ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប.ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
អភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត

ព័ត៌មានជាតិ

អនុប្រធាន EU-ABC លើកទឹកចិត្តឱ្យវិនិយោគិនអឺរ៉ុបមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

2026/03/06 03:06:13 pm        251
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា អនុប្រធាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានលើកទឹកចិត្តដល់វិនិយោគិនសហភាពអឺរ៉ុប ឱ្យមក​ស្វែង​រក​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ ព្រោះស​ហភាព​អឺរ៉ុប​មាន​ភាពវិជ្ជមាន​យ៉ាង​ខ្លាំង​ចំពោះ​ទស្សន​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែលជាទីផ្សារដ៏សំខាន់មួយក្នុងតំបន់អាស៊ាន។ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ BTV នៅថ្ងៃទី០៥ មីនា លោក Noel Clehane អនុប្រធាន ក្រុម​ប្រឹក្សា​ធុរកិច្ចអាស៊ាន-អឺរ៉ុប ( EU-ABC) បាន​លើក​សរសើរ​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​បរិយាកាស​វិនិយោគ​អំណោយផលដល់វិនិយោគិនបរទេស ដោយសារ​រដ្ឋាភិបាល​មាន​គោល​នយោបា​យ​ជា​ច្រើនដែលផ្តល់ផលប្រយោជន៍ និងភាពវិជ្ជមានយ៉ាងខ្លាំងវិនិយោគិន។ ទនឹ្ទមនឹងនេះ ក៏មើលឃើញពី​ការ​ខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កែ​លម្អ​វិធានការ​មួយ​ចំនួន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ពាក់ព័ន្ធនឹងផ្នែកពន្ធដារ។ ក្នុងន័យនេះ លោក​បាន​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​អឺរ៉ុប​ឱ្យមកស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា។លោក Clehane បានសង្កេតឃើញទៀតថា រដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប គឺមាន​ទំនាក់​ទំនង​ដ៏​រឹងមាំ ទាំងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច។ សហភាព​អឺរ៉ុប​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជាតាមរយៈគម្រោងហិរញ្ញប្បទាន និងគម្រោងសំខាន់ៗមួយចំនួនទៀត។ ក្នុង​នៅ​កម្រិត​នយោបាយកម្ពុជាក៏មានទំនាក់ទំនងល្អផងដែរ។ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជារយៈពេលពីរថ្ងៃរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប នៅ​កម្ពុជា បានមើលឃើញពីវិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហការគ្នា រួមមាន ផលិត​កម្ម​កសិ-​ចំណីអាហារ និងអាហារូបត្ថម្ភ ផលិតផលវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង គ្រឿង​ផ្គុំ​អគ្គិសនី​ គ្រឿងសង្ហារឹម ភស្តុភារកម្ម និងការតភ្ជាប់។ បច្ចុប្បន្ន អាជីវកម្មអឺរ៉ុបចំនួន ១៤០០ កំពុង​ប្រតិបត្តិ​ការ​​នៅក្នុងប្រទេសកម្ពុជាដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយនៅក្នុងតំបន់៕ អត្ថបទ៖ ធូ វិរៈ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី៣ ឆ្នាំ២០២៦

2026/03/06 03:00:10 pm        205
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍រថយន្ត (Auto Show) លើកទី៣ ឆ្នាំ២០២៦ នៅ ដឹ ព្រេមៀរ សេនធរ សែនសុខ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦។តាមរយៈសុន្ទរកថាស្វាគមន៍របស់ អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយក ដឺ ព្រេមៀ សេនធ័រ សែនសុខ បានបង្ហាញថា ពិធីតាំង​បង្ហាញពិព័រណ៍រថយន្តនេះ ជាលើកទី៣ មានក្រុមហ៊ុនចូលរួមច្រើនជាងលើកទី២ កាលពីឆ្នាំ២០២៥។ ការរៀបចំតាំង​បង្ហាញពិព័រណ៌រថយន្ត Auto Show លើកទី៣ ​មាន​ក្រុម​ហ៊ុន​រថយន្ត ក៏​ដូច​ជា​ដៃ​គូ​សហការផ្សេងទៀតចូល​រួម​ ៦០ក្រុមហ៊ុន ដែល​ជា​ការ​ប្រមូល​ផ្ដុំ​ក្រុម​ហ៊ុន​ផលិត​រថយន្ត អ្នកលក់ និង​អ្នក​ប្រើប្រាស់ ដើម្បី​ស្វែងយល់​ពី​បច្ចេកវិទ្យា​ផលិត​ផល​ថ្មី ក៏​ដូច​ជា​ទីផ្សារ​សកលនៅ​កម្ពុជា ព្រមទាំង​ជា​ឱកាសទំនាក់​ទំនង​ទៅ​កាន់​អតិថិជន មួយ​វិញ​ទៀត​អ្នក​ប្រើ​ប្រាស់​ក៏នឹង​មាន​ឱកាសទទួល​បាន​នូវ​បទពិសោធន៍ថ្មី ផលិតផល​ថ្មី បច្ចេកវិទ្យាថ្មី រួម​ជា​មួយ​ចំណោះ​ដឹង​ផ្នែករថយន្ត​ស៊េរី​ផង​ដែរ។ក្នុងប្រសាសន៍បើកពិធីបើកនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដី ព្រេមៀ សេនធ័រ សែនសុខ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីពិព័រណ៍រថយន្តជាលើកទី៣ ដើម្បីបង្ហាញពីភាពចម្រុះ សម្បូរបែប និងការវិវឌ្ឍនៃវិស័យយានយន្តក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០២៤ ដែលជាឆ្នាំដំបូង នៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង មកដល់ពេលនេះ យើងបានឃើញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ពីមួយឆ្នាំទៅមួយឆ្នាំ ទាំងការកើនឡើងនៃចំនួនក្រុមហ៊ុនចូលរួម អ្នកចូលរួម ការពង្រីករយៈពេលកម្មវិធី ពី ២ថ្ងៃ ដល់ ៣ថ្ងៃ និងការពង្រីកទំហំទីតាំងកម្មវិធីជាដើម។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា វឌ្ឍនភាពទាំងនេះ ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា វិស័យយានយន្តនៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន និងទំនុកចិត្តកាន់តែខ្លាំងពីសំណាក់អ្នក វិនិយោគ ពាណិជ្ជករ និងអ្នកប្រើប្រាស់។ ការរៀបចំព្រឹត្តិការណ៍នេះ មិនមែនត្រឹមតែជា វេទិកាពិព័រណ៍ តាំងបង្ហាញរថយន្តទំនើបៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់ឱកាសឱ្យក្រុមហ៊ុននាំចូលរថយន្តនានា បានផ្សព្វផ្សាយម៉ាករថយន្តរបស់ខ្លួន បង្កើតភាពទាក់ទាញ និងទំនាក់ទំនងរវាងក្រុមហ៊ុន និងអ្នកប្រើប្រាស់ ដែលជាសក្តានុពលមួយចូលរួមក្នុងការ ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។"ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា វិស័យ យានយន្តក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ កំណើនក្នុងវិស័យ យានយន្ត គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើក ចំហរសេដ្ឋកិច្ចទីផ្សារសេរី និងការបើកទូលាយសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ ព្រមទាំងឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ។" ឯកឧត្តមបានបញ្ជាក់បន្ថែម។សូមបញ្ជាក់ថា ពិព័រណ៍រថយន្តលើកទី៣ រយៈពេល ៣ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៧-៨ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន គ្រី អេធីវ លីវីង រៀបចំឡើងដើម្បីជាការលើកទឹកចិត្តសំរាប់អតិថិជនដែលបានជាវរថយន្ត និងភ្ញៀវកិត្តិយសដែលមកចូលរួមទស្សនានៅថ្ងៃតាំងពិព័រណ៍ នឹងទទួលបានការចាប់ ឆ្នោតយករង្វាន់ផ្សេងៗ និងមានការប្រគុំតន្ត្រីពីតារាល្បីៗ ព្រមទាំងមាន Playground Kids Paradise សំរាប់កុមារលេងកំសាន្តទៀតផង៕ 

ប្រមុខការពារជាតិ៖ ស្ត្រីជាកងទ័ពកម្ពុជា​បានចូលរួម​ការពារជាតិយ៉ាងអង់អាចក្លាហាន​ប្រឆាំង​អំពើ​ឈ្លានពាន

2026/03/06 02:52:54 pm        185
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​ថ្លែង​ថា​ ស្ត្រីជាកងទ័ពកម្ពុជា បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការការពារបូរណភាពទឹកដី ដោយ​ទឹក​ចិត្ត​អង់អាចក្លាហាន ប្រឆាំងទៅនឹងអំពើឈ្លានពានរបស់កងទ័ពថៃ ពិសេស​សង្គ្រាម​កើត​ឡើង​កាល​ពី​ឆ្នាំ​២០២៥កន្លងទៅនេះ ។នៅក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ ​“សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ” ដែលមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ​ជា​ភរិយា​ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានមាន​ប្រសាសន៍​ថា ​ក្នុងអំឡុងជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ចំនួន២លើក កាល​ពី​ឆ្នាំ​២០២៥ កងទ័ពស្ត្រីកម្ពុជា បានប្រគៀកស្មាជាមួយកងទ័ពបុរស ប្រយុទ្ធ​តតាំង​នឹង​សត្រូវ​ឈ្លាន​ពាន ​ក្នុងបុព្វការពារជាតិ និងប្រជាពលរដ្ឋ។ប្រមុខការពារជាតិ បានបន្តថា ការលះបង់ដ៏ធំធេងរបស់ស្ត្រីកម្ពុជានេះ គឺបាន​បង្ហាញ​ពី​វីរភាព​មិន​អាច​កាត់​ថ្លៃ​បាន ខណៈក្នុងកាលៈទេសៈ នៃការប្រយុទ្ធតទល់នោះ ស្ត្រីជាម្ដាយ ជាកូន និងជា​ប្រពន្ធ ​ក៏តែងតែជូនពរលើកទឹកចិត្តដល់ឪពុក កូន ប្ដី និងសាច់ញាតិជាដើម ខិតខំ​ប្រឆាំង​នឹង​អំពើ​ឈ្លាន​ពាន​របស់បច្ចាមិត្ត ដែលសកម្មភាពនេះ គឺពិតជាគួរឲ្យគោរព និងមោទនភាពយ៉ាងក្រៃលែង ។ជាមួយនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះស្ត្រីជាកងទ័ពកម្ពុជា ក្រៅ​ពី​បានហ្វឹកហ្វឺនសមត្ថភាពការពារជាតិ ត្រឹមនៅក្នុងប្រទេសប៉ុណ្ណោះទេ ពួកគេ​ក៏​បាន​ទៅ​ពង្រឹង​បន្ថែម​នៅក្រៅប្រទេស មានប្រទេសជប៉ុន និងអាមេរិកជាដើម ហើយមិនត្រឹមតែប៉ុណ្ណោះ ក្នុង​វិស័យការពារជាតិនេះ ស្ត្រីជាច្រើនរូប បានទទួលតំណែងជាន់ខ្ពស់ ក្នុង​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបន្ថែមថា អ្វីដែលមិនអាចបំភ្លេចបានដែរនោះ កង​ទ័ព​មួក​ខៀវ​ជា​ស្ត្រី​ក​ម្ពុជា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក៏បានទៅចូលរួមថែករក្សាសន្តិភាព នៅ​តាម​បណ្ដា​ប្រទេសមួយចំនួន ដែលទទួលជោគជ័យជាបន្តបន្ទាប់ និងប្រកបដោយមោទនភាព។គួរ​បញ្ជាក់ថា មូលបទនៃទិវាសិទ្ធិនារី ៨មីនា ឆ្នាំនេះ ពិតជាមានសារៈសំខាន់ ស្រប​នឹង​បរិបទ​ជាក់​ស្តែង​ដែ​លស្រ្តី និងកុមារីកម្ពុជាទទូចចង់បាន ពីព្រោះស្រ្តីជាអ្នករងគ្រោះខ្លំាងជាងគេ ពី​សង្រ្គាម​ឈា្លន​ពាន​មកលើអធិបតេយ្យកម្ពុជា ពីសំណាក់ប្រទេសថៃ ហើយទិវាប្រកបដោយអត្ថន័យនេះ មិនត្រឹម​តែជាការរំលឹក នូវស្មារតីតស៊ូដើម្បីសិទ្ធិសេរីភាព និងសមភាពប៉ុណ្ណោះទេ ប៉ុន្តែ ជា​ការ​សម្តែង​នូវ​ការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ “មាតានៃពិភពលោក”។ ស្ត្រី គឺជា​កម្លាំង​ចលករ​ដ៏​សំខាន់ និងមិនអាចខ្វះបាន ដែលបានលះបង់កម្លាំងកាយចិត្ត ជ្រោមជ្រែង​សេដ្ឋ​កិច្ច​គ្រួសារ ​និងសង្គមជាតិ ឱ្យមានភាពស្រស់បំព្រង។គួរបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ សិទ្ធិស្រ្តីត្រូវបានលើកកម្ពស់ ជាបន្ត​បន្ទាប់​រហូត​ដល់​បច្ចុប្បន្ន​។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បាន ចាត់ទុកស្រ្តី​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច និងថា ជួយស្រ្តីដូចជួយខ្លួនឯង។ ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃកម្ពុជា បានថ្លែងថា “ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និង​កក់​ក្តៅ​ជាង​មុន​ ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន”៕ អត្ថបទ បាន សុខរិទ្ធិ 

ក្រសួងសុខាភិបាល បើកការដ្ឋានសាងសង់អគារមិត្តភាពកម្ពុជា-កូរ៉េទី២ នៃមន្ទីរពេទ្យកុមារជាតិ

2026/03/06 02:28:48 pm        154
នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម គីម ឆាងយ៉ុង (H.E. Kim Chang-Yong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាតិ។លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានលើកឡើងថា អគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ គឺជាអគារទី២ ក្នុងគម្រោងទី៣ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដែលជានវានុវត្តន៍ថ្មីមួយទៀត រួមមានទំនើបកម្មបរិក្ខារពេទ្យ សេវាកម្ម និងការបណ្តុះបណ្តាល បច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗ ដើម្បីបម្រើសេវាសុខភាពជូនកុមារកម្ពុជា ប្រកបដោយគុណភាព និងសមធម៌ សំដៅធ្វើឱ្យសុខភាពកុមារ ប្រកបដោយសុខភាព និងសុខុមាលភាព។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្តល់នូវអនុសាសន៍ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជាតិ និងឯកជនទាំងអស់ ត្រូវយកចិត្តទុកក្នុងការអនុវត្ត ការពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈ។ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងការគ្រប់គ្រង និងថែទាំសមិទ្ធផល៖ ត្រូវខិតខំថែទាំអគារ និងបរិក្ខារថ្មីទើបសាងសង់រួចឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែងសម្រាប់បម្រើប្រយោជន៍សាធារណៈជនិរន្តរភាព។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ តាមរយៈស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលតែងតែខិតខំប្រឹងប្រែង សម្របសម្រួលឱ្យទទួលបានហិរញ្ញប្បទាន បន្ថែមគាំទ្រវិស័យសុខាភិបាលកន្លងមក និងនាពេលអនាគត។ សូមបញ្ជាក់ផងដែរថា អគារមន្ទីរពេទ្យបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ មានកម្ពស់ ២៤,៧ម៉ែត្រ ទទឹង ៣៧,៨០ ម៉ែត្រ និងបណ្តោយ ៧៦.៨០ម៉ែត្រ មាន ៥ជាន់ (រាប់ទាំងជាន់ក្រោមដី) គិតជាផ្ទៃក្រឡាសរុបស្មើនឹង ៩,០៥៣ ម៉ែត្រការ៉េ៕អត្ថបទ រដ្ឋា 

អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន ចុះពិនិត្យការរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន នៅ​ខេត្តឧត្តរមានជ័យ

2026/03/06 02:28:26 pm        129
នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និង​និវត្ត​ជន​កម្ពុជា តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជា​អគ្គ​លេខា​ធិការ​ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជន និង​និវត្តជន​ នៅភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ឯកឧត្តម អ៊ុក ឃ្នួច បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និង​បានសំណូមពរដល់បងប្អូនអតីតយុទ្ធជន សូមតាមដាន និងថែរក្សាសុខភាពឱ្យបានល្អ៕

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបាន​កំពុង​ធ្វើ​ការងារ​ការទូត​យ៉ាង​សកម្ម ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ព្រំដែន​ជាមួយ​ថៃដោយសន្តិវិធី

2026/03/06 02:20:41 pm        166
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា មកទល់ពេលនេះ រាជ​រដ្ឋាភិបាល​បាន​កំពុង​ធ្វើ​ការងារ​ការទូតយ៉ាងសកម្ម ដើម្បីឈានទៅរកដំណោះស្រាយព្រំដែនជាមួយថៃដោយសន្តិវិធី ផ្អែក​លើច្បាប់ដោយគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​ថ្លែងតា​ម​រយៈ​សន្និសីទ​សារព័ត៌​មាន​នៅ​ថ្ងៃ​ទី៦ ខែមីនា ឆ្នាំ២០២៦នេះថា ចំពោះមុខបញ្ហានេះ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​ការ​ងារ​ការ​ទូត​យ៉ាង​សកម្មដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្រាបតាម​ស្មារតី​នៃសេចក្តី​ប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលកម្ពុជានិងថៃ​បាន​ឯកភាព​គ្នា​ក្នុង​ការ​គោរព​ព្រំដែន​អន្តរជាតិរវាងប្រទេសទាំងពីរ និងប្រគល់ភារកិច្ច​ជូន​គណៈកម្មការ​ចម្រុះ​ខ័ណ្ឌ​សីម៉ា​ព្រំដែន​គោក (JBC) ដើម្បីវាស់វែងកំណត់ខណ្ឌសីម៉ាឱ្យបានច្បាស់លាស់ ស្របតាមអនុសញ្ញា សន្ធិ​សញ្ញា ​និងច្បាប់អន្តរជាតិ ដើម្បីបើក​ផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ​ភៀសសឹក​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញ​ដោយសុខសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ការការពារបូរណភាពទឹកដី និងការពារប្រជាលរដ្ឋ គឺ​ជា​អាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ទាំងថ្នាក់ដឹកនាំកំពូល ទាំងម​ន្ត្រី​ថ្នាក់​ដឹក​នាំ​ជា​សេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុ​ង​ខិតខំ​យ៉ាង​សកម្ម​បំផុត​ដោយ​មិន​ខ្លាច​នឿយ​ហត់​ក្នុង​ការ​មើលថែទាំប្រជាពលរដ្ឋភៀសសឹក និងការទាមទារ​ឱ្យ​មាន​ដំណោះស្រា​យ​ដោយ​សន្តិ​វិធី​អំពី​បញ្ហា​ព្រំដែនស្របតាមច្បាប់អន្តរជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសង្គត់ធ្ងន់ថា កម្ពុជាប្រកាន់​ជំហរ​ដាច់​ខាត​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយ​គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​រប​ស់​គណៈ​កម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់​ព័ន្ធ​នានា​​ដែល​ភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិន​ទទួលស្គា​ល់​ជា​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

ចិននឹងជួយសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងបង្កើនស្តង់ដារវេជ្ជសាស្ត្រ

2026/03/06 02:10:27 pm        140
ព្រះសីហនុ៖ រដ្ឋាភិបាលចិននឹងជួយកម្ពុជា ក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ ដែលនឹងជួយមន្ទីរពេទ្យកែលម្អបរិយាកាសវេជ្ជសាស្ត្រ និងបង្កើនស្តង់ដារវេជ្ជសាស្ត្ររបស់ខ្លួន។ កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើ លិខិតប្តូរសារ ស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោមក្របខណ្ឌហិរញ្ញប្បទាន ឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានគោលបំណងលើកកម្ពស់គុណភាព និងសមត្ថភាពក្នុងការផ្តល់សេវាសុខាភិបាល ជាពិសេសចូលរួមចំណែកផ្តល់ការគាំពារដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទំនើប ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល។ គម្រោងនេះគ្របដណ្តប់លើការងារសំខាន់ៗរួមមាន៖ សាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានគ្រែសរុបចំនួន ២០០ គ្រែ និងទំហំអគារសរុបចំនួន ១៤ ០០០ ម២ ដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រចាំបាច់ និងគ្រឿងសង្ហារឹម ព្រមទាំងរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានវេជ្ជសាស្ត្រ។ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលតែងតែឈរ ជាមួយកម្ពុជា ដើម្បីជំរុញអភិវឌ្ឍវិស័យសុខាភិបាលឱ្យមានចីរភាព និងសមធម៌។ ពិធីចុះហត្ថលេខានេះ គឺជា សក្ខីភាពមួយនៃការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន ដែលបាន និងកំពុង រួមគ្នាអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់។ជាចុងក្រោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបាន និងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្មថែមទៀត ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃ ខ្ពស់ចំពោះស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងការខិតខំបន្តពង្រឹង និងពង្រីកទំនាក់ ទំនងដ៏ល្អ ដែលបានពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យសម្រេចសមិទ្ធផលជាផ្លែផ្កា កាន់តែច្រើនបន្ថែមទៀត។ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ កម្ពុជា បានបង្ហាញ ក្តីរីករាយណាស់ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ជាមួយ ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាក់ទងនឹងគម្រោងធ្វើឱ្យប្រសើរឡើងចំពោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលទទួលជំនួយពីរដ្ឋាភិបាលប្រទេសចិន ។ឯកឧត្តមបានថ្លែងថាភាគីចិននឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ ដែលនឹងជួយមន្ទីរពេទ្យកែលម្អបរិយាកាសវេជ្ជសាស្ត្រ និងបង្កើនស្តង់ដារវេជ្ជសាស្ត្ររបស់ខ្លួន។ឯកឧត្តមបានបញ្ជាក់ថា៖«ខ្ញុំជឿជាក់ថា ក្រោយបានបញ្ចប់គម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនេះ រួមជាមួយនឹងអគារវេជ្ជសាស្ត្រមិត្តភាពចិន-កម្ពុជាព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពចិន-កម្ពុជាត្បូងឃ្មុំ នឹងចូលរួមចំណែកជាវិជ្ជមានក្នុងការកែលម្អបរិយាកាសវេជ្ជសាស្ត្រសម្រាប់ប្រជាជនកម្ពុជា»៕

អ្នកនាំពាក្យ៖ ក្រុមអ្នកចង់បំបែកបំបាក់ខ្មែរ​កំពុងផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ពាក់​ព័ន្ធ​នឹង​ពលរដ្ឋ​ភៀស​សឹក

2026/03/06 02:01:38 pm        128
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុលនិយម អ្នក​ចង់​បំបែក​បំបាក់​ខ្មែរ កំពុងធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងពលរដ្ឋភៀសសឹក និង​សកម្ម​ភាព​ការងាររបស់រាជរដ្ឋាភិបាលដោយបានប្រឌិត និងក្លែងបន្លំ​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​មាន​ការ​ចលា​ចល​នៅ​ក្នុង​សង្គមជាតិ។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាលបានបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជាថ្មីថា រាជ​រដ្ឋាភិបាល​ និងអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជា​ពលរដ្ឋ​ភៀស​សឹក​ទាំង​ការ​ផ្គត់ផ្គង់សម្ភារៈ ចំណីអាហារ ការគិតគូលើសុខភាព និងស្មារតីរបស់ពួកគាត់។ អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលបានថ្លែងថាមានព័ត៌មានមិនពិត​មួយចំ​នួន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ក្រុម​អ្នក​ចង់​បំបែកបំបាក់ខ្មែរថា ប្រជាពលរដ្ឋភៀសសឹកមិនត្រូវបានយកចិត្តទុកដាក់ និងជួប​ការ​ខ្វះ​ខាត​រាប់តាំងពីទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃឡើងទៅ។ ឆ្លើយតប​នឹង​ការ​លើក​ឡើង​ខុស​ការ​ពិត​នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនសាធារណជនជ្រាបថា ពលរដ្ឋភៀ​ស​សឹក​ដែល​ស្នាក់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​ទទួល​បាន​ការ​យក​ចិត្តទុកដាក់គ្រប់បែបយ៉ាង​ពី​រាជ​រដ្ឋាភិបាល ​តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តនីមួយៗ។ អ្នកនាំពាក្យ​បញ្ជាក់ថា ជាក់ស្តែងប្រជា​ពលរដ្ឋ​ភៀសសឹក​ទាំង​អស់​ត្រូវ​បាន​ផ្តល់​ជូន​នូវ​ជម្រក​សម្រា​ប់​ស្នាក់​នៅ និងការផ្គត់ផ្គង់ស្បៀងអាហារ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវា​សុខាភិបាល​២៤​ម៉ោងនៅនឹងកន្លែង។ និយាយពីទឹកស្អាត ក្រៅពីទឹកបរិសុទ្ធសម្រាប់​ទទួល​ទាន​ដែល​ជា​អំណោយ​ពីសប្បុរសជននានា អាជ្ញាធរក៏បានផ្តល់ជូន​នូវ​ម៉ាស៊ីន​ចម្រោះ​ទឹកធំ​ៗ​ដើម្បី​ផលិត​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​មណ្ឌល​តែ​ម្តង​ដោយ​មាន​បរិមាណ​គ្រប់​គ្រាន់​ និង​គ្មាន​ការខ្វះខាតអ្វីឡើយ។ នៅក្នុងមណ្ឌលនីមួយៗ សមត្ថកិច្ចក៏បានជួយការពារសន្តិសុខ សុវត្ថិភាព​ជូនបងប្អូនទាំងយប់ទាំងថ្ងៃ។ ទាំងគ្រឿងឧបភោគបរិភោគ និងទាំងសេវា​ទាំង​អ​ស់​ត្រូវ​បាន​ផ្តល់​ជូន​ដោយឥតគិតថ្លៃ ក្រោមការទទួលខុ​ស​ត្រូវ​របស់​រាជរដ្ឋាភិបាល​ និង​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ខេត្ត បណ្តាប្រទេសជាមិត្ត អង្គការជាតិនិងអន្តរជាតិ ព្រមទាំងវិស័យឯកជន និង​សប្បុរសជ​នពីគ្រប់ទិសទី។ ឯកឧត្តម ប៉ែន បូណា បានបន្តថា លើសពីនេះ ក្នុងមណ្ឌលសុវត្ថិភាព ក៏មានទាំង​ការ​ផ្តល់​ជូន​នូវ​សេវា​អប់រំ​សម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល ខណៈ​ដែល​កម្ម​វិធី​អប់​រំ​ផ្លូវចិត្តតាមបែបព្រះពុទ្ធសាសនាក៏ត្រូវបានគិតគូរនិងផ្តល់ជូនផងដែរ។ ក្រោមគំនិត​ផ្តួច​ផ្តួម​របស់​លោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត សួនបន្លែ​ក្នុង​មណ្ឌល​ភៀស​សឹក​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង។ ជារួម ប្រជាព​លរដ្ឋ​ភៀស​សឹក​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់មើល​​ថែទាំ​យ៉ាង​ល្អ​ពី​អាជ្ញាធរ​រាជ​រដ្ឋាភិបាល ​ដោយមិ​ន​ឱ្យ​ពួក​គេ​ខ្វះ​ខាត​អ្វី​ដូច​ការ​លើក​ឡើង​ពី​ក្រុម​មនុស្ស​មួយ​ចំនួន​តូច​ដែល​មាន​ចេត​នា​ចង់បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ខ្មែរនោះឡើយ។ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា ក្រៅពីការ​យក​ចិត្ត​ទុក​ដាក់​ផ្គត់ផ្គង់​ជា​សម្ភារៈ និង​គ្រឿងឧ​បភោគ​បរិភោ​គ ដើម្បី​បំពេញតម្រូវការប្រចាំថ្ងៃ បងប្អូនប្រជាពលរដ្ឋ​ភៀសសឹ​ក​ក៏ទទួល​បាននូ​វជំ​នួយ​ផ្នែក​ស្មារតី​តាម​រយៈការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ និងជា​បន្ត​បន្ទាប់​ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ កាកបាទ​ក្រហម​កម្ពុជា ​អង្គទូត អង្គការជាតិនិងអន្តរជាតិ ព្រមទាំងសប្បុរស​ជន​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​ពួក​គេថែមទៀត។ បើតាមអ្នកនាំពាក្យ​រាជរដ្ឋាភិបាល គិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹក​ជាង​៩២%​ហើយ​បាន​វិល​ត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ ម៉ឺននាក់។ នៅ​សល់​ពលរដ្ឋ​ភៀសសឹកជិត ៥ម៉ឺននាក់ទៀតបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ ដោយសារ​តែ​ស្ថានភាពមិនទាន់អំណោយផលពីព្រោះតែមានឧបសគ្គរារាំងដោយបន្លាលួស ឬ​ទូរ​កុង​តឺន័រដែលកងកម្លាំងប្រដាប់អាវុធថៃបានដាក់បិទផ្លូវ៕ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណាព្រះមហាក្សត្រប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

2026/03/06 01:54:58 pm        171
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០.០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) អំពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះរួចមក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយថ្លែងអំណរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលមានខ្លឹមសារថា៖«ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលព្រះរាជសារ និងព្រះរាជទ្រព្យ ចំនួន 50.000 USD (ហាសិបពាន់ដុល្លារអាម៉េរិក) ដែលជាព្រះរាជទានដ៏ថ្លៃថ្លា របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”។ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យដ៏ជ្រះថ្លា ប្រោសព្រះរាជូបត្ថម្ភប្រចាំខែ និងរៀងរាល់ទិវា ៨ ឧសភា ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងក្នុងពេលថ្មីៗនេះ ជួយដល់ប្រជាជនភៀសសឹកកម្ពុជា នៅតាមបណ្តាខេត្ត តាមព្រំដែនកម្ពុជា-ថៃ។ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហា ស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមប្រោសប្រទានពរជ័យ វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕»ខាងក្រោមជាខ្លឹមសារទាំងស្រុង នៃព្រះរាជសារលិខិតរបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសារលិខិតឆ្លើយតបថ្លែងអំណរព្រះរាជគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖

កម្ពុជានឹងរៀបចំ «ភូមិហ្វ្រង់កូហ្វូន» ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

2026/03/06 01:50:34 pm        172
រដ្ឋាភិបាលកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូន-Village Francophone> ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។សេចក្តីជូនដំណឹង ក្រសួងទេសចរណ៍ បានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។សេចក្តីជូនដំណឹងដដែល បន្តថា ៖ «ដើម្បីអបអរសាទរក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូន-Village Francophone> ដើម្បីតាំងបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌នៃប្រទេសសមាជិកអង្គការហ្វ្រង់កូហ្វូនី រួមជាមួយ សក្តានុពលផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍នានា ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ»។ក្រសួងទេសចរណ៍ បានអំពាវនាវដល់ សមាគម ឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ដៃគូអភិវឌ្ឍ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ត្រៀមចូលរួមឱ្យបានច្រើនកុះករ និងជួយផ្សព្វផ្សាយព្រឹត្តិការណ៍ *ភូមិហ្វ្រង់កូហ្វូន-Village Francophone» ខាងលើឱ្យបានទូលំទូលាយ សំដៅទាក់ទាញទេសចរ ឱ្យមកទស្សនា “កម្ពុជា - ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង” កាន់តែច្រើន។ជាមួយគ្នា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកជំទាវកិតិ្តបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង បានចុះត្រួតពិនិត្យទីតាំងផ្ទាល់មួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំ«ភូមិហ្វ្រង់កូហ្វូន»នេះ ដែលជាព្រឹត្តិការណ៍ដ៏ធំ និងមានពន្លាសម្រាប់ប្រទេស និងអង្គការជាតិ និងអន្តរជាតិច្រើនជាង១០០ ចូលរួម។សូមបញ្ជាក់ថា ព្រឹត្តិការណ៍អមចម្បងក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះមានចំនួន២ គឺ «ភូមិហ្វ្រង់កូហ្វូន» (Village Francophone) ដែលមានពន្លាសម្រាប់ប្រទេសចូលរួមបង្ហាញពីវប្បធម៌ និងទេសចរណ៍របស់ខ្លួន អង្គការ និងស្ថាប័នផ្សេងៗ បង្ហាញពីសកម្មភាពការងារ ក៏មានវេទិកាតុមូលលើប្រធានបទមួយចំនួន និង «ហ្វ្រង់កូតេក» (Francotech) ដែលជាជំនួបធុរកិច្ចរវាងធុរជនពីបណ្តាគ្រប់បណ្តាប្រទេសនិយាយភាសាបារាំង៕ អត្ថបទ៖ ធូ វិរៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Netanyahu ថាលោកទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយជោគជ័យ
04/24/2026 09:04 PM
លោក Zelenskiy ធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការសន្តិសុខ
04/24/2026 08:04 PM
មនុស្ស ២នាក់ស្លាប់ អំឡុងការវាយប្រហារតាមអាកាស ខណៈយោធោអ៊ីស្រាអែលចេញការព្រមានជម្លៀស នៅភាគខាងត្បូងលីបង់
04/24/2026 08:04 PM
សមាជិកសភាហេសបូឡា៖ បទឈប់បាញ់ «គ្មានន័យ» ទេ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល
04/24/2026 08:04 PM
កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីរបស់ UN ស្លាប់ដោយសាររបួស អំឡុងការផ្ទុះ នៅលីបង់
04/24/2026 07:04 PM
ទីក្រុងប៉េកាំងច្រានចោលការចោទប្រកាន់របស់លោក Trumpថា នាវាអ៊ីរ៉ង់ស្ទាក់ចាប់បានមានអំណោយពីចិន
04/24/2026 07:04 PM
អាល្លឺម៉ង់ និងអ៊ីតាលី សង្កត់ធ្ងន់លើការរួបរួម ក្នុងចំណោមសមាជិករបស់អង្គការណាតូ
04/24/2026 07:04 PM
លោក Putinនិយាយថា រុស្ស៊ីនឹងការពារផលប្រយោជន៍របស់ខ្លួននៅតំបន់អាក់ទិក
04/24/2026 07:04 PM
ក្តីបារម្ភ និងភាពមិនច្បាស់លាស់កើតមាននៅអ៊ីរ៉ាក់ ខណៈអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ដុល្លារ
04/24/2026 07:04 PM
គណៈកម្មការស៊ើបអង្កេតតង់ហ្សានី៖ មនុស្សជាង ៥០០នាក់ ត្រូវបានសម្លាប់ក្នុងអំពើហិង្សាបោះឆ្នោតឆ្នាំមុន
04/24/2026 07:04 PM