CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
ភារធារីស្ដីទីទូតអាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ព្រឹទ្ធសភាបន្តពាំនាំការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋភៀសសឹកតាមព្រំដែន

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី៖ ទោះជាមានទស្សនៈនយោបាយខុសគ្នា តែព្រំដែនគួរតែមាន ពិសេសអាកប្បកិរិយា និងការគោរពចាស់ទុំដែលជាទំនៀមទម្លាប់ប្រពៃណីជាតិ

2024/11/10 02:49:41 pm        470
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្នុង​នាមជាកូន​របស់សម្ដេចតេជោ ហ៊ុន សែន ក្រោយពីបានស្តាប់ការសន្ទនាដែលបុគ្គលជ្រុលនិយម​នៅក្រៅស្រុកជ្រកក្រោមផ្លាកព័ត៌មាន បម្រើនយោបាយក្រុមជ្រុលនិយមនៅក្រៅប្រទេសនោះ បានសម្ដែងការសោកស្ដាយដែលបុគ្គលជ្រុលនិយមនោះ បានខលទូរស័ព្ទ និងនិយាយស្ដីគ្មានក្រមសីលធម៌ វិជ្ជាជាជីវៈ។ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា ក្រោយពីបានស្តាប់ការសន្ទនាហើយ ក្នុងនាមជាកូន ដែលមានតែក្តីស្រឡាញ់ និងការគោរពសម្រាប់ព្រះរស់នៃខ្ញុំ គឺពិតជាមានអារម្មណ៍ក្តៅក្រហាយ ពោរពេញដោយកំហឹង តែខ្ញុំមិនលើកនៅក្នុងសារនេះនោះទេ ប៉ុន្តែនិយាយឱ្យសាមញ្ញ កូនណាមិនខឹងពេលដែលអ្នកមានគុណបានត្រូវគេប្រមាថ។ឯកឧត្តមបន្តថា អ្វីដែលខ្ញុំចង់ឱ្យយើងទាំងអស់គ្នាយកពី episode នេះមកពិចារណាគឺ៖ ១ វិជ្ជាជីវៈសារព័ត៌មាន។ ២ អាកប្បកិរិយាក្នុងការគោរពចាស់ទុំ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើង។ឯកឧត្តមលើកឡើងថា ទោះជាមានចំណុចឬទស្សនៈនយោបាយខុសគ្នា តែព្រំដែនគួរតែមាន។ ជាពិសេស អាកប្បកិរិយាក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របទៅតាមប្រពៃណីរបស់ខ្មែរយើង ដែលមានការគោរពគ្នាទៅវិញទៅមក ជាពិសេស ការគោរពចាស់ទុំ។ឯកឧត្តមបន្តថា គេអាចលើកឡើងថា ក្មេងនេះ ឬបុគ្គលនេះធំនៅក្រៅប្រទេស អញ្ជឹងមិនស្គាល់អ្វីជាប្រពៃណីខ្មែរយើង តើលើកដូចនេះស្មើនឹងការទទួលស្គាល់ថា ឱ្យតែអ្នកណា ទោះជាខ្មែរក្តី បរទេសក្តី មិនបាច់ស្វែងយល់ ឬ/និងគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរទេឬយ៉ាងណា?ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា៖«យើងទៅប្រទេសគេ យើងគោរពច្បាប់គេផង ប្រពៃណីគេផង។ ចុះហេតុគ្រាន់តែស្នើឱ្យគេគោរពច្បាប់ និងប្រពៃណីខ្មែរទៅជាបញ្ហាទៅវិញ? ជារួម ក្នុងនាមជាខ្មែរយើងត្រូវចេះឱ្យតម្លៃបន្ថែមមកលើខ្លួនយើង ក្នុងនាមជាប្រជាជាតិមួយដែលមានអធិបតេយ្យ មានទំនៀមទម្លាប់ប្រពៃណីដ៏ពិសិដ្ឋរបស់យើង»។

ឯកឧត្តម កែវ រតនៈ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងអគារសម្រាកព្យាបាលជំងឺ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង

2024/11/10 01:55:12 pm        352
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ អគារសាលាបឋមសិក្សា-របងខ្លោងទ្វារ និងអគារសម្រាកព្យាបាលជំងឺ នៅក្នុងភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ហើយក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។សមិទ្ធិផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ខាងលើរួមមាន៖- អគារសិក្សា ០១ខ្នង សាងសង់ពីបេតុងអាម៉េ មាន០៥បន្ទប់ មានបំពាក់នូវឧបករណ៍ និងសម្ភារៈសិក្សារួចជាស្រេចដូចជា តុសិក្សា ក្ដារខៀន (ធ្វើពីកញ្ចក់) និងកង្ហារជាដើម ដែលអាចដាក់សិស្សបានចំនួន ២៤០ នាក់ សម្រាប់ ០១វេន- ខ្លោងទ្វារ និងរបង ០១ខ្សែប្រវែង ១៨៥ម៉ែត្រ ព្រមទាំង- អគារសម្រាកព្យាបាលជំងឺ ០១ខ្នង សាងសង់ពីបេតុងអាម៉េ មាន​បន្ទប់សម្រាកព្យាបាល​ ០៨បន្ទប់ ដែលអាចដាក់អ្នកជំងឺបានចំនួន២៤​នាក់ បន្ទប់គ្រូពេទ្យ ០១បន្ទប់ និងបន្ទប់ទឹក ០៥ បន្ទប់។សូមបញ្ជាក់ជូនផងដែរថា សមិទ្ធផលអគារសាលាបឋមសិក្សា របង-ខ្លោងទ្វារ ព្រមទាំងឧបករណ៍ និងសម្ភារៈសិក្សាក្នុងថ្នាក់រៀនគឺជាអំណោយដ៏ថ្លៃថ្លារបស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន អិម ឌី អេស ហេងហ៊ី និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង។ ចំណែកឯអគារសម្រាកព្យាបាលវិញគឺជាអំណោយដ៏ថ្លៃថ្លារួមគ្នារបស់ ឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវ ជា ខេង ព្រមទាំងលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន អិម ឌី អេស ហេងហ៊ី និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដែលសមិទ្ធិផលទាំងប៉ុន្មានខាងលើមានចំណាយថវិកាអស់ប្រមាណ ២០០.០០០ ដុល្លារអាមេរិក។ក្នុងឱកាសនោះ​ឯកឧត្តម ក៏បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដែលអញ្ជើញចូលរួមចំនួនជាង ១.០០០ នាក់ ព្រមទាំងសាលាឃុំថ្មដា និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំថ្មដាផងដែរ ដែលអំណោយទាំងនោះរួមមានដូចជា អង្ករ សារុង សៀវភៅ ប៊ិច និងថវិកាជាដើម ព្រមទាំងចំណាយ ផ្សេងៗទៀតសរុបជាទឹកប្រាក់អស់ប្រមាណជាង ១០០.០០០.០០០​រៀល៕

សម្តេច ម៉ែន សំអន៖ ប្រទេសមានសុខសន្តិភាពពេញេលេញ ធ្វើឲ្យពលរដ្ឋ មានឱកាសប្រារព្ធពិធីបុណ្យប្រពៃណីជាតិបានយ៉ាង​អធិកអធម

2024/11/10 01:44:19 pm        229
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីដង្ហែអង្គកឋិនទាននៅវត្តសាមគ្គីរតនមុនី ស្ថិតក្នុងភូមិបុស្ស ឃុំស្វាយតាយៀន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ព្រឹកថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។អង្គកឋិនទានសាមគ្គីនេះត្រូវបានផ្តួចផ្តើមឡើង ឯកឧត្តម ម៉ៅទី និងលោកជំទាវ គង់ សោមា, លោក ម៉ៅ លីណា និងលោកស្រី នី ធាវី, អ្នកស្រី ម៉ៅ សីហា និងលោក លឹម លីនដា និង អ្នកឧកញ៉ា ម៉ៅ ចំណាន និងអ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានដង្ហែប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពទ្ធសីមាវត្តសាមគ្គីរតនមុនី។ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានមានប្រសាសន៍ផ្តាំផ្ញើរជូនដល់អង្គពិធីទាំងមូល នូវការផ្តំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅ គ្រប់ទីកន្លែង។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ពិធីបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនា នាពេលនេះ គឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសប្រារព្ធពិធីបានជំនឿសាសនារៀងៗខ្លួន និងបុណ្យ ប្រពៃណីជាតិបានយ៉ាងអធិកអធម។ ហេតុនេះហើយ ​សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួម​ថែរក្សានូវសមិទ្ធិផលដែលបានកសាងឡើងដោយគណបក្សប្រជាជនកម្ពុជា ​និងរាជរដ្ឋាភិបាល និងបន្តចូលរួមបង្កើត​នូវសមិទ្ធផលថ្មីៗទៀត ដែល ជាផ្នែកមួយនៃការចូលរួមចំណែកអភិវឌ្ឍន៍​មូលដ្ឋានរៀងខ្លួន។នៅក្នុងពិធីនោះផងដែរ ប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ដែល​បានចូលរួក្នុង​ពិធី​សំណេះសំណាល​នោះ ក៏ទទួលបាន នូវមី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកា ១០ម៉ឺនរៀល ដែលជាអំណោយរបស់ អ្នកឧកញ៉ា ម៉ៅ ចំណាន និងអ្នកឧកញ៉ា គិត ម៉េង ៕

កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ទទួលបានថវិកាជិត១៨ម៉ឺនដុល្លារពីអគ្គិសនីកម្ពុជា និងសប្បុរសជន

2024/11/10 01:03:50 pm        161
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានកិត្តិយសសាខាកាកបាទ្រហមកម្ពុជាខេត្តពោធិ៍សាត់ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាកិត្តិយស ក្នុងពិធីប្រគល់-ទទួល ថវិការបស់អគ្គិសនីកម្ពុជា រួមទាំងថវិការបស់ក្រុមហ៊ុន សប្បុរសជនទាំងក្រុង និងក្រៅប្រទេសសរុប ១៧៩,៤៥០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ពិធីប្រគល់ និងទទួលថវិកាខាងលើ ត្រូវបានធ្វើឡើងនៅស្នាក់កាសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយបានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា លោក ហៀម ឃួន អភិបាលរងខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍សាខា ព្រមទាំង សមាជិក គណកម្មាធិការ និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្តជាច្រើននាក់ទៀត។ឯកឧត្តម ខូយ រីដា និងសហការី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក កែវ រតនៈ និងលោកបណ្ឌិតអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបានខិតខំគៀរគរ និងចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជួយទ្រទ្រង់ និងអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។ឯកឧត្តម បានបន្ថែមថា ជារៀងរាល់ឆ្នាំ ឯកឧត្តម កែវ រតនៈ និងសហការី បានបន្តចូលរួមចំណែក​យ៉ាង​សកម្មដល់សកម្មភាពការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ជាក់ស្តែងសម្រាប់ឆ្នាំនេះផ្ទាល់ ឯកឧត្តម បានខិតខំស្វែងរកធនធាន រហូតទទួលបានថវិកា​ពីអគ្គិសនីកម្ពុជា ព្រមទាំងថវិការបស់ក្រុមហ៊ុន សប្បុរសជនទាំងក្រុង និងក្រៅប្រទេសសរុប ១៧៩,៤៥០ ដុល្លារ សម្រាប់ជួយដល់សាខាកាកបាទក្រហមខេត្ត សរបញ្ជាក់ឱ្យឃើញអំពីទឹកចិត្ត និងស្មារតីមនុស្សធម៌ពិតប្រាកដ។ សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ថវិកា ៨ ឧសភា ឆ្នាំ២០២៤ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ទទួលបានថវិកា សរុបចំនួន ២៤៥,៧៦៥.២៥ ដុល្លារ ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ និងដោះស្រាយបញ្ហាប្រឈមនានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗ​ឱ្យបានទាន់ពេលវេលា ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ប្រកបដោយ​ប្រសិទ្ធិភាព និងតម្លាភាព ដូចពាក្យថា «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕

កូនដំរីដែលក្រុមអភិរក្សជួយសង្គ្រោះនៅខេត្តមណ្ឌលគិរី ត្រូវបានយកមកសង្គ្រោះព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ «ភ្នំតាម៉ៅ»

2024/11/10 11:48:19 am        241
ភ្នំពេញ៖ កូនដំរីព្រៃញីមួយក្បាលត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយដៃគូមានអង្គការWCS អង្គការWWF អង្គការWA និងប្រជាសហគមន៍មូលដ្ឋានក្រោយប្រទះឃើញបែកពីហ្វូងរស់នៅក្នុងព្រៃតែឯងជាងមួយសប្តាហ៍ក្បែរចំការរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិពូត្រុំ សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ សូមបញ្ជាក់ជូនជ្រាបថា ក្រោយទទួលព័ត៌មានពីប្រជាសហគមន៍ អំពីវត្តមានកូនដំរីមួយក្បាលមានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាមរស់នៅដាច់ពីហ្វូងជាច្រើនថ្ងៃ មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណី ដើម្បីរងចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ។ ប៉ុន្តែក្រោយការរង់ចាំជាងមួយសប្តាហ៍ពុំឃើញមានហ្វូងមេបាឆ្លងកាត់អាចឲ្យកូនដំរីនេះវិលត្រលប់ទៅរួមរស់ក្នុងសង្គមគ្រួសារវិញបាន និងម្យ៉ាងទៀតដោយស្ថានភាពសុខភាព កូនដំរីកាន់តែទ្រុឌទ្រោមស្គមខ្លាំងផង ជម្រើសល្អបំផុតមួយក្រោមការសម្រេចចិត្តរួមរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានគឺត្រូវនាំយកកូនដំរីនេះមកសង្គ្រោះព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ”។ ក្រុមការងារឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ” ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃភ្នំព្រិច សហគមន៍ល្បាត ប្រជាសហគមន៍មូលដ្ឋាន អង្គការWCS អង្គការWWF អង្គការWA ប្រមាណជិត៣០នាក់បានបើកប្រតិបត្តិការជួយសង្គ្រោះកូនដំរីមួយក្បាលនេះរយៈពេល០២ថ្ងៃ(ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤) និងដឹកជញ្ជូននាំកូនដំរីនេះមកដល់ឧទ្យានសួនសត្វ ព្រៃការពា និងសួនភូតគាម "ភ្នំតាម៉ៅ" ដោយសុវត្ថិភាពនាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៦:៥០នាទីរសៀល។ បច្ចុប្បន្នកូនដំរីកំពុងស្ថិតនៅក្រោមការព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រជាពលរដ្ឋប្រមាណជាង២០០នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងបានយល់ច្បាស់ពីកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល

2024/11/10 11:39:22 am        150
ដំណើរទស្សនកិច្ចទិសឦសានជើងទី៨ ខេត្តស្ទឹងត្រែង រតនគិរី នៅថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានបងប្អូនប្រជាពលរដ្ឋសរុបជាង ២០០នាក់ចូលរួម ដើម្បីស្វែងយល់ពីការពិត​នៃ​កិច្ចការពារបូរណភាពទឹកដី ​និងបានធ្វើជាសាក្សី ពីកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល។ ដំណើរទស្សនកិច្ចទិសឦសានជើងទី៨ ពោពេញដោយក្តីរីករាយ ស្នាមញញឹម និងមោទនភាព ចំពោះរាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវក្រវាត់ព្រំដែន និងបោះបង្គោលព្រំដែនកម្ពុជា​ជាមួយ​ប្រទេសជិតខាង បានយ៉ាងត្រឹមត្រូវ និងរឹងមាំ ដើម្បីក្លាយជាព្រំដែនសន្តិភាព និងកិច្ច​សហប្រតិបត្តិការរហូតតរៀងទៅ។ ​ពិសេសដំណើរទស្សនកិច្ចទិសឦសាន​​ជើងទី៨នេះ ប្រជាពលរដ្ឋ​បានឃើញផ្ទាល់ភ្នែកនូវបង្គោលព្រំដែនកម្ពុជា-ឡាវ​ អាយុជាង ១០០ ឆ្នាំ​ដែលបន្សល់ទុកតាំងពីក្នុងសម័យអាណានិគមនិយមបារាំងថែមទៀតផង។ដំណើរទស្សនកិច្ចទិសឦសាន ​ដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងលោកជំទាវបណ្ឌិត​ ដោយឥតគិតថ្លៃនេះ នឹង​បន្តធ្វើរហូតដល់ខែធ្នូដាច់ឆ្នាំ២០២៤៕

សម្ដេចតេជោ ទម្លាយសំឡេងដែលក្រុមជ្រុលនិយមជ្រកក្រោមផ្លាកព័ត៌មាន មិនហ៊ានផ្សាយសំឡេងទាំងស្រុង ពេលខលទូរស័ព្ទមកសម្ដេចតេជោ

2024/11/10 11:26:57 am        288
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានទម្លាយសំឡេងដែលក្រុមជ្រុលនិយមជ្រកក្រោមស្លាកព័ត៌មាន មិនមានផ្សាយសំឡេងទាំងស្រុង ពេលខលទូរស័ព្ទមកសម្ដេចតេជោ។សម្ដេចតេជោបានសរសេរបញ្ជាក់ថា៖«ទោះបីថ្ងៃនេះជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លាប់កូនប្រុសច្បងរបស់ខ្ញុំ១០វិច្ឆិកា ១៩៧៦ ក៏ដោយតែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុងទាំងសំឡេងខ្ញុំ ទាំងសំឡេងអាក្មេងពាលដែលហៅចូលមកទាំងព្រឹក និងយកទៅផ្សាយដោយកាត់ចោលពាក្យមួយចំនួន»។សម្ដេចតេជោ បញ្ជាក់ថា៖ «គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បីបង្ហាញថាពួកក្មេងពាលដែលបម្រើឱ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណា បើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង»។

ពោធិព្រឹក្សចំនួន៣ដើមអារាធនាពីប្រទេសស្រីលង្កា ត្រូវបានដាំនៅក្នុងមណ្ឌលវិបស្សនាធម្មអង្គុលខេត្តសៀមរាប

2024/11/10 10:45:49 am        262
កាលពីរសៀលថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត បានអញ្ជើញដាំដើមពោធិព្រឹក្សចំនួន៣ដើម នៅមណ្ឌលវិបស្សនា ធម្មអង្គុល ស្ថិតក្នុង ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងថា ដើមពោធិព្រឹក្សនេះ បានអារាធនា ពីប្រទេសស្រីលង្កា ដែលជាដើមពោធិព្រឹក្សផ្សាំមែកពីដើមកំណើតដែលមានប្រវត្តិជាក់លាក់។ ម្យ៉ាងដោយសារ មណ្ឌលនេះ ជាមណ្ឌលវិបស្សនាមួយដែលមានទីធ្លាធំទូលាយ ស្ងប់ស្ងាត់ ត្រូវការមានដើមឈើជាម្លប់ ទើបធ្វើពិធីដាំនៅទីនេះ ដើម្បីទុកជាកន្លែងសកា្ករបូជា ទៅដល់ប្រជាពុទ្ធបរិស័ទ ក៏ដូចជាសិស្សដែលអញ្ជើញមកធ្វើវិប្បសនានៅទីនេះ។បើតាមគណៈកម្មការនៅមណ្ឌលវិប្បសនានេះបានឱ្យដឹងដែរថា ការដាំឈើនាឱកាសនេះ ក៏ជាការផ្សព្វផ្សាយមួយផង ដែរ ដើម្បីថ្នាក់ដឹកនាំក៏ដូចជាសិស្សថ្មី បានស្គាល់ពីកន្លែងវិប្បសនា ដែលមានទីធ្លាដ៏ធំទូលាយមួយនេះ។ ម្យ៉ាងទៀតឱកាស នេះក៏ជាការផ្សព្វផ្សាយ អំពីបច្ចេកទេសធ្វើវិបស្សនា ទៅដល់សិស្សថ្មី និងសិស្សចាស់បន្ថែមទៀតផងដែរ ដើម្បីឱ្យយល់ដឹងបន្ថែម អំពីវិធីធ្វើសមាធិវិបស្សនា។ លោកអុំគណៈកម្មការនៅ មណ្ឌលវិប្បសនាឱ្យដឹងថា នៅថ្ងៃទី១០ខែវិច្ឆិកានេះ ខាង ក្រុមគណៈកម្មការ និងសិស្ស ដែលអញ្ជើញមកសមាធិនៅទីនេះ និងបន្តដាំដើម្បីឈើចំនួនជាង៣០០ដើមបន្ថែមទៀត នៅក្នុងបរិវេណមណ្ឌលនេះ ដែលជាប្រភេទឈើប្រណិតៗដើម្បីទុកជាម្លប់។សូមជម្រាបផងដែរថា កន្លងមកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ធ្លាប់បានអំពាវនាវ ឱ្យប្រជាពលរដ្ឋសូមរួមគ្នាថែរក្សាការពារព្រៃឈើ និងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទនៅលើដីទំនេរ តាមទីអារាម ភូមិដ្ឋាន និងទីកន្លែងផ្សេងៗទៀតឱ្យបានកាន់តែច្រើន តាមលទ្ធភាពដែលអាចដាំបាន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមួយពោរពេញទៅដោយបរិស្ថានបៃតង មានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ ជាពិសេសសូមបញ្ឈប់ការកាប់ព្រៃឈើ ហើយត្រូវរួមគ្នាប្រកបរបរកសិកម្មចម្រុះ តាមធម្មជាតិវិញ ដើម្បីប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ក្រុមគ្រួសារមានសុខភាពល្អ សង្គមជាតិប្រកបដោយសុខុមាលភាព។ជាមួយគ្នានោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំណរគុណចំពោះមណ្ឌលវិបស្សនា ដែលបានប្រមូលផ្តុំអ្នកបច្ចេកទេសជំនាញវិបស្សនា និងជ្រើសរើសទីតាំងល្អ សម្រាប់ធ្វើកន្លែងសមាធិវិបស្សនា។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានថ្លែងអំណរគុណ និងកោតសរសើរប្រធានមណ្ឌលវិបស្សនា ដែលបានផ្ដួចផ្ដើមកសាងមណ្ឌលដ៏ធំមួយនេះឡើង ធ្វើជាកន្លែងសិក្សាប្រតិបត្តិព្រះធម៌ អប់រំចិត្ត និងបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យបានប្រកបដោយគុណធម៌ ហើយបាននិងកំពុងអភិវឌ្ឍទីនេះ ឱ្យទៅជារមណីដ្ឋានទេសចរណ៍ ព្រះពុទ្ធសាសនា ដែលមានពណ៌បៃតងស្រស់បំព្រងទៀតផង៕អត្ថបទៈ សំ ងីម 

អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យមើលស្ថានភាពស្រូវរបស់ពលរដ្ឋនៅស្រុកចុងកាល់ ខណៈរដូវកាលប្រមូលផលដល់ហើយនោះ

2024/11/10 10:03:12 am        269
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ​អមដំណើរដោយមន្រ្តីនៃមន្ទីរជំនាញ​ពាក់ព័ន្ធ​ជុំវិញខេត្ត បានអញ្ជើញ​ចុះពិនិត្យមើលស្ថានភាពដំណាំស្រូវ​របស់​ប្រជាពលដ្ឋ នៅស្រុកចុងកាល់ ខណៈរដូវកាលប្រមូលផលច្រូតកាត់ស្រូវវស្សាជាបណ្តើរៗហើយនោះ។ក្នុងការចុះពិនិត្យនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា បានណែនាំដល់មន្រ្តីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ ជាពិសេស​នោះ​មន្រ្តីកសិកម្មនៅតាមមូលដ្ឋានឃុំសង្កាត់ផ្ទាល់ ត្រូវខិតខំយកចិត្តទុកដាក់​អនុវត្តការងារ​ជំនាញ​របស់ខ្លួន​នៅនិងមូលដ្ឋាន​ឲ្យបានជាប់ជាប្រចាំ ​ដើម្បីទុកជា​បទពិសោធន៍​ចំពោះបញ្ហា​ប្រឈម​នានា​ដែលបានកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមក​ត្រូវប្រញាប់រាយការណ៍​មកជាបន្ទាន់ ដើម្បីយើងបានជួយ​អន្តរាគមន៍​ និងដោះស្រាយ​បញ្ហា​ទាំង​អស់នោះ​ជូនបងប្អូន​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានទាន់ពេលវេលាផងដែរ។ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា បើទោះបីកន្លងមកនៅក្នុងតំបន់នេះដំណាំស្រូវវស្សា​របស់បងប្អូនប្រជាពលរដ្ឋមួយចំនួន បានទទួលរងនូវផល​ប៉ះពាល់​តិចតួច​ដោយសារ​កត្តា​អាកាស​ធាតុ និងបញ្ហា​សត្វ​ដង្កូវ​ហ្វូង​បានស៊ីបំផ្លាញខ្លះៗ​យ៉ាងណាក្តី ប៉ុន្តែមន្រ្តីជំនាញ​បានរិះរកគ្រប់​មធ្យោបាយ​ ដើម្បីជួយធ្វើការ​អន្តរាគមន៍​បានទាន់ពេលវេលាផងដែរ។ឯកឧត្តម ​បាន​បញ្ជាក់ថា ​ទោះបីឆ្នាំនេះ​ដំណាំ​ស្រូវរបស់​បងប្អូន​ប្រជាពលរដ្ឋ ​ជួបប្រទះបញ្ហា​ប្រឈម​ខ្លះៗ មិនបាន​ប្រមូល​ផល​ស្រូវ​ទទួល​បាន​មួយ​រយភាគ​រយក្តី ក៏​យើង​អាច​ទទួល​បា​នត្រឹម​៨០ភាគ​រយ បន្ទាប់ពីរងផល​ប៉ះពាល់រួចនោះ៕ 

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបូជាទៀនធូបនៅវត្តរាជបូណ៌

2024/11/09 02:37:21 pm        104
សៀមរាប ៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អមដំណើរដោយឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមបានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី ទេយ្យទាន ដល់វត្តរាជបូណ៌ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។បន្ទាប់ពីបូជាព្រះរតនត្រ័យ នៅវត្តរាជបូណ៌រួច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមការងារបានបន្តទៅ បូជាទៀនធូបផ្កាភ្ញីនៅព្រះអង្គចេក ព្រះអង្គចម ដើម្បីឧទ្ទិសបួងសួងទសបារមីព្រះអង្គចេក ព្រះអង្គចម សូមតាមជួយបីបាច់ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួបតែសុខសន្តិភាពត្រជាក់ត្រជុំថ្កុំថ្កើន មានការអភិវឌ្ឍគ្រប់ច្រកល្ហកទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារទាំងអស់ រស់នៅក្រោមម្លប់សន្តិភាព និងមានសេដ្ឋកិច្ចខ្ពង់ខ្ពស់គ្រប់ក្រុមគ្រួសារទាំងអស់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
07/09/2026 09:07 PM
ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
07/09/2026 09:07 PM
កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
07/09/2026 08:07 PM
លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
07/09/2026 08:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
07/09/2026 08:07 PM
អ្នកនេសាទ ៣នាក់ស្លាប់ និង ១៥នាក់រងរបួស ដោយសារ​ការវាយប្រហាររបស់អាមេរិក លើ​ផែននេសាទនៅ​អ៊ីរ៉ង់
07/09/2026 08:07 PM
លីបង់៖ គណៈប្រតិភូអាមេរិកនឹងត្រួតពិនិត្យការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង»
07/09/2026 08:07 PM
អ្នកវិភាគ៖ អាជ្ញាប័ណ្ណអាមេរិកឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ
07/09/2026 08:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិក IRGC ៣នាក់ ត្រូវបានសម្លាប់ អំឡុង​​ការវាយប្រហាររបស់អាមេរិក នៅខេត្ត Khuzestan
07/09/2026 07:07 PM
​EU ស្នើវិធានការបង្កកទ្រព្យសម្បត្តិ និងបម្រាម​ធ្វើដំណើរ ដើម្បីប្រយុទ្ធប្រឆាំង​ការរត់ពន្ធជនអន្តោប្រវេសន៍
07/09/2026 07:07 PM