រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាននឹងបន្តដឹកនាំវិស័យបរិស្ថានឱ្យកាន់តែរីកចម្រើន
រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេសបក្សកុម្មុយនីស្តចិនបានលើកឡើងថា ប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក
កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ មានទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ

ព័ត៌មានជាតិ

ពិធីប្រកាសស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុក បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

2025/03/24 02:45:52 pm        294
បន្ទាយមានជ័យ៖ ពិធីប្រកាសស្រុកភ្នំស្រុក បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ សិស្សានុសិស្ស និង អង្គការទស្សនៈពិភពលោក សរុបចំនួន ៤៥០នាក់ នៅថ្ងៃទី២៣មីនាឆ្នាំ២០២៥ ម្សិលមិញនេះ ក្នុងបរិវេណសាលាស្រុកភ្នំស្រុក។ លោក ជូ បុត្រ អភិបាល នៃអភិបាលស្រុកភ្នំស្រុក មានប្រសាសន៍ថា ជាការពិតណាស់ ភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ គឺបានមកអាស្រ័យដោយមានការគាំទ្រពីរដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូ ដែលសម្រេចបានលទ្ធផលដ៏ ត្រចេះត្រចង់នេះ ហើយជាសមិទ្ធផល បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ ជា ពិសេស​ប្រជាពលរដ្ឋ​ស្រុកភ្នំស្រុក បង្កើនលទ្ធភាពក្នុងការទទួលបាននូវប្រាក់ចំណូល មានសុខុមាលភាព​ល្អ ជីវភាព​សមរម្យ អនាម័យស្អាត ដែលជាភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះថា​បើការរស់នៅ​មិនមានអនាម័យ ទឹកស្អាតប្រើប្រាស់ ជាប្រភពនាំឱ្យកើត ជំងឺឆ្លង ដែលជាហេតុនាំឱ្យប៉ះពាល់​ដល់​សុខភាព ទាំងសតិបញ្ញាស្មារតី ជាពិសេស ធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ ​និងសង្គមជាតិ។លោក ជា យុទ្ធារុណ ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ​បានមានប្រសាសន៍ថា ការ​បន្ទោបង់ពាស​វាល​ពាសកាល គឺជាបច្ច័យដ៏អាក្រក់មួយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាព​របស់​ប្រជាពលរដ្ឋ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល​ ជម្រើសល្អសម្រាប់ប្រជាពលរដ្ឋ ក្នុងនោះ​រាជរដ្ឋាភិបាលកម្ពុជា​ ក៏ដូចជាក្រសួងអភិវឌ្ឍន៍​ជនបទ មានការគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅ​លើការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ​ហេីយដើម្បីឈានសម្រេចទៅដល់គោលដៅឆ្នាំ២០៣០ ប្រទេស​កម្ពុជា ត្រូវបញ្ឈប់ការបញ្ចប់ការបន្ទោបង់ពាសវាលពាស​កាលនៅមានកម្រិតខ្ពស់នៅ ឱ្យបានមុនឆ្នាំ២០៣០។ លោកប្រធានមន្ទីរ ក៏បានថ្លែងអំណរគុណអង្គការទស្សនៈពិភពលោក អង្គការដៃគូនានា និងវិស័យ ឯកជន នឹងបន្តចូលរួម គាំទ្រ និងសហការជាមួយគ្នា ដើម្បីអភិវឌ្ឍន៍លើវិស័យផ្គត់ផ្គង់ទឹកស្អាត និង​លើកកម្ពស់អនាម័យជនបទឱ្យកាន់តែរីកចម្រើនប្រសើឡើងបន្ថែមទៀត។ នាឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្ត បានថ្លែងការអបអរសាទររដ្ឋបាលស្រុកភ្នំស្រុក ដែលជាស្រុកទី២ ក្នុងចំណោមក្រុង-ស្រុក ទាំង៩ ដែលបានប្រកាសទទួលស្គាល់ជាផ្លូវការនូវ ការ​បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងបានជំរុញការងារផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់​អនាម័យ​ជនបទនៅក្នុងក្របខណ្ឌ នៃស្រុកទាំងមូលឱ្យកាន់តែមានការអភិវឌ្ឍ​រីកចម្រើនខ្លាំង​ក្លាថែមទៀត។ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពជាស្រុក ODF ដើម្បីឈានទៅ​សម្រេចបាន ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងកម្រិតខ្ពស់ (ODF Plus) នាពេលខាងមុខ។ជាមួយគ្នានោះក្នុងនាមរដ្ឋបាលខេត្តលោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន​ចំពោះអង្គការទស្សនៈពិភពលោក ដែលតែងតែយកចិត្តទុកដាក់ និងជួយគាំទ្រដល់វិស័យការងារ​ផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ និងបានជួយជ្រោមជ្រែងស្រុកភ្នំស្រុក រហូត​ទទួលបានលទ្ធផលល្អ ជាស្រុកដែល បានបញ្ចប់ការបន្ទោបង់ពាសវាល​ពាស​កាល និងបានធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការនាថ្ងៃនេះផងដែរ៕ ឃិនសារិទ្ធ

កសិករដាំដំណាំត្រសក់ផ្អែមចងក្រង​ជា​សហគមន៍ អាចរកចំណូលបានខ្ទង់លានរៀល ក្នុងរយៈពេល២ខែ

2025/03/24 02:32:58 pm        193
ឧត្តរមានជ័យ៖ លោក ញឹក ថន រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាប្រជាកសិករដាំដំណាំត្រសក់ផ្អែមលើផ្ទៃប្រមាណមួយហិកតា អាចរកប្រាក់ចំណូលបានខ្ទង់២៥លានរៀល ក្នុងរយៈពេល២ខែ ពីរបរដាំត្រសក់ផ្អែមនេះ ដោយមានកិច្ចសន្យាទិញលក់ជាមុន ជាមួយនិងអាជីវករនៅលើទីផ្សារ ដើម្បីរក្សាតម្លៃបានថេរមិនប្រឈម និងការធ្លាក់ថ្លៃនោះទេ។កសិកររូបនេះ បានឲ្យដឹងថា ការដំណាំរួមផ្សំនានា​កន្លងមក​មានបញ្ហាប្រឈម​នៅ​លើ​ទីផ្សារពី​តម្លៃធ្លាក់ចុះនោះ គឺដោយសារ​យើងមិនមានការសហការ​ជាមួយ​និងសហគមន៍​នៅលើទីផ្សារជាមុន សម្រាប់រូបគាត់ធ្វើការដាំដំណាំត្រសក់ផ្អែម ទទួលបានតម្លៃថ្លៃសមរម្យ ដូចនេះគឺដោយសាររូបគាត់​បាន​ទំនាក់ទំនង និងចងក្រង​ជា​សហគមន៍​នៅលើទីផ្សារ ទើបតម្លៃដំណាំ​របស់គាត់ទទួល​បានថេរយ៉ាងដូច្នេះ។លោក ញឹក ថន បានបន្តថា ការដាំដំណាំ ឬ​ក៏ធ្វើស្រូវបច្ចុប្បន្នបើ​មិន​ការច​ងក្រង​គ្នា​ជា​សហគមន៍​នោះទេ គឺយើងពិបាកក្នុងការរកទីផ្សារលក់ចេញផងដែរ ដោយលក់បានក្នុងតម្លៃថោក។លោក​ អំពាវនាវ​ដល់​បងប្អូនប្រជាកសិករ​ទាំងអស់​មុនធ្វើការដាំដុះដំណាំ​អ្វីមួយនោះត្រូវ​គិតគូរ​សហការគ្នា​រកដៃគូរនៅលើទីផ្សារជាមុនសិន ​កុំឲ្យធ្វើការដាំដុះរួចហើយនោះ​នៅ​ពេល​ទទួល​ផលលក់ចេញបានតម្លៃទាបនោះ៕ 

តំណាងគណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការរៀបចំ​គោល​នយោបាយ និងថវិកាគាំពារសង្គម នៅសាធារដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2025/03/24 02:09:05 pm        232
ដោយទទួលការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពីសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា នៃព្រះរាជា​ណា​ចក្រកម្ពុជា ឯកឧត្តម ឃីង នុភាព និង ឯកឧត្តម ញឿន រ៉ាដែន សមាជិក​គណៈកម្មាធិការ​ទី៨ នៃរដ្ឋសភា បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីការរៀបចំគោលនយោបាយ និងថវិកាគាំ​ពារ​សង្គម ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ -២៦ មីនា ឆ្នាំ២០២៥ នៅស្រុកវាំងវៀង ក្រុងវៀងច័ន្ទន៍ សាធារដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។អង្គសិក្ខាសាលា មានការចូលរួម ធ្វើការបទបង្ហាញពីសភា ឡាវ កម្ពុជា និងប្រទេសវៀតណាម និងអង្គការសង្គមស៊ីវិល ដូចជា UN, ILO , NGO Forum on Cambodia, Oxfam ដោយបានផ្តោតលើ ការគាំពារសង្គម និងការផ្លាស់ប្តូរ បទពិសោធន៍ គ្នាទៅវិញទៅមក ។ 

សិស្សសាលាមធ្យមវិចិត្រសិល្បៈកំពុងហាត់សមសម្ដែងសិល្បៈគ្រប់ទម្រង់ត្រៀមសម្រាប់ពិធីសង្ក្រាន្តឆ្នាំថ្មី

2025/03/24 02:04:34 pm        244
សិស្សសាលាមធ្យមវិចិត្រសិល្បៈកំពុងហាត់សមសម្តែងសិល្បៈចម្រុះគ្រប់ទម្រង់ សម្រាប់ពិធីសង្ក្រាន្ត របស់សាលា ដែលគ្រោងរៀបចំធ្វើឡើងនៅដើមខែមេសា ខែក្រោយនេះ ។លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា នេះ បានប្រាប់BTVឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំសង្រ្កាន្តនៅថ្ងៃទី១ និងទី២ ខែមេសាខាងមុខនេះ ដោយមានកម្មវិធីបែបសាសនា ការសម្តែងសិល្បៈគ្រប់ទម្រង់ និងមានការតាំងពិរព័រណ៍ផងដែរ។ លោកបន្តថា បច្ចុប្បន្នសិស្សកំពុងមមាញឹកហាត់សមសម្តែងសិល្បៈចម្រុះគ្រប់ទម្រង់មានដូចជា របាំបុរាណ ប្រពៃណី ល្ខោនបាសាក់ ល្ខោននិយាយ និងល្បែងប្រជាប្រិយជាដើម។ សិស្សកំពុងហាត់សមរបាំបុរាណ និងប្រពៃណី បានបង្ហាញអារម្មណ៍រីករាយ ពេលលោកគ្រូ អ្នកគ្រូ ជ្រើសរើសពួកគេឲ្យចូលរួមសំដែងក្នុងពិធីសង្គ្រាន្តឆ្នាំថ្មីរបស់សាលា។ សិស្សទាំងអស់នោះ ក៍បានអំពាវនាវដល់សាធារណៈជន សូមអញ្ជើញចូលរួមសង្គ្រាន្តសាលាមធ្យមវិចិត្រសិល្បៈឲ្យបានច្រើនកុះករ។សូមបញ្ជាក់ដែរថា សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី  នៅថ្ងៃទី១ និងទី ២ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ នៅពិធីសង្ក្រាន្តនេះ មានការបង្ហាញនូវទំនៀមទំលាប់វប្បធម៌ប្រពៃណីរបស់ខ្មែរ មានការសម្តែងទស្សនីយភាពសិល្បៈចំរុះ ការរាំលេងចង្វាក់ប្រជាប្រិយខ្មែរ លេងល្បែងប្រជាប្រិយខ្មែរ ពិធីសូត្រមន្ត រាប់បាត្រ និងពិធីស្រង់ព្រះ និងកម្មវិធីកម្សាន្តបែបប្រពៃណីជាច្រើនទៀត៕ អត្ថបទ៖ ទូច សោភ័ណ 

កម្លាំងជំនាញចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកតាមអនឡាញ នៅសៀមរាប

2025/03/24 01:33:55 pm        755
ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ក្រោយប្រកបអាជីវកម្មលក់ដូរតាមប្រព័ន្ធអនឡាយ ដោយប្រព្រឹត្តបទល្មើសឆបោក គឺលក់ដូរឲ្យអតិថិជនវេលុយរួច មិនដាក់ទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង។ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកតាមអនឡាញ ដោយបង្ហោះលក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទ តែនៅពេលអ្នកទិញផ្ទេរប្រាក់មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង។ជនសង្ស័យដែលត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនឈ្មោះ ពៅ ចាន់វណ្ណៈ អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្រោយស្ដាត់ចាស់ម្ដុំមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ជននេះប្រើប្រាស់ Facebook Page ឈ្មោះ «Modern Phone Shop»។ផ្អែកតាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ពៅ ចាន់វណ្ណៈ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឆបោកតាមអនឡាញជាច្រើនលើកច្រើនសារពិតប្រាកដមែន។ តាមភស្ដុតាងដែលសមត្ថកិច្ចជំនាញរកឃើញនៅក្នុង Facebook Page ជននេះបានប្លុកជនរងគ្រោះជាច្រើននាក់ ក្រោមរូបភាពដូចៗ គ្នា គឺទទួលបានប្រាក់ហើយ មិនផ្ញើទំនិញត្រឡប់ទៅវិញ។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

ក្រសួងសុខាភិបាលបើកសន្និបាតបូកសរុបលទ្ធផលការងារមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត

2025/03/24 01:19:33 pm        531
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី បើក ”សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមប្រធានបទ «កម្ពុជាគ្មានជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូ ត្រឹមឆ្នាំ២០២៥ ប្រកបដោយនិរន្តរភាព» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៥នេះ។លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឡើងរាយការណ៍សង្ខេបអំពីសមិទ្ធផលរបស់កម្មវិធីជាតិទាំងបី៖ ទី១. កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ៖វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១ - ២០២៥ គឺសម្រេចបានជោគជ័យនូវសូចនាករ ២ រួចជាស្រេច៖ ១) នៅឆ្នាំ២០១៥ ទប់ស្កាត់ការរីករាលដាលភាពស៊ាំថ្នាំអាតេម៉ីសេនីនជាមួយមេរោគគ្រុនចាញ់។ ២) ចាប់តាំងពីឆ្នាំ២០១៨ ដល់បច្ចុប្បន្ន គ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់ សម្រេចជោគជ័យ ៣ឆ្នាំ មុនគោលដៅគ្រោងឆ្នាំ២០២០។ ដំណាក់កាលចុងក្រោយឆ្នាំ២០២៥នេះ នឹងឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងលើគ្រប់ទម្រង់នៃមេរោគគ្រុនចាញ់ តែនៅក្នុងឆ្នាំ២០២៤នេះ យើងបានបញ្ឈប់ការកើតមានជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម។ ដោយឡែកក្នុងឆ្នាំ២០២៤ ករណីជំងឺគ្រុនចាញ់សរុបមានតែ៣៥៥ករណី គឺបានបន្តថយចុះ ៧៤% ទៀត បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ទី២. កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម៖ ជំងឺគ្រុនឈាមឆ្នាំ២០២៤ មានសរុប១៨,៩៨៣ករណី (អត្រាអាំងស៊ីដង់ ១,០៨៤នាក់ ក្នុងចំណោមប្រជាជន ១០០,០០០នាក់) និងស្លាប់ចំនួន ៤៦ករណី (អត្រាស្លាប់ ០,២៤%)។ ចំនួននេះបានថយចុះប្រមាណ ៤៦,៣% ករណីឈឺ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានចំនួន៣៥,៣៩០ករណី និងបានថយចុះ ៥៣,៥% ករណីស្លាប់ បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៩៩នាក់។ សន្និដ្ឋានឆ្នាំ២០២៤ បានបង្ការប្រជាជនមិនឱ្យឈឺដោយជំងឺគ្រុនឈាម បានប្រមាណជា ៧៤% (ឬ ជាង ៥០,០០០ នាក់) បើប្រៀបធៀបនឹងសន្ទស្សន៍ព្យាករណ៍ប្រមាណជា ៧៣,០០០ករណី។ ជំងឺគ្រុនឈីក នៅឆ្នាំ២០២៤ មាន៦៣ ករណី មានរាយប៉ាយស្ទើរគ្រប់ខេត្ត គឺថយចុះ៧៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣ មាន២៣៨ករណី។ ជំងឺគ្រុនឈីក កើតលើមនុស្សទាំងពីរភេទ (ស្រី ៦២% និងប្រុស ៣៨%) និងមានគ្រប់វ័យ ពិសេសអាយុ១៥ឆ្នាំឡើងមានជាង ៥៧% កុមារអាយុពី៥ ទៅ១៥ឆ្នាំមាន៣២% និងកុមារអាយុក្រោម៥ ឆ្នាំមាន១១%។ ទី៣. កម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន៖ ថ្នាំទម្លាក់ព្រូនឆ្លងតាមដី (Albendazole) ឆ្នាំ២០២៤ បានផ្តល់ជាសមូហភាពពីរជុំដល់ក្រុមគោលដៅអាយុពី១ឆ្នាំ ដល់ ១៤ឆ្នាំ បានចំនួន ៥,៤៧៨,៤៧១នាក់ ក្នុងអត្រាគ្របដណ្តប់ពី ៦៣-៦៥% ដែលកើនឡើង ១១,២% បើប្រៀបធៀបឆ្នាំ២០២៣។ ជំងឺព្រូនស៊ីស្តូឆ្នាំ២០២៤ មានសមាមាត្រចម្លង ០,៤% គឺនៅថេរ បើធៀបនឹងឆ្នាំ២០២៣ បន្ទាប់ពីការអង្កេតស្រាវជ្រាវឆ្នាំ២០២៤ ក្នុង១៣ភូមិ នៃខេត្តក្រចេះ (៣ ភូមិ) និងខេត្តស្ទឹងត្រែង (១០ ភូមិ) លើប្រជាជន ១,១៩៤នាក់ មានវិជ្ជមានពងព្រូន ៥នាក់ ក្នុងកម្រិតបរិមាណ ២៤-៧២ពងព្រូន ក្នុង១ក្រាមលាមក។ សេចក្តីសន្និដ្ឋាន ជំងឺព្រូនស៊ីស្តូលែងជាបញ្ហាសុខភាពសាធារណៈនៅប្រទេសកម្ពុជា បើផ្អែកលើនិយមន័យរបស់ WHO ដោយសមាមាត្រនៃការចម្លងក្រោម១០% និងបរិមាណពងព្រូនទាបជាង១០០ ពងព្រូននៃរង្វាស់។ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគាំទ្រនូវរបាយការណ៍នេះ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះភាពជាអ្នកដឹកនាំ ភាពជាម្ចាស់ការ ការប៉ិនប្រសប់បត់បែនបែបបុរេសកម្ម និងនវានុវត្តន៍ របស់មជ្ឈមណ្ឌលជាតិ កម្មវិធីជាតិ ព្រមទាំងអ្នកពាក់ព័ន្ធគ្រប់កម្រិតទាំងអស់ ដែលបានប្រតិបត្តិការអភិក្រមសកម្មភាពយុទ្ធសាស្រ្តពេញលេញគ្រប់ជ្រុងជ្រោយសមស្របតាមផែនការយុទ្ធសាស្រ្តជាតិ ចូលរួមចំណែកគាំទ្រគោលនយោបាយសុខាភិបាលគ្របដណ្តប់សុខភាពសកលជាអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដំណាក់កាលទីមួយ ក្រោមការដឹកនាំដ៏មានថាមពល ឈ្លាសវៃ គតិបណ្ឌិតមិនរីងស្ងួត និងជាមគ្គុទេសក៍បន្តវេនដ៏ឆ្នើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាម្លប់សន្តិភាពពេញលេញ សេរីភាព ឯករាជជាតិ និងការអភិវឌ្ឍន៍ ស្មើមុខមាត់ទាំងក្នុងតំបន់ និងសកលលោក៕ អត្ថបទ រដ្ឋា

យុវជនទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីមានអនាគតល្អ ជួយកសាងប្រទេសជាតិ

2025/03/24 01:18:42 pm        163
កំពង់ឆ្នាំង៖ សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ ខេត្តកំពង់ឆ្នាំងបានអោយដឹងថា «យុវជនដែលសេពគ្រឿងញៀនមិនមានអនាគតល្អឡើយ នាំទុក្ខលំបាកដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ព្រោះពួកគេ អាចហ៊ានធ្វើបទល្មើសគ្រប់យ៉ាងដើម្បីបានលុយទៅទិញគ្រឿងញៀនមកសេព។ ដូចនេះ យើងជាយុវជន ត្រូវខិតខំរៀនសូត្រ និងឆ្លើយថាទេជាមួយគ្រឿងញៀន»។ សិស្សានុសិស្បបានអោយដឹងបែបនេះ ក្នុងពេលលោក ស៊ីវ សារិន អភិបាលរងស្រុករលាប្អៀរ ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគ្រឿងញៀន បញ្ហាក្មេងទំនើង ពិនិត្យលើអនាម័យបរិស្ថាន និងចំណីអាហារនៅក្នុងសាលារៀន នាថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៥នេះ។សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរបានបន្តថា៖ បញ្ហាគ្រឿងញៀនមិនមែនជារឿងដោយឡែកណាមួយរបស់នរណាម្នាក់នោះទេ វាគឺជារឿងរបស់យើងទាំងអស់គ្នា “ ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន, ត្រូវជៀសឲ្យផុតពីគ្រឿងញៀនដែលបំផ្លាញអនាគតខ្លួនឯង, ត្រូវបញ្ឈប់គ្រឿងញៀន ដើម្បីខ្លួនឯង និងគ្រួសារ រួមនិងសង្គមជាតិ។ សាធារណជនទូទៅ ពិសេសយុវជនទាំងអស់ត្រូវប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថាកម្ពុជា ជាប្រទេសគ្មាន គ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន ។លោក ស៊ីវ សារិន អភិបាលរងស្រុករលាប្អៀរ បានលើកឡើងថា៖ សម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ននេះ គឺសម្តេចធិបតីបានបន្តបេសកកម្មនៅក្នុងការទប់ស្កាត់ បង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានដាក់ចុះនូវវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់បញ្ហាគ្រឿងញៀន ។ ដូចនេះប្អូនៗជាសិស្សទាំងអស់ ត្រូវឆ្លើយថាទេជាមួយគ្រឿងញៀន និងខិតខំរៀនសូត្រ ដើម្បីជីវភាពខ្លួនឯង គ្រួសារ និងជាទំពាំងស្នងឬស្សី ជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិយើង។ ម្យ៉ាងវិញទៀត មាតាបិតា ឬអាណាព្យាបាលសិស្ស មានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកជំរុញកុលបុត្រ កុលធីតារបស់ខ្លួនឲ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ដើម្បីកាត់បន្ថយភាពក្រីកក្នុងគ្រួសារ និងជួយពង្រឹងឲ្យកូនចៅខ្លួនមានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្លៃថ្នូរ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។ ការកសាងវប្បធម៌សន្តិភាព និងការអប់រំវប្បធម៌សន្តិភាព គឺជាភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់បុគ្គលិកសិក្សា គ្រួសារ និងសង្គមជាតិទាំងមូល ដោយឈរលើមូលដ្ឋាននៃការបណ្តុះបណ្តាលគុណធម៌ និងឥរិយាបថ ដែលឆ្លុះបញ្ចាំងពីការគោរពជីវិត ការគោរពចំពោះមនុស្សជាតិ ការគោរពគោលការណ៍ច្បាប់ គោលការណ៍សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌ប្រឆាំងនឹងអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងការរើសអើងគ្រប់ប្រភេទ។ សូមបន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាពនេះ ឲ្យបានជ្រួតជ្រាបដល់សិស្សានុសិស្សគ្រប់ភូមិសិក្សា ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាងយុវជនជំនាន់ថ្មី ប្រកបដោយកាតរីកចម្រើនលើគ្រប់វិស័យ៕ កាំង ហុងវាស្នា

ឯកឧត្តម កែវ រ៉េមី៖ កម្ពុជាអនុវត្តគោលការណ៍​សិទ្ធិមនុស្ស​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​យ៉ាងខ្ជាប់ខ្ជួន

2025/03/24 01:12:18 pm        1091
ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត​គោលការណ៍​សិទ្ធិ​មនុស្ស​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​យ៉ាង​ខ្ជាប់​ខ្ជួន​​ក្នុង​នាម​ជា​សមាជិក​ដែល​តែង​ចូល​រួម​ធ្វើ​បទ​អន្តរាគមន៍តាមការកំណត់នៃអាណត្តិរបស់ខ្លួន។ការថ្លែងរបស់ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា នា​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី ការផ្សព្វផ្សាយ និង​តាម​ដានបន្តអនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់ជុំទីបួន (UPR) ដែល​មានការចូលរួមពីតំណាង និងអ្នកសម្របសម្រួលរបស់អង្គសហប្រជាជាតិប្រចាំកម្ពុជា សមាជិក​រដ្ឋសភា តំណាងក្រសួងស្ថាប័នចំនួន១៧ និងតំណាងអង្គការសង្គមស៊ីវិលជាច្រើនរូប។ឯកឧត្តម ទេសរដ្ឋមន្រ្តី កែវ រ៉េមី មានប្រសាសន៍ថា សិក្ខាសាលានេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​កិច្ច​សហ​ប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សប្រចាំកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីយន្តការ UPR ព្រម​ទាំង​ដើម្បី​ជាការផ្តល់វេទិកាមួយឱ្យគ្រប់ភាគីពាក់ព័ន្ធជជែកពិភាក្សា និងចែករំលែកមតិយោបល់ ដើម្បី​រួម​ចំណែក​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ដែល​បាន​ទទួល​យក​ឱ្យ​សម្រេច​បាន​លទ្ធផល​កាន់​តែ​ល្អ​ប្រសើរ​។ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា គិតមកដល់ពេលនេះ ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​ការ​ពិនិត្យ​ចំនួន៤ដង ចាប់តាំងពីមានការបង្កើតការពិនិត្យជាសកលតាមកាលកំណត់ (UPR) ឆ្នាំ​២០០៩ ហើយមកដល់ជុំទីបួននេះ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​បាន​អនុម័ត​ឱ្យ​កម្ពុជា​ទទួល​អនុ​សាសន៍​ចំនួន ២៣២ ក្នុងចំណោម ២៧៥អនុសាសន៍សម្រាប់អនុវត្ត។ ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា បើធៀបនឹងតំបន់ ក៏ដូចជាសកលលោក ប្រទេស​កម្ពុជាជាប្រទេសនាំមុខយ៉ាងល្អប្រសើរលើការអនុវត្តអនុសាសន៍ មិនថាលើ​បញ្ហា​គាំទ្រ​សិទ្ធិ​រប​ស់ស្រ្តី សាសនា ឬពណ៌សម្បុរ។នាឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់ក្រសួង-​ស្ថាប័នសាម៉ីសរុបទាំង១៧ ដែល​ទទួលនូវអនុសាសន៍ជុំទីបួននេះ ត្រូវជំរុញការអនុវត្តអនុសាសន៍ទាំង២៣២ ទៅតាម​សមត្ថកិច្ច​រៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ហើយបន្តសហការឱ្យបានយ៉ាងល្អ ដើម្បីជាការរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ក៏ដូច​ជា​ដើម្បី​ឧត្តម​ប្រយោជន៍​របស់ប្រជាជនកម្ពុជា។សូមជម្រាបថា ការពិនិត្យជាសកលតាមកាលកំណត់ (UPR) គឺជាយន្តការ​ពិសេស​មួយ​ដែល​ពិនិត្យ​ការ​បំពេញកាតព្វកិច្ចសិទ្ធិមនុស្សរបស់រដ្ឋភាគី ក្នុងដំណើរការ​ពិនិត្យ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋ​ជា​សមាជិកនៃអង្គការសហប្រជាជាតិទាំងអស់។ លើសពីនេះ រដ្ឋភាគីត្រូវរាយការណ៍ពីវឌ្ឍនភាព និង​បញ្ហាប្រឈមរបស់ខ្លួន និងទទួលអនុសាសន៍ពីរដ្ឋសមាជិកដ៏ទៃទៀត ពិសេស​តាម​រយៈ​ការ​បញ្ជូល​ធាតុ​ចូលពីភាគីពាក់ព័ន្ធនានា (UPR) មានគោលបំណង​ពង្រឹង​ការ​ការពារ​សិទ្ធិ​មនុស្ស​ជា​សកល និងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាព ដើម្បីធានា​ការគោរព​សិទ្ធិ​បុគ្គល​គ្រប់​រូប៕ 

រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើរួមគ្នាអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្ស

2025/03/24 01:03:19 pm        286
ខណៈដែលវិស័យជលផលនៅប្រទេសកម្ពុជាមានភាពល្អប្រសើរច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរួមសហការគ្នាអភិរក្សធនធានធម្មជាតិ ជាពិសេសការរក្សាឲ្យបាននូវប្រភេទសត្វជិតផុតពូជ ដើម្បីអភិវឌ្ឍដោយចីរភាព។ក្នុងឱកាសអញ្ជើញបើកកម្មវិធី «ជុំវិញទន្លេមេគង្គ» នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ន ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងគោលបំណងដើម្បីបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ដើម្បីទុកជាប្រយោជន៍សម្រាប់កូនចៅតជំនាន់ផង និងដើម្បីរួមចំណែកលើកកម្ពស់វិស័យជលផលនៅកម្ពុជាឲ្យមានការរីកចម្រើនប្រកបដោយមោទនភាព។ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ការគ្រប់គ្រងធនធានធម្មជាតិឲ្យមាននិរន្ដរភាព គឺជាភារកិច្ចមួយ ដែលមានលក្ខណៈលំបាកស្មុគស្មាញ ប្រទាក់ក្រឡាគ្នា ដែលទាមទារឲ្យថ្នាក់ដឹកនាំ គ្រប់អង្គភាព និងមន្រ្តីជំនាញត្រូវបង្កើនស្មារតីទទួលខុសត្រូវ ផ្តល់កិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ឲ្យបានល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិរបស់ជាតិឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។សូមជំរាបជូនថា នៅក្នុងកម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា (Cambodia International Film Festival) ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជីវភាពប្រជាជននៅតាមដងទន្លេមេគង្គ។ ក្នុងនោះ ក៏មានការចាក់បញ្ចាំងជូននូវវីដេអូចំនួន២ផងដែរ ទី១.ជាវីដេអូផលិតដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ និងទី២.ជាវីដេអូផលិតដោយអង្គការសត្វព្រៃនិងរុក្ខជាតិ អំពីជោគជ័យនៃការអភិរក្សសត្វក្រពើភ្នំនៅកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ដឹងច្បាស់​ហើយករណីសង្ស័យផ្ទុះមីនតោន ចំ​កណ្តាល​ផ្ទះ​វីឡា​តឿនៅក្រុងបាវិតគឺផ្ទុះដោយ​ផាវគ្រាប់បែកនិងកាំជ្រួច

2025/03/24 01:01:44 pm        548
ស្វាយរៀង៖បន្ទាប់ពីមានករណី​ផ្ទុះ​គ្រាប់លាន់​រង្គើផ្អើលអស់ពលរដ្ឋក្នុងភូមិសង្ស័យថាផ្ទុះគ្រាប់​មីនតោន ចំ​កណ្តាល​ផ្ទះ​វីឡា​តឿ​មួយ​ខ្នងនោះ បណ្តាល​ឲ្យ​បាក់បែក​ខូចខាត​ផ្ទះ​ទាំងស្រុង ប៉ុន្តែ​សំណាងល្អម្ចាស់ផ្ទះ​ចេញ​មក​លក់ដូរ នៅ​តូប​ខាង​មុខ​ផ្ទះ​ផុត ទើប​ផ្ទុះនោះគឺជាករណីផ្ទុះផាវគ្រាប់បែកនិងកាំជ្រួចនេះបើតាមការបញ្ជាក់ពីលោក យូ យ៉េន មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្រាសាទក្រុងបាវិត ។បើតាមលោក យូ យ៉េន មេប៉ុស្តិ៍​រដ្ឋបាលនគរបាលសង្កាត់ប្រាសាទបានឲ្យដឹងថា៖​នៅ​វេលា​ម៉ោង​០២​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​២១ មីនា ២០២៥ម្សិលមិញនេះនៅ​ចំណុច​ផ្ទះ​ជាង​បុក​អណ្តូង ដែល​មាន​យីហោ «​សី​ពៅ​» មាន​ទទួល​ជួសជុល និង​បុក​អណ្តូង​តូច​ធំ​គ្រប់​ប្រភេទដែលស្ថិត​នៅ​ភូមិ កណ្តាល សង្កាត់ ​ប្រាសាទ ក្រុង បា​វិត ខេត្តស្វាយរៀងមានករណីផ្ទុះគ្រាប់បណ្តាលអោយខូចខាតផ្ទះស្ទើរទាំងស្រុងនិងដាក់ការសង្ស័យថាផ្ទុះហ្កាសឬមីនតោននោះសមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។​លោកមេប់ុស្តិ៍បានបន្តទៀតថា៖ក្រោយពីផ្ទះមួយខ្នងរងការខូចខាតទាំងស្រុងនៅថ្ងៃទី២២ខែមីនាឆ្នាំ២០២៥នេះសមត្ថកិច្ចយើងបានសហការជាមួយខាងសុីម៉ាក់ចុះពិនិត្យរកសំបកផ្ទុះនៅទីតាំងផ្ទះរងគ្រោះ។​ លោកមេប៉ុស្តិ៍បានបញ្ជាក់ថា៖បន្ទាប់ពីពិនិត្យរកសំបកផ្ទុះនោះរួចមកខាងសុីម៉ាក់បានរកឃើញថាមិនមែនជាមីនតោនឬផ្ទុះធុងហ្គាសអ្វីនោះទេដោយសំបកកាំជ្រួចនិងផាវគ្រាប់បែកដែលមានចំនួនច្រើនផ្ទុះបណ្តាលឲ្យខូចខាតផ្ទះរងគ្រោះនេះ។​សូមបញ្ជាក់ថា​៖​ម្ចាស់ផ្ទះ​រង​គ្រោះឈ្មោះ អ៊ុក ពិសី សំណាងល្អ​ខ្លាំង​ណាស់ មុន​ពេល​កើតហេតុ រូប​គាត់​បាន​ដើរ​ចេញ​មក​តូប​លក់ដូរ​ខាង​មុខ​ផ្ទះ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​គ្រាំ​ង​កក្រើក​ដី ឃើញ​ផ្ទះ​របស់​គាត់​ប៉ើង​ដុំ​ថ្ម និង​ដំបូលផ្ទះ​ខ្ទាត​ឡើង​លើ ផ្សែងហុយ​ខ្មួលខ្មាញ់​ឡើង​លើ គាត់​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំងនិង បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ មក​ចោមរោម​មើល​ពី​ចម្ងាយដោយមិនហ៊ានចូលជិត។​​ម្ចាស់ផ្ទះ​រង​គ្រោះបាន​ឲ្យ​ដឹង​បន្ត​ថា៖ចំណែករូប​​គាត់ និង​កូន​ៗ ក៏​បាន​ចេញ​ទៅ​ធ្វើការ​ខាងក្រៅ​អស់ ទើប​គ្មាន​ប៉ះពាល់​ដល់​អាយុជីវិត ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ក្រុមអ្នកសង្គ្រោះបន្តស្វែងរកអ្នករស់រានមានជីវិតពីគំនរបាក់បែក ខណៈអ្នកស្លាប់ពីការរញ្ជួយដីនៅវ៉េណេស៊ុយអេឡាឡើងដល់ជិត២០០នាក់
06/26/2026 07:06 AM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាននឹងបន្តដឹកនាំវិស័យបរិស្ថានឱ្យកាន់តែរីកចម្រើន
06/26/2026 07:06 AM
រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេសបក្សកុម្មុយនីស្តចិនបានលើកឡើងថា ប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន
06/26/2026 07:06 AM
ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក
06/26/2026 07:06 AM
អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM