ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង និងអង្គការដៃគូរៀបចំពិធី «បុណ្យកោងកាងសន្ដិភាព» លើកកម្ពស់ការ​យល់ដឹង​អំពី​សារៈសំខាន់​នៃព្រៃកោងកាងដែលជាប្រព័ន្ធអេកូឡូស៊ី

2025/02/27 03:25:51 pm        589
ក្រសួងបរិស្ថាន ដោយមានការចូលរួមសហការពីអាជ្ញាធរខេត្តកោះកុងនិងអង្គការដៃគូរៀបចំពិធី «បុណ្យកោងកាងសន្ដិភាព» លើកកម្ពស់ការ​យល់ដឹង​អំពី​សារៈសំខាន់​នៃព្រៃកោងកាងដែលជាប្រព័ន្ធអេកូឡូស៊ី សំខាន់ក្នុងតំបន់។ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងប្រាប់ BTV នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា គោលបំណង នៃការរៀបចំពិធី «បុណ្យកោងកាងសន្តិភាព» នេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃកោងកាង ដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម ដូចជាការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្ដល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន (ត្រី បង្កង ងាវ ទេសចរណ៍)។ឯកឧត្តមបន្តថា តាមរយៈពិធីនេះ ក៏ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សព្រៃកោងកាង តាមរយៈបំផុសឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយប្រជាសហគមន៍មូលដ្ឋាន ស្រឡាញ់ និងចូលរួមការបារ។ លើកស្ទួយតម្លៃនៃតម្លៃនៃកិច្ចខិតប្រឹងប្រែងការពារ ថែរក្សាធនធានធម្មចាតិរបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសការទទួលបានសុខសន្តិភាព ភាពសុខដុមរមនា និងការរស់នៅប្រកបដោយសុខដុមជាមួយបរិស្ថាន ដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ មានគោលដៅច្បាស់លាស់ឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅ ២០៥០ និងប្រទេសមានចំណូលសេដ្ឋកិច្ចកម្រិតខ្ពស់។ឯកឧត្តមថ្លែងថា៖«តាមយរៈពិធីនេះ យើងក៏ធ្វើងឡើងដើម្បីផ្សព្វផ្សាយអំពីសក្តានុពលនៃធនធានធម្មជាតិ ពិសេសព្រៃកោងកាងក្នុងការទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្ដល់នូវធនធានធម្មជាតិ និងឱកាសទេសចរណ៍ធម្មជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយនិរន្តរភាព»។លោក ម៉េង ហេង អតីតស្ថាបនិកនៃអង្គការមាតាធម្មជាតិ និងបច្ចុប្បន្នជាប្រធានអង្គការ មេត្តាធម្មជាតិ ដែលជាអង្គការចូលរួមផ្ដួចផ្ដើមពិធីនេះបង្ហាញក្ដីរីករាយដែលបានចូលរួមធ្វើសកម្មភាពដាំដើមកោងកាងនៅក្នុងខេត្តកោះក្នុង និងបានចូលរួមសហការធ្វើការងារបរិស្ថានជាមួយក្រសួងបរិស្ថាន និងអាជ្ញធារនៅមូលដ្ឋាន ដោយទទួលបានកិច្ចសហការគ្នាយ៉ាងល្អដើម្បីថែរក្សា ការពារធនធានធម្មជាតិរបស់កម្ពុជា។លោកថ្លែងថា៖«ខ្ញុំពិតជាសោកស្ដាយណាស់ដែលកាលពីមុនបានធ្វើសកម្មភាពបរិស្ថាន ផ្ទុយពីគោលនយោបាយរាជរដ្ឋាភិបាល ដោយសារតែចាញ់កលការញុះញង់របស់ក្រុមជ្រុលនិយមនៅក្រៅប្រទេស បានចេញមកលាបពណ៌រាជរដ្ឋាភិបាល ជាពិសេសបំផុសព័ត៌មានមិនពិតលើវិស័យបរិស្ថាននេះនាំឱ្យមានការភាន់ច្រឡំដល់ប្រជាពលរដ្ឋលើការអនុវត្តគោលនយោបាយលើវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល»។សូមជម្រាបថាព្រៃកោងកាង បានផ្ដល់គុណប្រយោជន៍យ៉ាងច្រើន និងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងសមុទ្រ ដូចជា៖ ជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ, ការពារជម្រាលដីពីការសិករិចរិល,ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួន។ កោងកាងផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ជាមួយគ្នានេះព្រៃកោងកាង បានផ្តល់ជាសេវាកម្មប្រព័ន្ធអេកូឡូស៊ីដល់ពលរដ្ឋនៅតាមតំបន់ឆ្នេរ និងរុក្ខជាតិប្រភេទនេះ ជាប្រភពបង្កើនខ្យល់បរិសុទ្ធសម្រាប់ភពផែនដី។ កោងកាងជាគោលដៅលំហែបៃតង ដែលភ្ញៀវជាតិ និងអន្តរជាតិតែងតែចូលចិត្តទៅកំសាន្ត និងបានជួយដល់ជីវភាពសហគមន៍ ពីការទាក់ទាញគោលដៅលំហែបៃតង សេវកម្មទេសចរណ៍ និងស្បៀងអាហារូបត្ថម្ភ យ៉ាងសំខាន់ និងអាចលក់ចេញទៅទីផ្សារ។បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន នៅកម្ពុជាមានផ្ទៃដីព្រៃកោងកាងសរុប ៥៨ ៨០០ហិកតា ក្នុងនោះ ខេត្តកោះកុងមានរហូតដល់៨០% ប្រមាណ ៤៦ ៥២៩ហិកតា ដែលក្លាយជាខេត្តសម្បូរព្រៃកោងកាងជាងគេ ក្នុងចំណោមខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា។ ខេត្តព្រះសីហនុ ស្ថិតនៅលំដាប់ទី២ ដែលមានព្រៃកោងកាងទំហំ ៩ ៣៥២ហិកតា ខេត្តកំពតមាន ១ ៩៦៦ហិកតា និងខេត្តកែប មានចំនួន ១ ០០៥ហិកតា គេរកឃើញនៅកម្ពុជាមានប្រភេទព្រៃកោងកាង២៩ប្រភេទ តាមការសិក្សា នៅឆ្នាំ២០២៤កន្លងមក៕ 

គិតត្រឹមឆ្នាំ២០២៤ កម្ពុជាទាក់ទាញអ្នកវិនិយោគបើកសហគ្រាស គ្រឹះស្ថានសរុបជាង ៤ម៉ឺន ៤ពាន់

2025/02/27 03:12:57 pm        440
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតមកត្រឹមឆ្នាំ២០២៤ ប្រទេសកម្ពុជាទទួលការចុះបញ្ជីសហគ្រាស គ្រឹះស្ថានសរុបចំនួន ៤៤ ៧៩៨សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួនជាង ១,៨លាននាក់។យោងតាមរបាយការណ៍ស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងកិច្ចប្រជុំបូកសរុបការងារ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះថា ក្នុងចំនួនសហគ្រាស គ្រឹះស្ថានជាង ៤ម៉ឺន ៤ពាន់សហគ្រាសខាងលើនេះ ក្នុងនោះសហគ្រាស គ្រឹះស្ថានវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១ ៥៦៦សហគ្រាស ស្មើនឹង ៣,៥០% បើធៀបនឹងសហគ្រាស គ្រឹះស្ថានសរុប និងកម្មករនិយោជិតចំនួនជាង ៩២ម៉ឺននាក់ ស្មើនឹងជាង ៥០% បើធៀបនឹងកម្មករនិយោជិតសរុប។ ចំណែកឯសហគ្រាស គ្រឹះស្ថានវិស័យក្រៅពីកាត់ដេរចំនួនជាង ៤ម៉ឺន ៣ពាន់សហគ្រាស ស្មើនឹងជាង ៩៦% បើធៀបនឹងសហគ្រាស គ្រឹះស្ថានសរុប និងកម្មករនិយោជិតចំនួនជាង ៨៩ម៉ឺននាក់ ស្មើនឹងជិត ៥០% បើធៀបនឹងកម្មករនិយោជិតសរុប។នៅក្នុងពិធីបើកអង្គសន្និបាតនាព្រឹកថ្ងៃនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្នុងបរិការណ៍នេះ ការបន្តអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ នៅតែជាកិច្ចការសំខាន់ក្នុងការបង្កើត រក្សា និងបង្កើនការងារទាំងបរិមាណនិងគុណភាពដល់ប្រជាជនកម្ពុជា អភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាព និងភាពប្រកួតប្រជែងខ្ពស់ លើកកម្ពស់បរិយាកាសការងារល្អប្រសើរទាំងសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ និងទាំងសម្រាប់និយជក ធានាសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរជូនពលករទេសន្តប្រវេសន៍ និងពង្រីកការគ្របដណ្តប់នៃរបបសន្តិសុខសង្គមឲ្យកាន់តែទូលំទូលាយ។សន្និបាតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ទី១.ដើម្បីជួបប្រជុំប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងគ្រប់លំដាប់ថា្នក់ និងទី២. បូកសរុប វាយតម្លៃ នូវលទ្ធផលការងារ ដែលក្រសួងសម្រេចបាននារយៈពេល ១ឆ្នាំកន្លងមកនេះ កំណត់បញ្ហាប្រឈមចម្បងៗ និងផ្តល់ឱកាសទំលំទូលាយដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធានអង្គភាព ចែករំលែកនូវឧត្តមានុវត្តន៍ជាក់ស្តែង និងពិភាក្សាផ្លាស់ប្តូរមតិយោបល់ក្នុងស្វែងរកដំណោះស្រាយសមស្របលើបញ្ហាប្រឈមទាំងឡាយ ក៏ដូចជាបញ្ហាប្រឈមថ្មីៗដែលអាចនិងលេចឡើងនាឆ្នាំខាងមុខ ឬនាពេលអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ស្រូវប្រាំងជាង២ម៉ឺនតោនត្រូវបានពលរដ្ឋខេត្តស្វាយរៀងធ្វើការប្រមូលទុកដាក់

2025/02/27 03:10:51 pm        104
ស្វាយរៀង ៖ លោកសុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានប្រាប់ទូរទស្សន៍BTV តាមសារលេឡេក្រាមឲ្យដឹងថា ស្រូវប្រាំង ចំនួន២ម៉ឺន ៦ពាន់ ៨៥៧តោន ត្រូវបានពលរដ្ឋនៅក្នុងខេត្តធ្វើការប្រមូលទុកដាក់ជាបណ្តើរៗហើយ បន្ទាប់ពីក្រុមកសិករក្នុងស្រុក និងក្រុងមួយចំនួនក្នុងខេត្តបានចុះធ្វើការសាបព្រោះ បន្ទាប់ពីជំនន់ទឹកទន្លេ និងទឹកភ្លៀងបានស្រកស្រុតចុះ កាលពីចុងខែធ្នូ ឆ្នាំ២០២៤​ និងដើមខែមករា ឆ្នាំ២០២៥កន្លងមក ។លោកបានបន្តថានៅឆ្នាំនេះបើទោះជាតម្លៃស្រូវមានការចុះថោកបន្តិច រួមនិង សម្ភារៈកសិកម្ម ជី ពូជ ប្រេងឥន្ទនៈ និងកំរ៉ៃភ្ជួររាស់  ច្រូតកាត់មានតម្លៃថ្លៃ ក៏ពិតមែន តែកសិករដែលមានដីទំនាប និងដីជាប់ប្រពន្ធ័ធារាស្រ្ត  លោកនៅតែធ្វើការងារបង្កបង្កើនផល លើសចំនួន៥ពាន់ហិចតា លើផែនការផលិតស្រូវប្រាំងប្រចាំឆ្នាំចំនួនតែ២ម៉ឺន ៥០០ហិចតា ស្មើនិង១៣៧%ដោយទទួលបានទិន្នផលគិតជាមធ្យមក្នុងមួយហិចតាជាង៤តោន។លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបានបន្តថា ​ទន្ទឹមនិងក្រុមកសិករធ្វើការងារប្រមូលផលស្រូវប្រាំង  នូវមានក្រុមកសិករដែលមានដីខ្ពស់និងដីសេសសល់ពីការធ្វើស្រែ បាននិងកំពុងតែធ្វើការប្រមូលផលអំពៅស្ករ ដែលក្រុមកសិករដាំនៅក្នុងរដូវវស្សាកន្លងមកចំនួនជាង៥ពាន់ហិចតាដែរ ដោយធ្វើការនាំចេញ ទៅកាន់ទីផ្សារវៀតណាមចំនួន១ពាន់ ៨២១តោន ដែលមានតម្លៃក្នុង១តោនជាង១៤ម៉ឺនរៀល ។ ដោយ ៖ ភា សារិទ្ធ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាបន្តប្រយុទ្ធនឹងសត្រូវប្លាស្ទិកដើម្បីកម្ពុជាស្អាត

2025/02/27 03:05:52 pm        482
«បរិមាណសំណល់ប្លាស្ទិក ដែលកំពុងកើនឡើងច្រើន និងកំពុងបន្ថែមសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបរិស្ថានរបស់យើង។ ដូច្នេះ យើងចាំបាច់ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវនេះ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា និងជំរុញឱ្យកម្ពុជាមានភាពស្អាត។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារគម្រោង ស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ដើម្បីកម្ពុជាស្អាត បន្ទាប់ពីចំនួនថង់ប្លាស្ទិក ត្រូវបានមើលឃើញមានការបោះចោល និងមានការប្រើប្រាស់ច្រើន នាពេលកន្លងមកក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិក ប្រើប្រាស់ឡើងវិញ កែច្នៃ និងទាញយកជាថាមពល ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះគម្រោង ដែលបានចុះហត្ថលេខារួមគ្នានាពេលនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ដល់ភាពស្អាត នៅក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ជាពិសេសកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្តងបោះចោល។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឱ្យពង្រឹងការអប់រំបរិស្ថាន តាមរយៈយុទ្ធនាការរបស់ក្រសួងបន្តទៀត នៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងសហគមន៍មូលដ្ឋាន និងការផ្តល់ធុងសំរាមដល់មូលដ្ឋាន ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងបែងចែកសំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។ បន្ថែមពីនេះត្រូវពិនិត្យរៀបចំលិខិតបទដ្ឋានគតិយុត្តិ ដើម្បីគ្រប់គ្រងប្លាស្ទិក ពិសេសប្លាស្ទិកដែលប្រើតែម្តង ព្រមទាំងជំរុញវិធានលើកកម្ពស់ផលិតផលជំនួសប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃប្លាស្ទិក ការសាកល្បងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវបន្ថែមរបស់អ្នកផលិត ទាក់ទងនឹងឥណទានប្លាស្ទិកសម្រាប់កម្ពុជា។ លោកជំទាវ Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានសំដែងនូវសេចក្តីសង្ឃឹមថា គម្រោងស្តីពី "ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន" នឹងចូលរួមជួយឱ្យមានការផ្លាស់ប្តូរឥរិយាបថបន្ថែមទៀត ឆ្ពោះទៅរកផលិតកម្មស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រកបដោយនិរន្តរភាព និងបង្កើនសេដ្ឋកិច្ចចក្រានៅកម្ពុជា។ គម្រោងលើកទឹកចិត្តផ្តល់ការគាំទ្រទុន លើការចូលរួមរបស់ស្ត្រី និងយុវជន ក្នុងការអនុវត្តគម្រោងផងដែរ។ក្នុងឱកាសនោះ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងសាទរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងគុណភាពបរិស្ថាន និងបានប្រកាសគាំទ្រពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសជាមួយក្រសួងបរិស្ថាន និងដៃគូសហការផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាសំណល់ប្លាស្ទិកនៅទីប្រជុំជននៅកម្ពុជា។ សូមបញ្ជាក់ថា គម្រោងស្តីពី "ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន" បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសជប៉ុននិងការគាំទ្របច្ចេកទេសពីអង្គការ UNDP ។ គម្រោងស្តីពី «ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន» នឹងកំណត់គោលដៅតំបន់ទីក្រុង នៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ សៀមរាប និងព្រះសីហនុ និងខេត្តជាប់មាត់សមុទ្រ មានខេត្តកែប កំពត និងកោះកុង ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកប្រកបដោយនិរន្តរភាព៕

ក្រសួងការងារបានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារចំនួនជិត ៩៥ពាន់ដង/នាក់ ទៅឲ្យនិយោជក គិតត្រឹមឆ្នាំ២០២៤

2025/02/27 02:31:59 pm        454
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងរបាយការណ៍ការងារថា តាម​រយៈ​ការ​រៀប​ចំ​វេទិកាការងារ ការប្រមូលនិងផ្សព្វផ្សាយ និងបញ្រ្ជាបព័ត៌មានទីផ្សារការងារ បានផ្គូផ្គង និង​បញ្ជូន​អ្នក​ស្វែងរកការងារទៅឲ្យនិយោជកសរុបចំនួន ៩៤ ៩០០ដង/នាក់ គិតចាប់ពី​កម្រិត​ថ្នាក់​ទាប រហូតដល់ថ្នាក់ខ្ពស់ និងសិស្សកម្រតិបច្ចេកទេស និងវិជ្ជាជីវៈ។នៅក្នុងរបាយការណ៍ស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងកិច្ចប្រជុំបូកសរុបការងារ នៅ​ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញឲ្យដឹងថា គិតក្នុងឆ្នាំ២០២៤កន្លងទៅ សម្រេច​បានពង្រីកការផ្តល់ព័ត៌មានទីផ្សារការងារតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដោយ​មានអ្នកចូលប្រើប្រាស់គេហទំព័រ, ហ្វេសប៊ុក, យូធូប, Tiktok និងអ្នកទាញ​យក​ប្រើប្រា​ស់​សេវា​តាម​រយៈកម្មវិធីស្វែងរកការងារលើទូរស័ព្ទវៃឆ្លាតសរុបចំនួនជាង ៦,៦លាននាក់។ ទន្ទឹមនេះ កា​រ​ជ្រើសរើសកម្លាំងពលកម្មតាមវិស័យសរុបចំនួនជាង ៣៨ម៉ឺនកន្លែង ក្នុងនោះ សេវា​កម្ម​ចំនួន​ជាង ៧ម៉ឺនកន្លែង, ឧស្សាហកម្មចំនួនជាង ២ម៉ឺន ៥ពាន់កន្លែង និងកសិកម្មចំនួនជាង ៦ម៉ឺន​កន្លែង​។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងទៀតថា តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​អំពី​ឱកាស​ការងារនេះដែរ គិតត្រឹមឆ្នាំ២០២៤ មានអ្នកទទួលបានការងារធ្វើសរុបចំនួនជិត ១​ម៉ឺន​នាក់​ រួមមានកម្រិតឧត្តមសិក្សាចំនួនជាង ៤ ៧០០នាក់, កម្រិតត្រឹមមធ្យមសិក្សា ឬក្រោម ចំនួន ៤ ២០០នាក់, សិស្សកម្រិតបច្ចេកទេស និងវិជ្ជាជីវៈ (C1) ចំនួន៧៨៩នាក់ និងមាន​ជន​មាន​ពិការ​ភាព​ចំនួន ២៤នាក់។ ក្រៅពីនេះ ក្រសួងការងារ បានផ្តល់ការណែនាំ និងប្រឹក្សាយោបល់ អាជីព ការងារ និងវិជ្ជាជីវៈទៅដល់សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និង​កម្មករ​និយោជិត​សរុប​ចំនួន​ជាង ៤ម៉ឺន ៥ពាន់នាក់។លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារថ្ងៃនេះ បានស្នើសមាជិក សមាជិកាក្នុងអង្គប្រជុំ គួរ​ចូល​រួមមានមតិយោបល់ឱ្យបានផុលផុស និងចំគោល​ដៅ​សម្រាប់​ជា​ធាតុ​ចូល​ក្នុង​ការ​រៀបចំ​ផែន​ការ​សកម្មភាពអនុវត្តនាឆ្នាំបន្ទាប់, ការដាក់ចេញទិសដៅការងារ, និងការលើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្តការងាររបស់ក្រសួង ដើម្បីបំពេញបេសកកម្ម​ជាតិ​ដ៏​ឧត្តុង្គ​ឧត្តម​ឱ្យ​សម្រេច​បាន​ជោគ​ជ័យ​ដ៏​ត្រចះត្រចង់ ស័ក្តិសមទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត និង​អាណត្តិកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សម្ដេចធិបតី៖ គ្មានសាសនាណាមួយដែលបង្រៀនសាសនិករបស់ខ្លួន ឱ្យប្រព្រឹត្តិអំពើបាបនោះទេ

2025/02/27 12:52:45 pm        135
ក្នុងឱកាសអញ្ជើញជាធិបតីដ៏ខ្ពស់ខ្ពស់ ពិធីបើកកិច្ចប្រជុំកំពូលអ៊ីស្លាម ក្រោមប្រធានបទ «អ៊ិស្លាម និងពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League MWL”) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គ្មានសាសនាណាមួយដែលបង្រៀនសាសនិករបស់ខ្លួន ឱ្យប្រព្រឹត្តិអំពើបាបនោះទេ។សម្តេចធិបតី ថ្លែងថា ប្រធានបទថ្ងៃនេះ គឺ «អ៊ិស្លាម និងពុទ្ធសាសនា» ដែលជាជម្រើសប្រធានបទដ៏ សក្តិសមបំផុត សម្រាប់ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ដែលតែងតែលើកស្ទួយកិច្ចសន្ទនា អន្តរសាសនា និង សន្តិសហវិជ្ជមានរវាងជំនឿសាសនា, សមាជិក របស់អង្គការសម្ព័ន្ធពិភពអ៊ិស្លាម, បណ្ដារដ្ឋ ៥៧ ប្រទេស ដែលជាសមាជិកនៃអង្គការ-សហប្រតិបត្តិការឥស្លាម (OIC) និងប្រទេសនានាលើសាកលលោកសុទ្ធតែបានទទួលស្គាល់ថា កម្ពុជាគឺជាប្រទេសគំរូមួយ ក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃទាំងស្រុង និង ទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាពជំនឿសាសនា របស់ប្រជាពលរដ្ឋទូទៅ, បូករួមទាំងបងប្អូនសាសនិកឥស្លាម ។សម្តេចធិបតី ថ្លែងថា គ្រប់សាសនាទាំងអស់សុទ្ធតែបានតម្រង់ទិស សាសនិករបស់ខ្លួនទៅរកផ្លូវល្អ ប្រកបដោយសីលធម៌ គុណធម៌ មេត្តាធម៌ ភាពស្មោះត្រង់ និងសេចក្តីប្រោសប្រណី ចំពោះ​មនុស្សជាតិ និងរាល់ជីវិតទាំងអស់នៅលើលោក។សូមបញ្ជាក់ថា ការយកចិត្តទុកដាក់ទៅលើបងប្អូន ខ្មែរអ៊ិស្លាម និងបងប្អូនប្រកាន់យក​សាសនា​ផ្សេងៗ របស់កម្ពុជា គឺមានតាំងពីថ្នាក់ដឹកនាំកំពូលដែលកាន់ព្រះពុទ្ធសាសនា រហូតដល់ថ្នាក់មូលដ្ឋានជាក់ស្តែង ដូចជាព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ បានផ្តល់ការសណ្ដោសប្រណីដល់សហគមន៍ចាម ដែលជាជនភៀសខ្លួន ដោយសារសង្គ្រាម បានមករស់នៅលើទឹកដីកម្ពុជា, បានរាជានុញ្ញាតដល់ជនជាតិចាម, ចូលរួមប្រយុទ្ធការពារទឹកដីកម្ពុជា ក្នុងសម័យអាណានិគមនិយមបារាំង និង បានប្រទាននាមដល់បងប្អូនជនជាតិភាគតិចាមថាជា «ខ្មែរអ៊ិស្លាម» នៅក្រោយទទួលបានឯករាជ្យពីបារាំងនាឆ្នាំ១៩៥៣ ដោយព្រះរាជតម្រិះ សព្វព្រះរាជហឫទ័យរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ក្នុងគោលបំណងចង់ឱ្យក្រុមជាតិភាគតិចាម បានក្លាយជាពលរដ្ឋខ្មែរ, កាន់សាសនាឥស្លាមដោយស្របច្បាប់ និងក្លាយជាខ្មែរតែមួយព្រមទាំងបានបន្សល់ទុកនូវអត្តសញ្ញាណដើមរបស់ពួគគេផងដែរ។ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩, សេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារ និងសង្គ្រោះឡើងវិញ។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សហគមន៍ខ្មែរអ៊ិស្លាមមានការរីកចម្រើន និងមានសេរីភាពជំនឿសាសនា យ៉ាងពេញលេញ និងរាជរដ្ឋាភិបាលបានរៀបចំឱ្យមាន ស្ថាប័នកំពូលឥស្លាមឡើងវិញ គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា និងបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូលរបស់ជាតិ និងនៅ ថ្នាក់ក្រោមជាតិ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ចង់ឃើញសកម្មភាពសង្គមនានា មានការចូលរួមពីអន្តរសាសនា ជាសាមគ្គីភាពនៅក្នុងសង្គម

2025/02/27 11:41:26 am        75
ក្នុងឱកាសអញ្ជើញជាធិបតីដ៏ខ្ពស់ខ្ពស់ ពិធីបើកកិច្ចប្រជុំកំពូលអ៊ីស្លាម ក្រោមប្រធានបទ «អ៊ិស្លាម និងពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (Muslim World League MWL”) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ​មានប្រសាសន៍ថា សម្ដេចចង់ឃើញ​សកម្មភាព​សង្គមនានា គឺមានការចូលរួមពីអន្តរសាសនា ដែលបង្ហាញអំពីសាមគ្គីភាព​នៅក្នុងសង្គមកម្ពុជាកាន់តែរឹងមាំ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ទើបសេរីភាព ជំនឿសាសនា នៅកម្ពុជាត្រូវបានស្ដារ និងសង្គ្រោះឡើងវិញ ក្រោមការដឹកនាំរបស់​សម្ដេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។សម្ដេចមានប្រសាសន៍បន្តថា ​សម្ដេចចង់ឃើញសកម្មភាពសង្គមនានានៅកម្ពុជា មាន​ការចូលរួម​ពី​អន្តរសាសនា ដោយបង្ហាញពីសាមគ្គីភាព ជាសង្គមមួយដែលមានបរិយាបន្ន​ និងមានភាពអត់ឱន ភាពនិយម កណ្ដាលនៃសាសនា។សូមជម្រាបថា ប្រទេសកម្ពុជា ត្រូវបានពិភពលោកទាំងមូល ចាត់ទុកថា ពិតជាប្រទេសគំរូមួយ​ក្នុងការផ្តល់នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញដល់ប្រជាជនរបស់ខ្លួនដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍ ខណៈប្រទេសជាច្រើនមិនទាន់អាចធ្វើបានដូចកម្ពុជា។ជាមួយគ្នានេះ សមាជិកអង្គការសហប្រតិបត្តិការអ៊ិស្លាម (OIC) ដែលមានរដ្ឋជាសមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត ២ ពាន់លាននាក់ និងអង្គការសម្ព័ន្ធពិភពអ៊ិស្លាម រួមទាំងបណ្តាប្រទេសជាច្រើនទៀត គឺថ្នាក់ដឹកនាំប្រទេស និងអង្គការទាំងនោះ បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់កម្ពុជា ដោយបានប្រៀបយកកម្ពុជាធ្វើជាគំរូដ៏ល្អនៃប្រទេសដែលមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា រវាងអ៊ិស្លាមភាគតិចប្រមាណ ៥% និងព្រះពុទ្ធសាសនាប្រមាណ ៩៣% និងសាសនាផ្សេង ២% ដែលបានសាមគ្គីភាពនឹងគ្នា ប្រកបដោយការអត់ឱន ដើម្បីជាការបញ្ជាក់ពីវឌ្ឍនភាពសាសនានៅកម្ពុជា ទើបសម្រេចចិត្តមករៀបចំកិច្ចប្រជុំកំពូលនៅកម្ពុជា ជាលើកទី១នេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

អាជ្ញាធរខេត្តកំពង់ឆ្នាំង សំណូមពរអោយរួបរួមគ្នា កុំអោយមានការបែកបាក់រវាងព្រះសង្ឃ អាចារ្យ ដូនជីតាជី និងគណៈកម្មាការវត្ត

2025/02/27 11:35:05 am        72
កំពង់ឆ្នាំង៖ ក្នុងពិធីប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ លោក យិន សាវ៉េន អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំណូមពរដល់ព្រះសង្ឃ អាចារ្យ ដូនជីតាជី និងគណៈកម្មាការវត្តទាំងអស់ ត្រូវតែចេះស្រឡាញ់គ្នា រួបរួមសាមគ្គីគ្នា ដើម្បីអោយវិស័យព្រះពុទ្ធសាសនារីកចម្រើន កុំអោយមានជម្លោះនៅក្នុងវត្តនាំអោយព្រះពុទ្ធសាសនាធ្លាក់ចុះ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, ឯកឧត្តម ស៊ីវ រុន ប្រធានក្រមុប្រឹក្សាខេត្ត, អាជ្ញាធរខេត្តស្រុកឃុំ, ព្រះសង្ឃ អាចារ្យ ដូនជីតាជី គណៈកម្មាការវត្ត លោក លោកស្រីតាមមន្ទីរពាក់ព័ន្ធ។លោក យិន សាវ៉េន បានឱ្យដឹងថា៖ នៅខេត្តកំពង់ឆ្នាំងមានវត្តចំនួន២១៨វត្ត អាស្រមចំនួន១៤ និងព្រះសង្ឃ២៦៤២អង្គ ។ ក្នុងវត្ត និងអាស្រមនៅក្នុងគណៈមហានិកាយ២២៩វត្ត ដែលជាទីកន្លែងគោរបូជា។ បច្ចុប្បន្ននេះខេត្តកំពង់ឆ្នាំងមានពាហិរសាសានាចំនួន៤ គឺពុទ្ធសាសនាមហាយាន គឹ្រស្ទានសាសនា សាសនាបាហៃ និងឥស្លាម ។ លោកបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្រ្តីសង្ឃគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មការវត្ត ដូនជីតាជី ត្រូវបន្តរួមសាមគ្គីគ្នាលើកកម្ពស់ព្រះពុទ្ធសាសានា ដែលជាសាសនារបស់រដ្ឋ ដើម្បីជាទីគោរពប្រតិបត្តិប្រ កបដោយភាពជឿជាក់ពីប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចៀសវាងកុំឱ្យកើតមានអធិករណ៍នៅក្នុងវត្ត។ឯកឧត្តម ញ៉ែម វ៉ាលី បានថ្លែងថា៖ នៅថ្ងៃនេះពិតជាមានសារៈសំខាន់ និងការយកចិត្តដាក់ខ្ពស់បំផុតចំពោះវិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ជាតិ និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិទាំងមូល។ តាមស្មារតីអង្គអនុសំវច្ឆរមហាសន្និបាតលើកទី៣២នេះ នឹងបានជាឧត្តមប្រយោជន៍សម្រាប់ជាមគ្គុទ្ទេសដឹកនាំ ឆ្ពោះទៅរកសេចក្ដីថ្លៃថ្នូរជូនជាតិ មាតុភូមិ ប្រជាជន និងព្រះពុទ្ធសាសនា ដោយឆន្ទៈប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសង្ឃប្រកាស ដែលបានដាក់ចេញ ដោយគណៈសង្ឃ នៃគណៈមហានិកាយនូវរាល់លិខិតបទដ្ឋានដែលមានស្រាប់ ៕ កាំង ហុងវាស្នា

“អ៊ិស្លាម និង ពុទ្ធសាសនា” គឺ​​ជាជម្រើសប្រធានបទ​ដ៏ស័ក្តិសមបំផុត សម្រាប់​ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ​ដែលតែងតែ​លើកស្ទួយ​កិច្ចសន្ទនាអន្តរសាសនា និង សន្តិសហវិជ្ជមាន​រវាង​ជំនឿសាសនា

2025/02/27 11:33:34 am        97
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​បើកកិច្ចប្រជុំកំពូលអ៊ិស្លាម ក្រោមប្រធានបទ “អ៊ិស្លាម និងពុទ្ធសាសនា” នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ថា “អ៊ិស្លាម និង ពុទ្ធសាសនា” ដែល​​ជាជម្រើសប្រធានបទ​ដ៏ស័ក្តិសម​បំផុតសម្រាប់​ការរៀបចំកម្មវិធី នៅក្នុងប្រទេសកម្ពុជា ​ដែលតែងតែ​លើកស្ទួយ​កិច្ចសន្ទនាអន្តរ​សាសនា និង សន្តិសហវិជ្ជមាន​រវាង​ជំនឿសាសនា, សមាជិករបស់អង្គការសម្ព័ន្ធពិភពអ៊ិស្លាម, បណ្តា​រដ្ឋសមាជិកទាំង ៥៧ នៃអង្គការសហប្រតិបត្តិការអ៊ិស្លាម(OIC) និង ប្រទេស​នានា លើសាកលលោក សុទ្ធតែ​បានទទួលស្គាល់​ថា​ កម្ពុជា គឺ​ជាប្រទេសគំរូមួយ ក្នុងការបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃទាំងស្រុង និង ទទួលបានសុខសន្តិភាពពេញលេញ និងបានលើកកម្ពស់សិទ្ធិសេរីភាព​ជំនឿសាសនារបស់ប្រជាពលរដ្ឋទូទៅ, បូករួម​ទាំង​បងប្អូនសាសនិកអ៊ិស្លាម។ជាមួយគ្នានេះ, សម្តេចបវធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្តថា ក្រោយ ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩, ទើបសេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្ដារ និងសង្គ្រោះឡើងវិញ ។ ក្រោមការ​ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន, សហគមន៍ខ្មែរ​អ៊ិស្លាម​មានការរីកចម្រើន និងមាន​សេរីភាពជំនឿសាសនាយ៉ាងពេញលេញ, ជាពិសេសរាជរដ្ឋាភិបាលបាន​រៀបចំឱ្យមាន​ស្ថាប័នកំពូលអ៊ិស្លាម​ឡើងវិញ គឺគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា និងបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំ​សហគមន៍​ខ្មែ​រអ៊ិស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូល​របស់​ជាតិ និងនៅថ្នាក់ក្រោមជាតិ ។សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ​លទ្ធិជ្រុលនិយម​ គឺជា​សត្រូវ​នៃភាព​សុខដុមរមនា និង សន្តិសហវិជ្ជមាន នៅក្នុងសង្គមជាតិ ។ ជាក់ស្តែង, គ្មាន​សង្គម​ណាមួយ​ ដែល​មាន​ភាព​បរិសុទ្ធ​ឥតខ្ចោះនៃជាតិសាសន៍ និង សាសនា នោះទេ ហើយ​សង្គម​ដែល​ទាមទារ​ភាព​បរិសុទ្ធបែបនេះ គឺតែងតែ​នាំមកនូវសោកនាដកម្ម​, ការធ្វើទុក្ខបុកម្នេញ, ការសងសឹក​គ្មាន​ទីបញ្ចប់ ហើយ​ដែលអាក្រក់បំផុតនោះ គឺការរុញច្រានទៅរក​សកម្មភាពបោសសម្អាតជាតិសាសន៍។ តាម​ពិត, ពិភពលោកយើង​ពិតជាមាន​មេរៀន​ច្រើនរាប់​មិន​អស់​ ពីសោកនាដកម្ម​ ដែល​មាន​ឫសគល់​ចេញពី​លទ្ធិជ្រុលនិយម បូករួមទាំងអ្វីដែល​កម្ពុជា បានឆ្លងកាត់​ ក្នុងរបបប្រល័យពូជសាសន៍ ​ប៉ុល ពត។ ជាក់ស្តែង, ក្រុមប្រឆាំងជ្រុលនិយម​ ព្រោះតែមហិច្ឆតា​នយោបាយ​របស់ខ្លួន​ បាន​បរិហារ​ដោយ​បំពាន​លើ​តថភាពប្រវត្តិសាស្ត្រ និង គុណតម្លៃមិន​អាច​កាត់ថ្លៃបាននៃ ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែល​ជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស បូករួមទាំងបងប្អូន​ខ្មែរ​អ៊ិស្លាម​ផងដែរ ។សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ការជំរុញ​សុខដុមនីយកម្មជាតិ​សាសន៍ និង សាសនា ត្រូវមាន​ការចូលរួម​ពីប្រជាជន​គ្រប់ស្រទាប់​ទាំងអស់ មិនមែនរាជរដ្ឋាភិបាល អាចធ្វើឡើងតែម្នាក់ឯងបានឡើយ។ ការរៀបចំរចនា​សម្ព័ន្ធគ្រប់គ្រងបានត្រឹមត្រូវ និង ការចូលរួម​សហការ ជំរុញកិច្ចសន្ទនាអន្តរសាសនា ដោយ​គ្មាន​រើស​អើង ដោយ​គ្មានលទ្ធិជ្រុលនិយម គឺជាកត្តា​គាំទ្រដ៏សំខាន់ សម្រាប់​ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែល​ធានា​ភាពសុខដុម​រមនា​ និងសន្តិសហវិជ្ជមានរបស់សង្គមដែល​មាន​ភាពចម្រុះ៕

សម្តេចតេជោ ហ៊ុន សែន៖ ព្រឹកនេះប្រើពេលជាង៣ម៉ោង​វាយកូនគោលកម្លាំងប្រៀបដូចយុវជន​អាយុជាង​៣០ឆ្នាំ ពេលវាយ Driver ចេញ

2025/02/27 11:28:35 am        164
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានប្រើពេលជាង៣ម៉ោងវាយកូនគោលកម្លាំងប្រៀបដូចយុវជនអាយុជាង ៣០ឆ្នាំ ពេលវាយ Driver ចេញ។សម្ដេចតេជោ បានមានប្រសាសន៍ថា៖អ្នកជំងឺ-វីដ-១៩ វាយកូនគោល មានអ្នកបន់ឲ្យខ្ញុំឆាប់ជាដែលមានចំនួនច្រើនលើសលប់ និងមានអ្នកបន់ឲ្យខ្ញុំឆាប់ស្លាប់ដែលមានចំនួនតិចតួចដែល សុទ្ធសឹងតែពួកជ្រុលនិយម។ព្រឹកនេះខ្ញុំប្រើពេលជាង ៣ ម៉ោងវាយកូនគោល កម្លាំងប្រៀបដូចយុវជនអាយុជាង ៣០ ឆ្នាំពេលវាយ Driver ចេញ»។សម្ដេចតេជោ បញ្ជាក់ថា ទោះបីមានជំងឺកូវីដ-១៩ តែសុខភាពសម្ដេច គ្មានក្អកគ្មានហៀរសំបោរ។ ទាំងគ្រូពេទ្យ និងបងប្អូនផ្សេងទៀតបានលើកទឹកចិត្តឲ្យសម្ដេចហាត់ប្រាណទើបឆាប់ជាសះស្បើយ។ ប៉ុន្ដែ សម្ដេចបានយកការវាយកូនគោលដែលជាកីឡាដែលសម្ដេចចូលចិត្តដើម្បីហាត់ប្រាណតែសម្ដេចបញ្ជាក់ថា សម្ដេចនៅតែប្រុងប្រយត្ឋ័មិនឲ្យជំងឺសម្ដេចឆ្លងទៅអ្នកផ្សេងទៀតពិសេសកូនៗ ដែលបម្រើការងារនៅតារាងកូនគោល។សម្ដេចតេជោបញ្ជាក់ថា៖«ដរាបណាការធ្វើតេស្តនៅតែមានវិជ្ជមានកូវីដ-19 ខ្ញុំតែមិនចូលរួមប្រជុំ ឬទទួលភ្ញៀវនោះទេ»។ ខ្ញុំសង្ឃឹមថានឹងបានចូលរួមអាពាហ៍ពិពាហ៍កូនអ្នកឧកញ្ញា លី ហួរ នៅថ្ងៃ ៧ មីនា ២០២៥ ខាងមុខ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរុស្ស៊ី ជួបពិភាក្សាតាមទូរស័ព្ទ ផ្ដោតលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាមេរិក
06/17/2026 06:06 PM
កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល នឹងផ្តោតសំខាន់លើការចង់បានសមាជិកភាព EU របស់អ៊ុយក្រែន
06/17/2026 06:06 PM
ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
06/17/2026 06:06 PM
ប្រទេសចិនទាមទារឲ្យចក្រភពអង់គ្លេសលុបចោលទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន
06/17/2026 05:06 PM
កងទ័ពជើងទឹក IRGC បន្តទាមទារឲ្យនាវាសម្របសម្រួលជាមួយពួកគេ ទោះបីជាមានការដកការបិទផ្លូវរបស់អាមេរិកក៏ដោយ
06/17/2026 05:06 PM
នាយករដ្ឋមន្ត្រីកាណាដា ចាត់ទុក​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ថា ជា «ការ​ផ្លាស់ប្តូរស្ថានការណ៍​»
06/17/2026 05:06 PM
ហេសបូឡា៖ អ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ បើអ៊ីស្រាអែលបន្ត​វត្តមាន​នៅ​លីបង់
06/17/2026 05:06 PM
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី និងបារ៉ែន ពិភាក្សាអំពីការវិវត្តថ្មីៗ បន្ទាប់ពីមានអនុស្សរណៈនៃយោគយល់រវាងអាមេរិកនិងអ៊ីរ៉ង់
06/17/2026 05:06 PM
លោក Trump រិះគន់យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅលីបង់ និង​និយាយថា ជនស៊ីវិលស្លាប់ច្រើន​ណាស់​
06/17/2026 05:06 PM
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/17/2026 05:06 PM