នាយឧត្តមសេនីយ៍ គន់ គីម បន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា
កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
ពិព័រណ៍ផលិតផលអាស៊ាន កម្ពុជា-ចិន ជំរុញពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគរួម
ក្រសួងបរិស្ថានគាំទ្រ និងជំរុញការ «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់កសិកម្មជំរុញ និងលើកទឹកចិត្តដល់កសិករឱ្យបង្កើនការចិញ្ចឹមសត្វ ដាំដុះ មានគុណភាព ដើម្បីផ្គត់ផ្គង់ដល់តម្រូវការទីផ្សារ

2025/03/01 01:08:22 pm        364
កំពង់ស្ពឺ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោកស្រី ហោ ម៉ាលីន បានជំរុញ និងលើកទឹកចិត្តដល់កសិករទាំងអស់ ឱ្យបង្កើនការចិញ្ចឹមសត្វ ដាំដុះឱ្យបានផុលផុស​ដើម្បីផ្គត់ផ្គង់ដល់តម្រូវការទីផ្សារ ព្រោះវាជាមុខរបរដ៏ល្អមួយក្នុងការបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារ ហើយក្នុងនោះមន្ត្រីនៃមន្ទីរជំនាញ ពិសេសមន្ត្រីកសិកម្មឃុំត្រូវដើរតួរនាទីក្នុងការសម្របសម្រួលការងារបច្ចេកទេសនិងគាំពារដល់សុខភាពសត្វចិញ្ចឹម។ការលើកឡើងដូចនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងអនុប្រធានមន្ទីរនិងប្រធាន អនុប្រធានការិយាល័យ ចំនួន១៦រូបចំណុះមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានលើកឡើងថា ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍ ហើយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈល្អប្រសើរធូរធារ រីកចម្រើន ក្នុងនោះកំណើនពលរដ្ឋក៏មានកើនឡើងខ្ពស់ផងដែរ។ ទន្ទឹមនឹងនេះ តម្រូវការនៃការហូបចុកក៏ច្រើនជាងមុន ដែលទាមទារឱ្យអ្នកផលិតត្រូវខិតខំបង្កើនការផលិតឱ្យបានខ្ពស់ដើម្បីបំពេញដល់តម្រូវការនេះ។លោកស្រីថា ការខិតខំផលិតតាមរយៈការបង្កើនការផលិតដើម្បីបំពេញដល់តម្រូវការទីផ្សារនាពេលបច្ចប្បន្ន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងចូលរួមជាកម្លាំងចលករក្នុងការសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។ទន្ទឹមនោះដែរ លោកស្រីរដ្ឋលេខាធិការ ក៏បានគាំទ្រ និងលើកទឹកចិត្តឱ្យម្ចាស់កសិដ្ឋានទាំងអស់ ត្រូវខិតខំបន្ថែមទៀតដើម្បីរក្សាអាជីពនេះឱ្យមានការរីកចម្រើននាពេលអនាគត។ លោកស្រីក៏បានណែនាំបន្ថែមជុំវិញការចិញ្ចឹមនិងដាំដុះ ក្នុងនោះលោកស្រីក្រើនរំឭកឱ្យយកចិត្តទុកដាក់ពីសុវត្ថិភាពនៃការថែទាំ លើកកម្ពស់សុខភាពសត្វ គុណភាពបន្លែ និងអនាម័យជំរុញដល់ការបង្កើតជាឡជីវឧស្ម័ន ដើម្បីទុកដាក់លាមកសត្វឱ្យមានសុវត្ថិភាព បញ្ជៀសនូវផលប៉ះពាល់បរិស្ថាននិងអ្នករស់នៅជុំវិញ។ម្យ៉ាងវិញទៀត ជាប្រយោជន៍ដល់ការទាញយកអគ្គិសនីពីឡជីវឧស្ម័ន សម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាន កាត់បន្ថយការចំណាយ ពិសេសជាងនេះក៏ជាការផ្តល់នូវជីធម្មជាតិសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះផងដែរ។យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺបានបញ្ជាក់ឱ្យដឹងថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលអំណោយផលដល់វិស័យកសិកម្មគ្រប់ប្រភេទមាន ដំណាំកសិឧស្សាហកម្មលើផ្ទៃដីជាង១០ម៉ឺនហិកតា ដំណាំកៅស៊ូគ្រួសារលើផ្ទៃដីជិត៣០០ហិកតា ដំណាំស្វាយកែវរមៀតដាំដុះលើផ្ទៃដីជាង៦ម៉ឺនហិកតា ។ក្នុងនោះដែរការងារចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារមានគោ ក្របី សេះ ចៀម ពពែ ជ្រូក មាន់ទា និងសត្វស្លាបផ្សេងៗក្នុងឆ្នាំ២០២៥មានរហូតដល់ទៅជាង៦លានក្បាលដែលតួរលេខនេះបានបង្ហាញថាមានការកើនឡើងខ្ពស់ជាងបណ្តាឆ្នាំកន្លងទៅ ហើយក៏បាននិងកំពុងបញ្ជាក់ពីតម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះផងដែរ៕

២សប្តាហ៍សោះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ម៉ូតូ និងកង់បីបើកបរបញ្ច្រាស់ជាង១០០គ្រឿង ពិសេសអ្នកបើកតាមរថយន្តសារ៉ែន

2025/03/01 12:27:11 pm        224
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ បានឃាត់ម៉ូតូកង់ពីរ និងកង់បីបើកបរបញ្ច្រាសផ្លូវចំនួន ១០៥គ្រឿង ជាពិសេសអ្នកបើកបរតាមក្រោយរថយន្តសារ៉ែនអាទិភាព ក្នុងវិធានការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីរៀបចំសណ្តាប់ធ្នាប់ កាត់បន្ថយការកកស្ទះ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុចកំណាត់ផ្លូវ២១៧ (មុន្នីរ៉េត) ស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ម៉ូតូទាំងអស់ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រយៈពេល ១ថ្ងៃ ក្រោយពេលឃាត់ ដើម្បីឱ្យម្ចាស់ម៉ូតូមកធ្វើកិច្ចសន្យា និងអប់រំណែនាំ មុនពេលប្រគល់ជូនវិញ។ នេះបើតាមលោកចៅសង្កាត់ស្ទឹងមានជ័យទី១។មុនឈានចូលដល់ការប្រើប្រាស់វិធានការរឹតបន្តឹងច្បាប់នេះ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ និងជាប្រធានគណៈបញ្ជាការឯកភាព បានឱ្យដឹងថា នាពេលកន្លងមក សាលាសង្កាត់សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើសេចក្តីណែនាំជូនដំណឹងជារឿយៗ ដល់អ្នកបើកបរប្រើប្រាស់ផ្លូវដែលឆ្លងកាត់ត្រង់ចំណុចខាងលើ ដើម្បីណែនាំកុំឱ្យបន្តបើកបរល្មើសបញ្ច្រាស់ទិស ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់សាធាណៈ។ ប៉ុន្តែការជូនដំណឹងនោះ អ្នកបើកបរហាក់មិនបានជ្រាប និងមិនព្រមអនុវត្តតាម ដោយអ្នកប្រើប្រាស់ផ្លូវ នៅតែបន្តបើកបំពានបញ្ច្រាស់ ជាពិសេសការបើកបរតាមក្រោយរថយន្តសារ៉ែន នាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងបង្កគ្រោះថ្នាក់ចរាចរណ៍បាត់បង់អាយុជីវិតជារឿយៗ។លោកបានបញ្ជាក់ថា បញ្ហាទាំងអស់នេះហើយដែលថ្នាក់ដឹកនាំបានមើលឃើញ និងគិតគូរបានយ៉ាងល្អិតល្អន់ បើសិនជាបណ្តែតបណ្តោយទៀតនោះ អាចនឹងមានបញ្ហាណាមួយកើតឡើងជាមិនខាន ត្រូវបង្ខំចិត្តអនុវត្តវិធានការយ៉ាងតឹងរឹងនេះតែម្តង ដើម្បីសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និងសណ្តាប់ធ្នាប់សង្គម។ លោកបានថ្លែងប្រាប់ក្រុមព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា គណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ និងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានអនុវត្តវិធានការរឹតបន្តឹងច្បាប់ទៅលើអ្នកបើកបរ ដែលបើកបរបញ្ជ្រាស់ក្នុងមូលដ្ឋាននេះ គឺក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំដែលមានលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដែលជាយូរឆ្នាំមកហើយនៅត្រង់ចំណុចនេះឃើញថា ជាទីតាំងដែលមានផ្លូវតូចៗជាច្រើនឆ្លងកាត់ ហើយអ្នកធ្វើដំណើរមួយចំនួនមិនបានគិតពីសុវត្ថិភាពរបស់ខ្លួន បើកបរដោយបញ្ច្រាស់ទិស បណ្តាលឱ្យមានការកកស្ទះ ពិបាកក្នុងការធ្វើដំណើរ មិនត្រឹមតែប៉ុណ្ណោះ ពេលខ្លះបង្ករទៅជាគ្រោះថ្នាក់ចរាចរណ៍ក៏មានដែរ។ ក្រោយពីការអនុវត្តវិធានការដ៏តឹងរឹងនេះលោកចៅសង្កាត់បានបញ្ជាក់ថា ការបើកបរបញ្ច្រាស់នៅត្រង់ចំណុចនេះ គឺមានការថយចុះខ្លាំងមិនដូចជាពេលមុនទេ ហើយក៏មិនសូវមានការកកស្ទះទៀតដែរ នៅមានតែចំនួនតិចតួចប៉ុណ្ណោះមិនព្រមស្តាប់ការណែនាំ។ ទោះបីជាយ៉ាងក៏ដោយក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព នៅតែបន្តអនុវត្តវិធានការទៅលើការបើកបរបញ្ច្រស់នេះជានិច្ច និងកំពុងរៀបចំស្នើសុំគោលការណ៍បន្ថែមទៀតពីថ្នាក់ដឹកនាំ តើគួរផាកពិន័យចំពោះមធ្យោយបាយដែលឃាត់បាន ឬយ៉ាងណា ដើម្បីឱ្យមានការរាងចាល ដោយកន្លងមកនេះមធ្យោយបាយមួយចំនួនដែលឃាត់បាន ទាំងម៉ូតូរ៉ឺម៉កកង់បី និងផាសអាប់ គឺគ្រាន់តែរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលមួយយប់ និងធ្វើកិច្ចសន្យាណែនាំអប់រំប៉ុណ្ណោះ មិនមានការផាកពិន័យនោះទេ។ជុំវិញការរឹតបន្តឹងបញ្ហាចរាចរណ៍នៅសង្កាត់ស្ទឹងមានជ័យទី១នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានលើកទឹកចិត្ត ចំពោះការអនុវត្តរបស់រដ្ឋបាលសង្កាត់ ប្រកបដោយប្រសិទ្ធភាព ហើយជាសារមួយផ្ញើទៅកាន់អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវ គោរព និងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ បើមានការផាកពិន័យសូមកកុំខឹងសម្បារលើសមត្ថកិច្ចព្រោះដឹងថាខ្លួនខុស និងផ្តល់រូបភាពមិនល្អ ស្របពេលដែលកំពុងកកស្ទះ បែរជាសម្រុកជិះបញ្ច្រាសយករួចខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរដល់អ្នកដ៏ទៃ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ សូមបញ្ជាក់ថា បើតាមលោកចៅសង្កាត់ស្ទឹងមានជ័យទី១ ករណីបើកបរជិះបញ្រ្ចាសផ្លូវដែលភាគច្រើន គឺម៉ូតូមានចំនួន ១០៣គ្រឿង និងផាសអាប់កង់បីចំនួន២គ្រឿង​៕

ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញដឹក​នាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយលទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា ដល់ក្រុម​ការងារ​មូលដ្ឋានខេត្តតាកែវ

2025/03/01 10:43:31 am        198
នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​ក្រុម​ការងារ​គណបក្សចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញដឹក​នាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយលទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការកណ្តាលលើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា ដោយមានការ​អញ្ជើញ​ចូល​រួមពីលោកជំទាវ ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា គណៈអភិបាល​នៃ​គណៈ​អភិបាល​ខេត្ត លោកជំទាវ ឯកឧត្តម ប្រធាន អនុប្រធាន និងសមាជិក​ក្រុម​ការងារ​ចុះមូ​ល​ដ្ឋាន​ស្រុក ឃុំ-សង្កាត់ ចំណុះខេត្តតាកែវ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ ៣៤០រូប នៅមន្ទីរគណបក្សខេត្តតាកែវ។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមប្រធាន បានជម្រាបជូនអង្គពិធីអំពីវឌ្ឍនភាពនៃកំណែទម្រង់ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលជាមូលដ្ឋានគ្រឹះនៃការកសាងសេដ្ឋកិច្ច-សង្គម ដើម្បីធានាភាពសុខុដុមរមនារបស់ប្រជាជនកម្ពុជាទាំងមូល។ ឯកឧត្តមប្រធាន ក៏បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងពង្រឹងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាមិនឱ្យបរទេសណារំលោភបំពានបានឡើយ។មុននឹងបញ្ចប់ ឯកឧត្តមប្រធាន បានធ្វើការណែនាំដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តតាកែវ ឱ្យខិតខំពង្រឹងសមត្ថភាព ក៏ដូចជាផ្តល់សេវាសាធារណៈជូនប្រជាលរដ្ឋប្រកបដោយគុណភាព តម្លាភាព និង ភាពជឿទុកចិត្ត ជាពិសេសដោះស្រាយបញ្ហាប្រឈមនានា និងធានារក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ទូទាំងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

2025/03/01 10:17:22 am        140
នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយ ឯកឧត្តម លោកជំទាវជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងឯកឧត្តម អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ទូទាំងស្រុកក្រូចឆ្មារ ក្នុងខេត្តត្បូងឃ្មុំ។ ឯកឧត្តម បានជម្រាបជូនអង្គពិធីអំពីការងាររបស់រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយអ្នកបន្តវេនដែលបានដំណើរការជាប្រក្រតីដោយពុំមានឧបសគ្គអ្វីឡើយ ព្រមទាំងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ បន្ទាប់ពីបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព។ ឯកឧត្តមបានលើកឡើងពីតួនាទីភារកិច្ចរបស់រដ្ឋសភា ដោយក្នុងនោះរដ្ឋសភាមានតួនាទីធ្វើច្បាប់ អនុម័តច្បាប់ និងតាមដានការអនុវត្តច្បាប់ស្របតាមរដ្ឋធម្មនុញ្ញក្រៅពីតួនាទីធ្វើច្បាប់ អនុម័តច្បាប់ និងតាមដានការអនុវត្តច្បាប់ សមាជិក សមាជិការដ្ឋសភាមានតួនាទីចុះមូលដ្ឋានទៅតាមមណ្ឌលរបស់ខ្លួនដើម្បីស្វែងយល់សុខទុក្ខរបស់ប្រជាពលដែលជាម្ចាស់ឆ្នោត។ឯកឧត្តមបានលើកឡើងបន្តថារាជដ្ឋាភិបាលនីតិកាលទី៧ បានយកចិត្តដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពេលបច្ចុប្បន្នរាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ សេចក្តីព្រាងច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តរួចកាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៥។ ច្បាប់នេះមានគោបំណងដាក់ទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ទៀតថាបើប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមហើយនោះកិច្ចការអភិវឌ្ឍប្រទេសជាតិក៏មិនអាចទៅរួចដែរ ជាពិសេសធ្វើឱ្យហេដ្ឋារចនាសម្ព័នត្រូវបានបំផ្លិចបំផ្លាញគ្រប់បែបយ៉ាង ដូច្នេះយើងត្រូវរួមគ្នារក្សាសុខសន្តិភាពអោយគង់វង់ទោះបីលះបងក្នុងតំលៃណាក៏ដោយ ប្រទេសជាតិមានសុខសន្តិភាពនោះការអភិវឌ្ឍទើបអាចមានភាពរីកចំរើនទៅបាន។ជាចុងក្រោយឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក ឃុំ និងភូមិ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។ ឯកឧត្តម វង សូត ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំទាំងអស់ បានឧបត្ថម្ភថវិកាដល់សមាជិកសមាជិការនៃពិធីសំណេះសំណាលប្រមាណ៤០០នាក់ ក្នុងម្នាក់ៗ ថវិកា ៥ម៉ឺនរៀលផងដែរ៕

នាយឧត្តមសេនីយ៍ ទៀ សីហា ប្រាប់កងទ័ពជើងទឹក​ត្រូវត្រៀម​សម្ភារៈ​គ្រប់​យ៉ាង​ដើម្បី​ជួយ​សង្រ្គោះ​ពលរដ្ឋ ពេលជួបគ្រោះថ្នាក់ផ្សេងៗ

2025/03/01 09:37:04 am        257
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​ក្រើន​រំលឹក​ដល់​កងទ័ពជើងទឹកទាំងអស់ត្រូវត្រៀមសម្ភារៈគ្រប់បែបយ៉ាង ដើម្បីត្រៀមចុះ​អន្ត​រាគមន៍​ជួយ​ដល់​បង​ប្អូនប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយផ្សេងៗជាយថាហេតុណាមួយ ហើយ​មួយ​វិញ​ទៀត​ក្នុង​នាម​កងទ័ពត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈកងទ័ព និងត្រូវស្មោះត្រង់ជាមួយប្រជាជន ជាតិ​មាតុ​ភូមិជាដើម។ក្នុងកម្មវិធីប្រកាសតែងតាំងមុខតំណែង ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ នា​រសៀល​ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា គ្រប់អង្គភាពទាំង​អស់​នៃ​បញ្ជា​ការដ្ឋាន​កងទ័ពជើងទឹក គប្បីត្រូវយកចិត្តទុកដាក់«ត្រៀមកម្លាំងមធ្យោបាយ សម្ភារៈគ្រប់យ៉ាង ដើម្បី​ចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋនូវ ពេលមានគ្រោះថ្នាក់ជាយថាហេតុ ពោលគឺត្រូវ​មាន​ស្មារតី​បុរេសកម្ម មានកិច្ចសហការល្អជាមួយអាជ្ញាធរ ដែនដីក្នុងការជួយសង្រ្គោះ»។នៅក្នុងកម្មវិធីនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ក៏បានផ្តល់អនុសាសន៍មួយចំនួនផងដែរថា ក្នុងនាមកងទ័ព​ត្រូវ​គោរព​ឲ្យ​បាន​នូវ​បទ​បញ្ជា ​និងលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ, បទដ្ឋាន​គតិ​យុត្តិ​, ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ថ្លៃ​ថ្នូ​របស់​កង​ទ័ព ហើយគ្រប់អង្គភាពទាំងអស់ចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងទឹកត្រូវប្រើប្រាស់ និ​ង​យកចិត្តទុកដាក់ចំពោះធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាពឲ្យបានស្ថិតស្ថេរ និងមាន​ប្រសិទ្ធ​ភាព​ ដោយប្រើប្រាស់ទៅតាមជំនាញ របស់ខ្លួន និងគ្រប់គ្រង​ថែ​រក្សា​នូវ​គ្រឿង​សភា​វុធ​ឲ្យបា​ន​ត្រឹម​ត្រូវ​ចំពោះ​មុខជាដើម។ ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិរូបនេះ ក៏បានជំរុញឲ្យនាយនាវី នាយនាវីរង និង ពលនា​វឹកទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក គប្បីត្រូវបន្តពង្រឹងហ្វឹកហ្វឺនការរៀនសូត្រ បន្ត​ការកសាងនូវធនធានមនុស្សប្រកបដោយបរិមាណ និងគុណភាពស្របទៅតាមជំនាញយោធិន ជា​ពិសេសគឺស្របទៅតាមភារកិច្ចរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាព និង​សមត្ថ​ភាព​របស់​បញ្ជាការ ដ្ឋានកងទ័ពជើងទឹកឲ្យកាន់តែល្អប្រសើរ និងទំនើបកម្មបន្ថែមទៀត ស្រប​ទៅ​តាមការ​កែ​ទម្រង់របស់រាជរដ្ឋា ភិបាលក៏ដូចជាក្រសួងការពារជាតិនោះ។នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលឹកដល់កងទ័ពជើងទឹកទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ នូវ​ភារកិច្ចស្នូលក្នុងការការពារនូវអធិបតេយ្យភាពលើដែនសមុទ្រ តាមរយៈការល្បាតជាប្រចាំ បង្កើន​សកម្មភាពនៃការត្រួតពិនិត្យ និង​ត្រូវ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​ប្រទេស​ជា​មិត្ត​ទាំង​ទ្វេភាគី និងពហុភាគី ដើម្បីសន្តិសុខនៅតាមលំហរសមុទ្រផងដែរ។ក្រោយប្រកាសតែងតាំងជាផ្លូវការនូវមេបញ្ជាការកងទ័ពជើងទឹកនោះ ឧត្តមនាវីឯក ទៀ សុខា បាន​លើក​ឡើង​ថា នាយនាវី នាយនាវីរង និងពលនាវឹកទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក សូម​ប្តេជ្ញា​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាព និងការពារ​នូវ​រាល់​សមិទ្ធ​ផល​ទាំង​ឡាយ​ណារបស់​រាជ​រដ្ឋាភិបាល​ដែល​បាន​ខិតខំ​កសាង​នា​ពេល​កន្លង​ម​ក​ឲ្យ​បាន​ដាច់​ខាត​ទោះ​ក្នុង​តម្លៃណាក្តី។ឧត្តមនាវីឯក ទៀ សុខា ប្រកាសអះអាងថា«កងទ័ពជើងទឹក និងអគ្គលេខាធិការដ្ឋានគ.ជ.ស.ស ប្តេជ្ញា​ខិតខំអនុវត្តទិសដៅការងារឆ្នាំ២០២៥ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ ប្តេជ្ញា​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារសន្តិភាព ការពារសមិទ្ធផលទាំងឡាយ ដែល​ជា​ស្នា​ដៃ​ដ៏​ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តបន្សល់ទុកពី សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៏នៃសន្តិភាព និង​ការ​អភិវឌ្ឍជាតិកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ ចូលរួម​ការពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​សន្តិភាព ទោះតម្លៃណាក៏ដោយ»៕ អត្ថបទ៖ បាន ចក់

ក្រសួងអភិវឌ្ឍន៍ជនបទចេញវិញ្ញាបនបត្រជូនសិក្ខាកាមបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញមូលដ្ឋានក្នុងខេត្តពោធិ៍សាត់

2025/03/01 08:00:30 am        188
ពោធិ៍សាត់៖ ឯកឧត្តមអនុរដ្ឋលេខាធិការ ឌៀប កាណូរ៉ា តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រ បញ្ចប់ការសិក្សាជូនសិក្ខាកាម ឆ្នាំ២០២៤ ចំនួន ៦១ រូប ស្រី ៣២ រូប លើមុខជំនាញកុំព្យូទ័ររដ្ឋបាលចំនួន ២វគ្គ និងបើកវគ្គសិក្សាថ្មី ឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តពោធិ៍សាត់ ។ បើតាមរបាយការណ៍របស់លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានបង្ហាញឱ្យដឹងថា ក្នុងឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តពោធិ៍សាត់ បានបើកវគ្គកុំព្យូទ័ររដ្ឋបាលចំនួន២វគ្គ មានសិក្ខាកាមចូលរៀនសរុបចំនួន៦១នាក់។ បើកវគ្គសួនដំណាំជាលក្ខណៈគ្រួសារ ២វគ្គ មានសិក្ខាកាមចូលរៀនចំនួន៥០នាក់។ បើកវគ្គចិញ្ចឹមមាន់ចំនួន៣វគ្គ មានសិក្ខាកាមចូលរៀនចំនួន៧៥នាក់ និងបើកវត្តថែទាំម៉ាស៊ីនកសិកម្មខ្នាតតូចចំនួន៤វគ្គ មានសិក្ខាកាមចូលរៀនចំនួន១០០នាក់ ។ ហើយក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តពោធិ៍សាត់ មានផែនការបើវគ្គបណ្តុះបណ្តាលជំនាញចំនួន៤ ចែកជា១១វគ្គ សម្រាបសិក្ខាកាមចំនួន២៦៥នាក់ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឌៀប កាណូរ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ គោរពស្រលាញ់យ៉ាងជ្រាលជ្រៅ និងសេចក្តីនឹករឭក ព្រមទាំងពរសព្វសាធុការ របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន ជូនចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គណៈគ្របគ្រងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្ត និងបងប្អូនសិក្ខាកាមទាំងអស់ដែលមានវត្តមាននៅក្នុងអង្គពិធីនាពេលនេះ។ ឯកឧត្តម បានថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ នាយកដ្ឋានបណ្តុះបណ្តាលនិងស្រាវជ្រាវនៃក្រសួងអភិវឌ្ឍន៍ជនបទ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តពោធិ៍សាត់ ដែលបានសហការ រួមគ្នាក្នុងការងារអភិវឌ្ឍន៍មូលធនមនុស្សនៅជនបទដោយទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ដូចពេលនេះ។ ក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌៀប កាណូរ៉ា បានផ្តាំផ្ញើរសិក្ខាកាមគ្រប់រូបដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ២០២៤ ត្រូវយកចំណេះជំនាញទាំងនេះ ទៅអនុវត្តផ្ទាល់តាមរយៈការប្រកបមុខរបរផ្ទាល់ខ្លួន ឬប្រកបការងារផ្សេងៗ និងត្រូវខិតខំ សិក្សាស្វែងយល់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ធានាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូលបន្ថែមសម្រាប់ផ្គង់ផ្គង់គ្រួសាររៀងៗខ្លួន។ ចំពោះសិក្ខាកាមថ្មីដែលទើបចូលមកសិក្សាក្នុងវគ្គសិក្សាថ្មី ឆ្នាំ ២០២៥ នេះ ត្រូវខិតខំយក ចិត្តទុកដាក់ សិក្សាស្វែងយល់អំពីជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ដោយត្រូវមក សិក្សាឱ្យបានទៀងទាត់ទាន់ ពេលវេលា និងត្រូវខិតខំចូលរួមអនុវត្តផ្ទាល់តាមការណែនាំ របស់លោកគ្រូ អ្នកគ្រូឧទ្ទេស ដើម្បីប្រឡងបញ្ចប់ដោយជោគជ័យ ទទួលបាននិទ្ទេសល្អ ព្រម ទាំងទទួលបានជំនាញច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតទៅកាន់ទៅថ្ងៃអនាគត។ នាយក នាយករង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ពង្រឹង គុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ឆ្លើយតបទៅនឹងតម្រូវការជំនាញជាក់ស្តែង របស់ប្រជាជន សមស្របនឹងស្ថានភាពជាក់ស្តែង និងសមស្របទៅនឹងតម្រូវការទីផ្សារ ការងារនាពេលបច្ចុប្បន្ន ៕

ក្រសួងការងារដាក់ចេញទិសដៅការងារអាទិភាពចំនួន៧ចំណុច សម្រាប់ការអនុវត្តនៅឆ្នាំ២០២៥

2025/02/28 11:03:27 pm        85
ភ្នំពេញ ÷ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល២ថ្ងៃ ត្រូវបានប្រារព្ធពិធីបិទប្រកបដោយលទ្ធផលជាផ្លែផ្កា នារសៀលថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ចំណុចសំខាន់ៗទាំង៧នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឲ្យដឹងថា ទី១. គឺបន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច របស់សម្តេចធិបតី ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនដែលជាគោលដៅ ១,៥លាននាក់ មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ។ ២. បន្តជំរុញការអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម ដោយបន្តពង្រឹងនិងពង្រីកសេវាការងារសាធារណៈតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារគ្រប់ជ្រុងជ្រោយ ដែលជាមូលដ្ឋានសម្រាប់មគ្គទេសក៍អាជីព។ ៣. បន្តធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយបន្តជំរុញការដាក់ឱ្យអនុវត្តច្រកសិក្សាដែលមានភាពបត់បែន។ ៤. បន្តអភវិឌ្ឍលក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយបន្តលើកកម្ពស់អនុលោមភាព, ជំរុញការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ ៥. បន្តពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព តាមរយៈការដាក់ឱ្យដំណើរការប្រព័ន្ធតាមដានការធ្វើទេសន្តរប្រវេសន៍ការងារ, ការធ្វើបច្ចុប្បន្នភាពទីភ្នាក់ងារជ្រើសរើសឯកជន, និងការកាត់បន្ថយតម្លៃសេវាជ្រើសរើសនិងបញ្ជូនពលករ។ ៦. បន្តអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការវិវត្ត នៃស្ថានភាពសង្គម-សេដ្ឋកិច្ច។ និងទី៧. បន្តធ្វើទំនើបកម្មស្ថាប័ន និងការផ្ដល់សេវាសាធារណៈ និងសេវាគាំទ្រទូទៅ តាមរយៈការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគោលនយោបាយពាក់ព័ន្ធ, និងការធ្វើបរិវត្តិកម្មឌីជីថល សំដៅឆ្លើយតបទៅនឹងសំណូមពររបស់កម្មករនិយោជិត និងវិស័យឯកជន។ ក្នុងពិធីបិទអង្គសន្និបាតនាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលតែងយកចិត្តទុកដាក់បំពេញមុខងារជាសេនាធិការដ៏សកម្មរបស់រាជរដ្ឋាភិបាល សម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ឆ្នាំ២០២៤ កន្លងមកនេះ។ ពោលគឺ ចំពោះសមិទ្ធផលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការអនុវត្តអនុសាសន៍ទាំង ១០របស់ សម្តេចធិបតី មានការសម្របសម្រួលដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារអាម៉េរិក, ការពង្រីកនិងបង្កើនចំនួនអ្នកប្រើប្រាស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព រហូតដល់ប្រមាណ ២,៧លាននាក់ នៅត្រឹមឆ្នាំ២០២៤នេះ, ការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, ការអនុវត្តនូវការជ្រើសរើសពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ប្រចាំឆ្នាំ២០២៥”, ការសិក្សារៀបចំការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន សម្រាប់កូនរបស់កម្មករនិយោជិត, ការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ, ការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងការជំរុញកម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពទទួលស្គាល់ជំនាញ ដើម្បីផ្តល់ឱកាសដល់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រទេស និងបុគ្គលសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងដើរតួយ៉ាងសំខាន់បំពេញតួនាទីរបស់រដ្ឋ (Role of the State) ក្នុងការជំរុញកំណើនអនុគមន៍ផលិតកម្ម តាមរយៈការជួយជ្រោមជ្រែងវិស័យឯកជនក្នុងការផ្គូផ្គងកម្លាំងពលកម្ម ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ និងការសម្របសម្រួលស្ថាប័ន ដែលបានចូលរួមបង្កើនផលិតភាព រួមចំណែកដល់ឋាមវន្តភាពនាំចេញ និងស្ថិរភាពកំណើនការងារ៕

ក្រសួងការងារលើកទឹកចិត្តសហជីពបន្តកិច្ចសហការឲ្យបានល្អតាមមូលដ្ឋាន ដើម្បីការពារប្រយោជន៍ដល់កម្មករ

2025/02/28 10:23:38 pm        384
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា នៅរាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តថ្នាក់ដឹកនាំសហជីព ត្រូវបន្តការកសាងកម្លាំងសហជីពមូលដ្ឋាននៅតាមរោងចក្រសហគ្រាស ឲ្យបានរឹងមាំក្នុងគោលបំណងការពារផលប្រយោជន៏កម្មករ និយោជិត ដើម្បីរោងចក្រសហគ្រាស ប្រកបដោយសុខុដុមរម្យនា។ ទន្ទឹមនេះ ឯកឧត្តម បានណែនាំសហជីព និងសហភាពសហព័ន្ធថា ត្រូវចុះសួរសុខទុក្ខ សមាជិក សមាជិកា ដែលមានទុក្ខលំបាក និងមានបញ្ហាសុខភាព នៅតាមមូលដ្ឋានរោងចក្រ សហគ្រាសផងដែរ។ឯកឧត្តម ប្រាក់ ចាន់ធឿន បានបន្តទៀតថា ក្រៅពីនេះ ថ្នាក់ដឹកនាំសហជីព ក៏ត្រូវបង្កើនការផ្សព្វផ្សាយនូវរបបសន្តិសុខសង្គម (ប.ស.ស.) និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលដល់សមាជិក សមាជិកា នៅតាមសហជីពមូលដ្ឋាន ឲ្យបានជ្រួតជ្រាប ជាពិសេសចូលរួមថែរក្សាសន្តិភាព និងសមិទ្ធិផលជាច្រើន ដែលរាជរដ្ឋាភិបាលបានបង្កើតឡើងជាច្រើន។លោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា នៅក្នុងពិធីនេះ បានលើកឡើងអំពីគោលបំណងបង្កើតសហភាពសហជីពនេះថា គឺដើម្បីការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់កម្មករនិយោជិតកម្ពុជា និងធ្វើការកសាងនិងចងក្រងសមាជិកនៅតាមរោងចក្រ សហគ្រាស សិប្បកម្ម-ល- ដើម្បីពង្រីកសមាជិកឱ្យបានជាអតិប្បរមាឈានទៅបង្កើតភាពជាតំណាងបំផុត និងធ្វើអនុសញ្ញារួម។ លោកបានសន្យាថា នឹងចូលរួមទប់ស្កាត់កូដកម្ម-បាតុកម្ម និងសកម្មភាពទាំងឡាយណាដែលមានចរឹក នយោបាយបំផុសបំផុលអស្ថេរភាពសង្គម ក្រុមជ្រុលនិយម ដែលផ្ទុយគោលការណ៍ច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិ។ បន្ថែមពីនេះ ពង្រឹងនូវគោលជំហរនយោបាយសាមគ្គីភាពផ្ទៃក្នុងដល់សមាជិកតាមរយៈការបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសមាជិកនិងវគ្គបំពាក់បំប៉នស្មារតី។លោក លី វិចិត្រ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចទាំងទ្វេរ បានខិតខំថែរក្សាសន្តិភាពការពារសន្តិភាព ជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ហើយជាគុណបំណាច់ដ៏ធំធេងដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែចងចាំ៕

កម្ពុជា-លុចសំបួ ពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍និងសេដ្ឋកិច្ចប្រទេសទាំងពីរ

2025/02/28 09:06:45 pm        128
ភ្នំពេញ ៖ កម្ពុជា-លុចសំបួ បានកំពុងពង្រឹងទំនាក់ទំនងការទូត និងពង្រីកនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាពិសេសការពង្រីកភាពជាដៃគូ ពាណិជ្ជកម្មទ្វេភាគី ដើម្បីផ្តល់ផលប្រយោជន៍ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។​ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន ទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃប្រទេសលុចសំបួ (Luxembourg) ដែលដឹកនាំដោយ ឯកឧត្តម Georges Ternes អគ្គនាយកសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចការមនុស្សធម៌ នៃក្រសួងការបរទេសលុចសំបួ។ គោលដៅ ចម្បងនៃជំនួបនេះ ដើម្បីពិភាក្សាការងារ ស្ដីពីការត្រៀមរៀបចំព្រះរាជដំណើរទស្សនកិច្ចជាន់ខ្ពស់ របស់ព្រះរជ្ជទាយាទនៃប្រទេស លុចសំបួ ដែលគ្រោងនឹងយាងមកបំពេញព្រះរាជទស្សនកិច្ចជាន់ខ្ពស់នៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខ, និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូទ្វេភាគីកម្ពុជា-លុចសំបួ នាពេលអនាគត។ក្នុងជំនួបនេះ, ឯកឧត្តម Georges Ternes និងគណៈប្រតិភូនៃប្រទេសលុចសំបួ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះការបេ្តជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែ ជិតស្និទ្ធ និងចាត់ទុកកម្ពុជាជាដៃគូសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននាពេលកន្លងមក និង បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឆ្នាំ២០២៤-២០២៨ ដោយផ្តោត ការយកចិត្តទុកដាក់លើអាទិភាពរួមមាន៖ មូលធនមនុស្ស, ពិពិធកម្មសេដ្ឋកិច្ច, បង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និង ការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាពនិងបរិយាបន្ន និងសង្គមឌីជីថល សំដៅកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបាន នៃការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងចក្ខុវិស័យរបស់កម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនៅតែបានទទួលស្គាល់ថា ការពង្រឹងប្រសិទ្ធភាពនៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ នៅតែដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍ជាតិ។ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងបន្ថែម អំពីសំណើជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍជាមួយកម្ពុជា គឺការផ្តោតលើវិស័យ អប់រំបច្ចេកទេស និងវិជ្ជាជីវៈ, ទេសចរណ៍, លើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការអភិវឌ្ឍន៍វិស័យឯកជន, ការបោសសម្អាតមីន, សុខាភិបាល និងវិស័យគ្រប់គ្រងហិរញ្ញវត្ថុ, និងបានលើកឡើងអំពីសារសំខាន់ នៃដំណើរទស្សនកិច្ចជាន់ខ្ពស់ខាងមុខ ព្រះរជ្ជទាយាទ នៃប្រទេសលុចសំបួ ដែលនោះជាពេលវលាសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច ក៏ដូចជាផ្ដល់ឱកាសដ៏មានតម្លៃ សម្រាប់ការពិភាក្សាប្រកបដោយអត្ថន័យ និងជំរុញគំនិតផ្តួចផ្តើមសំខាន់ៗ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ៕អត្ថបទ៖ សុន រ៉ាឌី

ប្រមាណ ៥ ថ្ងៃទៀតសម្ដេចតេជោនឹងជាពីកូវីដ-១៩ ខណៈឆ្លងកាត់ការរង់ចាំ៣ថ្ងៃពេលនេះបានដឹងកូវីដ-១៩ ដែលសម្ដេចឆ្លង គឺប្រភេទ អូមីក្រុង

2025/02/28 09:03:09 pm        145
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកុម្ភៈនេះ បានមានប្រសាសន៍បញ្ជាក់តាមបណ្ដាញសង្គមឲ្យដឹងថា តាមការធ្វើតេស្ត នៅសល់ប្រមាណ ៥ ថ្ងៃទៀត សម្ដេចតេជោនឹងជាពីកូវីដ-១៩ ខណៈឆ្លងកាត់ការរង់ចាំ៣ថ្ងៃពេលនេះបានដឹងកូវីដ-១៩ ដែលសម្ដេចឆ្លង គឺប្រភេទ អូមីក្រុង។សម្ដេចតេជោមានប្រសាសន៍ថា បើទោះជាជម្ងឺកូវីដ-១៩ ដែលឆ្លងមកខ្ញុំបានធូរស្រាលក៏ដោយតែខ្ញុំនៅតែចង់ដឹងថាតើកូវីដនេះវាជាប្រភេទពូជអ្វី?។សម្ដេចតេជោ ថ្លែងថា ឆ្លងកាត់ការរង់ចាំ៣ថ្ងៃពេលនេះ បានដឹងថាពូជរបស់វាហើយគឺ អូមីក្រុង(Omicron)ជាប្រភេទដែលខ្ញុំធ្លាប់កើតកាលពីឆ្នាំ២០២២ដែលត្រូវបានរកឃើញពេលខ្ញុំទៅចូលរួមប្រជុំ G20 នៅឥណ្ឌូនេសុីក្នុងនាមប្រធានអាស៊ាន។សម្ដេចតេជោ បានបញ្ជាក់ថា ព្រឹកមុិញបានធ្វើតេស្តឃើញនៅវិជ្ជមានច្រើនតែតិចជាងមុននិងប៉ាន់ស្មានថាអាច៥ថ្ងៃទៀតទើបអស់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក TRUMP ពិពណ៌នាការចុះហត្ថលេខាលើ MoU របស់អ៊ីរ៉ង់ជាមួយអាមេរិកថា ជា «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ»
06/19/2026 02:06 PM
លោក Vance៖ អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយវត្តមានយោធានៅជិតអ៊ីរ៉ង់ដល់កម្រិតមុនជម្លោះ
06/19/2026 02:06 PM
ស៊ីរីរាយការណ៍អំពីការលុកលុយថ្មីរបស់អ៊ីស្រាអែលចូលក្នុងទឹកដីរបស់ខ្លួន ខណៈភាពតានតឹងព្រំដែនកំពុងបន្ត
06/19/2026 02:06 PM
នាយឧត្តមសេនីយ៍ គន់ គីម បន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា
06/19/2026 02:06 PM
លោក LAVROV៖ អឺរ៉ុបចង់បង្កកជម្លោះនៅអ៊ុយក្រែន ដើម្បីដាក់ពង្រាយកងយោធារបស់ខ្លួន
06/19/2026 02:06 PM
UN៖បទឈប់បាញ់នៅហ្កាហ្សា «បរាជ័យ» ខណៈភាពអត់ឃ្លាន កណ្តុរ និងកម្ទេចកម្ទីបង្កការលំបាកដល់ជីវិតប្រចាំថ្ងៃ
06/19/2026 02:06 PM
គុយបាស្នើកំណែទម្រង់យ៉ាងទូលំទូលាយទៅជាគំរូសង្គមនិយម ស្របពេលមានសម្ពាធពីអាមេរិក
06/19/2026 02:06 PM
យោធាអ៊ីស្រាអែលចេញផ្សាយផែនទីលម្អិតនៃ«តំបន់សន្តិសុខ» នៅភាគខាងត្បូងប្រទេសលីបង់
06/19/2026 02:06 PM
ប្រធានាធិបតីលីបង់និយាយថា ជិត១៨%នៃទឹកដីរបស់ប្រទេសនេះ ត្រូវរងការខូចខាត អំឡុងពេល សង្គ្រាម
06/19/2026 01:06 PM
កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
06/19/2026 01:06 PM