បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ

កម្ពុជា បន្តលើកទឹកចិត្តឱ្យវិនិយោគលើកែច្នៃផលិតផលកសិកម្ម ទៅជាកសិ-ឧស្សាហកម្មគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

2026/03/02 03:47:17 pm        274
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តលើកកម្ពស់ដល់ម្ចាស់សហគ្រាសក្នុងស្រុក បង្កើតឧស្សាហកម្ម កែច្នៃ និងសិប្បកម្មកែច្នៃវត្ថុធាតុដើមចេញពីវិស័យកសិកម្ម ដើម្បីរុញវិស័យនេះឱ្យទៅជាកសិ-ឧស្សាហកម្ម បង្កើតតម្លៃបន្ថែមខ្ពស់ និងគាំទ្រដល់ទីផ្សារនាំចេញ។ជុំវិញវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ត្រូវបានរាជរដ្ឋាភិបាល កម្ពុជាចាត់ជាឧបករណ៍យុទ្ធសាស្ត្រចាំបាច់មួយ ឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ វិស័យ ឧស្សាហកម្មបានបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៩,៣%, ដោយឡែកក្នុងឆ្នាំ២០២៦នេះ ទោះបីត្រូវប្រឈមនឹងបញ្ហាជាច្រើន រួមទាំង អរិភាពព្រំដែនជាមួយប្រទេសជិតខាងក្តី ក៏វិស័យនេះត្រូវបានព្យាករណ៍មានកំណើន ៧,២% ផងដែរ។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្មីៗនេះបានលើកឡើងថា ជុំវិញ វិស័យឧស្សាហកម្ម នៅក្នុងពេលនេះគឺជាឱកាសមាសសម្រាប់កម្ពុជា ខណៈដែលនិន្នាការឧស្សាហកម្មធំៗបាននិងកំពុងងាកមករកដៃ គូផ្គត់ផ្គង់ក្នុងស្រុក។ ដូច្នេះនៅក្នុងកិច្ចការងារគាំទ្រហូបនីយកម្មធុរកិច្ចផលិតភាពនេះ កម្ពុជាត្រូវកសាងគ្រឹះឱ្យបានរឹងមាំ តាមរយៈខ្លួន ឯង និងកិច្ចសហប្រតិបតិការជាមួយដៃគូរ ដើម្បីទម្លូសនូវរបាំងទាំងនោះ តាមរយៈការបន្តធ្វើពិពិធកម្មវិស័យឧស្សាហកម្ម ក្នុងទិសដៅ ទាក់ទាញវិនិយោគិន ជាពិសេសកម្មន្តសាលកែច្នៃ ឱ្យក្លាយទៅជាកសិ-ឧស្សាហកម្ម ដើម្បីបម្រើទីផ្សារក្នុងស្រុកនិងនាំចេញ។ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ជុំវិញការនាំចេញឃើញថា ទំនិញរបស់កម្ពុជា កំពុងមាននិន្នាការកើនឡើង ក្នុងនោះចំពោះវិស័យកសិកម្ម ភាគច្រើនកម្ពុជាបាននាំចេញជាប្រភេទកសិផលស្រស់។ បញ្ហានេះ, ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវដល់សហគ្រិនក្នុងស្រុក សិក្សាលទ្ធភាពបន្ថែម លើគម្រោងវិនិយោគកសិ-ឧស្សាហកម្មកែច្នៃ ឬការវេច ខ្ចប់ចេញជាផលិតផលសម្រេចផ្សេងៗ ដើម្បីបង្កើតតម្លៃបន្ថែម និងការងារ ជាពិសេសការចូលរួមពង្រីងទីផ្សារក្នុងស្រុក ឱ្យមានផលិត ផលកាន់តែសំបូរបែប ដើម្បីជំនួសទីផ្សារនាំចូល។សូមបញ្ជាក់ថា វិស័យឧស្សាកម្មនៅក្នុងឆ្នាំ២០២៥, បានបង្កើតតម្លៃបរិមាណផលិតផលសរុប មានចំនួនជាង ១៣,៥ ពាន់លានដុល្លារ អាមេរិក ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជាង ៣,៦ ពាន់លានដុល្លារអាមេរិក និងតម្លៃបរិមាណ ផលិតផលការនាំចេញមាន ចំនួនជិត ១០ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការ​បន្តគាំទ្រ​ដល់​ដំណើរ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

2026/03/02 03:15:20 pm        179
នាព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Vladanka Andreeva អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សា​ការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, លោកជំទាវ Vladanka Andreeva បានថ្លែង​អំណរ​គុណ​ចំពោះ​សម្ដេច​ធិបតី​ដែល​អនុញ្ញា​ឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និង​បាន​​សម្ដែង​នូវសេចក្ដី​សោមនស្ស​រីករាយ​ដែល​បានវិលត្រឡប់មកបំពេញបេសកកម្ម​ការងារ​នៅ​កម្ពុជា​ ជាលើកទី២។ លោកជំទាវបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ​ការ​ចូល​រួម​ចំណែក​​របស់កម្ពុជាក្នុងអំឡុងពេល ២០ ឆ្នាំនៅក្នុងបេសកកម្មរក្សាសន្តិភាពពិភពលោក តាមរយៈការបន្តបញ្ជូនកងទ័ពមួកខៀវទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅឆ័ត្រក្រោមអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ, លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នាពេលកន្លងមក។ លោកជំទាវក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិនៅកម្ពុជានឹងបន្តភាពសកម្មរបស់ខ្លួនដើម្បីបន្តពង្រឹងភាពជាដៃគូជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេស ការបង្កើតការងារ, ការបង្កើនជំនាញបន្ថែម (Upskilling), ការកសាងមូលធនមនុស្ស ជាដើម។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍លោកជំទាវ ដែលបានមកបំពេញបេសកកម្មការងារជាលើកទី២ នៅកម្ពុជា។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីក្នុងភាពជាដៃគូរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រដល់ការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការបន្តការគាំទ្ររបស់អង្គការសហប្រជាជាតិនៅកម្ពុជា ក្នុងដំណើរការនៃការចាកចេញពីចំណាត់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ក្នុងឆ្នាំ២០២៩ ខាងមុខនេះ។ ក្នុងឱកាសនោះ, សម្ដេចធិបតីក៏បានរំលឹកឡើងវិញអំពីជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្ការបស់សម្ដេចធិបតី និងឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោកជំទាវ Annalena Baerbock ប្រធានសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក៏ដូចជាឯកឧត្តម Volker Türk ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងឱកាសដែលសម្ដេចធិបតីអញ្ជើញបំពេញបេសកកម្មការងារនៅទ្វីបអឺរ៉ុប។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងបណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ មុននឹងបញ្ចប់, សម្ដេចធិបតីក៏បានជម្រាបជូនលោកជំទាវ Vladanka Andreeva អំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ និងបានគូសបញ្ជាក់អំពីជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។ លោកជំទាវ ក៏បានជម្រាបជូនសម្ដេចធិបតីថា អង្គការសហប្រជាជាតិចង់ឃើញប្រទេសទាំងពីរដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕

លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីចប់អាណត្តិនៅកម្ពុជា ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត

2026/03/02 03:10:18 pm        149
នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ និងសហការីបានចូលជួបសម្ដែងការគួរសម និងជម្រាបលា ខណៈដែលលោកជំទាវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ក្នុងអាណត្តិការទូតរបស់លោកជំទាវនៅកម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីមោទនភាពរបស់លោកជំទាវក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា និងជាផ្នែកមួយដែលបានឃើញនូវការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជាមានជាអាទិ៍៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ព្រមទាំងការប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ជាដើម។ លោកជំទាវបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់លោកជំទាវឯកអគ្គរដ្ឋទូត TEO Lay Cheng ក្នុងការចូលរួមចំណែកពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំ។ សម្ដេចធិបតីក៏បានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវផងដែរ ដែលទទួលការតែងតាំងសម្រាប់ភារកិច្ចថ្មីរបស់លោកជំទាវ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះការចូលរួមរបស់សិង្ហបុរីក្នុងការគាំទ្រ និងជំរុញឱ្យមានបទឈប់បាញ់របស់វាងកម្ពុជា និងថៃ នាពេលកន្លងមក។ ឆ្លៀតក្នុងឱកាសនេះ, សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជា និងសិង្ហបុរី នៅមានសកក្កានុពលជាច្រើនទៀត ដែលជាកាលានុវត្តភាពក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត លើវិស័យសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតីក៏បានជម្រាបជូនលោកជំទាវអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែន កម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត ក៏ដូចជាជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។ លោកជំទាវឯកអគ្គរដ្ឋទូតសង្ឃឹមថា បញ្ហានៃជម្លោះព្រំដែននេះនឹងត្រូវបានដោះស្រាយដោយសន្តិវិធី៕

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ណែនាំ​ក្រុមការងារ​គ្រប់​ថ្នាក់​បន្ត​គាំទ្រ​ការ​អភិវឌ្ឍមូលដ្ឋាន​ឆ្លើយ​តប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​

2026/03/02 03:06:18 pm        159
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំគ្រប់ថ្នាក់ និងអាជ្ញាធរ បន្ត​ពង្រឹង​ការ​ឆ្លើយតប និង​បម្រើប្រ​ជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ​ឱ្យបានល្អប្រសើរថែមទៀត ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ នេះជា​ប្រសាសន៍​លើក​ឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និង​ទិស​ដៅ​ការងារឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ទី២​ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងនូវការអបអរសាទរលើសមិទ្ធផលទាំងអស់សម្រេចបាន និង​ថ្លែង​អំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ គណៈ​អភិបាលខេត្ត រដ្ឋបាលក្រុងស្រុក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធ​នៅខេត្តត្បូងឃ្មុំ ដែលបាន​ប្រឹង​ប្រែង​រួម​គ្នា​ក្នុង​ការ​បំពេញ​ភារកិច្ច​ទៅ​តាម​តួនាទី​រៀង​ៗ​ខ្លួន​ ដែលនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរបស់ខេត្ត ទទួលបា​ន​លទ្ធផល​ជា​ច្រើន​កន្លង​មក​។ឯកឧត្តមប្រធានក្រុមការងារ បានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយ​បន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព៖ សណ្តាប់ធ្នាប់សាធារណៈ និងលុបបំបាត់បទល្មើស ដូច​ជា​ការលុបបំបាត់អំពើល្មើសគ្រឿងញៀន ល្បែងស៊ីសង និងអនឡាញស្កែម (Online Scam)​។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បាន​ថ្លែង​ជំរុញទៅដល់ក្រុមការងារនិងរដ្ឋបាលខេត្ត អាជ្ញាធរ​គ្រប់ថ្នាក់ ខិតខំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ជា​ពិសេស​ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរថែមទៀត ដោយ​ត្រូវ​លុប​បំបាត់​ឱ្យអស់នូវបញ្ហាគ្រឿងញៀន ក្មេងទំនើង រួមគ្នាលុបបំ​បាត់​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ (Online Scam), និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីធានាថា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងជំរុញលើកទឹកចិត្តរៀបចំគម្រោងអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់ខេត្តត្បូងឃ្មុំ ដើម្បីទទួលអ្នកវិនិយោគ និងទេសចរណ៍ តាមរយៈរៀបចំផែនការមេ ទៅតាមសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្មនិងភូមិសាស្រ្ត ឱ្យមានលក្ខណៈគ្រប់គ្រាន់។« ការពង្រីកការវិនិយោគ ធ្វើឱ្យប្រជាពលរដ្ឋមានការងារ មានចំណេះ បើកចំហរ ដើម្បីប្រជាពលរដ្ឋ នឹងក្លាយជាម្ចាស់ និងអាចដឹកនាំឧស្សហកម្ម និងសេដ្ឋកិច្ចក្នុងតំបន់នៅក្នុងពេលអនាគត។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែម។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងសុវត្ថិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងទន់ភ្លន់ ប្រកបដោយព្រហ្មវិរធម៌ គុណធម៌ របស់ប្រមុខដឹកនាំសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រមកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានជំរុញឱ្យមានការពង្រឹងសាមគ្គីភាពកាន់តែខ្លាំងក្លា ការរួមគ្នាជាធ្លុងមួយ គាំទ្រដល់ រាជរដ្ឋាភិបាល ក្នុងការដឹកនាំលើវិធានការទាំងផ្នែក ការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងកងកម្លាំងប្រដាប់អាវុធ របស់ យើង។ លើសពីនេះ ស្នើបន្តឱ្យអាជ្ញាធរ និង ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន ផ្តល់ការគាំទ្រពេញទំហឹងទាំង ខាងសម្ភារៈ និងស្មារតីដល់វីរយុទ្ធជននៅសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតាមជម្រកសុវត្ថិភាពនិងតាមមូលដ្ឋាននានា។ សូមបញ្ជាក់ថា លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ត្រូវបានអានដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយបានលើកឡើងពីការ ចូលរួមគាំទ្រ និងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារសម្រេចបានសមិទ្ធផលសំខាន់ៗ ដូចជាការចុះធ្វើវេទិកាសាធារណៈ ដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ និងការចុះជួបប្រជាពលរដ្ឋតាមមូលដ្ឋាន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ការបង្កើនភាពស្អាតនៅតាមមូលដ្ឋាន សាលារៀន វត្តអារាម និងនៅតាមផ្លូវជាតិ ការបង្កើនគម្របបៃតង បង្កើតជាថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ និងចែកជូនប្រជាពលរដ្ឋដាំបានច្រើន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ សាលារៀន វត្តអារាម និងមូលដ្ឋាននានា រួមទាំងការងារជួយដល់ជនភៀសសឹកដោយសាសង្រ្គាមឈ្លានពាន និងការធានាបានសន្តិសុខសណ្តាប់សង្គមបានល្អផងដែរ៕

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ ខណៈ​មេដឹកនាំនៅលើពិភពលោកភាគច្រើនមកពីអឺរ៉ុបនឹងចូលរួមកិច្ចប្រជុំ

2026/03/02 02:49:35 pm        219
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅ​ថ្ងៃ​ទី​១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើ​យោង​តាម​លទ្ធផល​ជំនួប​រវាង​ប្រមុខ​ការ​ទូតក​ម្ពុជា និងអគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។នៅព្រឹក​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រាជធានីភ្នំពេញ។ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងផ្តោតជាពិសេសលើកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីធានាបាននូវភាពជោគជ័យនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ ដែលគ្រោងនឹងរៀបចំនៅក្នុងរយៈពេល៨ខែខាងមុខ។សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie) កំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជាចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ដំណើរទស្សនកិច្ចនាពេលនេះរបស់ អគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី បានបង្ហាញពីការប្តេជ្ញា ចិត្តរួមគ្នារបស់អង្គការ OIF និងព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងភាពជាដៃគូ ឱ្យកាន់តែស៊ីជម្រៅ ព្រម ទាំងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែច្រើន ដើម្បីជាប្រយោជន៍ដល់បណ្តាញអ្នកប្រើប្រាស់ភាសា បារាំងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗទៀត។សូមបញ្ជាក់ថា មេដឹកនាំនៅលើពិភពលោកដែលភាគច្រើនមកពីអឺរ៉ុប នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំ ប្រទេសនិយាយភាសាបារាំង ឬហ្វ្រង់កូហ្វូនី(OIF) នាពេលខាងមុខផងដែរ៕

អគារសារមន្ទីរតេជោសន្ដិភាពសាងសង់ឡើងដោយក្រុមហ៊ុនជប៉ុនកាលពីដើមឆ្នាំ២០២៤ បានបញ្ចប់ការសាងសង់ និងប្រារព្ធពិធីផ្ទេរ-ប្រគល់នៅថ្ងៃនេះ

2026/03/02 02:29:12 pm        368
សៀមរាប៖ អគារសារមន្ទីរតេជោសន្ដិភាពនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltdកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់ និងប្រារព្ធពិធីផ្ទេរ-ប្រគល់នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។ នេះបើតាម ឯកឧត្តម ហេង រតនា ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុកជាអគ្គនាយកCMAC។ ឯកឧត្តម ហេង រតនា បានឱ្យដឹងថា ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅសារមន្ទីរតេជោសន្តិភាព ខេត្ត​សៀមរាប បានរៀបចំពិធីបញ្ចប់ការសាងសង់និង ផ្ទេរ-ប្រគល់អគារតេជោសន្ដិភាព ដែល​មាន​ទំហំ​៥២x៥២ម៉ែត្រ ២ជាន់ មានកម្ពស់១៧ម៉ែត្រ និងមានក្រឡាផ្ទៃសរុបចំនួន ៤.០១២​ម៉ែត្រ​ក្រឡា ​សាងសង់លើផ្ទៃដីសរុបប្រមាណ១២ហិកតា ដែលជាជំនួយ​ហិរញ្ញប្បទា​ន​ឥត​សំណង​របស់​រាជ​រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈ JICA ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនអង្គភាព CMAC។ ឯកឧត្តមបន្តថា អគារសារមន្ទីរតេជោសន្ដិភាពនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltdកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់ និងប្រារព្ធពិធីផ្ទេរ-ប្រគល់នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ហេង រតនា បញ្ជាក់ថា សារមន្ទីរនេះត្រូវបានកសាងឡើង ដើម្បីថែ​រក្សា​មរតក​ប្រវត្តិ​សាស្ត្រ​​ក្នុង​ស្មារតីរំលឹកចងចាំនូវទុក្ខសោកនាដកម្ម​នៃ​សង្គ្រាម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និ​ង​ផ្សព្វផ្សាយវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ។ សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ឯកភាពប្រសិទ្ធនាមសារមន្ទីរនេះថា «សារមន្ទីរតេជោសន្តិភាព»។ ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបាន​ផ្តល់​ហិរញ្ញ​ប្បទា​នឥ​តសំ​ណងដ៏មាន​តម្លៃ​សម្រាប់​ការ​សាង​សង់​អគារ​ផ្សព្វ​ផ្សាយ​អប់រំ​យល់​ដឹង​ពី​សង្គ្រាម​នេះ​ឡើង។ ទន្ទឹងនឹងនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹនាំ មន្រ្តី JICA ក៏ដូចជាក្រុមហ៊ុន consultants” The consortium of Oriental Consultants Global Co. Ltd and the Japan International Cooperation System” និងក្រុមហ៊ុនសំណង់ SATO KOGYO គ្រប់ឋាននុក្រមដែលតែងតែជួយសម្របសម្រួលយ៉ាងសកម្ម និងមានប្រសិទ្ធភាព ធានាថាសំណង់ទាំងអស់ប្រកបដោយគុណភាពខ្ពស់ និងបានធ្វើឲ្យការអនុវត្តគម្រោងនេះដោយជោគជ័យ៕

រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋ និង​និស្សិត​ខ្មែរ​ដែល​កំពុងស្ថិត​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មានសង្គ្រាមនៅមជ្ឈឹមបូព៌ា និងបានអំពាវនាវឱ្យ​ភាគី​ជម្លោះ​មាន​ការ​អត់ធ្មត់​ជា​អតិមរមា

2026/03/02 02:20:10 pm        256
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២ ខែ​កុម្ភៈ ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋ​មន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែល​កំពុង​ស្ថិត​នៅ​ក្នុង​បណ្តា​ប្រទេសដែលមានសង្គ្រាមនៅមជ្ឈឹមបូព៌ា និងបាន​អំពាវ​នាវ​ឱ្យ​ភាគី​ជម្លោះ​មាន​ការ​អត់​ធ្ម​ត់​ជា​អតិមរមា។ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងថា បណ្តា​ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ទាំង​អស់​ដែលទទួល​បន្ទុកទំនាក់ទំនងជាមួយប្រទេស​នៅ​មជ្ឈិមបូព៌ា​បាន​ទទួល​ការ​ណែនាំ​ឲ្យ​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងផ្ដល់​លេខ​ទាក់​ទង​ ដើម្បីសម្របសម្រួលក្នុងករណីមានអាសន្ន។ជាក់ស្តែង ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទួគីនិងគូវ៉ែត បានចេញ​សេចក្តី​​អំពាវ​នាវ​ដល់​និស្សិត ​និងប្រជាពលរដ្ឋខ្មែរទាំងអ់សឱ្យមានការប្រុងប្រយ័ត្ន និងបានទាក់​ទង​ជា​ប្រចាំ​ជាមួយ​ប្រធាន​ក្រុម​និស្សិតហើយបានប្រាប់ឱ្យពួកគេរក្សាការប្រុងប្រយ័ត្នចំពោះសវត្ថិភាពផ្ទាល់ខ្លួន និ​ង​ត្រៀម​ខ្លួនជានិច្ចក្នុងករណីមានអាសន្ន ដោយត្រូវ​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​នៃ​ប្រទេស​ដែល​ខ្លួន​កំពុង​ស្នាក់នៅ។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា នៅប្រទេសអ៊ីស្រ្តាអែល មាននិស្សិតខ្មែរសរុបចំនួន ២៣៩ នាក់​កំពុងសិក្សានៅទីនោះ ក្នុងនោះនិស្សិតមកពីសកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន១៥៣ នាក់​និង​សាលាកសិកម្មព្រែកលាបចំនួន៨៦ នាក់។ ចំណែកនៅប្រទេសគូវ៉ែត មាននិស្សិតខ្មែរ ២៧​នាក់​។ ក្រៅពីនោះ ក៏មានពលរដ្ឋខ្មែរមួយចំនួនទៀតកំពុងស្នាក់នៅ ធ្វើការ ឬធ្វើដំណើរ​កម្សា​ន្ត​ក្នុង​បណ្តា​ប្រទេស​មជ្ឈឹមបូព៌ាផងដែរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសង្គត់ធ្ងន់ថា ថ្នាក់ដឹកនាំកម្ពុជាដែលមាន សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​តាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះបញ្ហានេះ។ រហូតមក​ដល់​ពេល​នេះ​នៅមិ​ន​ទាន់​មាន​​ព័ត៌មានស្តីពីប្រជាជនខ្មែរទទួលរងគ្រោះដោយសារសង្គ្រាមនេះនៅឡើយទេ។ពាក់ព័ន្ធ​នឹង​បញ្ហានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយបញ្ជាក់ថា កម្ពុជាកំពុងតាម​ដាន​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា ដោយក្តីបារម្ភដ៏ជ្រាលជ្រៅ និងបានអំពាវនាវដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា​ដើម្បី​ជៀស​វាង​កំណើន​ស្ថាន​ការណ៍កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់សន្តិភាព៕ 

កម្ពុជានឹងបន្តអភិវឌ្ឍស្តង់ដាជាតិ សម្រាប់ផលិតផលថ្មីៗក្នុងស្រុកដែលជាប្រភពកំណើនសេដ្ឋកិច្ច

2026/03/02 02:09:38 pm        179
កម្ពុជានិងបន្តអភិវឌ្ឍស្តង់ដាជាតិ សម្រាប់ផលិតផលថ្មីៗក្នុងស្រុក ដែលជាប្រភពកំណើនសេដ្ឋកិច្ច និងការបន្តរៀបចំសុខដុមនីយ- កម្មអាស៊ាន ជំរុញការសម្របសម្រួលទទួលស្គាល់គ្នាទៅវិញទៅមក សម្រាប់ការធ្វើពាណិជ្ជកម្មក្នុងក្របខណ្ឌទីផ្សារអាស៊ានឱ្យកាន់តែធំ។តាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញនូវឆន្ទះ ខ្ពស់ នៃការបន្តលើកកម្ពស់ការងារស្តង់ដារ បទប្បញ្ញាត្តិបច្ចេកទេស និងការវាយតម្លៃទទួលស្គាល់អនុលោម ដើម្បីចូលរួមគាំទ្រសវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសគាំទ្រដល់ការជំរុញធ្វើពាណិជ្ជកម្មកម្ពុជាក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ។ ជុំវិញការងារស្តង់ដារនេះ គិតត្រឹមបំណាច់ឆ្នាំ២០២៥, ក្រុមប្រឹក្សាស្តង់ដាជាតិ បានអនុម័តស្តង់ដាជាតិសរុបចំនួន ១.២០៣ ស្តង់ដារ ក្នុងនោះស្តង់ដាម្ហូបអាហារមានចំនួន ៣៨៩, ស្តង់ដារអគ្គិសនីនិងអេឡេត្រូនិច ២៣៩, វិធីសាស្រ្តធ្វើតេស្ត ១៧២, សារធាតុគីមី ៤០, សំណង់ ៤៧, ផលិតផលយានយន្ត ៦៣, ផលិតផលកៅស៊ូ ៦៧, ផលិតផលពីឈើ ៧៦, ក្រមអនុវត្ត ៩, ស្តង់ដា វាក្យស័ព្ទ ១, ប្រព័ន្ធគ្រប់គ្រង ៥៣, ឌីជីថល ២០, គ្រឿងសំអាង ១៩ និងវាយនភណ្ឌ ៩ ស្តង់ដា។ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ជុំវិញ ការងារស្តង់ដារ, កម្ពុជាត្រូវតែមានផែនទីបង្ហាញផ្លូវ (Road Map) ឆ្នាំ២០២៦-២០៣០ សម្រាប់ជំរុញនិងអនុវត្តការងារស្តង់ដា បទ- ប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម ដែលស្ថិតក្រោមកិច្ចព្រមព្រៀង RECP ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាព ជាតិ ជាពិសេសការអនុវត្តស្តង់ដា ដែលជាម៉ែត្រដ៏សំខាន់លើការទទួលស្គាល់គុណភាព និងការវាយតម្លៃភាពអនុលោម ដើម្បីធានាថា ផលិតផល និងសេវាកម្មមានសុវត្ថិភាព និងគុណភាព។សូមបញ្ជាក់ថា នៅឆ្នាំ២០២៦នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានវិទ្យាស្ថានស្តង់ដាកម្ពុជា ដែល ជាសេនាធិការ នឹងបន្តរៀបចំស្តង់ដាជាតិសម្រាប់ផលិតផលថ្មីៗ ដែលជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច និងការបន្តរៀបចំសុខដុមនីយកម្ម អាស៊ាន និងកិច្ចសម្របសម្រួលទទួលស្គាល់គ្នាទៅវិញទៅមក សម្រាប់ការធ្វើ ពាណិជ្ជកម្មក្នុងក្របខណ្ឌទីផ្សារអាស៊ានឱ្យកាន់តែធំ។ ក្រៅពីនេះការដំឡើងកម្រិតសមាជិកភាពរបស់កម្ពុជា ទៅស្តង់ដាអង្គរអន្តរជាតិ IEC ជាពិសេសការបន្តជំរុញឱ្យមានការទទួលស្គាល់ លើ ស្តង់ដាអន្តរជាតិ ISO 17021:2015 សម្រាប់ស្តង់ដាប្រព័ន្ធ ISO 9001:2015 និង ISO 22000: 2018 និងស្តង់ដារអន្តរជាតិ ISO 17065:2015 សម្រាប់ស្តង់ដាផលិតផល ក្រៅពីនេះនឹងបន្តជំរុញលើស្តង់ដាផ្សេងៗ ដើម្បីឆ្លើយតបទីផ្សារ។ នឹងបន្តរៀបចំបទប្បញ្ញត្តិ បច្ចេកទេសពាក់ព័ន្ធ និងការបន្តជំរុញចុះបញ្ជីផលិតផលម្ហូបអាហារ អគ្គិសនីនិងអេឡេត្រូនិច សារធាតុគីមី និងយានយន្ត។ ការបន្តរៀប ចំគោលនយោបាយជាតិ សម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ជាពិសេសការបន្តវិសោធនកម្មច្បាប់ ស្តីពីស្តង់ដារកម្ពុជា ឱ្យ ស្របទៅនិងនិន្នាការទីផ្សារសកល និងតំបន់ និងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី កិច្ចព្រមព្រៀងអានស៊ាន និងប្រទេសដៃគូពាណិជ្ជកម្មផ្សេងៗ និងការរៀបចំ សេចក្តីព្រាងទំនិញគ្រោះថ្នាក់ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី 

ឆ្នាំ២០២៥ មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ ផ្តល់សេវាសាធារណៈធ្វើព្យាសកម្មឧបករណ៍បាន ១.១២៤ គ្រឿង

2026/03/02 01:57:30 pm        353
មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិនៅក្នុងឆ្នាំ២០២៥, ផ្តល់សេវាសាធារណៈធ្វើព្យាសកម្មឧបករណ៍មាត្រាសាស្ត្រសរុបចំនួន ១.១២៤ គ្រឿង ក្នុងនោះក្រុមហ៊ុន រោងចក្រ សហគ្រាស បានចំនួន ៧៨៣ គ្រឿង, អង្គភាពចំណុះមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ចំនួន ៧៨ គ្រឿង និងតាមបណ្តាមន្ទីររាជធានីខេត្តចំនួន ២៦៣ គ្រឿង។ ជុំវិញការងារមាត្រាសាស្រ្ត, បើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញថា វិស័យមាត្រាសាស្ត្របានដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានជាអាទិ៍ ការជួយ គាំទ្រសុខុមាលភាពរបស់សង្គម និងទំនើបកម្ម ដោយគាំទ្រលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សុខភាព សុវត្ថិភាព បរិស្ថាន និងសេវាកម្ម ដោយអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស និងបទបញ្ហាបច្ចេកទេស។ការងារមាត្រសាស្រ្តនេះ នៅឆ្នាំ២០២៥, មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ ដែលជាសេនាធិការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់សេវាសាធារណៈធ្វើព្យាសកម្មឧបករណ៍ (ពិនិត្យភាពត្រឹមត្រូវនៃឧបករណ៍) មាត្រា សាស្ត្រសរុប ចំនួន ១.១២៤ គ្រឿង ក្នុងនោះក្រុមហ៊ុន រោងចក្រ សហគ្រាសបានចំនួន ៧៨៣ គ្រឿង (១៣៤ក្រុមហ៊ុន), អង្គភាព ចំណុះមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ចំនួន ៧៨ គ្រឿង, មន្ទីរ ឧ.វ.ប.ន. រាជធានី-ខេត្ត ចំនួន ២៦៣ គ្រឿង (១៣ ខេត្ត), ចេញវិញ្ញា បនបត្រព្យាសកម្ម ចំនួន ៧៥៣ ច្បាប់, ចេញវិញ្ញាបនបត្រស្តង់ដាប្រតិបត្តិ ចំនួន ៨៧ ច្បាប់, បានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់លើ ឧបករណ៍មាត្រាសាស្ត្រ និងទំនិញវេចខ្ចប់នាំចូល។ចំណែកការត្រួតពិនិត្យផ្ទៀងផ្ទាត់លើឧបករណ៍មាត្រាសាស្ត្រ និងទំនិញវេចខ្ចប់នាំចូលរួមមាន៖ ស៊ីទែនរថយន្តចំនួន ២០៥ គ្រឿង, ជញ្ជីងថ្លឹងរថយន្តចំនួន ២៦៩ គ្រឿង, ជញ្ជីងឌីជីថលចំនួន ២៤៦ គ្រឿង, ទំនិញវេចខ្ចប់នាំចូលចំនួន ៨១ ផលិតផល, ចេញ វិញ្ញាបនបត្របញ្ជាក់លក្ខណៈមាត្រាសាស្ត្រទំនិញវេចខ្ចប់នាំចូលចំនួន ១០ច្បាប់។ ចំពោះការងារដែលក្រសួងបានប្រតិភូកម្មជូនមន្ទីរ រួមមាន៖ ត្រួតពិនិត្យផ្ទៀងផ្ទាត់ដៃបាញ់ប្រេង ចំនួនជាង ៣៦ ពាន់ដៃ, ត្រួតពិនិត្យផ្ទៀងផ្ទាត់ជញ្ជីងក្រោម ១ ពាន់គីឡូក្រាម ចំនួនជាង ៤ ពាន់ជញ្ជីង, ត្រួតពិនិត្យផ្ទៀងផ្ទាត់ទំនិញផលិត និងទំនិញវេចខ្ចប់ ចំនួន ២១៦ ផលិតផល។ដោយឡែកការងារផ្តល់វិញ្ញាបនបត្រចុះបញ្ជីមាត្រាសាស្ត្រ នៅក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ អនុវត្តបានចំនួន សរុប ៩២៦ មូលដ្ឋាន ក្នុងនោះវិញ្ញាបនបត្រចុះបញ្ជីមាត្រាសាស្ត្រថ្មី ចំនួន ៣៨៣ មូលដ្ឋាន, វិញ្ញាបនបត្រចុះបញ្ជីមាត្រាសាស្ត្របន្ត ចំនួន ៥៤៣ មូលដ្ឋាន, ផ្តល់អាជ្ញាបណ្ណ ផលិត និងជួសជុលឧបករណ៍មាត្រាសាស្ត្រជូនក្រុមហ៊ុន ចំនួន៥ មូលដ្ឋាន (អាជ្ញាបណ្ណថ្មី១ និងអាជ្ញាបណ្ណបន្ត ៤)៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីនឹងចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកកម្ពុជា ខណៈសម្តេចតេជោចាត់ទុកដំណើរនេះបង្ហាញជំហរគាំទ្រសន្តិភាព

2026/03/02 01:51:18 pm        140
ភ្នំពេញ៖ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ( Organisation internationale de la Francophonie)  បានឱ្យដឹងថា លោកស្រី និងគណៈប្រតិភូ នឹងធ្វើដំណើរចុះទៅសួរសុខទុក្ខជនភៀសសឹករបស់កម្ពុជា ដែលមិនទាន់បានត្រឡប់ទៅផ្ទះសម្បែង ព្រោះសង្គ្រាមនៅតាមព្រំដែនរវាងកម្ពុជា និងថៃ។លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជជែកពីការរៀបចំកិច្ចប្រជុំកំពូលលើកទី២០នៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅថាហ្វ្រង់កូហ្វូនី ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញនាខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ នៅព្រឹកថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦នេះ លោកស្រីអគ្គលេខាធិការ និងគណៈប្រតិភូ បានអញ្ជើញជួបសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកជំទាវអគ្គលេខាធិការ បានបង្ហាញពីការតាមដានរបស់លោកស្រីលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ លោកជំទាវអគ្គលេខាធិការ បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ក្នុងដំណើរមកកម្ពុជានាពេលនេះ លោកជំទាវនឹងអញ្ជើញទៅសួរសុខទុក្ខជនភៀសសឹក ដែលមិនទាន់បានត្រឡប់ទៅផ្ទះសម្បែងវិញ ហើយកំពុងបន្តស្នាក់នៅជំរំនៅឡើយ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការចាប់អារម្មណ៍របស់លោកស្រីអគ្គលេខាធិការ ជាពិសេសការគ្រោងទៅសួរសុខទុក្ខជនភៀសសឹករបស់កម្ពុជា។ សម្តេចតេជោ ចាត់ទុកដំណើរទៅសួរសុខទុក្ខជនភៀសសឹក ជាការបង្ហាញច្បាស់នូវជំហររបស់លោកស្រីអគ្គលេខាធិការគាំទ្រដល់សន្តិភាព ហើយមិនចង់ឃើញការកើតឡើងនូវភ្លើងសង្គ្រាម។សូមបញ្ជាក់ថាសង្គ្រាមឈ្លានរបស់កងទ័ពថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាង ៦០ម៉ឺននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង។ បើទោះបីការផ្ទុះអាវុធត្រូវបានបញ្ចប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ មានពលរដ្ឋជិត៥ម៉ឺននាក់ទៀត មិនទាន់បានត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេនៅឡើយទេ ដោយសារ ផ្ទះសម្បែងប្រជាពលរដ្ឋខ្លះត្រូវបានកងទ័ពថៃ ដាក់ទូកុងតឺន័រ និងរាយបន្លាលួសបិទមិនឱ្យប្រជាពលរដ្ឋចូលទៅកាន់ផ្ទះសម្បែងបានឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM