កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីសុវត្ថិភាពសាធារណៈ
រាជរដ្ឋាភិបាលចំណាយថវិកា ៣៥ លានដុល្លារ ដល់អគ្គិសនីប្រើធ្យូងថ្មនិងប្រេង ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច
ត្រីមាសទី១ ឆ្នាំនេះ កម្ពុជាមានគម្រោងវិនិយោគថ្មី ចុះបញ្ជីដើមទុនលើស ៤,៨០០លានដុល្លារ

ព័ត៌មានជាតិ

កម្ពុជា ស្វាគមន៍កំណើតកូនផ្សោតទី២ ក្នុងឆ្នាំ២០២៦ នៅក្នុងខេត្តក្រចេះ

2026/03/06 08:52:52 am        255
កូនផ្សោតទើបកើតថ្មី ១ក្បាលដែលមានអាយុប្រមាណជា ២ថ្ងៃ ត្រូវបានប្រទះឃើញនៅវេលា​ម៉ោង ៩:៥០នាទីព្រឹក នាថ្ងៃទី៥ ខែ​មីនា ឆ្នាំ​២០២៦ ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ ​និង​ក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ នៅត្រង់ចំណុចអន្លង់ អន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។បើតាមក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះមានសុខភាពល្អ និងស្ថិតក្នុងក្រុមផ្សោតធំដែលមានចំនួនប្រាំពីរក្បាល​ក្នុងនោះនៅជាមួយផ្សោតពេញវ័យ លេខ៨១។ នេះជាកូនផ្សោតកើតថ្មីទី២ហើយ នៅក្នុងឆ្នាំ២០២៦នេះ ខណៈកូនផ្សោតទី១ ត្រូវបានអង្កេត និងថតរូបបានកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។ តាមរយៈកំណើតកូនផ្សោតថ្មីនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៤ក្បាល។ជាការកត់សម្គាល់ វត្តមាននៃកូនផ្សោតថ្មីនៅអន្លង់កាំពីនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ បើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំដែលរៀបចំធ្វើនៅក្រុងក្រចេះនេះ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ពិនិត្យឡើងវិញនូវលទ្ធផលនៃការងារដែលសម្រេចបាននាពេលកន្លងមក និងពិគ្រោះយោបល់ ព្រមទាំងដាក់ផែនការសម្រាប់ពេលអនាគត ក្នុងគោលដៅធ្វើយ៉ាងណា គ្រប់គ្រង ការពារ និងអភិរក្ស សត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិរបស់កម្ពុជា និងជាដង្ហើមនៃទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕

ប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យ តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំ

2026/03/05 09:04:58 pm        395
នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១១:១០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ទាំង១២ប្រទេស អញ្ជើញទៅកាន់តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារពីសំណាក់យោធាថៃ។សូមគូសបញ្ជាក់ផងដែរថា សកម្មភាពនៃវាយប្រហារទាំងពីរលើកដោយសព្វាវុធធុនធ្ងន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសការទម្លាក់គ្រាប់បែកពីលើអាកាស ចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅមកលើប្រាសាទព្រះវិហារពីសំណាក់យោធាថៃបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលទង្វើនេះបានបង្ហាញពីភាពអសីលធម៌ បង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសជាមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ បើយោងតាមរយៈការកត់ត្រាចងក្រងពីការខូចខាតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឃើញថា ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាតធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូលបានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ មាន ៥៦២កន្លែង ដែលប្រាសាទព្រះវិហារបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

2026/03/05 07:18:31 pm        184
ភ្នំពេញ៖គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាកាលពីឆ្នាំ២០២៥កន្លងទៅ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនោះ មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញជូនគណៈប្រតិភូទាំង ១២ប្រទេស អំពីប្រភេទគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងប្រភេទគ្រាប់បានប្រើប្រាស់ មានចំនួនសរុប ១២២៣គ្រាប់ ត្រូវបានរកឃើញនៅក្នុងបរិវេណប្រាសាទព្រះវិហារ ដែលជាគ្រាប់របស់យោធាថៃបានប្រើប្រាស់ក្នុងអំឡុងពេលវាយប្រហារមកលើប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាមរតកវប្បធម៌ប្រវត្តិសាស្រ្តដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។សូមគូសបញ្ជាក់បន្ថែមផងដែរថា សកម្មភាពបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមរបស់មជ្ឈមណ្ឌលស៊ីម៉ាក់ (CMAC) ត្រូវបានអនុវត្តឡើងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបានកំណត់ថាជាកិច្ចការចាំបាច់អាទិភាព ក្នុងការធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជួបជាមួយប្រតិភូក្រុមប្រឹក្សាអឺរ៉ុប-អាស៊ាន ផ្លាស់​ប្តូរ​យោបល់​គ្នា​លើ​ការងារ​ពាក់ព័ន្ធ​នឹងកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន

2026/03/05 04:42:26 pm        172
នា​ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនា​គមន៍​ (ក.ប.ទ.) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ជា​មួយ​គណៈ​ប្រតិភូ​ក្រុម​ប្រឹក្សា​អឺរ៉ុប-អាស៊ាន ដឹកនាំដោយ លោកស្រី Sharon Toh ប្រធានទទួលបន្ទុកតំបន់អាស៊ាន នៅទីស្ដីការ ក.ប.ទ.។ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និង លោកស្រី Sharon Toh បានពិភាក្សាផ្លាស់​ប្តូរ​យោបល់​គ្នា​លើកា​រ​ងារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន និង​ដំណើរ​ការ​ស្នើ​សុំ​ប្រតិបត្តិ​ការ​អាជីវកម្មក្នុងវិស័យក្រោមសមត្ថកិច្ចក្រសួង សំដៅលើក​កម្ពស់​និង​ទាក់​ទាញ​ទំនុក​ចិត្ត​របស់​វិនិយោគិន និង​ធុរជនអឺរ៉ុបមកវិនយោគនៅកម្ពុជា។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានចែក​រំលែក​អំពី​វឌ្ឍន​ភាព​នៃ​កំណែទ​ម្រង់​របស់​ក្រសួង​ដែល​​សម្រេច​បាន​នាពេលកន្លងមក ជាអាទិ៍ ការងារធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍធនធាន​មនុស្ស​​ឌីជីថល​ ការលើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍ​ថ្នាល​និង​កម្ម​វិធី​រដ្ឋាភិបាល​ឌីជីថល ជាពិសេសថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH និង​ថ្នាល DG SuperApp។ លោកស្រី Sharon Toh បាន​ថ្លែង​កោត​សរសើរ​ចំពោះ​សមិទ្ធ​ផលគួរ​ឱ្យ​កត់​សម្គាល់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​​លើ​កិច្ចការ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌីជីថល​៕

អគារថ្មីមួយខ្នង នៃមន្ទីរពេទ្យបង្អែកជ័យជម្នះ ក្រុងតាខ្មៅ ត្រូវ​បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

2026/03/05 04:21:24 pm        134
ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់រដ្ឋបាលខេត្តកណ្ដាល និងដើម្បីបំពេញតម្រូវការចាំបាច់ផ្នែកជំងឺទូទៅ, ផ្នែកវះកាត់, និងផ្នែកសម្ភព និងរោគស្ត្រី រាជរដ្ឋាភិបាលបានសម្រេច ផ្តល់ជូននូវអគារថ្មីមួយខ្នងដល់មន្ទីរពេទ្យបង្អែកជ័យជំនះ មានកម្ពស់ ៨ ជាន់ និងមានជាង ១០០ បន្ទប់ ដែលចំណាយ ថវិកាសរុបប្រមាណ ៦ លានដុល្លារអាម៉េរិក ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកម្សិលម៉ិញនេះ នៅ មន្ទីរពេទ្យបង្អែកជ័យជម្នះ ក្រុងតាខ្មៅ ខេតកតកណ្ដាល។មានប្រសាសន៍ក្នុងពិធីដាក់សម្ភោធប្រើប្រាស់ជាផ្លូវការនេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាល បានផ្ដល់អគារមន្ទីរពេទ្យបង្អែកជ័យជម្នះ ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់ របស់ រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ និង ពង្រឹងគុណភាពសេវាសុខាភិបាល ជូន ប្រជាពលរដ្ឋគ្រប់រូប ឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត, ស្របតាម យុទ្ធ-សាស្ត្របញ្ចកោណ ដំណាក់កាល ទី១, ដែលចាត់ទុក “មនុស្ស» ជា អាទិភាព គន្លឹះ ទី១ ។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យបន្តថា៖ ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេស ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញ នឹងពុងជំរុញអនុវត្ត នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទន្ទឹមគ្នានឹងកម្មវិធីគោលនយោបាយអាទិភាព ចំនួន៦ និងវិធានការគន្លឹះ ចំនួន៥ សំដៅខិតខំជម្នះឱ្យបាននូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើងជាបន្តបន្ទាប់ និងដំណាលៗគ្នា ដោយតម្រូវឱ្យរាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ឱ្យបានទាន់ពេល និងចំទិសដៅ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ សំដៅម្ខាងបន្តរក្សានូវចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងម្ខាងទៀត ប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឱ្យក្លាយទៅជាកាលានុវត្តភាព តាមរយៈការបន្តពង្រឹងភាពប្រកួតប្រជែង ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ ការកែលម្អបរិយាកាសធុរកិច្ច ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក សំដៅជំរុញការតភ្ជាប់ទៅនឹងខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងសកល ការចាប់យកសកម្មភាពផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់ ការបង្កើតការងារកាន់តែច្រើន សម្រាប់កម្លាំងពលកម្មដែលមានជំនាញ មធ្យម និងខ្ពស់ ការពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិឱ្យកាន់តែទូលំទូលាយ។ល។ សំដៅឈានទៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»។ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្ដាំផ្ញើរដល់ រដ្ឋបាលខេត្តកណ្ដាល រដ្ឋបាលក្រុង/ស្រុក គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យ បង្អែកជ័យជម្នះ បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យបានគត់មត់ជាប្រចាំ ដោយអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួម បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ឱ្យបានកាន់តែរហ័ស និងងាយស្រួល សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់បង-ប្អូនប្រជាពលរដ្ឋ។ ក្នុងកាលៈទេសៈបច្ចុប្បន្នដែលជាតិយើង ត្រូវរួមគ្នាជាធ្លុងមួយ ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានលើអធិបតេយ្យជាតិ និង បូរណភាពទឹកដី សូមមន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋទូទៅគ្រប់មជ្ឈដ្ឋាន បន្តចូលរួមលើកកម្ពស់ស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំ ព្រោះកម្លាំងសាមគ្គីភាព និងឯកភាពជាតិដ៏រឹងមាំរបស់យើងទាំងអស់គ្នា ជាប្រជាជនខ្មែរពិតជាមានសារៈសំខាន់ និងមិនអាចខ្វះបាន ដើម្បីជម្នះនូវបញ្ហាប្រឈមផងទាំងពួង ដោយជោគជ័យ រួមទាំងបញ្ហាព្រំដែនផងដែរ។អត្ថបទ ៖ សៅ យ៉ាម៉ង់

ការរក្សាបាននូវសុខសន្តិភាព ជាការគោរសិទ្ធិ និងផ្ដល់សេរីភាពដ៏ធំធេងចំពោះស្ត្រី

2026/03/05 04:14:13 pm        93
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិ ជំរុញភូមិមួយផលិតផលមួយ និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងថា ការរក្សាបាននូវសុខសន្តិភាព គឺជាការគោរពសិទ្ធិ និងផ្ដល់សិទ្ធិសេរីភាពយ៉ាងធំធេង ចំពោះស្ត្រីនៅទូទាំងពិភពលោក ដោយឡែកស្ត្រីនៅកម្ពុជាក៏ដូចគ្នា ។ ការអះអាងបែបនេះ ធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកជាស្ត្រី នៃស្ថាប័នទាំងពីរជាច្រើនរូបផងដែរ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន តមកដល់អាណត្តិថ្មីនេះ នៅតែយកចិត្តទុកដាក់ លើការលើកតម្លៃរបស់ស្ត្រី ដែលជាក់ស្ដែង ក្នុងនោះមានថ្នាក់ដឹកនាំជាស្ត្រីថ្នាក់កំពូល ក្នុងស្ថាប័នជាតិ ក៏ដូចជាក្រសួងស្ថាប័ននានា ផ្ដល់ឱកាសចូលរួមក្នុងវិស័យនយោបាយ និងបានសិក្សារៀនសូត្រគ្រប់ៗគ្នា ដែលនេះបង្ហាញពីការផ្ដល់សិទ្ធិស្មើគ្នា រវាងស្ត្រី និងបុរសនៅកម្ពុជា ហើយនេះ គឺជាអ្វីដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិចង់បាន ។ ឯកឧត្តម បានបន្តថា មួយវិញទៀត ការរកបាននូវសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ របស់មគ្គុទេសក៏ឯកកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺបានធ្វើឲ្យស្ត្រីកម្ពុជាទូទាំងប្រទេស មានសិទ្ធិសេរីភាព រួចផុតពីការលំបាកដោយសារសង្គ្រាម ។ មួយវិញទៀត ចំពោះបញ្ហាដែលកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយភាគីកម្ពុជាបានជួបជាមួយភាគីថៃ រហូតមានកិច្ចព្រមព្រៀមបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាគោរពបានយ៉ាងខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀងនេះ បើទោះបីមានការបំពាន ជាបន្តបន្ទាប់របស់កងថៃ ព្រោះថ្នាក់ដឹកនាំកម្ពុជា ចង់បានសុខសន្តិភាព សម្រាប់ពលរដ្ឋ ដែលមានទាំងស្ត្រី និងកុមារផងនោះ ។ ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ស្ត្រីកម្ពុជា បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ក៏ដូចជាខិតខំសម្រេចឲ្យបានជោគជ័យនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ប្រជាពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យ ឆ្នាំ២០៥០ ពលរដ្ឋមានចំណូលខ្ពស់ ឬប្រទេសអភិវឌ្ឍន៍ ។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រី រាជរដ្ឋាភិបាលកម្ពុជា គឺបានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងការលើកកម្ពស់ស្ត្រី ក្នុងនោះមានកម្មវិធីជំនួយសង្គម ដូចជាផ្ដល់សាច់ប្រាក់ចំនួន ៨ម៉ឺនរៀល ដល់ស្ត្រីមានផ្ទៃពោះពេលទៅពិនិត្យ ចំនួន៤ដងមុនសម្រាល និងអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឲ្យស្ត្រីកម្ពុជាមានសុខភាពល្អ ក៏ដូចជាកូនៗរបស់ពួកគេផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ 

រដ្ឋមន្រ្តីថាមពលអះអាងថា ការផ្គត់ផ្គង់និងថ្លៃអគ្គិសនីមិនប៉ះពាល់ឡើយ ទោះតម្លៃប្រេងហក់ឡើងក៏ដោយ

2026/03/05 04:10:22 pm        139
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា ទោះបីតម្លៃប្រេងឥន្ធនៈដែលរំពឹងថានឹងហក់ថ្លៃ គឺមិនប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនី និងថ្លៃអគ្គិសនីនៅកម្ពុជានោះឡើយ ខណៈការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាបច្ចុប្បន្ន ភាគច្រើនជាថាមពលស្អាត មានប្រភពពីវារីអគ្គិសនី និងការ ថាមពលពន្លឺព្រះអាទិត្យ។ ​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅក្នុងឱកាស ដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះថា ជុំវិញការផ្គត់ផ្គង់អគ្គិសនីនេះ ពីមុនកម្ពុជាមានរោងចក្រប្រើដោយធ្យូងថ្ម និងរោងចក្រប្រើដោយប្រេងឥន្ធនៈ ប៉ុន្តែដោយសារភាពរីកចម្រើនក្នុងរយៈពេលនាប៉ុន្មានឆ្នាំមកនេះ កម្ពុជាបាននិងកំពុងប្រើប្រាស់ថាមពលបៃតង ដែលមានប្រភពពីវារីអគ្គិសនី និងការថាមពលពន្លឺព្រះអាទិត្យជាដើម, ជាក់ស្តែងប្រទេសនៅក្នុងអាស៊ាន កម្ពុជាជាប់លំដាប់ទី២ បន្ទាប់ពីប្រទេសឡាវ ដែលមានកម្រិតថាមពលបៃតងខ្ពស់នៅក្នុងបណ្តាញជាតិ។ឯកឧត្តម បន្តឱ្យដឹងថា ទាក់ទិនថាមពលបៃតងនេះ នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានប្រើប្រាស់ថាមពលបៃតងប្រមាណ ៦៣% និង នៅក្នុងឆ្នាំ២០២៦ នេះ ការប្រើប្រាស់ថាមពលបៃតងនៅកម្ពុជា នឹងអាចកើនឡើងដល់ ៦៧% និងមានផែនការឆ្នាំ២០៣០ មានក្នុងរង្វង់ ៧០% ដែលជាអត្រាថាមពលបៃតងមួយខ្ពស់នៅក្នុងពិភពលោក។ ដែលបញ្ហានេះ មិនមែនកើតឡើងដោយចៃដន់នោះទេ គឺដោយសារការអភិវឌ្ឍរបស់សម្តេចតេជោពីអតីតកាល។ ឯកឧត្តម បន្ថែមថា ចំពោះសភាពការណ៍នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលនឹងធ្វើឱ្យប៉ះពាល់តម្លៃប្រេងលើទីផ្សារ ក្នុងនោះសម្រាប់ថាមពលអគ្គិសនីនៅកម្ពុជា គឺមិនមានកត្តាណាមួយប៉ះពាល់នោះឡើយ ទាំងការផ្គត់ផ្គង់ និងថ្លៃប្រើប្រាស់អគ្គិសនីជាដើម។ជុំវិញថាមពលនេះ ឯកឧត្តម កែវ រតនៈក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងវិនិយោគិន ដែលកំពុងធ្វើការវិនិយោគនៅព្រះរាជា ណាចក្រកម្ពុជា សូមកុំមានការបារម្ភអំពីការកង្វះថាមពល និងថ្លៃប្រើប្រាស់អគ្គិសនីជាដើម។ ឯកឧត្តមបន្ថែមថា ទាក់ទងបញ្ហាអគ្គិសនីក្នុងពេលបច្ចុប្បន្ននេះ ក៏ជាការបើកផ្លូវដល់បងប្អូនប្រើប្រាស់រថយន្តអគ្គិសនីផងដែរ ខណៈកម្ពុជាមិនមានរោងចក្រប្រើប្រាស់ប្រេងឡើយ, ស្របពេលនេះដែរ ក្រសួងក៏បានរៀបចំផែនការ ដាក់ពង្រាយស្ថានីយ៍សាករថយន្តអគ្គិសនីទូទាំងប្រទេស នៅក្នុងគម្រោងចំណាយថវិកាបន្ថែម ប្រមាណជាង ១០ លានដុល្លារ ដើម្បីជំរុញបង្កើតស្ថានីយ៍សាកនៅទូទាំងប្រទេស៕អត្ថបទ៖ សុន រ៉ាឌី

សម្តេចប្រធានរដ្ឋសភា ទទួលជួបសវនាការជាមួយប្រតិភូមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជាក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី៨មីនាលើកទី១១៥

2026/03/05 03:58:19 pm        110
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសវនាការជាមួយ ប្រតិភូមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជាដឹកនាំដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលនិងជាប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនា នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ ដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ។សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះសកម្មភាពការងាររបស់ មជ្ឈមណ្ឌលនិងជាពិសេសនាទីស្វែងយល់ព្រះពុទ្ធ ដែលដឹកនាំដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ដែលបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក៏ដូចជាបានចូលរួមអប់រំសីលធម៌សង្គម តាមមាគ៌ាព្រះពុទ្ធសាសនាជូនដល់ប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យសន្តិភាព របស់រាជរដ្ឋាភិបាល។ សម្តេចបានគូសបញ្ជាក់ថា ចាប់តំាងពីឆ្នាំ១៩៧៩មក រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក្ខដាក់ខ្ពស់ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ធ្វើឱ្យកម្ពុជាទទួលបាននូវការអភិវឌ្ឍ រីកចម្រើន និងមានសុខដុមនីយកម្មខាងសាសនា។ ជាមួយគ្នានេះ សម្តេចប្រធានបានជម្រាបជូនគណៈប្រតិភូ ពីស្ថានការណ៍ពិភពលោក ដែលមានការប្រែប្រួលកាន់តែស្មុគស្មាញ ការរំលោភបំពានច្បាប់អន្តរជាតិកាន់តែធ្ងន់ធ្ងរ អំពើហិង្សា និងសង្រ្គាមកើតមានស្ទើរគ្រប់តំបន់ ដែលបានប៉ះពាល់ដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ។សម្តេចបានកត់សម្គាល់ថា ការលើកកម្ពស់សិទ្ធិស្រ្តី តែងផ្សារភ្ជាប់ទៅនឹងស្ថានការណ៍នយោបាយនិងសេដ្ឋកិច្ចសង្គម។ បើសង្គមជាតិមានសង្រ្គាម នោះ"សិទ្ធិនារី" ក៏ធ្លាក់ចុះផងដែរ ហើយនារីគឺជាអ្នកដែលទទួលរងផលប៉ះពាល់មុនគេ។ ទិវាសិទ្ធិនារីនៅឆ្នាំនេះ នឹងប្រារព្ធរៀបចំក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ដែលជាមូលបទមួយមានអត្ថន័យជ្រាលជ្រៅ និងជាការបង្ហាញពីក្តីប្រាថ្នារបស់ស្រ្តីកម្ពុជាដែលកំពុងរងការលំបាកយ៉ាងខ្លាំងពីការឈ្លានពានរបស់បរទេស។កម្ពុជាប្រកាន់ជំហរម៉ឹងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយផ្អែកលើច្បាប់អន្តរជាតិ គោរពគោលការណ៍សន្តិភាព។ ដំណើរទស្សនកិច្ចផ្លូវការនិងជាប្រវត្តិសាស្រ្ត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ដោយបានបង្ហាញពីការបំពេញបេសកកម្មការទូតឈា្លសវៃ បត់បែន «ស្ងាត់តែមិនស្ងៀម» របស់ សម្តេចធិបតី ឈរលើគោលការណ៍សន្តិភាព យកពលរដ្ឋនិងប្រទេសជាតិជាអាទិភាព។ បេសកកម្មចម្បងរបស់រាជរដ្ឋាភិបាល គឺបន្តអនុវត្តការទូត ច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី រួមនឹងការឆ្លើយតបដោយប្រដាប់អាវុធ នៅពេលមានការឈ្លានពានទាំងកំរោល។ រាជរដ្ឋាភិបាលកំពុងបន្តធានាសន្តិសុខ សុវត្ថិភាព និងការមើលថែទាំសុខុមាលភាពប្រជាជន តាមរយៈការផ្តល់កិច្ចអន្តរាគមន៍ សង្គ្រោះ និងជំនួយនានា ជូនប្រជាជនទាន់ពេលវេលា រួមនឹងការបន្តការអភិវឌ្ឍ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានគោរពថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបសវនាការជាមួយគណៈប្រតិភូមជ្ឈមណ្ឌលនិងជាប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនានាឱកាសនេះ។ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការងារដឹកនាំរបស់ សម្តេចប្រធានរដ្ឋសភា ដែលជាស្រ្តីគំរូ មួយរូបសម្រេចបានលទ្ធផលជាទីមោទន:ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ។ អ្នកឧកញ៉ាបានបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា ក៏ជាពុទ្ធសាសនូបត្ថម្ភកដ៏សកម្មនិងជ្រះថ្លាបំផុត ដែលបានចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនាតាំងពីដើមរហូតមក។ ឆ្លៀតនៅក្នុងឱកាសនោះ មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ក៏បានប្រគល់ពានស្នាដៃ “គុណធម៌ “ ជូនសម្តេចរដ្ឋសភាធិបតី ជាការដឹងគុណ និងអរគុណចំពោះសម្តេច ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនិងថវិកា ដើម្បីជាតិនិងសាសនារហូតមក។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងអ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានយល់ស្របដូចគ្នាថា ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីសម័យសម្តេចតេជោ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលនេះ បានដើរតាមគន្លងព្រះពុទ្ធសាសនាពិតប្រាកដ។ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានយោបាយសន្តិភាព សាបព្រោះនូវក្តីស្រឡាញ់ ក្តីមេត្តា។ ចំណែកយុទ្ធសាស្រ្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាន់យកគឺការអត់ធ្មត់ អហិង្សា ដែលនេះគឺជាធម៌ខន្តី ដែលមានខាងគុណធម៌ខ្ពស់បំផុត៕

​កសិករនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជោគជ័យខ្លាំងលើរបរដាំម្រេច

2026/03/05 03:55:02 pm        105
ដំណាំម្រេចនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កំពុងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិករក្នុងតំបន់ ខណៈដែលការដាំដុះទទួលបានជោគជ័យ និងមានតម្លៃសមរម្យដែលអាចទទួលយកបាន ទោះបីជាមានការប្រែប្រួលតម្លៃបន្តិចបន្តួចនៅលើទីផ្សារសកលក៏ដោយ។លោក ឈុំ វឿន អាយុ ៤៥ឆ្នាំ ជាកសិករដាំម្រេចរស់នៅភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា បានឱ្យដឹងថា លោកបានចាប់យករបរដាំម្រេចនេះអស់រយៈពេល ១១ឆ្នាំមកហើយ ដោយបច្ចុប្បន្នលោកមានផ្ទៃដីដាំដុះសរុបចំនួន ៨ហិកតា។ លោកបានជ្រើសរើសពូជម្រេចបាយ និងពូជម៉ាឡេមកដាំដុះ ដែលគិតមកទល់ពេលនេះ លោកបានប្រមូលផលជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ។ ចំពោះរដូវកាលប្រមូលផលវិញ គឺចាប់ផ្ដើមពីខែមករា រហូតដល់ខែមិថុនា ឬខែកក្កដា ទើបបញ្ចប់។ពាក់ព័ន្ធនឹងតម្លៃទីផ្សារវិញ លោក ឈុំ វឿន បានបញ្ជាក់ថា តម្លៃម្រេចដែលឈ្មួញចុះមកប្រមូលទិញដល់ទីកន្លែងនាពេលនេះ គឺចន្លោះពី ២២,០០០រៀល ទៅ ២៣,០០០រៀល ក្នុងមួយគីឡូក្រាម។ បើធៀបនឹងដើមដៃកាលពីឆ្នាំមុន តម្លៃនេះមានការធ្លាក់ចុះបន្តិចបន្តួច ដោយកាលពីឆ្នាំកន្លងទៅ គឺទទួលបានចន្លោះពី ២៥,០០០រៀល ទៅ ២៦,០០០រៀល។ ទោះជាយ៉ាងណា លោកអះអាងថា ការធ្លាក់ចុះបន្តិចបន្តួចនេះ មិនមែនដោយសារបញ្ហាគុណភាពម្រេចនោះទេ ប៉ុន្តែវាជាការប្រែប្រួលនៃទីផ្សារសកល ហើយសម្រាប់កសិករ តម្លៃដែលទទួលបានបច្ចុប្បន្ន គឺនៅតែអាចទទួលយកបានដោយក្ដីពេញចិត្ត និងអាចទប់ទល់នឹងការចំណាយនានាបានយ៉ាងប្រសើរ។តាមបទពិសោធន៍របស់កសិកររូបនេះ លោកយល់ឃើញថា របរដាំម្រេចគឺជាមុខរបរដែលផ្ដល់ផលចំណេញខ្ពស់ និងជួយដល់សេដ្ឋកិច្ចគ្រួសារបានច្រើនជាងដំណាំផ្សេងៗទៀតដែលលោកធ្លាប់បានសាកល្បងដាំកាលពីមុនមក។ លោកបានចែករំលែកនូវបច្ចេកទេសសំខាន់ៗថា ការដាំម្រេចគឺត្រូវការដីទួលដែលមិនដកទឹក និងត្រូវធ្វើប្រឡាយក្រវ៉ាត់ដីឱ្យបានល្អ ដើម្បីការពារកុំឱ្យមានការជាំទឹក ដែលជាមូលហេតុធ្វើឱ្យម្រេចងាប់។ លើសពីនេះ ម្រេចត្រូវការការស្រោចទឹកឱ្យបានដិតដល់ និងត្រូវការជន្លន់ឈើឱ្យបានល្អ រីឯបច្ចេកទេសដាំដុះវិញ លោកមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញអីនោះទេ គឺលោករៀនសូត្របន្តគ្នាពីកសិករមួយទៅកសិករមួយតែប៉ុណ្ណោះ។ទោះជាយ៉ាងណា ការដាំម្រេចក៏ត្រូវប្រឈមនឹងការចំណាយខ្ពស់លើកម្លាំងពលកម្ម និងការទិញសម្ភារបច្ចេកទេសផ្សេងៗ ជាពិសេសការការពារសត្វល្អិតដូចជា "ចៃ" ជាដើម ដែលទាមទារឱ្យមានការពិភាក្សាជាមួយមន្ត្រីជំនាញកសិកម្មដើម្បីប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ លោក ឈុំ វឿន ក៏បានសំណូមពរដល់មន្ត្រីជំនាញ សូមជួយរក្សាស្ថិរភាពទីផ្សារឱ្យបានល្អដូចបច្ចុប្បន្ននេះ ដើម្បីឱ្យកសិករមានកម្លាំងចិត្តក្នុងការបន្តពង្រីកការដាំដុះបន្ថែមទៀត ដែលក្នុងនោះរូបលោកផ្ទាល់ក៏មានគម្រោងពង្រីកផ្ទៃដីដាំដុះចំនួន ១ហិកតា ក្នុង១ឆ្នាំ បន្ថែមទៀតផងដែរ។ ជាចុងក្រោយ លោកក៏បានអំពាវនាវដល់កសិករផ្សេងទៀត ឱ្យខិតខំដាំដុះម្រេចឱ្យបានល្អ ព្រោះតាមទស្សនៈរបស់លោកដែលធ្លាប់ឆ្លងកាត់ការដាំដំណាំជាច្រើនប្រភេទ គឺយល់ឃើញថា គ្មានមុខរបរកសិកម្មណាដែលងាយស្រួល និងផ្ដល់ចំណូលបានសមរម្យដូចរបរដាំម្រេចនេះឡើយ។ តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃ៤ខែមីនាឆ្នាំ២០២៦ ដំណាំម្រេច អនុវត្តសរុបបានចំនួន ១ ៣៥៨ហិកតា ចាប់ផ្តើមប្រមូលផលចាប់ពីខែមករា រហូតដល់ខែឧសភា ក្នុងនោះមានពូជម្រេចបាយ ពូជវិញលិន និងពូជម៉ាឡេស៊ី ៕អត្ថបទ៖ អ៊ិត ភីរុណ

កុមារភៀសសឹកកំពុងរីករាយជាមួយការសិក្សាតាមប្រព័ន្ធសាលាឌីជីថលចល័ត

2026/03/05 03:44:57 pm        153
កុមារភៀសសឹក ដែលកំពុងជាប់គាំងក្នុងជំរំ មិនអាចវិលទៅភូមិកំណើតវិញ កំពុងរីករាយជាមួយការ សិក្សាតាមប្រព័ន្ធសាលាឌីជីថលចល័ត ដែលធ្វើឱ្យពួកគេអាចស្វ័យសិក្សាបានខ្លួនឯង។​កុមារភៀសសឹក កំពុងជាប់គាំងស្នាក់នៅបណ្តោះអាសន្នក្នុងជំរំវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្ត ឧត្តរមានជ័យ បានបង្ហាញអារម្មណ៍ត្រេកអរ និងស្ងប់ចិត្ត កំពុងសិក្សារៀនសូត្រ តាមរយៈប្រព័ន្ធឌីជីថល ចល័ត ដែលជាបច្ចេកទេសថ្មីមួយ ផ្តល់ភាពងាយស្រួលដល់កុមារភៀសសឹក នៅតំបន់ឆ្ងាយដាច់ស្រយាល ឱ្យទទួលបានការសិក្សាទូលំទូលានដូចកុមារតំបន់ទីប្រជុំជនផងដែរ។ កុមារភៀសសឹក ទោះជាយ៉ាងណា នៅតែមានការអាឡោះអាល័យសាលារៀនដែលធ្លាប់រៀនក្នុង ភូមិ ដែលត្រូវបំផ្លាញដោយសារតែសង្រ្គាមឈ្លានពានរបស់ថៃតាមបន្ទាត់ព្រំដែន។ មកដល់ពេលនេះ នៅ មានកុមាររាប់ម៉ឺននាក់កំពុងជាប់គាំងនៅជំរំសុវត្ថិភាព នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៕អត្ថបទ៖ ឃិន សារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាជនប៉ាឡេស្ទីន ទម្លាក់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតលើកទី១ តាំងពីមានសង្គ្រាមហ្កាហ្សា
04/25/2026 12:04 PM
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់
04/25/2026 12:04 PM
ក្រុមពន្លត់អគ្គិភ័យនៅប្រទេសជប៉ុន ខិតខំទប់ស្កាត់ចំហេះព្រៃ ដោយប្រជាជនជាង៣.០០០ នាក់ត្រូវបានជម្លៀសចេញ
04/25/2026 12:04 PM
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីសុវត្ថិភាពសាធារណៈ
04/25/2026 12:04 PM
មេដឹកនាំមជ្ឈិមបូព៌ា និងសហភាពអឺរ៉ុប បញ្ចប់កិច្ចប្រជុំកំពូលអឺរ៉ុបនៅប្រទេសស៊ីប
04/25/2026 11:04 AM
រ៉ូម៉ានី នឹងដាក់បញ្ចូលប្រព័ន្ធប្រឆាំងយានដ្រូនរបស់សហរដ្ឋអាមេរិក Merops ក្នុងវិស័យការពារជាតិ
04/25/2026 11:04 AM
រុស្ស៊ី ​ប្ដេជ្ញាសងសឹកប្រឆាំងនឹងទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប
04/25/2026 11:04 AM
របាយការណ៍៖ ប្រជាជនជាង២៦០លាននាក់ រងផលប៉ះពាល់ដោយកង្វះស្បៀងធ្ងន់ធ្ងរ
04/25/2026 11:04 AM
តុលាការអាមេរិក ច្រានចោលបម្រាមលើអ្នកស្វែងរកសិទ្ធិជ្រកកោនរបស់លោកTrump ដោយជំរុញឱ្យមានការប្តឹងឧទ្ធរណ៍
04/25/2026 11:04 AM
រាជរដ្ឋាភិបាលចំណាយថវិកា ៣៥ លានដុល្លារ ដល់អគ្គិសនីប្រើធ្យូងថ្មនិងប្រេង ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច
04/25/2026 11:04 AM