សាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
វៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
កម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
ប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ដែលបាន​ផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីយុទ្ធនាការគ្រប់គ្រាន់ក្រោមពាក្យស្លោក «ជីវភាពគ្រប់គ្រាន់ អាហារគ្រប់គ្រាន់»

2025/03/11 03:23:57 pm        169
នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីយុទ្ធនាការគ្រប់គ្រាន់ក្រោមពាក្យស្លោក «ជីវភាពគ្រប់គ្រាន់ អាហារគ្រប់គ្រាន់» ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ ពិធីនេះក៏មានការចូលរួមពីសំណាក់ លោក លោកស្រីជាអភិបាលរងខេត្ត អភិបាលក្រុង/ស្រុក ទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការទស្សនៈពិភពលោក ប្រជាពរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកក្របាទក្រហម យុវជន ស.ស.យ.ក និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ គួរបញ្ជាក់ជូនថា ពិធីនេះក៏បានរៀបចំក្បួនដង្ហែរ ដោយចាប់ផ្ដើមពីរង្វង់មូលព្រះនរាយណ៍ ឆ្ពោះទៅសាលាខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីអំពាវនាវឱ្យមានការវិនិយោគ ភាពជាម្ចាស់ និងការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធដើម្បីកែលម្អរបបអាហារ ដែលមានសុខភាព ជម្រុញការប្តេជ្ញាចិត្តក្នុងចំណោមភាគីពាក់ព័ន្ធនានា ក្នុងការអនុវត្តយុទ្ធសាស្ត្រសន្តិសុខភាពស្បៀងជាតិ២០២៤-២០២៨ និងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយស្តីអំពីសុវត្ថិភាពចំណីអាហារ របបអាហារដែលមានសុខភាពល្អ ការជ្រើសរើសអាហារ និងទម្លាប់នៃការបរិភោគឱ្យបានសមស្រប។

ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ គឺមុន និងអំឡុងបុណ្យចូលឆ្នាំខ្មែរ

2025/03/11 03:23:55 pm        301
ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ការអនុញ្ញតនេះ គឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច និងមិនអនុញ្ញាត្តឱ្យឈប់យានយន្តលើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែកចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។គួរបញ្ជាក់ថា ស្ពានខ្ពស់ជាងញគេនេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់៩៦%ហើយ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដោយធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ(មួយប្រឡោះចំនួន ៤ធ្នឹម) បានដំឡើងរួចរាល់។ កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា រៀបចំចាក់បេតុងធ្នឹមកាត់ទទឹង ចាក់បេតុងកម្រាល រៀបចំបង្កាន់ដៃ និងចាក់ AC (Asphalt concrete)បំពាក់ស្លាកសញ្ញាសុវត្ថិភាព ជាកិច្ចបង្ហើយ៕

ផ្លូវលំក្រាលខ្សាច់ភ្នំប្រវែងជាង១១គីឡូម៉ែត្រនៅខេត្តស្វាយរៀងត្រូវបានក្រុមការងារស្ថាបនាសម្រេចជាង៥០%ត្រៀមដាក់ឲ្យពលរដ្ឋប្រើប្រាស់

2025/03/11 03:15:20 pm        62
ស្វាយរៀង ៖ ផ្លូវលំជនបទក្រាលខ្សាច់ភ្នំប្រវែង១១គីឡូ៤៧៥ម៉ែត្រ និងលូរំដោះទឹក ចំនួន ១១កន្លែង ស្ថិតនៅភូមិចំនួន ៩ របស់ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២៤ បច្ចុប្បន្នក្រុមការងារស្ថាបនាសម្រេចបានជាង៥០%នឹងដាក់ឲ្យពលរដ្ឋប្រើប្រាស់នៅមុនរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ លោកភោគ វណ្ណថន មេឃុំក្រោលគោ ស្រុកស្វាយជ្រំបានបញ្ជាក់ប្រាប់ទូរទស្សន៍ BTVនៅថ្ងៃទី១០ខែមិនា ឆ្នាំ២០២៥ នេះថា ឃុំក្រោលគោនៅឆ្នាំ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាលតាមរយះរដ្ឋបាលខេត្តបានវិភាគថវិកាចំនួន ៣០៩លាន៦សែន៨ម៉ឺន៨ពាន់៥០០រៀល សម្រាប់ស្ថាបនាផ្លូវ ក្រាលខ្សាច់ភ្នំខ្នងលើទទឹងផ្លូវ៥ម៉ែត្រទាំង៩ខ្សែបណ្ដោយប្រវែង១១គីឡូ៤៧៥ម៉ែត្រ បច្ចុប្បន្នសម្រេចបាន៥០%  ។ លោកបានបញ្ជាក់បន្ថែមថាកត្តាដែលការងារស្ថាបនាផ្លូវមានការយឺតដោយគម្រោងរដ្ឋបាលឃុំបានដាក់អោយក្រុមការងារដេញថ្លៃក្នុងអំឡុងខែ១០.១១ ឆ្នាំ២០២៤  គឺជ្រុលពេល ពេលដែលត្រូវធ្វើ តំបន់នោះប្រឈមទឹកលិចក្រុមការងារយកអាចម៏មិនបានទើបការងារអូសបន្លាយពេលរហូតដល់ខែ៣ឆ្នាំ២០២៥បែននេះ ។ ជុំវិញរដ្ឋបាលឃុំក្រោលគោស្ថាបនាផ្លូវ តំណាងពលរដ្ឋ ភូមិ ឃួច បានមានចំណាប់អារម្មណ៏ ដោយសំដែងនូវការសប្បាយរីករាយ និងគោរពថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ផ្តល់និងវិភាជថវិកាតាមរយះមូលនិធិឃុំប្រចាំឆ្នាំយកមកស្ថាបនាផ្លូវចូលមកភូមិរបស់ពួកខ្ញុំ ដែលសកម្មភាពទាំងអស់នេះគឺជាការយកចិត្តទុកដាក់គិតគូរនិងតម្កល់ផលប្រយោជន៍ពលរដ្ឋនៅតាមមូលដ្ឋាន សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រតាមរយៈបង្ខិតតំបន់ផ្សេងៗឲ្យនៅជិតក្នុងការរួមចំណែកប្រាស្រ័យទំនាក់ទំនងក្នុងការធ្វើដំណើរនិងផ្លាស់ប្ដូរទំនិញ ខណៈដែលនៅតំបន់នេះពុំមានទាន់មានផ្លូវល្អប្រើប្រាស់។សំឡេង....សូមបញ្ជាក់ថាផ្លូវក្រាលខ្សាច់ភ្នំជាង១១គីឡូម៉ែត្រនេះ ដែលរដ្ឋបាលឃុំ ស្ថាបនាឆ្លងកាត់ចូលទៅភូមិចំនួន៩របស់ឃុំ រួមមានភូមិបន្លាស្អិតប្រវែង ២ពាន់៨៥០ ម៉ែត្រ និងដាក់លូចំនួន៤កន្លែង ភូមិឆ្លងប្រវែង ១ពាន់៤០០ម៉ែត្រនិងដាក់លូ៤កន្លែង ភូមិព្រៃញយប្រវែង ៩ពាន់២៥០ ម៉ែត្រ ភូមិឬស្សីជួរខាងត្បូងប្រវែង១ពាន់៣០០ម៉ែត្រ ភូមិឬស្សីជួរខាងជើងប្រវែង២ពាន់ម៉ែត្រ ភូមិបឹងរ៉ៃខាងជើងប្រវែង៥០០ម៉ែត្រ ភូមិឬស្សីទទឺងប្រវែង១ពាន់ម៉ែត្រ និងភូមិ ឃួច ប្រវែង៤៥០ម៉ែត្រ ។ ដោយ ៖ ភា សារិទ្ធ 

ឯកអគ្គរដ្ឋទូតសិង្ហបុរី៖ «សម្ដេចតេជោជារដ្ឋបុរសមួយរូបសម្រាប់ប្រជាជនកម្ពុជា និងជាមេដឹកនាំ​មាន​​គតិបណ្ឌិត​ដោះស្រាយបញ្ហាតំបន់ និងពិភពលោក»

2025/03/11 03:14:00 pm        279
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការរីករាយ ស្វាគមន៍ក្នុងការជួបលោកជំទាវជាថ្មី ដោយការជួបលោកជំទាវលើកទីមួយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ក្នុងពេលសម្ដេចតេជោ នៅជានាយករដ្ឋមន្រ្ដី ហើយនៅក្នុងពេលនេះសម្ដេចតេជោ ជាប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។ ក្នុងឱកាសជំនួបនេះសម្ដេចតេជោ និងលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី បានចែករំលែកគ្នាទៅវិញទៅមកនៅបញ្ហាមួយចំនួនដែលកើតមានឡើងនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល ជាពិសេសបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកើតឡើងនាពេលបច្ចុប្បន្ននេះដែលទាមទារឱ្យភាគីទាំងពីរ ពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា សិង្ហបុរី ក្របខណ្ឌអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការចូលរួមចំណែក និងការពង្រឹងកិច្ចសហការទ្វេភាគីនៃប្រទេសទាំងពីរ ពីព្រោះថា កន្លងមកសម្ដេចតេជោក៏ធ្លាប់បានរំលេចដែរថា យើងត្រូវសំឡឹងមើលទីផ្សារដែលនៅជិត នៅក្នុងភូមិផងរបងជាមួយគ្នា ជាពិសេសនៅក្នុងតំបន់អាស៊ាន។ ក្របខណ្ឌដែលសម្ដេចតេជោចង់រំលេចនោះ គឺចង់ឱ្យប្រទេសសិង្ហបុរី ក៏ដូចជាកម្ពុជា សំឡឹងជាមួយគ្នាក្នុងការធ្វើការក្រខណ្ឌអាស៊ាន ក្របខណ្ឌ RCEP ពីព្រោះក្នុងក្របខណ្ឌអាស៊ានសម្ដេចតេជោបានបញ្ជាក់ថា យើងមានប្រជាជនរហូតដល់ជាង ៦០០ លាននាក់ ចំណែក្របខណ្ឌ RCEP យើងមានប្រជាជនដល់ជាង ២ ពាន់លាននាក់ ដូច្នេះគឺជាទីផ្សារមួយដ៏ធំ ហើយឋិតនៅក្នុងតំបន់ដែលប្រទេសអាស៊ានគួរយកចិត្តទុកដាក់ចំពោះទីផ្សារដែលនៅកៀកៗគ្នាបែបនេះដែលអំណោយផលចំពោះការធ្វើទីផ្សារជាមួយគ្នា។សម្ដេចតេជោ ក៏បានរំលេចថា ចំពោះទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងសិង្ហបុរីមកដល់ពេលនេះមានការរីកចម្រើនជាបន្តបន្ទាប់តាមរយៈទំនាក់ទំនងទាំងការផ្លាស់ប្ដូរនូវទស្សនកិច្ចរវាងមេដឹកនាំនៃប្រទេសទាំងពីរ ទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ត្រូវជំរុញបន្ថែមផងដែរ។ នៅក្នុងចំណុចនេះសម្ដេចតេជោ ក៏បានជំរុញឱ្យធ្វើយ៉ាងណាការធ្វើពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-សិង្ហបុរីឱ្យកាន់តែកើនឡើងថែមទៀត ខណៈមកដល់ពេលនេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានខ្ទង់ជាង១ពាន់លានដុល្លារ ដូច្នេះសម្ដេចសង្ឃឹមថា ក្នុងឱកាសខួប៦០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ នឹងបន្តជំរុញទំនាក់ទំនង និងពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងឱកាសនោះសម្ដេចប្រមុខរដ្ឋស្ដីទី ក៏បានរំលេចឡើងថា ជើងហោះហើរត្រង់រវាងកម្ពុជា-សិង្ហបុរី គឺមានកំណើនគួរឱ្យគត់សម្គាល់ និងគួរឱ្យសាទរ ប៉ុន្ដែសម្ដេចចង់ឃើញកំណើនជើងហោះហើររវាងប្រទេសទាំងពីរមានការរីកចម្រើនថែមទៀត។ ជាការឆ្លើយតបលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី បានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងជំរុញនូវពាណិជ្ជកម្ម ការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង និងបន្តជំរុញវិនិយោគិនសិង្ហបុរីឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ក្នុងឱកាសនេះដែរ លោកជំទាវបានកោតសរសើរចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់តាំងពីសម្ដេចនៅជានាយករដ្ឋមន្រ្ដីនៃកម្ពុជា រហូតដល់ក្លាយជាប្រមុខរដ្ឋស្ដីទី ក៏ដូចជាប្រធានព្រឹទ្ធសភានៃកម្ពុជា គឺសម្ដេចតែងតែមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយនូវបញ្ហាតំបន់ និងបញ្ហាពិភពលោក។ លោកជំទាវប្រើពាក្យចំៗថា «សម្ដចតេជោ គឺជារដ្ឋបុរសមួយរូបសម្រាប់ប្រជាជនកម្ពុជា និងជាមេដឹកនាំដែលមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយបញ្ហាតំបន់ ក៏ដូចជាពិភពលោក ដែលសម្ដេចជាមេដឹកនាំដែលមានបទពិសោធន៍ច្រើនហើយអាចចែករំលែកនូវគតិបណ្ឌិតសម្រាប់ដោះស្រាយបញ្ហានានាជាពិសេសបញ្ហានៅក្នុងតំបន់»។ ក្នុងឱកាសនោះលោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរ ចំពោះការដឹកនាំបន្តវេនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាគឺបានបន្តដឹកនាំប្រទេសដោយរលូន ខណៈមកដល់ពេលនេះអ្នកដឹកនាំបន្តវេនកំពុងតែខិតខំប្រឹងប្រែងខិតខំអភិវឌ្ឍប្រទេសកម្ពុជា និងរក្សាបាននូវសន្ដិភាព ធ្វើឱ្យសង្គមសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានមោទនភាព និងអរគុណយ៉ាងក្រៃលែងចំពោះស្រ្តីបម្រើការជាប្រតិបត្តិករក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

2025/03/11 03:09:44 pm        173
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ប្រកបដោយក្តីមោទនភាពចំពោះសេចក្តីអង់អាចក្លាហាន និងពលិកម្មរបស់ស្រ្តីដែលជាប្រតិបត្តិករប្រលូកផ្ទាល់ក្នុងវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីផ្តល់នូវសេចកី្តសុខសុវតិ្ថភាពជូនជាតិ និងប្រជាជន ព្រមទាំងចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជាឡើងវិញ។ការបង្ហាញនូវក្តីមោទនៈនេះធ្វើឡើងក្នុងឱកាសដែលសម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យប្រតិភូនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដឹកនាំដោយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់ CMAC ដែលបានជួយសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ មក ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងប្រែក្លាយដីសម្រាប់សកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍនានា។ សម្តេចប្រធានរដ្ឋសភា បានបន្តថា កម្ពុជាជាប្រទេសរងផលប៉ះពាល់ដោយសង្គ្រាម និងជាប្រទេសស្រឡាញ់សន្តិភាព។ នៅឆ្នាំ ១៩៩៧ កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ក្នុងកិច្ចការបោសសំអាតមីន និងសំណល់ពីសង្រ្គាមនេះ ស្រ្តីទទួលផលប៉ះពាល់ និងបន្ទុកយ៉ាងធ្ងន់ធ្ងរទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រោះត្រូវមើលថែទាំសមាជិក ឬខ្លួនឯងផ្ទាល់ដែលរងគ្រោះដោយសារមីន និងសំណល់សង្គ្រាម។ សម្តេចប្រធានរដ្ឋសភា ក៏បានសម្តែងនូវការអរគុណដល់ CMAC ដែលមិនត្រឹមតែបានសង្រ្គោះជីវិតមនុស្សពីមហន្តរាយដោយសារមីនប៉ុណ្ណោះទេ ថែមទាំងបានជួយដល់សេដ្ឋកិច្ចគ្រួសារធ្វើយ៉ាងណាឱ្យគ្រួសារដែលរងគ្រោះ មានលំនឹងជីវភាព តាមរយៈការជួយបណ្តុះបណ្តាលចិញ្ចឹមសត្វ ដាំដុះ និងការផ្គត់ផ្គង់ថែទាំជួសជុលដៃជើងសិប្បនិម្មិតដល់គ្រួសារទាំងនោះ។ឯកឧត្តម ហេង រតនា បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានកំណត់យកសកម្មភាពមីនជាផ្នែកមួយដ៏សំខាន់ ព្រមទាំងបានសម្រេចដាក់បញ្ចូលសកម្មភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី ៩ នៃគោលដៅអភិវឌ្ឍន៍ សហសវត្សរ៍ និងដាក់ចូលជាគោលដៅទី ១៨ នៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ “កម្ពុជា គឺជាប្រទេសដែលគ្មានមីន ហើយការគំរាមដោយសារសំណល់ជាតិផ្ទុះ ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព”។ ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា កិច្ចខិតខំប្រឹងប្រែងនេះ រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីចំនួនជាង ៤០០០ នាក់ ក្នុងឆ្នាំ ១៩៩៦ មកនៅក្រោមចំនួន ១០០ នាក់ ជាមធ្យម ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ។ ថ្វីត្បិតតែយើងទទួលបានជោគជ័យជាបន្តបន្ទាប់លើកិច្ចការនេះហើយក្តី យើងក៏ត្រូវប្រើពេលយូរទៅមុខទៀត ព្រោះសំណល់ពីសង្រ្គាមជាច្រើនមានទាំងក្នុងទឹក និងនៅលើគោក។ ក្នុងនោះដែរ គឺមានការចូលរួមចំណែកដ៏សំខាន់មិនអាចខ្វះបានរបស់ស្រ្តីជាប្រតិបត្តិករផ្ទាល់ ដោយឯកឧត្តម បានសង្កត់ធ្ងន់ថា ស្រ្តីបំពេញការងារប្រកបដោយវិជ្ជាជីវៈ ស្មារតី និងការយកចិត្តទុកដាក់ខ្ពស់ ធ្វើឱ្យការប្រឈមនឹងហានិភ័យ និងគ្រោះថ្នាក់អំឡុងពេលបំពេញការងារមានទាបជាងបុរស។ ឯកឧត្តម ក៏បានជម្រាបជូនផងដែរអំពីវឌ្ឍនភាព នៃការសាងសង់ “សារមន្ទីរតេជោសន្តិភាព” ស្ថិតក្នុងខេត្តសៀមរាប ដែលជាជំនួយរបស់ប្រទេសជប៉ុន មិនត្រឹមតែជាកន្លែងសិក្សា ស្រាវជ្រាវប្រវត្តិសង្គ្រាមទេ ប៉ុន្តែវាក៏ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសនានា ដែលមានបញ្ហាគ្រាប់ និងយុទ្ធភណ្ឌសង្គ្រាមផងដែរ។ ឯកឧត្តមបានជម្រាបបន្ថែមផងដែរថា សព្វថ្ងៃ CMAC បានក្លាយជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយដល់បណ្តាប្រទេសនានា មានដូចជាកូឡុំប៊ី អ៊ុយក្រែន និងអាហ្វ្រិកជាដើម ដែលជួបវិបត្តិគ្រាប់មីន និងសំណល់សង្គ្រាម។សម្តេចប្រធានរដ្ឋសភា បានបង្ហាញការគាំទ្រចំពោះការសាងសង់ “សារមន្ទីរតេជោសន្តិភាព” ដែលជាទីកន្លែងដ៏មានសារៈសំខាន់សម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបរំលឹកចងចាំនូវសោកនាដកម្មកើតឡើងពីសង្គ្រាម។ ការរក្សាទុក និងការតាំងបង្ហាញនូវប្រវត្តិសង្គ្រាម ស្វែងរកសន្តិភាព និងសកម្មភាពមីន នឹងផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជាលើកកម្ពស់ការយល់ដឹងពីអតីតកាល ជាមេរៀន និងបទពិសោធន៍សម្រាប់អភិវឌ្ឍខ្លួន និងជាមោទនភាពសម្រាប់សមិទ្ធផលដែលសម្រេចបាន។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា មេរៀនជាប្រវត្តិសាស្រ្ត បានបង្ហាញឱ្យយើងទាំងអស់គ្នា ត្រូវបន្តចូលរួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេនពីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាពដែលកម្ពុជារកបានដោយលំបាកសព្វថ្ងៃនេះ ដោយការពារដាច់ខាតពីការប៉ុនប៉ងណាមួយពីពួកអមិត្ត និងក្រុមជ្រុលនិយម ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីប្រជាជន និងដើម្បីប្រជាជន ឱ្យគង់វង្ស ឋិតថេរ ជានិច្ចនិរន្តរ៍ ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ ប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្ថែមថា សារមន្ទីតេជោសន្តិភាព នឹងជាទីកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនា និងស្វែងយល់ពីអតីតកាលរបស់កម្ពុជា បន្ថែមលើការធ្វើទេសចរណ៍បែបប្រពៃណី វប្បធម៌ សាសនា និងប្រាង្គប្រាសាទនានា៕

និស្សិតអាហារូបករណ៍ អ.ម.ត ២៩ រូប សិក្សានៅវិទ្យាស្ថានវ៉ាន់ដា ទទួលជ័យលាភីបញ្ចប់​ការសិក្សាដោយជោគជ័យ

2025/03/11 03:02:48 pm        132
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ និស្សិតអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ផ្តល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ២៩ រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានវ៉ាន់ដា ដោយជោគជ័យ និងបានចូលរួមពិធីប្រគល់សញ្ញាបត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងនាមថ្នាក់ដឹកនាំនៃគណៈកម្មាធិការអាហារូបករណ៍ និងសមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត សូមជូនពរដល់និស្សិតជ័យលាភីទាំង ២៩ រូប សូមទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចទាំងអាជីពការងារ និងការសិក្សាបន្តទៀត៕

ឯកឧត្តម អ៊ឹម ឈុនលឹម៖ រដ្ឋាភិបាលនីតិកាលទី៧ បានលើកកម្ពស់សិទ្ធិស្រ្តី និងឱកាសស្មើភាព

2025/03/11 02:56:18 pm        129
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានលើកកម្ពស់សិទ្ធិស្រ្តី និងក្មេងស្រីគ្រប់រូបឱ្យទទួលបានឱកាសស្មើភាពគ្នា។ការថ្លែងរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ធ្វើឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” និងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងផែនការសកម្មភាពឆ្នាំ២០២៥ របស់គណៈកម្មការកិច្ចការនារី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម មានប្រសាសន៍ថា ប្រធានបទនេះជាសារអំពាវនាវ ដើម្បីបង្កើនឱ្យមានសកម្មភាពនានាសំដៅផ្តល់ឱ្យស្រ្តី និង ក្មេងស្រីគ្រប់រូបនូវសិទ្ធិ ភាពអង់អាច និង ឱកាសស្មើៗគ្នា ដើម្បីបង្កើតនូវអនាគតមួយសម្រាប់ស្រ្តី និងក្មេងស្រី ដោយធានាឱ្យបានថានឹងគ្មានស្រ្តី និងក្មេងស្រីណាម្នាក់ត្រូវបានបោះបង់ចោលនោះទេ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ទៀតថា ចំណុចសំខាន់នៃចក្ខុវិស័យនេះ គឺការពង្រឹងភាពអង់អាចដល់មនុស្សជំនាន់ក្រោយ ជាពិសេសស្រ្តីវ័យក្មេង និងក្មេងស្រីជំទង់ ដែលជាកាតាលីករជំរុញដល់ការផ្លាស់ប្តូរប្រកបដោយចីរភាពយូរអង្វែងទៅថ្ងៃខាងមុខ។ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ការធានាសិទ្ធិរបស់ស្ត្រី និងក្មេងស្រីក្នុងគ្រប់ទិដ្ឋភាព គឺជាមធ្យោបាយតែមួយគត់ ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌ និងវិបុលភាព ព្រមទាំងថែរក្សាភពផែនដី សម្រាប់មនុស្សជំនាន់ក្រោយ។ ដូចនេះ ដើម្បីឱ្យស្ត្រី និងក្មេងស្រីអាចទទួលបានសិទ្ធិគ្រប់គ្រាន់ លក្ខខណ្ឌចាំបាច់ដែលពុំអាចខ្វះបាន នោះគឺពួកគាត់ត្រូវរស់នៅក្នុងប្រទេសមួយ ដែលមានអត្ថិភាពនៃសន្តិ ភាព ពេញបរិបូរណ៍។ឯកឧត្តម បញ្ជាក់ទៀតថា បច្ចុប្បន្ននេះស្ថានភាព អំណោយផលពីសុខសន្តិភាពដែលបានកើតចេញពី នយោបាយឈ្នះ ឈ្នះដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ជាមគ្គុទ្ទេសន៍ឯក និងជាប្រតិបត្តិករដ៏ប៉ិនប្រសព្វ ព្រមទាំងការដឹកនាំបន្តដ៏ស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បាននឹងកំពុងជំរុញឱ្យកម្ពុជាសម្រេចនូវវឌ្ឍនភាពខ្ពស់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីកម្ពុជាតាមរយៈការដាក់ចេញ និងអនុវត្តនៅក្នុងគ្រប់វិស័យនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយចាត់ទុក “ស្ត្រីជាស្នូល”។ ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ថ្លែងថា ក្នុងន័យនេះ ដើម្បីចូលរួមលើកកម្ពស់ និងជំរុញគោលនយោបាយបរិវត្តកម្មយេនឌ័ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញនៅតែរក្សាជំហរគាំទ្រឱ្យមានកញ្ចប់ថវិកាឆ្លើយតបការងារយេនឌ័រ បន្តលើកទឹកចិត្តផ្តល់ការគាំទ្រ ផ្តល់ឱកាសពេញលេញ និងស្មើភាពជូនមន្រ្តីរាជការជានារី ក្នុងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត។ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បន្ថែមថា គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បង្កលក្ខណៈ អំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហឹង្សា លើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ ព្រមទាំងធ្វើឱ្យស្ត្រី និងក្មេងស្រីគ្រប់រូបសុទ្ធតែអាចទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម៕

រដ្ឋមន្រ្តីក្រសួងធម្មការ៖ ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ លើគ្រប់វិស័យ

2025/03/11 02:49:04 pm        143
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុង​ពិធី​អបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ «ស្ត្រី សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី ១១៤ ត្រូវបានប្រារព្ធឡើង ដើម្បីរំឭកនៅទូទាំងពិភពលោក ចំពោះសារៈសំខាន់ និងគុណតម្លៃនៃការចូលរួមរបស់ស្ត្រី និងសមិទ្ធផលនានា ដែលកើតចេញពីកម្លាំងកាយកម្លាំងចិត្តរបស់ស្ត្រី ដោយពុំរើសអើង បែងចែកជាតិសាសន៍ ពណ៌សម្បុរ វប្បធម៌ អាជីព ស្ថានភាពសេដ្ឋកិច្ច ឬនិន្នាការនយោបាយ និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងធម្មការ និងសាសនា ដែលកន្លងមកបានចូលរួមយ៉ាងសកម្ម នៅក្នុងការរួមចំណែក ធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងក្រសួង ក៏ដូចជាសង្គមខាងក្រៅ តាមរយៈការស្វែងយល់សុខទុក្ខ មន្រ្តីរាជការដែលជានិវត្តន៍ជន និងចាស់ជរា និងជនងាយរងគ្រោះនានា។ ឯកឧត្តម រដ្ឋមន្រ្តី បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាអគ្គមគ្គទេសក៍សន្តិភាព និងការអភិវឌ្ឍបានចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ជួយស្រ្តី គឺជួយខ្លួនឯង និងក្រោមការបន្តដឹកនាំរបស់រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានឆន្ទៈមោះមុត និងស្វាហាប់ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០ បានផ្តល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តី គឺជាស្នូល»។ឯកឧត្តម ចាយ បូរិន បានលើកឡើងអំពីប្រសាសន៍របស់សម្តេចធិបតី ដែលបានមានប្រសាសន៍ថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន និងថាស្រ្តីជាបេះដូងរបស់គ្រួសារ»។ ជាក់ស្តែងមានដូចជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាដើម ដែលប្រជាពលរដ្ឋទូទៅប្រសិទ្ធនាមថា មាតាមនុស្សធម៌ លោកបានលះបង់កម្លាំងកាយ ចិត្ត សតិបញ្ញា និងទ្រព្យធនជាច្រើនជួយដល់សង្គមជាតិ និងស្របទៅនឹងទិសស្លោករបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ដែលបានថ្លែងថា "នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមី និងឪពុក ក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើ រឿងជោគជ័យនៅខាងក្រៅដែរ”។ ដើម្បីឱ្យឆ្លើយតបទៅនឹងគោលនយោបាយខាងលើនេះ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ក្នុងការបន្តជម្រុញការលើកកម្ពស់លើសមភាពយេនឌ័រ មួយចំនួនដូចជា៖  ទី១.សូមមន្រ្តីរាជការជាស្ត្រីគ្រប់រូប បន្តប្រើប្រាស់សមត្ថភាពរបស់ខ្លួនចូលរួមអភិវឌ្ឍ វិស័យធម្មការ និងសាសនា របស់យើងឱ្យមានការរីកចម្រើនបន្ថែមទៀត ។   ទី២.បន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យ ទទួលបាននូវភាពជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ។  ទី៣.គ្រប់អង្គភាពចំណុះឱ្យក្រសួងធម្មការ និងសាសនា សូមចូលរួមលើកកម្ពស់សមភាពយេនឌ័រ ស្ត្រីគ្រប់រូបនៅក្នុងអង្គភាពរបស់ខ្លួន៕ អត្ថបទ រដ្ឋា

ស្ថាប័នរដ្ឋ និងឯកជន ចាប់ផ្តើមស្វែងរកដំណោះស្រាយ AI សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

2025/03/11 02:41:29 pm        107
អ្នកជំនាញមកពីក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន ចាប់ផ្តើមស្វែងរកដំណោះស្រាយ ការផ្លាស់ប្តូរបទពិសោធន៍ និងបានជជែក វែកញ៉ែកយ៉ាងផុលផុស លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងបរិវត្តកម្មវិស័យអប់រំ ទំនើបកម្មអាជីវកម្ម ការអភិវឌ្ឍឧស្សាហកម្ម និង AI សម្រាប់ជំរុញពិពិធកម្មសេដ្ឋកិច្ច។ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ម្សិល មិញនេះ បានដឹកនាំសម្របសម្រួលក្នុងកិច្ចពិភាក្សា ស្តីពីការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយក្នុង កិច្ចពិភាក្សានេះ បានផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំរុញពិពិធកម្មសេដ្ឋកិច្ច។ វាគ្មិនពីវិស័យសាធារណៈ ឯកជន និង វិស័យអប់រំ បានពិភាក្សាអំពីឱកាសដែលនាំមកដោយបញ្ញាសិប្បនិម្មិត សមត្ថភាព បរិវត្តកម្មវិស័យអប់រំ ទំនើបកម្មអាជីវកម្ម និងការ អភិវឌ្ឍឧស្សាហកម្ម និងបញ្ហាប្រឈមនានាទាក់ទងនឹងក្រមសីលធម៌ ការបាត់បង់ការងារ និងក្របខ័ណ្ឌបទប្បញ្ញត្តិ ដើម្បីធានាបាននូវ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព និងសមធម៌។ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង ថា ជុំវិញបញ្ហាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ គឺយើងចង់ឱ្យប្រព័ន្ធនវានុវត្តន៍ជាតិរស់រវើក សម្រាប់ដំណោះស្រាយចេញពីបច្ចេកវិទ្យា ក្នុងការចាប់យកឱកាសដើម្បីចំណេញទាំងក្នុងសេដ្ឋកិច្ច និងបញ្ហាសង្គម ប្រកបដោយបរិយាន្ន។លោក សុខ សុភមង្គល ស្ថាបនិក Codingate Technology លើកឡើងថា ទាក់ទិនការធ្វើអាជីវកម្ម ការប្រើប្រាស់ (AI) គឺជា ដំណោះស្រាយមួយសម្រាប់ជួយដល់ម្ចាស់អាជីវកម្មបន្ថែម ក្នុងការស្វែងរកនូវគន្លឹះផ្សេងៗ ដោយកាត់បន្ថយនូវចំណាយ ពេលវេលា, ហើយក្រៅពីនេះ ម្ចាស់អាជីវម្មគួរយកបច្ចេកវិទ្យា (AI) ដាក់បញ្ជូលនៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់ សម្រាប់ការគ្រប់គ្រងទូទៅ មិនថាការគ្រប់គ្រងបុគ្គលិក ការផ្គត់ផ្គង់ទំនិញ ឬការធ្វើពាណិជ្ជកម្មនោះឡើយ។លោកបណ្ឌិត ស៊្រុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មី លើកឡើងថា ជុំវិញ AI នេះដែរ, សម្រាប់ធុរកិច្ចបណ្តុះថ្មី ពួកគាត់ត្រូវការស្រាវជ្រាវច្រើនណាស់ នៅលើប្រធានបទអ្វីដែលពួកគាត់ចង់បង្កើតឱ្យចេញជារូបរាង ទាំងក្នុងគំរូអាជីវកម្មថ្មី និងគំរូ សម្រាប់ប្រយោជន៍ប្រើប្រាស់ជាសាធារណៈ ក្នុងនោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI វាជាដំណោះស្រាយសម្រាប់ ជួយសម្រួលកិច្ច ការរបស់ពួកគាត់ផងដែរ ប៉ុន្តែតែការប្រើប្រាស់នេះ ក៏មិនមែនពឹងផ្អែកទាំងស្រុង ក្រៅពីគំនិតដែលពួកគាត់មាននោះផងដែរ។ទាក់ទងការសិក្សានេះដែរ, ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា លើកឡើងថា ជុំវិញបច្ចេកវិទ្យានេះ គឺ អាចធ្វើឱ្យយើងងាយស្រួល ហើយក៏អាចធ្វើឱ្យយើងពិបាកផងដែរ បញ្ហានេះយើងមិនត្រូវអនុញ្ញាតឱ្យការប្រើប្រាស់បច្ចេកវិទ្យាដោយភាព អនាធិបតេយ្យបានទេ ក្នុងនោះសម្រាប់ការសិក្សា ឬការស្រាវជ្រាវគឺដូចគ្នា។ ឯកឧត្តម បន្តថា ប្រសិនយើងមិនគ្រប់គ្រង AI ឱ្យបានម៉ត់ ចត់ទេ នោះភាពអនាធិបតេយ្យនឹងកើតឡើង ហើយអាចឈានដល់ការគ្រោះថ្នាក់ ។ ឯកឧត្តម បញ្ជាក់ថា ទាក់ទិន AI មកដល់ពេលនេះ យើងក៏ពុំទាន់មានគោលការណ៍ណាមួយ ក្នុងការតម្រង់ទិសនៅឡើយ ដូច្នេះសម្រាប់សិក្សា សមត្ថភាពគ្រូបង្រៀននៅតែសំខាន់៕ អត្ថបទ៖ សុន រ៉ាឌី

អង្គហេតុចំនួន៣ ដែល ACU សម្រេចចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ និងបក្ខពួក២ទៀតក្នុករណីបោកប្រាស់អ្នកវិនិយោគចិន

2025/03/11 02:25:03 pm        343
ឯកឧត្ដម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានលម្អិតប្រាប់ពីការចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺម្នាក់ និងបក្ខពួក២ទៀតថា អង្គភាពពិតជាបានកសាងសំណុំរឿង លោក ទិត វុទ្ធី (អភិបាលរងខេត្តកំពង់ស្ពឺ) និងបក្សពួកបញ្ជូនទៅតុលាការពិតមែន ហើយករណីនេះ អយ្យការ និងចៅក្រមតុលាការខេត្តកំពង់ស្ពឺពិតជាបានចោទប្រកាន់ (១)លោកអភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី (២)អ្នករត់ការ ហ៊ាវ ខន (វរៈសេនីយត្រីយោធា) និង(៣) អ្នកបកប្រែភាសាចិន អ៊ីង សារឿន ពីបទពុករលួយ(រំលោភអំណាច) សមគំនិត និងបទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងបន្លំលិខិតឯកសារសាធារណៈ និងប្រើប្រាស់លិខិតឯកសារសាធារណៈ ពិតមែន។ឯកឧត្ដម សយ ច័ន្ទវិចិត្រ បានបញ្ជាក់ថា ព័ត៌មានលម្អិតផ្តើមចេញពីការចុះផ្សាយរបស់សារព័ត៌មានយ៉ាងតិចចំនួន០៧គេហទំព័រ បានចង្អុលមុខចំៗថា អភិបាលរងខេត្តកំពង់ស្ពឺ ឈ្មោះ ទិត វុទ្ធី បានយកប្រាក់ពីអ្នកវិនិយោគជនជាតិចិនចំនួន ៤០ម៉ឺនដុល្លារ លើតម្លៃសរុប ៨០ម៉ឺនដុល្លារ ដែលតម្រូវឲ្យអ្នកវិនិយោគបង់ថ្លៃធ្វើអាជ្ញាបណ្ណ គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ មានអ្នកចូលមើលជិត ១លាននាក់។ គេហទំព័រទាំងនោះបានបង្ហាញច្បាស់ពីតួអង្គ៣រូប អភិបាលរង ទិត វុទ្ធី, វីរសេនីយត្រីយោធា ហ៊ាវ ខន ជាអ្នករត់ការ និងតួអង្គទី៣ ឈ្មោះ អ៊ីង សារឿន (ឈ្មោះភាសាចិន អ៊ីង វិនឆាយ Yin Wemncai) បានរៀបគម្រោងឲ្យអ្នកវិនិយោគចិនម្នាក់ ឈ្មោះ លី មិនឆាង (Li Minchang) ដែលចង់វិនិយោគលើរ៉ែស្ពាន់នៅខេត្តប៉ៃលិន។ សារព័ត៌មានបានចុះផ្សាយខ្សែអាត់សម្លេង ជាកង់ៗមួយចំនួន លិខិតទទួលប្រាក់២លើក ២៣ម៉ឺនដុល្លារ និង ១៦ម៉ឺនដុល្លារ ដែលភាគីជនជាតិចិនបានប្រគល់ឲ្យអ្នកបកប្រែ អ៊ីង សារឿន។ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបន្ថែមថា គេហទំព័របានចុះផ្សាយនូវអាត់សំឡេងដែល អ៊ីង សារឿន (អ្នកបកប្រែ) បានទទួល ៤០ម៉ឺនដុល្លារ ពិតប្រាកដ តែដោយភាគីចិន លី មិនឆាង (Li Minchang) (ACU ហៅថា ចិនទី១) មិនព្រមបង់ ៤០ម៉ឺនដុល្លារទៀត បង្រ្គប់ ៨០ម៉ឺនដុល្លារ ទើបក្រសួងបញ្ឈប់មិនឲ្យអាជ្ញាបណ្ណ (អ្នកបកប្រែ អ៊ីង សារឿន មួលបង្កាច់ថា ក្រសួងជាអ្នកនិយាយដូច្នោះ)។ រីឯអាត់សម្លេងដែលគេហទំព័រ បានបង្ហាញទៀតបង្ហាញថា អ្នករត់ការ ហ៊ាវ ខន ថាខ្លួនមិនបានទទួលយក ៤០ម៉ឺនដុល្លារដូចអ្នកបកប្រែ អ៊ីង សារឿន និយាយនោះទេ ខ្លួន (ហ៊ាវ ខន) ទទួលបាន១០ម៉ឺនប៉ុណ្ណោះ (ACU ស្រាវជ្រាវឃើញថាក្នុងករណីចិនទី១នេះ ហ៊ាវ ខន ទទួលបានតែ ៤ម៉ឺនដុល្លារទេ មិនមែន១០ម៉ឺនឡើយ)។ គេហទំព័រទាំង៧នោះ នៅបានចុះផ្សាយភស្តុតាង២ទៀតយ៉ាងសំខាន់ គឺ (១) ផែនទីទីតាំងជម្រករ៉ែ លោហៈទំហំ ១០៣,៨១ គម២ នៅខេត្តប៉ៃលិន ដែលត្រូវរត់ការឲ្យចិនទី១ និងទី២ ភស្តុតាងដែលក្រុមទាំង៣នាក់ (អភិបាលរងខេត្ត ទិត វុទ្ធី, អ្នករត់ការ ហ៊ាវ ខន និងអ្នកបកប្រែ អ៊ីង សារឿន) ឯកភាពឲ្យអ្នកបកប្រែ អ៊ីង សារឿន ប្រាប់ទៅចិនទី១ និងចិនទី២ នៅតម្លៃដែលរដ្ឋ (ក្រសួងរ៉ែនិងថាមពល) កំណត់យកថ្លៃសេវាថ្លៃរត់ការយកអាជ្ញាបណ្ណរ៉ុករករ៉ែ ដែលមានទំហំ៩០គម២ គឺ៨០ម៉ឺនដុល្លារ ហើយត្រូវបង់ជាបីដំណាក់កាល ដែលដំណាក់កាលទី១ ពេលចាប់ដាក់ពាក្យ បង់៣០% ដំណាក់កាលទី២ ក្រោយបន្តិចបង់២០% (៥០%នេះ ត្រូវជា៤០ម៉ឺនដុល្លារ ភាគីចិនទី១គឺលោក លី មិនឆាង បានបង់ប្រាក់ឲ្យរួចរាល់ហើយ) និងនៅដំណាក់កាលទី៣ បង់៥០%ទៀត ពេលចូលកាន់កាប់ និងធ្វើសកម្មភាពរ៉ុករក។អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បន្តទៀតថា ទោះបីមានភស្តុតាងប្រហែល១០% នៃសាច់រឿងទាំងមួលដែលសារព័ត៌មានបានផ្សាយជាសាធារណៈក្តី ក្រុម៣នាក់នេះ នៅតែប្រកែកថា មិនបានប្រព្រឹត្តិនោះទេ រហូតមកដល់មុខ ACU ក៏នៅតែប្រកែកថា ខ្លួនមិនបានដឹងរឿងទាំងនេះទេ។ អ្នកបកប្រែ អ៊ីង សារឿន បដិសេធន៍ថា បានផ្តិតមេដៃលើលិខិតទាំង២មែន តែប្រាក់ខ្លួននៅមិនបានទទួលនៅឡើយ ពេល ACU ទម្លាក់ភស្តតាងថាពិតជាបានទទួលប្រាក់ ៤០ម៉ឺនដុលារមែន អ្នកបកប្រែ អ៊ីង សារឿន បានឆ្លើយថា ប្រាក់នោះបានប្រគល់ឲ្យអ្នករត់ការអស់ហើយ ។ ឯអភិបាលរងខេត្ត ទិត វុទ្ធី ប្រកែកថា មិនស្គាល់ចិននោះទេ រហូតពេល ACU ទម្លាក់ភស្តតាងម្តងមួយៗ ទើបទទួលថាស្គាល់ហើយបានជួប២ដង ACU បង្ហាញភស្តុតាងទៀត ទើបទទួលស្គាល់ថា ជួបច្រើនដង និងមានចរចាររត់ការមែន។ នៅដំណាក់កាល ACU អ្នកទាំងបីនៅបន្តភូតកុហកបន្តទៀត រហូតភស្តុតាងទម្លាក់បន្តបន្ទាប់ទើបប្រកែកមិនបាន។ ដើម្បីឲ្យភាគីចិនជឿជាក់ និងព្រមបង់លុយឲ្យខ្លួនក្រុម៣នាក់នេះ បានធ្វើសកម្មភាពជាច្រើនដូចជា ¬-យកផែនទីតំបន់រ៉ុករករ៉ែ ១០៣,៨១ គម២ នៅខេត្តប៉ៃលិន ដែលក្រសួងបានផ្តល់អាជ្ញាបណ្ណឲ្យអ្នកវិនិយោគមួយរួចហើយ មកក្លែងក្លាយ (លុបឈ្មោះម្ចាស់ពិតចេញ) មកប្រគល់ឲ្យ លី មិនឆាង (ចិនទី១) នាំចិនទៅខេត្តប៉ៃលិន ដើម្បីបានទៅមើលទីតាំងនោះដែលជាទីតាំងមានម្ចាស់រួចទៅហើយ។ ពេលទៅមិនបានសម្រេច អភិបាលរង ទិត វុទ្ធី យកតួនាទីខ្លួនទាក់ទងខេត្តប៉ៃលិនឲ្យជួយទទួលក្រុមខ្លួន និងអ្នកវិនិយោគចិន និងជូនចិនផ្ទាល់ទៅខេត្តប៉ៃលិន ធ្វើឲ្យចិនមានការទុកចិត្ត។-នាំចិនដើម្បីទៅខួងយកសំណៅសម្រាប់វិភាគអំពីរ៉ែស្ពាន់ ។ល។ ទើបភាគីចិនសុខចិត្តប្រគល់លុយ២លើកចំនួន៥០%ត្រូវជា៤០ម៉ឺនដុល្លារ។ ក្រោយសកម្មភាពបានមួយរយៈក៏សម្រុកទារ៤០ម៉ឺនដុល្លារទៀត ដើម្បីបញ្ចប់។ ភាគីចិន(ចិនទី១) ចាប់ផ្តើមសង្ស័យថា គាត់មិនទាន់បានចូលកាន់កាប់ ទី២គាត់មិនទាន់បានឃើញអាជ្ញាបណ្ណ។ ក្រុម៣នាក់នេះរួមគ្នាក្លែងអាជ្ញាបណ្ណរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ, លិខិតអនុញ្ញាតយល់ព្រមឲ្យរុករករបស់រដ្ឋមន្រ្តីបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត ផ្ញើទៅភាគីចិនទី១នេះ ភាគីចិនមិនមានការសង្ស័យលើលិខិតក្លែងទាំង២នេះទេ ប៉ុន្តែនៅតែមិនកក់ក្តៅ ដើម្បីប្រគល់លុយ៤០ម៉ឺនដុល្លារបង្រ្គប់៨០ម៉ឺនដុល្លារដែរ។ ក្រុមទាំង៣នាក់ប្រាប់ទៅភាគីចិនទី១ថា ទុកពេលឲ្យ២ខែ បើមិនបង់ប្រាក់៤០ម៉ឺនទៀតអាជ្ញាបណ្ណដែលទទួលបាននឹងត្រូវលុប ។ អ្នកបកប្រែ អ៊ីង សារឿន បាននិយាយតាម WeChat ទៅភាគីចិនថា ក្រសួងគិតថាបើអ្នកមិនបង់លុយ៤០ម៉ឺនដុល្លារទៀត អ្នកជាអ្នកវិនិយោគគ្មានលុយ ចិនជជុះ មានលុយតិចតួច រត់ការដើម្បីទៅលក់បន្ត។ ដើម្បីបង្កើតលេសថា ក្រសួងជាអ្នកដកអាជ្ញាបណ្ណពីភាគីចិននេះពិតប្រាកដមែន ក្រុមទាំង៣នាក់នេះ បានក្លែងលិខិតរបស់ចិន លី មិនឆាយ សុំទៅឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល សុំអាជ្ញាបណ្ណសិក្សារុករករ៉ែលើផ្ទៃដី ១០៣,៨១ គម២ ទីតាំងដែលក្រសួងបានឲ្យអាជ្ញាបណ្ណនេះទៅអ្នកផ្សេងរួចហើយ ។ ក្រុមទាំង៣នាក់បានជួលគេឲ្យគេសរសេរគម្រោងផែនការអស់៥ពាន់ដុល្លារ នឹងជួលអ្នកជំនាញមកធ្វើបទបង្ហាញជូនក្រសួងរ៉ែ និងថាមពលអស់២០០ដុល្លារ ។ ជាលទ្ធផលរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ធ្វើលិខិតឆ្លើយតបជាផ្លូវការថាក្រសួងមិនពិនិត្យលើករណីនេះទេ ព្រោះទីតាំងដែលក្រុមហ៊ុនលោកស្នើជាទីតាំងដែលបានអនុញាតឲ្យអ្នកដទៃរួចហើយ។ ក្រុមអ្នកទាំង៣ យកចម្លើយនេះរបស់ក្រសួងថា ក្រសួងមិនបន្តអាជ្ញាបណ្ណឲ្យទេព្រោះក្រុមហ៊ុនមិនមានបញ្ជូនមនុស្សមកការពារគម្រោង ហើយបកស្រាយផ្ទាល់មាត់ទៀតថា អ្នកឯងមិនព្រមបង់៤០ម៉ឺនដុល្លារទៀត ទើបក្រសួងលុបអាជ្ញាបណ្ណ។ អង្គហេតុនេះ ACU ដាក់ឈ្មោះថាជាអង្គហេតុទី១ ឫអង្គហេតុប៉ៃលិនទី១ ព្រោះរឿងដដែលនេះក្រុមទាំង៣នាក់ បានយកឯកសារប៉ៃលិនដដែល សកម្មភាពដដែល យកតួនាទីជាអភិបាលរងខេត្តដើម្បីឲ្យអភិបាលខេត្តនានា ដូចជាស្ទឹងត្រែង ព្រះវិហារ ប៉ៃលិន ជួយសម្របសម្រួលការងារទាំងខ្លួនមិនមានសិទ្ធិ ភារកិច្ច ហើយបានទឹកប្រាក់ពីចិនទី២ម្នាក់ទៀតលើផែនទីក្លែងក្លាយដដែល រហូតមកដល់ចិនទី២នោះបានប្រគល់លុយ ៨០ម៉ឺនដុល្លារគ្រប់ចំនួនតែម្តង។ ACU សូមដាក់ឈ្មោះអង្គហេតុនេះជាអង្គហេតុប៉ៃលិនទី២ ហើយយកលុយបានសម្រេចចំនួន ៨០ម៉ឺនដុល្លារពីចិនទី២ មានឈ្មោះ ផាន់ អ៉ីជុន Pan Yijun។ ចិនទី២នេះក៏ជាមិត្តភក្តរបស់ចិនទី១ ហើយក៏ជាអ្នកជួយកាន់ផ្ទេរលុយរបស់ចិនទី១ ប្រគល់ឲ្យអ្នកបកប្រែ អ៊ីង សារឿន ចំនួន៤០ម៉ឺនដុល្លារ ក្នុងករណីប៉ៃលិនទី១ ។ឯកឧត្ដម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបន្ថែមទៀតថា មុនកើតអង្គហេតុប៉ៃលិនទី២ ក្រុម៣នាក់នេះ បានបង្កើតអង្គហេតុកណ្តាល១ គឺអង្គហេតុរ៉ែមាសខេត្តព្រះវិហារ ដែលមានតម្លៃលក់អាជ្ញាបណ្ណ ៥លានដុល្លារ ឲ្យមកចិនឈ្មោះ ផាន់ អ៉ីជុន (ចិនទី២)។ អ្នករត់ការ ហ៊ាវ ខន បានអះអាងថា ខ្លួនជាម្ចាស់អាជ្ញាបណ្ណរ៉ែមាស ៣០ ហិកតា នៅភ្នំអន្លុង ខេត្តព្រះវិហារ ហើយខ្លួនបានពឹងឲ្យក្រុមហ៊ុនចិនមួយឈរឈ្មោះឲ្យខ្លួន។ ក្រុមទាំង៣នាក់ បានពិគ្រោះគ្នាត្រូវលក់អាជ្ញាបណ្ណនេះ៣លានដុល្លារ តែដោយការលោភលន់ចង់ទារលុយឲ្យច្រើនទៀត សម្រេចលក់ឲ្យបាន៥លានដុល្លារ ហើយបានស្រុះស្រួលគ្នាឲ្យអ្នកបកប្រែ អ៊ីង សារឿន ប្រាប់ទៅភាគីចិនទី២ថា តម្លៃលក់គឺ ៥,៥លានដុល្លារ ដើម្បីទុកឲ្យភាគីចិនតថ្លៃឲ្យនៅត្រឹម៥លានដុល្លារ។ ភាគីចិនព្រមទិញក្នុងតម្លៃ៥លានដូចក្រុមទាំង៣នាក់គ្រោងទុកមែន។ ពេលណាត់គ្នាទៅខេត្តព្រះវិហារ ដើម្បីពិនិត្យទីតាំងជាក់ស្តែង ភាគីចិនទី២ បាននាំវិស្វករចិនទៅជាមួយ។ ពេលទៅដល់ភ្នំអន្លុង ភាគីចិន វិស្វករចិន បានចូលទៅមើលរូងភ្នំជារណ្តៅ រើសយកថ្មជាច្រើនដុំយកទៅវិភាគនៅប្រទេសចិនវិញ ហើយមានលទ្ធផលថា អត្រាមាសនៅក្នុងភ្នំថ្មនោះ មានកម្រិត ២,៦៤ ក្រ ក្នុង១តោនថ្ម ដែលចំនួននេះមិនអាចមានចំណេញទេក្នុងការធ្វើរ៉ែមាស ប៉ុន្តែក្រុមអ្នកទាំង៣ និងភាគីចិននៅគិតថា អត្រាមាសនៅជ្រៅជាងនេះអាចមានខ្ពស់ជាងនេះ។ វិស្វករសុំខួង៣រណ្តៅ ដើម្បីមើលថាខ្សែមាសរត់ដូចម្តេច។ ចិនទី២ (ផាន់ អ៉ីជុន Pan Yijun) បានយល់ព្រមតម្លៃខួងក្នុងមួយរណ្តៅចំណាយ១០ម៉ឺនដុល្លារ ខួង៣រណ្តៅ ៣០ម៉ឺនដុល្លារ ហើយហ៊ានកក់ ១,៥លានដុល្លារមុន នៅពេលបានខួង។ ដោយទីតាំងនោះមានម្ចាស់អាជ្ញាបណ្ណហើយ ក្រុមទាំង៣នាក់នេះគ្មានពេលណាដែលអាចបោកប្រាស់ថាពេលណានឹងអាចចូលទៅខួងបានទេ ហើយយកលេសថា ទីនោះជាទីតាំងយោធា ចាំយោធារើកន្លែងសិនទើបអាចចូលខួងបាន។ ក្រុមទាំង៣នាក់ បានបន្តថា ទីតាំង ១០៣,៨១គម២ របស់ចិនទី១ (លី មិនឆាយ) ដែលជាមិត្តភក្តចិនទី២ដែរ ដែលសុំអាជីវកម្មរុករកស្ពាន់មុននេះ ហើយត្រូវក្រសួងផ្អាកបញ្ឈប់ដោយគ្មានលុយបង់បន្ត ក៏មានរ៉ែមាសដែរ។ ក្រុមទាំង៣នាក់ តាមរយៈអ្នកបកប្រែបានបន្តប្រាប់ចិនទី២ជាទីតាំងរ៉ែស្ពាន់នោះក៏មានមាសដែរ ត្រូវបង់តម្លៃដូចគ្នាគឺ ៨០ម៉ឺនដុល្លារ។ ក្រោយពីមកពីខេត្តព្រះវិហារ ស្នាក់នៅភ្នំពេញបាន១សប្តាហ៍ ចិនទី២ និងវិស្វករឯកភាពទៅប៉ៃលិន មើលទីតាំងដែលចិនទី១ ដែលរត់ការមិនបានជោគជ័យ។ ពេលទៅពីរ បី លើកដំបូងដែលមានអ្នកបកប្រែ, ចិន, អ្នករត់ការ ហ៊ាវ ខន ជួបឧបសគ្គច្រើនរដ្ឋអំណាចមិនស្វាគមន៍ អភិបាលរង ទិត វុទ្ធី បានប្រើតួនាទីតាមរយៈអភិបាលរងប៉ៃលិនមួយរូប ដើម្បីឲ្យអភិបាលខេត្តបានទទួលខ្លួន។ អភិបាលរង ទិត វុទ្ធី បាននាំក្រុមទៅខេត្តប៉ៃលិនដោយផ្ទាល់៤លើក ទើបបានជោគជ័យដោយលោកជំទាវអភិបាលខេត្តប៉ៃលិនទទួលជួប ហើយមានអ្នកសារព័ត៌មាន ទូរទស្សន៍ថតផ្សាយថែមទៀតផង។ ទូរទស្សន៍ និងសារព័ត៌មានបានផ្សាយរូបថតរូបវីដេអូជំនួប អភិបាលរង ទិត វុទ្ធី អ្នកបកប្រែ ភាគីចិនទី២ ក្នុងឱកាសជំនួបនោះ ធ្វើឲ្យភាគីចិនទុកចិត្តយ៉ាងខ្លាំង ព្រោះចិនយល់ថា សារព័ត៌មានទាំងនោះសុទ្ធតែជាសាលព័ត៌មានមានឥទ្ធិពលខ្លាំង។ ACU ស្រាវជ្រាវឃើញថា ការផ្សាយទាំងនោះមានរូបភាពចិនទី២ពិតប្រាកដ ឈ្មោះចិនទី២នោះ និងឈ្មោះក្រុមហ៊ុនរបស់គាត់ ជាឈ្មោះចិនផ្សេង ដែលជាប្រធានក្រុមហ៊ុនសំណង់យូណាន ឈ្មោះ លីយូ ស៊ីអាន LiU XIAO ដែលភាគីចិនទី២នេះ ស្មានថាសារព័ត៌មានទាំងនោះនិយាយពីខ្លួនព្រោះអ្វីសុទ្ធតើរូបរបស់ខ្លួន។ ចិនទី២នេះខំរក្សាទុកព័ត៌មានទាំងនោះក្នុងទូរស័ព្ទខ្លួន ទុកប្រាប់ភាគីចិនភាគហ៊ុនទៀតផង។ ភាគីចិនទី២នេះបានប្រគល់លុយ៨០ម៉ឺនដុល្លារពេញមិនចាំបាច់បង់៥០%មុនដូចភាគីចិនទី១ ដែលជាមិត្តភ័ក្តគាត់ទេ។ មានមធ្យោបាយជាច្រើនផ្សេងទៀត ដែលក្រុមទាំង៣នាក់បានធ្វើដើម្បីទទួលបានលុយខុសច្បាប់ពីចិនដល់ទៅ ២លើកលើទីតាំងតំបន់រ៉ែបោកប្រាស់តែ១រហូតបានប្រាក់ ១,២លានដុល្លារនេះ។ ACU បញ្ជាក់ជាសាធារណៈលុយ ៥លានដុល្លារ នៃអង្គហេតុទី២ រ៉ែមាសខេត្តព្រះវិហារ ក្រុមទាំង៣នាក់នេះ មិនទាន់ទទួលបានមួយរៀលណាឡើយ។ សារព័ត៌មានគេហទំព័របានផ្សាយតែ ១០% ប៉ុណ្ណោះនៃអង្គហេតុទី១ ក៏ជាពន្លឺឲ្យ ACU ស៊ើបបានពេញលេញ ហើយរកឃើញនៅអង្គហេតុទី២ (រ៉ែមាសខេត្តព្រះវិហារ) និងអង្គហេតុទី៣ គឺប៉ៃលិនទី២ទៀត។¬ឯកឧត្ដម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបន្ថែមថា អង្គហេតុទី១ ជាអង្គហេតុប៉ៃលិនទី១ ក្រុមទាំង៣នាក់នេះបានទទួល៤០ម៉ឺនដុល្លារពីចិនទី១ (លី មិនឆាង Li Minchang) ក្នុងនោះអ្នករត់ការ ហ៊ាវ ខន បានទទួល៤ម៉ឺនដុល្លារ (មិនមែន១០ម៉ឺនដុល្លារ ដូចគាត់និយាយក្នុងខ្សែអាត់ទេ)។ អង្គហេតុទី២ (រ៉ែមាសខេត្តព្រះវិហារ) ភាគីចិនទី២ (ផាន់ អ៉ីជុន Pan Yijun) បានសម្រេចទិញអាជ្ញាបណ្ណពីក្រុមទាំង៣នាក់ ក្នុងតម្លៃ៥លានដុល្លារ បានសម្រេចចាយលុយ៣០ម៉ឺនដុល្លារសម្រាប់ខួង៣រណ្តៅ និងហ៊ានកក់ប្រាក់១,៥លានដុល្លារទៀត នៅពេលបានខួង។ ករណីនេះក្រុមទំាង៣នាក់ក៏មិនទាន់ទទួលបានមួយរៀលនៅឡើយនៃចំនួនប្រាក់ ៥លានដុល្លារ និងនៃទឹកប្រាក់៣០ម៉ឺនដុល្លារថ្លៃខួងនៅឡើយដែរ។ អង្គហេតុទី៣ (ប៉ៃលិនទី២) ក្រុមទាំង៣នាក់ យកប្លង់ទីតាំងរត់ការឲ្យចិនទី១ មករត់ការឲ្យចិនទី២ ដោយបានប្រាក់សម្រេច៨០ម៉ឺនដុល្លារ ក្នុងនោះអ្នករត់ការ ហ៊ាវ ខន បាន១០ម៉ឺនដុល្លារ (សរុបទាំងប៉ៃលិនទី១ ទាំងប៉ៃលិនទី២ អ្នករត់ការ ហ៊ាវ ខន បានទទួល១៤ ម៉ឺនដុល្លារ)៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីក្រុងប៉េកាំងប្ដេជ្ញា​ពង្រឹងទំនាក់ទំនងជាមួយបង់ក្លាដែស ខណៈនាយករដ្ឋមន្ត្រីគ្រោងទស្សនកិច្ចនៅចិន
06/22/2026 07:06 PM
ទីក្រុងមូស្គូបាញ់ទម្លាក់យានដ្រូនក្រុងគីវជាង ៨០គ្រឿង ខណៈការវាយប្រហាររុស្ស៊ីសម្លាប់មនុស្ស ៦នាក់នៅអ៊ុយក្រែន
06/22/2026 07:06 PM
ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បើកការស៊ើបអង្កតករណីផ្ទេរដំរីទៅកាន់សួនសត្វជប៉ុន
06/22/2026 07:06 PM
ប្រភព៖ ឥណ្ឌាកំពុងចរចាលក់មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos ទៅអារ៉ាប់រួម
06/22/2026 07:06 PM
EU វាយតម្លៃឡើងវិញពី​កិច្ចប្រជុំជាមួយ​អង់គ្លេស នៅខែកក្កដា ក្រោយ​លោក Starmer ប្រកាសចុះចេញពីតំណែង​
06/22/2026 07:06 PM
លោក Vance៖ អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យ​អធិការកិច្ចនុយក្លេអ៊ែររបស់ UN ចូលប្រទេស​វិញ
06/22/2026 07:06 PM
សាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
06/22/2026 07:06 PM
វៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
06/22/2026 06:06 PM
ចិនបញ្ជាក់​ថា នាវាផ្ទុកយន្តហោះ Liaoning បញ្ចប់សមយុទ្ធជាង ៤០ថ្ងៃ
06/22/2026 06:06 PM
លោក Zelensky៖ អ៊ុយក្រែននឹងសម្រេចថា តើអ្នកណាតំណាងឲ្យ​អឺរ៉ុប នៅក្នុងកិច្ចចរចាជាមួយរុស្ស៊ី
06/22/2026 06:06 PM