CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
ភារធារីស្ដីទីទូតអាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ព្រឹទ្ធសភាបន្តពាំនាំការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋភៀសសឹកតាមព្រំដែន

ព័ត៌មានជាតិ

សហជីព និងកម្មករ សម្តែងការដឹងគុណទិវាបុណ្យឯករាជ្យ

2024/11/09 11:58:53 am        101
ភ្នំពេញ ៖ រហូតមកដល់ពេលនេះ ទោះបីជាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយាងចូលព្រះទីវង្គត។ សហជីព និងកម្មកររោងចក្រ បានសម្តែងនូវការដឹងគុណ និងលើកឡើងពីការចងចាំពីការលះបង់កម្លាំងកាយចិត្តរបស់សម្តេចព្រះនរោត្តម ក្នុងការតស៊ូ ដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរគ្រប់រូប។​លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ លោកបានលើកឡើងពីការចងចាំនូវស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់សម្តេច ព្រះនរោត្តម សីហនុ ដែលព្រះអង្គបានលះបង់នូវព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ក្នុងការទាមទារឯករាជ្យនៅប្រទេសកម្ពុជា ឲ្យរួចចាក់ផុតពីអាណានិគមបារាំង រហូតដណ្តើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិមាតុភូមិពេញបរិបូរណ៍នៅឆ្នាំ១៩៥៣។លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា គិតចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ តែងតែដង្ហែរតាមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះអង្គ និងបានសម្តែងនូវមនោសញ្ចេតនាគោរពស្រលាញ់ ក្នុងទឹកចិត្តប្រកបដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះត្រង់ចំពោះព្រះអង្គ ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ ក្នុងទិសដៅថែរក្សា ការពាររដ្ឋធម្មនុញ្ញ ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការការរីកចម្រើនដូចសព្វថ្ងៃ។ដោយឡែក លោក គុជ សំអាង តំណាងឲ្យកម្មករ កម្មការិនីរោងចក្រកាត់ដេរ បានសម្តែងការដឹងគុណ និងអរគុណចំពោះការលះបង់យ៉ាងធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានជួយរំដោះប្រទេសកម្ពុជា ចេញពីអាណានិគមបារំាង ដែលនេះជាការចងចាំដ៏សំខាន់បំផុត។ ក្រុមកម្មករ ក៏បានអរគុណផងដែរ ទៅកាន់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលបានបន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត ជាពិសេសការទាក់ទាញអ្នកវិនិយោគ និងបង្កើតឱកាសការងារជាច្រើនជូនដល់ប្រជាពលរដ្ឋគ្រប់ៗរូប។អត្ថបទ ឈិត បូរ៉ាវី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា​​

2024/11/09 09:48:15 am        152
ភ្នំពេញ ÷ នៅព្រឹក ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងខួបអនុស្សាវរីយ៍ខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា​​ នៅវិមានឯករាជ្យ។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១ នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗរបស់កម្ពុជា មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

លោក Musk ចូលរួមក្នុងការសន្ទនាតាមទូរស័ព្ទរបស់ Trump ជាមួយលោក Zelenskiy មេដឹកនាំអ៊ុយក្រែន

2024/11/09 09:32:21 am        106
យោងតាមប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងកាលពីថ្ងៃសុក្រ ថា នៅពេលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសន្ទនាតាមទូរស័ព្ទទៅកាន់លោក Donald Trump ដើម្បីអបអរសាទរលោក ចំពោះជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី នាយកប្រតិបត្តិក្រុមហ៊ុន Tesla និងជាអ្នកគាំទ្រ លោក Trump លោក អ៊ីឡុនម៉ាស់(Elon Musk) បានចូលរួមក្នុងការសន្ទនានេះផងដែរ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទរយៈពេល២៥នាទី បន្ទាប់ពីការបោះឆ្នោត លោក Trump បានប្រាប់លោក Zelenskyy ថា លោកនឹងគាំទ្រអ៊ុយក្រែន ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតនោះទេ ហើយលោក Musk បាននិយាយថាលោក នឹងបន្តផ្គត់ផ្គង់ផ្កាយរណប Starlink។លោក Musk ជាម្ចាស់ក្រុមហ៊ុន SpaceX ផ្តល់សេវាទំនាក់ទំនងផ្កាយរណប Starlink ដែលមានសារៈសំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងការពារជាតិរបស់អ៊ុយក្រែន ប៉ុន្តែសេចក្តីថ្លែងការណ៍របស់លោកនៅពេលខ្លះ បានធ្វើឱ្យទីក្រុងគីវ មានកំហឹង ចាប់តាំងពីរុស្ស៊ី បានឈ្លានពានប្រទេសជិតខាងរបស់ខ្លួន នៅឆ្នាំ២០២២។សារព័ត៌មាន Washington Post បានរាយការណ៍ថា លោក Zelenskiy បានប្រាប់លោក Trump ពីសារៈសំខាននៃផ្កាយរណបសម្រាប់សេវាអ៊ីនធឺណិតក្នុងអំឡុងពេលសង្រ្គាម នៅពេលនោះលោក Trump បាននិយាយថា លោក Musk នៅជាមួយលោក ហើយបានដាក់មហាសេដ្ឋីម្នាក់នេះទៅក្នុងបញ្ជីជ្រើសរើស។លោក Musk បានផ្តល់ប្រាក់រាប់លានដុល្លារដើម្បីគាំទ្រដល់យុទ្ធនាការប្រធានាធិបតី របស់លោកTrump និងបានបង្ហាញខ្លួនជាសាធារណៈជាមួយលោក។ លោក Trump បាននិយាយថា លោកនឹងផ្តល់ឲ្យលោក Musk ដែលជាមហាសេដ្ឋីរបស់ពិភពលោកម្នាក់ នូវតួនាទីមួយក្នុងរដ្ឋបាលរបស់លោកដើម្បីជំរុញប្រសិទ្ធភាពរដ្ឋាភិបាល។

ប្រមុខការពារជាតិកោតសរសើរកងទ័ពបានចូលរួមយ៉ាងសកម្មថែរក្សាការពារសន្តិភាព និងសុខក្សេមក្សាន្តជូនប្រជាជន

2024/11/09 09:11:59 am        98
ភ្នំពេញ ÷ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងកោងសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលយ៉ាងធំធេងរបស់កងយោធពលខេមរភូមិន្ទ ដែលសម្រេចបានរយៈ ពេលកន្លងមក ជាពិសេស បានចូលរួមុយ៉ាងសកម្ម ក្នុងគឺកិច្ចការពារជាតិមាតុភូមិ ការពារសន្តិសុខជាតិ ថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខសាន្តរបស់ប្រជាជនជាដើម។ តាមរយៈសារផ្ញើជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ ទាំងអស់ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា២០២៤) នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងក្នុងឆ្នាំកន្លងមក ដែលកងយោធពលខេមរភូមិន្ទសម្រេចបានជាពិសេសកិច្ចការពារជាតិមាតុភូមិ ការពារសន្តិសុខជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន។ ម្យ៉ាងទៀតកងយោធពលខេមរភូមិន្ទយើងបានចូល រួមអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចអន្តរជាតិ លើវិស័យមនុស្សធម៌ បំពេញបេសកកម្មជាកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ដែលជាក្តី មោទនភាព និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រជាជាតិកម្ពុជាយើងទាំងមូលដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពីមុនមក និងបានធ្វើឱ្យកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិផងដែរ»។ តាមរយៈសារនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថាខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ បានស្របជាមួយទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកាផងនោះ ហើយតាំងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមឯកឧត្តមផ្ទាល់ សូមផ្ញើជូននូវការសាកសួរសុខទុក្ខពោរពេញដោយមនោសញ្ចេតនានឹករលឹក និងជាទីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចនៅតាមស្ថាប័ន កងឯកភាពនានា ក៏ដូចជាសិក្ខាកាមកំពុងសិក្សាជំនាញផ្សេងៗនៅបណ្តាប្រទេសជាមិត្តមួយចំនួន ព្រមទាំងកងកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ សូមជូន នូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ សូមទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន ចៀសផុត អំពីជំងឺផ្សេងៗគ្រប់យ៉ាង និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាដើម។ នាយឧត្តមសេនីយ៍ក៏សូមផ្ញើជូននូវការសួរសុខទុក្ខដល់យោធិន ដែលមានជំងឺ របួស ពិការ ហើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា សូមឱ្យឆាប់ជាសះស្បើយពីជំងឺ មានសុខភាពល្អបរិបូរណ៍ កម្លាំងរឹងមាំ និងប្រកបដោយសេចក្តីសុខគ្រប់ពេលវេលា និងសូមជូនពរដល់អតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារដែលកំពុងរស់នៅក្នុងសង្គមស៊ីវិល សូមមានជីវភាពរស់នៅធូរធារ និងប្រកបដោយសុភមង្គលរុងរឿងជានិច្ច ព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅផងដែរ៕អត្ថបទបាន ចក់

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា

2024/11/09 07:31:53 am        103
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ០៩វិច្ឆិកា ដោយសម្តេចបានរំលឹកថាថ្ងៃ៩ វច្ឆិកានេះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកនៅកម្ពុជា។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។ ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់បន្ថែមទៀតថា« ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា»។ សូមបញ្ជាក់ថា រាល់ថ្ងៃទី០ ៩ ខែវិច្ឆិកា ប្រជាជនកម្ពុជានៅទូទំាងប្រទេសបានធ្វើការឈប់សម្រាក ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ខណៈថ្ងៃ៩ វិច្ឆិកានេះ បានរំលឹកឱ្យប្រជាជនខ្មែរគ្រប់ៗរូបចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញជូនកម្ពុជា ប្រកបដោយសន្តិវិធី។រយៈ៧១ ឆ្នាំកន្លងមកនេះកម្ពុជាបានឆ្លងកាត់នូវដំណើរវិវឌ្ឍន៍លើភាពជាម្ចាស់នៃជោគវាសនា និងអនាគតប្រទេសរបស់ខ្លួន រហូតកម្ពុជាមានការរីកចម្រើនលូតលាស់បានដូចសព្វថ្ងៃ ក្រោមដំបូលនៃសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយបន្តឆ្ពោះទៅមុខប្រកបដោយភាពស្វាហាប់។ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នានឹងបន្តចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏មហាឧត្តុង្គឧត្តមថ្លៃថ្លា របស់អង្គព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារបាននូវឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយប្តេជ្ញា ដើរតាមលំអាននៃការថែរក្សាបូរណភាពទឹកដី ឯករាជ្យ ក្នុងភាពជាម្ចាស់នៃជោគវាសនាអនាគតខ្លួនឯង និងការពារដាច់ខាតនូវការប៉ុនប៉ងណាមួយ ដែលយាយីដល់សេចក្តីសុខ របស់ប្រជាជាតិកម្ពុជាផងដែរ៕អត្ថបទបាន ចក់

កម្ពុជាស្វាគមន៍អត្រាកំណើតកូនផ្សោតច្រើនមិនធ្លាប់មាន នៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ

2024/11/08 10:29:45 pm        127
ភ្នំពេញ៖ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កូនផ្សោតនេះ មានសុខភាពល្អប្រសើរ និងស្ថិតក្នុងហ្វូងផ្សោតធំៗចំនួន ២ទៀត។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងទៀតថា នេះគឺជាកូនផ្សោតទី៩ ដែលបានកើតនៅក្នុងឆ្នាំ ២០២៤ ជាអត្រាកំណើតច្រើនពុំធ្លាប់មានទេ បើគិតចាប់តាំងពីឆ្នាំ ២០២១មក។ នៅឆ្នាំ២០២១ កម្ពុជាមានកូនផ្សោតកើតថ្មីចំនួន ៦ក្បាល និងផ្សោតស្លាប់ចំនួន ៩ក្បាល។ នៅឆ្នាំ២០២២ ផ្សោតកើតថ្មីមានចំនួន ៦ក្បាល និងស្លាប់ទៅវិញចំនួន ១១ក្បាល។ ចំណែកឆ្នាំ២០២៣ មានផ្សោតកើតចំនួន ៨ក្បាល និងស្លាប់ចំនួន៥ក្បាល និងនៅឆ្នាំ២០២៤ គិតត្រឹមដើមខែវិច្ឆិកា ផ្សោតកើតមានចំនួន ៩ក្បាល និងស្លាប់ទៅវិញចំនួន ៣ក្បាលប៉ុណ្ណោះ។ក្រសួងកសិកម្ម បានអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា និងការពារធនធានជលផល ដែលជារតនាសម្បត្តិរបស់ជាតិដ៏មានតម្លៃ។ ក្រសួងបានបញ្ជាក់បន្ថែមថា ប្រសិនបើប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

រដ្ឋមន្រ្តីការងារ ទទួលជួបអង្គការ ILO-BFC ដើម្បីពិភាក្សាគ្នាលើការអនុវត្តគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា

2024/11/08 10:13:57 pm        91
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ បានអនុញ្ញាតឱ្យលោកស្រី ហ្រ្វោកខ្ជិស ប៊ូឡឺ (Froukje Boele) ប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) នៅទីស្តីការក្រសួង។យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ជំនួបនេះផ្តោតសំខាន់លើកិច្ចពិភាក្សានៃវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ ក៏ដូចជាកិច្ចការអាទិភាពក្រោមផែនការសកម្មភាពរួមគ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) សម្រាប់ឆ្នាំ២០២៥។ តាមរយៈជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍លោកស្រី ហ្រ្វោកខ្ជិស ប៊ូឡឺ ដែលទើបទទួលតួនាទីជាប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC)។ ឯកឧត្តម សង្ឃឹមថា លោកស្រី ហ្រ្វោកខ្ជិស ប៊ូឡឺ នឹងជួយធ្វើឱ្យមានការអភិវឌ្ឍកាន់តែប្រសើរសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប លោកស្រី ហ្រ្វោកខ្ជិស ប៊ូឡឺ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកស្រី និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងជម្រាបជូនពីការងារមួយចំនួនរបស់ ILO-BFC។ លោកស្រី ក៏បានបង្ហាញនូវក្តីរីករាយក្នុងកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ទទួលបានប្រសិទ្ធភាពខ្ពស់៕

ឯកឧត្តម ហេង សួរ៖ ខេត្តកំពង់ស្ពឺមានតម្រូវការកម្លាំងពលកម្មខ្ពស់ក្នុងវិស័យឧស្សាហកម្ម

2024/11/08 10:09:44 pm        93
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ខេត្តកំពង់ស្ពឺ គឺជាគោលដៅយ៉ាងសំខាន់ដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ ក៏ដូចជាផ្តល់នូវឱកាសការងារជាច្រើនទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់និងក្នុងខេត្តជុំវិញ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ដែលមានទីតាំងស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា គម្រោងថ្មីនៅលើទឹកដីខេត្តកំពង់ស្ពឺនេះ ជាគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត ដែលនឹងផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើវិស័យឧស្សាហកម្ម បោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកូប្លាតីង ស្បែកក្នុងតំបន់អាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះការបង្កើតសួនឧស្សាហកម្មនេះ ដោយមើលឃើញថាគម្រោងនេះនឹងផ្តល់ការងារប្រមាណ ៥ម៉ឺន ទៅ៦ម៉ឺនកន្លែងបន្ថែមទៀត។ ហើយគម្រោងនេះដែរ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដោយមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រតិបត្តិករស្នូល ក្នុងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានជំនាញពិតប្រាកដ និងការងារមួយដ៏សមរម្យ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្តថា ការទទួលបានការវិនិយោគគម្រោងដ៏ធំនេះ គឺបង្ហាញថា ខេត្តកំពង់ស្ពឺ មានសក្តានុពលគ្រប់គ្រាន់សម្រាប់វិនិយោគិន និងមានការគាំពារបានយ៉ាងល្អពីអាជ្ញាធរខេត្ត ជាពិសេសគឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការនាំយកការវិនិយោគ និងបង្កើតការងារឱ្យនៅជិតមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម សង្ឃឹមថាអាជ្ញាធរ មន្ទីរពាក់ព័ន្ធនឹងមានកិច្ចសហការល្អជាមួយគ្នាដើម្បីធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះចេញជារូបរាង និងក្លាយជាទីតាំងដ៏សំខាន់ក្នុងវិស័យឧស្សាហកម្ម និងការវិនិយោគក្នុងខេត្តកំពង់ស្ពឺ និងជាគំរូមួយក្នុងការទាក់ទាញអ្នកវិនិយោគថ្មីៗទៀត៕

ជនសង្ស័យ១១នាក់ធ្វើសកម្មភាព កាប់ប្លន់ម៉ូតូនិងឆក់នៅរាជធានីភ្នំពេញ ត្រូវបាននគរបាលឃាត់ខ្លួន និងបញ្ជូនខ្លួនចាត់ការនីតិវិធីរួចរាល់

2024/11/08 06:50:44 pm        136
ភ្នំពេញ៖ ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឲ្យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទល្មើសលួចឆក់ កាប់ប្លន់ ចំនួន០៨ករណីផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមមតិវិធីរួចរាល់។ នេះបើយោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យBTV ដឹងនារសៀលថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថាកិច្ចប្រតិបត្តិការបង្រ្កាប និងឃាត់ជនសង្ស័យសម្រេចបានជាបន្តបន្ទាប់ដោយកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាលអនុវត្តដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការសហការជាមួយកម្លាំងជំនាញនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌពាក់ព័ន្ធនិងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ក្នុងចំណោមជនសង្ស័យគឺមាន០៤នាក់បានធ្វើសកម្មភាពទី១.ប្រព្រឹត្តបទល្មើសកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ប្លន់ម៉ូតូ០១គ្រឿងមិនបានសម្រេច កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤ នៅចំណុចខាងមុខឃ្លាំងលេខ៦៤៤ផ្លូវលេខ៦៥៦ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ពួកគេទាំង០៤នាក់នេះត្រូវបានបង្រ្កាបចាប់ខ្លួននៅថ្ងៃទី០២និងទី៣ខែវិច្ឆិកា ឆ្នាំ២០២៤នៅបន្ទប់ជួលមួយកន្លែងក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូតកាំបិតផ្គាក់០១ដើមនិងម៉ូតូម៉ាកហុងដា០១គ្រឿង។លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងទៀតថាដោយឡែកករណីទី២ ជនសង្ស័យចំនួន០៣នាក់ត្រូវបានចាប់ឃាត់ខ្លួនកាលីថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២៤នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដោយជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើឆក់ទ្រព្រម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈរហូតដល់០៥ករណីផ្សេងគ្នានៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។លោកនាយការិយាល័យបានបញ្ជាក់ឱ្យដឹងទៀតថាដោយឡែកជនសង្ស័យចំនួន០៤នាក់បន្ថែមទៀតត្រូវបានបង្រ្កាបចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ដែលបានធ្វើសកម្មភាពប្រើដាវកាប់ប្លន់ទៅលើជនរងគ្រោះយកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៤ ប្រព្រឹត្តកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២៤ នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចរាល់៕អត្ថបទ៖ កុម្ភះ

ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ សម្តែងនូវការសប្បាយចិត្ត ចំពោះសមិទ្ធផលថ្មីកើតក្នុងមូលដ្ឋានពួកគាត់

2024/11/08 06:42:07 pm        115
ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្តែងនូវការសប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបាន ជំរុញអភិវឌ្ឍន៍ផ្លូវនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ប្រកបដោយគុណភាព សម្រាប់សម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹក នាំគណៈកម្មាធិការលទ្ធកម្មអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលបេតុង ចំនួន ២ គម្រោង ស្ថិតនៅឃុំក្រូចឆ្មារ និងឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ៨ វិច្ឆិកា នេះ, ក្នុងនោះអាជ្ញាធរ និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើ បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងនូវដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, ដោយ សម្តេចបានជំរុញអភិវឌ្ឍន៍ប្រទេសជាតិ សម្រេចបានសមិទ្ធផលផ្លែផ្កាជាទីមោទនៈ ដែលប្រការទាំងនេះ, គឺជាមូលដ្ឋានសម្រាប់រាជ- រដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ជុំវិញការអភិវឌ្ឍន៍នេះដែរ ចំពោះនៅតាម ជនបទវិញ, សមិទ្ធផលជាច្រើនបានកំពុងកើតឡើងជាបន្តបន្ទាប់ ជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ពួគគាត់នេះជាដើម នេះគឺជាការ ចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ជុំវិញការងារស្ថាបនាផ្លូវ ឧត្តមសេនីយ៍ទោ ហាយ ហ៊ីង នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្ម នៃក្រសួង ការពារជាតិ បានអនុវត្តការងារនេះភ្លាម ព្រោះការងារស្ថាបនាផ្លូវនៅតាមមូលដ្ឋាន មានសារៈសំខាន់ណាស់សម្រាប់ធ្វើដំណើរ ដើម្បី បង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ទាក់ទិនការអភិវឌ្ឍន៍ផ្លូវនេះដែរ, ឯកឧត្តម សាន វិសាល បានកោតសរសើរ ចំពោះការយកចិត្តទុកដាក់ស្ថាបនាផ្លូវខាងលើ នេះបានល្អប្រសើរ និងបានលើកឡើងថា ជុំវិញការអភិវឌ្ឍន៍នៅតាមជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការ រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា ជាក់ស្តែងការស្តារ ឡើងវិញផ្លូវក្រាលបេតុងចំនួន ២ ខ្សែនេះ ដែលស្ថិតក្រោមក្របខណ្ឌក្រសួង បាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន មានផ្លូវល្អ ប្រកបដោយគុណភាព សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយ អាជ្ញាធរ និងប្រជាពលរដ្ឋ, ក្នុងនោះឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេច និងលោកជំទាវបណ្ឌិត ឯកឧត្តម-លោកជំទាវ តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពល រដ្ឋ។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍ ជនបទ ចែកជូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួន១ ផងដែរ៕អត្ថបទ៖សុនរ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
07/09/2026 09:07 PM
ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
07/09/2026 09:07 PM
កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
07/09/2026 08:07 PM
លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
07/09/2026 08:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
07/09/2026 08:07 PM
អ្នកនេសាទ ៣នាក់ស្លាប់ និង ១៥នាក់រងរបួស ដោយសារ​ការវាយប្រហាររបស់អាមេរិក លើ​ផែននេសាទនៅ​អ៊ីរ៉ង់
07/09/2026 08:07 PM
លីបង់៖ គណៈប្រតិភូអាមេរិកនឹងត្រួតពិនិត្យការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង»
07/09/2026 08:07 PM
អ្នកវិភាគ៖ អាជ្ញាប័ណ្ណអាមេរិកឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ
07/09/2026 08:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិក IRGC ៣នាក់ ត្រូវបានសម្លាប់ អំឡុង​​ការវាយប្រហាររបស់អាមេរិក នៅខេត្ត Khuzestan
07/09/2026 07:07 PM
​EU ស្នើវិធានការបង្កកទ្រព្យសម្បត្តិ និងបម្រាម​ធ្វើដំណើរ ដើម្បីប្រយុទ្ធប្រឆាំង​ការរត់ពន្ធជនអន្តោប្រវេសន៍
07/09/2026 07:07 PM