រដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ខេត្តបន្ទាយមានជ័យ
ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់

ព័ត៌មានជាតិ

តំណាង ICAPP កោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់

2024/11/22 07:02:23 pm        71
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Chung Eui-Yong ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំបានយ៉ាងល្អប្រសើរនូវមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានកោតសរសើរប្រទេសកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិភូបានបានចាត់ទុកបទពិសោធន៍អំពីដំណើរការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ នៅកម្ពុជា គឺជាករណីសិក្សាដ៏ជោគជ័យមួយ ដែលគួរត្រូវចែករំលែកដល់ពិភពលោកទាំងមូល។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះ ICAPP ដែលជាអង្គការគណបក្សនយោបាយតំបន់មួយ និងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ ICAPP នៅក្នុងការតភ្ជាប់ និងកសាងទំនាក់ទំនង ព្រមទាំងកិច្ចសន្ទនា បំពេញបន្ថែមលើយន្តការរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយបញ្ហាសាកល។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់លើតម្លៃនៃសន្ដិភាព និងការផ្សះផ្សាជាតិ ដែលមានសារសំខាន់សម្រាប់ប្រទេសជាតិនីមួយៗ, តំបន់, និងសកលលោក។ ក្នុងន័យនេះ សម្ដេចបវរធិបតី បានចែករំលែកបន្ថែមអំពីបទពិសោធន៍ នៃដំណើរស្វែងរកសន្តិភាព​ និងការផ្សះផ្សាជាតិ នៅកម្ពុជា តាមរយៈនយោបាយ “ឈ្នះ ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញលេញ និងផ្ដល់លទ្ធភាពឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំ និងការកសាងភាពជឿទុកចិត្ត គឺជាយន្តការគន្លឹះដ៏សំខាន់ ក្នុងការរួមចំណែកស្វែងរកសន្តិភាពពេញលេញ​ នៅកម្ពុជា។សម្ដេចបវរធិបតី និងឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងសមាជិកគណៈប្រតិភូ​ ក៏បានពិភាក្សាផងដែរ​ អំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន៕

ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា៖រដ្ឋាភិបាលអង់គ្លេសបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជានិច្ច

2024/11/22 05:41:15 pm        165
ភ្នំពេញ ៖ ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams MBE បានថ្លែងថា វិស័យអប់រំគឺជា កត្តាចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់បន្ថែមទៀត ដូច្នេះ ដើម្បីចូលរួមការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជានោះ រដ្ឋាភិបាលអង់គ្លេសនឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជានិច្ចពោលគឺមួយឆ្នាំៗចាប់ពី១០ទៅ១៥នាក់។ ថ្លែងនៅក្នុងឱកាសប្រគល់បណ្ណសរសើរដល់និស្សិតជ័យលាភីផ្នែកសរសេរ និង និយាយភាសាអង់គ្លេសដែលធ្វើឡើងនៅសាកលវិទ្យាល័យន័តុន រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ លោក Dominic Williams MBE បានលើកឡើងថា លោកពិតជាមានសេចក្តីរីករាយដែល បានឃើញប្រទេសកម្ពុជាបានកំពុងរីកចម្រើនលើវិស័យអប់រំ ហើយបានឃើញនិស្សិតកម្ពុជាកាន់តែច្រើន បានចាប់យកជំនាញភាសាអង់គ្លេស ខណៈភាសាអង់គ្លេសនេះគឺជាភាសាអន្តរជាតិនោះ។ លោកឯកអគ្គរាជទូតបានលើកឡើងទៀតថា ការអប់រំគឺជាការធានាយ៉ាងធំធេងដល់ប្រជាជនកម្ពុ ជាដើម្បីចូលរួមការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនៅពេលអនាគត នឹងធ្វើឲ្យប្រជា ជនកម្ពុជាមានប្រាក់ចំណូលចូលក្នុងគ្រួសារកាន់តែខ្ពស់ជាងមុនផងដែរ។ លោកទូតបានបន្ថែមថា«រដ្ឋាភិ បាលអង់គ្លេសបាននិងកំពុងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជារៀងរាល់ឆ្នាំ ដោយក្នុងមួយឆ្នាំៗចាប់ ពី១០ទៅ១៥នាក់»។ អាហារូបករណ៍ដែលចក្រភពអង់គ្លេសផ្តល់ជូនដល់និស្សិតកម្ពុជានេះគឺជាអាហារូបករណ៍ពេញលេញ ដោយធានាទាំងការធ្វើដំណើរ ការរៀនសូត្រ និងរបបអាហារជាដើម។ លោកឯកអគ្គរាជទូតបានលើកឡើងទៀតថា មូលហេតុដែលចក្រភពអង់គ្លេសផ្តល់ជូនអាហារូបករណ៍ដល់និស្សិតកម្ពុជា គឺដើម្បីចូលរួមការអភិវឌ្ឍនៅប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយ ខណៈអប់រំនេះគឺជាកត្តាសំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសនីមួយៗដូចជាប្រទេសកម្ពុជា ជាដើម។ ជាមួយគ្នានោះដែរលោកទូតក៏បានរំពឹងផងដែរថា គ្រប់និស្សិតទាំងអស់ដែលបានទៅរៀននៅចក្រភពអង់គ្លេសពួកគេនឹងយកនូវជំនាញរបស់ពួកគេមកបម្រើដល់ប្រទេសកម្ពុជា ហើយយកជំនាញនេះ មកអភិវឌ្ឍប្រទេសកម្ពុជា៕អត្ថបទ ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីបើកមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)

2024/11/22 05:37:31 pm        62
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ - 12th General Assembly of ICAPP (International Conference of Asian Political Parties ) និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ បានអញ្ជើញក្នុងពិធីបើកមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12) លើប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលសន្និបាត ជាន់ទី៥ វិមាន៧មករា។ បន្ទាប់ពីចំណាប់អារម្មណ៍របស់ប្រតិភូតំណាងគណបក្សនយោបាយមកពីប្រទេសផ្សេងៗរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយផ្ដោតទៅលើប្រធានបទខាងលើសំខាន់ៗដូចតទៅ ៖ក្នុងនាមជាប្រធានគណបក្សបប្រជាជនកម្ពុជាសម្តេចពិតជាមានកិត្តិយស ដែលប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ប្រទេសសមាជិក ICAPP និងស្ថាប័នដៃគូជាង៥២ប្រទេស មកពីតំបន់ផ្សេងៗនៅលើពិភពលោក។ សម្តេចសូមវាយតម្លៃខ្ពស់លើភាពខ្លាំងរបស់ ICAPP ដែលបានកើនឡើងជាលំដាប់ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ មក ICAPP បានប្រែក្លាយខ្លួនទៅជាអង្គការគណបក្សនយោបាយដ៏ធំបំផុតមួយទាំងទំហំ និងទាំងឥទ្ធិពលលើភូមិសាស្ត្រនយោបាយ។ សម្តេចពិតជាមានមោទនភាពផងដែរ ក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជា ចូលរួមចំណែកនៅក្នុងសកម្មភាពនានារបស់ ICAPP រួមទាំងមហាសន្និបាតរបស់ខ្លួន ក្នុងចំណោមគណបក្សនយោបាយចំនួន ៣០០ ដែលមានភាពចំរុះគ្នាទាំងនិន្នាការនយោបាយ និងមនោគមវិជ្ជា។ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះសម្តេចយល់ថា ប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» គឺជាប្រធានបទដែលកម្ពុជាមានបទពិសោធន៍យ៉ាងធំធេង និងជំនាញ ដែលអាចធ្វើការចែករំលែក ដោយទាញចេញពីតថភាពពិតដែលកម្ពុជាបានខិតខំតស៊ូបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនឆ្នាំ និងបាននាំមកនូវសន្តិភាព ក៏ដូចជាវិបុលភាព ក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ។ បន្ថែមលើនេះ ការជំរុញឱ្យមានការជជែកដេញដោលគ្នាលើប្រធានបទដ៏សំខាន់ផ្សេងៗទៀត នៅក្នុងជំនួបរបស់ ICAPP នាឆ្នាំនេះ ពិតជាដើរតួនាទីសំខាន់ណាស់ នៅក្នុងស្ថានភាពដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មាន នៅក្នុងនិម្មាបនកម្មភូមិសាស្ត្រនយោបាយតំបន់ និងសកល ស្របពេលដែលភាពតានតឹង និងជម្លោះ កំពុងរីករាលដាលស្ទើរតែពាសពេញពិភពលោក។សម្ដេចតេជោមានប្រសាសន៍ថា សង្រ្គាម អាចផ្ទុះឡើងយ៉ាងឆាប់រហ័សក្នុងមួយប៉ព្រិចភ្នែក ប៉ុន្តែការបញ្ចប់សង្រ្គាម និងការទទួលបានសន្តិភាព ត្រឡប់មកវិញ ត្រូវការពេលយូរ។ ប្រាកដណាស់ថាការបញ្ចប់សង្គ្រាមជារឿងលំបាក ប៉ុន្តែវាពិបាកជាងនេះទៅទៀតគឺការរកបាននូវសន្តិភាពមួយប្រកបដោយនិរន្តរភាព ព្រោះសន្តិភាព មិនមែនមានន័យថា គ្រាន់តែជាអវត្តមាននៃសង្រ្គាមប៉ុណ្ណោះទេ ហើយកម្ពុជា គឺជាគំរូដ៏ល្អនៃប្រទេសមួយដែលបានឆ្លងកាត់វដ្ដនៃជម្លោះជាច្រើន ពោរពេញដោយការបែកបាក់ផ្ទៃក្នុងអស់ជាច្រើនឆ្នាំ មុននឹងសម្រេចបាននូវសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨។សម្តេចតេជោបានរំលឹកឡើងវិញថា រូបសម្តេចផ្ទាល់ គឺជាតួអង្គសំខាន់មួយរូប ដែលបានចូលរួមក្នុងការចរចាសន្តិភាពរបស់កម្ពុជា ជាមួយព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៨៧។ ការចរចាដ៏តានតឹង បានប្រើប្រាស់អស់រយៈពេល ០៤ឆ្នាំ មុនពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ត្រូវបានចុះហត្ថលេខាដោយភាគីជម្លោះកម្ពុជាចំនួន និងសហគមន៍អន្តរជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ និងការបង្កើតអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ត្រូវបានសហគមន៍អន្តរជាតិសាទរ និងបានចាត់ទុកថា ជាជោគជ័យដ៏ធំមួយ និងជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏យូរអង្វែងដែលបានអូសបន្លាយអស់រយៈពេលប្រមាណមួយទសវត្សរ៍ និងនាំមកនូវសន្តិភាពដល់កម្ពុជា។ ជាអកុសលការណ៍នេះមិនមែនជាជោគជ័យពិតប្រាកដនោះទេ។ បន្ទាប់ពីបានចំណាយថវិកាអស់ជាងពីរពាន់លានដុល្លារអាមេរិកសម្រាប់បេសកកម្មអ៊ុនតាក់ ដែលត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជានៅតែជាប្រទេសដែលបែកបាក់ និងជាប់ផុងនៅក្នុងសង្គ្រាមស៊ីវិលដដែល។ រហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចបានតាក់តែងយ៉ាងប្រុងប្រយ័ត្នដើម្បីធ្វើឱ្យមានតុល្យភាពរវាងសន្តិភាព ការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល ដែលសម្តេចបាននាំមកនូវសន្តិភាពពេញលេញដល់ប្រទេសកម្ពុជា ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំ។សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា នៅក្នុងគោលនយោបាយឈ្នះ-ឈ្នះ សម្តេចមានទស្សនៈថា សន្តិភាពប្រកបដោយនិរន្តរភាព មិនអាចសម្រេចបានទេប្រសិនបើយើងមិនបានគិតគូរយ៉ាងយកចិត្តទុកដាក់លើកត្តាសំខាន់ៗផ្សេងទៀត ដូចជា ការផ្សះផ្សាជាតិ យុត្តិធម៌អន្តរកាល សមាហរណកម្មសង្គម-សេដ្ឋកិច្ច ក៍ដូចជាការចូលរួមនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នៅក្នុងចំណុចនេនេះសម្តេចបានសង្កត់ធ្ងន់ថា យុត្តិធម៌មិនអាចសម្រេចបានទេ បើពុំមានសន្តិភាព។ការស្វែងរកយុត្តិធម៌យ៉ាងតក់ក្រហល់ ដោយពុំបានថ្លឹងថ្លែងពីការផ្សះផ្សាជាតិ មិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ។ បើពុំដូច្នោះទេ ប្រទេសជាតិមួយ អាចនឹងធ្លាក់ចូលទៅក្នុងភាពវឹកវរ ឬសង្គ្រាមស៊ីវិលវិញមិនខាន។ ដូច្នេះ ការផ្សះផ្សាជាតិ គឺជាមូលដ្ឋានគ្រឹះមួយនៃការស្វែងរកសន្តិភាព ប្រកបដោយនិរន្តរភាព។ចំពោះសម្ដេច «ការចំណាយពេលយូរដើម្បីទទួលបានយុត្តិធម៌ មិនមែនមានន័យថា ពុំមានយុត្តិធម៌ ឬយុត្តិធម៌ត្រូវបានបដិសេធនោះទេ» ទោះបីជាវាត្រូវចំណាយពេលជាងមួយទសវត្សរ៍ ក្នុងការធ្វើឱ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬ សាលាក្តីខ្មែរក្រហមដំណើរការក៏ដោយ។ អ.វ.ត.ក គឺជាសាលាក្តីកូនកាត់ដែលត្រូវបានបង្កើតឡើង ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងបុគ្គលទទួលខុសត្រូវធំបំផុតនៃរបបនេះ។គោលបំណងចម្បងរបស់សម្តេចក្នុងការបង្កើតសាលាក្តីកូនកាត់នេះ គឺដើម្បីធានាឱ្យមានការចូលរួមពេញលេញរបស់កម្ពុជា នៅក្នុងដំណើរការរបស់តុលាការ ស្របពេលជាមួយគ្នានេះ ក៏ធានាឱ្យបាននូវស្តង់ដារយុត្តិធម៌អន្តរជាតិ។ ខ្ញុំមិនចង់ឱ្យការណ៍នេះ ត្រូវបានគេមើលឃើញថា ជាយុត្តិធម៌របស់អ្នកឈ្នះតែម្ខាងនោះទេ ប៉ុន្តែដំណើរការយុត្តិធម៌អន្តរកាលត្រូវតែមានចំណែករបស់កម្ពុជា និងកម្ពុជាជាម្ចាស់។ សន្តិភាព ក៏តម្រូវឱ្យមានការសម្រុះសម្រួលផ្នែកនយោបាយផងដែរ។ ការផ្សះផ្សាជាតិ តម្រូវឱ្យយើងធ្វើសមាហរណកម្មរបបខ្មែរក្រហមទៅក្នុងសង្គម។ ដើម្បីសម្រេចបាន សម្តេចបានផ្តោតសំខាន់លើតម្រូវការសន្តិសុខមនុស្សជាតិជាមូលដ្ឋាន សម្រាប់អតីតយុទ្ធជន និងមេដឹកនាំខ្មែរក្រហម ។ សម្តេចតេជោបានដាក់ចេញនូវគោលការណ៍នយោបាយចំនួន៣៖ ទី១-ការការពារអាយុជីវិត និងសុវត្ថិភាពរបស់អ្នករត់ចោលជួរ និងចុះចូល។ ទី២-ការធានាអាជីព និងមុខរបរ និង ទី៣-ធានាកម្មសិទ្ធិទ្រព្យសម្បត្តិរបស់ពួកគេ ។ សមាសធាតុសំខាន់ទាំងបីនេះ ដែលជាមូលដ្ឋានគ្រឹះនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេច បានធ្វើឱ្យសម្តេចមានលទ្ធភាពលុបបំបាត់អង្គការចាត់តាំងយោធា និងនយោបាយរបស់ខ្មែរក្រហមបានទាំងស្រុង និងដោយសន្តិវិធី រហូតមកដល់បច្ចុប្បន្ន។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា អាទិភាពផ្សេងទៀតរបស់សម្ដេចគឺការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ ដូចពាក្យដែលថា «គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ ហើយបើគ្មានការអភិវឌ្ឍ ក៏នឹងគ្មានសន្តិភាពដូចគ្នា»។ គ្មានប្រទេសណាមួយ បានស្គាល់ពីការឈឺចាប់ និងភាពរងទុក្ខពីការដាក់ទណ្ឌកម្ម និងការហ៊ុមព័ទ្ធជាងកម្ពុជានោះទេ។ អស់ជាច្រើនទស្សវត្សរ៍ បណ្តា ប្រទេសដែលអះអាងថា ជាជើងឯកពិភពលោកនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្ររបបខ្មែរក្រហម ក្នុងការប្រឆាំងនឹងរាជរដ្ឋាភិបាល។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្សត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់។ ជាក់ស្តែង បដិវត្តន៍ពណ៌មួយត្រូវបានប៉ុនប៉ង ធ្វើឡើង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។សម្តេចមិនដែលភ្លេចនោះទេ ក្នុងការរម្លឹកប្រទេសដែលហៅខ្លួនឯងថា ជាប្រទេសប្រជាធិបតេយ្យ កុំឱ្យសាងកំហុស ជាលើកទីបីមកលើកម្ពុជា។ លើកទី១ គឺនៅពេលដែលពួកគេគាំទ្ររបប លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៧០។ បន្ទាប់មក កំហុសទី២ គឺនៅពេលដែលពួកគេទទួលស្គាល់របបខ្មែរក្រហម ហើយអនុញ្ញាតឱ្យរបបនេះកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ អស់រយៈពេល ១២ឆ្នាំ។សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក គឺជាមាគ៌ាដ៏វែងឆ្ងាយ ក្នុងការធានាឱ្យបានថា សាមគ្គីភាពអន្តរជាតិ ភាពសុខដុមរមនា និងសន្តិសហវិជ្ជមានរវាងប្រជាជាតិ និងប្រជាជាតិ ដែលយើងត្រូវថែរក្សា។ សម្តេចសូមគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋាភិបាល រួមទាំងមេដឹកនាំគណបក្សនយោបាយគ្រប់រូប មិនគួរមើលរំលងតម្លៃនៃសន្តិភាពនោះទេ។ យើងត្រូវតែខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកមូលដ្ឋានរួមជាចំណុចចាប់ផ្តើម មុននឹងឈានចូលដល់តុចរចា ក្នុងគោលបំណងបង្រួមភាពខុសគ្នារបស់យើង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធី។យោងលើស្មារតីនៃធម្មនុញ្ញ ICAPP ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសនៃមហាសន្និបាត ICAPP លើកទី១២ សម្តេចតេជោ សូមជូនពរឱ្យកិច្ចពិភាក្សារបស់មហាសន្និបាតនេះ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងសម្រេចបាននូវលទ្ធផលយ៉ាងត្រចះត្រចង់៕

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចុះMOU ជាមួយរដ្ឋបាលខេត្តកណ្តាល

2024/11/22 04:55:48 pm        244
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកណ្តាល បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះ​សម្រួល​ផ្សះផ្សារវិវាទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់អំពីគោលបំណង នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះគឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ សំដៅរួមគ្នាលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និង​រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់យន្តការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋ និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ សំដៅសម្រេចឱ្យបានទិសដៅ និងគោលនយោបាយពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់​ និងជាក់ស្តែងនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា រដ្ឋបាលខេត្តកណ្តាល នឹងទទួលបានការគាំទ្រលើ ២ ចំណុចសំខាន់ពី អ.ដ.ក. គឺ (ទី១)-ក្នុងករណីមានការដាក់ពាក្យស្នើសុំពីរដ្ឋបាលខេត្ត អ.ដ.ក. នឹងរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ចំពោះសំណុំរឿងវិវាទទាំងឡាយណាដែលត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដោយអង្គភាពពាក់ព័ន្ធផ្សេងទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចនៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត និង (ទី២)- អ.ដ.ក. នឹងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស ទាំងផ្នែកបណ្តុះបណ្តាល ដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្តាលលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។សូមគូសបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល គឺជាខេត្តទីមួយ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ អ.ដ.ក. លើកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ​ និងជាស្ថាប័នទី​បួន​ បន្ទាប់ពី​ គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា,​ មជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែកពាណិជ្ជកម្ម​ និងអង្គការនារីដេីម្បីសន្តិភាព​ ដែលបានចុះអនុស្សរណ:នៃការយោគយល់គ្នានេះ៕ 

NEA រៀបចំពិព័រណ៍មគ្គុទ្ទេសក៍អាជីពនិងការសិក្សាសម្រាប់សិស្សវិទ្យាល័យនៅខេត្តសៀមរាប

2024/11/22 04:43:44 pm        192
មជ្ឈមណ្ឌលការងារខេត្តសៀមរាប របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមកម្មវិធីពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា សម្រាប់​សិស្សវិទ្យាល័យ ដែលការងារនេះ រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។ពិព័រណ៍​មគ្គុទ្ទេសក៍អាជីព និងការសិក្សា សម្រាប់សិស្សវិទ្យាល័យនេះ បានប្រារព្ធ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយ​មាន​អ្នក​ចូល​រួមទស្សនា និងសាកសួរព័ត៌មាននៅបញ្ជររបស់ NEA សរុបចំនួនជាង ៨០០នាក់ ។យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា ការរៀប​ចំ​ពិព័រណ៍​នេះ​ឡើង គឺជាផ្នែកមួយនៃការផ្ដល់មូលដ្ឋានព័ត៌មានមគ្គទេសក៍អាជីពដល់សិស្សានុសិស្ស ដើម្បីឲ្យ​ពួក​គាត់​សិក្សា​ស្វែង​យល់អំពីតម្រូវការជំនាញ និងការត្រៀមលក្ខណៈសម្បត្តិ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​លាស់ មុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សានៅកម្រិតឧត្តមសិក្សានាពេលខាងមុខ។ 

ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្ហាញអារម្មណ៍កក់ក្តៅក្រោយក្លាយជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព

2024/11/22 04:37:20 pm        211
ក្រុមប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ការ​ពង្រីក​​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែកថែទាំ​សុខភាព​តាមរបបភាគ​ទាន​ដោយ​ស្ម័គ្រចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បានផ្តល់អត្ថប្រយោជន៍ច្រើន ជាពិសេស​អ្នកប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​មាន​ឱកាសទទួលបានការគាំពារសុខភាព និងកាត់បន្ថយ​ការ​ចំណាយ​លើ​ការ​ពិនិត្យ​សុខ​ភា​ព​នៅ​ពេល​មានជំងឺឈឺថ្កាត់ម្តងៗ។ អ្នកស្រី កិ សុខរ៉ន អាជីវករលក់ផ្លែឈើ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ បាន​លើក​ឡើង​ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានពង្រីក​វិសាលភាព នៃ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខ​ភាព​តាមរបបភាគទានដោយស្ម័គ្រចិត្ត ដោយអនុញ្ញាតឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បុគ្គល​ស្វ័យនិយោជន៍) អាចចុះឈ្មោះក្លាយជាសមាជិក ប.ស.ស. ខ្លួនទទួលបាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​លើ​សេវា​ថែទាំសុខភាពដូចបណ្តាពលរដ្ឋដទៃទៀតដែរ។ អ្នកស្រីបន្តថា មុនពេលក្លាយជាសមាជិក ប.ស.ស. គាត់មានការ​ចំណាយ​ច្រើន​លើ​ការ​ពិនិត្យ​សុខ​ភាព​ និងពេលខ្លះពុំមានលទ្ធភាពទៅមន្ទីរពេទ្យនៅពេលឈឺថ្កាត់ម្តងម្កាលនោះទេ ក៏ប៉ុន្តែប​ន្ទាប់​ពី​បាន​ក្លាយ​ជា​សមាជិក ប.ស.ស. ដោយចំណាយត្រឹមតែ ១៥,៦០០រៀល ក្នុងមួយខែ គឺអាចទៅ​ទទួល​បាន​សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ និងចំណាយតិចតួចបំផុតសម្រាប់គាត់។ អ្នកស្រី សារី ហ្វីនី អាជីវករលក់នុយត្រី ស្ថិតនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ បានឲ្យ​ដឹង​ស្រដៀង​គ្នា​ថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចក្លាយជាសមាជិក ប.ស.ស. បាន គឺជាការ​ផ្តល់​អត្ថ​ប្រយោជន៍ដ៏ល្អបំផុតទៅដល់ពួកគាត់ ពីព្រោះអ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អាច​មាន​លទ្ធភាព​ក្នុង​ការ​ថែ​ទាំ​សុខភាព និងពិនិត្យសុខភាពដោយឥតគិតថ្លៃដូចបណ្តាសមាជិក ប.ស.ស. ជាអ្នក​ធ្វើ​ការ​ដែរ ដោយចំណាយថវិកាបង់វិភាគទានប្រចាំខែទាបបំផុត ដែលទាំង​នេះ​អាច​ជួយ​កាត់​បន្ថយ​ចំណាយ​បាន​យ៉ាង​ធំធេងសម្រាប់គ្រួសារ និងជាភាពរីករាយ​ថ្មី​មួយ​ទៀត​សម្រាប់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​ជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកស្រីបានបន្ថែមថា អ្នកប្រកបរបរសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ភាព​កក់​ក្តៅ​បន្ទាប់​ពី​អាច​ក្លាយ​ជា​សមាជិក​ ប.ស.ស. ដូចបណ្តាមន្រ្តីរាជការ កម្មករនិយោជិតដែរ។ សម្រាប់ការពិនិត្យសុខភាព និង​ការថែទាំសុខភាពរបស់បងប្អូនដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធពុំមានការរើសអើងនោះទេ ហើយថែមទាំងទទួលបានសេវាថែទាំសុខភាពប្រកបដោយក្រមសីលធម៌ និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់មន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. ផងដែរ។ ក្រុមប្រជាពលរដ្ឋទាំងនេះ បានថ្លែងអំណរ​គុណ​ទៅ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដូចៗគ្នា តាមរយៈការ​ពង្រីក​វិសាល​ភាព​នៃ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តមួយនេះ។ លើសពីនេះ​រាជ​រដ្ឋាភិបាល​ក៏​បាន​សម្រួលដល់អ្នកប្រកបសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានអត្ថប្រយោជន៍ថ្មីៗជាច្រើនទៀត ដូច​ជា​បើកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈបន្ថែមដោយឥតគិតថ្លៃផងដែរ។ ការពង្រីក​វិសាលភាព​របស់​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត ​គឺជា​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​បង្កើ​ត​ឡើង​ដើម្បី​ជួយ​ប្រជា​ពលរ​ដ្ឋឱ្យ​ទទួល​បាន​ការ​ថែទាំ​សុខភាពសម្រាប់ខ្លួនឯង ប្ដីឬប្រពន្ធនិងកូនក្នុងបន្ទុក ជាហេតុធ្វើឱ្យបងប្អូនអាច​គ្រប់​គ្រង​ចំណាយ​លើ​បញ្ហាសុខភាពនិងគ្រោះថ្នាក់ផ្សេងៗ សំដៅរក្សាលំនឹង​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​និង​បង្កើន​ផលិតភាពការងារ។ បច្ចុប្បន្ន របបសន្តិសុខសង្គមបានពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ទាំងតាមរយៈ ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ចមានកម្មករនិយោជិត មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន រួមនិងតាមរបបភាគទានដោយស្ម័គ្រចិត្ត មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទៅដល់អ្នកនៅក្នុងបន្ទុករបស់សមាជិក ប.ស.ស ទាំងបុគ្គលស្វ័យនិយោជន៍ និងមន្ត្រីសាធារណៈ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងដល់ ២,៦៧១,០៣០នាក់ ក្នុងនោះសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍មានចំនួន ៤២២,៥៩៣នាក់ និងសមាជិក ប.ស.ស. ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ( សហព័ទ្ធ និងកូន) ចំនួន ១៣៦,២១០នាក់៕ 

កម្ពុជា-វៀតណាម ឯកភាពគ្នាបន្តពង្រឹងវិស័យសន្ដិសុខសណ្ដាប់ធ្នាប់ និងប្រឆាំងបទល្មើស​ឆ្លងដែនខុសច្បាប់

2024/11/22 04:28:17 pm        228
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧត្តម​សេនីយ៍​ឯក​បម្រុង ត្រឹន គ្វក់ត័រ អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ដោយកិច្ច​ជំនួប​នោះ​ភាគី​ទាំង​ពីរ​បានឯកភាពគ្នាពង្រឹងទំនាក់ទំនងវិស័យសន្ដិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ បង្ការ ប្រឆាំង​បទ​ល្មើសឆ្លងដែនខុសច្បាប់រវាងប្រទេសទាំងពីរ ឲ្យកាន់តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​ទៀត​ជាពិសេសលើបញ្ហាគ្រឿងញៀនតែម្តង។ថ្លែងក្នុងកិច្ចជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្វាគមន៍ចំពោះវត្តមាន លោក​អនុរដ្ឋមន្ត្រី និងសហការី ដោយបានលើកឡើងអំពីទំនាក់ទំនងល្អ រវាងកម្ពុជា-វៀតណាម លើ​គ្រប់វិស័យ។ ក្នុងនាមរដ្ឋាភិបាលកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ បានធ្វើការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ នៃប្រទេសទាំងពីរ និងកែលម្អឲ្យកាន់​តែ​ប្រសើរ​នូវ​ចំណុច​ដែល​សេស​សល់​។ជាមួយ​គ្នានេះដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានអះអាងផងដែរថា ក្នុងនាម​ជា​ប្រទេស​ជិត​ខាងត្រូវតែបន្ដពង្រឹង និងពង្រីកទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពោល​ត្រូវ​ជួយគ្នាទៅវិញទៅមក សំដៅធានាដល់ការរក្សាមិត្តភាពយូរអង្វែង ហើយ​ត្រូវ​ពង្រឹង​វិស័យ​សន្តិសុខ​សណ្ដាប់ធ្នាប់ ហើយកម្លាំងមានសមត្ថកិច្ច នៃប្រទេសទាំងពីរ ត្រូវរួមគ្នា​ប្រឆាំង​បទ​ល្មើស​ឆ្លង​ដែន​ខុសច្បាប់គ្រប់ប្រភេទ។ថ្លែងនៅក្នុងកិច្ច​ជំនួបនោះដែរលោកអនុរដ្ឋមន្ដ្រីវៀតណាម បានថ្លែងអំណរគុណ​ចំពោះ​ការ​លើក​ឡើង​របស់​ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អ នៃប្រទេសទាំងពីរ និង​បានចែករំលែកសភាពការណ៍ និងការសហការគ្នាល្អ។ លោកបន្ដថា វៀតណាម និង​កម្ពុជា​មាន​ទំនាក់​ទំនងជាប្រពៃណីតាំងពីយូរលង់មក ហើយក្រសួងនគរបាលវៀតណាម បាន​ពង្រីក​ទំនាក់​ទំនង​ជាមួយកម្ពុជា ពិសេសវិស័យសន្តិសុខ។លោកអនុ​រដ្ឋ​មន្ដ្រីក្រសួងនគរបាលវៀតណាម ក៏បានកោតសរសើរចំពោះឯកឧត្តមសន្ដិបណ្ឌិត ឧប​នាយករដ្ឋមន្ត្រី ដែលមានបទពិសោធន៍ជាច្រើនក្នុងវិស័យនគរបាល ហើយ​ឥឡូវ​ក្នុង​ឋានៈ​ជា​ឧប​នាយករដ្ឋមន្ត្រី ទទួលបន្ទុកការងារសន្តិសុខជាតិ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោក​គូស​បញ្ជាក់​ថា កន្លងមកកម្ពុជា-វៀតណាម បានសហការចែករំលែកព័ត៌មានគ្នា លើការទប់​ស្កាត់​បទ​ល្មើស ​និងព័ត៌មានក្លែងក្លាយ និងការងារក្នុងវិស័យសន្តិសុខសណ្ដាប់ធ្នាប់ ធ្វើជាសេនាធិការ​ជូន​ថ្នាក់​ដឹកនាំ​នៃ​ប្រទេសទាំងពីរ និងបម្រើជូនប្រជាជនទាំងពីរ៕ អត្ថបទ៖ បាន ចក់ 

អនុប្រធានរដ្ឋឡាវកោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

2024/11/22 03:25:35 pm        195
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Pany Yathotou អនុប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP)​ លើកទី១២​ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា។ ក្នុងឱកាសនៃជំនួប លោកជំទាវអនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងការអបអរសាទរជូនចំពោះសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ របស់កម្ពុជា ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ក៏ដូចជាបានធ្វេីឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែលេចធ្លោឡេីងនៅលើឆាកអន្តរជាតិ។ លោកជំទាវអនុប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំបានយ៉ាងល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លេីកទី១២​ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកជំទាវអនុប្រធានរដ្ឋក៏បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងឡាវនិងកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់រាជដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់រដ្ឋាភិបាលនិងប្រជាជនឡាវ គ្រប់កាលៈទេសៈ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានអរគុណលោកជំទាវអនុប្រធានរដ្ឋ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមនៅក្នុងមហាសន្និបាត ICAPP និងកិច្ចប្រជុំពាក់ព័ន្ធលើកទី១២ ព្រមទាំងបានបង្ហាញការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចបវរធិបតីជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ សម្ដេចបវរធិបតី និងលោកជំទាវអនុប្រធានរដ្ឋ បានពិភាក្សាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន មានជាអាទិ៍៖ វិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច, ថាមពល, សន្តិសុខនិងការពារជាតិ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន៕

លោក ហេង សំណាង៖ ទណ្ឌិតក្បត់ជាតិ៣ជំនាន់ជ្រុលនិយម សម រង្ស៊ី និងបក្ខពួកកំពុងបំផុសបំផុលចរិក«ភេរវកម្ម»នៅកម្ពុជា

2024/11/22 02:55:57 pm        499
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា ទណ្ឌិតក្បត់ជាតិ៣ជំនាន់ជ្រុលនិយម សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូចរបស់ខ្លួនកំពុងធ្វើសកម្មភាព«ភេរវកម្ម» នៅកម្ពុជា បន្ទាប់ពីក្រុមជ្រុលនិយមក្រៅច្បាប់ទាំងនេះ បានចាប់ផ្តើមប្រើរូបភាពនានា ពិសេសការប៉ុនបង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ម្តងហើយម្តងទៀត។លោក ហេង សំណាង ថ្លែងថា៖«ម្តងហើយម្តងទៀត ក្រុមជ្រុលនិយម ពិសេសទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី តែងតែបំផុសបំផុល ញុះញង់ ប្រឌិតរឿង បង្កើតជាបញ្ហា ជាច្រើនឆាំ្ន អស់ពីរឿងមួយចូលរឿងមួយមិនចេះដាច់ ដោយប្រើវិធីសាស្រ្តទុច្ចរិត ដោយទណ្ឌិតរូបនេះ មិនដែលគិតថាសុខទុក្ខប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរនោះទេ ដោយសារតែមហិច្ឆិតាផ្ទាល់ខ្លួន។ សូម្បីតែសកម្មជនរបស់គេក៏បោកបញ្ឆោត ហើយធ្លាក់ខ្លួនជាជនរងគ្រោះ»។ បើតាម លោក ហេង សំណាង ថ្មីៗនេះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី តែងតែបំផុសចលនាខុសច្បាប់ តាមបណ្តាញសង្គមរបស់គេ និងបក្សពួកមួយក្តាប់តូច ឲ្យប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ។ ទង្វើនេះ ជាសកម្មភាពភេរវកម្មសុទ្ធសាត និងមិនអាចប្រកែកបានជាដាច់ខាត។ ក្នុងនាមជាយុវជន លោក ហេង សំណាង បានសម្តែងការសោកស្តាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិជ្រុលនិយមមួយក្តាប់តូចទាំងនោះ ពិសេសទណ្ឌិតក្បត់ជាតិដែលរត់ភៀសខ្លួននៅក្រៅប្រទេស។ ដូច្នេះរាល់ការធ្វើសកម្មភាព អំពាវនាវ និងបំផុសបំផុល ញុះញង់ និងតែងតែប្រឌិត បង្កើតព័ត៌មានក្លែងក្លាយពីសំណាក់ជនអគ្គតិទាំងនេះ ដែលធ្វើឱ្យពលរដ្ឋខ្មែរមានការភ័ន្តច្រឡំ គឺ លោកប្រកាស ប្រឆាំងដាច់ខាត។ជាមួយគ្នានេះ លោក សូមអំពាវនាវដល់មហាជនខ្មែរ រួមសាមគ្គីគ្នា បណ្តុះមនសិការ ស្នេហាជាតិឱ្យកាន់តែរឹងមាំ ‹‹រួមគ្នាកម្ចាត់មនោគមវិជ្ជានយោបាយខ្មៅកខ្វក់របស់ក្រុមជ្រុលនិយម ឲ្យអស់ចេញពីកម្ពុជា›› និងសូមក្រើនរម្លឹកដល់បងប្អូនយុវជន សកម្មជនប្រឆាំង ឬបងប្អូនអ្នកគាំទ្រក្រុមជ្រុលនិយម សូមកុំចាញ់កល់ចូលសូង ពាក់ព័ន្ធ ជាមួយក្រុមជ្រុលនិយមជាឧទ្ទាមក្រៅច្បាប់ ដែលមានចរិកជាភេរវកម្ម។ពិសេសលោក សូមអំពាវនាវដល់អាជ្ញាធរមានសម្ថតកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលប្រឌិតនិងបង្កើតព័ត៌មានក្លែងក្លាយកេងចំណេញនយោបាយចង់ធ្វើឲ្យប្រទេសកម្ពុជាមានភាពវឹកវរ៕ 

អ្នកនាំពាក្យ៖ បច្ចុប្បន្នកម្ពុជាមានរថយន្តអគ្គិសនីចំនួនជាងពីរពាន់គ្រឿងហើយ ដែល​បាន​ចុះ​បញ្ជី​ក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន

2024/11/22 02:45:15 pm        175
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ផន រឹម បានឲ្យដឹងថា មក​ទល់​ពេល​នេះ នៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២៣២៧​គ្រឿង ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDចំនួន ៧៩០គ្រឿងឈរ​លើ​កំពូល​តារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាចំនួន ៤៤៣គ្រឿង, រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុនTeslaចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។តាមរយៈផេកហ្វេសបុកផ្លូវការរបស់ខ្លួននាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ផន រឹម បាន​ឲ្យ​ដឹងទៀតថា រយៈពេល៩ខែឆ្នាំ២០២៣មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន ២០៣គ្រឿង ខណៈ​ដែលរយៈពេលដូចគ្នានៅឆ្នាំ២០២៤ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន ១៦៤៤គ្រឿង ដែល​មាន​ន័យថា រថយន្តអគ្គិសនីមានសន្ទុះកើនឡើង៧១០% ខណៈ​ដែល​ទោចក្រ​យាន​កើន​ឡើង​ ៣៦៨% ដោយឡែកត្រីចក្រយានថយចុះ-១៥%។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗ​នេះ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោល​នយោបាយជាតិស្តីពី​ការ​អភិវឌ្ឍ​វិស័យ​យាន​យន្តអគ្គិសនី២០២៤-២០៣០ ដែលជាត្រីវិស័យ និងជាឧបករណ៍​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​តម្រង់​ទិស និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​យានយន្ត​អគ្គិសនី​នៅ​ក​ម្ពុជា។ បើតាមអ្នកនាំ ពាក្យរូបនេះបានលើកឡើងទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សេរីភាព និងជម្រើសកាន់តែសំបូរបែប សម្រាប់ការប្រើប្រាស់យានយន្ត ដើម្បីសម្រួល​ការ​ធ្វើ​ដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ជាក់ស្តែង​អត្រា​នៃ​ការ​ប្រើប្រាស់​យានយន្ត​កើ​ន​យ៉ាង​ខ្លាំង ជាពិសេសរថយន្តអគ្គិសនីតែម្តង៕ អត្ថបទបាន ចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរនៅលើកោះ Santorini របស់ក្រិក នាំគ្នាមើលថ្ងៃលិច ស្របពេលរលកកម្តៅវាយប្រហារអឺរ៉ុប
06/24/2026 08:06 PM
ប្រតិបត្តិករផ្លូវរថភ្លើងអាល្លឺម៉ង់ បញ្ឈប់សេវាកម្មរបស់ខ្លួន ដោយសារភាពរអាក់រអួស ITទូទាំងប្រទេស
06/24/2026 08:06 PM
រដ្ឋមន្រ្តីកសិកម្មឥណ្ឌាអះអាងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់សម្រាប់បាតុភូតធម្មជាតិអែល នីញ៉ូ
06/24/2026 08:06 PM
ភ្លើងឆេះព្រៃ បានឆាបឆេះឆ្លងកាត់វាលស្រែស្រូវសាលី នៅតំបន់ជនបទ Qamishli ប្រទេសស៊ីរី
06/24/2026 08:06 PM
ក្រុមហ៊ុនអវកាស Katalyst ព្យាយាមសង្រ្គោះយានអវកាសរបស់អង្គការណាសាពីការឆេះ
06/24/2026 08:06 PM
ប្រតិបត្តិការទ្រង់ទ្រាយធំរបស់កូស្តារីកា ដើម្បីរុះរើបណ្តាញជួញដូរគ្រឿងញៀនខុសច្បាប់
06/24/2026 08:06 PM
លោក Trump ព្រមានថា ការចរចាជាមួយអ៊ីរ៉ង់នឹងបញ្ចប់ភ្លាម ប្រសិនបើមាន​ការ​យក​ថ្លៃពី​នាវា
06/24/2026 08:06 PM
សកម្មជន ៤នាក់របស់កងនាវាជំនួយហ្កាហ្សា ត្រូវបានដោះលែងចេញពីការឃុំឃាំងនៅប្រទេសលីប៊ី
06/24/2026 08:06 PM
បែលហ្ស៊ិកព្រមាន​ពីកម្ដៅ​ទូទាំងប្រទេស ខណៈប្រតិបត្តិករផ្លូវដែក លុប​ដំណើរការ​រថភ្លើង ១០០គ្រឿង​​ ក្នុង ១ថ្ងៃ
06/24/2026 08:06 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានថា អាមេរិកនឹងស្ថិត​ «លើផ្លូវប៉ះទង្គិច» ជាមួយទីក្រុង Tel Aviv ដោយសារ​កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/24/2026 08:06 PM