បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី អញ្ជើញ​ចុះសួរសុខទុក្ខ​ពលរដ្ឋ​ភៀស​សឹក​កំពុងស្នាក់​នៅវត្តធម្មរង្សី ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប

2026/03/03 11:30:08 am        173
នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គ​លេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី អញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ដែល​កំពុង​ស្នាក់​នៅវត្តធម្មរង្សី សំពៅលូន ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ។សូមបញ្ជាក់ថា គិតត្រឹមម៉ោង៦ព្រឹក ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅមានពលរដ្ឋ​ភៀសសឹ​ក​ចំនួន​៤៩.៣៣១​នាក់​ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ ។រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសច្បាស់ៗថា សន្តិភាពនៅតែជា​គុណត​ម្លៃ​ស្នូល​របស់​កម្ពុជា ហើយ​កម្ពុជា​អំពាវ​នាវឱ្យមានការអនុវត្តយ៉ាងពេញលេញ និងដោយស្មោះ​ត្រង់​នូវ​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់ រវាងកម្ពុជា-ថៃ ការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និង​សន្ធិ​សញ្ញា​នានា​ជា​ធរមាន ដើម្បីបញ្ចប់ភាពស្រពិចស្រពិលនៃខ្សែបន្ទាត់ព្រំដែន ដោយប្រជា​ជន​ស៊ីវិល​អាច​វិល​​ត្រឡ​ប់​ទៅផ្ទះសំបែង រស់នៅដោយសុវត្ថិភាព គ្មានការគំរាមកំហែង ឬប្រើប្រាស់​កម្លាំង​ដោយ​ខុស​ច្បាប់​៕

កម្ពុជាអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN ចាត់វិធានការដោយភាពមុតមាំចំពោះការប្រើប្រាស់កម្លាំងរំលោភបំពានលើដែនអធិបតេយ្យភាពប្រទេសដទៃ

2026/03/03 10:58:33 am        236
ហ្សឺណែវ៖ កម្ពុជា អំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ចាត់វិធានការដោយភាពមុតមាំចំពោះការប្រើប្រាស់កម្លាំងរំលោភបំពានលើដែនអធិបតេយ្យភាពប្រទេសដទៃ ខណៈមានតែតាមរយៈការគោរពអធិបតេយ្យភាព ការទទួលខុសត្រូវចំពោះការរំលោភច្បាប់ និងសកម្មភាពពហុភាគីដែលមានគោលការណ៍ប៉ុណ្ណោះទើបអាចការពារសេចក្តីថ្លៃថ្នូរមនុស្សជាតិ និងធ្វើឱ្យសន្តិភាពមានភាពចីរភាពបាន។ការអំពាវនាវបែបនេះរបស់កម្ពុជា ធ្វើឡើងនៅក្នុង សម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមរយៈបទទន្តរាគមន៍របស់ ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងក្នុងអំឡុងកិច្ចពិភាក្សាលើរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនេះនៅរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ក្នុងឱកាសនោះ តំណាងអចិន្ត្រៃយ៍កម្ពុជា បានថ្លែងអំណរគុណដល់ឧត្តមស្នងការសិទ្ធិមនុស្សចំពោះការធ្វើបច្ចុប្បន្នភាព និងចំពោះការរំលឹកថា ភាពគួរឱ្យទុកចិត្តនៃរបបអន្តរជាតិ មិនត្រូវបានបញ្ជាក់នៅពេលមានភាពងាយស្រួលទេ ប៉ុន្តែនៅពេលមានសម្ពាធ—នៅពេលដែលការគោរពច្បាប់មិនសមស្របតាមផលប្រយោជន៍ និងការអត់ធ្មត់តម្រូវឱ្យមានភាពក្លាហាន។តំណាងអចិន្ត្រៃយ៍កម្ពុជា បានថ្លែងថា សន្តិភាព និងសន្តិសុខមិនមែនជាគោលបំណងតុបតែងនោះទេ ប៉ុន្តែជាសសរគ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងជាមូលដ្ឋានសម្រាប់ការអនុវត្តសិទ្ធិមនុស្សទាំងអស់។ នៅពេលសន្តិភាពដួលរលំ ច្បាប់ក៏ស្ងៀមស្ងាត់ ហើយសិទ្ធិមនុស្សប្រឈមនឹងការក្លាយជាសន្យាទទេ។ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា បានថ្លែងថា យ៉ាងណាក៏ដោយយើងកំពុងប្រឈមមុខនឹងការប្រែបំលែងគោលការណ៍ដ៏គួរឱ្យព្រួយបារម្ភមួយ៖ ច្បាប់ត្រូវបានចាត់ទុកថាជាជម្រើស សន្តិភាពត្រូវបានធ្វើឱ្យអាចចរចា និងការប្រើកម្លាំងត្រូវបានបង្ហាញថាជាមធ្យោបាយងាយស្រួល។ ធម្មនុញ្ញមិនត្រូវបានរៀបចំឡើងសម្រាប់ការអនុវត្តជ្រើសរើសនោះទេ ហើយក៏មិនមែនដើម្បីផ្តល់សុពលភាពដល់ស្ថានការណ៍ដែលបានបង្កើតរួចដោយការប្រើប្រាស់កម្លាំងនោះដែរ។ ការបង្ខិតបង្ខំមិនអាចនាំមកនូវសន្តិភាពបានទេ ហើយការកាន់កាប់មិនអាចផ្តល់សុពលភាពផ្លូវច្បាប់បានឡើយ។ឯកឧត្តមបញ្ជាក់ថា ក្នុងបរិបទនេះ ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានអនុវត្តប្រតិបត្តិការយោធាបន្តបន្ទាប់នៅតាមផ្នែកជាច្រើននៃតំបន់ព្រំដែន បណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សហគមន៍ស៊ីវិល និងការរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។ ផលប៉ះពាល់លើមនុស្សមានភាពធ្ងន់ធ្ងរ៖ ការបាត់បង់ជីវិតស៊ីវិល ការបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ ការលួចប្លន់ ការបង្ខំឱ្យចាកចេញ និងការផ្លាស់ទីលំនៅទ្រង់ទ្រាយធំ។ ខ្សែរលួសបន្លា និងកុងតឺន័រ នៅតែបន្តរារាំងការចូលទៅកាន់ផ្ទះ និងភូមិ ធ្វើឱ្យការវិលត្រឡប់ដោយសុវត្ថិភាព និងមានកិត្តិយសកាន់តែពិបាក និងបន្ថែមការរងទុក្ខរបស់ជនស៊ីវិល។ឯកឧត្តមសង្គត់ធ្ងន់ថា៖«កម្ពុជាអំពាវនាវដល់ក្រុមប្រឹក្សានេះ ឱ្យលើកតម្កើងច្បាប់លើសការប្រើប្រាស់កម្លាំង និងចាត់វិធានការដោយភាពមុតមាំ។ មានតែតាមរយៈការគោរពអធិបតេយ្យភាព ការទទួលខុសត្រូវចំពោះការរំលោភច្បាប់ និងសកម្មភាពពហុភាគីដែលមានគោលការណ៍ប៉ុណ្ណោះ ទើបអាចការពារសេចក្តីថ្លៃថ្នូរមនុស្សជាតិ និងធ្វើឱ្យសន្តិភាពមានភាពចីរភាពបាន»៕

ក្រសួងការងារ និងក្រុមហ៊ុនឯកជន រួមគ្នាលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការ

2026/03/03 10:45:04 am        158
នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក Xie Peilin (ស្ស៉ី ផីលីន) អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វេមីលី ប៊ីហ្សនេស មេនេចម៉ិន ឯ.ក. និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) ដល់កម្មករនិយោជិត។ ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ នឹងបង្កើតជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជំរុញការបណ្ដុះបណ្ដាលការយល់ដឹងពីសុវត្ថិភាព និងសុខភាពការងារ ឱ្យមានលក្ខណៈជាប្រព័ន្ធ និងស្តង់ដា។ តាមរយៈគម្រោងនេះ ក្រុមហ៊ុន និងដៃគូសហការ នឹងប្រើប្រាស់សក្តានុពល និងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្ដល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។លោក Xie Peilin បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ដែលបានគាំទ្រនិងផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុនក្នុងការរួមចំណែកផ្តល់សេវាសាធារណៈនៅកម្ពុជា។ ការផ្តល់ការបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់ចំណេះដឹង OSH និងការធានាឱ្យសហគ្រាសទទួលបានលទ្ធផលតាមការរំពឹងទុក គឺជាគោលបំណងចម្បងរបស់ក្រុមហ៊ុន។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សុវត្ថិភាព និងសុខភាពការងារ គឺជាអាទិភាពមួយយ៉ាងសំខាន់នៅកន្លែងធ្វើការ ដែលរាជរដ្ឋាភិបាល ក៏ដូចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងដៃគូពាក់ព័ន្ធបាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវផ្នែក OSH នេះ ដែលគ្រប់គ្នាត្រូវតែយល់ដឹងអំពី OSH ដើម្បីចៀសវាងនូវហានិភ័យណាមួយនៅកន្លែងធ្វើការ។ ជាមួយនេះ ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមហ៊ុនបើកដំណើរការបណ្ដុះបណ្ដាលឱ្យបានឆាប់រហ័ស ដោយសង្ឃឹមថា ការចែករំលែកបទពិសោធរបស់ក្រុមហ៊ុននឹងជួយសម្រួលដល់ការរៀបចំមេរៀន និងវគ្គបណ្ដុះបណ្ដាលឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងកំណើនរោងចក្រ និងសហគ្រាសនៅកម្ពុជា។បើតាមក្រសួងការងារ ក្រុមហ៊ុនខាងលើនេះ ត្រូវបានបង្កើតឡើងជាមួយក្រុមហ៊ុននៅប្រទេសចិន ដោយបានប្ដេជ្ញាចិត្តរួមគ្នាប្រមូលផ្តុំធនធានចិន-កម្ពុជា ដើម្បីសម្រេចឱ្យបាននូវការបណ្ដុះបណ្ដាលលើកកម្ពស់ចំណេះដឹង OSH ការចុះត្រួតពិនិត្យសុវត្ថិភាពសហគ្រាស ការលើកកម្ពស់ស្តង់ដាបទប្បញ្ញត្តិ OSH និងគំនិតផ្ដួចផ្ដើមកិច្ចសហការពាក់ព័ន្ធ៕អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជានឹងទទួលបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ផ្តោតលើបច្ចេកវិទ្យាឌីជីថល និងកែច្នៃកសិ-ឧស្សាហកម្ម

2026/03/03 09:05:05 am        150
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចចំនួនពីរ ផ្តោតសំខាន់លើបច្ចេកវិទ្យាឌីជីថល និងគម្រោងនៃការប្រមូលផ្តុំការកែច្នៃកសិ-ឧស្សាហកម្ម ចំណីអាហារ ការវេចខ្ចប់ និងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលនេះជាចលកអាចស្រូបយកគម្រោងថ្មីៗបន្ថែម។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំច្រក ចេញ-ចូលតែមួយលើកទី២ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើគម្រោង ស្នើសុំបង្កើតតំបន់ សេដ្ឋកិច្ចពិសេស និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលសាលារាជធានីភ្នំពេញ។គម្រោងទាំង២នេះរួមមាន៖ គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន អម្រឹតា ឌីវេឡុបម៉ិន ឯ.ក។ គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ច ពិសេសទាំងពីរនេះ នឹងក្លាយជាកម្លាំងចលករថ្មីយ៉ាងសំខាន់ នៃការស្រូបយកគម្រោងវិនិយោគ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យា ឌីជីថល និងផ្តោតលើការប្រមូលផ្តុំការកែច្នៃកសិ-ឧស្សាហកម្ម ចំណីអាហារ ការវេចខ្ចប់ និងស្រាវជ្រាវនិងអភិវឌ្ឍន៍។សូមបញ្ជាក់ថា ជុំវិញគម្រោងតំបន់សេដ្ឋកិច្ចនេះ បើយោងតាមបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ គិតត្រឹមឆ្នាំ២០២៥, កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រកំពុងដំណើរ មានចំនួនសរុប ៣៤ តំបន់ ស្ថិតក្នុងរាជធានី-ខេត្តចំនួន១១។ ចំណែកសួនឧស្សាហកម្មវិញ, កម្ពុជាមានសួនឧស្សាហកម្ម ចំនួន ២៣ សួន ស្ថិតក្នុងរាជធានី-ខេត្តចំនួន ៦ ក្នុងនោះខេត្តកណ្តាល ចំនួន ៧, កំពង់ស្ពឺ ៧, ភ្នំពេញ ៦, កំពត ១, តាកែវ ១ និងបន្ទាយមានជ័យចំនួន ១ ៕អត្ថបទ៖ សុន រ៉ាឌី

ព្រះមហាក្សត្រ ចាត់ទុក ទិវាវប្បធម៌ជាតិ គឺដើម្បីបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ

2026/03/03 08:54:47 am        163
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ហើយក្នុងព្រះរាជសារនេះ ព្រះអង្គបានចាត់ទុកថា ទិវាវប្បធម៌ជាតិនេះ គឺដើម្បីបំផុសឱ្យប្រជាពលរដ្ឋស្គាល់ច្បាស់ ស្រឡាញ់ ថែរក្សាព្រមទាំងអភិរក្សវប្បធម៌ជាតិ និងសំដៅបង្កើនការយល់ដឹងអំពីគុណ តម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិជាដើម។ ព្រះករុណាព្រះមហាក្សត្រ បានមានព្រះបន្ទូលថា« ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់មួយ ដែលប្រជាជាតិកម្ពុជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា សំដៅបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ។ កេរដំណែលវប្បធម៌ដ៏សម្បូរបែប ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកឱ្យរហូតមកដល់សព្វថ្ងៃនេះ គឺជាគ្រឹះដ៏រឹងមាំ នៃអត្តសញ្ញាណជាតិកម្ពុជា និងជាមធ្យោបាយឈ្នះ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។ យើងប្រារព្ធទិវាវប្បធម៌ជាតិទាំងអស់គ្នា ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្ដីថ្លៃថ្នូរនិងកិត្យានុភាពជាតិ»។ទន្ទឹមនឹងនេះព្រះករុណាព្រះមហាក្សត្រ បានមានព្រះបន្ទូលទៀតថា ទិវាវប្បធម៌ជាតិ បានបំផុសឱ្យប្រជាពលរដ្ឋស្គាល់ច្បាស់ ស្រឡាញ់ ថែរក្សាព្រមទាំងអភិរក្សវប្បធម៌ជាតិ ជាពិសេសជាឱកាសជំរុញតួនាទីស្នូលដ៏សំខាន់របស់យុវជនបន្តវេន ជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត។តាមរយៈព្រះរាជសារនេះ ព្រះករុណាព្រះមហាក្សត្រនៃយើង ព្រះអង្គក៏សូមឧទ្ទិសឱ្យទិវាវប្បធម៌ជាតិ ស្ថិតក្នុងស្មារតីចងចាំរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប ស្របតាមទិសស្លោក «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»ផងដែរ។ ជាមួយគ្នានោះដែរព្រះករុណាព្រះមហាក្សត្រព្រះអង្គក៏សូមថ្វាយព្រះពរ និងប្រសិទ្ធពរ បវរមហាប្រសើរ ថ្វាយ សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជូនបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕អត្ថបទបាន ចក់

សម្តេចតេជោ និងសម្តេចធិបតី ផ្ញើសារអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

2026/03/03 08:18:49 am        326
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ខណៈការប្រារព្ធទិវានេះឡើង ក៏ដើម្បីរំលឹកដល់ គុណតម្លៃនៃសិល្បៈវប្បធម៌ដ៏សំបូរបែបរបស់បុព្វបុរសរបស់ខ្មែរ ដែលបានសន្សល់ទុកឲ្យកូនចៅជំនាន់ ក្រោយផងដែរ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្តីទី បានលើកគូសបញ្ជាក់ថាទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ដើម្បីរំលឹកដល់គុណតម្លៃនៃសិល្បៈវប្បធម៌ដ៏សំបូរបែប អរិយធម៌ដ៏រុងរឿង ដែលជាស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសរបស់ខ្មែរ បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ សម្តេចតេជោ បានកត់សម្គាល់ឃើញទៀតថា«ទិវានេះបានរួមចំណែកបំផុសស្មារតីដល់យុវជនកម្ពុជាជំនាន់ក្រោយ ក៏ដូចជាប្រជាជាតិទាំងមូល ត្រូវមានមនសិកាស្រឡាញ់ ថែរក្សា ការពារ កេរដំណែលវប្បធម៌ដូនតា និងត្រូវចូលរួមលើកតម្កើងតម្លៃវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ប្រពៃណីជាតិ ដូចពាក្យស្លោកបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។ក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចាត់ទុកថា ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦នេះ ជាទិវាមួយមានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូតជាដើម។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ជានិច្ចកាល កិច្ចការការពារ អភិរក្ស និងលើកតម្លៃមរតកវប្បធម៌ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដូចបានបញ្ជាក់ច្បាស់ក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ សម្តេចធិបតី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ជាពិសេសការផ្សព្វផ្សាយនិងលើកស្ទួយកិត្តិនាមរបស់កម្ពុជាឱ្យកាន់តែលេចធ្លោខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ ស្របតាមទិសស្លោក «កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌» រួមទាំងការពង្រឹងអំណាចទន់របស់ជាតិ និងការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកនិងបរិយាបន្ន សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេសផងដែរ៕អត្ថបទបាន ចក់

ប្រធានក្រុមចលនាស្ត្រីខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តដល់កងទ័ពការពារព្រំដែន ក្នុងខេត្តព្រះវិហារ

2026/03/03 08:04:33 am        134
ព្រះវិហារ៖ ក្នុងស្មារតីសាមគ្គីជាតិ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្ត្រីខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ជូនដល់កងទ័ពសមរភូមិមុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវប្រធានក្រុមចលនាស្ត្រី បានសម្តែងនូវការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ពនៃយើង មិនថាវីរយុទ្ធជនឬវីរនារី ដែលបានលះបង់ទាំងស្មារតី និងអាយុជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។លោកជំទាវថ្លែងថា ​អំណោយដែលបាននាំយកមកប្រគល់ជូននាពេលនេះ រួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន គឺជាសទ្ធាជ្រះថ្លាផ្ទាល់របស់លោកជំទាវប្រធាន រួមជាមួយក្រុមចលនាស្ត្រីសាលាខេត្តព្រះវិហារ មន្ទីរព័ត៌មាន និងមន្ទីរផែនការខេត្ត។ ក្នុងនោះក៏មានទឹកពិសាបរិសុទ្ធចំនួន ៥០កេស ដែលជាអំណោយរបស់ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងព័ត៌មាន ព្រមទាំងសប្បុរសជននៅរាជធានីភ្នំពេញផងដែរ។បន្ថែមពីនេះលោកជំទាវ និងសហការី ក៏បានរៀបចំជាកាដូពិសេសនូវ សំពតហូល និងសម្ភារៈប្រើប្រាស់ ជូនដល់កងទ័ពជាស្ត្រី ដើម្បីចូលរួមអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ដែលខិតជិតមកដល់ ក្នុងន័យលើកទឹកចិត្តដល់វីរនារីជួរមុខដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីជាតិមាតុភូមិ។ទន្ទឹមនេះមេបញ្ជាការសមរភូមិមុខ បានសម្តែងនូវក្តីរីករាយ និងចាត់ទុកសកម្មភាពនៃការចុះសួរសុខទុក្ខ និងប្រគល់អំណោយនាពេលនេះថាជា សក្ខីភាពនៃភាពកក់ក្តៅ ដែលសមរភូមិក្រោយ តែងតែផ្តល់ឱ្យសមរភូមិមុខមិនដែលខាន។ លោកមេបញ្ជាការក៏បានកោតសរសើរចំពោះសកម្មភាពរបស់ក្រុមចលនាស្ត្រី និងជូនពរឱ្យចលនានេះបន្តរីកធំធាត់ ដើម្បីជាសសរទ្រូងក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់តួនាទីស្ត្រីក្នុងជួរកងទ័ព ក៏ដូចជាក្នុងសង្គមជាតិទាំងមូល។

«អង្គការហេឡែន ខេលល័រ អន្តរជាតិ បេ្តជ្ញាបន្តសហការជាមួយកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង»

2026/03/02 08:09:38 pm        181
នារសៀលថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការហេឡែន ខេលល័រ អន្តរជាតិ  (Helen Keller International) ដឹកនាំដោយលោកវេជ្ជបណ្ឌិត Shawn Baker អនុប្រធានអង្គការហេឡែន ខេលល័រ អន្តរជាតិ ប្រចាំទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ក្នុងឱកាសជំនួបនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងសុខាភិបាល និងអង្គការហេឡែន ខេលល័រ អន្តរជាតិ  ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ននេះ។លោកវេជ្ជបណ្ឌិត Shawn Baker បានជម្រាបជូនអំពីបេសកកម្មរបស់អង្គការការហេឡែន ខេលល័រ អន្តរជាតិ គឺជួយសង្គ្រោះ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនងាយរងគ្រោះទូទាំងពិភពលោក តាមរយៈការការពារ និងប្រយុទ្ធប្រឆាំងផលវិបាកដែលបណ្តាលមកពីភាពពិការភ្នែក សុខភាពមិនល្អ និងកង្វះអាហារូបត្ថម្ភ ដោយអនុវត្តគម្រោងអន្តរាគមន៍ផ្អែកលើភស្តុតាង និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ដើម្បីសម្រេចបាននូវ បេសកកម្មនេះ អង្គការការហេឡែន ខេលល័រ អន្តរជាតិ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋាភិបាលនានា ក្នុងការកសាង និងពង្រឹងសមត្ថភាពប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍកម្មវិធីអន្តរាគមន៍ទ្រង់ទ្រាយធំ ដែលមាននិរន្តរភាព និងភាពធន់ខ្ពស់ ដើម្បីផ្តល់សេវាការពារ និងព្យាបាលសុខភាពភ្នែក និងបញ្ហាកង្វះអាហារូបត្ថម្ភប្រកបដោយប្រសិទ្ធភាព។ជាទិសដៅបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងស្នើឱ្យអង្គការការហេឡែន ខេលល័រ អន្តរជាតិ បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅជាមួយអង្គភាពជំនាញសំខាន់ៗ នៃក្រសួងសុខាភិបាល រួមមាន មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នាយកដ្ឋានការពារសុខភាព និងនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)។ជំនួបនេះបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ដោយភាគីទាំងពីរបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យបាននូវសេវាសុខភាពដែលមានគុណភាព សមធម៌ និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ រដ្ឋា 

កម្ពុជាសហការជាមួយបណ្តាប្រទេសជាដៃគូរបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ

2026/03/02 08:04:53 pm        371
ភ្នំពេញ៖ កម្ពុជាបានសហការជាមួយបណ្តាប្រទេសជាដៃគូរ ភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន អាមេរិក (DEA) ប៉ូលីសសហព័ន្ធអូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនក្នុងឆ្នាំ២០២៥ កន្លងទៅ គឺទទួលបានលទ្ធផលល្អ និងបានទទួលការកោតសរសើពីប្រទេសជាមិត្ត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់ BTV នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃីង សារ៉ាត់ បានមានប្រសាសន៍ថា លទ្ធផល នៃការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលនគរបាលបង្ក្រាបបាននេះ គឺឆ្ពោះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយសារមានកិច្ចសហការល្អរវាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាមួយស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសជាមួយបណ្តាប្រទេសជាមិត្តមានដូចជា ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក (DEA) ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) អាជ្ញាធរគ្រឿងញៀនចិន ក្រសួងសន្តិសុខសាធារណៈវៀតណាម ក្រសួងសន្តិសុខសាធារណៈ នៃសារធារណៈរដ្ឋឡាវ នាយកដ្ឋានចារកម្មសាធារណៈរដ្ឋកូរ៉េខាងត្បូង នគរបាលជាតិជប៉ុន និងនគរបាលអន្តរជាតិប្រចាំប្រទេសអាសានជាដើម ដែលធ្វើឲ្យការស្រាវជ្រាវបង្ក្រាបបទល្មើស ក្នុងឆ្នាំ២០២៥ កន្លងទៅ ទទួលបានលទ្ធផលល្អ ហើយបានទទួលការកោតសរសើពីប្រទេសជាមិត្ត ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន៕ អត្ថបទ ៖ វង្ស សុភាព

ក្រសួងការងារ៖តាមរយៈការចុះត្រួតពិនិត្យលើកទី២ ករណីដួលសន្លប់ និងស្លាប់នៅក្នុងខេត្តកណ្តាល គឺមិនមែនដោយសារការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារមិនបានត្រឹមត្រូវនោះឡើយ

2026/03/02 05:54:18 pm        2231
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា តាមរយៈការចុះត្រួតពិនិត្យលើកទី២របស់ក្រុមជំនាញ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានពិនិត្យឃើញថា ករណីដួលសន្លប់ និងស្លាប់នៅក្នុងខេត្តកណ្តាល គឺមិនមែនដោយសារការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារមិនបានត្រឹមត្រូវនោះឡើយ។ លោក ស៊ុន មេសា បានបញ្ជាក់ថា៖ “តាមការត្រួតពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ ក្រុមអធិការកិច្ចការងារពិនិត្យឃើញថា លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការមិនមែនជាមូលហេតុដែលបណ្ដាលឱ្យកម្មករនិយោជិតដួលសន្លប់ឡើយ”។ បើតាមលោក ស៊ុន មេសា នៅព្រឹកថ្ងៃទី២ ខែមីនានេះ បងប្អូនកម្មករនិយោជិតបានចូលធ្វើការជាធម្មតា ក្នុងនោះក្នុងចំណោមកម្មករនិយោជិតដែលបានដួសសន្លប់ ២០នាក់ មានកម្មករនិយោជិតចំនួន ១៨នាក់បានចូលធ្វើការជាធម្មតា ខណៈកម្មករ ២រូបផ្សេងទៀត បានស្នើសុំច្បាប់ឈប់សម្រាក។ ដោយឡែក ក្រុមគ្រួសារសព ក៏បានទទួលអត្ថប្រយោជន៍ប្រាក់វិភាជន៍បូជាសពចំនួន ១០លានរៀលស្របតាមច្បាប់ ខណៈក្រុមជំនាញនៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) របស់ក្រសួងការងារ នៅថ្ងៃទី២ខែមីនា ឆ្នាំ២០២៦នេះ កំពុងរៀបចំអង្កេតឧត្តរជីវី ដើម្បីផ្តល់អត្ថប្រយោជន៍ជូនគ្រួសារស្របតាមច្បាប់។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។លោកបន្ថែមថា៖«តាមការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រុមការងារជំនាញបានមកពិនិត្យភ្លាមៗម្តងហើយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយយើងមកពិនិត្យថ្ងៃនេះម្តងទៀត ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា ពីបញ្ហាដែលបានកើតឡើង។ ពេលនេះ បងប្អូនកម្មករនិយោជិត បានចូលធ្វើការជាធម្មតា ហើយក្នុងចំណោមកម្មករនិយោជិតដែលបានដួសសន្លប់ ២០នាក់នោះ គឺមានកម្មករនិយោជិតចំនួន ១៨នាក់បានចូលធ្វើការជាធម្មតាវិញ។ តែយ៉ាងណា យើងនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាព ដើម្បីចៀសវាងមានហេតុការណ៍ណាមួយកើតឡើងថែមទៀត»។សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានកម្មការិនីម្នាក់ឈ្មោះ យឹម រីន អាយុ៣៤ឆ្នាំ បានទទួលមរណភាព ដោយសារដាច់សរសៃឈាមខួរក្បាលនៅម៉ោង ៧ព្រឹក បន្ទាប់ពីបានមើលព័ត៌មានដ៏រន្ធត់ស្តីពីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យតក់ស្លុត ភិតភ័យរហូត ងងឹងមុខ និងបានដួលសន្លប់នៅកន្លែងធ្វើការ និងបានបាត់បង់ជីវិតនៅតាមផ្លូវពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ភ្លាមនោះៗ ក៏មានកម្មការិនី ២០នាក់ផ្សេងទៀតដែលជាមិត្តរួមការងារ ក៏បានសន្លប់បន្តបន្ទាប់គ្នា ក្រោយពីទទួលដំណឹងថា កម្មការិនី យឹម រីន បានទទួលមរណភាព។ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក្រោយមានហេតុការណ៍នៃការដួលសន្លប់នៅក្នុងរោងចក្រ ខេមបូ យូនីសូល ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានកើនឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញនៃក្រសួងការងារ បានទៅចុះត្រួតពិនិត្យភ្លាមៗម្តងរួចមកហើយ ដើម្បីពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញ-បញ្ចូលខ្យល់ក្នុងការធានាពីសុវត្ថិភាពជូនកម្មករនិយោជិត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM