នៅព្រឹកនេះ ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី«វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់»
កម្ពុជាទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ និងពាន៣ ពី​ការប្រឡងកម្មវិធី The Young Master Challenge Global Final 2026 នៅចក្រភពអង់គ្លេស
រុស្ស៊ី-កម្ពុជា បន្តទំនាក់ទំនងដ៏រឹងមាំលើវិស័យអប់រំ វប្បធម៌ កសិកម្ម ថាមពល ការពារជាតិ និងពាណិជ្ជកម្ម​
ក្រសួង និងអ្នកជំនាញ រួមគ្នាពង្រឹងគុណភាពសំណង់នៅកម្ពុជា ឆ្លើយតបតម្រូវការបច្ចុប្បន្ន

ព័ត៌មានជាតិ

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ដើម្បីតម្រង់ទិស ពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2025/03/25 09:10:33 am        141
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំ គន្លងអប់រំនៅកម្ពុជា ដើម្បីតម្រង់ទិសពង្រឹងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងកសាងកម្មវិធីអប់រំមួយ ដែលមានច្រកសិក្សាច្រើនជម្រើស ដោយផ្អែកលើសមត្ថភាពសិស្ស និងមានទំនាក់ទំនងច្បាស់លាស់ប្រកបដោយភាពបត់បែន រវាងប្រព័ន្ធអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច នៅវិមានសន្តិភាព៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ បង្ហាញ​អំពី​សាមគ្គីភាព​ និង​រួម​ចំណែក​​លើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព

2025/03/25 08:38:49 am        166
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នាល្ងាច​ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ថា ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺ​បង្ហាញ​អំពីសាមគ្គីភាព ការយោគយល់គ្នា និង​ការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ រវាង​សហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខ​សន្តិភាព ហើយក៏ជា​ឱកាស​សម្រាប់​ឱ្យ​អ្នក​ចូល​រួម​ពិធី​បានជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិត​ស្និទ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែក​បទ​ពិសោធន៍​​ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែកដល់​ការ​លើក​ស្ទួយ​សុខ​ដុម​នីយកម្ម​ជាតិ​សាសន៍ និងសាសនានៅកម្ពុជា សំដៅថែរក្សា​នូវសុខសន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​ទាំង​ផ្លូវ​កាយ​ ផ្លូវចិត្ត និងស្មារតីនៅក្នុងការអភិវឌ្ឍសង្គម​សេដ្ឋកិច្ចជាតិ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និង​ផ្តល់​សេរីភា​ពជំ​នឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូល​ដ្ឋាន​នៃការ​ពង្រឹង​សុខ​ដុម​នីយកម្មសាសនិកនៃគ្រប់និកាយសាសនា, ប្រឆាំងនូវរាល់​ទង្វើ​រើសអើង​សំដៅ​ទប់​ស្កាត់​ការ​យក​សាសនា​ទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិ​សាសនា​នៅកម្ពុជា។ កម្ពុជា​ពិត​ជា​មាន​មោទនភា​ព​ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់​សាសនាផ្សេងៗគ្នា, ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ មិនត្រឹមតែជាមោទនភាពសម្រាប់​កម្ពុជា​នោះទេ, ថែមទាំងជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ដែល​ប្រទេសជាច្រើនកោតសសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោល​នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការ​ល្អជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាព​ងាយ​ស្រួល​ជូនប្រជាពលរដ្ឋគ្រប់សាសនិក នៅព្រះរាជាណាចក្រកម្ពុជា, ទាំងបច្ចុប្បន្ន និងទៅអនាគត ។ មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី បានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួន ដើម្បីឱ្យសហគមន៍​បងប្អូនខ្មែរឥស្លាម ទទួលបាននូវការីកចម្រើនបន្ថែមទៀត ដូចជា៖ ទី១/ ថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និងមិត្តភាព ព្រមទាំង​មានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត, ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ, ដោយឈរ​លើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ និងសាសនា, ទី២/ សូមបន្តរៀបចំដឹកនាំ​កិច្ចការ​សាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការ​យ៉ាង​ជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់, ទី៣/ អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម (ម៉ាស្ជិទ-ស៊ូរ៉ាវ) ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹងស្តីអំពីការកំណត់ និងការកសាងទីកន្លែងប្រតិបត្តិសាសនា ទៅតាមបណ្តាភូមិ និងមានសាសនិកខ្មែរ​ឥស្លាមរស់នៅ​ឱ្យស្របតាមក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេស​ទៅតាម​ស្ថាប័ន​មានសមត្ថកិច្ច​, ទី៤/ សូមបង្កើនសកម្មភាពសង្គម តាមរយៈកិច្ចការងារមនុស្សធម៌, សុខុមាលភាព, ការអប់រំ​, ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃ​ជំនឿ​ឥស្លាម និងគោរពតាមរដ្ឋ​ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា, ទី៥/ សូមបន្តជឿជាក់ និងគំាទ្រ​លើ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាយ៉ាងពេញលេញនូវសិទ្ធិសេរីភាពខាងសាសនា​ឥស្លាមនៅកម្ពុជា តាមរយៈសាមគ្គីភាពជាមួយសាសនិកដទៃ ដើម្បីភាពសុខដុមនីយកម្ម​ជាតិ​សាសន៍ និងសាសនា, ទី៦/ សូមបន្តកិច្ចសហប្រតិបត្តិការកម្រិតជាតិ-អន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមខ្មែរឥស្លាម ដោយចៀសវាងការ​យក​សាសនាសម្រាប់ធ្វើអាជីវកម្ម, បង្កើតបញ្ហាមិនល្អ, បែកបាក់សាមគ្គី និង ភាពជ្រុលនិយម​ក្នុង​សហគមន៍៕

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ អនុម័ត និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ

2025/03/25 07:48:24 am        158
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំអាណត្តិទី៣ លើកទី៤៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម តុប សំ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៤៤ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងបញ្ហាផ្សេងៗ។របាយការណ៍របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្ត្រីចំនួន ១១៨រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៧៥ រូប ដោយឡែកមន្ត្រី ០៣ រូប បានប្រកាសតាមតម្រូវការនៃការស៊ើបអង្កេត និង ៤០ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍ និងចប់អាណត្តិ។ចំពោះការបង្ការទប់ស្កាត់អង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមសង្កេតការណ៍ក្នុងដំណើរការកំណែ បូកស្រង់ពិន្ទុ និងការប្រកាសលទ្ធផល នៃការប្រឡងថ្នាក់ជាតិជ្រើសរើសបេក្ខជនចូលរៀនថ្នាក់មូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ បំពេញការងារសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈ ចំនួន ១៤៦ គម្រោង របស់អង្គភាពលទ្ធកម្ម ចំនួន ៤៤ អង្គភាព និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត តាមសំណើរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងផ្សេងៗទៀត។ទាក់ទងការងារពាក្យប្ដឹង អង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែសរុបចំនួន ៣៤ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន២ករណី ដែលមានជនសង្ស័យ៥រូបទៅតុលាការ ក្នុងនោះបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញករណីពាក់ព័ន្ធការប្រឡង។ បញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តកំពង់ស្ពឺ ករណីអភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ ទិត វុទ្ធី និងឈ្មោះ ហ៊ាវ ខន មន្ត្រីយោធានៃកងទ័ពជើងគោក ដែលបានប្រើប្រាស់តួនាទី និងមុខងារដោយបំពាន ដើម្បីទទួលបានអត្ថប្រយោជន៍ដោយខុសច្បាប់ក្នុងការស្នើសុំអាជ្ញាបណ្ណរុករករ៉ែ ហើយទទួលបានប្រាក់ សរុប ចំនួន ១,២លានដុល្លារ លើអង្គហេតុចំនួន៣ ដែលជាចេតនាទុច្ចរិតពិតប្រាកដនៃការរំលោភអំណាច ហើយមានឈ្មោះ អ៊ុន សាវឿន អ្នកប្រែភាសាចិន ជាអ្នកចូលរួមធ្វើសកម្មភាព ដែលទង្វើនេះជាការសមគំនិត។ ជាមួយគ្នានេះអ្នកទាំង៣ បាន បង្កើតរៀបចំតាក់តែងឯកសារមិនប្រក្រតី និងឯកសារក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើន ដើម្បីប្រើប្រាស់បង្កើតសិទ្ធិក្នុងការបន្លំសុំអាជ្ញាបណ្ណរុករករ៉ែនៅក្នុងអង្គហេតុទាំង៣។អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានឲ្យដឹងដែរថា សវនាការសាលាដំបូងខេត្តកំពង់ធំ បានសម្រេចផ្តន្ទាទោស ហេ គឿន ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងស្ទឹងសែន ជាប់ពន្ធនាគារ ៧ឆ្នាំ និងឈ្មោះ សែ សុងហេង ជាប់ពន្ធនាគារ ៦ឆ្នាំ។ តាមការសម្រេចនេះអង្គភាពប្រឆាំងអំពើពុករលួយ អាចបន្តនិងបញ្ចប់ករណីភរិយា និងកូនស្រី ហេ គឿន និងអ្នកសារព័ត៌មាន ឈ្មោះ គង់ កាន ឈ្មោះ ហ៊ុយ ឧត្តម និងឈ្មោះ កែវ សាវី ដែលបានញុះញង់ឲ្យមានការប្រឆាំងមកលើអង្គភាពប្រឆាំងអំពើពុករលួយ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កម្ពុជា-កូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយបើកកិច្ចប្រជុំទ្វេភាគីឆ្នាំ២០២៥

2025/03/24 08:12:05 pm        151
ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំកិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជាឆ្នាំ២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាជធានីភ្នំពេញ។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកបន្តរបស់កូរ៉េ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ឯកឧត្តម បានសរសើរកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដោយទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់កូរ៉េក្នុងការគាំទ្រកម្ពុជាតាមរយៈគម្រោង និងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗ។ ឯកឧត្តម បានលើកឡើងពីកម្រិតនៃទំនាក់ទំនងទ្វេភាគី ដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសកូរ៉េក្នុងខែឧសភា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យមានការកើនឡើងទ្វេដងនៃទំហំជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)របស់កូរ៉េខាងត្បូង ដល់កម្ពុជា។ ឯកឧត្តម ផាក ជុងវ៉ុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកូរ៉េនិងកម្ពុជា។ ឯកឧត្តម ក៏បានលើកឡើងអំពីការកើនឡើងនៃទំហំកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់កូរ៉េខាងត្បូងជាមួយកម្ពុជា និងបានគូសបញ្ជាក់ពីការរំពឹងទុកថា តាមរយៈការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ ភាពជាដៃគូប្រទេសស្របតាមគោលនយោបាយរបស់ប្រទេសទាំងពីរ ជំនួយអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពអាចសម្រេចបាននាពេលអនាគត។ កម្ពុជា គឺជាប្រទេសទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)ច្រើនជាងគេពីប្រទេសកូរ៉េក្នុងឆ្នាំនេះ ដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមប្រទេសជាដៃគូ ជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA) ទាំង៩២។ នៅឆ្នាំនេះ រដ្ឋាភិបាលកូរ៉េត្រូវបានគេរំពឹងថានឹងផ្តល់ជំនួយប្រមាណ៣៥០លានដុល្លារដល់កម្ពុជា ដោយផ្តោតលើវិស័យដូចជា ការអប់រំ ការគ្រប់គ្រងទឹក សុខភាព និងអនាម័យ វិស័យដឹកជញ្ជូន និងការអភិវឌ្ឍន៍ជនបទ។ ជាក់ស្តែង ជំនួយនេះនឹងរួមមានកម្ចីសម្បទានចំនួន២៧គម្រោង ក្នុងនោះគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងគម្រោងជំនួយឥតសំណងចំនួន៦២គម្រោង រួមទាំងគម្រោងកសាងសមត្ថភាពសម្រាប់មន្ទីរពេទ្យកុមារជាតិ។ លើសពីជំនួយអភិវឌ្ឍន៍ ការចូលរួមផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅតែរឹងមាំដោយមានក្រុមហ៊ុនកូរ៉េប្រមាណ២០០ដែលកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាលើគ្រប់វិស័យ ដូចជាវិស័យផលិតកម្ម ហិរញ្ញវត្ថុ សំណង់ និងអចលនទ្រព្យ។ លើសពីនេះ កម្ពុជា ជាកន្លែងសម្រាប់ប្រជាជនកូរ៉េប្រហែល មួយម៉ឺននាក់ (10,000នាក់)ដែលជំរុញឱ្យមានការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនបន្ថែមទៀត។ កិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជា ឆ្នាំ២០២៥ បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងភាពជាដៃគូ និងជំរុញគោលដៅអភិវឌ្ឍន៍ទៅវិញទៅមក។ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនាពេលអនាគត ក្នុងវិស័យដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កិច្ចប្រជុំនេះបានពង្រឹងតួនាទីរបស់ប្រទេសកូរ៉េក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជា ហើយប្រទេសទាំងពីរបានឯកភាពបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមនៃភាពរុងរឿង និងការអភិវឌ្ឍ៕អត្ថបទ រដ្ឋា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវ

2025/03/24 06:47:43 pm        130
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០២៥។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្តូរវេនប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ សម្រាប់អនុវត្តបន្តក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី៕

សម្ដេចធិបតី៖ ការប្រេះស្រាំជាតិសាសន៍ ការរើសអើងជាតិសាសន៍ ជាចំណែកនាំឱ្យបែកបាក់សង្គម

2025/03/24 06:28:56 pm        133
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សម្ដេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន និងពិសាភោជនាហារសាមគ្គីជា មួយសាសនិកអ៊ិស្លាមនៅកម្ពុជា។ ក្នុងពិធីនេះ សម្ដេចធិបតីបានលើកឡើងពីកត្តាសំខាន់នៃសុខដុម ភាពជាតិសាសន៍ និងសាសនានៅកម្ពុជា ដែលជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក។​ក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន និងពិសាភោជនាហារសាមគ្គីជាមួយសាសនិកអ៊ិស្លាមនៅកម្ពុជានាល្ងាចថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេចបានមានប្រសាសន៍លើក ឡើងពីសារៈសំខាន់នៃសុខដុមភាពជាតិសាសន៍ និងសាសនានៅកម្ពុជា។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា កត្តានេះគឺជាគំរូដ៏ល្អមួយសម្រាប់ពិភពលោក។​សម្ដេចធិបតីរំលេចបន្ថែមថា ដោយសារតែកម្ពុជារក្សាបាននូវសុខដុមភាពនៃជាតិសាសន៍ និងសាស នាបែបនេះហើយ ទើបកាលពីពេលថ្មីៗកន្លងមកនេះ អង្គការសហប្រជាជាតិបានប្រគល់នូវតួនាទីដ៏សំ ខាន់មួយដល់កម្ពុជា។​តំណាងសាសនាអ៊ិស្លាមបានលើកឡើងដែរថា សហគមន៍អន្តរជាតិ បានកោតសរសើរចំពោះកម្ពុជា និងបានមកសិក្សាស្វែងយល់ដកយកបទពិសោធន៍ពីកម្ពុជា ចំពោះភាពសុខដុម នៃជាតិសាសន៍ និងសាសនា។ កម្ពុជាគឺជាប្រទេសគំរូមួយនៅក្នុងពិភពលោក និងគួរសហគមន៍អន្តរជាតិរៀនសូត្រតាម ពីកត្តាទាំងនេះ៕​ដោយ៖ គង់ ឌិន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំវឌ្ឍនៈភាពសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍

2025/03/24 04:43:04 pm        146
ភ្នំពេញ៖ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំវឌ្ឍនៈភាពរបស់សមាគមនារី នៅវិមាន ៧មករា។ របៀបវារ: នៃអង្គប្រជុំមាន៖១. មតិបើកកិច្ចប្រជុំដោយ សម្តេចប្រធាន២. អានរបាយការណ៍លទ្ធផលកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយលោកជំទាវ មាន សំអាន៣. អានពង្រៀងសេចក្តីសម្រេចសមាសភាពគណៈកម្មការរៀបចំសន្និបាតដោយ ដោយ លោកជំទាវ មាន សំអាន៤. អានរាយការណ៍សមាសភាពដំណើរទស្សនៈកិច្ចនៅទីក្រុងដាណាង ប្រទេសវៀតណាម ដោយលោកជំទាវ មៀង សុធារី៥. ពិភាក្សា និងមតិបូកសរុបកិច្ចប្រជុំរបស់សម្តេចប្រធាន។ជាចុងក្រោយ ថ្នាក់ដឹកនាំ និងសមាជិកានៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក៏បានគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ឧត្ដុងឧត្ដមថ្លៃថ្លា ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វ ព្រះរាជហឬទ័យ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ»៕

ក្រុមប្រឹក្សាជាតិគាំពារសង្គមដាក់ឱ្យប្រើប្រាស់ផែនការប្រតិបត្តិយន្តការជំរុញចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម

2025/03/24 04:05:00 pm        453
ក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រកាសដាក់ឱ្យប្រើប្រាស់ផែនការប្រតិបត្តិ ស្តីពី​យន្តការ​ជំរុញ​ការ​ចុះ​ប​ញ្ជី ក្នុងប្រព័ន្ធសន្តិសុខសង្គម ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាយន្តការ​ដ៏​សំខាន់ នៃការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលគិតគូរ​អំពី​លទ្ធភាព​របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជា​ប្រធាន​គណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងនៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការ ជំរុញការចុះ​បញ្ជី​ក្នុង​ប្រព័ន្ធ​សន្តិសុខ​សង្គម ឆ្នាំ២០២៤-២០២៦” នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមានភាព​ប្រទាក់​ក្រឡា និងបំពេញគ្នាទៅវិញទៅមក ក្នុងការចូលរួមលើក កម្ពស់សេដ្ឋកិច្ចជាតិ និង​សុខុមាល​ភាព​ពលរដ្ឋ​គ្រប់​រូប។ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ លើការអភិវឌ្ឍសេដ្ឋ កិច្ច ក្រៅ​ប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេស​ចំពោះសុ​ខុមា​ល​ភាព ភាពធន់នឹងវិបត្តិ និងយន្ត ការគាំទ្រដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។យុទ្ធសាស្ត្រ​ជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ បានរំលេចអំពីសកម្មភាព​ចម្បង​មួយ​ចំនួន របស់ក្រុមប្រឹក្សាជាតិគាំពារ សង្គមរួមមាន ការផ្តល់ការគាំពារ ការលើកកម្ពស់សមត្ថភាព និង​ការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ (វិធានការគន្លឹះទី៣ និង ៤) ។ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ការចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គម គឺជាយន្តការដ៏សំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រ ជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការគិតគូរអំពីលទ្ធភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះលើថ្នាល ឌីជីថល ក្នុងការចុះបញ្ជី និងបង់ភាគទានឱ្យបេឡាជាតិសន្ដិសុខសង្គម។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នេះ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានសំណើចំនួនជិត ៣៧ពាន់ ក្នុងនោះសំណើចុះឈ្មោះជាកម្មករ-និយោជិតចំនួន ១.៩៤៩, សហគ្រាសធុនមីក្រូចំនួន ១.២២៦, និងបុគ្គលស្វ័យនិយោជន៍ ចំនួន ៣៣.៦៤៩ សំណើ។ ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គមនេះ ត្រូវបានរំពឹងថា នឹងក្លាយជា កាតាលីករចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកម្មករ-និយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចុះបញ្ជីក្នុងប្រព័ន្ធសន្ដិសុខសង្គម ឱ្យបានជាអតិបរមា ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបសន្ដិសុខសង្គម ជាពិសេសរបបថែទាំសុខភាពស្របតាមស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់”៕ អត្ថបទ៖ សុន រ៉ាឌី

ប្រមុខការបរទេសកម្ពុជា៖ មូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាធនធានហិរញ្ញវត្ថុដ៏សំខាន់លើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនក្នុងអនុតំបន់

2025/03/24 03:55:04 pm        474
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាធនធានហិរញ្ញវត្ថុ ដ៏សំខាន់ដែលគាំទ្រគម្រោងនាពេលបច្ចុប្បន្ននិងអនាគតលើវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការពង្រឹងសិទ្ធិ អំណាចរបស់ស្ត្រី។ គម្រោងទាំងនេះបានលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនរបស់យើងនៅក្នុង អនុតំបន់។ឯកឧត្តម ប្រាក់ សុខុន បានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសារលិខិតអបអរសាទរ ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥។ តាមរយៈសារលិខិតឯកឧត្តមបានថ្លែងថា ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៦ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបម្រើជាវេទិកា ដ៏សំខាន់សម្រាប់ប្រជាជនទាំងប្រាំមួយគឺ កម្ពុជា សាធារណរដ្ឋប្រជាមានិតចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ដើម្បីចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ ការផ្លាស់ប្តូរ និងកិច្ចសហការដែលផ្តោត លើសសរស្តម្ភសំខាន់ចំនួន៣ រួមមាន (១)បញ្ហានយោបាយ និងសន្តិសុខ (២)ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និង (៣)សង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីសម្រេច បាននូវលទ្ធផលជាក់ស្តែង។ឯកឧត្តមបានបន្តថា គោលបំណងស្នូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងគឺ តំណាងដោយស្មារតីនៃភាពជាដៃគូ ស្មើភាពគ្នា ភាពជាថ្នាក់ដឹកនាំ ផលប្រយោជន៍រួម និងអនាគតរួមប្រកបដោយសន្តិភាព និងវិបុលភាព។ ជាមួយគ្នា កត្តាទាំងនោះបានផ្តល់អំណាចឱ្យយើងដោះស្រាយបញ្ហាប្រឈមរួមគ្នា និងចាប់យកឱកាស សម្រាប់ការរីកចម្រើន។បើតាម ឯកឧត្តម ប្រាក់ សុខុន នាពេលដែលយើងជិតឈានដល់គម្រប់ខួប ១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ យើងអាចនិយាយដោយ មោទនភាពចំពោះសមិទ្ធផលសំខាន់ៗដែលយើងសម្រេចបានរួមគ្នា។ សមិទ្ធផល ទាំងនោះ រួមមាន ការបង្រួមគម្លាតនៃការអភិវឌ្ឍ ការលើកកម្ពស់ការតភ្ជាប់តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនយើងនៅក្នុងអនុតំបន់។ឯកឧត្តមថ្លែងថា៖«មូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យើង គឺឯកសារគោលដែលជាមូលដ្ឋានសម្រាប់ដំណើររួមរបស់យើង។ គួរកត់សម្គាល់ថា ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) គឺជាសក្ខីភាពមួយចំពោះចក្ខុវិស័យរួម។ ឯកសារគោលនេះបានបង្ហាញនូវទិសដៅច្បាស់លាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ឯកឧត្តមបានបន្ថែមថា តាមរយៈការផ្តល់អាទិភាពដល់ការអភិវឌ្ឍដែលផ្តោតលើប្រជាជន និងការច្នៃប្រឌិត ផែនការនេះនឹងធ្វើ ឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងលើកកម្ពស់ការរីកចម្រើនប្រកបដោយបរិយាបន្ន។ លើសពីនេះ ឯកសារគោលនេះ ផ្តល់នូវវេទិកាមួយដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា ដូចជាការប្រែប្រួលអាកាសធាតុ និងបញ្ហាឆ្លងព្រំដែន ដែលធានាបាននូវអនាគតកាន់តែរីកចម្រើន និងសុខដុមរមនាសម្រាប់អនុតំបន់ មេគង្គ-ឡានឆាង។លើសពីនេះទៅទៀត មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាធនធានហិរញ្ញវត្ថុ ដ៏សំខាន់ដែលគាំទ្រគម្រោងនាពេលបច្ចុប្បន្ននិងអនាគតលើវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការពង្រឹងសិទ្ធិ អំណាចរបស់ស្ត្រី។ គម្រោងទាំងនេះបានលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនរបស់យើងនៅក្នុង អនុតំបន់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃ សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការបន្តគាំទ្រ និងការចូលរួមយ៉ាងសកម្មក្នុងការជំរុញក្របខ័ណ្ឌ មេគង្គ-ឡានឆាង។ឯកឧត្តម ប្រាក់ សុខុន ថ្លែងបញ្ជាក់ថា៖«សម្លឹងឆ្ពោះទៅមុខ យើងត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តរបស់យើង ដើម្បីរក្សាបាននូវគោលការណ៍ នៃការជឿទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានតាមរយៈកិច្ចសហការកាន់តែជិតស្និទ្ធ។ យើងត្រូវ តែខិតខំប្រឹងប្រែងឱ្យរួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចីរភាព ព្រមទាំងជំរុញ បន្ថែមទៀតឱ្យសម្រេចបាននូវសហគមន៍មួយ ដែលមានជោគវាសនារួមគ្នា»។ឯកឧត្តមបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការដើរតួនាទីយ៉ាងសកម្ម និងស្ថាបនាក្នុងការបង្កើតសហគមន៍ មួយដែលប្រកបដោយសមាហរណកម្មកាន់តែជិតស្និទ្ធ ដោយឈរលើសន្តិភាពយូរអង្វែង វិបុលភាពរួមគ្នា និងចក្ខុវិស័យរួម សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពនៃអនុតំបន់ និងប្រជាជនរបស់យើង៕

ពលរដ្ឋខេត្តស្វាយរៀងជិត៨ពាន់នាក់ ទទួលការលើកកម្ពស់សុខុមាលភាពពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី

2025/03/24 03:45:30 pm        491
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យអណ្តូងពោធិ៍។ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ  ជាសមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លា របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៦០៦នាក់ ស្រី២៥២នាក់ បានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ ចែកឱសថ ទឹកសុទ្ធ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្ម បានចំនួន៧៨៩៥នាក់ ស្រីចំនួន៥៦៨៤នាក់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនដែលនាំអោយមានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ចំណែកលោកវេជ្ជបណ្ឌិត គុជ ស៊ីថា អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តស្វាយរៀង និងជាប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង និងឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង រួមនឹងបងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ចាត់ឲ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ចុះមកពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយគិតមកដល់ថ្ងៃនេះ បានចំនួន៧១លើកហើយ ក្នុងក្របខណ្ឌខេត្តស្វាយរៀង។នាឱកាសនោះដែល ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានចូលរួមផ្ដល់សេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុករមាសហែក ក៏ដូចជាបានចូលរួមលើវិស័យសុខាភិបាល ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ឯកឧត្តម សុខ សូកេន បាននាំសេចកី្តនឹករលឹក ក៏ដូចពាក្យផ្តាំផ្ញើសួរសុខទុក្ខ និងគោរពស្រលាញ់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារ ដែលចូលរួមក្នុងពិធីនេះផងដែរ។ ជាចុងក្រោយ ឯកឧត្តម សុខ សូកេន ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុករមាសហែក បានសម្ដែងនូវការអបអរសាទរចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលព្រះមហាក្សត្រ បានសព្វព្រះហឫទ័យ ព្រះរាជទាន ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ។សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១៣ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៣ មីនា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត មានសមាជិក សមាជិកា ចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ដែលមាន២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន២១២៩លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.៣២០.១០២នាក់ (ដប់បីលានសាមសិបពីរម៉ឺន មួយរយ ពីរ នាក់) គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៥ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧.៥៧៧.៧៦០នាក់ (ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ ហុកសិប នាក់) ធៀបនឹងឆ្នាំ២០២៥៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នៅព្រឹកនេះ ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី«វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់»
06/26/2026 09:06 AM
កម្ពុជាទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ និងពាន៣ ពី​ការប្រឡងកម្មវិធី The Young Master Challenge Global Final 2026 នៅចក្រភពអង់គ្លេស
06/26/2026 08:06 AM
រុស្ស៊ី-កម្ពុជា បន្តទំនាក់ទំនងដ៏រឹងមាំលើវិស័យអប់រំ វប្បធម៌ កសិកម្ម ថាមពល ការពារជាតិ និងពាណិជ្ជកម្ម​
06/26/2026 08:06 AM
[UPDATE] អ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជាង ២០០នាក់ ខណៈការសង្គ្រោះនិងស្វែងរកអ្នករស់រានមានជីវិតនៅតែបន្ត
06/26/2026 08:06 AM
ក្រសួង និងអ្នកជំនាញ រួមគ្នាពង្រឹងគុណភាពសំណង់នៅកម្ពុជា ឆ្លើយតបតម្រូវការបច្ចុប្បន្ន
06/26/2026 08:06 AM
[UPDATE] ក្រុមអ្នកសង្គ្រោះបន្តស្វែងរកអ្នករស់រានមានជីវិតពីគំនរបាក់បែក ខណៈអ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជិត២០០នាក់
06/26/2026 07:06 AM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាននឹងបន្តដឹកនាំវិស័យបរិស្ថានឱ្យកាន់តែរីកចម្រើន
06/26/2026 07:06 AM
រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេសបក្សកុម្មុយនីស្តចិនបានលើកឡើងថា ប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន
06/26/2026 07:06 AM
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក
06/26/2026 07:06 AM
អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM