ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
កម្ពុជា និង CAPRED ពិភាក្សាការរៀបចំយន្តការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា
AFD បន្តជួយសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ
សារមនី្ទរទួលស្លែងនឹងប្រារព្ធខួប១ឆ្នាំការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជា នាថ្ងៃទី១១ ខែកក្កដានេះ

ព័ត៌មានជាតិ

កិច្ចប្រជុំព្រឹទ្ធសភាព្រឹកនេះ បានសម្រេចឯកភាព និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ៣

2024/11/13 03:53:42 pm        413
នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បាន​បន្ត​សម័យ​ប្រជុំលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៦រូប។ អង្គ​ប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៣ រួមមាន៖របៀបវារៈទី១៖ ពិនិត្យ ហើយ​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោល កិច្ចព្រមព្រៀង ស្តីពីការជំរុញ និង​សម្រួល​ពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ឆ្លងតាមការពិនិត្យសិក្សាទៅលើទិដ្ឋភាពជារួមនៃសេចក្តីព្រាងច្បាប់នេះ និងការពិចារណាគ្រប់ ជ្រុងជ្រោយ ទាក់ទងនឹងតម្រូវការ និងគោលបំណងដើម្បីបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់កម្ពុជា ដែល​បាន​ដក​ខ្លួន​ចេញ​ពីអនុស្សរណៈ ក៏ដូចជាការធ្វើឱ្យបាត់បង់​សុពលភាព នៃ​កិច្ច​ព្រម​ព្រៀងស្តី​ពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ព្រឹទ្ធ​សភា​បាន​ស្ទើរដ្ឋសភា កែសម្រួល ចំណងជើង និងខ្លឹមសារមាត្រា១ មាត្រា២ និងមាត្រា៣ នៃសេចក្តី​ព្រាង​ច្បាប់​នេះ។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៤មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជា​ណា​ចក្រ​កម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៩ សំឡេង នៃចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។ ក្រោយ​ពីសមាជិកព្រឹទ្ធសភាចំនួន២រូបបានឡើងមានយោបល់រួចមកលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់ដែលស្នើកែសម្រួលខាងលើនេះ អង្គប្រជុំព្រឹទ្ធសភា​បាន​អនុម័ត​ដោយ​មាន​សំឡេង​គាំទ្រ​ចំនួន ៥៦សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ដោយចាត់ទុកជាការ​ប្រញាប់​។របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម ឱ្យ​ព្រះរាជា​ណា​ចក្រកម្ពុជា ចូលជាភាគី នៃកិច្ចព្រមព្រៀង ស្តីពីការទទួល យកបទប្បញ្ញត្តិ​បច្ចេក​ទេស​រួម នៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ដែលអាចបំពាក់ និង/ឬ​ប្រើប្រាស់នៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃ​ការ​ផ្តល់​អនុលោម- ភាពដោយឈរលើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។សេចក្តី​ព្រាងច្បាប់នេះតាក់តែងឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា​អនុម័ត​យល់​ព្រមជាលើកដំបូងចំនួន ៩៩ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាល​ពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។ ក្រោយ​ពី​សមាជិក​ព្រឹទ្ធសភា​ចំនួន ៣រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយបំភ្លឺជូនអង្គប្រជុំ ព្រឹទ្ធសភា។ អង្គ​ប្រជុំ​ព្រឹទ្ធ​សភា​បាន​ពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូល​ដោយ​ឥត​កែ​ប្រែ​ចំនួន ៥៦ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។របៀបវារៈទី៣៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកខ្វក់ ។ សេចក្តី​ព្រាង​ច្បាប់​នេះ រៀបចំឡើងក្នុងគោលបំណងគ្រប់គ្រងការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការ​ថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យ ប្រសើរ​ឡើង​នូវ​សុខមាលភាពសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។សេចក្តី​ព្រាងច្បាប់នេះតាក់តែងឡើងមាន ១៦ជំពូក និង១១៣មាត្រា ត្រូវបានរដ្ឋសភា នៃ ព្រះ​រា​ជា​ណា​ចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។ ក្រោ​យ​ពីសមាជិកព្រឹទ្ធសភាចំនួន២រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយ​បំភ្លឺ​ជូន​អង្គ​ប្រជុំ​ព្រឹទ្ធសភា។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូល​ដោយ​ឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

កម្ពុជា-អូស្រ្តាលី ឯកភាពគ្នាបន្ដពង្រឹងផ្លាស់ប្ដូរព័ត៌មានសន្ដិសុខ ដើម្បីឆ្លើយតបទាន់ពេលជាមួយ​ស្ថានភាពសកល

2024/11/13 03:34:23 pm        494
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយកិច្ច​ជំនួប​នោះ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ផ្លាស់​ប្តូរ​ព័ត៌មាន ដើម្បី ធ្វើយ៉ាងណាឆ្លើយតបឲ្យបានទាន់ពេលវេលាជាមួយស្ថានភាពសកល និង​ការ​ទប់​ស្កាត់ការរត់ពន្ធគ្រឿងញៀនជាដើម។នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើក​ឡើង​អំពី​ស្ថានភាព​សកល​ដែល​មាន​ភាព​ផុយ​ស្រួយ ដូចពេលបច្ចុប្បន្ននេះ ដែលទាមទារឲ្យកម្ពុជា-អូស្ដ្រាលី ត្រូវបន្ដសហការ​គ្នា​ក្នុង​ការ​ផ្លាស់​ប្ដូរព័ត៌មាន ពិសេសការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការងារសន្ដិសុខ ដើម្បី​ធ្វើ​យ៉ាង​ណា​ឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងស្ថានភាពសកលទាំងនោះ។ ក្នុងកិច្ចជំនួប​នោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានស្វាគមន៍​ចំពោះវ​ត្ត​មាន​លោ​ក​ឯកអគ្គរដ្ឋទូតអូស្ដ្រាលី ដោយលើកឡើងអំពីទំនាក់ទំនងការទូតទ្វេរភាគី ដែលមាន​រយៈ​ពេល​៧២​ឆ្នាំមកហើយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា ការកសាងប្រទេសកម្ពុជា គឺ​តែង​តែ​មានការចូលរួមពីអូស្ដ្រាលីជានិច្ច ពោលតាំងពីឆ្នាំ១៩៩៣ ដែលកាលនោះ​មាន​មេ​បញ្ជាការ​សម័យ​អ៊ុនតាក់ ជាជនជាតិអូស្ដ្រាលីផងដែរ។ ជាក់ស្ដែង អូស្ដ្រាលីបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់កម្ពុជា ដែលក្នុងនោះរួមមាន វិស័យអប់រំ ការដោះមីន យោធា សន្ដិសុខ ពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងការសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានបង្ហាញនូវក្ដីរំពឹងថា រដ្ឋាភិបាលអូស្ដ្រាលី នឹង​បន្ដ​ជួយ​ដល់​កម្ពុជា លើការងារសំខាន់ៗបន្ថែមទៀត ពិសេសការជំរុញវិនិយោគិនអូស្ដ្រាលីមកកម្ពុជា, ការ​បង្កើនទេសចរណ៍ និងការផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ព្រោះកម្ពុជា​តែង​តែ​ចាត់​ទុក​អូស្ដ្រាលី ជាទិសដៅទេសចរណ៍ដ៏សំខាន់ និងជាកន្លែងដែលផ្ដល់នូវការអប់រំដ៏ល្អប្រសើរ និង​បរិយាកាសរស់នៅប្រកបដោយសុខសុវត្ថិភាព ការគោរពសិទ្ធិគ្នាទៅវិញទៅមក។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូតអូស្ដ្រាលី បានបង្ហាញ​នូវ​មោទនភាព​ដែល​អូស្ដ្រាលី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងកម្ពុជាតាំងពីអតីតកាល រហូត​មក​ដល់​សព​ថ្ងៃ ដោយក្នុងនោះអូស្ដ្រាលីបានបង្ហាញជំហរជួយដល់កម្ពុជា ពិសេស​ក្នុង​ការ​បន្ថែម​អាហា​រូបករណ៍ ជំរុញវិស័យធុរកិច្ច វិនិយោគបន្ថែមទៀត។ ដោយឡែក​ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឯកអគ្គរដ្ឋទូតអូស្ដ្រាលី សន្យាជំរុញ​តំណាង​នគរបាលសហព័ន្ធអូស្ដ្រាលី ដែលមានវត្តមាននៅប្រទេសកម្ពុជា ធ្វើការឲ្យ​បាន​ជិតស្និ​ត​ជា​មួយ​អគ្គ​លេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបង្កើន​យន្ដ​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន ឈានដល់ការទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន និងការជួញដូរគ្រឿងញៀននានា ក៏ដូច​ជា​ជួយ​ដល់​ការបណ្ដុះបណ្ដាល សម្ភារៈបច្ចេកទេស និងការបន្សាប​សារធាតុ​គីមី​ផ្សំ​មុន​ធ្វើ​ការ​ដុត​បំផ្លាញ​ផងដែរ។លោកបានអះអាងទៀតថា ភាគីអូស្ដ្រាលី នឹងជួយដល់​កម្ពុជា​លើ​ការងារ​របស់​គណៈកម្មាធិការ​សន្ដិសុខ​ឌីជីថល ដែលមានឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជាអនុ​ប្រធាន​ប្រចាំ​ការ ខណៈការជួយនេះសំដៅដល់ការចែករំលែកបទពិសោធ៍ វិធីសាស្ដ្រនានា​ក្នុង​ការ​ពង្រឹង​ការងារ​សន្ដិសុខ​សាយប័រ នេះ ដោយនេះជាការងារថ្មីរបស់កម្ពុជា៕ អត្ថបទ៖ បាន ចក់

ទូកចែវនារី ព្រះពៃស្រពណ៍ នៅតែចូលរួមប្រកួតទោះអ្នកអុំខ្លះឈានចូលវ័យជាង ៥០ ឆ្នាំក្ដី

2024/11/13 02:27:51 pm        572
ទូកចែវនារី ព្រះពៃស្រពណ៍ ជាទូកមកខេត្តកំពង់ឆ្នាំង នៅក្នុងឆ្នាំ ២០២៤នេះ នៅតែបង្ហាញ​វត្តមាន​ក្នុងការប្រកួតទូកអុំទូកនៅរាជធានីភ្នំពេញ។ ក្រុមកីឡាការិនី ដែលសុទ្ធ​តែជាស្ត្រី​មាន​វ័យចំណាស់ ខ្លះវ័យរហូតដល់ជាង ៥០ឆ្នាំ ម្នាក់ៗបង្ហាញនូវស្នាមញញឹម ពោពេញ​ដោយភាព​សប្បាយ​រីករាយ។ ក្រុមកីឡាការិនីម្នាក់ៗ នៅតែបង្ហាញភាពជឿជាក់ អាចនាំយកជ័យជម្នះ​ជូនខេត្ត​របស់ខ្លួន។ទូកចែវនារី មួយនេះជាទូកចំណាស់ ដែលមានប្រវត្តិឡើងមកប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ តាំង​ពីឆ្នាំ១៩៩៥មកម្លេះ បច្ចុប្បន្ននេះទូកមានអាយុកាលជិត៣០ឆ្នាំហើយ។ ទូកចែវនារី​ព្រះពៃស្រពណ៍​នេះ បច្ចុប្បន្នមានវ័យចាស់ទាំងទូកមានវ័យចាស់ទាំងអ្នកអុំ។ អ្នកអុំភាគ​ច្រើន​មាន​វ័យចាប់ពីអាយុ៣០ក្រាសរហូតដល់វ័យជាង ៥០ ឆ្នាំ ដែលពួកគាត់មួយចំនួនធំ សុទ្ធតែមានចៅ​ទៅហើយ។ ទោះបីវ័យចំណាស់តែក្រុមកីឡាការិនី ព្រះពៃស្រពណ៍ មិនដែលខកខានក្នុងការប្រកួតនោះទេ។ ជាក់​ស្ដែងសម្រាប់ឆ្នាំនេះ ពួកគាត់បានមកចូលរួមប្រកួតជាថ្មីនៅរាជធានីភ្នំពេញ។ ពួកគាត់​ម្នាក់ៗ​បង្ហាញ​នូវស្នាមញញឹម បង្ហាញនូវភាពជឿជាក់ ភ្ជាប់ជាមួយភាពសប្បាយរីករាយ ដោយប្ដេជ្ញាយក​ជ័យជម្នះ​ត្រឡប់ទៅស្រុកកំណើតវិញ។ បើតាមក្រុមកីឡាការិនី ទូកព្រះពៃស្រពណ៍ បានឱ្យដឹងថា បច្ចុប្បន្នយុវតីក្មេងៗមិនសូវចូលចិត្ត​រៀន​អុំទូកដូចជំនាន់ពួកគាត់ទេ ដូច្នេះមិនសូវមានកីឡាការិនីវ័យក្មេងមកចូលរួមប្រកួតទេ។ សូម​បញ្ជាក់ថា ទូកចែវនារី ដែលឡើងមកប្រកួតនៅរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ គឺមាន​មិនច្រើន​ឡើយ។ ជាក់ស្ដែងក្រុមកីឡាការិនី ទូកព្រះពៃស្រពណ៍ លើកឡើងថា ឆ្នាំខ្លះពួកគេគ្មានគូប្រកួតជា​ទូកនារី៕ អត្ថបទ៖ គឹមហុក 

សង្គមស៊ីវិល៖ ទង្វើអសីលធម៌របស់បុគ្គលជ្រុលនិយមនៅក្រៅស្រុក​ជា​ឥរិយាបថ​ត្រូវ​បាន​មហាជន​ថ្កោលទោស

2024/11/13 02:12:40 pm        323
តំណាងអង្គការសង្គមស៊ីវិល លើកឡើងថា ទង្វើអសីលធម៌របស់​បុគ្គល​ជ្រុល​និយម​នៅ​ក្រៅ​ស្រុក​ជា​ឥរិយាបថ​ត្រូវ​បានមហាជនថ្កោលទោស ខណៈទង្វើពួកគេជ្រកក្រោម​ផ្លាក​សារព័ត៌មាន​ប៉ុន្ដែ​ការ​និយាយ​ស្ដី​គ្មាន​ក្រមសីលធម៌ វិជ្ជាជីវៈ និងគ្មានសារជាតិជាខ្មែរឡើយ។ស្របពេលមជ្ឈដ្ឋានទូទៅប្រតិកម្ម និងចេញញត្តិជា​បន្ត​បន្ទាប់​ថ្កោល​ទោស​ចំពោះ​បុគ្គល​ជ្រុល​និយម​នៅ​ក្រៅប្រទេស​ ដែលបានអះអាងថា ជាអ្នកសារព័ត៌មាន «ទូរទស្សន៍សំឡេង​មនសិការ​ខ្មែរ​អមតៈ​» ហើយបានទូរស័ព្ទរំខាន សម្តេចតេជោ ហ៊ុន សែន និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យ កាល​ពី​ថ្មីៗនេះ។លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល បានប្រាប់ BTV នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្តែង​ការ​សោក​ស្តាយ​ចំពោះ​ទង្វើ​របស់​ក្រុម​ជ្រុល​និយម​ទាំង​នេះ។ លោកបន្តថា ក្នុងនាមសង្គមស៊ីវិលលោកបានចេញសេចក្តីថ្លែងការណ៍ ក្នុងន័យ​ស្ថាបនា​ដល់​អ្នកសារព័ត៌មានទាំងអស់ក្នុងនាមជាប្រជាពលរដ្ឋខ្មែរត្រូវឈរលើក្រមសីលធម៌ សុជីវធម៌​ជា​ចាំបាច់។លោកលើកឡើងថា តាមរយៈសារសំឡេងទូរស័ព្ទដែលទម្លាយដោយសម្ដេចតេជោ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញឱ្យឃើញកាន់តែច្បាស់ថា ទង្វើរបស់ក្រុមជ្រុលនិយមទាំងនោះ ជាសេណារីយ៉ូ​មាន​លក្ខណៈ​នយោបាយ ដែលជះឥទ្ធិពលមិនល្អដល់យុវជន។ជាមួយគ្នា លោក ថុល សុផាន់ណា អគ្គលេខាធិការសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ លើក​ឡើង​ដែរ​ថា ពាក់ព័ន្ធនឹងបញ្ហានេះជាទង្វើអសលធម៌ មិនគប្បីប្រើប្រាស់​ភាសា​ក្នុង​ន័យ​ជា​កល​នយោបាយ​បំបែកបំបាក់ និងងាកមកគិតពីផលប្រយោជន៍ជាធំវិញ។សូមជម្រាបថា សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលចំនួន២០ស្ថាប័ន កាលពីម្សិល​មិញ​នេះ បានចេញញត្តិថ្កោលទោសដូចគ្នា និងចាត់ទុកជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់​កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេចតេជោ ហ៊ុន សែន ដោយហ៊ានប្រើសម្តីពាលព្រហើន ជម្លើយ និងមូលបង្កាច់បែបនេះទៅកាន់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិ ជាពិសេស​ថែម​ទាំង​បង្ហាញ​យ៉ាង​ច្បាស់ ពីសារជាតិ និងចរិតមាយាទអសីលធម៌ គ្មានគុណធម៌ គ្មានវិចារណញ្ញាណ និង​គ្មានមនសិការស្នេហាជាតិឡើយ គឺមានតែការចង់បំផ្លាញជាតិ និងការ​ប្រឆាំង​ពេញ​មុខ​ដោយ​ភាព​អគតិមក​លើរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងដឹកនាំជាតិ និងប្រជាជនកម្ពុជា រស់ក្រោម​ម្លប់​សន្តិភាព និងការអភិវឌ្ឍន៍ពិតប្រាកដ៕ អត្ថបទ សេក ឧត្តម 

មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញចំនួន ២០រូប ត្រូវបានប្រកាសតែងតាំង និង​ប្រគល់ភារកិច្ច

2024/11/13 01:54:10 pm        155
មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញចំនួន ២០រូប ត្រូវបានប្រកាសតែងតាំង និង​ប្រគល់​ភារកិច្ច ដើម្បីបំពេញការងារក្នុងការអភិវឌ្ឍរាជធានីភ្នំពេញអោយរីកចំរើនបន្ថែមទៀត ក្រោមការ​ដឹកនាំ​របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។មន្ត្រីរាជការដែលត្រូវតែងតាំងទាំង២០រូបនេះ មានដូចជា លោកស្រី ដោ សម្ផស្ស នាយិកា​ទីចាត់​ការ​រដ្ឋបាល លោកស្រី មួក យុវល័ក្ខ នាយិកាអង្គភាពច្រកចេញចូលតែមួយ ឱ្យកាន់មុខតំណែងជា នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ។ លោក ព្រំ ថា ឱ្យកាន់មុខ តំណែងជា នាយក​ទី​ចាត់​ការ​រដ្ឋបាល លោក សេង បញ្ញា ឱ្យកាន់មុខ តំណែងជា នាយកទីចាត់ការផែនការ និងវិនិយោគ លោក​ស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខ តំណែងជា នាយិកាទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក ឡាយ អ៊េវិន ឱ្យកាន់មុខ តំណែងជា ប្រធានអង្គភាពច្រកចេញចូលតែមួយ ជាមួយនិង​ការ​តែង​តាំង​ជា អនុប្រធានការិយាល័យនិងអនុប្រធានអង្គភាពច្រកមួយចំនួនទៀត។ការប្រកាសតែងតាំង និងប្រគល់ភារកិច្ចនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោម​វត្តមា​ន​ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងឯកឧត្ដម កើត ឆែអភិបាលរងរាជធានី តំណាង​ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រៅពីការកោតសរសើរចំពោះអាជ្ញាធរ និង​កង​កម្លាំង​មានសត្ថកិច្ចក្នុងការបំពេញការងារលើការអភិវឌ្ឍ និងធ្វើអោយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​​ហើយ ក៏បានស្នើអោយអាជ្ញាធរ និងកងកម្លាំងមាន​សមត្ថកិច្ច​បន្ត​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​អោយ​បានល្អបន្ថែមទៀត ពិសេសការថែរក្សាអោយបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ដែលមកលេងកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹង​ប្រព្រឹត្តទ នៅថ្ងៃទី១៤ដល់១៦វិច្ឆិកានេះ។ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីបានមានប្រសាសន៍ថា ការកោតសរសើររបស់​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ ពិតជាបានលើក​ទឹក​ចិត្ត​ដល់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បន្ត​ការ​ខិតខំ​បំពេញ​ការងារ​អោយ​កាន់​តែល្អបន្ថែមទៀត។ ចំពោះការស្នើ​របស់​ក្រុម​ប្រឹក្សា​រាជ​ធានី​អោយ​បន្ត​ថែរ​ក្សា​សន្តិសុខ​សុវត្ថិភាព ជូនពលរដ្ឋមកលេងកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក គឺរដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​ត្រៀម​រួច​រាល់អស់ហើយ ជាមួយការប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ចជាង ១ម៉ឺននាក់ ដើម្បី​ទប់​ស្កាត់​បទ​ល្មើសលូច ឆក់ ប្លន់ ទប់ស្កាត់ពួកជ្រុលនិយម បទល្មើសផ្សេងៗទៀត។ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងឱកាសនោះ ក៏បានមាន​ប្រសាសន៍​លើក​ឡើង​ផងដែរថា ក្នុង១ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានី​ភ្នំពេញ​បាន​បំពេញ​ការងារ​បាន​យ៉ាង​ល្អ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍ។ជាងនេះទៅទៀត រាជធានីភ្នំពេញ ត្រូវបាន​កា​​រិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាត​សម្រេច​បោះឆ្នោត​បន្ត​អាណត្តិ​ជា​សមាជិក​ការិយាល័យ​អចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យ អចិន្ត្រៃយ៍របស់សមាគម AIMF ថែម​ទៀត៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

ក្រសួងការងារត្រៀមផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងពិធីបុណ្យអុំទូក

2024/11/13 01:00:39 pm        183
ខណៈព្រះរាជពិធីបុណ្យអុំទូក នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះ ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បានកំពុងរៀបចំស្តង់ ដើម្បីធ្វើ​ការ​ផ្សព្វផ្សាយ​គោល​នយោបាយ​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​​ជូន​ដល់សាធារណជនទូទៅ អំពីការអនុវត្តរបបសន្តិសុខសង្គម ឱកាសការងារ និង​កម្ម​វិធី​បណ្ដុះ​បណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១,៥លាននាក់។ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃខាង​មុខ​នេះ ក្រសួងការងារ បានត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពី​សេវា​សំខាន់ៗ​ចំនួន​៣​របស់​ក្រសួង ទៅកាន់អ្នកចូលរួមទស្សនាពិធីបុណ្យជាតិនេះ ដែលមានដូចជា បេឡជាតិសន្តិសុខសង្គម (ប.ស.ស.) , ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងកម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លា​ន​នាក់​។ឯកឧត្តម បានបញ្ជាក់ថា ចំពោះសេវាដែលមាននៅស្តង់ផ្សព្វផ្សាយសេវា និងចុះបញ្ជីចល័តរបស់ ប.ស.ស. នៅពិធីបុណ្យអុំទូក សមាជិក ប.ស.ស. និងសាធារណជន អាចទទួល​ការ​ប្រឹក្សា​យោបល់ និងសេវាទាំងនោះដោយផ្ទាល់តែម្តង ជាមួយក្រុមមន្រ្តីជំនាញ របស់ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ដែលស្តង់នេះដែរមានទីតាំងស្ថិតនៅតំបន់កោះពេជ្រ។ឯកឧត្តម បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមទ​ស្សនា​ពិធី​បុណ្យ​អុំទូក​នេះ​ឲ្យ​បាន​ច្រើន​កុះករ និងចូលរួមថែរក្សាវប្បធម៌របស់ខ្លួន និងគ្រប់គ្រងសំរាមឱ្យបានល្អ ព្រោះទីក្រុងស្អាត ទើប​ភ្ញៀវចូលមកលេងច្រើន។ សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឆ្នាំនេះដែរ មានទូកង សរុបចំនួន ៣៤៦​ទូក ​បានចុះឈ្មោះចូលរួមប្រណាំង ដោយកីឡាករសរុបជាង ២ម៉ឺននាក់៕ អត្ថបទ ឈិត បូរ៉ាវី

ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋការពារសុខភាពអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក

2024/11/13 12:40:17 pm        376
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្ត​ទៅចា​ប់​ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល សូមណែនាំ​ក្រើន​រំលឹក​ដល់​សាធារណជនទាំងអស់ ចូលរួមការពារសុខភាពបុគ្គល ក្រុមគ្រួសារ និងសហគមន៍ ពីជំងឺជាយថា​ហេតុ​ណាមួ​យ ដោយអនុវត្តនូវ វិធានការបង្ការសំខាន់ៗ។ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជន ត្រូវប្រកាន់អនាម័យ កុំប៉ះពាល់ ឬទទួល​ទាន មាន់ទា ឈឺ ឬងាប់ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិន​ឱ្យ​នៅ​ដាច់​ដោយឡែកពីគ្នា សម្អាតសម្ភារៈប្រើប្រាស់សម្រាប់ ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។ ត្រូ​វ​ប្រើ​ប្រាស់ទឹកស្អាត និងវត្ថុធាតុដើមដែលល្អ សូមប្រុងប្រយ័ត្នទិញ ឬពិសាស្រា ស ឬស្រាថ្នាំ ពីប្រភព​ដែល​ទុកចិត្តបាន នៅពេលក្អក ឬកណ្តាស ត្រូវខ្ទប់មាត់ ដោយប្រើកន្សែងដៃ ឬផ្នត់កែង​ដៃ និងចៀសវាងខាកស្តោះពាសវាល ពាសកាល។ សូមពាក់ពាក់ម៉ាស់ នៅពេល​មាន​អាការៈ​មិន​ស្រួល​ខ្លួន​ដូចជា ផ្តាសាយ ក្អក ដើម្បីបង្ការការចម្លង។ ករណីមានបញ្ហាសុខភាពណាមួយ ក្នុង​អំឡុង​ដើរ​ទស្សនា ឬចូលរួមក្នុងពិធីបុណ្យអុំទូកនេះ សូមទៅពិគ្រោះជំងឺ នៅតាមស្តង់សុខភាព មណ្ឌល​សុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នកសូមកុំច្រាន ឬប្រជ្រៀតគ្នា ដើម្បីទប់​ស្កាត់​នូវ​ការ​ដួលសន្លប់ដែលអាចកើតមានជាយថាហេតុ។បើតាមឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងក្របខណ្ឌមនី្ទរសុខាភិបាលរាជធានីភ្នំពេញ មានតង់សុខភាព ចំនួន១១ទីតាំង ក្នុងនោះក្រសួងសុខាភិបាល បានរៀបចំតម្លើងតង់សុខភាព ចំនួន៤បន្ថែមទៀត សរុបទាំងអស់១៥តង់សុខភាព។ ទន្ទឹមនឹងនោះកម្លាំងក្រុមការងារគ្រូពេទ្យ (ប្តូរវេណគ្នា) ប្រមាណជិត១៣០០នាក់ ជាមួយគ្នានោះមានក្រុមគ្រូពេទ្យចុះអប់រំសុខភាព ចំនួន៥ក្រុម និងក្រុមពេទ្យចល័ត ចំនួន២១ក្រុម សរុបទាំងអស់មានចំនួន២៦ក្រុម។ ក្រសួងសុខាភិបាល សូមលើកទឹកចិត្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងមន្ត្រី បុគ្គលិកសុខាភិបាល ព្រមទាំង បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្តតាមដំបូន្មានសាមញ្ញៗខាងលើ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ។ សូមជូនពរប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវសុខភាពល្អ សុវត្ថិភាព ចៀសផុតពីជំងឺផ្សេងៗ និងសូមមានសេចក្តីរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕ អត្ថបទ រដ្ឋា

វឌ្ឍនភាពការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា

2024/11/13 12:18:54 pm        227
ដំណើរការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ដែល​ក្រុម​អ្នក​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា រយៈពេលជាង៣ខែមកនេះ បានធ្វើឱ្យផ្នែកជា​ច្រើន​ប្រែ​ក្លាយ​ទៅ​ជា​ល្អ​ប្រសើរ​ឡើង​វិ​ញ​ជាជំហានៗ។ ដោយបានជួសជុលកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើង​ទម្រ​នា​គ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង បានប្រមាណជាង៤០ភាគរយហើយ។ស្ពាន​ហាលខាងកើតប្រាសាទបេងមាលា ដែលរងការខូចខាត បានចាប់ផ្ដើមដំណើរការជួសជុល តាំង​តែ​ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិពិសេស របស់មេគង្គ-ឡានឆាង។អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ជំហាន​ដំបូង​ក្រុម​ការងារ​បាន​ចាប់​ផ្ដើមជួសជុលនៅផ្នែកខាងជើងនៃស្ពានហាល ដោយចាប់ផ្តើមពីក្បាល​នាគ​នៅ​ទិស​ខាង​កើត។ ក្រុមការងារបានជួសជុលពង្រឹងគ្រឹះដែលស្រុត ដោយជំនួស​ថ្ម​បាយ​ក្រៀម​ថ្មី​ដែល​ពុក​ផុយ​។ រៀបផ្គុំកម្រាលថ្មភក់នៃស្ពានហាល ដំឡើងធ្នឹម បង្កាន់ដៃនាគ ជើងទម្រនាគ សសរ​សង​ខាង​ស្ពាន​ហាល និងតភ្ជាប់បំណែក​ក្បាល​នាគ​ដែល​បែក​ជាបី​បំណែក​នៅ​តាម​ទីតាំងដើ​ម​បាន​មួយ​ចំហៀង គឺនៅសល់តែផ្នែកខាងត្បូងមួយចំហៀងទៀតប៉ុណ្ណោះ។អ្នកស្រី បានបញ្ជាក់ថា ការងារ​ជួស​ជុល​ស្ពានហាលនៅផ្នែកខាងជើងនៃស្ពានហាល សម្រេចបានប្រមាណជាង៤០ភាគរយ ហើយ​បច្ចុប្បន្ន ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលដោយចិត្តទុកដាក់ ដើម្បីឱ្យ​ការងារ​ប្រព្រឹតិ្តទៅដោយរលូន និងត្រូវតាមលំនាំដើមបុរាណឡើងវិញ។ មិនតែប៉ុណ្ណោះ ក្រុម​ការងារ​ក៏​មានសេចក្តីត្រេកអរចំពោះការងារជួសជុលនេះដែរ ដោយហេតុថា ក្រុមការងារ​បាន​រ​ក​ឃើញ​ថ្ម​នៃ​រចនាសម្ព័ន្ធរបស់ស្ពានហាលនេះស្ទើរតែពេញលេញទាំងមូលឡើងវិញ។ រីឯ ថ្មភក់មួយ​ចំនួន​ដែលបាក់បែក ខូចខាត ក្រុមការងារបានជួសជុលពង្រឹង និងអាចយក​ទៅ​រៀប​ផ្គុំ​ទៅ​ទីតាំង​ដើម។​ បន្ទាប់​ពីបញ្ចប់ការជួសជុលនៅផ្នែកខាងជើងរួច ក្រុមការងារនឹងចាប់​ផ្ដើម​ផ្នែក​ខាង​ត្បូង​ជា​បន្ត​ទៀត​៕

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងបង្កើតបរិយាកាសគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន

2024/11/13 12:07:53 pm        107
ភ្នំពេញ ÷ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងចូលរួមចំណែកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ជំរុញបង្កើតហេដ្ឋារចនាសម្ព័ន្ធជនបទ កាន់តែរឹងមាំ ដោយបាននិងកំពុងបង្កើតបរិយាកាសផ្នែកសេដ្ឋកិច្ច និងសង្គម ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងខណៈដែលឯកឧត្តម ដឹកនាំគណៈកម្មការអន្តរ ក្រសួងចុះត្រួតពិនិត្យ ​និងវាយតម្លៃ ដំណាក់កាលទី២ លើការងារថែទាំប្រចាំផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ៧ ខ្សែ ប្រវែងសរុបជាង ១០៨ គីឡូម៉ែត្រ, សាងសង់លូមូល ១ កន្លែង, និងបំពាក់ស្លាកចរាចរណ៍ផ្សេងៗ នៅខេត្តពោធិ៍សាត់, ថ្ងៃទី ១២ ខែ វិច្ឆិកា ម្សិលមិញនេះថា ជុំវិញហេដ្ឋាចរនាសម្ព័ន្ធជនបទ, ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញការងារសាងសង់ ស្តារ ឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ផ្លូវក្រាលកៅស៊ូពីរជាន់ ឬបេតុង ដោយក្នុងនោះក្រសួងបាននិងកំពុងយក ចិត្តទុកដាក់ ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ។ជាក់ស្តែងការថែទាំប្រចាំផ្លូវខាងលើ, ឯកឧត្តមបានឯកភាព និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងថែទាំប្រចាំផ្លូវទាំងអស់ នេះបានល្អប្រសើរ, នេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ព្រោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ត្រូវបានរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានវិនិយោគចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីបង្កើតបរិយា- កាស និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមជនបទឱ្យកាន់តែប្រសើរ។ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យ និងវាយតម្លៃគម្រោងខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជា មួយអាជ្ញាធរ និងប្រជាពលរដ្ឋ ដោយក្នុងនោះឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ និងលោកជំទាវ ។ ក្នុងជំនួបនេះដែរ ឯកឧត្តមក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជូនដល់ប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ា១ ក្នុងនោះផងដែរ, ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវខាងលើ សូមចូលរួមថែទាំផ្លូវទាំងអស់គ្នា ដើម្បីរក្សាផ្លូវទាំងនេះឱ្យបានល្អ គង់វង្សយូរអង្វែង៕អត្ថបទ៖ សុន រ៉ាឌី

សំណុំរឿងក្រុម លី សាម៉េត តំណាងអយ្យការសម្រេចចោទប្រកាន់មនុស្ស ៤នាក់ពីបទប៉ុនប៉ង ក្នុងបទសូកប៉ាន់

2024/11/13 12:07:36 pm        302
សំណុំរឿងរបស់ក្រុមឈ្មោះ លី សាម៉េត ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នោះ មក​ដល់​ពេល​នេះតំណាងអយ្យការបានសម្រេចចោទប្រកាន់មនុស្ស ៤នាក់ពីបទ​ប៉ុនប៉​ង​ក្នុង​បទ​សូកប៉ាន់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ឲ្យ​ដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ថា តំណាងអយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ ៤នាក់ មានឈ្មោះ កន សុខកាយ ភេទប្រុស ឈ្មោះ លី សាម៉េត ភេទប្រុស ឈ្មោះ ដួង តារា ភេទប្រុស និងឈ្មោះ ឡាច សំរោង ភេទប្រុស ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ តាម​បញ្ញត្តិ​មាត្រា ២៧ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។សូមជម្រាបជូនថា ក្នុងចំណោមមនុស្សទាំង ៤នាក់ ដែលតំណាង​អយ្យការ​សម្រេច​ចោទ​ប្រកា​ន់​នា​ពេល​នេះ មាន ៣នាក់ ត្រូវបានឃាត់ខ្លួនហើយ គឺឈ្មោះ កន សុខកាយ ឈ្មោះ លី សាម៉េត ឈ្មោះ ដួង តារា ដោយឡែកឈ្មោះ ឡាច សំរោង កំពុងរត់គេចខ្លួន។ក្នុងសំណុំរឿងនេះ ឈ្មោះ កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ត្រូវបានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបែក​ធ្លាយ​នូវ​ការ​សូក​ប៉ាន់​រត់​ការ​យកតំណែងតាមរយៈក្រុមឈ្មោះ លី សាម៉េត ក្នុងទំហំទឹកប្រាក់ ៣០ម៉ឺនដុល្លារ​សហរដ្ឋ​អាមេរិក​។ ឈ្មោះ កន សុខកាយ ត្រូវបានរដ្ឋាភិបាលបញ្ចប់មុខតំណែង ពីអភិបាលនៃ​គណៈ​អភិបាល​ស្រុក​ល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណា​ចក្រ​កម្ពុជា​។ ចំពោះឈ្មោះ លី សាម៉េត និងឈ្មោះ ដួង តារា គឺនគរបាលនាំខ្លួនបញ្ជូនទៅតុលាការ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ចបាននឹងកំពុងស្វែងរកឃាត់ខ្លួនឈ្មោះ ឡាច សំរោង បន្តទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នាដៃចម្លាក់ដីខ្សាច់របស់វិចិត្រករនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីបាតុភូតធម្មជាតិអែលនីញ៉ូ
07/06/2026 08:07 PM
ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា ​និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង
07/06/2026 08:07 PM
ម្ចាស់ធុរកិច្ចនៅទីក្រុង La Guairaរបស់វេណេស៊ុយអេឡា រង់ចាំការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍
07/06/2026 08:07 PM
ចៅប្រុសរបស់អតីតប្រធានាធិបតី​គុយបា បញ្ជាក់​ថា បើកចំហ ចំពោះការចរចាជាមួយសហរដ្ឋអាមេរិក
07/06/2026 08:07 PM
វិមានក្រឹមឡាំងបញ្ជាក់​ថា សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី-ចិន មិនមែនជាការគំរាមដល់ប្រទេសដទៃឡើយ
07/06/2026 08:07 PM
ការបាក់ទឹកទំនប់បង្កឱ្យមានការជម្លៀសចេញ នៅភាគខាងត្បូងនៃ​ប្រទេសចិន
07/06/2026 08:07 PM
ក្រសួងការពារជាតិ៖ យន្តហោះចម្បាំងរបស់​អង់គ្លេស បានស្ទាក់យន្តហោះរុស្ស៊ី នៅសមុទ្រន័រវ៉ែស
07/06/2026 08:07 PM
យន្តហោះទម្លាក់ទឹក ខណៈភ្លើងឆេះព្រៃនៅបារាំងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសខ្លួន
07/06/2026 08:07 PM
លោករដ្ឋមន្រ្តីការពារជាតិ Wladyslaw ៖ ការឆ្លាស់វេនទាហានអាមេរិកនៅប៉ូឡូញ នឹងចាប់ផ្តើមឡើងវិញក្នុងពេលប៉ុន្មានសប្តាហ៍ទៀត
07/06/2026 08:07 PM
ទឹកជំនន់ដ៏គំហក់ និងបំណាក់ដីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបិទផ្លូវហាយវ៉េនៅភាគខាងជើងឥណ្ឌា
07/06/2026 08:07 PM