ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ស្វែង​រក​ឱកាស​វិនិយោគលើវិស័យយានយន្ត​នៅកម្ពុជា
ទេសចរជាតិ-អន្ដរជាតិ៖ អាកាសយានដ្ឋានតេជោ ស័ក្ដិសមនឹងចំណាត់ថ្នាក់​អាកាស​យានថ្មី​ល្អ​លំដាប់​ពិភពលោក
កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ​​ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រី នៃមន្ទីរ-អង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺ

2026/05/02 08:45:28 am        221
នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្ដីទី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺសរុបចំនួន៩៦២នាក់ ដែល​ពិធី​នេះបា​ន​ប្រារព្ធឡើងនៅសាលាខេត្តកំពង់ស្ពឺ។  យោងតាមរបាយការណ៍របស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រោម​ដំបូលសុខសន្តិភាព ខេត្តកំពង់ស្ពឺមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ទេសចរណ៍ និងវិនិយោគ ដោយមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ឧស្សាហកម្មកាត់ដេរ និង​ផលិតកម្មសត្វជាដើម។ ទាក់ទងវិស័យឧស្សាហកម្មកាលពីឆ្នាំ២០២៥​កន្លង​ទៅ​គឺ​ទទួល​បាន​គម្រោងវិនិយោគក្រោម៥​លានដុល្លារចំនួន ១២៦គម្រោង ហើយគិតត្រឹមខែមេសា ឆ្នាំ​២០២៦​នេះ ​ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោង​វិនិ​យោគ​ក្រោម៥លានដុល្លារ ចំនួន៣៥​គម្រោង​បន្ថែម​ទៀត​។  ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលដៅ​នៃ​ការ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏​ដូច​ជា​ពង្រឹង​គណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូច​ជា​ជំរុញ​ឱ្យ​ការងារ​មូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ឱ្យកា​ន់​តែ​ជិត​ស្និទ្ធ​ជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។  មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបាន​វិល​មក​ជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ​អង្គ​ភាព​នានា​ក្នុង​ខេត្តកំពង់ស្ពឺនេះសាជាថ្មី។ សម្តេចបន្តថា កំពង់ស្ពឺគឺជាខេត្តទី៣ហើយ ដែលសម្ដេច​បាន​កំណត់​ជា​គោលដៅក្នុងការចុះជួបមន្ត្រីរាជការ។  ពីខេត្តកំពង់ស្ពឺ នៅថ្ងៃនេះសម្ដេចតេជោបានប្រកាសសាងសង់អគារសាលប្រជុំដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់បម្រើដល់ការប្រជុំផ្សេងៗ ដែលនឹងត្រូវសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោបានរំឭកថា ខេត្តកំពង់ស្ពឺជាទីកន្លែងអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ដ៏សកម្ម ដែល​នាំ​ឱ្យ​កម្ពុជា​បញ្ចប់ភ្លើងសង្គ្រាម និងមានសន្តិភាពដល់សព្វថ្ងៃនេះ ហើយខេត្តកំពង់ស្ពឺបច្ចុប្បន្ននេះ គឺខេត្តដែលមានរោងចក្រសហគ្រាសច្រើនជាងគេ។សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ស្ពឺទាំងអស់​ដែល​​បានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជា​ពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោក៏បានគាំទ្រចំពោះការដាក់ចេញនូវវិធានការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីចំពោះវិធានការយកក្មេងទំនើងទៅបម្រើការងារជីកលេណដ្ឋាននៅតាមព្រំដែន ដែលនេះជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ សម្ដេចតេជោក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។ សម្តេចក៏បានណែនាំឱ្យខិតខំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។ សម្តេចក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋានតាមរយៈការជួយយកអាសាគាត់ និងការចុះជួបសំណេះសំណាលពួកគាត់រយៈកម្មវិធីផ្សេងៗជាដើម។ សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។សម្ដេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» នឹងបម្រើប្រជាជនប្រកបដោយភាពស្មោះត្រង់។ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឲ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

ដំណោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ នៅតែជាជម្រើសល្អសម្រាប់ពលរដ្ឋ និង សង្គម

2026/05/01 07:03:50 pm        169
យន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងភាពឆាប់រហ័ស ក្នុងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ត្រូវបានពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពកាន់តែប្រសើរជាងមុន ប្រសើរក៏ព្រោះតែ រដ្ឋមន្ត្រី មន្ត្រីច្បាប់ជាច្រើនរូប មកពីស្ថានប័នជាច្រើន រួមគ្នាកែតម្រូវយន្តការនេះអោយមានតម្លាភាពជាងមុន។ ដើម្បីសម្រេចបាននូវមុំទី៤ គឺ«ការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌» ដែលជាយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងយុត្តិធម៌ និងក្រសួងអធិការកិច្ច បានបើកសិក្ខាសាលាថ្នាក់ជាតិ លើកទី១ ស្តីពី «ការធ្វើឲ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា»  នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ឯកឧត្តម សុខ សូកេន អនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តោតលើអាទិភាពចំនួន ៦ចំណុច ក្នុងនោះ គឺ «ការជំរុញរៀបចំក្របខណ្ឌច្បាប់ យន្តការសម្របសម្រួល និងផ្សះផ្សាវិវាទទាំងក្នុង និងក្រៅប្រព័ន្ធតុលាការ» សំដៅលើកកម្ពស់ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ បង្ខិតសេវានៃការដោះស្រាយវិវាទដែលមានលក្ខណៈងាយស្រួល និងសម្បូរបែបទៅជិតប្រជាពលរដ្ឋ និងធានាបាននូវ បរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី បានប្រកាសដាក់ចេញនូវវិធានការគន្លឹះចំនួន៥ បន្ថែមទៀត គឺ «ការពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌» និង បានប្រគល់ភារកិច្ចនេះ ជូនក្រសួងយុត្តិធម៌រៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចឱ្យបាននូវកិច្ចការអាទិភាព ៣ ដោយក្នុងនោះ កិច្ចការអាទិភាពទី១ គឺ ការបង្កើត យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយ (អ.ដ.ក.) ដែលត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ឯកឧត្តម សុខ សូកេន សង្កត់ធ្ងន់លើ យន្តការ នៃការទទួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា រួមមានទាំងយន្តការ ក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ដូចជា ក្រសួងអធិការកិច្ច, អ.ជ.ក., អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី, គណៈកម្មការសុយោដី, មជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែក ពាណិជ្ជកម្ម, ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬយន្តការដោះស្រាយវិវាទតាមបែបរដ្ឋបាលនៅ ថ្នាក់មូលដ្ឋាន ជាដើម។ យន្តការដោះស្រាយបណ្តឹងរបស់ក្រសួងអធិការកិច្ច និងយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. មានភាពប្រទាក់ក្រឡាគ្នា ក្នុងការចូលរួមចំណែកពង្រឹង ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្ថែមថា ដោយបន្តយកចិត្តទុកដាក់លើយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ រាជរដ្ឋាភិបាលនីតកាលទី៧ នៃរដ្ឋសភានេះ បានសម្រេចសម្រួល រចនាសម្ព័ន្ធ និងមុខងារភារកិច្ចរបស់ក្រសួងអធិការកិច្ច ដោយកែសម្រួលនិងដំឡើងពីនាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវ ទៅជាអគ្គនាយកដ្ឋានដោះស្រាយ បណ្ដឹង និងកែសម្រួលមុខងារលើការងារដោះស្រាយបណ្តឹង ទៅជាការទទួលពាក្យបណ្តឹង តវ៉ានិងបណ្តឹងបរិហារអំពីនីតិបុគ្គល និងរូបវន្តបុគ្គលសាធារណៈ ក្នុងក្របខ័ណ្ឌដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលពីគ្រប់មជ្ឈដ្ឋានទាំងអស់ រួមទាំងពិនិត្យបាតុភាពអសកម្មផ្សេងៗពី មជ្ឈដ្ឋាននានាផងដែរ។ ក្នុងក្របខណ្ឌនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា អ.ដ.ក ជាយន្តការមួយ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ៕

កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់

2026/05/01 06:59:08 pm        200
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិ Online Scams មួយកន្លែង ក្នុង បុរីប៉េងហួតដឹស្តាអិតធឺណល ស្ថិតនៅផ្ទះលេខ០៤ ផ្លូវលេខE-10 ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោមបញ្ជាដឹកនាំកម្លាំងដោយឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តការបង្ក្រាបផ្ទាល់ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងក្រោមការសម្របសម្រួលឯកភាពនីតិវិធីច្បាប់ ដោយលោកជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ ជាលទ្ធផល នៃការបង្ក្រាប កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស ជាជនជាតិបង់ក្លាដេស១២នាក់ (ប្រុស) ។ និងបានដកហូតវត្ថុតាង រួមមាន ៖ Laptop ០២គ្រឿង , ទូរស័ព្ទ ២៣គ្រឿង , All in one ១៤គ្រឿង ,ក្រដាសលុយសែន និងវត្ថុតាងពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ ។ ផ្អែកតាមលទ្ធផលកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីជំនាញ បានរកឃើញថា ៖ ក្រុមជនសង្ស័យបានប្រើប្រាស់កម្ពុជាជាកន្លែងជ្រកកោន ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Online scam ) ក្រោមរូបភាព អូសទាញឲ្យជនរងគ្រោះបង់ប្រាក់ថ្លៃសេវារដ្ឋបាល (រត់ការ) ផ្តល់កម្ចីក្លែងក្លាយ ។ បច្ចុប្បន្ន ជនសង្ស័យទាំង១២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

អង្គការ ILO៖ ការគោរពសិទ្ធិកម្មករ និយោជិត និងកម្មករជំនាញនៅកម្ពុជាមានភាពរីកចម្រើន

2026/05/01 05:03:29 pm        142
ការគោរពសិទ្ធិកម្មករ និយោជិត និងកម្មករជំនាញនៅក្នុងប្រទេសកម្ពុជា មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ នេះបើតាមការដឹងពីមន្រ្តីជំនាញនៃអង្គការអន្តរជាតិខាងការងារនៅកម្ពុជា ហៅកាត់ថា ILO។នៅក្នុងពិធីអបអរទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅមណ្ឌលសន្និ បាត និងពិព័រណ៍កោះពេជ្រ លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO) បានប្រាប់BTVថា យោងតាមស្ថិតិពីវិទ្យាស្ថានជាតិស្ថិតិ បច្ចុប្បន្ន កម្លាំងពលកម្មមានដល់១០លាននាក់ ដែលជាកម្លាំងស្នូលមួយដ៏សំខាន់ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា និងជួយឱ្យប្រជាជនចាកផុតពីភាពក្រីក្រ ដោយសារពួកគេមានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព។លោកបានបន្តទៀតថា បច្ចុប្បន្ន ការគោរពសិទ្ធិកម្មករ និយោជិត បានជ្រួតជ្រាបច្រើននៅក្នុងកន្លែងធ្វើការ រីឯកម្មកជំនាញវិញ ក៏មានការកើនឡើងជាងបណ្តាឆ្នាំមុនៗដែរ ដែលកាលពីមុនធ្វើតែកសិកម្ម និងកាត់ដេរ ប៉ុន្តែឥឡូវកម្មករជំនាញមានទាំងអេឡិចត្រូនិក រថយន្ត និងជំនាញថ្មីៗទៀត។គួររម្លឹកដែរថា ទិវាកម្មករអន្តរជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែឧសភា ដើម្បីរំលឹកដល់ការតស៊ូ និងការលះបង់របស់កម្មករ កម្មការិនី ក្នុងការស្វែងរកសិទ្ធិការងារ និងលក្ខខណ្ឌការងារសមរម្យ។ សម្រាប់ប្រទេសកម្ពុជា បានចាប់ផ្តើមប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។ នៅឆ្នាំ២០២៦នេះ គឺជាខួបលើកទី១៤០ នៃទិវាកម្មករអន្តរជាតិ (១ ឧសភា ១៨៨៦ - ១ ឧសភា ២០២៦) ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទស្តីពី «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»៕ អត្ថបទ៖ទូច សោភ័ណ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង

2026/05/01 04:54:10 pm        307
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់អំពីវិធានការចំនួនបី ដែលនឹងត្រូវដាក់ឲ្យអនុវត្តចំពោះករណីក្មេងទំនើងដែលប្រព្រឹត្តល្មើសច្បាប់។ នៅសប្តាហ៍ក្រោយ នឹងមានប្រជុំអន្តរស្ថាប័នដើម្បីធ្វើកិច្ចការងារនេះ ឱ្យប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌច្បាប់ ដើម្បីធានាបានការអនុវត្តប្រកបដោយប្រសិទ្ធភាព។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ BTV ថា អ្វីដែលជាគោលការណ៍សម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺមានសារប្រយោជន៍ ទី១. សារប្រយោជន៍សម្រាប់ជាតិ និងទី២. សម្រាប់អ្នកដែលពាក់ព័ន្ធ បានន័យថាវាក្លាយជាឱកាសមួយសម្រាប់គាត់អប់រំកែប្រែខ្លួនដែរ។ ហើយក្រុមការងារចំពោះកិច្ចមួយកំពុងធ្វើកិច្ចការងារនេះ ដែលសប្តាហ៍ក្រោយនឹងមានការជួបជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំនៅក្របខ័ណ្ឌមួយនេះឱ្យទទួលបានជោគជ័យ។ឯកឧត្តម បានបញ្ជាក់ថា មកដល់ម៉ោងនេះ គឺមានវិធានការបីដែលនឹងត្រូវដាក់ឱ្យអនុវត្ត ក្នុងនោះមានទី១. ទោសការងារសហគមន៍ (ច្បាប់មានហើយ)។ ទី២. ការភ្ជួរទោសសាកល្បង គឺជាវិធានការមួយដែលតុលាការភ្ជួរទោស (តុលាការសម្រេចផ្ដន្ទាទោស ប៉ុន្តែអត់អនុវត្តទោសនោះទេ)។ ហើយដាក់កាតព្វ កិច្ចដើម្បីអនុវត្តរយៈពេលបីឆ្នាំ និងទី៣. គឺការដោះលែងដោយមានលក្ខខណ្ឌចំពោះទណ្ឌិតដែលកំពុងតែជាប់ទោស អនុវត្តទោសបានចាប់ពី២ភាគ៣ទៅ គឺច្បាប់អនុញ្ញាតឱ្យមានការដោះលែងដោយមានលក្ខខណ្ឌ។សូមជម្រាបថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទសិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងៗទំនើង។ ដើម្បីយកក្មេងទំនើងអស់ទាំងនោះទៅជួយដល់សកម្មភាពនៅសមរភូមិជួរមុខ៕អត្ថបទ៖ វង្ស សុភាព 

ពុទ្ធបរិស័ទមូលមីនាំគ្នាទៅធ្វើបុណ្យ និងយកចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាមក្នុងថ្ងៃបុណ្យវិសាខបូជា

2026/05/01 04:43:48 pm        116
ក្នុងថ្ងៃបុណ្យវិសាខបូជានេះ ប្រជាពុទ្ធបរិស័ទជាច្រើន បានមូលមីនាំគ្នាទៅធ្វើបុណ្យ និងយកចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាមនានា។ នៅតាមបណ្តាទីវត្តអារាមទាំងអស់ គេសង្កេតឃើញមាន ប្រជាពុទ្ធបរិស័ទ បាននាំយកទេយ្យទាន ទេយ្យវត្ថុ និងចង្ហាន់ យកទៅធ្វើបុណ្យ ប្រគេនព្រះសង្ឃ ក្នុងថ្ងៃបុណ្យវិសាខបូជា ដែលជាថ្ងៃដ៏សំខាន់បំផុត បង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត ថ្ងៃព្រះអង្គបានត្រាស់ដឹង និងជាថ្ងៃដែលព្រះអង្គទ្រង់ចូលបរិនិព្វានផងដែរ។  ពុទ្ធបរិស័ទ ដែលបានអញ្ជើញទៅធ្វើបុណ្យនៅក្នុងវត្តព្រះពុទ្ធមានបុណ្យ ស្ថិតក្នុងខណ្ឌ៧មករា បានបង្ហាញនូវក្តីជ្រះថ្លាក្រៃលែង ដែលបានធ្វើបុណ្យ ក្នុងថ្ងៃដ៏សំខាន់នេះ និងបានរំលឹកនឹកដល់ពុទ្ធឱវាទរបស់ព្រះព្រះសម្មាសម្ពុទ្ធ ដែលតែងប្រៀនប្រដៅមនុស្សឲ្យដើរលើកន្លងផ្លូវល្អ ស្មោះត្រង់ ជៀសវៀងដាច់ខាត ពីអំពើអប្បាយមុខ និងអប្បាយភូមិនានា ។ ពិធីបុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំ ខាន់សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូ នាថ្ងៃពេញបូណ៌មី ថ្ងៃ១៥កើត ខែវិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿ ថាជាមហាកុសលដ៏ប្រសើរ៕អត្ថបទ ៖ លីហេង

កម្មករនិយោជិតអរគុណរដ្ឋាភិបាលដែលលើកកម្ពស់បរិយាកាសនៅកន្លែងការងារកាន់តែល្អប្រសើរ

2026/05/01 04:37:29 pm        441
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ គឺជាទិវាពលកម្មអន្ដរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ “រួម​គ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ”។ នៅក្នុងឱកាសនេះ កម្មករនិយោជិតបានថ្លែងអំណរ​គុណ ដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកកម្ពស់ បរិយាកាសនៅកន្លែងការងារកាន់តែល្អ​ប្រសើរ ដែលមានលក្ខខណ្ឌការងារល្អ ប្រាក់ខែសមរម្យ និងកន្លែងធ្វើការមានផាសុកភាព។កម្មករកម្មការិនីដែលកំពុងធ្វើការនៅក្នុង សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង ស្ថិតនៅសង្កាត់​ជើង​ឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ BTV ថាពួកគេធ្វើការនៅក្នុងសប្បកម្មនេះ រយៈពេល ៤ឆ្នាំហើយ។ ការងាររបស់ពួកគេ ទទួលបានការយកចិត្តទុកដាក់ពីថៅកែ ទាំងការថែ​ទាំ​សុខភាព និងសុវត្ថិភាពការងារ ស្របតាមស្ដង់ដារ អនុឡោមតាមច្បាប់ ។ ពួកគេ អរគុណរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ខ្ពស់លើស្ដង់ដាការងារ និងការបង្កើតការងារក្នុងស្រុកសម្រាប់ពលរដ្ឋ មិនចាំបាច់ចំណាកស្រុក។ចំណែកលោកស្រី សម្បត្តិ កល្យាណ អគ្គនាយិកាក្រុមហ៊ុន Ample Agro Product co., Ltd. (អ៊ែមផល អាហ្រ្គោ ប្រដាក់) កែច្នៃគ្រាប់ស្វាយចន្ទី ផ្គត់ផ្គង់ក្នុងស្រុក និងនាំទៅកាន់ប្រទេសនៅតំបន់អាស៊ី និងតំបន់អឺរ៉ុប បានប្រាប់ថា បរិយាកាសការងារនៅរោងចក្ររបស់លោកស្រី អនុវត្តន៍យ៉ាងម៉ឺងម៉ាត់ តាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងគោរពតាមច្បាប់ ស្របតាមស្ដង់ដារសុវត្ថិភាព ដើម្បីឲ្យរោងចក្រសហគ្រាសមួយ ក្លាយជាសហគមន៍សុខសាន្ដមួយ។ នៅក្នុងឱកាសទិវាពលកម្មអន្ដរជាតិ ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើក​កម្ពស់ ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ​, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្ដមប្រយោជន៍របស់កម្មករ និយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ៕ អត្ថបទ ៖ លៀ ស៊ីណា 

កម្ពុជាប្រារព្ធពិធីបុណ្យវិសាខបូជា រំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូ

2026/05/01 04:35:24 pm        115
នៅព្រឹកថ្ងៃទី១ ខែឧសភា នេះ ត្រូវនឹងថ្ងៃ១៥កើត ខែពិសាខ ឆ្នាំមមី ព.ស២៥៦៩ ប្រទេសកម្ពុជា បានរៀបចំប្រារព្ធពិធីបុណ្យវិសាខបូជាយ៉ាងអធិកអធម នៅព្រះមហាសក្យមុនីចេតិយ ភ្នំឧត្តុង្គ ក្រោយការដឹកនាំដោយឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត សីលវន្ត សីលវតី និងពុទ្ធបរិស័ទច្រើនកុះករ។ប្រជាពុទ្ធបរិស័ទ ដែលបានអញ្ជើញចូលរួម បានសម្ដែងក្ដីជ្រះថ្លាក្នុងការចូលរួមក្នុងពិធិបុណ្យវិសាខបូជា ដែលជាំរៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និងតំណាងថ្នាក់ដឹកនាំតាមស្ថានប័នក្រសួង មន្ត្រីរាជការក្រោមឱវាទ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយគ្រប់មជ្ឈដ្ឋាន តែងតែមកចូលរួមពិធីបុណ្យវិសាខបូជា ទ្រង់ទា្រយធំ នៅភ្នំឧត្តុង្គនេះ  បំណងរម្លឹកនឹកដល់អភិលក្ខិតសម័យទាំងបី របស់ព្រះពុទ្ធ និងចូលរួមធ្វើបុណ្យបំពេញកុសល តាមសទ្ធាជ្រះថ្លា ដើម្បីជាគុណប្រយោជន៍ដល់ការអភិរក្សអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងអនុមោទនាយកផលានិសង្សរៀងៗខ្លួន។សូមបញ្ជាក់ថា ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនា និងពុទ្ធមាមកជននៅលើសកលលោក តែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន បំណងរម្លឹកនឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទី១ ទ្រង់ប្រសូតិចាកឧទ្ទរព្រះមាតា ទី២ ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ និងទី៣ ទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន នៅក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខ ដូចៗគ្នា ហើយទន្ទឹមនឹងនេះ បុណ្យវិសាខបូជា ត្រូវបានអង្គសហប្រជាជាតិ ប្រកាសទទួលស្គាល់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ចាប់ពីពេលនោះមក នៅការិយាល័យអង្គការសហប្រជាជាតិ ក៏មានប្រារព្ធធ្វើបុណ្យវិសាខបូជាជារៀងរាល់ឆ្នាំផងដែរ។ តាមកម្មវិធីរៀបចំពិធីបុណ្យវិសាខបូជា របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ដែលបានរៀបចំជាផ្លូវការ នៅភ្នំឧត្តុង្គ ឆ្នាំនេះ គឺមានការរៀបចំប្រព្រឹត្តទៅរយៈពេល២ថ្ងៃ តាមកាលកំណត់ គឺនៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី ព.ស២៥៦៩ និង ថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ដោយមានការៀបចំកម្មវិធីហែរប្រទក្សិណ ព្រះមហាសក្យមុនីចេតិយ និងថ្វាយគ្រឿងសក្ការបូជា ធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល វេរភត្ត ឧទ្ទិសកុសល និងនិមន្តព្រះសង្ឃបិណ្ឌបាត នៅឧបដ្ឋានសាលាខាងក្រោម ដែលស្ថិតខាងកើត ព្រះមហាសក្យមុនីចេតិយ។ នៅពេលល្ងាច និងថ្ងៃបន្ទាប់ គឺមានរៀបចំកម្មវិធី ជាឱកាសប្រគេនព្រះសង្ឃ និងជូនពុទ្ធបរិស័ទថ្វាយគ្រឿងសក្ការបូជា នមស្ការព្រះរតនត្រ័យ សូត្រនមស្ការគាថា ដើម្បីបំពេញកុសលតាមសទ្ធាជ្រះថ្លា ស្របតាមប្រពៃណីព្រះពុទ្ធសាសនា៕អត្ថបទ៖ ស៊ុម សុខជា

វិស័យឯកជន សាទរចំពោះរដ្ឋាភិបាលសម្រេចមិនយកកម្រៃស្កេនទូកុងតឺដឹកទំនិញ ចាប់អនុវត្តនៅថ្ងៃទី១ឧសភានេះ

2026/05/01 04:18:01 pm        270
ភ្នំពេញ៖ ដើម្បីសម្រួលដល់ធុរជនក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមអនុវត្ត ការមិនយកប្រាក់កម្រៃពីសេវាស្កេនទូកុងតឺន័រសម្រាប់ទំនិញនាំចេញដឹក​ឆ្លងកាត់កំពង់ផែ និងព្រំដែនគោកអន្តរជាតិទាំងអស់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ។ ជុំវិញ​ការសម្រេចនេះ វិស័យឯកជន បានអបអរសាទរ ហើយថា ការលុបចោលថ្លៃស្កេននេះ នឹងបង្កើន​ល្បឿនរំហូពាណិជ្ជកម្មកាន់តែប្រសើរឡើង និងកាត់បន្ថយចំណាយលើថ្លៃដឹកជញ្ជូនយ៉ាងច្រើន ក្នុងអំឡុងពេលស្ថានភាពដ៏លំបាកនៃវិបត្តិផ្គត់ផ្គង់ប្រេងឥន្ធនៈនិងឧស្ម័នជាសកលដោយ​សារ​សង្រ្គាម​នៅ​មជ្ឈិមបូព៌ា។កាលពីថ្មីៗនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃ​អគ្គ​នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសថា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម រដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឈប់យកថ្លៃស្កេនកុងតឺន័រទៀតហើយ ចាប់​ពីថ្ងៃទី១ឧសភានេះ តទៅ!។លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា នេះគឺជាការគិតគូរដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដឹកអំពីសុខទុក្ខរបស់វិស័យឯកជនដែលកំពុងរងផលប៉ះពាល់​ពី​ការឡើងថ្លៃសេវាដឹកជញ្ជូនទំនិញ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយ ការសម្រេចឈប់​យកកម្រៃស្កេនទូកុងតឺន័រ នឹងជួយបង្កើនប្រសិទ្ធភាពការងារនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ​កាន់​តែប្រសើរឡើង។ជុំវិញសេចក្តីសម្រេចនេះ វិស័យឯកជន បានអបអរសាទរ និងថ្លែងអំណរគុណសម្តេចធិបតីនាយ​ក​រ​ដ្ឋមន្តី្រដែលបានគិតគូរទុកលំបាករបស់វិស័យឯកជនក្នុងស្ថានភាពដ៏លំបាក ដោយសារសង្គ្រា​ម​នៅមជ្ឈិមបូព៌ា។ ពួកគេថា ការលុបចោលថ្លៃស្កេននេះ នឹងបង្កើនល្បឿនរំហូពាណិជ្ជកម្មកាន់តែប្រសើរឡើង និងកាត់បន្ថយចំណាយលើថ្លៃដឹកជញ្ជូនយ៉ាងច្រើនសម្រាប់អ្នកនាំចេញទំនិញទៅទីផ្សារ​អន្តរជាតិ ព្រោះអាចកាត់បន្ថយការចំណាយលើតម្លៃស្កេនចន្លោះពី ១០ ទៅ ២០ ដុល្លារអាម៉េរិក​ក្នុងមួយទូកុងតឺន័រ។សូមបព្ជា​ក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ សម្រេចបានបរិមាណកុង​តឺន័រឆ្លងកាត់សរុបជាង ១,៣៤ លាន TEUs កើនឡើង ៣០,៥៧% និងចំណូលអាជីវកម្មសរុប​ជាង ១៥៥,៣៦ លានដុល្លារអាម៉េរិក កើនឡើង ៣៥,៣០% បើធៀបទៅនឹងឆ្នាំ២០២៤៕ អត្ថបទ៖ ធូ វិរៈ

យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើងជុំទី២ នឹងចាប់ផ្តើមពីថ្ងៃទី៤-១៤ ខែឧសភា ឆ្នាំ២០២៦

2026/05/01 04:07:38 pm        175
ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះថា យុទ្ធ​នាការ​ផ្តល់​បន្ថែម​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ឆ្នាំ២០២៦ ជុំទី២ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០២៦។យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង ឆ្នាំ២០២៦ ជុំទី២ នេះ ផ្តោតសំ​ខាន់​លើ​រាជ​ធានី-​ខេត្ត គោលដៅចំនួន៨ ដែលស្ថិតក្នុងតំបន់ដែលមានហានិភ័យ និងតាមបណ្តោយព្រំដែន រួម​មាន៖ ១. ខេត្តស្ទឹងត្រែង ២. ខេត្តរតនគិរី ៣. ខេត្តមណ្ឌលគិរី ៤. ខេត្តក្រចេះ ៥. ខេត្ត​ព្រះវិហារ​ ៦. ខេត្តត្បូងឃ្មុំ ៧. ខេត្តកំពង់ចាម និង៨. ខេត្តស្វាយរៀង។បច្ចុប្បន្ននេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានការិយាល័យសុខាភិបាលស្រុកប្រតិបតិ្ត (ហៅ​កាត់​ថា OD) ចំនួន៧ និងមនី្ទរពេទ្យបង្អែក ចំនួន៩ និងមណ្ឌលសុខភាព ចំនួន៤៦ និងប៉ុស្តិ៍​សុខភាព​ចំនួន​៥​។ តាមរយៈយុទ្ធនាការនេះ ឯកឧត្តមបណ្ឌិត ងី មានហេង សង្កត់ធ្ងន់ថា មន្ត្រី​សុខាភិបាល​យើង​មាន​ចំនួន​ជាង​ ១៣០០នាក់ កំពុងបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំង​ផ្តល់​ជូន​ថ្នាំ​បន្តក់​គ្រុនស្វិតដៃជើង គ្រប់មណ្ឌលសុខភាពទាំង៤៦ និងក្រុមការងារសុខាភិបាល និង​អ្នក​ស្ម័គ្រ​ចិ​ត្តភូមិ ចុះទៅតាមបណ្តាភូមិ ខ្នងផ្ទះ និងសាលារៀន ដើម្បីបន្តក់ថ្នាំបង្ការជូនកុមារ ធានា​ថា​មិន​មាន​កុមារណាម្នាក់ត្រូវបានរំលងឡើយ ហើយការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើងនេះ គឺ​ឥត​គិត​ថ្លៃ​នោះ​ទេ។​ ដូច្នេះ អាណាព្យាបាលទាំងអស់ ទោះបី​ជា​កូន​លោក​អ្នក​បាន​ទទួល​ថ្នាំ​បង្កា​រ​គ្រប់​តាម​កាល​វិភាគ​ធម្មតាក៏ដោយ ក៏ត្រូវតែទទួលថ្នាំបន្តក់បន្ថែមក្នុងយុទ្ធនាការនេះ ដើម្បីធានា​បាន​នូវ​ការ​ការ​ពារ​ពេញលេញ។សូមបញ្ជាក់ថា ជំងឺគ្រុនស្វិតដៃជើង ជាជំងឺកាចសាហាវ ដែលមិនមានថ្នាំព្យាបាលឡើយ ហើយ​អាច​បណ្តាលឱ្យកុមារពិការអស់មួយជីវិត ឬបាត់បង់ជីវិត។ ប៉ុន្តែអាច​ការ​ពារ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​តាម​រយៈការទទួលថ្នាំបង្ការ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទាក់ទងមេភូមិ ឬមណ្ឌល​សុខ​ភាព ដែលនៅជិតលោកអ្នកបំផុត ឬតាមដានទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​សុខាភិបាល​៕ អត្ថបទ រដ្ឋា  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន​ GAZ Group ​ចាប់​អារម្មណ៍​ និង​​​ ស្វែង​រក​ឱកាស​វិនិយោគលើវិស័យយានយន្ត​នៅកម្ពុជា
06/19/2026 11:06 AM
អ្នកការទូតអ៊ីស្រាអែលនិយាយថា ប្រទេសនេះប្តេជ្ញាចំពោះបទឈប់បាញ់នៅលីបង់
06/19/2026 11:06 AM
រដ្ឋបាលលោក Trump ការពារកិច្ចព្រមព្រៀងអ៊ីរ៉ង់ប្រឆាំងការរិះគន់របស់គណបក្សសាធារណរដ្ឋ
06/19/2026 11:06 AM
ទេសចរជាតិ-អន្ដរជាតិ៖ អាកាសយានដ្ឋានតេជោ ស័ក្ដិសមនឹងចំណាត់ថ្នាក់​អាកាស​យានថ្មី​ល្អ​លំដាប់​ពិភពលោក
06/19/2026 11:06 AM
មូលនិធិកសាងឡើងវិញប្រទេសអ៊ីរ៉ង់៣០០ពាន់លានដុល្លារក្នុង MoU ក្លាយជាចំណុចចម្រូងចម្រាស់ខាងនយោបាយនៅអាមេរិក
06/19/2026 11:06 AM
កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
06/19/2026 11:06 AM
គូប្រជែងលោក Starmer ឈ្នះការបោះឆ្នោតសភាដ៏សំខាន់នៅអង់គ្លេស ដែលអាចបង្កឱ្យមានការប៉ុនប៉ងផ្តួលរំលំនាយករដ្ឋមន្ត្រី
06/19/2026 11:06 AM
បណ្ដាមេដឹកនាំសហភាពអឺរ៉ុប ជំរុញឱ្យប្លុកនេះអះអាងខ្លួនឯងលើជំហរចរចាសន្តិភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន
06/19/2026 10:06 AM
សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី
06/19/2026 10:06 AM
លោក Vance ព្រមានអ្នករិះគន់អ៊ីស្រាអែលពីកិច្ចព្រមព្រៀងអ៊ីរ៉ង់ ហើយលោកTrump គឺជាសម្ព័ន្ធមិត្តតែមួយគត់របស់លោកNetanyahu
06/19/2026 10:06 AM