កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ២ មានទំហំទឹកប្រាក់សរុបជាង ១៧១ លានដុល្លារ
ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល
រដ្ឋមន្ដ្រីស្តីទីក្រសួងមុខងារសាធារណៈ ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែងដោយផ្ទាល់ នៅទីស្តីការក្រសួងទេសចរណ៍
រដ្ឋមន្រ្តីសុខាភិបាល៖ «សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ហើយខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដើម្បីសុខភាពពលរដ្ឋ»

ព័ត៌មានជាតិ

រដ្ឋមន្រី្តអប់រំ បើកមហាសន្និបាត និងប្រគល់បណ្ណសរសើរជូននាយក និងគ្រូឆ្នើមនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា

2025/03/23 01:14:30 pm        276
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើកមហាសន្និបាត និងពិធីប្រគល់បណ្ណសរសើរជូននាយក / នាយិកាឆ្នើម និងគ្រូឆ្នើម ប្រចាំឆ្នាំ២០២៤ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានលើកឡើងថា នេះគឺជាសន្និបាត ប្រចាំឆ្នាំលើកទី៣របស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងការជួបជុំសមាជិកចំនួន១៤០គ្រឹះស្ថានអប់រំ ដើម្បីបង្កើនទំនាក់ទំនង និងសាទរនូវសមិទ្ធផល ដែលយើងទទួលបានពីការសាមគ្គីគ្នាបង្កើតជាសមាគម តាំងពីឆ្នាំ២០២០ និងអំឡុងពេលកូវីដ-១៩មកម៉្លេះ លទ្ធផលនេះ ស បញ្ជាក់យ៉ាងច្បាស់ពីសុភាសិតខ្មែរមួយពោលថា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”។ សហព័ន្ធសេវាអប់រំនៅកម្ពុជា តែងតែស្តាប់ និងព្យាយាមសម្របសម្រួល បញ្ហាដែលសមាជិកបានជួបប្រទះ ជាពិសេសការផ្តល់យោបល់ ផ្តល់ព័ត៌មាន និងលើកទឹកចិត្ត គ្រឹះស្ថានដែលជាសមាជិកឱ្យគោរពតាមច្បាប់ នានាផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី សូមយកឱកាសនេះដើម្បីនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចបានចក្ខុវិស័យវែងឆ្ងាយ។ ដូច្នេះយើងស្រមៃមើលទសវត្សទី៨០ សម្តេចតេជោ ប្រកាសទទួលស្គាល់កម្មសិទ្ធឯកជន និងអនុញ្ញាតឲ្យបង្កើតនូវគ្រឹះស្ថានសិក្សាឯកជន ដែលជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ននេះដែលជាសេដ្ឋកិច្ចទីផ្សារ។តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ សូមចូលរួមអបអរសាទរដល់ឯកឧត្តមបណ្ឌិត ហុង លីម ដែលត្រូវបានតែងតាំងជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងអាណត្តិ២០២៥-២០២៧ថ្មីនេះ និងអបអរសាទរដល់នាយក នាយិកាឆ្នើម និងគ្រូឆ្នើមប្រចាំឆ្នាំ២០២៤ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។បើតាមឧកញ៉ា ប៉ិច បូឡែន សហស្ថាបនិក និងប្រធានក្រុមទីប្រឹក្សាសហព័ន្ធសេវាអប់រំកម្ពុជា មានប្រសាសន៍ថា សហព័ន្ធសេវាអប់រំនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ តាមសេចក្តីប្រកាសលេខ ១៤៩៦ ប្រ.ក ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានទស្សនវិស័យចង់ឱ្យធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាមានជំនាញ ចំណេះដឹង និងភាពជាអ្នកដឹកនាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕ អត្ថបទ រដ្ឋា

រដ្ឋបាលខេត្តកំពង់ចាមដង្ហែពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ​ក្នុងវិស័យសុខាភិបាល

2025/03/23 12:43:18 pm        217
រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២៥ នេះ បានប្រារព្ធពិធី ដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដោយពិធីនេះធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតី ពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ក្នុងឱកាសនោះថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានទទួលជោគជ័យ ក្នុងការក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូនេះ គឺដោយសារមានការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹង ពីអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសហគមន៍។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ត្រីសុខាភិបាលខេត្តកំពង់ចាមទាំងអស់ សូមឱ្យបន្តក្នុងការរក្សា នូវចំណុចល្អដែលយើងបានធ្វើ រហូតទទួលជ័យលាភីលេខ១ ពីការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលឆ្នាំ ២០២៤ នេះ ពោលគឺ គ្រប់គ្រងខ្សែក្រវ៉ាត់នេះឲ្យបាន ដោយផ្អែកទៅលើការផ្តល់សេវា របស់ខ្លួនឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត នាពេលបច្ចុប្បន្ន និងទៅអនាគត ។សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទទួលជ័យលាភីលេខ១ ពីការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។ ក្នុងរយៈពេល ៥ឆ្នាំ (២០២០-២០២៤) មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានអភិវឌ្ឍន៍មន្ទីរពេទ្យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និង គុណភាព នៃការផ្តល់សេវា។ មន្ទីរពេទ្យបង្អែកខេត្តនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម អនុវត្តការកែលម្អនូវរបៀបរបបនៃ ការគ្រប់គ្រង និង ភាពជាអ្នកដឹកនាំ ដើម្បីផ្តល់សេវា សុខាភិបាល ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានគុណភាពល្អប្រសើរឡើង ស្របតាមគោលនយោបាយនៃការកែទម្រង់របស់រាជរដ្ឋាភិបាលឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកល ឆ្នាំ២០៣៥ ៕

កម្ពុជាធ្វើជាម្ចាស់ផ្ទះតាំងពិព័រណ៍ទីផ្សារ ស្ដីពីការកែច្នៃផលិតផលអនុផលព្រៃឈើ នៅខេត្ដសៀមរាប

2025/03/23 12:18:29 pm        352
ប្រទេសចំនួន៥ រួមមាន ប្រទេសកម្ពុជា វៀតណាម ឡាវ ហ្វីលីពីន កូរ៉េ បានសហការគ្នា រៀចំពិព័រណ៍ផលអនុផលព្រៃឈើរយៈពេលពីរថ្ងៃ ដើម្បីបង្កើនចំណេះដឹងដល់សមាជិកក្រុមកែច្នៃអនុផលព្រៃឈើត្រូវតាមតម្រូវការទីផ្សារ។ពិធីនេះ ធ្វើឡើង ចាប់ថ្ងៃទី២២ដល់ថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ នៅសួនច្បារខាងមុខព្រះរាជដំណាក់ ក្រុងសៀមរាប ដែលរៀបចំដោយអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា។លោក ស៊ឹម ប៊ុនធឿន ប្រធានអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍អនុផលព្រៃឈើប្រចាំនៅកម្ពុជា មានប្រសាសន៍ថាអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា បានចុះអនុសារណៈកិច្ចព្រមព្រាងជាមួយក្រសួងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០០៨ និងចុះអនុសារណៈកិច្ចព្រមព្រាងជាមួយក្រសួងបរិស្ថានចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្នដែលបានអនុវត្តគម្រោងចិញ្ចឹមឃ្មុំនៅភ្នំគូលែន និងផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនដល់សហគមន៍តំបន់ការពារធម្មជាតិចំនួន១១នៅក្នុងខេត្តសៀមរាប។លោកថា ព្រឹត្តិការណ៍នេះ ក៍មានសហគមន៍ព្រៃឈើ១០បានខិតខំការពារធនធានធម្មជាតិទោះបីជាការងារស្ម័គ្រចិត្តដោយ និងបានដើរតួយ៉ាងសំខាន់ក្នុងការលើកស្ទួជីវភាពគ្រួសារតាមរយៈការកែច្នៃអនុផលព្រៃឈើ។លោកបានបន្ដថា ពិព័រណ៍ផលអនុផលព្រៃឈើនេះ ដើម្បីផ្សាភ្ជាប់ផលិតផលអនុផលសហគ្រាសសហគមន៏ទៅអ្នកប្រើប្រាស់ បង្កើនចំណេះដឹងដល់សមាជិកក្រុមកែច្នៃអនុផលព្រៃឈើត្រូវតាមតម្រូវការទីផ្សារ និងបង្កើនចំណេះដឹងលើការកសាងផែនការអាជីវកម្មរបស់សហគមន៍ក្នុងការតភ្ជាប់ទៅនឹងទីផ្សារ។លោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងតំបន់ទន្លេមេគង្គដែលពឹងអាស្រ័យលើវិស័យកសិកម្ម និងពលរដ្ឋនៅតាមសហគមន៍នៅតែពឹងអាស្រ័យលើផលនិងអនុផលព្រៃឈើ ដែលជាប្រភពចំណីអាហារផង ប្រភេទឱសថបុរាណផង បំពេញត្រូវការប្រើប្រាស់ក្នុងផ្ទះផង និងពិសេសជាង នេះគឺបានបង្កើនប្រាក់ចំណូលក្នុងគ្រួសារផង និងរួមចំណែកបង្កើនថវិកាជាតិផងដែរ។លោកបន្ថែមថា បច្ចុប្បន្នមានសហគមន៏ព្រៃឈើសរុបចំនួន ៦៥៥ ទូទាំងប្រទេស ដែលសហគមន៍ទាំងនេះបានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកការពារ និងអភិរក្សព្រៃឈើកម្ពុជា។ក្រៅពីកិច្ចការពារ សហគមន៏ ពួកគេក៏អាចអាស្រ័យផលពីព្រៃសហគមន៍របស់ពួកគេ ដូចជាបន្លែព្រៃ ផ្លែឈើព្រៃ ពិសេស ការប្រមូលអនុផលព្រៃឈើមកកែច្នៃជារបស់ប្រើប្រាស់ផង សម្រាប់បង្កើនចំណូលក្នុងគ្រួសារផង។ក្នុងឱកាសនោះ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ៦៨% ពឹងអាស្រ័យលើធនធានព្រៃឈើ អនុផលព្រៃឈើ និងការបរបាញ់សត្វសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។ សកម្មភាពទាំងនោះរួមមានការបេះផ្លែឈើព្រៃ បន្លែព្រៃ ផ្តៅ ឬស្សី ទឹកឃ្ញុំ ជ័រទឹក ជ័រចុង សំរ៉ង រំពាក់ និងឱសថបុរាណនានា។ លោកជំទាវបានបន្ថែមថា នៅឆ្នាំ ២០១០ រហូតមកដល់ឆ្នាំ២០១៥ ចំណូលដែលទទួលបានពីផ្តៅ មានចំនួន ១,៥ លានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងនោះមានពលរដ្ឋាប្រមាណជា៥ពាន់គ្រួសារ ដែលមួយគ្រួសារអាចរកចំណូលបាន ៨៦ដុល្លារក្នុងមួយខែ។ ជាមួយគ្នានេះផងដែរ គេសង្កេតឃើញថាមានសហគ្រាសសហគមន៍ជាច្រើនត្រូវបានចងក្រងបង្កើតឡើងដែលបម្រើដល់វិស័យ ផ្តៅ រំពាក់ ទឹកឃ្មុំព្រៃ និងឫស្សីជាដើម៕

គណៈកម្មាធិការ និងខេត្តកោះកុងកំពុងពិនិត្យលើគន្លងធ្វើផ្លូវជិះកង់ទេសចរណ៍​តាមតំបន់ឆ្នេរក្នុងខេត្តកោះកុង

2025/03/23 11:53:29 am        1173
គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងរដ្ឋបាលខេត្តកោះកុង កំពុងត្រួតពិនិត្យលម្អិតលើគន្លងផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រ មុននឹងផ្តើមអនុវត្តគម្រោងជាផ្លូវការនាពេលឆាប់ៗខាងមុខ។ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី និងជាអគ្គលេខាធិការ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ថា គម្រោងស្ថាបនាផ្លូវជិះកង់តាមតំបន់ឆ្នេរសមុទ្រធ្វើឡើងក្នុងគោលបំណងទាក់ទាញទេសចរដែលពួកគេអាចជិះកង់លំហែទស្សនាសក្តានុពលធម្មជាតិដែលកំពុងមាន។កិច្ចប្រជុំពិនិត្យលម្អិតលើតម្រាយខ្សែផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រជាមួយរដ្ឋបាលខេត្តកោះកុង ឯកឧត្តម ប៉ែន សុផល បានបន្តថា ក្រុមការងារជំនាញមាន២ជម្រើសលើគម្រោងសង់តម្រាយផ្លូវជិះកង់ ដោយជម្រើសទី១ មានប្រវែង៣៣៨គីឡូម៉ែត្រ និងជម្រើសទី២ មានប្រវែង៣៣៧ ដែលផ្តើមចេញពីស្រុកស្រែអំបិលរហូតដល់ក្រុងខេមរភូមិន្ទ។ក្រៅគម្រោងធ្វើផ្លូវជិះកង់ ក៏មានគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រប៉ាក់ខ្លង់ និងកែលម្អលើកសោភ័ណ្ឌនៅមុខអគាររដ្ឋបាលខេត្តផងដែរ ក្នុងនោះមានចំណតរថយន្ត បន្ទប់ទឹក ហាងកាហ្វេ ទីធ្លារប្រារព្ធតូចធំដែលអាចផ្ទុកមនុស្សបាន១ម៉ឺននាក់ ជម្រាលជាថ្នាក់ៗអង្គុយកម្សាន្តតាមដងព្រែក និងរូបសំណាក់ត្រីដូហ្វីនផងដែរ។ទាក់ទិនឹងគម្រោងអភិវឌ្ឍន៍ដ៏មានសក្តានុពលនេះដែរ ត្រូវបានលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង សម្តែងការគាំទ្រពេញទំហឹង ដើម្បីឱ្យគម្រោងនេះអនុវត្តទៅតាមបានដោយរលូនលោកជំទាវ នឹងប្រឹងប្រែងសម្របសម្រួលបែបបទនីតិវិធីនានាស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់កញ្ចប់ថវិកាមកអភិវឌ្ឍន៍។លោកជំទាវអភិបាលខេត្ត ជឿជាក់ទុកជាមុនថា នៅពេលគម្រោងធំៗទាំង៣ខាងលើ អនុវត្តចេញជារូបរាង ខេត្តកោះកុងនឹងកាន់តែប្រែមុខមាត់ថ្មី និងទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តបានយ៉ាងច្រើនកុះករ ស្របពេលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ស្ថាបនាជិតរួចរាល់ហើយនោះ៕

ឯកឧត្តម ខូយ រីដា អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថាន IMSE ៦៥៧ នាក់ ក្នុងខេត្តពោធិ៍សាត់

2025/03/23 11:35:34 am        206
នៅថ្ងៃទី២២ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត វិទ្យាស្ថានវិទ្យាសាស្ត្រ គ្រប់គ្រង និងសេដ្ឋកិច្ច (IMSE) នៅសាលប្រជុំ សាលាខេត្ត។ ពិធីនេះ មានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកក្រុង មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិងមាតា បិតា អាណាព្យាលជាច្រើននាក់។ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានថ្លែងនូវការកោតសរសើរចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនិងនិស្សិតវិទ្យាស្ថាន វិទ្យាសាស្ត្រគ្រប់គ្រងនិងសេដ្ឋកិច្ច ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលចំណេះ ជំនាញឆ្ពោះទៅរកទម្រង់អប់រំតាមបែបឌីជីថលឆ្លើយតប ទៅនឹងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលអប់រំនិងការកែទម្រង់វិស័យ អប់រំទាំង៣ ដំណាក់កាលបានដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីទៅរកម៌ាគានៃកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាព មានភាព ឆ្លាត វៃ រស់រវើក បុរេកម្ម និងទន់ភ្លន់។ ឯកឧត្តម ថ្លែងថា យុវជន កំពុងត្រូវការសេវាអប់រំតាមបែបថ្មី ទំនើប និងមានគុណភាពខ្ពស់ នៅពេលមានការកើនឡើងយ៉ាងឆាប់រហ័សការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូច្នេះក្នុងនាមអាជ្ញាធរខេត្តសូមគាំទ្រដល់ការអប់រំតាមបែបធីជីថល ក្នុងការពង្រឹងសមត្ថភាព ផ្នែកអក្ខរកម្មឌីជីថលដល់សិស្ស និស្សិត និងយុវជនក្នុងគោលបំណងទាញប្រយោជន៍បច្ចេកវិទ្យានិងការអនុវត្តកំណែទម្រង់ការអប់រំនិងក្រោមវិធានការ គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយភាពស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តោតលើអាទិភាពគន្លឹះទាំង៥គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ សូមជម្រាបថា វិទ្យាស្ថាន វិទ្យាសាស្ត្រ គ្រប់គ្រងនិងសេដ្ឋកិច្ច ដែលមានទីតាំងនៅក្រុងពោធិ៍សាត់ បាននឹងកំពុងបណ្តុះបណ្តាលលើកម្រិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាញ រដ្ឋបាលសាធារណៈ នីតិសាស្ត្រ ព័ត៌មានវិទ្យា គ្រប់គ្រងទូទៅ គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ អក្សរសាស្ត្រអង់គ្លេស គ្រប់គ្រងទីផ្សារ សហគ្រិនភាព សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនង វិស្វកម្មនិងមេកានិច។ បច្ចុប្បន្នវិទ្យាស្ថានមានបុគ្គលិ១៥នាក់ មាននិស្សិត ចំនួន៩៧៦នាក់ ស្រី៤៨២នាក់ក្នុងនោះនិស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រចំនួន៦៥៧អង្គ/នាក់ ស្រី៣៨៣នាក់ រួមមានផ្នែក បរិញ្ញាជាន់ខ្ពស់ចំនួន២៥០អង្គ/នាក់ ស្រី ១៦៥នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងចំនួន២៣៨អង្គ/នាក់ ស្រី១១៥នាក់ និងវិញ្ញាបន បត្រ១៤៩អង្គ/នាក់ ស្រី១០៣នាក់៕

ប្រជាពលរដ្ឋចំនួន៤ភូមិ ស្រុកប្រាសាទ ទទួលបានបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ

2025/03/23 10:53:17 am        87
កំពង់ធំ ÷ ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៤ ក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជា ឯកសារផ្លូវការ នៃការទទួលស្គាល់ជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុ ដែលចាត់ទុកជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់គ្រួសារនីមួយៗ។លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នេះថា ចំពោះសមិទ្ធិផល ដែលប្រជាពលរដ្ឋទទួលបាននាពេលនេះ គឺដោយសារសន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាកំពូលស្ថាបនិក និងបិតាសន្តិភាពរបស់ប្រទេសកម្ពុជា ដែលបានបញ្ចប់សង្គ្រាម ដោយកម្ពុជាលែងមានតំបន់រដ្ឋបាលគ្រប់គ្រងដោយ ២ ឬ ៣ ភាគី កម្លាំងប្រដាប់អាវុធបន្តទៀត ដោយមានរដ្ឋាភិបាលតែមួយគត់ ដែលបង្កលក្ខណៈឱ្យយើងអាចវាស់វែងដីទាំងអស់ទូទាំងប្រទេស ចុះបញ្ជីស្តង់ដារតែមួយ ដោយច្បាប់តែមួយ ដើម្បីធានានូវភាពរឹងមាំសម្រាប់ប្រជាពលរដ្ឋគ្រប់កន្លែងទាំងអស់។លោកជំទាវបណ្ឌិត បានថ្លែងនូវការចូលសូមអបអរសាទរ ចំពោះលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំង អស់ នៅក្នុងភូមិចំនួន ៤ នៃឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលទទួលបានបណ្ណកម្មសិទ្ធិនេះ។ បណ្ណកម្មសិទ្ធិពិតជាមាន សារៈសំខាន់ណាស់ ជាកម្មសិទ្ធិលើអចលនវត្ថុដែលស្របច្បាប់ និងជាទ្រព្យសម្បត្តិដែលចាំបាច់របស់ក្រុមគ្រួសារនីមួយៗផងដែរ។ ទន្ទឹមនេះ, ឯកសារនេះ មិនត្រឹមតែជាមូលដ្ឋានសម្រាប់បែងចែកមរតក តកូនតចៅនោះប៉ុណ្ណោះទេ តែក៏ជាឯកសារចាំបាច់បំផុត សម្រាប់ធានាការខ្ចីឥណទាន សម្រាប់បង្កើតអាជីវកម្ម និងបម្រើដល់ការងារបង្កបង្កើនផលកសិកម្មផងដែរ។ បញ្ហានេះដែរ, លោកជំទាវ អគ្គទេសាភិបាល ក៏សូមអំពាវនាវដល់ម្ចាស់កម្មសិទ្ធិអចលនវត្ថុទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការទទួលកម្ចីពី ក្រុមទុច្ចរិតក្រៅច្បាប់ ដែលនាំឱ្យកើតមានបំណុលវ័ណ្ឌក ក្នុងនោះប្រសិនមានការចាំបាច់ ត្រូវប្រើប្រាស់ប្រាក់កម្ចី សូមព្យាយាម និង ស្វែងរកកម្ចីផ្លូវការពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លើកឡើងឱ្យដឹងថា កន្លងមក ក្រុមការងារប្រព័ន្ធបានធ្វើ ពិធីបិទផ្សាយជាសាធារណៈ នៅតាមភូមិទាំង៤ លើឯកសារនៃការវិនិច្ឆ័យ អនុវត្តតាមនីតិវិធីការចុះបញ្ជីរួចរាល់ជាស្ថានពរ រហូតមក ដល់ពេលនេះ គឺសម្រេចបានជោគជ័យ ១០០ ភាគរយ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិ ឃុំ ស្រុក ខាងលើ ដែលមានបណ្ណសរុបចំនួន ១.២៧១ បណ្ណ ស្មើនឹង ៦៩៤ គ្រួសារ ក្នុងនោះរួមមាន៖ ភូមិបឹងខ្វែក មានចំនួន ៣០៧ បណ្ណ ស្មើ ២០៥ គ្រួសារ, ភូមិអន្លង់ស្លែង មានចំនួន ៤៩៥ ប័ណ្ណ ស្មើ ២៣៦ គ្រួសារ, ភូមិអន្ទង់ខ្ទុំ ចំនួន ២៧៩ បណ្ណ ស្មើ ១៥៦ គ្រួសារ និងភូមិកំពីងតាគង់ មានចំនួន ១៩០ ប័ណ្ណ ស្មើ ៩៧គ្រួសារ៕អត្ថបទ៖ សុន រ៉ាឌី

អគារបណ្ណាល័យនៅវិទ្យាល័យតាអោក នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សស្វែងយល់នូវចំណេះដឹងថ្មីៗ

2025/03/23 10:47:13 am        233
កំពង់ធំ ÷ អគារបណ្ណាល័យដែលជាសមិទ្ធផលថ្មី នៅវិទ្យាល័យតាអោក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នឹងផ្តល់អត្ថប្រយោជន៍ ដល់សិស្សានុសិស្ស លើការសិក្សាស្រាវជ្រាវ ការស្វែងយល់នូវចំណេះដឹងថ្មីៗ ការបណ្ដុះទម្លាប់អាននិងវប្បធម៌សិក្សាពេញមួយជីវិត ដល់ សិស្ស និងសហគមន៍ទូទៅ។លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ភោធអគារបណ្ណាល័យ វិទ្យាល័យ តាអោក ស្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០២៥ ម្សិលមិញនេះថា បណ្ណាល័យមានសារៈ សំខាន់ណាស់ ក្នុងការលើកកម្ពស់គុណភាពអប់រំ ការសិក្សាស្រាវជ្រាវរបស់សិស្ស ការបណ្ដុះទម្លាប់អាន និងវប្បធម៌សិក្សាពេញមួយ ជីវិតដល់សិស្ស និងសហគមន៍ទូទៅ និងគាំទ្រដល់ការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ នៅតាមសាលារៀនផងដែរ។ ដូច្នេះហើយបានជា ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ពសៀវភៅឯកសារជាច្រើន សម្រាប់គាំទ្រដល់គ្រឹះស្ថានសិក្សានានា។លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា ទោះបីជាភាពរីកចម្រើននៃបច្ចេកវិទ្យាធ្វើឱ្យសិស្សនិស្សិតនាពេលបច្ចុប្បន្ននេះអាច ស្វ័យសិក្សា និងអានឯកសារតាមរយៈប្រព័ន្ធអេឡិចត្រូនិច ប៉ុន្តែនៅតែមានសិស្ស-និស្សិត និយមចូលចិត្ត ឬបន្តជ្រើសរើសទៅសិក្សា ស្រាវជ្រាវ និងអានសៀវភៅនៅទីតាំងបណ្ណាល័យផ្ទាល់។ នាពេលបច្ចុប្បន្ននេះ ក្នុងបណ្ណាល័យមិនត្រឹមតែមានតែសៀវភៅបោះពុម្ព ដាក់តាំងនៅលើធ្នើរប៉ុណ្ណោះទ ប៉ុន្តែបណ្ណាល័យថែមទាំងបានផ្ដល់នូវភាពសម្បូរបែបជាច្រើនទៀត ដូចជាបណ្តាញតភ្ជាប់ទៅកាន់ គេហទំព័រ ទាញយកសៀវភៅមួយចំនួនទៀតដែលពុំមាន ឬពុំទាន់បោះពុម្ព។ លើសពីនេះ បណ្ណាល័យមានការផ្តល់ជូននូវសេវាកម្ម ឥតគិតថ្លៃនានា តាមរយៈបណ្ណារក្ខដែលប្រចាំការនៅទីតាំងបណ្ណាល័យនីមួយៗដោយផ្ទាល់។ជុំវិញបណ្ណាល័យខាងលើនេះ, លោកជំទាវបណ្ឌិត ជា សិរី សង្ឃឹមថា សិស្សានុសិស្សទាំងអស់ ពិតជាបានយល់ និងស្រឡាញ់ ចូលចិត្តការអាន ព្រោះការអាននិងស្វ័យសិក្សាបន្ថែមទៀត ទើបធ្វើឱ្យសិស្សអាចទទួលបាននូវចំណេះដឹងថ្មីៗ និងអភិវឌ្ឍខ្លួនកាន់តែរីក ចម្រើនទៅពេលអនាគត។ ម្យ៉ាងវិញទៀត ធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងបន្តលើកកម្ពស់ការអប់រំដល់សិស្សានុស្សា តាមរយៈ ការឧបត្ថម្ភវគ្គបំប៉នបន្ថែម និងឯកសារមេរៀនជារៀងរាល់ឆ្នាំ សម្រាប់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) ផងដែរ។សូមបញ្ជាក់ថា អគារបណ្ណាល័យដែលបានបង្កើតនៅក្នុងវិទ្យាល័យតាអោក គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត មានទំហំ ១២ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ បានរចនាដោយគិតគូរ គ្រប់ជ្រុងជ្រោយអំពីផាសុកភាព ខ្យល់ចេញ-ចូល ពន្លឺគ្រប់គ្រាន់ ក្រោមការឧបត្ថម្ភគាំទ្រ ផ្នែកហិរញ្ញវត្ថុ ដោយធនាគារឯកទេស ខេប៊ី ដេហាន ម.ក, ក្នុងនោះតំណាងធនាគារជាតិនៃកម្ពុជា ក៏បាននាំយកអំណោយ និងប្រាក់ ឧបត្ថម្ភ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៤០០ នាក់រួមមាន៖ ប្រាក់ឧបត្ថម្ភរៀបចំកម្មវិធីចំនួន ២ លានរៀល, ឧបត្ថម្ភ ជូនមន្ត្រីរាជការចំនួន ៥០ នាក់ ក្នុងម្នាក់ទទួលបានសារុង ១ និងថវិកា ៣ ម៉ឺនរៀល, នាយក នាយករង លោកគ្រូ និងអ្នកគ្រូ ៥០នាក់ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកា ៣ ម៉ឺនរៀល, សិស្សានុសិស្ស (ថ្នាក់ទី១១-១២) ចំនួន ២០០ នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ២ ក្បាល ប៊ិក ២ ដើម ខ្មៅដៃ ១ ដើម និងថវិកា ២ ម៉ឺនរៀល និងឧបត្ថម្ភជូនតំណាងមាតាបិតា និងប្រជាពលរដ្ឋចំនួន ១០០ នាក់ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកា ២ ម៉ឺនរៀល៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី​មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

2025/03/23 10:06:57 am        238
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។ ពិធីនេះត្រូវបានរៀបចំឡើងនៅខាងមុខបរិវេណ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ថិតនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ ជាកិច្ចចាប់ផ្ដើម លោក ម៉ប់ ធីរិត បានធ្វើរបាយការណ៍សាងសង់ ដោយបានបញ្ជាក់ថា អគាររដ្ឋបាលថ្មី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ និងសាងសង់រួចរាល់ជាស្ថាពរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយប្រើប្រាស់ថវិកាជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ អគាររដ្ឋបាលថ្មីនេះ មានកម្ពស់ ២ជាន់ ទំហំ២០ម៉ែត្រ x ១០ម៉ែត្រ មានចំនួន ១០បន្ទប់ និងសាលប្រជុំចំនួន ០១ ព្រមទាំងមានការបំពាក់សម្ភារ បរិក្ខារ សង្ហារិម ប្រព័ន្ធបិទបើកភ្លើង ប្រព័ន្ធ Internet Wifi, ប្រព័ន្ធរៀបចំសាលប្រជុំ, ប្រព័ន្ធបំពងសម្លេង, ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព , ប្រព័ន្ធសុវត្ថិភាពការងារផ្សេងៗទៀត ដើម្បីអោយមន្ត្រីរាជការមានកន្លែងបំពេញការងារសមរម្យ។ ជាមួយគ្នានោះដែរ ឯកឧត្តម គឹម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត បានលើកឡើងថា អាជ្ញាធរខេត្តបាននិងកំពុងប្រើប្រាស់អស់លទ្ធភាព នូវប្រភពធនធាន ប្រភពទុន ប្រភពកម្លាំងដើម្បីធ្វើការអភិវឌ្ឍន៍ខេត្ត ជាពិសេសការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ដែលរស់នៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃនៅក្នុងខេត្ត និងការពារសន្តិសុខ ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកទស្សនកិច្ចកាន់តែច្រើនថែមទៀត នៅលើទឹកដីនៃខេត្តព្រះវិហារ។បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍សាងសង់ និងសុន្ទរកថាស្វាគមន៍ រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលខេត្តព្រះវិហារសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ជាពិសេសវិស័យអភិវឌ្ឍន៍ជនបទ ដែលក្នុងនោះ តំបន់ជនបទត្រូវបានធ្វើសមាហរណកម្មតាមរយៈការតភ្ជាប់ផ្លូវខ្វាត់ខ្វែង ទទួលបាននូវសេវាទឹកស្អាត និងអនាម័យកាន់តែប្រសើរឡើង ព្រមទាំងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏មានការរីកចម្រើនជាលំដាប់ប្រកបដោយភាពស៊ីវិល័យផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសមិទ្ធផលធំៗ និងលេចធ្លោរគួរឱ្យកត់សម្គាល់ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងរយៈពេលជិត ១៨ ខែកន្លងមកនេះ របស់រាជរដ្ឋាភិបាល ក្នុងការរក្សាកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាលំដាប់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ដ្រី ដែលមានគោលដៅ ប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដមរដ្ឋមន្រ្ដីបញ្ជាក់ថា ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនគឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” តាមរយៈយុទ្ធសាស្រ្តគន្លឹះជាអទិភាពចំនួន ៥ គឺ ទី១) អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ទី២) លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ទី៣) អភិវឌ្ឍសហគមន៍ជនបទឌីជីថល និងចលនាភូមិគំរូ, ទី៤) ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងទី ៥) ពង្រឹងស្ថាប័ន រដ្ឋបាលឌីជីថល និងកិច្ចការទូទៅ។ ក្នុងឱកាសដ៏នក្ខត្តឫក្សនោះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ក្នុងការខិតខំបង្កើតសមិទ្ធផលថ្មីៗ បន្ថែមទៀតជូនរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត ក៏ដូចជាប្រជាជននៅទូទាំងខេត្ត ជាពិសេសបន្តអនុវត្តការងារ ដើម្បីឱ្យសម្រេចតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានកំណត់៕

ក្រុមការងារឃុំខ្នុរដំបង ស្រុកជើងព្រៃ បើកកិច្ចប្រជុំដើម្បីចូលរួមពង្រឹងការអភិវឌ្ឍនៅមូលដ្ឋាន

2025/03/23 09:50:11 am        613
កំពង់ចាម៖ លោក ប៊ុន វុត្ថា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំខ្នុរដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុំ វាសនា ជំនួយការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំខ្នុរដំបង បានបើកកិច្ចប្រជុំ​បូក​សរុប​លទ្ធផលការងារខែមីនា និងលើកទិសដៅអនុវត្តបន្តនៅខែបន្ទាប់ ដើម្បីចូលរួម​ពង្រឹង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន ។ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នាស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំខ្នុ​រ​ដំបង លោក ប៊ុន វុត្ថា បានឲ្យដឹងថា សម្រាប់ខ្លឹមសារប្រជុំរួមមាន ទី១. ជំរុញការកសាងសមាជិក ឲ្យ​បានតាមផែនការ, ទី២. ក្តាប់ឲ្យបាន អំពីសកម្មភាព របស់គណបក្សដ៏ទៃ ដែលធ្វើសកម្មភាព នៅ​ក្នុងមូលដ្ឋាន, ទី៣. រក្សាឲ្យបានសាមគ្គីភាព ផ្ទៃក្នុងរបស់បក្ស, ទី៤.ពង្រឹងផ្នែក អាយ ធី (IT) ក្នុង​ការបញ្ចូលសមាជិកក្នុងប្រព័ន្ធ និងទី៥. បញ្ហាផ្សេងៗ មួយចំនួនទៀត ។ ក្នុងកិច្ចប្រជុំនោះ លោកអនុប្រធាន បានឧបត្ថម្ភថវិកាមួយចំនួន ក្នុងនោះឧបត្ថម្ភថវិកាចំនួន ១ ៦០០.០០០រៀល ដល់សាលាបឋមសិក្សា ខ្នុរដំបងក្នុងការធ្វើរបងសាលារៀន, ចូល​រួម​កម្ម​វិធី​បុណ្យ​ផ្កា​សាមគ្គី នៅសាលាបឋមសិក្សារវៀង ចំនួន ៤០០.០០០រៀល, ឧបត្ថម្ភសមាជិក​សមាជិកា​ ដែលបានចូលរួមទាំងអស់ ចំនួន៨៤០.០០០រៀល ៕

ភ្ញៀវទេសចរជិត៤ម៉ឺននាក់ ទស្សនាទិដ្ឋភាពថ្ងៃរះកំពូលប្រាសាទអង្គរវត្តកាលពីម្សិលមិញ

2025/03/23 09:32:42 am        446
សៀមរាប៖ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទីពីរនៃព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនបានបន្តមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ។ ក្នុងនោះភ្ញៀវទេសចរសរុប មានចំនួន៣៧,០០៣នាក់ ដោយក្នុងនោះភ្ញៀវទេសចរជាតិចំនួន: ៣៣,៥០០ នាក់ និងភ្ញៀវទេសចរបរទេស ចំនួន៣,៥០៣ នាក់។ ដោយឡែកបើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរាសម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដនាព្រឹកថ្ងៃទី២១ ខែមីនា បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណជាង ២ ម៉ឺននាក់ ក្នុងនេះភ្ញៀវទេសចរបរទេសជិត ៤ ០០០នាក់។សូមបញ្ជាក់ថា សមរាត្រីប្រាសាទអង្គរវត្ត (Equinox Angkor) ជាបាតុភូត ព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ។ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាល ប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM