ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

ព័ត៌មានជាតិ

នគរបាលបញ្ជូនជនបើករថយន្តបុក បណ្ដាលឲ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លាប់និងស្រ្តីជាម្ដាយរបួសធ្ងន់ ទៅតុលាការនារសៀលថ្ងៃនេះ

2025/01/12 03:45:08 pm        173
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លាប់និងស្រ្តីម្នាក់ជាប្រពន្ធ រងរបួសធ្ងន់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់នារសៀលថ្ងៃនេះ។នគរបាលបានឲ្យដឹងថា អ្នកបើកបររថយន្តបង្ក មានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅស្ថិតក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី១០ខែមករាឆ្នាំ២០២៥ នៅ ត្រង់ចំណុច លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក TOYOTA TACOMA PICK UP ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-1023 បើកបុក ម៉ូតូម៉ាក HONDA CLICK ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1II- 2330 បណ្តាលឲ្យជនរងគ្រោះឪពុកនិងកូនតូចសរុប០៣នាក់ស្លាប់និងស្រ្តីម្នាក់ជាប្រពន្ធរបួសធ្ងន់៕អត្ថបទ៖ កុម្ភៈ

សម្តេចម៉ែនសំអនអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាអគារទីចាត់ការអគារផ្នែកសម្ភពនៅស្រុករំដួលខេត្តស្វាយរៀងតម្លៃជាង៧២ម៉ឺនដុល្លារ

2025/01/12 03:21:13 pm        111
ស្វាយរៀង ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងនៅថ្ងៃ១២ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាសម្ពោធ អគារសិក្សាអនុវិទ្យាល័យ ខ្វាន់ ស៊ាម សង្កែ និងអគារផ្នែកសម្ពព រោគស្ត្រី ទារក កុមារ និងអគារវះកាត់ នៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅ ស្រុករំដួល ខេត្តស្វាយរៀង ។ ថ្លែងមានប្រសាសន៏ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ។ ឆ្លៀតក្នងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការផ្សព្វផ្សាយ នូវខ្លឹមសារសំខាន់ៗនៃការអបអរសាទរខួបលើកទី ៤៦ ទិវាជ័យជំនះ ៧មករា ដែលថ្លែងដោយសម្តេចតេជោតេជោ ហ៊ុន សែន ដោយបានគូសរំលេចអំពី គុណតម្លៃសន្តិភាព ក្រោមការអនុវត្តនូវ នយោបាយ ឈ្នះ ឈ្នះ របស់សម្តេច ដែលយើងទាំងអស់គ្នាមានកាតាព្វកិច្ចចូលរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា រាជរដ្ឋាភិបាលក្នុងអណាត្តិទី៧ នេះ បានដាក់ចេញនូវគោលនយោបាយ និងការកែទម្រង់ជាច្រើន ដោយផ្ដោតនូវការពង្រឹងគុណភាពវិស័យអប់រំ ការបង្ខិតសាលារៀនឲ្យទៅដល់មូលដ្ឋាន ដើម្បីជួយកាត់បន្ថយពេលវេលា និងជួយសម្រួលដល់ការសិក្សា រួមជាមួយនឹងពង្រឹងគុណភាពសាលារដ្ឋនៅគ្រប់កម្រិតផងដែរ ។ ចំណែកឯ វិស័យសុខាភិបាល រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ លើការសម្រេចឲ្យបានគោលដៅអាទិភាពប្រកបដោយចីរភាពទាក់ទងនឹងសុខភាព ជាពិសេស ការឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ពោលគឺ «គ្មានជនណាម្នាក់ត្រូវគេទុកចោល ដោយមិនទទួលបានសេវាថែទាំសុខភាពឡើយ»។ គួររំលឹកផងដែរថា សមិទ្ធិផលដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការថ្ងៃនេះរួមមាន ៖ អគារសិក្សាចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើរនឹង ១០បន្ទប់ និងអគារទីចាត់ការ ២ខ្នង ស្មើនឹង ៨បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ដែលបានចំណាយទឹកប្រាក់សាងសង់អស់ចំនួន ៥៦២.៧២០$ និង សំណង់អគារមន្ទីរពេទ្យ ១ខ្នង កម្ពស់ ២ជាន់ នៅក្នុងជំហ៊ានទី២នេះ ដែលរួមមាន អគារផ្នែកសម្ភព រោគស្ត្រី ទារក កុមារ និងវះកាត់ ដែលបានចំណាយការសាងសង់អស់ចំនួន ១៦៣.១៥៨ដុល្លារ សរុបថវិកាសាងសង់ស្មើនឹង ៧២៥.៨៧៨$ ៕ ដោយ ៖ ភា សារឹត

គណៈកម្មការផ្សារអូរឫស្សីបានយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ចេញចូលផ្សារ

2025/01/12 01:16:04 pm        56
ភ្នំពេញ៖ កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់នៃគណៈកម្មការផ្សារអូរឫស្សីបានយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាអតិថិជនបានមកផ្សារអូឬស្សីដើម្បីទិញសម្ភារៈរបស់របរប្រើប្រាស់។ជាក់ស្ដែងនាព្រឹក ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥នេះ ផ្សារអូឬស្សី មានបងប្អូនអតិថិជន ក៏ដូចបងប្អូនពលរដ្ឋមួយចំនួនដែល ជាប់ខ្សែស្រឡាយ ចិន បានមកទិញទំនិញ និង សំភារៈ មួយចំនួន ដើម្បីត្រៀមចូលរួមសែនចូលឆ្នាំចិននារពេលខាងមុខនេះ។ លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារ បានបញ្ជាក់ផងដែរថា ក្នុងឪកាសបងប្អូនចេញចូលផ្សារច្រើនកុះករ កម្លាំងសណ្ដាប់ធ្នាប់របស់ផ្សារបានយក ចិត្តទុកដាក់ខ្ពស់លេីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ ដោយបានដាក់កម្លាំងតាមគោលដៅសំខាន់ ៗ ដើម្បីសម្រួលចរាចរណ៍ជុំវិញបរិវេណ ផ្សារ និងសូមការអធ្យាស្រ័យពី បងប្អូន អតិថិជន ដែលអញ្ជើញមកផ្សារអូឬស្សី ក្នុងការទិញទំនិញផ្សេងៗដោយ ជាន់ទី២ នៃ ផ្សារកំពុងតែធ្វេីការ ជួសជុលធ្វេីឱ្យមានការខ្វះខាត ចំណតរថយន្ត ។ ជាចុងក្រោយគណៈកម្មការគ្រប់គ្រង ផ្សារ និងបងប្អូនអាជីវករលក់ដូរទាំងអស់សូមអរគុណ ដល់បងប្អូនដែលបានមកទិញសំភារៈទំនិញ ក្នុងផ្សារអូរឬស្សី សូមឱ្យការធ្វើដំណើររបស់បងប្អូន ប្រកបដោយសុខសុវត្ថិភាព សប្បាយរីករាយគ្រប់ៗគ្នា៕អត្ថបទ៖ កុម្ភៈ

អាជ្ញាធរខណ្ឌច្បារអំពៅ បានបើកយុទ្ធនា ចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម

2025/01/12 12:49:52 pm        100
ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់គិតគូរលើសុខភាពជាអាទិភាព និងមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន នៅដើមខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនា ចុះធ្វើការបាញ់ថ្នាំសម្លាប់មូស នៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម។ជាក់ស្ដែងអាជ្ញាធរខណ្ឌច្បារអំពៅ នៅថ្ងៃសៅទី១១ ខែមករា ឆ្នាំ២០២៥នេះ តាមការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ចុះបាញ់ថ្នាំសម្លាប់សត្វមូស តាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ និងក្នុងភូមិដើមចាន់ និងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ។លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខពួកគាត់ ៕

សម្តេចពិជ័យសេនា៖ ការកើនឡើងចំនួនសិស្សជាប់និទ្ទេស A បង្ហាញពីការរីកចម្រើនវិស័យអប់រំ ក្រោមដំបូលសន្តិភាព

2025/01/12 12:14:12 pm        111
សៀមរាប ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប បានមានប្រសាសន៍ថា ការកើនឡើងនៃចំនួនសិស្សជាប់និទ្ទេសA ពីមួយឆ្នាំទៅមួយឆ្នាំ បានបង្ហាញអំពីការរីកចម្រើនក្នុងវិស័យអប់រំ ក្រោមដំបូលសន្តិភាព។សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាល និងប្រគល់ម៉ូតូ ដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជាប់និទ្ទេសA ចំនួន ២២១នាក់ នៅខេត្តសៀមរាប នារសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៥ ។ សម្តេចពិជ័យសេនា បានមានប្រសាសន៍ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាពេលដែលអង្គការចាត់តាំងរបស់ខ្មែរក្រហម បានបិទបញ្ចប់។ នោះជាពេលដែលកម្ពុជាយើងទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស ហើយសន្តិភាពនេះបានមកដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលរហូតមកដល់ពេលនេះ ប្រទេសយើងទទួលបានសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំ ហើយការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ក៏នាំឲ្យកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យអប់រំ ក៏ជាវិស័យអទិភាពផងដែរ។ សម្តេច ទៀ បាញ់ បន្តថា នៅក្នុងរាជរដ្ឋាភិបាលអណត្តិទី៧ ដែលដឹកនោះដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្តេជ្ញាក្នុងការថែរក្សាសន្តិភាព និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណត់ចក្ខុវិស័យនៅក្នុងការដឹកនាំកម្ពុជា ឆ្ពោះទៅរការរីកចំម្រើន ក្នុងនោះការអប់រំ និងការកសាងធនធានមនុស្សក៏នៅតែជាវិស័យអទិភាពរបស់រាជរដ្ឋាភិបាល។សម្តេចបានបញ្ជាក់ថា ជាក់ស្តែងលទ្ធផលប្រលងបាក់ឌុបរបស់ចៅៗពេលនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស និងការពង្រឹងប្រសិទ្ធភាពការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឲ្យកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ឆ្លើយតបទៅនឹងការរីកចម្រើន ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកម្ពុជាត្រូវឈរលើសក្តានុពលដែលខ្លួនមាន និងបោះជំហានឲ្យទាន់ប្រទេសនៅក្នុងតំបន់ និង បរិការណ៍សកលលោក ជាពិសេសក្នុងស្ថានភាពដែលកម្ពុជាត្រូវប្រឹងរស់ងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យ និង សន្តិភាពរបស់ប្រទេស ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកទឹកចិត្ត និង ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឲ្យបានលទ្ធផលល្អនាពេលអនាគត ព្រមទាំង ធ្វើការចែករំលែកនូវបទពិសោធន៍ ក្នុងការសិក្សាដល់សិស្សប្អូនជំនាន់ក្រោយ ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និង ត្រូវគោរពវិន័យសាលា និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង គោរពច្បាប់ចរាចរណ៍ ។សូមជម្រាបថា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤នេះ នៅខេត្តសៀមរាប មានបេក្ខជនដែលបានមកប្រឡងចំនួន១០.៧៣៦នាក់ ស្រី៦.២៥៧នាក់ ក្នុងនោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន៩.១២៥នាក់ ស្រី៥.៥០៤នាក់ ។ ក្នុងនោះ សិស្សទទួលបាននិទ្ទេស Aចំនួន២២១នាក់ ស្រី១២២នាក់ , និទ្ទេស B ចំនួន៨៦៤នាក់, និទ្ទេស Cចំនួន២០៧១នាក់, និទ្ទេស D មានចំនួន៣.២៩៨នាក់ និង និទ្ទេស E មានចំនួន២.៦៧១នាក់៕

រាជរដ្ឋាភិបាលបាននិងកំពុងកែលម្អលក្ខខណ្ឌរស់នៅតាមសហមន៍ជនបទ លើបញ្ហាអនាម័យនិងទឹកស្អាត

2025/01/12 11:08:28 am        111
កំពង់ធំ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងកែលម្អលក្ខខណ្ឌរស់នៅតាមសហមន៍ជនបទ លើផ្នែកអនាម័យនិងទឹកស្អាត ដែលជាកត្តាសំខាន់នៃ ការលើកកម្ពស់សុខភាព ដើម្បីជួយប្រជាពលរដ្ឋឱ្យមានសុខភាពល្អប្រសើរ តាមរយៈនៃការអនុវត្តបញ្ហាអនាម័យ ដើម្បីជៀសផុតពីជំងឺ ដង្កាត់ផ្សេងៗ។​លោកជំទាវ ជា សិរី ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការរក្សាកុមារ លើកឡើងក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅសាលាបឋមសិក្សា ស្នោ-ឃ្លៃ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៥ នេះថា ប្រទេសកម្ពុជាកំពុងសម្រេច បាននូវវឌ្ឍនភាពជាបណ្តើរៗ ប៉ុន្តែវឌ្ឍនភាពទាំងនេះពុំទាន់គ្រប់គ្រាន់ ដើម្បីបំពេញទៅតាមចំណុចដៅផ្នែកអនាម័យ និងទឹកស្អាតនៅ ឡើយ។ ទោះបីជាប្រព័ន្ធទឹកស្អាតនិងអនាម័យ និងទម្លាប់ប្រើប្រាស់ទឹកស្អាតនិងអនាម័យ មានភាពល្អប្រសើរជាងមុនក៏ដោយ ក៏ កម្ពុជានៅមានអត្រាបន្ទោរបង់ពាសវាលពាសកាលខ្ពស់។ ទម្លាប់បែបនេះនៅបន្តជាបញ្ហាប្រឈមដ៏គ្រោះថ្នាក់មួយ ព្រោះថា វានាំឲ្យ មានការសាយភាយជំងឺយ៉ាងឆាប់រហ័ស និងធ្វើឲ្យកុមារ និងគ្រួសាររបស់ពួកគេ ប្រឈមនឹងហានិភ័យ ដែលនាំឲ្យប៉ះពាល់ដល់ការរស់ នៅជាប្រចាំថ្ងៃ ដូចជាការទៅសាលារៀន ឬការរកទទួលទាន និងការចាយវាយពាក់ព័ន្ធនឹងការព្យាបាលជាដើម។លោកជំទាវ បន្តថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើ វិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផ្នែកអនាម័យនិងទឹកស្អាត ជាអាទិភាព មួយ ជាមួយនឹងចក្ខុវិស័យជំរុញឲ្យមានការទទួលបានទឹកស្អាត និងសេវាអនាម័យជាសកល ឲ្យបានត្រឹមឆ្នាំ២០៣០។ទាក់ទិនគម្រោងខាងលើនេះ, លោកជំទាវ ជា សិរី បានថ្លែងអំណរគុណ ពីដៃគូសហការ គាំទ្រឧបត្ថម្ភជាហិរញ្ញវត្ថុ ក្នុងការ កសាងអគារបន្ទប់ទឹកស្អាតនេះឡើង ព្រមទាំងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជន និងកីឡា លោកស្រីនាយិកា លោកគ្រូ-អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាងអគារបន្ទប់ទឹកស្អាត មានចំនួន ១០ បន្ទប់, ក្នុងនោះ ៥ បន្ទប់ សម្រាប់កុមារី, ៤ បន្ទប់សម្រាប់កុមារា, និង ១ បន្ទប់ សម្រាប់កុមារ មានពិការភាព ដែលនេះគឺជាការចូលរួមលើកកម្ពស់បញ្ហាអនាម័យ គាំទ្រសុខមាលភាពកុមារ និងបង្កើនលទ្ធភាពទទួលបានសេវា អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួន ប្រកបដោយសុវត្ថិភាព សម្រាប់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៅក្នុងសាលា បឋមសិក្សាមួយនេះ៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងមុខងារចាប់ផ្ដើមធ្វើកំណែសន្លឹកកិច្ចការប្រឡងមន្ត្រីពន្ធដារលើវិញ្ញាសាសរសេរលើកទី២

2025/01/12 11:03:31 am        96
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការបេក្ខជនប្រឡងជាមន្ត្រីពន្ធដារ លើវិញ្ញាសាសរសេរលើកទី ២។ ការធ្វើកំណែនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងវត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូប។​ក្រោយបញ្ចប់ការប្រឡងកាលពីម្សិលម៉ិញ ក្រសួងមុខងារសាធារណៈ នៅថ្ងៃនេះ បានចាប់ផ្ដើមដំណើការកំណែលើសន្លឹកកិច្ចការរបស់បេក្ខជនទាំងជាង ៨០០ នាក់ ដែលប្រឡងជាមន្ត្រីចូលបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ។ រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការច្បាប់នៃនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបានកំណត់ថា បន្ទាប់ពីការប្រឡងចប់បានមួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។ការចាប់ផ្ដើមធ្វើកំណែនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងវត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូប។ ការធ្វើកំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីព្រឹកព្រលឹម តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ និងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្តផងដែរ។សម្រាប់ការធ្វើកំណែនេះ គឺប្រើប្រាស់គ្រូកែវិញ្ញាសាមកពីអគ្គនាយកដ្ឋានពន្ធដារសរុបចំនួន ៣៤នាក់ ដែលត្រូវកែលើសន្លឹកកិច្ចការ ជំនាញពន្ធដារ ជំនាញគណនេយ្យ ជំនាញឯកទេសរដ្ឋបាលសាធារណៈ ជំនាញឯកទេសច្បាប់ និងជំនាញឯកទេសសេដ្ឋកិច្ច។ការប្រឡងជ្រើសរើសមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមាន ៣ដំណាក់កាល គឺវិញ្ញាសាសរសេរលើកទី ១ វិញ្ញាសាសរសេរលើកទី ២ និងការប្រឡងវិញ្ញាសាផ្ទាល់មាត់។ បេក្ខជនដែលទទួលបានពិន្ទុខ្ពស់ អាចឆ្លងកាត់ពីការប្រឡងមួយ ទៅការប្រឡងមួយទៀត។ បេក្ខជនដែលទទួលបានពិន្ទុខ្ពស់ សម្រាប់ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ នឹងត្រូវត្រៀមខ្លួនប្រឡងវិញ្ញាសាផ្ទាល់មាត់ នាពេលបន្ទាប់។ ការប្រឡងវិញ្ញាសាផ្ទាល់មាត់ គឺនឹងធ្វើមូលវិចារលើបុគ្គលិកលក្ខណៈរបស់បេក្ខជន ចំណេះដឹងពាក់ព័ន្ធនឹងជំនាញពន្ធដារ ជំនាញឯកទេស ឬគណនេយ្យ ចំណេះដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមុខងារសាធារណៈ ព្រមទាំងសមត្ថភាពជំនាញក្នុងការអនុវត្តការងារ ក្នុងរយៈពេល ១៥ ទៅ ២០នាទី សម្រាប់បេក្ខជននីមួយៗ។ចំនួនជ្រើសរើសចុងក្រោយសម្រាប់ការបំពេញការងារក្នុងអគ្គនាយកដ្ឋានពន្ធដារ គឺចំនួន ២៥៧នាក់ប៉ុណ្ណោះ។អត្ថបទ៖ គឹមហុក 

រដ្ឋបាលខេត្តស្នើដល់ក្រុមកីឡាករកីឡាការនីខិតខំហ្វឹកហាត់ឲ្យទទួលបានលទ្ធផលល្អ

2025/01/12 10:59:57 am        181
ឧត្តរមានជ័យ៖ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ ស្នើដល់ក្រុមកីឡាករកីឡាការនី ទាំងអស់ត្រូវចេះសាមគ្គីភាព មិត្តភាព ចេះអាស្រ័យ រូបរួមគ្នា ប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ ច្បាប់បញ្ញត្តិ និងបទបញ្ជា ការប្រគួត ចាញ់ឈ្នះជារឿងធម្មតា សំខាន់ទៅលើបទពិសោធន៍ សមត្ថភាព បច្ចេកទេស កម្លាំង និងប្រាជ្ញាស្មារតីនៅពេលប្រកួតហើយត្រូវគោរពបទបញ្ជា និងវិន័យពេលប្រកួតល្អប្រសើរ។ការស្នើនេះនៅក្នុងពិធីបិទការប្រកួតកីឡាដើម្បីទាំងអស់គ្នាជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៤ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ នូវរសៀលថ្ងៃទី១១ ខែមករាឆ្នាំ២០២៥។យោងតាមរបាយការណ៍សង្ខេបរបស់លោក បុិច រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ បានឲ្យដឹងថាការរៀចំការប្រកួតកីឡាករ កីឡាការនីដើម្បីទាំងអស់គ្នាជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៤  មានផ្នែកកីឡាវាយកូនលើតុ វាយសី ប៊ូល ប៉េតុង និងបាលទាត់ ឆ្នាំនេះមានក្រុង ស្រុកចំនួន៣បានដាក់ពាក្យ ចូលរួមប្រកួត។ លោកបន្តថា វិញ្ញាសាបាល់ទាត់ បុរស បានចំណាត់ថ្នាក់លេខ១បានទៅលើ វិឡាស្ថាន ខេ អាយ អាយស៊ី ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាករ ម៉ាឌ្រីដ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមកីឡាករមកពី ថៃហ្គីយូណយធីត។លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ការប្រកួតកីឡា គឺជាការជួបជុំគ្នាគ្រប់ មជ្ឈដ្ឋានក្នុងសង្គម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ចេះសហការប្រតិបត្តិការល្អ របស់យុវជនយើង ។ ម្យ៉ាងទៀតបច្ចុប្បន្នគ្រប់វិស័យកីឡាក្នុងខេត្តរបស់យើង ត្រូវបានពង្រឹងនិងពង្រីក ដោយយើងមានកីឡាករកីឡាការនីពោរពេញទៅដោយចិត្តអង់អាចក្លាហាន ស្វាហាប់ តាមបណ្តា ក្រុង ស្រុក យើងមានទីលានសម្រាប់ហ្វឹកហាត់ និងលេងកីឡាផងដែរ។លោកស្រីបានបន្តទៀតថា ការប្រកួតកីឡា នៅពេលនេះមិនមែន ព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ គឺដើម្បីជួយឲ្យ កីឡាករកីឡាការនីម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែករាងកាយចិត្តវិទ្យា សង្គមវិទ្យា តាមបច្ចេកទេសជំនាញ និងសមត្ថភាព ទទួលបាននូវការហ្វឹកហាត់ ពោលគឺត្រូវគឹតពីសុវត្ថិភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌ ការគោរពសិទ្ធិគ្នានៅពេលប្រកួត។លោកស្រី អភិបាលរងខេត្ត បានផ្តាំផ្ញើរដល់ ក្រុមកីឡាករកីឡាការនី ក្មួយៗ សិស្សានុសិស្ស ក៏ដូចជាយុវជនទាំងយុវនារី ទាំងអស់ ត្រូវនាំគ្នាលេង កីឡា ទទួលបាននៅសុខភាពល្អ មានទំនាក់ទំនងល្អ មានសាមគ្គីភាព ដើម្បីជៀសឲ្យផុតអំពីការប្រើប្រាស់គ្រឿងញៀនផងដែរ៕

មនុស្សជាង១៧០០នាក់ រត់រួមគ្នាដើម្បីសប្បុរសធម៌ជួយមន្ទីរពេទ្យកុមារអង្គរ

2025/01/12 10:55:05 am        178
ភ្នំពេញ៖ ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកនៃស្ថាប័នរដ្ឋ និងឯកជនប្រមាណជាង១ ៧០០នាក់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ បានជួបជុំរត់រួមគ្នាដើម្បីសប្បុរសធម៌ ហើយកៀរគថវិកាក្នុងការបរិច្ចាកទៅដល់មន្ទីរពេទ្យកុមារអង្គការ ដែលមានតម្រូវជួយព្យាបាលជំងឺកុមារកម្ពុជា ។ ក្នុងពេលចូលរួមរត់ប្រណាំង ដើម្បីការងារសប្បុរធម៌ដោយមានការចូលរួមពីឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជាផងនោះ ប្រជាពលរដ្ឋ ក្រុមសិល្បករ និងកីឡាករ បានបង្ហាញនូវការសប្បាយរីករាយ ដែលខ្លួនបានចូលរួមជាចំណែកក្នុងការបំផុស និងចូលរួមបរិច្ចាកថវិកា ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ដែលទៅរកសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យកុមារអង្គការ ស្ថិតក្នុងខេត្តសៀមរាប ដោយពួកគេ បានចាត់ទុកសកម្មភាពនេះ គឺជាទង្វើល្អ ហើយប្រជាពលរដ្ឋទូទៅ គួរនាំគ្នាចូលរួមធ្វើ ។បើតាមលោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិនៃធនាគារ CIMB បានលើកឡើងថា ការចូលរួមបរិច្ចាកថវិកាដល់មន្ទីរពេទ្យកុមារអង្គរនេះ ព្រោះមន្ទីរពេទ្យមានការខ្វះខាត ហើយក៏ជាឱកាស ក្នុងការកសាងនូវសេចក្តីល្អ ជាពិសេសចំពោះកុមារ ដែលជាទំពាំងស្នងឫស្សី ដើម្បីឲ្យពួកគេមានសុខភាពល្អ ខណៈដែលកម្មវិធីរត់ពេលនេះ ប្រមូលបានថវិកាប្រមាណជាង ៨ម៉ឺនដុល្លារអាមេរិក ។លោកសាស្ត្រាចារ្យ ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ បានថ្លែងថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យនេះ មានកុមាររាប់សែននាក់ បានទៅរកសេវាព្យាបាល ដែលក្នុងនោះក៏មានជំងឺមហារីកផងដែរ ខណៈមួយឆ្នាំ ត្រូវការថវិកាប្រមាណ ៦លានដុល្លារ ដើម្បីទ្រទ្រង់ដល់សេវាព្យាបាល និងការអប់រំផ្សព្វផ្សាយដល់សហគមន៍ជាដើម ។ លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផុលផុសយ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរ ក្នុងការចូលរួមបរិច្ចាកថវិកាដល់មន្ទីរពេទ្យកុមារអង្គរ ដែលស្មើនឹងប្រមាណជា៣០ភាគរយ នៃការចំណាយក្នុងមួយឆ្នាំៗ ដែលពីមុនពឹងផ្អែកទាំងស្រុង លើមូលនិធិមកពីបរទេស ហើយសម្រាប់ថវិកាជាង ៨ម៉ឺនដុល្លារ បានមកពីកម្មវិធីនេះ នឹងអាចជួយដល់កុមារប្រមាណជាង ២ពាន់នាក់ ៕អត្ថបទ បាន សុខរិទ្ធិ

សារមន្ទីរជាតិកម្ពុជា បើកសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមចំណងជើងថា «ដីមាស»

2025/01/12 10:48:58 am        216
ភ្នំពេញ ៖ សារមន្ទីរជាតិកម្ពុជា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកសម្ពោធពិព័រណ៍មិនអចិន្ត្រៃ ក្រោមចំណងជើងថា «ដីមាស» ជាស្នាដៃគំនូរវិចិត្រកម្មសហសម័យទាំង១៨ផ្ទាំង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។​លោក លាង ស៊ីកន វិចិត្រករ និងម្ចាស់ស្នាដៃទាំងមូលក្នុងកម្មវិធីពិព័រណ៍មិនអចិន្ត្រៃ ក្រោមចំណងជើងថា «ដីមាស» បានលើកឡើងថា «ដីមាស» ផែនដីទាំងមូលដែលនៅក្នុងលំហ ប្រៀបបីដូចគ្រាប់លម្អងដ៏តូចល្អិតដែលអណ្តែតយ៉ាងដូច្នេះដែរ។ ជីវិតអ្នកគូររូបដូចលោក ក៏ជាផ្នែកមួយនៅក្នុងនោះដែរ ហើយគំនូរវិចិត្រកម្មសហសម័យទាំង១៨ផ្ទាំង រួមមាន៖ ទី១.ដីមាស, ទី២.ស្រមោលអតីតកាល, ទី៣.លំហូរទឹកដីមាស, ទី៤.ដែលបានបង្កើតឡើងវិញ, ទី៥.មហិទិ្ធឬទិ្ធភ្នំក្រវាញ, ទី៦.ល្បាប់មាស, ទី៧.ភូមិឋាននៅជនបទ, ទី៨.ទឹកដៃមាស, ទី៩.ជីវភាពគ្រួសារក្នុងផ្ទះអ្នកក្រុង, ទី១០.ប្រាសាទមាសស្រោបពពក, ទី១១.បរិយាកាសសកលប្រែប្រួល, ទី១២.ត្រលប់មកសុវណ្ណភូមិ, ទី១៣.ដកព្រលឹត ចាប់ក្តាម, ទី១៤.សំពះផ្ទឹម, ទី១៥.មាគ៌ានៃបញ្ញាញ្ញាណ, ទី១៦.ឆ្លងគ្នា, ទី១៧.ចាក់សោ និងទី១៨.គ្រុឌប្រលែង និងនាគ។លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ បានថ្លែងថា ថ្ងៃនេះជាកិត្តិយសមួយដែលក្រុមការងារនាយកដ្ឋានសារមន្ទីរ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌសហការសម្របសម្រួល ជូនវិចិត្រករសិល្បៈខ្មែរ លោក លាង ស៊ីកន ដើម្បីដាក់តាំងពិព័រណ៍ស្នាដៃគំនូរវិចិត្រកម្មសហសម័យ នៅក្នុងសាលតាំងរបស់សារមន្ទីរជាតិកម្ពុជា រយៈពេល៨សប្តាហ៍ ក្រោមប្រធានបទ «ដីមាស» ការអនុញ្ញាតក្នុងការផ្តល់ទីតាំងជូនវិចិត្រករសិល្បៈខ្មែរ ដើម្បីដាក់តាំងបង្ហាញស្នាដៃគំនូរវិចិត្រកម្មសហសម័យទាំង១៨ផ្ទាំង របស់វិចិត្រករសិល្បៈខ្មែរ លោក លាង ស៊ីកន ក្រោមប្រធានបទ «ដីមាស» នាពេលនេះធ្វើឡើងក្នុងចេតនាដើម្បីចូលរួមលើកកំពស់ និងផ្សព្វផ្សាយស្នាដៃរបស់វិចិត្រករខ្មែរ ដល់ស្រទាប់មហាជនអោយបានស្គាល់ពីគុណតម្លៃ និងទេពកោសល្យ ដ៏រស់រវើករបស់វិចិត្រករសិល្បៈខ្មែរ។ ហើយអ្វីទាំងនេះក៏ជាឱកាស និងលទ្ធភាពមួយរបស់នាយកដ្ឋានដើម្បីចូលរួមលើកស្ទួយ និងជួយផ្សព្វផ្សាយ ស្នាដៃរបស់វិចិត្រករគំនូរវិចិត្រតាមបែបសហសម័យរបស់ព្រះរាជាណាចក្រកម្ពុជា។ឆ្លៀតក្នុងឱកាសនេះលោក ឆាយ វិសុទ្ធ សូមសម្តែងសេចក្តីថ្លែងអំណរគុណ និងអបអរសាទរចំពោះក្រុមការងារ អ្នកតំណាងចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃរួមគ្នារៀបចំអោយមានកម្មវិធីនេះឡើង។ គំនូរវិចិត្រកម្មទាំងនេះ គឺជាគំនិតច្នៃប្រឌិតថ្មីនៃការរចនាដោយរំលេចអត្ថន័យទាក់ទងទៅនឹងទឹក ដី ភូមិសាស្ត្រ អាកាសធាតុ បរិស្ថាន កំណរកំណើត ជីវៈចម្រុះ វប្បធម៌ ចាស់-ថ្មី សង្គមបច្ចេកវិទ្យា សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ជាពិសេសការវិលត្រឡប់មកវិញនូវរូបចម្លាក់ខ្មែរ ដែលបានបាត់បង់ចេញពីមាតុប្រទេសនាអំឡុងសង្គ្រាមស៊ីវិល៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ហៅការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើអាមេរិកក្នុងការបញ្ចប់សង្គ្រាមថាមិនអាចទទួលយកបានទាំងស្រុង ​
05/11/2026 08:05 AM
ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM