CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
ភារធារីស្ដីទីទូតអាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ព្រឹទ្ធសភាបន្តពាំនាំការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋភៀសសឹកតាមព្រំដែន

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃលេខ១កីឡាជាតិ ឯខេត្តកណ្តាលលេខ១កីឡាជាតិជនពិការឆ្នាំ២០២៤

2024/11/08 05:45:28 pm        155
កីឡាជាតិត្រូវបិទបញ្ចប់ការប្រកួតនៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកានេះ បន្ទាប់ពីដំណើរការប្រកួតផ្លូវការតាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមកនេះ។ចំពោះលទ្ធផលការប្រកួត ក្រសួងមហាផ្ទៃគ្រងចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតកីឡាជាតិលើកទី៤នេះ ដណ្តើមបានមេដាយច្រើនជាងគេ ដល់ទៅ២៤៨គ្រឿង ក្នុងនោះមេដាយមាស១២៧គ្រឿង ប្រាក់៧២គ្រឿង និងសំរឹទ្ធ៤៩គ្រឿង។ក្រសួងការពារជាតិបញ្ចប់នៅលេខ២ ក្រោយឈ្នះមេដាយមាស៩១គ្រឿង ប្រាក់៥៦គ្រឿង និងសំរឹទ្ធ៤១គ្រឿង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅលេខ៣ជាមួយមេដាយសរុប៤៩គ្រឿង (មាស១៩គ្រឿង ប្រាក់១៤គ្រឿង និងសំរឹទ្ធ១៦គ្រឿង)។ចំណែកខេត្តកណ្តាល ស្ទឹងត្រែង ព្រៃវែង សៀមរាប កំពង់ឆ្នាំង ស្វាយរៀង និងបាត់ដំបងបញ្ចប់នៅចំណាត់លេខ៤ ៥ ៦ ៧ ៨ ៩ និងលេខ១០រៀងគ្នា។ ឯរាជធានីភ្នំពេញឈរនៅលេខ១២ ជាមួយមេដាយមាស៤គ្រឿង ប្រាក់៥គ្រឿង និងសំរឹទ្ធ២៦គ្រឿង។សូមបញ្ជាក់ថាការប្រកួតឆ្នាំនេះគ្មានខេត្តណាមិនដណ្តើមបានមេដាយនោះទេ យ៉ាងហោចណាស់ក៏មេដាយសំរឹទ្ធដែរ។សម្រាប់កីឡាជាតិជនពិការលើកទី២ឆ្នាំ២០២៤ ខេត្តកណ្តាល បញ្ចប់នៅចំណាត់ថ្នាក់លេខ១ បន្ទាប់ពីឈ្នះមេដាយសរុប៤០គ្រឿង ក្នុងនោះមាស១៤គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធ១៧គ្រឿង។ ខេត្តតាកែវលេខ២ ជាមួយមេដាយសរុប១៥គ្រឿង (មាស១០គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៤គ្រឿង)។ខេត្តកែប ត្បូងឃ្មុំ រាជធានីភ្នំពេញ កំពង់ចាម សៀមរាប កំពង់ស្ពឺ កំពង់ឆ្នំាង និងស្វាយរៀង ឈរនៅចំណាត់ថ្នាក់១០ក្រុមលើគេ។ ដោយឡែក១០ក្រសួង និងខេត្តពុំដណ្តើមបានមេដាយពីការប្រកួតកីឡាជាតិជនពិការលើកនេះទេ៕

មន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ មមាញឹកកែលម្អ​រសាលសារមនី្ទរខ្លែងខ្មែរ ដើម្បីរៀបចំពិព័រណ៍

2024/11/08 02:36:21 pm        244
មន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​កំពុង​មមាញឹក​កែ​លម្អ​រ​សាល​សារមនី្ទរខ្លែងខ្មែរ ដើម្បីរៀបចំពិព័រណ៍​ក្រោម​ប្រធានបទ «ប្រពៃណី​ផលិត​កុលាលភាជន៍​នៅ​ប្រទេសកម្ពុជា»។ពិព័រណ៍ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​បេតិក​ភណ្ឌពិ​ភពលោក គណៈកម្មការជាតិយូណេស្កូកម្ពុជា សហការជាមួយ​សាកល​វិទ្យាល័យ​វ៉ាសេដា នៃប្រទេសជប៉ុន និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោង​បើកស​ម្ពោធជាផ្លូវការចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៤ខាងមុខនេះ ចាប់​ពី​ម៉ោង៩ព្រឹក រហូតដល់ម៉ោង៤និង៣០នាទីរសៀល នៅសារមនី្ទរខ្លែងខ្មែរ ក្នុង​បរិវេណ​នាយកដ្ឋាន​អភិវឌ្ឍន៍វប្បធម៌ ស្ថិតនៅលើបណ្តោយវិថីរដ្ឋសភាថ្មី ខាងត្បូងរង្វង់មូល​សម្តេច​ព្រះ​សង្ឃ​រាជ្យ ជួន ណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចូល​ទស្សនា​ដោយ​សេរី​ ការតាំងពិព័រណ៌នេះ ទទួលបានបទពិសោធន៍ថ្មីៗអំពីការធ្វើកំណាយ និងស្រាវជ្រាវ ការ​សាក​ល្បង​ធ្វើ​ក្បាច់លម្អ (ធ្វើជាបន្តោង/ផ្លិត) ការបង្កើតរូបគម្រោងជា3D ការទស្សនា​សារ​មនី្ទរ​តាម​បែប​ឌីជីថល ទទួលបានបទពិសោធន៍VR ការបង្កើតហ្គេមអំពីកុលាលភាជន៍ ការធ្វើសំនួរ-ចម្លើយ អំពីកុលាលភាជន៍ខ្មែរ (អ្នកឈ្នះនឹងទទួលបានវត្ថុអនុស្សាវរីយ៍) និងការ​បណ្តុះ​បណ្តាល​លើ​ជំនាញ​ផលិតកុលាលភាជន៍ផងដែរ៕ អត្ថបទ៖ រដ្ឋា

ឯកឧត្តម មាន ចាន់យ៉ាដា ណែនាំមន្ត្រីនៅតាមមន្ទីរ អង្គភាពទាំងអស់ ត្រូវផ្ដល់សេវាជូនពលរដ្ឋ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា

2024/11/08 02:13:57 pm        418
ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់ យ៉ាដា បានមានប្រសាសន៍ថា ដោយមានការគាំទ្រពី​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ រដ្ឋបាលខេត្តឧត្តរមានជ័យ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកំណែទម្រង់​វិមជ្ឈការ​ និងវិសហមជ្ឈការ និងលិខិតបទដ្ឋាន​គតិយុត្តិ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ​របស់​ប្រជាពលរដ្ឋ ។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានជំរុញដល់មន្ត្រីផ្ដល់សេវា​នៅ​តាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ទាំងអស់ ត្រូវផ្ដល់សេវាជូនប្រពលរដ្ឋ ឱ្យកាន់​តែមានភាព​ល្អប្រសើរ មានតម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។ថ្លែងបែបនេះ វេទិការថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ដើម្បី​ចូលរួម​សម្រេច​ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ៨ វិច្ឆិកា ​ឆ្នាំ២០២៤ ក្រោមវត្ដមានឯកឧត្តម ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម មាន ចាន់ យ៉ាដា អភិបាល​នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ។ ព្រមទាំងមានការ​អញ្ជើញ​ចូលរួមពី​សមាជិក​ក្រុមប្រឹក្សាខេត្ត អភិបាលរងបាលខេត្ត ឯកឧត្តម លោកជំទាវ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ឯកឧត្តមតំណាង​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ។ក្នុងឱកាសនោះដែរឯកឧត្តម មាន ចាន់យ៉ាដា មានប្រសាសន៍ទៀតថា​ វេទិការនេះធ្វើឡើង ក្នុងគោលបំណងពិគ្រោះពិភាក្សារវាង​រាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នា​វាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ ដំណោះស្រាយ និងការដាក់ចេញ​នូវការតម្រង់​ទិសផ្នែក​គោលនយោបាយ សម្រាប់​សម្រេចការអនុវត្តកម្មវិធីកំណែ ​ទម្រង់វិមជ្ឈការ និង​វិសហមជ្ឈការ​ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។ឯកឧត្តម បន្តទៀតថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅ​ថ្នាក់ខេត្តផ្តោតទៅលើខ្លឹមសារសំខាន់ៗ ​ដើម្បីដោះស្រាយនូវស្ថានភាព និងបញ្ហាប្រឈមនានា​មួយ​ចំនួនពាក់ព័ន្ធទៅនឹងការអនុវត្តការងារកំណែទម្រង់​ វិមជ្ឈការ និង​វិសហមជ្ឈការ​នាពេលកន្លងមក​របស់រដ្ឋបាលខេត្តមានដូចខាងក្រោម៖ ១/ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងារ​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ ២/ មុខងាររបស់រដ្ឋបាល​ថ្នាក់​ក្រោមជាតិ (មុខងារជាអាណត្តិទូទៅ និងមុខងារដែលបានផ្ទេរ) ។ ៣/ ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ-ទំនាក់ទំនងការងារ និងខ្សែរគណនេយ្យភាពរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ និងរវាងថ្នាក់ក្រោមជាតិ និង​ថ្នាក់ក្រោមជាតិ ​ព្រមទាំង​ប្រាស្រ័យ​ទាក់ទង ​និងគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់​ក្រោមជាតិ​ជា​មួយប្រជាពលរដ្ឋ។សូមជម្រាបផងដែរថា ក្នុងវេទិកានេះដែរ នៅតាមបណ្តាឃុំ/សង្កាត់ ក្រុង/ស្រុក តាមបណ្តាមន្ទីរ​អង្គភាពពាក់ព័ន្ធ និង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍នានា បាន​ធ្វើបទអន្តរាគមន៍ បង្ហាញគោលបំណង​ពិគ្រោះពិភាក្សា​ដើម្បីរួមគ្នា​វាយតម្លៃ​អំពីវឌ្ឍនភាព ​បញ្ហាប្រឈម ​កំណត់​អំពីដំណោះស្រាយ ​និង​រកឃើញ​បញ្ហា​ប្រឈម សំណើរ​ សំណូមពរ ដែល​បានស្នើសុំ ដើម្បីអោយរដ្ឋបាលខេត្ត​ធ្វើការដោះស្រាយជូន ​រាល់បញ្ហា​ដែលកើតមានឡើង​នៅតាមមូលដ្ឋាន ​ព្រមទាំងបញ្ហា​សំណូមពរនានាផងដែរ៕

ក្រុមកីឡាករទូកងស្រុករលាប្អៀរ៤ទូក សប្បាយចិត្ត និងប្តេជ្ញាយកជ័យជំនះជូនទឹកដីកំណើតរបស់ខ្លួន

2024/11/08 02:10:16 pm        58
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីក្រុងពាលីទូកងចំនួន៤គ្រឿងក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីប្រណាំងទូក អកអំបុក សំពះព្រះខែនាឆ្នាំ២០២៤នេះ ក្រុមកីឡាករទូកងខ្នាតអន្តរជាតិរបស់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងចំនួន៤គ្រឿង បានសំដែងការសប្បាយចិត្តខ្លាំង និងប្តេជ្ញាយកជ័យជំនះជូនខេត្ត និងស្រុករបស់ខ្លួនអោយបាន ។ នៅក្នុងពិធីនេះ មានការចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ មន្ត្រីរាជការ និងកីឡាករ ប្រជាពលរដ្ឋច្រើនរយនាក់ទៀត។  ក្រុមកីឡាករបានបន្តថា៖ ដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឥស្សរៈជនជាច្រើនទៀត បាននាំមកនូវសុខសន្តិភាព មានការរីកចម្រើន និងសន្តិសុខល្អនៅតាមមូលដ្ឋាន ជាពិសេសបានធ្វើអោយជីវភាពប្រជាពលរដ្ឋ បានប្រសើរឡើងជាលំដាប់។ ស្ថិតក្នុងប្រទេសមានសុខសន្តិភាព កីឡាករទូក ង នៅក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាក្នុងស្រុករលាប្អៀរ បានខិតខំហ្វឹកហាត់ ដើម្បីប្រណាំងអោយបានឈ្នះលេខ១ នៅក្នុងព្រះរាជពិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនាឆ្នាំ២០២៤នេះ ។ ក្រោយពីទម្លាក់ទូក ង ទាំង៤ចូលទឹកហើយ ក្រុមកីឡាករទូក ង ទាំងអស់នឹងចាប់ផ្តើហ្វឹកហាត់អុំ ធ្វើយ៉ាងណាអោយស្ទាត់ និងសាមគ្គីភាពតែមួយ ដើម្បីយកជ័យជំនះជូនប្រជាជន និងភូមិស្រុកខេត្តអោយបាននៅឆ្នាំនេះ ។នៅក្នុងពិធីក្រុងពាលីដាក់ទូកចុះទឹកនៅថ្ងៃនេះ លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រ និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អោយក្រុមកីឡាករទូក ង ទាំងអស់ ខិតខំហ្វឹកហាត់អោយបានជាប្រចាំ មានសាមគ្គីភាពជាធ្លុងមួយ ថែរក្សាសុខភាព ហូបអ្វីត្រូវស្អាតជានិច្ច កុំហូបគ្រឿងស្រវឹង សំរាកអោយបានគ្រប់គ្រាន់ និងពេលទៅរាជធានីភ្នំពេញត្រូវចេះស្រឡាញ់គ្នា មើលគ្នាទៅវិញទៅមកដូចជាបងប្អូនបង្កើត ទើបយើងទទួលបានជោគជ័យ៕ ដោយ ៖ កាំង ហុងវាស្នា

សម្តេច ឃួន សុដារី៖ មន្រ្តីការទូត ជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារ​គុណតម្លៃ​របស់​ប្រទេសជាតិ

2024/11/08 02:01:45 pm        228
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ចំនួនបួនរូប ដែល​ទើបទទួលបានការតែងតំាងជា ឯកអគ្គរាជទូតប្រចាំនៅបណ្តាប្រទេសនានា ចូលជួប​សម្តែង​ការ​គួរសម ជម្រាបលា និងទទួលអនុសាសន៍ មុនចេញបំពេញបេសកកម្ម​ការទូត​នៅ​លើ​ឆាក​អន្តរជាតិ។ក្នុងនាមរដ្ឋសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចរដ្ឋសភាធិបតី បានសម្តែង​ការ​រអបអរ​សាទរ និង​គំាទ្រ​ពេញ​ទំហឹង ចំពោះឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតទាំង ០៤រូប ដែលត្រូវ​បាន​រាជ​រដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ម៉ត់ចត់និងប្រកបដោយឋាមវន្តរបស់ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់សេចក្តីទុកចិត្តតែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនានានៅលើសកលលោក។សម្តេចប្រធានរដ្ឋសភា បានគូស​បបញ្ជាក់​ថា​ជា​មន្រ្តី​ការ​ទូត​ជា​តំណាង​ឱ្យជា​តិទំាងមូល​នៅ​លើ​ឆាក​អន្តរជាតិនិងជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ជាតិ និ​ង​គោល​បំណងជាយុទ្ធសាស្រ្តរបស់ជាតិ។ បេសកកម្មការទូតពិតជាមានសារៈសំខាន់ខ្លាំងណាស់ បន្ថែម​ទៅលើកិច្ចខិតខំប្រឹងប្រែងខាងក្នុងប្រទេស ដើម្បីការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើន​សេដ្ឋកិច្ច និងស្ថិរភាពជាតិ។សូមជម្រាបថា ឯកអគ្គរាជទូតទំាង​បួន​រូប​ដែលទើប​ទទួល​បាន​ការ​តែងតំាង​ហើយ​បានចូលជួប​សម្តែង​ការគួរសម​ និងជម្រាបលាសម្តេចប្រធានរដ្ឋសភានាឱកាសនេះមាន ឯកឧត្តម កុយ គួង ឯក​អគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិចកូ ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គ​រាជ​ទូត ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល លោកជំទាវ រត្ន ម៉ានី ឯកអគ្គរាជទូត ប្រចាំប្រទេស​ឥណ្ឌា បង់ក្លាដេស ស្រីលង្កា អ៊ីរ៉ង់ នេប៉ាល់ និងម៉ាលឌីវ និងឯកឧត្តម ឆេង ម៉ានិត ឯកអគ្គរាជទូត ប្រចាំ​ប្រទេសមីយ៉ាន់ម៉ា។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ ដែល​ពោរពេញ​ដោយ​សមត្ថភាព និងបទពិសោធន៍លើការងារការទូតនេះ នឹងបំពេញបេសកកម្ម​ជូន​ប្រជា​ពលរដ្ឋ និង​ប្រទេស​ជាតិ សម្រេចបាននូវលទ្ធផលធំធេង។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់​អនុសាសន៍មួយចំនួនជូនឯកអគ្គរាជទូតទំាងអស់ ត្រូវគិតគូរ និងតម្កល់ប្រយោជ​ន៍​ជាតិ​ជា​ធំ និងចំពោះមុខ។ ត្រូវរក្សា ការពារ និងលើកគុណតម្លៃជាតិ និងកិត្យានុភាពជានិច្ច។ ត្រូវ​មាន​ភាព​ឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការដឹកនាំ ដោយត្រូវធ្វើយ៉ាងណាខិតខំពង្រឹង និងពង្រីក​ទំនាក់​ទំនង មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទាំងក្របខណ្ឌទ្វេភាគី និង​ពហុ​ភា​គី​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត ។ ត្រូវជំរុញផ្សព្វផ្សាយ អំពីភាពវិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានទូលំទូលាយ សំដៅទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរ មកកម្ពុជា ឱ្យបានកាន់តែច្រើន។សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្ត ដល់ឯកអគ្គរាជទូតទំាងអស់យកចិត្តទុកដាក់ ខ្វល់ខ្វាយ និងជួយសម្របសម្រួលគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរដែលកំពុងស្នាក់នៅ ធ្វើការនិងរៀនសូត្រនៅតាមបណ្តាប្រទេសនានា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានភាពកក់ក្តៅ ស្របនឹងសុភាសិតខ្មែរពោលថា “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ”។សម្តេចប្រធានរដ្ឋសភា ក៏បានបានផ្តាំផ្ញើជូនឯកអគ្គរាជទូតទំាងអស់ ជួយលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាជាមួយសភានៃប្រទេសដែលខ្លួនកំពុងបំពេញបេសកកម្ម ឱ្យកាន់តែសកម្ម និងជិតស្និទ្ធថែមទៀត។សម្តេចបានបញ្ជាក់ថា ការទូតសភា នាពេលបច្ចុប្បន្ន កាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការជំរុញឱ្យមានកិច្ចសន្ទនា ការយោគយល់គ្នា ការជឿជាក់គ្នាទៅវិញទៅមក និងគិតដល់ប្រយោជន៍រួម។ឯកឧត្តម កុយ គួង តំណាងឯកអគ្គរាជទំាងបួនរូប បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាមមាញឹកផ្តល់ឱកាសជូនឯកឧត្តមលោកជំទាវ ឯកអគ្គរាជទូតទំាងអស់ បានចូលជម្រាបលានិងទទួលអនុសាសន៍ល្អៗជាច្រើន នៅមុនពេលចេញទៅបំពេញបេសកកម្មការទូតជូនជាតិនិងប្រជាពលរដ្ឋ។ឯកឧត្តមបានបេ្តជ្ញាចិត្តយ៉ាងមុតមាំថានឹងខិតខំបំពេញបេសកមម្មឱ្យទទួលបានជោគជ័យ លើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះនឹងខិតខំផ្សព្វផ្សាយពីការពិតនៅកម្ពុជាដល់អន្តរជាតិ ទាក់ទាញអ្នកទេសចរ អ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា ជាពិសេសផ្សារខ្ជាប់សុខទុក្ខជាមួយពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តាប្រទេសនានា ដែលឯកឧត្តម លោកជំទាវ ត្រូវបំពេញបេសកកម្មការទូតឱ្យបានជិតសិ្នទ្ធនិងការទទួលខុសត្រូវខ្ពស់៕

អគ្គិសនីកម្ពុជាបញ្ជូននិស្សិត ១៤រូបទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតអគ្គិសនី​នៅ​ប្រទេសបារាំង

2024/11/08 01:50:39 pm        177
អគ្គិសនីកម្ពុជា សម្រាប់ឆ្នាំ ២០២៤នេះ បានជ្រើសរើសនិស្សិតជាប់អាហារូបករណ៍ចំនួន ១៤ រូប ដើម្បី​បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតសម្រាប់ការស្រាវជ្រាវ និងបណ្ដុះ​បណ្ដាល​ផ្នែក​អគ្គិសនី​នៅ​ប្រទេសបារាំង។ ក្នុងចំណោមនិស្សិតទាំង ១៤ រូបនេះ ក៏មានបេក្ខភាពជានារីចំនួន ៣នាក់ផងដែរ។ជាគោលដៅក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា អគ្គិសនីកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ នឹង​បញ្ជូន​និស្សិតជ័យលាភីចំនួន ១៤រូប ទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត សម្រាប់ការ​ស្រាវ​ជ្រាវ និងបណ្ដុះបណ្ដាលផ្នែកអគ្គិសនីនៅប្រទេសបារាំង។ ជ័យលាភីទាំង ១៤រូបនេះ គឺមាន ១២​រូប​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត និងមាន ២រូបទៅសិក្សាថ្នាក់បណ្ឌិត។ ក្នុងឱកាសរៀបចំ​ពិធី​ផ្ដល់អាហារូបករណ៍ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ ឯកឧត្តម ប្រាំង ជលសា ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា លើកឡើងថា អគ្គិសនី​កម្ពុជា សង្ឃឹមជឿជាក់ថា និស្សិតជ័យលាភីទាំង ១៤រូប នឹងព្យាយាមសិក្សាឱ្យបានខ្លាំង ក្រេប​យក​ចំណេះ​ជំនាញ ដើម្បីយកចំណេះជំនាញទាំងនោះ មកអភិវឌ្ឍន៍វិស័យ​អគ្គិសនី​កម្ពុជា​នា​ពេល​អនាគត ពេលបញ្ចប់ការសិក្សាត្រឡប់មកកម្ពុជាវិញ។ក្នុងពិធីនេះដែរ លោក ខូអ៊ែន អ៊ី វរ៉ាអ៊ែត (Koen Everaert) អនុប្រធានទទួល​បន្ទុក​កិច្ច​ការ​សហប្រតិបត្តិការ​ស្ថាន​ទូត នៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា លើកឡើងនូវក្ដីរីករាយចំពោះនិស្សិត​ដែល​នឹង​ត្រូវ​បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។ លោកជឿជាក់ដែរថា បេក្ខភាពទាំង ១៤រូប ក្រោយបញ្ចប់ការសិក្សា នឹងត្រឡប់មកកម្ពុជាវិញ រួមចំណែកធ្វើឱ្យវិស័យ​អគ្គិសនី​នៅ​កម្ពុជា កាន់តែរីកចម្រើន និងកាន់តែប្រសើរ។អគ្គិសនីកម្ពុជា បានទទួលភារកិច្ចជាអាទិភាពពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​អនុវត្ត​គម្រោង​ធ្វើ​ទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក្នុងក្របខណ្ឌ​នៃ ឥណទាន​សម្បទាន​ចំនួន​ ២៥ លានអឺរ៉ូ ពី សាធារណរដ្ឋបារាំង និងជំនួយឥតសំណងចំនួន ៤,១ លានអឺរ៉ូ ពី​សហភាព​អឺរ៉ុប តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍន៍ (AFD) សម្រាប់អនុវត្ត​គម្រោង​ដែល​រួមមាន ការធ្វើទំនើបកម្ម ប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី ការធ្វើទំនើបកម្ម ប្រព័ន្ធ​សុវត្ថិភាព​បច្ចេកវិទ្យា និងការគ្រប់គ្រងឌីជីថល និងការធ្វើទំនើបកម្ម ការស្រាវជ្រាវ បណ្តុះ​បណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្ស។នៅក្នុង​កញ្ចប់ជំនួយឥតសំណងពីសហភាពអឺរ៉ុប ថវិកាប្រមាណ ១.៤ លានអឺរ៉ូ នឹងត្រូវយក​មក​ប្រើប្រាស់សម្រាប់ការស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកអគ្គិសនី ដោយក្នុង​នោះ​ថវិកា ០,៤ លានអឺរ៉ូ សម្រាប់ការផ្គត់ផ្គង់ឧបករណ៍ពិសោធន៍បម្រើឲ្យការសិក្សាស្រាវជ្រាវ ហើយថវិកា ១ លានអឺរ៉ូ នឹងត្រូវប្រើប្រាស់លើ ការផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ០៤នាក់ ថ្នាក់​អនុបណ្ឌិត ចំនួន ៣៣នាក់។ និស្សិតបារាំងមកសិក្សាស្រាវជ្រាវ នៅកម្ពុជារយៈពេល ០៦ខែ ចំនួន ០៨នាក់ និងការផ្លាស់ប្តូរបទពិសោធន៍សម្រាប់សាស្ត្រាចារ្យ និងអ្នកជំនាញកម្ពុជា- បារាំង​ចំនួន ៤០នាក់ សម្រាប់រយៈពេល ០៤ ឆ្នាំ គិតចាប់ពី ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៧៕ អត្ថបទ៖ គឹម ហុក

ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បើកកិច្ចប្រជុំដើម្បីបន្តអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព

2024/11/08 01:37:36 pm        110
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នៅថ្ងៃម្សិលបានបើកកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដោយមានវត្តមានចូលរួមពីអនុប្រធាន អគ្គលេខាធិការ សមាជិកអចិន្ត្រៃយ៍ អគ្គលេខាធិការរង រួមនិងសមាជិកនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍សំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់គណៈវិស្វករកម្ពុជា អនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ទាំងកម្រិតក្នុងប្រទេស និងកម្រិតអាស៊ាន។ ពោលគឺ គណៈវិស្វករកម្ពុជា មិនត្រឹមតែជាអ្នកវាយតម្លៃសម្រាប់វិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្ម ដើម្បីចុះបញ្ជីនៅគណៈវិស្វករកម្ពុជាក្នុងគោរមងារជាវិស្វករអាជីពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកវាយតម្លៃ និងធ្វើបែបបទសម្រាប់ទទួលគោរមងារបន្ថែមជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានផងដែរ។ ឯកឧត្តម ហេង សួរ បានស្នើដល់សមាជិក សមាជិកានៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា សូមចូលរួមសហការក្នុងទំនាក់ទំនងអន្តរជាតិ ជាមួយនឹងស្ថាប័នវិស្វកម្មអាស៊ាន (AFEO) គណៈកម្មកាសម្របសម្រួលអាជីពឆ្នើមអាស៊ាន (ACPECC) និងស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ី និងប៉ាស៊ីហ្វិក (FEIAP) ដើម្បីសម្រួលចល័តភាពសេវាវិស្វកម្មក្នុងតំបន់។ បន្ថែមពីនេះ អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាត្រូវរៀបចំ និងធ្វើវិសោធនកម្មបទដ្ឋានគតិយុត្តនានាឱ្យស្របតាមគោលការណ៍នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើសេវាវិស្វកម្មក្នុងតំបន់អាស៊ាន(MRAs)។សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាប្រធានកិត្តិយស​គណៈវិស្វករកម្ពុជា និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ វិស្វករ ដែលចុះបញ្ជីឈ្មោះក្នុងគណៈវិស្វករកម្ពុជាសរុបចំនួន ៩,៣៦០នាក់៕ អត្ថបទ ឈិត បូរ៉ាវី 

សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចុះ MOUជាមួយសាធារណរដ្ឋកូរ៉េបង្កើនកិច្ចសហប្រតិបត្តិការលើជំនាញវេជ្ជសាស្ត្រ

2024/11/08 01:23:08 pm        670
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមន្ទីរពេទ្យ Daegu Fatima នៃសាធារណរដ្ឋកូរ៉េ ស្ថិតនៅអាគារខេមរានី នៃស.ស.យ.ក រាជធានីភ្នំពេញ ។ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណ:អចិន្ត្រៃយ៍ នៃគណ:កម្មាធិការកណ្តាលស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងលោកស្រីបណ្ឌិត SUN MIKIM អគ្គនាយកមន្ទីរពេទ្យ Daegu Fatima ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូកូរ៉េមកពីមន្ទីពេទ្យ Daegu Fatima និងថ្នាក់ ដឹកនាំ សមាជិក សមាជិកានៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.កជាច្រើននាក់ផងដែរ ។នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានមានប្រសាសន៍ថា អនុស្សារណៈនៃការយោគយល់គ្នានេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលបន្ថែមជំនាញវេជ្ជសាស្ត្រដល់សមាជិកសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ការជួយគាំទ្រការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងកិច្ចសហការក្នុងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាក្រីក្រនៅតាមទីជនបទដោយ ឥតគិតថ្លៃប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីជាការចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងការបង្កើនភាពជឿនលឿននូវគុណភាព នៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធវេជ្ជសាស្ត្រនៅកម្ពុជា ក៏ដូចជាដើម្បីចូលរួមលើកកម្ពស់ ស្ថានភាពជីវិត និងគុណភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមទីជនបទឲ្យកាន់តែល្អប្រសើរឡើង ។ជាមួយគ្នានេះដែរភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការផ្លាស់ប្តូរការចែករំលែកព័ត៌មាន និងបទពិសោធន៍ លើវិស័យវេជ្ជសាស្ត្រជាមួយគ្នាសម្រាប់ការអភិវឌ្ឍ សំដៅធ្វើឲ្យប្រសើរឡើងនូវធនធានមនុស្សផ្នែកវេជ្ជសាស្ត្រនៅក្នុងប្រទេសទាំងពីរ ហើយភាគីកូរ៉េក៏បានឯកភាពគាំទ្រដល់បេសកកម្មរបស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក តាមរយៈកិច្ចសហការផ្តល់អាហាររូបករណ៍ ឬកម្មវិធីផ្លាស់ប្តូរការបណ្តុះបណ្តាលនានារវាងក្រុមគ្រូពេទ្យរបស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងក្រុមគ្រូពេទ្យកូរ៉េផងដែរ។គួរបញ្ជាក់ដែរថា សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមដ៏ ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ហើយមកដល់ពេលនេះមានសមាជិកសរុបជាងមួយម៉ឺននាក់ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការពិនិត្យព្យាបាលប្រជាពលរដ្ឋនៅមូលដ្ឋានជិត១លាននាក់ និងចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង និងព្យាបាលជំងឺកូវីដ១៩ នាពេលកន្លងមក ព្រមទាំងបានចុះ MOU និងសហការ ជាបន្តបន្ទាប់ជាមួយក្រុមគ្រូពេទ្យបរទេស និងអន្តរជាតិជាច្រើនប្រទេសរួមមាន៖ប្រទេសកូរ៉េ អាម៉េរិក ចិន ជប៉ុន អូស្ត្រាលី សឹង្ហបុរី និងបារាំងជាដើម។អត្ថបទ៖ទូច សោភ័ណ ថត៖សំរិទ្ធ សួស្តី រូបភាព៖ស,ស,យ,ក

ប្រធានវិទ្យាស្ថាន ERIA ប្ដេជ្ញាបន្តភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច

2024/11/08 12:55:47 pm        183
នាព្រឹកថ្ងៃទី៨​ ខែវិច្ចិកា​ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន ERIA បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការបន្តវិវឌ្ឍរីកចម្រើន នៅកម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។ លោកប្រធានវិទ្យាស្ថាន បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរបស់វិទ្យាស្ថាន ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ព្រមទាំង ការកសាងសមត្ថភាព។ លោកប្រធានវិទ្យាស្ថានបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូដ៏ល្អប្រសើរជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា និងបំណងជួយសម្របសម្រួលក្នុងការភ្ជាប់ទំនាក់ទំនងរវាងវិនិយោគគិនបរទេស ជាមួយនឹងប្រទេសកម្ពុជា ដែលមានសក្តានុពលច្រើន។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏ល្អប្រសើរវិទ្យាស្ថាន ERIA និងក្រសួង-ស្ថាប័នរបស់កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា អាទិភាពរបស់រាជរដ្ឋាភិបាលផ្តោតលើការធ្វើសមាហរណកម្មកម្ពុជាទៅតំបន់និងពិភពលោក តាមរយៈការធ្វើពិពិធកម្មពាណិជ្ជកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពង្រឹងមូលធនមនុស្ស និងធ្វើឱ្យប្រសើរឡើងថែមទៀតនូវបរិយាកាសវិនិយោគនៅកម្ពុជា។ សម្ដេចបវរធិបតីបានចែករំលែកអំពីគោលនយោបាយ យន្តការ និងគំនិតផ្តួចផ្តើមមួយចំនួនរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើត និងធានាបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយភាពទាក់ទាញ។ សម្ដេចបវរធិបតីបានស្វាគមន៍បំណងរបស់វិទ្យាស្ថានក្នុងការសម្របសម្រួលនិងភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបរទេស ជាមួយប្រទេសកម្ពុជា ព្រមទាំងលើកទឹកចិត្តលោកប្រធានវិទ្យាស្ថាន បន្តកិច្ចសន្ទនា និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា៕

មន្ត្រីសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការពារកុំឲ្យឆ្លងជំងឺ​ផ្សេងៗ​ក្នុង​រដូវរំ​ហើយ

2024/11/08 12:49:35 pm        169
នាយកមនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការពារកុំឲ្យឆ្លងជំងឺផ្សេងៗក្នុងរដូវរំហើយនេះ ខណៈទឹក​ភ្លៀងនឹ​ង​ត្រូវថមថយនៅពាក់កណ្តាលខែវិចិ្ឆកានេះ ដោយរដូវរំ​ហើយ​និង​ត្រូវ​ចូល​មក​ជំនួស​នឹង​ធ្វើ​ឲ្យ​មាន​ភាពត្រជាក់ ដូច្នោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការពារកុំឲ្យ​ឆ្លង​ជំងឺ​ផ្សេងៗ​។លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានថ្លែងប្រាប់ BTV ថា ជាទូទៅមកដល់ខែវិចិ្ឆកានេះ គឺឈាន​ដល់​រដូវ​រំហើយ (រដូវធ្លាក់ខ្យល់) ក្នុងនោះភ្លៀងក៏ចាប់ផ្តើមថមថយ ប៉ុន្តែការធ្លាក់ភ្លៀង ក៏មិនដាច់​ដែរ​។ ថ្វីត្បិតតែថាឆ្នាំ២០២៤នេះ មិនមានផ្ទុះករណីជំងឺគ្រុនឈាម ដែលក្រសួងសុខាភិបាល បាន​ខិតខំប្រឹងប្រែងទប់ស្កាត់ការងារនេះបាន ប៉ុន្តែក៏សូមបងប្អូនប្រជាពលរដ្ឋ នៅតែបន្ត​ចូល​រួម​ប្រុង​ប្រយ័ត្ន ព្រោះមិនទាន់អស់ការធ្លាក់ភ្លៀងនោះទេ ព្រោះថាការទប់ស្កាត់ជំងឺគ្រុនឈាម ត្រូវការ ការ​សហការពីបងប្អូនប្រជាពលរដ្ឋទាំងអស់។ ជាពិសេសរដូវរំហើយ ធ្វើឲ្យអាកាសធាតុប្រែប្រួល និង​មានជំងឺចំនួន២ ដែលសំខាន់ ទី១.ជំងឺផ្លូវដង្ហើម និងទី២.ជំងឺភ្នែកក្រហម។ក្នុងករណីបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបនូវបញ្ហាខាងលើនេះ លោកសាស្រ្តាចារ្យ ញឹប អង្គា​បុស្ស បានសូមឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកកាន់មនី្ទរពេទ្យឯកទេស ក្នុងការព្យាបាល ដើម្បី​ធ្វើ​ឲ្យកា​រព្យាបាលជំងឺ កូន ចៅ របស់បង​ប្អូន​ប្រជា​ពលរដ្ឋ​បាន​ទាន់​ពេល​វេលា​កុំ​ឲ្យ​មាន​ការ​យឺត​យ៉ាវ ​បង្កឲ្យមានផលលំបាកទៅដល់កុមារនោះផងដែរ។សូមបញ្ជាក់​ផងដែរថា យោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក នៃក្រសួងធនធានទឹក និង​ឧតុនិយម​តាម​ការអង្កេត ពិនិត្យ និងវិភាគទៅលើស្ថានភាពវិវត្តប្រែប្រួល នៃសីតុណ្ហភាពនៅ​លើ​ផ្ទៃ​មហា​សមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ បានបង្ហាញ​ឱ្យ​ឃើញ​ថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ បាតុភូតឡានីញ៉ា (La Nina) មាន​ប្រមាណ៦០% និងអេនសូ (ENSO) ៤០% តាមសន្ទស្សន៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹង​ទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និងទទួល​របប​ទឹក​ភ្លៀង​មាន​បរិមាណតិចតួច ហើយនឹងធ្វើឱ្យធាតុអាកាស ចាប់ពីសប្តាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករា ឆ្នាំ​២០២៥ ចុះត្រជាក់៕ អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក-អ៊ីរ៉ង់ កំពុងបន្តវាយប្រហារដាក់គ្នា ខណៈទីក្រុងតេអេរ៉ង់ប្រារព្ធពិធីបញ្ចុះសពលោក Khamenei
07/10/2026 08:07 AM
CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
07/09/2026 09:07 PM
ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
07/09/2026 09:07 PM
កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
07/09/2026 08:07 PM
លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
07/09/2026 08:07 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ប្រកាសអះអាងពីការវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅគូវ៉ែត
07/09/2026 08:07 PM
អ្នកនេសាទ ៣នាក់ស្លាប់ និង ១៥នាក់រងរបួស ដោយសារ​ការវាយប្រហាររបស់អាមេរិក លើ​ផែននេសាទនៅ​អ៊ីរ៉ង់
07/09/2026 08:07 PM
លីបង់៖ គណៈប្រតិភូអាមេរិកនឹងត្រួតពិនិត្យការដកទ័ពរបស់អ៊ីស្រាអែលចេញពី «តំបន់សាកល្បង»
07/09/2026 08:07 PM
អ្នកវិភាគ៖ អាជ្ញាប័ណ្ណអាមេរិកឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ
07/09/2026 08:07 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិក IRGC ៣នាក់ ត្រូវបានសម្លាប់ អំឡុង​​ការវាយប្រហាររបស់អាមេរិក នៅខេត្ត Khuzestan
07/09/2026 07:07 PM