កម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
ប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ដែលបាន​ផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា

2025/03/11 09:34:32 am        300
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងមោទនភាពចំពោះភាពរីកចម្រើនរបស់ ស្រ្តីដែលលើវិស័យអប់រំ ខណៈការទទួលសញ្ញាបត្រនាពេលនេះ គឺមានរហូតដល់ជាង៨០ភាគរយ។ សម្តេច បានបន្ថែមទៀតថា បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន។-សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា៖ កាលពីមុនស្ត្រីគ្មានលទ្ធភាពក្នុងការសិក្សា ត្រូវបានបោះបង់ការសិក្សា ដោយសារសង្គម ប៉ុន្តែស្ត្រីក្នុងពេលបច្ចុប្បន្ននេះ មានឱកាស ក្នុងការសិក្សារៀនសូត្រក្នុងនិងក្រៅប្រទេស និងមានតួនាទីជាអ្នកដឹកនាំក្នុងស្ថាប័នជាតិ កងកម្លាំងប្រដាប់អាវុធជាការឲ្យតម្លៃសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រីរបស់សង្គមជាតិ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា ប្រទេសមួយអាចខ្លាំងបាន ទាល់តែយើងមានធនធានមនុស្ស ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះ មានសន្តិភាព។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រទេសមានការអភិវឌ្ឍ រីកចម្រើនទៅបាន លុះត្រាណាមានធនធានមនុស្សច្រើន ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយនឹងមិនអាចទៅមុខបានទេ ហើយក៏គ្មានឱកាសប្រកួតប្រជែងជាមួយប្រទេសដទៃបានដែរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា កាលពីមុន កម្ពុជាធ្លាប់តែនាំចូល របស់វត្ថុធាតុដើម តែពេលនេះ កម្ពុជាអាចមានលទ្ធភាពនាំចេញនូវផលិតផលកែច្នៃរួច ទៅកាន់ប្រទេសដទៃ ដោយសារ​ការវិវត្ត​នេះ គឺកើតចេញពីធនធាននៅក្នុងស្រុក។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ បើបើកអាជីវកម្មតូច យើងអាចប្រើជំនាញលក្ខណៈគ្រួសារ ដើម្បីគ្រប់គ្រងបាន ប៉ុន្ដែនៅពេលដែលយើងពង្រីកអាជីវកម្មខ្នាតធំហើយ គឺត្រូវតែមានការគ្រប់គ្រងដែលមានស្ដង់ដាច្បាស់លាស់ មិនអាចអនុវត្តស្ដង់ដាបែបគ្រួសារទៀតទេ។ ដូច្នេះការសិក្សារៀនសូត្រជំនាញច្បាស់លាស់ សូម្បីតែជំនាញគណនេយ្យ និងរដ្ឋបាលក្ដីពិតជាសំខាន់ណាស់។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការពង្រឹងធនធានមនុស្ស គឺយើងត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព។ បរិមាណ សំដៅលើគុណភាពដែលពលរដ្ឋខ្មែរអាចមានលទ្ធភាពរៀន និងបើកឱកាសឱ្យបានច្រើនឱ្យពលរដ្ឋអាចរៀនសូត្របានដែលរដ្ឋបានខិតខំបើកសាលារៀនទៅដល់មូលដ្ឋាន។ ចំណែក គុណភាព គឺនិយាយអំពីកម្រិតពីថ្នាក់មូលដ្ឋានដល់ថ្នាក់ឧត្តមសិក្សា និងការពង្រឹងគុណភាពគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលធនធានមនុស្សដែលមានគុណភាព សំខាន់បំផុត គឺត្រូវមានធនធានគ្រូបង្រៀនដែលមានគុណភាពខ្ពស់ និងគំនិតច្នៃប្រឌិត ជាពិសេសជំនាញ នៅក្នុងបរិវត្តកម្មឌីជីថល បច្ចេកវិទ្យានេះឯង គឺគ្រូបង្រៀនត្រូវចេះប្រើប្រាស់ មិនអាចយកឯកសារកាលពី១០ឆ្នាំមុន មកបង្រៀនសិស្សនោះទេ។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ឡើងវិញថា ការជ្រើសរើសគ្រូបង្រៀន ត្រូវច្បាស់ថា ជ្រើសរើសសម្រាប់កន្លែងដែលខ្វះខាតពិតប្រាកដ ជាពិសេសនៅតាមជនបទឆ្ងាយ ខណៈកន្លែងខ្លះពេលលោកគ្រូអ្នកគ្រូចូលនិវត្តន៍ គឺពិបាករកគ្រូទៅបំពេញណាស់ ដូច្នេះ សម្ដេចបានផ្ដល់គោលការណ៍ដល់ក្រសួងរួចហើយ ដើម្បីគាំទ្រដល់គ្រូនៅជនបទ។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ថ្លែងថា ការជ្រើសរើសគ្រូនៅនៅជនបទ បើជ្រើសរើសគ្រូវ័យក្មេងជំនួសមិនទាន់បាន យើងត្រូវយកគ្រូចូលនិវត្តន៍ ដើម្បីបំពេញចន្លោះ គឺជាការចាំបាច់ និងត្រូវលើកទឹកចិត្ត។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានរម្លឹកប្រសាសន៍របស់លោក John F. Kennedy ប្រធានាធិបតីទី៣៥ របស់សហរដ្ឋអាមេរិកដល់យុវជន៖ «សូមកុំសួរថាប្រទេសរបស់អ្នកបានធ្វើអ្វីសម្រាប់អ្នក ត្រូវសួរថា តើអ្នកបានធ្វើអ្វីសម្រាប់ប្រទេសរបស់អ្នក» "Ask not what your country can do for you, ask what you can do for your country"។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី សង្កេតឃើញថា ចលនានៃការអានសៀវភៅនេះ គឺល្អណាស់ ខណៈកាលពីសម័យមុនមិនសូវសម្បូរសៀវភៅ ឬឯកសារអានទេ ប៉ុន្ដែឥឡូវនៅតាមសាលារៀននីមួយៗ មានសៀវភៅសច្រើនសម្រាប់ជំនួយការអាន និងរៀនបន្ថែមដល់សិស្ស។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្គួចផ្ដើមទិវាអំណានឡើង ដើម្បីជំរុញការអានដល់សិស្ស ខណៈនៅថ្ងៃទី១១ខែមីនានេះ ក្រសួងកំពុងប្រារព្ធទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖«រៀននៅសាលាបានសញ្ញាបត្រ ប៉ុន្ដែយើងចេញទៅធ្វើការបានសញ្ញាឃើញ»។ រៀនៅសាលាយើងទទួលបានបទពិសោធន៍របស់អ្នកផ្សេង ប៉ុន្ដែមិនមែនជាបទពិសោធន៍របស់យើងទេ ប៉ុន្ដែយកវាមកបំប្លែងដកពិសោធន៍សម្រាប់ការងារអនុវត្តជាក់ស្ដែងរបស់យើង។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ «ពេលរៀនៗក្បួនកុំរៀនផ្លូវកាត់ ពីព្រោះពេលអនុវត្តគឺយើងត្រូវយកក្បួនទៅអនុវត្តទើបយើងធ្វើការត្រូវគ្នា»។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖«រៀននៅសាលាជួយយើងច្រើនឱ្យទទួលបានជំនាញរឹង ប៉ុន្ដែយើងចេញមកធ្វើការ និងអានសៀវភៅបន្ថែម ធ្វើឱ្យយើងទទួលបានជំនាញទន់ ឬហៅថា ការអភិវឌ្ឍខ្លួនឯង​ ខណៈសម្ដេចផ្ទាល់បានអនុវត្តវិធីបែបនេះ ជាពិសេសការអានសៀវភៅនេះ គឺបានជួយដល់ការងារសម្ដេចជាច្រើន។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ «កសាងសមត្ថភាពខ្ពស់ បងប្អូនកំពុងត្រៀមខ្លួន ដើម្បីទទួលបានឱកាស ដូច្នេះសូមបងប្អូនកុំបាក់ទឹកចិត្ត ប៉ុន្ដែត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង ស្វ័យសិក្សា ស្វ័យពិនិត្យ»។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការរៀបចំអង្គរសង្ក្រាន្តនៅសៀមរាប គឺដើម្បីទាក់ទាញទេសចរ ជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅខេត្តសៀមរាប ផ្ទាល់ ផ្ទុយពីការលើកឡើងរបស់វិទ្យុបរទេស ដែល​បំផុសបំផុល​ឱ្យពលរដ្ឋភាន់ច្រឡំ លើការរៀបចំព្រឹត្តិការណ៍នេះ។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ កម្ពុជាកំពុងរៀបចំដាក់ព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ចូលក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ ហើយការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ ក៏ជាផ្នែកមួយនៃការជំរុញលើកិច្ចការងារនេះដែរ។-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ឡើងវិញថា សម្ដេចដឹកនាំមន្រ្ដីពាក់ព័ន្ធចំណាយពេលជាង ៤ម៉ោងធ្វើដំណើរថ្មើរជើង ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំខ្នងផ្សារ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ គឺដើម្បីស្វែងរកសក្ដានុពលទេសចរណ៍ដល់ប្រជាសហគមន៍នៅតំបន់នោះ ខណៈពេលនោះ សម្ដេចបានដាក់ចេញគោលការណ៍អនុវត្តមួយចំនួន ដើម្បីបង្កើនសក្ដានុពលទេសចរណ៍ និងឱ្យអភិរក្សតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅសម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីបើកកម្មវិធីតេចណូវេសិន និងអនាគតទេព​កោសល្យឌីជីថល ២០២៥

2025/03/11 08:52:16 am        446
នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុង​ពិធីបើកជាផ្លូវការនៃ​ការចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាល និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឌីជីថលសកលលោកសម្រាប់យុវជនវ័យក្មេង តេចណូវេសិន និងអនាគតទេពកោសល្យឌីជីថល ២០២៥ ( Technovation Girls Cambodia x Future Digital Talents 2025) នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ២០០នាក់។ កម្មវិធី Technovation Girls Cambodia x Future Digital Talents 2025 គឺជាកម្មវិធីបណ្តុះបណ្តាលនិងប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឌីជីថល និងសហគ្រិនភាព ១២សប្តាហ៍ សម្រាប់សិស្សានុសិស្សទាំងអស់ចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យនៅទូទាំងប្រទេស ដែលមានអាយុចាប់ពី ៨ឆ្នាំដល់ ១៨ឆ្នាំ សំដៅបណ្ដុះបណ្ដាលសិស្សានុសិស្ស អំពីចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ការស្វែងរកដំណោះស្រាយលើបញ្ហា ការសហការធ្វើការងារជាក្រុម ការធ្វើបទបង្ហាញជាសាធារណៈ ការបណ្ដុះគំនិតច្នៃប្រឌិត និងសហគ្រិនភាព។ កម្មវិធីនេះ នឹងដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់អំពីការីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលនៅក្នុងនិន្នាការអន្តរជាតិ និងតួនាទីយ៉ាងសំខាន់របស់បច្ចេកវិទ្យាឌីជីថល ក្នុងការចូលរួមកសាងសេដ្ឋកិច្ចរបស់កម្ពុជា ហើយ ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានយកចិត្តទុកដាក់លើ ការជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួង ស្ថាប័ន វិស័យឯកជន និងសង្គមជាតិទាំងមូល ព្រមទាំង បានយកចិត្តទុកដាក់ជាអាទិភាពលើការកសាងធនធានមនុស្សឌីជីថល តាមរយៈការបញ្ជ្រាបការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល ដល់សិស្សានុសិស្សនៅគ្រប់កម្រិតដើម្បីពង្រឹងសមត្ថភាព ការជំរុញការចាប់យកជំនាញឌីជីថល នៅឧត្តមសិក្សា និងការបណ្តុះទេពកោសល្យឌីជីថលដែលអនាគតមូលធនមនុស្សឌីជីថល ដើម្បីក្លាយទៅជា កាតាលីករ យ៉ាងសំខាន់ជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ 

សម្តេចធិបតី៖ សង្គមដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាន​នឹងជួយ​លើក​កម្ពស់​ដល់​ពុទ្ធិ​បញ្ញាញាណ

2025/03/11 08:46:36 am        491
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថាទិវាអំណាន ​គឺ​ជា​ការ​លើក​កម្ពស់​អ្នកអាន និងអ្នកសរសេរ ខណៈសង្គមមួយដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាននេះ គឺ​ជា​ការ​លើកស្ទួយ ដល់ពុទ្ធិបញ្ញាញាណ និងគាំទ្រដល់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ប្រកប​ដោយ​ចីរភាព។តាមរយៈឆាណែលតេលេក្រាម និងហ្វេសបុកនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងថា សូមអបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១០ ក្រោម​ប្រធាន​បទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម»។ សម្តេចធិបតី នាយករដ្ឋ​មន្រ្តី​បាន​បញ្ជា​ក់​ថា«ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអាន និង​ការ​សរសេរ​។ សង្គមមួយដែលលើកកម្ពស់អ្នកសរសេរ និងអ្នកអាននឹង​ជួយ​លើក​កម្ពស់​ដល់ពុ​ទ្ធិ​បញ្ញា​ញាណ ​ដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព»។សូមបញ្ជាក់ថារាល់ថ្ងៃទី១១ ខែមីនា ត្រូវបាន​រាជ​រដ្ឋាភិបាល​កំណត់​យក​ជា​ថ្ងៃ​ទិវា​ជាតិ​អំណាន​នៅ​ព្រះរាជា​ណា​ចក្រកម្ពុជា ខណៈការបង្កើតទិវាអំណាននេះ គឺក្នុងគោលបំណងរំឭកដល់វីរភាព និង​គុណូប​ការៈ​ដ៏​ថ្លៃ​ថ្លារបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូ ពុះពារការពារ​មរតក​វប្បធម៌ អក្សរសាស្ត្រខ្មែរ និងក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើក​កម្ពស់​សមត្ថ​ភាពអាន ការតែងនិពន្ធ និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើក​កម្ពស់​វប្បធម៌ អរិយធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ពលរដ្ឋកម្ពុជាគ្រប់រូបជាដើម។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញសិស្សានុសិស្ស យុវជន យុវនារីកម្ពុជា ជា ច្រើន​បាន​នាំគ្នាអានសៀវភៅតាមរយៈការតាំងពិពរណ៍សៀវភៅកន្លែងផ្សេងៗគ្នា ទាំងក្នុងរាជ​ធានី​ភ្នំពេញ និងតាមបណ្តាខេត្តនានា។ ដោយឡែកសម្រាប់ទិវាជាតិអំណានលើកទី១០ បាន​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថានបច្ចេកវិទ្យារយៈពេលពេលបួនថ្ងៃ ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែមីនា ក្រោម​ប្រធានបទ​​ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម»។ នៅក្នុងទិវានោះ ក៏​មាន​ការ​ដាក់​តាំង​ពិព័រណ៍​សៀវ​ភៅ​ប្រមាណ១០០ស្ដង់ផងដែរ ដើម្បីលើកកម្ពស់ការអាន និងការសរសេរ​នៅ​កម្ពុជា​៕ អត្ថបទ៖ បាន ចក់

កម្ពុជា៖ការដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៅតាមរោងចក្រសហគ្រាស ដើម្បីប្រយោជន៍កម្មករនិយោជិត

2025/03/10 09:47:55 pm        83
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទារកដ្ឋាននៅតាមរោងចក្រសហគ្រាស គឺជាកិច្ចការងារដែលសម្រេចបានប្រកបដោយមោទកភាពបំផុតសម្រាប់រាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយោជន៍កម្មករនិយោជិត។ ទន្ទឹមនឹងនេះសម្តេចក៏បានវាយតម្លៃខ្ពស់ និងថ្លែងការកើតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយោជក រួមទាំងគ្រប់ភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើឱ្យលេចចេញជារូបរាងទារកដ្ឋាននៅក្នុងរោងចក្រ នាពេលនេះផងដែរ។ ការគូសបញ្ជាក់បែបនេះ អំឡុងពេលដែលសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយអាណាព្យាបាលទារកនិងកុមារ ដែលជាកម្មករនិយោជិតកំពុងបំពេញការងារនៅក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។នៅក្នុងពិធីសំណេះសំណាល សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា ការសាងសង់ទារកដ្ឋាននេះគឺជាអនុសាសន៍១ ក្នុងចំណោមអនុសាសន៍ទាំង១០ ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តីបានផ្តល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលកាល កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដើម្បីក្រសួងការងារ សហការជាមួយភាគីពាក់ព័ន្ធក្នុងការសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ប្រមូលផ្តុំរោងចក្រ។ សម្តេចធិបតីបានបន្ថែមថា ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសនៅពេលនេះគឺជាសមិទ្ធផលមួយដ៏គាប់ប្រសើរ និងត្រូវបានប្រកាសប្រកបដោយមោទកភាពបំផុត ដែលគ្រប់ភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែងសាងសង់ទារកដ្ឋានសម្រាប់ជាប្រយោជន៍ដល់បងប្អូនកម្មករនិយោជិតដោយជោគជ័យ និងមានស្តង់ដាល្អសម្រាប់មើលថែទាំទារក។ សម្តេចនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងនិយោជក នឹងសម្របសម្រួលបន្តកិច្ចការងារសាងសង់ទារកដ្ឋានសម្រាប់បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់។ ដែលកិច្ចការងារមួយនេះនឹងបន្តវឌ្ឍនភាពរបស់ខ្លួន នឹងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នៅតាមបណ្តាខេត្តនានាផងដែរ ខណៈនៅតាមបណ្តាខេត្តមួយចំនួនក៏បានសាងសង់ទារកដ្ឋានរួចរាល់ហើយដែរនាពេលកន្លងមក។ ទន្ទឹមនឹងនេះ សម្តេចមធិបតី បានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់លើការថែទាំសុខភាពទារកនៅក្នុងទារកដ្ឋាន បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងនោះក្រសួងការងារក៏ត្រូវយកចិត្តទុកដាក់ពិនិត្យមើលយន្តការ ប.ស.ស. ដើម្បីឱ្យមានការប្រើប្រាស់សេវាថែទាំសុខភាពនៅទីនេះ ដើម្បីលើកកម្ពស់សុខមាលភាពដល់កុមារតូចៗនៅក្នុងទារកដ្ឋានឱ្យកាន់តែល្អប្រសើរផងដែរ។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថា ទារកនិងកុមារទាំងនោះទទួលបានការថែទាំនិងអប់រំប្រកបដោយគុណភាព និងស្តង់ដាដែលជួយគាំទ្រការលូតលាស់ និងអភិវឌ្ឍផ្នែករាងកាយ ព្រមទាំងផ្នែកបញ្ញានិងស្មារតី ក៏ដូចជាផ្តល់ពេលវេលាឱ្យឳពុកម្តាយ ឬអាណាព្យាបាលដែលជាកម្មករនិយោជិតមានឱកាសធ្វើការងារដើម្បីទទួលបានប្រាក់ចំណូល៕

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ សូមកុំគិតថា “ឃើញមានការរីកចម្រើនច្រើនហើយ នោះមិនមានបញ្ហាអ្វីទេ” ដោយថ្នាក់ដឹកនាំទាំងអស់ត្រូវតែបន្តខិតខំជាប់ជាប្រចាំ

2025/03/10 08:13:01 pm        107
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមីនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត, នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ជាពិសេសប្រធានមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ដោយត្រូវធានាមិនមានការរើសអើង និងត្រូវពង្រឹងចំណុចដែលអនុវត្តល្អកន្លងមក ព្រមទាំងពិនិត្យនូវចំណុចខ្វះខាត ដើម្បីធ្វើការកែលម្អឱ្យកាន់តែប្រសើរឡើង។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំក្រសួង ជាពិសេសតាមបណ្តារាជធានី ខេត្ត ត្រូវពង្រឹង និងពង្រីកការបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសមូលនិធិសមធម៌ និងប.ស.ស ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដោយ៖ ១) ត្រូវពិនិត្យរាល់មតិលើកឡើង ដើម្បីឆ្លុះបញ្ចាំងជាមួយការជាក់ស្តែង ដោយត្រូវពិនិត្យឱ្យគ្រប់ស្ថានភាព បើល្អត្រូវបង្កើនការប្រុងប្រយ័ត្ន និងជៀសវាង ២) បន្តចុះពិនិត្យ ដោយដាក់ក្រុមការងារចុះជាក់ស្តែងមិនឱ្យដឹងព័ត៌មាន ៣) គោលការណ៍កែលម្អឱ្យចំកន្លែងខ្វះខាត និងលើកសរសើរកន្លែងខិតខំជាទូទៅ ដើម្បីបងប្អូនមានទឹកចិត្តខិតខំបន្តទៀត ៤) នៅតាមមន្ទីរពេទ្យ ឬកន្លែងផ្តល់សេវា ត្រូវរៀបចំឱ្យមានប្រអប់សំបុត្រឱ្យបានស្អាត ឬ មាន QR Code សម្រាប់ទទួលនូវមតិយោបល់របស់ប្រជាពលរដ្ឋ ទាំងគ្រប់ទិដ្ឋភាព រិះគន់ស្ថាបនា ឬ សំណូមពរ ៥) បន្តយន្តការជាប្រចាំ ដោយត្រូវមានការសហការឱ្យបានជិតស្និតជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកការងារឱសថ ចំណីអាហារ បរិក្ខារពេទ្យ នាយកដ្ឋានមន្ទីរពេទ្យ ត្រូវពន្លឿនការងារឱ្យបានទាន់ពេលវេលា និងបង្កើនការពិនិត្យឱ្យបានច្បាស់លាស់។ ចំពោះការងារសវនកម្ម និងអធិការកិច្ច ត្រូវបង្កើនសកម្មភាពចុះពិនិត្យ ដោយប្រុងប្រយ័ត្ន និងត្រូវដើរតាមគន្លងនីតិវិធី។ ករណីជំងឺឆ្លង ត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ ដូចជាជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងៗទៀត ដែលអាចបង្កឱ្យមានការឆ្លងរាលដាលជាយថាហេតុក្នុងសហគមន៍។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទទួលបន្ទុករៀបចំដំណើរការសន្និបាតសុខាភិបាល លើកទី៤៤ ដែលប្រព្រឹត្តទៅ ដោយរលូន និងនវានុវត្តន៍ ដែលទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំឱ្យយកបទពិសោធន៍នៃការរៀបចំបានល្អ និងមានចំនុចខ្វះខាតខ្លះៗ ដើម្បីកែលម្អឱ្យកាន់តែល្អប្រសើរនាឱកាសក្រោយ៕អត្ថបទ រដ្ឋា

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករាដឹកនាំវេទិកាសាធារណៈ ក្នុងសង្កាត់អូរឬស្សីទី២

2025/03/10 07:48:10 pm        72
ភ្នំពេញ៖ រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ដើម្បីទទួលយកសំណូមពរ និងដោះស្រាយជូន ប្រជាពលរដ្ឋ ដែលមានផលលំបាក នៅក្នុងមូលដ្ឋានសង្កាត់ ដែលធ្វើឡើងនៅសាលាបឋមសិក្សាបាក់ទូក។នារសៀលថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការអញ្ជើញចូលរួមពី លោក ចៅសង្កាត់អូរឫស្សីទី២ លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សីទី២ សមាជិក-សមាជិកា ក្រុមប្រឹក្សាសង្កាត់ តំណាងអធិការនគរបាលខណ្ឌ តំណាងមូលដ្ឋានកងរាជ អាវុធហត្ថខណ ការិ-ពាក់ព័ន្ធ តំណាងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី២ ព្រមទាំងប្រជាពលរដ្ឋ ដែលមកពី ៩ភូមិ នៃសង្កាត់អូរឬស្សីទី២ ចូលរួមសរុបចំនួន ៩១ នាក់ផងដែរ ។ក្នុងអង្គវេទិកានេះ បានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃឥទ្ធពលគ្រឿងញៀន ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ដឹង និងផ្សព្វផ្សាយលទ្ធផល នៃការឆ្លើយតប ដោះស្រាយ នៅសំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក។ បន្ថែមទៀតនោះ តាមរយៈវេទិកានេះ ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់អូរឬស្សីទី២ ក្នុងខណ្ឌ៧មករា បានលើកឡើងនូវ សំណួរ សំណើ និងសំណូមពរ ដើម្បីស្នើសុំឲ្យ រដ្ឋបាលសង្កាត់រដ្ឋបាលខណ្ឌ ធ្វើការឆ្លើយតប ដោះស្រាយ ពិសេស បញ្ហាប្រឈម មួយចំនួន ដូចជា បញ្ហាអត្តសញ្ញាណប័ណ្ណហួសសុពលភាព បញ្ហាប័ណ្ណហានិភ័យ ប័ណ្ណក្រីក្រ បញ្ហាអនាម័យបរិស្ថាន សំរាម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ ភ្លើងបំភ្លឺសាធារណៈ ដែលពាក់ព័ន្ធ ជាមួយនឹងជីវភាពរស់នៅ ជាប្រចាំថ្ងៃរបស់ពួកគាត់។ជាចុងក្រោយលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានទទួលយកនូវសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ និងបានធ្វើការឆ្លើយតប ដោះស្រាយ សម្របសម្រួល ដោយដាក់ចេញនូវផែនការជាក់ស្តែងទៅរដ្ឋបាលសង្កាត់អូរឫស្សីទី២ កម្លាំងពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្រោយបញ្ចប់វេទិកានេះ ឬ តាមនីតិវិធីជាក់ស្តែង ៕អត្ថបទ៖ កុម្ភៈ

កំណាយនៅប្រាសាទតាព្រហ្ម រកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលមានព្រះសិររក្សាទុកនៅអភិរក្សដ្ឋានអង្គរ តាំងពីសម័យបារាំងក្នុងឆ្នាំ១៩២៧

2025/03/10 04:42:04 pm        100
សៀមរាប៖ អាជ្ញាធរជាតិអប្សរា តាមរយៈការសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ធ្វើកំណាយស្រាវជ្រាវក្នុងដំណាក់កាលទី២ នៅចំណុចខាងក្រៅកំពែងថ្មបាយក្រៀមនាទិសឦសាននៃរោងទងទី៣របស់ប្រាសាទតាព្រហ្ម បានរកឃើញដងខ្លួនពុទ្ធបដិមាចំនួន១ ដែលព្រះសិរត្រូវបានរកឃើញនៅប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ និងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ រហូតមកបច្ចុប្បន្ន។ លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការណ៍ធ្វើកំណាយនៅដំណាក់កាលទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥ បានរកឃើញដងខ្លួននៃពុទ្ធបដិមាក្នុងចំណោមបំណែកបដិមាចំនួន២៩ មានដងខ្លួនពុទ្ធបដិមាចំនួន១ សិល្បៈរចនាប័ទ្មបាយ័ន មានស្ថានភាពបាត់បង់ព្រះសិរ ប្រអប់ជើង និងព្រះហស្តស្តាំ មានកម្ពស់ប្រវែង១.១៦សង់ទីម៉ែត្រ និងទំហំស្មា៥៦សង់ទីម៉ែត្រ។ ដងខ្លួនលម្អដោយគ្រឿងអលង្ការ ស្លៀកសំពត់ ពានាស្បៃ ព្រះហស្ថឆ្វេងដាក់លើដើមទ្រូង មានទម្រង់កាយវិការកម្រនៅក្នុងសិល្បៈខ្មែរ។អ្នកជំនាញរូបនេះបន្តថា ក្រោយពីរកឃើញហើយក្រុមការងារបានចុះបញ្ជីតាមបច្ចេកទេស ដែលដងខ្លួនពុទ្ធបដិមានេះ មានលេខបញ្ជី N°294។ បន្ទាប់មកក្រុមការងារបានស្កេនប្រៀបធៀបស្វែងរកបំណែកផ្សេងៗដែលបាត់បង់ ដើម្បីផ្គុំឡើងវិញ ហើយបានដឹងថា ដងខ្លួននៃពុទ្ធបដិមានេះ ត្រូវគ្នាជាមួយនឹងបំណែកដៃចុះបញ្ជីលេខN°292 និងប្រអប់ជើងចុះបញ្ជីលេខ N°168 ដែលកំណាយរកឃើញនៅដំណាក់កាលទី១ កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងមក។ ចំណែកព្រះសិរដែលមានចុះបញ្ជីលេខ DCA.6883-N139 រកឃើញនៅគោបុរៈខាងកើតទី៤នៃប្រាសាទតាព្រហ្ម ក្នុងឆ្នាំ១៩២៧ បច្ចុប្បន្នរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ក៏ត្រូវបានសិក្សាស្កេនប្រៀបធៀបត្រូវគ្នានិងដងខ្លួននៃបដិមាដែលរកឃើញនៅដំណាក់កាលទី២នេះដែរ។ ដូចនេះផ្នែកផ្សេងៗនៃពុទ្ធបដិមាខាងលើដែលបាក់បែក ត្រូវបានផ្គុំឡើងវិញស្ទើរតែពេញលេញទម្រង់ដើម។ ចំពោះផ្នែកដែលបាត់បង់ដែលស្វែងរកមិនទាន់ឃើញ គឺបាត់ព្រះសហ្តស្តាំតែប៉ុណ្ណោះ។សូមបញ្ជាក់ថា កិច្ចការកំណាយនេះធ្វើឡើងក្នុងគោលបំណងរៀបចំវត្ថុសិល្បៈក្នុងបរិវេណប្រាសាទតាព្រហ្ម ដោយសារតែមានរូបចម្លាក់ជាច្រើនបាននៅរាយប៉ាយតាមកំពែងឬក៏នៅក្នុងរោងទង៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង

2025/03/10 04:39:58 pm        73
ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ដោយមានវត្តមានចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកអភិបាលរងខេត្ត ព្រមទាំងប្រតិភូក្រសួងមុខងារសាធារណៈ។ក្នុងជំនួបសំណេះសំណាលនារសៀលនេះ លោក ប៉ិច ជីន ប្រធានមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង បានរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងសមិទ្ធផលការងារដែលមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង សម្រេចបានជាច្រើននាពេលកន្លងមក ទាំងការអនុវត្តការងារស្នូលប្រចាំថ្ងៃ និងការអនុវត្តការងារទៅតាមវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរបាយការណ៍សង្ខេបនេះ លោកប្រធានមន្ទីរ បានលើកឡើងថា មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង បានខិតខំបំពេញការងារក្នុងការផ្តល់សេវា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ដើម្បីបំពេញទៅតាមតម្រូវការ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ដោយសារមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង មានតួនាទី ភារកិច្ចច្បាស់លាស់ និងមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តស្ទឹងត្រែង ទើបមន្ទីរសម្រេចបានការងារសំខាន់ៗ គួរឱ្យកត់សម្គាល់ រួមមាន៖ ១-អនុវត្តគោលនយោបាយ និងផែនការការងាររបស់ក្រសួងមុខងារសាធារណៈ ដែលពាក់ព័ន្ធនឹងថ្នាក់ក្រោមជាតិ ដើម្បីធានានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ ២-លើកយោបល់ រៀបចំផ្សព្វផ្សាយ សម្របសម្រួល តាមដាន និងវាយតម្លៃលើការអនុវត្តគោលនយោបាយ និងផែនការការងារក្នុងការគ្រប់គ្រង និងអភិវឌ្ឍមូលធនមនុស្សនៅថ្នាក់ក្រោមជាតិ។ ៣-ជួយគណៈអភិបាល និងក្រុមប្រឹក្សាក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល តាមការធ្វើប្រតិភូកម្ម អំណាចដល់ថ្នាក់ក្រោមជាតិ។ ៤-សហការជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, គោលនយោបាយស្តីពីសេវាសាធារណៈ គោលនយោបាយស្តីពីធនធានមនុស្សរដ្ឋបាលសាធារណៈ គោលនយោបាយស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ និងក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនានា ដើម្បីការអភិវឌ្ឍវិស័យមុខងារសាធារណៈ។ ៥-បូកសរុបសំណើផែនការប្រើប្រាស់ និងចូលរួមក្នុងដំណើរការជ្រើសរើសមន្ត្រីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកបណ្តែតនៅថ្នាក់ក្រោមជាតិ។ ៦-ការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិលផ្អែកតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ៧-ពិនិត្យផ្ទៀងផ្ទាត់ ផ្តល់យោបល់លើការតែងតាំង និងបញ្ចប់ភារកិច្ចមន្ត្រីរាជការ គ្រប់គ្រង តាមដាន និងត្រួតពិនិត្យ លើសំណើនានាពាក់ព័ន្ធនឹងការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសារ របស់មន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ និង ៨-អនុវត្តការងារផ្សេងទៀត តាមការកំណត់របស់ក្រសួងមុខងារសាធារណៈ និងគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តស្ទឹងត្រែង។សូមជម្រាបថា មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង បានប្រកាសជាផ្លូវការនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ តាមប្រកាសលេខៈ ១៩៧៩ មស.នក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត។ បច្ចុប្បន្នមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ស្ថិតនៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានមន្ត្រីរាជការ ចំនួន ៩រូប(ប្រធានមន្ទីរ ១រូប, អនុប្រធានមន្ទីរ ២រូប, ប្រធានការិយាល័យ ៣រូប, អនុប្រធានការិយាល័យ ២រូប និងមន្ត្រី ១រូប) និងមន្ត្រីជាប់កិច្ចសន្យា ៦រូប៕

មន្ត្រីសុខាភិបាល បន្តចុះពិនិត្យមណ្ឌលសុខភាពចំនួន១០ (ជុំទី២) នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

2025/03/10 04:37:20 pm        74
ភ្នំពេញ ៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនោះថ្នាក់ដឹកនាំក្រសួងសុខាភិបាលដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយអនុប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល មន្រ្តីជំនួយការ បានចុះទៅពិនិត្យមណ្ឌលសុខភាពចំនួន១០(ជុំទី២) នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងរយៈពេល៣ថ្ងៃ។ ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត  និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌។ ក្នុងបេសកកម្មនេះក្រុមការងារបានជួបប្រជុំ និងមានការអញ្ជើញចូលរួមពិភាក្សាការងារជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៩ចំណុច៖ ១-ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដោយកែលម្អអគារ និងស្ថានភាពបរិស្ថានជុំវិញមណ្ឌលសុខភាព២- ធនធានមនុស្សវិស័យសុខាភិបាលដោយពង្រឹងសមត្ថភាពបុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស៣-ការគ្រប់គ្រង ការចែកចាយឱសថ និងវ៉ាក់សាំង រួមទាំងការបំពាក់សម្ភារៈ បរិក្ខារពេទ្យបនែ្ថម និងការគ្រប់គ្រងឱសថ៤-ការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សបា្តហ៍៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេសមធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង៧-ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។៨-ជំរុញលើកកម្ពស់លើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធានាបានសន្តិសុខសុវត្ថិភាព៩-ការបណ្ដុះបណ្ដាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល។ជាចុងក្រោយឯកឧត្តមសាស្ត្រាចារ្យរង ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។  គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពទាំង១០ទីតាំងមានដូចជា: មណ្ឌលសុខភាពពោធិ៍សែនជ័យ សំរោងក្រោម ស្នោរ ឪឡោក កំបូល កន្ទោក សាមគ្គី បឹងធំ ប្រទះឡាង និងតំណាក់ត្រយឹង ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។ គិតត្រឹមឆ្នាំ២០២៤កន្លងមកនេះ មូលដ្ឋានសុខាភិបាលសាធារណៈតាមរាជធានី-ខេត្ត មានមនី្ទរពេទ្យបង្អែក ចំនួន១៣៤កន្លែង, មណ្ឌលសុខភាព ចំនួន១,៣០៥កន្លែង និងប៉ុស្តិ៍សុខភាព១១៦កន្លែង៕ អត្ថបទ រដ្ឋា

អ្នកនាំពាក្យក្រសួងការពារជាតិ៖ការតែងតាំងមុខតំណែងឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹកជាការអនុលោមតាមច្បាប់សុទ្ធសាធ

2025/03/10 04:31:52 pm        140
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា បានប្រ កាសអះអាងថា អះអាងថាការតែងតាំងមុខតំណែងឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹកជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើយ។ តាមរយៈផេកហ្វេសបុកផ្ទាល់ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងថានាថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបានបង្កឱ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា«ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ខ្ញុំសូមបញ្ជាក់ជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ជាការអនុវត្តទៅច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលក្នុងនោះមាត្រា២៣ បានកំណត់ថា៖ «នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យ នូវមុខតំណែងមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិន នៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិដូចខាងក្រោម៖ -ទេសាភិបាល ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា - អគ្គលេខាធិការក្រសួង អគ្គនាយកក្រសួង ឬមុខតំណែងប្រហាក់ប្រហែល អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត - អគ្គរាជទូត ឬមុខតំណែងប្រហាក់ប្រហែល - ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព- អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ - អគ្គស្នងការនគរបាលជាតិ មុខតំណែង និងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិននៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាល ជាតិចាប់ពីថ្នាក់ឧត្តមសេនីយ៍ឡើង ត្រូវតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យ តាមសំណើ របស់នាយករដ្ឋមន្ត្រី ស្របតាមបទប្បញ្ញត្តិជាធរមាន»។ ដូច្នេះអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា«ការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្រ្តី ជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើយ»៕អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចំហេះ​ព្រៃបង្ខំឲ្យ​មានការជម្លៀសចេញ នៅភាគកណ្តាលរដ្ឋ Utah ខណៈអគ្គិភ័យ​ Iron Fire រាល​ដាលយ៉ាង​លឿន​
06/22/2026 05:06 PM
ហ្វីលីពីនកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ ដោយសារហេតុផលរឿងអាស្រូវពុករលួយ និងវិបត្តិថាមពល
06/22/2026 05:06 PM
តុលាការកូរ៉េខាងត្បូងកាត់ទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ ពាក់ព័ន្ធនឹងច្បាប់អាជ្ញាសឹក
06/22/2026 05:06 PM
ប្រេងធ្លាក់ថ្លៃ ក្រោយកិច្ចប្រជុំអាមេរិក-អ៊ីរ៉ង់ បង្ហាញសញ្ញាបន្ធូរបន្ថយហានិភ័យនៃការផ្គត់ផ្គង់
06/22/2026 05:06 PM
កម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
06/22/2026 05:06 PM
អូស្ត្រាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញការពារជាតិដ៏ធំបំផុតជាមួយ​កាណាដា
06/22/2026 05:06 PM
ជំងឺ Ebola នៅកុងហ្គោ កើន​ឡើង​លើស ១.០០០ករណី ខណៈមាន​ការឆ្លងថ្មីត្រូវបាន​កត់​ត្រា
06/22/2026 05:06 PM
កូរ៉េខាងត្បូងរិះគន់ការ​ដំឡើង​​របងព្រំដែន «កាន់តែខ្លាំង» របស់កូរ៉េខាងជើង
06/22/2026 05:06 PM
ប្រធានាធិបតីស៊ីរីបដិសេធការ​ចង់​ធ្វើ​អន្តរាគមន៍នៅលីបង់ បន្ទាប់ពីមាន​សុន្ទរកថារបសលោក Trump
06/22/2026 05:06 PM
ប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ដែលបាន​ផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
06/22/2026 05:06 PM