កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក
មន្ត្រីជំនាញខេត្តកំពង់ចាម ចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កក​តែមិនឃើញមាន​ទំនិញនាំ​ចូលខុសច្បាប់ពីថៃទេ
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
នាយឧត្តមសេនីយ៍ គន់ គីម បន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី៖ «ទំនុកចិត្ត» រវាងរដ្ឋ និងវិស័យឯកជន នាំមកនូវ​ការវិនិយោគ និងការរីកចម្រើនជាមួយគ្នាជាបន្តបន្ទាប់

2025/03/01 10:25:16 pm        522
មានប្រសាសន៍ក្នុងពិធីបើកពិព័រណ៌រថយន្តលើកទី២ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរៀបរាប់ពីបរិយាកាសដែលនាំនូវការអភិវឌ្ឍ និងការទទួលការវិនិយោគជាបន្តបន្ទាប់​ទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា មិនថា រាជរដ្ឋាភិបាល អាណត្តិមុនៗ ឬ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សុទ្ធតែបានបង្កបរិយាកាសអំណោយផល សម្រាប់ការវិនិយោគ ព្រមទាំងមានឆន្ទៈនយោបាយខ្ពស់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ ឯកឧត្តមបន្តថា កិច្ចសហប្រតិបត្តិការទាំងអស់នេះ សុទ្ធតែបានកើតចេញពីទំនុកចិត្តមកលើសមត្ថភាពដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមថ្លែងថា៖"ខ្ញុំចង់ឃើញវិស័យឯកជននៅក្នុងស្រុក និងក្រៅស្រុក មានភាពរីកចម្រើនជាបន្តបន្ទាប់ និងជាដៃគូដ៏មានសក្តានុពលរបស់កម្ពុជា ដើម្បីការរីកចម្រើនជាមួយគ្នា។ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កបរិយាកាសអំណោយផលដល់អ្នកវិនិយោគទាំងអស់ ហើយកត្តាសុខសន្តិភាព ស្ថិរភាព គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបាន អំពាវនាវដល់វិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕

សម្ដេចតេជោ៖ កម្ពុជាចូលរួមសាទរចំពោះជោគជ័យ នៃការបង្រ្កាបបទ​ល្មើស​ឆបោក​អន​ឡា​ញ​រប​ស់ថៃ ខណៈរឿងនេះគឺ​នៅបន្ត​ទៀត​​ទាមទារ​កិច្ច​សហការ​អន្ត​រ​រដ្ឋាភិបាល​ទើប​អាច​ធ្វើ​ទៅមា​ន​ប្រសិទ្ធភាព

2025/03/01 10:20:07 pm        655
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា នៅ​យប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក ចូល​រួម​សាទ​រ​ចំពោះ​ជោគជ័យនៃការបង្រ្កាបបទល្មើសឆបោកតាមអនឡាញរបស់ប្រទេសថៃ ខណៈ​រឿង​នេះ​សម្ដេច​តេជោ បញ្ជាក់ថា គឺនៅបន្តទៅ​ទៀត​ដែល​ទាម​ទារ​កិ​ច្ច​សហ​ការ​អន្ត​​រ​រដ្ឋាភិបាល​ទើ​បអាច​ធ្វើ​ទៅមានប្រសិទ្ធភាព។សម្ដេចតេជោបានសរសេរថា មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាង​ខ្លាំង​ក្នុង​ការ​បង្រ្កាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលអបអរសាទរជាមួយជោគជ័យទាំងនេះ។ សម្ដេចតេជោបានថ្លែងថា ជាមួយជោគជ័យរបស់ប្រទេសថៃ ប្រទេសជាប់ព្រំដែនថៃ រា​ប់​ទាំងក​ម្ពុជា​ផង​ ក៏បានប្រឹងប្រែងបង្រ្កាបដូចគ្នាដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បាន​សម្ដែងការ​សោកស្តាយ​ចំពោះ​សារព័ត៌មាន​មួយ​និង​អ្នក​នយោបាយ​ខ្លះ​ចាត់ទុកថា ​ជោគជ័យរបស់ប្រទេសថៃ ជា​បរាជ័យ​នៃ​ប្រទេស​ជិត​ខាង​រាប់​ទាំង​កម្ពុជា​ផងដែរទៅវិញ​។ សម្ដេចតេជោបានបញ្ជាក់ថា៖«រឿងបទល្មើសមិនទាន់ចប់ទេនៅបន្តបង្រ្កាបតទៅទៀត ដែ​ល​ទាម​ទារ​នូវ​កិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព»៕

គណបក្សប្រជាជនកម្ពុជា ស្រុកកៀនស្វាយ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការថ្មី នៅថ្ងៃទី១ មីនានេះ

2025/03/01 06:19:14 pm        572
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី សមាជិកគណៈអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានគណៈអចិន្ដ្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានគណៈ-អចិន្ដ្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្ដាល, ស្រុកល្វាឯម, ស្រុកកៀនស្វាយ, ស្រុកមុខកំពូល និងស្រុកពញាឮ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ ស្ថិតក្នុងភូមិស្ដៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ ពិធីសម្ពោធនេះ មានការចូលរួមពី ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ, ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត សមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ, ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្ដាល និងជាអនុប្រធានប្រចាំការនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និងសមាជិក-សមាជិកាគណបក្សសរុបប្រមាណ ៦០០នាក់។ក្នុងកម្មវិធីនេះ ឯកឧត្តម គួច ចំរើន បានលើកឡើងអំពីសភាពការណ៍ទូទៅនិងសមិទ្ធ-ផលសំខាន់ៗ គួរជាទីមោទនៈ លើការងារពង្រឹងគណបក្ស និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងសង្គម នៅទូទាំងខេត្តកណ្ដាលទាំងមូលជារួម។ ដោយឡែក ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានរាយការណ៍អំពីសមិទ្ធផលជាច្រើនដែលក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ បានសហការជាមួយគណបក្សស្រុក និងឃុំទាំង៨ ក្នុងការចុះពង្រឹងនិងអភិវឌ្ឍមូលដ្ឋានស្រុកកៀនស្វាយ ស្របតាមកម្មវិធីនយោបាយ និងគោលការណ៍របស់គណបក្ស លើការងារ ផ្សព្វផ្សាយកម្មវិធី និងគោលនយោបាយបក្ស, អនុវត្តការងារសង្គម មនុស្សធម៌ សុខាភិបាល អប់រំ កីឡា និងសាសនា តាមរយៈការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភជាប្រចាំ ទាំងសម្ភារៈ និងថវិកា ព្រមទាំងការដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរនិងសេចក្តីត្រូវការចាំបាច់នានាជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ។ ជាក់ស្តែង ក្រុមការងារបានកសាងស្ពានក្នុងឃុំគគីរធំ, សាងសង់អគារមណ្ឌលសុខភាពឃុំសំរោងធំ, សាងសង់អគារទីស្នាក់ការថ្មីរបស់គណបក្សឃុំចំនួន៧ រួមមាន អគារទីស្នាក់ការឃុំឈើទាល, ឃុំដីឥដ្ឋ, ឃុំកំពង់ស្វាយ, ឃុំគគីរធំ, ឃុំគគីរ, ឃុំភូមិធំ, និងឃុំសំរោងធំ ព្រមទាំងបានជួសជុលអគារទីស្នាក់ការគណបក្សឃុំបន្ទាយដែក, ផ្លូវ-ថ្នល់, សាលារៀន, វត្តអារាម, ប្រព័ន្ធលូនិងប្រឡាយទឹក, ឧបត្ថម្ភរថយន្ដគិលានសង្គ្រោះដល់មណ្ឌលសុខភាពឃុំបន្ទាយដែក, ឃុំសំរោងធំ, ឃុំដីឥដ្ឋ និងបំពាក់អំពូលសូឡាបំភ្លឺផ្លូវសាធារណៈក្នុងមូលដ្ឋាន ជាដើម។បន្ថែមលើនេះ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ ដោយមានការចូលរួមចំណែកពីគណបក្សខេត្ត និងគណបក្សស្រុក សម្រេចបានគឺ “អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ” ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ។ អគារនេះ ត្រូវបានសាងសង់ដោយយកលំនាំនិងទម្រង់តាមវិមាន ៧មករា មានទំហំ ៥៦ម៉ែត្រ x ៤២.៥ម៉ែត្រ, មានសាលប្រជុំធំ ១ ដែលអាចផ្ទុកអ្នកចូលរួមបានប្រមាណ ៦០០ នាក់, បន្ទប់ការិយាល័យ, បន្ទប់ប្រជុំ, បន្ទប់ទទួលគណៈអធិបតី (VIP), បន្ទប់បច្ចេកទេស, បន្ទប់ដាក់សម្ភារៈ ព្រមទាំងមានបំពាក់សម្ភារៈ បរិក្ខារទំនើបផងដែរ។ នៅបរិវេណខាងក្រៅអគារ មានទីធ្លាធំទូលាយសម្រាប់ចតរថយន្ដ និងអាចរៀបចំពិធីជួបជុំមហាជនបានប្រមាណ ៤ ០០០នាក់, មានបំពាក់អំពូលសូឡាបំភ្លឺពេលយប់ និងមានសួនច្បារដើមឈើលម្អដ៏ស្រស់បំព្រង។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី បានសម្ដែងនូវការកោតសរសើរចំពោះគណបក្សខេត្តកណ្ដាល, ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ និងក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ទូទាំងស្រុកកៀនស្វាយ, ជាពិសេស ឯកឧត្តមបណ្ឌិត គុណ ញឹម ដែលបានដឹកនាំក្រុមការងារគណបក្ស ចុះពង្រឹងនិងអភិវឌ្ឍមូលដ្ឋានស្រុកកៀនស្វាយ ដោយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានណែនាំដល់ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាលគ្រប់លំដាប់ថ្នាក់, ក្រុង/ស្រុក និងឃុំ/សង្កាត់ទាំងអស់ ឱ្យបន្ដសហការគ្នានិងយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការបន្តសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងគណបក្ស, ការពង្រឹងនិងពង្រីករចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សនៅគ្រប់កម្រិត, ការផ្សារភ្ជាប់ជាមួយប្រជាជន ជួយជ្រោមជ្រែងប្រជាជន និងធ្វើជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន, ការខិតខំដោះស្រាយសំណូមពរនិងបញ្ហាប្រឈមនានានៅតាមមូលដ្ឋានតាមរយៈការរៀបចំវេទិកាសាធារណៈ ដោយប្រកាន់យកនូវរូបមន្តដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្ស, ការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ, ការបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ, និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាអនាម័យនិងសោភ័ណភាពអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយថ្មីនេះ៕

បេក្ខជនជាង ១ម៉ឺននាក់ បានចូលប្រឡងថ្នាក់ជាតិ​សម្រាប់ការចូលរៀនជំនាញ​វិជ្ជាជីវៈ​ក្នុងវិស័យសុខាភិបាល

2025/03/01 06:08:03 pm        985
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់​បណ្តុះ​បណ្តាល​ក្នុង​វិស័យ​សុខាភិបាល បានរៀបចំដំណើរការប្រឡងជ្រើសរើសសិស្ស ចូលរៀនជំនាញ​វិជ្ជា​ជីវៈ​ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រនៅគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលឆ្នាំ២០៤ ឆ្នាំ២០២៥ ដែលការប្រឡងនេះ មានបេក្ខជន បេក្ខនារីប្រមាណជាង ១ម៉ឺន៥២៨នាក់ ។ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជា​ប្រធាន​គណៈ​កម្មាធិការ​ប្រឡង​ថ្នាក់​ជាតិ សម្រាប់បណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ថ្លែងថា ការប្រឡងសិស្ស​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈសុខាភិបាលថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រឆ្នាំនេះ ត្រូវបានត្រូវ​បាន​រឹត​បន្តឹងដូចបណ្តាឆ្នាំកន្លងមក ដែលមានដាក់ពង្រាយមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ នៅ​តាម​បន្ទប់ប្រឡង វិញ្ញាសាររៀបចំពេលព្រឹក ដាក់ចេញប្រឡងនៅពេលល្ងាច ជាពិសេសនោះ គឺ​ពង្រឹងការតាមដាន ចាត់វិធានការថ្កោលទោសចំពោះបេក្ខជនដែលឲ្យជនផ្សេងប្រឡងជំនួស។បណ្តាបេក្ខជនបេក្ខនារី ថ្លែងថា ការប្រឡងជ្រើសរើសសិស្សចូលរៀនថ្នាក់ឆ្នាំមូលដ្ឋាន សម្រាប់​កម្រិត​បរិញ្ញាបត្រឆ្នាំនេះ ហាក់មានការរឹតបន្តឹងខ្លាំង ទាំងលើផ្នែកការរៀបចំវិញ្ញាសា និង​ដំណើរ​ការ​ប្រឡង មានភាពសុក្រិត្យ យុត្តិធម៌ តម្លាភាព និងឈរលើគោលការណ៍ ចេះជាប់ ។សូមបញ្ជាក់ថា នៅក្នុងដំណើរការដាក់ពាក្យប្រឡងថ្នាក់ជាតិ សម្រាប់​បណ្តុះ​បណ្តាល​ក្នុង​វិស័យ​សុខាភិបាល បានទទួលបេក្ខជនបេក្ខនារី ដាក់ពាក្យតាមប្រព័ន្ធអនឡាញ សរុបមាន​ចំនួន​១០៥៦៩​នាក់ ក្នុងនោះមានបេក្ខជន បេក្ខនារី ចំនួន១០៥២៨នាក់ គឺត្រូវបានគណៈ​កម្មាធិការ​ប្រឡង​សម្រេច​ឲ្យមានសិទ្ធចូលរួមប្រឡង។ការប្រឡងនេះ បានបែងចែកមណ្ឌលប្រឡងចំនួន៥ មណ្ឌល រួមមាន៖ សកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ វិទ្យាល័យជា ស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យបាក់ទូក ដែល​ការ​ប្រឡង​មាន​បី​មុខវិជ្ជា រួមមាន៖ គណិតវិទ្យា ជីវៈវិទ្យា និងគីមីវិទ្យា ហើយការប្រឡងថ្ងៃទី១ ធ្វើឡើងចាប់​ពីម៉ោង​១៣ និង៣០នាទី ដល់ម៉ោង១៦និង៣០នាទី ហើយថ្ងៃទី២ ប្រឡងចាប់ពីម៉ោង ១៤ រហូត ដល់ម៉ោង ១៥ និង៣០នាទី៕ អត្ថបទ៖ ស៊ុម សុខជា

ក្រសួងបរិស្ថាន នឹងបន្តរៀបចំពិធីបុណ្យកោងកាងសន្តិភាព នៅឆ្នាំក្រោយៗទៀត

2025/03/01 04:16:08 pm        189
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បង្ហើបថា ក្រសួងនឹងបន្ត​រៀប​ចំ​ឱ្យ​មាន​ពិធី​បុណ្យ​កោង​កាង​សន្តិភាព​នៅ​ឆ្នាំក្រោយ​ទៀត បន្ទាប់ពីមើលឃើញពី​អត្ថ​ប្រយោជន៍​នៃ​ពិធី​បុណ្យ​ជា​ប្រវត្តិសាស្រ្ត​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មកនោះទេ។ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចាត់ទុកពិធីបុណ្យកោងកាង ជាពិធីដ៏​មាន​សារៈ​ប្រយោជន៍​សម្រាប់​ការលើកកម្ពស់យល់ដឹងផ្នែកបរិស្ថានប្រព័ន្ធអេកូឡូស៊ីក្នុងសង្គម ដូចជាការពារ​ឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្ដល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភព​ចំណូល​សម្រាប់​សហគមន៍​មូលដ្ឋាន។ក្នុងពិធីបុណ្យកោងកាងសន្តិភាពលើកដំបូង នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន ថ្លែងថា ក្រសួង​នឹង​បន្ត​បង្កើត​ឱ្យ​មានពិធីបុណ្យនេះបន្តទៀតនៅឆ្នាំក្រោយ ក្នុងគោលបំណង​បំផុស​ឱ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេសជាមួយប្រជាសហគមន៍មូលដ្ឋាន លើកស្ទួយតម្លៃនៃ​​កិច្ច​ខិត​ប្រឹង​ប្រែង​ការពារ ថែរក្សាធនធានធម្មចាតិរបស់រាជរដ្ឋាភិបាលជាមួយភាគីពាក់ព័ន្ធ។ ជាពិសេសការទទួលបានសុខសន្តិភាព ភាពសុខដុមរមនា និងការរស់នៅ​ប្រកប​ដោយ​សុខ​ដុម​ជា​មួយ​បរិស្ថាន ដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ មានគោល​ដៅ​ច្បាស់​លាស់​ឆ្ពោះ​ទៅ​ប្រទេស​អព្យាក្រឹតកាបូននៅ ២០៥០ និងប្រទេសមានចំណូលសេដ្ឋកិច្ចកម្រិតខ្ពស់។ដោយ​ឡែក​លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងដែរថា ដើមកោងកាង ជារុក្ខ​ជាតិមួយប្រភេទដែលភាគច្រើនដុះនៅតាមតំបន់មាត់សមុទ្រ មានឬសច្រើន មានពណ៌​បៃតង​ស្រស់ ហើយត្រួយរបស់វាអាចយកមកបរិភោគបាន។ ព្រៃកោងកាង ជាជម្រកសម្រាប់​សត្វ​ក្នុង​ទឹក ជាជម្រកសត្វស្លាប និងជាកន្លែងដែលអាចបញ្ចេ្ញញឧស្ម័នអុកស៊ីសែនផងដែរ។លោក​ជំទាវអភិបាលខេត្ត បានរំលេចទៀតថា នៅឆ្នាំ២០២៤កន្លងទៅ ខេត្តកោះកុង​បាន​ដាំ​ស្តារ​ព្រៃ​កោង​កាង​ឡើងវិញបានចំនួន៥ម៉ឺន៤៨០០ដើមបន្ថែមលើសកម្មភាពនេះ គឺបង្ហាញអំពីឆន្ទៈក្នុងការចូលរួមអភិរក្ស និងការដាំស្តារ​ឡើង​វិញ​នូវ​ធន​ធាន​ធម្មជាតិ​ឱ្យ​ស្រប​ទៅ​តាម​គោល​នយោបាយរបស់រដ្ឋាភិបាល និងក្រសួងបរិស្ថាន។ បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្ត ក៏បាន​បណ្តុះ​កូន​ឈើដើមកោងកាងបានចំនួន២ម៉ឺន៨ពាន់ដើម សម្រាប់ត្រៀម​ទុក​ទៅ​ដាំ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​តាមតម្រូវការ។ខេត្តកោះកុង មានព្រៃកោងកាង​ទំហំ​ជាង​៤ម៉ឺន​៦​ពាន់​ហិចតា​ជាប់​ជា​ខេត្ត​ដែល​មាន​ព្រៃ​កោង​កាង​ច្រើន​ជាង​គេ ក្នុងចំណោមខេត្ត​ជាប់​មាត់​សមុទ្រ​ទាំង​៤​ពោល​គឺ​៧៨​ភាគ​រយ​នៃ​ផ្ទៃ​ដី​ព្រៃ​កោង​កាង​នៅ​ប្រទេស​កម្ពុជា។លោក ម៉េង ហេង ប្រធានអង្គការមេត្តាធម្មជាតិ ដែលជាអង្គការចូលរួមផ្ដួចផ្ដើមពិធីនេះ បាន​បង្ហាញ​ក្ដី​រីករាយដែលបានចូលរួមធ្វើសកម្មភាពដាំដើមកោងកាងនៅក្នុងខេត្តកោះក្នុង និង​បាន​ចូល​រួម​សហការធ្វើការងារបរិស្ថានជាមួយក្រសួងបរិស្ថាន និងអាជ្ញធារនៅមូលដ្ឋាន ដោយ​ទទួល​បាន​កិច្ច​សហការគ្នាយ៉ាងល្អដើម្បីថែរក្សា ការពារធនធានធម្មជាតិរបស់កម្ពុជា។ហើយ​លោក ម៉េង ហេង ក៏បង្ហាញ​ការ​សោក​ស្ដាយ​ណាស់​ដែល​កាល​ពី​មុន​បាន​ធ្វើ​សកម្ម​ភាព​បរិស្ថាន ផ្ទុយពីគោលនយោបាយរាជរដ្ឋាភិបាល ដោយសារ​តែ​ចាញ់​កល​ការ​ញុះ​ញង់​របស់​ក្រុម​ជ្រុល​និយម​នៅក្រៅប្រទេស បានចេញមកលាបពណ៌រាជរដ្ឋាភិបាល ជាពិសេស​បំផុស​ព័ត៌មាន​មិន​ពិត​លើ​វិស័យ​បរិស្ថាន​នេះ​នាំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ដល់​ប្រជា​ពលរដ្ឋ​លើ​ការ​អនុវត្ត​គោល​នយោបាយ​លើ​វិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល»៕អត្តបទ ឈឹម មករា

ធុរកិច្ចថ្មីឌីជីថលក្នុងស្រុក បានកសាងប្រព័ន្ធប្រកាសពន្ធថ្មីមួយ ដើម្បីសម្រួលការប្រកាសពន្ធជូនរដ្ឋ

2025/03/01 03:52:43 pm        102
ភ្នំពេញ ៖ ធុរកិច្ចថ្មីឌីជីថលក្នុងស្រុក កំពុងជំរុញធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសេដ្ឋកិច្ច លើការកសាងប្រព័ន្ធប្រកាសពន្ធ SIMPLIFY សម្រួល ដល់ការងារគណនេយ្យករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងការងារប្រកាសពន្ធជូនរដ្ឋ, នេះគឺជាការចូលរួមចំណែករួមជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា។​លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងការ ដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធ ឡូខលឡាយ៍ (Localize) នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា រាជរដ្ឋាភិបាល បានចាត់ទុកបច្ចេកវិទ្យាឌីជីថល គឺជាកាតាលីករថ្មី សំខាន់ និងមានសក្តានុពល និងកាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាព សេដ្ឋកិច្ច ក្នុងនោះអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក៏ត្រូវបានបង្កើតឡើងចំអាណត្តិថ្មីរបស់រាជរដ្ឋាភិបាល ដោយមានបេសកកម្មចូល រួមចំណែកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ លោក បន្តថា ជាក់ស្តែង Localize ដែលជាធុរកិច្ចថ្មីឌីជីថលក្នុងស្រុក បានកំពុងចូលរួមចំណែកលើកកម្ពស់ធ្វើបរិវត្តកម្មឌីជី ថលសហគ្រាស, ជំរុញអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច សម្រួលដល់ការធ្វើធុរកិច្ច និង ពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយលើការងារជាច្រើនដូចជា៖ ការសម្រង់បញ្ជីស្នាមនៃការលក់និងការទិញ ការកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗផងដែរ។លោក ទុយ ហុង ធុរកិច្ចបង្កើតថ្មីឆ្នើម និងជាស្ថាបនិក ឡូខលឡាយ៍ (Localize) លើកឡើងថា Localize គឺជាធុរកិច្ចថ្មី ឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញ សម្រាប់សហគ្រាសធនតូច និងមធ្យម SMEs។ បេសកម្មរបស់ Localize គឺប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជួយដល់ SME ឲ្យមានការគ្រប់គ្រង គណនេយ្យត្រឹមត្រូវ តាមស្តង់ដារ និងមានរបាយការណ៍ ហិរញ្ញាវត្ថុច្បាស់លាស់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភាពរីកចំរើនប្រកបដោយនិរន្តភាព។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ នេះ Localize បានកសាងប្រព័ន្ធឌីជីថលថ្មីមួយទៀត គឺប្រព័ន្ធរៀបចំការប្រកាសពន្ធ (SIMPLIFY) ដើម្បីជួយសម្រួលដល់ការងារ គណនេយ្យករ និងជាម្ចាស់អាជីវកម្មក្នុងការងារប្រកាសពន្ធជូនរដ្ឋដូចជា៖ រៀបចំទិន្នន័យបានលឿនរហ័ស ដោយមិនបាច់បញ្ចូលឡើង ពេលភ្ជាប់ជាមួយប្រព័ន្ធគណនេយ្យ, ប្រមូលផ្តុំទិន្នន័យនៅក្នុងប្រព័ន្ធតែមួយដែលមានសុវត្ថិភាពខ្ពស់ ងាយស្រួលក្នុងត្រួតពិនិត្យ នៅ ពេលក្រោយ, អាចផ្ទេរការគ្រប់គ្រងពីគណនេយ្យករម្នាក់ទៅម្នាក់យ៉ាងស្រួល មិនបារម្មណ៍ពេលផ្លាស់ប្តូរអ្នកប្រកាសពន្ធ, និងងាយ ស្រួលប្រើប្រាស់ មានលំហូរការងារច្បាស់លាស់ និងមានរបាយការណ៍ជាក់លាក់ជាដើម។លោក សោភាន់ ចែត្រា ប្រធានខ្លឹបគណនេយ្យកម្ពុជា បានថ្លែងនូវការកោតសរសើរដល់ធុរកិច្ចបង្កើតថ្មីរបស់កម្ពុជា ដែលបាន បង្កើតផលិតឌីជីថលនេះឡើង ដែលនេះស្នាដៃកូនខ្មែរ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានបង្កើតប្រព័ន្ធគណនេយ្យ និងការ បង្កើតប្រព័ន្ធក្នុងការប្រកាសពន្ធនេះឡើង។ លោក បន្តថា ជុំវិញផ្នែកគណនេយ្យ ក្នុងនោះអ្នកជំនាញគណនេយ្យករគឺមានសារៈសំខាន់ ណាស់ក្នុងវិស័យសេដ្ឋកិច្ច បញ្ហានេះ, ប្រសិនប្រទេសយើងរៀបចំស្តង់ដារគណនេយ្យមិនបានត្រឹមត្រូវ គឺមិនមានវិនិយោគិនណា ចង់មកបណ្តាក់ទុនឡើយ, តែបច្ចុប្បន្នកម្ពុជាមានស្តង់ដារគណនេយ្យដូចគ្នានិងស្តង់ដារគណនេយ្យអន្តរជាតិ ដែលនេះគឺជាផ្នែកមួយ យ៉ាងសំខាន់របស់កម្ពុជា ក្នុងការទាក់ទាញវិញឱ្យមកបណ្តាក់ទុនជាបន្តបន្ទាប់៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តមប៉េងពោធិសាអភិបាលខេត្តស្វាយរៀងអញ្ជើញសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យហ៊ុនសែនកំពង់ចកស្រុករំដួល

2025/03/01 03:38:32 pm        74
ស្វាយរៀង ៖ សមិទ្ធផលថ្មីៗរួមមានខ្លោងទ្វារ បុស្បុកតម្កល់ព្រះពុទ្ធរូប តារាងបាល់បោះ ស្ថិតនៅវិទ្យាល័យហ៊ុន សែន កំពង់ចក ស្រុករំដួលខេត្តស្វាយរៀង ដែលជាអំណោយរបស់មន្ត្រីក្រុមការងារគណបក្សចុះជួយស្រុក និងសម្បុរសជន ក្នុងនិងក្រៅប្រទេស ត្រូវបានរដ្ឋបាលស្រុកសហការជាមួយនឹងវិទ្យាល័យរៀបចំសម្ពោធបើកដាក់ឲ្យប្រើប្រាស់ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងថ្ងៃទី១ ខែមីនាឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញពី ឯកឧត្តមលោកជំទាវ លោក លោកស្រី ជាក្រុមការងារគណបក្សចុះជួយស្រុក សប្បុរសជននិងតំណាងអង្គការក្រៅរដ្ឋាភិបាលផងដែរ។  លោកថោង សំអ៊ុល នាយកវិទ្យាល័យ ហ៊ុន សែន កំពង់ចក បានបញ្ជាក់ប្រាប់ទូរទស្សន៍ BTVថា វិទ្យាល័យហ៊ុនសែនកំពង់ចក បានបង្កើតឡើងនៅឆ្នាំ១៩៨៣ ស្ថិតនៅក្នុងភូមិពោន ឃុំសង្កែ ក្រោមការផ្តួចផ្ដើមដោយសហគមន៍ ដោយដាក់ឈ្មោះថាអនុវិទ្យាល័យរំដួល រហូតដល់ឆ្នាំ១៩៩៦ សាលាក៏បានប្ដូរទីតាំង មកកសាងក្នុងភូមិព្រៃគាវ ឃុំកំពង់ចក និងបានប្ដូរឈ្មោះពីអនុវិទ្យាល័យរំដួល មកជាអនុវិទ្យាល័យមិត្តភាពហ៊ុន សែន អ៊ុង ផន និង តាមប្រកាសលេខ៥៧ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៥ របស់ក្រសួងអប់រំយុវជននិងកីឡាសាលា ក៏ផ្លាស់ប្ដូរឈ្មោះ ជាវិទ្យាល័យ មិត្តភាព ហ៊ុន សែន អ៊ុង ផនទៅជាវិទ្យាល័យហ៊ុនសែនកំពង់ចករហូតមកដល់បច្ចុប្បន្ននេះ។ លោកបានបន្តថា ជាបន្តបន្ទាប់សាលាត្រូវបានឯកឧត្តមជាក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលពិសេសសប្បុរសជនបានចូលរួមកែលម្អកសាងសាលា ជាក់ស្ដែងនៅថ្ងៃនេះសាលាមានកិត្តិយសត្រូវបាន ឯកឧត្តមអភិបាលខេត្តអញ្ជើញមកកាត់ខ្សែបូរណ៏ សម្ពោបើកដាក់ឲ្យប្រើប្រាស់នូវក្លោងទ្វារ បុស្បុកតម្កល់ព្រះពុធរូប និង ទីលានបាល់បោះជាសក្ខីភាព។​  ថ្លែងមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ពិសេសតំណាងមាតា បិតាអាណាព្យាបាលសិស្ស ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តបានសម្តែងអបអរសាទរ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងារចុះជួយស្រុក និងសប្បុរសជនដែលបានរួមចំណែកកសាងសមិទ្ធផលតម្កល់ទុកនៅទីនេះ ដែលទាំងអស់នេះជាសមិទ្ធផលបន្ថែមក្នុងកិច្ចការកសាងធនធានមនុស្សជាមួយនឹងរាជរដ្ឋាភិបាល។  ជាមួយនឹងសមិទ្ធផលថ្មីៗដែលកកើតឡើងពីការចូលរួមរបស់ក្រុមការងារនិងសប្បុរសជន ឯកឧត្តម ប៉េង ពោធិសា នូវបានណែនាំដល់លោកគ្រូ អ្នកគ្រូ ពិសេសសិស្សានុសិស្ស ត្រូវចូលរួមថែរក្សាសមិទ្ធផលទាំងនេះសម្រាប់ប្រើប្រាស់និងប្រតិបត្តិឲ្យបានយូរអង្វែង។  ក្នុងនាមក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាមូលដ្ឋានគ្រឹះសិក្សា ដែលកកើតឡើងនៅទីនេះគឺជាសមិទ្ធផលដែលបានបង្កើតឡើងដោយការដឹកនាំរបស់គណបក្សដូច្នេះលោកគ្រូ អ្នកគ្រូ ត្រូវប្រើប្រាស់ បង្រៀនដល់សិស្សានុសិស្ស ដើម្បីអប់រំតម្រង់ទិសក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព។  ទន្ទឹមនិងនោះដែរឯកឧត្តមអភិបាលខេត្តនៅបានណែនាំដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ប្រកបដោយ ជៀសវាងឲ្បានយឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ដែលនាំឲ្យខូចអនាគត។   

ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ មេឃុំ និងចែកជូនគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ៣ឃុំ នៅខេត្តត្បូងឃ្មុំ

2025/03/01 03:18:51 pm        125
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ មេឃុំ និងចែកជូនគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង ឃុំចំនួន៣ រួមមានឃុំចុងជាច ឃុំទឹកជ្រៅ និងឃុំនាងទើត នៅក្នុងមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងមូលដ្ឋានភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងលោកជំទាវ នី ចាន់ធីតា អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥នេះ។ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព របស់ប្រជាជនយើងគ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។ឯកឧត្ដមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះ ដើម្បីធានានូវសុខសន្តិភាព រាជរដ្ឋាភិបាល បានបន្តគិតគូរយ៉ាងម៉ត់ចត់អំពីសុខមាលភាពរបស់ប្រជាជន ក្នុងនោះ របបសន្តិសុខសង្គមត្រូវបានបម្រើកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការធានាបាននូវសន្តិភាព សមធម៌និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ បន្ទាប់មកឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ ពិនិត្យមើលសមិទ្ធផលនានាដែលត្រៀម និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ នៅបរិវេណវត្ត សិរីពោធិ៍វង្ស ស្ថិតនៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា សមិទ្ធផលមានដូចជា ឧបដ្ឋានសាលា វិហារ កុដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបរិវេណវត្តដែលជាឧត្តមប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរនាឱកាសនេះ គឺកើតចេញពីការសាមគ្គី និងសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយដែលកាន់ព្រះពុទ្ធសាសនា។ ឯកឧត្តម រដ្ឋមន្រ្តី បានបន្តអញ្ជើញចុះពិនិត្យមើលការជួសជុល សាលាបឋមសិក្សា ហ៊ុន សែន វត្តសំរោង និងសាលាបឋមសិក្សា ហ៊ុនសែនសង្គម ស្ថិតនៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កសាងឆ្នាំ ១៩៩៧ ហើយត្រូវបានជួសជុលកែលម្អឡើងវិញដោយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិស័ទថ្ងៃចុងក្រោយ តាមរយៈ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ដែលចាប់ផ្ដើមជួសជុលតាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្នសម្រេចបាន៩០%ហើយ ។ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ផងដែរពីតម្លៃនៃសុខសន្តិភាព បើគ្មានសន្តិភាពទេ នោះយើងទាំងអស់គ្នាគ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនេះទេ។ ហើយ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ៕អត្ថបទ រដ្ឋា

អាកាសចរស៊ីវិលកំពុងរៀបចំគម្រោងផ្ទេរព្រលានយន្តហោះចាស់ មកទីតាំងថ្មីនាពេលខាងមុខ

2025/03/01 03:05:25 pm        393
ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា គម្រោងនៃការផ្ទេរអាកាសយាន្តដ្ឋានចាស់ (ព្រលានយន្តហោះអន្តរជាតិភ្នំពេញ) មកកាន់ទីតាំងថ្មី គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ កំពុងតែរៀបចំនឹងគ្រោងផ្ទេរនាពេលខាងមុខនេះ ខណៈព្រលានយន្តហោះថ្មីគ្រោងនឹងបើកដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥នេះ។មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំបូកសរុបវឌ្ឍនភាពគម្រោងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ទាក់ទងនឹងការងារផ្ទេរនេះ ក្រុមការងារកំពុងតែរៀបចំផែនការ ដែលខាងលេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយនឹងក្រុមហ៊ុនមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងភ្នាក់ងាររាជរដ្ឋាភិបាល សមត្ថកិច្ចច្រកទ្វារទាំងអស់ បានរៀបចំផែនការផ្ទេរដោយបានកំណត់កាលបរិច្ឆេទរួចរាល់ហើយផងដែរ ដែលនឹងធ្វើមុនពេលបើកដំណើរការអាកាសយានដ្ឋានថ្មី ដែលអាចចុងខែមិថុនា ឬដើមខែកក្កដា។ឯកឧត្តម សយ សុខាន់ បានពន្យល់បន្ថែមថា ចាប់ពីឥឡូវនេះ ក្រុមការងារសិក្សា និងរៀបចំផែនការដើម្បីផ្ទេរ ហើយការផ្ទេរនេះគឺផ្ទេរប្រតិបត្តិការពីចាស់មកថ្មី ដូចជាបុគ្គលិក ក្រុមហ៊ុនអាកាសចរណ៍ (airline) និងភ្នាក់ងារទាំងអស់ដើម្បីបំពេញកិច្ចការងារនៅទីតាំងថ្មីនេះ។ ឯកឧត្តម បានឲ្យដឹងទៀតថា កិច្ចការងារផ្ទេរនេះ គឺជាកិច្ចការងារសំខាន់ណាស់ ជាពិសេសទាក់ទងអាកាសចរណ៍ស៊ីវិលនេះ មិនមែនជាការងារផ្ទេរមួយដែលងាយស្រួលនោះទេ ព្រោះវាទាក់ទងនឹងសន្តិសុខ សុវត្ថិភាពប្រតិបត្តិការទាំងអស់ មានន័យថា កិច្ចប្រតិបត្តិការអាកាសយានទាក់ទងនឹង airline កិច្ចប្រតិបត្តិការនាំផ្លូវអាកាស ហើយនឹងកិច្ចសហប្រតិបត្តិការសម្រាប់អាកាសយានដ្ឋានផង។សូមបញ្ជាក់ថា មកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់ប្រមាណជាង ៩៤% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕ អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម ឡោ រស្មី អញ្ជើញជួបសំណេះសំណាលក្រុមអាជីវករលក់ជី និងថ្នាំកសិកម្ម នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម

2025/03/01 02:29:43 pm        142
ភ្នំពេញ៖ ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរកសិកម្មទាំងពីរខេត្ត និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មសរុបចំនួន២៩១នាក់ មន្ត្រីកសិកម្មឃុំសរុបចំនួន ១៦នាក់ នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ក្នុងជំនួបនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដូចជាការពង្រាយមន្ត្រីកសិកម្មឃុំ ការចងក្រងសហគមន៍កសិកម្មទំទើប ការជួយរក្សាលំនឹងថ្លៃកសិផល ការរកទីផ្សារ និងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណេញដល់ប្រជាកសិករ ព្រមទាំងបានរំលេចនូវសមិទ្ធផលជាច្រើន ដែលក្រសួងកសិកម្មសម្រេចបាននាពេលកន្លងមក។នាឱកាសនោះ ឯកឧត្ដម ក៏បានណែនាំដល់អាជីវករលក់ជី និងថ្នាំកសិកម្មទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការលក់ជី ថ្នាំកសិកម្មដែលមានគុណភាព ប្រើប្រាស់ទៅមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់កសិករ និងត្រូវជួយណែនាំបន្តដល់ប្រជាកសិករឱ្យបានដឹង និងយល់កាន់តែច្បាស់បន្ថែមទៀត ពីការប្រើប្រាស់ជី ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមស្ដង់ដាបច្ចេកទេស ដើម្បីបង្កើនទិន្នផលកសិផល មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងភាតរភាពបរិស្ថាន។ ជាមួយគ្នានោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានណែនាំឱ្យអាជីវករដែលមានដ្រូនប្រើប្រាស់ ត្រូវអនុវត្តតាមស្មារតីនៃប្រកាសអន្តរក្រសួងលេខ: ១៦៤៤ប្រក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ដីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយត្រូវទៅបំពេញព័ត៌មាននៅអធិការដ្ឋាននគរបាលស្រុក/ក្រុង និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ ដើម្បីចៀសវាងការបង្កអសន្តិសុខសង្គម និងការប្រព្រឹត្តបទល្មើសនានា។ ក្នុងនាមជាដៃគូ និងអ្នកនៅជាប់ជាមួយកសិករ អាជីវករលក់ជី និងថ្នាំកសិកម្មទាំងអស់ បានបង្ហាញក្ដីរីករាយ និងចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ក្នុងការចែករំលែកព័ត៌មានល្អៗ និងវិជ្ជមាន ការផ្ដល់ចំណេះដឹងបច្ចេកទេសថ្មីៗ ដើម្បីជួយដល់កសិករ និងចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលបង្កអសន្តិសុខសង្គម បង្កផលប៉ះពាល់អវិជ្ជមានដល់កសិករ និងវិស័យកសិកម្មទាំងមូល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីអ៊ីរ៉ង់ ស្វាគមន៍តួនាទីរបស់ប្រទេសកាតា ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 03:06 PM
លោកLavrov៖ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងNATO និងរុស្ស៊ី អាចកើនឡើងដល់ការវាយប្រហារនុយក្លេអ៊ែរ
06/19/2026 03:06 PM
អ៊ុយក្រែនវាយប្រហារដោយដ្រូនជិត ២០០គ្រឿងទៅលើទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សយ៉ាងតិច១៧នាក់រងរបួស
06/19/2026 03:06 PM
កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក
06/19/2026 03:06 PM
មន្ត្រីជំនាញខេត្តកំពង់ចាម ចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កក​តែមិនឃើញមាន​ទំនិញនាំ​ចូលខុសច្បាប់ពីថៃទេ
06/19/2026 03:06 PM
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
06/19/2026 03:06 PM
លោក TRUMP ពិពណ៌នាការចុះហត្ថលេខាលើ MoU របស់អ៊ីរ៉ង់ជាមួយអាមេរិកថា ជា «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ»
06/19/2026 02:06 PM
លោក Vance៖ អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយវត្តមានយោធានៅជិតអ៊ីរ៉ង់ដល់កម្រិតមុនជម្លោះ
06/19/2026 02:06 PM
ស៊ីរីរាយការណ៍អំពីការលុកលុយថ្មីរបស់អ៊ីស្រាអែលចូលក្នុងទឹកដីរបស់ខ្លួន ខណៈភាពតានតឹងព្រំដែនកំពុងបន្ត
06/19/2026 02:06 PM
នាយឧត្តមសេនីយ៍ គន់ គីម បន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា
06/19/2026 02:06 PM