គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន

ព័ត៌មានជាតិ

សំណុំរឿងថ្មីមួយទៀតពាក់ព័ន្ធឈ្មោះ លី សាម៉េត មនុស្ស ៤នាក់ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ និងពុករលួយ

2024/11/29 05:15:01 pm        287
ភ្នំពេញ ៖ សំណុំរឿងថ្មីមួយទៀតពាក់ព័ន្ធឈ្មោះ លី សាម៉េត ហៅគ្រូមា ត្រូវបានតំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ៤នាក់ ទាក់ទិននឹងការសូកប៉ាន់ ដើម្បីរត់ការចូលបម្រើការងារជាមន្ដ្រីគយ។លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លេីជនសង្ស័យ ៤នាក់ មាន១-ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ ២-ឈ្មោះ ហេីង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ៣-ឈ្មោះ មួង ឃីម និង៤-ឈ្មោះ លី សាម៉េត ហៅ គ្រូមា ពីបទ ប៉ុនប៉ងសូកប៉ាន់ តាមមាត្រា ២៧ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ។សំណុំរឿងថ្មីមួយទៀតនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមនុស្សជាបន្តបន្ទាប់ចំនួន ២នាក់នៅកំពង់ឆ្នាំង គឺឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ និងឈ្មោះ ហេីង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ពាក់ព័ន្ធយកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារទៅឲ្យឈ្មោះ មួង ឃីម និងឈ្មោះ លី សាម៉េត រត់ការចង់ឲ្យកូនចូលធ្វើការជាមន្រ្តីគយ។ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ និងឈ្មោះ ហេីង ទិត្យរាត្រីលក្ខណ៍ ហៅស្រីមុំ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ គិតមកដល់ពេលនេះឈ្មោះ មួង ឃីម និងឈ្មោះ លី សាម៉េត ត្រូវបានតុលាការចោទប្រកាន់ជាច្រើនករណីពាក់ព័ន្ធការសូកប៉ាន់ និងអំពើពុករលួយ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ ករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម

2024/11/29 05:08:16 pm        107
ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល ព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះអង្គបាន យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រកបដោយព្រះរាជជោគជ័យយ៉ាងត្រចះត្រចង់។ សូមក្រាបថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

វិស័យអាកាសចរណ៍៖ក្រុងភ្នំពេញក្លាយជាគោលដៅទាក់ទាញខ្លាំងឡើង ខណៈកំណើនអ្នកដំណើរច្រើនក្នុងឆមាសទី១នៃឆ្នាំនេះ

2024/11/29 05:03:17 pm        114
ភ្នំពេញ ៖ ប្រាំមួយខែបន្ទាប់ពីការបន្តជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirate មកទីក្រុងភ្នំពេញ ក្រុមហ៊ុនកត់សម្គាល់ឃើញថា ទីក្រុងភ្នំពេញកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់អ្នកដំណើរទូទាំងបណ្តាញសាកលរបស់ក្រុមហ៊ុន។នេះបើតាមការបញ្ជាក់របស់ លោក មូហាមេត អាល់ កាស្ស៊ីម (Mohammed Al Qassim) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន Emirates នៅក្នុងកិច្ចប្រជុំតុមូលជាមួយអ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកានេះ។ លោក មូហាមេត អាល់ កាស្ស៊ីម (Mohammed Al Qassim) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន Emirates បានលើកឡើងថា លោកមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះកំណើនអ្នកដំណើរនៅគ្រប់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលគ្របដណ្តប់លើ ១៤៨ គោលដៅក្នុងប្រទេសចំនួន៨០។ លោកបន្តថា ក្រុមហ៊ុន Emirates បានបន្តសេវាកម្មប្រចាំថ្ងៃរវាងទីក្រុងភ្នំពេញ និងឌូបៃ តាមរយៈប្រទេសសិង្ហបុរី កាលពីខែឧសភា ឆ្នាំ២០២៤។លោកកត់សម្គាល់ឃើញថា ទីក្រុងភ្នំពេញកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់អ្នកដំណើរទូទាំងបណ្តាញសាកលរបស់ក្រុមហ៊ុន នឹងកំណើនជើងហោះហើរពីភ្នំពេញទៅកាន់ប្រទេសសិង្ហបុរី។ លោកបានបន្តថា ក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើនកំពុងបន្ថែមប្រទេសកម្ពុជាទៅក្នុងបណ្តាញហោះហើររបស់ពួកគេដែលសកម្មភាពនេះនឹងគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងទេសចរណ៍កម្ពុជាក្នុង ការជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងប្រទេសស្របតាមយុទ្ធសាស្ត្រ BUILD Plus 3Ds »។ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកមានសុទិដ្ឋិនិយមថា កម្ពុជានឹងមានកំណើនអ្នកធ្វើដំណើរនាពេលអនាគត ខណៈរយៈពេលមួយឆមាសឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ទទួលបានអ្នកធ្វើដំណើរច្រើនទាំងក្នុងស្រុក និងបរទេស។គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Emirates ដំណើរការយន្តហោះ Boeing 777-300ER ដ៏ទំនើបរបស់ខ្លួនជាមួយនឹងការកំណត់រចនាសម្ព័ន្ធ ៣ ថ្នាក់លើជើងហោះហើរទៅកាន់ទីក្រុងភ្នំពេញ ដោយផ្តល់ជូននូវបន្ទប់ឯកជនចំនួន ៨ នៅកៅអី ប្រភេទ First Class, ៤២ កៅអីនៅ Business Class ដែលអាចផ្ដេកគេងបាន និង ៣០៤ កៅអីសម្រាប់ Economy Class៕អត្ថបទ៖ទូច សោភ័ណ

អភិបាលខណ្ឌ៧មករា អំពាវនាវឲ្យប្រជាពលរដ្ឋក្រីក្រ ប្រើប្រាស់ប័ណ្ណ បសស ដើម្បីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ

2024/11/29 04:59:31 pm        104
ភ្នំពេញ ៖ មន្ត្រីរាជការនៅមូលដ្ឋានខណ្ឌ៧មករាថ្នាក់សង្កាត់ ប្រធានភូមិ អនុភូមិនិងសមាជិកភូមិបានទទួលបានប័ណ្ឌ បសស ដើម្បីសម្រាប់ពិនិត្យសុខភាពព្យាបាលជំងឺដោយផ្ទាល់ខ្លួន។​នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ប័ណ្ណមូលនិធិ សមធម៌សុខាភិបាល ជូនដល់ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ចំនួន២៦០ប័ណ្ណ នៅសាលប្រជុំវិទ្យាល័យបាក់ទូក ដោយមានការចូលរួមពី លោកលោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិផងដែរ ។ក្នុងឪកាសនោះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋក្រីក្រក្នុងខណ្ឌទាំងអស់ ដែលទទួលបានប័ណ្ណមូលនិធិសមធ៌មនាពេលកន្លងមក ពិសេស ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ អនុប្រធាន និងសមាជិកភូមិ ដែលទើបទទួលបានប័ណ្ណ ត្រូវប្រើប្រាស់ប័ណ្ណ សមធ៌មនេះ មកពិនិត្យសុខភាពគ្រប់ពេលវេលា ក្នុងការមកទទួលសេវាពិនិត្យ ព្យាបាលសុខភាព ដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងនៅតាមមន្ទីរពេទ្យរដ្ឋនានា ។ លោក ថេង សុថុល បានលើកឡើងទៀតថា ចាប់ពីពេលនេះទៅ សូមបងប្អូនកុំគិត និងបញ្ឈប់ការព្រួយបារម្ភ ពីការគ្មានប្រាក់សំរាប់ជាសារគុណជូនទៅគ្រូពេទ្យ នៅពេលដែលយើងទៅពិនិត្យ និងព្យាបាលជំងឺ និងត្រូវបញ្ឍប់ពីទម្លាប់ជូនសោហ៊ុយជាសារគុណដល់គ្រូពេទ្យ ក្នុងគ្រាដែលយើងកំពុងខ្វះខាត ក្រលំបាកផងនោះ ពីព្រោះបញ្ហានេះ នៅពេលដែលបងប្អូនទៅពិនិត្យ និងព្យាបាលជំងឺនៅកន្លែងណាមួយ គឺមានមន្រ្តី ដែលទទួលការងារនេះ អង្គុយចាំគិតលុយ ឲ្យពេទ្យជំនួសយើងរួចហើយ ។ លោក ថេង សុថុល បានលើកឡើងថា អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ការចែកបណ្ណ ប.ស.ស នាពេលនេះ គឺសបញ្ជាក់ពីការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា អំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះសុខុមាលភាពបងប្អូន។ គឺគ្រប់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ឋ និងក្រៅប្រព័ន្ឋទាំងអស់ មានសិទ្ឋិទទួលបានការគាំពារសង្គម ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គមពី ប.ស.ស ពិសេសផ្តល់អត្ថប្រយោជន៍ជា ប្រាក់ឧបត្ថម្ភបន្ថែម ពេលសម្រាលកូន ជូនដល់កម្មករ និយោជិតជាស្ត្រី ទាំងក្នុង និងក្រៅប្រព័ន្ឋ៕អត្ថបទ៖ កុម្ភះ

អភិបាលខេត្តប៉ៃលិន អញ្ជើញ​ប្រកាសចូលកាន់មុខតំណែង​មន្ត្រីរាជការ​មន្ទីរសុខាភិបាល​ខេត្តប៉ៃលិន

2024/11/29 04:35:00 pm        431
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីប្រកាសចូលកាន់ មុខ​តំណែង​មន្ត្រី​រាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងបានណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ទាំង​អស់ ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមាន​ប្រសិទ្ធ​ភាព​​ខ្ពស់ ប្រកបដោយវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​វិស័យ​សុខាភិបាល​កម្ពុជា ។លោកជំទាវ បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរសុខាភិបាលទាំង អស់​ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងបានជំរុញមន្ត្រីរាជការមន្ទីរសុខាភិបាលទើបទទួលមុខតំណែងថ្មី ត្រូវបន្តចូលរួម សហការ​ពង្រឹង​​ការ​សាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យល្អ ដើម្បីធ្វើយ៉ាងណាលើក​កម្ពស់​ការ​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋឱ្យបាន ល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយ​តប​តាម​តម្រូវ​ការរបស់ប្រជាពលរដ្ឋ។លោកជំទាវ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជា ពលរដ្ឋ ដោយបច្ចុប្បន្ននេះ បានខិតខំជំរុញលើកកម្ពស់វិស័យនេះឱ្យមានការរីកចម្រើន ពង្រីក​ធនធានមនុស្ស ពិសេសគឺពង្រីកមន្ទីរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព​នៅ​តាម​បណ្តា​ឃុំ​/សង្កាត់​បន្ថែម​ជាច្រើន ដូច្នេះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួនបន្ថែម ទៀត ដើម្បីផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។សូមបញ្ជាក់ថា ក្នុងពិធីប្រកាសមុខតំណែងនេះ គឺបានសម្រេចផ្ទេរភារកិច្ច ១- វេជ្ជបណ្ឌិត កឹម សំណាង ពីប្រធានមន្ទីរពេទ្យបង្អែកខេត្ត ទៅកាន់មុខតំណែងប្រធានការិយាល័យនិយ័តកម្មសុខាភិបាល ជំនួសដោយវេជ្ជបណ្ឌិត លី មករា និងបញ្ចប់ភារកិច្ចលោក ង៉ុច សេងធួន ពីប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ ឱ្យមកជាមន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែក និងលោកស្រី ហ៊ឹម សានិត ត្រូវបានប្រកាស ឱ្យកាន់មុខតំណែងជាប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃមន្ទីរសុខាភិបាលខេត្ត ៕ អត្ថបទ៖ វ៉ាន់

កម្ពុជា ចាត់ទុករបាយការណ៍របស់​សភាអឺរ៉ុប​មានលក្ខណៈបុរេវិនិច្ឆ័យ និងបង្កនាំឱ្យមានការភ័ន្ដច្រឡំ​ដល់សាធារណជន​ទូទៅ

2024/11/29 04:10:35 pm        651
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានពិនិត្យដោយយ​ក​ចិត្ត​ទុក​ដាក់ និងសោកស្តាយជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែលមានលក្ខណៈបុរេវិនិច្ឆ័យ និងមិនបានផ្អែកលើមូលដ្ឋាន ជាក់ស្ដែងពិតប្រាកដ ដែល​អាច​បង្កឱ្យមានការភ័ន្ដច្រឡំក្នុងចំណោមសាធារណជនទូទៅ។ នេះបើតាមសេច​ក្តី​បំភ្លឺ​របស់​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ អ្នកនាំពាក្យ គ.ស.ម.ក. ចាំបាច់ត្រូវលើកឡើងនូវការពន្យល់លើចំណុចមួយចំនួន ដោយផ្អែក​លើ​បរិបទ​ជាក់​ស្ដែង​ក្នុងសង្គមកម្ពុជាដាថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវឆន្ទៈ​ក្នុង​ការ​លើក​កម្ពស់ និងការការពារសិទ្ធិមនុស្សយ៉ាងច្បាស់ តាមរយៈការបញ្ចូល​ប​ទប្បញ្ញត្តិ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា ការចូលរួមយ៉ាងសកម្ម និងផ្ដល់កិច្ច​សហការ​យ៉ាង​ល្អជាមួយរាល់យន្តការសិទ្ធិមនុស្សនានារបស់អង្គការសហ- ប្រជាជាតិ ការផ្តល់​សច្ចាប័ន និង​ការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោម ៩ រួមទាំង ការ​អនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​(OHCHR) និងអ្នករាយការណ៍ពិ​សេសទ​ទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ១៩៩៣។ ក្នុងនោះ ផ្អែកលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ តួយ៉ាងដូចជា មាត្រា២៩(២) នៃសេចក្ដីប្រកាស​ជា​សកល ស្ដីពីសិទ្ធិមនុស្ស (UDHR) និងមាត្រា១៩(៣) មាត្រា២០ និងមាត្រា២១ នៃកតិកា​សញ្ញា​អ​ន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) ជាដើម សុទ្ធតែបាន​ចែង​យ៉ាង​ច្បាស់​ថា ​ការប្រើប្រាស់សិទ្ធិសេរីភាព ទាំងអស់ត្រូវតែភ្ជាប់​មក​ជាមួយ​នូវ​ករណី​យ​កិច្ច​ និង​កា​រ​ទទួល​ខុស​ត្រូវពិសេស ពោលគឺ ត្រូវស្ថិតនៅក្នុងព្រំដែន ដែលច្បាប់បានកំណត់។ នៅក្នុង​សង្គម​នីតិរដ្ឋ បុគ្គលទាំងឡាយណាដែលប្រើប្រាស់សិទ្ធិសេរីភាពហួសព្រំដែន ត្រូវតែ​ប្រឈម​មុខ​នឹង​ការ​អនុវត្ត​ច្បាប់ ដែលការអនុវត្តនេះតែងតែកើតមានដូចៗគ្នានៅគ្រប់ប្រទេសទាំងអស់។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា ជាក់ស្ដែង វិធាន​ការ​ច្បាប់​លើ​បុគ្គល​មួយ​ចំនួននៅក្នុងប្រទេសកម្ពុជា មិនមែនដោយសារការប្រើប្រាស់សិទ្ធិសេរីភាព ឬការ​ធ្វើ​សកម្មភាព​ក្នុង​ការការពារសិទ្ធិមនុស្សរបស់ពួកគេនោះទេ តែដោយសារអ្នកទាំងនោះ ត្រូវ​បាន​តុលាការ​រកឃើញថា បានប្រព្រឹត្តល្មើសច្បាប់ដោយមានមូលដ្ឋានបញ្ជាក់រឹងមាំ ច្បាស់លាស់ និងមិន​អាច​ប្រកែកបាន។ ទន្ទឹមគ្នានេះ ការអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចទម្លាក់បទចោទ ឬដោះលែងបុគ្គល សកម្មជន ឬ​ក្រុម​ណាមួយ មិនបានចូលរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ ដែលជាបំណង​ប្រាថ្នា​របស់​មនុស្ស​ជាតិ​ទូទៅ​នោះទេ។ ផ្ទុយទៅវិញ ទង្វើបែបនេះអាចនឹងជំរុញលើកទឹកចិត្តឱ្យមនុស្សមិនគោរពច្បាប់ ដែលនឹងនាំទៅដល់ការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមជាតិ។ ហេតុដូច្នេះ មានតែការចូលរួមក្នុងដំណើរការនីតិវិធីជាធរមានប៉ុណ្ណោះ ទើបជាបុព្វហេតុដ៏ត្រឹមត្រូវ ហើយក៏ជាការបង្ហាញនូវចេតនាពិតប្រាកដក្នុងការការពារសិទ្ធិមនុស្ស មិនមែនការធ្វើបុរេវិនិច្ឆ័យ ឬសន្និដ្ឋានណាមួយ ដោយគ្រាន់តែផ្អែកលើបុគ្គល ឬក្រុមនោះជានរណា តែមិនបាន ផ្អែកលើអ្វីដែលពួកគេបានប្រព្រឹត្ត។ បើផ្អែកលើមាត្រា១១ នៃសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពី អ្នកការពារសិទ្ធិមនុស្ស ក៏បានចែងតម្រូវឱ្យអ្នកការពារសិទ្ធិមនុស្សទាំងអស់ ត្រូវតែគោរពសិទ្ធិសេរីភាពអ្នកដទៃ គោរពបទដ្ឋានជាតិ និងអន្តរជាតិស្ដីពីវិន័យ ឬក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបំពេញការងាររបស់ខ្លួន។ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ការបារម្ភពីស្ថានភាពសិទ្ធិមនុស្ស តែបែរជាជំរុញឱ្យមានការរឹតត្បិត ឬការដាក់សម្ពាធលើការអភិវឌ្ឍផ្អែកសេដ្ឋកិច្ច ដោយផ្អែកលើរបៀបវារៈនយោបាយ គឺផ្ទុយស្រឡះពីគោលការណ៍សិទ្ធិមនុស្ស ដែលកំណត់ថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ត្រូវដើរទន្ទឹមគ្នាជាមួយនឹងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាមួយនឹងធានាឱ្យបានជាមុននូវសណ្ដាប់ធ្នាប់សង្គម (សន្ដិភាព)។អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ក្នុងនាមជារដ្ឋសមាជិកអង្គការសហ-ប្រជាជាតិ អធិបតេយ្យភាពរបស់កម្ពុជាត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការហាមចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ក្នុងនោះ ប្រវត្តិសាស្រ្ត្កកម្ពុជា បានបង្ហាញយើងយ៉ាងច្បាស់ ថា ដោយសារតែការអនុញ្ញាតឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទើបកម្ពុជាត្រូវជួបប្រទះនូវសោកនាដកម្មដែលមិនអាចកាត់ថ្លៃបាននាពេលកន្លងមក។ ហេតុនេះ កម្ពុជាត្រូវតែប្រកាន់ខ្ជាប់តាមស្មារតីនៃធម្មនុញ្ញអង្គការសហជាជាតិ ហើយប្រទេសដទៃទៀតក៏ត្រូវគោរពតាមគោលការណ៍ទាំងនោះផងដែរ។ការណ៍ដែលគ្រាន់តែផ្អែកលើសិទ្ធិយោបាយរបស់បុគ្គលល្មើសច្បាប់មួយក្រុមតូច ហើយធ្វើការវាយតម្លៃបែបអវិជ្ជមានលើលម្ហនយោបាយជាទូទៅក្នុងប្រទេសមួយ មិនបានឆ្លុះបញ្ចាំងពីគោលការណ៍ប្រជា- ធិបតេយ្យ ដែលតម្រូវឱ្យការសម្រេចចិត្តត្រូវផ្អែកលើមតិភាពច្រើននោះទេ ហើយក៏ជាការមើលស្រាលដល់គណបក្សនយោបាយប្រមាណជិត៥០ ដែលបានចុះបញ្ជី និងគណបក្សនយោបាយដែលបានចូលរួមយ៉ាង សកម្មក្នុងការបោះឆ្នោតទាំងសកលនិងអសកលក្រោមបរិយាកាសសេរីនិងយុត្តិធម៌។ ការវាយតម្លៃបែបនេះ ក៏ជាការមើលរំលងចំពោះការលះបង់បំពេញការងារដោយឯករាជ្យរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រាប់ពាន់នាក់ រួមទាំងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានចេញទៅប្រើប្រាស់សិទ្ធិសេរីភាពរបស់ ខ្លួន ក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្តដោយសេរី។អ្នកនាំពាក្យ គ.ស.ម.ក. មានជំនឿយ៉ាងមុតមាំថា គណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប នឹងធ្វើការ វិនិច្ឆ័យប្រកបដោយការយោគយល់ និងផ្ដល់យុត្តិធម៌ដល់ប្រទេសកម្ពុជា ដោយផ្អែកលើស្ថានភាពនិងបរិបទ ជាក់ស្ដែងនៅក្នុងប្រទេស ព្រមទាំងផ្ដល់តម្លៃដល់កិច្ចខិតខំរបស់អាជ្ញាធរកម្ពុជា ក្នុងការថែរក្សាសន្ដិភាពដែល រកបានដោយលំបាក និងការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការទាំងតំបន់និងអន្តរជាតិ។ ជាក់ស្ដែង នៅក្នុងពិភពលោកមិនធ្លាប់មានការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សណាមួយធ្វើឡើងតាមរយៈការដាក់ ទណ្ឌកម្មនោះទេ ពោលគឺ មានតែការជួយជ្រោមជ្រែងក្នុងការថែរក្សាសន្ដិភាព និងការជួយជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចប៉ុណ្ណោះ ទើបជាការយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្សពិតប្រាកដ។ ទោះបីជាយ៉ាងណា កម្ពុជាត្រូវតែប្រកាន់ខ្ជាប់តាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយមិនដោះដូរអធិបតេយ្យភាពជាតិរបស់ខ្លួនជាមួយនឹងការអនុគ្រោះណាមួយឡើយ។ ការណ៍នេះ សូមសហគមន៍អន្តរជាតិ និងប្រជាជាតិ ខ្មែរទាំងអស់មានការយោគយល់ ព្រោះថា ការដោះដូរអធិបតេយ្យភាពជាតិជាមួយនឹងការអនុគ្រោះណាមួយ មិនប្រាកដថា យើងនឹងមានឱកាសទទួលបានផលពីការអនុគ្រោះទាំងនោះនោះទេ ដូចដែលយើងបានឃើញ ស្រាប់បញ្ហាដែលកំពុងកើតមានក្នុងប្រទេសមួយចំនួននាពេលបច្ចុប្បន្ននេះ ដោយសារការជ្រៀតជ្រែករបស់ បរទេសចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងនោះ៕

លោកជំទាវបណ្ឌិត ជា សិរី ទទួលពានរង្វាន់អតីតនិស្សិតកិត្តិយសពីសាកលវិទ្យាល័យ Adelaide The University of Adelaide នៃប្រទេសអូស្ត្រាលី បញ្ជាក់ពីការទទួលស្គាល់សមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធធនាគារ និងសេដ្ឋកិច្ចកម្ពុជា

2024/11/29 03:53:40 pm        616
គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យបានផ្តល់ពានរង្វាន់នេះជូននិស្សិតអន្តរជាតិឆ្នើមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និង​សម្រេច​សមិទ្ធផល​លេច​ធ្លោ​ក្នុង​ការ​ប្រើប្រាស់​ចំណេះ​ជំនាញ​ពី​ការ​សិក្សា ដើម្បីអភិវឌ្ឍសង្គមជាតិ ព្រមទាំងបានបង្ហាញ​គំរូ​វីរភាព​ល្អ​សម្រាប់​បំផុស​គំនិត​វិជ្ជមាន​ដល់យុ​វជនជំនាន់ក្រោយ។ក្នុងឱកាសទទួលពានរង្វាន់នេះ លោកជំទាវបណ្ឌិតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក៏ដូច​ជា​គណៈ​គ្រប់គ្រងសាកលវិទ្យាល័យ Adelaide ដែលបាន​ទទួល​ស្គាល់​សមិទ្ធ​ផលការងារ​របស់​លោក​ជំទាវ ព្រមទាំងថ្លែងអំណរគុណដល់សាស្ត្រាចារ្យណែនាំ ដែលបានចូលរួម​ផ្តល់​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ឱ្យលោកជំទាវអាចទទួលបានជោគជ័យក្នុងការសិក្សា និងការរីកចម្រើនក្នុង​អាជីព​វិជ្ជាជីវៈ​។ ក្នុងនាមជាទេសាភិបាលស្ត្រីដំបូងនៅធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បាន​សម្រេច​ស្នាដៃ​ការងារលេចធ្លោជាច្រើន ហើយតែង​បាន​ទទួ​ល​ការ​អញ្ជើញ​ធ្វើ​ជាវាគ្មិន​ចែក​រំលែក​ចំណេះ​ដឹង​និងបទពិសោធន៍លើឆាកអន្តរជាតិជាច្រើន។ បន្ថែមលើនេះ លោកជំទាវ​តែង​ខិត​ខំ​យ៉ាង​សកម្ម​ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចសម្រាប់ស្ត្រី ដើម្បីជំរុញការផ្លាស់​ប្តូរ​ជាវិជ្ជមាន​នៅ​ក្នុង​ប្រទេសកម្ពុជា និងជុំវិញពិភពលោក។គួររំលេចថា លោកជំទាវទេសាភិបាល បានបញ្ចប់ការសិក្សា និងទទួលបា​ន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ទស្សន​វិជ្ជា​ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច (Doctor of Philosophy in Economics) ពីសាកល​វិទ្យាល័យ Adelaide ក្នុងឆ្នាំ២០២១ ដោយផ្តោត​លើការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ឥទ្ធិពល​នៃ​បរិយាបន្ន​ហិរញ្ញវត្ថុ និងសេរីភាវូបនីយកម្មលើដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន។ 

ឯកឧត្តមបណ្ឌិត លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេសឡាវ

2024/11/29 03:37:29 pm        496
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង​ជា​ប្រធាន​អនុ​សញ្ញា​អូតាវ៉ា​ឆ្នាំ​២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Thongphane SAVANPHET អនុ​រដ្ឋមន្រ្តី​ការបរទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ក្នុងអំឡុងពេល​កិច្ច​ប្រជុំ​កំពូល​សៀមរាប-អង្គរ ស្តីពីពិ​ភពលោកមួយដែលគ្មាន នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប។ក្នុងជំនួបនោះ ឯកឧត្តម Thongphane SAVANPHET បានសម្តែងនូវការ​អបអរសាទរ​ចំពោះ​ភាព​ជា​ប្រធាន និងភាពជោគជ័យរបស់កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដ៏​មាន​សារៈសំខាន់នេះ។ ឯកឧត្តម Thongphane SAVANPHET បានថ្លែងទៀតថា ទោះបី​ប្រទេស​ឡាវ ​មិនទាន់បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអនុសញ្ញា ប៉ុន្តែប្រទេស​ឡាវ​បាន​ចូលរួ​មដ​ល់​ការ​អនុវត្ត​នូវ​គោលការណ៍របស់អនុសញ្ញា ហើយឆ្នាំក្រោយប្រទេសឡាវ នឹង​បញ្ចូន​របាយការណ៍​ស្ម័គ្រចិ​ត្ត​អំពីការងារបោសសម្អាតមីនរបស់ខ្លួនទៅកាន់អនុសញ្ញាអូតាវ៉ា។ឯកឧត្តម Thongphane SAVANPHET បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែល​បាន​រួម​ចំណែ​ក​គាំទ្រការបោសសម្អាតគ្រាប់បែកចង្កោមនៅប្រទេសឡាវ និងគាំទ្រ​ប្រទេស​ឡាវ​ជា​ប្រធាន​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យឡើងវិញលើកទី៣ ឆ្នាំ២០២៥ នៃអនុសញ្ញាគ្រាប់បែកចង្កោម។ ជាមួយ​គ្នានោះ ឯកឧត្តម Thongphane SAVANPHET បានស្នើសុំឱ្យប្រទេសកម្ពុជា ជួយបណ្តុះ​បណ្តាល​នូវ​ជំនាញ​បច្ចេកទេសការងារបោសសម្អាតមីន និងការសិក្សាស្រាវជ្រាវ​ទិន្នន័យ​ចម្ការ​មីន​ដល់​ប្រទេស​ឡាវ ផងដែរ។តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត លី ធុជ បាន​សម្តែង​នូវ​ការ​ស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម Thongphane SAVANPHET អនុរដ្ឋមន្រ្តីការបរទេសឡាវ និងគណៈប្រតិភូ ដែលបានចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​សៀមរាប-​អង្គរ។ ការចូលរួមរបស់ប្រទេសឡាវក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ បានឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត និងការដោះស្រាយបញ្ហាប្រឈមរួម ដែលបង្កដោយមីនប្រឆាំងមនុស្ស។ក្នុង​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាបងប្អូន និង​មិត្ត​ភាពដ៏យូរអង្វែងជាប្រវត្តិសាស្រ្តនៃប្រទេស និងប្រជាជនកម្ពុជា-ឡាវ ដែល​ជា​អ្នក​ជិត​ខាង​ដ៏​ល្អ​។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមជាប្រទេសជិតខាង បានសម្តែង​នូវ​ការ​សប្បាយ​រីករាយ​ចំពោះ​វឌ្ឍនភាព​សម្រេច​បាន​របស់​ប្រទេស​ឡាវ​ក្នុង​ការងារ​បោស​សម្អាត​គ្រាប់​បែក​ចង្កោម និងការជួយសង្រ្គោះ​អាយុ​ជីវិត​របស់​ប្រជាជន​ពី​ការ​គំរាម​កំហែង​នៃ​គ្រាប់​មិន​ទាន់​ផ្ទុះ​។ជាការឆ្លើយតបនឹងការស្នើសុំរបស់ប្រទេសឡាវ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា កម្ពុជា នឹងឈរជាមួយប្រទេសឡាវ ក្នុងការគាំទ្រ និងត្រៀម​ខ្លួន​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​បោស​សម្អាត​មីន និងការសិក្សាស្រាវជ្រាវដល់ប្រទេសឡាវ ផងដែរ៕ 

សម្ដេច​ធិបតី៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ ជាសមិទ្ធផល នៃការប្រើប្រាស់​គោល​នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន

2024/11/29 03:25:53 pm        412
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធសមិទ្ធផលនានា​នៅ​តំបន់អភិវឌ្ឍន៍​បឹង​ជង្រុក​តេជោ​ឈ្នះ ឈ្នះ” នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងស្រុកម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ សម្តេចបវរធិបតី បានលើកឡើងថា ការអភិវឌ្ឍនៅតបន់បឹងជង្រុកនេះ បន្ទាប់​ពី​អវត្ថមាន​សង្គ្រាម ​ហើយយើងនឹងបន្តអភិវឌ្ឍតំបន់នេះបន្ថែមទៀត។ តំបន់អភិវឌ្ឍ​ន៍​បឹង​ជង្រុក គឺជាសមិទ្ធផលដែលកើតចេញពីការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ២ដង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា ទី១).ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២)​ការ​បញ្ចប់​ជម្លោះ​ដីធ្លី​ជាង២០ឆ្នាំរវាងប្រជាជន និងប្រជាជន។ នយោបាយឈ្នះ ឈ្នះ គឺជាមូលដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញឯកភាពទឹកដី បូរណភាពទឹកដី និង​ជា​ឱកាស​ដ៏​វិសេសវិសាល សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ សន្តិភាព​ទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និង​ស្ថិរភាព​សង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត។ សង្គ្រាមអាចកើតឡើងបានយ៉ាងឆាប់រហ័ស និង​ផុយស្រួយណាស់ តាមរយៈការញុះញង់ បញ្ឆេះកំហឹងប្រជាជន ឱ្យស្អប់​រាជ​រដ្ឋាភិបា​ល​ដែល​ឈាន​ទៅ​បង្កើត​ការតវ៉ាផ្សេងៗ។ ក្នុងន័យនេះ សម្តេចបវរធិបតី សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿក្រុមអគតិ និង​ជន​បោក​ប្រាស់​ ដើម្បីចូលទន្ទ្រាន ឬ រំលោភដីធ្លីខុសច្បាប់ ហើយបាន​បញ្ជាក់​ថា​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយ​ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ អាចស្នើសុំ មករាជរាជរដ្ឋាភិបាល។ សម្តេច​បវរ​ធិបតី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ប្រើប្រាស់​មធ្យោបាយ​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​រាជ​រដ្ឋាភិបាល​តាម​ការ​អូសទាញ ឬឧបាយកលរបស់ក្រុមប្រឆាំង ឬញ៉ុះញង់ផ្សេងៗ ឈានទៅ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ហើយ​សូមបងប្អូនប្រជាពលរដ្ឋរក្សាឱ្យបាននូវសាមគ្គីជាតិ ឯកភាពជាតិ និងរួមគ្នា​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការការពារទឹកដី និងមិនចូលរួមជា​មួយ​ក្រុម​ជ្រុល​និយម​គ្រប់​រូប​ភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល។មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានដោះស្រាយ​ជាពិសេស​សម្រាប់​ករណី​ផ្សារ​បឹងឈូក នៅខេត្តបាត់ដំបងដែលជួបបញ្ហាកន្លងមក និងរងគ្រោះដោយអគ្គិភ័យ ដោយ​សម្រេច​កាត់​ចេញ​ពីការវិនិយោគនៃវិស័យឯកជន ដោយ​យក​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជ​រដ្ឋាភិបាល​វិញ ជាមួយនឹងការកសាងឡើងវិញ។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បាន​សម្រេចផ្តល់សិទ្ធិក្នុងការគ្រប់គ្រង និងអាស្រ័យផលជូនអាជីវករផ្សារ លើតូបអាជីវកម្ម​ពេញ​មួយ​ជីវិត​។ ចំពោះភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះវិញ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏​បាន​សម្រេចអភិវឌ្ឍបន្ថែមតាមសំណើ ដោយសម្រេចកសាងបន្ថែមនូវអាគារសិក្សាចំនួន ១ខ្នង, កសាង​ផ្លូវតភ្ជាប់ប្រវែងជាង ៩គម ទៅជាបេតុង/កៅស៊ូ ព្រមទាំង​សម្រេច​ផ្តល់​ក្រប​ខ័ណ្ឌ​ដល់​លោក​គ្រូ និង​អ្នកគ្រូ ចំនួន ១១នាក់ផងដែរ៕ 

យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៤ ក្រោមប្រធានបទ "រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក"

2024/11/29 03:18:21 pm        523
មន្ទីរកិច្ចការនារីខេត្តព្រះវិហារ សហការជាមួយអង្គការUNFPA និងអង្គការអាដ្រា រៀបចំយុទ្ធនាការ១៦ ថ្ងៃដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីឆ្នាំ ២០២៤ ក្រោមប្រធានបទ "រួមគ្នាដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក" ក្រោមអធិបតីភាព លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមាន ការចូលរួមពីសំណាក់ លោកស្រី អភិបាលរងស្រុក សង្គមថ្មី លោកស្រីអនុប្រធាន មន្ទីកិច្ច ការនារីខេត្ត អជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ដែលពិធីនេះបានប្រព្រឹត្តទៅ នៅបរិវេណវិទ្យាល័យសង្គមថ្មី ស្ថិតក្នុង ឃុំ ចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤។ក្នុងឱកាសនោះ លោកស្រី ឌួង ម៉ាណេត អភិបាលរងស្រុកសង្គមថ្មី បានឱ្យដឹងថា យុទ្ធនាការ១៦ ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីគឺជាសកម្មភាព និងជាវេទិកាដ៏មានប្រសិទ្ធភាពមួយ ក្នុងការចូលរួមផ្សព្វផ្សាយទប់ស្កាត់អំពើហិង្សាលើស្ត្រី និង ក្មេងស្រីដែលកើតមានឡើង ក្នុង​ស្ថានភាព​ជាក់ស្ដែងតាមរយៈការផ្ដល់សារគន្លឹះ ដល់ ​សាធារណៈជន និងសហគមន៍ ដើម្បីឱ្យប្រជាពលរដ្ឋ មានការផ្លាស់ប្ដូរផ្នត់គំនិត អវិជ្ជមាន ទៅលើស្ត្រី និងក្មេងស្រី។យោងតាមប្រវត្តិយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ដែលអានដោយ លោកស្រី ផន កែវផុន អនុប្រធានមន្ទីកិច្ចការនារី បានឱ្យដឹងថា យុទ្ធនាការ នេះចាប់ផ្ដើមឡើង​នៅក្នុងឆ្នាំ១៩៩១ ដោយ ក្រុមបុរសជនជាតិកាណាដា មួយក្រុម។ ក្រោយមកយុទ្ធនាការ នេះត្រូវបានរៀបចំធ្វើឡើងគ្រប់ទីកន្លែងនៅលើពិភពលោក រហូតបានក្លាយទៅជាទិវាអន្តរជាតិ ដែលអង្គការសហប្រជាជាតិកំណត់ ជាផ្លូវការនៅថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយនឹងបានប្រកាស ទទួលស្គាល់ថា ជាទិវាអន្តរជាតិលុបបំបាត់ អំពើហិង្សាលើស្ត្រីតាមរយៈមហាសន្និបាតលើកទី៨៣ របស់អង្គការសហប្រជាជាតិ។លោកជំទាវ ខូយ ប៊ុនថាន បានថ្លែងឱ្យដឹងថា យុទ្ធនាការនេះ ធ្វើឡើងក្នុង គោលបំណងសំខាន់ៗ គឺបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និង ឆ្លើយតបចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងផ្នែក សាសនា សិល្បៈ វិស័យឯកជន, លើក​កម្ពស់​ឥរិយាបថវិជ្ជមានរបស់សាធារណជន និង អ្នកផ្តល់សេវាចំពោះជនរងគ្រោះ ជនងាយរងគ្រោះ​ដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ, កៀរគរការគាំទ្រទាំងបច្ចេកទេស និងថវិកាពីក្រសួងស្ថាប័ន អង្គការដៃគូ អង្គការសង្គម ស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នាពន្លឿនការអនុវត្តសកម្មភាព និងអនុវត្តច្បាប់ជាតិ អន្តរ ជាតិ ព្រមទាំងផែនការសកម្មភាពជាតិ ដើម្បីបញ្ចប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។ លោកជំទាវបានបន្តថា ក្រសួងកិច្ចការនារី បានធ្វើកិច្ចការនេះ ​ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់​ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិនានា ដោយបានរៀបចំ យុទ្ធនាការ១៦ ថ្ងៃ ឡើងជា​រៀងរាល់​ឆ្នាំ ដើម្បីឆ្លើយតបទៅ ​នឹងយុទ្ធសាស្រ្តនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដែល​បាន​បញ្ជាក់អំពីការ​លើកកម្ពស់ការឆ្លើយតប​ប្រកប​ដោយបរិយាបន្ន ​និងសមធម៌ ដល់ ស្រ្តី ​និងក្មេងស្រី ដែលស្ថិត​នៅក្នុងក្រុមជនងាយរងគ្រោះនៅក្នុងសង្គម៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM