ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ

ព័ត៌មានជាតិ

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យ​ពូជសាសន៍​នៅកម្ពុជានោះទេ

2025/01/07 12:03:55 pm        170
ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ថ្លែង​ថា ការលំបាកដោយសារសង្គ្រាមដែលកើតមាននៅតំបន់មួយចំនួន នៃពិភពលោក​ក្នុង​ពេល​បច្ចុប្បន្ន មិនទាន់ស្មើនឹងការលំបាករបស់កម្ពុជា ក្នុងសម័យកាលកម្ពុជាប្រជាធិបតេយ្យ រយៈកាល​៣ឆ្នាំ ៨ខែ ២០ថ្ងៃនោះទេ។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ លើកឡើងថា សម័យកម្ពុជាប្រជាធិបតេយ្យ នៃរបប​ប្រល័យ​ពូជសាសន៍ខ្មែរក្រហម ដែលគេហៅថាជាគុកគ្មានជញ្ជាំងនោះគឺ មិនអាច​រៀបរាប់​ពណ៌នា​អំពី​ការ​លំបាកបានទេ។ ជាការឈឺចាប់បំផុត ដែលជាតិសាសន៍ខ្លួនឯង សម្លាប់​រង្គាល​ជាតិ​សាសន៍​ខ្លួន​ឯង ដោយវិធីសាស្ត្រច្រើនយ៉ាង រួមមានការបង្អត់អាហារ និងបង្ខំឱ្យធ្វើការ​គ្មាន​ពេល​សម្រាក​ជា​ដើម ដែលបណ្តាលមកពីអ្នកនយោបាយដឹកនាំខុស ធ្វើបដិវត្តន៍ខុស។ បើតាមលោកបណ្ឌិត យង់ ពៅ កាលសម័យនោះ គ្មានប្រជា​រាស្ត្រ​ខ្មែរ​ណាអាច​គេច​ផុត​ពី​របប​ខ្មៅ​បាន​ទេ ទុក្ខលំបាកវេទនា មិនអាចបរិយាយបាន រាងកាយមានតែស្បែកដណ្តប់ឆ្អឹង ហើយ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យធ្វើការទាំងគ្មានអាហារ កន្លែងខ្លះបានហុតទឹកបបរ ប៉ុន្តែកន្លែងខ្លះ សូម្បីទឹកបបរ​ក៏​គ្មាន​ដែរ ធ្វើស្រែ ធ្វើដំណាំកសិកម្មផ្សេងៗបានផល តែមិនអាចប្រើប្រាស់ផលនោះបាន។ សម័យនោះ​មិន​មែន​កម្ពុជា​គ្មានអ្វីនោះទេ ប៉ុន្តែ អ្វីដែលមានគឺអង្គការមិនអនុញ្ញាតឱ្យយកទៅប្រើប្រាស់៕

សម្ដេចតេជោ៖ ការផ្ទេរអំណាចរបស់កម្ពុជាជាមេរៀន និងបទពិសោធន៍មួយ ខណៈប្រទេសមួយចំនួនកំពុងជួបប្រទះបញ្ហាស្ថាប័នប្រមុខរដ្ឋ និងរដ្ឋាភិបាល

2025/01/07 12:03:31 pm        240
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា នាព្រឹកនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការផ្ទេរអំណាចរបស់កម្ពុជា បានដ្លាយជាមេរៀន និងបទពិសោសន៍ដ៏ល្អមួយសម្រាប់អ្នកដឹកនាំជំនាន់មុន និងបណ្ដាប្រទេសផ្សេងៗផងដែរ ខណៈបច្ចុប្បន្នប្រទេសមួយចំនួននៅលើសកលលោកកំពុងជួបប្រទះបញ្ហាស្ថាប័ន និងបញ្ហាក្នុងការដឹកនាំរាជរដ្ឋាភិបាលរបស់ខ្លួន។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោយការបោះឆ្នោត ហើយសម្ដេចបានប្រកាសថា នឹងមិនកាន់កាប់តំណែងជានាយករដ្ឋមន្រ្ដីតទៅទៀត ហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ សម្ដេចតេជោ បានចាកចេញពីតំណែងជានាយករដ្ឋមន្រ្ដីជាស្ថាពរ ពេលនេះមានកង្វល់មួយចំនួនបានកើតឡើងចំពោះការផ្ទេរអំណាចដល់អ្នកបន្តវេនជំនាន់ថ្មីនេះ ប៉ុន្ដែឥឡូវនេះមកដល់ពេលនេះរដ្ឋាភិបាលថ្មីបានដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខប្រកបដោយស្ថិរភាព និរន្តរភាព និងមានល្បឿនលឿនជាងមុនទៅទៀត។ សម្ដេចតេជោ បានរម្លឹកថា ប្រវត្តិសាស្រ្ដក៏បានបញ្ជាក់រួចស្រេចទៅហើយថា មនុស្សចាស់មួយចំនួនបាននាំក្មេងវង្វេងផ្លូវ ក្នុងការដឹកនាំប្រទេសជាតិ រាប់ទាំងប្រទេសកម្ពុជាផង តើអ្នកណាជាអ្នកបង្កើតបញ្ហាសម្រាប់ប្រទេសជាតិមួយនេះនៅឆ្នាំ ១៩៧០ នោះគឺជាអ្នកចាស់នោះឯងដែលនាំក្មេងវង្វេងផ្លូវ។ ក៏ប៉ុន្ដែចាប់ពីឆ្នាំ ១៩៧៩មក អ្នកដឹកនាំរបស់កម្ពុជាមិនមានវ័យចំណាស់នោះទេ ហើយបានដឹកនាំកម្ពុជាពីចំណុចសូន្យឡើងវិញរហូតមានការអភិវឌ្ឍ និងបន្តដល់អ្នកដឹកនាំជំនាន់ថ្មីនាពេលនេះប្រកបដោយជោគជ័យ រក្សាបាននូវសន្ដិភាព និងការអភិវឌ្ឍសម្រាប់កម្ពុជា។ សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា៖«នេះគឺជាបទពិសោធន៍មួយ ជាមេរៀនពិសោធន៍មួយទាំងខ្ញុំព្រះករុណាខ្ញុំក្ដី ទាំងថ្នាក់ដឹកនាំដែលបានចាកចេញពីរាជរដ្ឋាភិបាលក្ដី គឺបានធ្វើការលះបង់នូវអំណាចផ្ទាល់ខ្លួន ដោះដូរយកមកវិញនូវសន្ដិភាព និងការអភិវឌ្ឍរយៈពេលវែង។ បទពិសោធន៍នេះ វាក៏ជាផ្នែកមួយនៃដែលសម្ដេចឪរបស់យើង (ព្រះមរមរតនកោដ្ឋ) បានរក្សាទុកឱ្យយើង»។សម្ដេចតេជោ បានរម្លឹកថា អតីតព្រះមហាក្សត្រ សម្ដេចឪ ព្រះមរមរតនកោដ្ឋ ព្រះអង្គបានដាក់រាជ ហើយប្រគល់រាជសម្បត្តិថ្វាយ ព្រះមហាក្សត្របច្ចុប្បន្ន សម្ដេចព្រះបរមនាថនរោត្តមសីហមុនី ស្ថិរភាពរយៈពេល ២០ ឆ្នាំ គឺស្ថិរភាពរាជបាលង្ក ដែលនេះគឺជាស្ថិរភាពនៃស្ថាប័នប្រមុខរដ្ឋដែលបច្ចុប្បន្ននេះ ប្រទេសមួយចំនួនកំពុងពើបប្រទះវិបត្តិស្ថាប័នប្រមុខរដ្ឋផង និងស្ថាប័នរដ្ឋាភិបាលផង ដែលបង្ហាញពីភាពអស្ថិរភាពនៃស្ថាប័នប្រមុខរដ្ឋរបស់ប្រទេសទាំងនោះ។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឈរលើមូលដ្ឋាន តថភាពនេះបានបញ្ជាក់ច្បាស់ថា ការសម្រេចចិត្តរបស់ សម្ដេច និងគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរអម្រែកដឹកនាំទៅឱ្យអ្នកដឹកនាំវ័យក្មេងបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីធានានិរន្តរភាពជាតិ ធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង៕

សម្ដេចតេជោ ដល់ពេលហើយ ត្រូវកសាងច្បាប់កំណត់ក្រុមជ្រុលនិយមជាភេរវករ ដើម្បីការពារសន្តិភាពកម្ពុជា

2025/01/07 11:02:58 am        117
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករានាព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ​និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានយល់ថា វាដល់ពេលហើយ​ដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិត​បង្កើតចលនាប្រឆាំងជ្រុលនិយម ​បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមក​វិនិច្ឆ័យ​ទោស​ដើម្បីការពារសន្តិភាព។សម្ដេចតេជោ មានប្រសាសន៍ថា សន្តិភាព និងការផ្សះផ្សា គឺជាបញ្ហាចម្បងរបស់​ពិភពលោក ខណៈពេលសង្គ្រាមកំពុងតែឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅតាមតំបន់មួយចំនួន ដោយពាក់ព័ន្ធ​នឹងតួអង្គប្រកបដោយសក្តានុពលជាច្រើន ដែល​គម្រាមកំហែង​ដល់អរិយធម៌​មនុស្សជាតិ។ ប្រជាជនដែលរស់នៅក្នុងតំបន់សង្គ្រាមកំពុងស្រែកដង្ហោយ រកសន្តិភាពដែល​ត្រូវធ្វើឱ្យបាត់បង់ទៅ ដោយមិនដឹងថា សន្តិភាពនឹងកើតមានវិញនៅពេលណាឡើយ។សម្ដេចតេជោ មានប្រសាសន៍ថា សម្រាប់កម្ពុជាទោះបីមានសន្តិភាពពេញលេញ ២៦ ឆ្នាំមក​ហើយក្តីក៏សន្តិភាពនៅតែជាបញ្ហា បច្ចុប្បន្នភាពក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ក្នុងពេលដែល​នៅតែមានពួកជ្រុលនិយមមួយចំនួនតូច ព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយ​សតិអារម្មណ៍​ជ្រុលនិយមមកលើសង្គមជាតិកម្ពុជា សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ ​មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលនោះគឺជាការគម្រាមកំហែងពិតដល់សន្តិភាព។សម្ដេចតេជោ ហ៊ុន សែន៖«ខ្ញុំព្រះករុណាខ្ញុំយល់ថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែល​នឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនា​ប្រឆាំងជ្រុល​និយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព»។ក្នុងឱកាសនោះសម្ដេចតេជោ មានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្ស ដូចនេះយើងដឹងច្បាស់ណាស់អំពីសារៈសំខាន់ដែលពុំអាចកាត់ថ្លៃបាននៃសន្តិភាព។ នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយអាស្រ័យហេតុនេះ សូមទាំងអស់គ្នាពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យគង់វង្សជារៀងដរាបលើទឹកដីមាតុភូមិដ៏កម្សត់របស់យើង ហើយមិនអនុញ្ញាតដាច់ខាតឱ្យជនណាឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ៕

សម្ដេចធិបតី៖៧មករាគឺជាថ្ងៃនៃការចងចាំមហាវីរភាពបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន

2025/01/07 10:37:03 am        180
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារ អបអរសាទរ ខួបទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា ថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរ​ទាំងអស់គ្នា សម្ដេច បានបញ្ជាក់ថា ៧មករា គឺជាថ្ងៃនៃការចងចាំមហាវីរភាពដឹងគុណការតស៊ូរបស់​យុវជនជំនាន់មុនបន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន។តាមរយៈសារអបអរសាទរ សម្ដេចធីបតី នាយករដ្ឋមន្រ្ដី បានបង្ហាញនូវការ ចងចាំនូវវីរភាព​ដ៏​អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាក​បំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ​ដើម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ សម្ដេចធិបតីមានប្រសាសន៍ថា៖«៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាពដឹងគុណការតស៊ូរបស់​យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហើយជាមូលដ្ឋានគ្រឹះសម្រាប់​កម្ពុជា​បច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា ​មិនត្រឹមតែជាវាលពិឃាត មកស្គាល់ កម្ពុជា ជាកម្ពុជា​ដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស​ជាទីមនោរម្យសម្រាប់​មនុស្សផងគ្នា»។ សូមជម្រាបថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះជាថ្ងៃខួបលើកទី៤៦ នៃទិវាជ័យជម្នះ​លើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ដែលប្រជាជនកម្ពុជាទូទាំងប្រទេស និងក្រៅប្រទេសនាំគ្នាប្រារព្ធពិធីរម្លឹកខួបនិងអបអរសាទរយ៉ាងខ្ញៀវខ្ញា ចំពោះទិវាប្រវត្តិសាស្ត្រ មិនអាចបំភ្លេចបានរបស់កម្ពុជា។ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលបានរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ ដោយសារការលះបង់សាច់ស្រស់ឈាមស្រស់ តស៊ូរំដោះជាតិរបស់សម្តេចទាំងបី គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ដោយផ្តើមចេញពីថ្ងៃ ២ ធ្នូ ១៩៧៨។ថ្ងៃ ២ ធ្នូ ១៩៧៨ ឥស្សរជនខ្មែរ ទាំង ៣ក្រុម ដែលដឹកនាំដោយសម្តេចទាំងបី ដោយមើលឃើញពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា ត្រូវបង្ខំឱ្យធ្វើការលើសកម្លាំង បង្អត់បាយ បំបាត់សាសនា គ្មានសាលារៀន ពិសេសកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃពីរបបប្រល័យពូជសាសន៍ ឥស្សរជនខ្មែរទាំង ៣ក្រុម បានសម្រេចចិត្តចូលព្រៃតស៊ូ ដើម្បីរំដោះប្រជាជន និងប្រទេសជាតិទាំងមូល។ ការតស៊ូដោយយកសាច់ស្រស់ ឈាមស្រស់ ជាដើមទុនរបស់សម្តេចទាំងបី និងឥស្សរជនខ្មែរ ទីបំផុតទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ នាថ្ងៃ ៧ មករា ១៩៧៩។ក្រោយថ្ងៃរំដោះ ៧ មករា ៧៩ កម្ពុជា ត្រូវខ្ទេចខ្ទីគ្មានសល់ ហេដ្ឋារចនាសម្ព័ន្ធនានាស្ទើក្លាយជាផេះ ប៉ុន្តែកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំងបី ជាប្រមុខ ដោយផ្តើមពីបាតដៃទទេ បានកសាងអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើន និងមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃ ព្រមទាំងនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ជូនប្រជាជន និងជាតិមាតុភូមិនៃយើង។ គុណបំណាច់ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិតជាមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ដែលត្រូវចងចាំក្នុងក្រអៅបេះដូងជានិច្ចនិរន្តរ៍តរៀងទៅ៕

សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃការផ្លាស់ប្តូររបស់កម្ពុជា

2025/01/07 10:27:32 am        144
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជាគឺជានិមិត្តរូបនៃការផ្លាស់ប្តូររបស់កម្ពុជា ហើយសម្តេច បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលខ្មែរទាំងអស់ត្រូវជឿទុកចិត្តចំពោះការដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជាផងដែរ។ក្នុងឱកាសអញ្ជើញដឹកនាំប្រារព្ធពិធីមីទ្ទីងខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧-១-១៩៧០ ៧-១-២០២៥) នៅមហាសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន រំលឹកថា កម្ពុជាដែលបាន ចេញ​ដំណើរពីលេខសូន្យ ​បានសម្រេចសមិទ្ធផលដ៏ត្រចះត្រចងក្នុងការស្តា កសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ធ្វើឲ្យភាពក្រីក្រ​របស់ប្រជាជនត្រូវ​បានកាត់បន្ថយជាបន្តបន្ទាប់​មកក្រោម ១០ភាគរយ មុនពេលមាន វិបត្តិកូវីដ-១៩។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាធ្លាប់ជាប្រទេសត្រូវបានគេ​ហ៊ុមព័ទ្ធ ដាក់ទណ្ឌកម្ម និងឯកោយ៉ាង​អយុត្តិធម៌​នោះ បានធ្វើ​សមាហរណកម្ម​យ៉ាងស៊ី​ជម្រៅនៅក្នុងតំបន់ និងពិភពលោក និងបានក្លាយជាប្រទេស​ដែលអាច​បញ្ជូន​កងកម្លាំងរបស់ខ្លួន​ទៅចូលរួម​ក្នុងបេសកកម្មរក្សាសន្តិភាពនៅប្រទេសជាច្រើន។ដោយសម្តេចតេជោ ​គូសបញ្ជាក់ថា «គ្មានអ្វី​ស្រពេចស្រពិល​នោះទេ​ គឺ​គណបក្សប្រជាជន​កម្ពុជា ជានិមិត្តរូបនៃការផ្លាស់ប្តូរ​របស់​ព្រះរាជាណាចក្រកម្ពុជា»។ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ប្រមុខ​គណបក្សកាន់​អំណាច​ក៏​បានអំពាវនាវ​ដល់​អង្គការ​ចាត់តាំង​គ្រប់ថ្នាក់​ មន្រ្តី សមាជិក សមាជិកា​គណបក្សប្រជាជនកម្ពុជាគ្រប់រូប បងប្អូន​ជនរួមជាតិ បណ្តាគណបក្សនយោបាយ ​និង​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ​សូម​ពង្រឹង​ធ្លុង​មហាសាមគ្គីជាតិ បន្តការពារ​សន្តិភាព ​និង​ចូលរួម​សកម្មភាព​ក្នុង​ការ​អនុវត្ត​កម្មវិធីនយោបាយ និង​យុទ្ធសាស្រ្ត​បញ្ចកោណ-ដំណាក់កាលទី១ ​របស់​រាជរដ្ឋាភិបាល​ឲ្យ​សម្រេច​បាន​នូវ​សមិទ្ធផលធំៗថ្មីៗ​បន្ថែមទៀត នៅក្នុងឆ្នាំ២០២៥​ និងឆ្នំា​បន្តបន្ទាប់ទៀតផងដែរ៕ អត្ថបទបាន ចក់

សម្តេចតេជោ៖ ជនណាដែលប្រឆាំងនឹងថ្ងៃ៧មករា គឺជាជនគាំទ្រឲ្យមានរបបប្រល័យពូជសាសន៍នៅកម្ពុជាឡើងវិញ

2025/01/07 10:01:00 am        101
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជា បានលើកឡើងថា ជនណាដែលប្រឆាំងនូវថ្ងៃ៧ មករា គឺជាជនដែលគាំទ្រឲ្យមានសង្រ្គាម និង របបប្រល័យពូជាសាសន៍នៅកម្ពុជាឡើងវិញ ខណៈថ្ងៃ៧មករានេះគឺជាថ្ងៃដែលបានបើកនូវទំព័រសករាជថ្មីដល់កម្ពុជា គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ សន្តិភាព និងវឌ្ឍនភាពសង្គម។ក្នុងឱកាសអញ្ជើញដឹកនាំប្រារព្ធពិធីមីទ្ទីងខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧-១-១៩៧០ ៧-១-២០២៥) នៅមហាសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ស្មារតី៧មករា បាន​ឆ្លុះបញ្ចាំង​អំពីកម្លាំងមហាសាមគ្គីរបស់ជាតិយើង អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតឥតរាថយ​ចំពោះឧបសគ្គគ្រប់យ៉ាង ដើម្បីភាពគង់វង្សស្ថិតស្ថេរ និងរីកចម្រើនរបស់ជាតិ មាតុភូមិ ព្រមជាមួយនេះ ស្មារតី៧មករា ផ្តល់ឲ្យយើងនូវក្តីសង្ឃឹមជឿជាក់ជានិច្ចចំពោះជ័យជម្នះ។សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា« ៧មករា មានសត្រូវតែ មួយគត់ គឺរបបប្រល័យ​ពូជសាសន៍ ឥឡូវនេះ របបដ៏យង់ឃ្នងនេះត្រូវរលាយបាត់ហើយ ដូច្នេះជនណា ដែលនៅតែប្រឆាំង​នឹង ៧មករា គឺជាអ្នកដែលចង់ឲ្យរបបប្រល័យពូជសាសន៍ ​និងសង្គ្រាមកើតឡើងវិញនៅ កម្ពុជា»។​នៅក្នុងអង្គមីទ្ទីងនោះដែរ​សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ស្មាមញញឹម ៧មករា បានដិតជាប់ជានិច្ច ក្នុងដួងចិត្តរបស់ខ្មែរគ្រប់រូបដែលបានរស់ឡើងវិញ ​ដូច្នេះ​ហើយបានបងប្អូន​ប្រជាពលរដ្ឋខ្មែរបានប្រសិទ្ធនាមថា «៧មករា​ គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន»។ សម្តេចតេជោ បានបន្ថែមទៀតថា ៤៦ ឆ្នាំបានកន្លងផុតទៅ បន្ទាប់ពីការ​ផ្តួល​រំលំរបបប្រល័យ​ពូជ​សាសន៍​ប៉ុល ពត ប៉ុន្តែស្មារតីជ័យជម្នះ ៧ ​មករា នៅតែមានពន្លឺ​ចែងចាំង​ជានិច្ចក្នុងដួងចិត្តរបស់យើង និងបានកំពុងបន្តបំភ្លឺផ្លូវយើងដើម្បីកសាងអនាគតកម្ពុជា​ដ៏រុងរឿង៕អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុង​ឱកាសប្រារព្ធ​មីទ្ទីញ​រម្លឹក​ខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៥)

2025/01/07 08:57:35 am        175
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥នេះ អញ្ជើញជាអធិបតីភាព ក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា(០៧ មករា ១៩៧៩ - ០៧ មករា ២០២៥) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការគោរពចំពោះទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើសកម្មភាពរួមគ្នាក្នុងមហាចលនាជាតិ ផ្តល់ការគាំទ្រពេញទំហឹង ដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ៊្វូណនតេជោ, ការដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA និងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលបានធ្វើឱ្យបរាជ័យនូវ ឧបាយកលរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលប៉ុនប៉ងប្រើប្រាស់បញ្ហាទាំងនេះ ដើម្បី បង្កអស្ថិរភាពនយោបាយ និងការបែកបាក់ជាតិ។-សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។-សម្ដេចតេជោ ហ៊ុន សែន៖ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦ និងបានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ ខាងមុខនេះ។-សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឈរលើមូលដ្ឋានតថភាពនេះបានបញ្ជាក់ច្បាស់ថា ការសម្រេចចិត្តរបស់ សម្ដេច និងគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរអម្រែកដឹកនាំទៅឱ្យអ្នកដឹកនាំវ័យក្មេងបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីធានានិរន្តរភាពជាតិ ធានាសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។-សម្ដេចតេជោ ហ៊ុន សែន៖ ពិតមែនរយៈពេល៤៦ឆ្នាំ បានកន្លងផុតទៅបន្ទាប់ពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុន្តែ ស្មារតីជ័យជម្នះ៧មករា នៅតែមានពន្លឺចែងចាំងជានិច្ចក្នុងដួងចិត្តរបស់យើង និងកំពុងបន្តបំភ្លឺផ្លូវយើង ដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។-សម្ដេចតេជោ ហ៊ុន សែន៖ ៧មករាមានសត្រូវតែមួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះរបបជ័យង់ឃ្នងនេះត្រូវ រលាយបាត់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា។-សម្ដេចតេជោ ហ៊ុន សែន៖ ឆ្លងកាត់ពេលវេលាជាង៥០ឆ្នាំ នៃការបម្រើជាតិ និងប្រជាជននៅក្នុងឱកាសនេះ សម្ដេចបានគូសបញ្ជាក់សង្កត់ធ្ងន់ថែមទៀតជូនជនរួមជាតិថា រដ្ឋប្រហារថ្ងៃ ១៨មីនា ឆ្នាំ ១៩៧០ របស់ពួកលន់ នល់ តាមខ្សែញាក់របស់បរទេស គឺជាឈ្នួននៃ ភ្លើងសង្គ្រាមពេញទំហឹង ដែលបានធ្វើឱ្យសន្តិភាពដែលខ្វះស្ថិរភាពនៅកម្ពុជា ត្រូវបាត់បង់ទាំងស្រុង បង្កនូវ វិនាសកម្មដល់ជាតិដែលពុំអាចគណនាបាន ហើយរុញច្រានឱ្យកម្ពុជាធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជ សាសន៍។-សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ច្បាស់ណាស់ថា បើគ្មានរដ្ឋប្រហារនេះក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តអភិវឌ្ឍក្នុងសន្តិភាព ប្រជាជននឹងមិនត្រូវពួកឃាតករកាប់សម្លាប់រង្គាលនោះឡើយ។-សម្ដេចតេជោ ហ៊ុន សែន មានប្រសាន៍ថា យើងប្តេជ្ញាទប់ស្កាត់នូវរាល់សកម្មភាពដែលនាំទៅរកការដណ្តើមអំណាចដោយរំលោភបំពានរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ខណៈអំពើប្រល័យពូជសាសន៍ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គឺជាតថភាពប្រវត្តិសាស្ត្រមួយ។ រីឯជ័យជម្នះថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលបានរំដោះជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ គឺជាតថភាពប្រវត្តិសាស្ត្រមួយទៀត។-សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ស្ថាប័នមានសមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងការអនុវត្ត ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យឱ្យបានម៉ឺងម៉ាត់បំផុត។-សម្ដេចតេជោ ហ៊ុន សែន យល់ថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។-សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ។-សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា លើមូលដ្ឋានជ័យជម្នះ ៧មករា បានធ្វើឱ្យកម្ពុជា ដែលបានធ្លាក់ចេញពីគន្លងអភិវឌ្ឍន៍ ហើយ ត្រូវដើរថយក្រោយរាប់សិបឆ្នាំនោះកំពុងបានពង្រឹង និងពង្រីកខ្លួនឡើងវិញ ក្នុងជំហរឈានឆ្ពោះទៅមុខ ស្របតាមក្រឹត្យក្រមនៃអភិវឌ្ឍន៍សង្គម ដែលបានផ្តល់នូវមនុញ្ញផលដ៏វិសេសវិសាលដល់ប្រជាជនគ្រប់ៗរូប ឱ្យរស់នៅក្នុងសន្តិភាព សេរីភាព សេចក្តីថ្លៃថ្នូរ និងមានសេចក្តីសង្ឃឹមចំពោះអនាគត។-សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ភាពជាម្ចាស់របស់ប្រជាជន លើជោគវាសនាប្រទេសជាតិ គឺជាកត្តាសម្រេចនូវជ័យជម្នះរបស់ប្រជាជាតិយើង។-សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា សម្ដេចនិងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ស្ថិតនៅជាមួយប្រជាជនជានិច្ច និងបន្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសេចក្តីសុខរបស់ប្រជាជន និងវឌ្ឍនភាពរបស់ ប្រជាជាតិខ្មែរ។-សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ អំពាវនាវដល់អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប បងប្អូនជនរួមជាតិ បណ្តាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ពង្រឹងធ្លុងមហាសាមគ្គីជាតិ បន្តការពារសន្តិភាព និងចូលរួមសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានសមិទ្ធផលធំៗថ្មីៗច្រើនថែមទៀត ក្នុងឆ្នាំ ២០២៥នេះ។

ខេត្តស្វាយរៀងប្រារព្វខួបលើកទី៤៦ថ្ងៃមហាជ័យជម្នះ ៧មករាឆ្នាំ១៩៧៩

2025/01/07 08:55:02 am        139
ស្វាយរៀង÷ រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះបានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃមហាជយ័ជម្នះ ៧មករាឆ្នាំ១៩៧៩ ថ្ងៃ៧មករា ឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅសាលាខេត្តក្រោមវត្តមានឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិសាអភិបាលខេត្តស្វាយរៀងព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការជុំវិញសាលាខេត្តសាលាក្រុងស្វាយរៀង កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនពលរដ្ឋក្នុងសង្កាត់ទាំង៧របស់ក្រុងស្វាយរៀងប្រមាណជាង៣ពាន់នាក់ផងដែរ។ ឯកឧត្តម ប៉េង ពោធិសាអភិបាលខេត្តស្វាយរៀង បានអានសារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលមានខ្លឹមសាយ៉ាងដូច្នេះថា ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៦ នៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាស្រ្តប៉ុល ពត ថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះប្រទេសជាតិ និងពលរដ្ឋឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីការទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលកម្ពុជាពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ស្ថិតក្នុងអង្គញមិទ្ទិញជាប្រវត្តិសាស្ត្រនៅព្រឹកថ្ងៃទី៧ ខែមករានេះដែរ ឯកឧត្តម ប៉េង ពោធិសាក្នុងនាម ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងនិងពលរដ្ឋខេត្តស្វាយរៀង សូមលំឪនកាយគោរពវិញ្ញាណខន្ធ័ វីរៈយុទ្ធជនវីរៈយុទ្ធនារី និងអ្នកស្នេហាជាតិ ដែលបាន ធ្វើពលី កម្មបូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិតក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងពលរដ្ឋឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យដែលពោរពេញទៅដោយឈាម ទឹកភ្នែក រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រាល់គំរូវីរភាពនៃការពលិកម្មមិនអាចកាត់ថ្ងៃបាន ក្នុងនាមយើងខ្ញុំថ្នាក់ដឹកនាំមន្ត្រីរាជការសុំធ្វើការចងចាំនិងបន្តថែរក្សា ថ្ងៃ៧មករា ឲ្យបានជាប់នៅក្នុងក្រៅបេះដូងគ្រប់ៗគ្នាក្រោមម្លប់សន្តិភាព នៃគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។ ផ្សារភ្ជាប់ទៅនឹងអង្គមិទ្ទិញខួបលើកទី៤៦ ថ្ងៃមហាជ័យជំនះ ៧មករា ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្ត ក៏បានផ្ដល់អំណោយជូនអតីតយុទ្ធជន យុទ្ធនារី និងគ្រួសារមានគុណបំណាច់ចំនួន២០ រូបដែលម្នាក់ៗទទួលបានឃីត១កញ្ចប់និងថវិកាមួយចំនួន។ ដោយ ÷ ភា សារឹត  

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមករា ដើម្បីលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី

2025/01/06 08:47:37 pm        102
ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមករា ដើម្បីលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត, នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំក្នុងការបំពេញការងារកន្លងមក សម្រេចបានលទ្ធផលល្អប្រសើរ ទាំងគុណភាពបម្រើសេវា ការដោះស្រាយ ការពង្រឹងសមត្ថភាពមន្រ្តី ធនធានមនុស្ស និងការអភិវឌ្ឍដល់អង្គភាព ដែលមានផែនការច្បាស់លាស់។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមុតស្រួចបន្ថែមទៀត ដោយថ្នាក់ដឹកនាំ ត្រូវដើរតួនាទីយ៉ាងសកម្ម ក្នុងការរៀបចំជាផែនការ គោលគំនិតទាំងបច្ចេកទេស និងក្របខណ្ឌនយោបាយ ដើម្បីបានជាអត្ថប្រយោជន៍ដល់វិស័យ និងប្រទេសជាតិ។ ក្នុងឱកាសដើមឆ្នាំថ្មីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកអំពីតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងនាយកដ្ឋានជំនាញ រហូតដល់មន្ទីរសុខាភិបាល ដែលជាអ្នកសំខាន់ជួយដល់ស្ថាប័ន ក្នុងជំនាញរៀងៗខ្លួន និងត្រូវមានជំហររឹងមាំ ប្រកបដោយប្រសិទ្ធភាព ក្រមសីលធម៌ ថាមពល និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំត្រូវផ្តោតការងារសំខាន់ៗ ឆ្នាំ២០២៥ ដូចខាងក្រោម៖- ត្រូវផ្តោតទៅលើការលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ - កាត់បន្ថយអត្រាឈឺ និងមរណភាពជំងឺរបេង ឱ្យបានច្រើនបំផុត នៅឆ្នាំ២០៣០- ត្រូវសម្រេចឱ្យបានគោលដៅជំងឺអេដស៍ ៩៥ ៩៥ ៩៥ នាឆ្នាំ២០២៥ - ទប់ស្តាត់ជំងឺគ្រុនឈាម ដោយសូមបង្កើនការប្រុងប្រយ័ត្ននៅឆ្នាំ២០២៥ ជាបន្តទៀត សម្រាប់ការព្យាករណ៍ ដែលអាចនឹងមានការផ្ទុះឡើងក្នុងឆ្នាំបន្ទាប់នេះ- បន្តកាត់បន្ថយអត្រាមរណភាពមាតា និងទារក- ខិតខំដើរឆ្ពោះទៅមុខ នូវសុខាភិបាលឌីជីថល- កាត់បន្ថយជារឿយៗ ក្នុងសហគមន៍ និងហានីភ័យដូចជាការពុលផ្សេងៗ- អំពីសុខភាពបឋម ត្រូវឱ្យកាន់តែមុតស្រួចបន្ថែមទៀត- ជំរុញ និងបង្កើនសារអប់រំសុខភាពឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ- ពិនិត្យគោលដៅសំខាន់ៗបំផុត ដូចគ្រោះថ្នាក់មិនសមហេតុផល ដែលអាចជួយសង្គ្រោះបាន ជាពិសេសក្នុងមន្ទីរពេទ្យ ដោយត្រូវអនុវត្ត ពេញ៣ «ពេញម៉ោងការងារ ពេញសមត្ថភាព និងពេញការទទួលខុសត្រូវ»។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ត្រូវខិតខំអនុវត្តបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដែលបានដាក់ចេញ៕ អត្ថបទ រដ្ឋា

អង្គភាពប្រឆាំងអំពើពុករលួយប្រារព្វខួបលើកទី៤៦ ទិវាជ័យជម្នះ ៧ មករា

2025/01/06 08:00:50 pm        175
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមករានេះ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃអង្គភាពប្រឆាំងអំពើពុករលួយ បានប្រារព្វខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ - ៧ មករា ២០២៥) និងបំពាក់គ្រឿងឥស្សរិយយស និងមេដាយ ជូនមន្ត្រីរដ្ឋ និងឯកជន ដែលមានស្នាដៃក្នុងការងារប្រយុទ្ធប្រឆំាងអំពើពុករលួយ បម្រើផលប្រយោជន៍ជាតិ និងប្រជាជន នៅអង្គភាពប្រឆាំងពើពុករលួយ។​ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថ្លែងថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទី២ ដិតដាមជាប់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប និងជាថ្ងៃមហាជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិ និងអាយុជីវិតប្រជាជនពីរណ្តៅមរណៈបានទាន់ពេលវេលា និងបានបើកឡើងនូវទំព័រសករាជថ្មីរបស់កម្ពុជា គឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ថ្លែងថា តាមរយៈ ថ្ងៃជ័យជម្នះ ៧មករានេះដែរ បណ្តាមន្ត្រីរាជការក្រោមវិវាទនៃអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចពលរដ្ឋខ្មែរនានាទៀតដែរ គឺសូមគោរពដឹងគុណ ចំពោះឥស្សរជនគ្រប់ៗរូប ដែលបានយកជីវិតធ្វើជាដើមទុន ក្នុងការស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន រស់នៅក្រោមពន្លឺនៃសន្តិភាពដ៏យូរអង្វែង ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ឯកនៃសន្តិភាព និងស្ថិតក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់ស្រទាប់។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងបន្តជំរុញអនុវត្តបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន ដោយមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដឹកនាំនាវាកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗថ្មីៗជាច្រើនជូនជាតិ មាតុភូមិ រួមជាមួយនឹងការបន្តផ្តោតសំខាន់លើការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងមធ្យោបាយដ៏សំខាន់សម្រាប់ការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។អត្ថបទ ៖ ស៊ុម សុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦
05/10/2026 05:05 PM
ប្រាក់ចំណេញត្រីមាសទី១របស់ក្រុមហ៊ុនផលិតប្រេង​​​ Saudi Aramco កើនឡើង២៥% ខណៈមានវិបត្តិច្រកសមុទ្រ​ Hormuz
05/10/2026 03:05 PM
មេដឹកនាំ​កូរ៉េខាងជើង​ លោក Kim Jong-un សន្យាយក​ទំនាក់ទំនងជាមួយរុស្ស៊ីជាអាទិភាពកំពូល
05/10/2026 03:05 PM
អនុប្រធានសមាគម​អតីតយុទ្ធជន អញ្ជើញ​ជាអធិបតីសម្ពោធអគារទីស្នាក់សមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ
05/10/2026 03:05 PM
ចិន ជំរុញ​ឲ្យ​ជប៉ុន និង​ហ្វីលីពីន ​បញ្ឈប់​ការ​ប្រឈមមុខ​ដាក់គ្នា​ ​
05/10/2026 03:05 PM
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម
05/10/2026 03:05 PM
ប្រធានគណៈកម្មាធិការ ណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្ត​ឱ្យក្រុម​ការងារ​បន្ត​យក​ចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
05/10/2026 02:05 PM
អតីតសកម្មជនគណបក្សប្រឆាំង ៦៧នាក់ នៅស្រុកស្អាង ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា
05/10/2026 02:05 PM
ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ប៉ាគីស្ថាន​ បាន​សម្លាប់​នគរបាល​​ជាង១០​នាក់ និង​មួយចំនួន​រងរបួស​
05/10/2026 02:05 PM
ឃុំខ្លួនឧក្រិដ្ឋជនបរទេស ២២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស Online Scams
05/10/2026 02:05 PM