ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ និងក្រសួងអភិវឌ្ឍន៍ជនបទធ្វើសិក្ខាសាលា «ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ»

2025/01/09 03:20:40 pm        201
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងអញ្ជើញ​ជា​អធិបតី​​ដ៏​ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ» ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ក្នុងមតិ​ស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន​ជម្រាប​ជូនអង្គសិក្ខាសាលាថា ស្របតាមអនុលោមស្នូលយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និង​គោលការណ៍ណែនាំ ព្រមទាំង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់ព័ន្ធ​នឹង​ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដែលមានក្រសួងមុខងារសាធារណៈ ជាអ្នកដឹកនាំអនុវត្ត ក្រសួង​អភិវឌ្ឍន៍​ជន​បទ បានខិតខំប្រឹងប្រែងវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ដោយបាន​ពិនិត្យ​នូវ​រាល់​ឯកសារគតិយុត្ត និងភារកិច្ចអនុវត្តជាក់ស្តែង​ចាប់តាំង​ពី​ក្រសួង​កកើត​រហូតម​ក​ដល់​ពេល​បច្ចុប្បន្ន​។ ជាលទ្ធផលក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំបញ្ចប់​នូវ​សេចក្តី​ព្រាង​ឯកសារ​ពាក់ព័ន្ធ​តាម​គោល​ការណ៍​ណែនាំ រួមមាន៖ ១).របាយការណ៍នៃការវិភាគមុខងារ និងធនធាន ២).បញ្ជីមុខងារ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទដែលបានធ្វើបច្ចុប្បន្នភាព ៣).ឯកសារផ្ទៀងផ្ទាត់មុខងារត្រួតស៊ីគ្នា ដែល​ត្រូវ​ផ្ទេរ​ចេញ ឬរៀបចំឱ្យត្រូវតាមអង្គភាព ស្ថាប័ន ៤).អភិក្រមនៃការផ្តល់សេវាសាធារណៈ និ​ង​ការ​ផ្តល់​សេវាផ្សេងៗ ៥).សេចក្តីព្រាងរចនាសម្ព័ន្ធថ្មីនៃក្រសួងអភិវឌ្ឍន៍ជនបទ និង ៦).​សេចក្តី​ព្រាង​អនុ​ក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។សូមជម្រាបថា សិក្ខាសាលាដែលកំពុងដំណើរការនេះ ជាការបន្ត​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ដែល​ជា​ប្រធាន​ស្ថាប័ន និងថ្នាក់ដឹកនាំកម្រិតប្រធានអង្គភាពចំណុះក្រសួងនីមួយៗ ក្នុងគោលបំណង​ចម្បង​ៗ​ចំនួន៣ រួមមាន៖ (១)បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួង បាន​រួមចិត្ត រួមស្មារតី និងរួមកម្លាំងសហការគ្នា ពាក់ព័ន្ធនឹងស្ថានភាពបឋមនៃការវិភាគមុខងារ និង​រចនា​សម្ព័ន្ធរបស់ក្រសួង ស្ថាប័ន (២)បង្កើនកិច្ច​សហប្រតិបត្តិការ​ការងារ​គ្នា​កាន់​តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នា​ទៅ​វិញ​ទៅ​មក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ និង (៣)​ពិភាក្សា​លើ​ការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននីមួយៗ ក្នុង​ឆន្ទៈ​ចូល​រួម​អនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោម​ការ​ដឹកនាំ​ដ៏​ម៉ឺង​ម៉ាត់​ស្វាហា​ប់​របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា​ ជាពិសេសលើការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើក​កម្ពស់​គុណ​ភាព​ការងារ ដែលជាវិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ៕

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ផ្តល់អំណោយមនុស្សធម៌ សម្ភារៈបរិក្ខារពេទ្យដល់​មន្ទីរពេទ្យព្រះកេតុមាលា

2025/01/09 02:21:09 pm        291
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និងក្រុមគ្រួសារបានផ្តល់អំណោយមនុស្សធម៌ ដោយបានបរិច្ចាគ សម្ភារៈ បរិក្ខារពេទ្យ ប្រមាណ១៧ មុខ គិតជាទឹកប្រាក់សរុបមានចំនួន ជាង៧ម៉ឺនដុលារ បានប្រគល់​ជូនដល់មន្ទីពេទ្យ ព្រះកេតុលាមា(១៧៩) ដើម្បីទុកប្រើប្រាស់ក្នុងការពិនិត្យព្យាបាល​ដល់ជំងឺ​កងទ័ព និង ប្រជាពលរដ្ឋ ។សូមបញ្ជាក់ថា សម្ភារៈ បិរក្ខាពេទ្យ ទាំងនេះ ត្រូវបានព្យាបាលលោក​ជំទាវ​អគ្គ​មហា​ឧបាសិកា​ពុទ្ធសាស​នូបត្ថម្ភក៍ យស់ ស៊ីមន មុនលោកជំទាវបានទទួលមរណភាព ។ ឯកឧត្តម ឧត្តមសេនីយ៍​ឯក លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និង ជា​នាយក​មន្ទីរពេទ្យព្រះកេតុមាលា បានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ឹង សំផន ដែលបានបរិច្ចាគ នូវសម្ភារៈ បរិក្ខារពេទ្យ ដល់ មន្ទីរពេទ្យព្រះកេតុមាលា​ដើម្បីទុកជាប្រយោជន៍​សម្រាប់​ពិនិត្យ​ព្យាបាលជំងឺនិង ថែទាំសុខភាព ដល់កងទ័ព និងប្រជាពលរដ្ឋ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី សុវណ្ណ ក៏បានថ្លែងអំណរគុណ ដល់ឯកឧត្តម ម៉ឹង សំផន ជាពិសេសលោកជំទាវ​អគ្គមហា​ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន កាលពីលោកជំទាវនៅមានព្រះជន្ម លោក​ជំទាវ​តែងតែផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋនៅស្រុកចន្រ្ទា ខេត្តស្វាយរៀង ដោយបាន​ជួយសាងសង់មណ្ឌលសុខភាព និង ផ្តល់ឱសថ សម្ភារៈ បរិក្ខារពេទ្យសម្រាប់ព្យាបាលជំងឺ ថែទាំសុខភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ការប្រារព្ធទិវាជ័យជម្នះ៧មករា ធ្វើឡើងក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្ម​ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើប្រជាជនកម្ពុជា

2025/01/09 02:15:13 pm        268
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានមានប្រសាសន៍ថា ការប្រារព្ធខួបនៃទិវាជ័យជម្នះ៧មករាជាប្រវត្តិសាស្រ្តនេះឡើង ក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើប្រជាជន។សម្តេចមហាមន្ត្រី គុយ សុផល ៖ នៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលបានប្រារព្ធឡើងនៅសាលាស្រុកបរិបូណ៌ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាមន្ត្រី គុយ សុផល បានថ្លែងថា ការប្រារព្ធនេះ ក៏ជាការចងចាំនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានប្រយុទ្ធនិងធ្វើពលិកម្មយ៉ាងអង់អាចលើសមរភូមិ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។ ការប្រារព្ធខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្រ្តដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញរួចផុតពីការកាប់សម្លាប់នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង វឌ្ឍនភាពសង្គម។ប្រជាពលរដ្ឋបានអោយដឹងថា៖ ក្នុងពេលយើងទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បានពុះពារគ្រប់ឧបសគ្គក្នុងការពារសន្តិភាពដែលបានមកដោយលំបាកផង និងខិតខំអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យផងដែរ។ នៅក្នុងទឹកដីខេត្តកកំពង់ឆ្នាំង ក៏មិនខុសពីក្រុង រាជធានី ខេត្តក្នុងផ្ទៃប្រទេសនោះទេ សមិទ្ធិផលនានាគ្រប់ទីកន្លែងបានរីកដុះដាលលឿនទាំងនៅទីក្រុង និងនៅតាមបណ្តាស្រុកទាំង៧ ។ ប្រជាជនកម្ពុជាដែលបានឆ្លងកាត់របបវាលពិឃាត និងគុកឥតជញ្ជាំងពោរពេញទៅដោយទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានចាត់ទុកថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ នៃការរស់ឡើងវិញរបស់ខ្លួន។ ប្រជាជនកម្ពុជា បានលើកឡើងថា ប្រសិនបើមិនមានថ្ងៃ៧ មករាទេនោះ ប្រទេសកម្ពុជា ក៏មិនមានសុខសន្តិភាព មានការអភិវឌ្ឍ និងរីកចម្រើន ហើយប្រជាជន ក៏មិនមានភាពសម្បូរសប្បាយ ដូចសព្វថ្ងៃនេះដែរ៕ កាំង ហុងវាស្នា

ពលរដ្ឋច្រើនកុះករបានមកស្នើសុំផ្ដល់លិខិតឆ្លងដែននៅស្នាក់ការខេត្តសៀមរាប ក្រោយបើកដំណើរការជាផ្លូវការ

2025/01/09 02:10:08 pm        209
បន្ទាប់ពីបានបើកសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ទៅ មានបងប្អូនប្រជាពលរដ្ឋច្រើនកុះករបានមកស្នើសុំផ្ដល់លិខិតឆ្លងដែននៅស្នាក់ការខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប The Heritage Walk អគារលេខ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។សូមជម្រាបថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ មានកិត្តិយស ដោយមានកិច្ចសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្តសៀមរាប អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះតទៅ។ ការផ្ដល់សេវា លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ផ្ដើមធ្វើ ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៤:០០រសៀល ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ)។ ចំណែកទីតាំងផ្តល់សេវា៖ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅជាន់ទី២ ផ្សារទំនើប The Heritage Walk អគារលេខ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឬអាចទាក់ទងតាមទូរសព្ទ៖ ០១២ ៩៥៧ ៦៧៩។

រដ្ឋមន្រ្ដីក្រសួងធនធានទឹក៖ អាជ្ញាធរទន្លេសាបសហការជាមួយស្ថាប័នពាក់ព័ន្ធ និងខេត្តបញ្ចប់​ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ និងបោះបង្គោលព្រំតំបន់៣ ជាថ្មីឡើងវិញចំនួន ១២២៤ ចំណុច

2025/01/09 02:01:44 pm        109
ភ្នំពេញ៖ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរទន្លេសាបបានសហការជាមួយបណ្តាក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដោយបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ និងបានបោះបង្គោលព្រំតំបន់៣ ជាថ្មីឡើងវិញចំនួន ១២២៤ចំណុច ដើម្បីការពារដែនព្រៃលិចទឹកនៅជុំវិញតំបន់បឹងទន្លេសាប។ ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាជ្ញាធរទន្លេសាប និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នៅសាលប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា របស់អាជ្ញាធរទន្លេសាប តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងខេត្តជុំវិញតំបន់ទន្លេសាប។ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនកិច្ចប្រជុំ អំពីសារៈសំខាន់របស់បឹងទន្លេសាប ហើយដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់មនុស្សជាតិ តាមរយៈការផ្តល់ធនធានត្រីដ៏សម្បូរបែប និងផ្គត់ផ្គង់ធនធានទឹក ព្រមទាំងសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី និងជាទីជម្រកនៃជីវៈចម្រុះសំខាន់ៗគ្រប់ប្រភេទ ដែលមាននៅតំបន់អាស៊ីទាំងមូល។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីការតាំងចិត្ត ការប្តេជ្ញាចិត្ត និងជំហរដ៏មោះមុត ក៏ដូចជាវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ប្រកបដោយភាពម៉ឺងម៉ាត់ហ្មត់ចត់ ក្នុងការចូលរួមលើកកម្ពស់ប្រសិទ្ធភាព ការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឱ្យសម្រេចបានជោគជ័យ ជាពិសេសក្នុងការអភិរក្ស និងការអភិវឌ្ឍបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃធំធេងសម្រាប់ប្រទេសកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា អនុវត្តតាមការណែនាំ និងចង្អុលបង្ហាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី អាជ្ញាធរទន្លេសាបបានសហការជាមួយបណ្តាក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដោយបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ និងបានបោះបង្គោលព្រំតំបន់៣ ជាថ្មីឡើងវិញចំនួន ១២២៤ចំណុច ដើម្បីការពារដែនព្រៃលិចទឹកនៅជុំវិញតំបន់បឹងទន្លេសាប៕

ក្រសួងរំលឹកម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តពុំទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មរួសរាន់មកដាក់ពាក្យស្នើសុំឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំនេះ

2025/01/09 01:38:54 pm        85
ភ្នំពេញ៖ ក្រោយបានពិនិត្យឃើញថានៅមានយានដ្ឋានមួយចំនួនពុំទាន់បានចុះបញ្ជី និងមានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាននៅឡើយ ជាពិសេសយានដ្ឋានកែច្នៃដំឡើងរថយន្ត ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងរំលឹកដល់ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលពុំទាន់មានលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋាន មេត្តារួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីនិងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មយានដ្ឋាន ឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត។នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី៨ ខែមករានេះ បានឱ្យដឹងទៀតថា បើផុតឱសានវាទនេះ ក្រសួងនឹងផ្អាកជាបណ្តោះអាសន្ននូវការទទួលពាក្យស្នើសុំ ចុះបញ្ជីយានដ្ឋានកែច្នៃដំឡើងរថយន្ត និងចាត់វិធានការចុះបិទទីតាំងដែលគ្មានលិខិតអនុញ្ញាតធ្វើអាជីវកម្ម យានដ្ឋាន ស្របតាមមាត្រា៣២ នៃអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨។ទទួលបានសេចក្តីជូនដំណឹងនេះក្រសួង សង្ឃឹមនិងជឿជាក់ថា ម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តដែលពុំទាន់បានចុះបញ្ជីទាំងអស់ ចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕

ស្ពានថ្ម និងស្ពានឈើចំនួន៥កន្លែង ក្នុងស្រុកអន្លង់វែង បានសាងសង់រួច ​សម្រាប់ ពលរដ្ឋងាយស្រួលធ្វើដំណើរដឹកកសិផល

2025/01/09 01:37:38 pm        138
ឧត្តរមានជ័យ៖ ស្ពានថ្ម និងស្ពានឈើចំនួន៥កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានសាងសង់រួច ​សម្រាប់ពលរដ្ឋប្រើប្រាស់ ធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលទៅមកប្រកបដោយភាពងាយស្រួល។ នេះបើយោងតាមការបញ្ជាក់​ឲ្យដឹងពីលោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ។ជាមួយគ្នានេះដែរឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ​ខេត្តឧត្តរមានជ័យ ​បានដឹកនាំក្រុមការងារ រួមទាំងអាជ្ញាធរមូលដ្ឋានស្រុកអន្លង់វែង បានចុះពិនិត្យជាក់ស្តែង លើកសាងស្ពានថ្ម និងស្ពានឈើចំនួន ០៥កន្លែងរួមមាន៖ ទី១.ស្ពានឈើ ១ កន្លែងសិ្ថតនៅភូមិទួលប្រាសាទ ឃុំថ្លាត ស្រុកអន្លង់វែង មានទទឹង៤ម៉ែត្រគុណនឹងបណ្តោយ ៧៥ម៉ែត្រ។ ទី២.ស្ពានឈើ១នៅភូមិអូស្រឡៅ ឃុំ ថ្លាត មាន ទទឹង៤ម៉ែត្រ បណ្តោយ ៤០ម៉ែត្រ។ទី៣.ស្ពានថ្មនៅភូមិទួលប្រាសាទ ឃុំថ្លាត មានទទឹង៤ម៉ែត្រ បណ្តោយ ២១ម៉ែត្រ។ ទី៤. ស្ពានឈើ មានទទឹង៤ម៉ែត្រ បណ្តោយ៣៦ម៉ែត្រ នៅភូមិរំចេក ឃុំ អន្លង់វែង ទី៥.ស្ពានឈើ នៅភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ​ដែលមានទទឹង៤ម៉ែត្រ.បណ្តោយ ១៨ម៉ែត្រ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមកិតិ្តសង្គហបណ្ឌិត គន់ គីម បានសម្ដែងនូវការវាយតម្លៃ និងកោតសរ​សើខ្ពស់​ចំពោះអាជ្ញាធរ​ដែនដី​មូលដ្ឋានភូមិ​ ឃុំ ស្រុក និង​ខេត្តឧត្តរមានជ័យ ​ដែល​បានខិតខំ​យកចិត្ត​ទុកដាក់ ​ចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ យ៉ាងណាម៉ិញឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំឱ្យរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព​ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់រូប​ដែល​ជាក្រុមការងារចុះជួយ​មូលដ្ឋាន​ស្រុកអន្លង់វែង ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការគ្នាឲ្យបានល្អប្រសើរ ជាមួយក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាខេត្តឧត្តរមានជ័យ​ និងបន្តយកចិត្តទុកដាក់លើកិច្ចការ​អាទិភាព​ក្នុង​ការពង្រឹងសន្តិភាព និង​ស្ថិរភាពនយោបាយ-ការថែរក្សាសន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ​ និងសុវត្ថិភាពសង្គម-ការគ្រប់គ្រង​រដ្ឋបាលដែនដី-ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ-ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន-ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន-ការគ្រប់គ្រងធនធានធម្មជាតិ- និងការចុះបញ្ជីដីធ្លីឲ្យបានលឿន និងឆាប់រហ័សផងដែរ៕ 

ក្រុមប្រឹក្សាកោតសរសើរអាជ្ញាធររាជធានីលើកិច្ចការពារសន្តិសុខ និងបរិស្ថានក្នុងព្រះរាជពិធី​បុណ្យអុំទូក ព្រឹត្តិការណ៍ «សាទរកម្ពុជា» និងព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំ២០២៥

2025/01/09 01:23:56 pm        94
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថានបានល្អប្រសើរក្នុងព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៤ ព្រឹត្តិការណ៍ «សាទរកម្ពុជា» និងព្រឹត្តិការណ៍អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥កន្លងមកនេះ។ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីតំណាង ឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងថា កន្លងមកនេះអាជ្ញាធររាជធានីភ្នំពេញក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងបរិស្ថាន ក្នុងព្រឹត្តិការណ៍ធំៗចំនួន៣បានយ៉ាងល្អប្រសើរ នោះគឺព្រឹត្តិការណ៍នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ព្រឹត្តិការណ៍ «សាទរកម្ពុជា» និងព្រឹត្តិការណ៍អបអរសាទរបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥។ បន្ថែមពីនេះសមាជិកក្រុមប្រឹក្សាសរសើររដ្ឋបាលរាជធានីភ្នំពេញក្នុងឆ្នាំ២០២៤ ក្រោយពិធីបុណ្យធំៗចប់ឃើញថាទីក្រុងស្អាតមានបរិស្ថានល្អលែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ។ ការដោះស្រាយវិវាទដីធ្លី រដ្ឋបាលរាជធានី ក៏បានអនុវត្តបានល្អ។ ចំណែកការផ្តល់សេវាតាមច្រកចេញចូលតែមួយវិញក៏បានអនុវត្តបានល្អប្រសើរផងដែរ ដែលបានបង្ហាញពីជំនឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំង។ក្នុងឱកាសនោះជាការឆ្លើយតបឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីបានលើកឡើងថា ការកោតសរសើររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញលើការងាររបស់អាជ្ញាធររាជធានីភ្នំពេញនេះគឺជាជាការលើកទឹកចិត្ត ដូចជាផ្ដល់កម្លាំងចិត្តឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារកាន់តែល្អបន្តទៀត។ឯកឧត្ដម កើត ឆែ បន្តទៀតថា ការងារចំពោះមុខនេះថ្នាក់ជាតិនឹងទម្លាក់ការងារចំនួន២ទៀតមកឱ្យរដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារជូនប្រជាពលរដ្ឋឱ្យកាន់តែល្អបន្តទៀត នោះគឺការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ឯកឧត្ដមបញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខនេះអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងចុះ MOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយចុះ MOU ជាមួយគ្នាហើយ រាល់កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានអានុភាព អនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។ឮគួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានសម្រេចតែងតាំងមន្ត្រីរាជការចំនួន០២រូបក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញផងដែរ ក្នុងនោះរួមមាន លោក សាំង សុភៈវិចិត្រ ឋានន្តរស័ក្តិ ឧត្តមមន្រ្តី ថ្នាក់លេខ៤ អតីតអភិបាលរងខណ្ឌសែនសុខ ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និងលោក ព្រំ បញ្ញា ឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជានាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស៕

រដ្ឋបាលខេត្តសៀមរាប ជំរុញឱ្យសមត្ថកិច្ចខេត្តអនុវត្តច្បាប់ចំពោះបុគ្គលណាទន្ទ្រានដីតំបន់៣ និងតំបន់ឧទ្យានជាតិ

2025/01/09 01:15:30 pm        132
នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាខេត្តសៀមរាបបានដំណើរការកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៥ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អស់លោកលោកស្រីជាគណៈអភិបាលខេត្ត នាយក ,នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកផងដែរ។ ឯកឧត្តម អភិបាលខេត្តបានគូសបញ្ជាក់ថា ឆ្លងតាមលទ្ធផលដែលរដ្ឋបាលខេត្ត ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ យើងទទួលបានសមទ្ធិផលជាច្រើនគួឲ្យកត់សម្គាល់ ជាមួយគ្នានេះឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរក្រុង ស្រុក និង កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តឱ្យខានតែបានរាល់បទល្មើសដែលតែងកើតមានឡើងនៅក្នុងមូលដ្ឋានខ្លួន ដើមី្បធានានូវសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និង ភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប។ ឯកឧត្តមបន្ថែមថា ដោយរាជរដ្ឋាភិបាលបានបញ្ចប់នូវការកាត់ឆ្វៀលដីនៅតំបន់បីបឹងទន្លេសាប រួចរាល់ ដូចនេះអាជ្ញាធរក្រុង ស្រុកដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ត្រូវអនុវត្តឱ្យបានតឹងរឹងបំផុត ចំពោះបុគ្គលណាដែលបំពានកាប់រានទន្ទ្រាយព្រៃលិចទឹកនៅតំបន់បី បឹងទន្លេសាប ព្រមទាំងជម្រកព្រៃឈើនៃតំបន់ឧទ្យានជាតិត្រូវទទួលទោសទៅតាមច្បាប់។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកដល់មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងទាំងអស់ ត្រូវធ្វើការណែនាំ អប់រំដល់កូនចៅ បងប្អូនសាច់ញ្ញាតិរបស់ខ្លួន ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងក្រុមក្មេងទំនើង ព្រមទាំងបញ្ហាផ្សេងៗ សំដៅលុបបំបាត់ឱ្យអស់នូវប្រពៃណីអន្តរាគមន៍។ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានធ្វើការកោតសរសើរ ចំពោះកងកម្លាំងទាំងបី បានយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្តិភាព និងបរិស្ថាន ក្នុងការលើកកម្ពស់ដល់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ដែលធ្វើឱ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរជាតិ អន្តរជាតិមានការជឿជាក់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផល ដែលរដ្ឋបាលខេត្តសៀមរាប សម្រេចបានប្រចាំឆ្នាំ២០២៤ ព្រមទាំងបានធ្វើការឯកភាពនូវរាល់ប្រសាសន៍របស់ឯកឧត្តម អភិបាលខេត្តបានលើកឡើង ដែលជាវិធានការដ៏ល្អ ក្នុងការអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំ និង ផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ត្រូវចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការអនុវត្តគោលនយោបាយ បញ្ចកោណ ដំណាកាលទី១ របស់រាជរដ្ឋាភិបាលក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីឱ្យសម្រេចជោគជ័យ ដើមី្បបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ខេត្តនៅឆ្នាំ២០២៥ និង អាចសម្រេចបាន ដោយសារការរំពឹងទុកនៃការត្រឡប់មក រកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្តរបស់អ្នកវិនិយោគ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាបាននូវតុល្យភាព។ ឯកឧត្តមក៏បានលើកផងដែរ អំពីវិស័យទេសចរណ៍នៅខេត្តសៀមរាប បានចាប់ផ្តើមមានកំណើនជាបណ្តើរៗឡើងវិញគួឲ្យកត់សំគាល់ និង សំដៅធ្វើការអភិវឌ្ឍខេត្ត លើគ្រប់ហេដ្ឋារចនាសម្ព័ន្ត សមស្របជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ។ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨នេះ ក៏មានបើកកិច្ចប្រជុំសម្ងាត់ ដោយពិនិត្យ ពិភាក្សា និង អនុម័តទៅលើសំណើសុំតែងតាំងមន្ត្រីរាជការ ស៊ីវិល ចំណុះរចនាសម្ព័ន្ធសាលាខេត្តផងដែរ ៕

លោកបណ្ឌិត ទូច សុឃៈ៖ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ជូនពលរដ្ឋនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

2025/01/09 01:04:21 pm        168
យោងតាមមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើង តាមការបោះឆ្នោតអសកល។ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្នុងនាមតំណាងឱ្យប្រជាពលរដ្ឋនៃមូលដ្ឋានរបស់ខ្លូន។ ក្រុមប្រឹក្សា មានអាណត្តិ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មី ចូលកាន់តំណែង។ ផ្អែកតាមច្បាប់ដដែល លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាត្រូវចាត់វិធានការសមស្រប ដើម្បីដោះស្រាយវិវាទនៅមូលដ្ឋានដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ គួរកត់សម្គាល់ថា វិវាទមូលដ្ឋាន គឺជាវិវាទមានលក្ខណៈឯកជនរវាងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាជាមួយគ្នា ឬដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាផ្សេងគ្នា។ ចំណែកឯការដោះស្រាយវិវាទទាំងនោះ ក្រុមប្រឹក្សាត្រូវផ្អែកតាមពាក្យបណ្ដឹងរបស់ភាគីណាមួយឬភាគីទាំងសងខាងនៅក្នុងវិវាទទៅក្រុមប្រឹក្សាដែលភាគីនោះស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងដែនសមត្ថកិច្ច។ បើតាមលោកបណ្ឌិត ទូច សុឃៈ ច្បាប់ក៏បានតម្រូវឱ្យក្រុមប្រឹក្សាសម្រុះសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន ដោយផ្អែកតាមលក្ខណៈដែលអាចទទួលយកបានដោយភាគីនៅក្នុងវិវាទទាំងសងខាង។ ក្នុងករណីភាគីណាមួយក្នុងវិវាទមិនអាចទទួលយកបាននូវការសម្រុះសម្រួលដោះស្រាយ ក្រុមប្រឹក្សាត្រូវណែនាំភាគីនោះអំពីនីតិវិធីតាមផ្លូវច្បាប់សម្រាប់បន្តដោះស្រាយវិវាទនោះ។ លោកបណ្ឌិត បន្តថា ក្នុងករណីមានសំណូមពរ ឬការតវ៉ានានាពីប្រជាពលរដ្ឋ ក្រុមប្រឹក្សាត្រូវពិនិត្យ និងដោះស្រាយសំណូមពរ ឬការតវ៉ានោះឱ្យបានសមស្រប។ ម្យ៉ាងទៀតក្នុងករណីមានសំណូមពរ ឬការតវ៉ា ក្រុមប្រឹក្សាត្រូវចាត់វិធានការដោះស្រាយ រួចហើយត្រូវជូនដំណឹងទៅប្រជាពលរដ្ឋវិញ។ និងករណីមានសំណូម ឬការតវ៉ានោះមិនស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ក្រុមប្រឹក្សាត្រូវរាយការណ៍ជូនក្រសួង ស្ថាប័នមានសមត្ថកិច្ច ឬក្រុមប្រឹក្សាដែលពាក់ព័ន្ធដើម្បីដោះស្រាយ។ យ៉ាងណាក៏ដោយ បើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងការសម្រុះសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន ក្រុមប្រឹក្សាមិនត្រូវធ្វើសេចក្ដីសម្រេចទៅលើបញ្ហាទាំងឡាយណាដែលពាក់ព័ន្ធករណីរួមមាន៖ ១.ការលែងលះ ២.អំពើហិង្សាក្នុងគ្រួសារដែលមានលក្ខណៈជាបទល្មើសឧក្រិដ្ឋ ឬមជ្ឈិម ៣.បទល្មើសឧក្រិដ្ឋ ឬមជ្ឈិមដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ឬករណីដែលស្ថិតនៅក្នុងក្របខ័ណ្ឌសណ្ដាប់ធ្នាប់សាធារណៈ ៤.វិវាទដែលកំពុងដោះស្រាយដោយតុលាការ ឬដែលមានសេចក្ដីសម្រេចពីតុលាការ ៥.វិវាទដែលច្បាប់ ឬដែលរាជរដ្ឋាភិបាលបានកំណត់ឱ្យស្ថាប័ន ឬយន្តការជាក់លាក់ ។ ចំពោះនីតិវិធីក្នុងការដោះស្រាយវិវាទនៅមូលដ្ឋានត្រូវផ្អែកតាមច្បាប់ ឬអនុក្រឹត្យ។ គួររម្លឹកថាក្នុងចំណោមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលមានលក្ខណៈសម្បត្តិចំនួន៧ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព គឺជាលក្ខណៈសម្បត្តិទី៥។ លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមទៀតថា នៅឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងបង្កើនការយកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ជាពិសេសតួនាទីរបស់ក្រុមប្រឹក្សា រួមទាំងការទទួលសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM