សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

ពលរដ្ឋស្រុកស្វាយជ្រំខេត្តស្វាយរៀងជាង៦០%បានទទួលការពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃតាមរយៈបណ្ណ័មូលសមធម៌និងប័ណ្ណប.ស.ស

2025/03/13 03:36:12 pm        63
ស្វាយរៀង ៖ គោលនយោបាយជាតិលើកកម្ពស់សុខមាលភាពពលរដ្ឋរបស់រាជរដ្ឋាភិបាលតាមរយៈផ្ដល់បណ្ណ័សមធម៌និងបណ្ណ័ប.ស.ស ត្រូវបានពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសមានការគាំទ្រនិងអបអរសាទរចំពោះគោលនយោបាយខាងលើ ក្នុងនោះពលរដ្ឋស្រុកស្វាយជ្រុំខេត្តស្វាយរៀងប្រមាណជាង៦០% បានទៅទទួលយកសេវាព្យាបាលជំងឺ តាមរយៈបណ្ណ័សមធម៌ និងបណ្ណ័ប.ស.ស ក្នុងក្តីសោមនស្សរីករាយ ។លោកវេជ្ជបណ្ឌិត ​ប៊ី ដាវី ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍ btv ឲ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ មន្ទីពេទ្យបង្អែកស្វាយជ្រំ បានផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺពលរដ្ឋចំនួន២ម៉ឺន ៧០០ករណី ហើយបើគិតជាភាគរយដែលពលរដ្ឋមានបណ្ណ័មូលនិធិសមធម៏ និងបណ្ណ័ ប.ស.ស ចំនួន៦៨% ​អញ្ចឹងកន្លែងនេះគឺបាននយ័ថាមន្ទីរពេទ្យយើងបានការគាំទ្រពីពលរដ្ឋ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យសូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ផ្តល់បណ្ណ័មូលនិធិសមធម៏ និងបណ្ណ័ប.ស.ស ជូនដល់ពលរដ្ឋ ហើយក៏សូមផ្តាំផ្ញើដល់ពលរដ្ឋក្នុងស្រុកស្វាយជ្រំ និងបងប្អូនដែលរស់នៅខេត្តជិតៗនៅនិងមន្ទីរពេទ្យសូមអញ្ជើញមកទទួលយកសេវាពីមន្ទីរពេទ្យអោយបានគ្រប់ៗគ្នា ហើយសូមកុំគិតថាមានបណ្ណ័មូលនិធីសមធម៏ហើយ មន្ទីរពេទ្យមិនបានគិតធ្វើការពិនិត្យនិងព្យាបាលបងប្អូននោះមិនពិតទេ ។បន្ទាប់ពីទទួលបានសេវាពិនិត្យនិងព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ តំណាងពលរដ្ឋភូមិ (បឹងរ៉ៃ) ឃុំក្រោលគោ ស្រុកស្វាយជ្រំ បានមានចំណាប់អារម្មណ៏ ដោយសំដែងនូវការរីករាយ និងគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលសម្តេចបានគិតគូរលើសុខភាពពលរដ្ឋ តាមរយះផ្តល់បណ្ណ័មូលនិធិសមធម៏ និងបណ្ណ័ ប.ស.ស ដល់ពូកគាត់ដើម្បីពិនិត្យសុខភាពដោយឥតគិតថ្លៃ ។​លោក ប៊ី ដាវី ប្រធានមន្ទីរពេទ្យបង្អែកស្រុកបានបញ្ជាក់បន្ថែមថា ក្រៅពីការងារផ្តល់សេវាពិនិត្យព្យាបាលជំងឺ ពលរដ្ឋដែលមានបណ្ណ័មូលនិធីសមធម៏ និងបណ្ណ័ ប.ស.ស មន្ទីរពេទ្យនូវបានទទួលពិនិត្យនិងព្យាបាលជំងឺដល់ជនពិការដោយគ្រោះផ្សេង និងជនពិការពីកំណើតឥតគិតថ្លៃផងដែរ ។ 

គយប្រកាសអនុញ្ញាតឱ្យនាំចូលឡើងវិញនូវគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក​ចូលក្នុង​ប្រទេស​កម្ពុជា

2025/03/13 03:30:42 pm        673
អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងថា គិតចាប់ពីថ្ងៃទី១៣ ខែមី​នា​នេះ​តទៅ ការនាំចូលមុខទំនិញ គ្រឿងក្នុងសត្វជ្រូកបង្កកមកកម្ពុជា នឹងអាចធ្វើ​ឡើង​ជា​ប្រក្រតី​ឡើង​វិញ ដោយអនុលោមតាមអនុក្រឹតស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញ​ជាប់​កម្រិត​កំណត់​។នៅក្នុងសេចក្តីជូនដំណឹងស្តីពី ការបញ្ចប់វិធានការ​ហាម​ឃាត់​ការ​នាំចូល​ជា​បណ្តោះ​អាសន្ន​គ្រឿង​ក្នុង​ និងបំណែកសាច់សត្វបង្កក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ អគ្គនាយកគយ និង​រដ្ឋាករ​កម្ពុជា បានឲ្យដឹងថា វិធានការហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែក​សាច់​សត្វបង្កកជា​បណ្តោះ​អាសន្ន បានផុតសុពលភាពហើយ កាលពីថ្ងៃទី១២ ខែមីនា។ មានន័យថា ចាប់ពី​ថ្ងៃ​ទី​១៣ ខែមីនានេះ គឺអាចធ្វើការនាំចូលបានឡើងវិញ។សូមបញ្ជាក់ថា គិតមកដល់ពេលនេះរយៈពេលជាង១ឆ្នាំហើយ ដែល​កម្ពុជា​បាន​ហាម​ឃាត់​ការ​នាំ​ចូ​ល គ្រឿងក្នុង និងបំណែកសាច់សត្វបង្កកជាបណ្តោះអាសន្ននេះ ដោយចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែ​មករា ឆ្នាំ២០២៤។ វិធានការនេះ មិនអនុវត្ត​ចំពោះ​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុងការនាំចូលទំនិញ ឬផលិតផលខាងសាច់បង្កក និងគ្រឿងក្នុង សម្រាប់ ប្រើប្រាស់​ជា​ធាតុ​ចូល​ផលិតកម្ម សម្រាប់ការនាំចេញឡើយ។សូមជំរាបជូនទៀតថា ផលិតផលដែលត្រូវបានហាមឃាត់នេះ មានដូចជា អណ្តាតគោ និង​ក្របី​បង្កក​, ថ្លើមគោ ក្របី បង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក,សាច់ និងគ្រឿង​ក្នុង​មាន់​បង្កក​។ ចំណែកពោះវៀន, ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡា​ក់​អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ៕

ផ្ទះ​ប្រជាពលរដ្ឋ​ជាង ១០០ខ្នងនៅស្រុកសង្កែ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​

2025/03/13 03:21:56 pm        571
បាត់ដំបង​៖ នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ មានករណី​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ជាង១០០ខ្នងផ្ទះ​នៅក្នុង​ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​។ យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​បាន​ឱ្យដឹងថា​ ​ខ្យល់កន្រ្តាក់កាលល្ងាចថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ បណ្ដាល​ឱ្យ​ប៉ះពាល់ផ្ទះ​ប្រជាពលរដ្ឋ​​នៅស្រុកសង្កែ ១១៣ គ្រួសារ​ ស្មើ១១៣ខ្នងផ្ទះលើ៣ឃុំ ក្នុងភូមិចំនួន ៦ ក្នុងនោះ​រលំទាំង​ស្រុងចំនួន២ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរ ចំនួន ៤៤ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើរៗចំនួន ៦៧ខ្នងផ្ទះ៕

វិស័យស SME ចំនួន៣២ក្រុមហ៊ុន ទទួលកញ្ចប់ជំនួយសហគ្រិន ដើម្បីលើកកម្ពស់សមិទ្ធផលសហគមន៍ធុរកិច្ចកម្ពុជា

2025/03/13 03:15:49 pm        532
ពីធីប្រគល់កញ្ចប់ជំនួយសហគ្រិនខ្មែរ គឺជាពិធីអបអរសាទរដែលរៀបចំឡើងដើម្បីទទួលស្គាល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងធុរកិច្ចថ្មីនៅកម្ពុជា ដែលទទួលបានជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈកម្មវិធីសំខាន់ៗរបស់សហគ្រិនខ្មែរ ពោលគឺកញ្ចប់ជំនួយសហគ្រិនខ្មែរ។ ពីធីប្រគល់កញ្ចប់ជំនួយសហគ្រិនខ្មែរនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ នៅការិយាល័យសហគ្រិនខ្មែរ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ និងក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ រួមជាមួយគណៈកម្មការដាក់ពិន្ទុ និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។ ឯកឧត្ដមរដ្ឋមន្រ្តី ហែម វណ្ណឌី នៅក្នុងអង្គពិធីនេះបានមានប្រសាសន៍ថា តាមរយៈកញ្ចប់ថវិកានេះ នឹងជួយលើកកម្ពស់ និងភាពប្រកួតប្រជែងរបស់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SME) ដែលមានសក្តានុពលហើយស្ថិតក្នុងវិស័យអាទិភាព។ ឯកឧត្តម បានបន្តថា កម្មវិធីទាំងនេះបានចូលរួមលើកស្ទួយ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យកាន់តែល្អប្រសើរ និងមានភាពប្រទាក់ក្រឡា ក្នុងន័យបង្កើនភាពប្រកួតប្រជែងរបស់វិស័យឯកជន។ឯកឧត្ដមរដ្ឋមន្រ្តី បានបន្ថែមថា កញ្ចប់ជំនួយសហគ្រិនខ្មែរ ជាកម្មវិធីដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ និងតម្លាភាពដែលមានការផ្សព្វផ្សាយទូលំទូលាយដែលគ្របដណ្តប់រហូតដល់២៥ រាជធានី ខេត្ត តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបណ្តាញសង្គម និងសមាគមអាជីវកម្ម មានសាកសិទ្ធិភាពខ្ពស់ក្នុងការទទួលបានហិរញ្ញទានគាំទ្រដោយផ្ទាល់និងទាន់ពេល។ បន្ថែមពីនេះ គឺមានប្រសិទ្ធិភាពខ្ពស់ និងចំគោលដៅ ក្នុងការស្នើរនិងប្រើប្រាស់ថវិកាសម្រាប់ធុរកិច្ចថ្មីសម្រាប់សហគ្រាសធុនតូច និងមធ្យមជាដើម។សូមជំរាបជូនថា កម្មវិធីខាងលើនេះ មានគោលបំណងបង្ហាញអំពីដំណើរបទពិសោធរបស់សហគ្រិន ធុរកិច្ចថ្មី ព្រមទាំងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងអបអរសាទរដល់ពួកគេក្នុងការទទួលបានហិរញ្ញប្បទានពីសហគ្រិនខ្មែរ។ ទិដ្ឋភាពសំខាន់ៗក្នុងពិធីនេះ មានដូចជា សុន្ទរកថាពីប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ និងនាយកប្រតិបត្តិសហគ្រិនខ្មែរ រួមជាមួយវីដេអូដែលបង្ហាញពីការចូលរួមពីអ្នកទទួលហិរញ្ញប្បទានពីសហគ្រិនខ្មែរនាពេលកន្លងទៅ ការប្រគល់លិខិតសរសើរដល់គណៈកម្មការដាក់ពិន្ទុ ក៏ដូចជាការអបអរសាទរដល់សហគ្រិនដែលទទួលបានកញ្ចប់ជំនួយសហគ្រិនខ្មែរផងដែរ។ ពិធីនេះមិនត្រឹមតែអបអរសាទរភាពជោគជ័យរបស់សហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរក្នុងការគាំទ្រ និងលើកកម្ពស់នុវានុវត្តន៍ និងសមិទ្ធផលនៅក្នុងសហគមន៍ធុរកិច្ចកម្ពុជាទៀតផង៕

ក្រសួងការងារ៖ ជនមានពិការភាពទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើង

2025/03/13 02:45:38 pm        352
មន្រ្តីអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកខ្ពស់លើជនមានពិការភាព តាមរយៈការផ្តល់ឱកាសសិទ្ធិពេញលេញ ភាពស្មើមុខស្មើមាត់គ្នា ក្នុងការទទួលបានការងារធ្វើសមរម្យ និងកិច្ចគាំពារសង្គម។ ទាំងជនមានពិការភាព និងជនមិនមានពិការភាពគឺទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងក្នុងបណ្តាញសង្គមឲ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិតែងតែគាំទ្រលើកស្ទួយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ប្រកបដោយភាពសមរម្យ ទទួលបានឱកាសស្មើភាពគ្នា ដូចពលរដ្ឋទូទៅដែរ។ នៅកម្ពុជាគ្មានឡើយការរើសអើងជនដែលមានពិការភាព ជាពិសេសនៅក្នុងវិស័យការងារជនមានពិការភាពត្រូវបានលើកទឹកចិត្ត។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា បើតាមច្បាប់ស្តីពីការងារវិស័យឯកជនត្រូវទទួលជនដែលមានពិការភាពចូលបម្រើការងារ ក្នុងនោះត្រូវមានចំនួន ១ភាគរយ នៃចំនួនកម្មករនិយោជិតសរុប។ គិតមកត្រឹមចុងឆ្នាំ២០២៤ មានក្រសួង ស្ថាប័នចំនួន៣៩ បានទទួលយកជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៨១៦នាក់ ក្នុងនោះស្ត្រី ៨៨២នាក់ ជនមានពិការកម្រិតធ្ងន់ចំនួន ២ ៣៥១នាក់។ ដោយឡែកវិស័យឯកជន រួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជិកានិងទទួលបានវិញ្ញាបនបត្រចំនួន២៨៧ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពទូទាំងប្រទេស។ គ្រឹះស្ថានឯកជនទាំងនេះ បានទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារជាង ៥ ៦០០នាក់ ក្នុងនោះស្ត្រីចំនួនជាង ៣ ៥០០នាក់។ ការបញ្ជាក់បន្ថែមរបស់ឯកឧត្តមអ្នកនាំពាក្យ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ការជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារក្នុងក្រសួង ស្ថាប័ន គឺជាការឆ្លើយតប និងអនុវត្តន៍ទៅតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជនមានពិការភាពនៅក្នុងវិស័យសាធារណៈ និងឯកជន ។ លើសពីនេះរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់ជនគ្រប់រូប រួមទាំងជនមានពិការភាព នូវឱកាសរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីមានចំណេះជំនាញ ច្បាស់លាស់អាចប្រកបការងារ និងមានទំនួលខុសត្រូវលើមុខតួនាទីការងារបានគឺជាចំនុចសំខាន់បំផុត។ ស្របគ្នានេះដែរ ក្រសួងក៏មានសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ដែលផ្ដល់ឱកាសស្មើភាពគ្នាដល់សាធារណជនទាំងអស់ ដើម្បីមានឱកាសទទួលបានការអប់រំចំណេះជំនាញ បច្ចេកទេស និងសមត្ថភាពពិតប្រាកដដើម្បីយកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា៕

NEA សហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនបើកវេទិកាការងារជាងពីរពាន់កន្លែង

2025/03/13 02:27:07 pm        297
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមីនានេះ បានរៀបចំវេទិកា ការងារ និងឱកាសកម្ម សិក្សាការងារ សរុបចំនួនជាងពីរពាន់កន្លែង ។លោកជំទាវ អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃនេះ មានក្រុម ហ៊ុនចំនួន២៣ បានមកជ្រើសរើសបុគ្គលិក និងកម្មសិក្សា ដើម្បីបំពេញការងារនៅស្ថាប័នរបស់ពួកគេ។ បច្ចុប្បន្ននេះ វិស័យឯកជនត្រូវការកម្លាំងពលកម្មច្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញ លេញ ទើបអ្នកវិនិយោគទុកក្នុងស្រុក និងបរទេសមានការកើនឡើងជាបន្តបន្ទាប់។លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បានលើកឡើងដែរថា និស្សិតរៀននៅវិទ្យាស្ថាននេះ គឺពួកគេមានសមត្ថភាពគ្រប់គ្រាន់ទៅតាមជំនាញរៀងៗខ្លួន ដែលអាចទៅបំ ពេញការងាបានទៅស្ថានប័ននានា។ជាមួយគ្នានេះ និស្សិត មានក្តីរំពឹងថា នឹងទទួលបានងារធ្វើបន្ទាប់ពីបានដាក់ពាក្យរួចរាល់ក្នុងវេទិកា ការងារនៅថ្ងៃនេះ។បណ្តាក្រុមហ៊ុនបានឲ្យដឹងថា តាមរយៈវេទិកាការងារ បានផ្តល់ភាពងាយស្រួល និងចំណេញពេល ក្នុងការជ្រើសបុគ្គលិកទៅបំពេញការងារនៅក្រុមហ៊ុនរបស់ពួកគេ។ ក្រៅពីនេះ ក្រុមហ៊ុនទាំងនោះ បាន លើកទឹកចិត្តដល់និស្សិតដែលមិនបានជាប់ កុំអស់សង្ឃឹម រង់ចាំឱកាសក្រោយៗទៀត។គួរបញ្ជាក់ដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ធ្លាប់ធ្វើ និងបន្តរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅតាមគ្រឹះស្ថានសាធារណៈ និង ឯកជន ដើម្បីឲ្យប្រជាពលរដ្ឋ និងជាពិសេសយុវជនអាចទទួលបានការងារធ្វើនៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ ទូច សោភ័ណ

ឯកអគ្គរដ្ឋទូតឥណ្ឌា៖ ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរតែត្រូវបានលើកកម្រិតឱ្យកាន់​តែខ្ពស់ថែមទៀត

2025/03/13 02:16:52 pm        331
នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលឥណ្ឌាជូនចំពោះសម្ដេចបវរធិបតីផងដែរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង រវាងឥណ្ឌា និងកម្ពុជា ដោយឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានចំណងមិត្តភាព សាមគ្គីភាព និងជាប្រពៃណីជាយូរណាស់មកហើយ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូដ៏សំខាន់មួយរបស់ឥណ្ឌា។ ដោយយោងលើទំនាក់ទំនងជាច្រើនទសវត្សរ៍ ភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា និងសក្តានុពលជាច្រើនទៀត ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជាគួរត្រូវបានលើកកម្រិត កាន់ឱ្យតែខ្ពស់ថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ពិសេសការបណ្ដុះបណ្ដាល និងកសាងធនធានមនុស្ស។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ សម្ដេចបវរធិបតីក៏បានបង្ហាញនូវជំនឿជឿជាក់ថា តួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានពិភាក្សាអំពីសក្តានុពលសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន មានជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ចកម្ម, ការវិនិយោគ, ការពារជាតិ និងសន្ដិសុខ, ទេសចរណ៍ និងវប្បធម៌, លទ្ធភាពនៃការបង្កើនជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា, ព្រមទាំងការជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងធុរជននិងធុរជន។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរដ្ឋទូត បង្កើតទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ៕

ពលរដ្ឋ និងសហជីពនៅកម្ពុជាអំពាវនាវឱ្យក្រុមជ្រុលនិយមក្រៅប្រទេសឈប់ញុះញង់ អុចអាលពីបញ្ហាព្រំដែនកម្ពុជា-ថៃបន្តទៀត

2025/03/13 02:13:26 pm        400
ប្រជាពលរដ្ឋ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសឈប់ញុះញង់ អុចអាលពីបញ្ហាព្រំដែនកម្ពុជា-ថៃបន្តទៀត ខណៈរាជរដ្ឋាភិបាលទាំងពីរកំពុងសិក្សាស្វែងរកដំណោះស្រាយដោយសន្ដិវិធី សន្ដិភាព សន្ដិសុខនៅតាមព្រំដែន និងយោគយល់គ្នាទៅវិញទៅមក។លោក ឃុន រតនា ប្រជាពលរដ្ឋរស់នៅខេត្តកំពតបាននិយាយថា៖«ខ្ញុំមិនចង់ឃើញសង្រ្គាមរវាងកម្ពុជា និងថៃដូចកាលពីឆ្នាំ ២០០៨នៅប្រាសាទព្រះវិហារនោះទេ ព្រោះនឹងធ្វើឱ្យប៉ះពាល់វិស័យសេដ្ឋកិច្ច ទេសចរណ៍ និងបង្កការលំបាកដល់ប្រជាពលរដ្ឋទាំងសងខាង ហើយថែមបង្កឱ្យមានប្រជាពលស្លាប់ និងរបួសទៀតផង»។លោកមិនគាំទ្រសកម្មភាពរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលកំពុងតែញុះញង់ប្រជាពលរដ្ឋឱ្យងើបឈរបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការទាញភ្ជាប់បញ្ហាព្រំដែនកម្ពុជា និងថៃនោះទេ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតកុំចូលរួមពាក់ព័ន្ធសកម្មភាពណាដែលមិនមែនជាផលប្រយោជន៍ជាតិ។លោក ឌិន សំអាត ប្រជាពលរដ្ឋរស់នៅខេត្តតាកែវបាននិយាយថា៖«ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ម្ដងហើយម្ដងទៀតជុំវិញការពារបូរណភាពទឹកដី និងការពារអធិបតេយ្យភាពរបស់កម្ពុជា ដែលថ្នាក់ដឹកនាំយើងបានធានាអះអាងចំពោះប្រជាជាតិទាំងមូលរួចហើយ។ ដូច្នេះការចរចាគ្នាជាជម្រើសដ៏ល្អបំផុត ដើម្បីបញ្ជៀសការប្រយុទ្ធគ្នាដោយប្រដាប់អាវុធ»។លោកបានប្រកាសគាំទ្រចំណាត់ការចរចាដោយសន្ដិវិធី ប៉ុន្ដែលោកមិនគាំទ្រសកម្មភាពក្រុមជ្រុលនិយមទាំងនេះបានបង្កើតអង្គការចាត់តាំង ប្រកាសកៀរគរ បង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិតក្នុងការយកលេសការពារព្រំដែន ការពារទឹកដីកម្ពុជា។លោក ទុយ កុសល ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបាននិយាយថា៖«ក្រុមជ្រុលនិយមមិនទាន់បោះបង់គំនិតបង្កព្យសនកម្មធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ជាតិ ក៏ដូចជាបង្កភាពវឹកវរ និងចលាចលដល់ប្រជាពលរដ្ឋនោះទេ ហើយពួកគេក៏មិនយកចិត្តទុកដាក់អំពើខុសច្បាប់ដែរ គឺពួកគេមានចេតនាបំផ្លាញប្រទេសជាតិខ្លួនឯង»។លោកបានអំពាវនាវប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសកុំចូលរួមសកម្មភាពខុសច្បាប់តាមរយៈបញ្ហាព្រំដែន ដោយសាររាជរដ្ឋាភិបាលកំពុងបន្តការងារចរចាជាមួយភាពពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយសមរម្យ និងមានសន្ដិភាពនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។លោក សាត សុគន្ធ ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល៖«ខ្ញុំជឿជាក់ទៅលើដំណោះស្រាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយស្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រោះការដឹកនាំរបស់សម្ដេច គឺនឹងមានដំណោះស្រាយល្អជាមួយប្រទេសជិតខាងដោយមិនមានសង្រ្គាម»។ចំណែកលោក ឡេវ សំអាន ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបាននិយាយថា៖«ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំសូមជឿជាក់ទៅលើរាជរដ្ឋាភិបាល ព្រោះការដឹកនាំរបស់សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យប្រទេសជាតិរីកចម្រើនថែមទៀត ជាពិសេសសម្ដេចបានរក្សាស្ថិរភាពនយោបាយបានយ៉ាងល្អ និងបន្តការអភិវឌ្ឍន៍ថែមទៀត»។លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជាបានថ្លែងថា៖«ក្រុមជ្រុលនិយមក្រៅច្បាប់ទាំងនោះ លែងមានការគាំទ្រពីប្រជាពលរដ្ឋដែរ ដោយសារនយោបាយទុច្ចរិតមួយដែលមិនបានជួយប្រជាពលរដ្ឋ ទើបធ្វើឱ្យពលរដ្ឋបាត់បង់ជំនឿទុកចិត្តកាន់តែខ្លាំង ជាពិសេសជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃ»។លោកបន្ថែមថា ក្រុមប្រឆាំងនៅក្រៅប្រទេសទាំងនោះទទួលការបរាជ័យយ៉ាងខ្លាំងតាមរយៈការបាត់បង់ការគាំទ្រ និងធ្វើនយោបាយបោកប្រាស់ធ្វើប្រជាភិថុតិលើពលរដ្ឋ។ ដូច្នេះពួកគេគ្មានជម្រើសអ្វីក្រៅតែពីនិយាយបំភ្លៃ បំផ្លើស បំប៉ោងនិងបំភ័ន្តការពិតឡើយ។ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពកម្ពុជាពន្លឺកម្មករបានថ្លែងថា៖«ខ្ញុំសង្កេតឃើញថា គោលដៅរបស់ក្រុមជ្រុលនិយម គឺការញុះញង់ប្រជាពលរដ្ឋ ឬកងកម្លាំងប្រដាប់អាវុធមិនឱ្យស្តាប់បទបញ្ជារាជរដ្ឋាភិបាល ព្យាយាមបង្កើតចលាចលក្នុងចំណោមប្រជាពលរដ្ឋ ដោយផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យសកម្មជនរបស់ខ្លួនក្នុងស្រុកតវ៉ាទាមទារផ្សេងៗ ដោយចេតនាបង្កភាពវឹកវរសង្គម ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាចដោយខុសច្បាប់»។ដូច្នេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋចៀសវាងឱ្យឆ្ងាយពីការចូលរួមសកម្មភាពខុសច្បាប់ និងបង្កចលាចលនៅក្នុងសង្គម ព្រោះទង្វើទាំងអស់នេះមិនមែនជាផលប្រយោជន៍ប្រទេសជាតិនោះទេ។ ក្នុងនាមលោកជាប្រជាពលរដ្ឋត្រូវការសន្តិភាព ព្រោះសន្តិភាពនាំមកការអភិវឌ្ឍន៍ សន្តិភាពនាំមកនៅសេចក្តីសុខសាន្តជូនជាតិ និងប្រជាជនខ្មែរគ្រប់ទីកន្លែង៕

សម្ដេចប្រមុខរដ្ឋស្ដីទី ជំរុញឱ្យរុស្ស៊ី និងកម្ពុជាធ្វើការងារជាមួយគ្នាបន្ថែមទៀត​ដើម្បីបង្កើនទំហំ​ពាណិជ្ជកម្ម និងវិនិយោគ

2025/03/13 01:22:12 pm        323
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្ររាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យឯកឧត្តម អាណាតូលី ប៉ូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងជំនួបនេះ សម្ដេចប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកម្ពុជា ខណៈនេះគឺជាជំនួបលើកទីពីរហើយ ក្នុងឱកាសដែលសម្ដេចតេជោកាន់តំណែងជាប្រធានព្រឹទ្ធសភា ជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងរវវាងប្រទេសទាំងពីរ មានភាពល្អប្រសើរ ដែលជាទំនាក់ទំនងយូរអង្វែង ហើយក្នុងណត្តិរបស់ ឯកឧត្តមនេះ បានរួមចំណែកដល់ការអភិវឌ្ឍនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ នៅក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី បានសម្ដែងនូវការអរគុណចំពោះសម្ដេចតជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសម។ នៅក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងរុស្ស៊ី ដែលភ្ជាប់ទំនាក់ទំនងគ្នាបានយូរអង្វែង និងជាទំនាក់ទំនងដែលទុកចិត្តគ្នា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានរម្លឹកឡើងថា នៅក្នុងឱកាសខួប ៧០ ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅឆ្នាំ ២០២៦ ខាងមុខប្រទេសទាំងពីរ ជាពិសេស រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការងារជាមួយភាគីកម្ពុជា ដើម្បីពង្រីកទំនាក់ទំនងរវាងកម្ពុជា-រុស្ស៊ី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តមបានបន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរមិនត្រឹមតែនីតិប្រតិបត្តិទេ សម្រាប់ទំនាក់ទំនងនីតិបញ្ញត្តិរវាងប្រទេសទាំងពីរក៏មានភាពល្អប្រសើរដែរ ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងសភា សហព័ន្ធរុស្ស៊ី ជាមួយនឹងព្រឹទ្ធសភាកម្ពុជា នាពេលកន្លងមកមានភាពល្អប្រសើរនឹងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី សង្ឃឹមថា ប្រទេសទាំងពីរជាពិសេស សភា សហព័ន្ធរុស្ស៊ី និងព្រឹទ្ធសភាកម្ពុជា នឹងបន្តនូវការខិតខំ ដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានរម្លឹកអំពីទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកាន់អំណាចរបស់រុស្ស៊ី ក្នុងការភ្ជាប់ទំនាក់ទំនងគ្នាបន្ថែមទៀតរវាងស្ថាប័នគណបក្សរវាងប្រទេសទាំងពីរផងដែរ។ ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងរុស្ស៊ី និងកម្ពុជា ឯកឧត្តម ឯកអគ្គរដ្ឋទូត បានឱ្យដឹងថា សម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន ២៩ លានដុល្លារ។ ជាការឆ្លើយតប នៅក្នុងឱកាសនោះ សម្ដេចតេជោ បានអបអរសាទរចំពោះការរក្សាបាននូវទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ និងអរគុណឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលបានលើកឡើងអំពីការផ្ដល់អាហារូបករណ៍ និងជួយដល់វិស័យអប់រំកម្ពុជា។ ក្នុងឱកាសនោះដែរ សម្ដចតេជោ បានបញ្ជាក់បន្ថែមចំពោះទំនាក់ទំនងនីតិបញ្ញតិរបស់ប្រទេសទាំងពីរ ដែលប្រទេសទាំងពីរនឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណា ដើម្បីជំរុញឱ្យទំនាក់ទំនងក្នុងស្ថាប័នទាំងពីរនេះគឺមានភាពរីកចម្រើន។ ឆ្លើតតបនឹងទំនាក់ទំនងបក្សសម្ដេចតេជោ បានរំលេចឡើងឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំគណបក្សរវាងប្រទេសទាំងពីរ ហើយសម្ដេចតេជោ មានបំណងអញ្ជើញឯកឧត្តមប្រធានគណបក្សកាន់អំណាចរបស់ប្រទេសរុស្ស៊ីមកទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលខាងមុខផងដែរ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងឱកាសនោះសម្ដេចតេជោ ចង់ឃើញសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងបន្ថែមទៀត ខណៈបច្ចុប្បន្ននេះមានត្រឹមប្រមាណ ២៩ លានដុល្លារ ដែលសម្ដេចតេជោបញ្ជាក់ថា ទំហំនេះមិនទាន់សមស្របទៅនឹងសក្ដានុពលសេដ្ឋកិច្ច និងទំនាក់ទំនងនយោបាយរបស់ប្រទេសទាំងពីរនៅឡើយទេ ដូច្នេះប្រទេសទាំងពីរគួរធ្វើការជាមួយគ្នាបន្ថែមទៀតដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ៕

ឯកឧត្តមសាស្ត្រាចារ្យឈាង រ៉ា អញ្ជើញប្រកាសជាផ្លូវការយុទ្ធនាការលើកកម្ពស់ការប្រើប្រាស់​មូលនិធិ​សមធម៌​សុខាភិបាល

2025/03/13 01:17:20 pm        385
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញ​ជា​អធិបតី​បើក​សិក្ខា​សាលា​ស្តីពី ការប្រកាសជាផ្លូវការ យុទ្ធនាការលើក​កម្ពស់​ការ​ប្រើ​ប្រាស់​មូល​និធិ​សមធម៌​សុខាភិបាល​, នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។សមាសភាព​ចូលរួមមានចំនួន២០៦រូប អញ្ជើញមកពីក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (ប.អ.ជ.គ) ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍ នៃរដ្ឋាភិបាលអាល្លឺម៉ង់ (KFW) នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មប្រទេសអូស្ត្រាលី (DFAT) និងមូល​និធិ​ហិរញ្ញប្បទាន​សកលសម្រាប់គ្រប់ស្ត្រី កុមារ និងយុវវ័យ (GFF) អភិបាលរងខេត្ត ទាំង២៥ រាជធានី-ខេត្ត និងដៃគូពាក់ព័ន្ធ។ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា ការប្រកាសបើកជាផ្លូវការ នូវយុទ្ធនាការលើក​កម្ពស់​ការ​ប្រើ​ប្រាស់មូលនិធិសមធម៌សុខាភិបាល ដើម្បីអំពាវនាវដល់អ្នកចូលរួមទាំងអស់ ផ្តល់កិច្ច​សហការ គាំទ្រ តាមគ្រប់រូបភាព ធ្វើយ៉ាងណាឱ្យយុទ្ធនាការ ផ្សព្វផ្សាយ អំពីការ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​មូលនិធិសមធម៌សុខាភិបាល ទៅដល់គ្រប់ក្រុមគោលដៅ ទាំងអស់។ មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីក​ប្រព័ន្ធ​គាំពារ​សុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់​រាជ​រដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រក​ប​ដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព​ដោយ​មិន​មាន​ហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​។ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានបន្ថែមទៀតថា ការលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ និង​ការពង្រឹងប្រព័ន្ធគាំពារសង្គម គឺជាការគិតគូរប្រកបដោយគតិបណ្ឌិត និង​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​រាជ​រដ្ឋាភិបាលក្នុងអាណត្តិកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ​គតិ​បណ្ឌិត​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជា ប្រធាន​ព្រឹទ្ធ​សភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេ​សកម្ម និងភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានបន្តយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និង​សុខុមាលភាពរបស់ពលរដ្ឋ តាមរយៈ​ការ​បន្ត​ជំរុ​ញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​ឱ្យ​កាន់​តែ​រឹង​មាំ​ឡើង​ថែម​ទៀត។ ដើម្បីធានាឆ្ពោះទៅសម្រេចបាននូវគោលដៅ នៃផែនទីបង្ហាញផ្លូវ​ឆ្ពោះ​ទៅ​ការ​គ្រប​ដណ្តប់​សុខ​ភាពជាសកលនៅកម្ពុជា ជាពិសេសការបង្ការ​ហានិភ័យ​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់​គ្រួសារ​គោល​ដៅ ចាំបាច់ត្រូវមានការតាមដាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលរារាំង​ដល់​ការ​ប្រើប្រាស់សេវាសុខភាព របស់ក្រុមគោលដៅគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។ ដូច្នេះ យុទ្ធនាការ​លើក​កម្ពស់​ការ​ប្រើប្រាស់​មូល​និធិសមធម៌​ដែល​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​នៅ​ថ្ងៃ​នេះ​ពិត​ជា​មាន​សារសំខាន់ណាស់ ក្នុងការលើកកម្ពស់​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​អត្ថ​ប្រយោជន៍​នៃ​មូលនិធិសមធម៌ ដែលបង់ថ្លៃជួសដោយរាជរដ្ឋាភិបាល ផ្លាស់ប្តូរអាកប្បកិរិយា និង​ឥរិយា​បថរបស់ក្រុមគោលដៅ ព្រមទាំងធ្វើការ​ផ្លាស់​ប្តូរ​ឥរិយាបថ​អ្នក​ផ្តល់​សេវា​ក្នុង​ការ​ផ្តល់​សេវា​ប្រកប​ដោយ​គុណភាព សមភាព និងសមធម៌ មិនមានការរើសអើងដល់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏សូមថ្លែងអំណរគុណដល់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដែលគាំទ្រដោយធនាគាពិភពលោក និងដៃគូដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌តាមរយៈការគាំទ្រឱ្យមានយុទ្ធនាការដ៏មានសារសំខាន់នេះ។សូមបញ្ជាក់ផងដែរថា មូលនិធិសមធម៌សុខាភិបាល គឺជាសមាសធាតុមួយនៅក្នុងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដែលរួមចំណែក ដល់ការដោះស្រាយបញ្ហាសុខភាពរបស់គ្រួសារងាយរងហានិភ័យ និងការកាត់បន្ថយចំណាយ ថវិការបស់គ្រួសារ ទាំងនោះលើការថែទាំ និងព្យាបាលជំងឺសំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារនីមួយៗនៅកម្ពុជា។ លើស ពីនេះទៅទៀត មូលនិធិសមធម៌សុខាភិបាលបានរួមចំណែកដល់ហិរញ្ញប្បទានវិស័យសុខាភិបាល ដ៏មានសារៈ សំខាន់ដើម្បីជំរុញឱ្យមានការប្រើប្រាស់ និងកែលម្អសេវាថែទាំសុខភាពសាធារណៈនៅថ្នាក់មូលដ្ឋាន។ ដោយការ រួមចំណែក ដ៏មានសារសំខាន់នេះ មូលនិធិសមធម៌សុខាភិបាល គឺជាទម្រង់មួយនៃហិរញ្ញប្បទានវិស័យសុខាភិបាល ដែលមានភាពលេចធ្លោរគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។ ដើម្បីជំរុញការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាល មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព នៃក្រសួងសុខាភិបាល បានរៀបចំការធ្វើយុទ្ធនាការលើក កម្ពស់ ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល តាមរយៈការផលិតសម្ភារអប់រំផ្សព្វផ្សាយរួមមាន វីដេអូស្បត ស្សិតវិទ្យុ បដា ផ្ទាំងប៉ាណូ រូបភាពផ្ទាំងធំ សន្លឹកផ្ទាត់ ខិត្តប័ណ្ណ សៀវភៅជំនួយស្មារតី និងតារាងមាតិកាផ្សព្វផ្សាយ តាម បណ្តាញសង្គម ដែលត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយទូទាំងប្រទេស៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM