សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

តាលោសែនជ័យ ជាស្រុកដំបូងគេ ក្នុងខេត្តពោធិ៍សាត់ដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)

2025/03/14 07:20:16 pm        55
ពោធិ៍សាត់៖ រដ្ឋបាលស្រុកតាលោសែនជ័យ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីអបអរសាទរពិធីប្រកាសជាផ្លូវការ ស្រុកតាលោសែនជ័យ ជាស្រុកបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល (ODF) ។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅបរិវេណសាលាស្រុកតាលោសែនជ័យ ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការការចូលរួមពីលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក សំ ណារិទ្ធិ អភិបាលស្រុកតាលោសែនជ័យ ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ តំណាងអង្គការដៃគូរ អាជ្ញាធរភូមិ-ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប ។បើតាមរបាយការណ៍របស់លោក ធីម សុធារ៉ា មន្ទីរអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការឲ្យក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំផ្តោតទៅ លើការអភិវឌ្ឍន៍ ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវថ្នល់ ស្ពាន ល្អ ប្រព័ន្ធចែកចាយទឹកខ្នាតខូច ស្រះទឹក អណ្តូងទឹក និងបង្គន់អនាម័យនៅទីជនបទ ។ ដើម្បីសម្រេចអោយបាននៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅតាមជនបទត្រូវមានទឹកស្អាត និងអនាម័យ ១០០% មន្ទីរបានសាងសង់ស្រះទឹក អណ្តូងទឹក និងបង្គន់អនាម័យជាច្រើន ក្នុងនោះក៏មានការជួយគាំទ្រ ជ្រុំជ្រែង និងចូលរួម ចំណែកយ៉ាងសកម្មពីបណ្តាសម្បុរសជន អង្គការជាតិ អន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធទាំង អស់នៅក្នុងខេត្ត និងក្រៅខេត្ត ផងដែរ ។ ដោយបច្ចុប្បន្ននេះ ការងារផ្នែក អនាម័យជនបទ មានអាត្រាគ្របដណ្តប់ទូទាំងខេត្តចំនួន៨៨% ក្នុងនោះ ស្រុកតាលោសែនជ័យ ជាស្រុកដំបូងគេ ដែលបានបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល(ODF )១០០ភាគរយ ក្នុងចំណោមក្រុង-ស្រុកទាំង០៧ក្នុងខេត្ត ជាមួយគ្នានោះក្រុងពោធិ៍សាត់មានទិន្នន័យអនាម័យ៩៦% ស្រុកភ្នំក្រវាញមានទិន្នន័យអនាម័យ៩២% ស្រុកបាកានមានទិន្នន័យអនាម័យ ៩១% ស្រុកកណ្តៀងមានទិន្នន័យអនាម័យ៨៣% ស្រុកក្រគរមានទិន្នន័យអនាម័យ៨២% និងស្រុកវាលវែង មានទិន្នន័យអនាម័យចំនួន៦៨% ។ក្នុងឱកាសនោះ លោក លឹម សុខតូ អភិបាលរងខេត្ត បានលើកឡើងថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធ្វើឲ្យរដ្ឋបាលស្រុកតាលោសែនជ័យ អង្គការដៃគូ និងសប្បុរសជនបានចូលរួមជំរុញឱ្យកិច្ចការងារអនាម័យ និងបរិស្ថានស្រុកតាលោសែនជ័យបានល្អប្រសើរ នឹងបានប្រែក្លាយជា ស្រុកដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល រហូតទទួលបានជ័យលាភី(ODF) ដែលកំពុងធ្វើពិធី ប្រកាសជាផ្លូវការនាពេលនេះ ។ ភាពជោគជ័យទាំងនេះ បានមកពីការខិតខំប្រឹងប្រែងគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាការចូលរួមពីប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់យ៉ាងសកម្ម។ សមិទ្ធផលដែលសម្រេចបានក្នុងពេលនេះ បានឆ្លុះបញ្ចាំងពីឥរិយាបថរបស់ប្រជាពលរដ្ឋ ចំពោះការយល់ដឹងពីអ នាម័យបរិស្ថាន ការផ្លាស់ប្តូរទម្លាប់មកប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវស្ទើរគ្រប់ក្រុមគ្រួសារ ។ ហើយយើងនឹងបន្តរួមសហការគ្នា ជម្រុញឲ្យគ្រប់ក្រុង-ស្រុកផ្សេងៗទៀតក្នុងខេត្ត ត្រូវតែបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល(ODF) ដើម្បីខេត្តពោធិ៍សាត់ក្លាយជាខេត្ត បញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល(ODF)១០០ភាគរយ នៅចុងឆ្នាំ២០២៥នេះ ។គួរឱ្យដឹងដែរថា ស្រុកតាលោសែនជ័យចែកចេញជា២ឃុំ មានភូមិ៣៥ មានផ្ទៃដីសរុប៤៣៤.១៨គីឡូម៉ែត្រការ៉េ មានប្រជាជនសរុប៤៤,៦១៥នាក់ ស្មើរនិង១១,២៦៨គ្រួសារ មានខ្នងផ្ទះសរុបចំនួន១០,២០៥ខ្នងផ្ទះ ហើយខ្នងផ្ទះដែលមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់មានចំនួន១០០១០ខ្នងផ្ទះ ៕

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំអ្នកជំនួញក្នុងស្រុក ស្វែងយល់ខ្សែច្រវាក់ផលិតកម្មអនុវត្តល្អៗជាសកល

2025/03/14 06:34:43 pm        95
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដឹកនាំប្រតិភូក្រសួង និងវិស័យឯកជន ទស្សនាខ្សែច្រវាក់ផ្គត់ ផ្គង់នៃការធ្វើស្វ័យប្រវត្តិកម្ម និងទំនើបកម្មរបស់ក្រុមហ៊ុនអន្តរជាតិមួយ ដើម្បីជំរុញលើកកម្ពស់ដល់ក្រុមហ៊ុនក្នុងស្រុក ត្រៀមលក្ខណៈ ឈានទៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួង និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា, សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា, និងសហគ្រិនកម្ពុជា ទស្សនាស្វែងយល់ នៅរោងចក្រភេសជ្ជៈកូកា-កូឡាកម្ពុជា (CBC) ក្នុងតំបន់សេដ្ឋកិច្ចសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្នុងគោលបំណង លើកទឹកចិត្តដល់ក្រុមហ៊ុនអន្តរជាតិមួយនេះ ដែលបានឈរជើងជាយូរឆ្នាំនៅកម្ពុជា ព្រមទាំងការចូលរួមអបអរសាទរដល់ក្រុមហ៊ុននោះ ផងដែរ ដែលទទួលបានជ័យលាភី (Best In Class) ដែលជាពានរង្វាន់ក្នុងតំបន់ដ៏មានកិត្យានុភាព ដែលទទួលស្គាល់ភាពល្អឥត ខ្ចោះក្នុងគុណភាព សុវត្ថិភាព និរន្តរភាពបរិស្ថាន និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ ចំពោះ CBC លើការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបង្កើនមាតិកាក្នុងស្រុក នៅក្នុងផលិតកម្ម បច្ចុប្បន្នទទួលបាន ១០០% នៃកំប៉ុង ដប ប្រអប់កេស និងថង់ប្លាស្ទិកក្នុងស្រុក។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាបន្ថែម អំពីការ គាំទ្ររបស់រដ្ឋាភិបាលកម្ពុជា ចំពោះឧស្សាហកម្មដែលចូលរួមដល់ការច្នៃប្រឌិតបៃតង និងការផលិតប្រកបដោយការទទួលខុសត្រូវ។នៅក្នុងដំណើរទស្សនាស្វែងយល់នេះ, លោក Paulo Gaspar Rodrigues នាយកប្រតិបត្តិ CBC បានថ្លែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានដឹកនាំប្រតិភូ មកទស្សនានៅរោងចក្រដោយផ្ទាល់, ដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ពីសារៈសំខាន់នៃពានរង្វាន់ Gold Trophy ចំនួនបីជាប់ៗគ្នា ពីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរ ចំពោះការអនុវត្តប្រកបដោយនិរន្តរភាព និងការរួម ចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតីចង់ឱ្យវិស័យឯកជន គឺជាអ្នកជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវជាមួយរាជរដ្ឋាភិបាល

2025/03/14 06:31:21 pm        103
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា តាំងតែពីដើមអាណត្តិ សម្ដេចតែងតែលើកឡើងនៅតាមវេទិកានានារួច គឺចង់ឱ្យវិស័យឯកជន គឺជាអ្នកជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ ជាមួយរាជរដ្ឋាភិបាល។​ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសម្គាល់ឃើញថា រាល់ការអំពាវនាវរបស់រាជរដ្ឋាភិបាលតែងតែមានការជូលរួមពីសមាគមឧកញ្ញ៉ា លោកអ្នកឧកញ្ញ៉ា អ្នកឧកញ្ញ៉ា និងឧកញ្ញ៉ា នៅគ្រប់ស្ថានភាពទាំងអស់ ជាពិសេសសកម្មភាពចូលរួមជាមួយកាកបាទក្រហមកម្ពុជា និងសកម្មភាពសង្គមជាច្រើនទៀត។ សម្ដេចធិបតី បានសម្ដែងនូវការអរគុណចំពោះសកម្មភាពមនុស្សធម៌ដ៏ល្អនេះ។សម្ដេចធិបតី បានបន្តថា សម្ដេចអាចនឹងអញ្ជើញលោកអ្នកឧកញ៉ា, លោកឧកញ៉ា និងឧកញ៉ាមួយចំនួនជាទីប្រឹក្សារបស់សម្ដេច ដើម្បីផ្ដល់យោបល់លើវិស័យផ្សេងៗ ខណៈសម្ដេចតែងតែទទួលយោបល់ពីវិស័យឯកជនដែលបានផ្ដល់ជូនមកសម្ដេចដោយត្រង់ៗតែម្ដង។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់វិស័យឯកជនវិនិយោគលើការផលិតផលិតផលនានាដែលជាធាតុបង្គុំផ្សេងៗ សម្រាប់ប្រើប្រាស់ក្នុងស្រុកជាជាងការនាំចូលពីក្រៅប្រទេស សម្រាប់ការផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកវិស័យឯកជនគឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានចំពោះការអភិវឌ្ឍសង្គមជាតិកម្ពុជា ជាពិសេសនៅក្នុងអាណត្តិទី៧នេះ សម្ដេចធិបតី បានផ្ដល់នូវគោលការ ការអនុគ្រោះ និងការគាំទ្រជាច្រើនចំពោះវិស័យឯកជន និងវិនិយោគិនបរទេសដែលចង់មកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតីនឹងបន្តនិយាយពីការថែរក្សាសន្ដិភាពរបស់កម្ពុជារហូតដល់ពួកជ្រុលនិយមដេកក៏យល់សប្ដិឃើញ

2025/03/14 06:29:50 pm        93
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សម្ដចនឹងបន្តនិយាយពីការថែរក្សាសុខសន្ដិភាពរបស់កម្ពុជា រហូតដល់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅស្រុក ពេលដេកក៏យល់សប្ដិឃើញដែរ ខណៈពួកគេបានរិះគន់ថា គ្រប់វេទិកាសម្ដេច និងសម្ដេចតេជោ តែងតែលើកឡើងពីសន្ដិភាពរបស់កម្ពុជា។​ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍បន្តថា សម្ដេចសុខចិត្តនិយាយពីសន្ដិភាពដដែលៗ ប្រសើរជាងបាត់បង់សន្ដិភាព ខណៈសន្ដិភាពនេះ គឺកម្ពុជារកមកបានដោយលំបាកបំផុតពីការលះបង់សាច់ស្រស់ ឈាមស្រស់ របស់ថ្នាក់ដឹកនាំជំនាន់មុន រហូតបន្សល់ទុកដល់កូនចៅជំនាន់ក្រោយនេះ ឱ្យថែរក្សាបន្តទៅមុខទៀត។ សម្ដេចធិបតីរម្លឹកថា ក្រុមជ្រុលនិយមតែងតែមានបំណង់ចង់បំផ្លាញសន្ដិភាពរបស់កម្ពុជាតាមវិធីផ្សេងៗ និងការញុះញង់ពលរដ្ឋ ឬការបំភ្លៃព័ត៌មានជាដើម ដូច្នេះរាជរដ្ឋាភិបាលចាំបាច់ត្រូវតែការពារនូវសន្ដិភាព និងបង្ហាញអំពីគុណតម្លៃនៃសន្ដិភាពនេះ ។សូមជម្រាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទីទី ០១ ខែមករា ឆ្នាំ២០២៤ បានចេញអនុក្រឹត្យ កំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា“ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃ បុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺ ការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ សម្ដេចបញ្ជាក់ថា ទិវាសន្ដិភាពនេះ គឺជាការរម្លឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ជាការរម្លឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូ យ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញ ផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖បើអ្នកស្នេហាជាតិពិតប្រាកដសូមមកស្រុកវិញខ្ញុំនឹងផ្តល់អាវុធជូនដើម្បីទៅការពារព្រំដែន

2025/03/14 05:52:58 pm        113
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅអ្នកនៅក្រៅស្រុកមួយចំនួនតូច ដែលប្រកាសអួតខ្លួនថាជាអ្នកស្នេហាជាតិពិតប្រាកដនោះ សូមចូលមកស្រុកខ្មែរវិញ ដោយសម្តេចធានាថាគ្មានការចាប់ខ្លួននោះឡើយ ហើយថែមទាំងផ្តល់អាវុធឲ្យ និងក្របខណ្ឌកងទ័ព ដោយផ្តល់ឲ្យជាអនុកងសេនាតូច ដើម្បីទៅការពារព្រំដែន(តំបន់ប្រាសាទតាមាន់)ផងដែរ។ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់សមាគមឧកញ៉ាកម្ពុជា នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា«បើអ្នក ស្នេហាជាតិនោះ ហើយបើចង់ចូលមក ខ្ញុំធានាថាអត់មានការចាប់ខ្លួនទេ ចូលមកខ្ញុំរៀបចំឲ្យមួយកងអនុ សេនាតូចឲ្យ ខ្ញុំឲ្យក្របខណ្ឌកងទ័ពទៅ ខ្ញុំបំពាក់អាវុធចង់បានប្រភេទអ្វីក៏បានដែរ….ហើយខ្ញុំរុញទៅមុខ ឈរនៅតាមាន់ធំ៦ខែនៅទីនោះតែម្តង។ ទៅឈរជើងនៅទីនោះថាតើអារម្មណ៍របស់កងទ័ពយ៉ាងម៉េច? សួរថាពួកគាត់មិនមែនជាអ្នកស្នេហាជាតិមែនទេ?»។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា កម្ពុជាគ្មានអ្វីត្រូវខ្លាចទេ ប៉ុន្តែរាជរដ្ឋាភិបាល ចង់បានការដោះស្រាយ និងការចរចាគ្នាដោយសន្តិវិធី ខណៈការបាញ់គ្នាវានាំមកនូវសេចក្តីវិនាស និងលំ បាកដល់ប្រជាជនទាំងសងខាងតែប៉ុណ្ណោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា កម្ពុជាគ្មានខ្លាចប្រទេសណាមួយឡើយ ហើយបើហ៊ានចូលឈ្លានពានទឹកដីកម្ពុជា គឺរាជរដ្ឋាភិបាល នឹងចាត់វិធានការភ្លាម ដោយគ្រប់វិធីសាស្រ្តទាំងអស់ រួមទាំងការប្រើប្រាស់កម្លាំងយោធាផងដែរ ដើម្បីការពារខ្លួន ការពារទឹកដី ការពារដែនអធិបតេយ្យរបស់កម្ពុជានោះ៕អត្ថបទ បាន ចក់

ស្ថាប័នរដ្ឋ និងវិស័យឯកជន រួមគ្នាជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងផលិតផល សម្រាប់​លើកកម្ពស់វិស័យទេសចរណ៍

2025/03/14 04:12:05 pm        142
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួម​ជា​មួយ​ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន ជី.ធី.វី.ស៊ី អិចផត ខូ អិលធីឌី (G.T.V.C) Import Export Co.,Ltd និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA Cambodia Chapter) ក្នុងគោលបំណងសហការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ តា​ម​រយៈការពង្រីកនូវបណ្តាញសេវាកម្មទេសចរណ៍ និងបង្កើន​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សម្បទា​ទេសចរណ៍ ដែលជាចលករដ៏សំខាន់បន្ថែមទៀតចូលរួមជំរុញសម្រេចបាននូវចក្ខុវិស័យ និង​ផ្សព្វ​ផ្សាយ​​សក្ដានុពល​ធន​ធាន​ធម្ម​ជាតិ ផលិតផលទេសចរណ៍ លើក​កម្ពស់​​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ខេត្តព្រះសីហនុ​បាន​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វ័ន្តជាច្រើនត្រូវបានសាងសង់ជាបន្តបន្ទាប់ ស័ក្តិសមនឹងក្លាយ​ទៅ​ជាតំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង ដោយសារខេត្តនេះមាន ទីតាំងភូមិសាស្រ្តល្អ មានធនធានធម្មជាតិ មាន​ឆ្នេរ​សមុទ្រដ៏ស្រស់ស្អាត មានកំពង់ផែ មានដីកសិកម្ម និងសក្ដានុពលជាច្រើនទៀត ស្របនឹង​ខេត្ត​តាម​តំបន់ឆ្នេរផ្សេងទៀតជារបៀងសេដ្ឋកិច្ចពិសេសប្រទាក់ក្រឡា ដោយឆ្នេរសមុទ្រកម្ពុជា ត្រូវបាន​ប្រសិទ្ធ​នាម ជាតារារះនាទិសនិរតី និងបណ្តាញសកលនៃគោលដៅទេសចរណ៍។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តថា វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ដោយខេត្តព្រះសីហនុ នឹងក្លាយទៅជាច្រកចេញ-ចូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា, ជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រកម្រិតស្តង់ដាអន្តរជាតិ និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ប្រកបដោយភាពទាក់ទាញកម្រិតខ្ពស់មួយក្នុងអាស៊ាន។

អភិបាលខណ្ឌឫស្សីកែវ នាំយកនូវឯកសណ្ឋានសង្រ្គោះពន្លត់អគ្គិភ័យជូនដល់មន្រ្តីជំនាញ

2025/03/14 03:09:51 pm        201
ភ្នំពេញ៖ អាជ្ញាធរខណ្ឌឫស្សីកែវ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​កង​កម្លាំង​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ ដែលជួយសង្គ្រោះប្រជាពលរដ្ឋជាប់ជាប្រចាំពេលមានហេតុការណ៍គ្រោះអគ្គិភ័យ ដូច្នេះរដ្ឋបាលខណ្ឌប្ញស្សីកែវ បាននាំយកនូវសម្ភារៈជាឯកសណ្ឋានសង្រ្គោះពន្លត់អគ្គិភ័យ ជូនដល់​មន្រ្តី​ជំនាញ​។នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌប្ញ​ស្សីកែវ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងពន្លត់អគ្គិភ័យនៃ ការិយា​ល័យ​បង្ការ ​ពន្លត់អគ្គិភ័យ និងសង្គ្រោះ ប្រចាំការគោលដៅមូលដ្ឋានខណ្ឌឫ​ស្សីកែវ និងបាននាំយកនូវសម្ភារៈ​ជា ឯក​សណ្ឋាន​សង្រ្គោះ និងពន្លត់អគ្គិភ័យ ទឹកសុទ្ធ រួមជាមួយថវិការមួយចំនួនផងដែរ។នាឱកាសនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ, និង​ក្នុង​នាម​រដ្ឋបាល​ខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន បានបង្ហាញការស្ញប់ស្ញែង​ចំពោះ​វីរភាព​កង​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យទាំងអស់ ដែលកំពុងបំពេញកាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ទាំង​កម្លាំង​កាយ​ចិត្ត​មិន​ខ្លាច​នឿយហត់យប់​ ឬថ្ងៃគ្មានពេលសម្រាក ទោះបីពេល​ខ្លះ​អាច​រង​របួស និង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្នុងពេលប្រតិបត្តិការសង្គ្រោះយ៉ាងណាក្តី គឺកងកម្លាំងយើងតែងចុះជួយទាន់ពេលវេលាភ្លាមៗ និង​មាន​ប្រសិទ្ធភាពដែលនេះជាការផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ។ ទន្ទឹមនឹងនេះ លោកអភិបាលខណ្ឌ ក៏បានសូមឲ្យបងប្អូន​កង​កម្លាំង​ទាំង​អស់​ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ក្នុង​ពេលមានប្រតិបត្តិការសង្គ្រោះពន្លត់អគ្គិភ័យក្នុងមូលដ្ឋាន៕ អត្ថបទ៖ កុម្ភៈ 

ឯកឧត្តម ឃឹម ហ្វីណង់៖ ប្រព័ន្ធសហគមន៍កសិកម្មនៅប្រទេសចិន គឺជាប្រភេទ​សហគមន៍​តភ្ជាប់​តួអង្គ​សំខាន់ៗ​នៃខ្សែច្រវ៉ាក់តម្លៃឱ្យនៅក្រោមដំបូលតែមួយ ព្រមទាំងមានផ្តល់ការ​គាំទ្រ​ខាង​ផ្នែក​បច្ចេកទេស ដើមទុន និងទីផ្សារ

2025/03/14 02:11:14 pm        283
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញ​វីដេអូ​ចំណាប់អារម្មណ៍ខ្លី ក្នុងនាមតំណាងនៃប្រតិភូប្រទេសពីប្រទេសកម្ពុជា ទៅលើ​កម្ម​វិធី​ទស្សន​កិច្ច​សិក្សា​ផ្លាស់ប្តូរបទពិសោធពីប្រព័ន្ធសហគមន៍កសិកម្ម និងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅក្នុងខេត្តយុនណាន ប្រទេសចិន ខណៈប្រព័ន្ធសហគមន៍កសិកម្មនៅក្នុងប្រទេសចិន គឺជាប្រភេទសហគមន៍ដែលតភ្ជាប់តួអង្គសំខាន់ៗនៃខ្សែច្រវ៉ាក់តម្លៃឱ្យនៅក្រោមដំបូលតែមួយ ព្រមទាំងមានផ្តល់ការគាំទ្រខាងផ្នែកបច្ចេកទេស ដើមទុន និងទីផ្សារ ប្រហាក់ប្រហែលគ្នាទៅនឹងកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើបរបស់កម្ពុជាដែរ។តាមរយៈវីដេអូនេះ ឯកឧត្តម ឃឹម ហ្វីណង់ បានស្នើសុំការអធ្យាស្រ័យ ដោយសារអ្នករៀបចំកម្មវិធីតម្រូវឱ្យនិយាយជាភាសាអង់គ្លេស តែឯកឧត្តម ឃឹម ហ្វីណង់ បានសង្ខេបមកវិញបានថា អ្វីដែលឯកឧត្តម និងក្រុមការងារបានឃើញពីប្រព័ន្ធសហគមន៍កសិកម្មនៅក្នុងប្រទេសចិន គឺជាប្រភេទសហគមន៍ដែលតភ្ជាប់តួអង្គសំខាន់ៗនៃខ្សែច្រវ៉ាក់តម្លៃឱ្យនៅក្រោមដំបូលតែមួយ ព្រមទាំងមានផ្តល់ការគាំទ្រខាងផ្នែកបច្ចេកទេស ដើមទុន និងទីផ្សារ ប្រហាក់ប្រហែលគ្នាទៅនឹងកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើបរបស់យើងដែរ។ឯកឧត្តមថ្លែងថា ទាំងនេះគឺជាទឡ្ហីករណ៍មួយដែលបង្ហាញឱ្យឃើញថា ប្រទេសដែលខ្លាំងខាងវិស័យកសិកម្ម សុទ្ធសឹងតែយកចិត្តទុកដាក់លើការប្រមូលផ្តុំកសិករតូចៗឱ្យរួមគ្នាផលិតជាសហគមន៍ធំៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកសិផលរបស់គេនៅលើទីផ្សារដូចគ្នា មិនមែនត្រូវបានជំរុញតែនៅកម្ពុជានោះទេ។ ឯកឧត្តម ឃឹម ហ្វីណង់ សង្ឃឹមថាកម្ពុជានឹងអាចសម្រេចគោលបំណងនៃការប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ឱ្យទៅជាមានការប្រមូលផ្តុំក្នុងទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ ហើយកសិករខ្មែរកាន់តែច្រើននឹងមានភាពជឿជាក់ទៅលើកម្មវិធីគោលនយោបាយដ៏មានសារៈសំខាន់មួយនេះ៕

ស្នងការនគរបាល ខេត្ដសៀមរាប រៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា

2025/03/14 02:04:23 pm        161
នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ២០២៥ ក្រោមប្រធានបទ“សិទ្ធិ សមភាព និង​ភា​ពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ក្រោមវត្តមាន​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នង​ការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងភរិយា និងមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង ភរិយាលោកស្នងការរង លោកនាយការិយាល័យ លោក​អធិការ​នគរបាល​ក្រុង-ស្រុក ព្រមទាំងនារី​ជានគរបាលជាតិ​ជា​ច្រើន​រូប​ផងដែរ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និង​អរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបាន​លះបង់​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយ ឆន្ទៈ មនសិការ បន្តដិតជាប់​ក្នុង​ស្មារតី​នៃកងកម្លាំងនគរបាលនារីជារៀងរហូត។ លោកឧត្តមសេនីយ៍ទោ ស្នងការ បាន​ផ្តែ​ផ្ដាំ​ដល់​កង​កម្លាំងនគរបាលនារីទាំងអស់ បន្តយកចិត្តទុកដាក់បំពេញតួនាទីភារៈកិច្ច បង្កើន​សាមគ្គី​ភាព​ផ្ទៃក្នុង ពង្រឹងវិន័យកងកម្លាំង ខិតខំពង្រឹងចំណេះដឹង បង្កើនសមត្ថភាពជំនាញ តាម​រយៈ​ការ​សិក្សា​រៀន​សូត្របន្ថែម អំពីវិធានការ​ជំនាញ​របស់​កង​កម្លាំង​នគរបាល​ជាតិ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈ​អភិបាល​ខេត្ត​សៀមរាប ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។ លោកឧត្តមសេនីយ៍ទោ ស្ន ងការ បានផ្តល់ជូននូវបាច់ផ្កាអនុស្សាវរីយ៍ និងថវិកាមួយចំនួន​ផងដែរ​ដល់​​ក​ង​កម្លាំងនគរបាលនារី ដែលជាការចូលរួមចំណែកលើកកម្ពស់ និងផ្ដល់​តម្លៃ​ដល់​ស្ត្រី​ជា​នគរបាល​ជាតិ៕

សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា

2025/03/14 01:38:47 pm        435
សហភាពអឺរ៉ុប វិនិយោគទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើក​កម្ពស់សន្តិសុខស្បៀង ធ្វើឱ្យ ខ្សែច្រវាក់តម្លៃផលិតផលដែលបានជ្រើសរើស កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង និងជំរុញដល់ការនាំចេញ។សហភាពអឺរ៉ុប ចូលរួមលើកកម្ពស់ការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា និងជំរុញ​ឱ្យ​កសិករ​មាន​លទ្ធភាព​ចូលទៅកាន់ ទីផ្សារក្នុងស្រុក និងសកល តាមរយៈការក្នុងទំហំទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដោយក្នុងនោះកញ្ចប់វិនិយោគគ្រប់ជ្រុងជ្រោយ របស់ សហភាពអឺរ៉ុបរួមមាន៖ ឥណទាន​របស់​ធនាគារ​វិនិយោគអឺរ៉ុបសកល (EIB Global) បូករួមជាមួយជំនួយឥតសំណង និងជំនួយ បច្ចេក​ទេសរបស់សហភាពអឺរ៉ុបផងដែរ។ចំពោះទឹកប្រាក់វិនិយោគនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ ម៉ឺននាក់, គ្រួសារ​មាន​ដីធ្លីខ្នាតតូចចំនួន ២៥ ពាន់គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយ​នឹង​ជួយ​បង្កើន​ផលិតភាព និងការប្រកួតប្រជែង។ កញ្ចប់វិនិយោគនេះ នឹងជួយកែ​លម្អ​មន្ទី​រ​ពិសោធន៍​ជាតិ​កសិកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធការងារ កសិកម្មសំខាន់ៗ ដើម្បីលើក​កម្ពស់​សមត្ថភាព​អនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រ​ដល់​ការ​សាង​សង់​ស្ពាន​មួយ​ខ្សែ​នៅ​កោះ​ខ្សាច់​ទន្លា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការ ដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារ។ គំនិតផ្តួចផ្តើមនេះគឺស្របទៅតាមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប ដែល ជំរុញ​ដល់​កំណើនប្រកបដោយចីរភាព ភាពធន់នឹងអាកាសធាតុ និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាបន្ន​។ជាក់ស្តែងធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ដែលជា​សាខា​សកល​របស់​ធនាគារ​វិនិយោគ​អឺរ៉ុប បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)​ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ មានទឹក​ប្រាក់​ជំនួយ​ឥត​សំណង​ចំនួន ១៥ លានអឺរ៉ូ របស់សហភាពអឺរ៉ុប សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និង​ពាណិជ្ជ​កម្ម ផលិតផលកសិកម្ម (ASPIRE-AT) ដែលជាអាទិភាព​សំខាន់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា។ កម្មវិធី ASPIRE-AT មានគោលដៅ ធ្វើទំនើបកម្មវិស័យកសិកម្ម លើកកម្ពស់សន្តិសុខស្បៀង និងពង្រឹងសក្តានុពលនៃការនាំចេញ។ ជំនួយនេះក៏ជាការបំពេញ បន្ថែមលើឥណទានចំនួន ៦០ លានអឺរ៉ូ ពីធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) និងជំនួយគាំទ្រចំនួន ៤,៥ លានអឺរ៉ូទៀត ពីសហភាពអឺរ៉ុប សម្រាប់ជំនួយបច្ចេកទេស ដែលនឹងត្រូវអនុវត្តដោយធនាគារវិនិយោគអឺរ៉ុប (EIB)។ ការផ្ដល់ជំនួយនេះ នាំឱ្យទឹក ប្រាក់វិនិយោគសរុប គាំទ្រដោយសហភាពអឺរ៉ុបនៅក្នុងកម្មវិធីនេះ កើនឡើងដល់ជិត៨០លានអឺរ៉ូ, ក្នុងនោះមូលនិធិអន្តរជាតិសម្រាប់ អភិវឌ្ឍន៍កសិកម្ម (IFAD) ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍ជនបទ របស់អង្គការសហប្រជាជាតិ ក៏បានផ្តល់ហិរញ្ញប្បទានដល់កម្មវិធីនេះ នូវទឹកប្រាក់ចំនួន ៤៩ លានដុល្លារអាមេរិកផងដែរ។កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយអនុប្រធានធនាគារវិនិយោគអឺរ៉ុប EIB គឺលោកស្រី Nicola Beer នៅអំឡុងដំណើរទស្សនកិច្ច ជាលើកដំបូងមកកាន់ប្រទេសកម្ពុជា ក្នុងនាមជាអនុប្រធានធនាគារវិនិយោគអឺរ៉ុប EIB ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍។ ពិធីចុះ ហត្ថលេខានេះ ធ្វើឡើងដោយមានវត្តមានឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោក FrewBehabtu នាយកប្រចាំនៅកម្ពុជារបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM