CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
ភារធារីស្ដីទីទូតអាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ព្រឹទ្ធសភាបន្តពាំនាំការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋភៀសសឹកតាមព្រំដែន

ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប

2024/11/11 10:42:26 am        398
ខេត្តកែប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងជាង ១២គីឡូម៉ែត្រ នៅខេត្តកែប។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ចូលរួមអបអរសាទរសមិទ្ធផលថ្មីរបស់ប្រជាពលរដ្ឋនៅក្រុងកែប និងប្រជាជនទាំងអស់ សមិទ្ធផលថ្មីដែលសម្ពោធថ្ងៃនេះ ជាសរសៃឈាមតភ្ជាប់វិស័យទេសចរណ៍ និងអាចជិះកង់ពីភ្នំពេញមកខេត្តកែប តាមតំបន់ឆ្នេរសមុទ្រ ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រយៈពេលជិត ១៥ ខែនៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ រដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងនោះមានដូចជាសម្ពោធផ្លូវថ្មីៗ ស្ពាន ព្រែកជីកហ្វូណនតេជោ ពង្រីក និងរៀបចំប្រព័ន្ធភ័ស្តុភារកម្មនៅកំពង់ផែព្រះសីហនុជាដើម។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកាសទទួលយកគំនិតទស្សនៈដែលកើតចេញពីការវិភាគបែបវិទ្យាសាស្ត្រ ដោយមានការប្រមូលទិន្នន័យតាមបែបវិទ្យាសាស្ត្រច្បាស់លាស់ ដើម្បីបញ្ជៀសការយល់ច្រឡំ ឬ ភាពអយុត្តិធម៌ណាមួយទៅលើស្ថាប័ន ឬ បុគ្គលជាអ្នកទទួលខុសត្រូវលើការ ងារណាមួយ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដាំទៅអ្នកវិភាគនៅក្រៅប្រទេស គឺលោក ជេម សុខ សូមកុំវិភាគតាមបែបស៊ីអារម្មណ៍។ សម្ដេច ជំរុញដល់លោក ជេម សុខ សូមវិភាគលើបញ្ហាណាមួយតាមបែបវិទ្យាសាស្ត្រ។ សម្ដេចធិបតីក៏បានប្រកាសអញ្ជើញលោក ជេម សុខ ឱ្យមកមើលស្ថានភាពនៅកម្ពុជាជាក់ស្ដែង និងជួបជាមួយរដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា ហើយអនុញ្ញាតឱ្យផ្សាយផ្ទាល់ (Live) នៅអំឡុងពេលជួបសួរនាំរដ្ឋមន្ត្រី ឬ ថ្នាក់ដឹកនាំ ដែលទទួលខុសត្រូវនៅតាមស្ថាប័នទាំងនោះផងដែរ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានជួយដល់ការអភិវឌ្ឍវិស័យសំខាន់ៗជាច្រើននៅកម្ពុជា។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការរីកចម្រើននៅកម្ពុជាជាបន្តបន្ទាប់ គឺកើតចេញពីកត្តាចម្បងទី១ គឺសុខសន្តិភាព ស្ថិរភាព ហេតុនេះយើងត្រូវតែការពារសុខសន្តិភាពឱ្យខាងតែបាន ដើម្បីសុបិនល្អទាំងអស់គ្នា។-សម្ដចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសំខាន់ៗដែលធ្វើឲ្យខេត្តកែបមានការរីកចម្រើន គឺកត្តាសន្តិភាព តំបន់កែប កាលពីមុនគឺជាតំបន់សង្គ្រាមជាតំបន់អថេរភាព ដូច្នេះដើម្បីឲ្យយើងមានសុបិន្តល្អ យើងត្រូវការពារសន្តិភាពឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ នៅប៉ុន្មានខែចុងក្រោយនេះ ដោយសារតែមានមន្ត្រី និងសកម្មជនសំខាន់ៗរបស់ក្រុមប្រឆាំងនៅក្រៅប្រទេសជាច្រើន បានសុំចុះចូលមករួមរស់ជាមួ យនឹងគណបក្សប្រជាជនកម្ពុជា យើងសង្កេតឃើញថា ក្រុមប្រឆាំងនៅក្រៅប្រទេសបានបង្កើតចលនាថ្មីៗជាបន្តបន្ទាប់ រហូតដល់មានបង្កើតជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលស្រមោល ដែលមានតែម្នាក់ឯងថែមទៀត។ សម្ដេចធិបតីលើកជាចម្ងល់ថា ក្រុមប្រឆាំងបង្កើតចលនាថ្មីៗនេះក្នុងគោលបំណងអ្វី ឬ មួយដើម្បីតែបោកប្រាស់ពលរដ្ឋមួយចំនួនតូច និងដើម្បីប្រមូលថវិកា បម្រើប្រយោជន៍ផ្ទាល់ខ្លួន?-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាការពារសុខសន្តិភាព សេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ ថែរក្សា​ថេរភាព​នយោបាយមិនឱ្យមនុស្សមួយចំនួនតូច មកបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើសកម្មភាពខុសច្បាប់ ហិង្សានៅក្នុងប្រទេសកម្ពុជានោះឡើយ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ប្រទេសណាក៏មានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលមានចេតនាបង្កចលាចល និងផ្សព្វផ្សាយព័ត៌មានមិនពិតដែរ ឧទាហរណ៍ដូចជានៅចក្រភពអង់គ្លេសជាដើម។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសជាសាធារណៈថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលគេស្គាល់ជាទូទៅថា សាលាតិចណូនោះ មិនមានការលក់ដូរទៅឱ្យនរណា ដូចការផ្សាយរបស់ VOD នោះទេ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការបង្កើតសាខាសាលាតិចណូនៅតាមបណ្ដោយមហាវិថី ឈ្នះ ឈ្នះ នោះ គឺដោយសារចំនួននិស្សិតដែលចូលសិក្សានៅសាលានោះកើនឡើងច្រើន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កត្តាចម្បងទី២ ដែលធ្វើឱ្យកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ នោះគឺការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺជំរុញការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់តំបន់នានាឱ្យបានកាន់តែច្រើន ដើម្បីពលរដ្ឋងាយនៅក្នុងការធ្វើដំណើរ និងបានឆាប់ទៅដល់គោលដៅ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងទេសចរណ៍ រៀបចំបង្កើតផលិតផលទេសចរណ៍ថ្មីៗ កញ្ចប់ទេសចរណ៍ និងបង្កើតកម្មវិធីព្រឹត្តិការណ៍ឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនា នៅក្នុងតំបន់របស់ខ្លួន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាដល់ថ្នាក់ដឹកនាំនៅតាមស្ថាប័ននានា រួមទាំងអាជ្ញាធររាជធានី ខេត្ត ត្រូវចាត់វិធានការបំភ្លឺភ្លាមៗ ក្នុងករណីកើតមាននូវបញ្ហាណាមួយទោះតូចក្ដី ធំក្ដី ពិតក្ដី ឬ មិនពិតក្ដី ដែលកើតមាននៅតាមស្ថាប័ន និងអាជ្ញាធររាជធានី ខេត្ត គឺត្រូវបំភ្លឺជូន សាធារណជនភ្លាមៗ ដើម្បីពន្លត់ករណីនោះ បញ្ចប់ករណីនោះឱ្យបានលឿន ជៀសវាងការយល់ច្រឡំ ណាមួយ ដែលបង្កផលប៉ះពាល់ដល់សាធារណជន ពិសេសទេសចរ។

លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដឹកនាំដោយ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

2024/11/11 10:01:38 am        275
នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បាន​រៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចដូចខាងក្រោម៖១- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ទៅគណៈ- កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃ ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។២- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជា ភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហ ប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់ អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ទៅគណៈ កម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃ ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។៣- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ទៅគណៈកម្មការសាធារណការដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

2024/11/11 09:04:55 am        414
នៅព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ ដែលមាន​របៀប​វារៈ​ដូច​ខាងក្រោម៖១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការ​អនុម័ត​លុប​ចោល​កិច្ច​ព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការ​អនុម័ត​យល់​ព្រម​ឱ្យ​ព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយក​បទ​ប្បញ្ញត្តិ​បច្ចេកទេ​ស​រួម នៃ​អង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាច​បំពាក់ ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃ​ការ​ផ្តល់​អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។៣- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធ​ទឹកកខ្វក់។ ៤- ផ្សេងៗ។

ឯកឧត្តម ប៉ែន បូណា៖មេរោគព្រហើន គឃ្លើន ជម្លើយ និងមួលបង្កាច់ ស័ក្តិសមនឹងការបន្សាបដោយឱសថល្វីង គឺមិនមែនសេរ៉ូផ្អែមនោះឡើយ

2024/11/10 09:53:47 pm        134
ភ្នំពេញ៖ ក្នុងនាមជាអ្នកធ្លាប់ប្រកបអាជីពជាអ្នកសារព័ត៌មានជិត៣០ឆ្នាំ លោក ប៉ែន បូណា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ចេញទស្សនៈរបស់លោក ជុំវិញករណីសមាជិកក្រុមប្រឆាំងម្នាក់នៅក្រៅប្រទេស ដែលអះអាងថា ជាអ្នកសារព័ត៌មានទូរទស្សន៍មនសិការ បានទូរស័ព្ទរំខានសម្តេចតេជោ ហ៊ុន សែន ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ។ក្នុងនាមជាអ្នកមានបទពិសោធន៍យ៉ាងក្រាស់ក្រែល លោក ប៉ែន បូណា បានចាត់ទុកជនខាងលើ ដែលប្រើប្រាស់រហ័សនាមថា «Beysach Prosecutor» នោះ គឺជាជនពាល ព្រហើន និងជម្លើយតែម្តង។ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់ លោក ប៉ែន បូណា៖«ក្នុងនាមជាអ្នកធ្លាប់ប្រកបអាជីពជាអ្នកសារព័ត៌មានជិត៣០ឆ្នាំ ខ្ញុំមិនដែលឃើញនិងមិនដែលលឺអ្នកណាដែលអះអាងថា ធ្វើការក្នុងវិស័យសារព័ត៌មាន ហ៊ានប្រើសម្តីពាលព្រហើន ជម្លើយនិងមួលបង្កាច់បែបនេះទៅកាន់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិនោះឡើយ។ក្រៅពីជាថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ សម្តេចតេជោគឺជាមនុស្សដែលមានវ័យចំណាស់ និងជាអតីតនាយករដ្ឋមន្ត្រីដែលបានសាងស្នាដៃធំធេងមហាសាលចំពោះជាតិមាតុភូមិនិងប្រជាពលរដ្ឋដែលពលរដ្ឋខ្មែរគ្រប់គ្នាហៅថា«សម្តេចពុក»ជាទីគោរពស្រឡាញ់និងជាអ្នកមានគុណ។ទោះបីជាសម្តេចមានតួនាទីជាថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិក៏ដោយ ក៏សម្តេចនៅតែទទួលទូរស័ព្ទហៅចូល។ នេះគឺជាគុណធម៌ដ៏ថ្លៃថ្នារបស់សម្តេចតេជោក្នុងនាមជាសម្តេចពុករបស់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែ មានក្រុមជនក្រៅសង្គមមួយចំនួនបែរជាហ៊ានប្រើសម្តីប្រមាថ មួលបង្កាច់យ៉ាងព្រហើននិងយ៉ាងគឃ្លើនបំផុតទៅលើសម្តេចដោយថែមទាំងបានបង្ហាញអាកប្បកិរិយាបែបមោទនភាពចំពោះភាពជម្លើយរបស់ខ្លួនទៀតផង។ក្នុងនាមជាកូនខ្មែរនិងជាអតីតអ្នកសារព័ត៌មានមួយរូប ខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាតនូវវប្បធម៌ដ៏ជម្លើយនេះដោយចាត់ទុកជននោះថា មិនសមជាកូនខ្មែរ និងអនុវត្តន៍ផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទាំងស្រុង។ នេះជាហេតុផលដែលយើងមិនចាត់ទុកប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្រៅស្រុកដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈថា ជាស្ថាប័នសារព័ត៌មាននោះឡើយ។យ៉ាងណា ក្រុមអ្នកប្រកាន់វប្បធម៌បែបជ្រុលនិយមនិងជម្លើយដែលប្រៀបបាននឹងមេរោគសង្គមដ៏គ្រោះថ្នាក់នេះកំពុងផាត់ខ្លួនឯងឱ្យរសាត់អណ្តែតកាន់តែឆ្ងាយពីសង្គម និងក្លាយជាជនក្រៅសង្គមយ៉ាងឯកាដែលគ្មាននរណារាប់រក។ មេរោគព្រហើន គឃ្លើន ជម្លើយ និងមួលបង្កាច់បែបនេះស័ក្តិសមនឹងទទួលការបន្សាបដោយឱសថល្វីងគឺមិនមែនជាសេរ៉ូផ្អែមនោះឡើយ។ សូមចូលរួមកម្ចាត់មនោគមន៍វិជ្ជាជ្រុលនិយមដ៏អាក្រក់នេះឱ្យអស់ពីសង្គមខ្មែរ។គាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ទិសដៅកសាងមូលធនមនុស្សដែលពោរពេញដោយចំណេះដឹង ចំណេះធ្វើ និងសីលធម៌»៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យសាងសង់ឧបដ្ឋានសាលា ដល់វត្តគិរីសាគរ (ហៅវត្តជីធាង)

2024/11/10 08:02:40 pm        770
នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រុមជំនួយការសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកបច្ច័យចំនួន ១០០ លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនដល់វត្តគិរីសាគរ (ហៅវត្តជីធាង) ស្ថិតក្នុងភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សម្រាប់បង្ហើយការសាងសង់ឧបដ្ឋានសាលាចំនួន ០១ ខ្នង (ទំហំ ១៥ម x ២៥ម)។នៅក្នុងឱកាសសំណេះសំណាលជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត នាពេលនោះ ឯកឧត្តម មែ ស៊ីថន អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ រួមជាមួយនូវការប្រគេនចំណែកបុណ្យដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពុទ្ធបរិស័ទគ្រប់ៗគ្នា។ ឯកឧត្តម ក៏បានលើកឡើងអំពីសារសំខាន់នៃការចូលរួមចំណែកក្នុងការកសាងនូវសមិទ្ធផលនានាក្នុងវត្តអារាម ដែលផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់សង្គមជាតិ ខណៈវត្តអារាម បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងដំណើរការអភិវឌ្ឍជាតិ។ ជាការឆ្លើយតប ព្រះសង្ឃ ថ្នាក់ដឹក មន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់បានគោរពថ្លែងអំណរគុណ និងអនុមោទនាត្រេកអរចំពោះការបំពេញកុសលរបស់ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា ការពារ ឃុំគ្រង ព្រមជាមួយនិងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ៕

កសិដ្ឋានផលិតសូត្រសិប្បករអង្គរ បានសម្ពោធបើកដំណើរការឡើងវិញ

2024/11/10 07:55:27 pm        786
នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កសិដ្ឋានសូត្រសិប្បករអង្គរ ក្នុងស្រុកពួក ខេត្ត សៀម រាប បានសម្ពោធបើកដំណើរការឡើងវិញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្ទាប់ពីបិទទ្វារអស់ជាច្រើនឆ្នាំ ដោយសារ វិបត្តិ កូវីដ-១៩។ មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការបើកដណើរសិប្បកម្មសូត្រអង្គរឡើងវិញនេះ គឺដូចជាការបន្តជីវិតសិប្បកម្ម ប្រពៃណី ដូនតាដូច្នោះដែរ។ មិនតែប៉ុណ្ណោះ ក៏បានប្រមូលផ្តុំ បុគ្គលិកចាស់ ដែលធ្លាប់បំរើការងាររនៅទីនេះអោយមានការងារធ្វើឡើងវិញផងដែរ។លោកជំទាវបន្តថា កសិដ្ឋានសូត្រសិប្បករអង្គរ ជាកសិដ្ឋានផលិតសូត្រធំមួយក្នុងស្រុកពួក ដើម្បីប្រើប្រាស់ក្នុងសិប្បកម្មតម្បាញ តាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។លោកជំទាវបណ្ឌិត តែងតែបានធ្វើការកោតសសើរ អំពីសំលៀកបំពាក់ខ្មែរ ដែលផលិតពីសូត្រខ្មែរទៅប្រាប់ជនបរទេស នៅពេលលោកអញ្ជើញទៅទស្សនកិច្ចនៅក្រៅប្រទេសម្តងៗ និងតែងតែផ្តល់កាដូអនុស្សាវរីយ៍ ដែលផលិតពីសូត្រខ្មែរ ទៅថ្នាក់ដឹកនាំធំៗ ដើម្បីជាការផ្សព្វផ្សាយ ផលិតផលខ្មែរយើងទៅលើឆាកអន្តរជាតិ។លោកជំទាវបានលើកទឹកចិត្ត និងជម្រុញអោយមានការផលិតអោយបានច្រើន អោយបានល្អ លើសពីនោះកសិដ្ឋានត្រូវតែម្រុញសកម្មភាពផលិតសូត្រវិញរាប់ចាប់ពីការដាំមន, ចិញ្ចឹមដង្កូវនាង, ស្រាវសូត្រ, តម្បាញ និងកាត់ដេរជាដើម។ លោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បករអង្គរ បានអោយដឹងថា នៅពេលវិបត្តិកូវីដ-១៩បានផ្ទុះឡើង វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗ។ ចំណែកឯ ក្រុមហ៊ុន សិប្បករអង្គរ ដែលជាក្រុមហ៊ុនផ្សារភ្ជាប់ស្ទើរតែទាំងស្រុងនឹងវិស័យទេសចរណ៍នោះ ក៏បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗដែរ។ សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ត្រូវបានផ្អាកទាំងស្រុង ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។លោក កាយ ឡូត អោយដឹថា ដើម្បីការពារបេតិកភណ្ឌខ្មែរយើងឱ្យនៅគង់វង្ស សម្រាប់ជំនាន់ក្រោយបានឃើញពីសិប្បកម្ម ភាពតម្បាញដោយដៃ នៅក្នុងសិប្បកម្មតម្បាញសូត្រ នៅស្រុកពួក គឺត្រូវតែខិតខំស្តារឡើងវិញ។ ការបើកឡើងវិញនៃកសិដ្ឋានសូត្រនេះ ក៏ជាការវិលត្រឡប់មកវិញ នៃបុគ្គលិកដែលធ្លាប់បម្រើការងារក្នុងច្រវាក់ផលិតកម្មទាំងនេះដែរ ដែល បច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិក បម្រើការងាររហូតជាង៤០០នាក់ មានការងារធ្វើនៅទីនេះ។លោក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បករអង្គរ ក៏បានបង្ហើបដែរថា កសិដ្ឋានសូត្រនេះ នឹងមានគម្រោងពង្រីកការផលិតសូត្រ ទន្ទឹមនឹងការបង្កើនបរិមាណស្រាវសូត្រ និងតម្បាញផងដែរ៕ 

ពលរដ្ឋច្រើនកុះករមកទស្សនាអុំទូកខេត្តត្បូងឃ្មុំ យ៉ាងសប្បាយរីករាយក្រោមម្លប់សន្ដិភាព

2024/11/10 05:49:13 pm        741
ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខ និងសប្បាយរីករាយ ក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ បានរៀបចំពិធីបុណ្យអុំទូក អបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករួមទាំងកម្មវិធីប្រគុំតន្ត្រីជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយផងដែរ។មុនពិធីប្រណាំងទូកមកដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃញមុំ បានជួបសំនេះសំណាលជាមួយចំណុះទូក និងបានលើកឡើងថា នេះគឺជាកម្មមួយដើម្បីរំលឹក ​ដល់វិរៈភាពដ៏អស្ចារ្យរបស់ជូនតាយើង នោះគឺកងជើងទឹក។ ថ្ងៃនេះរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំធ្វើក្នុងបំណងបង្កើនមិត្តភាព សាមគ្គីភាព និងសប្បាយរីករាយ ទាំងអស់គ្នា ដូច្នេះទោះបីការប្រគួតប្រជែង ចាញ់ឬឈ្នះ មិនត្រូវមានការថ្នាំងថ្នាក់គ្នាឡើយ។ ឯកឧត្តមបន្តថា សម្រាប់ទូកទាំងអស់ដែលបានចូលរួមគឺទទួលបានការឧបត្ថមដូចៗគ្នា ខុសត្រង់​អ្នកទទួល​បានជ័យលាភីបានច្រើនជាងប៉ុណ្ណោះ ហើយសម្រាប់ឆ្នាំនេះ គឺសម្រេចអុំរហូតដល់រក​បានជ័យលាភីតែទូក១ប៉ុណ្ណោះ ។ពិធីបុណ្យអុំទូក កាលពីម្សិលមិញនេះគឺមានបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងនោះក៏មានសប្បុរសជនជាច្រើនបាន​ឧបត្ថម្ភ​ដល់ការរៀបចំកម្មវិធី និងទូកដែលបានចូលរួម​ប្រគួតប្រជែងផងដែរ។ នេះមិនមែនជាលើកទីមួយទេដែលរដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំពិធីនេះ ពោលគឺបានរៀបចំជាច្រើនឆ្នាំមកហើយបន្ទាប់ពីខេត្តមួយនេះ​បានបង្កើតឡើង ដើម្បី​អបអរពិធីបុណ្យអុំទូក​ អបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ។បើតាមគណៈកម្មការរៀបចំការប្រគួតបានឱ្យដឹងថា ទូកដែលចូលកួតប្រជែង មានចំនួន ៣១ ទូក មកពីអង្គភាពពាក់ព័ន្ធក្នុងខេត្ត ​មានដូចជាមន្ទីជំនាញជុំវិញខេត្ត ​អង្គភាពកងរាជអាវុធហត្ថ ស្នងការដ្ឋាន​នគរបាល អង្គភាពតុលាការ ​បញ្ជាការសឹករងខេត្ត គណៈបញ្ជាការឯកភាព ក្រុង ស្រុក ជាដើម៕

យុវជនអាស៊ាន ទទួលការបណ្ដុះបណ្ដាលការគ្រប់គ្រងស្វ័យប្រវត្តិកម្ម ពីវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

2024/11/10 05:39:39 pm        654
យុវជន នៃប្រទេសក្នុងតំបន់អាស៊ានចំនួន៦ រួមមាន ប្រទេសឥណ្ឌូនេស៊ី ព្រុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងប្រទេសកម្ពុជា ចំនួន១៥រូប បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី “Sequence Control” ពាក់ព័ន្ធនឹងការគ្រប់គ្រងស្វ័យប្រវត្តិកម្ម ក្នុងគម្រោងឧស្សាហកម្ម ឬខ្សែសង្វាក់ផលិតកម្ម ប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងសន្សំសំចៃ ។នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “Sequence Control” សម្រាប់ជំនាន់ទី៣ ក្រោមគម្រោង ASEAN-ROK TVET Mobility Programmes កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ខែ ដោយ២ខែ សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និង១ខែ ត្រូវអនុវត្តការងារជាក់ស្តែង នៅតាមរោងចក្រ/សហគ្រាស) ហើយនេះជាជំនាន់ទី៣ ដែលគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានជ្រើសរើសជាដៃគូក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ក្នុងការបណ្តុះបណ្តាលសិស្ស សិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន ។ឯកឧត្តមបន្តថា គោលបំណងនៃវគ្គបណ្តុះបណ្តាលដើម្បីផ្តល់នូវចំណេះដឹង និងជំនាញក្នុងការសរសេរកម្មវិធី PLC program ដើម្បីធ្វើឱ្យប្រតិបត្តិការនៃប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្មនៅក្នុងគម្រោងឧស្សាហកម្ម ឬខ្សែសង្វាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងសន្សំសំចៃ ជាពិសេសលើកកម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់ឧស្សាហ៍កម្ម ៤.០ ។ សិក្ខាកាមជានិស្សិតកម្ពុជា និងហ្វីលីពីន ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល បានលើកឡើងថា កម្មវិធីនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ពួកគេជាយុវជន ក្នុងការពង្រឹងសមត្ថភាព លើជំនាញបច្ចេកវិទ្យានេះ ហើយគ្រូបង្រៀន ក៏មានជំនាញច្បាស់លាស់ ក្នុងការបណ្ដុះបណ្ដាលពួកគេផងដែរ ។គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមានរយៈពេល៣ខែ ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សិក្ខាកាមទាំង ១៥នាក់ គឺសិក្ខាកាមកម្ពុជា ៤នាក់, ហ្វីលីពីន ៣នាក់, ព្រុយណេ១នាក់, ឥណ្ឌូនេស៊ី២នាក់, ម៉ាឡេស៊ី២នាក់ និងមីយ៉ាន់ម៉ា៣នាក់ ។ គម្រោង “ASEAN-ROK TVET Mobility Programmes” ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកម្មវិធី TVET ក្នុងបណ្តាលប្រទេសជាសមាជិកអាស៊ាន និងកាត់បន្ថយនូវគម្លាត នៃសមត្ថភាពការងារក្នុងចំណោមប្រទេសនានា នៃតំបន់អាស៊ាន តាមរយៈការអនុវត្តគម្រោង ASEAN-ROK TVET Mobility Programmes ឧបត្ថម្ភថវិកាដោយ ASEAN-ROK cooperation Fund ៕អត្ថបទ បាន សុខរិទ្ធិ 

រដ្ឋាភិបាលគ្រោងប្រមូលចំណូលថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិសរុបជាង ៣៦ ទ្រីលានរៀល ក្នុងឆ្នាំក្រោយ

2024/11/10 05:28:35 pm        762
រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ ២០២៥ នេះ គ្រោងអនុញ្ញាតឱ្យប្រមូលចំណូលចូលថវិកាជាតិ​សរុប​ប្រមាណជាង ២៩ ទ្រីលានរៀល ខណៈការកំណត់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ​ក្នុងទំហំទឹកប្រាក់ ៧.១ ទ្រីលានរៀល ​ដើម្បីឆ្លើយតប​ទៅនិងតម្រូវការសាច់ប្រាក់ និងការអភិវឌ្ឍប្រទេស​របស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៤ កន្លងមកនេះ នៅក្នុងសម័យប្រជុំពេញ​អង្គគណៈរដ្ឋមន្រ្តី បាន ទទួលឯកភាពជាផ្លូវការ លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០២៥ ដោយក្នុងនោះរាជរដ្ឋាភិបាលបានកំណត់ នូវវិធាន និងនីតិវិធីនៃការគ្រប់​ថវិការដ្ឋ​យ៉ាងច្បាស់លាស់ ជាពិសេសការអនុវត្ត ​និងការគ្រប់គ្រង់ថវិកា ដើម្បីរួមចំណែក​ដល់ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ, រាជរដ្ឋាភិបាល បាន​អនុញ្ញាត​ឱ្យប្រមូលចំណូលចូលថវិកា​ជាតិសរុបប្រមាណជាង ២៩ ទ្រីលានរៀល ក្នុងនោះចំណូលសាពើរពន្ធ គ្រោងប្រមូលជាង ២៤ ទ្រីលានរៀល, ចំណូលមិនមែនសារពើពន្ធ ជាង ៣ ទ្រីលាន រៀល និងចំណូលផ្សេងៗទៀត ជាង ១ ទ្រីលានរៀល ខណៈការចំណាយវិញ​ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាថ្នាក់ជាតិ សម្រាប់ គ្រប់គ្រងឆ្នាំ ២០២៥ ត្រូវបានកំណត់ក្នុងរង្វង់ជាង ៣៥ ទ្រីលានរៀល។​ ដោយឡែកថវិការដ្ឋ​បាលថ្នាក់​ក្រោមជាតិវិញ, ក្នុងឆ្នាំ២០២៥ នេះដែរ រាជរដ្ឋាភិបាលបានកំណត់ថវិការដ្ឋបាល​ថ្នាក់ក្រោម ជាតិ សម្រាប់ចំណូល និងចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់គ្រប់គ្រង​ថវិកាឆ្នាំ​ ២០២៥ សរុបមានចំនួនជាង ៧,១ ទ្រី លានរៀល ក្នុងនោះសម្រាប់ចំណូលមានចំនួនជាង ៣.៥ ទ្រីលានរៀល ​ប្រមូលចំណូលសារពើពន្ធ មានចំនួន ២.២ ទ្រីលានរៀល, ចំណូលមិនមែនសារ​ពើពន្ធ ២៨៨ ប៊ីលានរៀល, និងចំណូលផ្សេងៗជាង ១ ទ្រីលានរៀល។ ក្រៅពីនេះក៏មានការឧបត្ថម្ភធនពីថ្នាក់ ជាតិជាង ១ ទ្រីលានរៀលផងដែរ។ ចំណែកការចំណាយថ្នាក់ក្រោមជាតិវិញ, រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុប ៣.៥ ទ្រីលាន រៀល ក្នុងនោះចំណាយចរន្ត ជាង ៣.១ ទ្រីលានរៀល និងចំណាយមូលធន ៤០០ ប៊ីលានរៀល។ជុំវិញគម្រោងថវិកាឆ្នាំ២០២៥ នេះ, លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់​ទំនងអន្តរជាតិ នៃរាជ- បណ្ឌិតសភាកម្ពុជា លើកឡើងថា បើតាមសេចក្តីព្រាងច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ឃើញថា នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ចំពោះការបន្ថយប្រមូល​ចំណូល, ដោយសាររាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹក​ចិត្តជាច្រើន ជាពិសេស​វិស័យពន្ធដារ នៅលើប្រតិបត្តិករផ្សេងៗ ដើម្បីឱ្យមានប្រតិបត្តិការអាជីវកម្មល្អប្រសើរឡើងវិញ និងការលើកទឹកចិត្តវិនិយោគ លើវិស័យសាធារណៈ និងសេវាសង្គមជាដើម រួមជាមួយការលើក​កម្ពស់ឱនភាពពាណិជ្ជកម្មឱ្យងើបឡើងវិញផងដែរ ។ ប្រការទាំងនេះ ទោះបីបាត់បង់នូវ​ការប្រមូល​ចំណូល បើធៀបនិងឆ្នាំ ២០២៤ នេះ ក្នុងទំហំបន្តិចបន្ទួចក៏ដោយ តែជាការទប់លំនឹងឱ្យមានស្ថិរភាព ឡើងវិញ ជាក់ស្តែងមកដល់ពេលនេះសេដ្ឋកិច្ចនៅកម្ពុជាកំពុង​មានស្ថានភាពល្អប្រសើរគួរកត់សម្គាល់៕ អត្ថបទ៖ សុន រ៉ាឌី,

ជើងហោះហើរថ្មីមួយទៀតចាប់ផ្ដើមហោះហើរលើកដំបូង មួយថ្ងៃពីរជើង ពីសៀមរាប ទៅប្រទេសស៊ីងហ្គាពួរ

2024/11/10 03:18:54 pm        947
សៀមរាប៖ ជើងហោះហើរថ្មីមួយទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia បានចាប់ផ្ដើមបើកប្រតិបត្ដិការហោះហើរលើកដំបូររបស់ខ្លួន ក្នុងមួយថ្ងៃពីរជើង ចេញពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ទៅប្រទេសសឹង្ហបុរី និងត្រឡប់ពីប្រទេសសឹង្ហបុរី មកកាន់សៀមរាបអង្គរ ។ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប អង្គរ មានប្រសាសន៍ នៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៤នេះថា ក្រុមហ៊ុនអាកាសចរណ៍ Air Asia មានច្រើនក្រុមហ៊ុន ដូចជាក្រុមហ៊ុនអាកាសចរណ៍ Air Asia ម៉ាឡេស៊ី Air Asia វៀតណាម Air Asia ថៃ ហើយបាននឹងកំពុងប្រតិការរបស់ខ្លួនជារៀងរាល់ថ្ងៃនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ប៉ុន្ដែសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia បានចាប់ផ្ដើមហោះហើរជាលើកដំបូង​របស់ខ្លួន​ ដោយហោះហើរដឺរិចពីអាកាសយានដ្ឋានសៀមរាបអង្គរ ទៅប្រទេសសឹងហ្គាពួរ ហើយបានប្រតិបត្ដិការជាប្រចាំថ្ងៃ ដោយចាប់ពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៤នេះរហូតទៅ ។ឯកឧត្ដម បន្ដថា ជើងហោះដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Are Asia Cambodia នោះ ចេញដំណើរចេញទៅប្រទេសស៊ីងហ្គាពួរ មានដឹកអ្នកដំណើរចំនួន៩៥នាក់ និងប្រឡប់ទៅវិញាមានជាង៨០នាក់ ។ឯកឧត្ដមបញ្ជាក់ថា នាពេលបច្ចុប្បនេះ ការហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងមួយថ្ងៃមានជាង​២០ជើង និងមានអ្នកដំណើរឆ្លងកាត់កាត់អាកាសយាដ្ឋាន​អន្ដរជាតិសៀមរាបអង្គរ​ប្រមាណជាង ៥ពាន់នាក់។បើតាមឯកឧត្ដម បានបន្ថែមថា នៅខែធ្នូងឆ្នាំ២០២៤ នឹងមានជើងហោះហើរថ្មីៗ បានហោះហើរមកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរបន្ដទៀត។ការកើនឡើងនៃជើងហោះហើរដែលបានចុះចតនៅអាកាសយានដ្ឋានអន្ដរជាតិអង្គរ មានជាបន្ដបន្ទាប់ ដោយសារមានការយកចិត្ដទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលជាកិច្ចសហប្រតិបត្ដិការយ៉ាងល្អជាមួយអាកាសចរណ៍ស៊ីវិល។សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអងន្ដរជាតិសៀមរាបអង្គរ មានជើងហោះហើរ មានការកើនឡើងប្រហែលជាង ២០ភាគរយ បើធៀបរយៈពេលដូចគ្នា​នៅឆ្នាំ២០២៣ ខណៈដែលអ្នកដំណើរតាមជើងយន្ដហោះ កើនឡើងជាង៣០ភាគរយ បើព្រៀបធៀបរយៈពេលដូចគ្នានៅខែតុលាឆ្នាំ២០២៣។ដោយឡែក សម្រាប់ខែតុលា ២០២៤ ជើងហោះហើរនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ មានការកើនប្រហែល៩% ធៀបនឹងខែ តុលា ឆ្នាំ ២០២៣៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
07/09/2026 09:07 PM
ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
07/09/2026 09:07 PM
កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
07/09/2026 08:07 PM
លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
07/09/2026 08:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
07/09/2026 08:07 PM
អ្នកនេសាទ ៣នាក់ស្លាប់ និង ១៥នាក់រងរបួស ដោយសារ​ការវាយប្រហាររបស់អាមេរិក លើ​ផែននេសាទនៅ​អ៊ីរ៉ង់
07/09/2026 08:07 PM
លីបង់៖ គណៈប្រតិភូអាមេរិកនឹងត្រួតពិនិត្យការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង»
07/09/2026 08:07 PM
អ្នកវិភាគ៖ អាជ្ញាប័ណ្ណអាមេរិកឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ
07/09/2026 08:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិក IRGC ៣នាក់ ត្រូវបានសម្លាប់ អំឡុង​​ការវាយប្រហាររបស់អាមេរិក នៅខេត្ត Khuzestan
07/09/2026 07:07 PM
​EU ស្នើវិធានការបង្កកទ្រព្យសម្បត្តិ និងបម្រាម​ធ្វើដំណើរ ដើម្បីប្រយុទ្ធប្រឆាំង​ការរត់ពន្ធជនអន្តោប្រវេសន៍
07/09/2026 07:07 PM