ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”

ព័ត៌មានជាតិ

កម្ពុជា ពិភាក្សា និងស្វែងរកគន្លឹះថ្មីៗ ដើម្បីជំរុញលើកកម្រិតឧស្សាហកម្មនៅក្នុងស្រុកឆ្លើយតបទីផ្សារ

2026/02/26 02:23:39 pm        119
កម្ពុជាពិភាក្សា និងស្វែងរកនូវគន្លឹះថ្មីៗ ដើម្បីជំរុញលើកកម្រិតឧស្សាហកម្ម តាមរយៈការផ្លាស់ប្តូរឧស្សហកម្មប្រើកំលាំង ទៅប្រើប្រាស់ជំនាញ ការជំរុញផ្លាស់ពីឧស្សាហកម្មពាក់កណ្តាលស្វ័យប្រវិត្តកម្រិតមធ្យមទៅកម្រិតខ្ពស់ និងការកែច្នៃម៉ូតក្នុងឧស្សហកម្មកាត់ដេរ ដើម្បីឆ្លើយតបទីផ្សារ និងការបង្កើតតម្លៃបន្ថែមខ្ពស់។ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម លើកឡើងក្នុងកិច្ចពិភាក្សាអំពីដំណោះស្រាយរបាំងបច្ចេក ទេសពាណិជ្ជកម្ម ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថា ដើម្បីរួមចំណែកដល់កំណើនវិជ្ជមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញនូវយន្តការការងារ ច្រើន រួមទាំងការងារគ្រប់គ្រង់រោងចក្រ ការងារបច្ចេកទេស សុវត្ថិភាពឧស្សាហកម្ម កម្មសិទ្ធឧស្សហកម្ម និងការងារជំរុញផលិតភាព។ឯកឧត្តម បន្តថា បើមើលទៅលើសហគ្រាសទាំងមូល ដោយយើងមិនត្រូវគិតត្រឹមការផលិតទេ គឺយើងត្រូវគិតអំពីការចាប់ផ្តើម ដំបូង ទាំងវត្ថុធាតុដើម ការចែកចាយ ការផ្សព្វផ្សាយ រហូតដល់ការទូទាត់នូវសេវា។ បញ្ហានេះប្រសិនយើងបានគិតគូរលម្អិត វានឹងជួយ បន្ថែមដល់តម្លៃនៃផលិតផល និងការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព។ ឯកឧត្តម បន្ថែមថា ចំណែកទាក់ទងការផលិត និងចែកចាយ ឃើញថា ភាគីទាំងពីរគឺនៅដាច់ពីគ្នា ដោយបានធ្វើឱ្យរបាំងពាណិជ្ជកម្មពិបាកដោះស្រាយ ជាពិសេសតម្រូវការទីផ្សារ និងជំរុញឱ្យការ ផ្លាស់ប្តូរពីឧស្សាហកម្មពាក់កណ្តាលស្វ័យប្រវត្តិទៅជាកម្រិតខ្ពស់ជាដើម។ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកប្រតិបត្តិសហគ្រិនខ្មែរ លើកឡើងថា ជុំវិញ ឧស្សាហកម្មកាត់ដេរនេះ គឺជាវិស័យសក្តានុពលមួយបានកំពុងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ដើម្បីជំរុញឱ្យវិស័យនេះកាន់តែរីក លូតលាស់ក្នុងសេដ្ឋកិច្ច កម្ពុជាគួរផ្លាស់ប្តូរទៅរបត់ថ្មីៗបន្ថែមទៀតដូចជា កាបង្កើតឧស្សាហកម្មម៉ូតខោ-អាវ ដើម្បីឆ្លើយតបតាមបរិបថ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយនឹងអាចរកចំណូលបានច្រើន ជួយដល់កំណើនសេដ្ឋកិច្ចបន្ថែម។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ជុំវិញវិស័យ ឧស្សាហូបនីយកម្ម, ចំណែកជុំវិញឧស្សាហកម្មថ្មី ក្រៅពីឧស្សាហកម្មវាយនភណ្ឌ និងឧស្សាហកម្មគាំទ្រគ្រឿងបង្គុំ ក្នុងនោះឧស្សាហកម្ម កម្មន្តសាល ផ្នែកកសិ-ឧស្សាហកម្ម គឺត្រូវការគាំទ្របន្ថែមទៀតដើម្បីឱ្យវិស័យក្លាយខ្លួនរឹងមាំ។ ជាងនេះទៀត គឺការគិតគូរអំពីសុវត្ថិភាព ឧស្សាហកម្ម ដែលជាផ្នែកចម្បងមួយ ដើម្បីធានាសុខដុមនីយកម្មសេដ្ឋកិច្ចសង្គម ព្រមទាំងរក្សាសុខុមាលភាព និងបរិស្ថាន។សូមបញ្ជាក់ថា ជុំវិញការអភិវឌ្ឍវិស័យឧស្សាកម្មនៅក្នុងឆ្នាំ២០២៥, កម្ពុជាមានរោងចក្រធុនធំដំណើរការមានចំនួន ៣.០៨៣ រោងចក្រ កើនឡើង ៦៥៨ រោងចក្រ ត្រូវជាង ២៧ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤ ក្នុងនោះរោងចក្រធុនធំកើតថ្មី មានចំនួន ៧០០ រោងចក្រ កើនឡើង ៣៧៤ រោងចក្រ ត្រូវជាង ១១៤ ភាគរយ និងរោងចក្រធុនធំបិទទ្វារ មានចំនួន ៤២ រោងចក្រ កើនឡើងចំនួន ១៦ រោងចក្រ ត្រូវ ៦១ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។ ចំណែកទុនវិនិយោគសរុប នៅក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ២៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៤,៧ ពាន់លានដុល្លារអាមេរិក ស្មើជាង ២៣ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

មួយឆ្នាំ២០២៥ កម្ពុជាចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនសរុបជាង ២៦១ពាន់សំណើ

2026/02/26 02:14:40 pm        152
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការ​សម្របសម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ចុះឈ្មោះតាមថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សរុប ២៦១ ពាន់សំណើ ក្នុង​នោះសហគ្រាសធុនមីក្រូ ចំនួន ២.៧៩៣ សំណើ កម្មករ-និយោជិត ៦.១០៥ សំណើ និង​បុគ្គល​ស្វ័យ​និយោជន៍ ២៥២ ពាន់សំណើ។ យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បង្ហាញឱ្យ ដឹងថា ជុំវិញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការ​ចុះឈ្មោះតា​ម​ថ្នាល​ឌីជីថល​ចុះ​ឈ្មោះអ្ន​ក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ, គណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​នាពេលកន្លងមកនេះ បានបើកយុទ្ធនាការផ្សព្វផ្សាយ បានចំនួន ៨ រាជធានី-ខេត្តរួមមាន រាជ​ធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្ត​កណ្តាល ​និងខេត្តកំពង់ចាម ដោយក្នុងមួយខេត្ត មានអ្នកចូលរួមប្រមាណ ៣ ពាន់នាក់ ក្នុង​នោះ​បើ​គិត​សរុបទាំង ៧ ខេត្ត មានចំនួនប្រមាណ ២៦ ម៉ឺននាក់។ផ្អែក​លើយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ខាធិការដ្ឋាន​​គណៈកម្មាធិការសម្រប សម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក.) បាន​អនុវត្ត​កិច្ច​ការ​ចុះ​ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនោះគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥, គ.ស.អ.ស.ក. ​ទទួលបានការចុះឈ្មោះតាមផ្ទាលឌីជីថល មានចំនួនសរុប ២៦១ ពាន់សំណើ ក្នុង​នោះមាន សហគ្រាសធុនមីក្រូ បានចំនន ២.៧៩៣ សំណើ, កម្មករ-និយោជិត ៦.១០៥ សំណើ និងបុគ្គលស្វ័យនិយោជន៍ជាង ២៥២ ពាន់ សំណើ។ជុំវិញបញ្ហានេះ, គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកបាន​រៀប​ចំ​កិច្ចប្រជុំផ្សព្វផ្សាយស្តីពី កញ្ចប់អត្ថប្រយោជន៍ និងយន្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយ​បានចុះដល់ ផ្សារស្ទឹងត្រែង ដើម្បីចុះឈ្មោះជូនបងប្អូនអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្ត​ស្ទឹង​ត្រែង និងបានសហការ និងចូលរួមយុទ្ធការផ្សព្វផ្សាយតាមរយៈឡាន នៅតាមបណ្តាខេត្ត​រួមមាន ​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តតាកែវ និងខេត្តកណ្តាល ដើម្បីឱ្យ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​យល់​ដឹងកាន់តែទូលាយ ក្រៅពីនេះបាន រៀបចំ និងចូលរួមកិច្ច​ប្រជុំ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​ក្នុងគោលបំណងពង្រឹង កិច្ចការលើការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ត​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពី​ស្ថាន​ភាពជាក់ស្តែងលើទីតាំងផ្ទាល់ នៅតំបន់ប្រាសាទព្រះវិហារ

2026/02/26 01:54:10 pm        173
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ ក្រោយ​បទ​ឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ប្រាសាទ​ព្រះវិហារ​ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះបើយោងតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបជូនថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និង​អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​កិ​ច្ច​ព្រម​ព្រៀង​សន្តិ​ភាព​រវាង​កម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រ​កាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើក​ទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រម​ទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀតដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែល​យុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាក៏រំពឹងផងដែរថា ភាគីថៃ​នឹង​គោរពកិច្ចព្រមព្រៀងទាំងអស់ខាងលើដោយសុឆន្ទៈនិងភាពស្មោះត្រង់ដូចកម្ពុជាដែរ៕ 

អាកាសចរណ៍ស៊ីវិល រកចំណូលបានជាង៥១លានដុល្លារ ក្នុងឆ្នាំ២០២៥ និង​រំពឹង​មាន​កំណើន​ថែម​ទៀត​ក្នុង​ឆ្នាំ២០២៦

2026/02/26 01:04:23 pm        209
សម្រាប់ឆ្នាំ២០២៥កន្លងទៅ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន​រក​ចំណូល​ចូល​រដ្ឋ​បាន​ប្រមាណ​ជាង​៥១លានដុល្លារ ហើយនឹងរំពឹងក្នុងឆ្នាំ២០២៦នេះ នឹងបន្តមានកំណើន​ថែម​ទៀត​ផង​ដែរ​។បញ្ជាក់ប្រាប់ទូរទស្សន៍ BTV ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​ការងារឆ្នាំ២០២៦ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំ​ពាក្យ​រដ្ឋលេខា​ធិការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល បានប្រាប់ថា ក្នុងឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​ មានលទ្ធផលការងារ​ជា​ច្រើន​ក្នុង​នោះ​បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​មាន​ជិត​៧​លាន​នាក់​ កើន១២%ប្រៀបធៀបឆ្នាំ២០២៤, បានដឹកជញ្ជូនទំនិញ​តាម​ផ្លូវ​អាកាស​ជាង​៩​ម៉ឺន​តោន ​កើន២១% និងមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចេញ-ចូលចំនួន៣៦ក្រុមហ៊ុន ដោយ​បាន​ភ្ជាប់ជើងហោះហើរទៅកាន់៥២ទីក្រុង និង១៨ប្រទេស ពិសេសបាន​ប្រមូល​ចំណូល​ជូន​រដ្ឋ​បាន​ជាង​ ៥១១ដុល្លារអាម៉េរិក លើសផែនការ១.៣២%។ចំណែក ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា តាម​រយៈ​សន្និបាត​រយៈ​ពេល​២ថ្ងៃនេះ ត្រូវរួមគ្នារកដំណោះស្រាយថ្មី និងដាក់ផែនការថ្មីៗ ដើម្បីធ្វើ​យ៉ាង​ណា​ឱ្យ​វិស័យដឹកជញ្ជូនតាមផ្លូវអកាសរបស់កម្ពុជា កាន់តែមានកំណើន ទទួលបាន​ថវិកា​ចូល​រដ្ឋ​កាន់​តែ​ច្រើន​ថែមទៀត។សូមបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន​ជំរុញ​ឱ្យ​ទទួល​បាន​អ្នកដំណើរតាមផ្លូវអាកាសចំនួន៨លាននាក់ ដឹកជញ្ជូនទំនិញ​តាម​ផ្លូវ​អាកាស​ចំនួន​១១២​ពាន់​តោន និងជើងហោះហើរចេញ-ចូលជាង៧២ពាន់ជើង ដោយសារមាន​តម្រូវ​ការ​ពាណិជ្ជ​កម្ម ​ទេសចរណ៍ និងការដោះដូរវប្បធម៌ ហើយនឹងនាំមកនូវ​សុវត្ថិភាព និង​សន្តិសុខ​អាកាស​ចរណ៍​ស៊ីវិលប្រសើរថែមទៀត ដោយ សារមានច្បាប់អាកាសចរណ៍ស៊ីវិលថ្មី និង​ការ​កសាង​បទ​ប្បញ្ញត្តិថ្មីៗបន្ថែមទៀត និងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុកសុវត្ថិភាពនិងសន្តិសុខ ត្រូវ​បានពង្រឹងជាបន្តបន្ទាប់៕ អត្ថបទ៖ គង់ រ៉េន 

ត្រឹមឆ្នាំ២០២៥ អ្នកមានការងារធ្វើនៅកម្ពុជាសរុបជាង ១០លាននាក់ កើនឡើងប្រមាណ ៨០​ម៉ឺន​នាក់​បើធៀបនឹងឆ្នាំ២០២៤

2026/02/26 12:45:04 pm        182
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ចំនួន​អ្នក​មាន​ការងារ​ធ្វើ​ក្នុង​ប្រទេសកើនដល់ប្រមាណ ១០,៧លាននាក់ ឬកើនឡើងជាងប្រមាណ ៨០ម៉ឺននាក់ ប្រៀប​ធៀប​ទៅនឹងឆ្នាំ២០២៤កន្លងទៅ។លើក​ឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិស​ដៅ​ការងារ​ឆ្នាំ​២០២៦​ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ, ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ក្នុងចំណោមអ្នកមានការងារធ្វើទាំង ១០,​៧លាននាក់នេះ ក្នុងនោះមានវិស័យសំខាន់ៗចំនួន៣ ដូចជាវិស័យកសិកម្ម ចំនួន ២,៨ លាន​នាក់ វិស័យឧស្សាហកម្ម ៣ លាននាក់ និងវិស័យសេវាកម្មចំនួន ៤,៩ លាននាក់។ឯកឧត្តម​រដ្ឋមន្រ្តី លើកឡើងបន្តថា ពាក់ព័ន្ធវិស័យការងារនេះដែរ ដូចដឹងហើយថា បើទោះ​បី​ជា​កម្ពុជា​រង​សម្ពាធ​នូវ​ភាព​មិនប្រាកដប្រជាជាសាកល ហើយជាអកុសលដែល​កម្ពុជា​រង​ការ​ឈ្លាន​ពាន​ពី​សំណាក់​យោធាថៃ​មកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជា ហើយធ្វើឱ្យជីវភាព​រស់​នៅ​របស់​បង​ប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែន ក៏ដូចជាបង​ប្អូន​ដែល​ធ្លាប់​តែ​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ​រង​នូវផលប៉ះពាល់ក៏ដោយ ក៏ប៉ុន្តែបើ​ក្រឡេក​មើល​ជា​រួម​នៃ​កំណើន​ទុន​វិនិយោគ​កំណើន​ក្រុម​ហ៊ុន កំណើនរោងចក្រ កំណើនការងារ គឺឃើញថាសេដ្ឋកិច្ច មុខរបរ និងការងារ​របស់​កម្ពុជា ​គឺនៅមានភាពរឹងមាំ ហើយដែលភាពរឹងមាំទាំងអស់នេះ គឺកើតចេញ​ពី​គោល​នយោបា​យ​ដ៏​ត្រឹម​ត្រូវ​របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានធ្វើកំណែទម្រង់គ្រប់ការដ្ឋានទាំងអស់ ដែល​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគគឺមានភាពងាយស្រួលជាងមុន។​សូមម្រាបជូនថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅ​ការងារ​ឆ្នាំ​២០២៦ ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាល មាន​រយៈ​ពេល​២​ថ្ងៃ ​ថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ សន្និបាតនេះ រៀបចំឡើង​ក្នុង​គោល​បំណង​ដើម្បី​ពិនិត្យ​វាយ​តម្លៃ​អំពីវឌ្ឍនភាពការងារ និងសមិទ្ធផលការងារសម្រេចបានឆ្នាំ២០២៥ និងទិសដៅ​អនុវត្ត​បន្ត ដើម្បីស្វែងយល់ស៊ីជម្រៅអំពីបញ្ហាប្រឈម និងដំណោះស្រាយជាយុទ្ធសាស្រ្ត សំដៅ​ពង្រឹង និងពង្រីកការអនុវត្តវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាពខ្ពស់ថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សម្តេចធិបតី៖ បណ្តាញឆបោកអនឡាញ «សេដ្ឋកិច្ចខ្មៅ» កំពុងបំផ្លាញ​សេដ្ឋកិច្ច​ដ៏​ស្មោះត្រង់​របស់​កម្ពុជា

2026/02/26 12:27:53 pm        159
បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ឬហៅថា «សេដ្ឋកិច្ចខ្មៅ» កំពុងបំផ្លាញ​សេដ្ឋកិច្ច​ដ៏​ស្មោះ​ត្រង់​កម្ពុជា ​និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ហេតុនេះហើយទើប​កម្ពុជា​ប្តេជ្ញា​ថា​នឹង​បោស​សំអាត​វាឱ្យអស់។ នេះបើតាម ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុចា ថ្លែងបញ្ជាក់ប្រសាសន៍របស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មាន​ប្រសាសន៍​ផ្ដល់​បទ​សម្ភាសន៍​ជា​មួយនឹ​​ងបណ្តាញផ្សព្វផ្សាយអន្តរជាតិ AFP កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ម្សិល​មិញ​នៅ​ប្រទេសបែលហ្សិក។សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មានអន្តរជាតិនេះទៀតថា មជ្ឈ​មណ្ឌល​ឆបោកខ្លះ ដូចជាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យនេះ អាចនឹង​បង្កើត​លទ្ធផល​ផ្ទាល់​ខ្លះ​ដល់​ផ្នែក​អចលនទ្រព្យ ការវិនិយោគលើអគារ តាមរយៈការទិញ​របៀប​ជា​ការ​បង្កើត​មជ្ឈ​មណ្ឌល​ជា​ដើម។​ ប៉ុន្តែប្រាក់ចំណូលគឺមិនបានចូលមករាជរដ្ឋាភិបាលកម្ពុជាទេ។ពាក់ព័ន្ធ​សំណួរទាក់ទងនឹងករណី មេឧក្រិដ្ឋជនឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យានេះមួយរូបគឺលោក ចេន ហ៊្សី ដែលត្រូវបានឃាត់ខ្លួន និងបណ្តេញចេញពីកម្ពុជានោះសម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាមិ​នបានដឹងថា បុគ្គលនេះជាមេខ្លោងនោះទេ ហើយសកម្មភាព​របស់​ពួក​គេ​ក៏​កម្ពុជា​មិន​ដឹង​ដែរ​។ អាជ្ញាធរ​កម្ពុជា​បាន​ចាត់​វិធាន​ការ​ភ្លាមៗ​នៅ​ពេល​ដឹង​ថា​បុគ្គល​រូប​នេះ​ជា​មេខ្លោង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)។សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអំឡុង​ពេល​ដឹកនាំ​កិច្ច​ប្រជុំ​របស់​គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដើម្បី​ត្រួត​ពិនិត្យវឌ្ឍនភាពការងារ កាលពីខែមករាកន្លងទៅ បានដាក់​ចេញ​នូវ​ទិស​ដៅ​យុទ្ធ​សាស្ត្រ​ថ្មីៗ​ និងយ៉ាងម៉ឺងម៉ាត់​បំផុត​សំដៅ​បោស​សម្អាត​រាល់​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឱ្យ​អស់​ពី​ទឹក​ដីកម្ពុជាយ៉ាងយូរបំផុតនៅត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។បើ​យោងតាមរបាយការណ៍របស់ ក្រសួងមហាផ្ទៃបានឱ្យដឹងថា តាមរយៈការបង្ការ ទប់ស្កាត់ និង​ចុះ​បង្ក្រាប​បោសសម្អាតការឆបោកតាមអ៊ីនធឺណិតនេះ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិល​មិញ​នេះ មានជនបរទេសជាង២១ម៉ឺននាក់ បានចាកចេញដោយ​ស្ម័គ្រ​ចិត្ត​ពី​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ខណៈប្រមាណជាង ៣ម៉ឺននាក់ត្រូវបានបណ្ដេញចេញ និងចាប់បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ​៕

សម្តេចធិបតីបន្តប្រាប់ព័ត៌មានអន្តរជាតិថាកម្ពុជាចង់បន្ធូរបន្ថយភាពតានតឹង និង​ចង់​រស់​ជាមួយ​ថៃ​ដោយ​សន្តិភាព

2026/02/26 12:10:46 pm        118
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្តល់​កិច្ច​សម្ភាសន៍​ ជាមួយទីភ្នាក់ងារព័ត៌មានបារាំង (AFP) ដោយបានបញ្ជាក់ជាថ្មីថា «កម្ពុជា​ចង់​បាន​ការ​បន្ធូរ​បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់​បញ្ហា​ជម្លោះ​ព្រំដែន​ជា​មួយនឹ​ង​ប្រទេសថៃ»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋភិបាលនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកនេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​បញ្ជាក់​នូវខ្លឹមសារសំខាន់ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ផ្ដល់ទៅ​កាន់​កិច្ច​សម្ភាសន៍​ជា​មួយ​បណ្តាញសារព័ត៌មានអន្តរជាតិ (AFP) កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិល​មិញ​ក្នុងឱកាសសម្ដេចបំពេញទស្សនកិច្ច នៅបែលហ្សិក ដោយសម្ដេច​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ​កម្ពុជាមិនមែនកំពុងបង្កើនជម្លោះជាមួយថៃនោះទេ! កម្ពុជាចង់បន្ធូរបន្ថយជម្លោះ ហើយ​ចង់​បានការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព។តាមរយៈ​បទសម្ភាសន៍នោះ សម្តេចធិបតីក៏បានសង្កត់ធ្ងន់លើទង្វើឈ្លានពានរបស់ថៃ ដែល​ថៃ​កំពុង​កាន់​កាប់​ទឹកដីកម្ពុជា ហួសឆ្ងាយពីចំណុច​ដែល​ថៃ​បាន​អះអាង​ថា​ជា​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទៅទៀត និងបានលាតត្រដាងសកម្មភាពឈ្លានពានរបស់ថៃ បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​បាងកកក្នុង​សប្តាហ៍​នេះ​បាន​ចោទ​ប្រកាន់​មក​លើ​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​អំពី​ការ​បំពាន​បទ​ឈប់​បាញ់ ដែលសម្រេចបានកាលពីខែធ្នូ ឆ្នាំមុន។តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិនេះ សម្តេចធិបតី ក៏បាន​ឆ្លើយ​តប​នឹង​សំណួរ​ថា​តើ​កម្ពុជា​នឹងប្រើកម្លាំងយោធា ដើម្បីវាយយកទឹកដីដែលបាត់បង់មកវិញឬយ៉ាងណា? ដោយ​សម្តេចធិបតី ​បានឆ្លើយតបយ៉ាងច្បាស់ថា៖«កម្ពុជាប្រកាន់ខ្ជាប់ជំហរបន្ធូរបន្ថយជម្លោះ និង​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធីជានិច្ច»។សូមរម្លឹកថា កងកម្លាំងឈ្លានពានថៃ បាននិង​កំពុង​បង្កើត​ស្ថាន​ភាព​ថ្មី​នៅ​លើ​ទីតាំង​ជាក់​ស្តែង​លើ​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា តាមរយៈការ រាយបន្លាលួស ដាក់ទូកុងតឺន័រ និង​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​ ជីកលេនដ្ឋាន និងប្រឡាយ​ជា​ដើម​នៅ​ទីតាំង​មួយ​ចំនួ​ន​ដែល​កង​ទ័ព​ថៃ​ចូល​មក​ឈ្លាន​ពាន​ដោយ​ខុស​ច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។រាជ​រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ បាន​តវ៉ា ប្រឆាំងដាច់ខាតនឹងសកម្មភាពឈ្លានពានរបស់ថៃនេះ ហើយកម្ពុជា​មិន​ទទួល​ស្គាល់​ដាច់​ខាត​ការ​កែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្លាំង​៕

អ្នកនាំពាក្យ៖ សេចក្តីព្រៀងច្បាប់​ស្តីពីការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​កំពុង​ពិនិត្យ​ពិភាក្សា ​និងឆ្លងកាត់នីតិវិធីផ្ទៃក្នុង

2026/02/26 11:04:49 am        235
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា មកទល់ពេលនេះ សេចក្តី​ព្រៀង​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា កំពុងពិនិត្យពិភាក្សា និងឆ្លងកាត់នីតិវិធីផ្ទៃក្នុង ខណៈ សេចក្តី​ព្រាង​ច្បាប់​នេះ បង្កើតជាក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់ និងច្បាស់លាស់បន្ថែមទៀត ដើម្បី​លើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែល​ជា​អាទិភាព​មួយ​ដ៏សំខាន់របស់រាជរដ្ឋាភិបាល។លោកជំទាវ ឌី ម៉ូឡានី អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ BTV ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី ​“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”នេះ នឹងបង្កើតបាន​ជា​ក្រប​ខ័ណ្ឌ​គតិ​យុត្ត​មួយ​ដ៏​សំខាន់ ​និងច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និង​បង្រ្កាប​បទ​ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាព​មួយ​ដ៏​សំខាន់​របស់​រាជ​រដ្ឋាភិបាល​។ បន្ថែមពីនេះ ច្បាប់នេះ ក៏ត្រូវបានរៀបចំឡើង​ស្រប​តាម​អនុសញ្ញា​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមក។ ដោយ​ហេតុថា ច្បាប់នេះកំពុងស្ថិតនៅជាសេចក្តីព្រាងនៅឡើយ ដែលទាមទារ​ឱ្យ​មាន​ការ​ពិនិត្យ​ពិភាក្សា ​និងឆ្លងកាត់នីតិវិធីផ្ទៃក្នុង ដូច្នេះពុំទាន់អាចផ្តល់ព័ត៌មានលម្អិតលើសពីនេះបានទេ។ គួរ​បញ្ជាក់ថា បន្ទាប់ពីទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួ​ង​យុត្តិធម៌បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​” ​និងបានដាក់ឆ្លងកិច្ចប្រជុំអន្តរស្ថាប័ន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និង​ធានា​ប្រសិទ្ធ​ភាព​ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ក្នុងការធ្វើបទបង្ហាញផ្តល់បច្ចុប្បន្នភាពស្តីពី "យុទ្ធនាការប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា" ជូនដល់តំណាងទូតប្រចាំកម្ពុជានិងតំណាងសហភាពអឺរ៉ុប កាល​ពី​ថ្ងៃ​ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ ថា ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​អនឡាញ រាជរដ្ឋាភិបាលកម្ពុជាកំពុង​រៀបចំ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា សម្រាប់រួមចំណែក​ដល់​ការ​ធានា​បរិយាកាស​ឌីជីថល​មួយដែល​មាន​សុវត្ថិភាព​ ដោយមានកំណត់អំពីទោសទណ្ឌ និងវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ​ទប់​ស្កាត់​រាល់​អំពើ​ខុស​ច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ពិនិត្យ​របស់​អន្តរក្រសួង​មុន​នឹង​ឈាន​ដល់​ដំណាក់​កាល​នីតិ​វិធី​ជា​បន្ត​បន្ទាប់​រហូត​ដល់​ការ​អនុម័ត​ជា​ផ្លូវ​ការ​៕ អត្ថបទ៖ វង្ស សុភាព 

អំណោយផ្ទះរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ផ្ទះជូនអតីតយុទ្ធជន នៅខេត្តបាត់ដំបង

2026/02/26 10:57:04 am        170
នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ អ.ន.ក. បានអញ្ជើញក្នុងពិធីប្រគល់ផ្ទះ១ខ្នងជូនអតីតយុទ្ធជន ឈ្មោះ អន សារី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នៅភូមិសាមគ្គី ឃុំបួរវិល ស្រុកបរវេល ខេត្តបាត់ដំបង ដែលមានដីអត់ផ្ទះ។ពិធីនេះមានការអញ្ជើញចូលរួមពី លោក ផេង សិទ្ធី អភិបាលរងខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធាន អ.ន.ក. ខេត្ត និងក្រុមការងារលេខាធិការដ្ឋានស្រុក និងឃុំ។

ថ្នាក់ដឹកនាំធុរកិច្ចអឺរ៉ុបជាច្រើន នឹងជួបមន្ត្រីជាន់ខ្ពស់កម្ពុជានៅភ្នំពេញនៅដើមខែក្រោយ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម

2026/02/26 10:48:47 am        177
ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចសភាពអឺរ៉ុប-អាស៊ាន (EU-ABC) នឹងដឹកនាំ​គណៈប្រតិភូ​អាជីវកម្ម​អឺរ៉ុប​ទៅ​កាន់​រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ មីនា ដើម្បីចូលជួបសម្តែងការ​គួរសម​ជាមួយ​រដ្ឋមន្ត្រី, និងមន្ត្រីរាជការ ជាន់ខ្ពស់របស់កម្ពុជា ក្នុងគោលបំណងពង្រឹង កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​ពាណិជ្ជកម្ម និងការវិនិយោគ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សា​ពាណិជ្ជ​កម្ម​អឺរ៉ុប–អាស៊ាន (EU-ABC)។បើតាមសេចក្ដីប្រកាសព័ត៌មាន ទស្សនកិច្ចរយៈពេលពីរថ្ងៃនេះរួមមានការជួបសម្តែងការគួរសម និង ពិភាក្សាជាមួយ សមាជិកថ្នាក់ដឹកនាំ សេដ្ឋកិច្ចសំខាន់ៗ រួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល។ ជាមួយគ្នានេះផងដែរ, ប្រតិភូ​គ្រប់​គ្រង​ជាន់​ខ្ពស់ជាង ៣០ រូប ដែលតំណាងឱ្យក្រុមហ៊ុន អឺរ៉ុបជាង ១៥ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា ​ដែលស្ថិតនៅវិស័យ ដឹកជញ្ជូន ផលិតផលប្រើប្រាស់ ហិរញ្ញវត្ថុ និង អាកាសចរណ៍​នឹង​មក​កាន់​ប្រទេស​ក​ម្ពុជា។កិច្ចពិភាក្សានឹងផ្តោតលើភាពរីកចម្រើនរបស់កម្ពុជា ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ តួនាទីសំខាន់​កាន់តែខ្លាំង ឡើងរបស់ប្រទេសកម្ពុជា សម្រាប់អាជីវកម្មអឺរ៉ុប និង​ឱកាស​ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច អឺរ៉ុប–កម្ពុជា និង អឺរ៉ុប–អាស៊ានទាំងមូល។“កម្ពុជា​ជាទីផ្សារ​កំពុងលេចធ្លោសំខាន់មួយដែលភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយអឺរ៉ុប ហើយ​អាជីវកម្ម​អឺរ៉ុប​កំពុង​ចាប់អារម្មណ៍ស្វែងយល់ពីឱកាសបន្ថែមនៅក្នុងប្រទេសនេះ” លោក នូអែល ខ្លេហេន (Noel Clehane) អនុប្រធាន EU-ABC ដែលនឹងដឹកនាំគណៈប្រតិភូ បានមានប្រសាសន៍។ លោក​បន្ថែមថា៖ “ពួកយើង រំពឹងថានឹងពិភាក្សាភាពជាដៃគូ និងកិច្ចសហការរវាងរដ្ឋ និងវិស័យ​ឯក​ជន​ដែលអាចគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចរបស់ កម្ពុជា និងសមាហរណកម្ម​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​សកល​។”កម្មវិធី​ទស្សនកិច្ចក៏មានការជួបជាមួយភាគីពាក់ព័ន្ធ និងតំណាងជាន់ខ្ពស់ពីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសុខាភិបាល, និង​ក្រសួង​បរិស្ថាន ជាដើម។ ការចូលរួម ទាំងនេះនឹងជា​វេទិកា​សម្រាប់​តម្រង់​ផលប្រ​យោជន៍​យុទ្ធ​សាស្ត្រ ​និងស្វែងរកឱកាស អាជីវកម្មក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុឌីជីថល ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និងសុខាភិបាល ដែលជាវិស័យ​ស្នូល​សម្រាប់​ការ​លូត​លាស់​រីក​ចំរើន​យូរ​អង្វែង​របស់កម្ពុជា។“ទស្សនកិច្ចនេះកើតឡើងនៅពេលសំខាន់មួយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម អឺរ៉ុប–អាស៊ាន ខណៈ​ពេល ដែលទាំងពីរភាគី កំពុងពង្រឹងភាពជាដៃគូរយៈពេលវែង ក្នុង​បរិប​ទ​ភាពមិន​ច្បាស់​លាស់​នៃ​ពាណិជ្ជកម្ម សកល និងសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូរ” លោក គ្រីស ហាំភ្រី (Chris Humphrey) អគ្គនាយក EU-ABC បានមានប្រសាសន៍។ លោកបន្ថែមថា៖ “កម្ពុជា​បាន​ធ្វើ​បាន​ជោគជ័យគួរឱ្យកត់សម្គាល់ចាប់តាំង ពីការទស្សនកិច្ចចុងក្រោយ របស់ EU-ABC នៅឆ្នាំ ២០២៣ ហើយយើងជឿថា កម្ពុជានឹងបន្តមានតួនាទី សំខាន់ក្នុងការរៀបចំ ទំនាក់ទំនងសេដ្ឋកិច្ច រវាង​អឺរ៉ុប និង អាស៊ីអាគ្នេយ៍។”

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ
04/26/2026 05:04 PM
សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
04/26/2026 04:04 PM
ការងារជោគជ័យអាស្រ័យមន្រ្តីមាន «សុខភាពល្អ»
04/26/2026 04:04 PM
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
04/26/2026 04:04 PM
ឯកឧត្តម ហ៊ុន ម៉ានី៖“សុខទុក្ខមន្ត្រី គឺជាស្នូលនៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី”
04/26/2026 04:04 PM
ការនាំចេញប្រេងឆៅ និងផលិតផលប្រេងរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
04/26/2026 03:04 PM
អ៊ីរ៉ង់និយាយថាខ្លួន បានត្រៀមរួចរាល់ហើយដើម្បីទប់ទល់នឹងការគំរាមកំហែងគ្រប់បែបយ៉ាង
04/26/2026 03:04 PM
មនុស្ស១៤ នាក់បានស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅភាគនិរតីរបស់ប្រទេសកូឡុំប៊ី
04/26/2026 02:04 PM
អតីតសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត នៅស្រុកត្រាំកក់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជនកម្ពុជា
04/26/2026 02:04 PM
អាជ្ញាធរខេត្តប៉ៃលិន បន្តចុះត្រួតពិនិត្យជនបរទេសដែលលួចចូលមករស់នៅខុសច្បាប់ ក្នុងខេត្ត
04/26/2026 02:04 PM