បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ

សម្ដេចធិបតី៖ កម្ពុជាបានអនុញ្ញាតឱ្យ​វិនិយោគិន​បរទេស​មាន​ភាគ​ហ៊ុន​១០០%​ស្ទើរ​តែ​គ្រប់​វិស័យ​ទាំង​អស់

2026/03/04 11:12:16 am        462
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា រាជ​រដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាតឱ្យជនបរទេស​ដែល​មាន​ភាគ​ហ៊ុន​១០០​ភាគរយ​នៅ​ក្នុង​ស្ទើរ​តែ​គ្រប់​វិស័យ​ទាំងអស់ដោយមិនចាំបាច់មានតម្រូវការភាគហ៊ុនក្នុងស្រុកជាកាតព្វកិច្ចឡើយ ហើយ​បាន​ផ្តល់​ជូននូវ​ការ​លើក​ទឹក​ចិត្តពន្ធ​រហូត​ដល់​ប្រាំបួន​ឆ្នាំ​ដោយ​ផ្តល់​ឱ្យ​វិនិយោគិ​ន​នូវ​ភាព​ច្បាស់​លាស់ ​ទំនុកចិត្ត និងភាពអាចព្យាករបានរយៈពេលវែង។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពិធីបើក​កិច្ច​ប្រជុំ​កំពូល​ធុរ​កិច្ច​អាស៊ាន​កម្ពុ​ជាឆ្នាំ២០២៦ មូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និង​ការ​វិវត្ត​ឧស្សាហកម្ម» នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា​។ ក្នុងឱកាសនោះ សម្ដេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជាបា​ន​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​វិនិយោគិន ដែលមកវិនិយោគនៅកម្ពុជា ខណៈការវិនិយោគនៅឆ្នាំ២០២៦នេះ គឺជា​ឱកាស​ល្អ​ដែល​មិនធ្លាប់មានសម្រាប់វិនិយោគិននានាដែលចង់មកវិនិយោគនៅកម្ពុជា ដោយសារ​រាជ​រដ្ឋាភិបាល​កំពុងផ្ដល់ការអនុគ្រោះផ្នែកពន្ធ និង​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ការ​វិនិយោគិន​។ សម្ដេចធិបតី​បាន​ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ជា​យុទ្ធសាស្រ្ដ​គួរ​ឱ្យ​ទាក់​ទាញ​សម្រាប់​វិនិយោគិន ដោយឈរលើ ស្ថិរភាពនយោបាយ ភាពធន់ផ្នែកម៉ាក្រូសេដ្ឋកិច្ច លទ្ធ​ភាព​ផ្នែក​ទីផ្សារធំទូលាយ និងក្របខណ្ឌគតិយុត្ត និងការកែទម្រង់ទស្សនវិស័យវែងឆ្ងាយ។ សូមជម្រាបថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦នៅកម្ពុជានេះ មាន​ការ​ចូល​រួម​ពី​បណ្តាល​ក្រុម​ហ៊ុន​ជាតិ និងអន្តរជាតិ សរុប ៣០៦ ក្រុមហ៊ុន និងធុរជនជាតិ និងអន្តរជាតិជិត ៧០០​នាក់។ វេទិកានេះនឹងផ្តល់នូវឱកាសសម្រាប់ការផ្គូរផ្គងអាជីវកម្មយ៉ាងទូលំទូលាយ លើក​កម្ពស់​ការ​យល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការក្នុងតំបន់។ ជា​មួយ​គ្នានេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជា និង​សភា​ពាណិជ្ជកម្មអន្តរជាតិ និងសមាគមពាណិជ្ជកម្មទាំងអស់ សម្រាប់ការ​រៀបចំ​ព្រឹត្តិការណ៍​តំបន់​ដ៏​សំខាន់​នេះ​ឡើង៕

កម្ពុជាលើកកម្ពស់ការយល់ដឹង ដើម្បី​ត្រៀម​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សម្រួល​វិនិយោគ​ក្រោម​ក្រប​ខ័ណ្ឌ ​WTO

2026/03/04 10:59:29 am        188
កម្ពុជាលើកកម្ពស់ការយល់ដឹងអំពីខ្លឹមសារ និងធ្វើការសិក្សាពីតម្រូវការចាំបាច់ របស់​វិស័យ​ជាក់​លាក់​នីមួយៗ ដើម្បីត្រៀមអនុវត្ត កិច្ចព្រមព្រៀង ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍ ក្រោម​ក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅក្នុងសិក្ខាសាលា សិក្សាពីតម្រូវការចាំបាច់ ដើម្បីត្រៀមអនុវត្តកិច្ចព្រមព្រៀង ស្តីពី​កិច្ច​សម្រួល​វិនិយោគសម្រាប់ការអភិវឌ្ឍក្រោមក្របខ័ណ្ឌអង្គការ ពាណិជ្ជកម្មពិភពលោក ឯកឧត្តម​បាន​គូស​រំលេច​អំពីសាវតារ នៃដំណើរការចរចាកិច្ចព្រមព្រៀង ដែលត្រូវបានបញ្ចប់ការពិនិត្យផ្នែក ច្បាប់កាលពីខែ វិច្ឆិកា ឆ្នាំ២០២៣ និងត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋ​មន្ត្រី​លើក​ទី​១៣ ​របស់អង្គការពាណិជ្ជកម្ម ពិភពលោកនៅទីក្រុង Abu Dhabi កាលពីដើមឆ្នាំ២០២៤ កន្លង​ទៅ។​ ឯកឧត្តម បន្តថា បច្ចុប្បន្នអង្គការពាណិជ្ជកម្មពិភពលោកមានសមាជិកចំនួន ១២៨ បាន​ចូល​រួម​គាំទ្រ​យ៉ាង​សកម្ម ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃច្បាប់ពាណិជ្ជកម្មសកល សំដៅ​ជំរុញ​ផល​ប្រយោជន៍ដល់ការអភិវឌ្ឍជារួម និងបានបញ្ជាក់ថា ការសិក្សា​ពី​តម្រូវ​ការ​ចាំ​បាច់​នៅ​ពេល​នេះ ​គឺជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ក្នុងការត្រួតពិនិត្យអនុលោមភាព និងបច្ចុប្បន្នភាព នៃ​ប្រតិបត្តិការផ្តល់កិច្ចសម្រួលវិនិយោគ ធៀបនឹងស្តង់ដាអន្តរជាតិ។ ការវាយតម្លៃនេះ នឹង​អនុញ្ញាត​ឱ្យ​ក្រសួង ស្ថាប័នពាក់ព័ន្ធកំណត់ បាននូវអាទិភាពការងារដែលអាចអនុវត្តបានភ្លាមៗ និង​តម្រូវការជំនួយ បច្ចេកទេស ឬការកសាងសមត្ថភាពបន្ថែមពីដៃគូអភិវឌ្ឍន៍ ដើម្បី​បំពេញ​ចន្លោះ​ខ្វះ​ខាត​នានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្ដមអគ្គលេខាធិការរងគូសបញ្ជាក់ថា ការសម្របសម្រួលវិនិយោគ មិន​មែន​ត្រឹម​តែ​ជា​ការ​បង្កើន​តួលេ​ខរំហូរទុនវិនិយោគ ផ្ទាល់ ពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជា​ការ​បង្កើត​កាលានុវត្ត​ភាព​សេដ្ឋកិច្ច​ពិត​ប្រាកដ តាមរយៈការបង្កើតការងារជូន ប្រជាពលរដ្ឋ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, និង​ការផ្ទេរបច្ចេកវិទ្យាទំនើប ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ប្រកប​ដោយចីរភាព និងបរិយាបន្ន។សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើង ដោយ​មាន​កិច្ច​សហការ​រវាង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ជាមួយធនាគារពិភពលោក និង មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ក្នុងគោល​បំណង​លើក​កម្ពស់​ការ​យល់ដឹងអំពីខ្លឹមសារ និងធ្វើការសិក្សាពីតម្រូវការចាំបាច់ របស់ វិស័យជាក់លាក់នីមួយៗ ក្នុង​ការត្រៀមអនុវត្តកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ។ ចំណែក​បេសក​កម្ម​សិក្សា​ពី​តម្រូវ​ការ​ចាំបាច់​ របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ច​សម្រួល​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍក្រោមក្របខ័ណ្ឌអង្គការ ពាណិជ្ជកម្មពិភពលោក បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២-៦​ ខែមីនា ឆ្នាំ២០២៦ ដោយក្នុងនោះរួមមានសកម្មភាពនៃការរៀបចំសិក្ខា សាលា និង​ជំនួប​ទ្វេភាគី​ជា​មួយក្រសួង-ស្ថាប័នពាក់ព័ន្ធ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងការងារ និង UNDP សហការក្នុងការពង្រឹងការគ្រប់គ្រងមូលនិធិសោធនឱ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព

2026/03/04 10:16:10 am        139
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដែលពាក់ព័ន្ធវិស័យការងារ។នៅក្រោយចប់ជំនួបការងារ កាលពីព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ជំនួបនេះមានគោលបំណងជំរុញ និងផ្ដួចផ្ដើមការងារយុទ្ធសាស្ត្រចំនួនពីរ ទី១. ការធ្វើពិពិធកម្មការវិនិយោគនៃមូលនិធិសោធន ដើម្បីធានានូវនិរន្តរភាព និងការរីកលូតលាស់នៃកញ្ចប់ថវិកាសោធនសម្រាប់កម្មករនិយោជិត និងទី២. ការវិនិយោគដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) នៅក្នុងប្រទេសកម្ពុជា ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលស្ថាប័នទាំងពីរបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០២៥។ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដែលកំពុងពង្រីកវិសាលភាពគ្របដណ្ដប់កាន់តែទូលំទូលាយ។ ឯកឧត្តម បានសង្កត់ធ្ងន់ពីភាពចាំបាច់ និងការប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងមូលនិធិសន្តិសុខសង្គម ដោយបានគូសបញ្ជាក់ថា ថវិកាទាំងនេះមិនមែនត្រឹមតែជាភាគទាននោះទេ តែវាជាប្រាក់សន្សំដ៏មានតម្លៃរបស់កម្មករនិយោជិត ដែលទាមទារឱ្យមានការគ្រប់គ្រងប្រកបដោយតម្លាភាព និងហ្មត់ចត់បំផុត ដើម្បីធានាថាប្រាក់សន្សំទាំងនេះនឹងកើនឡើងជាផ្លែផ្កា សម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគាត់នៅពេលឈានដល់វ័យចូលនិវត្តន៍។ជាការឆ្លើយតប លោក អេនរីកូ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ដោយលោកបានអះអាងថា តាមរយៈបណ្តាញអ្នកជំនាញគោលនយោបាយសកលរបស់ខ្លួន, UNDP ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការរចនាឧបករណ៍ហិរញ្ញវត្ថុទំនើបៗ ដែលអាចតភ្ជាប់ធនធានជាតិទៅនឹងជម្រើសវិនិយោគប្រកបដោយសុវត្ថិភាព និងមានទំនុកចិត្ត។បើតាមក្រសួងការងារ ភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើផែនការយុទ្ធសាស្ត្រទាំងនេះ ឱ្យទៅជាសកម្មភាពជាក់ស្តែង សំដៅលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ចជាតិទាំងមូល ដោយផ្តោតលើការងារស្នូលចំនួនពីរ រួមមាន៖ ទី១) ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីតាមដាន និងគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុរបស់មូលនិធិឱ្យកាន់តែមានតម្លាភាព និង២) ការសិក្សាយ៉ាងល្អិតល្អន់ពីជម្រើសនៃការវិនិយោគប្រកបដោយសុវត្ថិភាព តាមរយៈការរៀនសូត្រពីបទពិសោធជោគជ័យរបស់បណ្តាប្រទេសនានា។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ទស្សនទានយ៉ាងច្បាស់ថា នៅក្នុងការវិនិយោគតាមគោលការណ៍ ESG និងសុវត្ថិភាព និងសុខភាពការងារ (OSH) របស់កម្មករនិយោជិត ត្រូវតែចាត់ទុកជាស្នូលកណ្តាល ព្រោះការការពារសុខុមាលភាពមនុស្សនៅកន្លែងធ្វើការ គឺជាមូលដ្ឋានគ្រឹះពិតប្រាកដដែលនាំទៅរកការអភិវឌ្ឍសង្គម និងបរិស្ថានប្រកបដោយចីរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តវិស័យឯកជនអាស៊ានតភ្ជាប់បណ្តាញធុរកិច្ច និង​វិនិយោគ​ក្នុង​តំបន់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ ខណៈសក្តានុពលវិនិយោគនៅមិនទាន់បានប្រើប្រាស់ពេញលេញ

2026/03/04 10:14:35 am        178
ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងបញ្ជាក់ថា សក្តានុពល​នៃ​ការ​វិនិយោគ​នៅ​ក្នុងតំ​បន់​អាស៊ាននៅតែមិនទាន់បានប្រើប្រាស់ពេញលេញ និងបាន​លើក​ទឹកចិត្ត​ដល់​វិស័យ​ឯកជន​អាស៊ានត​ភ្ជាប់បណ្តាញធុរកិច្ច និងវិនិយោគក្នុងគោលដៅ​ជំរុ​ញ​សមាហរណ​កម្ម​សេដ្ឋកិច្ច​តំបន់​ឱ្យ​កាន់​តែស៊ីជម្រៅបន្ថែមទៀត។លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ ក្នុងឱកាស អញ្ជើញ​ជា​អធិបតី​ក្នុងកម្មវិធី Networking Cocktail នៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោម​មូល​បទ ​«ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» កាល​ពី​ល្ងាច​ថ្ងៃ​ទី៣ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ កម្មវិធីនេះ ក៏មាន​វត្ត​មាន​ចូល​រួម​ពី​តំណាង​ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាង​អង្គ​ទូត ​និងវិស័យឯកជនជាច្រើនរូប។ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា ចំពោះ​ការ​ប្តេជ្ញាចិត្ត​ក្នុងការពង្រឹងការតភ្ជាប់វិស័យឯកជនអាស៊ាន និងការធ្វើឱ្យកិច្ច​សហប្រតិបត្តិការ​វិនិយោគ​ក្នុង​តំបន់កាន់តែស៊ីជម្រៅ និងបានវាយតម្លៃខ្ពស់ចំពោះមូលបទរបស់កម្មវិធី ស្តីពី "ការផ្លាស់​ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម" ដែលបង្ហាញ​ពី​បំណង​ប្រាថ្នារួមស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ថ្លែងនៅ​ក្នុងសុន្ទរកថា លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់​អំពីសក្តានុពល​នៃ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ាន ដែលនៅតែមិនទាន់បានប្រើប្រាស់ពេញលេញ និងបានលើកទឹ​​ក​ចិត្ត​ដល់​វិស័យ​ឯក​ជនអា​ស៊ាន​តភ្ជាប់បណ្តាញធុរកិច្ច និងវិនិយោគក្នុង​គោល​ដៅ​ជំរុញ​សមាហរណ​កម្មសេ​ដ្ឋកិច្ច​តំបន់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ បន្ថែមទៀត។លោកជំទាវរដ្ឋមន្ត្រី បន្តថា ដើម្បីសម្រេចគោលដៅខាងលើ អាស៊ានបាន​និង​កំពុង​បន្ត​ពង្រឹង​រចនា​សម្ព័ន្ធ​ស្ថាប័ន និងក្របខណ្ឌគោលនយោបាយរបស់ខ្លួនឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព​តាម​រយៈ​ការ​ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងមួយចំនួន រួមមាន៖ កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ទំនិញ​អាស៊ាន ​និងកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រាយមួយរបស់អាស៊ានជាដើម។មុន​នឹង​បញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងអំពីសារៈសំខាន់នៃការរៀបចំកម្មវិធី Networking Cocktail នាពេលនេះ ដែលបាន​ផ្តល់​ឱកាស​ដ៏​មាន​តម្លៃមួ​យ​សម្រាប់​អ្នក​ចូល​រួម​ទាំង​អស់​ភ្ជាប់ទំនាក់ទំនងគ្នា ផ្លាស់ប្តូរយោបល់ និងជាមូលដ្ឋានសម្រាប់​ភាព​ជាដៃ​គូ​នាពេ​ល​អនាគត​ ព្រមទាំងបានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ប្រែក្លាយការ​ពិភាក្សា​នា​ពេល​ល្ងាច​នេះ ​ទៅជាការវិនិយោគ និងគម្រោងអាជីវកម្មជាក់ស្តែង ផងដែរ៕

មន្ត្រីក្រសួងបរិស្ថានកំពុងចុះពិនិត្យគុណភាពបរិស្ថាននៅរោងចក្រផលិតកាបូបមួយកន្លែង នៅ ខេត្តកណ្ដាល បន្ទាប់ពីមានករណីកម្មករចំនួន១៩នាក់ មានបញ្ហាសុខភាពខ្សោយទន់ដៃទន់ជើង

2026/03/04 09:50:10 am        244
ក្រោយពីទទួលបានព័ត៌មាននៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្រុម​ការ​ងារ​អធិការ​កិច្ច​នៃ​អគ្គ​នាយក​ដ្ឋាន​គាំពា​រ​បរិស្ថាន បានចុះពិនិត្យទីតាំងក្រុមហ៊ុន SHI HAO HANDBAG CO., LTD. នៅ​វេលា​ម៉ោង​ ៨:០០នាទីយប់ ដែលជាប្រភេទរោងចក្រផលិតកាបូប ស្ថិតនៅភូមិកណ្តាល ឃុំព្រែក​អញ្ចាញ​ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងករណីមានកម្មករចំនួន១៩នាក់ មានអាការៈ​អស់​កម្លាំង​ទន់ដៃ ទន់ជើង។ទីតាំងកើតហេតុស្ថិតនៅក្នុងអគារផលិតកម្ម ជួរដេរកាបូប ដែលមានទីតាំង​ក្បែរ​ជួរ​ប្រើ​ប្រាស់​កាវ​បិត​ស្បែក​កាបូប​។ ក្រោយពីមានការកើតហេតុ ក្រុមហ៊ុនបានបញ្ជូនកម្មករ និងកម្មការិនី ទៅ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យឯកជនគុយវ៉ែត និងមណ្ឌលសុខភាពព្រែកអញ្ចាញ។ នៅវេលាយប់ថ្ងៃដដែលកម្មការិនីដែលបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រែកអញ្ចាញ មា​ន​សភាពធូរស្បើយ និងកំពុងសម្រាកតាមដានសុខភាពបន្តចំនួន១២នាក់ ដោយឡែក​កម្មការិនី​ដែល​សម្រា​ក​ព្យាបាលនៅមន្ទីរពេទ្យគុយវ៉ែត បានត្រលប់ទៅផ្ទះវិញអស់ហើយ។ ក្រុមការងារបានដាក់ឧបករណ៍តេស្តគុណភាពខ្យល់ក្នុងអគារផលិតកម្មកន្លែងកើតហេតុ និង​បរិវេណ​ក្រៅ​អគារផលិតកម្មផងដែរ។ ជាលទ្ធផល គុណភាខ្យល់គឺនៅក្រោមកម្រិតស្តង់ដា មិន​មាន​ការបំពុលខ្យល់កើតឡើងនៅក្នុងរោងចក្រ នេះបើតាម​ការ​ធ្វើតេស្ត​បឋម​លើ​គុណភា​ព​ខ្យល់​ក្នុង​រោង​ចក្រ​នាវេលាយប់ថ្ងៃដែលបានកើតឡើងករណីខាងលើ។ក្រុមការងារនឹងបន្តតាមដានលើគុណភាពខ្យល់នៅថ្ងៃនេះ ក្នុងពេលដែលមានកម្មករធ្វើការ បន្ថែម​ទៀត​។

សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អញ្ជើញទទួលសារតាំងពីឯកអគ្គរដ្ឋទូតអូទ្រីស តែងតាំងថ្មី​ប្រចាំ​កម្ពុជា

2026/03/04 09:11:33 am        146
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកជំទាវ Katharina WIESER ឯក​អគ្គ​រដ្ឋទូតអូទ្រីសតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និង​ជូន​សារ​តាំង​ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។

ឯកឧត្តម ហ៊ុន ម៉ានី៖ «ទោះក្នុងកាលៈទេសៈណាក៏ដោយ កូន​ខ្មែរ​គ្រប់​រូប​មិន​ភ្លេច​ការ​ឈឺ​ចាប់​ដែល​កើត​ឡើងនៅឆ្នាំ២០២៥នោះទេ!»

2026/03/04 08:46:10 am        237
ថ្លែង​ក្នុងពិធីសម្ពោធផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព២ កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បាន​មាន​ប្រសាសន៍​ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ​កូន​ខ្មែរ​គ្រប់​រូប​មិន​ភ្លេច​ការ​ឈឺចាប់ដែ​ល​កើត​ឡើង​នៅ​ឆ្នាំ​២០២៥នោះទេ។ ក្នុងន័យនេះ ការចងចាំមិនមែនដើម្បីគុំគួននោះឡើយ ប៉ុន្តែ​ជា​ការ​រំលឹក​ខ្លួន​ឯង​ជាប្រចាំថាយើងត្រូវរួបរួម និងត្រូវប្រែក្លាយការឈឺចាប់ ការប្រមាថ ឱ្យទៅជា​កម្លាំង​សាមគ្គី ទន្ទឹមនឹងបន្តជំរុញការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី។ ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ផ្ទាំងគំនូរនេះ បានបង្ហាញនូវស្លាកស្នាម នៃការខ្ទេចខ្ទាំ ភាព​សោក​សៅ និងការឈឺចាប់ដែលបានកើតមានឡើង ដែលនេះជាអ្វីដែលកម្ពុជាមិនបានជ្រើសរើស និង​គ្មានជម្រើស។ ជាមួយគ្នានេះ វាក៏បាន​បង្ហាញ​ផង​ដែរ​ថា​យើង​ទាំង​អស់​គ្នានៅ​ទី​នេះ​មិន​ភ្លេច​ការ​លះប​ង់​សាច់ស្រស់ឈាមស្រស់ និងពលិកម្មគ្រប់បែបយ៉ាងរបស់វីរយុទ្ធជនរបស់យើង ហើយ​ក៏​មិន​បាន​ភ្លេច​ដែរ ចំពោះបងប្អូនប្រជាពលរដ្ឋប្រមាណជិត៨ម៉ឺននាក់ ដែលជាជនភៀសសឹក មិន​ទាន់​អាច​ត្រលប់​ទៅគេហដ្ឋានរបស់ខ្លួនវិញបាននាពេលនេះ។ យ៉ាងណាមិញ ឯកឧត្តមបានរំលឹកផងដែរថា ទោះបីជួបប្រទះការលំបាកយ៉ាងណា សូមបងប្អូន អ៊ុំ ពូមីង ជនរួមជាតិខ្មែរទាំងអស់បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ថែរក្សាឱ្យបាននូវឯកភាពជាតិ ដើម្បី​ឆ្លងផុតឧបសគ្គនានាទាំងអស់គ្នា។ ឯកឧត្តម​ក៏បាន​លើក​ទឹក​ចិ​ត្ត​ឱ្យ​ប​ង​ប្អូនទាំ​ង​អស់​បន្ត​ជឿ​ជាក់ ​គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង​ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅគ្រប់កាលៈទេសៈ ក្នុងការ​ការពារ​អធិបតេ​យ្យ​ភាព បូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ និងដើម្បី​អនាគត​នៃ​កូន​ចៅជំនាន់ក្រោយរបស់យើង។ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តួច​​ផ្តើម​គំនិត​រៀប​ចំ ​និងបាន​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​រួម​ចំណែក​ធ្វើ​ឱ្យ​គម្រោង​នេះ​ទទួល​បាន​ភាព​ជោគជ័យ​ជា​ថ្មី​ម្តងទៀតនៅរាជធានីភ្នំពេញ បន្ទាប់ពីបានរៀបចំ​ដោយ​ជោគ​ជ័យ​នៅ​ខេត្ត​សៀមរា​ប​៕

ទិវានយោបាយទឹក! រដ្ឋមន្រ្ដីធនធានទឹកអំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរចូលរួមប្រើប្រាស់ទឹកដែលជា «មាសស» ដោយសន្សំសំចៃហើយចូលរួមការពារបរិស្ថាន និងប្រភពទឹក

2026/03/04 08:31:31 am        249
ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី២៦ ទិវានយោបាយទឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ សារលិខិត ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យចូលរួមប្រើប្រាស់ទឹកដែលជា «មាសស» ដោយសន្សំសំចៃ ព្រមទាំងចូលរួមការពារបរិស្ថាន ការពារប្រភពទឹក និងចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធទឹក ដែលជាទ្រព្យសម្បត្តិរួម ដើម្បីអនាគតរបស់យើងទាំងអស់គ្នា។តាមរយៈ សារលិខិត ទិវានយោបាយទឹកនេះ ឯកឧត្តម ថោ ជេដ្ឋា ចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតឱ្យមាន «ទិវានយោបាយទឹក» ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០០មក ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមធ្វើហត្ថកម្មដោយស្ម័គ្រចិត្តលើការងារធារាសាស្ត្រ ក្នុងគោលបំណងដោះស្រាយទឹកដើម្បីបម្រើឱ្យវិស័យកសិកម្ម និងការរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង ក៏ដូចជាដើម្បីរំលឹកអំពីសារៈសំខាន់ មិនអាចខ្វះបាននៃ «ទឹក» ដែលជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព។ឯកឧត្តមបានថ្លែងថា ប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសមួយសម្បូរទៅដោយធនធានទឹក ទាំងទឹកលើដី ទាំងទឹក ក្រោមដី និងមានទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និងបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅ អាស៊ីអាគ្នេយ៍ ព្រមទាំងមានស្ទឹង បឹងបួ ល្អាងទឹកធម្មជាតិក្រោមដី និងសមុទ្រ។ ប្រភពទឹកដ៏សម្បូរបែបនេះ មានសារៈសំខាន់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ រួមមាន កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ថាមពលអគ្គិសនី នាវាចរណ៍ វប្បធម៌ ទេសចរណ៍ ការទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅប្រចាំថ្ងៃ។ឯកឧត្តមបញ្ជាក់ថា យើងទាំងអស់គ្នាបានដឹងហើយថា «ទឹក» ជាអាទិភាពគន្លឹះដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្ត ទុកដាក់ខ្ពស់។ កន្លងមកដោយសារកង្វះខាតនូវអាងស្តុកទឹក និងហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព និងភាពចាស់ ទ្រុឌទ្រោមនៃប្រព័ន្ធធារាសាស្ត្រនិងប្រព័ន្ធរំដោះទឹក ស្របពេលមានការប្រែប្រួលអាកាសធាតុជាសកល និងការឡើងកម្ដៅនៃភពផែនដី បានធ្វើឱ្យប្រទេសកម្ពុជាប្រឈមនឹងការខ្វះខាតទឹកនៅក្នុងរដូវប្រាំង និងជួបប្រទះ ទឹកជំនន់ស្ទើររៀងរាល់ឆ្នាំនៅរដូវវស្សា។ ជាការឆ្លើយតប និងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ នាទសវត្សរ៍ឆ្នាំ១៩៩០ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ គោលនយោបាយជាតិសម្រាប់ការអភិវឌ្ឍជាអាទិភាពគន្លឹះចំនួន៤គឺ ទឹក ផ្លូវ ភ្លើង និង មនុស្ស បន្ទាប់មកប្តូរជា មនុស្ស ផ្លូវ ទឹក និងភ្លើង ក្នុងអាណត្តិទី៦របស់រាជរដ្ឋាភិបាល និងបានប្តូរមកជាអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ «ទឹកមិនត្រឹមតែបម្រើឱ្យការស្រោចស្រពវិស័យកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកវិសាលភាពរបស់ខ្លួន បម្រើឱ្យពហុវិស័យ - ទឹកសម្រាប់ពហុវិស័យ»។ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិលើវិស័យធនធានទឹក សម្រាប់ការពារ គ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។ ទន្ទឹមនឹងនេះ ក្រសួង ធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានកំណត់សកម្មភាព ជាអាទិភាព សូចនាករពេលវេលាច្បាស់លាស់សម្រាប់អនុវត្តន៍ និងយន្តការសម្រាប់ត្រួតពិនិត្យនិងវាយតម្លៃ ដោយផ្អែកលើក្របខ័ណ្ឌលទ្ធផល ដើម្បីទទួលបានជោគជ័យក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងនិរន្តរភាព ដើម្បីពង្រឹងសន្តិសុខទឹក ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និង កាត់បន្ថយនូវការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុង បរិបទនៃការប្រែប្រួលអាកាសធាតុ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយភាពធន់ ក្រោមកិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។ឯកឧត្តមបន្តថា ក្នុងស្មារតីនៃទិវានយោបាយទឹកខួបលើកទី២៦នេះ ឯកឧត្តមបាន អំពាវនាវ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងដៃគូ អភិវឌ្ឍន៍ដទៃទៀត សូមបន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រដល់ដំណើរការគ្រប់គ្រង និងអភិវឌ្ឍន៍ ធនធានទឹកនៅកម្ពុជា ពិសេសក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម ដែលមានសារៈសំខាន់បម្រើឱ្យនយោបាយទឹកនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានានូវសន្តិសុខទឹក ឈាន ឆ្ពោះទៅសម្រេចគោលដៅក្នុងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់បម្រើឱ្យពហុវិស័យ ព្រមទាំងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្រ្ដីថ្លែងថា៖«ខ្ញុំក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ សូមចូលរួមប្រើប្រាស់ទឹកដែលជា “មាសស ដោយសន្សំសំចៃ ព្រមទាំងចូលរួមការពារបរិស្ថាន ការពារប្រភពទឹក និងចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធទឹក ដែលជាទ្រព្យសម្បត្តិរួម ដើម្បីអនាគតរបស់យើងទាំងអស់គ្នា»៕

អុ្នកនាំពាក្យ៖ មន្ត្រីជំនាញក្រសួងការងារ បានចុះពិនិត្យករណីដួលសន្លប់ក្នុងរោងចក្រស៊ី ហាវ ហ៊ែនប៊ែក ក្នុងខេត្តកណ្តាលក្រោយមានការដួលសន្លប់កម្មករ១៩នាក់

2026/03/03 06:35:45 pm        214
(ភ្នំពេញ)៖ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែមីនានេះ បានចុះទៅពិនិត្យនៅរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែក ខូអិលធីឌី ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ផ្លូវ ជាតិលេខ៦ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ពីទទួលបានការរាយការណ៍ថាមានកម្មករនិយោជិត១៩នាក់ក្នុងរោងចក្រនេះមានការដួលសន្លប់កាលពីរសៀលម៉ោង៣ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មន្ត្រីជំនាញនៃនាយកដ្ឋានពេទ្យការងារ មន្ទីរខេត្តកណ្តាល និងជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យភ្លាមៗដើម្បីអង្កេតរកមូលហេតុដែលធ្វើឱ្យមានការដួលសន្លប់ក្នុងពេលបំពេញការងារដោយបានទាំងសាកសួរភាគីរោងចក្រ និងកម្មករ។ បើតាមលោកស៊ុន មេសា បច្ចុប្បន្ននេះ កម្មករត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមុខកំពូល និងមន្ទីរពេទ្យគុយវែត។ រោងចក្រស៊ី ហាវ ហ៊ែនប៊ែក ខូអិលធីឌីនេះជារោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងសំភារៈបន្ទាប់បន្សំ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹងលម្អិតពីលទ្ធផលនៃការអង្កេតតាមក្រោយ ប៉ុន្តែយ៉ាងណាលោកថា ការចុះពិនិត្យភ្លាមៗគឺជាការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី និងប្រមុខរាជរដ្ឋាភិបាល ចំពោះសុខសុវត្ថិភាពរបស់កម្មករនិយោជិត៕

អាជ្ញាធរខេត្តពោធិ៍សាត់ បង្កើតក្លិបគ្រូបង្រៀនដើម្បីជួយដល់លោកគ្រូអ្នកគ្រូ

2026/03/03 04:57:53 pm        156
អាជ្ញាធរខេត្តពោធិ៍សាត់ បានបង្កើតបង្កើតក្លិបគ្រូបង្រៀនដើម្បីជាការរួមចំណែកជួយដោះស្រាយបញ្ហាប្រឈម នានារបស់លោកគ្រូអ្នកគ្រូ ដែលជាវិស្វករព្រលឹងជួយបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ក្នុងឱកាសជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ទូទាំងក្រុងពោធិ៍សាត់ និងបោះឆ្នោតជ្រើសរើស គណៈកម្មការគ្រប់គ្រងក្លិបគ្រូបង្រៀនក្រុងពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុម ការងារចុះជួយក្រុងពោធិ៍សាត់ បានលើកឡើងអំពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់បំផុតចំពោះ "វិស្វករព្រលឹង" ដែលបាននឹងកំពុងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូល។ ឯកឧត្តម បានជម្រាបជូនថា ការបង្កើត "ក្លឹបគ្រូបង្រៀន" នេះឡើង គឺជាគំនិតផ្តួចផ្តើម និងប្រកបដោយចក្ខុ វិស័យវែងឆ្ងាយរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលក្នុងការចូលរួមនិងដោះស្រាយនូវបញ្ហាប្រឈមនានា។ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា «គ្រូបង្រៀន គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់សង្គមជាតិ» ដូច្នេះ ហើយទើបឯកឧត្តម កែវ រតនៈ បានជំរុញឱ្យមានការបង្កើតក្លិបគ្រូបង្រៀននៅគ្រប់ក្រុងស្រុកទាំង៧ ហើយសម្រាប់ថ្ងៃនេះ ក្រុងពោធិ៍សាត់ គឺជាចុងក្រោយ ដែលមកបំពេញបង្គ្រប់នូវរចនាសម្ព័ន្ធក្លិបគ្រូបង្រៀនទូទាំងខេត្ត ឱ្យក្លាយជាមហាគ្រួសារ តែមួយ។ ឯកឧត្តមបានបន្ថែមថា ការបង្កើតក្លិបគ្រូបង្រៀនប្រចាំក្រុងពោធិ៍សាត់ ក៏ដូចជាទូទាំងស្រុក មានគោលបំណង ដើម្បីពង្រឹងសាមគ្គីភាព បង្កើតវេទិកាជួបជុំ ពិភាក្សា និងចែករំលែកបទពិសោធន៍រវាងគ្រូ និងគ្រូ, មានឱកាសជួយគ្នា ទៅវិញទៅមកក្នុងគ្រាមានអាសន្ន ឬមានកម្មវិធីសប្បាយ-ទុក្ខ, លើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូ។ឯកឧត្តមសូមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលទទួលបាន "សេចក្តី ទុកចិត្ត" និងបោះឆ្នោតជ្រើសរើសជាគណៈកម្មការគ្រប់គ្រងក្លិបគ្រូបង្រៀនក្រុងពោធិ៍សាត់ នាពេលនេះ និងសូមឱ្យមាន "ឆន្ទៈ លះបង់ និងការទទួលខុសត្រូវ" ដើម្បីដឹកនាំក្លិបនេះឱ្យដំណើរការរស់រវើក។ឯកឧត្តម បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ រក្សាសាមគ្គីភាពផ្ទៃក្នុង និងត្រូវធ្វើជាគំរូនៃសាមគ្គីភាព ទាំងក្នុងសាលា និងក្នុងក្លិប, រៀបចំសោភ័ណភាព និងបរិស្ថាន ទាំងក្នុង និងក្រៅសាលាឱ្យបានស្អាតល្អ, បន្តការអភិវឌ្ឍសមត្ថភាព ស្រប តាមយុគសម័យឌីជីថល ដើម្បីបណ្ដុះកូនចៅអ្នកពោធិ៍សាត់ឱ្យកាន់តែខ្លាំង, គណៈកម្មការថ្មី ត្រូវរៀបចំផែនការសកម្ម ភាពឱ្យច្បាស់លាស់ និងបម្រើសមាជិកដោយភាពស្មោះត្រង់៕អត្ថបទ ៖ Pov Phirun

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM