សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ បានបន្តដំណេីរចុះទស្សនកិច្ចដំណាំកសិកម្ម​ នៅខេត្តកែប

2025/03/12 11:07:54 pm        764
ភ្នំពេញ៖នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ បានបន្តដំណេីរចុះទស្សនកិច្ចនៅកសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) ស្ថិតនៅភូមិដំណាក់ចង្អេីរ​ សង្កាត់ព្រៃធំ​ ក្រុងកែប​ និងចំការម្រេច​ សុធី​ ស្ថិតនៅភូមិអន្ទង់ស​ ឃុំពងទឹក​ ស្រុកដំណាក់ចង្អេីរ​ ខេត្តកែប។កសិដ្ឋានប៊េប៊ី-ប៊ើត (Babybird Farm) មានផ្ទៃដីដាំដុះប្រមាណ ៩០ហិកតាផ្តោតលើដំណាំឈើហូបផ្លែក្រូចជាង១០ប្រភេទ ដើមប័រ ដូង ជាពិសេសដំណាំម្រេច និងម្ទេសជាង២០ប្រភេទ ជាប្រភេទ(Caribbean Chili & Carolina Reaper) និងចិញ្ចឹមសត្វគោផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ម្ចាស់កសិដ្ឋានសហការជាមួយមន្ទីរកសិកម្មខេត្ត និងមន្រ្តីជំនាញ ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងយល់ដឹងពីនីតិវិធីនាំចេញ ធ្វើយ៉ាងណាជំរុញការនាំចេញកសិផលដែលមានស្រាប់ ទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អ និងមានតម្លៃខ្ពស់។ជាបន្តមកទៀត ឯកឧត្តមរដ្ឋមន្រ្តី​ និងឯកឧត្តមអភិបាលខេត្ត បានបន្តចុះទស្សនកិច្ចចំការម្រេច​ សុធី​ ដែលជាកន្លែងអំណោយផលដល់កសិ-ទេសចរណ៍ ក្នុងការទទួលបានដំណើរទេសចរណ៍បែបបៃតង និងទទួលបានផលិតផលម្រេចដែលមានគុណភាព សម្រាប់ភ្ញៀវបរទេសផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី​ បានកោតសរសេីរដល់ម្ចាស់កសិដ្ឋានដែលបានខិតខំដាំដុះដំណាំម្រេចបានយ៉ាងល្អ​ មានគុណភាពខ្ពស់​ និងមានផែនការថែទាំត្រឹមត្រូវ សំដៅបំពេញតម្រូវការទីផ្សារអន្តរជាតិ​ និងបានកែច្នៃបន្ថែមក្នុងការផលិតជា​ តែម្រេច​ កាហ្វេម្រេច​ និងស្រាម្រេច​ ដេីម្បីទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ថែមទៀត។ ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្រ្តី​ បានណែនាំឱ្យបន្តការងារនេះបន្ថែមទៀត​ ដោយម្រេចជាដំណាំសក្តានុពល​ និងជាដំណាំសម្គាល់ភូមិសាស្រ្ត​ ដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា​ និងមានរបៀបនៃការធ្វេីដោយត្រឹមត្រូវ​ ដេីម្បីចូលទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អ​ និងមានតម្លៃខ្ពស់៕

​ឯកឧត្តម ប៉ែន បូណា ចាត់ទុក ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងកំពុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

2025/03/12 08:32:31 pm        94
ភ្នំពេញ ៖ មួយជីវិតនយោបាយរបស់លោក សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ជាអ្នកនយោបាយដែលគ្មានគោលការណ៍ គ្មានគំនិតអ្វីថ្មី គ្មានទស្សនៈវិស័យ និងគ្មានទាល់តែសោះភាពជាអ្នកដឹកនាំ។ កុំថាឡើយដល់ទៅដឹកនាំប្រទេស សូម្បីតែដឹកនាំបក្សនយោបាយមួយក៏ធ្វើមិនកើតផង។ គាត់ជាមនុស្សចេះតែបើកមាត់និយាយ តែពាក្យសម្តីប្រហោងក្នុងដូចស្គរ។ ក្រៅពីពាក្យញុះញង់ ភូតកុហក គាត់ក៏មានជំនាញជាអ្នកនយោបាយឱកាសនិយមដោយរង់ចាំតែព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោកដើម្បីភ្ជាប់ខ្លួនជាមួយ មិនខុសអ្វីពីមនុស្សដែលចាំតែ «តោងកន្ទុយក្បិនគេ» នោះឡើយ។ ជាក់ស្តែង កាលពីលោកស្រី អោងសាន ស៊ូជី ឈ្នះការបោះឆ្នោតនៅភូមា បុគ្គលឱកាសនិយមនេះក៏ទៅភ្ជាប់ខ្លួនជាមួយលោកស្រី ស៊ូជី ហើយប្រកាសថា កម្ពុជានឹងមានស្ថានភាពនេះដែរ។ ប៉ុន្តែ ពេលលោកស្រី អោងសាន ស៊ូជី ក្លាយជាអ្នកដឹកនាំរដ្ឋាភិបាល លោកស្រីមិនអាចធ្វើអ្វីដូចកាលពីនៅជាមេដឹកនាំបក្សប្រឆាំងទេ។ សម រង្ស៊ី ក៏ខកចិត្តហើយបិទមាត់ឈប់និយាយរឿងនេះ។ ក្រោយមកទៀត ពេលលោក អានវ៉ា អ៊ីប្រាហ៊ីម ឈ្នះឆ្នោតនៅម៉ាឡេស៊ី សម រង្ស៊ី ក៏ប្រញាប់ភ្ជាប់ខ្លួនជាមួយលោក អានវ៉ា ហើយប្រកាសថា កម្ពុជានឹងមានថ្ងៃនោះដែរ។ ប៉ុន្តែ ទីបំផុត លោក សម រង្ស៊ី និងគូកនត្រូវគេហាមប្រាមមិនឱ្យជាន់ទឹកដីម៉ាឡេស៊ីដើម្បីធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ។ សម រង្ស៊ី ក៏ខកចិត្តម្តងទៀត។ទោះជាយ៉ាងនេះក្តី ក៏អ្នកនយោបាយដែលចាស់តែអាយុតែខ្វះភាពចាស់ទុំខាងនយោបាយរូបនេះ នៅតែមិនព្រមភ្ញាក់កំណើតឡើយ។ ក្រោយពីបានភ្ជាប់ខ្លួនជាមួយចលនាបដិវត្តន៍ពណ៌ដែលកើតឡើងជាហូរហែនៅមជ្ឈឹមបូព៌ា លោក សម រង្ស៊ី ក៏បានភ្ជាប់ខ្លួនទៅនឹងចលនាបះបោរនៅស្រីលង្កា និងចលនាបដិវត្តន៍ពណ៌នៅបង់ក្លាដេស ជាដើម។ ប៉ុន្តែ ទីបំផុត ក៏ស្ងាត់មាត់វិញ ពេលឃើញស្ថានភាពប្រទេសទាំងនោះនៅជាប់ផុងក្នុងជម្លោះរ៉ាំរ៉ៃគ្មានដំណោះស្រាយ។ និយាយជារួម សម រង្ស៊ី មិនដែលទទួលផលប្រយោជន៍អ្វីសោះពីព្រឹត្តិការណ៍ទាំងនោះក្រៅពីការខកចិត្ត ទោះបីជាគាត់ខំហក់លោតតោងកន្ទុយក្បិនគេឡើងវិលក្បុងដូចស្វាលេងប៉ាហ៊ីក៏ដោយ។ ឥឡូវនេះ ពេលលឺថា អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទើតេ ត្រូវបានចាប់ខ្លួនដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិក្នុងព្រឹត្តិការណ៍បង្ក្រាបគ្រឿងញៀនដែលធ្វើឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់នោះ អ្នកនយោបាយឱកាសនិយមរូបនេះ ក៏រត់ទៅតោងព្រឹត្តិការណ៍នោះជាថ្មីម្តងទៀត ដោយឥតអៀនខ្មាស និងដោយប្រើភាសាដែលគាត់ទន្ទេញចាំមាត់ដដែលៗថា រឿងបែបនេះនឹងកើតឡើងចំពោះសម្តេចតេជោ ហ៊ុន សែន នៅកម្ពុជា។  ប៉ុន្តែ បុគ្គលជ្រុលនិយមដែលខួរក្បាលដិតដាមដោយភាពខ្មៅងងឹតឥតពន្លឺរូបនេះ ភ្លេចគិតថា សម្តេចតេជោ គឺជាមេដឹកនាំដែលបានផ្លាស់ប្តូរជោគវាសនាកម្ពុជានិងពលរដ្ឋខ្មែរទាំងស្រុង ពោលគឺ ផ្លាស់ប្តូរពីជិតស្លាប់មកមានជីវិតឡើងវិញ ប្តូរពីអត់បាយមកសម្បូរសប្បាយគ្មានខ្វះអ្វីឡើយ។ ប្តូរពីស្បែកដណ្តប់ឆ្អឹងមកមានព្រលឹងស្រស់ថ្លាគ្រប់គ្នា។ ប្តូរពីសង្គ្រាមមកសន្តិភាព ប្តូរពីមានផ្លូវអត់មនុស្សដើរ មកកកស្ទះចរាចរណ៍គ្រប់កន្លែង។ ប្តូរពីគំនរផេះផង់មកជាការអភិវឌ្ឍស្គុសស្គាយ។ អង្គការសហប្រជាជាតិក៏ទើបតែអនុម័តឱ្យកម្ពុជាចាកចេញពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។ ដូច្នេះ ពាក្យសម្តីរបស់លោក សម រង្ស៊ី គ្មានន័យអ្វីក្រៅពីបង្ហាញពីភាពល្ងឹតល្ងង់របស់ខ្លួននោះឡើយ។ដោយសារតែភាពងងឹតងងុលជ្រុលនិយមនេះហើយទើបលោក សម រង្ស៊ី ក្លាយជាអ្នកនយោបាយដ៏មហាបរាជ័យម្នាក់នៅកម្ពុជា។ នៅក្នុងឆាកនយោបាយជាតិ បុគ្គលរូបនេះកាន់តែឯកោអស់អ្នកគាំទ្រ ខណៈដែលនៅលើឆាកអន្តរជាតិ គ្មានមេដឹកនាំបរទេសណានិយាយពីឈ្មោះបុគ្គលនេះទៀតឡើយ។ នេះហើយដែលហៅថា អ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសារតែរត់តោងកន្ទុយក្បិនគេ ដោយសារគ្មានគំនិតខ្លួនឯងជាទីពឹង៕

ឯកអគ្គរដ្ឋទូតហ្វាំងឡង់ថ្មី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

2025/03/12 07:59:57 pm        106
ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោកជំទាវ គ្រីស្ទីណា គូវ៉ាចា សាន់តូពូឡូស ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងចំណាប់អារម្មណ៍ជាខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងហ្វាំងឡង់ និងកម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាអាទិ៍៖ ការបោសសម្អាតមីន, កសិកម្ម, និងការចុះបញ្ជីបណ្ណកម្មសិទ្ធិដីធ្លី។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនហ្វាំងឡង់ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្ន មានរយៈពេល៥៥ឆ្នាំមកហើយ។ ជាមួយគ្នានេះ, សម្ដេចបវរធិបតីជឿជាក់ថា​ តួនាទីរបស់​លោកជំទាវ​អគ្គរដ្ឋទូត​ នឹង​ចូលរួម​ចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​ និង​ពង្រីក​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ​កាន់រីក​ចម្រើន​ថែមទៀត។ សម្ដេចបវរធិបតីក៏បានលើកឡើងពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងវិស័យសុខាភិបាល, ការអប់រំ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតការងារ ព្រមទាំងការជំរុញការតភ្ជាប់ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។   សម្ដេចបវរធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីសក្កានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល, បរិស្ថាន, ពាណិជ្ជកម្ម, វិនិយោគ​ និងធុរកិច្ច ជាពិសេស លើសារ:សំខាន់នៃនិវានុវត្តន៍ និងការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យលោកជំទាវឯកអគ្គរដ្ឋទូតបន្តភ្ជាប់ទំនាក់ទំនង​ និង​សហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វាំងឡង់៕

ឯកឧត្តម ឈាង រ៉ា៖ ការប្រើប្រាស់ឱសថដែលគ្មានគុណភាព សុវតិ្ថភាព ប្រសិទ្ធភាព អាចឲ្យបរាជ័យក្នុងការព្យាបាល

2025/03/12 06:32:43 pm        116
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ការប្រើប្រាស់ឱសថដែលគ្មានគុណភាព សុវតិ្ថភាព ប្រសិទ្ធភាព អាចឲ្យបរាជ័យក្នុងការព្យាបាល ប្រឈមទៅនឹងភាពស៊ាំ ចំពោះឱសថប្រឆាំងមេរោគ ការវិវត្តន៍កាន់តែធ្ងន់ធ្ងរទទៅនឹងជំងឺ និងអាចឈានដល់ការស្លាប់បាត់បង់ជីវិត។​ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចកី្តព្រាងច្បាប់ ស្តីពី ផលិតផលឱសថ, នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តថា ព្រមទាំងធ្វើបាត់បង់ទំនុកចិត្តទៅលើសេវាសាធារណៈ និងឯកជន ពីសាធារណជនមកលើប្រព័ន្ធសុខាភិបាលរបស់យើងផងដែរ។ ផលិតផលឱសថជារឿយៗ គឺជាបន្ទុកដ៏ធំមួយ នៃការចំណាយទៅលើសុខភាពរបស់អ្នកជំងឺ និងប្រព័ន្ធសុខាភិបាល។ ដូច្នេះការប្រើប្រាស់នូវផលិតឱសថប្រកបដោយគុណភាព សុវតិ្ថភាព ប្រសិទ្ធភាព មិនត្រឹមតែជួយគាំទ្រដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជួយបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធសុខាភិបាល និងការការពារផ្នែកហិរញ្ញវត្ថុផងដែរ។ ការធានាបាននូវផលិតឱសថប្រកបដោយគុណភាព សុវតិ្ថភាព និងប្រសិទ្ធភាព ក៏ជាកត្តាចម្បងផងដែរ ក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ការពារប្រឆាំងការគំរាមកំហែងទៅនឹងសុខភាពសាធារណៈទប់ស្កាត់នឹងភាពស៊ាំ នឹងឱសថប្រឆាំងមេរោគ និងរួមចំណែកក្នុងការត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ន នៃសុខភាពសាធារណៈ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា ក្របខណ្ឌនីតិប្បញ្ញត្តិដ៏រឹងម៉ាំ ក៏រួមចំណែកដល់សេដ្ឋកិច្ចជាតិ អនុញ្ញាតឲ្យមានការអភិវឌ្ឍន៍ និងកំណើនឧស្សាហកម្មក្នុងស្រុក ប្រកបដោយគុណភាព និងការធានាបាននូវផលប្រយោជន៍អ្នកវិនិយោគ និងប្រជាជនទូទៅ។ ដើម្បីសម្រេចបាននូវចំណុចខាងលើនេះ ច្បាប់ និងបទប្បញ្ញតិ្ត ត្រូវមានភាពទូលំទូលាយច្បាស់លាស់ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងនិងក្រៅវិស័យសុខាភិបាលស្របតាមគោលនយោបាយគ្រប់គ្រងឱសថ ក្នុងតំបន់អាស៊ានផងដែរ។ ការលើកកម្ពស់គុណភាព សុវតិ្ថភាព និងប្រសិទ្ធភាពផលិតផលឱសថ ក៏ដូចជាការឆ្លើយតប ទៅនឹងការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព ត្រូវមានច្បាប់ និងបទប្បញ្ញតិ្តគ្រប់ជ្រុងជ្រោយ និងមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលមានសមត្ថភាព ដើម្បីធានាថាការផលិត ការធ្វើពាណិជ្ជកម្ម និងការប្រើប្រាស់ផលិតផលឱសថ ត្រូវបានអនុវត្តន៍ត្រឹមត្រូវ ក្នុងគោលដៅឲ្យសាធារណជន ទទួលបាននូវផលិតផលឱសថ មានគុណភាព សុវតិ្ថភាព និងប្រសិទ្ធភាព ព្រមទាំងទទួលបាននូវព័ត៌មានត្រឹមត្រូវស្តីពីផលិតផលឱសថ។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះ នឹងពិភាក្សាគ្នាឱ្យបានផុសផុល ផ្តល់គំនិត និងយោបល់គ្រប់ជ្រុងជ្រោយ ចូលរួមធ្វើឱ្យសេចក្តីព្រាងច្បាប់ថ្មីនេះ ស្របតាមស្ថានភាពជាក់ស្តែង  និងអាចអនុវត្តបាន ដើម្បីលើកកម្ពស់វិស័យសុខាភិបាលឱ្យកាន់តែរីកចំរើន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៅជ្រុងទី៣ នៃយុទ្ធសាស្រ្តបញ្ចកោណទី១ ដែលបានផ្តោតលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដោយឈរលើគោលជំហរ «សុខាភិបាលមិនមែនសម្រាប់តែទទួលព្យាបាលអ្នកឈឺនោះទេ សុខាភិបាល គឺសម្រាប់ថែរក្សានូវសុខភាពប្រជាជនយើងមិនឱ្យឈឺផងដែរ»។សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិតតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) ព្រមទាំងតំណាងអង្គភាពនានាក្រោមឱវាទក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ វិទ្យាស្ថានជាតិ គណៈវិជ្ជាជីវៈទាំង៥ សមាគមពាក់ព័ន្ធ វិស័យឯកជនពាក់ព័ន្ធ និងចូលរួមតាមប្រព័ន្ធ Zoom ដោយមន្ទីរសុខាភិបាលខេត្ត តំណាងអាជ្ញាធរគ្រប់គ្រងឱសថប្រទេសអូស្រ្តាលី (TGA) និងតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច៕អត្ថបទ រដ្ឋា

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តែងការហួសចិត្តខណៈក្នុងពន្ធធនាគារខ្លះមានការជួញដូរគ្រឿងញៀន

2025/03/12 05:56:04 pm        134
ភ្នំពេញ ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងការហួសចិត្ត ខណៈពន្ធនាគារខ្លះមានការជួញដូរគ្រឿងញៀន ហើយករណីនេះគឺភាគច្រើនជាជនបរទេស ដូច្នេះក្រសួង នឹងធ្វើពន្ធនាគារដាច់ដោយឡែកមួយសម្រាប់ដាក់អ្នកញៀនគ្រឿងញៀនផងដែរនាពេលខាងមុខនេះ។ ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ «ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០» នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ស សុខា បានបញ្ជាក់ថា«យើងបានណែនាំរួចហើយក្នុងសន្និបាតក្រសួង គឺធ្វើម៉េចយើងសហការជាមួយពន្ធធនាគារ ពីព្រោះឥឡូវ នេះការបញ្ជាទិញ ហើយថ្មីៗនេះចុងក្រោយនៅ(ម១)ក៏មានការបញ្ជាទិញពីក្រៅយកទៅដល់ក្នុងដែរ ហើយមិនមែនជាខ្មែរទៅទៀត។ អញ្ចឹងហើយខ្ញុំគិតថា ពន្ធនាគារខ្លួនឯងត្រូវតែពង្រឹងលើកិច្ចការនេះ ហើយ សូមឲ្យទទួលខុសត្រូវពេលចុះហើយឃើញ…»។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា«ជាពិសេសនៅក្នុងពន្ធនាគារនេះគឺជាសម្បុក ជាកន្លែងជួញដូរ(គ្រឿងញៀន)ដ៏ស្របច្បាប់។ អញ្ចឹងហើយកាល ពីប្រជុំជាមួយឯកឧត្តមអគ្គខ្ញុំក៏បានលើកឡើងផងដែរ គឺយើងគិតគួររួចទៅហើយក្នុងការរៀបចំពន្ធនាគារ ដោយឡែកដាក់តែអ្នកញៀនសុទ្ធ»។ បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហើបឲ្យដឹងផងដែរថា សព្វថ្ងៃអ្នកជាប់ពន្ធនាគារណែន ណាន់តាន់តាប់ ដែលរហូតដល់ម៉ោងនេះគឺមាន៥៥០០០នាក់ជាងហើយ ដោយក្នុងនោះពីជាង៣០ទៅ ៤០ភាគរយគឺជាប់ពាក់ព័ន្ធគ្រឿងញៀន។ យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យមន្ត្រីនិងកងកម្លាំងទាំងអស់ មិនត្រូវធ្វើជាខ្នងបង្អែកឧក្រិដ្ឋគ្រឿងញៀនជាដាច់ខាត ប្រសិនបើមានការពាក់ព័ន្ធនិងស្រាវជ្រាវរកឃើញនោះ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត និងលុបឈ្មោះចេញក្របខ័ណ្ឌ ស្របគោលការណ៍ (កាត់សាច់ស្អុយនោះចោល)។ មួយវិញទៀតឯកឧត្តមក៏បានដាស់តឿនដល់មន្រ្តីពន្ធនាគារទូទាំងប្រទេស ត្រូវត្រួតពិនិត្យឡើងវិញ ចំពោះការបើកដៃឲ្យមានការជួញដូរគ្រឿងញៀន និងប្រព្រឹត្តិសកម្មភាពផ្សេងដែលផ្ទុយពីច្បាប់កំណត់នោះ៕អត្ថបទ ៖ បាន ចក់

សត្វក្តាមជាច្រើត្រូវបានព្រលែងចូលស្ថានីយក្នុងខេត្តកែប ដើម្បីថែបំប៉នសម្រាប់បន្តពូជ

2025/03/12 05:50:56 pm        559
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញប្រលែងក្តាមមេមានពងក្រៅ នៅស្ថានីយភ្ញាស់កូន និងថែបំប៉នមេក្តាមសេះ ស្ថិតនៅភូមិថ្មី ឃុំព្រៃធំ សង្កាត់កែប ក្រុងកែប ខេត្តកែប នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ។ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឲ្យដឹងថា ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនូវធនាគារក្តាម និងបានប្រលែងក្តាមមេមានពងក្រៅ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យបន្តការងារនេះបន្ថែមទៀត និងថែរក្សាឱ្យគង់វង្សយូរអង្វែង៕

ទំនប់សន្តរស្ទាក់ទឹកគៀនតាស៊ីវជាង៧លានម៉ែត្រគីបត្រៀមបញ្ចប់ការងារសាងសង់នៅប៉ុន្មានខែខាងមុខនេះហើយ

2025/03/12 04:30:25 pm        290
ស្វាយរៀង ៖ ទំនប់សន្តរស្ទាក់ទឹកអាងគៀនតាស៊ីវ ស្ថិតនៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រពន្ធ័ធារាសាស្រ្តរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបានត្រៀមបិទបញ្ចប់ការងារសាងសង់នៅពេលខាងមុខនេះបន្ទាប់ពីដំណើរការស្ថាបនារយៈពេល៣ឆ្នាំជាប់ៗគ្នា។លោកសុខ សំអន មេឃុំស្វាយយា ស្រុកស្វាយជ្រំ បានប្រាប់ទូរទស្សន៍ btv នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះថា អាងស្តុបទឹកគៀនតាស៊ីវ គឺជាគម្រោងរបស់រាជរដ្ឋាភិបាល ហើយអាងនេះបន្ទាប់ពី ក្រុមការងារក្រសួងធនធានទឹកនិងឧតុនិយម បញ្ចប់ការងារសាងសង់មានវិសាលភាពអាចស្តុបទឹកប្រមាណជាង ៧លានម៉ែត្រគីបសម្រាប់ផ្ដល់ឲ្យពលរដ្ឋធ្វើការងារបង្កបង្កើតផលទាំងប្រាំង និង វស្សា នៅក្នុងភូមិសាស្ត្រនេះដោយគ្មានកង្វល់ពីការកង្វះទឹកប្រើប្រាស់លើការងារបង្កបង្កើតផលស្រូវ បន្លែ និងសត្វ ខណះដែល ឃុំស្វាយយា ជាឃុំ នៅឆ្ងាយពីសាលាស្រុក និងសាលាខេត្តស្វាយរៀងក៏ពិតមែន។ ជុំវិញការងារស្ថាបនាទំនប់សន្តរស្ទាក់ទឹក តំណាងពលរដ្ឋឃុំស្វាយយា បានមានចំណាប់អារម្មណ៍ដោយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ដែលសម្ដេចបានគិតគូរពីជីវភាពរបស់ពលរដ្ឋតាមរយៈកសាងរាល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ពិសេសប្រព័ន្ធធារាសាស្ត្រដែលជាចំណែកមួយជួយជំរុញដល់កសិករក្នុងការលើកកម្ពស់ជីវភាពតាមរយៈបង្កបង្កើតផលស្រូវបន្លែនិងចិញ្ចឹមសត្វ ។សំឡេង......លោកគឹម សាវុធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀងបានប្រាប់ទូរទស្សន៍ប៊ី ធី វី តាមរយៈសាតេឡេក្រាមឲ្យដឹងថាប្រព័ន្ធទំនប់សន្តរស្ទាក់ទឹកគៀនតាស៊ីវ បន្ទាប់ពីក្រុមការងារសាងសង់រួចអាងមានវិសាលភាពផ្ដល់ទឹកឲ្យពលរដ្ឋបង្ករបង្កើនផលបានចំនួន២ឃុំ ៩ភូមិ ក្នុងនោះទឹកធានាផ្គត់ផ្គង់អោយកសិករធ្វើស្រែនៅក្នុងរដូវវស្សាបានចំនួន២ពាន់៤៧៣ហិចតា  និងនៅរដូវប្រាំងបានចំនួន២៨០ហិចតា  រួមនិងបម្រើបម្រាស់ការងារដាំដំណាំរួមផ្សំ និងសត្វផឹងផងដែរ ។ ​​​​​ ដោយ ៖ ភា សារិទ្ធ​     

គុនល្បុក្កតោ ជាកម្មវិធីមួយក្នុងព្រឹត្តិការណ៍អង្គរសង្រាន្ត រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ថែរ​ក្សា​អត្តសញ្ញាណក្បាច់គុនបុរាណខ្មែរ និងផ្សព្វផ្សាយ​ឱ្យ​កាន់​តែ​ល្បីល្បាញ​ទៅ​កាន់​សាធារណ​ជន

2025/03/12 03:40:18 pm        439
កម្មវិធីគុនល្បុក្កតោ ជាកម្មវិធីមួយនៅក្នុងព្រឹត្តិការណ៍អង្គរសង្រាន្ត ដែលរៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ថែរ​ក្សា​អត្តសញ្ញាណក្បាច់គុនបុរាណខ្មែរ និងផ្សព្វផ្សាយ​ឱ្យ​កាន់​តែ​ល្បីល្បាញ​ទៅ​កាន់​សាធារណ​ជន ដែលបានចូលរួម​ទស្សនា និង​អាច​ចូលរួម​ក្នុង​ការ​ហ្វឹក​ហាត់​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំនាញ​ ហើយថែមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ ស្មារតី ភាពរហ័ស​រហួន​ ភាពបត់បែននៃរាងកាយទាំងមូល និងជាសិល្បៈ​តស៊ូ​មួយ​ដែល​អាច​យក​ម​កប្រើ​ប្រាស់​ការពារ​ខ្លួន។ ក្រៅពីនេះ កម្មវិធីផ្តល់ជូននូវការសម្តែងក្បាច់គុន ការហាត់សមក្បាច់គុន ការនិទាន​រឿង​អំពី​គុនល្បុក្កតោ ពិព័រណ៍គ្រឿងសព្វាវុធបុរាណ និងការចូល​រួម​លេង​ល្បែង​កម្សាន្ត​ដែល​ទាក់​ទង​នឹង​ក្បាច់គុនល្បុក្កតោជាដើម។គុនល្បុក្កតោជាកេរដំណែលដ៏ផូរផង់របស់ដូនតាខ្មែរបន្សល់ទុកមក និងត្រូវបានចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ២០២២។ កុំភ្លេចចូលរួម​រីករាយ​ក្នុង​កម្ម​វិធីនេះទាំងអស់គ្នាទទួលបានការយល់ដឹងបន្ថែមពីគុនល្បុក្កតោ ក៏ដូចជាចូលរួមថែរក្សា និ​ង​លើក​ស្ទួយមរតកដូនតា។

យុវជនរៀនចប់ និងទទួលបានការងារជាង ១ម៉ឺននាក់ ពីការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​របស់​រាជរដ្ឋាភិបាល

2025/03/12 02:43:08 pm        432
កម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រហូតមកដល់ពេលនេះ មាន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​សរុប​ចំនួនជាង ៩ម៉ឺន ៨ពាន់នាក់។ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅល្ងាចថ្ងៃទី១១ ខែមីនានេះ ឲ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ​២០២៥ កម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ សិស្សចុះឈ្មោះចូលរៀនសរុបចំនួន ៩៨ ៦៦២នាក់ ក្នុង​នោះក្រុមគោលដៅ ចំនួន ៣៧ ៥២៤នាក់, សិស្សកំពុងរៀននៅក្នុងថ្នាក់ជាង ៣ម៉ឺន ៤ពាន់​នាក់, សិស្សបានបញ្ចប់ការសិក្សា ចំនួនជាង ២ម៉ឺន ៥ពាន់នាក់ ក្នុងនោះក្រុមគោលដៅចំនួនជាង ១ម៉ឺន ១ពាន់នាក់ និងសិស្សទទួលបានការងារធ្វើសរុបចំនួន ១១ ៨៣៨នាក់ ក្នុងនោះ​ក្រុម​គោល​ដៅ​ចំនួន ៥ ៦៥៩នាក់។ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋជាមាតាបិតា និងជា​អាណាព្យាបាល​របស់យុវជនទាំងអស់ សូមលើកទឹកចិត្ត និងជំរុញឲ្យយុវជន​ចុះ​ឈ្មោះរៀ​ន​ជំនាញ​វិជ្ជា​ជីវៈ និងបច្ចេកទេស (TVET) ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ក្នុងជីវិត និងមាន​ការងារ​សមរម្យ។សូមបញ្ជាក់ថា ក្នុងគោលដៅដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បី​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។ ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ជាសេនាធិកា បានតាំងចិត្តថា នឹងជំរុញ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​តាម​រយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បី​រួម​ចំណែក​ដល់សេដ្ឋកិច្ចជាតិ និងស្វែងរកការងារកាន់តែប្រសើរ។ ដើម្បីឱ្យកម្មវិធី​បណ្តុះបណ្តាលនេះកាន់តែងាយស្រួល និងទូលំទូលាយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន បានកំណត់ឱ្យ​សាលា​បណ្តុះ​បណ្តាល​បច្ចេក​ទេស​ទាំង​អស់​ត្រូវ​តែមានកម្មវិធីបត់បែន ទន់ភ្លន់ និងច្រើនជម្រើស ដែលអាចបណ្តុះបណ្តាលនៅវេនយប់ និង​វេនថ្ងៃសៅរ៍-អាទិត្យ ដើម្បី​បង្កើត​ឱកាស​យ៉ាង​ទូលាយ​សម្រា​ប់យុវជន​ក្រុម​គោល​ដៅ​អាច​មក​សិក្សា​វគ្គ​បណ្តុះបណ្តាលដ៏សំខាន់នេះ។ ទាក់ទិនកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ខាងលើនេះដែរ សម្រាប់ឆ្នាំ២០២៥នេះ តាមរយៈ​ទី​ភ្នាក់​ងារ​ជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែផ្តល់​ឱកាស​ដល់​យុវជនក្នុងវិស័យសំខាន់ៗដែលទីផ្សារត្រូវការ ក្នុងនោះសេវាកម្ម,ឧស្សាហកម្ម និងកសិកម្ម។ ក្រសួង​នឹងសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីផ្តល់ឱកាសការងារ ផ្សព្វ​ផ្សាយ​ដល់​យុវជន ដើម្បីស្វែងរកការងារធ្វើ ហើយធ្វើយ៉ាងណា​ការ​ផ្គូផ្គង​រវាង​នយោជក​ដែល​មាន​តម្រូវ​ការ​ការងារ និងយុវជនដែលចង់ធ្វើការឱ្យបានជួបគ្នាដើម្បីទទួលបានឱកាសការងារដែលខ្លួនពេញ និង​មានប្រាក់ចំណូលសមរម្យ។ ចំណែកឯក្រុមហ៊ុន ក៏ទទួលបាន​ធនធា​នម​នុស្ស​មន្រ្តី​ដែល​ខ្លួន​ត្រូវ​ការ​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា៖ ការចោទប្រកាន់របស់បុគ្គលជ្រុលនិយម​នៅក្រៅប្រទេស​ចំពោះ​សម្ដេចតេជោ គឺគ្មានតម្លៃអ្វីទាំងអស់សម្រាប់ប្រជាជនខ្មែរ ខណៈបុគ្គលនេះជា​អ្នក​នយោបាយ​កេញ​ចំណេញតាមពីក្រោយព្រឹត្តិការណ៍ប្រទេសនេះ ប្រទេសនោះប៉ុណ្ណោះ!

2025/03/12 02:26:00 pm        665
ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទុកសកម្មភាព​របស់​មេដឹកនាំ​ជ្រុល​និយម​រត់​ចោលស្រុក ដែលបន្តធ្វើសកម្មភាពចោទប្រកាន់ បំភ្លៃព័ត៌មាននានា ចំពោះ​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹក​នាំ​ដោយគណបក្សប្រជាជនកម្ពុជា គឺគ្មានតម្លៃអ្វីទាំងអស់សម្រាប់ប្រជាជនខ្មែរ ខណៈ​មេដឹកនាំ​ជ្រុលនិ​យម​រូប​នេះ​ជា​អ្នក​នយោបាយ​កេញ​ចំណេញ​តាម​ពី​ក្រោយ​ព្រឹត្តិការណ៍​ប្រទេស​នេះ ​ប្រទេសនោះប៉ុណ្ណោះ។លោក ជា ធីរិទ្ធ មើលឃើញថា ការចោទប្រកាន់របស់បុគ្គលរូបនេះ គ្មាន​តម្លៃ​អ្វី​ទាំង​អស់​សម្រាប់​ប្រជា​ជន​ខ្មែរ ព្រោះប្រជាជន​លោក​បាន​ដឹង​ហើយ​នូវ​នយោបាយ​ប្រជាភិថុតិ​ដដែលៗ​របស់​បុគ្គល​រូប​នេះ​ ដែលជាអ្នកនយោបាយគ្មានចក្ខុវិស័យនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីផល​ប្រយោជន៍​ជាតិ​ទេ​។ ផ្ទុយទៅវិញចេះតែធ្វើនយោបាយមួរបង្កាច់ បំភ្លៃ និង​កេញ​ចំណេញ​តា​ម​ពី​ក្រោយ​ព្រឹត្តិការ​ណ៍ប្រទេសនេះ ប្រទេសនោះដែលកំពុងមានបញ្ហា ដើម្បីបំពេញ​តណ្ហា​នយោបាយ​សង​សឹក​របស់​ខ្លួន​តែប៉ុណ្ណោះ។ ម្លោះហើយទើបបុគ្គលរូបនេះ បរាជ័យ អស់អ្នកគាំទ្រដូចសព្វថ្ងៃនេះ។ លោក ជា ធីរិទ្ធ បានបញ្ជាក់ថា៖«ចំណែកសម្តេចតេជោ លោកជាអ្នកសង្គ្រោះអាយុជីវិតប្រជាជន នៅ​ជា​មួយប្រជាជនគ្រប់កាលៈទេសៈ នាំសន្តិភាព និងធានាសន្តិភាពឲ្យកម្ពុជា ដោយ​ខ្ញុំ​មិន​ចាំ​បាច់​បរិយាយ​ ឬ​បៀបធៀបនោះទេ ព្រោះប្រជាជនខ្មែរលោកដឹងច្បាស់ណាស់»។ លោក ជា ធីរិទ្ធ មើលឃើញថា ការមួរ​បង្កាច់ ការបំភ្លៃ របស់បុគ្គលរូបនេះ គឺបានក្លាយជាប្រពៃណី ដោយ​ជាប់​ជ្រៅនៅក្នុងសន្តាននយោបាយប្រជាភិថុតិរបស់គាត់ទៅហើយ ដែល​គ្មាន​តម្លៃ​អ្វី​ដែល​ត្រូវ​ឆ្លើយ​តបច្រើនពេកនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM