ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន ចាន់ថុល បន្តផ្សព្វផ្សាយសក្ដានុពលវិនិយោគនៅកម្ពុជាដល់វិនិយោគិន​នៅទីក្រុងបាងកក

2024/11/04 10:33:30 am        292
កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាជំរុញ និង​ទាក់​ទាញ​វិនិយោគ ដែលសហការរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំ​កម្ពុជា និងថៃ និងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម AEM-METI (AMEICC) ដើម្បីសម្លឹងមើលឱកាសទាក់ទាញវិនិយោគិនតាមរយៈយន្តការប្រទេសបូក (Thailand +1)។ កម្មវិធីនេះក៏មានការចូលរួមពីសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា (JBAC), សភាពាណិជ្ជកម្មជប៉ុន បាង​កក (JCC), ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំពីក្រសួងស្ថាប័នរបស់កម្ពុជា វិស័យឯកជន ដែល​បានចូលរួមដោយផ្ទាល់ និងតាមប្រពន្ធ័វីឌីអូពីចម្ងាយ (Zoom) ចំនួនប្រមាណ ២០០នាក់។ សិក្ខា​សាលានេះ​ត្រូវ​បានរៀបចំ​ឡើង​ក្នុង​គោល​បំណង ដើម្បី​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​កម្ពុជា​​លើ​កិច្ចការងារវិនិយោគ ពិសេសការចូលរួម​រប​ស់ក្រុ​ម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​កិច្ច​ការងារ​ទាក់​​ទាញ សម្របសម្រួល និងថែទាំវិនិយោគ សំដៅ​ជំរុញ​កម្ពុជា​ចូលរួម​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់របស់ពិភពលោក។ តាមរយៈច្បាប់ស្ដីពីវិនិយោគ កម្ពុជាបានបើកចំហរ និង​ផ្ដល់​ការ​លើក​ទឹកចិត្តជាច្រើនជូនវិនិយោគិន លើវិស័យជាអាទិភាពនានា។ ក្នុងឱកាសនៃសិក្ខាសាលានេះ កម្ពុជាបានបង្ហាញនូវជម្រើសជាវិជ្ជមានដែលវិនិយោគិន ពិសេស​វិនិយោគិន​ជប៉ុន គួរសម្រេចចិត្តពង្រីកផលិតកម្មរបស់ខ្លួនតាមរយៈយន្តការប្រទេសបូក ដោយ​ទាញ​យក​សក្ដានុពលដែលកម្ពុជាអាចផ្ដល់ជូនក្នុងខ្សែច្រវ៉ាក់ផលិតកម្មនោះ។ មានប្រសាសន៍​ក្នុងសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ JETRO ទាំងប្រចាំកម្ពុជា និងថៃ ដែលបានសហការរៀបចំកម្មវិធីនេះឡើង។ ឯកឧត្តម​ឧបនាយករដ្ឋ​មន្ត្រី បានបន្តដោយជម្រាបជូនអំពីភាពអំណោយផលនៃស្ថិរភាពនយោបាយ, ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច, មានរដ្ឋាភិបាលដែលគាំទ្រធុរកិច្ច, មានទីផ្សារសេរី និងមានភាព​ទូលំ​ទូលាយ​តាមរយៈយន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី បូករួមទាំង​ការ​ចូល​ប្រើ​ប្រាស់​កូតា​ដោយឥតគិតថ្លៃទៅកាន់ទីផ្សារសំខាន់ៗជាច្រើនដែលកម្ពុជាទទួលបាន, កម្លាំង​ពលកម្ម​វ័យ​ក្មេង ដែលប្រកបទៅដោយជំនាញ ភាពស្វាហាប់ និងអាចបណ្តុះបណ្តាលបាន, ពិសេស​កម្ពុជា​បាន​និងកំ​ពុង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពាស​ពេញ​ផ្ទៃ​ប្រទេស​ដែល​គាំ​ទ្រដ​ល់​ធុរកិច្ច​ផង​ដែរ​។ តាមរយៈសក្ដានុពលទាំងនេះ កម្ពុជាបាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​សម្រប​សម្រួល​​ការ​វិនិយោគរបស់គ្រប់បណ្ដាវិនិយោគិនដែលជ្រើសរើសការបណ្ដាក់ទុននៅកម្ពុជា៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំដង្ហែ​អង្គកឋិនទាន​ទៅកាន់​វត្តពោធិគិរីវង្សារាម

2024/11/04 10:17:54 am        368
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ដឹក​នាំ​ដង្ហែ​អង្គកឋិនទាន​មហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តពោធិគិរីវង្សារាម ក្នុងខេត្តត្រាវិញ នៃ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម។ត្រឹមព្រឹកនេះអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា បានដង្ហែ​ដល់​ខេត្តត្រាវិញ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ហើយ ដើម្បីឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ដោយ​ធ្វើ​ដំណើរ​តាម​ច្រក​ទ្វារ​ព្រំដែនអន្តរជាតិជ្រៃធំ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល។ ពិធី​ដង្ហែក្បួនអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរជាលើកដំបូងនេះ កើត​ឡើង​ដោយ​ការ​រួបរួម​ដ៏​អស្ចារ្យ​រវាង​ស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយអាណាចក្រទៀតសោត គឺមានការ​ចូលរួម​ទាំង​ថ្នាក់​ដឹកនាំ-ក្រសួង ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលផងដែរ។នាឱកាស​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំដង្ហែក្បួនអង្គកឋិនទាននេះ ក៏​ឃើញ​មា​​នប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះកររស់នៅតាមកំណាត់ផ្លូវជាតិលេខ១ ក្នុងខេត្តកណ្តាល បាន​នាំ​គ្នា​មក​អបអរសាទរ ដែលបង្ហាញ​ពី​ការ​គាំទ្រ​ដល់​ការ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនាព្រមទាំងបង្ហាញឱ្យឃើញច្បាស់ពីការគិតគូរ និងយកចិត្តទុកដាក់​ខ្ពស់រ​បស់​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះព្រសង្ឃ ក៏ដូចជាព្រះពុទ្ធសាសនា​នៅ​ខ្មែរ​ក្រោម​ដែរ​។ បន្ទាប់​ពីការដឹកនាំដង្ហែអង្គកឋិនទានបានទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយ​សៀម​ទៅ​ដល់​នៅ​រសៀលតាមកម្មវិធីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងជួបសំណេះ​សំណាល​ជា​មួយ​​ព្រះសង្ឃ និងពុទ្ធបរិស័ទ។ បន្ទាប់មកមានការសម្តែងសិល្បៈសម័យ និងល្ខោនបាសាក់​ផងដែរ​។លុះដល់​ព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០ នាទីព្រឹក សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​នឹងប្រគេនយាគូព្រះសង្ឃ រៀបចំពិធី ដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ប្រទក្សិណ​ជុំវិញ ព្រះវិហារ ៣ ជុំ រួចវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មានទីអារាមរហូតដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ ក្នុងនោះ បច្ច័យ​បាន​ពី​ពិធី​បុណ្យ​កឋិន​ទាន​មហា​សាមគ្គី​គ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏​នឹង​ប្រគេន​ដល់​វត្ត​១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ផង​ដែរ​៕ ​អត្ថបទ សេក ឧត្តម

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនានា នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន

2024/11/04 09:38:45 am        304
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេង្គ (GMS) លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» កិច្ចប្រជុំកំពូលកិច្ចសហ- ប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ» និងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាពសម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមកពីសភាពាណិជ្ជកម្ម និងសមាគមឧកញ៉ាកម្ពុជា។កិច្ចប្រជុំកំពូលទាំងនេះ នឹងពិនិត្យលើសមិទ្ធិផលដែលសម្រេចបាន និងកំណត់ទិសដៅ អនាគត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងបង្ហាញផងដែរអំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ក៏ដូចជាការរួមរស់ដោយ សន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក។ ក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងគុនមិញ សម្តេចធិបតី គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងធុរជនបរទេស ផងដែរ។

អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ត្រូវបានដង្ហែទៅកាន់វត្តពោធិគិរីវង្សារាមនៅព្រឹកនេះ

2024/11/04 09:21:07 am        525
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា អញ្ជើញដឹកនាំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរី​វង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិធីដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ​សាធារណរដ្ឋ​សង្គមនិយមវៀតណាម បានមកដល់ព្រំប្រទល់ជ្រៃធំ កម្ពុជា-វៀតណាម​ហើយ​នៅ​វេលា​ម៉ោងជិត ៧ ហើយបានបន្តធ្វើដំណើរទៅកាន់ខេត្តត្រាវិញនៅវេលាម៉ោង ៨ ព្រឹក។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ នាមជា«អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ព្រោះជា​អង្គកឋិន​កើត​ឡើង​ដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយ​អាណាចក្រ​ទៀត​សោត​ គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះមានទីអារាមរហូតដល់ទៅ៤៦១វត្ត ដោយ​ឡែក​នៅ​ខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យ​កឋិន​ទាន​មហា​សាមគ្គីគ្រួ​សារ​ខ្មែរ​នាពេ​លនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេន​ដល់​វ​ត្ត​១៤២​ផ្សេង​ទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

នាយឧត្តមសេនីយ៍ ទៀ សីហា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលយ៉ាងធំធេងរបស់កងទ័ពក្នុងរយៈពេល៧១ឆ្នាំ កន្លងមក

2024/11/04 08:16:25 am        314
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងកោងសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលយ៉ាងធំធេងរបស់កងយោធពលខេមរភូមិន្ទ ដែលបានសម្រេចរយៈ ពេលកន្លងមក(រយៈពេល៧១ឆ្នាំ) ជាពិសេសគឺកិច្ចការពារជាតិមាតុភូមិ ការពារសន្តិសុខជាតិ ថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខសាន្តរបស់ប្រជាជនជាដើម។ តាមរយៈសារផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ ទាំងអស់ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា២០២៤) នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងក្នុងឆ្នាំកន្លងមក ដែលកងយោធពលខេមរភូមិន្ទសម្រេចបាន ជាពិសេសកិច្ចការពារជាតិមាតុភូមិ ការពារសន្តិសុខជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន។ ម្យ៉ាងទៀតកងយោធពលខេមរភូមិន្ទយើងបានចូល រួមអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចអន្តរជាតិ លើវិស័យមនុស្សធម៌ បំពេញបេសកកម្មជាកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ដែលជាក្តី មោទនភាព និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រជាជាតិកម្ពុជាយើងទាំងមូលដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពីមុនមក និងបានធ្វើឱ្យកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិផងដែរ»។ តាមរយៈសារនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថាខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងស្របជាមួយទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកាផងនោះតាំងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមឯកឧត្តមផ្ទាល់ សូមផ្ញើជូននូវការសាកសួរសុខទុក្ខពោរពេញដោយមនោសញ្ចេតនានឹករលឹក និងជាទីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចនៅតាមស្ថាប័ន កងឯកភាពនានា ក៏ដូចជាសិក្ខាកាមកំពុងសិក្សាជំនាញផ្សេងៗនៅបណ្តាប្រទេសជាមិត្តមួយចំនួន ព្រមទាំងកងកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ សូមជូន នូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ សូមទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន ចៀសផុត អំពីជំងឺផ្សេងៗគ្រប់យ៉ាង និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាដើម។ នាយឧត្តមសេនីយ៍ក៏សូមផ្ញើជូននូវការសួរសុខទុក្ខដល់យោធិន ដែលមានជំងឺ របួស ពិការ ហើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា សូមឱ្យឆាប់ជាសះស្បើយពីជំងឺ មានសុខភាពល្អបរិបូរណ៍ កម្លាំងរឹងមាំ និងប្រកបដោយសេចក្តីសុខគ្រប់ពេលវេលា និងសូមជូនពរដល់អតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារដែលកំពុងរស់នៅក្នុងសង្គមស៊ីវិល សូមមានជីវភាពរស់នៅធូរធារ និងប្រកបដោយសុភមង្គលរុងរឿងជានិច្ច ព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅផងដែរ៕អត្ថបទបាន ចក់

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

2024/11/03 06:37:41 pm        674
នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាមដែលពិធីនេះធ្វើឡើងនៅវិមាន៧ មករា (ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា)។ ពិធីបែបសាសនានៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែឆ្ពោះទៅវត្តខ្មែរក្រោមនារសៀលថ្ងៃនេះប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតី​ភាព​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋា​ភិ​បាល​ជាច្រើនរូបទៀត។ ពិធីបែបសាសនានៃអង្គកឋិនមហាសាមគ្គីគ្រួសារដង្ហែទៅកាន់ខ្មែរក្រោមនាពេលនេះ បានប្រព្រឹត្ត​ទៅ​តាមលំដាប់លំដោយបែបបទប្រពៃណីរបស់ខ្មែររួមមាន ពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងការសម្តែងព្រះធម្មវិសេសទេសនាដោយសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ​នាមជា«អង្គកឋិន​មហា​សា​​ម​គ្គីគ្រួ​សារខ្មែរ» ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និង​អាណា​ចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជ​រដ្ឋា​ភិបាល។ តាមកម្មវិធីបុណ្យបន្ទាប់ពីការរៀបចំពិធីសាសនានារសៀលថ្ងៃនេះរួចរាល់ហើយនោះ នៅវេលាព្រឹក​ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំដង្ហែអង្គកឋិនទានឆ្ពោះ​ទៅ​កាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀម ដែលគ្រោងដល់វត្តនៅពេលរសៀល។ លុះព្រឹកថ្ងៃ​ទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់​មក​ដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។ សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មាន​ទី​អា​រាម​​រហូត​ដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

ប្រមុខថ្នាក់ដឹកនាំអញ្ជើញចូលរួមពិធីក្រុងពលី និងសូត្រមន្តអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរទៅកាន់វត្តនៅខ្មែរក្រោម

2024/11/03 05:34:03 pm        695
នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយស​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជា​អធិបតី​ភាពក្នុងពិធី​ក្រុងពាលី និងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅ​កាន់​​វត្តពោធិគិរីវង្សារាម​ ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ ។វត្តមានអញ្ជើញ​ចូលរួមក្នុងកម្មវិធីនេះ រួមមាន សម្តេច​មហារដ្ឋ​សភាធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុន ម៉ាណែត រួម​នឹងឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា​ រដ្ឋសភា រាជរដ្ឋាភិបាល និង​ពុទ្ធ​បរិស័ទ​ជា​ច្រើនរូបទៀត។សូមជម្រាបថា អង្គកឋិនទានមហាសាមគ្គី គ្រួសារខ្មែរ ដង្ហែទៅកាន់ វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិ ស្វាយសៀម ឃុំងាយស្បៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) សាធារណរដ្ឋសង្គម និយមវៀតណាម។កម្មវិធីបុណ្យ ថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ ជួបជុំពុទ្ធបរិស័ទប្រារព្ធពិធី ក្រុងពាលី នមស្ការព្រះរតនត្រ័យ សមាទានសីលចម្រើនព្រះបរិត្ត ដោយនិមន្តសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ប្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងព្រះធម៌ទេសនា នៅវិមាន៧មករា មហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ព្រឹក៖ ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៥:០០ នាទីព្រឹក ជួបជុំព្រះសង្ឃនិងពុទ្ធបរិស័ទ នៅវិមាន៧មករា រាជធានីភ្នំពេញ រៀបចំក្បួនដង្ហែ អង្គកឋិនទានមហាសាមគ្គី គ្រួសាខ្មែរ ពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយ សៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំងាយស្បៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) សាធារណរដ្ឋសង្គមនិយមវៀតណាម (តាមច្រកអន្តរជាតិជ្រៃធំ ខេត្តកណ្តាល) ។រសៀល៖ ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៣:០០នាទី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សំណេះសំណាលជាមួយព្រះសង្ឃ និង ពុទ្ធបរិស័ទ។ បន្ទាប់មកមានសម្តែងសិល្បៈសម័យ និងល្ខោនបាសាក់ ។ព្រឹក៖ ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០ នាទីព្រឹក ប្រគេនយាគូព្រះសង្ឃ រៀបចំពិធី ដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ប្រទក្សិណជុំវិញ ព្រះវិហារ ៣ ជុំ រួចវេរ ប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ រហូតដល់ពេលរសៀល៖ គណៈប្រតិភូអញ្ជើញមាតុភូមិនិវត្តន៍មកព្រះរាជាណាចក្រកម្ពុជាវិញ៕

សិស្សនិទ្ទេស A មានជីវភាពខ្វះខាតទទួលបានផ្ទះ និងការឧបត្ថម្ភពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

2024/11/03 01:54:08 pm        839
យុវសិស្ស គ្រុឌ សុវណ្ណារ៉ា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសA ដែល​គ្រួសារ​កំពុងមានជីវភាពក្រីក្រលំបាកជាខ្លាំងនោះ ទទួលបានផ្ទះថ្មី១ខ្នង និងការឧបត្ថម្ភផ្សេងៗ​ពីសាខា​កាក​បាទក្រហមកម្ពុជាខេត្តបាត់ដំបង។ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចាត់ឱ្យក្រុមការងារសាខាដឹកនាំដោយលោក ងី សែត អនុ​ប្រធាន​គណៈកម្មាធិការ​សាខា និងសហការី ចុះទៅដល់ផ្ទះយុវសិស្សម្នាក់ឈ្មោះ គ្រុឌ សុវណ្ណារ៉ា ជា​សិស្ស​ថ្នាក់​ទី12A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានបងប្អូនចំនួន៣នាក់ គ្រួសារមានជីវភាពខ្វះខាត ខណៈឪពុក​មាន​ជំងឺ​ប្រចាំ​កាយ ឯម្តាយជាកម្មករ តស៊ូរកប្រាក់ចិញ្ចឹមគ្រួសារ និងកូនៗឱ្យបានរៀនសូត្រគ្រប់ៗគ្នា។ អ្វីដែល​គួរ​ឱ្យ​សរសើរគឺកូនៗមានកតញ្ញូចំពោះឪពុកម្ដាយ និងតស៊ូប្រឹងប្រែងរៀនសូត្រ ជាក់ស្ដែង យុវសិស្ស គ្រុឌ សុវណ្ណារ៉ាដែល​ត្រូវជាកូន​ច្បង​បាន​តស៊ូ​ខិតខំ​រៀន​សូត្រ​រហូត​ប្រឡង​សញ្ញា​បត្រម​ធ្យម​សិក្សា​ទុតិយភូមិទទួលបាននិទ្ទេស A។ក្នុងឱកាសនោះ លោក ងី សែត បានពាំនាំប្រសាសន៍ របស់ឯកឧត្តម សុខ លូ ជាពិសេស​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទ​ក្រហម​កម្ពុជា​ថ្លែង​ការ​កោត​សរសើរ​ចំពោះ​យុវសិស្ស គ្រុឌ សុវណ្ណារ៉ា ទោះបីជា មានជីវភាពក្រីក្រក៏ដោយ ក៏មានឆន្ទៈក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ បូកផ្សំជាមួយនឹងការជំរុញបន្ថែមពីលោកគ្រូ អ្នកគ្រូ និងមានការលើក​ទឹក​ចិត្ត​ពី​សំណាក់​ឪពុកម្តាយ រហូតប្រឡងបាននិទ្ទេសA។ លោក ងី សែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើកា​រ​អភិវឌ្ឍ​មូល​ធន​មនុស្ស គឺធនធានមនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និង​មាន​សុខ​ភាព​ល្អ។ ហេតុដូចនេះ សូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និង​បន្ត​ខិត​ខំ​ប្រឹង​ប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បី​ក្លាយខ្លួនជាធន​ធាន​មនុស្ស​ដ៏​ល្អ​របស់​ប្រទេស​ជាតិ​នា​ថ្ងៃ​អនាគត​។ អំណោយមនុស្សធម៌ដែលត្រូវផ្ដល់ជូនគ្រួសារយុវសិស្ស គ្រុឌ សុវណ្ណារ៉ា រួមមាន ៖អង្ករ ១០០​គីឡូ​ក្រាម​, មី ២កេស ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ២០កំប៉ុង, ឃីត១កញ្ចប់ ថវិកាចំនួន៤០ម៉ឺនរៀល និង​សម្រេច​ធ្វើ​ផ្ទះថ្មី១ខ្នងផ្តល់ជូនគ្រួសារយុវសិស្សគ្រុឌសុវណ្ណារ៉ាផងដែរ៕

ភ្ញៀវទេសចរជាង ១១ម៉ឺននាក់មកកម្សាន្តក្នុងកម្មវិធីប្រណាំងទូកក្នុងក្រុងដូនកែវ ខេត្តតាកែវ

2024/11/03 01:34:39 pm        757
រយៈពេលពីរថ្ងៃ នៃពិធីប្រណាំងទូកនៅក្នុងក្រុងដូន​កែវ​ដែល​អាជ្ញាធរ​ខេត្ត​តាកែវ​បាន​រៀបចំ​ធ្វើ​ឡើង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកចូលលេងកម្សាន្តនៅក្នុងពិធីនេះចំនួនជាង ១១ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវ។ថ្លៃងនៅនៅ​ក្នុងពិធីប្រណាំងទូកនៅថ្ងៃទី២ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ​បាន​ថ្លៃង​អំណរ​គុណ​ដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ​ទាំង​អស់​ដែល​បាន​ប្រឹង​ប្រែង​ចូល​រួម​ការពារ​ថែ​រក្សា​សុ​​ខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋជាង ១០ ម៉ឺននាក់​ដែល​បាន​ចូល​រួម​លេង​កម្សាន្ត​នៅ​ក្នុង​ពិធី​ប្រណាំងទូកនៅក្នុងក្រុងដូនកែវ​រយៈពេល​២​ថ្ងៃ​នេះ​ប្រកប​ដោយ​សុខ​សុវត្ថិភាព​មិន​មាន​បញ្ហា​អ្វី​កើត​ឡើងនៅក្នុងពិធីនេះទេ។ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានលើកឡើងពីកត្តាសុខសន្តិភាពនៅក្នុងប្រទេស ព្រោះបើ​គ្មាន​សុខ​សន្តិភាព​ទេ​រដ្ឋបាល​ខេត្តតាកែវ​មិន​អាច​រៀបចំ​ពិធី​ប្រណាំ​ង​ទូក​បាន​យ៉ាង​ជោគ​ជ័យ​បែប​នេះ​ឡើយ ដូច្នេះគប្បីថែរក្សាសុខសន្តិភាពសម្រាប់ប្រទេសជាតិឲ្យបានយូរអង្វែងតរៀងទៅ។ថ្លែង​នៅក្នុងពិធីបិទការប្រណាំងទូកនៅក្នុងក្រុងដូនកែវខេត្តតាកែវឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបា​ល​ចុះ​ជួយ​ខេត្តតាកែវ បានសំដែង​ការ​កោត​សរសើរ​ចំពោះ​រដ្ឋបាល​ខេត្តតាកែវ​ដែល​បាន​ប្រឹង​ប្រែង​បង្កើត​កម្មវិធី​នេះ​ឡើង​បង្ក​ការ​កម្សាន្ត​សប្បាយ​ជូន​ដល់​បងប្អូន​ប្រជាពលរ​ដ្ឋ​នៅ​ក្នុង​ខេត្ត​និង​ប្រជា​ពលរដ្ឋ​មក​ពី​រាជ​ធានីភ្នំពេញនិងបណ្ដាខេត្តផ្សេងៗទៀតបានមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ។ ឯកឧត្តម មានប្រសាសន៍បន្តថា ក្រោមផ្កា​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើកា​រ​ណែ​នាំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រុងរៀបចំ​ពិធី​ផ្សេង​ៗ​ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​បង​ប្អូន​ប្រជាពលរ​ដ្ឋបាន​សប្បាយ​រីករាយ​ដែល​ក្នុង​នោះខេត្តតាកែវបានរៀបចំពិធីប្រណាំងទូកនេះឡើងក្នុងរយៈពេល ២ ថ្ងៃប្រកប​ដោយ​ជោគ​ជ័យ​ជាពិសេស​អាជ្ញាធរ​បាន​ថែ​រក្សា​សុខ​សុវត្ថិភាព​បាន​យ៉ាង​ល្អ​ប្រសើរ​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​។គួបញ្ជាក់ថាសម្រាប់លទ្ធផលនៃការប្រណាំងទូកក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ទូកដែល​ទទួល​បាន​លេខ១ បានទៅលើទូករបស់មន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ លេខ ២ បាន​ទៅ​លើ​ទូក​បាយ៉ង់កោរបារមីរមានជ័យបស់សាលាស្រុកគីរីវង់ លេខ ៣ បានទៅលើក​ទូក​ព្រះខ័ណ្ឌ​មាន​ជ័យបារមីព្រៃកប្បាសរបស់រដ្ឋបាលស្រុកព្រៃកប្បាស លេខ ៤ បានទៅលើទូកសែន​ជ័យ​បារមី​ទន្លេ​បាទី​របស់សាលាសុខបាទី និងលេខ ៥ បានទៅលើទូកធីវេតសែនជ័យ​បារមី​តេជោ​របស់​វិទ្យា​ស្ថាន​ពហុបច្ចេកវិទ្យាតេជោសែន៕

ការបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជា ៣យប់ ៤ថ្ងៃ បញ្ចប់ដោយជោគជ័យ និងស្នាមញញឹម

2024/11/03 01:14:36 pm        1404
ការបោះជំរំ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា រយៈពេល ៣យប់ ៤ថ្ងៃ នៅលើ​ទឹក​ដី​ខេត្ត​មណ្ឌល​គិរី ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង» បានបញ្ចប់ទៅដោយភាពជោគជ័យ ជា​មួយ​នឹងស្នាមញញឹម និងអនុស្សាវរីល្អៗ រវាងប្អូនៗ កុមារី យុវតី និងសមាជិកា​របស់ស​មាគម​ទាំង​អស់ ក្រោមការផ្ដល់ភាពកក់ក្ដៅពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គ​ស្នងការ​របស់សមាគម។ ការជួបជុំគ្នាក្នុងការបោះជំរំ បានផ្ដល់ឱកាសដល់ប្អូនៗ កុមារី និងយុវតី សមាគមកាយប្ញទ្ធិ​នារី​កម្ពុជា​ទាំង ៦សាខា រួមមាន៖ សាខារាជធានីភ្នំពេញ សាខាខេត្តកណ្ដាល សាខាខេត្តសៀមរាប សាខា​ខេត្តបាត់ដំបង សាខាខេត្តពោធិ៍សាត់ និងសាខាខេត្តមណ្ឌលគិរី ទទួលបានចំណេះដឹងថ្មីៗ ជា​ច្រើន តាមរយៈការអប់រំ បំណិនជីវិត និងការកម្សាន្តសប្បាយ ដោយក្នុងនោះ មាន​សកម្ម​ភាព​សំខាន់​ៗ ដូចជា ការធ្វើសមាធិ និងយោគៈ ការពង្រឹងភាពជាអ្នកដឹកនាំ តាមរយៈការពិភាក្សាក្រុម ការ​បង្រៀនធ្វើម្ហូប ព្រមទាំងការរៀបចំពិធីដុតភ្លើងគប់ ដើម្បីឆ្លុះ​បញ្ចាំង​ពី​ភាព​អង់​អាច​​នៃ​កម្លាំង​សាមគ្គី​របស់​យុវតី។ តាមរយៈសកម្មភាពទាំងអស់នេះ គឺបានបង្រៀន​ឱ្យ​ពួក​គេ​ចេះ​ធ្វើ​ការ​ងារ​ជា​ក្រុម​ ចេះសហការគ្នា ចេះស្រលាញ់គ្នាដូចជាបងប្អូន ចែករំលែកបទពិសោធន៍ល្អៗជាមួយគ្នា និង​ជា​ពិសេសបានពង្រឹងសមត្ថភាព និងភាពក្លាហានរបស់ពួកគេដើម្បីក្លាយជាយុវតីគំរូ និងជា​ធនធាន​មនុស្សល្អនៅក្នុងសង្គម។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ថ្ងៃ​បើក​ការបោះជំរំ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ថា តាមរយៈការរួបរួមគ្នានារយៈពេលកន្លងមក នាំ​ឱ្យ​សមាគម​កាយប្ញទ្ធិនារីកម្ពុជាមានភាពរីកចម្រើនជាលំដាប់ដោយបានពង្រីកនូវសាខាថ្មីៗបន្ថែម ហើយ​នៅ​ជំហានបន្ទាប់ សមាគមនឹង​បន្ត​អនុវត្ត​តាម​ផែនការ​សកម្ម​ភាព​ក្នុង​ចក្ខុ​វិស័យ​ធ្វើ​យ៉ាង​ណា​ផ្ដល់​ការ​អប់រំ បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពរបស់កុមារី និងយុវតីកម្ពុជា​ឱ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​ដឹក​នាំ​នា​ថ្ងៃអនាគត។ ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតក៏បានមានប្រសាសន៍ ជំរុញ លើកទឹកចិត្តយុវតី ឱ្យពួក​គេ​មាន​ភាព​ក្លាហាន និងចេះស្រលាញ់គ្នា ចេះជួយយកអាសារគ្នាទៅវិញទៅមក និងសហការ​គ្នា​ធ្វើ​ការងារ​​ជាក្រុមក្នុងកម្លាំងសាមគ្គីភាព ដើម្បីជាស្ពានឆ្ពោះទៅរកភាពជោគជ័យ។ លោក​ជំទាវ​បណ្ឌិត​ក៏​បាន​លើក​ឡើង​ពី​តួអ​ង្គ​ស្រ្តី​ជា​អ្នក​ដឹកនាំ​សំខាន់​ជុំវិញ​ពិភពលោ​ក​មក​ធ្វើ​ជា​ឧទាហរណ៍​សម្រាប់​ប្អូន​ៗ ថា បច្ចុប្បន្ននេះពិភពលោកបានឱ្យតម្លៃស្រ្តីជាខ្លាំង ហើយចាប់តាំងឆ្នាំ ២០១៦ មក មាន​ស្ថិតិបង្ហាញថាស្រ្តីមានតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងវិស័យឯកជន និងក្នុង​ជួរ​រាជ​រដ្ឋាភិបាល​។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតក៏បានផ្ដល់ភាពកក់ក្ដៅដល់ប្អូនៗ និង​បង្ហាញ​ការ​ជឿជាក់​ថា​យុវតី​កម្ពុជានឹងក្លាយជាអ្នកដឹកនាំសំខាន់ៗនាពេលអនាគត។ តាមរយៈការបោះជំរំប្រចាំឆ្នាំនេះ ក៏បានផ្ដល់ឱកាសឱ្យប្អូនៗ កុមារី និងយុវតី បាន​ឈ្វេង​យល់​បន្ថែម​ទៀត​ពីសក្ដានុពលទេសចណ៍ក្នុងទឹកដីភូមិភាគឦសាន ក៏ដូចជាបាន​ស្គាល់​ពី​វប្បធ​​ម៌​ប្រពៃ​ណី និងការរស់នៅរបស់ប្អូនជនជាតិដើមភាគិតិចពូនង ព្រមទាំង​ការ​ធ្វើ​ទស្សន​កិច្ច​នៅ​តំបន់​បង្គោ​ល​ព្រំដែន​កម្ពុជា-វៀតណាម ថែមទៀតផង។ ៣ យប់ ៤ ថ្ងៃ នៃការបោះជំរំសមាគមកាយប្ញទ្ធិនារីកម្ពុជា ទទួលបានជោគជ័យ ប្រកបដោយ​ស្នាម​ញញឹម និងអនុស្សាវរីយ៍ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ព្រមទាំង​មាន​ការ​ជួយ​អន្តរាគម​ពីសំ​ណាក់​កងរាជអាវុធហាត់ និងមន្រ្តីនគរបាល ខេត្តមណ្ឌលគិរី និងក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេចតេជោ។  គួរជម្រាបជូនថា ការបោះជំរំប្រចាំឆ្នាំនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៣១ ខែតុលា - ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមប្រធានបទ «យុវតីយើង អនាគតអ្នកដឹកនាំយើង» ។ នេះគឺជាការ​បោះជំរំ​លើក​ទី៣​ហើ​យ ចាប់តាំងពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាអគ្គស្នងការ​របស់​សមាគម​។ ក្នុងរយៈពេល៣ឆ្នាំនេះ សមាគមកាយឫទ្ធិនារីកម្ពុជា មានមោទកភាព​ចំពោះ​បេសក​កម្ម​របស់​ខ្លួន ចំពោះវិថីមនុស្សធម៌នៃការអភិវឌ្ឍកុមារី និងយុវតី ដោយបានបង្កើនសមត្ថភាព បង្កើត​ស្នាមញញឹម និងភាពកក់ក្តៅមិនចំពោះតែ សមាជិកាគ្រប់រូប ប៉ុន្តែជាពិសេស​ភាព​ស្និទ្ធិ​ស្នាល និង​ការយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រជាសម្ភារៈ ថវិកា ស្មារតី ពីសំណាក់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងមានការចូលរួមពីសមាជិកា សមាជិកគាំទ្រ និងសប្បុរសជនជាច្រើនផ្សេងទៀត៕ អត្ថបទ៖ កញ្ញា ចេន សុភានាថ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតកីឡាករក្លឹប Porto Rui Pires ផ្ទេរពីក្លឹបនៅសិង្ហបុរី​មកលេង​ឱ្យជើងឯកកម្ពុជា​ព្រះខ័នរាជស្វាយរៀង
07/12/2026 08:07 AM
អបអរសាទរ អង់គ្លេសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក២០២៦ ក្រោយឈ្នះន័រវែស
07/12/2026 08:07 AM
ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
07/11/2026 07:07 PM
កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov
07/11/2026 05:07 PM
ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤
07/11/2026 05:07 PM
អ៊ីរ៉ង់​បានតប​ធ្ងន់ៗ​ទៅ​​លោក Trump វិញ បន្ទាប់ពី​លោក​ទទូច​ថា ​បទឈប់បាញ់គឺ​​ចប់​ហើយ
07/11/2026 05:07 PM
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងា​រជាង ២ពាន់កន្លែងកំពុងរង់​ចាំអតីតពល​ករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ
07/11/2026 04:07 PM