CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
ភារធារីស្ដីទីទូតអាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ព្រឹទ្ធសភាបន្តពាំនាំការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋភៀសសឹកតាមព្រំដែន

ព័ត៌មានជាតិ

ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស៊ីប ប្រារព្ធខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ

2024/11/12 09:29:09 am        255
ស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស៊ីប ប្រារព្ធទិវាបុណ្យឯករាជ្យជាតិកម្ពុជា ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រកបដោយមោទនភាព។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើង​នៅ​សណ្ឋាគារ​ប្រណិត Radison Beach ហើយមានការចូលរួមពីភ្ញៀវកិត្តិយស រួមទាំងក្រសួង​ការបរទេស​ដែលក្នុងនោះរួមាន៖Ms. Koula Sofianou/ Head of the Protocol and Etiquette Department,Mr. Yiannos Theodosiou/Deputy Officer at the Protocol and Etiquette Department,Mr. Anggelos Hatziharalambous/Chief of the Larnaca District administration-Governor,Dr. Simos Ioannou/Mayor of Famagusta City,Mr. Crysanthos Zannetou/ Vice-Mayor of Famagusta City.Mr. Christos Zannetos / Mayor of Ayia Napa Municibality,Mr. Fotios Kirkilos/ Secretary General of Ayia Napa Municibality,Mr. Jason Jasonidis/ Vice-Mayor of Larnaca Municibality,Mr. Andreas Louca / Secretary General of Larnaca Municibality, Mr. Othonas Theodolou / President of the Larnaca Chamber of Commerce,and Cyprus- Cambodia Chamber of Commerce Board members;Mr. Nikos Philipou / President,Mr. Costas Economou / 1st Vice President Dr. Christos Minas / 2nd Vice President,Mr. Lazaros Charambous / 3rd Vice President, Ms. Andri Nicolaou / Secretary General,ជាមួយគ្នានោះក៏មានការចូលរួមពីភ្ញៀវអ្នកជំនួញ និងអ្នកជំនាញ ព្រមទាំង​សមាជិក នៃ​សហគមន៍​អាជីវកម្ម និងវិស័យផ្សេងៗ។ ការប្រារព្ធពិធីនេះ គឺជាឱកាសដ៏រីករាយ ដែលបង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប និងសមិទ្ធិផលដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជា។នៅក្នុងពិធីនោះ ភ្ញៀវបានទស្សនានៅវីដេអូវប្បធម៌ជាច្រើនដែលរួមមាន៖របាំប្រពៃណី និងតន្ត្រីខ្មែរ អាហារប៊ូហ្វេ អាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ដែលមានម្ហូបក្នុងស្រុក និង​ម្ហូប​ប្រពៃណី​ខ្មែរ​មួយ​ចំនួន​​ផង​ដែរ។ឯកឧត្តម Christopher Larcou អគ្គកុងស៊ុលកិត្តិយស​កម្ពុជា​ប្រចាំ​ប្រទេស​ស៊ីបបា​នស​ម្តែងនៅ​ចំណាប់​អារម្មណ៍ចំពោះទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា និងសារៈសំខាន់នៃទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និងប្រទេសស៊ីប។ បន្ថែមពីនេះឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយស​នៃ​ប្រទេស​ស៊ីប ប្រចាំនៅកម្ពុជា បានថ្លែងសារអរគុណ​សំ​រាប់វ​ត្ត​មាន​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូល​រួម​ផងដែរ។ ស្ថាន​កុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស៊ីប ប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។ ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាព​រវាង​ប្រទេស​កម្ពុជា និងប្រទេសស៊ីប ឱ្យកាន់តែរីកចម្រើន៕អត្ថបទ៖ទូច សោភ័ណ

ក្រសួងវប្បធម៌ សម្ពោធពិព័រណ៌មិនអចិន្ត្រៃយ៍ «ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា»

2024/11/11 10:08:08 pm        167
ភ្នំពេញ ÷ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ បានសម្ពោធពិព័រណ៌មិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ«ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា» រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែវិចិ្ឆកា នៅសារមនី្ទរខ្លែងខ្មែរ។លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានលើកឡើងថា ថ្ងៃនេះនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានចូលរួមរៀបចំតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ “ប្រពៃណីផលិត កុលាលភាជន៍នៅប្រទេសកម្ពុជា” សហការជាមួយនឹងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក និងគណៈកម្មការជាតិយូណេស្កូកម្ពុជា សាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន ដោយទទួលបានការអនុញ្ញាត និងការគាំទ្រ ពីថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ការតាំពិព័រណ៍ធ្វើឡើងក្នុងគោលបំណងបីគឺ៖ ១- ចូលរួមផ្សព្វផ្សាយអំពីអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ក៏ដូចជាចូលរួមអបអរសាទរទិវាអន្តរជាតិដំបូងនៃបេតិកភណ្ឌវប្បធម៌អរូបី ដែលអង្គការយូណេស្កូ បានកំណត់យកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ២- ជាការចូលរួមចំណែកផ្សព្វផ្សាយ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌អរូបីនៅកម្ពុជា ពិសេសគឺវិស័យសិប្បកម្មប្រពៃណី និង៣- បង្កើតការយល់ដឹងដល់សាធារណជន យុវជន សិស្សានុសិស្ស និស្សិត អំពីប្រពៃណីផលិតកុលាលភាជន៍ ដែលសព្វថ្ងៃមាននៅសេសសល់តិចតួចតាមបណ្តាខេត្តប៉ុណ្ណោះ។ទន្ទឹមគ្នានោះដែរ លោកស្រី សារ៉េត ស្រីច័ន្ទរស្មី ប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តការណ៍ពិព័រណ៍លើកទី២នេះ បានបង្ហាញពីទិន្នន័យនិងគំនិតថ្មីៗបន្ថែមទៀត មានដូចជា៖ ការតាំងបង្ហាញពីកុលាលភាជន៍ខ្មែរសម័យមុនអង្គរ ការតាំងបង្ហាញពីកុលាលភាជន៍ដែលផលិតតាមបែបប្រពៃណីនៅតាមបណ្តាខេត្តដែលនៅបន្ត ផលិត មានដូចជា៖ ខេត្តកំពង់ឆ្នាំង កំពត កំពង់ស្ពឺ និងព្រៃវែងការតាំងបង្ហាញពីក្បាច់លម្អកុលាលភាជន៍ព្រមទាំងអោយអ្នកចូលរួមបានសាកល្បងធ្វើក្បាច់លម្អ ធ្វើជាវត្ថុអនុស្សាវរីយ៍ផ្សេងៗ និងការរៀបចំអោយមានជារណ្តៅកំណាយសម្រាប់អោយអ្នកចូលរួម សិស្ស និស្សិត បានសិក្សា ស្វែងយល់ និងសាកល្បងកំណាយ និងការតាំងបង្ហាញសៀវភៅស្តីពីប្រពៃណីផលិតកុលាលភាជន៍ក្នុងប្រទេសកម្ពុជា និងរៀបចំការទស្សនាសារមន្ទីរតាមបែបឌីជីថល ការបង្កើតហ្គេមកុលាលភាជន៍ ការឆ្លើយសំណួរអំពី កុលាលភាជន៍ខ្មែរ ការថតរូបជាអនុស្សាវរីយ៍ជាដើម។លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំអោយមានព្រឹត្តការណ៍នេះឡើង ក្រៅពីបង្កើនការយល់ដឹង ដល់សាធារណជនសិស្ស និស្សិត អំពីប្រពៃណីផលិតកុលាលភាជន៍ ដែលនៅសេសសល់តិចតួចក្នុងខេត្តមួយចំនួន។ ព្រឹត្តការណ៍នេះចូលរួមចំណែកផ្សព្វផ្សាយ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីនៅកម្ពុជា លើវិស័យសិប្បកម្មប្រពៃណី។ ជាពិសេសចូលរួមផ្សព្វផ្សាយពីអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី និងចូលរួមអបអរសាទរទិវាអន្តរជាតិដំបូងនៃបេតិកភណ្ឌវប្បធម៌អរូបី ដែលអង្គការយូណេស្កូ បានកំណត់យកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤៕អត្ថបទ រដ្ឋា

Little Caesars Pizza នាំយកភីហ្សាពេញនិយមលំដាប់ពិភពលោកមកកម្ពុជា ជាមួយស្តង់ដា HOT-N-READY

2024/11/11 08:05:47 pm        95
ភ្នំពេញ ៖ ភីហ្សា HOT-N-READY ឥឡូវនេះនឹងមានលក់ក្នុងប្រទេសកម្ពុជា ជាមួយភាពងាយស្រួលនៃការទិញ មានសេវាកម្មបញ្ហាទិញ ដោយបើកបរឆ្លងកាត់ សម្រាប់ក្រុមគ្រួសារ និងអ្នកដែលចូលចិត្តញាំភីហ្សា។​នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ, Little Caesars Pizza ដែលជាម៉ាកយីហោភីហ្សាដ៏ធំបំផុតមួយរបស់ពិភពលោក បានបើកសម្ភោធភោជនីយដ្ឋានដំបូងរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅកោះពេជ្រ, នេះមិនត្រឹមតែជា Little Caesars Pizza ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែភោជនីយដ្ឋាននេះ ក៏មានសេវាកម្មទិញភីហ្សាដោយបើកបរឆ្លងកាត់ ដំបូងគេ បង្អស់របស់ប្រទេសកម្ពុជា និងផ្តល់ជូនអតិថិជននូវនំភីហ្សាថ្មីៗស្តង់ដា HOT-N-READY ដែលផ្ដល់នូវភាពងាយស្រួល គុណភាព និង តម្លៃសមរម្យបំផុត។ ចំណុចសំខាន់នៃបទពិសោធរបស់ Little Caesars Pizza ដែលអតិថិជននឹងទទួលបាននោះគឺ HOT-N-READY ដែលធានាថា អតិថិជនអាចដើរចូល និងទទួលបានភីហ្សាក្ដៅៗឈ្ងុយឆ្ងាញ់ភ្លាមៗ ដោយមិនចាំបាច់រង់ចាំយូរ ឬបញ្ហាទិញជាមុន។ ចំណុចលេចធ្លោនេះធ្វើឱ្យ Little Caesars Pizza ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារមមាញឹក សិស្សានុសិស្ស និងអ្នក ធ្វើការ ដែលកំពុងស្វែងរកអាហារដែលមានគុណភាពខ្ពស់នៅពេលធ្វើដំណើរ។ លោក Andres De Robina អនុប្រធានអន្តរជាតិ នៃ Little Caesars លើកឡើងថា រូបលោកពិតជាមានក្តីសោមនស្ស ក្នុង ការណែនាំ Little Caesars Pizza មកកាន់ទីក្រុងភ្នំពេញ ដោយនាំមកនូវភាពងាយស្រួល និងតម្លៃសមរម្យបំផុត ដែលអតិថិជនចូល ចិត្ត។ ជាភីហ្សាប្រកដោយគុណភាពខ្ពស់ សម្រាប់ទាំងអស់គ្នា ដោយមិនចាំបាច់រង់ចាំ។ ចំណែកអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធាននិងអគ្គនាយកប្រតិបត្តក្រុមហ៊ុន វើលប្រ៊ីដគ្រុប (WorldBridgeGroup) មានប្រសាសន៍ ថា យើងពិតជាមោទកភាព ក្នុងការនាំយកបទពិសោធភីហ្សាដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់មកកាន់ប្រទេសកម្ពុជា, នេះគឺ ជាការផ្តល់អាហារឈ្ងុយឆ្ងាញ់ដល់ក្រុមគ្រួសារនៅកម្ពុជា ដែលពួកគេអាចជឿទុកចិត្តបាន មិនថាពួកគាត់រវល់យ៉ាងណាក៏ដោយ។ជុំវិញ Little Caesars Pizza នេះ, មិនថាអតិថិជនជ្រើសរើសភីហ្សាបែប Classic Pepperoni ឬ Classic Cheese នោះទេ ពួកគេ នឹងទទួលបានរសជាតិយ៉ាងពេញចិត្តជាមិនខាន ហើយភាពងាយស្រួលនៃការទទួល បានភីហ្សាស្តង់ដារ HOT-N-READY ។ លើសពី នេះ ម៉ឺនុយមុខម្ហូបនឹងផ្តល់ជូននូវជម្រើសដែលតម្រូវតាមរសជាតិរបស់អតិថិជននៅកម្ពុជាដូចជា HOT-N-READY Classic Crab Stick Pizza ជាដើម, រួមជាមួយភីហ្សា HOT-N-READY ភោជនីយដ្ឋានក៏ផ្ដល់ជូននូវការដឹកជញ្ជូនតាមរយៈ foodpanda, WOW NOW, E-GetS និង Nham24 ផងដែរ ដោយធានាថា អតិថិជននឹងមានភាពងាយស្រួលក្នុងការរីករាយញ៉ាំភីហ្សាថ្មីៗឈ្ងុយឆ្ងាញ់ នៅផ្ទះ ឬពេលធ្វើដំណើរ។ Little Caesars Pizza ប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុតដោយផ្តល់ជូននូវភីហ្សា ដែលមិនត្រឹមតែធ្វើថ្មី ប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងក្នុងតម្លៃដ៏សមរម្យបំផុតផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម អ៊ី ឈាន អញ្ជើញពន្លត់ភ្លើងជ័យ ក្រោយអុជបំភ្លឺ នៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧១

2024/11/11 07:09:56 pm        93
ប៉ៃលិន៖ នៅ​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញ​ពន្លត់​ភ្លើងជ័យ ដើម្បី​បញ្ចប់​ពិធីបុណ្យ​រំ​ឮ​ក​ខួប​ទិវាបុណ្យ​ឯករាជ្យ​ជាតិ លើក​ទី​៧១ ដែល​បាន​ដុត​បំភ្លឺ​អស់​រយៈពេល ៣ថ្ងៃ នៅ​វិមានឯករាជ្យខេត្ត ចាប់តាំងពី​ថ្ងៃទី​៩ ខែវិច្ឆិកា កន្លងទៅ​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ​ មន្ត្រីរាជការមន្ទីរស្ថាប័នជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ យុវជន និងប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​។ការរំលឹកខួប​អនុស្សាវរីយ៍​​បុណ្យ​ឯករាជ្យ​ជាតិ ខួបលើកទី ៧១ គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លារបស់​ប្រជា​ជាតិខ្មែរ ដើម្បី​រំលឹក​គុណូបការៈ ដ៏​ខ្ពង់​ខ្ពស់​បំផុត ជូន​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ដែលព្រះអង្គ ​បាន​ដឹកនាំការ​ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង និង​រំលឹក​គុណ​ដល់​វីរ​កុលបុត្រ​កុលធីតា កងកម្លាំងប្រដាប់អាវុធ នៃ​កង​យោធពលខេមរភូមិន្ទ នៅ​គ្រប់​ជំនាន់ ដោយ​បាន​ឆ្លងកាត់​នូវ​គ្រប់​ដំណាក់កាល​ធំៗ ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ រួម​មានការ តស៊ូ​ដណ្តើម​ឯករាជ្យ ​ការ​ពុះពារ​ឆ្លងកាត់​ដំណាក់កាល​ នៃ​សង្គ្រាម​និង​របប​ប្រល័យ​ពូជ​សាស្ត្រ ប៉ុល ពត ជាពិសេស​លើ​មូលដ្ឋាន នៃ​ជ័យជម្នះ​ថ្ងៃ​០៧ មករា ឆ្នាំ​១៩៧៩ ដែល​បាន​កសាង​នូវ​អ្វីៗ​គ្រប់យ៉ាង ដូច​បច្ចុប្បន្ន​នេះ​។ ដូច្នេះ​ ដើម្បី​បន្ត​នូវ​គំរូ​វីរភាព ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ថ្លៃថ្លា​នេះ សូម​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ជាពិសេស​កងយោធពល​ខេមរភូមិន្ទ សូម​បន្ត​ការពារ​មាតុភូមិ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ថែរក្សា​រាល់​សមិទ្ធផល របស់​ជាតិ​ឲ្យ​គង់វង្ស​ស្ថិតស្ថេរ និងរួមចំណែកកសាងអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​បាន​រីកចម្រើន​រុងរឿង ក្នុង​ឯករាជ្យ សន្តិភាព ស្ថិរភាព និង​ការរួបរួម​ក្នុង​មហា​សាមគ្គី​ជាតិ​ ដ៏​ទូលំទូលាយ ដោយ​គ្មាន​ការ​កើតឡើង​ជា​ថ្មីទៀត នូវ​សង្គ្រាម​សោកនាដកម្ម និង​គ្រោះ​មហន្តរាយ​ដូច​អតីតកាល​​៕

លោកអភិបាលខណ្ឌ៧មករា បញ្ជាដល់នគរបាលខណ្ឌ៧មករាស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង២នាក់ ក្រោយជិះម៉ូតូបង្ហោះ តាមដងផ្លូវជាសាធារណះ

2024/11/11 07:04:25 pm        126
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាក្រោមការដឹកនាំរបស់ លោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ជាទៅលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនក្មេងទំនើងទាំងពីរនាក់ឲ្យខានតែបានដើម្បីមកធ្វើការអប់រំ។ ក្រោយឃើញមានបណ្ដាញសង្គមបង្ហោះជាសាធារណៈនូវសកម្មក្មេងទំនើងពីរនាក់ជិះម៉ូតូបង្ហោះតាមដងផ្លូវធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាប្រជាពលរដ្ឋអ្នកធ្វើដំណើរ។ក្រោយលោកអធិការនគរបាលខណ្ឌ៧មករា បានទទួលបទបញ្ជាពីលោកអភិបាល នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទាំង២នាក់នេះ យកមកអធិការដ្ឋាននគរបាលខណ្ឌធ្វើការអប់រំណែនាំនិងឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ចំណែកម៉ូតូត្រូវបានអាជ្ញាធរដកហូតរក្សាទុកនៅអធិការនគរបាលខណ្ឌ រយះពេល០៣ខែទើបឲ្យយកទៅវិញ។សូមបញ្ជាក់ផងដែរកន្លងទៅរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំបានមានប្រសាសន៍ ជាញឹកញាប់ ពាក់ព័ន្ធនឹងករណីក្មេងទំនើងដែលជិះម៉ូតូបង្ហោះតាមដងផ្លូវជាសាធារណៈនេះនិងណែនាំដល់កម្លាំងសមត្ថកិច្ចគ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ បង្ការទប់ស្កាត់ រាល់បទល្មើស ជាពិសេសក្រុមក្មេងទំនើងនេះតែម្ដង ត្រូវតែបង្ក្រាបឲ្យបានដាច់ខាត់។គួរបញ្ជាក់ផងដែរកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅមានក្រុមក្មេងទំនើងពីរនាក់ជិះម៉ូតូមួយគ្រឿងបានជិះម៉ូតូ ម៉ាកនិច ពាក់ស្លាកលេខភ្នំពេញ 1KU-7244 បង្ហោះតាមបណ្ដោយផ្លូវលេខ២១៥ ទិសដៅពីស្ដុបអាងទឹកទៅស្តុបផ្សាដេប៉ូ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ជាសាធារណៈបង្ករភាពអនាធិបតេយ្យដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវផងដែរ៕អត្ថបទ៖ កុម្ភះ

តំណាងអយ្យការសម្រេចបេីកការស៊េីបសួរលើឈ្មោះ លី សាម៉េត ឈ្មោះ ដួង តារា ឈ្មោះ អ៊ុត ធី និងឈ្មោះ មួង ឃីម

2024/11/11 06:56:58 pm        361
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបេីកការស៊េីបសួរលើឈ្មោះ លី សាម៉េត ឈ្មោះ ដួង តារា ឈ្មោះ អ៊ុត ធី និងឈ្មោះ មួង ឃីម ដែលពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ និងអំពើពុករលួយ។នៅព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងតាមរយៈសារអេឡិចត្រូចនិច telegram ថា តំណាងអយ្យការ បានសម្រេចបេីកការស៊េីបសួរលេីជនសង្ស័យដូចជា ឈ្មោះ អ៊ុត ធី ភេទប្រុស ពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ឈ្មោះ មួង ឃីម ភេទប្រុស និងឈ្មោះ ដួង តារា ភេទប្រុស ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ចំពោះឈ្មោះ លី សាម៉េត ភេទប្រុស ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ។ក្នុងសំណុំរឿងនេះ ឈ្មោះ ដួង តារា ត្រូវបានកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការ។ ឈ្មោះ លី សាម៉េត គឺត្រូវបាននគរបាលនាំខ្លួនពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញទាំងយប់នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានគេចខ្លួនមួយរយៈ និងបានចេញមុខនិយាយទទួលកំហុសតាមបណ្ដាញសង្គមពីទង្វើរបស់ខ្លួនកន្លងមក និងបានសារភាពចំពោះសមត្ថកិច្ច។ ចំពោះឈ្មោះ មួង ឃីម និងឈ្មោះ អ៊ុត ធី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ និងនាំខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយមានការបែកធ្លាយនូវលិខិតមួយដែលបង្ហាញពីការជាប់ពាក់ព័ន្ធនឹងឈ្មោះ លី សាម៉េត ហៅគ្រូមា ឈ្មោះ ដួង ដារ៉ា និងឈ្មោះ ឡាច សំរោង ក្នុងអំពើឆបោក។សូមជម្រាបជូនថា សំណុំរឿងនេះត្រូវបានសាធារណជនមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងរូបភាពនៃការឆបោកដោយភ្ជាប់កិត្តិនាមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំជាតិ ហើយក្នុងរឿងហេតុនេះដែរ ក៏មានមន្ដ្រីរាជការ ដែលជាអ្នកសូកប៉ាន់ត្រូវបានបញ្ចប់មុខតំណែង ដោយសារតែសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

2024/11/11 06:43:49 pm        122
ភ្នំពេញ ៖ នៅរសៀល ថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ពិធីពន្លត់ទៀនជ័យថ្ងៃបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១នេះ គឺមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនជាច្រើនទៀត។ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

រាជបណ្ឌិត្យសភាកម្ពុជា បើកវេទិកាកិច្ចពិភាក្សាបង្ហាញផ្លូវសម្រាប់យុវជនជ្រើសរើសមុខវិទ្យាជំនាញនៅថ្នាក់ឧត្តមសិក្សា

2024/11/11 05:47:16 pm        147
ភ្នំពេញ ៖ យុវជនដែលទើបបញ្ចប់ការប្រលងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ដែលកំពុងត្រៀមចូលសិក្សានៅឧត្តមសិក្សាយ៉ាងច្រើននាក់បានមកស្តាប់ការធ្វើបទបង្ហាញពីបទពិសោធន៍ និងគន្លឹះនៃមុខ វិជ្ជាសំខាន់ៗ ពីសំណាក់វាគ្មិនជាសាស្ត្រាចារ្យបណ្ឌិតជំនាញចំនួន 6រូប ដើម្បីឲ្យការជ្រើសរើសមុខជំនាញដែលខ្លួនត្រូវរៀនគឺចំចំគោល ដៅនិងបានច្បាស់លាស់។ ខណះនាវេលាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ រាជបណ្ឌិត្យកម្ពុជា បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា» ។ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការរៀបចំកិច្ចពិភាក្សាតុមូលស្តីពីការជ្រើស រើសមុខជំនាញ នៅថ្នាក់ឧត្តមសិក្សា នាពេលនេះឡើង គឺមានសារៈ សំខាន់ជាផែនទីចង្អល់ផ្លូវដល់សិស្សានុសិស្សទាំងអស់ ដែលបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ (បាក់ឌុប) ក្នុងការគិតពិចារណាទៅ លើអាជីព នៅក្នុងជីវិតរបស់ខ្លួន។ ការចាប់យកមុខជំនាញសិក្សានៅក្នុងថ្នាក់ឧត្តមសិក្សា (មហាវិទ្យាល័យ) គឺជារឿងមួយដ៏សំខាន់នៅក្នុងដំណើរទៅរកភាពរឹងមាំរបស់ខ្លួន និងជាភាពរឹងមាំរបស់សង្គមជាតិទាំងមូលផងដែរ។ឯកឧត្តមបណ្ឌិត យង់ ពៅ បានបន្តដោយរំលឹកប្រាប់សិស្សានុ សិស្សទាំងអស់ នេះថា បើក្រឡេកទៅមើលកាលពី ៣០ឆ្នាំមុន និស្សិតដែលចូលរៀនថ្នាក់មហាវិទ្យាល័យ ប្រៀបបាននឹងដើរលើមហា សាលគរអញ្ចឹង ពីព្រោះមិនមានការបង្ហាញផ្លូវនោះទេ។ ដូច្នេះ ការសិក្សាដោយគ្មានការបង្ហាញផ្លូវ គឺមិនមែនជាភាពងាយស្រួលនោះទេ តែបច្ចុប្បន្ននេះ យុវជនមានឱកាសច្រើន ក្នុងការជ្រើសរើសយកមុខជំនាញសិក្សា នៅក្នុងថ្នាក់មហាវិទ្យាល័យ ដើម្បីមានឱកាសកាន់តែច្រើនសម្រាប់រៀបចំអនាគតរបស់ខ្លួន ឱ្យទទួលបានភាពជោគជ័យ។ ក្នុងឱកាសនោះដែរ ដើម្បីជាផែនទីបង្ហាញផ្លូវដល់សិស្សានុសិស្សភាគច្រើន បានកំពុងចាប់យកជំនាញ ទៅតាមការចូលចិត្តរបស់ខ្លួនហាក់មិនគិតពី ទីផ្សារការងារនៅពេលអនាគតនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់ជាយោបល់ទៅដល់អ្នកសិក្សាទើបតែបញ្ជប់ការសិក្សាថ្នាក់វិទ្យាល័យទាំងឡាយ ដែលត្រៀមរើសមុខជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សានានា ត្រូវមើលលើទេពកោសល្យរបស់ខ្លួនជាមុនសិន មិនថាសិក្សានៅទីណានោះទេ ក៏មិនសំខាន់ដូចជំនាញដែលខ្លួនមានដែរ ។ឯកឧត្តមបណ្ឌិតបញ្ជាក់បន្ថែមថាថា ចំណេះដឹងដើរតួនាទីសំខាន់ ណាស់សម្រាប់មនុស្សគ្រប់រូប ជាមួយគ្នានេះ ការរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា គឺសំខាន់ណាស់ក្នុងការគោរព និងមើលលើទេពកោសល្យរបស់ខ្លួន មិនថារៀននៅសាលាណាទីណានោះទេ។ ទន្ទឹមនឹងការមើលលើទេពកោសល្យខ្លួន ក៏ត្រូវសម្រេចតាមការស្រ ឡាញ់លើមុខជំនាញនីមួយៗ តាមចិត្តខ្លួនឯងដូចគ្នា ហើយការ សិក្សាជំនាញតាមទីផ្សារការងារ គឺជារឿងត្រូវគិតក្រោយគេ។ បច្ចុប្បន្ននេះ គេសង្កេតឃើញថា យុវជនភាគច្រើនហាក់មានការបារម្ភច្រើនថា ជំនាញដែលខ្លួនស្រឡាញ់អាចមិនមានទីផ្សារការងារធំទូលាយពិបាករកការងារធ្វើជាដើម ។​ ទាំងអស់នេះ ក៏ជាកត្តាមួយដែលធ្វើឱ្យយុវជនជ្រើសរើសមុខវិទ្យាសិក្សាមួយ ដែលខ្លួនមិនមានទេពកោសល្យនោះ រហូតធ្វើឱ្យនិស្សិតមួយចំនួនធ្វើការមិនត្រូវនិងជំនាញដែលខ្លួនបានសិក្សាចប់ ឬ មិនមានការងារធ្វើ ព្រោះតែពួកគេមួយចំនួនមិនមានទេពកោសល្យ លើជំនាញសិក្សាដែលខ្លួនរើសនេះ។ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិត សុខ ទូច បានបញ្ជាក់ថា កាលណាមនុស្សមានទេពកោសល្យនៅក្នុងខ្លួន គឺបុគ្គលនោះរៀនចាប់បានលឿន មិនថាក្នុងការសិក្សា ឬវិស័យការងារឡើយ និងស្នើដល់យុវជនជំនាន់ក្រោយ ដែលកំពុងរើសជំនាញសិក្សា ប្រសិនជាចង់ទៅមើលសាលាណាមួយ កុំមើលតែភាពទំនើបពីខាងក្រៅរបស់សាលា ត្រូវមើលពីកម្មវិធីសិក្សានៅទីនោះ និងមើលលើគុណភាពគ្រូបង្រៀននៅទីនោះផង។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានណែនាំដល់អាណាព្យាបាលគ្រប់រូប គួរចាប់អារម្មណ៍ តាមដាន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការសិក្សារបស់កូន ព្រមទាំងផ្តល់ជាយុទ្ធសាស្ត្រគាំទ្រលើអ្វីដែលកូនស្រឡាញ់ និងពេញចិត្តផងដែរ។សូមជម្រាបដែរថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបើកការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្ដល់អាហារូបករណ៍សម្រាប់សិស្សជាប់និទ្ទេស A ចំនួន ១០០% ក្នុងរយៈពេល៤ឆ្នាំ។ និទ្ទេស B ផ្ដល់អាហារូបករណ៍ ៥០% រយៈ ពេល ៤ឆ្នាំ និង និទ្ទេស C ផ្ដល់អាហារូបករណ៍ ៣០% រយៈ ពេល ៤ឆ្នាំ ។ ដែលកាលបរិច្ឆេទចូលរៀន លើកទី១នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤និង លើកទី២នៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ៕អត្ថបទ ៖ ភារម្យ

ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងនគរបាលជាតិជាឆ្មាំឈរការពារនិងបម្រើប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ

2024/11/11 05:40:06 pm        110
ភ្នំពេញ ៖ «បេសកកម្មរបស់កងកម្លាំងនគរបាលជាតិមានតម្លៃខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ពីព្រោះកងនគរបាល គឺជាអ្នកឈរការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា និងគ្រប់ពេលវេលា។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋយើងធ្វើដំណើរទៅណាក៏បាន ថ្មើរណាក៏បាន ដោយគ្មានការព្រួយបារម្ភពីអសន្តិសុខឡើយ ដោយសារមាននគរបាលជាតិជាអ្នកយាមការពារគ្រប់ទិសទី»។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសជាមួយ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្តល់បាឋកថា ចែករំលែកបទពិសោធលើប្រធានបទ ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងការគ្រប់គ្រងសាធារណមតិ និងភូមិសាស្ត្រនយោបាយ» នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ក្នុងបាឋកថានេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គ្រូនិងមន្រ្តីនគរបាលជាតិ សិក្ខាកាម-និស្សិតថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ ប្រមាណជាង ១ ០០០ នាក់ នៅអគារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារB) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ឯកឧត្តម ប៉ែន បូណា បន្តថា កងនគរបាលគ្រប់ប្រភេទខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ ដោយគ្មានថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាកឡើយ ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានកម្សាន្តសប្បាយ ក៏ដូចជាត្រៀមខ្លួនជានិច្ចក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ ក្នុងពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកកម្មករ បានដើរកម្សាន្តក្នុងថ្ងៃឈប់សម្រាក កងកម្លាំងសមត្ថកិច្ចនគរបាលឯណេះវិញ កាន់តែមមាញឹកខ្លាំង ហើយគុណតម្លៃដ៏ធំធេងនេះ មិនត្រូវមើលរំលងឡើយ។ សកម្មភាពល្អៗរបស់កងនគរបាលជាតិ គួរត្រូវបានបង្ហាញជាប្រចាំឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបតាមរយៈការផ្សព្វផ្សាយតាមបែបបុរេសកម្មនិងឆ្លាតវៃ ស្របតាមបច្ចេកវិទ្យាក្នុងសម័យទំនើប។ នេះជាការកត់សម្គាល់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដោយបានបង្ហាញពីវិធីសាស្ត្រមួយចំនួនក្នុងការផ្សព្វផ្សាយក្នុងសកម្មភាពបុរេសកម្មជូនដល់កងកម្លាំងនគរបាលជាតិ។ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណនិងកោតសរសើរចំពោះឯកឧត្តមវាគ្មិនទាំងពីរ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចែករំលែកបទពិសោធដ៏មានសារសំខាន់ និងស្របពេលដែលពិភពលោកកំពុងមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន AI ព័ត៌មានសម្បូរបែប និងសភាពការណ៍ភូមិសាស្ត្រនយោបាយប្រែប្រួលជាបន្តបន្ទាប់ពិបាកវាយតម្លៃ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ជឿជាក់ថា តាមរយៈបាឋកថានេះ នឹងអាចពង្រឹងការយល់ដឹងពីតួនាទីនិងភារកិច្ចក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ អាចក្លាយខ្លួនជាអ្នកគ្រប់គ្រងព័ត៌មាននិងសាធារណមតិពេញលេញ និងប្រកបដោយគុណវុឌ្ឍិ វិជ្ជាជីវៈ គុណភាពនិងសីលធម៌ អាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព ពង្រីកការយល់ដឹងអំពីភូមិសាស្ត្រនយោបាយតំបន់ និងអន្តរជាតិកាន់តែទូលំទូលាយ៕

​ UNDP ប្តេជ្ញាចិត្តរួមដំណើរជាមួយកម្ពុជាអំឡុងពេលអន្តរកាល «ដំណើរឆ្ពោះទៅការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច» (LDC)

2024/11/11 05:35:08 pm        199
ភ្នំពេញ៖ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងក្នុងការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) របស់កម្ពុជា ក្រសួងផែនការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំកិច្ចសន្ទនាគោលនយោបាយក្រោមប្រធានបទ ដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច៖ ទស្សនវិស័យពហុភាគីសម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរួមស្ដីពីកិច្ចសន្ទនាគោលនយោបាយ «ដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច៖ ទស្សនវិស័យពហុភាគីសម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង» នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ កិច្ចសន្ទនាគោលនយោបាយនេះបានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល អ្នកជំនាញផ្នែកអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងសង្គមស៊ីវិលដើម្បីពិភាក្សាពីទស្សនៈពហុភាគីនូវផលប៉ះពាល់សង្គម-សេដ្ឋកិច្ច នៃការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច និងតម្រូវការចម្បងសម្រាប់អន្តរកាលដោយរលូន និងយូរអង្វែង។ អ្នកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងយូអិនឌីភីប្រចាំប្រទេសកម្ពុជាលើកឡើងថា ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាសមិទ្ធិផលដ៍សំខាន់នៃដំណើរអភិវឌ្ឍប្រទេសរបស់កម្ពុជា ដែលវាមិនត្រឹមតែនាំមកនូវបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំមកនូវឱកាសផងដែរ។ អន្តរកាលនេះក៍នឹងបើកផ្លូវថ្មីសម្រាប់កំណើនដ៏រឹងមាំនិងភាពធន់ផងដែរ។ អ្នកស្រីបន្តថា៖«ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាកិច្ចខិតខំប្រឹងប្រែងរួមដែលលើសពីវិស័យពាណិជ្ជកម្ម ដែលទាមទារឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍និងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីទាញយកឱកាស និងសាងកេរ្តិ៍ឈ្មោះប្រទេសឱ្យកាន់តែកើនឡើង។ យូអិនឌីភីប្តេជ្ញាចិត្តរួមដំណើរជាមួយនឹងប្រទេសកម្ភុជាក្នុងអំឡុងពេលអន្តរកាលរបស់ខ្លួន តាមរយៈការគាំទ្រការពន្លឿនការអភិវឌ្ឍមនុស្ស ការលើកកម្ពស់ការប្រកួតប្រជែងនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកកម្ពស់សេដ្ឋកិច្ចបៃតងសម្រាប់កំណើនប្រកបដោយភាពធន់ និងការផ្លាស់ប្តូរពីការទទួលជំនួយហិរញ្ញប្បទានទៅជាការកៀរគរហិរញ្ញប្បទានអភិវឌ្ឍន៍ ដែលបានចែងនៅក្នុងឯកសារកម្មវិធីប្រចាំប្រទេសរបស់យូអិនឌីភី (២០២៤-២០២៨)»។ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ មានប្រសាសន៍ថា ដើម្បីធានាបានថា ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច មិនក្លាយជាឧបសគ្គដល់វឌ្ឍនភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងបរិស្ថាន ក្រសួងផែនការ ដែលជាសេនាធិការនិងជាលេខាធិការដ្ឋានរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកក្នុងការសម្របសម្រួលនិងរៀបចំការចាកចេញរបស់កម្ពុជាពីពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច និងសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលដើម្បីរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន (Smooth Transition Strategy) សម្រាប់អនុវត្តអំឡុងពេលក្រោយការចាកចេញ។ យុទ្ធសាស្ត្រអន្តរកាលដោយរលូន ត្រូវបន្ស៊ីជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៦ គឺ៖ ១) ការពង្រឹង និងពង្រីកមូលធនមនុស្ស, ២) ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ៣) ការពង្រីកទីផ្សារពាណិជ្ជកម្ម, ៤) ការទាក់ទាញការវិនិយោគបរទេស, ៥) ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និង ៦) ការពង្រឹងយន្តការគាំពារសង្គម។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរួម យូអិនឌីភី បង្ហាញមោទនភាពយ៉ាងខ្លាំងក្នុងការគាំទ្រក្រសួងផែនការ ដែលដឹកនាំការឆ្លុះបញ្ចាំង និងការសម្របសម្រួលលើការរៀបចំអន្តរកាលដោយរលូន និងប្រកបដោយចីរភាពក្នុងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដោយនឹងធ្វើការជាមួយនឹងដៃគូជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍនិងអនុវត្តយុទ្ធសាស្ត្រអន្តរកាលដោយរលូនប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។គួរបញ្ជាក់ថា ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) ត្រូវបានបង្កើតឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៧១ បច្ចុប្បន្ន មានប្រទេសចំនួន ៤៥ ដែលក្នុងនោះប្រទេសខ្លះត្រូវបានកំណត់ថានឹងចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចក្នុងពេលឆាប់ៗនេះ។ ការចាកចេញនេះពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ចំណុច៖ ប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់ សន្ទស្សន៍ទ្រព្យធនមនុស្ស និងសន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ចនិងបរិស្ថាន។ កម្ពុជាត្រូវបានរាប់បញ្ចូលទៅក្នុងក្រុមប្រទេសអភិវឌ្ឍតិចតួចក្នុងឆ្នាំ១៩៩១ និងបានទទួលអត្ថប្រយោជន៍ពីវិធានគាំទ្រអន្តរជាតិ (ISMs) ក្នុងវិស័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងបច្ចេកទេស និងការចូលនៅក្នុងវេទិកាអន្តរជាតិ។ ចាប់តាំងពីពេលនោះមកកម្ពុជាមានការវិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងគួរឱ្យកត់សំគាល់ រួមមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ការរក្សាបាននូវអតិផរណាកម្រិតមធ្យម ការកាត់បន្ថយភាពក្រីក្រ និងការរីកចម្រើននៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI)។ប្រទេសកម្ពុជា បានបំពេញគ្រប់លក្ខណៈវិនិច្ឆ័យដំបូងសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២១ ហើយបានបំពេញម្តងទៀតលើលក្ខណៈវិនិច្ឆ័យទាំង៣នៅឆ្នាំ២០២៤។ ផ្អែកលើវឌ្ឍនភាពនេះ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិ (ECOSOC) បានអនុម័តលើអនុសាសន៍របស់គណៈ កម្មាធិការសម្រាប់គោលនយោបាយអភិវឌ្ឍន៍ (CDP) សម្រាប់ប្រទេសកម្ពុជា ដើម្បីចាកចេញពីពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ដោយមានរយៈពេលអន្តរកាលចំនួនប្រាំឆ្នាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
07/09/2026 09:07 PM
ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
07/09/2026 09:07 PM
កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
07/09/2026 08:07 PM
លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
07/09/2026 08:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
07/09/2026 08:07 PM
អ្នកនេសាទ ៣នាក់ស្លាប់ និង ១៥នាក់រងរបួស ដោយសារ​ការវាយប្រហាររបស់អាមេរិក លើ​ផែននេសាទនៅ​អ៊ីរ៉ង់
07/09/2026 08:07 PM
លីបង់៖ គណៈប្រតិភូអាមេរិកនឹងត្រួតពិនិត្យការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង»
07/09/2026 08:07 PM
អ្នកវិភាគ៖ អាជ្ញាប័ណ្ណអាមេរិកឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ
07/09/2026 08:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិក IRGC ៣នាក់ ត្រូវបានសម្លាប់ អំឡុង​​ការវាយប្រហាររបស់អាមេរិក នៅខេត្ត Khuzestan
07/09/2026 07:07 PM
​EU ស្នើវិធានការបង្កកទ្រព្យសម្បត្តិ និងបម្រាម​ធ្វើដំណើរ ដើម្បីប្រយុទ្ធប្រឆាំង​ការរត់ពន្ធជនអន្តោប្រវេសន៍
07/09/2026 07:07 PM