អាមេរិក ព្យាយាមបញ្ចៀសការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងក្នុងតំបន់
CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
ភារធារីស្ដីទីទូតអាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន

ព័ត៌មានជាតិ

មន្ត្រីសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការពារកុំឲ្យឆ្លងជំងឺ​ផ្សេងៗ​ក្នុង​រដូវរំ​ហើយ

2024/11/08 12:49:35 pm        169
នាយកមនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការពារកុំឲ្យឆ្លងជំងឺផ្សេងៗក្នុងរដូវរំហើយនេះ ខណៈទឹក​ភ្លៀងនឹ​ង​ត្រូវថមថយនៅពាក់កណ្តាលខែវិចិ្ឆកានេះ ដោយរដូវរំ​ហើយ​និង​ត្រូវ​ចូល​មក​ជំនួស​នឹង​ធ្វើ​ឲ្យ​មាន​ភាពត្រជាក់ ដូច្នោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការពារកុំឲ្យ​ឆ្លង​ជំងឺ​ផ្សេងៗ​។លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានថ្លែងប្រាប់ BTV ថា ជាទូទៅមកដល់ខែវិចិ្ឆកានេះ គឺឈាន​ដល់​រដូវ​រំហើយ (រដូវធ្លាក់ខ្យល់) ក្នុងនោះភ្លៀងក៏ចាប់ផ្តើមថមថយ ប៉ុន្តែការធ្លាក់ភ្លៀង ក៏មិនដាច់​ដែរ​។ ថ្វីត្បិតតែថាឆ្នាំ២០២៤នេះ មិនមានផ្ទុះករណីជំងឺគ្រុនឈាម ដែលក្រសួងសុខាភិបាល បាន​ខិតខំប្រឹងប្រែងទប់ស្កាត់ការងារនេះបាន ប៉ុន្តែក៏សូមបងប្អូនប្រជាពលរដ្ឋ នៅតែបន្ត​ចូល​រួម​ប្រុង​ប្រយ័ត្ន ព្រោះមិនទាន់អស់ការធ្លាក់ភ្លៀងនោះទេ ព្រោះថាការទប់ស្កាត់ជំងឺគ្រុនឈាម ត្រូវការ ការ​សហការពីបងប្អូនប្រជាពលរដ្ឋទាំងអស់។ ជាពិសេសរដូវរំហើយ ធ្វើឲ្យអាកាសធាតុប្រែប្រួល និង​មានជំងឺចំនួន២ ដែលសំខាន់ ទី១.ជំងឺផ្លូវដង្ហើម និងទី២.ជំងឺភ្នែកក្រហម។ក្នុងករណីបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបនូវបញ្ហាខាងលើនេះ លោកសាស្រ្តាចារ្យ ញឹប អង្គា​បុស្ស បានសូមឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកកាន់មនី្ទរពេទ្យឯកទេស ក្នុងការព្យាបាល ដើម្បី​ធ្វើ​ឲ្យកា​រព្យាបាលជំងឺ កូន ចៅ របស់បង​ប្អូន​ប្រជា​ពលរដ្ឋ​បាន​ទាន់​ពេល​វេលា​កុំ​ឲ្យ​មាន​ការ​យឺត​យ៉ាវ ​បង្កឲ្យមានផលលំបាកទៅដល់កុមារនោះផងដែរ។សូមបញ្ជាក់​ផងដែរថា យោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក នៃក្រសួងធនធានទឹក និង​ឧតុនិយម​តាម​ការអង្កេត ពិនិត្យ និងវិភាគទៅលើស្ថានភាពវិវត្តប្រែប្រួល នៃសីតុណ្ហភាពនៅ​លើ​ផ្ទៃ​មហា​សមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ បានបង្ហាញ​ឱ្យ​ឃើញ​ថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ បាតុភូតឡានីញ៉ា (La Nina) មាន​ប្រមាណ៦០% និងអេនសូ (ENSO) ៤០% តាមសន្ទស្សន៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹង​ទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និងទទួល​របប​ទឹក​ភ្លៀង​មាន​បរិមាណតិចតួច ហើយនឹងធ្វើឱ្យធាតុអាកាស ចាប់ពីសប្តាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករា ឆ្នាំ​២០២៥ ចុះត្រជាក់៕ អត្ថបទ រដ្ឋា 

ប្រមុខការពារជាតិជំរុញឲ្យយោធិនទាំងអស់បន្តពង្រឹង និងអភិវឌ្ឍវិស័យ​ការពារជាតិ​ដោយឈរ​លើ​មូលដ្ឋាន​គោរពរដ្ឋធម្មនុញ្ញ

2024/11/08 12:33:36 pm        238
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​ជំរុញ​ឲ្យនាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ត្រូវ​បន្ត​ពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយឈរលើ​មូលដ្ឋាន​នៃ​ការ​គោរព​រដ្ឋ​ធម្មនុញ្ញ រួមទាំង ច្បាប់ជាតិ និងអន្តរជាតិ។ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ឆ្នាំទិវាកំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩វិច្ឆិកា ២០២៤) ដែលបាន​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​នា​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ដោយមាននាយទាហាន នាយទាហានរង ពល​ទាហាន​មក​ពី​គ្រប់​បណ្តាកងឯកភាពទាំងអស់ នៃក្រសួងការពារជាតិចូលរួមជិតមួយពាន់នាក់នោះ នាយ​ឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា នាយទាហាន នាយទាហានរង ពលទា​ហាន​ទាំង​អស់​ ត្រូវយកចិត្តទុកដាដល់ការងារ កែ ទម្រង់កងយោធពលខេមរភូមិន្ទ កសាង​ និង​អភិវឌ្ឍ​ធន​ធាន​មនុស្ស សម្ភារៈនិងមធ្យោបាយបម្រើឲ្យវិស័យ ការពារជាតិ ដោយក្នុងនោះត្រូវ​បន្ត​ពង្រឹង​ការងារ​ហ្វឹកហ្វឺន រៀនសូត្រ បណ្តុះបណ្តាលកសាងប្រភពកម្លាំង ក្នុងជួរកងទ័ព ទាំងបរិមាណ និង​គុណភាព ដើម្បីបម្រើឲ្យវិស័យការពារជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត។នាយឧត្តមសេនីយ៍ទៀ សីហា បានបន្ថែមទៀតថា អង្គភាពទាំងអស់ត្រូវពង្រឹងបង្កើនជំនាញដល់ យោធិន​ឲ្យ​ស្របទៅតាមភារកិច្ច ទ្រទ្រង់ដល់ការអភិវឌ្ឍសមត្ថភាពកងទ័ព ទាំងខាង​ស្មារតី​ និង​សម្ភារៈ​ បច្ចេកទេសឆ្លើយតបទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យា សម័យទំនើបក្នុងតំបន់ និង​លើ​សកលលោក ព្រមទាំងដើម្បី​ធានា​ដល់​ចីរភាព​នៃការ​អភិវឌ្ឍ​លើ​វិស័យ​ការពារ​ជាតិ​របស់​ព្រះរា​ជា​ណាចក្រកម្ពុជាទាំងមូល ជាដើម។នាយឧត្តមសេនីយ៍ទៀ សីហា បានសង្កត់ធ្ងន់ថា«កងយោធពលខេមរភូមិន្ទត្រូវបន្តពង្រឹង និង អភិ វឌ្ឍ​វិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដោយឈរ​លើ​មូលដ្ឋាន នៃ​ការ​គោរព​រដ្ឋ​ធម្មនុញ្ញ ច្បាប់ ជាតិ និងអន្តរជាតិ។ ការពាររឹងមាំដាច់ខាតនូវ ឯករាជ្យ អធិបតេយ្យ បូរភាព​ទឹក​ដី​នៃ​ព្រះរាជាណាចក្រកម្ពុ ជា។ ក្នុងនោះត្រូវបន្តពង្រឹងខឿនការពារជាតិកម្ពុជា ដោយយក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​អភិវឌ្ឍកម្លាំងឲ្យក្លាយជា កងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ មានស្មារតី ឆន្ទៈដាច់ខាត​ស្មោះ​ត្រង់​ចំពោះ​ជាតិមាតុភូមិនិងប្រជាជន គោរព ឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ សារាចរណែនាំ លក្ខន្តិកៈ នៃ​កងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្ត ប្រកាន់ខ្ជាប់នូវប្រពៃណី និងសេចក្តី​ថ្លៃ​ថ្នូ​របស់​កង​យោធពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិត ដើម្បីការ ពារជាតិមាតុភូមិ និង​ប្រជាជន»។យ៉ាង​ណាក៏ដោយនៅ​ក្នុង​ឱកាស​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើកទី៧១ឆ្នាំ​ទិវា​កំណើត​កង​យោធ​ពលខេម​រភូមិន្ទ​នេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលឹកផងដែរថា តួនាទីស្នូលរបស់ក​ងយោធ​ពល​ខេមរភូមិន្ទនៅក្នុងវិស័យការពារជាតិ គឺការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាព​ទឹកដី ការពារនូវសុខសន្តិភាព ការពារសមិទ្ធផលសង្គមជាតិ ស្ថិរភាពនយោបាយ សន្តិសុខជាតិ ប្រឆាំង​ដាច់ខាតរាល់ការឈ្លានពាន និងជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់ កម្ពុជា​ទោះ​ក្រោម​​រូប​ភាពណាក៏ដោយ។ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងទៀតថា កងយោធពលខេមរភូមិន្ទ ក៏ជាកម្លាំង នាំមុខ មានតួនាទីភារកិច្ច ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជបល័ង្គ ការ​រាជ​រដ្ឋាភិបាលស្របច្បាប់ ត្រូវតែប្រឆាំង និងទប់ស្កាត់ឲ្យ​បាន​ដាច់​ខាត​នូវរាល់ឧបាយកល និង​សកម្មភាព​ប៉ះ​ពាល់ដល់ សន្តិភាព សន្តិសុខជាតិតាមគ្រប់រូបភាព ដែលបង្កឡើងដោយ​បដិវត្តន៍​ពណ៌ អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លង ដែនជាដើម៕ 

កម្ពុជាត្រៀមបន្សុទ្ធពូជស្រូវបន្ថែមដើម្បីជំរុញការនាំចេញ ខណៈអង្ករខ្មែរ​ជាប់ពានរង្វាន់ល្អដាច់គេ​លើពិភពលោក

2024/11/08 11:58:30 am        231
លោកអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឲ្យដឹងថា គិតមកដល់បច្ចុប្បន្ន និងខណៈអង្ករកម្ពុជា ទទួលបានពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោកក្នុងឆ្នាំ២០២៤នេះ។ រដ្ឋាភិបាលកម្ពុជា បានកំពុងគិតគូរក្នុងការពង្រឹង និងរៀបចំបន្សុទ្ធពូជស្រូវអង្ករបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យស្រូវអង្ករកាន់តែមានសក្តានុពល ក៏ដូចជាការពង្រីកទីផ្សារនាំចេញ។លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ បានមានប្រសាសន៍ប្រាប់ ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា គិតមកដល់ពេលនេះ គឺជាលើកទី៦ហើយ ដែលអង្ករខ្មែរទទួលបានពានរង្វាន់ ជាអង្ករល្អដាច់គេលើលោក ដោយសារផ្អែកទៅលើក្លិន រសជាតិ ភាពទន់ និងសោភ័ណភាពនៃការកិនកែច្នៃស្រូវចេញទៅជាអង្ករ។ ពាក់ព័ន្ធការទទួលបានពានរង្វាន់អង្ករកម្ពុជាល្អដាច់គេនេះដែរ លោកអគ្គលេខាធិការ បានបញ្ជាក់ឲ្យដឹងទៀតថា ចំនួនសំណាកអង្ករដែលដាក់ពាក្យចូលរួមប្រកួតប្រជែងមានចំនួន ៤៥សំណាក។ ហើយអង្ករកម្ពុជាដែលទទួលជ័យជម្នះនេះ គឺប្រភេទពូជផ្ការំដួល ដែលជាម៉ាកមួយ (Bran) ជាទីផ្សារមួយ សម្រាប់ទាក់ទាញឲ្យគេទទួលស្គាល់អំពីគុណភាពអង្ករកម្ពុជាកាន់តែច្រើនផងដែរ។ លោកបានបន្ថែមថា គិតក្នុងរយៈពេល ៤ទៅ១០ឆ្នាំចុងក្រោយនេះ អង្ករកម្ពុជាបានកសាងកេរ្តិ៍ឈ្មោះគ្រប់ទីកន្លែង ហើយក៏កំពុងរីកចម្រើន និងកើនម្តងបន្តិចៗ ក្នុងការនាំចេញទៅលក់លើទីផ្សារអន្តរជាតិ។ជុំវិញវិស័យស្រូវអង្ករនេះដែរ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យងាកមកដាំស្រូវផ្ការំដួល និងសែនក្រអូប ដែលជាពូជរបស់ខ្មែរមានរសជាតិឆ្ងាញ់ មានទីផ្សារ និងកិត្តិនាមល្អ ទាំងនៅក្នុងតំបន់ និងពិភពលោក។សូមជម្រាបជូនថា នៅថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធីសន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤ នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ដែលរៀបចំឡើងដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធ​ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា លើកទី៧១ និងទិវាកំណើត​កងយោធពល​ខេមរភូមិន្ទ

2024/11/08 10:51:35 am        247
កំពង់ឆ្នាំង៖ ទិវាបុណ្យឯករាជ្យជាតិថ្ងៃ០៩ វិច្ឆិកា ឆ្នាំ២០២៤នេះ ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធឡើងក្រោមម្លប់សុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍រីកចម្រើន ក្នុង​ប្រទេស​ទាំងមូល​។ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្ត​កំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការ តាមបណ្តាមន្ទីរស្ថាប័នជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ លោក​គ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ១ពាន់នាក់អញ្ជើញទៅដាក់កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន យុទ្ធនារី វីរបុរសអ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និងប្រជាជនកម្ពុជា នៅវិមានឯករាជ្យក្រុងកំពង់ឆ្នាំង ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើកទី៧១​។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-២០២៤នេះ គឺជាខួប៧១ឆ្នាំ ដែល​ប្រជាជាតិ​កម្ពុជា​ទាំង​មូល​បាន​រំដោះ​ខ្លួន​ទាំង​ស្រុង​ចេញ​ពី​អាណា​និគម​បារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងក៏ជាថ្ងៃកំណើត​កង​យោធពល​ខេមរភូមិន្ទ​របស់​យើងផងដែរ។ ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃ​ការ​ដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរ​សាទរ​ត្រូវ​បានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យក្នុងក្រុងកំពង់ឆ្នាំង ជា​ទីតាំង​និមិត្តរូបការដណ្តើមបានឯករាជ្យជាតិ។ទិវា​បុណ្យឯករាជ្យជាតិ៩វិច្ឆិកា ក៏បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និង​ប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះ​បរម​រតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើ​ការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ឲ្យរួច​ផុត​ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕ កាំង ហុងវាស្នា

ក្រសួងមុខងារសាធារណៈសហការជាមួយក្រសួងការងារ រៀបចំសិក្ខាសាលា ស្តីពីការ​ពិនិត្យ​ឡើង​វិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2024/11/08 10:01:30 am        202
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា​អនុ​ប្រធាន​ប្រចាំ​ការ​នៃ​គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី ការពិនិត្យឡើងវិញ និងការ​វិភាគ​មុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ជូនវឌ្ឍនភាពការងារ និងការ​ពង្រីក​វិសាល​ភាព​ព័ត៌មាន ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រី​រាជ​ការ​ស៊ីវិល​នៅក្នុងក្រសួង បានជ្រាបបន្ថែម និងដើម្បីពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ នៃ​ភាព​ប្រទាក់​ក្រឡា​គ្នាបានកាន់តែល្អប្រសើរ។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា តាមរយៈ​បទ​បង្ហាញ និងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ នឹង​ទទួល​បាន​នូវ​បទ​ពិសោធ និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមូលដ្ឋានក្នុង​ការ​អនុវត្ត​ការងារ​ពិនិត្យ​ឡើង​វិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះ​ការ​ពិនិត្យ​ឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន គឺជាកិច្ចការ​ដ៏​មាន​សារៈ​សំខាន់​មួយ​នៅក្នុងការលើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធិភាពក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន សំដៅឆ្លើយតប​ទៅ​នឹង​គោល​នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋសភា។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែង​ក្នុង​ប្រសាសន៍​បិទ​សិក្ខាសាលានេះថា ក្នុងនាមជាលេខាធិការដ្ឋាននៃ គ.វ.រ. ក្រសួងមុខងារ​សាធារណៈ ​បានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមជាមួយក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដើម្បីបន្តសហការការងារលើការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ និងការដ្ឋាន​ការ​កែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ។ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើក​ឡើង​ថា ភាពជោគជ័យនៃការវិភាគមុខងារក្រសួង ស្ថាប័ន នឹងក្លាយ​ទៅជាមូលដ្ឋា​ន​ដ៏​សំខាន់​នៃ​ការ​ពង្រឹង​ភាព​ធន់ និងភាពច្បាស់លាស់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ក្រសួង ស្ថាប័ន ដែល​ជា​ផ្នែក​មួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទី១ និងដំណាក់កាលបន្តបន្ទាប់ ឱ្យបានជោគជ័យ​ឆ្ពោះទៅសម្រេច​បានចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។ ការវិភាគមុខងារជាជំហានដ៏សំខាន់ ដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់ក្រសួង ស្ថាប័ន ឱ្យមានសុពលភាព និងរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែល​ក្រសួង ស្ថាប័ន បាន និងកំពុងជួបប្រទះកន្លងមក។សូមជម្រាបផងដែរថា សិក្ខាសាលានេះ រៀបចំឡើ​ង​ដោយមាន​បទបង្ហាញ​របស់​ថ្នាក់ដឹកនាំ​ក្រសួង​មុខងារ​សាធារណៈចំនួនពីរ រួមមាន៖ (១) ការបង្ហាញវឌ្ឍនភាពការងារបឋម នៃការពិនិត្យ​ឡើង​វិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋ​លេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការរៀបចំ និងការអនុវត្តការងាររួមគ្នា ក្នុង​ក្រប​ខ័ណ្ឌការ​កែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕

រដ្ឋសភាអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

2024/11/08 09:12:30 am        345
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ បានអនុម័ត ជា ឯកច្ឆន្ទ ដោយសំឡេង១០៩ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោល​កិច្ចព្រម​ព្រៀង​ស្តីពី​ការ​ជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ ការអនុម័តនេះ​ធ្វើ​​ឡើង​​ក្នុងសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ សម្ដេច​មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។សូមបញ្ជាក់ដែរថា សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នាព្រឹកនេះ​មាន​របៀប​វារៈ​ចំនួន​ពីរ​រួមមាន៖១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ យស ថានារី ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព។២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧

2024/11/08 08:54:54 am        241
នៅព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤​ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួនពីររួមមាន៖១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ យស ថានារី ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួស ឯកឧត្តម ជា ចាន់តូ ដែលបានទទួលមរណភាព។២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

រដ្ឋបាលខណ្ឌបឹងកេងកង នាំយកទេយ្យទាន និងបច្ច័យ ចូលរួមបុណ្យកឋិនទានសាមគ្គីវត្តលង្កា

2024/11/07 09:58:32 pm        55
ភ្នំពេញ ៖ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌបឹងកេងកង បាននាំយកទេយ្យទាន និងបច្ច័យ ចូលរួមជាមួយ ពិធីបុណ្យកឋិនទានសាមគ្គីវត្តលង្កា ដែលប្រព្រឹត្តិទៅនៅក្នុងវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។ ការចូលរួមជាមួយបុណ្យកឋិនទាននេះ ដឹកនាំដោយលោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងមានការអមចូលរួមពីសំណាក់មន្ត្រីចំណុះរដ្ឋបាលសង្កាត់ ខណ្ឌ ជាច្រើនរូបទៀតផងដែរ ។ ក្រៅពីមន្ត្រីរដ្ឋបាលខណ្ឌ គេក៏សង្កេតឃើញមានប្រជាពុទ្ធបរិស័ទជាច្រើនកុះករ ក៏បានចូលរួមជាមួយបុណ្យកឋិនទានខាងលើនេះដែរ ដែលកឋិនទានសាមគ្គីនេះ ផ្តើមរៀបចំពិធីបុណ្យឡើងដោយ សម្តេចព្រះធម្មលិខិតបណ្ឌិតសៅចន្ទថុល្លព្រះចៅអធិការវត្តលង្កាព្រះកុសុមារាមព្រមទាំងព្រះសង្ឃទាំងអស់នៅក្នុងវត្ត ។ ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខណ្ឌ លោកសុខ សម្បត្តិ ក៏បាននាំយកទេយ្យទាន មានគ្រឿងឧបភោគបរិភោគ , ទឹកសុទ្ធ ភេសជ្ជះ និងគ្រឿងទេសនានាជាច្រើនទៀត រួមជាមួយបច្ច័យមួយចំនួនធំផងដែរ ប្រគេនដល់អង្គកឋិនទានខាងលើនេះ ដើម្បីជាការចូលរួមចំណែកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា ក្នុងនាមជាពុទ្ធបរិស័ទ ដែលគោរព និងដើរតាមគន្លងរបស់ព្រះពុទ្ធជាអង្គម្ចាស់ ។ កឋិនទានសាមគ្គី នៅវត្តលង្កាខាងលើនេះដែរ ក៏មានរៀបចំជាភោជនីយ៍អាហារ ជាច្រើនតុផងដែរ សម្រាប់ទទួលភ្ញៀវជាពុទ្ធស័ទ ដែលបានចូលរួមកម្មវិធីបុណ្យ ក្រោយពីស្តាប់ព្រះសង្ឃសូត្រមន្តចប់ អាចចូលរួមទទួលទានបាន មុនពេលត្រឡប់ទៅកាន់គេហដ្ឋានវិញ ៕ ដោយ ÷ លីហេង

កសិផលខ្មែរចំនួន ៥មុខ ត្រូវបានជ្រើសរើសនិងកែច្នៃក្នុងកម្មវិធីប្រកួតប្រជែងធ្វើម្ហួបអាហារ

2024/11/07 09:51:03 pm        103
ភ្នំពេញ ÷ ខណៈពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច បានកំពុងដំណើរការ កម្មវិធីនេះ ក៏មានរៀបចំការប្រកួតប្រជែងធ្វើម្ហូបថ្នាក់ជាតិផងដែរ ដែលបង្ហាញពីភាពច្នៃប្រឌិតខាងផ្នែកម្ហូបអាហារ។ ក្នុងនោះ សមាគមចុងភៅកម្ពុជា បាននាំយកកសិផលរបស់កម្ពុជាចំនួន៥មុខ ដើម្បីដាក់ឱ្យកែច្នៃធ្វើជាមុខម្ហូប នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែង។ ជួបសម្ភាសន៍ជាមួយ លោក តុង សេង ប្រធានសមាគមចុងភៅកម្ពុជា លោកបានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា កសិផលសំខាន់ៗទាំង៥មុខ របស់កម្ពុជានេះ រួមមាន៖ ប្រហុក គ្រាប់ស្វាយចន្ទីរ ទឹកត្រី ទឹកប៉េងប៉ោះ និងទឹកស៊ីអ៊ីវ ដែលសុទ្ធសឹងជាផលិតផលខ្មែរសុទ្ធសាធ។ លោករៀបរាប់បន្តថា មុខម្ហូបដែលបានលើកយកមកប្រឡងឆ្នាំនេះ មានដូចជានំបុ័ង និងការឆ្លាក់បន្លែផ្លែឈើជាដើម។ លោកប្រធានសមាគម បានឲ្យដឹងទៀតថា នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនេះ បើសិនជាចុងភៅរូបណា អាចយកកសិផលទាំងនោះ មកកែច្នៃជាម្ហូប ហើយទទួលបានជ័យលាភី មុខម្ហូបនោះ នឹងត្រូវចាត់ចូលជាម្ហូបថ្នាក់ជាតិ ហើយនឹងផ្សព្វផ្សាយក្នុងការជំរុញនាំចេញកសិផលទាំងអស់នោះទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ក្រុមបេក្ខភាព ដែលបានចូលរួមប្រកួតប្រជែងម្ហូបអាហារនេះ បានសម្តែងក្តីសប្បាយរីករាយ និងលើកឡើងថា តាមរយៈព្រឹត្តិការណ៍ប្រកួតប្រជែងនេះ ផលិតផលរបស់កម្ពុជានឹងត្រូវបានយកចិត្តទុកដាក់ពីអ្នកប្រើប្រាស់ ជាពិសេសក្នុងការនាំយកទៅកែច្នៃចេញជាម្ហូបអាហារ ក៏ដូចជាជំរុញទីផ្សារនាំចេញ ដែលនឹងអាចធ្វើឱ្យផលិតផលរបស់ខ្មែរកាន់តែមានសក្ដានុពល។សូមបញ្ជាក់ថា ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ។ ព្រឹត្តការណ៍នេះ រៀបចំឡើងដើម្បីផ្សារភ្ជាប់ដៃគូអាជីវកម្ម ការពង្រីកពាណិជ្ជកម្ម ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យទេសចណ៍នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតទៅថ្ងៃអនាគតខាងមុខ៕អត្ថបទ ឈិត បូរ៉ាវី

សម្តេចធិបតីផ្តល់គំនិតដល់សមាជិកមហាអនុតំបន់មេគង្គគប្បីរួបរួមគ្នាទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការពារ ពាណិជ្ជកម្មសេរី

2024/11/07 09:30:03 pm        174
ភ្នំពេញ ÷ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់គំនិតមួយចំនួនដល់រដ្ឋាភិបាលនៃប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់ គប្បីរួបរួមគ្នាទ្រទ្រង់កំណើនសេដ្ឋកិច្ច ការពារនូវពាណិជ្ជកម្មសេរី និងទប់ទល់ហានិភ័យនៃការប្រែប្រួលអាកាសធាតុជាដើម។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្តីពីលទ្ធផលបេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសចិនថ្ងៃទី ៦-៧ ខែវិច្ឆិកានេះ នៅទីក្រុងគុនមិញ ប្រទេសចិននោះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានលើកឡើងថា នៅ ក្នុងកិច្ចប្រជុំខាងលើ ដែលមានប្រទេសជាមាជិកដូចជា ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នេះ គឺភាគីទាំងអស់បានពិភាក្សាគ្នាជាច្រើនវិធានបទ ក្នុងនោះវិធានបទដែលសំខាន់ជាងគេ ហើយថែម ទាំងបានអនុម័តផងនោះគឺ«ឆ្ពោះទៅកាន់សហគមន៍មួយកាន់តែប្រសើរឡើងតាមរយៈការអភិវឌ្ឍ» ដែល ជំរុញដោយនវានុវត្តន៍ ពោលគឺការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងវិធីសាស្រ្តថ្មី ត្រូវតែជួយពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសចិនជាមួយប្រទេសជាសមាជិកដើម្បីធ្វើយ៉ាងណាឲ្យមហាអនុតំបន់មេគង្គនៅទីបំផុតក្លាយជាសហគមន៍មួយកាន់តែល្អប្រសើរជាលំដាប់។ តាមរយៈសន្និសីទសារព័ត៌មានខាងលើនេះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានឲ្យដឹងទៀតថា នៅលើវេទិកានៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថា ដោយបានផ្តល់នូវគំនិតសំខាន់ៗមួយចំនួនប្រាប់ដល់ថ្នាក់ដឹកនាំប្រទេសជាសមាជិកទាំងអស់ថា« អ្វីដែល ជាសំខាន់នោះ គឺពីពេលនេះតទៅ គឺប្រទេសជាសមាជិកទាំង៦នៃមហាអនុតំបន់មេគង្គត្រូវតែរួបរួមគ្នា ទ្រ ទ្រង់កំណើនសេដ្ឋកិច្ច ការពារពាណិជ្ជកម្មសេរី ទប់ទល់ហានិភ័យនៃការប្រែប្រួលអាកាសធាតុ។ មូលហេតុ គឺដោយសារតែមហាអនុតំបន់មេគង្គទាំងមូល ជាសេដ្ឋកិច្ចដែលពឹងផ្អែកជាពិសេសលើការនាំចេញ និងជា ដែនដីដែលងាយនឹងទទួលរងគ្រោះពីមហន្តរាយធម្មជាតិ»។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា លើវេទិកានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានសម្តែងនៅសេចក្តីសោមនរីករាយចំពោះការដែលប្រទេសមហាអនុតំបន់មេ គង្គសម្រេចចាប់យកដោយមិនបានបង្អែរបង្អង់នវានុវត្តន៍ និងឌីជីថលូបនីយកម្ម ព្រមទាំងបញ្ញាសិប្បនិមិត្តផងដែរ។ មួយវិញទៀតសម្តេចធិបតី ក៏បានលើកឡើងផងដែរថា មហាអនុតំបន់មេគង្គ នឹងទាញយកបាននូវអត្ថប្រយោជន៍បន្ថែម ធំ និងច្រើនទៀតពីដំណើរការឌីជីថលូបនីយកម្ម ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងបណ្តាប្រទេសជាសមាជិកទាំងអស់ផងដែរ។ ឯកឧត្តម ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ ក៏បានលើលកឡើងផងដែរថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ជាដើមនោះគឺផ្តោតសំខាន់បំផុតគឺលើកកម្ពស់វិស័យសេដ្ឋកិច្ចរវាងប្រទេសផងខ្លួន និងបានជួយឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាទីផ្សារបស់កម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀតតាមរយៈកិច្ចសហប្រតិបត្តិការខាងលើនេះ។ សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលនានាខាងលើនេះ នៅទីក្រុងគុនមិញប្រ ទេសចិននោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានឆ្លៀងឱកាសជួបសម្តែងការគួរ សម និងពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹកនាំប្រទេសជាមិត្តផងដែរ ហើយមិនតែប៉ុណ្ណោះ សម្តេចក៏បានអនុញ្ញាតិឲ្យថ្នាក់ដឹកនាំ និងតំណាងបណ្តាក្រុមហ៊ុនធំៗជាច្រើនរបស់ចិនចូលជួបពិភាក្សាការងារផង ដែរ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ីរី៖ ក្រុមមានទំនាក់ទំនងជាមួយរដ្ឋអ៊ិស្លាមនៅពីក្រោយការបំផ្ទុះគ្រាប់បែកនៅក្រុងដាម៉ាសត្រូវបានចាប់ខ្លួន
07/10/2026 09:07 AM
ប្រទេសអាល្លឺម៉ង់ នឹងទិញមីស៊ីល Tomahawk របស់សហរដ្ឋអាមេរិក
07/10/2026 09:07 AM
ប្រភពសិ្នទ្ធវិមានក្រឹមឡាំង៖លោក Putin ទំនងពង្រីកសង្គ្រាមអ៊ុយក្រែនកាន់តែខ្លាំង ទោះលោក Trump ជំរុញឱ្យមានសន្តិភាពក៏ដោយ
07/10/2026 09:07 AM
អាមេរិក ព្យាយាមបញ្ចៀសការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងក្នុងតំបន់
07/10/2026 09:07 AM
អ៊ុយក្រែនវាយប្រហារនាវារុស្ស៊ីជិតឧបទ្វីបគ្រីម៉េ ជាការកើនឡើងនៃវាយប្រហារកាន់តែខ្លាំងលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ
07/10/2026 09:07 AM
អាមេរិក-អ៊ីរ៉ង់ កំពុងបន្តវាយប្រហារដាក់គ្នា ខណៈទីក្រុងតេអេរ៉ង់ប្រារព្ធពិធីបញ្ចុះសពលោក Khamenei
07/10/2026 08:07 AM
CDC ផ្សព្វផ្សាយរបាយការណ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
07/09/2026 09:07 PM
ការសិក្សា៖ ស្វាឪ និងមនុស្សលោក បានចែករំលែកការសើចអស់រយៈពេល ១៥លានឆ្នាំមកហើយ
07/09/2026 09:07 PM
កុមារកំព្រាកុងហ្គោតស៊ូកសាងជីវិតឡើងវិញក្រោយឪពុកម្តាយស្លាប់ដោយសារជំងឺអេបូឡា
07/09/2026 08:07 PM
លោកអធិការបតី​ Merz៖ សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីល Tomahawk ឱ្យអាល្លឺម៉ង់
07/09/2026 08:07 PM