កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

ក្រសួងការងារ ជំរុញអភិវឌ្ឍន៍ធនធានមនុស្សខាងផ្នែក TVET ដើម្បីសម្រេចតាមគោលដៅរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០

2025/01/11 10:04:09 am        232
ក្នុងគោលដៅដើរស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានតាំងចិត្តថា នឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈកម្មវិធីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកដល់សេដ្ឋកិច្ចជាតិ និងស្វែងរកការងារកាន់តែប្រសើរ។ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធឆាតតេឡេក្រាម បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ជាការកត់សម្គាល់ថា ការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈកម្មវិធីការអប់រំ និងបណ្តុះបណ្តាលជំនាញ ធីវ៉េត បាននិងកំពុងបង្ហាញពីភាពរីកចម្រើនទៅមុខ។ រីកចម្រើនត្រង់ថា កម្មវិធីនេះ បានស្រូបទាញយុវជនដែលជាកម្លាំងពលកម្មស្នូលក្នុងទីផ្សារការងារទទួលបានការសិក្សាជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាប់សែននាក់ និងរាប់ពាន់នាក់ទៀត កំពុងបម្រើការក្នុងឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ដែលជាវិស័យចម្បងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តម បានបញ្ជាក់ទៀតថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រហូតមកដល់ពេលនេះ មានសិស្សចូលរៀនសរុបចំនួនជាង ១សែន ៥ម៉ឺននាក់។ រីឯកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែនាក់ មានសិស្សចុះឈ្មោះចូលរៀនជាង ៨ម៉ឺននាក់ និងសិស្សកំពុងសិក្សាចំនួនជាង ៤ម៉ឺននាក់នៅក្នុងថា្នក់។ឯកឧត្តម កត្តា អ៊ន បានបន្ថែមទៀតថា សម្រាប់ឆ្នាំ២០២៥នេះ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែផ្តល់ឱកាសដល់យុវជនក្នុងវិស័យសំខាន់ៗដែលទីផ្សារត្រូវការ ក្នុងនោះសេវាកម្ម,ឧស្សាហកម្ម និងកសិកម្ម។ ក្រសួងនឹងសហការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីផ្តល់ឱកាសការងារ ផ្សព្វផ្សាយដល់យុវជន ដើម្បីស្វែងរកការងារធ្វើ ហើយធ្វើយ៉ាងណាការផ្គូផ្គងរវាងនយោជកដែលមានតម្រូវការការងារ និងយុវជនដែលចង់ធ្វើការឱ្យបានជួបគ្នាដើម្បីទទួលបានឱកាសការងារដែលខ្លួនពេញ និងមានប្រាក់ចំណូលសមរម្យ។ ចំណែកឯក្រុមហ៊ុន ក៏ទទួលបានធនធានមនុស្សមន្រ្តីដែលខ្លួនត្រូវការ។ តាមការសិក្សារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើនៅឆមាសទី២ ឆ្នាំ២០២៤ បានរកឃើញថា សម្រាប់ឆ្នាំ២០២៥ វិស័យឧស្សាហកម្មនិងសេវាកម្មរបស់កម្ពុជានៅតែមានភាពធន។ ក្រសួងបានព្យាករថា វិស័យឧស្សាហក្ម នឹងបន្តមានកំណើន ក្នុងការបង្កើតការងារបន្ថែម ២,៦% នៅឆ្នាំ២០២៥។ រីឯ វិស័យសេវាកម្ម នឹងផ្តល់ការងារបន្ថែម ៤,៦% នៅឆ្នាំ២០២៥ ខណៈវិស័យកសិកម្មវិញ ក្រសួងរំពឹងថា នឹងមានកម្លាំងពលកម្ម ៣.៦% នឹងបន្តចាក់ចេញពីវិស័យនេះ ដើម្បីមកបំពេញកម្លាំងពលម្មបន្ថែមនៅក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម នៅឆ្នាំ២០២៥នេះដូចគ្នា៕អត្ថបទ៖ ឈិត បូរ៉ាវី 

អង្គការ FAO បង្ហាញបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាថែមទៀតលើវិស័យជលផលនិងវារីវប្បកម្ម

2025/01/10 04:59:45 pm        97
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Manuel Barange ជំនួយការអគ្គនាយក និងជាប្រធានផ្នែកជលផល និងវារីវប្បកម្ម នៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងសហការី ដើម្បីពិភាក្សាការងារពាក់ព័ន្ធវិស័យកសិកម្មនៅកម្ពុជា។​ក្នុងជំនួបការងារ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះក្រុមការងារនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា។នាឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការរក្សាស្ថិរភាពថ្លៃសម្រាប់ប្រជាកសិករ និងអ្នកប្រើប្រាស់ ដោយពិនិត្យច្បាស់លាស់ពីតម្រូវការ និងការផ្គត់ផ្គង់ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការបច្ចេកទេសរបស់ប្រជាកសិករ និងរាយការណ៍បញ្ហាប្រឈមទាន់ពេលវេលា ព្រមទាំងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម វិនិយោគទទួលបានប្រាក់ចំនេញ និងមានហានិភ័យទាបពីការប្រែប្រួលអាកាសធាតុ។ពាក់ព័ន្ធនឹងអនុវិស័យជលផល ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការជំរុញការធ្វើវារីវប្បកម្មដើម្បីធានានិរន្តរភាពធនធានជលផលធម្មជាតិឱ្យបានគង់វង្សយូរអង្វែង និងបានសង្កត់ធ្ងន់ឲ្យកំណត់ការនេសាទសម្រាប់បម្រើដល់ការហូបចុក ឬ «មានហូប» ហើយយកការធ្វើវារីវប្បកម្មជាមូលដ្ឋានដើម្បីស្វែងរកផលចំណេញគឺ «មានបាន»។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើវារីវប្បកម្មនេះ ទាមទារការអភិវឌ្ឍការចិញ្ចឹមត្រីមានបច្ចេកទេសត្រឹមត្រូវ ការវិនិយោគលើការផលិតចំណីដែលមានគុណភាព និងការវិនិយោគលើការបង្កាត់-ភ្ញាស់កូនត្រី ដែលភាគីអង្គការអាចពិនិត្យលទ្ធភាពក្នុងការចូលរួមជួយគាំទ្រ និងសហការក្នុងការងារនេះ។ឆ្លើយតបនឹងការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ដ្រី លោកបណ្ឌិត Manuel Barange បានបង្ហាញគោលចំហររបស់ខ្លួនក្នុងការគាំទ្រប្រទេសកម្ពុជា បើសិនជាកម្ពុជាត្រូវការជំនួយបច្ចេកទេសពាក់ព័ន្ធនឹងការងារវារីវប្បកម្ម ការផលិតចំណី និងការបង្កាត់-ភ្ញាស់កូនត្រី ព្រមទាំងពិនិត្យពិចារណាក្នុងការពង្រីកការគាំទ្រចំពោះវិស័យកសិកម្មកម្ពុជា និងក្រសួងកសិកម្មផ្ទាល់ លើអ្វីដែលបានសម្រេចជាមួយគ្នាកន្លងមក និងបន្ថែមនូវការគាំទ្រលើការអភិរក្សធនធានធម្មជាតិបន្ថែមទៀត៕អត្ថបទ ឈិត បូរ៉ាវី

បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​បណ្តោះ​អាសន្នបាននៅកំឡុងខែកញ្ញាខាងមុខ ខណៈសម្រេចបានជិត ៨០%ហើយ

2025/01/10 04:14:21 pm        523
បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាច​នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​បណ្តោះ​អាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការ​បញ្ជាក់​របស់ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​ នារសៀលថ្ងៃទី​១០ ខែមករា ឆ្នាំ២០២៥។តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកឯកឧត្ដមអ្នកនាំពាក្យបានឲ្យដឹងថា​ គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោង​សាង​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៩,២២% ខណៈ​ដែល​គម្រោង​ទាំង​មូល​រួម​មាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១.៧៦១ម៉ែត្រ, ផ្លូវ​មេ​តភ្ជាប់​មាន​ប្រវែងសរុប ១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និង​ត្រើយ​ខាង​លិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេ​ច​លទ្ធផល ៥៥,២៧%។ឯកឧត្ដម ផន រឹម បានញ្ជាក់ថា បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាច​នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ​២០២៥​ខាង​មុខ​នេះ។​គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោង​យុទ្ធសាស្រ្តមួយ​ដ៏សំខាន់​សម្រាប់​ការ​តភ្ជាប់​ទំនាក់​ទំនង​ និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ត្រើយ​ខាង​លិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជំជន។គម្រោង​នេះ​គឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ​ដែល​មាន​ភាព​​ប្រទាក់​ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់​ផ្លូវ​បំបែក​កំពង់​ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ចាម ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លង​កាត់​ស្រុក​ឆ្លូង ស្រុកតំបែ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់​ផ្លូវជាតិ​លេខ​៧​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ៕

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា

2025/01/10 01:23:19 pm        279
នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីដើមឆ្នាំ២០២៣។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ចំពោះការរួមចំណែក និងជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសុខសន្ដិភាព, ការស្ដារប្រទេសឡើងវិញ និងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ។ សម្ដេចបវរធិបតីបានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ នឹងកាន់តែចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបវរធិបតី និងឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ, ឌីជីថល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន នៃប្រទេសទាំងពីរ៕

NEA សហការជាមួយក្រុមហ៊ុនចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង ១,៣០០កន្លែង សម្រាប់យុវជន

2025/01/10 01:15:44 pm        134
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ១,៣៦៩កន្លែង ពីក្រុមហ៊ុនធំៗ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ក្រុមហ៊ុនធំៗទាំង៥ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ធនាគារ កាណាឌីយ៉ា, ក្រុមហ៊ុន TRUMP FITNES ក្រុមហ៊ុន ONLINE, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD)និងមីក្រូហិរញ្ញវត្ថុ JACCS។ ចំពោះ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

ឯកឧត្តម ឌិត ទីណា៖ កម្ពុជាមានកសិផលជាច្រើនប្រភេទថែមទៀតដែលត្រូវការវិនិយោគ​សម្រាប់នាំចេញ

2025/01/10 01:11:45 pm        260
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅថ្ងៃម្សិលបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុនមក​ពីប្រទេសចិន (Zhengzhou Chen’s Sun Fruits and Vegetables International Trade Co.,Ltd) ដើម្បីពិភាក្សាមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម និងគម្រោងពង្រីកការនាំចេញរបស់កម្ពុជា។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥កន្លងទៅ បានឲ្យដឹងថា ក្នុងឱកាសនោះ ឯកឧត្តម​រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ដែលក្រុមហ៊ុន​មានគោលបំណងចង់វិនិយោគ​នូវ​កសិផល​កម្ពុជាដូចជា ទុរេន ដូងស្រស់ និងស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារប្រទេសផ្សេងៗ។ លើសពីនេះ ឯកឧត្តម បានលើកឡើងថា កម្ពុជាមាន​កសិផល​សក្តានុពលជាច្រើនរួមមាន ផ្លែស្វាយ ផ្លែមៀន និងចេកពងមាន់ មានរសជាតិឆ្ងាញ់ និងគុណភាពល្អ ជាពិសេសកម្ពុជាមាននីតិវិធីនៃការនាំចេញច្បាស់លាស់ទៅកាន់ប្រទេសចិន ប្រការសំខាន់គឺទាមទារការវិនិយោគលើការវេចខ្ចប់ កែច្នៃ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាស្វាគមន៍នូវរាល់វិនិយោគិនដែលមានបំណងចង់វិនិយោគលើការកែច្នៃ និងធ្វើពាណិជ្ជកម្មនាំចេញ ដោយអាចសហការធ្វើការដាំដុះជាមួយប្រជាកសិករ កំណត់ស្តង់ដាបច្ចេកទេសច្បាស់លាស់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ និងអាចទទួលទិញត្រឡប់ក្នុងតម្លៃចរចា ដោយមិនប្រកួតប្រជែងលើការដាំដុះជាមួយប្រជាកសិករឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានផ្តល់ការណែនាំដល់ភាគីក្រុមហ៊ុនត្រូវធ្វើការកំណត់ស្តង់ដានៃកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងការធ្វើទីផ្សារផលិតផលដើម្បីឱ្យអ្នកប្រើប្រាស់មានការទទួលស្គាល់ ដែលជាកត្តាចាំបាច់ ជំរុញឱ្យផលិតផលលក់បានក្នុងតម្លៃថ្លៃ និងមានតម្លៃបន្ថែមខ្ពស់ ហើយកម្ពុជាមានគោលបំណងប្រកួតប្រជែងលើផលិតផលដែលមានគុណភាពល្អប្រណិត និងមានរសជាតិឆ្ងាញ់ ដោយមិនប្រកួតប្រជែងបរិមាណ។ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ភាគីក្រុមហ៊ុនសហការជាមួយក្រសួងកសិកម្ម ក្នុងការចុះពិនិត្យទីតាំង និងគុណភាពកសិផលកម្ពុជាដូចបានរៀបរាប់ខាងលើដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ពេញលេញ និងមានភាពច្បាស់លាស់ក្នុងការវិនិយោគ និងជូនពរដល់ក្រុមហ៊ុនទទួលបានលទ្ធផលជោគជ័យ ព្រមទាំងអាចនាំចេញនូវកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានពិតប្រាកដ៕ អត្ថបទ៖ ឈិត បូរ៉ាវី

សាលារៀនដាក់បញ្ចូលការអប់រំតាមបែបសាសនា ដើម្បីលើកកម្ពស់ចរិយាសម្បត្តិ និងសីលធម៌សង្គមដល់សិស្ស

2025/01/10 01:05:34 pm        261
សាលារៀនជាច្រើន បានបន្តដាក់បញ្ចូលការអប់រំតាមបែបព្រះពុទ្ធសាសនាសាសនាបន្ថែមទៀតដើម្បីអប់រំចរិយាសម្បត្តិដល់ កុមារ និងយុវជន លើកកម្ពស់សីលធម៌ក្នុងសង្គម តាមរយៈការនិមន្តព្រះសង្ឃមកកាន់សាលាផ្ដល់ឱវាទអប់រំទូន្មានដល់សិស្សានុសិស្សដោយផ្ទាល់នៅតាមសាលារៀនតែម្ដង។ជាក់ស្ដែងសម្រាប់បឋមសិក្សា ចតុមុខ ជាសាលាស្ថិតនៅកណ្ដាលក្រុងភ្នំពេញ បានដាក់ចេញជាកាលវិភាគ ដោយមានការអប់រំតាមបែបសាសនាជាប្រចាំ។ នេះជាការលើកឡើងរបស់លោក សូ ធី នាយកបឋមសិក្សាចតុមុខ។ លោកថា វិជ្ជាត្រូវដើរទន្ទឹមគ្នានឹងសីធម៌ ដែលតម្រូវឱ្យសាលាចាប់ផ្ដើមបណ្ដុះកុមារឱ្យមានចរិយាសម្បត្តិល្អ មានសីលធម៌ល្អ តាំងពីវ័យកុមារកុមារភាព។ ការលើកឡើងដូចនេះ ក៏ស្របពេលដែលលោកកត់សម្គាល់ពីបញ្ហាក្មេងទំនើង ដែលកំពុងកើតឡើងក្នុងសង្គមជាតិផងដែរ។លោកនាយកសាលា លើកឡើងដែរថា ការនិមន្តព្រះសង្ឃដើម្បីអប់រំទូន្មានផ្ដល់ឱវាទដល់សិស្សានុសិស្សនេះ ធ្វើឡើងរៀងរាល់ថ្ងៃសីល។ លើសពីនេះ សាលាតែងរៀបចំឱ្យមានការសមាធិ រៀងរាល់ពេលគោរពទង់ជាតិផងដែរ។ការដាក់វិធានការអប់រំបន្ថែមតាមបែបសាសនានេះ ក៏ស្របពេលដែលបច្ចុប្បន្ន បញ្ហាក្មេងទំនើងមានការកើតឡើងច្រើនគួរឱ្យកត់សម្គាល់។ សមត្ថកិច្ចកំពុងចាត់វិធានការយ៉ាងតឹងរឹងលើបញ្ហាក្មេងទំនើងនេះ ដោយមានការបង្ក្រាប ឃាត់ខ្លួនជនបង្កជាច្រើន ដែលពួកគេភាគច្រើនជាយុវជន មានទាំងអ្នកបោះបង់ការសិក្សា និងមានទាំងសិស្សកំពុងសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យផងដែរ៕ អត្ថបទ៖ គឹម ហុក   

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាកំណត់យកថ្ងៃទី១៤ខែមករា ប្រជុំព្រឹទ្ធសភា វិសាមញ្ញនីតិកាលទី៥

2025/01/10 12:43:37 pm        243
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៅព្រឹកថ្ងៃទី១០ ខែមករានេះ។ សូមជម្រាបថានៅនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ព្រឹកនេះមានរបៀបវារៈមួយចំនួន៖១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។២-ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។ ៣-កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥។៤- ផ្សេងៗ៕ 

ក្រសួងវប្បធម៌ គ្រោងរៀបចំព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥

2025/01/10 12:40:45 pm        223
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងរៀបចំព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា ថ្នាក់ដឹកនាំក្រសួង កំពុងរៀបចំព្រឹតិ្តការណ៍រាត្រីសមោសរ សំពត់បត់ខ្មែរ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានកិតិ្តយសដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបើកព្រឹតិ្តការណ៍ខាងលើនេះ។ ដោយឡែកកាលពីខែមីនា ឆ្នាំ២០២៤ ក្រសួងបានរៀបចំកម្មវិធី រាត្រីសមោសរ សំពត់បត់ខ្មែរ ដោយទទួលបានជោគជ័យ បង្ហាញអំពីសំលៀកបំពាក់ប្រពៃណី សំលៀកបំពាក់ផ្លូវការរបស់ថ្នាក់ដឹកនាំ សំលៀកបំពាក់ចូលរួមបុណ្យប្រពៃណីក្នុងពិធីផ្សេងៗ ហើយក៏ដូចជាសំលៀកបំពាក់ច្នៃចេញពីសំពត់បត់ខ្មែរ។លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥នេះ ចំនុចសំខាន់ធ្វើពីអ្វីដែលប្រជាពលរដ្ឋខ្មែរយើងទទូចចង់ដឹង គឺអំពីទម្រង់នៃសំលៀកបំពាក់ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ដោយធ្វើបង្ហាញចាប់តាំងពីសម័យឧត្តុង្គ រហូតមកដល់បច្ចុប្បន្ន ដែលសម្លៀកបំពាក់ទាំងនោះ នឹងយកទៅបង្ហាញជូនក្នុងកម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» ។ ហើយនៅក្នុងព្រឹតិ្តការណ៍នេះ យើងក៏មានរំលេចនូវសំលៀកបំពាក់មួយរបស់ស្រី្តខ្មែរ ដែលតែងតែនិយមប្រើប្រាស់ជាយូរណាស់មកហើយ។ ប៉ុន្តែបច្ចុប្បន្ននេះយើងហាក់បីដូចបំផ្លិចចោលទៅហើយ។ ដូច្នេះយើងឆ្កឹះយកសំលៀកបំពាក់នេះត្រឡប់មកវិញ ហើយយើងកែច្នៃអភិវឌ្ឍយ៉ាងម៉េច ឲ្យសំលៀកបំពាក់នេះឃើញធ្ងន់ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងងាកមកចាប់អារម្មណ៍។លោកជំទាវ ឡងឌី សាន់ណារ៉ា បានបញ្ជាក់ថា ព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ ប្រារព្ធឡើងស្របចំជាមួយនឹងខួបលើកទី៤៦ឆ្នាំ នៃថ្ងៃជួបគ្នាថ្មីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយក្នុងថ្ងៃព្រឹតិ្តការណ៍ ក៏មានចម្រៀងមួយបទយ៉ាងពិសេសដើម្បីចូលរួមអបអរសាទរក្នុងព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥៕ អត្ថបទ រដ្ឋា 

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ក្រុមប្រឆាំងនៅកម្ពុជាកំពុងធ្វើអាជីវកម្មលើការស្លាប់របស់លោក លិម គិមយ៉ា ដើម្បីទម្លាក់កំហុសមករដ្ឋាភិបាល

2025/01/10 12:32:46 pm        171
អ្នកវិភាគបញ្ហានយោបាយ និងអ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា ក្រុម​ប្រឆាំង​នៅ​កម្ពុជា​កំពុងធ្វើអាជីវកម្មលើការស្លាប់របស់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែង​ថា៖ «បើយើង​សង្កេត​មើល​ឱ្យជាក់លាក់ទៅ គឺឃាតកម្មលើលោក លិម គិមយ៉ានេះ គឺអតីតគណបក្ស​ប្រឆាំង​ជា​អ្នក​ទទួល​បានផលចំនេញច្រើនជាងគេ ដើម្បីទាញទម្លាក់ ឬក៏រុញទោសកំហុសទាំង​អស់​មក​លើ​រាជ​រដ្ឋាភិបាលកម្ពុជា និងធ្វើឱ្យបក្សកាន់អំណាចកម្ពុជាធ្លាក់ប្រជាប្រិយភាព»។លោកបញ្ជាក់ថា៖«បើចឹងយើងឃើញថា ការធ្វើឃាតទៅលើនរណាម្នាក់ សួរថាតើ​នរណា​ជា​អ្នក​ទទួល​បាន​ផលចំនេញច្រើនជាងគេ? អ៊ីចឹងយើងអាចយល់បានថា នេះជាយុទ្ធសាស្រ្ត​មួយ​ដែល​យើង​និយម​ហៅថា ស្វាស៊ីបាយ យកមកលាបមាត់ពពែ ឬក៏យុទ្ធសាស្ត្រស្បែកម្មរបស់ក្រុមលោក សម រង្ស៊ី»។អ្នកវិភាគរូបនេះបានបន្ថែមថា លោក លិម គិមយ៉ា មិនមែនបុគ្គល​ដែល​មានឥទ្ធិពល​អ្វី​នៅ​ក្នុង​វិស័យ​នយោបាយនៅក្នុងប្រទេសកម្ពុជានោះទេ ហើយក៏មិនមែន​ជា​បុគ្គល​ដែល​មាន​ប្រជា​ប្រិយ​ភាព និងមានប្រជាពលរដ្ឋខ្មែរស្គាល់គ្រប់គ្នានោះដែរ។ ដូច្នេះបក្សកាន់អំណាចនៅកម្ពុជា គ្មាន​ហេតុ​ផល​អ្វី ឬក៏ទទួលបានផលចំនេញអ្វីពីការធ្វើឃាតលោក លិម គិមយ៉ាដែរ។លោក អ៊ុន ដារ៉ា អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយ បានលើកឡើងថា ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា គឺជាការប្រឌិតឡើងដោយក្រុមអតីតបក្សប្រឆាំង ហើយមាន​ចេតនា​ទម្លាក់ភាពស្មុគស្មាញដល់រដ្ឋាភិបាលថៃ ហើយបង្កអរិភាពជុំវិញទំនាក់ទំនងកម្ពុជា និង​ថៃ​ឱ្យ​មាន​ភាពល្អក់កកនឹងគ្នា។លោក អ៊ុន ដារ៉ា បានទាញការសន្និដ្ឋានថា សម រង្ស៊ី និង កឹម សុខា ទំនងជាកំពុង​ចិញ្ចឹម​កម្លាំង​សម្ងាត់​ផ្សេង​ៗទៀតនៅក្រៅប្រទេស ដើម្បីធ្វើឃាតបុគ្គលណាមួយ​ក្នុង​ការ​រក​លេសទម្លាក់​កំហុស​មក​លើ​រាជរដ្ឋាភិបាលកម្ពុជាក្នុងរឿងនយោបាយ«ស្វាស៊ីបាយ លាបមាត់ពពែ»។ក្នុងន័យនេះ​លោកបញ្ជាក់ថា៖«ខ្ញុំគិតថា វាមិនមានអ្វីគួរឱ្យសង្ស័យទេ ព្រោះអាជ្ញាធរកម្ពុជា​ក៏​បាន​សហការ​ជាមួយអាជ្ញាធរថៃ ដើម្បីធ្វើកិច្ចការនេះដែរ។ អ៊ីចឹង ការទម្លាក់កំហុសទាំង​ឡាយ​មក​លើ​រាជ​រដ្ឋាភិបាលកម្ពុជា គឺជារឿងដែលមិនត្រឹមត្រូវ ហើយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ ចំពោះ​ការស៊ើបអង្កេតផ្សេងៗ យើងទុកលទ្ធភាពនេះឱ្យទៅខាងភាគីអាជ្ញាធរថៃគេធ្វើការងារទៅ ព្រោះ​ករណីនេះកើតឡើងនៅទីនោះ»។អ្នកឃ្លាំមើល​រូប​នេះបន្ថែមថា ចំណែកឯការផ្សាយរបស់វិទ្យុអាស៊ីសេរី និងសារព័ត៌មានខេមរភាសា​ផ្សេង​ទៀត​នៅក្រៅស្រុកជុំវិញរឿងចោទប្រកាន់អំពើឃាតកម្មលើលោក លិម គិមយ៉ា នៅទឹក​ដី​ថៃ​នោះ គឺជារឿងនយោបាយ ដើម្បីលាបពណ៌អាក្រក់ ដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះ​តែ​គំនុំបុគ្គលរបស់ក្រុម សម រង្ស៊ី ប៉ុណ្ណោះ។គួររំឭកថា លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបាន​ខ្មាន់​កាំ​ភ្លើង​បាញ់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកកប្រទេសថៃ។ មួយ​ថ្ងៃ​ក្រោយ​មក ខ្មាន់កាំភ្លើងជាជនជាតិថៃដែលជាអតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន បន្ទាប់ពីបានរត់គេចចូលខេត្តបាត់ដំបង ប្រទេសកម្ពុជា។ ចំណែកជន​សង្ស័យទី២ ត្រូវបានសមត្ថកិច្ចថៃកំណត់អត្តសញ្ញាណថា ជាជនជាតិខ្មែរ ដែលពាក់​ព័ន្ធ​​នឹងឃាតកម្មលោក លិម គិមយ៉ា។ ហេតុការណ៍​បាញ់​ប្រហារ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្តៅ​គគុក​សម្រាប់​បក្សប្រឆាំងនៅក្នុងប្រទេសថៃ ក្នុងការដាក់សម្ពាធ​ទៅ​លើ​កាន់​អំណាច​ដឹក​នាំ​រដ្ឋាភិបាល​ថៃ​៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM