រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ខេត្តកណ្តាលបានរៀបចំពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ: លើកទី៩ ឆ្នាំ២០២៦

ព័ត៌មានជាតិ

គ.ស.អ.ស.ក ផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅបាត់ដំបង

2025/02/24 11:10:57 am        152
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បើកយុទ្ធនាការផ្សព្វផ្សាយចុះឈ្មោះតាមថ្នាលឌីជីថលអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅបាត់ដំបង ដើម្បីលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្លឿនសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចប្រព័ន្ធ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) លើកឡើងក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាល ឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តបាត់ដំបង់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា យុទ្ធនាការនេះមានគោលបំណង ផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែបំប៉ន អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចឈានទៅក្នុងប្រព័ន្ធ។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការ ចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ព្រម ទាំងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។ឯកឧត្តម បានពន្យល់ពីចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលើកឡើងថា ការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះ អនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានសេវាគាំទ្រសំខាន់ៗ រួមទាំងការអភិវឌ្ឍជំនាញ អត្ថប្រយោជន៍សន្តិសុខ សង្គម សេវាហិរញ្ញវត្ថុផ្លូវការ និងសេវាគាំពារសង្គមជាដើម។ ឯកឧត្តម ហែម វណ្ណឌី បានស្នើឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត បន្តជំរុញផ្សព្វផ្សាយ និងរៀបចំយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យបានទូលំទូលាយដល់មូលដ្ឋានភូមិឃុំ ដើម្បីលើក កម្ពស់ការយល់ដឹងអំពីគុណតម្លៃ និងអត្ថប្រយោជន៍។ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អនុញ្ញាតឱ្យមានមធ្យោបាយ ចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IEapp) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះផ្សេងៗទៀត ក្នុងនោះសម្រាប់ក្រុមគោលដៅចុះឈ្មោះរួមមាន សហគ្រាសធុនមីក្រូ, កម្មករ-និយោជិតនៃសហគ្រាស ធុនមីក្រូ, កម្មករ-និយោជិតម្តង ម្កាល, និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និងការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ចំណែកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងនូវការសប្បាយចិត្តយ៉ាងខ្លាំង ខណៈដែលរាជរដ្ឋាភិបាលបានគិតគូរយកចិត្តទុកដាក់ដល់ ពួកគាត់ ដែលកំពុងរកស៊ីទទួលទានជាលក្ខណៈគ្រួសារ ដែលហៅថាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នេះជាការចូលរួមកែលម្អជីវភាពប្រជាជន តាមរយៈការលើកកម្ពស់គាំពារ និងការលើកកម្ពស់សមត្ថភាព ផលិតភាព ដើម្បីចូលរួមដល់ការអភិវឌ្ឍន៍អាជីវកម្ម និងមុខរបររបស់ ប្រជាជនឱ្យកាន់តែរីកចម្រើន។សូមបញ្ជាក់ថា ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤ ដើម្បី សម្រួលដល់ការចុះឈ្មោះឱ្យមានភាពងាយស្រួល និងសាមញ្ញ។ ថ្នាលនេះប្រើប្រាស់បច្ចេកវិទ្យាទំនើប រួមទាំងជំនួយបញ្ញាសប្បនិម្មិត សម្រាប់ចាប់យកទិន្នន័យពីអត្តសញ្ញាណប័ណ្ណ, ថ្នាល CamDigiKey សម្រាប់កំណត់សុវត្ថិភាពនៃអត្តសញ្ញាណ, ថ្នាលផ្លាស់ប្តូរទិន្នន័យ កម្ពុជា (CamDx), និងថ្នាល verify.gov.kh សម្រាប់ការផ្ទៀងផ្ទាត់និន្ន័យជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

នាយករដ្ឋមន្រ្តីបន្តអំពាវនាវឲ្យអាជ្ញាធរមីន និងភាគីពាក់ព័ន្ធ​កំណត់ឲ្យ​ច្បាស់​នូវ​ទីតាំង​ដែល​ប្រឈម​គ្រោះ​ថ្នាក់ដោយសារមីន

2025/02/24 10:53:09 am        216
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តធ្វើការអំពាវនាវដល់អាជ្ញាធរមីន និង​ភាគីពាក់ព័ន្ធទាំងអស់គប្បីរួមគ្នាឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការផ្សព្វ​ផ្សាយ​ការយល់ដឹ​ង​ពី​គ្រោះ​ថ្នា​​ក់ដោយសារមីន និងត្រូវកំណត់នូវទីតាំងដែលប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់​បែក​ចង្កោម និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះដទៃទៀតឲ្យបានជាក់លាក់បំផុត។តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ឆ្នាំ ២០២៥នេះ ក្រោមប្រធានបទ«រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បី​សហគមន៍មានសុវត្ថិភាព» រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ដែល​បង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវតាមគោលដៅប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ ផែនការយុទ្ធសាស្រ្ត​ជាតិ​សកម្មភាពមីន២០១៨-២០២៥ និងយុទ្ធសាស្រ្ត​បញ្ច​កោណ​ដំណាក់​កាល​ទី១​«ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូល​ដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​បាន​ចក្ខុ​វិស័យ​កម្ពុជាឆ្នាំ២០២៥»។ដើម្បីសម្រេចបានគោលការណ៍ប្រកបដោយចីរភាពនោះ សម្តេចធិបតី នាយករដ្ឋ​មន្រ្តី​បាន​អំពាវ​នាវ​ដល់​ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់​អាវុធ​គ្រប់​ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុង​ការ​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ពីគ្រោះថ្នាក់ ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជូន​ប្រជា​ពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅ​តាម​សហគមន៍​ដែល​រង​ផល​ប៉ះ​ពាល់​ តាមរយៈសកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ការ​អនុវ​ត្ត​គោល​នយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអនុវត្តច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អាវុធ​គ្រឿង​ផ្ទុះ ​និងគ្រាប់រំសេវ កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងផ្សព្វផ្សាយ​ឲ្យបាន​ទូលំ​ទូលាយ ជាអាទិ៍​តាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត បណ្ណនានាជាដើម។ តាមរយៈសារលិខិតដដែលនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានអំពាវនាវដល់«អាជ្ញាធរមីនត្រូវ បន្ត​សម្របសម្រួលជាមួយប្រតិបត្តិករជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកំណ​ត់​ឲ្យ​បាន​ជាក់​លាក់ នូវតំបន់ ឬទីតាំងដែលរងការប្រឈមគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និង​សំណល់​ជាតិផ្ទុះពីសង្រ្គាម ដើម្បីធ្វើការអប់រំ និងទប់ស្កាត់គ្រោះ​ថ្នាក់​បាន​ទាន់​ពេល​វេលា​ព្រម​ទាំង​រៀប​ចំ​សារអប់រំ និងវិធីសាស្រ្ត​អប់​រំ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ទៅ​តាម​បរិបទ​នៃ​សហគមន៍​ដែល​រង​ផល​ប៉ះ​ពាល់ និងឥរិយាបទរបស់ជនងាយរងគ្រោះ»។សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់ប្រទេសជាម្ចាស់ជំនួយ និង​ដៃ​គូ​អភិវ​ឌ្ឍ​សូម​បន្ត​គាំទ្រ​ដល់​សកម្មភាពបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម សកម្ម​ភាព​អប់រំ​កាត់ បន្ថយគ្រោះថ្នាក់ និងកិច្ចសង្រ្គោះជនពិការដោយសារគ្រឿងផ្ទុះទាំងនោះផងដែរ។បន្ថែមពីនេះទៀតសម្តេចធិបតី ក៏បានឲ្យអាជ្ញាធរមីន និងភាគី​ពាក់​ព័ន្ធ​ទាំង​អស់​គួរ​ប​ន្ត​គៀរ​គ​ធន​ធាន​ប្រកបដោ​យនវានុវត្តន៍ ជាពិសេសបន្តជំរុញការចូលរួមពីវិស័យឯកជននិងសប្បុរសជន ក្នុង​ដំណើរឆ្ពោះទៅរកការសម្រេចបាននូវគោលដៅថ្មី«ឆ្ពោះទៅរកកម្ពុជាមួយ គ្មានផល​ប៉ះពាល់​ដោយ​សារ​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»។សម្តេចធិបតីក៏បានក្រើនរំលឹក និងអំពាវនាវយ៉ាងទទួចដល់បងប្អូន កូនក្មួយ ពេលឃើញគ្រាប់មីន គ្រាប់​បែក​ចង្កោម ឬសំណល់ជាតិផ្ទុះពីសង្រ្គាម សូមកុំប៉ះពាល់ ដុត ដុំ ឬក៏គប់លេង កុំលក់ កុំរក្សា​ទុក កែច្នៃរបស់ទាំងនោះឲ្យសោះ ដោយគប្បីត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត ដើម្បីបង្ការ​គ្រោះ​ថ្នាក់​ធ្លាក់​ខ្លួន​ពិការ​ ឬអាចបាត់បង់ជីវិតនោះ៕ អត្ថបទ៖ បាន ចក់

រដ្ឋមន្រ្តីក្រសួងបរិស្ថានចុះពិនិត្យការរៀបចំសកម្មភាពលំហែបៃតង ផ្តល់ផលប្រយោជន៍ដល់សហគមន៍នៅតំបន់ភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ

2025/02/24 09:58:54 am        224
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបង្កើនសកម្មភាពលំហែបៃតងឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើដំណើរទស្សនកិច្ច ដោយថ្មើរជើងចំងាយឡើងភ្នំ និងធ្វើដំណើរលើភ្នំ ប្រមាណ១០ គីឡូម៉ែត្រ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់ភ្នំខ្នងក្រពើ បន្តទៅភ្នំខ្នងស្រូវ និងបន្តមកតំបន់ភ្នំខ្នងផ្សារ ដែលរដូវនេះ បានរំលេចចេញឱ្យឃើញទេសភាពដូចក្រាលព្រំពណ៌មាសលើភ្នំ គួរជាទីមនោរម្យ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានកំពុងពិនិត្យលើការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីតភ្ជាប់កន្លែងនីមួយៗ ដែលមានសម្បតិ្តធម្មជាតិឬបេតិកភណ្ឌ ដែលមានសកម្មភាពលំហែបៃតង ដើម្បីផ្តល់ផលប្រយោជន៍ជាចំណូលដល់សហគមន៍។សូមបញ្ជាក់ថា នៅថ្ងៃដដែល ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូក្រសួងបរិស្ថាន បានអញ្ជើចុះពិនិត្យទីតាំងសម្រាប់សាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់មួយទៀត ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា ដែលមានសមត្ថភាពផលិតកូនឈើបានជាច្រើនលានដើម ក្នុងមួយឆ្នាំ។ តាមរយៈការរួមចំណែក ដាំពីប្រជាជនគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេស កម្ពុជានឹងសម្រេចគោលដៅ ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើឱ្យបានច្រើន នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានសង្ឃឹមថា នឹងមានដើមឈើចំនួនប្រមាណ ៣លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំស្តារព្រៃ និងដាំតាមទីសាធារណៈនានា នៅក្នុងឆ្នាំ២០២៥ ហើយពិសេសដែរនោះ គឺក្រសួងក៏គ្រោងដាំដើមត្នោតចំនួន ១លានដើមផងដែរ។ ក្នុងពេលជាមួយគ្នានេះ ក្រសួងបរិស្ថានបន្តបណ្ដុះកូនឈើនៅតាមមន្ទីរបរិស្ថាននានា ទូទាំងប្រទេស និង រៀបចំថ្នាលបណ្ដុះកូនឈើ ខ្នាតតំបន់៥កន្លែង ជាបន្តបន្ទាប់ ដើម្បីបង្កើនការបណ្ដុះកូនឈើ ចែកជូនប្រជាពលរដ្ឋ យកទៅដាំស្តារព្រៃ ដាំតាមទីសាធារណៈ សំដៅលើកកម្ពស់ជីវភាពសហគមន៍ និងឈានឆ្ពោះទៅកាន់ការអភិវឌ្ឍ ប្រកបដោយចីរភាព៕

សម្តេច ម៉ែន សំអន អញ្ជើញប្រកាសលោកជំទាវ ហេង សំអាន ជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ

2025/02/23 06:04:29 pm        219
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ព្រមទាំងបូកសរុបលទ្ធផលការងារសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ ដែលមានសមាសភាពចូលរួម ប្រមាណ ៤៥០នាក់ នារសៀល ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រី តាមរយៈការពង្រឹងសមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំតាមក្រសួង ស្ថាប័នរបស់ជាតិ រួមមាន ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល និងបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍធនធានស្ត្រី ក្នុងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច និងវិស័យសង្គមកិច្ចជាដើម សំដៅធានានឹងឆ្លើយតបទៅនឹងសាកលភាវូបនីយកម្ម ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។ ជាមួយគ្នានេះ នៅរដ្ឋបាលថ្នាក់ក្រោមជាតិក៏មានចំនួនស្ត្រីកាន់តែច្រើន មានឱកាសកាន់តំណែង ជាអភិបាលខេត្ត អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាពរបស់រដ្ឋ។ តាមរយៈ សកម្មភាព របស់ស្ត្រីបានចូលរួមប្រកួតប្រជែងប្រកបដោយនវានុវត្តន៍ក្នុងទីផ្សារការងារសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបរិបទបច្ចេកវិជ្ជាទំនើប ប្រែក្លាយខ្លួនជាសហគ្រិនភាព ឫបុគ្គលិកឆ្នើមក្នុងស្ថាប័នឯកជន ដើម្បីចូលរួមរក្សាកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ពិធីនាថ្ងៃនេះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមនាថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានរំលឹកដល់សាវតារបស់សមាគម ដោយបានរំលេចនូវប្រវត្តិនៃការកកើតសមាគម រួមទាំងដំណើរវិវត្តរបស់សមាគមតាំងពីដំណាក់កាលចូលរួមពលី រំដោះជាតិ មាតុភូមិ និងការចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ជាបន្តបន្ទាប់ក្នុងសម័យសន្តិភាព។ ស្របពេលជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងនូវគំរូវីរភាព របស់ថ្នាក់ដឹកនាំដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមអបអរសាទរចំពោះ លោកជំទាវ ហេង សំអាន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងបានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្ត ដែលបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំ ប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវទៅថ្នាក់ដឹកនាំ នៃគណៈកម្មការសមាគមនារីសាខា អនុសាខា ទូទាំងអង្គភាពកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិរបស់យើងទាំងអស់គ្នា»៕

សកម្មជនផ្ដាច់ខ្លួនក្នុងគណបក្សប្រឆាំងប្រកាសប្រមូលសមាជិក​​​​​បន្ថែមដើម្បីមកគាំទ្រជាមួយនឹងគណបក្សប្រជាជនកម្ពុជា

2025/02/23 04:39:16 pm        105
ស្វាយរៀង ÷ តំណាងសកម្មជនផ្ដាច់ខ្លួននៅក្នុងគណបក្សប្រឆាំងក្នុងភូមិសាស្រ្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀងចំនួន៥២នាក់ ក្នុងពេលមកចូលរួមប្រកាសទទួលស្គាល់ឲ្យរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ក្រោមវត្តមានឯកឧត្តមឌី វិទ្យាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងស្វាយរៀងថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៥ បានធ្វើការប្ដេជ្ញាចិត្តបន្តខិតខំប្រមូលផ្ដុំសមាជិក សមាជិកា និងសកម្មជននៃគណបក្សប្រឆាំងក្នុងក្រុង ដើម្បីមករួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមទៅចូលរួមបោះឆ្នោត ផ្ដល់ឱកាសជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្តដឹកនាំ ប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍន៏ ខណៈដែលគណបក្សប្រឆាំងបានតែថា មិនដែលឃើញធ្វើអ្វីសម្រាប់ប្រទេសជាតិ។  ថ្លែងមានប្រសាសន៍សំណេះសំណាលនាឱកាសនោះក្នុងនាមគណៈកម្មាធិការគណបក្សក្រុង និង គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តមឌី វិទ្យា បានសម្ដែងអបអរសាទរចំពោះលោក លោកស្រី សកម្មជនគណបក្សប្រឆាំងដែលបានផ្ដាច់ខ្លួនមករួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅពេលនេះគឺជាឱកាសមួយដ៏ល្អសម្រាប់បងប្អូនដែលបានជ្រើសរើស ពីព្រោះគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សធ្វើអ្វីៗសម្រាប់ប្រទេសជាតិនិងពលរដ្ឋ ជាក់ស្ដែងថ្ងៃនេះបងប្អូនបានផ្ដាច់ខ្លួនពីគណបក្សដើមមករួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា គឺគណបក្សប្រជាជនកម្ពុជាទទួលនៅគ្រប់កាលៈទេសៈដោយមិនរើសអើងនិងប្រកាន់និន្នាការគណបក្ស ពោលគឺគណបក្សប្រជាជនកម្ពុជាធ្វើការប្រមូលផ្ដុំកម្លាំងដើម្បីកសាងនិងការពារប្រទេសឱ្យមានភាពសំបូរសប្បាយពីពេលនេះនឹងទៅអនាគត។

ក្រុមការងារចុះមូលដ្ឋានជំរុញអាជ្ញាធរផ្សព្វផ្សាយ និងយកចិត្តទុកដាក់លើបញ្ហាអគ្គិភ័យ

2025/02/23 02:01:35 pm        66
ឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកណ្ដឹង ស្រុកបាទី បានជំរុញទៅកាន់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយបន្ថែមទៅប្រជាដល់ពលរដ្ឋ ឲ្យយកចិត្តទុកដាក់កាន់ តែខ្ពស់ ពីបញ្ហាអគ្គិភ័យនៅរដូវប្រាំង ខណៈដែលបញ្ហានេះ បានកើតឡើងជាហូរហែរ បង្កនូវសោកនាដកម្ម និងគួរឲ្យសោកស្ដាយជាច្រើនករណី។ក្នុងឱកាសអញ្ជើញប្រកាសមន្ត្រីបង្គោល នៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំកណ្ដឹង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ឯកឧត្តម ឈិត បូរ៉ាវុធ មានប្រសាសន៍ថា ការរីកចម្រើនសេដ្ឋកិច្ច សុខមាលភាព និងសុខសុវត្ថិភាពជាដើម របស់ប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់ ដែលរាជរដ្ឋាភិបាល បានគិតគូរជាប់ជាប្រចាំ និងស្ដែងចេញតាមរយៈការខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព កម្មវិធីគាំពារសង្គម និងកម្មវិធីនយោបាយជាច្រើនទៀត ។ឯកឧត្តម បានបន្តថា ដូចនេះហើយ ដើម្បីឆ្លើយតបទៅនឹងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនេះ ក្នុងនាមអាជ្ញាធរមូលដ្ឋាន ក៏ត្រូវពង្រឹងកិច្ចការងារ និងតួនាទីភារកិច្ចរបស់ខ្លួន ខិតខំបម្រើប្រជាពលរដ្ឋ ត្រូវតាំងខ្លួនជាអ្នកបម្រើរាស្ត្រ មិនមែនជាអ្នកត្រួតរាស្ត្រ ជាពិសេសពង្រឹងការផ្ដល់សេវារដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន ។ជាមួយនេះឯកឧត្តមប្រធានក្រុមការងារ បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋាន រាប់ចាប់ពីប្រជាការពារភូមិ មន្ត្រីភូមិ មេឃុំ និងមេប៉ុស្តិ៍ជាដើម ត្រូវយកចិត្តទុកដាក់លើកិច្ចការភូមិ-ឃុំ មានសុវត្ថិភាព បន្តផ្សព្វផ្សាយពីបញ្ហាអគ្គិភ័យ បញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ចោរកម្ម និងទប់ស្កាត់បញ្ហាក្មេងទំនើងជាដើម ។ឆ្លើយតបទៅនឹងការជំរុញនេះមេឃុំកណ្ដឹង និងមន្ត្រីបង្គោល នៃក្រុមការងាររាជរដ្ឋាភិបាល បានបង្ហាញការប្ដេជ្ញាចិត្ត ខិតខំពង្រឹងកិច្ចសហការគ្នា ក្នុងការផ្ដល់នូវភាពកក់ក្ដៅជូនប្រជាពលរដ្ឋ និងប្រឹងប្រែងអនុវត្តន៍តាមខ្លឹមសារនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ជាមួយគ្នានោះ លោក ភួន ឈីម អភិបាលស្រុកបាទី ក៏បានជំរុញបន្ថែម ទៅដល់អាជ្ញាធរភូមិ-ឃុំ ត្រូវខិតខំក្ដាប់ឲ្យបានពីក្តីបារម្ភ សំណូមរ និងកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីធ្វើការដោះស្រាយ ឲ្យអស់ពីលទ្ធភាព និងធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់ ជូនថ្នាក់ដឹកនាំ៕

ឯកឧត្តម ឌី វិជ្ជា ណែនាំសមាជិកបក្សថ្មីខេត្តស្វាយរៀងបន្តផ្សព្វផ្សាយគោលនយោបាយបក្ស និងរួមគ្នាថែរក្សាសន្តិភាព

2025/02/23 01:49:32 pm        299
ស្វាយរៀង៖ ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង បានណែនាំដល់សមាជិកបក្សថ្មីវ័យក្មេង ត្រូវមាន​ជំនឿ​លើការដឹកនាំរបស់គណបក្ស រួបរួមសាមគ្គី និងបន្តថែរក្សាការពារ (សន្តិភាព) និងសមិទ្ធផលនានា​ដែលបានស្ថាបនាតម្កល់ទុកនៅតាមភូមិ/ឃុំ/សង្កាត់ ដោយគណបក្ស និងសប្បុរសជន។ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ណែនាំដល់សមាជិកគណបក្សថ្មីបែបនេះ ក្នុងឱកាសញ្ជើញ​សំណេះ​សំណាល​ជាមួយសមាជិក​ សមាជិកាគណបក្សប្រជាជនកម្ពុជាបញ្ជូលថ្មីចំនួនជាង ៣០០ នាក់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ​នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកលោកស្រី មន្ត្រីក្រុមការងារថ្នាក់កណ្តាល​ចុះជួយក្រុង សង្កាត់ និងលោក លោកស្រីនៅក្នុងគណៈកម្មការគណបក្សក្រុង និងគណៈកម្មាធិការ​គណបក្សសង្កាត់ទាំង៧របស់ក្រុងផងដែរ។ក្នុងនាមគណៈកម្មាធិការកណ្ដាលឯកឧត្តម ឌី វិជ្ជា បានអបអរសាទរចំពោះប្អូនៗយុវជនទាំងអស់​ដែលបានជ្រើសរើស និងចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ គឺជាជម្រើស​មួយដ៏ល្អពីព្រោះគណបក្សប្រជាជនកម្ពុជាតែងតែរួមសុខរួមទុក្ខជាមួយពលរដ្ឋនៅគ្រប់កាលៈទេសៈ ពិសេសធ្វើការអភិវឌ្ឍ​ជាតិលើគ្រប់វិស័យ។ ដោយឡែកសម្រាប់ខេត្តស្វាយរៀង​ក្រោមការដឹកនាំរបស់​គណបក្សមាន​សម្ដេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ជាប្រធានបក្ស ​និងជាអតីតនាយករដ្ឋមន្រ្ដី និងបន្តដឹកនាំដោយសម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន បានខិតខំពុះពារដឹកនាំអ្នកវិនិយោគចូលមកបង្កើត​រោងចក្រនៅតាមតំបន់នានាទូទាំងខេត្តបង្កឲ្យពលរដ្ឋរកចំណូលតាមរយៈរោងចក្រសហគ្រាសបន្ថែមលើរបបកសិកម្មដើម្បីលើកកម្ពស់ជីវភាពបានយ៉ាងល្អប្រសើរ។ឯកឧត្តម បានបញ្ជាក់ថា ​គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលធ្វើឲ្យប្រទេសជាតិមាន​សន្តិភាព និងមានការអភិវឌ្ឍ​លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា​ ដូច្នេះលោកលោកស្រី ​ដែលប្រកាសបញ្ចូលជាសមាជិកថ្មីនៅថ្ងៃនេះ ត្រូវ​បន្តសិក្សា ជីវប្រវត្តិបក្សឲ្យបានស៊ីជម្រៅ សំដៅបង្កើតសមត្ថភាពភាព និងចូលរួមបន្តដឹកនាំ​រក្សាការពារគណបក្ស ពិសេសបន្តអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត។កញ្ញា ហោ សុផារ៉ា ក្នុងពេលមកចូលរួមប្រកាសបញ្ជូលជាសមាជិកគណបក្សថ្មីនេះ បានបង្ហាញក្ដី​សប្បាយ​រីករាយ ​ចំពោះគណៈកម្មាធិការបក្សក្រុងដែលបានឱ្យរូបនាងបានចូលរួមជីវភាព​ជាមួយនឹង​គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។ កញ្ញា បានប្តេជ្ញាចិត្តបន្តថែរក្សាគណបក្សកេរ្ដិ៍ដំណែល​របស់​គណបក្ស និងរបស់ថ្នាក់ដឹកនាំ ​តាមរយៈបោះឆ្នោត និងផ្តល់ឱកាសជូនគណបក្សប្រជាជន​កម្ពុជា​ឱ្យបន្តដឹកនាំ​ប្រទេសនៅគ្រប់ៗ​អាណត្តិ ពីព្រោះគណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុក​ដាក់ធ្វើការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ។

ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំក្រវាញ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំចាស់ និងលើកទិសដៅឆ្នាំថ្មី

2025/02/23 12:22:58 pm        239
នៅថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញនេះ ឯកឧត្តម យឹម វិសិដ្ឋ ប្រធាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំក្រវាញ និងឯកឧត្តម ខូយ រីដា សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់យុវជនគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំក្រវាញ និងប្រកាសតែងតាំងលោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានក្រុមយុវជនស្រុក ។ក្នុងឱកាសនោះឯកឧត្តម យឹមវិសិដ្ឋ និងឯកឧត្តម ខូយ រីដា បានលើកឡើងថា ក្នុងរយៈពេលជាង ២៦ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាព ពេញលេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ប្រធានគណបក្សកម្ពុជា​ធានាបាននូវអធិបតេយ្យជាតិ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និង ស្ថិរភាពនយោបាយ ព្រមទាំងរក្សាបានយ៉ាងគត់មត់នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ។ ស្នាដៃដ៏ធំធេងនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យ មិនអាចកាត់ថ្លៃបាន ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំតស៊ូសម្រេចបានដោយលំបាកបំផុតជូនជាតិ និងប្រជាជនកម្ពុជា និង ជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិ ប្រកបដោយនិរន្តរភាព។ ឯកឧត្តម បានបន្តថា «មិនថាក្នុងកាលៈទេសៈ និងស្ថានភាពបែបណានោះទេសូមឱ្យថ្នាក់ដឹកនាំ និង សមាជិក-សមាជិការយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកភ្នំក្រវាញ ប្តេជ្ញាថែរក្សាឱ្យខាង​តែបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ ជាការពិតមូលដ្ឋានគ្រឹះដ៏រឹងមាំដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ និង ឈ្លាសវៃ របស់សម្តេចតេជោ ប្រធានគណបក្ស គឺជាកម្លាំងស្នូល មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យឆ្ពោះទៅមុខឥតឈប់ឈរ តាមរយៈការជំរុញការអភិវឌ្ឍវិស័យ ឯកជន និងការលើកកម្ពស់បរិយាកាសធុរកិច្ច និង ការវិនិយោគ ដែលជាប្រភពដ៏សំខាន់ ក្នុងការ​បង្កើតការងារ ក្នុងគ្រប់វិស័យ ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងជាកម្លាំង ចលករនៃសេដ្ឋកិច្ចជាតិ។ ឯកឧត្តម បានបន្ថែមថា លើមូលដ្ឋាននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និង ឈ្លាសវៃ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជា​អនុប្រធានគណបក្ស ដោយឈរលើអភិក្រម «រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុង​បន្តបោះជំហានយ៉ាងស្វាហាប់ ប្រកបដោយ ឆន្ទៈយ៉ាងមោះមុត ក្នុងការបន្តអភិវឌ្ឍប្រទេស ដោយ​ខិតខំចាប់យកនូវកាលានុវត្តភាព ទាំងឡាយដែលផុសឡើង ក្នុងបរិការណ៍នៃការផ្លាស់ប្តូរ​យ៉ាងរហ័ស​នៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់ និងសកល ព្រមទាំងបានដាក់ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ​ការងារ សមធម៌ ប្រសិទ្ធភាព និង​ ចីរភាព ដោយកំណត់យកនូវ អាទិភាពគន្លឹះ ចំនួន ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា បច្ចេកវិទ្យាឌីជីថល ៕

ឱសថការី និងគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមពង្រឹងគុណភាពសេវា សុវត្ថិភាព និងប្រសិទ្ធភាពដល់អ្នកជំងឺ

2025/02/23 11:50:56 am        212
ឯកឧត្តមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី៣ បានលើកឡើងថា ការងារគ្រប់គ្រង់ឱសថការីខេត្តកំពត-កែប សម្រេចបានលទ្ធផលល្អប្រសើរគួរឲ្យកត់សំគាល់។ ប៉ុន្តែយ៉ាងណាក៏ដោយឯកឧត្តម បានលើកទឹកចិត្តដល់ឱសថការី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមយកចិត្តទុកដាក់ កែលម្អចំណុចខ្វះខាតដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល សុវត្ថិភាព និងប្រសិទ្ធភាពដល់អ្នកជំងឺ។ ថ្លែងក្នុងពិធីសំណេះសំណាល ផ្សព្វផ្សាយក្រមសីលធម៌ឱសថកាវី និងរបាយការណ៍សន្និបាត របស់ក្រុមប្រឹក្សាគណៈឱសថការីជាតិ អាណត្តិទី២ ដែលបានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពត នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួង សុខាភិបាល និងប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិអាណត្តិទី៣ បានលើកឡើងថាថា ក្រោមការដឹកនាំ និងមានចក្ខុវិស័យច្បាស់លាស់ របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតែយកចិត្តទុកដាក់​បាននិងកំពុងពង្រឹងគុណភាព​សេវាសុខាភិបាល​ទាំងផ្នែករដ្ឋ និងឯកជន។ ដើម្បីរួមចំណែកលើកការងារនេះ ឯកឧត្តមណែនាំឲ្យ ថ្នាក់ដឹកនាំ អាជ្ញាធរ ជំនាញពាក់ព័ន្ធពិសេសគណៈឱសថការីខេត្តកំពត-កែប ត្រូវបន្តខិតខំរួមគ្នា អនុវត្តនូវការកិច្ចរបស់ខ្លួន ដោយអនុលោមតាមនិយ័តកម្មសុខាភិបាលមានជាអាថ៌ ការធ្វើទំនើបកម្មឌីជីថល ការចុះអភិបាលកិច្ចលើយន្តការអនុវត្តន៍ ការផ្តល់អាជ្ញាបណ្ណ ក្នុងគោលដៅធ្វើអោយប្រសើឡើងនូវ គុណភាពនៃការផ្តល់សេវា តាំងពីការធ្វើអនាម័យ ការរៀបចំទុកដាក់ ក្រុមសីលធម៌ ការគោរពនូវ​ដែនកំណត់វិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈលើ​វិស័យសុខាភិបាល និងការណែនាំនិយាមថ្នាក់ជាតិផ្សេងៗឲ្យបានផុសផុល។តាមរបាយការណ៍របស់លោក លឹម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពតនៃរដ្ឋបាល​ខេត្តកំពត បានបញ្ជាក់ថា ការងារគ្រប់គ្រងឱសថការីខេត្តកំពត-កែបមានភាពល្អប្រសើរ ប៉ុន្តែក៏​នៅជួបបញ្ហាខ្វះខាតមួយចំនួនផងដែរដូចជាការរៀបចំបណ្តុះបណ្តាលបន្ត ការលក់ឱសថគ្មាន​បញ្ជីការ​មួយចំនួន ការទុកដាក់ឱសថមិនទាន់បានត្រឹមត្រូវ ​ការយល់ដឹងអំពីសារសំខាន់​អាជ្ញា​បណ្ណឱសថកាវី អនាម័យនៅកន្លែងផ្តល់សេវាជាដើម។ លោ កបានបន្តថា ដើម្បីបំពេញបាននូវចំណុចខ្លះខាតទាំងនេះ​ ទាមទាឱ្យមានការប្តេជ្ញាចិត្ត និង​ចូលរួមឱ្យបានកាន់តែសកម្មបន្ថែមទៀត ​ពីគ្រប់ភាគីពាក់ពន្ធ័ ដើម្បីពង្រឹងគុណភាពសេវា សុវត្ថិភាព និងប្រសិទ្ធភាពកាន់តែប្រសើរ ជូនដល់ដល់អ្នកជំងឺ៕

មនុស្សច្រើនកុះករចូលរួមគាំទ្រការដង្ហែរតុក្កតាយក្សនៅសៀមរាប

2025/02/23 11:23:34 am        309
មនុស្សច្រើនកុះករ រួមទាំងជនបរទេសផង បានចូលរួមគាំទ្រការដង្ហែរតុក្កតាយក្សនៅសៀមរាប នាល្ងាចថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៥នេះ។ក្បួនដង្ហែនេះ បានចាប់ផ្ដើមចេញពីរង្វង់មូលវត្ដដំណាក់ ឆ្ពោះទៅកាន់ទីលានសួនច្បារក្បែព្រះអង្គចេក ព្រះអង្គចម ដោយកាត់តាមដងស្ទឹងសៀមរាប និងស្ពានព្រះរាជដំណាក់។អ្នកចូលរួមដង្ហែបានសម្ដែងក្ដីរីករាយ និងស្រែហ៊ោយ៉ាងកងរំពង អមដោយមានការច្រៀងចំរៀង​តាមបទផ្សេងៗផងដែរ ។ក្រុមអ្នកចូលរួមពួកគាត់ លើកឡើងថា ព្រឹត្ដិការណ៍មួយឆ្នាំមានម្ដងនេះ បានបង្ហាញពីវប្បធម៌សិល្បៈនៃការ​ច្នៃប្រឌិត​របស់កុមារកម្ពុជា ​ព្រមទាំងបង្ហាញពីអត្ថន័យ​នៃរូបភាពនីមួយៗ ឱ្យទាក់ទាញអ្នកទេសចរជាតិអន្ដរជាតិទៅទស្សនាយ៉ាងច្រើនកុះករ។ពួកគាត់បន្ដថា ក្រុមការងាររៀបចំនេះ ពិតជាមានការ​ប៉ិនប្រសប់ ក្នុងការបង្កើតគំនិតជារូបភាព​តុក្កតាយក្សមកបង្ហាញអ្នកទេសចរឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក្រុមកុមារ យុវជន បាន​ចូលរួមសាមគ្គីភាពគ្នាដង្ហែតុក្កតានេះ​ដោយមានភាពស្រស់ស្អាត ជាពិសេសរូបភាព​តុក្កតានីមួយៗ​មានភាពរស់រវើក អមដោយមានការដាក់ជាភ្លើងពណ៌យ៉ាងស្រស់ស្អាត។អ្នកទេសចរជាតិអន្ដរជាតិជាច្រើនពាន់នាក់ ​នៅអមសងខាងផ្លូវ ​ចាំ​អបអរនៃការដង្ហែតុក្កតាយក្ស​នេះបានសម្ដែងការសប្បាយរីករាយគ្រប់គ្នា។​ភាពរីករាយគ្រប់ៗគ្នានេះ បង្ហាញពីសុខសន្ដិភាព សុវត្ថិភាពរបស់កម្ពុជា។លោក អ៊ុន សាវ៉ាន់ តំណាងគម្រោងតុកតាយក្ស ​បានឱ្យដឹងថា ការដង្ហែរក្បួនតុក្កតាយក្ស​នៅ​ឆ្នាំ២០២៥នេះ ​មាន​ចំនួន៩តុក្កតា ​ដែលជាការរចនាឡើង ​តាម​រឿងទេវកថា ដើម្បីបង្ហាញ​ដល់​អ្នក​ទេសចរជាតិអន្ដរជាតិឱ្យបានឃើញពីស្នាដៃរបស់កុមារ ​ជាពិសេសចង់ឱ្យការទាក់ទាញអ្នកទេសចរ។រូបភាពតុក្កតាយក្ស ​បានរៀបចំជាតុក្កតាតួអង្គទេវកថា របស់ខ្មែរចំនួន៩តួអង្គ ដែលមានរឿងរាវនៅ​តាមប្រាសាទបុរាណ​ ដូចជារូបព្រះគិណេស ចម្លាក់សត្វតោនៅប្រាសាទសំបូរព្រៃគុក រូបទេព​សុវណ្ណមច្ឆា សត្វកែណរី រូបគ្រុឌ ជាដើម ដែលទំហំៗ រហូតដល់កំពស់ប្រវែង៥ម៉ែត្រឡើងទៅ។ការតម្លើងតុក្កតាដោយកុមារនេះ គឺចង់ឱ្យពួកគាត់កុមារចេះធ្វើការងារជាក្រុម និងអប់រំតាមរយៈសិល្បៈ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM
រញ្ជួយដីកម្រិត ៦,៦ រ៉ិចទ័រ កើត​មាន​នៅ​ភាគខាងត្បូងហ្វីលីពីន តែ​មិនរំពឹង​​មាន​ការខូចខាតនោះ​ទេ
06/15/2026 07:06 PM
លោក Zelenskiy ៖ រុស្ស៊ីពុំអើពើរនឹងការផ្តល់ជូនកិច្ចប្រជុំនៅជំនួបកំពូលរបស់មេដឹកនាំក្រុមប្រទេស G7
06/15/2026 07:06 PM
ប្រមុខសម្ព័ន្ធអារ៉ាប់ស្វាគមន៍កិច្ចព្រមព្រៀង​ រវាងអាមេរិក និងអ៊ីរ៉ង់ និងជំរុញឲ្យ​គោរពអធិបតេយ្យភាពរដ្ឋ​អារ៉ាប់
06/15/2026 07:06 PM
នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសបំរាមបណ្តាញព័ត៌មានសង្គមសម្រាប់ក្មេងក្រោមអាយុ ១៦ឆ្នាំ
06/15/2026 07:06 PM
អ្នកការទូត៖ អាមេរិក និងអ៊ីរ៉ង់ នឹងមាន​កិច្ច​ប្រជុំត្រៀម នៅទីក្រុងដូហា មុនចុះហត្ថលេខា លើកិច្ចព្រមព្រៀង
06/15/2026 07:06 PM
នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni ជួបនាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងរ៉ូម
06/15/2026 07:06 PM
ប្រមុខមន្ទីរបញ្ចកោណបដិសេធថា សហរដ្ឋអាមេរិកមិនកំពុងប្រឈមនឹងកង្វះខាតស្តុកអាវុធ
06/15/2026 07:06 PM