ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប.ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់

2026/03/06 06:39:23 pm        312
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវ អនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តល្អ ស្របតាមស្តង់ដា និងក្រមប្រតិបត្តិ ដែលស្ថានីយលក់ប្រេងឥន្ធនៈ ជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។ ​ការអំពាវនាវនេះ ធ្វើឡើងដើម្បីធានាបាននូវការគ្រប់គ្រង ហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែលអាចកើតឡើងពីការស្តុកប្រេងឥន្ធនៈ ដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស និងធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយប្រេងឥន្ធនៈ។នេះបើតាមសេក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មផ្សាយនៅថ្ងៃទី៦ មីនានេះ។ជាមួយគ្នានេះ ក្រសួង ពាណិជ្ជកម្ម បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត និងយោគយល់ចំពោះស្ថានីយលក់ ប្រេងឥន្ធនៈ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យ ឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្ម រួមទាំងមន្ទីររ៉ែ និងថាមពល រាជធានី-ខេត្ត បាននិងកំពុងបន្តចុះតាមដាន-ត្រួតពិនិត្យការលក់ ជាប្រចាំ ដើម្បីធានាការលក់និងជំរុញឱ្យស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់ តាមលក្ខណៈស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើម។ ក្រសួងក្រើនរំលឹកឱ្យ ក្រុមហ៊ុនចែកចាយ និងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ទាំងអស់ត្រូវអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕អត្ថបទ៖ ធូ វិរៈ

មន្រ្តីក្រសួងយុត្តិធម៌បញ្ជាក់ជូនភារធារីនៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា អំពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាប និងបោសសម្អាត Online Scams

2026/03/06 06:28:31 pm        131
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ជូនភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា អំពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈការដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាជាមួយលោកស្រី Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នៅទីស្តីការក្រសួងយុត្តិធម៌ កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។នៅក្នុងជំនួប ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបង្ហាញជូនលោកស្រី Bridgette L. Walker អំពីគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលកម្ពុជា និងថៃបានចុះហត្ថលេខាជាមួយគ្នា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រី Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ដែលបានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ឥស្សរជនជាន់ខ្ពស់របស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក។ ទន្ទឹមនេះ តាមរយៈលោកស្រី Bridgette L. Walker ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានទទួលស្វាគមន៍គណៈប្រតិភូកម្ពុជាក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នាពេលកន្លងទៅ ពិសេស ការអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព៕ អត្ថបទ៖ វង្ស សុភាព

ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលីមានការរីកចម្រើនកាន់តែខ្លាំង ខណៈអេមរុរ៉ាយស៍ចុះកិច្ចព្រមព្រៀងថ្មីនាំចេញអង្ករក្រអូបប្រណិតផ្កាម្លិះចំនួន ៤០០តោនទៅកាន់ក្រុមហ៊ុនអូស្រ្តាលីបន្ថែម

2026/03/06 06:25:20 pm        240
ក្រុមហ៊ុន អេមរុរ៉ាយស៍ បានចុះកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីនាំចេញអង្ករក្រអូបប្រណិតផ្កាម្លិះចំនួន ៤០០តោន ទៅកាន់ក្រុមហ៊ុនអូស្រ្តាលី Green Group ដែលជាក្រុមហ៊ុនបោះដុំផលិតផលចំណីអាហារដ៏ធំជាងគេ និងមានឈ្មោះល្បីល្បាញមួយនៅក្នុងប្រទេសអូស្ត្រាលី។ កិច្ចព្រមព្រៀងដែលបានចាប់ផ្តើមចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៦ នេះ ត្រូវបានរំពឹងថានឹងក្លាយជាកិច្ចព្រមព្រៀងរយៈពេលវែង ដែលនឹងនាំយកអង្ករកម្ពុជាទៅកាន់ផ្សារទំនើបធំៗក្នុងប្រទេសអូស្ត្រាលី។ ថ្ងៃនេះ ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយ លោកឧកញ៉ា សុង សារ៉ន សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ នៅរោងចក្រកែច្នៃអង្ករអេមរុរ៉ាយស៍ ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ដើម្បីជាតំណាងក្នុងការបញ្ជូនអង្ករចំនួនពីរទូកុងតឺន័រឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ការគាំទ្ររបស់អូស្ត្រាលី ធ្វើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះកើតឡើងបាន។ តាមរយៈ កិច្ចផ្តួចផ្តើមក្រោមការគាំទ្ររបស់អូស្ត្រាលី ដែលមានគោលដៅជាក់លាក់ ក្នុងន័យពង្រីកការនាំចេញផលិតផលកសិ-ចំណីអាហារដែលមានតម្លៃបន្ថែមរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានចូលរួមក្នុងដំណើរទស្សនកិច្ចជំរុញពាណិជ្ជកម្ម នៅប្រទេសអូស្ត្រាលី ហើយបានទទួលកិច្ចសហការ និងការគាំទ្រជាបន្តបន្ទាប់ ក្រោមជំនួយរបស់អូស្រ្តាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ក្នុងការជួយបង្កើតទំនាក់ទំនងពាណិជ្ជកម្មសម្រាប់កិច្ចព្រមព្រៀងមួយនេះផងដែរ។ លោកឯកអគ្គរដ្ឋទូត យីប បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអបអរដល់ក្រុមហ៊ុនអេមរុរ៉ាយស៍ ក្នុងការទទួលបាននូវភាពជាដៃគូរយៈពេលវែងនេះ។ កិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងពីទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅរវាងអូស្ត្រាលី និងកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍សម្រាប់ប្រទេសទាំងពីររបស់យើង។ កិច្ចព្រមព្រៀងនេះ ក៏ផ្តល់ឱ្យអតិថិជនអូស្ត្រាលីនូវជម្រើសកាន់តែច្រើន ជាមួយនឹងផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ ដែលគេអាចស្វែងរកបាននៅតាមផ្សារទំនើបក្នុងប្រទេសអូស្ត្រាលី។ យើងកំពុងជួយអ្នកនាំចេញកម្ពុជាឱ្យចូលទៅកាន់ទីផ្សារលំដាប់ខ្ពស់ និងជំរុញកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយបរិយាបន្ននៅកម្ពុជា»។លោកឧកញ៉ា សុង សារ៉ន បានលើកឡើងថា៖ «ការចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន Green Group ជាជំហានដ៏សំខាន់មួយក្នុងការពង្រីកទីផ្សាររបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ទៅកាន់ប្រទេសអូស្ត្រាលី។ យើងមានមោទនភាពក្នុងការផ្គត់ផ្គង់អង្ករក្រអូបប្រណិតផ្កាម្លិះកម្ពុជា ដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើកសិកម្មប្រកបដោយនិរន្តភាព និងការកែច្នៃដែលផ្តល់តម្លៃបន្ថែម»។កិច្ចព្រមព្រៀងនេះ រួមចំណែកបន្ថែមទៀតទៅលើការកើនឡើងពាណិជ្ជកម្មរវាងអូស្ត្រាលី-កម្ពុជា ដែលមានស្រាប់។ ក្នុងឆ្នាំ២០២៥ ទំហំទឹកប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ ១,២ពាន់លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ប្រមាណ ៨៥០លានដុល្លារអាមេរិក គឺជាការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី។នៅឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណខ្ពស់បំផុតចំនួន ៩៤០ ០០០តោន ដែលទទួលបានទឹកប្រាក់ចំនួន ៦០២លានដុល្លារអាមេរិក។ ទីផ្សារអង្ករអូស្ត្រាលីត្រូវបានព្យាករណ៍ថា នឹងកើនឡើងពីចន្លោះ ៥,៧ពាន់លានដុល្លារអាមេរិក (ក្នុងឆ្នាំ២០២៤) ដល់ ៧,១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០៣៣។ ការកើនឡើងនេះ គឺដោយសារកំណើននៃតម្រូវការប្រភេទអង្ករប្រណិត អង្ករសរីរាង្គ និងអង្ករពិសេស ដែលទាំងនេះ គឺសុទ្ធតែជាចំណុចខ្លាំងរបស់អ្នកផលិត និងនាំចេញកម្ពុជា ដូចជាក្រុមហ៊ុនអេមរុរ៉ាយស៍ ជាដើម។ នៅឆ្នាំ២០២៤ ក្រុមហ៊ុន Green Group បានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ បន្ទាប់មកនៅខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនអូស្រ្តាលីនេះ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ លើការធ្វើពាណិជ្ជកម្មផលិតផលកសិ-ចំណីអាហារកម្ពុជា រួមទាំងអង្ករ នៅក្នុងពិធីមួយនៅទីក្រុងស៊ីដនី ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។លោក Nelson Green នាយកគ្រប់គ្រងក្រុមហ៊ុន Green Group បានលើកឡើងថា៖ «ដើម្បីទទួលបានជោគជ័យ ក្នុងការទទួលយកផលិតផលចំណីអាហារទៅកាន់ទីផ្សារណាមួយ វាចាំបាច់ណាស់ ដែលអ្នកនាំចេញ និងអ្នកនាំចូលត្រូវធ្វើការជាមួយគ្នាជាក្រុម។ ទំនាក់ទំនងរវាងក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុន Green Group គឺជាឧទាហរណ៍មួយនៃភាពជោគជ័យនេះ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី ចំពោះការគាំទ្រជាបន្តបន្ទាប់ និងការចាប់អារម្មណ៍ចំពោះគម្រោងនេះផងដែរ»។[3/6/2026 6:29 PM] Dara VOUN BTV: អូស្ត្រាលី បានគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំមកហើយ តាមរយៈការស្រាវជ្រាវអំពីពូជស្រូវដែលផ្តល់ទិន្នផលខ្ពស់ និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការប្រើប្រាស់បច្ចេកវិទ្យា និងធាតុចូលកសិកម្មផងដែរ។ ភាពជាដៃគូនេះបានបន្តរហូតមកដល់បច្ចុប្បន្ន ដោយផ្តោតលើការពង្រឹងសមត្ថភាពកែច្នៃផលិផលកសិកម្មក្នុងប្រទេស ការពង្រីកទីផ្សារនាំចេញ និងការលើកកម្ពស់ការអនុវត្តផលិតកម្មប្រកបដោយនិរន្តរភាព។

មេសិទ្ធិមនុស្សកម្ពុជា បង្ហាញពីស្ថានភាពពិតជាក់ស្តែងនៃព្រំដែនកម្ពុជា-ថៃ ជូនប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិក នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស

2026/03/06 06:22:11 pm        119
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំប្រតិភូអន្តរស្ថាប័នកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Rory Mungoven ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ កិច្ចជំនួបនេះបានប្រព្រឹត្តទៅនៅវិមាន Palais des Nations នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ក្នុងឱកាសនោះ ឯកឧត្តម កែវ រ៉េមី បានប្រាប់អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងផលប៉ះពាល់ដល់សិទ្ធិមនុស្ស។ ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ។

សម្ដេចធិបតីឱ្យក្រសួងពាក់ព័ន្ធតាមដានឱ្យជាប់ចំពោះការប្រែប្រួលតម្លៃប្រេងឥន្ធនៈ និងការលក់ដូរក្នុងប្រទេស

2026/03/06 05:59:41 pm        222
ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ទៅក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវតាមឱ្យជាប់ចំពោះការប្រែប្រួលលើបញ្ហាប្រេងឥន្ធនៈ និងបរិមាណនៃការនាំចូលថា ជាពិសតម្លៃលក់ និងការប្រើប្រាស់នៅក្នុងស្រុក ចៀសវាងការដំឡើងថ្លៃហួសហេតុ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម ត្រូវតាមឱ្យជាប់ចំពោះការប្រែប្រួលលើបញ្ហាប្រេងឥន្ធនៈ និងបរិមាណនៃការនាំចូលថា តើមានប្រទេសណាមួយមានបិទការនាំចេញដែរទេ ដើម្បីចាត់វិធានការបន្ទាន់។ សម្ដេចធិបតីថ្លែងថា គ្រប់គ្រងឱ្យទាន់សភាពការណ៍នៅក្នុងការប្រើប្រាស់ក្នុងប្រទេស និងការគ្រប់គ្រងតម្លៃ ខណៈសម្ដេចទទួលបានព័ត៌មានថា មានស្ថានីយប្រេងឥន្ធនៈនៅខេត្តបាត់ដំបងបានតំឡើងថ្លៃដល់៦ពាន់រៀលក្នុង១លីត្រទៅហើយដែលចំណុចនេះត្រូវពិនិត្យមើល។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់កាលពីពេលថ្មីៗនេះថា កម្ពុជាមិនទាន់មានផលប៉ះពាល់កង្វះប្រេងឥន្ធនៈប្រើប្រាស់នោះទេ បន្ទាប់ការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ខណៈកាផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា ភាគច្រើនជាក្រុមហ៊ុនបរទេសធំៗ ដែលបានបន្តនាំប្រេងចូលប្រេងមកទីផ្សារកម្ពុជា៕

សម្ដេចធិបតីគាំទ្រចំពោះការរៀបចំ «ព្រឹត្តិការណ៍នគរសង្ក្រាន្ត» ដោយត្រូវបំផុសសកម្មភាពប្រពៃណីវប្បធម៌ប្រពៃណីជាតិ ចងចាំអំពីវីរកងទ័ព និងពលរដ្ឋភៀសសឹក

2026/03/06 05:29:48 pm        187
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុចា គាំទ្រចំពោះការរៀបចំ «ព្រឹត្តិការណ៍នគរសង្ក្រាន្ត» ឬអង្គរសង្ក្រាន្ត និងពិធីចូលឆ្នាំថ្មីនៅតាមបណ្ដាខេត្តនានា ប៉ុន្ដែហាមការលេងបាញ់ទឹក បាញ់សាប៉ូ តែអាចយកឱកាសនេះមកលេងល្បែងប្រជាប្រិយផ្សេង និងបំផុសប្រពៃណីវប្បធម៌ប្រពៃណីជាតិ ជាពិសេសយកឱកាសនេះរួបរួមគ្នាបំផុសការចង់ចាំអំពីវីរកងទ័ព វីរនគរបាល និងបងប្អូនភៀសសឹកឬអាចទៅជួបសួរសុខទុក្ខពួកគាត់ក្នុងឱកាសនេះផងដែរ។​សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្ដេចធិបតីបានបញ្ជាក់ថា រឿងទឹកដី និងប្រជាពលរដ្ឋ រាជរដ្ឋាភិបាលមិនដែលភ្លេចទេ ទោះបីជាកម្ពុជាធ្វើពិធីអបអរចូលឆ្នាំថ្មីក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចរឿងទឹកដី និងប្រជាជនដែរ ប៉ុន្ដែត្រូវធ្វើពិធីនេះ ដោយបង្ហាញពីការសាមគ្គីភាពជាតិហើយត្រូវរំលេចអំពីបងប្អូនភៀសសឹក និងវីរកងទ័ព និងវីរនគរបាលជាតិ។ បើតាម ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានពន្យល់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៦ខាងមុខនេះ ពុំមែនមានន័យថា ពួកយើងភ្លេចពីវីរកងទ័ពនៅជួរមុខ ឬភ្លេចពីជនភៀសសឹកនៅតាមបណ្ដោយព្រំដែននោះទេ។ ប៉ុន្ដែផ្ទុយទៅវិញ ការរៀបចំគឺដើម្បីប្រមូលកម្លាំងសាមគ្គីជាតិឱ្យកាន់តែរឹងមាំ ជាការបន្តដំណើរការសង្គម ក៏ដូចជាឱកាសស្រូបទាញភ្ញៀវទេសចរ និងការបង្ហាញពីវប្បធម៌ ប្រពៃណីជាតិខ្មែរទៅកាន់បរទេស។ ឯកឧត្តមបញ្ជាក់ដែរថា ការរៀបចំនៅក្នុងឆ្នាំនេះ គឺផ្តោតសំខាន់លើការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ដោយមិនផ្តោតលើសកម្មភាពសប្បាយរីករាយនោះទេ។ លើសពីនេះ ប្រភពចំណូលដែលបានពីផលិតផលរបស់ សសយក នឹងផ្តល់ជូនវីរកងទ័ព និងជនភៀសសឹកទាំងស្រុង។ ចំពោះបណ្ដាក្រុមហ៊ុនឯកជន អាចចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត។សូមជម្រាបថា តាមការគ្រោងព្រឹត្តិការណ៍នគរសង្ក្រាន្ត នឹងរៀបចំឡើងចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦។ ការរៀបចំនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នៅចំណុចទីតាំងមួយចំនួន ដូចជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារ Vattanac មកដល់ផ្សាររាត្រី បរិវេណវត្តបុទុមវត្តី បាសាក់លែន និងបរិវេណផ្សារទួលទំពូង៕

សម្ដេចធិបតី៖ការបង្ក្រាបបទល្មើស Online Scams ជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត

2026/03/06 05:08:08 pm        138
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រាប់ទៅក្រុមឧក្រិដ្ឋជនថា ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) គឺជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃឬពីរថ្ងៃនោះទេ ខណៈការបង្រ្កាបនេះគឺធ្វើយ៉ាងណាដើម្បីមុខមាត់កម្ពុជាមិនអាចឱ្យបញ្ហានេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជានោះទេ។​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់ជាថ្មីថា បញ្ហាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក៏ជាបញ្ហាដែលយើងត្រូវសម្អាតផ្ទះយើង ខណៈការងារនេះរាជរដ្ឋាភិបាលបានខិតខំធ្វើតាំងតែពីអាណត្តិមុនមកម្លេះ ហើយកិច្ចការងារ បង្ក្រាបបទល្មើស Online Scams ជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត សម្ដេចធិបតីប្រាប់ទៅក្រុមឧក្រិដ្ឋជនថា «ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) គឺជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃឬពីរថ្ងៃនោះទេ ខណៈការបង្រ្កាបនេះគឺធ្វើយ៉ាងណាដើម្បីមុខមាត់កម្ពុជាមិនអាចឱ្យបញ្ហា នេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជានោះទេ»។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នុងច្បាប់នេះ ក៏បានកំណត់ និងដាក់ចេញនូវកាតព្វកិច្ចមួយចំនួនចំពោះអ្នកពាក់ព័ន្ធរួមទាំងម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជនផងដែរ។ សម្ដេចធិបតីថ្លែងថា ការអនុវត្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងប៉ះពាល់ផ្ទាល់ទៅដល់ក្រុមអ្នកទទួលផលសេដ្ឋកិច្ចខ្មៅ និងសេដ្ឋកិច្ចប្រផេះ ខណៈចំណូលនៃសេដ្ឋកិច្ចទាំងពីរនេះមិនបានចូលមករាជរដ្ឋាភិបាលឬបដិភាគដល់ GDP កម្ពុជានោះទេ។ សម្ដេចធិបតីក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបង្ក្រាប និងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)នេះបន្តទៀត ដើម្បីរួមគ្នាសម្អាតផ្ទះយើង ខណៈ ការអនុវត្តកន្លងមកនេះទទួលបានលទ្ធផល្អប្រសើរ និងមានការសហការល្អពីគ្រប់ផ្នែករួមទាំងប្រជាពលរដ្ឋផងដែរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាលុបបំបាត់សេដ្ឋកិច្ចខ្មៅ គឺបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងលើកកម្ពស់សេដ្ឋកិច្ចស គឺការធ្វើពាណិជ្ជកម្មស្របតាមច្បាប់ (វិស័យកសិកម្ម ឧស្សាហកម្ម កាត់ដេរជាដើម)។ ក្នុងឱកាសនោះ សម្ដេចធិបតីបានលើកឡើងថា បច្ចុប្បន្ននៅមានសារព័ត៌មានបរទេសមួយចំនួននៅបន្តផ្សព្វផ្សាយខុសពីការពិតជុំវិញការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) របស់កម្ពុជា ប៉ុន្ដែក៏មានសារព័ត៌មានបរទេសជាច្រើនបានផ្សព្វផ្សាយត្រឹមត្រូវពីកម្ពុជាដែរ។ សម្ដេចជំរុញឱ្យបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពដែលសមត្ថកិច្ចបានធ្វើចំពោះការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

រាជរដ្ឋាភិបាលត្រៀមរថយន្ត៦០០គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដោយមិន គិតលុយ

2026/03/06 04:49:29 pm        261
ភ្នំពេញ ៖ ដូចសព្វមួយដងយ៉ាងដូច្នេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងចនួន៦០០គ្រឿង ដើម្បីទុកដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករ កម្មការិនីនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរសម្រាប់ឆ្នាំ២០២៦នេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននារសៀលថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែខិតជិតមកដល់ហើយ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញត្រូវត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីទៅស្រុកកំណើតដោយឥតគិតថ្លៃដូចឆ្នាំមុនៗយ៉ាងដូច្នេះដែរ។ ក្រៅពីបញ្ជាឲ្យរដ្ឋបាល រាជធានីត្រៀមរថយន្តនោះ សម្តេចក៏បានអំពាវនាវឲ្យសប្បុរសជនបន្តជួយឧបត្ថម្ភនំចំណី និងទឹកសុទ្ធដល់ ពួកគាត់ដូចរាល់ដងផងដែរ។​សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬពេលបោះឆ្នោតជាតិរាជរដ្ឋាភិបាលតែងតែត្រៀមរថយន្តក្រុងរាប់រយគ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនី ឬបងប្អូនប្រ ជាពលរដ្ឋពីភ្នំពេញទៅបណ្តាខេត្តនានា និងពីបណ្តាខេត្តមកភ្នំពេញ ខណៈការដឹកជញ្ជូនពួកគាត់ដោយឥតគិតថ្លៃនេះគឺដើម្បីជួយសម្រាល់បន្ទុកខ្លះៗជូនដល់បងប្អូនប្រជាពលរដ្ឋ៕អត្ថបទ ៖ បាន ចក់

សម្តេច ម៉ែន សំអន៖ សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ ដែលផ្តល់នូ​វ​បរិយាកាស​អំណោយ​ផល​អាច​ឱ្យ​ពួកគេ​រស់​នៅ​ប្រកប​ដោយ​សុវត្ថិភាព

2026/03/06 03:33:54 pm        222
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន​សមាគម​នារី​កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវានារី​អន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ​សម្រាប់​ស្ត្រី និងគ្រួសារ» នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។យោងតាមរបាយការណ៍ របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងថា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងបន្តការអនុវត្តការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។ ពិសេស ការចូលរួមគាំទ្រ និងអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីបង្កបរិស្ថានអំណោយផល និងឱកាសឱ្យស្ត្រីបានបន្តចូលរួមយ៉ាងពេញលេញក្នុងការអនុវត្តសិទ្ធិ និងករណីយកិច្ច ព្រមទាំងទទួលបានភាគផលពីកិច្ចអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយសមធម៌ និងសមភាព តាមរយៈការបន្តគិតគូរដល់ស្ត្រីដែលបម្រើការក្នុងវិស័យមាសបៃតង ការដាក់ចេញ នូវផែនការយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យទេសចរណ៍ និងកម្មវិធីអភិវឌ្ឍនានារបស់ក្រសួង។គួរបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងទេសចរណ៍ មានថ្នាក់ដឹកនាំ និងមន្រ្តីរាជការសរុបចំនួន ១,៣១៨ រូប (ស្រ្តី៤៥២រូប ស្មើនឹង៣៤.២៩%) ក្នុងនោះ នៅទីស្តីការក្រសួង មានមន្រ្តីសរុបចំនួន ៨១៧រូប (ស្រ្តី២៦៤រូប ស្មើនឹង ៣២.៣១%) និងនៅមន្ទីរទេសចរណ៍រាជធានី-ខេត្ត មានមន្រ្តីរាជការចំនួន ៥០១រូប (ស្រ្តី១៨៨រូប ស្មើនឹង ៣៧.៥២%)។ ចំណែកឯមន្រ្តីជាប់កិច្ចសន្យាសរុបចំនួន ៥៤៥រូប (ស្រ្តី២៧៩រូប ស្មើនឹង ៥១.២០%) ក្នុងនោះទីស្តីការក្រសួង មានចំនួន ២៤៥រូប (ស្រ្តី១១៩រូប ស្មើនឹង ៤៨.៥៧%) និងនៅមន្ទីរទេសចរណ៍រាជធានី-ខេត្ត មានមន្រ្តីកិច្ចសន្យាចំនួន ៣០០រូប (ស្រ្តី១៦០រូប ស្មើនឹង ៥៣.៣៣%)។ ដោយឡែក កម្លាំងពលកម្មជាស្រ្តីក្នុងវិស័យទេសចរណ៍ មានប្រមាណជិត៦០% នៃកម្លាំងពលកម្មសរុប ដោយស្រ្តីមានវត្តមាននៅគ្រប់សេវាកម្មទាំងអស់នៃវិស័យទេសចរណ៍។មានប្រសាសន៍ក្នុងអង្គពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ដោយបានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែរៀបចំប្រារព្ធទិវានារីអន្តរជាតិ៨មីនា និងបង្កើតឱ្យមានយុទ្ធនាការនានាក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាពនិងឆ្លុះបញ្ចាំងអំពីវឌ្ឍភាពសមិទ្ធផលបញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងសី ដោយបានកំណត់ទិវានេះជាថ្ងៃឈប់សម្រាកផ្លូវការផងដែរ។សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៦នេះ ត្រូវបានប្រាព្ធធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងបង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលអវិជ្ជមានដល់ស្ត្រី និងគ្រួសារ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ៨មីនា (៥-មីនា-២០២៦) ស្ថិរភាពសង្គម និងវិបុលភាពសង្គម។សម្រាប់កម្ពុជា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាសអំណោយផលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការភ័យខ្លាច ការពារស្រ្តីនិងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្រ្តីនិងក្មេងស្រី និងផ្តល់នូវកាលានុវត្តភាពពេញលេញសម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាង និងថែរក្សាសន្តិភាព និងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី ដែលទាំងនេះនឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារនិងសង្គម៕

ក្រសួងការងារ ណែនាំវិធានការ ៦ចំណុច ឱ្យម្ចាស់រោងចក្រ សហគ្រាស​អនុវត្ត​ដើម្បី​ការពារ​សុវត្ថិភាព​កម្មករ​ក្នុងរដូវប្រាំងកើនឡើងកម្ដៅ

2026/03/06 03:23:02 pm        236
ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួង​ការងារបានណែនាំវិធានការ ៦ចំណុចឱ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន​ទាំង​អស់​អនុវត្ត​ដោយ​យកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ​របស់​កម្មករ​និយោជិត​ ដើម្បីការពារកុំឱ្យមាន​បញ្ហាសុខភាព​ណា​មួយ​កើត​ឡើង​អំឡុង​ពេល​បំពេញ​ការងារ​ក្នុង​រដូ​វប្រាំ​ង ដែលមានការកើនឡើងកម្ដៅ។ លោក ស៊ុន មេសា បានឱ្យដឹងនៅថ្ងៃទី៥ ខែមីនាថា វិធានការទាំង៦ចំណុច ដែលក្រសួង​ណែ​នាំ​រួ​ម​មាន​ ទី១៖ ត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និង​បើក​ឱ្យ​ដំណើរការ ឱ្យបានយ៉ាងហោចណាស់ ១ម៉ោង មុនពេល​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ចូល​ធ្វើការ​។​ ទី២៖ បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ នៅកន្លែង​ធ្វើ​ការ​ដែល​មិនមាន លំហូរខ្យល់គ្រប់គ្រាន់នៅពេលអាកាសធាតុកើនកម្ដៅ និងរៀបចំទុក​ដាក់​សម្ភារៈ និង​វត្ថុ​ធាតុ​ដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពកុំឱ្យបាំងប្រភពខ្យល់ចេញចូល។លោក​បានបន្តថា វិធានការទី៣ ត្រូវផ្គត់ផ្គង់​ទឹក​ស្អាត​ឱ្យបានគ្រប់គ្រាន់ស្របតាមការកើនកម្ដៅ​នៃ​អាកាស​ធាតុ ​និងណែនាំដល់កម្មករ និយោជិតឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់ និងយ៉ាងតិច ២លីត្រ ក្នុង ១ថ្ងៃ ព្រមទាំងស្លៀក សម្លៀកបំពាក់សមស្របតាមស្ថានភាពអាកាសធាតុ។ ទី៤ បាញ់​ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដង ក្នុង ១ថ្ងៃ និងត្រូវ​ចាត់​វិធានការ​ផ្សេង​ៗ​ទៀត ​ដើម្បីកាត់បន្ថយកម្ដៅជាបន្ទាន់។អ្នកនាំពាក្យ​រូប​នេះ បានឱ្យដឹងទៀតថា វិធានការទី៥ ក្រសួងក៏បាន​ណែនាំឱ្យ​មាន​ការ​ចាត់​បុគ្គលិក​ទទួល​បន្ទុក​ត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំ នៅកន្លែងធ្វើការ។ និងទី៦ បង្កើនការ​អប់រំ និង​ផ្សព្វផ្សាយអំពីវិធានការការពារសុខភាពជាប្រចាំដល់កម្មករនិយោជិត និងក្រើនរំឭក អំពី​វិធាន​ការ​ទាំងនោះតាមរយៈប្រព័ន្ធជូនដំណឹងជាសំឡេងនៅក្នុងសហគ្រាស គ្រឹះស្ថាន។បន្ថែម​ពី​នេះ លោក ស៊ុនមេសា ការណែនាំវិធានការទាំង៦នេះរំពឹងថា អាច​ជួយ​បង្ការ​ហានិភ័យ​សុខភាព​ដែល​អាចកើតឡើង និងលើកម្ពស់សុវត្ថិភាពសុខភាពកម្មករ។ លោកបានបញ្ជាក់ថា សុខ​ទុក​របស់​បងប្អូនកម្មករនិយោជិតជាសុខទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា ក៏ដូចជាសុខទុក្ខរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ។ ទន្ទឹមនេះ ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អាច​ធ្វើ​ការ​ទំនាក់​ទំនង មកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ "១២៨៦" ឬ "១២៩៧" ឬ ក្រុមតេឡេក្រាម "សម្រាប់និយោជក” (https://t.me/EmployerChat) ឬក្រុមតេឡេក្រាម "សម្រាប់កម្មករនិយោជិត” (https://t.me/KhmerWorkerChat) ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឬអាចដាក់ពាក្យបណ្តឹងតាមនីតិវិធីប្រអប់បណ្តឹងអនាមិករបស់ក្រសួង ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាព និងសុខភាពកម្មករនិយោជិតក្នុងអំឡុងពេលសីតុណ្ហភាពនៅក្នុងសហគ្រាស គ្រឹះស្ថានឡើងកម្ដៅខ្លាំង។ជាថ្មីម្ដងទៀត លោក ស៊ុន មេសា បានជឿជាក់ថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន នឹងចូលរួមអនុវត្ត តាមការណែនាំប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Netanyahu ថាលោកទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយជោគជ័យ
04/24/2026 09:04 PM
លោក Zelenskiy ធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខ
04/24/2026 08:04 PM
មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់
04/24/2026 08:04 PM
សមាជិកសភាហេសបូឡា៖ បទឈប់បាញ់ «គ្មានន័យ» ទេ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល
04/24/2026 08:04 PM
កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីរបស់ UN ស្លាប់ដោយសាររបួស អំឡុងការផ្ទុះ នៅលីបង់
04/24/2026 07:04 PM
ទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់របស់លោក Trumpថា នាវាអ៊ីរ៉ង់ស្ទាក់ចាប់បានមានអំណោយពីចិន
04/24/2026 07:04 PM
អាល្លឺម៉ង់ និងអ៊ីតាលី សង្កត់ធ្ងន់លើការរួបរួម ក្នុងចំណោមសមាជិករបស់អង្គការណាតូ
04/24/2026 07:04 PM
លោក Putinនិយាយថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួននៅតំបន់អាក់ទិក
04/24/2026 07:04 PM
ក្តីបារម្ភ និងភាពមិនច្បាស់លាស់កើតមាននៅអ៊ីរ៉ាក់ ខណៈអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ដុល្លារ
04/24/2026 07:04 PM
គណៈកម្មការស៊ើបអង្កេតតង់ហ្សានី៖ មនុស្សជាង ៥០០នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សាបោះឆ្នោតឆ្នាំមុន
04/24/2026 07:04 PM