គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកពិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន ខេត្តឧត្តរមានជ័យ

2024/11/30 08:59:20 am        66
(ឧត្តរមានជ័យ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបើកពិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋាន ខេត្តឧត្តរមានជ័យ នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ មានរយៈពេល ៤យប់ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាការរៀបចំឡើង ជាលើកទី១ និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីការប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ និងយោងទៅតាមសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំ របស់សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ប្រចាំឆ្នាំ។ការបោះជំរំនេះបានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» ដែលមានការចូលរួមពីទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ ៣០០នាក់ ក្នុងនោះមកពីក្លឹបយុវជនទាំង២៥គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ, សាខាខេត្តចំនួន៨ រួមមាន ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់។ព្រមជាមួយគ្នានេះ ក៏មានការចូលរួមពីយុវជនមកពីសមាគមជាតិអាស៊ីអាគ្នេយ៍ចំនួន ៨នាក់ ក្នុងនោះមកពី អឌ្ឍចន្ទក្រហម ម៉ាឡេស៊ី, កាកបាទក្រហម មីយ៉ាន់ម៉ា និងកាកបាទក្រហម វៀតណាម ពិសេសក៏មានការអញ្ជើញចូលរួមពី លោកស្រី ខាទ្រីន ក្លាសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ ប្រចាំកម្រងប្រទេសកម្ពុជា-ឡាវ-ថៃ-វៀតណាមផងដែរ។សូមជម្រាបថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ ឆ្នាំ២០២៤ រយៈពេល ៤យប់ ៥ថ្ងៃ នៅខេត្តឧត្តរមានជ័យ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងផ្ដល់ភាពអង់អាចដោយយុវជនក្នុងបរិវត្តន៍កម្មឌីជីថល។ទន្ទឹមនឹងនេះ ដើម្បីបង្កើតឱ្យមានការរឹតចំណងមិត្តភាព សហប្រតិបត្តិការ សាមគ្គីភាព ផ្លាស់ប្ដូរបទពិសោធន៍ក្នុងជួរយុវជន យុវជនពហុជំនាន់ពោល គឺមកពីសាខានិងគ្រឹះស្ថានឧត្តមសិក្សានិងមធ្យមសិក្សា, ផ្ដល់ការសិក្សាជាក់ស្ដែងពីប្រវត្តិនយោបាយ ឈ្នះ ឈ្នះ, ការតស៊ូក្នុងពេលមានសង្គ្រាមរបស់អតីតយុទ្ធជន, ការលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋតាមសហគមន៍, លើកកម្ពស់ការចូលរួមក្នុងការគាំពារថែរក្សាបរិស្ថានបៃតង, ការសម្អាតបរិស្ថាន និងបំណិនជីវិត ក្នុងគ្រឹះស្ថានសិក្សា, ការចូលរួមអនុវត្តគម្រោងកែច្នៃសម្រាម និងការយល់ដឹងពីបរិវត្តន៍កម្មឌីជីថលក្នុងវិស័យមនុស្សធម៌ និងបញ្ញាសិប្បនិម្មិត និងផ្ដល់ឱកាសឱ្យយុវជនបានស្គាល់ និងចូលរួមការពារសម្បត្តិវប្បធម៌របស់ប្រទេសជាតិ៕

រសៀលនេះការប្រកួតបាល់ទាត់ស្វាយរៀងស៊ុបភើខាប់ នឹងរកឃើញម្ចាស់ពានរវាងស្នងការនគរបាលខេត្តស្វាយរៀង និងយុវជនអាយុក្រោម១៨ឆ្នាំព្រះខ័នរាជស្វាយរៀង។

2024/11/30 07:25:28 am        94
ពានរង្វាន់ស្វាយរៀង ស៊ុបភើ ខាប់ ត្រូវបានរចនាឡើងដោយសម្រិតសម្រាំងទៅលើគ្រប់ចំណុច នៃតួផ្ទៃរបស់ពានទាំងមូល ត្រូវបានរំលេចឡើងដោយក្បូរក្បាច់រចនាផ្សេងៗ និងរូបតំណាង ដែលបង្ហាញនូវអត្តសញ្ញាណ ព្រមទាំងមានបង្កប់នូវអត្ថន័យនានាអំពីខេត្តស្វាយរៀង និងសម្ភារៈបុរាណខ្មែរ។*កំពូលពាន (ផ្ទៃខាងមុខ និងខាងក្រោយ) : រចនាឡើងដោយយកលំនាំតាមសម្ភារៈខ្មែរមួយប្រភេទ មានឈ្មោះថា “តោក” ដែលមានមុមចំនួន ៨ ដែលបានឆ្លាក់ព័ទ្ធជុំវិញទៅដោយឈ្មោះ ស្រុក-ក្រុង ទាំង ៨ នៃខេត្តស្វាយរៀង។*ផ្នែកកណ្តាលពាន : ផ្ទៃខាងមុខត្រូវបានរំលេចដោយពាក្យ ស្វាយរៀង ស៊ុបភើខាប់ ជាអក្សរឡាតាំង។ ចំណែកឯងផ្ទៃខាងក្រោយ គឺរំលេចចេញនូវរូបផែនទីទាំងមូល របស់ខេត្តស្វាយរៀង។ ផ្នែកកណ្ដាលពានទាំងសងខាង ត្រូវបានរចនាអមដោយដៃពានមានរាងជាស្នែងគោ ដោយយកតាមលំនាំនៃរចនាបថចម្លាក់លោហៈធាតុមួយប្រភេទ របស់បុរាណខ្មែរកាលសម័យដើម កំលុងសតវត្សទី១១-១២។*ផ្នែកទម្រនៃផ្ទៃកណ្ដាលពាន : ត្រូវបានរួមបញ្ចូលនូវរចនាបថចំនួនពីរ ក្នុងនោះ ៖ ១.មានសណ្ឋានជាក្បាលគោ ជាសត្វតំណាងឱ្យខេត្តស្វាយរៀង និងទី២.មានសណ្ឋានជាសម្ភារៈបុរាណខ្មែរម្យ៉ាងមានឈ្មោះថា “ឃ្លុំ” ដែលជាវត្ថុសម្រាប់ដាក់តម្រល់ត្រៃចីវរ និងវត្ថុមានតម្លៃផ្សេងៗ របស់ខ្មែរកាលសម័យដើម។*ផ្នែខាងក្រោមនៃពាន : មានសណ្ឋានរាងមូល ដោយបានចម្លងតាមរចនាបថនៃសម្ភារៈបុរាណខ្មែរម្យ៉ាងមានឈ្មោះថា “ភាច” ដែលជាវត្ថុកាលពីសម័យបុរាណខ្មែរយើងប្រើប្រាស់សម្រាប់ដាក់គ្រឿងសក្ការៈ ឬភោជនីយាហារ ជាដើម។ការប្រកួតនេះ BTV News Page, BTV Sport ផ្សាយផ្ទាល់៕

អបអរសាទរ ខួបលើកទី៨ ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

2024/11/30 07:20:48 am        139
ភ្នំពេញ ÷នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាខួប៨ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់ នៅជញ្ជាំងប្រាសាទ អង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម៕

ក្រសួងប្រៃសណីយ៍ ប្រកាសជ័យលាភី "ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤"

2024/11/29 10:56:07 pm        531
ពិធីប្រកាសជ័យលាភី "ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤" ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីអនាគតកាន់តែល្អ” រៀបចំឡើង ក្រោមអធិបតី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយន៍ និងទូរគមនាគមន៍ និង ដោយមានការអញ្ជីញចូលរួមពីថ្នាក់ដឹកនាំក្រោមឱវាទក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន ធុរកិច្ចថ្មីឌីជីថល សហគ្រិន និងអ្នកជំនាញបច្ចេកវិទ្យាជាច្រើនរូប នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថាកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និងសហគ្រិន។ ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងសហការយ៉ាងជិតស្និទ្ធក្នុងការជួយជ្រោមជ្រែងឱ្យសម្រេចបានជោគជ័យក្នុងការរៀបចំកម្មវិធីនេះ ជាពិសេសថ្នាក់ដឹកនាំនិងអង្គភាពក្រោមឱវាទរបស់ ក.ប.ទ. ក្រុមហ៊ុនឧបត្ថម្ភកម្មវិធី ក្រុមការងាររៀបចំកម្មវិធី ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត។ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរនិងប្រគល់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ ព្រមទាំងលិខិតសរសើរជូនដល់ក្រុមហ៊ុនជ័យលាភីចំនួន៥ ដែលត្រូវបានជ្រើសរើសក្នុងចំណោមក្រុមហ៊ុនដាក់ពាក្យសរុបចំនួន ៦៤ក្រុមហ៊ុន និងពានរង្វាន់កិត្តិយសស្រ្តីឆ្នើមបច្ចេកវិទ្យាប្រចាំឆ្នាំដល់បេក្ខនារីចំនួន ១រូប។សូមបញ្ជាក់ថា ក្រុមហ៊ុនឯកជន/ក្រសួង-ស្ថាប័ន ដាក់ពាក្យចូលរួមប្រកួតប្រជែង ដោយមាន ៥ ប្រភេទពានរង្វាន់ និងការទទួលស្គាល់ពិសេសសម្រាប់ស្ត្រីឆ្នើម បច្ចេកវិទ្យាប្រចាំឆ្នាំ។ជ័យលាភីទាំង ៦ប្រភេទពានរង្វាន់ និងប្រាក់រង្វាន់សម្រាប់ជ័យលាភី នៅឆ្នាំនេះរួមមាន៖១. ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ (Private Sector of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Wing Inter Logistics Technologies Co., Ltd សម្រាប់ផលិតផល Wingagri២. បរិយាបន្នឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Solar Green Energy (Cambodia) Co., Ltd សម្រាប់ផលិតផល Solar Smart Irrigation System, Solar Irrigation Station៣. មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 2,500 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន 606 Digital សម្រាប់ផលិតផល Sampi TV៤. ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Minister Startup of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 15,000 ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនក្រុមហ៊ុន Jalat Logistics សម្រាប់ផលិតផល Jalat Logistics៥. ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the Year) ជាមួយនឹងប្រាក់រង្វាន់ចំនួន 7,500ដុល្លារអាម៉េរិក ត្រូវបានផ្តល់ជូនបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សម្រាប់ផលិតផល Machine Translation for Khmer Braille៦. ពានរង្វាន់កិត្តិយសស្រ្តីឆ្នើមបច្ចេកវិទ្យាប្រចាំឆ្នាំ (Women in Tech of the Year) ត្រូវបានផ្តល់ជូន លោកស្រី រស់ ពេជ្រហេមី មកពីក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា៕ អត្ថបទ៖ ស៊ូជីង

ឱកាសការងារជិត ៥០០កន្លែង ត្រៀមដាក់តាំងបង្ហាញក្នុងវេទិកាការងារនៅខេត្តស្វាយរៀងថ្ងៃសៅរស្អែកនេះ

2024/11/29 10:06:03 pm        87
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការចូលរួមពីវិស័យឯកជន នឹងរៀបចំវេទិកាការងារ នៅក្រុងបាវិត ខេត្តស្វាយរៀង។វេទិកាការងារនេះ នឹងនាំយកឱកាសការងារចំនួន៤៦០កន្លែង ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋ និងអ្នកកំពុងស្វែងរកការងារធ្វើ នៅផ្លូវជាតិលេខ១ ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនដោយផ្ទាល់ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។លោក ទេព បញ្ញា ប្រធានផ្នែករដ្ឋបាលរោងចក្រកាត់ដេរ បានឲ្យដឹងថា ក្រុមហ៊ុនលោកនឹងនាំយកឱកាសការងារចំនួន ៤៦០កន្លែង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋក្នុងខេត្ត ដោយក្នុងនោះក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលិកក្នុងមុខតំណែងជាច្រើនដូចជា អ្នកបកប្រែចិន កម្មករកាត់ដេរ កម្មករខ្សែរទឹកហូរ ផ្នែកតុកាត់ ផ្នែកឃ្លាំង និងផ្នែកព្រីនពុម្ពជាដើម។ លោកបន្ថែមថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋទូទៅ ទោះមាន ឬមិនទាន់មានបទពិសោធន៍ការងារ ក៏អាចមកចូលរួមក្នុងវេទិកានេះបានដែរ៕

កម្ពុជា និងភាគីចិន បន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យ TVET ដើម្បីលើកកម្ពស់ឲ្យកាន់តែប្រសើរនៅកម្ពុជា

2024/11/29 09:34:59 pm        131
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោកជំទាវ ឈិន អីជុន (Chen Yijun) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជាប្រធានមន្ទីរឃោសនាការទទួលបន្ទុកវិស័យអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់ជំនួបការងារ កាលពីព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នាជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា-ចិន បានដំឡើងដល់កម្រិត ត្បូងពេជ្រ ដែលតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនេះគឺជួយគាំទ្រគ្នាទៅវិញទៅមកទាំងថ្នាក់ជាតិ និងតំបន់។ ទន្ទឹមនេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយ និងការគាំទ្រជាច្រើនដល់កម្ពុជា រួមមានទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចជាវិស័យអប់រំបណ្តុះបណ្តាលដល់សិស្ស និស្សិតខ្មែរជាច្រើនឱ្យទទួលបាននូវចំណេះដឹង ជំនាញសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។ បន្ថែមពីនេះ ការវិនិយោគរបស់ចិនគឺមានទំហំធំនៅកម្ពុជា ដែលបានបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា បន្ថែមពីលើកិច្ចសហប្រតិបត្តិការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានពហុបច្ចេកទេសនៃខេត្តក្វាងស៊ី និងគ្រឹះស្ថាន TVET របស់កម្ពុជា ដែលមានស្រាប់នាពេលបច្ចុប្បន្ន នឹងអាចបន្តពង្រីកមួយកំរិតទៀតទៅជាអនុស្សរណៈនៃការយោគយល់គ្នា រវាងខេត្តក្វាងស៊ី និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង ដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលបច្ចេកទេស TVET នៅកម្ពុជា ឱ្យដូចទៅនឹងស្តង់ដានៃប្រព័ន្ធ បណ្តុះបណ្តាលបច្ចេកទេសក្នុងខេត្តក្វាងស៊ី ផងដែរ។ជាការឆ្លើយតប លោកជំទាវ ឈិន អ៊ីជុន បានសម្តែងការរីករាយ និងគាំទ្រចំពោះកិច្ចសហប្រត្តិការរវាងខេត្តក្វាងស៊ី និងកម្ពុជា។ លោកជំទាវ បានជម្រាបថា វិស័យបណ្តុះបណ្តាលបច្ចេកទេសនៅខេត្តក្វាងស៊ី មានការរីកចម្រើនខ្លាំង ដោយក្នុងនោះមានវិទ្យាស្ថានបច្ចេកទេសចំនួន៣១០ កំពុងបណ្តុះបណ្តាលលើវិស័យបច្ចេកទេស ចាប់ពីកំរិតមធ្យម កំរិតជាន់ខ្ពស់ និងបរិញ្ញាបត្រ។ លោកជំទាវជឿជាក់ថា កិច្ចសហប្រតិបត្តិការ រវាងខេត្តក្វាងស៊ី និងគ្រឹះស្ថាន TVET របស់កម្ពុជា តាមរយៈការជំរុញនិស្សិតកម្ពុជាទៅសិក្សានៅខេត្តក្វាងស៉ីកាន់តែច្រើន រួមនិងការបញ្ជូនគ្រូមកជួយបណ្តុះបណ្តាលនៅកម្ពុជាកាន់តែច្រើនទៀត នឹងជួយពង្រឹង និងលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ៕

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ស្ថាបនាផ្លូវបានល្អប្រសើរ

2024/11/29 09:24:46 pm        218
កោះកុង ៖ សមាជិកគណៈកម្មាធិការលទ្ធកម្ម នៃក្រសួងអភិវឌ្ឍន៍ជនបទ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបាន អនុវត្តការងារស្ថាបនាផ្លូវ នៅស្រុកកោះកុង ខេត្តកោះកុង ស្របតាមបច្ចេកទេសល្អប្រសើរ សម្រាប់ការប្រើប្រាស់យូរអង្វែងរបស់ប្រជាពល- រដ្ឋនៅក្នុងសហគមន៍ និងសាធារណជនទូទៅ។ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួត ពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ ស្ពាន លូ និងផ្លាកឈ្មោះ ចំនួន ២ គម្រោង ស្ថិតនៅខេត្តកោះកុងរួមមាន៖ គម្រោងទី១, ការងារ ស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ប្រវែង ១ ៩០០ ម៉ែត្រ, ស្ថាបនាស្ពាន បេតុងចំនួន ១ កន្លែង ប្រវែង ១៨ ម៉ែត្រ និងផ្លាកឈ្មោះ ផ្លូវចំនួន ២ កន្លែង ស្ថិតនៅភូមិ១ ចំណុចឡាំដាំ ឃុំកោះកាពិ និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ។ ចំណែកគម្រោងទី២, ការងារស្ថាបនា ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ៤ ០០០ ម៉ែត្រ សាងសង់លូប្រអប់ មុខពីរចំនួន ១ កន្លែង, លូប្រអប់មុខមួយ ចំនួន ១, លូមូលមុខបី ចំនួន ១, លូមូលមុខពីរ ចំនួន ២, នឹងលូមូលមុខមួយ ចំនួន ១ កន្លែង ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។ ទាក់ទិនគម្រោងខាងលើនេះ, ឯកឧត្តម បានវាយតម្លៃខ្ពស់ និងបានកោតសរសើរចំពោះការយកចិត្តទុកដាក់ ស្ថាបនាផ្លូវទាំង ២ ខ្សែខាងលើនេះ សម្រេចបានតាមផែនការ និងស្របតាមបច្ចេកទេសល្អប្រសើរ ព្រោះផ្លូវមានសារៈសំខាន់ណាស់ ផ្លូវគឺជាសរសៃឈាម ជំរុញអន្តរកម្មទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម, តាមរយៈការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ ដែលមានភាពរីកចម្រើន, ជឿនលឿន និងស៊ីវីល័យ។ឯកឧត្តម ផូ ផារិទ្ធ លើកឡើងបន្តថា ការបន្តជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ គឺដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ តាមគ្រួសារនីមួយៗនៅសហគមន៍ជនបទ ឱ្យមានជីវភាពសមរម្យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរដល់សុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក៏បាន លើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនោះរាជរដ្ឋាភិបាលបានកំពុងជំរុញលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅតាម ជនបទ ដោយមិនទុកឱ្យប្រជាពលរដ្ឋពិបាក ឬគ្មានផ្លូវធ្វើដំណើរនោះឡើយ។ ដូច្នេះតាមរយៈការអភិវឌ្ឍន៍ផ្លូវ ស្ពាន នៅតាមជនបទ គឺដើម្បីសម្រួល និងការកាត់បន្ថយនូវចំណាយក្នុងការធ្វើដំណើរផងដែរ។សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយផ្លូវដី ទៅជាផ្លូវកៅស៊ូ ឬបេតុងដើម្បីលើកកម្ពស់សហគមន៍មូលដ្ឋាន

2024/11/29 07:44:28 pm        149
តាកែវ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងប្រែក្លាយផ្លូវដី ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់បានយូរអង្វែង ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។​ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពរ រយៈពេលធានា សុពលភាពការងារកែលម្អផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ប្រវែង ៥០០ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ ស្ថិតនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី ២៩ ខែវិច្ចិកា ឆ្នាំ២០២៤ នេះថា ជុំវិញការអភិវឌ្ឍនៅតាមជនបទ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់សេវាសង្គមនានា ដើម្បីបន្តជំរុញការលើកកម្ពស់ ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ, ការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ និងការលើកកម្រិតផ្លូវជនបទ ពីផ្លូវដី ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងជាដើម។ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បន្តថា ជាក់ស្តែងនាពេលកន្លងមកនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវដី ជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់បានយូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ និងដើម្បីជំរុញដំណើរអន្តរកម្មផ្នែក សង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន និងជាការលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ, ជាក់ស្តែងសមិទ្ធផលខាងលើនេះ បានផ្តល់អត្ថប្រយោជន៍ដល់ការរស់ នៅក្នុងសហគមន៍ មានផ្លូវធ្វើដំណើរកាន់តែងាយស្រួល និងបានកាត់បន្ថយពេលវេលា និងចំណាយផ្សេងៗ នៅក្នុងការធ្វើដំណើរ ផងដែរ។ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល លើកឡើងបន្ថែមថា តាមរយៈការស្តារ ការកែលម្អ និងការស្ថាបនាផ្លូវដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ គឺបានកំពុងជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃតាមគ្រួសារ នីមួយៗ នៅតាមសហគមន៍ជនបទ មានជីវភាពសមរម្យ និងប្រែក្លាយជនបទឱ្យទៅជាតំបន់ដែលមានភាពរីកចម្រើន, ជឿនលឿន និង ស៊ីវីល័យ, ស័ក្តិសមជាជនបទនៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ជុំវិញការចុះពិនិត្យផ្លូវនេះដែរ, ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានសំណូមពរដល់អាជ្ញាធរនៅក្នុងមូលដ្ឋានខាងលើ សូមចូលរួមថែទាំផ្លូវ នេះឱ្យបានគង់វង់ សម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ ព្រោះកាលណាយើងមានផ្លូវល្អ យើងអាចធ្វើដំណើរបានលឿន និងកាត់បន្ថយការចំណាយផ្សេងៗមួយចំនួនផងដែរ៕

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះអនុស្សរណៈដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល”

2024/11/29 07:08:05 pm        122
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល”។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងក្រុមហ៊ុនឯកជនដែលធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងតួអង្គពាក់ព័ន្ធ សរុបប្រមាណ ៩០រូប។កិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាពេលនេះ គឺជាការបោះជំហានមួយថ្មីបន្ថែមទៀតក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ស្របតាមបរិការណ៍ឌីជីថលូបនីយកម្មនៅកម្ពុជា តំបន់ និងសកល និងជាការឆ្លើយតបទៅនឹងសកម្មភាពអាទិភាពនៃក្របខណ្ឌយុទ្ធសាស្រ្តដែលមានកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកអាទិភាព ៥ គឺ "មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា" ជាពិសេស បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានាថ្ងៃនេះ ផ្តោតសំខាន់លើ (១)-ការលើកកម្ពស់ការយល់ដឹងនិងការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលអភិវឌ្ឍដោយ ក.ប.ទ. (២)-ការអភិវឌ្ឍសមត្ថភាព គុណវុឌ្ឍិ និងជំនាញដល់មន្ត្រី តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល និង(៣)-ការជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្ដល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយ ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ក្នុងន័យនេះ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នឹងចូលរួមប្រើប្រាស់ថ្នាលនេះជាបន្តបន្ទាប់ ដោយបញ្ចូលនូវ QR Code ស្តងដា លើឯកសារនានាដែលចេញដោយ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ពោលគឺនិយ័តករនិងអង្គភាពក្រោមឱវាទ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលអាចផ្ទៀងផ្ទាត់បានយ៉ាងងាយស្រួលដោយសាធារណជន តាមរយៈថ្នាល verify.gov.kh។បន្ថែមពីនេះ ការបណ្តុះបណ្តាលជំនាញឌីជីថល រៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពថ្នាក់ដឹកនាំនិងមន្ត្រីរបស់ អ.ស.ហ. ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានបម្រើដល់ការអនុវត្តការងារប្រចាំថ្ងៃ ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងស័ក្តិសិទ្ធភាព និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ និងការថែទាំកុំព្យូទ័រ ការប្រើប្រាស់មុខងារសំខាន់ៗនៅលើអ៊ីនធឺណិត ការកំណត់អត្តសញ្ញាណ ស្វែងរក វាយតម្លៃ និងប្រើប្រាស់ព័ត៌មានប្រកបដោយប្រសិទ្ធភាព ព្រមទាំងយល់ដឹងអំពីវិធីការពារសុវត្ថិភាព និងឯកជនភាពរបស់ខ្លួន ព្រមទាំងផ្តល់នូវជំនាញបង្កើតនិងរៀបចំឯកសារ តារាងបញ្ជី និងបច្ចេកទេសវិភាគទិន្នន័យបានល្អ លឿន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រើប្រាស់កម្មវិធីក្នុងកុំព្យូទ័រ ទូរសព្ទឆ្លាតវៃ និងបច្ចេកវិទ្យាក្លោដ ព្រមទាំងជំនាញក្នុងការបង្កើតមាតិកាឌីជីថលជាដើម។ក្នុងក្របខណ្ឌនៃការជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល អង្គភាពបរិវត្តកម្មឌីជីថលនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នឹងពិភាក្សាគ្នាបន្ថែមអំពីការងារបរិវត្តកម្មឌីជីថលនិងផែនការសកម្មភាពការងារ ដើម្បីឈានទៅសម្រេចបានការធ្វើបរិវត្តកម្មឌីជីថលពេញលេញនៅក្នុង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕

កម្ពុជា រៀបចំសិក្ខាសាលាជុំវិញការអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ

2024/11/29 05:53:09 pm        309
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយលើ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំសម្រាប់កម្ពុជា”។នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលើ “សេចក្តីអង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំសម្រាប់កម្ពុជា” ដែលមានការចូលរួមពីតំណាងនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR), សមាជិកនៃគណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ, តំណាងមកពីព្រឹទ្ធសភា រដ្ឋសភា អង្គទូត ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ក្នុងគោលបំណង ៣គឺ ទី(១). លើកកម្ពស់ការយល់ដឹងក្នុងចំណោមអាជ្ញាធរ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធដទៃទៀតអំពីអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ និងវិធានការនានាដែលកម្ពុជាបានធ្វើ និងគ្រោងធ្វើដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនដូចមានចែងក្នុងអនុសញ្ញា, ទី(២). ផ្តល់វេទិកាជូនស្ថាប័នរដ្ឋាភិបាលដែលទទួលខុសត្រូវ ចែករំលែកពីផែនការការអនុវត្តអនុសាសន៍ដែលមានក្នុងសេចក្តីអង្កេតសន្និដ្ឋាន និងផ្តល់ឱកាសឱ្យមានកិច្ចពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ និង ទី(៣). ប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីពិភាក្សាពីសេចក្តីអង្កេតសន្និដ្ឋាន និងការតាមដាន រួមទាំងយុទ្ធសាស្រ្តនានាក្នុងការអនុវត្តអនុសាសន៍ពីសំណាក់ដៃគូពាក់ព័ន្ធដទៃទៀត។ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា កម្ពុជាបានចុះហត្ថលេខាចូលជាសមាជិកនៃអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ហើយក្នុងនាមរាជរដ្ឋាភិបាល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានរៀបចំរបាយការណ៍ជាតិលើកដំបូងស្តីពីការអនុវត្តអនុសញ្ញានេះ និងបានបញ្ជូនទៅគណៈកម្មាធិការស្តីពីការបាត់ខ្លួនដោយបង្ខំ (CED) នៅខែកក្កដា ឆ្នាំ២០២១។ ឆ្កៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សជូនប្រជាពលរដ្ឋរបស់ខ្លួន គឺកម្ពុជាបានផ្តល់សច្ចាប័ន និងចូលជាសមាជិកលើលិខិតុបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្សចំនួន៨ ក្នុងចំណោម៩ រួមទាំងពីធីសារបន្ថែមចំនួន៤ ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា កម្ពុជាបានបន្តអនុញ្ញាតឱ្យមានវត្តមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងវត្តមានរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសតាមវិស័យផ្សេងៗ ជាបន្តបន្ទាប់ផងដែរតាមការស្នើសុំ។ កត្តាធំៗទាំងនេះ គឺជាភស្តុតាង និងសក្ខីកម្មយ៉ាងរឹងមាំ និង មិនអាចប្រកែកបាន អំពីសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ឯកឧត្តមទេសរដ្ឋមន្រ្តី សង្ឃឹមថា ក្រៅពីក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធដទៃទៀតនឹងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តអនុសាសន៍ផងដែរ ជាពិសេសអង្គការសង្គមស៊ីវិល អាចផ្តល់ជាលក្ខខណ្ឌបំពេញ និងផ្តល់មតិស្ថាបនានូវរាល់ចំណុចដែលជាចន្លោះកង្វះខាត ដើម្បីនាំមកនូវកាលានុវត្តភាពសម្រាប់ការចែករំលែកនូវធាតុចូលផ្សេងៗ ដើម្បីអនុវត្តនូវអនុសាសន៍របស់គណៈកម្មាធិការ CED និងជួយធ្វើឱ្យរបាយការណ៍ជាតិបន្ទាប់ទៀតកាន់តែមានលក្ខណៈល្អប្រសើរគ្រប់ជ្រុងជ្រោយ ពោលគឺជារបាយការណ៍មួយ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM