យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ខេត្តកណ្តាលបានរៀបចំពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ: លើកទី៩ ឆ្នាំ២០២៦
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD

ព័ត៌មានជាតិ

ឯកឧត្តម ចាយ បូរិន សួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនឯកឧត្តម ហង់ ថុល

2025/02/23 10:54:21 am        337
ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ចុះសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម ហង់ ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល, នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម ហង់ ថុល និងក្រុមគ្រួសារ ។ឯកឧត្តម ហង់ ថុល និងក្រុមគ្រួសារពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្តម ចាយ បូរិន ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខខ្ញុំបាទនិងក្រុមគ្រួសារដល់លំនៅដ្ឋាន និងមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំតាមប្រពៃណីដ៏ល្អផូរផង់បន្តពីសម្តេចតេជោ ហ៊ុន សែន គឺការយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យទំាងអស់ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។ ឯកឧត្តម ក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ ហ្មត់ចត់ និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍបង្កើតសមិទ្ធផលថ្មីៗបន្តទៀត ក្នុងការនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ឯកឧត្តម ក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមធ្លាប់បានឆ្លងកាត់កន្លងមកដូចជាបំរើការងារជាជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន អនុប្រធាននាយកដ្ឋានហ្វ្រង់កូហ្វូនី នៃក្រសួងការបរទេស ទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា។ អនុប្រធានគណៈទាក់ទងការបរទេស នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ទីប្រឹក្សា និងជានាយករងខុទ្ទកាល័យ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បច្ចុប្បន្នសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទីប្រឹក្សាគណៈទាក់ទងការបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ប្រធានប្រតិភូ បានប្រគល់ជូនវត្ថុអនុស្សារីយ៍ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម ហង់ ថុល និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយបីបាច់ថែរក្សា ឯកឧត្តម និងក្រុមគ្រួសារមានសុខភាពល្អ កម្លាំងមាំមួន មានជន្មាយុយឺនយូរ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕ អត្ថបទ៖រដ្ឋា 

កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ ដើម្បីពង្រឹងទំនាក់ទំនងការទូត វប្បធម៌ និងចំណងមិត្តភាព

2025/02/23 10:04:38 am        277
កម្ពុជា និងចិន កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសហការរួមគ្នារៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំពិពណ៌រូបភាព និងការភ្លក្សម្ហូបអាហាររបស់ទីក្រុងប៉េកាំងក្រោមប្រធានបទ”សួស្ដីប៉េកាំង“ ដែលពិធីនេះ ធ្វើងឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លើកឡើងថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រោមកិច្ចទំនាក់ទំនងល្អរវាងប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពក៏តែល្អប្រសើរឡើងជាបន្តបន្ទាប់ ខណៈដែលការដឹកនាំប្រតិភូការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន មកកាន់កម្ពុជានាពេលនេះ ក៏ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ប្រទេសទាំង២ លើការបង្កើនទំនាក់ទំនង និងពង្រឹងបន្ថែមលើការងារនយោបាយថែមទៀតផង។លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា-ចិន បានមានទំនាក់ទំនងការទូតជាមួយគ្នាមានរយៈពេលជាច្រើនសតវត្សមកហើយ ហើយទំនាក់ទំនងនេះកាន់តែស្អិតរមួតទ្វេរឡើង ជាពិសេសនៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ ក្នុងរយៈពេលជាបីទសវត្សកន្លងមកនេះ មិត្តចិនរួមចំណែកយ៉ាងធំធេងនៅក្នុងដំណើរការអភិវឌ្ឍន៍កម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីសម្បទាន ដើម្បីគាំទ្រដល់វិស័យអាទិភាពសំខាន់ៗជាច្រើនទៅតាមតម្រូវការរបស់កម្ពុជា ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ដូចជាផ្លូវ ស្ពាន ថ្នល់ បណ្តាញអគ្គិសនីជាដើម។លោកជំទាវ មានប្រសាសន៍ទៀតថា ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏មានគម្រោងធំៗមួយចំនួនដូចជា ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត ផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយប៉ែត ក៏នឹងអាចលេចចេញជារូបរាងនៅក្នុងពេលខាងមុខនេះដែរ ដែលគម្រោងទាំងនេះនឹងជួយលើកកម្ពស់ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចជាតិបានកាន់តែប្រសើរថែមទៀត។ឯកឧត្តម យិន លី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន បានបង្ហាញនូវក្ដីរីករាយចំពោះការបានមកដល់ប្រទេសកម្ពុជា ជាពិសេសទឹកដីនៃខេត្តសៀមរាប ដែលជាតំបន់បុរាណរបស់កម្ពុជា ដែលមានសម្បត្តិវប្បធម៌ជាច្រើនសម្រាប់ទាក់ទាញដល់វត្តមានភ្ញៀវទេសចរមកពីគ្រប់ទិសទីឱ្យមកទស្សនា ហើយក៏ជាប្រភពសេដ្ឋកិច្ចជាតិមិនចេះរីងស្ងួតរបស់កម្ពុជាផងដែរ។ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រតិភូនាពេលនេះដែរ ឯកឧត្តមជឿជាក់ថា វានឹងជាចំណែកមួយ ក្នុងការរឹតចំណងមិត្តភាពប្រទេសទាំង២ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ទាំងវិស័យការទូត និងវិស័យនយោបាយ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនេះដែរ នឹងជួយឱ្យសេដ្ឋកិច្ចប្រទេសទាំង២ កាន់តែល្អប្រសើរ ពិសេសខេត្តសៀមរាប ដែលជាខេត្តពឹងផ្អែកធំលើវិស័យទេសចរណ៍ ដែលការណ៍នេះ ប្រទេសចិននឹងជំរុញបន្ថែមទៀត នូវជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ជាមួយនឹងការជំរុញភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជាបន្ថែមទៀតផងដែរ៕

រដ្ឋមន្រ្ដីកសិកម្ម បន្តចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ នៅខេត្តកំពង់ធំ

2025/02/23 07:59:17 am        280
កំពង់ធំ៖ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ នៅភូមិរលស់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ក្នុងដំណេីរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចុះត្រួតពិនិត្យមេីលការប្រមូលផលស្រូវសែនក្រអូប០១ និងទទួលស្តាប់នូវស្ថានភាពជាក់ស្តែងរបស់សហគមន៍។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្នុងការសហការជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យលើទីតាំងដីដើម្បីត្រៀមដាំនូវពូជស្រូវចំប៉ីស៧០។ស្របពេលជាមួយគ្នានេះ លោក ឆេង បូរ៉ា ប្រធានសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ បានបង្ហាញក្តីសប្បាយរីករាយ និងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ ដោយផ្ទាល់។ លោកបន្តថា ក្រោយពីប្រជាកសិករសហការគ្នាចងក្រងសហគមន៍កសិកម្មទំនើបធ្វើឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយចំណាយមិនចាំបាច់ មានមន្ត្រីកសិកម្មជួយណែនាំ និងផ្តល់បច្ចេកទេសក្នុងការដាំដុះ ហើយទទួលបានទិន្នផលច្រើន ជាជាងធ្វើការដាំដុះដាច់ដោយឡែក ជាពិសេសមានទីផ្សារពិតប្រាកដ និងលក់បានចំណេញជាងពីមុន។តំណាងសហគមន៍រូបនោះបានឱ្យដឹងទៀតថា នៅក្នុងសហគមន៍របស់គាត់មានប្រព័ន្ធទឹកស្រោចស្រពគ្រប់គ្រាន់ អំណោយផលដល់ការដាំដុះទាំងរដូវប្រាំង និងរដូវវស្សា។ នៅឆ្នាំក្រោយៗទៀត សហគមន៍នឹងបន្តកៀរគរប្រជាកសិករបន្ថែមទៀតឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីពង្រឹង និងពង្រីកការដាំដុះដំណាំស្រូវសែនក្រអូប០១ និងពូជស្រូវក្នុងស្រុកផ្សេងៗទៀត។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ណែនាំដល់សហគមន៍កសិកម្មទំនើប បន្តធ្វើការសហការដោយកសាងទំនុកចិត្តជាមួយគ្នា និងគិតគូរពីផលប្រយោជន៍រួម ដើម្បីថែរក្សាសហគមន៍ឱ្យបានយូរអង្វែង សំដៅជួយលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងរីកចម្រើនបន្ថែមទៀត៕

បងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ-អន្តរជាតិច្រើនកុះករបន្តដើរលេងកម្សាន្តតាមដងផ្លូវថ្មើរជើង (Walk Street) សប្តាហ៍ទី៤ នារាត្រីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

2025/02/22 10:32:26 pm        396
ភ្នំពេញ៖ ផ្លូវថ្មើរជើង Walk Street ក្នុងសប្តាហ៍ទី៤ នារាត្រីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមឱ្យមានរបាំបុរាណ ការតាំងវត្ថុអនុស្សាវរីយ៍ចាបុីដងវែង ក្រុមគូរគំនូរ និងតាំងបង្ហាញ នៅមុខព្រះបុរមរាជាវាំងថែមទៀត។លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ផ្លូវថ្មើរជើង Walk Street នាសប្តាហ៍ទី៤ ក្នុងរាត្រីថ្ងៃសៅរ៍នេះ អនុវត្តទៅតាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមនូវរបាំបុរាណ (សុវណ្ណមច្ឆា) ចាបុីដងវែង និងដាក់តាំងវត្ថុអនុស្សាវរីយ៍ចាបុី វង់ភ្លេងមហោរី (ច្រៀង និងរាំលេង) ផងដែរ។ជាមួយគ្នានេះ យើងក៏បានរៀបចំឱ្យមានក្រុមគូរគំនូរ និងតាំងបង្ហាញនៅមុខព្រះបុរមរាជាវាំងថែមទៀត។ ចំណែកការរៀបចំគ្រប់យ៉ាងទៀត ដែលមានកាលពីសប្តាហ៍មុន គឺមានដដែល ដូចជាការតាំងលក់វត្ថុអនុស្សាវរីយ៍ នៅលើសួនច្បារតាមបណ្តោយមាត់ទន្លេ ការគូសគំនូរយកភ្លាម ការកាច់ប៉ោងៗ ការសម្តែងតន្ត្រីបុរាណ មហោរី និងរបាំប្រពៃណី របស់មន្ទីរវប្បធម៌ វិចិត្រសិល្បៈរាជធានីភ្នំពេញ រៀបចំបណ្ណាល័យចល័ត សម្រាប់អានសៀវភៅ គូសគំនូរ និងផាត់ព័ណ៌ជាដើម។ចំណែករដ្ឋាករស្វ័យ័តដឹកជញ្ជូនសាធារណៈ (រថយន្តក្រុង) ក៏នៅតែរក្សាតម្រាយខ្សែរត់ និងបន្ថែម ម៉ោងប្រតិបត្តិការណ៍របស់រថយន្តក្រុងចំនួន ៣ខ្សែដដែល ដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង។ ចំពោះការរៀបចំត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ក្នុងមួយថ្ងៃចំនួន ១០គ្រឿង ដើម្បីផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរណ៍ទស្សនាកម្សាន្តតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិក៏នៅបានរក្សាដដែលផងដែរ។គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕

គណបក្សប្រជាជនកម្ពុជា, បក្សកម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវប្ដេជ្ញាបន្តពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស

2025/02/22 10:21:03 pm        164
ភ្នំពេញ៖ បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម បានជួបពិភាក្សាការងារក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងគណបក្សទាំងពីរកម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយម វៀតណាម។ មកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏មានការជួបប្រជុំកំពូលរវាងគណបក្សទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ និងឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំបក្សប្រជាជនបដិវត្តន៍ឡាវ រួមទាំងមានការអញ្ជើញ ចូលរួមដ៏ខ្ពង់ខ្ពស់ពីនាយករដ្ឋមន្ត្រី នៃប្រទេសទាំងបីផងដែរ ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងបីកម្ពុជា-ឡាវ-វៀតណាម ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បី ឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជាប្រយោជន៍ប្រជាជននៃ ប្រទេសទាំងបី។ភាគីទាំងបីក៏បានពិភាក្សាអំពីការជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ និងបានប្តេជ្ញាចិត្តចូលរួមជំរុញ និងពង្រឹងសហគមន៍អាស៊ាន ដើម្បីការពារសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ចនិងសន្តិសុខតំបន់និងពិភពលោក ជាពិសេសនៅក្នុងបរិបទនៃសភាពការណ៍អន្តរ ជាតិ និងភូមិសាស្ត្រនយោបាយ បន្តប្រែប្រួលយ៉ាងឆាប់រហ័ស ពិបាកប៉ាន់ស្មាន ស្មុគស្មាញ និងផុយស្រួយ។ភាគីទាំងបីបន្តពង្រឹង និងពង្រីកប្រកបដោយប្រសិទ្ធភាពបណ្តាយន្តការសហប្រតិបត្តិការដែលមានស្រាប់ ស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការថ្មី ក្នុងនោះរួមមាន៖ ការផ្សព្វផ្សាយ និងការតភ្ជាប់បណ្តាញ សន្តិភាពសកល គំនិតផ្តួចផ្តើមតំបន់នានា សំដៅលើកកម្ពស់ប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែក ដល់ការកសាង និងការពារសន្តិភាព វិបុលភាពតំបន់ និងពិភពលោក។ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចប្រជុំកំពូលទ្វេភាគីកម្ពុជា-វៀតណាម ព្រមទាំងកិច្ចប្រជុំកំពូលគណបក្សទាំងបី កម្ពុជា-ឡាវ-វៀតណាម ទទួលបានលទ្ធផលល្អប្រសើរ ដែលជាគុណ ប្រយោជន៍ដ៏ឧត្តុង្គឧត្តមដល់ការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងគណបក្ស និងប្រទេសទាំងពីរកម្ពុជា-វៀតណាម និងរវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម។ថ្នាក់ដឹកនាំនៃគណបក្សទាំងបីបានឯកភាពគ្នាជួបប្រជុំកំពូល នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ ២០២៦ ខាងមុខ៕

គណបក្សប្រជាជនកម្ពុជា និងបក្សកម្មុយនីស្តវៀតណាមប្ដេជ្ញាបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការគ្នា ដើម្បីចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក

2025/02/22 10:14:06 pm        72
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម បានជួបពិភាក្សាការងារក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងគណបក្សទាំងពីរកម្ពុជា-វៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយម វៀតណាម។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង ចំពោះការរីកចម្រើនឥត ឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការជិត ស្និទ្ធរវាងប្រទេសទាំងពីរលើគ្រប់វិស័យមានជាអាទិ៍៖ នយោបាយ សន្តិសុខ ការពារជាតិ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងទេសចរណ៍ ស្របតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំង ចែករំលែកអំពីបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ព្រមទាំងដាក់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរក្នុងឆ្នាំបន្តបន្ទាប់។ភាគីវៀតណាមបានអបអរសាទរដល់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំប្រកប ដោយភាពជោគជ័យ ចំពោះកិច្ចប្រជុំអន្តរជាតិសំខាន់ៗ ក្នុងឆ្នាំ២០២៤ ទាំងក្នុងក្របខណ្ឌគណបក្ស សភា និង រាជរដ្ឋាភិបាល ជាពិសេសការអនុម័តធម្មនុញ្ញសន្តិភាពសកល និងការលើកកម្ពស់ពិភពលោកមួយដែលគ្មានមីន។ ភាគីកម្ពុជាក៏បានអបអរសាទរចំពោះសមិទ្ធផលរបស់វៀតណាមក្នុងការកសាង និងអភិវឌ្ឍប្រទេស។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការចាត់តាំងអនុវត្តស្មារតីកុងសង់ស៊ីសរវាងថ្នាក់ ដឹកនាំកំពូលនៃគណបក្សទាំងពីរក្នុងកិច្ចប្រជុំកន្លងមក ដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី ល្អ និងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ដោយបានបង្កើនជំនឿទុកចិត្តគ្នាទៅវិញទៅមកក្នុង ភាពជាមិត្តជិតខាងល្អ។ភាគីទាំងពីរនឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាងយុវជន នៃគណបក្ស និងប្រទេសទាំងពីរ ដើម្បី ជាស្ពានតភ្ជាប់បន្ថែមទៀត ដល់ការលើកកម្ពស់ទំនាក់ទំនងមិត្តភាព កម្ពុជា-វៀតណាម ក្នុងស្មារតី «តភ្ជាប់ យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ»។ ភាគីទាំងពីរក៏នឹងបន្តគាំទ្រគ្នាទៅវិញទៅមក និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគណបក្ស សភា រាជរដ្ឋាភិបាល និងអង្គការមហាជនរវាងប្រទេសទាំងពីរ ដើម្បី ចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក។

កម្ពុជា-កូរ៉េ រៀបចំពិព័រណ៍សិល្បៈរួមគ្នាជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាព នៅខេត្តសៀមរាប

2025/02/22 05:25:33 pm        394
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយសមាគមវប្បធម៌កូរ៉េ (KCA) ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ បានរៀបចំពិព័រណ៍សិល្បៈរួមគ្នា នៅសារមន្ទីរជាតិ ខេត្តសៀមរាប ដែលជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាព ដែលពិធីនេះ ក៏មានការចូលរួមបើកជាផ្លូវការពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា ការជួបជុំនាពេលនេះ ជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េ។ គម្រោងអង្គរ បានរួមគ្នានៅខេត្ដសៀមរាប ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញនូវការផ្លាស់ប្តូរសិល្បៈ និងការអភិរក្សកេរដំណែលវប្បធម៌។ ស្នាដៃសិល្បៈដោយវិចិត្រករសិល្បៈកូរ៉េល្បីៗ ការថតរូបបែបបំផុសគំនិត និងវត្ថុបុរាណដែលត្រូវបានតាំងបង្ហាញបរិយាយពីបេតិកភណ្ឌ ភាពសុខដុមរមនារបស់មនុស្សជាតិជាមួយនឹងធម្មជាតិ និងភាសាសន្ទនាតាមរយៈវប្បធម៌ តាមរយៈការថតរូបប្រាសាទ ការបង្ហាញម៉ូដសម្លៀកបំពាក់ និងការចូលរួមចំណែកសប្បុរសធម៌ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប។ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដ មានប្រសាសន៍ថា ខេត្តសៀមរាប បានបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុង នៃសាធារណរដ្ឋ-កូរ៉េចំនួន៣ខេត្ត-ក្រុង រួមមានទីក្រុងស៊ូរៀន នៃខេត្តឈៀងពី ខេត្តជុងចុងណាំដូ និងខេត្តកាងរៀន តាមរយៈទំនាក់ទំនងខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពនេះ។កិច្ចសហប្រតិបត្តិការគួរឱ្យកត់សម្គាល់ ដែលទាក់ទងទៅនឹងវិស័យវប្បធម៌ សង្គមកិច្ច កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្មជាដើម។ ចំពោះព្រឹត្តិការណ៍អន្តរជាតិដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសកូរ៉េ និងកម្ពុជា ប្រជាជន និងប្រជាជន ក៏ដូចជាការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ខ្មែរ-កូរ៉េ ជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាប ព្រមទាំងបានចូលរួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍ក្នុងខេត្ត ព្រមទាំងបងប្អូនប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត សៀមរាបទាំងមូល ដែលកំពុងប្រាស្រ័យទាក់ទងនឹងសក្តានុពលវិស័យទេសចរណ៍ជាចម្បងនេះ។លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ បានលើកឡើងថា ការតាំងពិពណ៌សិល្បៈកម្ពុជា-កូរ៉េ នាពេលនេះ ជាការបង្ហាញនូវស្នាដៃរចនាម៉ូដបុរាណកូរ៉េ ហៅថា Maedeup ដែលមានប្រវត្តិសាស្ត្រតាំងពីរាប់ពាន់ឆ្នាំមកហើយ ក្នុងសម័យរាជវង្សចូសុន និងបានប្រើប្រាស់ក្នុងការតុបតែងក្នុងព្រះរាជវាំង និងតាមផ្ទះអ្នកមានឋានៈជាន់ខ្ពស់ ឬក៏សម្រាប់ប្រារព្ធក្នុងពិធីពិសេសៗផ្សេងទៀត។ ពិពណ៌នេះ មិនត្រឹមតែជាសិល្បៈប៉ុណ្ណោះទេ វាជានិមិត្តសញ្ញានៃសេចក្តីមេត្តា ករុណា និងបេតិកភណ្ឌវប្បធម៌ តាមរយៈប្រពៃណីដ៏មានតម្លៃនៃប្រទេសទាំងពីរ សំដៅពង្រឹងទំនាក់ទំនងចំណងមិត្តភាព និងបង្កើតកេរដំណែលដ៏យូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយទៀតផង។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា ស្នាដៃសិល្បៈនៃវប្បធម៌ខ្មែរ បានចារិកទុកនៅតាមផ្ទាំងសិលានៃជញ្ជាំងប្រាង្គប្រាសាទនានា ដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងវប្បធម៌រូបិយ និងអរូបិយរបស់បុព្វបុរសខ្មែរ ហើយមរតកទាំងនេះបានកំពុងទាក់ទាញវិស័យទេសចរណ៍ ដែលជាប្រភពសេដ្ឋកិច្ចជាតិមិនចេះរីងស្ងួត។ លោកជំទាវបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវិចិត្រករច្នៃម៉ូដបុរាណនៃសិល្បករកម្ពុជានិងកូរ៉េ ដែលបានបង្ហាញនូវស្នាដៃប្រកបដោយភាពច្នៃប្រឌិតរស់រវើក មានសោភ័ណ្ឌភាពស្រស់ស្អាត និងស្របតាមវប្បធម៌។ ស្នាដៃសិល្បៈ និងផ្លាស់ប្តូរវប្បធម៌ គឺជាការបង្ហាញពីភាពដ៏បរិសុទ្ធបំផុត នៃទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ផ្សាភ្ជាប់ដួងចិត្តកាន់តែជិតស្និតថែមទៀត។ព្រឹត្តិការណ៍នេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សព្វផ្សាយ តំបន់បេតិកភណ្ឌ ពិភពលោករបស់កម្ពុជា និងការបង្ហាញវប្បធម៌កូរ៉េនៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញសម្រស់ ដ៏វិចិត្រនៃប្រាង្គប្រាសាទបុរាណ និងស្នាដៃដ៏វិសេសរបស់បុព្វបុរសខ្មែរ។ ដោយឡែកការបរិច្ចាគថវិកា និងសម្ភារៈផ្សេងៗ នឹងត្រូវប្រគល់ជូនសមាគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ (TYDA) និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប៕

កុមារពីរនាក់បានស្លាប់ ក្នុងករណីផ្ទុះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម នៅស្រុកស្វាយលើ ខេត្តសៀមរាប

2025/02/22 05:20:14 pm        521
សៀមរាប៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC បានឱ្យដឹងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា កុមារពីរនាក់បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ៦៦ មម សំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនៅភូមិក្រញូងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ឯកឧត្តម បានថ្លែងថា៖«នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានករណីគ្រោះថ្នាក់​ផ្ទុះគ្រាប់៦៦មម (ប្រភេទB-៦៣) ដែលជាសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម បណ្តាលឱ្យកូនក្មេងតូចៗអាយុ២ឆ្នាំចំនួន២នាក់បានស្លាប់ដោយម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់កើតឡើងស្ថិតនៅភូមិក្រញូងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប»។ ជនរងគ្រោះ​រួមមាន៖ ១.ឈ្មោះ ម៉ូ លីសា ភេទ ស្រី អាយុ ០២ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ២.ឈ្មោះ ធំ យេន ភេទប្រុស អាយុ០២ ឆ្នាំ រស់នៅភូមិក្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ឯកឧត្តម ថ្លែងថា ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីននេះ ជាសោកវិនាសកម្មបានកើតមានឡើង​ដោយ​សារសំណល់យុទ្ធភណ្ឌសង្គ្រាម។ សង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុង និងសន្តិភាពពេញ​លេញ​មានជាង ២៥ឆ្នាំមកហើយ ​ប៉ុន្តែឈាមកូនចៅខ្មែរនៅតែបន្តហូរដោយសារសំណល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌសល់ពីសង្គ្រាម៕

ប្រជាជនងាយរងគ្រោះបំផុតចំនួន​ ១៨ គ្រួសារ​ នៅស្រុកបាទី​ ខេត្តតាកែវ​ ទទួលអំណោយមនុស្សធម៌ពី​កាកបាទក្រហមកម្ពុជា​

2025/02/22 04:47:54 pm        364
នៅថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ ​លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងឯកឧត្តម​ វ៉ី​ សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ជូនចាស់ឥតទីពឹង​ និងជនពិការ​ ចំនួន​ ១៨គ្រួសារ​ រស់នៅឃុំពត់សរ​ និងឃុំក្រាំងធ្នង់ ស្រុកបាទី​ ខេត្តតាកែវ។ គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ (១០កំប៉ុង), ទឹកស៊ីអ៊ីវ ១យួរ, ឃីត (ក្រមា សារុង​ មុង​ ភួយ)​ ១កញ្ចប់,​ និងថវិកា​ ៥ម៉ឺនរៀល៕

បុរសជនជាតិកូរ៉េ សុំទោសជាសាធារណៈចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះកំហុសខុសឆ្គង ដែលបានប្រព្រឹត្តទង្វើមិនសមរម្យ ដោយបន្ទោរបង់ (នោម) ក្នុងបរិវេណប្រាសាទអង្គរវត្ត

2025/02/22 04:44:04 pm        386
សៀមរាប៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ករណីបុរសជនជាតិកូរ៉េ ឈ្មោះ ហ្វាង ប៊ុកដុង Hwang Bogdong អាយុ៦១ឆ្នាំ ជាអ្នកបកប្រែបន្តភាសាកូរ៉េនៅខេត្តសៀមរាប ដែលបានប្រព្រឹត្តទង្វើមិនសមរម្យដោយបន្ទោរបង់ (នោម) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីកន្លែងសាធារណៈក្នុងបរិវេណប្រាសាទអង្គរវត្តដែលជាសម្បត្តិវប្បធម៌ និងបេតិកភ័ណ្ឌពិភពលោក និងមានការបង្ហោះវីដេអូរក្នុងបណ្តាញសង្គមនាពេលថ្មីៗនេះ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការជាមួយមន្ត្រីនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប បានកោះអញ្ជើញសាមីខ្លួនចូលមកបំភ្លឺ ដោយបុរសជនជាតិកូរ៉េនោះសារភាពថាខ្លួនពិតជាបានប្រព្រឹត្តទ្វើមិនសមរម្យដោយបន្ទោរបង់ (នោម) ដូចវីដេអូរដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមប្រាកដមែន មូលហេតុដោយសារខ្លួនមានជម្ងឺតម្រងនោមរាំរ៉ៃ។លោក ហ្វាង ប៊ុកដុង Hwang Bogdong បានសម្តែងការសោកស្តាយ និងសុំទោសជាសាធារណៈចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាទូទាំងប្រទេសចំពោះកំហុសខុសឆ្គងនេះ និងសន្យាថាខ្លួននឹងមិនបម្រើការងារនាំភ្ញៀវទេសចរចូលក្នុងបរិវេណតំបន់រមណីយដ្ឋានអង្គរបន្តទៀតឡើយរហូតជម្ងឺរបស់ខ្លួនបានជាសះស្បើយពីជម្ងឺ និងសាមីខ្លួនស្ម័គ្រចិត្តប្រគល់ បណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ជូនមន្ទីរទេសចរណ៍ខេត្តដើម្បីរក្សាទុក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអ៊ីស្រាអែលបង្ហាញការមិនពេញចិត្តនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/15/2026 06:06 PM
លីបង់ព្រមានជនភៀសខ្លួនកុំឲ្យប្រញាប់វិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់
06/15/2026 06:06 PM
ពលរដ្ឋលីបង់សង្ឃឹមថា កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ នឹងនាំបទឈប់បាញ់យូរអង្វែងជាមួយអ៊ីស្រាអែល
06/15/2026 06:06 PM
ពលរដ្ឋជម្លៀសខ្លួនលីបង់និយាយថា ពួកគេត្រូវការពេលពេញមួយជីវិតដើម្បីកសាងទីក្រុងរបស់ខ្លួនឡើងវិញ
06/15/2026 06:06 PM
នាវាពាណិជ្ជកម្មដោតទង់ជាតិសហរដ្ឋអាមេរិក ២គ្រឿង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
06/15/2026 06:06 PM
Ebola កើនឡើងដល់ ៧៨២ករណី នៅកុងហ្គោ ខណៈការផ្ទុះឡើងនៃ​ជំងឺ រាលដាលដល់តំបន់សុខភាពផ្សេង​​ទៀត
06/15/2026 06:06 PM
សារព័ត៌មាន FT៖ BBC នឹងកាត់ការងាររាប់រយ នៅអង់គ្លេស ជា​ការ​បន្ថយផ្នែក​​ព័ត៌មានឲ្យ​កាន់តែតូច​​
06/15/2026 06:06 PM
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
06/15/2026 05:06 PM
មហិច្ឆតាការពារលំហអាកាសរបស់ជប៉ុន បង្កើនការព្រួយបារម្ភ អំពី​យោធូបនីកម្ម​
06/15/2026 05:06 PM
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
06/15/2026 05:06 PM