉ាឌី

អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យការចុះស្រង់ស្ថិតិចំនួនជនបរទេស នៅទីតាំងដែលមិនផ្តល់កិច្ចសហការ

2025/03/25 06:01:03 pm        190
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណះបញ្ជាការឯកភាពខេត្ត បានធ្វេីការណែនាំដល់គ្រប់កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាកន្លែងធ្វេីការដែលមានជនបរទេសស្នាក់នៅ ឬធ្វេីការ នៅក្នុងខេត្តទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពជនបរទេសទាំងនោះឲ្យត្រឹមត្រូវដើម្បីធ្វើរបាយការណ៍មករដ្ឋបាលខេត្ត ធ្វើ​បច្ចុប្បន្នភាពចំនួនជនបរទេស បានជាក់លាក់ ដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ ។ ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានដាក់នូវបទបញ្ជា ដែរចំពោះកាស៊ីណូ ក៏ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ ដែលត្រូវមានកិច្ចសហការផ្តល់ទិន្នន័យចំនួនជនបរទេស ដែល​កំពុងស្នាក់នៅធ្វេីការនៅក្នុងខេត្ត បេីមិនព្រមសហការជាមួយអាជ្ញាធរខេត្តនោះទេ នឹងត្រូវធ្វើការ​អនុវត្តទៅតាមនីតិវិធីជាធរមាន។ជាមួយគ្នានោះដែរអាជ្ញាធរមានសមត្ថិកិច្ច និងធ្វើការចុះដោយផ្ទាល់ ដើម្បីស្រង់ស្ថិតិចំនួន​ជនបរទេស​ជាក់ស្តែង នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដើម្បីធ្វើរបាយការណ៍ ជូនក្រសួងមហាផ្ទៃ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលផងដែរ។ សូមបញ្ជាក់ថា ការធ្វេីបច្ចុប្បន្នភាពជនបរទេស ​នៅក្នុងខេត្តបន្ទាយមានជ័យនេះ គឺ​ដេីម្បីលើក​កម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ដូច្នេះក្នុងនាមក្រុមហ៊ុន កាស៊ីណូ ​និងម្ចាស់ផ្ទះសំណាក់ គប្បី​ត្រូវចូលរួមពង្រឹងវិស័យសន្តិសុខ ​សុវត្ថិភាព និងសណ្តាប់ធ្នាប់​សាធារណៈតាមបណ្តាក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យល្អប្រសើរ ដើម្បីធានាសុខដុមនីយកម្ម​របស់​ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ ​និងអ្នកវិនិយោគ ជាតិ-អន្តជាតិ ​ក្នុងខេត្តឱ្យមកទស្សនា និង​ប្រកបរបររកស៊ី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ឲ្យជំនឿទុកចិត្តកាន់តែខ្លាំងឡើង​ថែម​ទៀតផងដែរ៕ អត្ថ៖ ឃិន សារិទ្ធ

អាវុធហត្ថបញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

2025/03/25 05:24:01 pm        94
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ ជនសង្ស័យរួមនឹងវត្ថុតាង គ្រឿងញៀន​ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី។អាវុធហត្ថ បានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើប្រតិបត្តិការបង្រ្កាបលើករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន​នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងករណីនោះដែរកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ​បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន ០៣នាក់ ១-ឈ្មោះ មាស គីមហុង ហៅ ប៉ោយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ រតនៈ ពិទ្យាធានី ហៅ ស្រីកែវ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ (ប្រើប្រាស់), ៣-ឈ្មោះ យ៉ាំ ដាវី ហៅ ដា ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់)។ ក្នុងប្រតិបត្តិការនេះកម្លាំងបានដកយកវត្ថុតាង រួមមានគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០៤កូនថង់កិប ទម្ងន់ ១០,៧៨ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១, ថង់សម្រាប់ច្រកគ្រឿងញៀនមូយចំនួន និងសម្ភារៈសម្រាប់​ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងបាននាំមកកាន់មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។ ក្នុងនោះដែរលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពថា ពួកខ្លួន​ពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង ផងនោះកម្លាំងមូលដ្ឋានកងរាជ​អាវុធ​ហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ឃិនសារិទ្ធ

ផ្លូវជនបទ១ខ្សែ ក្នុងស្រុកកោះធំ ចាប់ផ្តើមស្ថាបនាផ្លូវក្រាលបេតុងដើម្បីលើកកម្រិតផ្លូវនៅជនបទ

2025/03/25 05:19:07 pm        115
កណ្ដាល ៖ ផ្លូវក្រាលបេតុង ចំនួន ១ ខ្សែ ប្រវែងជាង ១.៦០០ ម៉ែត្រ ស្ថិតនៅស្រុកកោះធំ ត្រូវបានបើកការដ្ឋានលើកកម្រិតគុណភាព ជាផ្លូវ ក្រាលបេតុង ដែលជំរុញបង្កើនការតភ្ជាប់ផ្លូវប្រទាក់ក្រឡានៅមូលដ្ឋាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងសេវាសាធារណៈនានា។​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ប្រវែង ១.៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតនៅ ភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះថា ដោយសារនយោបាយឈ្នះ-ឈ្នះ ដែលដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញ ដោយចាប់ផ្តើមមានឱកាសសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស, ពោលគឺកម្ពុជាទើបមានសន្តិភាព និងមានឱកាសធ្វើការអភិវឌ្ឍ ក្នុងរយៈពេល ២៧ ឆ្នាំចុងក្រោយប៉ុណ្ណោះ តែកម្ពុជាទទួលបានភាពរីកចម្រើនលើគ្រប់វិស័យ “សន្តិភាពនាំមកនូវការអភិវឌ្ឍ” មានសន្តិភាពនាំឱ្យយើងទាំងអស់គ្នារស់នៅសុខសាន្ត និងមានក្តីសង្ឃឹម។ឯកឧត្តម បន្តថា ជាមួយនឹងភាពរីកចម្រើន និងសេចក្តីសុខសន្តិភាព រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៧ នេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានឆន្ទៈយ៉ាងម៉ុតមាំ ក្នុងការថែរក្សាសមិទ្ធផលនានា ដែលបានកសាងឡើងពីបាតដៃទទេរ តាំងពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ជាពិសេសការពារសុខសន្តិភាព និងស្ថេរភាពឱ្យខានតែបាន ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០, រាជរដ្ឋាភិបាលបច្ចុប្បន្ន បាន និងកំពុងបន្តខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ជាក់ស្តែងកាចាប់ផ្តើមស្ថាបនាផ្លូវនៅទី នេះ បានលើកកម្រិតគុណភាពផ្លូវទៅ ជាផ្លូវក្រាលបេតុង ដើម្បីការររស់នៅរបស់ប្រជាពលរដ្ឋ។ជុំវិញគម្រោងផ្លូវនេះ, ឧត្តមសេនីយ៍ទោ ផាន់ ជីវ័ន្ត អនុប្រធាននាយកដ្ឋានស្ថាបនានិងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងថា ចំពោះការបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ប្រវែង ១.៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ខាងលើនេះ នឹងអនុវត្តចាប់ផ្តើមពីថ្ងៃនេះតទៅ និងគ្រោងបញ្ចប់មុនរដូវវស្សាចូលមកដល់ ប្រកបដោយ គុណភាព សោភ័ណ្ឌភាព ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវជុំវិញការស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅមូលដ្ឋាន ជាប់នឹងគម្រោង ដែលត្រូវសាងសង់ សូមមេត្តាសហការ និងសម្របសម្រួលតាមតម្រូវការរបស់កងវិស្វកម្មឱ្យបានទានពេលវេលា ដើម្បីពន្លឿនគម្រោង នេះឱ្យបានជោគជ័យទៅតាមកាលកំណត់ និងសូមតាមដានការស្ថាបនាផ្លូវនេះ បើឃើញមានបញ្ហា ឬភាពមិនប្រក្រតីណាមួយ ត្រូវ រាយការណ៍ជូនមេឃុំ ឬមន្ត្រីជំនាញ ដើម្បីធ្វើការពិនិត្យនិងវាយតម្លៃ ព្រោះផ្លូវជាប្រយោជន៍ដើម្បីបម្រើដល់បងប្អូន ដែលអ្នកប្រើប្រាស់ ផ្លូវអស់គ្នា។ ក្នុងពិធីនេះដែរ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ជនបទ ចែក ជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបាន ក្រម៉ាចំនួន១៕អត្ថបទ៖ សុន រ៉ាឌី

ប្រមុខការពារជាតិប្រាប់កងទ័ពឲ្យរក្សាភាពស្ងៀមស្ងាត់ខណៈនៅតាមព្រំដែនគ្មានបញ្ហាអ្វីកើតឡើងដូចការញុះញង់ពីបុគ្គលខ្លះនោះទេ

2025/03/25 04:57:17 pm        146
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រាប់ដល់កងទ័ព ទាំងអស់ឲ្យរក្សាភាពស្ងៀមស្ងាត់ និងកុំជឿតាមការញុះញង់ និងបំភ្លើស បំភ្លៃព័ត៌មានមួយចំនួនទាក់ទង នឹងបញ្ហាព្រំដែនជាមួយប្រទេសជិតខាងជាពិសេសជាមួយប្រទេសថៃ ខណៈព័ត៌មានខ្លះកើតឡើងពីការញុះញង់របស់ក្រុមប្រឆាំងថៃ និងក្រុមប្រឆំាងផ្កាប់មុខរបស់ខ្មែរ ដើម្បីតែគេងចំណេញនយោបាយរបស់ពួក គេប៉ុណ្ណោះ។ ក្នុងឱកាសចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគពិសេសខេត្តកណ្តាល និងកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៣ ខេត្តតាកែវ និងខេត្តកំពត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បាន លើកឡើងថា ព័ត៌មានតាមបណ្តាញសង្គមខ្លះដែលថាភាគីថៃបង្ហាញ និងសម្តែងរិទ្ធនូវ​យុទ្ធោបករណ៍ហើយដឹកមកព្រំដែនក្បែរប្រទេសកម្ពុជានោះ គឺជាព័ត៌មានក្លែងក្លាយ និងរូបភាពចាស់ ដែលបានបង្កើតឡើងដោយក្រុមប្រឆាំង ថៃនិងក្រុមប្រឆាំងរបស់ខ្មែរតែប៉ុណ្ណោះ ខណៈការប្រឌិតរបស់ពួកប្រឆាំងទាំងនោះគឺមានគោលបំណងឲ្យ មានភាពតានតឹងនូវតាមព្រំដែនប្រទេសទាំងពីរ(កម្ពុជា-ថៃ)។ ប្រមុខការពារជាតិកម្ពុជារូបនេះ បានលើកឡើងទៀតថា បញ្ហាព្រំដែនជាបញ្ហារសើបមួយព្រោះក្រុមប្រឆាំងតែងលើកបញ្ហាព្រំដែនយកមកធ្វើការវាយប្រហារចំពោះរាជរដ្ឋាភិបាល ដូចជាករណីយ៍CLVជាមួយប្រទេសវៀតណាមហើយនៅពេលដែលរដ្ឋភិបាលសម្រេចលុបCLV ជាមួយវៀតណាមចោល ពួកគេបានលើកយកបញ្ហាព្រំដែនជាមួយប្រទេសថៃមកធ្វើការវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាវិញម្ដង ដូច្នេះ សូមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់រក្សានូវភាពស្ងៀមស្ងាត់។ យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ទៀ សីហា បានប្រាប់ដល់ជានាយទាហាន នាយទាហានរង និងពលទាហានក្នុងឱកាសសួរសុខទុក្ខនោះថា បញ្ហាព្រំដែនជាមួយប្រទេសជិតខាងត្រូវបានប្រមុខរាជរដ្ឋា ភិបាលបានកំពុងដោះស្រាយគ្នាដោយសន្តិវិធី ជាពិសេសជាមួយភាគីថៃ គឺគ្មានបញ្ហាអ្វីនោះឡើយ ដូច្នេះ នាយឧត្តមសេនីយ៍ណែនាំកុំឲ្យជឿលើព័ត៌ដែលមានលក្ខណៈញុះញង់ និងបំភ្លៃការពិតទាំងនោះឲ្យសោះ៕អត្ថបទ បាន ចក់​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គការ UNICEF អំពាវនាវរកជំនួយសម្រាប់កុមាររាប់ពាន់នាក់ដែលរងផលប៉ះពាល់ដោយរញ្ជួយដីនៅវ៉េណេស៊ុយឡា
06/26/2026 12:06 PM
តុលាការកំពូល អនុញ្ញាតឱ្យលោក Trump បញ្ចប់ការការពារការនិរទេសសម្រាប់ពលរដ្ឋស៊ីរី និងហៃទី
06/26/2026 12:06 PM
អ៊ីតាលី និងបារាំង ព្រមព្រៀងស្តីពីក្រុមចម្រុះដើម្បីគាំទ្រលីបង់ ក្រោយបេសកកម្មរបស់UN បញ្ចប់
06/26/2026 12:06 PM
ប្រមុខណាតូ៖ កិច្ចសន្យាការពារជាតិថ្មីរាប់ពាន់លានដុល្លារ នឹងត្រូវប្រកាសក្នុងកិច្ចប្រជុំកំពូលនៅទួរគី
06/26/2026 12:06 PM
ព្រឹត្តិការណ៍កីឡាជាតិ-កីឡាជាតិជនពិការ ២០២៦នឹងត្រូវរៀបចំឱ្យកាន់តែទាក់ទាញ និងគាំទ្រជាងមុនពីមហាជន
06/26/2026 12:06 PM
ព្រឹទ្ធសភាគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងឡូជីស្ទិកជាតិ
06/26/2026 12:06 PM
សន្និសីទស្តារឡើងវិញប្រទេសអ៊ុយក្រែន បើកនៅប៉ូឡូញដោយជំនួយរាប់ពាន់លានដុល្លារត្រូវបានសន្យា
06/26/2026 12:06 PM
ការខាតបង់សេដ្ឋកិច្ចកើនឡើង ខណៈចំនួនអ្នកស្លាប់ដោយរញ្ជួយដីនៅវ៉េណេស៊ុយអេឡាកើនឡើង
06/26/2026 12:06 PM
អង្គការ OPEC រងសម្ពាពពីអ៊ីរ៉ាក់ ជុំវិញជម្លោះកូតាផ្គត់ផ្គង់ប្រេង បន្ទាប់ពីការចាកចេញរបស់អារ៉ាប់រួម
06/26/2026 12:06 PM
លោកTrump៖ លោកនឹងប្រើទ្រព្យសកម្មរបស់អ៊ីរ៉ង់ដែលត្រូវបញ្ចេញ ដើម្បីទិញផលិតផលកសិកម្មរបស់អាមេរិក
06/26/2026 12:06 PM