ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”

ព័ត៌មានជាតិ

អាជ្ញាធរមីន៖កម្ពុជាមិនបានដាក់មីនថ្មីទេ ខណៈតំបន់ព្រំដែនកម្ពុជា-ថៃមានការគំរាមកំហែងធ្ងន់ធ្ងរដោយសារមីនបន្សល់ពីជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍កន្លងមកហើយ

2026/02/26 06:58:42 pm        235
ភ្នំពេញ៖អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានគូសបញ្ជាក់ថា ការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតាមបណ្តោយព្រំដែនត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្ន មានភាពច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ។ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កម្ពុជា មិនបានដាក់មិនថ្មី ហើយជំហររបស់កម្ពុជាមិន មានការផ្លាស់ប្តូរ មានតម្លាភាព និងមានភាពច្បាស់លាស់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។អាជ្ញាធរមីនបានបន្តថា តំបន់ព្រំដែនកម្ពុជា-ថៃ មានការគំរាមកំហែងធ្ងន់ធ្ងរដោយសារមីន ដែលបន្សល់ពីជម្លោះប្រដាប់ អាវុធជាច្រើនទសវត្សរ៍កន្លងមក។ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានរកឃើញជាររឿយៗនៅក្នុង តំបន់នេះ ទាំងភាគីកម្ពុជា និងភាគីថៃ ហេតុនេះហើយ វាចាំបាច់បំផុតដែលភាគីទាំងពីរ ត្រូវបង្កើនកិច្ចសហ ប្រតិបត្តិការទ្វេភាគី ដើម្បីបោសសម្អាតមីន និងសំណល់ជាតិផ្ទុះទាំងនេះ។ក្នុងន័យនេះ ការរក្សាទុកភស្តុតាង ការស៊ើបអង្កេត ការធ្វើសេចក្តីសន្និដ្ឋានជាឯកតោភាគី និងការ បង្ហាញសេចក្តីសន្និដ្ឋានជាសាធារណៈដោយអាជ្ញាធរថៃ គឺជាសកម្មភាពឯកតោភាគីទាំងស្រុង ដែលទង្វើ នេះ មិនត្រូវបានចាត់ទុកថាជាការស្វែងរកការពិត ប្រកបដោយភាពស្មោះត្រង់នោះឡើយ។ បញ្ហាមីន គឺជាបញ្ហារសើប និងតម្រូវឱ្យមានការផ្ទៀងផ្ទាត់បច្ចេកទេសរួមគ្នា ដែលត្រូវធ្វើឡើងប្រកបដោយតម្លាភាព វិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការ។ការដោះស្រាយបញ្ហានេះ ត្រូវធ្វើឡើងតាមយន្តការដែលបានព្រមព្រៀងគ្នា សម្រាប់ការវាយតម្លៃ និងការផ្ទៀងផ្ទាត់បច្ចេកទេស។ កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការសហការប្រកបដោយស្ថាបនា និងតម្លាភាព ក្នុងការស្រាយបំភ្លឺ ដើម្បីសុវត្ថិភាពរបស់ជនស៊ីវិល និងសហគមន៍ក្នុងតំបន់ព្រំដែន។សកម្មភាពមីន មិនគួរត្រូវបានប្រើប្រាស់ដើម្បីបម្រើនយោបាយនោះឡើយ ព្រោះសកម្មភាពមីន គឺការជួយសង្គ្រោះជីវិត កាត់បន្ថយហានិភ័យមនុស្សធម៌ និងការលើកកម្ពស់សន្តិភាព និងការជឿទុកចិត្តគ្នា ទៅវិញទៅមក។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការសន្ទនា ផ្តល់កិច្ចសហប្រតិបត្តិការ និងបន្តកិច្ចខិតខំប្រឹងប្រែង រួមគ្នា ឆ្ពោះទៅសម្រេចបានព្រំដែនដែលមានសុវត្ថិភាព ស្ថិរភាព និងមានការខណ្ឌសីមាច្បាស់លាស់៕ អត្ថបទ ៖ វង្ស សុភាព

អង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន

2026/02/26 06:55:48 pm        259
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អង្គភាព CMAC បានទទួល ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបមួយគ្រឿងទៀតពីរដ្ឋាភិបាលជប៉ុន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាព CMAC។ ឯកឧត្តម ហេង រតនា បានថ្លែងថា សូមបានស្វាគមន៍គ្រឿងចក្រកម្ទេចមីនថ្មីទំនើប ដែលបានមកដល់ព្រះរាជាណាចក្រនេះ ដើម្បីចូលរួមកម្ទេចសំណល់សពខ្មាំងឈ្លានពាន(សំណល់យុទ្ធភណ្ឌសង្គ្រាម) នេះជាសម្ភារបច្ចេកទេសដើម្បីពង្រឹងសន្តិភាពមនុស្សជាតិពិតៗ។ ឯកឧត្តមបានឱ្យដឹងថា គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ប្រភេទ KOMATSU នេះ មានទម្ងន់ជាង ៤០ តោន ត្រូវបានប្រើប្រាស់ និងអភិវឌ្ឍន៍បច្ចេកទេសនៅកម្ពុជារវាងអង្គភាព CMAC និងក្រុមហ៊ុន KOMATSU នៅចុងទសវត្សឆ្នាំ១៩៩៨ និងបានដាក់ឱ្យដំណើការក្នុងអង្គភាព CMAC តាំងពីកំឡុងឆ្នាំ២០០៥មកម្លេះ។ឯកឧត្តមអគ្គនាយកអង្គភាព CMAC បានថ្លេងអំណរគុណជាថ្មីចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់នេះជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC ក្នុងការពន្លឿនល្បឿនការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌នៅកម្ពុជា ជាពិសេសសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន និងជាប្រយោជន៍ផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅភូមិឋាន និងប្រើប្រាស់ដីធ្លីក្នុងការកសាងជីវភាពជាថ្មីឡើងវិញ ប្រកបដោយសុខសុវត្ថិភាព និងកសាងជីវិតដោយសន្តិភាព៕

​ ចាប់ពីឆ្នាំ២០២២ដល់ពេលបច្ចុប្បន្នមានត្រីរាជ៥៨ក្បាលត្រូវបានបំពាក់ស្លាក និងលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញនៅក្នុងទន្លេមេគង្គប្រទេសកម្ពុជាដោយសុវត្ថិភាព

2026/02/26 06:41:20 pm        249
ភ្នំពេញ៖ចាប់ពីឆ្នាំ២០២២ រហូតដល់ពេលបច្ចុប្បន្ននេះ មានត្រីរាជ ចំនួន ៥៨ក្បាល ត្រូវបានបំពាក់ស្លាក និងលែង ចូលទៅក្នុងទីជម្រកធម្មជាតិវិញ ដោយសុវត្ថិភាព។ ជាការកត់សម្គាល់ ក្នុងចំណោមត្រីរាជ ទាំង ៥៨ក្បាលខាងលើងនេះ មានត្រីរាជចំនួន ១០ក្បាល ត្រូវបានបំពាក់ស្លាក និងលែង ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ។ នេះបើតាមរបាយការណ៍របស់ Wonders of the Mekong។ត្រីរាជ (Pangasianodon gigas) កំណប់ដ៏មានតម្លៃដែលមានតែនៅក្នុងទន្លេមេគង្គរបស់ប្រទេសកម្ពុជា។ ទន្លេមេគង្គ មានវត្តមានត្រីមួយប្រភេទ ដែលមានតែនៅក្នុងតំបន់ទន្លេមេគង្គនេះ ជាត្រីដែលបានបង្ហាញពីប្រវត្តិសាស្ត្រ និងមរតកធម្មជាតិ ដែលបច្ចុប្បន្ននេះ វានៅមានជីវិត និងកំពុងតែហែលលេងយ៉ាងស្ងប់ស្ងាត់ នោះគឺ «ត្រីរាជ» Mekong giant catfish( Pangasianodon gigas)។ត្រីរាជ មិនមែនត្រឹមតែជាត្រីដែលមានទំហំខ្លួនធំមហិមា ដែលនៅរស់លើភពផែនដីនេះនោះទេ វាក៏ជានិមិត្តរូបនៃប្រភេទត្រីដែលពុំមានរស់នៅក្នុងតំបន់ដទៃទៀត នៅលើពិភពលោកផងដែរ។ ត្រីរាជ ជាប្រភេទត្រីយក្ស វាបានបង្ហាញពីកេរដំណែលនៃអេកូឡូស៊ី វប្បធម៌ដ៏គួរឱ្យស្ញប់ស្ញែង ធម្មជាតិដ៏ស្រស់បំប្រង និងសុខភាពរបស់ទន្លេមេគង្គផងដែរ។ជាច្រើនទស្សវត្សមកហើយត្រីរាជ បានធ្វើចរាចរពីទន្លេមេគង្គ ទៅបឹងទន្លេសាប ដែលជាបេះដូងនៃប្រទេសកម្ពុជា ក្នុងរដូវវាស្សា ដើម្បីរកចំណី និងធំលូតលាស់។ ក្នុងនោះ ក៏មានត្រីរាជខ្លះ បានធ្វើចរាចរចុះទៅតំបន់វាលទំនាបលិចទឹក នៃតំបន់ដីសណ្តរមេគង្គ ក្នុងខេត្តព្រៃវែងផងដែរ។ដោយសារវាអាចធំលូតលាស់ដល់ប្រវែង៣ម៉ែត្រ និងទម្ងន់ដល់ទៅ៣៥០គីឡូក្រាមឯណោះ ដូច្នេះ យើងអាចចាត់ទុកថា ត្រីរាជ ពិតជាស័ក្តសមនឹងងារជា «ត្រីយក្ស» យ៉ាងពិតប្រាកដ។ ខ្លួនរបស់វាមានសម្បុរសបែបទឹកប្រាក់នៅផ្នែកពោះ និងសម្បុរប្រផេះ នៅតាមបណ្តោយដងខ្លួនខាងលើ ចាប់ពីក្បាលដល់កន្ទុយ។ ត្រីរាជ មានដងខ្លួនទន់រលោង មិនមានឆ្នូត ចរឹតស្លូតបូត តែពោរពេញទៅដោយកម្លាំង និងអំណាច។ ដ្បិតតែត្រីរាជ មានមាឌដ៏ធំសម្បើម តែវាមិនបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វ និងត្រីដទៃឯទៀតឡើយ។ ពេលនៅតូច ត្រីរាជ ពុំមានព្រុយពុកមាត់ និងមានធ្មេញតូចៗ។ ប៉ុន្តែពេលវាធំឡើង ព្រុយពុកមាត់ និងឆ្នូត ក៏ចាប់ផ្តើមរលុបបាត់អស់ នៅពេលវាមានប្រវែងដល់៣០ ទៅ៥០សង់ទីម៉ែត្រ។ ពេលនៅតូច ភ្នែកត្រីរាជ ស្ថិតនៅតាមបណ្តោយរង្វះមាត់។ ពេលធំពេញវ័យ ភ្នែករបស់វាធ្លាក់មកនៅក្រោមរង្វះមាត់។ កូនត្រីរាជ និងកូនត្រីប្រា មានលក្ខណៈស្រដៀងគ្នា ដែលជាហេតុធ្វើឱ្យមានការច្រឡំ និងត្រូវចាប់វាយកទៅលក់លាយឡំនឹងត្រីប្រា។ ត្រីរាជ រស់នៅក្នុងទន្លេធម្មជាតិ ហើយក៏អាចរស់នៅក្នុងស្រះចិញ្ចឹមត្រីបានផងដែរ។ មិនដូចជាត្រីប្រម៉ាញ់ឯទៀត ត្រីរាជស៊ីពពួកស្លែ ប្លង់តុង វារីជាតិ និងមមោកនៅបាតទន្លេធម្មជាតិ តែបើនៅក្នុងស្រះចិញ្ចឹមត្រី វាស៊ីកាកសំណល់ដែលសល់ពីត្រីផ្សេងៗ ។ ត្រីរាជ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងទន្លេមេគង្គ។ ទោះយ៉ាងណា ជីវិតត្រីរាជ នៅតែជាអាថ៌កំបាំង។ អ្នកស្រាវជ្រាវបានខិតខំស្វែងយល់អំពីដំណើរនៃការបង្កកំណើត ផ្លូវធ្វើចរាចរផ្លាស់ទី និងចំនួនប្រជាកររបស់ពួកវាផងដែរនៅផ្នែកខាងក្រោមខ្សែទឹកទន្លេមេគង្គ។តាមការកត់ត្រារបស់អ្នកស្រាវជ្រាវវិទ្យាសាស្ត្របានអះអាងថា កាលពីអតីតកាលត្រីរាជ ជាប្រភេទត្រីធ្វើចរាចរណ៍ផ្លូវឆ្ងាយ ដែលអាចលាតសន្ធឹងរហូតដល់ជាង ៤០០០គីឡូម៉ែត្រ ពាសពេញដងទន្លេមេគង្គ ចាប់ពីខេត្តយូណាន ប្រទេសចិន ទៅដល់តំបន់ដីសណ្តមេគង្គ ក្នុងប្រទេសវៀតណាម។ នាពេលបច្ចុប្បន្ននេះ ដោយសារបាត់បង់ទីជម្រក ការនេសាទហួសកម្រិត ដូច្នេះ វាមិនអាចរស់នៅពាសពេញ ឬធ្វើចរាចរផ្លាស់ទីដោយសេរី ពាសពេញដែនទឹកទន្លេមេគង្គ ដូចមុនទៀតឡើយ។ ចំនួនត្រីរាជ បានធ្លាក់ចុះយ៉ាងគំហុក។ យោងតាមរបាយការណ៍វាយតម្លៃអំពីស្ថានភាពត្រីរាជ ដោយលោកបណ្ឌិត ហ្សេប ហូហ្គេន ក្នុងឆ្នាំ២០១១ បញ្ជាក់ថា ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩៤ ត្រីរាជ ស្ថិតនៅក្នុងកម្រិតងាយរងគ្រោះ។ រហូតដល់ឆ្នាំ១៩៩៦ ត្រីរាជបានឈានដល់កម្រិតកំពុងរងគ្រោះ។ ចាប់ពីឆ្នាំ២០០៣ ដល់ពេលបច្ចុប្បន្ន ត្រីរាជ បានឈានមួយកម្រិតគួរឱ្យព្រួយបារម្ភទៀត គឺដល់ជាប្រភេទរងគ្រោះជិតផុតពូជ ក្នុងបញ្ជីក្រហម របស់អង្គការអាយូស៊ីអិន។ ការជួញដូរជាលក្ខណៈពាណិជ្ជកម្ម ត្រូវបានហាមឃាត់ទាំងស្រុង ក្រោមសន្ធិសញ្ញា «សាយតេស» ក្រោយឧបសម្ព័ន្ធ១ និងត្រូវបានចុះបញ្ជីក្រោមកិច្ចការការពារប្រភេទត្រីធ្វើចរាចរផ្លាស់ទី ក្រោមអនុសញ្ញាប្រភេទសត្វទេសន្តរប្រវេសន៍។ យោងតាមស្មារតីថែរក្សាការពារប្រភេទផលចាប់ និងផលិតផលជលផល កំពុងរងគ្រោះថ្នាក់ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ប្រភេទត្រីរាជ ក្នុងចំណោមប្រភេទធនធានជលផលទឹកសាបទាំង ២៩ប្រភេទ សម្រាប់ទទួលការពារក្រោមអនុក្រឹតលេខ១២៣ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩។ការថយចុះនៃចំនួនប្រជាករត្រីរាជ នៅក្នុងធម្មជាតិ បានក្លាយជាក្តីបារម្ភមួយ។ ខណៈពេលដែលយើងការពារត្រីរាជ ប្រៀបដូចជាយើងការពារប្រព័ន្ធអេកូឡូស៊ីទន្លេ សន្តិសុខស្បៀង និងកេរដំណែលវប្បធម៌ «ជំនឿ» ផងដែរ។គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ធ្វើការងារជាដៃគូជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល មន្ត្រីមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងប្រជានេសាទ បានខិតខំំធ្វើសេចក្តីរាយការណ៍ ការឆ្លើយតបរហ័ស ការបំពាក់ស្លាក និងលែង ដើម្បីចូលរួមការពារត្រីរាជ ដែលកំពុងរស់នៅក្នុងដែនទឹកក្នុងប្រទេសកម្ពុជា។ យោងតាមកំណត់ត្រានៃកិច្ចខិតខំប្រឹងប្រែងសហការគ្នា ចាប់ពីឆ្នាំ២០២២ រហូតដល់ពេលបច្ចុប្បន្ននេះ មានត្រីរាជ ចំនួន ៥៨ក្បាល ត្រូវបានបំពាក់ស្លាក និងលែង ចូលទៅក្នុងទីជម្រកធម្មជាតិវិញ ដោយសុវត្ថិភាព។ ជាការកត់សម្គាល់ ក្នុងចំណោមត្រីរាជ ទាំង ៥៨ក្បាលខាងលើងនេះ មានត្រីរាជចំនួន ១០ក្បាល ត្រូវបានបំពាក់ស្លាក និងលែង ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ។ ការលែងត្រីរាជ មួយក្បាលៗ ចូលក្នុងធម្មជាតិវិញ វាលើសពីការទទួលបាននូវសមិទ្ធិផលបែបវិទ្យាសាស្ត្រ។ វាជាសកម្មភាពនៃមោទកភាពជាតិ ការទទួលពរជ័យ និងសាមគ្គីភាព។ វាបង្ហាញឱ្យឃើញថា អ្នកនេសាទកម្ពុជា អ្នកស្រាវជ្រាវ មន្ត្រីជំនាញ និងសហគមន៍ បានខិតខំប្រឹងប្រែងធ្វើការងារជាមួយគ្នា ដើម្បីការពារត្រីរាជ។ វាមិនគ្រាន់តែជាត្រីរាជ ប៉ុណ្ណោះទេ ប៉ុន្តែវាជានិមិត្តរូបមានជីវិត ដែលកំពុងបន្តរស់នៅក្នុងទន្លេមេគង្គកម្ពុជា កំពុងហែលជាមួយហ្វូងត្រីតូច-ធំដទៃទៀត។ វាក៏បានជួយក្រើនរំលឹកយើងផងដែរ ឱ្យមានការទទួលខុសត្រូវខ្ពស់ ក្នុងការការពារទន្លេរបស់យើង ស្បៀងអាហាររបស់យើង វប្បធម៌ និងការចែករម្លែកចំណេះដឹងពីអ្នកជំនាន់មុន ទៅកាន់អ្នកជំនាន់ក្រោយ៕

ត្រឹមចុងខែនេះ ការសាងសង់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ សម្រេចបាន ៦០,៦៦%

2026/02/26 06:37:19 pm        211
ព្រះសីហនុ៖ ត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៦នេះ ការសាងសង់ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ សម្រេចបាន ៦០,៦៦% នៃផែនការគ្រោងទុក។ នេះបើតាមរបាយការណ៍កិច្ចប្រជុំប្រចាំខែ កុម្ភៈ ឆ្នាំ ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ នោថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ លោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ ក.ស.ស បានបើកកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation និងក្រុមហ៊ុនទីប្រឹក្សាគម្រោង Nippon Koei & Oriental Consultant Global JV។ របាយការណ៍កិច្ចប្រជុំបញ្ជាក់ថា៖«រហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៦នេះ វឌ្ឍនភាពការងារសាងសង់សម្រេចបាន ៦០,៦៦% នៃផែនការគ្រោងទុក»៕

ស្នងការរាជធានីព្រមានឧក្រិដ្ឋជនបរទេសទាំងឡាយឱ្យដកខ្លួនចេញ ខណៈភ្នំពេញពុំមែនជាទីសុវត្ថិភាពសម្រាប់មកបង្កើត Scams Online របស់ពួកគេនោះទេ​

2026/02/26 06:32:37 pm        378
រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានព្រមានជាជំហរទៅកាន់បណ្តាឧក្រិដ្ឋជនជាជនបរទេសពាក់ព័ន្ធទាំងឡាយថា ភ្នំពេញពុំមែនជាទីសុវត្ថិភាពសម្រាប់ពួកគេនាំគ្នាមកជ្រកកោន ដើម្បីប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) នោះឡើយ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯកស្នងការ បានបញ្ជាក់ថា ៖ បច្ចុប្បន្ន កម្លាំងនគរបាលជំនាញពាក់ព័ន្ធក្រោមឱវាទរបស់លោក តែងតែបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកអនឡាញនេះ ដោយសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់ មិនបណ្តែតបណ្តោយឲ្យក្រុមជនល្មើសនៅសុខស្រួលឡើយ ។ លោកឧត្តមសេនីយ៍ឯក សង្កត់ធ្ងន់ថា ៖ រាជធានីភ្នំពេញ ជាប្រទេសបេះដូង នៃប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងឋិតក្នុងដំបូលនៃសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតវៀងវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាជាតិ ដូច្នោះក្នុងនាមកងកម្លាំងនគរបាលជាតិកម្ពុជា លោកឧត្តមសេនីយ៍ស្នងការផ្តាំក្រុមជនល្មើសឲ្យហើយថា ភ្នំពេញមិនមែនជាធុងសម្រាមសម្រាប់ពួកគេរត់មកជ្រោកនោះឡើយ ។ សារដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងក្នុងគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱសានវាទក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យបានស្អាត ត្រឹមដំណាច់ចុងខែកុម្ភៈ ឆ្នាំ២០២៦នេះ ខណៈក្រសួងមហាផ្ទៃ ក៏បានដាក់បន្ទាត់ក្រហមត្រឹមពាក់កណ្តាកខែមិនា ឆ្នាំ២០២៦ខាងមុខនេះ ។ គួររំលឹកថា ៖ កាលពីពេលកន្លង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃ នៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ ៕ លីហេង

គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន កំណត់ការងារ៦ចំណុច ក្នុងការសហការ ជំរុញ និងលើកកម្ពស់ការអនុវត្តការងារចំពោះមុខ ក្នុងក្របខ័ណ្ឌអគ្គលេខាធិការដ្ឋានក្រសួង ស្ថាប័ន

2026/02/26 06:27:52 pm        107
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ បានធ្វើបទបង្ហាញអំពីរបាយការណ៍កិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហការ និងការអនុវត្តមុខងារគាំទ្ររបស់អគ្គលេខាធិការដ្ឋានក្រសួង ស្ថាប័ន។ ឯកឧត្តមអគ្គលេខាធិការ បានស្នើជូនទៅកិច្ចប្រជុំនូវផែនការសកម្មភាពចំនួន ៦ចំណុចសំខាន់ៗរួមមាន៖ (១)ជំរុញដល់ការរៀបចំរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការតែងតាំងមន្រ្តីទៅក្នុងរចនាសម្ព័ន្ធថ្មីឱ្យបានឆាប់រហ័ស (២)ជំរុញដល់ការរៀបចំប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពចំណុះក្រសួង ស្ថាប័ន (៣)ការរៀបចំ ការពិពណ៌នាមុខតំណែងវិជ្ជាជីវៈក្នុងអគ្គលេខាធិការដ្ឋាន និងអង្គភាពជំនាញនានាចំណុះក្រសួង ស្ថាប័ន (៤)ការកំណត់របៀបរបបការងារ និងការបែងចែកតួនាទីភារកិច្ចដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរបស់អង្គភាពកម្រិតអគ្គលេខាធិការរង/អគ្គនាយករង និងអនុប្រធាននាយកដ្ឋាន (៥)ជំរុញដល់ការចូលរួមអនុវត្តគម្រោងលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ (៦)ការគាំទ្រ និងការចូលរួមអនុវត្តការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការ។ក្រោយបានស្តាប់បទបង្ហាញ សមាជិក សមាជិកានៃគណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ បានគាំទ្រ និងបានឯកភាពទទួលយកនូវការងារទាំង៦ចំណុច ដោយក្នុងនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា “ពិតណាស់យើងមានផែនការអនុវត្តជាមួយគ្នា ប៉ុន្តែការអនុវត្តជាក់ស្តែងគឺត្រូវសម្របជាមួយនឹងស្ថានការណ៍ដែលយើងកំពុងតែជួបប្រទះជាប្រចាំ។

AmCham ៖ វិនិយោគិនអាមេរិកមនៅកម្ពុជា មិនរងផលប៉ះពាល់ពីសកម្មភាពឆបោកតាមអនឡាញនោះទេ

2026/02/26 06:21:29 pm        78
លោក ខេស៊ី បាណេត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា(AmCham) បានលើកឡើងថា វិនិយោគិនអាមេរិកដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាគឺមិនរងផលប៉ះពាល់ពីសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នោះទេ។ ទោះបីយ៉ាងណា លោកថា ពលរដ្ឋអាមេរិកកាំងជាច្រើនបានក្លាយជាជនរងគ្រោះដោយសារអំពើឆបោកតាមអនឡាញនៅជុំវិញពិភពលោក។ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ BTV នៅថ្ងៃទី ២៦ កុម្ភៈនេះ លោក ខេស៊ី បាណេត បានបញ្ជាក់ថា សម្រាប់ការឆបោកតាមអនឡាញ វាមិនសូវមានផលប៉ះពាល់ដល់វិនិយោគិនមកពីអាមេរិនោះទេ ប៉ុន្តែប្រជាពលរដ្ឋអាមេរិកកាំងជាច្រើនបានក្លាយជាជនរងគ្រោះពីសកម្មភាពឆបោកតាមអនឡាញនៅជុំវិញពិភពលោក។ លោកកត់សម្គាល់ថា ការបង្រ្កាបអំពើឆបោកតាមអនឡាញនៅកម្ពុជានាពេលនេះគឺជាជោគជ័យមួយសម្រាប់រដ្ឋាភិបាល ដោយ លោកសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងខិតខំបន្ថែមទៀតក្នុងការបោសសម្អាតអំពើឆបោកតាមអនឡាញឱ្យអស់ ១០០% បើមិនដូច្នេះទេ ប្រទេសកម្ពុជានៅតែប្រឈមនឹងការតម្លើងពន្ធបដិការរបស់អាមេរិកនាពេលអនាគត។ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ជាថ្មីថា «រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងជាមួយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam ដោយចាត់បណ្តាញឆបោកនេះជា «សេដ្ឋកិច្ចខ្មៅ» កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់កម្ពុជា»។សូមបញ្ជាក់ថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ ដើមឆ្នាំ២០២៦នេះ សមត្ថកិច្ចចម្រុះបានបង្ក្រាបការឆបោកអនឡាញចំនួន ២០០ករណី ដែលរកឃើញទីតាំងពាក់ព័ន្ធសរុប ២.៥០០ កន្លែង។ នេះបើតាមរបាយការណ៍ពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ អត្ថបទ៖ ធូ វិរៈ

AmCham ៖ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិក កំពុងរីកចម្រើនល្អ

2026/02/26 06:17:07 pm        138
ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham) បានមើលឃើញថា ទំនាក់ទនពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក បាននិងកំពុងដំណើរការយ៉ាងល្អតាមរយៈការដោះដូរទំនិញរវាងប្រទេសទាំងពីរ ដែលបង្ហាញពីកំណើនខ្ពស់គួរឱ្យកត់សម្គាល់ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ហើយនិន្នាការនេះនឹងបន្តមានកំណើនជាវិជ្ជមានក្នុងឆ្នាំ២០២៦នេះ។ លោក ខេស៊ី បាណេត (Casey Barnett ) ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា(AmCham) បានប្រាប់ BTV នាថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ២០២៦ថា ក្នុងឆ្នាំនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក បានដំណើរការយ៉ាងរលូន ពោលគឺ ផលិតផលអាមេរិកបាននាំចូលមកប្រទេសកម្ពុជាកើនឡើងជាង ៥០ភាគរយ ចាប់ពីបណ្តាក់កណ្តាលឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៥។ កំណើននេះ កើនឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចអនុគ្រោះពន្ធសូន្យភាគរយសម្រាប់ មុខទំនិញដែលមានមូលដ្ឋានផលិតនៅសហរដ្ឋអាមេរិកនាំចូលមកប្រទេសកម្ពុជា។នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងពន្ធបដិការវាងកម្ពុជា-អាមេរិក។សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក សម្រេចបាន ១៣,១៤ ពាន់លានដុល្លារ កើនឡើង ២៩,២៤ភាគរយ បៀបនឹងឆ្នាំ ២០២៤។ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រេចបាន ១២,៧៣ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៨, ៣៤ភាគរយ ខណៈកម្ពុជានាំចូលទំនិញមកវិញក្នុងទំហំទឹកប្រាក់ជាង ៤១៧លានដុល្លារអាម៉េរិក កើនឡើង ៥៧,៨៣%។ មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា ផលិតផលសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ រួមមាន រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕អត្ថបទ៖ ធូ វិរៈ

ជប៉ុនផ្តល់ថវិកាជាង ៣០ ម៉ឺនដុល្លារអាមេរិកសម្រាប់ការស្ដារតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការសាងសង់អគារសាលាបឋមសិក្សានៅខេត្តស្វាយរៀង និងខេត្តស្ទឹងត្រែង

2026/02/26 06:06:33 pm        144
រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៣០៧,៧២០ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ (គូសាណូណ៌)។ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយ ចំនួនពីរសម្រាប់អនុវត្តគម្រោងដូចតទៅ។១. គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិចំនួន៩ ក្នុងឃុំកណ្តៀងរាយ ខេត្តស្វាយរៀង (ថវិកាចំនួន ១៣៤,៩៦៩ ដុល្លារអាមេរិក)ស្ថាប័នទទួលជំនួយ៖ រដ្ឋាករទឹកខេត្តស្វាយរៀង ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវបានតម្លើងនៅស្រុកស្វាយទាប ខេត្តស្វាយរៀង។ បច្ចុប្បន្ន ប្រជាជនភាគច្រើនដែលរស់នៅក្នុងតំបន់នេះ មានភាពលំបាកក្នុងការទទួលបានទឹកដែលមានសុវត្ថិ ភាពសម្រាប់ទទួលទាន និងកំពុងប្រឈមនឹងហានិភ័យសុខភាព ដោយសារកង្វះការផ្គត់ផ្គង់ទឹកស្អាតនៅក្នុង ឃុំ។ តាមរយៈគម្រោងនេះ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ប្រជាជនជាង ១២,០០០នាក់ នឹងទទួលបានទឹក ស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាព របស់ពួកគេ។២. គម្រោងសាងសង់អគារសាលាបឋមសិក្សាសម្ដេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង (ថវិកាចំនួន ១៧២,៧៥១ ដុល្លារអាមេរិក)ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែងក្នុងគម្រោងនេះ អគារសិក្សា១ខ្នង ៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម និងបង្គន់អនាម័យ១ខ្នង ៥ បន្ទប់ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាសម្ដេចក្រុមព្រះ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន សិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាឈើ និងគ្រឿងសង្ហារឹមធ្វើ អំពីឈើ មានសភាពទ្រុឌទ្រោម។ ហើយបរិស្ថាននៅទីនោះមិនសូវមានអនាម័យទេ ដោយសារកង្វះខាតនូវ ចំនួនបង្គន់អនាម័យ។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុក ភាពជាងមុន ហើយយើងរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ៥៨០នាក់ និងគ្រូ បង្រៀនចំនួន ២០នាក់។គម្រោងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥត សំណងគូសាណូណ៌ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាព អកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ ដូចជាលើកកម្ពស់ភាពមានម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៧២លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បី អនុវត្ត គម្រោងគូសាណូណិជាង ៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

ក្រសួងបរិស្ថានព្រលែងកូនក្តាមថ្មជាង៨ពាន់ក្បាល ទៅក្នុងធម្មជាតិ ដើម្បីជួយពង្រឹងប្រព័ន្ធអេកូស៊ី និងលើកកម្ពស់ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ

2026/02/26 06:01:17 pm        169
ក្រសួងបរិស្ថាន តាមរយៈគម្រោងបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានព្រលែងកូនក្តាមថ្ម៤០០គីឡូក្រាម ស្មើនឹចំនួនកូនក្តាមចំនួនប្រមាណ៨០០០ក្បាល ចូលទៅក្នុងធម្មជាតិ ក្នុងសហគមន៍តំបន់ការធម្មជាតិ ពាមក្រសោប និងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីស្តារធនធានជលផល ពង្រឹងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរកម្ពុជា និងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ។ល៩ក ស៊ុយ ធា ប្រធាននាយកដ្ឋានអភិរក្សនិងតំបន់ឆ្នេរនិងសមុទ្រ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានឱ្យដឹងថា សកម្មភាពប្រលែងក្តាមថ្មនាថ្ងៃនេះ ក្នុងគោលបំណង បង្កើនធនធានក្តាមថ្ម នៅក្នុងតំបន់សមុទ្រ និងក៍ដូចជា ការអប់រំណែនាំ ដល់បងប្អូនសហគមន៍ ចូលរួមថែរក្សាការពារធម្មជាតិដូចជា ព្រៃកោងកាង និងជនធានជីវៈចម្រុះនៅក្នុងព្រៃកោងកាង នៅក្នុងតំបន់ការពារធម្មជាតិ ឱ្យមានភាពល្អប្រសើរ និងជាកន្លែងស្តុកធនធានសមុទ្រ បង្កើនការចូលរួមការពារធនធានសមុទ្រក៍ដូចជាធនធាន   ជីវចម្រុះនៅក្នុងតំបន់ព្រៃកោងកាង និងការដកហូតធនធានសមុទ្រប្រកបដោយចីរភាព។ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងឱ្យដឹងថា ការអភិរក្សធនធានធម្មជាតិមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ី និងផ្តល់ចំណូលសេដ្ឋកិច្ចក្មូលដ្ឋានរបស់ប្រជាពលរដ្ឋ ទើបមានការលែងក្តាមទាំងនេះចូលទៅព្រៃកោងកាង ដែលជាជម្រករបស់ពួកវា។ ឯកឧត្តម ក៏ស្នើដល់ប្រជាពរដ្ឋចូលរួមការពារអភិរក្សធនធានជលផលដែលកំពុងមានបន្ថែមទៀតទៅអនាគត ចៀសវាងការនេសាទខុសច្បាប់ហាមឃាត់ក្នុងតំបន់ការពារធម្មជាតិ។ឯកឧត្តម ខ្វៃ អាទិត្យា បានបន្តថា ក្រៅពីលែងក្តាមពូជទាំងអស់នេះហើយ សូមប្រជាសហគមន៍បន្តដាំស្តារព្រៃកោងកាងបន្ថែមទៀត ដើម្បីបង្កើនគម្របព្រៃបៃតងកាន់តែច្រើន។ ក្រសួង និងមន្ទីរបរិស្ថានរាជធានីខេត្ត បានបណ្តុះកូនឈើជាច្រើនលានដើមចែកជូនដល់មហាជន យកទៅដាំដុះនៅតាផ្ទះ វត្តអារាម ឬទីសាធារណៈ និងដាំស្តារព្រៃសហគមន៍។ នៅឆ្នាំ២០២៦ ក្រសួងបរិស្ថានគ្រោងចែកកូនឈើ៥លានដើមបន្ថែមទៀត។បើតាមឯកឧត្តម ខ្វៃ អាទិត្យា ការពង្រឹងអភិរក្សធនធានធម្មជាតិនេះ មិនត្រឹមតែយន្តការបន្សាំនឹងការប្រែប្រួលអាកាសធាតុនោះ ពោលគឺវាជួយបង្កើនចំនួនធនធានជលផល និងទាក់ទាញអ្នកទេសចរណ៍ ដែលជួយអភិវឌ្ឍន៍ជីវភាពប្រជាជនផងដែរ។លោក អន សុធារិទ្ធិ អភិបាលរងខេត្តកោះកុង ចាត់ទុកការលែងកូនក្តាម និងពូជក្តាមថ្មនៅតំបន់សហគមន៍អេកូទេសចរណ៍ព្រៃកោងកាងពាមក្រសោប និងតំបន់ការពារធនធានធម្មជាតិបឹងកាឆាងនេះ ជាការធានាសន្តិសុខស្បៀងអាហារទៅថ្ងៃមុខ ក៏ដូចជាជួយលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋតាមតំបន់ឆ្នេរ និងបន្សាំការប្រែប្រួលអាកាសធាតុផងដែរ។លោកអភិបាលរងខេត្តកោះកុង ខេត្តក៏មានវារីប្បកម្មចិញឹម ក្តាមថ្ម ក្តាមសេះ និងត្រី សំដៅដល់មិនរំពឹងលើការនេសាទបែបធម្មជាតិនោះឡើយ។ គួរកត់សម្គាល់ថា ក្ដាមក៏ដូចជាធនធានជលផលសមុទ្រជាច្រើនប្រភេទ កំពុងរងគ្រោះពីការនេសាទ និងថយចុះគួរឱ្យព្រួយបារម្ភ។ ដូច្នេះ ការលែងកូនក្ដាមថ្មនៅពេលនេះ គឺជួយបង្កើនធនធានក្ដាមឱ្យមានកាន់តែច្រើន តាមរយៈការលែងចូលក្នុងសមុទ្រ ព្រៃកោងកាង និងសហគមន៍មូលដ្ឋាននានា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM