កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម
សម្តេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំកែច្នៃប្រជាជនឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ
សមត្ថកិច្ចចាប់ខ្លួនមនុស្ស៦នាក់ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ
ក្រុមហ៊ុន Mitsubishi Motors Cambodia ដាក់លក់ជាផ្លូវការរថយន្ត All-New Mitsubishi Destinator ប្រភេទ SUV លំដាប់ប្រណីត ៧ កៅអី

ព័ត៌មានជាតិ

ទូតរុស្ស៊ី៖ ឆ្នាំនេះទំនាក់ទំនងការទូតកម្ពុជានិងរុស្ស៊ី បានឈានដល់ខួបលើកទី៦៩ ជាទំនាក់ទំនាក់ឈរលើមិត្តភាព ភាពស្មោះត្រង់ ការជឿទុកចិត្តគ្នា

2025/02/10 02:47:56 pm        139
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម អាណាតូលី បូរ៉ូវីក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមនិងសហការីនៅក្នុងឱកាសនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថាទំនាក់ទំនងការទូតកម្ពុជានិងរុស្ស៊ី បានឈានដល់ខួបលើកទី៦៩នៅឆ្នាំ២០២៥នេះ ជាទំនាក់ទំនាក់ឈរលើមិត្តភាព ភាពស្មោះត្រង់ ការជឿទុកចិត្តគ្នា និងមានការយោគយល់គ្នាទៅវិញទៅមក ដោយបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទំាងសងខាង។ នៅជំនួបពិភាក្សាការងារនេះ មានការលើកឡើងពីការពង្រឹងពង្រីកទំនាក់ទំនងសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំ ក្រុមមិត្តភាព និងគណៈកម្មការជំនាញ ។ ជំនួបក៏បានពិភាក្សាពីការបន្តពង្រឹងពង្រីកទំនាក់ទំនងប្រជាជននិងប្រជាជន ពង្រីកវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំនិងកសិកម្ម ជាដើម។ឯកឧត្តម អាណាតូលី បូរ៉ូវីក បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ក្រោយជំងឺកូវីដ-១៩ បានធូរស្រាលកម្ពុជានិងរុស្ស៊ី គួរភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នាឡើងវិញ នៅលើគ្រប់វិស័យ។ នៅក្នុងការភ្ជាប់ទំនាក់ទំនងសភានិងសភា ឯកឧត្តមប្រធានសភាឌូម៉ារុស្ស៊ី គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលខាងមុខ។ ចំណែកទំនាក់ទំនងពាណិជ្ជកម្មវិញ គណៈកម្មការចម្រុះលើការងារពាណិជ្ជកម្ម គ្រោងជួបប្រជុំគ្នានៅក្នុងឆ្នាំនេះ ដើម្បីលើកកម្ពស់ទំហំពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី។ លើវិស័យអប់រំវិញ នៅឆ្នាំ២០២៥នេះ រុស្ស៊ីបានផ្តល់អាហារូបករណ៍៥៥កន្លែងដល់និស្សិតកម្ពុជាដើម្បីបានទៅសិក្សានៅប្រទេសរុស្ស៊ី។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រការលើកឡើងរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានចាត់ទុកថា បេសកកម្មការទូតរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៅកម្ពុជា ពិតជាមានសារសំខាន់ មិនត្រឹមតែរួមចំណែកដល់ការពង្រឹង ពង្រីកទំនាក់ទំនង ចំណងមិត្ដភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងសកលលោកថែមទៀតផង។ សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណ ប្រទេសរុស្ស៊ី ដែលតែងតែជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា តាំងពីសម័យអតីតសហភាពសូវៀតមក។ រុស្ស៊ីបានឈានមុខគេជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស។ មកដល់ពេលនេះ មាននិស្សិតកម្ពុជាប្រមាណ៨ពាន់នាក់បានទៅសិក្សានៅប្រទេសរុស្ស៊ី ហើយអតីតនិស្សិតខ្មែរ ដែលបានសិក្សានៅរុស្ស៊ី បានក្លាយជាធនធានដ៏សំខាន់ និងមួយចំនួនជាឥស្សរជន ជាថ្នាក់ដឹកនាំ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល នៅក្នុងការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមចក្ខុវិស័យមោះមុត វែងឆ្ងាយ ច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបន្តវេនដឹកនាំ ពីសម្តេចតេជោ ហ៊ុន សែន ក្នុងការនាំកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានសភាឌូម៉ា រុស្ស៊ី ដែលគ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង ពិសេសក្នុងការដែលអាចឈានទៅការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិតដោយយកប្រជាពលរដ្ឋជាស្នូល។ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់ ប្រទេសរុស្ស៊ី ពិនិត្យលទ្ធភាពនៅក្នុងការភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ជាពិសេសការពង្រីកវិស័យទេសចរណ៍ ដែលប្រទេសទំាងពីរមានសក្តានុពលដូចៗគ្នា។ សម្តេចបានស្នើឯកអគ្គរដ្ឋទូត ជួយផ្តល់ការបណ្តុះបណ្តាលឬផ្តល់អាហារូបករណ៍ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការកសាងធនធានមនុស្ស ចូលរួមលើកកម្ពស់ស្ថាប័នរដ្ឋសភា ក្លាយជាសភាឌីជីថល ផងដែរ៕

ផ្លូវជាតិលេខ៧១C ជាផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក និងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍

2025/02/10 02:24:17 pm        198
ផ្លូវជាតិដ៏សំខាន់នេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស។ សូមជម្រាបជូនថា ផ្លូវជាតិលេខ៧១C មានប្រវែង ១១៤,៦២ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងកាត់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ៕

គណៈកម្មការជំនាញរដ្ឋសភានិងតំណាងរាជរដ្ឋាភិបាល ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ

2025/02/10 02:13:07 pm        182
ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណ:កម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ដោយមានការចូលរួមពី លោកជំទាវអនុប្រធាន ឯកឧត្តមលេខាធិការ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា បានអញ្ជើញចូលរួមប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌។កិច្ចប្រជុំរវាងគណ:កម្មការជំនាញរបស់រដ្ឋសភាជាមួយតំណាងរាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៥ នៅវិមានរដ្ឋសភានេះ គឺដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ៖១-ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។២-ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក។គួររំលឹកថា៖គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ថ្មី ជំនួសច្បាប់ចាស់ ស្តីពីការប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈពេលនៃការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ។ សេចក្តីព្រាងច្បាប់ថ្មីដែលមានមាត្រា ចំនួន ៧ សង្កត់ធ្ងន់លើការដំឡើងកម្រិតទោស ដូចជាការដាក់ទោសជាប់ពន្ធនាគារ ពី១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ៥០លានរៀល។ការដំឡើងកម្រិតទោសនេះ មានគោលដៅធានាការពារនូវឧត្តមភាព និងកិត្យានុភាពនៃសេចក្តីសម្រេចស្ថាពរ និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ពិសេសគឺផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះអាចវិលមកវិញនៅកម្ពុជា។ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យក មានចំនួន ៤ជំពូក និង ១៥មាត្រា ត្រូវបានផ្តួចផ្តើមរៀបចំ និងតាក់តែងដោយ ក្រសួងយុត្តិធម៌ នៅក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ដើម្បីរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀតនិងការពារផលប្រយោជន៍សាធារណៈ៕

សម្តេច ម៉ែន សំអន ៖ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងនាទីសន្ទនាព្រះធម៌ គឺជាការវិនិយោគដ៏មានតម្លៃក្នុងការការពារ ពង្រីកវប្បធម៌ និងសាសនារបស់ជាតិ ដែលនឹងជួយឱ្យសង្គមមានសន្តិភាព និងការរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព

2025/02/10 01:46:42 pm        164
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាគម្រប់១០ឆ្នាំ និងខូបគម្រប់២៥ឆ្នាំ នៃការបង្កើតនាទីសន្ទនាធម៌នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២៥។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា៖ ការអភិវឌ្ឍ កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតបាននូវសមិទ្ធផលថ្មីៗ ដើម្បីបម្រើដល់ការថែរក្សាចីរភាពនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិឱ្យកាន់តែមានការរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ជាក់ស្តែង នៅពេលដែលមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាកសាងរួចរាល់ នឹងធ្វើឱ្យឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទាំងមូលក្លាយជាបូជនីយដ្ឋានសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា រួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងទាំងផ្នែកផ្លូវលោក និងផ្លូវធម៌ ព្រមទាំងបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់វប្បធម៌ជាតិ និងចេះគោរពមាតាបិតា ជាពិសេស ចេះពង្រឹងសមត្ថភាពដឹកនាំមាគ៌ាជីវិតក្នុងផ្លូវត្រឹមត្រូវ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការបង្កើតនាទីសន្ទនាធម៌បានជួយ​ដល់សីលធម៌​រស់នៅរបស់មនុស្ស ឱ្យចរិតល្អ បានជួយដល់ការអភិវឌ្ឍន៍ជាតិ តាមរយៈការលើកកម្ពស់សីលធម៌ សន្តិភាព និងការរស់នៅដោយសុខសាន្ត និងបានជួយលើកកម្ពស់ការអប់រំ និងការយល់ដឹងរបស់ប្រជាពលរដ្ឋ ស្របតាមតួនាទីភារកិច្ចរបស់ក្រសួងធម្មការ និងសាសនា និងបានចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្តេចកិត្តិសង្គហបណ្ឌិ ក៏បានថ្លែងកោតសសើរចំពោះ អ្នកឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលបានផ្តួចផ្តើម គំនិតក្នុងការសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសននេះឡើង ដោយមានការគាំទ្រពី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងហ្លួងម៉ែ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីរាជការ ព្រមទាំងសប្បុរសជនគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស ក៏បានរួមគ្នាអភិវឌ្ឍន៍និងសម្រេច បាននូវលទ្ធផលគួរជាទីមោទនៈ ដែលនឹងប្រែក្លាយមជ្ឈមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ទៅជាទីតាំងទេសចរណ៍សាសនាដ៏ពេញនិយមសម្រាប់ថ្ងៃអនាគត។ សម្តេចកិត្តិសង្គហបណ្ឌិតបានគូសបញ្ជាក់ថា ៖ ការកសាងមជ្ឈមណ្ឌលវប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា និងការបង្កើតនាទីសន្ទនាព្រះធម៌ គឺជាការវិនិយោគដ៏មានតម្លៃក្នុងការការពារ ពង្រីក​វប្បធម៌ និងសាសនារបស់ជាតិ ដែលនឹងជួយឱ្យសង្គមមានសន្តិភាព និងការរីកចម្រើន​ក្រោម​ម្លប់នៃសុខសន្តិភាព ៕

ក្រុមពេទ្យនៅខេត្តកណ្តាល បន្តចុះបាញ់ថ្នាំមូសតាមភូមិ ការពារជំងឺគ្រុនឈាម

2025/02/10 01:00:56 pm        226
ក្រុមពេទ្យនៅខេត្តកណ្តាល បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះសកម្មភាពបាញ់ថ្នាំមូស ដាក់ថ្នាំអាប៊ែត តាមភូមិ ឃុំ សង្កាត់ ដើម្បីកំចាត់មូស ដែលបង្កហានីភ័យកើតជំងឺគ្រុនឈាម និងគ្រុនឈិ ខណៈបច្ចុប្បន្នខ្នងផ្ទះតាមភូមិនានា ហាក់មានកំណើនកើនឡើងខ្លាំងនូវប្រភេទមូសអង្កាម ក្នុងអំឡុងរដូវប្រាំងពីខែវិច្ឆិកា រហូតដល់ខែមេសានេះ។លោកទន្តបណ្ឌិត ហម សុផល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតាខ្មៅ ប្រាប់BTV នៅថ្ងៃទី១០ ខែកុម្ភៈនេះ ថ្លែងថា អនុវត្តតាមការណែនាំមន្ទីរសុខាភិបាលខេត្តកណ្តាល មកដល់ពេលនេះ តាមមូលដ្ឋានដែលគ្របដណ្តប់ដោយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតាខ្មៅ មានក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង គឺបាននិងកំពុងធ្វើសកម្មភាពចុះបាញ់ថ្នាំមូស តាមវត្ត សាលារៀន និងទីសាធារណៈនានាទៀត ដើម្បីកម្ចាត់មូស ដែលបង្កការកើត និងចម្លងជំងឺគ្រុនឈាម គ្រុនឈិ នៅក្នុងឆ្នាំ២០២៥។បើតាម លោកស្រី លន់ សុភា ចៅសង្កាត់តាក្តុល ថ្លែងថា អនុវត្តការស្នើសុំពីបណ្តាមេភូមិ និងប្រជាពលរដ្ឋតាមបណ្តាភូមិ មកដល់ពេលនេះ ក្នុងមូលដ្ឋានសង្កាត់តាក្តុល ក៏ដូចឃុំសង្កាត់នានាទៀត គឺត្រូវបានក្រុមមន្ត្រីសុខាភិបាល ចុះបាញ់ថ្នាំមូស ដើម្បីកាត់បន្ថយចំនួនមូសនៅក្នុងសហគម លើសពីទៀត លោកស្រីក៏បានណែនាំពលរដ្ឋរួមគ្នាអនុវត្តតាមណែនាំក្រសួងសុខាភិបាល និងប្រុងប្រយ័ត្នការពារខ្លួនកុំឲ្យមូសខាំបង្កជំងឺគ្រុនឈាម និងគ្រុនឈិ។សូមបញ្ជាក់ថា ប្រភេទមូសអង្កាម មិនបង្កហានីភ័យខ្លាំងការកើតជំងឺគ្រុនឈាមទេ ប៉ុន្តែនៅក្នុងចំណោមប្រភេទមូសអង្កាមច្រើននេះ ក៏នឹងមានប្រភេទមូសខ្លា នៅលាយឡំគ្នា ដែលខំាគឺងាយបង្កការកើត និងឆ្លងជំងឺគ្រុនឈាម និងគ្រុនឈិ ដែលបញ្ហានេះក្រសួងសុខាភិបាល អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋសហការគ្នា រួមគ្នាកម្ចាត់ដង្កូវទឹក ទីជម្រកមូស នៅតាមទីកន្លែងដែលមានទឹកដក់ ទឹកស្អុយនានា។ លើសពីនេះក្រសួងក៏បានណែនាំឲ្យ ពលរដ្ឋតាមខ្នងផ្ទះ ឬមូលដ្ឋានអាជីវកម្មត្រូវធានាថា ប្រព័ន្ធលូបង្ហូរទឹកមិនមានការស្ទះ ដក់កកើតមូស ត្រូវធ្វើសកម្មកម្ចាត់ដង្កូវទឹក មូស តាមការដ្ឋានសំណង់ត្រូវធ្វើអនាម័យបរិស្ថានឱ្យបានស្អាត ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ហើយបើមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ ដែលនៅជិតមូលដ្ឋានខ្លួនជាបន្ទាន់ ហើយសូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្ដៅភ្លាមៗនេះដោយខ្លួនឯង ឬពន្យាពេលតាមដានព្យាបាលជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឱ្យសោះ៕ អត្ថបទ ស៊ុម សុខជា 

រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនចំណុចស្ពាន ផ្លូវកោង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

2025/02/10 12:54:46 pm        580
រថយន្តកុងតឺន័រមួយគ្រឿងបើកចុះផ្លូវក្រោមលឿនពេក បួងចង្កូតមិនទាន់ ក្រឡាប់ផ្ងារជើង កកស្ទះផ្លូវក្រោមដី ស្ពានអាកាសស្ទឹងមានជ័យ ។ ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង៥០នាទីព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវក្រោមដី (ស្ពានអាកាសស្ទឹងមានជ័យ)ក្នុងសង្កាត់ស្ទឹងមានជ័យទី០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស០២នាក់បើករថយន្តកុងតឺន័រ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-7460 ធ្វើដំណើរចុះមកផ្លូវក្រោមដី ស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវកោង រថយន្តបួងចង្កូតមិនផុត ក៏ក្រឡាប់អូសជាច្រើនម៉ែត្រថែមទាំងបណ្ដាលអោយអ្នកបើកបរ រងរបួសស្រាល ។ ភ្លាមៗ បុរសទាំង០២នាក់ បាននាំលូនចេញពីរថយន្ត ដោយឃើញឪកាសល្អមិនមានសមត្ថកិច្ចក៏នាំគ្នារត់គេចពីកន្លែងកើតហេតុ ។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានមកដល់រួចធ្វើការទំនាក់ទំនងទៅកាន់មន្រ្តីជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីមកស្ទូចយករថយន្តទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕ អត្ថបទ៖ កុម្ភៈ

ការចុះអង្កេតបាណកសាស្រ្ត ដើម្បីជាការឆ្លើយតបទៅនឹងការកើតករណីមានមូសច្រើននៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញ

2025/02/10 12:50:23 pm        395
ក្រុមការងាររបស់កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម របស់មជ្ឈមណ្ឌលប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមការដឹកនាំផ្ទាល់ពីលោកវេជ្ជបណ្ឌិត លាង ឬទ្ធា អនុប្រធានមជ្ឈមណ្ឌលជាតិ និងជាប្រធានកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម បានដឹកនាំក្រុមការងារព្រមទាំងសហការជាមួយក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះអង្កេតបាណកសាស្រ្តដង្កូវទឹក ដើម្បីវាយតំលៃស្ថានភាពមូស នៅតាមភូមិសាស្រ្តប្រឈមខ្ពស់ នៅក្នុងសង្កាត់ក្រាំងធ្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ព្រៃស ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ។លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៥នេះថា ក្រុមការងារចុះមកទីតាំងនេះ គឺដើម្បីសិក្សាថាតើប្រភពមូស ដែលកើនឡើងច្រើនក្នុងភូមិនេះ មានកើនឡើងពីចំនុចណា ហើយជាប្រភេទមូសអ្វី? តើអាជ្ញាធរមូលដ្ឋានបានចូលរួម និងប្តេជ្ញាចិត្តដូចម្តេចខ្លះ? និងដឹងពីស្ថានភាពនេះ យើងត្រូវចូលរួមធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយមូសនេះឲ្យមានប្រសិទ្ធភាព។ លោកវេជ្ជបណ្ឌិត បន្តថា ជាធម្មតានៅរដូវប្រាំង លំហូរទឹកនៅតាមលូ មានការថយចុះ ហូរយឺត ឬក៏អត់ហូរតែម្តង។ ដូច្នេះកាលទឹកកកស្ទះ មានក្លិនស្អុយ ជាទីកន្លែងធ្វើឲ្យដង្កូវទឹកញាស់ និងកើត ហើយដង្កូវទឹកទាំងអស់នោះ សុទ្ធតែដង្កូវទឹកមូសអង្កាមទាំងអស់ លុះដល់ពេលដង្កូវទឹកនោះវាកើតញាស់ មូសវាហោះចូលក្នុងផ្ទះបងប្អូនប្រជាពលរដ្ឋ។ ក្រោយពេលមន្រី្តជំនាញបូសមូស យកមកពិនិត្យ គឺសុទ្ធតែជាទម្រង់មូសអង្កាមតូចៗ គ្មានឆ្នូតខ្មៅៗជាសញ្ញាមូសខ្លានោះទេ។ ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋជឿជាក់ថា មូលហេតុដែលមូសកើនឡើងច្រើននោះ គឺមកពីការកកស្ទះតាមលូ ឬក៏មានទឹកដក់ នេះគឺជាប្រភពដែលធ្វើឲ្យកើតមូសច្រើន។ បច្ចុប្បន្នមានករណីមូសកើនឡើងច្រើនស្ទើគ្រប់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ត្រង់ចំនុចនេះលោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភថាតើមូសកើនឡើងច្រើន ជាប្រភេទមូសអ្វី គឺជាមូសអង្កាម ហើយមូសអង្កាមនេះមិនបង្ករជាហានិភ័យកើតជំងឺអ្វីជាសំខាន់នោះទេ វាមិនអាចឲ្យយើងកើតជាជំងឺគ្រុនឈាមនោះទេ គឺនៅពេលមូស វាខាំទៅ បង្ករឲ្យយើងរមាស់ និងរំខានតែប៉ុណ្ណោះ។ចំណែកលោក ហា សុផល អនុប្រធានភូមិសែនសុខទី៥ និងបងប្អូនប្រជាពលរដ្ឋ បង្ហាញពីអារម្មណ៍សប្បាយរីករាយ នៅពេលក្រុមការងាររបស់កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម របស់មជ្ឈមណ្ឌលប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ចុះមកពិនិត្យសហគមន៍នេះថាតើមានមូសខ្លា ដែលធ្វើឲ្យមានគ្រោះថា្នក់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្បែរមាត់ប្រឡាយដែលឬក៏អត់។ ក្រោយពេលពិនិត្យសង្កេតឃើញថាគ្មានបញ្ហាមូសខ្លានោះទេ គឺសុទ្ធតែមូសអង្កាម ដូចនេះធ្វើឲ្យរូបគាត់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដទៃទៀត គ្មានការព្រួយបារម្ភ ពីការកើនឡើងច្រើនពីប្រភេទមូសអង្កាមនោះទេ។ជាចុងក្រោយក្នុងនាមកម្មវិធីជាតិ ក៏ដូចជាក្រុមការងាររាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ពិនិត្យមើលក្នុងសហគមន៍ មានកន្លែងណាដក់ទឹក កន្លែងណាស្ទះលូ និងទឹកស្អុយ ត្រូវរំដោះឲ្យអស់ នៅពេលយើងរំដោះទឹកស្អុយនោះចេញអស់នៅថ្ងៃណា គឺអស់មូស ចាប់ពីថ្ងៃនោះហើយ។ សម្រាប់ប្រជាពលរដ្ឋ សូមស្លៀក សម្លៀកបំពាក់ឲ្យជិត(ពាក់អាវដៃវែង ស្លៀកខោជើងវែង)រៀបចំសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឲ្យបានស្អាត ពាង ក្រឡ ដែលអាចដក់ទឹកបាន ត្រូវគ្រប ឬផ្កាប់ បានចូលរួមកាត់បន្ថយមូសផងដែរ៕ អត្ថបទ រដ្ឋា

សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» បន្តបែងចែកប្រាក់ចំណេញភាគលាភប្រចាំខែជូនដល់សមាជិករបស់ខ្លួនជាលើកទី៤

2025/02/10 12:43:25 pm        112
តាកែវ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតជាមធ្យម ក្នុងខែកុម្ភៈនេះ សមាជិកម្នាក់ៗមានផ្ទះសំណាញ់២ខ្នង និងទទួលបានប្រាក់ចំណេញក្នុងរង្វង់ ៧៥ម៉ឺនរៀល ដែលក្នុងនោះ ៧០% បានមកពីប្រាក់រង្វាន់លើការថែទាំបន្លែ និង៣០% ទៀតទទួលបានបន្ថែមពីសហគមន៍ក្រោយការទូទាត់ចំណាយប្រចាំខែរួចរាល់។ឯកឧត្តមបន្តថា ទោះបីជាប្រាក់ភាគលាភក្នុងខែនេះទាបជាងកាលពីខែមុនបន្តិច ដោយសារទទួលរងសម្ពាធពីការធ្លាក់ចុះនៃថ្លៃបន្លែលើទីផ្សារ តែសហគមន៍កសិកម្មទំនើបនៅតែបន្តធានាបាននូវប្រាក់ចំណេញសមរម្យជាប្រចាំដែលមានស្ថិរភាព និងអាចលក់ចេញបន្លែក្នុងរង្វង់ ១៥០០៛/គីឡូក្រាម ខណៈពេលដែលកសិករនៅក្រៅសហគមន៍ភាគច្រើនកំពុងរងការខាតបង់ពីការទទួលបានថ្លៃត្រឹមតែ ៥០០៛ប៉ុណ្ណោះ៕

សហភាពសហព័ន្ធយុវជនកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយ សមាគមប្រជាជនសិង្ហបុរី

2025/02/10 12:32:32 pm        170
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore — PA Singapore ) នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នា។ ពិធីនេះធ្វើឡើងនៅប្រទេសសិង្ហបុរី ក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និង ឯកឧត្តម Jimmy Toh នាយកប្រតិបត្តិ សមាគមប្រជាជនសិង្ហបុរី។ អនុស្សរណៈនេះ គឺជាសក្ខីភាពនៃការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នដៃគូទាំងពីរ ដែលជាអង្គការមហាជនមានស្នាដៃលេចធ្លោក្នុងការងារសង្គម ស្ម័គ្រចិត្ត មនុស្សធម៌ និយុវជននៅក្នុងប្រទេសរៀងៗខ្លួន។ សូមបញ្ជាក់ថា កន្លងមក ស.ស.យ.ក. និង PA Singapore ធ្លាប់បានសហការគ្នាយ៉ាងជិតស្អិតលើការអភិវឌ្ឍយុវជន ការងារអប់រំ វប្បធម៌ និងសិល្បៈ ដែលក្នុងនោះ ស្ថាប័នទាំងពីរធ្លាប់បានធ្វើការផ្លាស់ប្តូរយុវជន និងទស្សនកិច្ចសិក្សាជាច្រើនលើក។អនុស្សារណៈនាពេលនេះ ជាឱកាសកាន់តែធំ សម្រាប់ស្ថាប័នទាំងពីរ ក្នុងការពង្រីកសក្តានុពលនៃស្ថាប័នរៀងៗខ្លួន និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត ដើម្បីបម្រើផលប្រយោជន៍ប្រជាជន ជាពិសេសយុវជននៃប្រទេសយើងទាំងពីរ៕ អត្ថបទ៖ គឹមហុក

សម្តេចម៉ែនសំអនអញ្ជើញផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២នៅខេត្តស្វាយរៀង

2025/02/10 12:28:53 pm        54
ស្វាយរៀង ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញ ផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រគេននិងជូនដល់ព្រះសង្ឃ ពុទ្ធបរិស័ទ នៅខេត្តស្វាយរៀង ដោយមានការនិមន្តនិងអញ្ចើញចូលរួមពីព្រះសង្ឃ លោកតាជី លោកយាយជី មន្ត្រីរាជការ ចំនួន៥៥០អង្គ/នាក់ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាកលវិទ្យា័យស្វាយរៀង រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេន ថ្វាយជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋខ្មែរគ្រប់រូប។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ គឺពិតជានឹងជួយតម្រង់ទិស និងឆ្លើយតបទៅ នឹងបញ្ហាប្រឈម ជាពិសេស ទិសដៅការងារដែលបានដាក់ចេញសម្រាប់អនុវត្តន៍ក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈផង បន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិតផង និងដើម្បីពង្រឹងនូវធម៌វិន័យនៃព្រះពុទ្ធសាសនាផងដែរ។ សម្តេចកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា សាសនាបច្ចុប្បន្ន មានភាពរីកចម្រើនជាខ្លាំង ប៉ុន្តែយើងក៏នៅមានការងារច្រើនទៀត ដែលត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងគុណភាព ដែលជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះបណ្តាលធនធានបញ្ញាជន និងបទពិសោធន៍ បង្ហាញឲ្យឃើញថា វត្ដអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែក ក្នុងការកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌ ក្រោមម្លប់ នៃវប្បធម៌សន្តិភាព។ ទន្ទឹមនិងនោះដែរសម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ផ្តាំផ្ញើនូវមតិ្តសំខាន់ៗមួយចំនួនរួមមានទី១/មន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់ និងបន្តការពង្រឹងគុណវុឌ្ឍ តាមរយៈ វគ្គសង្ឃាភិបាល ដើម្បីលើកកម្ពស់សមត្ថភាព ប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តតួនាទីភារកិច្ច។ ទី២ / ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សូមគណៈកម្មការអាចារ្យ និងព្រះសង្ឃ រៀបចំទទួលទេវតាឆ្នាំថ្មីអោយបានសមរម្យ ដើម្បីបង្ហាញដល់មនុស្សជំនាន់ក្រោយបានយកនិងយកតម្រាប់តាម រៀបចំលេងល្បែងប្រជាប្រិយ តាមបែបប្រពៃណីខ្មែរ ប្រឡងចម្រៀង ស្រង់ព្រះជាដើម ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋនៅមូលដ្ឋាន និងទី/ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក៏ត្រូវ ធានាបាននូវសុខសុវត្ថិភាព គ្មានបងតូច បងធំ គ្មានល្បែងស៊ីសង គ្មានគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ ពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះអគ្គីភ័យដែលអាចនឹងកើតឡើងជាយថាហេតុ។                                                   

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាជនអ៊ីរ៉ង់ មានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នជុំវិញទស្សនវិស័យសម្រាប់កិច្ចព្រមព្រៀងយូរអង្វែង
06/15/2026 05:06 PM
ការវិភាគ៖ លោក Trump ទុកផ្នែកលំបាក​ៗ​ទៅ​​ពេល​ក្រោយ​​ នៅក្នុង​​​កិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/15/2026 05:06 PM
ស្ថានទូតអ៊ីរ៉ង់ប្រចាំទុយនីស៊ី បង្ហាញពីតួនាទីរបស់ប្រទេសប៉ាគីស្ថានក្នុងដំណើរការកិច្ចព្រមព្រៀង
06/15/2026 04:06 PM
កិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ បង្ហាញពីការបរាជ័យផ្ទាល់ខ្លួនរបស់លោក Netanyahu
06/15/2026 04:06 PM
កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម
06/15/2026 04:06 PM
អាហ្វ្រិកខាងត្បូង រឹតបន្តឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ក្នុងពេលមានការបញ្ជូនត្រឡប់ទៅវិញ
06/15/2026 04:06 PM
ប្រតិបត្តិការជួយសង្រ្គោះធ្វើឡើងនៅប្រាសាទរងការឆាបឆេះនៅទីក្រុងគីវ ក្រោយការវាយប្រហាររបស់រុស្ស៊ី
06/15/2026 04:06 PM
សម្តេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំកែច្នៃប្រជាជនឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ
06/15/2026 04:06 PM
ប្រតិបត្តិការជួយសង្រ្គោះធ្វើឡើងនៅប្រាសាទរងការឆាបឆេះនៅទីក្រុងគីវ ក្រោយការវាយប្រហាររបស់រុស្ស៊ី
06/15/2026 04:06 PM
អាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់ថា ខ្លួននឹងទទួលបានប្រាក់១២ពាន់លានដុល្លារដែលបានបង្កក មកវិញ
06/15/2026 04:06 PM