យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ខេត្តកណ្តាលបានរៀបចំពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ: លើកទី៩ ឆ្នាំ២០២៦
រដ្ឋមន្រ្ដីក្រសួងការងារ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD

ព័ត៌មានជាតិ

ការចុះអង្កេតបាណកសាស្រ្ត ដើម្បីជាការឆ្លើយតបទៅនឹងការកើតករណីមានមូសច្រើននៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញ

2025/02/10 12:50:23 pm        395
ក្រុមការងាររបស់កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម របស់មជ្ឈមណ្ឌលប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមការដឹកនាំផ្ទាល់ពីលោកវេជ្ជបណ្ឌិត លាង ឬទ្ធា អនុប្រធានមជ្ឈមណ្ឌលជាតិ និងជាប្រធានកម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម បានដឹកនាំក្រុមការងារព្រមទាំងសហការជាមួយក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះអង្កេតបាណកសាស្រ្តដង្កូវទឹក ដើម្បីវាយតំលៃស្ថានភាពមូស នៅតាមភូមិសាស្រ្តប្រឈមខ្ពស់ នៅក្នុងសង្កាត់ក្រាំងធ្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ព្រៃស ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ។លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៥នេះថា ក្រុមការងារចុះមកទីតាំងនេះ គឺដើម្បីសិក្សាថាតើប្រភពមូស ដែលកើនឡើងច្រើនក្នុងភូមិនេះ មានកើនឡើងពីចំនុចណា ហើយជាប្រភេទមូសអ្វី? តើអាជ្ញាធរមូលដ្ឋានបានចូលរួម និងប្តេជ្ញាចិត្តដូចម្តេចខ្លះ? និងដឹងពីស្ថានភាពនេះ យើងត្រូវចូលរួមធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយមូសនេះឲ្យមានប្រសិទ្ធភាព។ លោកវេជ្ជបណ្ឌិត បន្តថា ជាធម្មតានៅរដូវប្រាំង លំហូរទឹកនៅតាមលូ មានការថយចុះ ហូរយឺត ឬក៏អត់ហូរតែម្តង។ ដូច្នេះកាលទឹកកកស្ទះ មានក្លិនស្អុយ ជាទីកន្លែងធ្វើឲ្យដង្កូវទឹកញាស់ និងកើត ហើយដង្កូវទឹកទាំងអស់នោះ សុទ្ធតែដង្កូវទឹកមូសអង្កាមទាំងអស់ លុះដល់ពេលដង្កូវទឹកនោះវាកើតញាស់ មូសវាហោះចូលក្នុងផ្ទះបងប្អូនប្រជាពលរដ្ឋ។ ក្រោយពេលមន្រី្តជំនាញបូសមូស យកមកពិនិត្យ គឺសុទ្ធតែជាទម្រង់មូសអង្កាមតូចៗ គ្មានឆ្នូតខ្មៅៗជាសញ្ញាមូសខ្លានោះទេ។ ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋជឿជាក់ថា មូលហេតុដែលមូសកើនឡើងច្រើននោះ គឺមកពីការកកស្ទះតាមលូ ឬក៏មានទឹកដក់ នេះគឺជាប្រភពដែលធ្វើឲ្យកើតមូសច្រើន។ បច្ចុប្បន្នមានករណីមូសកើនឡើងច្រើនស្ទើគ្រប់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ត្រង់ចំនុចនេះលោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភថាតើមូសកើនឡើងច្រើន ជាប្រភេទមូសអ្វី គឺជាមូសអង្កាម ហើយមូសអង្កាមនេះមិនបង្ករជាហានិភ័យកើតជំងឺអ្វីជាសំខាន់នោះទេ វាមិនអាចឲ្យយើងកើតជាជំងឺគ្រុនឈាមនោះទេ គឺនៅពេលមូស វាខាំទៅ បង្ករឲ្យយើងរមាស់ និងរំខានតែប៉ុណ្ណោះ។ចំណែកលោក ហា សុផល អនុប្រធានភូមិសែនសុខទី៥ និងបងប្អូនប្រជាពលរដ្ឋ បង្ហាញពីអារម្មណ៍សប្បាយរីករាយ នៅពេលក្រុមការងាររបស់កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម របស់មជ្ឈមណ្ឌលប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ចុះមកពិនិត្យសហគមន៍នេះថាតើមានមូសខ្លា ដែលធ្វើឲ្យមានគ្រោះថា្នក់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្បែរមាត់ប្រឡាយដែលឬក៏អត់។ ក្រោយពេលពិនិត្យសង្កេតឃើញថាគ្មានបញ្ហាមូសខ្លានោះទេ គឺសុទ្ធតែមូសអង្កាម ដូចនេះធ្វើឲ្យរូបគាត់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដទៃទៀត គ្មានការព្រួយបារម្ភ ពីការកើនឡើងច្រើនពីប្រភេទមូសអង្កាមនោះទេ។ជាចុងក្រោយក្នុងនាមកម្មវិធីជាតិ ក៏ដូចជាក្រុមការងាររាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត លាង ឬទ្ធា សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ពិនិត្យមើលក្នុងសហគមន៍ មានកន្លែងណាដក់ទឹក កន្លែងណាស្ទះលូ និងទឹកស្អុយ ត្រូវរំដោះឲ្យអស់ នៅពេលយើងរំដោះទឹកស្អុយនោះចេញអស់នៅថ្ងៃណា គឺអស់មូស ចាប់ពីថ្ងៃនោះហើយ។ សម្រាប់ប្រជាពលរដ្ឋ សូមស្លៀក សម្លៀកបំពាក់ឲ្យជិត(ពាក់អាវដៃវែង ស្លៀកខោជើងវែង)រៀបចំសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឲ្យបានស្អាត ពាង ក្រឡ ដែលអាចដក់ទឹកបាន ត្រូវគ្រប ឬផ្កាប់ បានចូលរួមកាត់បន្ថយមូសផងដែរ៕ អត្ថបទ រដ្ឋា

សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» បន្តបែងចែកប្រាក់ចំណេញភាគលាភប្រចាំខែជូនដល់សមាជិករបស់ខ្លួនជាលើកទី៤

2025/02/10 12:43:25 pm        112
តាកែវ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតជាមធ្យម ក្នុងខែកុម្ភៈនេះ សមាជិកម្នាក់ៗមានផ្ទះសំណាញ់២ខ្នង និងទទួលបានប្រាក់ចំណេញក្នុងរង្វង់ ៧៥ម៉ឺនរៀល ដែលក្នុងនោះ ៧០% បានមកពីប្រាក់រង្វាន់លើការថែទាំបន្លែ និង៣០% ទៀតទទួលបានបន្ថែមពីសហគមន៍ក្រោយការទូទាត់ចំណាយប្រចាំខែរួចរាល់។ឯកឧត្តមបន្តថា ទោះបីជាប្រាក់ភាគលាភក្នុងខែនេះទាបជាងកាលពីខែមុនបន្តិច ដោយសារទទួលរងសម្ពាធពីការធ្លាក់ចុះនៃថ្លៃបន្លែលើទីផ្សារ តែសហគមន៍កសិកម្មទំនើបនៅតែបន្តធានាបាននូវប្រាក់ចំណេញសមរម្យជាប្រចាំដែលមានស្ថិរភាព និងអាចលក់ចេញបន្លែក្នុងរង្វង់ ១៥០០៛/គីឡូក្រាម ខណៈពេលដែលកសិករនៅក្រៅសហគមន៍ភាគច្រើនកំពុងរងការខាតបង់ពីការទទួលបានថ្លៃត្រឹមតែ ៥០០៛ប៉ុណ្ណោះ៕

សហភាពសហព័ន្ធយុវជនកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយ សមាគមប្រជាជនសិង្ហបុរី

2025/02/10 12:32:32 pm        170
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore — PA Singapore ) នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នា។ ពិធីនេះធ្វើឡើងនៅប្រទេសសិង្ហបុរី ក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និង ឯកឧត្តម Jimmy Toh នាយកប្រតិបត្តិ សមាគមប្រជាជនសិង្ហបុរី។ អនុស្សរណៈនេះ គឺជាសក្ខីភាពនៃការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នដៃគូទាំងពីរ ដែលជាអង្គការមហាជនមានស្នាដៃលេចធ្លោក្នុងការងារសង្គម ស្ម័គ្រចិត្ត មនុស្សធម៌ និយុវជននៅក្នុងប្រទេសរៀងៗខ្លួន។ សូមបញ្ជាក់ថា កន្លងមក ស.ស.យ.ក. និង PA Singapore ធ្លាប់បានសហការគ្នាយ៉ាងជិតស្អិតលើការអភិវឌ្ឍយុវជន ការងារអប់រំ វប្បធម៌ និងសិល្បៈ ដែលក្នុងនោះ ស្ថាប័នទាំងពីរធ្លាប់បានធ្វើការផ្លាស់ប្តូរយុវជន និងទស្សនកិច្ចសិក្សាជាច្រើនលើក។អនុស្សារណៈនាពេលនេះ ជាឱកាសកាន់តែធំ សម្រាប់ស្ថាប័នទាំងពីរ ក្នុងការពង្រីកសក្តានុពលនៃស្ថាប័នរៀងៗខ្លួន និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត ដើម្បីបម្រើផលប្រយោជន៍ប្រជាជន ជាពិសេសយុវជននៃប្រទេសយើងទាំងពីរ៕ អត្ថបទ៖ គឹមហុក

សម្តេចម៉ែនសំអនអញ្ជើញផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២នៅខេត្តស្វាយរៀង

2025/02/10 12:28:53 pm        54
ស្វាយរៀង ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញ ផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រគេននិងជូនដល់ព្រះសង្ឃ ពុទ្ធបរិស័ទ នៅខេត្តស្វាយរៀង ដោយមានការនិមន្តនិងអញ្ចើញចូលរួមពីព្រះសង្ឃ លោកតាជី លោកយាយជី មន្ត្រីរាជការ ចំនួន៥៥០អង្គ/នាក់ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាកលវិទ្យា័យស្វាយរៀង រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេន ថ្វាយជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋខ្មែរគ្រប់រូប។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ គឺពិតជានឹងជួយតម្រង់ទិស និងឆ្លើយតបទៅ នឹងបញ្ហាប្រឈម ជាពិសេស ទិសដៅការងារដែលបានដាក់ចេញសម្រាប់អនុវត្តន៍ក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីបម្រើឱ្យប្រយោជន៍សាធារណៈផង បន្តកែទម្រង់វិស័យពុទ្ធិកសិក្សាគ្រប់កម្រិតផង និងដើម្បីពង្រឹងនូវធម៌វិន័យនៃព្រះពុទ្ធសាសនាផងដែរ។ សម្តេចកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា សាសនាបច្ចុប្បន្ន មានភាពរីកចម្រើនជាខ្លាំង ប៉ុន្តែយើងក៏នៅមានការងារច្រើនទៀត ដែលត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងគុណភាព ដែលជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះបណ្តាលធនធានបញ្ញាជន និងបទពិសោធន៍ បង្ហាញឲ្យឃើញថា វត្ដអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែក ក្នុងការកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌ ក្រោមម្លប់ នៃវប្បធម៌សន្តិភាព។ ទន្ទឹមនិងនោះដែរសម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ផ្តាំផ្ញើនូវមតិ្តសំខាន់ៗមួយចំនួនរួមមានទី១/មន្ត្រីសង្ឃគ្រប់ឋានានុក្រម ត្រូវបន្តអនុវត្តស្មារតីសង្ឃប្រកាស នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដែលបានសម្រេចកន្លងទៅឱ្យបានម៉ឺងម៉ាត់ និងបន្តការពង្រឹងគុណវុឌ្ឍ តាមរយៈ វគ្គសង្ឃាភិបាល ដើម្បីលើកកម្ពស់សមត្ថភាព ប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តតួនាទីភារកិច្ច។ ទី២ / ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សូមគណៈកម្មការអាចារ្យ និងព្រះសង្ឃ រៀបចំទទួលទេវតាឆ្នាំថ្មីអោយបានសមរម្យ ដើម្បីបង្ហាញដល់មនុស្សជំនាន់ក្រោយបានយកនិងយកតម្រាប់តាម រៀបចំលេងល្បែងប្រជាប្រិយ តាមបែបប្រពៃណីខ្មែរ ប្រឡងចម្រៀង ស្រង់ព្រះជាដើម ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋនៅមូលដ្ឋាន និងទី/ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក៏ត្រូវ ធានាបាននូវសុខសុវត្ថិភាព គ្មានបងតូច បងធំ គ្មានល្បែងស៊ីសង គ្មានគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ ពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះអគ្គីភ័យដែលអាចនឹងកើតឡើងជាយថាហេតុ។                                                   

ស្ថានភាពតម្លៃស្រូវបានវិលមកធម្មតាឡើងវិញ ក្រោយចប់រដូវបុណ្យចូលឆ្នាំចិន-វៀតណាម

2025/02/10 12:27:50 pm        188
អ្នកជំនាញក្នុងវិស័យស្រូវ អង្ករ បានឲ្យដឹងថា គិតមកដល់ពេលនេះ ពោលក្រោយចប់រដូវបុណ្យចូលឆ្នាំចិន-វៀតណាម ស្ថានភាពនៃការនាំចេញ ក៏ដូចជាតម្លៃស្រូវ បានវិលត្រឡប់មកជាធម្មតាឡើងវិញហើយ និងត្រៀមពង្រីកទីផ្សារនាំចេញស្រូវរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិថែមទៀត។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ជាទូទៅ ការប្រមូលផលស្រូវមិនមានការខុសប្លែកគ្នាប៉ុន្មានទេ ពីព្រោះពាក់ព័ន្ធការដាំដុះ ផ្ទុយទៅវិញអ្វីគឺមើលឃើញថា មានការប្រែប្រួលច្រើន គឺពាក់ព័ន្ធទៅនឹងការនាំចេញស្រូវពីប្រទេសកម្ពុជា ដែលឃើញកន្លងមក កាលពេលដែលថ្លៃស្រូវមានបញ្ហាខ្លាំងកាលពីដើមខែនោះ គឺទំហំនៃការនាំចេញតិចដែលបានដាក់សំពាធខ្លាំងទៅលើថ្លៃស្រូវ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឲ្យដឹងទៀតថា ផ្ទុយទៅវិញក្រោយពីមានវិធានការណ៍មួយចំនួនពីការកៀគរជួយប្រមូលទិញពីរោងម៉ាស៊ីនក្នុងស្រុក ពីអ្នកប្រើប្រាស់ក្នុងស្រុក ក៏ដូចជាការអំពាវនាវ និងវិធានការណ៍ផ្សេងៗនោះ គឺឃើញថាការនាំចេញស្រូវប្រចាំថ្ងៃមានការកើនឡើងគួរឲ្យកត់សម្គាល់ លើកលែងតែចន្លោះពេលចូលឆ្នាំចិន-វៀតណាម ដែលចំនួននេះមានការធ្លាក់ចុះបន្តិច តែបច្ចុប្បន្ននេះ គឺបានកើនឡើងមកក្នុងកម្រិតជាធម្មតាវិញហើយ។លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យ ប៊ីធីវី ដឹងដែរថា ជុំវិញបញ្ហាស្រូវក្នុងពេលនេះ គឺមានស្ថានភាពប្រសើរជាងមុន ហើយតម្លៃក៏ល្អជាងមុនដែរ ដែលឥឡូវនេះនៅក្នុងចន្លោះ ៨៦០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវពូជប្រភេទ អូអិម (OM) ។ រីឯប្រភេទស្រូវស្រង៉ែ តម្លៃចន្លោះ ១,០៣០ ទៅ ១,០៥០រៀល ក្នុងមួយគីឡូ។ លោកឧកញ៉ា បានបន្តថា ដោយឡែក ការនាំចេញស្រូវមកដល់ពេលនេះ កត់សម្គាល់ឃើញដែរថា ក៏មានការវិលត្រឡប់មកប្រក្រតីឡើងវិញហើយ។ លោកឧកញ៉ាប្រធានបានបញ្ជាក់ថា ក្នុងពេលនេះ សហព័ន្ធស្រូវអង្ករកម្ពុជាកំពុងជំរុញអភិវឌ្ឍកម្មវិធី អេសអាភី (SRP) ឬហៅថាជាប្រភេទស្រូវមាននិរន្ត៍រភាព ជាស្តង់ដារមួយថ្មី ដើម្បីឲ្យប្រជាកសិករទទួលបាននូវតម្លៃស្រូវមួយដែលល្អ ហើយថ្លៃ។ជុំវិញបញ្ហាស្រូវអង្ករនេះដែរ រដ្ឋាភិបាលកម្ពុជា បានបន្តលើកទឹកចិត្តដល់ប្រជាកសិករឲ្យងាកមកដាំពូជយុទ្ធសាស្រ្តរបស់កម្ពុជាដែលជាអង្ករក្រអូប ក៏ដូចជាការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ពីព្រោះដើម្បីធានាថា មានភាពច្បាស់លាស់ តម្លៃល្អ ទទួលបានព័ត៌មានមុននឹងធ្វើការសម្រេចចិត្តដាំ ហើយអ្វីដែលចង់លើកទឹកចិត្តបន្ថែមទៀតនោះ គឺការចងក្រងទៅជាសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ សូមជំរាបជូនទៀតថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ចំពោះលក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង។ ដោយឡែក ចំពោះ ការចុះបញ្ចី, ការផ្សព្វផ្សាយ, ការៀបចំធ្វើផែនការអាជីវកម្ម និងនីតិវិធីផ្សេងៗទៀត ក្រសួងកសិកម្ម ធានាសម្របសម្រួលជូន៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រុមការងារក្រសួងធនធានទឹកចុះពិនិត្យ និងជំរុញពន្លឿនការងារដោះមីន ដើម្បីធ្វើផ្លូវ​ដឹកគ្រឿងចក្រចូលការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹង ស្ថិតក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង

2025/02/10 12:18:36 pm        116
បាត់ដំបង៖ កាលពី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញចុះជំរុញពន្លឿនការងារដោះមីន ដើម្បីធ្វើផ្លូវដឹកគ្រឿងចក្រចូលការដ្ឋានសាងសង់សំណង់ស្ទាក់ទឹកស្ទឹង ក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។សូមជម្រាបថា ដំណើរចុះពិនិត្យការងារនាពេលនេះមានការចូលរួមពីអាជ្ញាធរថ្នាក់ក្រោមជាតិ សាលាស្រុកសំឡូត មេឃុំនិងមេភូមិពាក់ព័ន្ធទាំងអស់ ពលទាហាន នាយទាហាននៃតំបន់ប្រតិបត្តិការសឹករងស្រុកសំឡូត និងកងដោះមីន ជាច្រើនរូបផងដែរ។ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការងារធ្វើផ្លូវគឺដើម្បីនាំគ្រឿងចក្រនិងសម្ភារៈចូលទៅកាន់ការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញូង ក្បាលស្ទឹងសង្កែដែលជាចំណុចប្រសព្វនៃកំពូលស្ទឹងទាំងបួនគឺស្ទឹងរនោង ស្ទឹងក្រូច ស្ទឹងវាលរលឹម និងស្ទឹងតាតោក ស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ការកសាងសំណង់ស្ទាក់ទឹកស្ទឹង ព្រមទាំងមានការទប់ភ្នំចំនួនពីរ គឺមិនត្រឹមតែដើម្បីរក្សាស្តុកទឹកទុករាប់លានម៉ែត្រគូបកុំឱ្យហូរទៅប្រទេសជិតខាង ធានានូវសន្តិសុខទឹក ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទប់ទល់នឹងគ្រោះមហន្តរាយដែលបង្កឡើងដោយទឹកជំនន់គ្រប់ប្រភេទនិងគ្រោះរាំងស្ងួតដែលតែងយាយីខេត្តបាត់ដំបងជាប្រចាំ ពីការប្រែប្រួលអាកាសធាតុដ៏ខ្លាំង។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក៏បាននាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ជូនដល់ក្រុមគ្រួសារកងទ័ព នាយទាហាន និងពលទាហានដែលឈរជើងការពារនិងដោះមីនក្នុងតំបន់ការដ្ឋានកសាងទំនប់ទឹកខាងលើផងដែរ៕

វិនិយោគិនថៃទទួលបានជោគជ័យលើការធ្វើអាជីវកម្ម ក្រោមបរិយាកាសអំណោយផលនៃកម្ពុជា

2025/02/10 12:10:54 pm        123
ប្រធានសមាគមពាណិជ្ជកម្មថៃ ថ្លែងថា វិនិយោគិនថៃដែលរកស៊ីទទួលទាន បានកំពុងទទួលជោគជ័យនៅលើការអាជីវកម្មរបស់ ខ្លួន ក្រោមបរិយាកាសអំណោយផលនៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមចំណែកដល់ការស្តារឡើងវិញនៃការធ្វើពាណិជ្ជកម្មទ្វេ ភាគី និងភាពរីកចម្រើននៃសេដ្ឋកិច្ចប្រទេសទាំងពីរ។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកឡើងនៅក្នុងកម្មវិធីជួបជុំពិសារអាហារ សាមគ្គី លើកទី១ ក្នុងឆ្នាំ ២០២៥ នៅចុងសប្តាហ៍កន្លងមកថា កម្ពុជា-ថៃ គឺជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការទាំងផ្នែកការទូត ពាណិជ្ជកម្ម និងការវិនិយោគ ចំណែកការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ថៃ នៅមុនវិបត្តិជំងឺកូវីដ-១៩ ការធ្វើពាណិជ្ជកម្មប្រទេស ទាំងពីរ បានបន្តកំណើនហក់ឡើងគួរជាទីកត់សម្គាល់ ហើយបច្ចុប្បន្ននេះ, ការធ្វើពាណិជ្ជកម្មទ្វេរភាគី ក៏បានកំពុងបន្តងើបឡើង ប៉ុន្តែ នៅក្នុងកម្រិតទាបនៅឡើយ។ ដោយឡែកការជួបជុំគ្នានេះ, សមាគមថៃបានបង្កើតកម្មវិធីនេះជាច្រើនលើករួចមកហើយ ដើម្បីជួបជុំរវាង វិនិយោគិនដែល កំពុងធ្វើអាជីវកម្ម និងពាណិជ្ជកម្មថៃនៅលើទឹកដីកម្ពុជា ដើម្បីជួបសន្ទនាអំពីសុខទុក្ខ ការចែករំលែក ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅ វិញទៅមក នៅលើការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម, ដើម្បីជំរុញការធ្វើអាជីវកម្មរបស់ពួកគាត់ឱ្យទទួលបានជោគជ័យកាន់តែ ខ្លាំងក្លា នៅក្រោមបរិយាកាសអំណោយផល និងការលើកទឹកចិត្តគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាផ្នែកមួយនៃការចូល រួមចំណែកការស្តារឡើងវិញនៃការធ្វើពាណិជ្ជកម្មទ្វេភាគី និងដើម្បីភាគរីកចម្រើននៃសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ទាក់ទិនការធ្វើអាជីវកម្មវិញ, លោកស្រី ជីរ៉ាណាន់ វង្សមង្គល លើកឡើងបន្ថែមថា ស្របពេលស្ថានភាពពិភពលោកបង្ហាញនូវ សញ្ញាណវិជ្ជាមានជាបណ្តើរៗ និងស្របស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងរើបឡើងវិញ, ធុរកិច្ចថៃនៅតែបន្តសម្លឹងអំពីឱកាសវិនិយោគ របស់ខ្លួននៅកម្ពុជា ដោយបានហូរចូលមកជាបន្តយបន្ទាប់ តាមរយៈការជួយគៀងគរបស់សមាគម ចំពោះក្រុមធុរកិច្ច និងវិនិយោគិន ពីប្រទេសថៃផ្សេងៗ មកសិក្សាស្វែងពីបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីមកវិនិយោគឲ្យបានកាន់តែច្រើន ជំរុញពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរ ឲ្យមានកំណើនកាន់តែល្អប្រសើរឡើងវិញ៕ អត្ថបទ៖ សុន រ៉ាឌី

សមាគមក្នុងស្រុកជំរុញឲ្យម្ចាស់ SME ដើរឲ្យទាន់បច្ចេកវិទ្យាឌីជីថល ដើម្បីភាពរីកចម្រើនលើអាជីវកម្ម

2025/02/10 12:01:25 pm        270
ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា បានជំរុញឲ្យម្ចាស់អាជីវកម្មទាំងតូច និងមធ្យមទាំងអស់ ត្រូវតែដើរឲ្យទាន់នូវសម័យកាល នៃបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងនិងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើយ៉ាងណាកសាងប្រេនឌីងឲ្យខ្លួនឯង ដើម្បីឲ្យអតិថិជនកាន់តែ ស្គាល់ពីសេវាកម្មរបស់យើង។លោក សួន ម៉ិ សមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងនៅក្នុងជំនួបសហគ្រិន ផ្គូផ្គងអាជីវកម្មសម្រាប់សហគ្រាសតូច និងមធ្យមនៅកម្ពុជា ក្រោមប្រធានបទ៖ សហគ្រិនកសាងប្រេនឌីង ក្នុងសម័យឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅ កម្ពុជា២០២៥ នេះថា ជុំវិញការរៀបចំជំនួបសហគ្រិន ការផ្គូផ្គងអាជីវកម្ម និងកម្មវិធីផ្សេងៗទៀត កន្លងមកសមាគមបានជួយម្ចាស់ អាជីវកម្មជាច្រើនដូចជា តាមរយៈការជួយគ្នាទៅវិញទៅមក ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ល្អនៅលើការធ្វើអាជីវកម្ម ពិសេសជាងនេះទៀត គឺការផ្លាស់ប្តូរឥរិយាបទលើការធ្វើអាជីវកម្មតាមទម្លាប់ មកចាប់យកការធ្វើអាជីកម្មតាមស្តង់ដារ និងផលិតដើម្បី ផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញជាដើម។លោកបន្តថា សម្រាប់នៅក្នុងឆ្នាំ២០២៥ នេះ សមាគមបានដាក់ចេញនូវផែនការជាច្រើន ដើម្បីជួយលើកកម្ពស់សហគ្រិនខ្មែរ ដែលកំពុងរកស៊ីទទួលទាន ជាក់ស្តែងជំនួបសហគ្រិននៅពេលនេះ គឺចង់ឱ្យម្ចាស់អាជីវកម្មកសាងប្រេនឌីង ប្រកបដោយប្រសិទ្ធភាព របស់ពួកគាត់ ការទទួលបានទំនាក់ទំនងកាន់តែច្រើន និងការពង្រីកឱកាសនៅក្នុងការធ្វើអាជីវកម្ម ជាពិសេសជំនួបជាមួយដៃគូជាតិ និងអន្តរជាតិ និងការបង្ហាញផ្លូវជំរុញដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំពុងខិតខំ និងលើកកម្ពស់ដល់វិស័យ ឯកជន និងបានចាត់ទុកវិស័យឯកជនជាដៃគូរដែលមិនអាចខ្វះបាន។ឯកឧត្តម ង៉ូវ ប៉ូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនូវការកោតសរសើរ ចំពោះសមាគមសហគ្រិនវីម៉ូនៅកម្ពុជា ដែលបាន បន្តបេសកម្មរបស់ខ្លួន ជួយដល់សហគ្រិន ដើម្បីពង្រីងនិងពង្រីកចំណេះដឹងថ្មីៗបន្ថែម ជាពិសេសការផ្សព្វផ្សាយផលិតផល និងការ ស្វែងរកដៃគូរអាជីវកម្ម ដើម្បីអាចតោងថ្ពក់ចាប់ដៃគូពាណិជ្ជកម្មផ្សេងៗ និងការផ្គត់ផ្គង់ផលិតផលចូលទីផ្សារឱ្យបានច្រើន។ ជុំវិញការ ធ្វើអាជីវកម្មនេះដែរ, ឯកឧត្តម ក៏បានអំពាវនាដល់ម្ចាស់អាជីវកម្មទាំង ដែលផលិតនិងផ្គត់ផ្គង់ទំនិញផ្សេងៗ ក្រៅពីការរគិតគូរ ប្រយោជន៍ខ្លួន សូមគិតគូរដល់បរិស្ថាន ព្រោះបរិស្ថានគឺជាតម្រូវការគ្រប់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី

សាលារៀនចាប់ផ្ដើមប្រឡងរកសិស្សពូកែដើម្បីបន្តចូលរួមប្រកួតថ្នាក់រាជធានី-ខេត្ត និងថ្នាក់ជាតិ

2025/02/10 11:38:37 am        122
វិទ្យាល័យនីមួយៗ បានចាប់ផ្ដើមរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំសាលា សម្រាប់សិស្សថ្នាក់ទី ៩ និងសិស្សថ្នាក់ទី ១២។ ការប្រឡងនេះ គឺធ្វើឡើងលើមុខវិជ្ជា គណិតវិទ្យា អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា ក្នុងគោលដៅជ្រើសយកអ្នកទទួលបានពិន្ទុខ្ពស់ចូលរួមប្រកួតប្រជែងសិស្សពូកែ ថ្នាក់រាជធានី-ខេត្ត និងការប្រឡងសិស្សពូកែថ្នាក់ជាតិ។គិតត្រឹមពេលនេះសាលារៀនកម្រិតវិទ្យាល័យមួយចំនួន បានបញ្ចប់ការប្រឡងសិស្សពូកែប្រចាំសាលារួចរាល់ រីឯ សាលាខ្លះទៀតបានដាក់កាលបរិច្ឆេទសម្រាប់ការប្រឡងនាពេលបន្តបន្ទាប់។ សម្រាប់វិទ្យាល័យជាស៊ីមសាមគ្គី បានបញ្ចប់ការប្រឡងរួចរាល់ ដោយប្រមូលសិស្សពូកែភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា ប្រចាំថ្នាក់ទី ៩ និងថ្នាក់ទី ១២ ដើម្បីប្រឡង និងជ្រើសយកសិស្សដែលទទួលបានពិន្ទុខ្ពស់ជាងគេប្រចាំសាលា។លោក ផាន់ និល ជានាយកវិទ្យាល័យជាស៊ីមសាមគ្គី បានលើកឡើងថា ការប្រឡងនេះមានការសម្រិតសម្រាំងជាខ្លាំង ទាំងដំណាក់កាលមុនប្រឡង ដំណាក់កាលប្រឡង និងដំណាក់កាលកំណែ។ គោលដៅតែមួយគត់ គឺរើសសិស្សដែលខ្លាំង បន្តទៅការប្រឡងសិស្សពូកែថ្នាក់រាជធានី និងអាចមានឱកាសបន្តចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ។ លោកលើកឡើងដែថា សាលានឹងរៀបចំការបំប៉នថែមសម្រាប់សិស្សពូកែប្រចាំសាលា ដើម្បីឱ្យសមត្ថភាពពួកគេកាន់តែខ្លាំងផងដែរ។ក្រោយបញ្ចប់ការប្រឡង និងទទួលលទ្ធផល សិស្សពូកែទទួលបានពិន្ទុខ្ពស់ជាងគេទាំង ៣រូប សម្រាប់មុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា និងរូបវិទ្យា នៅកម្រិតថ្នាក់ទី ១២ លើកឡើងពីភាពសប្បាយចិត្ត ដែលនឹងក្លាយជាបេក្ខភាពបន្តទៅប្រឡងសិស្សពូកែប្រចាំរាជធានីភ្នំពេញ។ ពួកគេលើកឡើងថា បច្ចុប្បន្នពួកគេប្រឹងប្រែងរៀនសូត្របន្តជាខ្លាំង ព្រោះគោលដៅមិនមែនត្រឹមប្រឡងសិស្សពូកែថ្នាក់រាជធានីនោះទេ។ គោលដៅគឺប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីមានឱកាសបន្តចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ។សម្រាប់ការប្រឡងសិស្សពូកែថ្នាក់រាជធានីភ្នំពេញ តាមការលើកឡើងរបស់លោក ហេង សារិន អនុប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ ទទួលបន្ទុកការងារប្រឡង បញ្ជាក់ថាការប្រឡងសិស្សពូកែក្របខណ្ឌរាជធានីភ្នំពេញ គ្រោងធ្វើនៅថ្ងៃទី ១០ ខែមីនា ខាងមុខ។ ចំពោះចំនួនបេក្ខជនដែលនឹងចូលរួមគឺប្រមាណជាង ៦០០នាក់។ លោកលើកឡើងដែរថា ការប្រឡងសិស្សពូកែសម្រាប់រាជធានីភ្នំពេញ នឹងជ្រើសយកសិស្សពូកែ ២៤នាក់ សម្រាប់ទាំងពីរកម្រិតថ្នាក់ ថ្នាក់ទី ៩និងថ្នាក់ទី ១២ ដើម្បីបន្តចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ។សម្រាប់ឆ្នាំសិក្សាថ្មីនេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំការប្រឡងសិស្សពូកែថ្នាក់ជាតិឡើងវិញ ក្រោយប្រកាសថាមានការផ្អាក។ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំ នៃការប្រឡងនៅឆ្នាំសិក្សា២០២៣-២០២៤។ ក្រសួង នឹងចេញសេចក្ដីណែនាំបច្ចេកទេសសម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ក្នុងពេលឆាប់ៗនេះ៕ អត្ថបទ៖ គឹម ហុក

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2025/02/10 11:28:46 am        103
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម គីម ជីនព្យូ (Kim Jinpyo) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអ៊ីស្រាអែលបង្ហាញការមិនពេញចិត្តនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/15/2026 06:06 PM
លីបង់ព្រមានជនភៀសខ្លួនកុំឲ្យប្រញាប់វិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់
06/15/2026 06:06 PM
ពលរដ្ឋលីបង់សង្ឃឹមថា កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ នឹងនាំបទឈប់បាញ់យូរអង្វែងជាមួយអ៊ីស្រាអែល
06/15/2026 06:06 PM
ពលរដ្ឋជម្លៀសខ្លួនលីបង់និយាយថា ពួកគេត្រូវការពេលពេញមួយជីវិតដើម្បីកសាងទីក្រុងរបស់ខ្លួនឡើងវិញ
06/15/2026 06:06 PM
នាវាពាណិជ្ជកម្មដោតទង់ជាតិសហរដ្ឋអាមេរិក ២គ្រឿង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
06/15/2026 06:06 PM
Ebola កើនឡើងដល់ ៧៨២ករណី នៅកុងហ្គោ ខណៈការផ្ទុះឡើងនៃ​ជំងឺ រាលដាលដល់តំបន់សុខភាពផ្សេង​​ទៀត
06/15/2026 06:06 PM
សារព័ត៌មាន FT៖ BBC នឹងកាត់ការងាររាប់រយ នៅអង់គ្លេស ជា​ការ​បន្ថយផ្នែក​​ព័ត៌មានឲ្យ​កាន់តែតូច​​
06/15/2026 06:06 PM
យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ
06/15/2026 05:06 PM
មហិច្ឆតាការពារលំហអាកាសរបស់ជប៉ុន បង្កើនការព្រួយបារម្ភ អំពី​យោធូបនីកម្ម​
06/15/2026 05:06 PM
អតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានផ្ទះថ្មី អំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
06/15/2026 05:06 PM