CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
ភារធារីស្ដីទីទូតអាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ព្រឹទ្ធសភាបន្តពាំនាំការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋភៀសសឹកតាមព្រំដែន

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល បើកកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងផ្តោតសំខាន់លើការត្រៀមលក្ខណៈផ្នែកសុខាភិបាល នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

2024/11/11 05:31:44 pm        73
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត, នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសុខាភិបាល។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក សូមត្រៀមលក្ខណៈក្នុងការពារសុខភាពជូនប្រជាពលរដ្ឋ ដែលនឹងចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុននេះ។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់អង្គភាពពាក់ព័ន្ធ សូមបង្កើនការផ្សព្វផ្សាយគ្រប់មធ្យោបាយនូវសារអប់រំ ព័ត៌មាននិងទីតាំងស្តង់ក្រុមគ្រូពេទ្យប្រចាំការ និងរថយន្តគិលានសង្រ្គោះបន្ទាន់ ដើម្បីងាយស្រួលក្នុងការស្វែងរក។ ទន្ទឹមនឹងនេះ នៅតាមអង្គភាព ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលានូវសម្ភារវេជ្ជសាស្រ្ត និងឱសថសារវន្តសម្រាប់គាំទ្រ ដោយត្រូវរៀបចំផែនការឱ្យទុកជាមុន ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នណាមួយយថាហេតុ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ពាំនាំដល់មន្រ្តីក្រោមឱវាទទាំងអស់ ដោយត្រូវមានភាពបុរេសកម្មនឹងការងារ ដោយត្រូវមានការឆ្លុះបញ្ចាំងគ្រប់រូបភាពការងារឱ្យក្លាយជាសកម្មភាពការងារ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំថ្នាក់ដឹកនាំគ្រប់កម្រិត ក្នុងការយកទៅពង្រឹងការងារនៅតាមអង្គភាពរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពការងារគ្រប់ទិដ្ឋភាពទាំងមន្រ្តីសុខាភិបាល និងសាធារណជន ៖-ត្រូវបង្កើនការផ្សព្វផ្សាយគ្រប់រូបភាព ដោយភាពបុរេសកម្ម និងនវានុវត្តន៍-ជាគោលការណ៍ដោយត្រូវបង្កើនសមត្ថភាពទាំងជំនាញទ្រឹស្តី និងបច្ចេកទេស-ត្រូវស្វែងយល់ពីការចង់បាន និងការរំពឹងទុករបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ឆ្ងាយ-ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពារសុខភាពប្រជាពលរដ្ឋ ដោយត្រូវពង្រឹង និងតាមដានឱ្យបានជាប់ជាប្រចាំលើសមត្ថភាពមន្រ្តីរបស់ខ្លួន។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ប្រធានអង្គភាព ត្រូវមានការណែនាំដល់មន្រ្តីរបស់ខ្លួន ត្រូវស្វែងយល់ពីការងារ និងត្រូវជំនាញរបស់ខ្លួនឱ្យកាន់តែច្បាស់លាស់ស៊ីជម្រៅ ជាពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងមានទស្សនវិស័យឆ្ពោះទៅមុន៕អត្ថបទ រដ្ឋា

រដ្ឋបាលខណ្ឌ៧មករា លើកលែងការបង់តម្លៃសេវាលើការបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន បាក់ឌុប និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ២០២៤

2024/11/11 05:05:21 pm        663
រដ្ឋបាលខណ្ឌ៧មករា ក្រោមការដឹកនាំរបស់ លោក សោម សុវណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ​៧ម​ករា និង លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បាន​យក​ចិត្ត​ទុក​ដាក់​ពី​ការ​បម្រើ​សេវាសាធារណៈជូនដល់ ប្រជាពលរដ្ឋជាពិសេស​នោះ​គឺ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ​ ដើម្បីបម្រើដល់សិស្សានុសិស្សដែលត្រូវបញ្ជាក់នូវឯកសារ វិញ្ញាបនបត្រ បណ្តោះ​អាសន្ន មធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ សម្រាប់ឆ្នាំ ២០២៤ ។ រដ្ឋបាលខណ្ឌ៧មករា សូមបញ្ជាក់ជូនដល់ពលរដ្ឋដែលមានតម្រូវការមកទទួលសេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយរបស់ខណ្ឌ៧មករា គឺចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ រៀងរាល់​ម៉ោង​ធ្វើការ ពេលព្រឹក ចាប់ពីម៉ោង០៧និង៣០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីព្រឹក និងពេល​រសៀល ចាប់ពីម៉ោង០២រសៀលរហូតដល់ ម៉ោង០៥ និង៣០នាទីល្ងាច។ ក្នុងនោះតែប្រជាពលរដ្ឋ ដែលបានមកទទួលសេវាសាធារណះនៅច្រកចេញចូលតែមួយ បាន​លើក​ឡើងថា មានភាពលឿនរហ័ស និងមានមន្រ្តីប្រចាំការ ទទួលឯកសារពីពលរដ្ឋ លឿន​ផង​ដែរ​។ បន្ថែមទៀតនោះ ពេលមកបញ្ជាក់ឯកសារ ដូចជា អត្ថសញ្ញាណបណ្ណ សៀវភៅស្នាក់ សញ្ញាប័​ត្រ​ ជាដើម ពេលខ្លះមិនចាំបាច់ឲ្យពលរដ្ឋត្រឡប់ទៅវិញនោះទេ គឺឲ្យពលរដ្ឋ​រង់​ចាំ​ទទួល​យក​ឯកសារ​ទៅវិញភ្លាមៗផងដែរ។  ទន្ទឹមនិងនេះ លោកអភិបាលបានណែនាំមន្រ្តីសមត្ថកិច្ច និង​អាជ្ញាធរ​ទាំងអស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បំរើ​សេវាសាធារណៈ​ សេវាសន្តិសុខ សេវាផ្សេងៗជាតម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ និងចាត់ចែងកម្លាំងទាំងសមត្ថកិច្ច ទាំងរដ្ឋបាលស៊ីវិល ខណ្ឌ​សង្កាត់​ប្រចាំ​ការ​ជាប់​ជា​ប្រចាំ​២៤​ម៉ោង​លើ​២៤ម៉ោង នៅទីស្នាក់ដើម្បីចាំទទួល​ផ្ដល់​សេវា និង​បំរើ​សេវា​សាធារណៈ និង​ទទួល​សំណូមពររបស់ប្រជាពលរដ្ឋមិនថាយប់ឬថ្ងៃ៕ អត្ថបទ៖ កុម្ភះ

មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ទទួលវិញ្ញាបនបត្រ ISO ដែលទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ

2024/11/11 04:45:44 pm        601
មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (Maxicare) ដែលជាមន្ទីរពេទ្យកុមារឯកជនដំបូងគេបង្អស់នៅកម្ពុជា ទទួលបានវិញ្ញាបនបត្រ ISO ចំនួន២ ជាវិញ្ញាបនបត្រទទួលស្គាល់ពីគុណភាពស្ដង់ដារលំដាប់ថ្នាក់អន្ដរជាតិ។នៅក្នុងពិធីទទួលវិញ្ញាបនបត្រ ISO កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ បានឲ្យដឹងថា វិញ្ញាបនបត្រចំនួន២ ដែលទទួលបាននេះ ទី១. គឺជាវិញ្ញាបនបត្រ ISO 9001:2015 ដែលវិញ្ញាបនបត្រមួយនេះបង្ហាញពីការទទួលស្គាល់ជាអន្ដរជាតិ ពីគុណភាពនៃប្រព័ន្ធគ្រប់គ្រងគ្រប់ផ្នែកទាំងអស់របស់មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ដែលរួមបញ្ចូលទាំងបទដ្ឋានក្នុងការកំណត់គោលការណ៍ផ្ដល់នូវសេវាកម្មថែទាំព្យាបាលអ្នកជំងឺ ការគ្រប់គ្រងហានិភ័យ និងការគិតពីអតិថិជនជាចម្បងមុនគេ ដើម្បីផ្ដល់សេវាកម្មប្រកបដោយប្រសិទ្ធិភាពខ្ពស់ ធានាថាអតិថិជនទទួលបានការបម្រើសេវាកម្មប្រកបដោយផាសុខភាពចាប់តាំងពីអញ្ជើញមកដំបូងរហូតទទួលបានការពិនិត្យនិងព្យាបាលរួចរាល់។ និងទី២. វិញ្ញបនបត្រ ISO 10004:2018 ដែលជាវិញ្ញាបនបត្រស្តង់ដាបញ្ជាក់ពី គុណភាពនៃការបម្រើសេវាកម្ម ថែទាំនិងព្យាបាលអ្នកជំងឺប្រកបដោយមានគុណភាពខ្ពស់ដែលអតិថិជនអាចទុកចិត្តបាន។ លោកវេជ្ជបណ្ឌិត វ៉ានសុខជា នាយកប្រតិបត្តិមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ បានមានប្រសាសន៍ថា ទម្រាំតែទទួលបាននូវការទទួលស្គាល់ ក៏ដូចជាទទួលនូវវិញ្ញាបនបត្រមួយនេះ ក្រុមការងាររបស់មន្ទីរពេទ្យគ្រប់ផ្នែក បានឆ្លងកាត់ការបណ្ដុះបណ្ដាលជាច្រើន។ ក្រោយពីឆ្លងកាត់ការបណ្ដុះបណ្ដាលទាំងនោះ ក៏មានការចុះមកធ្វើសវកម្មត្រួតពិនិត្យទៅលើប្រព័ន្ធគុណភាពការងារយ៉ាងយកចិត្តទុកដាក់ពីសំណាកក្រុមការងារបច្ចេកទេស ISO ផងដែរ។ លោកវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ទីរពេទ្យមួយដែលតំណាងឲ្យកម្ពុជា គឺពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងការទទួលបានវិញ្ញាបនបត្រទាំងនេះ ពីព្រោះបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យកុមារ ក្នុងការយកចិត្តទុកដាក់ផ្ដល់សេវាកម្មពិនិត្យថែមទាំព្យាបាលអតិថិជនប្រកបដោយស្ដង់ដារវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់។ សូមជំរាបជូនថា មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យឯកជនឈានមុខគេ ក្នុងការផ្ដល់សេវាកម្មពិនិត្យ ព្យាបាលថែទាំកុមារ ដែលមានស្ដង់ដារទទួលស្គាល់ដោយអន្ដរជាតិ។ ក្រុមការងារនៅមន្ទីរពេទ្យកុមារនេះ រង់ចាំបម្រើសេវាកម្មជូនអតិថិជនគ្រប់ពេលវេលា ប្រកបដោយការយកចិត្តទុកដាច់ចេញពីបេះដូង ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ធនាគារជាតិដាក់ឱ្យដំណើរការទូទាត់បាគងទេសចរ ជាមួយម៉ាស្ទ័រកាត ដើម្បីគាំទ្រ​វិស័យ​ទេសចរណ៍

2024/11/11 04:31:27 pm        696
ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ ជាមួយ​ក្រុមហ៊ុ​ន​បណ្តាញ​ប័ណ្ណ​ទូទាត់អន្តរជាតិ ម៉ាស្ទ័រកាត ដោយអ្នកប្រើប្រាស់អាចផ្ទេរប្រាក់ពីគណនី Mastercard ទៅ​កាន់​គណនីផ្សេងៗតាមប្រព័ន្ធ Bakong Tourists wallets ដោយធ្វើឱ្យការ ទូទាត់កាន់តែងាយ​ស្រួល​សម្រាប់​អ្នកទេសចរណ៍។លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅ​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរ​ការ​កម្មវិធីទូទាត់បាគង ទេសចរ ជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិម៉ាស្ទ័រកាត នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា នៅពេលដែលបច្ចេកវិទ្យា និងទេសចរណ៍មានការវិវឌ្ឍន៍ ក្នុង​នោះសម្រាប់អ្នកធ្វើដំណើរពួកគេនឹងស្វែងរកភាពរលូនប្រកបដោយប្រសិទ្ធភាព និង​បទ​ពិសោធន៍ ផ្ទាល់ខ្លួនផ្សេងៗ។ បញ្ហានេះ, ធនាគារជាតិនៃកម្ពុជាបានបង្កើត “បាគងកម្ម​វិធី​ទេសចរណ៍​” ដើម្បីកែលម្អសេវាកម្មទូទាត់ និងគាំទ្រ វិស័យទេសចរណ៍ ដោយបើកដំណើរការ, ការទូទាត់តាម​ឌីជីថលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ កម្មវិធីនេះ ផ្តល់នូវព័ត៌មាន និងសេវា កម្មជាច្រើនដូចជា ការតភ្ជាប់អ្នកធ្វើដំណើរ និងអាជីវកម្មក្នុងស្រុក ដើម្បីទទួលបានបទពិសោធន៍ធ្វើដំណើរកាន់តែប្រសើរ។  លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា បន្ទាប់ពីការប្រកាសនេះ Mastercard និងធនាគារជាតិនៃកម្ពុជា បានធ្វើការរួមគ្នា ដើម្បីឈានដល់ចំណុចដ៏ប្រសើរ ហើយបន្ទាប់ពីការដាក់ឱ្យដំណើរការនេះទៅ អ្នកប្រើប្រាស់អាចផ្ទេរប្រាក់ពីគណនី Mastercard របស់ពួកគេទៅកាន់គណនីផ្សេងៗ, ដោយកាបូបអ្នកទេសចរបាគង (Bakong Tourists wallets) ធ្វើឱ្យការទូទាត់កាន់តែងាយស្រួល ពេលធ្វើដំណើរ។ លក្ខណៈពិសេសនេះផ្តល់នូវភាពរហ័សរហួន លទ្ធភាពទទួលបានមូលនិធិ បើកការទិញ ការកក់ និងការគ្រប់គ្រងការ ចំណាយដោយមិនយកសាច់ប្រាក់ ឬប្រើបញ្ជរប្តូររូបិយប័ណ្ណ ជាពិសេសផ្តល់ភាពងាយស្រួលនៃការប្រើកម្មវិធី និងមានច្រើនភាសា ធ្វើឱ្យមនុស្សទូទៅអាចប្រើប្រាស់បានគ្រប់ៗគ្នា ដោយធានាបាននូវបទពិសោធន៍ធ្វើដំណើរគ្មានភាពតានតឹង។ ទាក់ទិនបញ្ហានេះ អ្នកទេសចរអាចភ្ជាប់ Mastercard ដែលមានស្រាប់ ដើម្បីបញ្ចូលទឹកប្រាក់បាគងរបស់ពួកគេ, កាបូបលុយ អ្នកទេសចរ និងលែងមានបញ្ហាក្នុងការបញ្ចូលលុយតាមរយៈដៃគូអាជីវកម្មបាគង។ នៅដំណាក់កាលបន្ទាប់នៃកម្មវិធី នឹងអនុញ្ញាតឱ្យ អ្នកប្រើប្រាស់ភ្ជាប់ជាមួយកាតទូទាត់អន្តរជាតិ ដែលមានស្រាប់ផ្សេងទៀត។ គំនិតផ្តួចផ្តើមមានគោលបំណងកាត់បន្ថយការពឹងផ្អែក លើសាច់ប្រាក់ ដែលអនុញ្ញាតឱ្យអ្នកទេសចរណ៍ធ្វើការទូទាត់ដោយការស្កេន KHQR Codes នៅទីតាំងពាណិជ្ជករប្រមាណ ៣,៣ លានកន្លែងនៅទូទាំងប្រទេសកម្ពុជា។  លោកជំទាវបណ្ឌិត ជា សេរី មានជំជឿថា ការបើកដំណើរការកម្មវិធី “Bakong Tourists App with Mastercard” នឹងជំរុញ ឱ្យមានការបង្កើតថ្មីនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ផ្តល់ជូនអ្នកដំណើរនូវភាពងាយស្រួល និងសុវត្ថិភាពនៃឌីជីថលការបង់ប្រាក់, ដែលការអនុវត្តនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលបំណងជំរុញសេដ្ឋកិច្ចឌីជីថល និងសង្គម៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការបក្សខេត្តតាកែវ

2024/11/11 04:14:01 pm        622
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជា​អគ្គលេខាធិការ​គណៈ​ចលនា​មហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃ​ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការបក្សខេត្តតាកែវ និងសំណេះសំណាល​ជាមួយ​រចនា​សម្ព័ន្ធ​គណៈ​ចលនា​មហាជន​ខេត្តតាកែវ ប្រមាណ៣០០នាក់។ ឯកឧត្តម យស់ ស៊ីណា អនុប្រធាន និងជាប្រធានគណៈប្រចាំការគណបក្សខេត្តតាកែវ បាន​សម្តែង​អំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់អគ្គលេខាធិការ ដែលបាន​ផ្តល់​កិត្តិយស​អញ្ជើញមកសំណេះសំណាលជាមួយសមាជិក សមាជិកា នៃរចនាសម្ព័ន្ធគណៈ​ចលនា​មហា​ជន​ទូទាំងខេត្តតាកែវ ព្រមទាំងបានធ្វើរបាយការណ៍សង្ខេប អំពីការងារសម្រេច​បាន​របស់គ​ណបក្ស​ខេត្ត និងការចូលរួមរបស់គណៈចលនាមហាជនក្នុងការបោះឆ្នោតកន្លងទៅ។ឯកឧត្តម វ៉ី សំណាង ក្នុងនាមប្រធានគណៈចលនាមហាជនគណបក្សខេត្ត ដែលទទួល​ការ​តែង​តាំង​ថ្មី បានធ្វើការប្តេជ្ញាចិត្ត ខិតខំយកអស់កម្លាំងកាយ ចិត្តក្នុងការបំពេញការងារចលនាមហាជន ដោយ​ធ្វើការពង្រឹង និងពង្រីក​រចនា​សម្ព័ន្ធ​ព្រម​ទាំង​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​នូវ​ការ​ណែនាំទាំ​ង​ឡាយរបស់ថ្នាក់កណ្តាល ជាពិសេសបន្តធ្វើការ​យ៉ាងជិត​ស្និទ្ធ​ជា​មួយ​អគ្គ​លេខា​ធិការដ្ឋាន​គណៈ​ចលនាមហាជន។ថ្លែងទៅកាន់អង្គពិធីឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស ជាពិសេសរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់នៃគណៈចលនាមហាជនដែលបានចូលរួមយ៉ាងសកម្មក្នុងការងារគណបក្ស ដែលបាននាំមកនូវជ័​យ​ជម្នះ​ជូន​គណបក្ស​ជា​បន្តប​ន្តាប់​ក្នុង​ការ​បោះឆ្នោត​ទាំង​អស់​កន្លង​មក​។ឯកឧត្តមបន្តថា ជ័យជម្នះរបស់គណបក្សនៅរាល់ការបោះឆ្នោតគឺពិតជាមានសារៈសំខាន់ ព្រោះថា​ដើម្បីរក្សាសុខសន្តិភាព និងសមិទ្ធផលនានាដែលយើងមានបច្ចុប្បន្ន គឺត្រូវការ​គណបក្ស​បន្ត​ដឹកនាំ និងទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិ។ ជាចុងក្រោយ លោកអគ្គ​លេខា​ធិការ ក៏បានផ្តាំផ្ញើឲ្យមន្រ្តីគណបក្សត្រូវខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋ តាមរយៈ​អំពើ​ល្អ​នៅ​ជិតជាមួយគាត់ និងការខិតខំប្រឹងប្រែងដោះស្រាយសំណូមពរតាមលទ្ធភាព ដើម្បី​ធានា​ការ​គាំទ្រ និងជំនឿជាក់មកលើគណបក្ស។សូមបញ្ជាក់ថា យោងសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តតាកែវ លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ត្រូវបាន​តែង​តាំង​ជា​ប្រធាន​គណៈ​ចលនា​មហា​ជនគណបក្សខេត្តតាកែវ ដែលត្រូវបានប្រកាសតែងតាំងនារសៀលថ្ងៃនេះ៕

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីអបអរសាទរខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ

2024/11/11 03:59:33 pm        634
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្ស ប្រារព្ធពិធីអបអរសាទរខួបលើកទី៧១នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលពិធីនេះធ្វើឡើងនៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ លើកឡើងថា អស់រយៈពេលជិតមួយសតវត្សរ៍ គឺចាប់តាំងពីឆ្នាំ១៨៦៣ ប្រជាជាតិកម្ពុជាត្រូវស្ថិតក្រោមនឹមអាណានិគមបារាំង។ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋកម្ពុជា បាត់បង់អស់នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង កិច្ចការក្នុង និងក្រៅប្រទេស រួមទាំងសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ត្រូវធ្លាក់ក្នុងការត្រួតត្រាទាំងស្រុងរបស់អាណានិគមបារាំង និងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនជាទីបំផុត។ដើម្បីស្រោចស្រង់ប្រទេសជាតិមាតុភូមិឱ្យរួចផុតពីការរំលោភឈ្លានពាន ការគាបសង្កត់ពីអាណានិគមបារាំង និងដណ្តើមយកមកវិញនូវសិទ្ធិសេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី កិត្យានុភាព និងវឌ្ឍនភាពសង្គម ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គជាព្រះមហាក្សត្រដ៏ឆ្នើម មានទឹកព្រះទ័យស្នេហាជាតិដ៏ខ្ពង់ខ្ពស់ មានព្រះបញ្ញាញាណដ៏មុតថ្លា បានបំពេញព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមពុះពារជម្នះគ្រប់ឧបសគ្គប្រកបដោយវីរភាពអង់អាចក្លាហាន។ ឯកឧត្តម សុខ លូ ថ្លែងបន្ថែមថា បច្ចុប្បន្ននេះ យើទាំងអស់គ្នាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលសម្រេចបានក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះក្រោមម្លប់សន្តិភាព។ យើងបានប្រែក្លាយមាតុភូមិកម្ពុជាទៅជាទឹកដីកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាបាននូវគុណតម្លៃនៃសុខសន្តិភាព ប្រក្រតីភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមល្អ ពង្រឹងបាននូវលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមជាតិទាំងមូល ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅបានសុខក្សេមក្សាន្ត សុខដុមរមនា ជាមហាគ្រួសារខ្មែរតែមួយក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតែមួយ ដោយគ្មានការរើសអើងនិន្នាការនយោបាយ អតីតកាល ដើមកំណើត ជាតិ ជំនឿសាសនា ភេទ ឬឋានៈក្នុងសង្គមឡើយ ហើយកំពុងបញ្ចេញអស់ពីកម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មកសាងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា។ក្នុងនាមរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត ឯកឧត្តម សុខ លូ ប្ដេជ្ញាគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមប្ដេជ្ញាថែរក្សាការពារនូវរាល់សមិទ្ធផលសង្គមជាតិ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃជាតិកម្ពុជាទាំងមូលក្រោមម្លប់នៃសុខសន្តិភាព។ឯកឧត្តម សុខ លូ ប្តេជ្ញាការពារយ៉ាងដាច់ខាតនូវរដ្ឋធម្មនុញ្ញ រាជបល្ល័ង្គ និងរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងការពារឱ្យបាននូវសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ៕

សិស្សបាក់ឌុប​និទ្ទេសA ៦នាក់ លើកដំបូងនៅក្រុងរុនតាឯកតេជោសែន ទទួលបានការលើក​ទឹកចិត្ត​ពីក្រុមការងាររាជរដ្ឋាភិបាល

2024/11/11 03:51:34 pm        630
សិស្ស​ប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ចំនួន ៦នាក់ ទទួល​បាន​ថវិ​ការ​លើក​ទឹក​ចិត្ដចំនួនមួយលានរៀល និងកង់មួយគ្រឿង ពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន​ក្រុង​រុនតាឯក​តេជោសែន ខណៈដែលពួកគាត់នទទួលបាននិទ្ទេសA ​ជាលើកដំបូង សម្រាប់​ក្រុង​រុនតាឯកតេជោ​សែននេះ។ ការចែករង្វាន់លើកទឹកចិត្ដនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។លោក អ៊ឹង សុភ័ណ អភិបាលក្រុងរុនតាឯកតេជោសែន មានប្រសាសន៍ថា  នៅឆ្នាំ២០២៤នេះ សិស្សានុសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន២៤៧នាក់ មកពី​វិទ្យាល័យ​ចំនួន​០៣វិទ្យាល័យ ហើយជាលទ្ធផល​សិស្សានុសិស្សបា​ន​ប្រឡង​ជាប់​ចំនួន​២១៣​នាក់​ស្មើ៨​៦,២៣ភាគរយ ក្នុងនោះសិស្សានិសិស្សទទួលបាននិទ្ទេស Aចំនួន០៦នាក់។លោកបន្ដថា លទ្ធផលបេក្ខជនជាប់និទ្ទេសអេនេះ ជាលើកដំបូងនៅក្រុងរុនតាឯកតេជោសែន ដែល​នេះ​បាន​បង្ហាញឱ្យឃើញពីវិស័យអប់រំមានការរីកចំរើនគួរឱ្យកត់សំគាល់ និងមានការ​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ពី​សំណាក់សិស្សានុសិស្ស ការខិតខំបង្រៀនរបស់លោកគ្រូអ្នកគ្រូ ក៍ដូចជាការយក​ចិត្ត​ទុក​ដា​ក់​ពី​គណៈគ្រប់គ្រងសាលា មាតាបិតា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ លោកបានបញ្ជាក់ថា សិស្សានុសិស្សដែលទទួលបាននិទ្ទេស A រដ្ឋបាលក្រុងស្នើសុំ និងទទួល​បាន​អាហា​​រូបករណ៍ពីសាកលវិទ្យាល័យអង្គរក្នុងខេត្តសៀមរាប សិក្សាលើគ្រប់មុខវិជ្ជា និងអាហា​រូប​ករណ៍​ពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលគាំទ្រពីក្រុមហ៊ុន Agent 21 Global រហូតចប់​ការ​សិក្សា​។ឯកឧត្ដម សែម រតនា អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និងជា​អគ្គ​នាយក​ស្ដីទី មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព មានប្រសាសន៍ថា សិស្សានុសិស្ស​ដែល​បានប្រឡងជាប់និទ្ទេសអេទទួលបានថវិកាមួយលានរៀល តាមការសន្យារបស់ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ដែលលោក​បានទទួលមរណៈភាពកាលពីពេលថ្មីៗនេះ និងបន្ថែមកង់មួយគ្រឿងទៀត ដើម្បីលើទឹក​ចិត្ត​ឱ្យពួគាត់បន្តខិតខំរៀនសូត្រ។ ដោយឡែកបេក្ខជនមិនបានជាប់និទ្ទេសA ក៏​ទទួល​បាន​ថវិកាលើកទឹកចិត្ដក្នុងម្នាក់៤ម៉ឺនរៀលផងដែរ។ឯកឧត្ដមបន្ដថា ចំពោះ​សិស្សានុសិស្សដែលមិនបានប្រឡងជាប់កុំ ទាន់អស់សង្ឃឹម និងកុំបោះ​បង់​ការ​​សិក្សា ត្រូវខិតខំសិក្សាបន្ថែមដើម្បីបានប្រឡងជាប់នាពេលខាងមុខ ឬបន្តសិក្សាជំនាញ​បច្ចេក​ទេស​តាម​សាលាបណ្តុះបណ្តាលនានារបស់រដ្ឋ និងឯកជន។ ឯកឧត្ដមបន្ដថា ការសិក្សានេះ​មិន​ត្រឹម​​​តែ​រៀននៅក្នុងថ្នាក់ប៉ុណ្ណោះទេ ថែមទាំងក្រៅថ្នាក់​ត្រូវ​រៀន​យក​បទ​ពិសោធន៍​ពី​ជីវិត​ និង​ចំណេះ​ដឹ​ងផ្សេ​ងៗបន្ថែមទៀតផង ជាពិសេសការចាប់យក​ជំនាញ​វិជ្ជាជីវៈ​ណាមួយ​ពិតប្រាកដ។ ឯកឧត្ដម​បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលផងដែរ៕ 

អន្តរក្រសួងកំពុងដោះស្រាយប្រឈម លើការចុះបញ្ជីដីរដ្ឋ ដើម្បីពន្លឿនការធ្វើវិញ្ញាបនបត្រសម្គាល់

2024/11/11 03:42:22 pm        714
គណៈកម្មការអន្តរក្រសួង កំពុងពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ក្នុងការដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​លើការចុះបញ្ជីដីរបស់រដ្ឋ ជាពិសេសការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និង​ការ​កត់ត្រាដីរដ្ឋចុះនៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ក្នុងសិក្ខាសាលាស្តីពី បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និង​ការ​ចុះ​បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​សហ​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ មានប្រសាសន៍ថា ទីតាំងដីរដ្ឋមួយចំនួន ពុំទាន់​អាច​កំណត់អង្គភាពកាន់កាប់ច្បាស់លាស់នៅឡើយ ដែលជា​កត្តា​ពុំអា​ច​ដាក់​​ពាក្យ​ស្នើ​សុំ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិបាន ហើយថ្មីៗនេះ ក៏រកឃើញនូវបញ្ហាប្រឈមនេះ ក្នុងក្របខ័ណ្ឌ នៃការផ្ទេរ​មុខងា​រ​ដល់​រដ្ឋបាល ក្រុង-ស្រុក រួមមានការផ្ទេរទ្រព្យសម្បត្តិរដ្ឋ នៃការិយាល័យអប់រំស្រុក និង​ការិយាល័យ​សុខាភិបាលស្រុក ។ ឯកឧត្តមបានបន្តថា ទីតាំងដីរដ្ឋមួយចំនួន មិនមានឯកសារគាំទ្រគ្រប់គ្រាន់ សម្រាប់​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ដោយបញ្ហានេះ ចំពោះអង្គភាពដែលជួបប្រទះ អាចលើកឡើង ហើយ​អន្តរ​ក្រសួង នឹងស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យ និងផ្ដល់យោបល់​ករណី​ជាក់​ស្ដែងនីមួយៗ ដើម្បីឲ្យអង្គភាពអាចរៀបចំឯកសារគាំទ្រ ដាក់នូវពាក្យធ្វើប័ណ្ណកម្មសិទ្ធិ ។លោក ណុំ ស៊ីនិត អគ្គនាយករង នៃអគ្គនាយករដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិន​មែន​សារ​ពើ​ពន្ធ​បានឲ្យដឹងថា សម្រាប់សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យវឌ្ឍនភាព និងបញ្ហា​ប្រឈម​ នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជារួម ជាពិសេសការ​ធ្វើ​វិញ្ញា​បនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​លើ​ដីរដ្ឋ និងការកត់ត្រាដីរដ្ឋក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ផ្សព្វផ្សាយអំពី​ក្រប​ខ័ណ្ឌ​គតិយុត្ត​ថ្មីៗ ពាក់ព័ន្ធលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការគ្រប់គ្រង​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ និងពិភាក្សាលើវិធានការ និងជំហានការងារបន្ទាប់ ដើម្បីជំរុញបញ្ចប់​ការ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់ តែល្អប្រសើរ​ថែម​ទៀត​។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងជាបន្តបន្ទាប់ លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បី​ធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យទាំងឡាយរបស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិ​សិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។ ក្នុងនោះ រាជរដ្ឋាភិបាល​បានដា​ក់​ឱ្យអ​នុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានផ្សេងទៀត ដើម្បី​ព​ង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និង​បាន​ដាក់​ឱ្យ​អនុវត្តអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដើម្បីធានាការពារ​បន្ថែម​ទៀត​នូវ​កម្ម​សិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរបស់រដ្ឋ ហើយយន្តការគ្រប់គ្រង និងសម្របសម្រួលនានា ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាលបង្កើតឡើង៕ អត្ថបទ៖ បាន សុខរិទ្ធិ

ទូក និងក្រុមកីឡាករមួយចំនួនបានមកដល់ភ្នំពេញហើយ ដើម្បីត្រៀមចូលរួម​ប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/11/11 03:14:14 pm        262
គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ទូកក៏ដូចជាកីឡាករអុំទូក មួយចំនួនបាន​បង្ហាញ​វត្តមាន​នៅ​តាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញហើយ ខណៈក្រុមកីឡាករទូក កំពុង​បន្ត​ហ្វឹកហាត់​ដោយ​ផ្ទាល់លើផ្ទៃទឹកទន្លេ ដើម្បីត្រៀមប្រកួតទាំងការប្រកួតថ្នាក់រាជធានី និង​ការ​ប្រកួត​ថ្នាក់​ជាតិ។វត្តមានទូក និងក្រុមកីឡាករ ពិសេសទូកនិងកីឡាករ ដែលមានទីតាំងនៅតាមបណ្ដាខណ្ឌ ក្នុង​ខណ្ឌ​រាជ​ធានី​ភ្នំពេញ បានធ្វើដំណើរមកដល់ និងបោះទីតាំងនៅតាមមាត់ទន្លេ ពិសេសក្នុង​ភូមិ​សាស្ត្រ ខណ្ឌជ្រោយចង្វារ។ ការមកដល់នាពេលនេះ គឺដើម្បីមានពេលវវេលាបន្ថែម សម្រាប់​ការ​ហ្វឹក​ហាត់ ចូលរួមប្រកួតប្រជែងទាំងការប្រកួតទូកថ្នាក់រាជធានី នៅថ្ងៃទី ១២ ខែវិច្ឆិកា ក៏ដូច​ជា​ការ​ចូល​រួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក ដែល​នឹង​ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។សម្រាប់ក្រុមកីឡាករអុំទូក មកពីវត្តហារាម និងវត្តចំការខ្សាច់ ដែលវត្តទាំងពីរស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌ​ដង្កោ ក៏បាននាំយកទូកចំនួន ៥ និងកីឡាករជាច្រើនរយនាក់ដើម្បីចូលរួមប្រកួតផងដែរ។ ពួក​គេ​តំណាងឱ្យវត្តនីមួយៗ សុទ្ធតែលើកឡើងពីការហ្វឹកហាត់យ៉ាងខ្លាំងក្លា មុនមកដល់ថ្ងៃនេះ ហើយ​ពួកគេសុទ្ធតែមានភាពជឿជាក់ក្នុងការដណ្ដើមយកជ័យលាភី ជូនវត្តរបស់ខ្លួន ទាំងការ​ប្រកួត​ថ្នាក់​រាជធានីភ្នំពេញ ក៏ដូចជាការប្រកួតថ្នាក់ជាតិ។ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក នៅឆ្នាំ ២០២៤នេះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា។ មុនឈានដល់ថ្ងៃទី១៤នេះ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ក៏នឹងរៀបចំ ការប្រកួតទូកក្នុងក្របខណ្ឌរាជធានីភ្នំពេញ រយៈពេលមួយ​ថ្ងៃ​ផង​ដែរ ដោយប្រព្រឹត្តិទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា។ ក្រុមកីឡាករ មានឱកាសសម្រាក និងបន្ត​ហ្វឹក​ហាត់​ជា​ថ្មីនៅថ្ងៃទី ១៣ ដើម្បីបន្តចូលរួមប្រកួតប្រជែងនៅថ្ងៃទី ១៤ ថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែវិច្ឆិកា​៕ អត្ថបទ៖ គឹម ហុក

សម្តេចធិបតី៖ រដ្ឋកំពុងសិក្សាធ្វើផ្លូវជិះកង់តាមមាត់សមុទ្រពីខេត្តកែប ទៅខេត្តកោះកុង

2024/11/11 03:08:20 pm        208
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល បានកំពុងធ្វើការសិក្សាលើកគម្រោង ធ្វើផ្លូវជិះកង់នៅតាមមាត់សមុទ្រ ដោយចាប់ពីខេត្តកែប ដល់ខេត្តកោះកុង ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលបន្ថែមទៀត ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចង់ជិះកង់កម្សាន្ត​​ គយគន់​តាមមាត់​សមុទ្រនោះ។ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធ«វិថីតេជោសន្តិភាពឆ្នេរអង្កោលមានប្រវែងសរុប​១២.៦៤៥ ម៉ែត្រ» នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ​ ឆ្នាំ២០២៤នេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា ​តាមផែនការរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងរៀបចំផ្លូវជិះកង់ ផ្លូវរត់ តភ្ជាប់ ​ខេត្តនៅមាត់សមុទ្រ ​ដោយ​ថ្ងៃក្រោយ​ អ្នកអាចជិះកង់ពីខេត្តកែប រហូតដល់កោះកុងតាមមាត់សមុទ្រ បើតាមគម្រោងដែលកំពុងសិក្សានោះ។សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ​ក៏បានណែនាំឲ្យមន្រ្តីពាក់ព័ន្ធ ​ត្រូវ​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​លើ​គម្រោងនេះ (ផ្លូវជិះកង់) ​ដើម្បីធានាឱ្យការអនុវត្តបានជោគជ័យ ខណៈខេត្តជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជានេះ ​មាន​សក្តានុពល​ទេសចរច្រើន ​ហើយ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធបែបនេះ​មិនត្រឹមតែជួយដល់លើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុកតាមរយៈការជិះកង់​ប៉ុណ្ណោះទេ ថែមទាំង​ជួយលើកកម្ពស់សុខភាព ​និង​សុខុមាលភាព​ដល់ប្រជាពលរដ្ឋ ​និងភ្ញៀវទេសចរណ៍ផងដែរ។ជាមួយគ្នានោះដែរ ​សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» គឺជាខ្សែផ្លូវទេសចរណ៍ស្របមាត់ទឹកសមុទ្ររបស់ខេត្តកែប ហើយវាបាន​និងកំពុង​ដើរតួនាទី យ៉ាងសំខាន់ក្នុងការសម្រួលចរាចរណ៍ដឹកជញ្ជូន ​និងការធ្វើដំណើរផ្សេងៗ​របស់​ប្រជាពលរដ្ឋ​រាប់ពាន់គ្រួសារសម្រាប់ខេត្តនេះ​ ហើយមិនតែប៉ុណ្ណោះវិថីនេះ ក៏មានការរៀបចំ​ផ្លូវជិះកង់ ​និងផ្លូវ​ថ្មើរជើង​ប្រកបដោយ​សោភ័ណភាព ​និង​ផាសុកភាព​ផងដែរ ខណៈការ​ធ្វើនេះ​គឺសុទ្ធតែជាការទាក់ទាញ​ទេសចរជាតិ​ និង​អន្តរជាតិឱ្យ​មកកម្សាន្ត លំហែកាយ​នៅខេត្តកែប​កាន់តែច្រើនឡើង​បន្ថែមទៀតនោះ៕ អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
07/09/2026 09:07 PM
ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
07/09/2026 09:07 PM
កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
07/09/2026 08:07 PM
លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
07/09/2026 08:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
07/09/2026 08:07 PM
អ្នកនេសាទ ៣នាក់ស្លាប់ និង ១៥នាក់រងរបួស ដោយសារ​ការវាយប្រហាររបស់អាមេរិក លើ​ផែននេសាទនៅ​អ៊ីរ៉ង់
07/09/2026 08:07 PM
លីបង់៖ គណៈប្រតិភូអាមេរិកនឹងត្រួតពិនិត្យការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង»
07/09/2026 08:07 PM
អ្នកវិភាគ៖ អាជ្ញាប័ណ្ណអាមេរិកឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ
07/09/2026 08:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិក IRGC ៣នាក់ ត្រូវបានសម្លាប់ អំឡុង​​ការវាយប្រហាររបស់អាមេរិក នៅខេត្ត Khuzestan
07/09/2026 07:07 PM
​EU ស្នើវិធានការបង្កកទ្រព្យសម្បត្តិ និងបម្រាម​ធ្វើដំណើរ ដើម្បីប្រយុទ្ធប្រឆាំង​ការរត់ពន្ធជនអន្តោប្រវេសន៍
07/09/2026 07:07 PM