ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធ​សេវាអប់រំនៃកម្ពុជាមិនដំឡើងថ្លៃរួមទំាងបញ្ចុះតម្លៃ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

2024/11/03 08:54:10 am        299
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថ្លែង​អំណរគុណ​ចំពោះ​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជា ដែលបានប្រកាស​សម្រេច​មិន​ដំឡើង​ថ្លៃ​រួម​ទំាង​បញ្ចុះតម្លៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ជូនដល់សិស្ស និស្សិត ខណៈ​ការ​សម្រេច​បែប​នេះគឺបានចូលរួមចំ ណែកយ៉ាងធំធេង​ជួយ​សម្រាល​បន្ទុក​ដល់​ឪពុក​ម្តាយ​អ្នក​អាណា​ព្យាបាល និង​ក្មួយៗសិស្ស-និស្សិតសម្រាប់ការសិក្សានេះ។តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងថា ការលើកកម្ពស់គុណភាពវិស័យអប់រំ និងកសាងមូលធន​មនុស្ស​ជា​អាទិភាព​ដ៏​សំខាន់ និងចាំបាច់បំផុត ដែលត្រូវបានកំណត់​នៅ​ក្នុង​គោល​នយោបាយ​ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល។ ក្នុងន័យនេះរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញ​នូវ​គោល​នយោបាយ​អនុ​គ្រោះជាបន្តបន្ទាប់ សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ ជា​ពិសេស​ដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ អ្នក​អាណាព្យាបាល និង ក្មួយៗ សិស្ស-និស្សិត។ ជាក់ស្តែងក្នុងអង្គប្រជុំថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៤កន្លងទៅ សម្តេចបានសម្រេចផ្តល់នូវការលើកទឹកចិត្តចំនួន០៣ ចំណុច ក្នុង​នោះ​ក៏បា​ន​បន្ត​អនុ​គ្រោះពន្ធមួយចំនួន រួមមាន៖ ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធ​អប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាការប្រាក់ និងភាគលាភ ចាប់ពី​ឆ្នាំ​២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថាដើម្បីសម្រាលបន្ទុកដល់ឪពុកម្តាយ អ្នក​អាណា​ព្យាបាល និងក្មួយៗ សិស្ស-និស្សិត ក្នុងការបង់ថ្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សា សម្តេច​បានប្រគល់ភារកិច្ចជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រ​សួង​អប់រំ យុវជន និងកីឡា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលមានសមាជិក១៤១ និង​សហព័ន្ធសេវាអប់រំនៃកម្ពុជាដែលមានសមាជិក ១២០ ដើម្បី​ពិនិត្យ​​លទ្ធ​ភាព​មិន​ដំឡើង​ថ្លៃ​សិក្សា​សម្រាប់​ឆ្នាំ​សិក្សា​ថ្មីនេះ ក៏ដូចជាពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការបញ្ចុះថ្លៃសិក្សាសម្រាប់ក្មួយៗ សិស្ស-និស្សិត។ ជាលទ្ធផល សមាគមគ្រឹះស្ថាន​ឧត្ដម​សិក្សាកម្ពុជា​បានឯកភាព​មិន​ដំឡើង​ថ្លៃ​សិក្សា​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០២៤-២០២៥នេះ ហើយគ្រឹះស្ថាន​សិក្សា​ទាំង​អស់​នឹង​ពិនិត្យ​លទ្ធភាព​បញ្ចុះ​តម្លៃ​សិក្សា​ជូន​ក្មួយៗ សិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនផងដែរ។ ដោយឡែក​ចំពោះ​សហព័ន្ធ​សេវា​អប់រំ​នៃកម្ពុជា ក៏បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ (ដោយសារ​សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ គ្រឹះស្ថានសិក្សា​ជា​ច្រើន​ដែល​ជា​សមាជិក​សហព័ន្ធ​បាន​បើកបវេសនកាលតាំងពីខែកក្កដា ឬសីហា រួចទៅហើយ)។ យ៉ាង​ណា​ក៏ដោយ​ក្នុងនាមរាជរដ្ឋាភិបាលសម្តេចធិបតី បានប្រកាសថ្លែង​អំណរ​គុណ​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏ត្រឹមត្រូវរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជា ដែល​បាន​យល់ស្របតាមសំណើរបស់សម្តេចនោះ។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា« ក្នុង​នាម​រាជ​រដ្ឋាភិបាល ខ្ញុំសូមកោតសរសើរចំពោះស្មារតីសហការ និងសូមថ្លែងអំណរគុណចំពោះ សមាគម​គ្រឹះ​ស្ថាន​ឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៃកម្ពុជា ដែលបានយល់​ស្រប​តាម​សំណើ​របស់​ខ្ញុំ ដោយមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ក៏ដូចជា​ការ​ពិនិត្យ​លទ្ធភាព​បញ្ចុះ​ថ្លៃ​សិក្សា​ជូន​ក្មួយ​ៗ សិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនរបស់គ្រឹះស្ថានអប់រំនីមួយៗ»។ ជាមួយ​គ្នា​នោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​បាន​សង្ឃឹម​ថា​សកម្មភា​ព​ជា​វិជ្ជមាន​របស់បណ្ដាគ្រឹះស្ថានសិក្សាខាងលើនេះ នឹងជួយសម្រាល​បន្ទុក​បាន​មួយ​កម្រិ​ត​សម្រាប់​ឪពុក​ម្តាយ អ្នកអាណាព្យាបាល និងក្មួយៗ សិស្ស-និស្សិតសម្រាប់ការសិក្សានេះ៕ អត្ថបទ៖បាន ចក់

សម្តេចធិបតី ថ្លែងអំណរគុណស្ថានទូតខ្មែរនៅកូរ៉េ​ដែលបានខិតខំធ្វើលិខិត​ឆ្លងដែន​ជូនពលករខ្មែរ​នៅកូរ៉េ​រហូតបានបញ្ចប់ដោយជោគជ័យ

2024/11/03 08:32:44 am        361
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស​ថ្លែង​អំណរ​គុណ​ដល់​ស្ថាន​ឯក​អគ្គ​រាជ​ទូតខ្មែរប្រចាំនៅប្រទេសកូរ៉េ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀបចំ និង​សម្រប​សម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ​ដែល​កំពុង​ស្នាក់​នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ​រហូតឈាន​សម្រេច​បាន​នូវ​ការ​បិទ​បញ្ចប់​ដំណើរ​ការ​ដោយ​ជោគ​ជ័យ​គួរ​ជាទីមោទនៈ ខណៈយុទ្ធនាការដែលបានចាប់ផ្តើមពីខែមករា រហូតដល់ថ្ងៃទី២​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤នេះបានចំនួនជាងមួយម៉ឺននាក់នោះ។តាមរយៈបណ្ដាញសង្គម​នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ​២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​កូរ៉េ ​បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន៦.២៥២ ច្បាប់ និងបានបើក​លិខិត​ឆ្លង​ដែន​​ជូ​​នប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤.៩៧១ នាក់។ សម្តេចបានបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុង​នាម​ខ្លួន​ខ្ញុំផ្ទាល់​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃ, មន្ត្រី និងបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំង​និស្សិត និងសហគមន៍ខ្មែរស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្រប​សម្រួល​ការ​ផ្តល់​សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការ​នៅ​ក្នុង​សាធារណ​រដ្ឋ​កូរ៉េ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រហូតឈាន​សម្រេច​បាន​នូវ​ការ​បិទ​បញ្ចប់ដំណើរការនៃការផ្តល់សេវាដោយជោគជ័យគួរជាទីមោទនៈ ហើយដែល​ពិត​ជា​បាន​ជួយ​សម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងពលករ​យើង​នៅ​ក្នុង​ប្រទេសកូរ៉េបានយ៉ាងច្រើន»។ជាមួយគ្នានេះ​ផងដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏សូមសម្តែងនូវក្តី​រីក​រាយ​សាទរ​ចំពោះ​ទំនុក​ចិត្ត និងភាពកក់ក្តៅរបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែររស់នៅក្នុងប្រទេសកូរ៉េ ដែល​បាន​មក​ទទួលសេវាផ្តល់លិខិតឆ្លងដែននេះ និងសូមជូនពរ សុខភាពល្អ សុភមង្គល និងសិរីសួស្តី​គ្រប់​ប្រការ ព្រមជាមួយនឹងពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ​ផងដែរ៕ អត្ថបទ៖ បាន ចក់

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី២ ឆ្នាំ២០២៤ លើប្រធានបទ«មរតកយើង»

2024/11/02 05:37:42 pm        922
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍«វប្បធម៌តាមតំបន់»លើកទី២ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទ(មរតកយើង) នៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដែលមានដាក់បង្ហាញស្វែង យល់នូវសិល្បៈបុរាណខ្មែរ បេតិកភណ្ឌវប្បធម៌ខ្មែរ និងការបង្ហាញទេពកោសល្យសិល្បៈរបស់យុវជនផងដែរ។ថ្លែងបើកព្រឹត្តិការណ៍នេះលោក ហ៊ួន សាវង ប្រធានស្តីទីនាយក ដ្ឋានសិល្បៈសូនរូប និង សិល្បៈសិប្បកម្ម បានថ្លែងថា ព្រឹត្តិការណ៍វប្បធម៌តាមតំបន់គឺជាសកម្មភាពរបស់អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌រៀបចំឡើងក្នុងបំណងលើកស្ទួយសិល្បៈប្រពៃណីគ្រប់ទម្រង់នៅតាមសហគមន៍។ ក្នុងព្រឹត្តិការណ៍វប្បធម៌តាមតំបន់ តែងមានកម្មវិធីសិក្ខាសាលាខ្លីៗស្តីពីមរតកវប្បធម៌ និងការបង្ហាញទេពកោសល្យសិល្បៈផ្សេងៗ ដើម្បីបំផុសស្មារតីស្រឡាញ់វប្បធម៌ និង ការយល់ដល់ដឹងដល់យុវជន។ ទន្ទឹមនេះ ព្រឹត្តិការណ៍វប្បធម៌តាមតំបន់តែងមានរៀបចំពិព័រណ៍ស្នាដៃសិប្បកម្ម ប្រពៃណីជូនដល់មហាជនបានទស្សនា និងគាំទ្រគ្រប់រូបភាព។ ការរៀបចំទាំងអស់នេះ គឺដើម្បីបង្កើននូវសកម្មភាពផ្សព្វផ្សាយទូលំទូលាយបង្កើតបណ្តាញទីផ្សារដល់សិល្បករ និងសិប្បករខ្មែរក្នុងការអភិវឌ្ឍវិស័យការងាររបស់ពួកគាត់។លោក ហ៊ួន សាវង បានបន្តថា “មរតកយើង” គឺជាប្រធានបទសំខាន់នៃព្រឹត្តិការណ៍វប្បធម៌ បានប្រារព្ធឡើងលើកទី១ កាលពីឆ្នាំ២០២៣ នៅក្នុងខេត្តពោធិ៍សាត់។ ក្នុងឆ្នាំ២០២៤នេះ "មរតកយើង "បានជ្រើសរើសទីតាំងប្រារព្ធនៅក្នុងបរិវេណវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានកម្មវិធីសំខាន់ៗដូចជា កម្មវិធីស្វែង យល់អំពីបេតិកភណ្ឌវប្បធម៌ខ្មែរសម្រាប់សិស្សានុសិស្ស, ការបង្ហាញទេពកោសល្យសិល្បៈរបស់សិស្សវិទ្យាល័យ, កម្មវិធីដាល់អំបុក និងការបង្ហាញសិល្បៈចម្អិនម្ហូបអាហារខ្មែរ,ពិព័រណ៍បង្ហាញកម្មវិធីបណ្តុះបណ្តាលជំនាញសិល្បៈ, ពិព័រណ៍វត្ថុសិប្បកម្មប្រពៃណី និងផលិតផលសិល្បៈជំនាញជូនតា, ការសម្តែងសិល្បៈទស្សនីយភាពចម្រុះ ព្រមទាំងកម្មវិធីសិល្បៈវប្បធម៌ជាច្រើនទម្រង់ទៀតសម្តែងក្នុងពេលរាត្រី។តាមរយៈរបាយការណ៍លោកប្រធាននាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម នៅក្នុងព្រឹត្តិការណ៍វប្បធម៌ តាមតំបន់លើកនេះ មានគោលដៅបញ្ជ្រៀបការស្វែងយល់អំពីសិល្បៈវប្បធម៌ សិប្បកម្ម និងប្រពៃណីដល់យុវជន និងការបំផុសសិល្បៈមហាជនក្នុងតំបន់ជុំវិញ។ ក្នុងរយៈពេលពីរថ្ងៃ ពីរយប់នេះ ក្រុមការងារបានខិតខំរៀបចំស្តង់ (តុ) អញ្ជើញ សហគមន៍សិប្បកម្មមួយចំនួនមកដាក់តាំងបង្ហាញផលិតរបស់ខ្លួនដូចជា សិប្បកម្មអនុស្សាតម្បាញចេកខ្មែរ មកពីស្រុក បាណន់ ខេត្តបាត់ដំបង សិប្បកម្មកូកូ ដឺ តាកែវ នៅខេត្ត តាកែវ សិប្បកម្មត្នោត ខេត្តពោធិ៍សាត់ និង សិប្បកម្មប្រពៃណីក្នុងសហគមន៍មូលដ្ឋានជុំវិញដូចជា ស្មូនក្អមឆ្នាំងនៅភូមិដំណាក់ចំបក់ តម្បាញកន្ទេលចចូត វេញខ្សែ ជក់ត្នោត ជាដើម ។ទន្ទឹមនឹងនេះ ក្រុមការងារបានរៀបចំស្តង់តាំងបង្ហាញ និងបង្ហាត់ បង្រៀនអំពីផលិតផលវប្បធម៌ផ្នែកសិល្បៈគំនូរ ឌុក ស្មាច់ ដេប៉ាក់ បត់ផ្កា ធ្វើខ្លែង គូរគំនូរ ផាត់ពណ៌ ដាល់អំបុក ព្រមទាំងវេទិកាពិភាក្សាស្វែងយល់ពីមរតកវប្បធម៌ និងសិល្បៈផ្សេងៗទៀតនៅក្នុងកម្មវិធីពេលថ្ងៃ ចាប់ពីម៉ោង៨ ព្រឹកដល់ម៉ោងព៧ល្ងាច។ ក្នុងកម្មវិធីនេះ សាធារណជន ជាពិសេសយុវជន និងក្មួយៗកុមារអាចចូលរួមបានដោយសេរីនៅតាមស្តង់នីមួយ។ដោយឡែកចំពោះទម្រង់សិល្បៈទស្សនីយភាពមកសម្តែងជូនសាធារណជនបានទស្សនាទាំងពីររាត្រីនេះមានក្រុមភ្លេងប្រពៃណី, គុនល្បុក្កតោ, ចាប៉ីដឹងវែង, សិល្បៈសហសម័យ, ល្ខោនបុរាណ, សិល្បៈសៀក អង្គកាហ្វារពន្លឺសិល្បៈ, និង យីកេអង្គប្រៃ ឬអ្នកស្រុកហៅថា “ឡាំអង្គប្លែ” ក្នុងស្រុកឈូក ខេត្តកំពត ។លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានកោតសរសើរចំពោះក្រុមការងារនាយកដ្ឋាន សិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ក្រុមការងាររដ្ឋបាលស្រុកបន្ទាយមាស និងក្រុមការងារវិទ្យាល័យទូកមាស ដែលបានខិតខំប្រឹងប្រែងសហការសាមគ្គីគ្នាយ៉ាងល្អ រៀបចំព្រឹត្តិការណ៍មួយនេះឲ្យលេចរូបរាងឡើងយ៉ាងឱឡាឫកគួរជាទី មោទនៈ។ កិច្ចការដ៏ធំធេងនេះ ក៏ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការចង្អុលបង្ហាញនិងដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការលើកស្ទួយនិងផ្តល់ឱកាសដល់សិល្បករមហា ជន បានសម្តែងជាសាធារណៈជូនប្រជាពលរដ្ឋទស្សនាកម្សាន្តសប្បាយ ។លោកជំទាវ ប៉ែន មុនីមករា ក៏សូមចាត់ទុកព្រឹត្តិការណ៍ទាំង២ថ្ងៃនេះ ជាព្រឹត្តការណ៍ដ៏មានសារៈសំខាន់មួយផ្នែកទៀត នៃការចូលរួមអភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃមត៌កវប្បធម៌ឱ្យកាន់តែផុលផុស។ ទន្ទឹមនឹងនេះ ការចូលរួមនិងការខិតខំបញ្ចេញសមត្ថ ភាពទេពកោសល្យរបស់សិល្បករ-សិល្បការិនី និង ក្មួយៗសិស្សានុសិស្សក្នុងព្រឹត្តិការណ៍នេះ ក៏សបញ្ជាក់អំពីភាពផ្សេងៗគ្នានៃវប្បធម៌តាមសហគមន៍នៅកម្ពុជា ដែលយើងទាំងអស់គ្នាត្រូវលើកតម្លៃ ស្របទៅតាមអនុសញ្ញាឆ្នាំ ២០០៥៕ អត្ថបទ,ភារម្យ

ក្រុមប្រឹក្សាជាតិគាំពារសង្គម ដាក់ដំណើរការមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថលក្នុងខេត្តកំពង់ចាម និងខេត្តសៀមរាប

2024/11/02 04:56:43 pm        844
ក្រុមប្រឹក្សាជាតិគាំពារសង្គម បានដាក់ដំណើរការមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថលក្នុងខេត្តកំពង់ចាម និងខេត្តសៀមរាប។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ប៉ែន សុបភា ជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម រួមទាំង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត, និងដៃគូអភិវឌ្ឍន៍នានា។ ការដាក់ឱ្យដំណើរការ “មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពាសង្គម និងថ្នាលគាំពារសង្គមឌីជីថល ក្នុងខេត្តកំពង់ចាម និងខេត្តសៀមរាប” នៅពេលនេះជាបង្គោលចរណ៍មួយដ៏សំខាន់នៃដំណើរបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីផ្ដល់ភាពងាយស្រួលដល់រដ្ឋបាល/ឃុំសង្កាត់ និងដើម្បីធ្វើឱ្យការបើកផ្ដល់អត្ថប្រយោជន៍គាំពារសង្គមដល់ពលរដ្ឋគោលដៅ បានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ២០២៤-២០២៨ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ជាពិសេសអនុត្រឹត្យស្ដីពីការធ្វើសុខដុម-នីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម។ ថ្នាលគាំពារសង្គមឌីជីថល ជាថ្នាលឌីជីថលរួម ដែលមានលក្ខណៈសមាហរ័ណ និងត្រូវបានអភិវឌ្ឍ សម្រាប់ធ្វើអន្តរប្រតិបត្តិការក្នុងការចុះបញ្ជី និងផ្ទៀងអត្តសញ្ញាណប្រជាជនគោលដៅ និងអត្ថគាហកក្នុងប្រព័ន្ធគាំពារសង្គម ជាមួយនឹងមុខងារសំខាន់ៗ ដូចជាការចុះបញ្ជីអត្តសញ្ញាណរួម, ការចុះបញ្ជីទៅក្នុងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម, ផ្ទៀងអត្តសញ្ញាណ និងសិទ្ធិនៃប្រជាជនគោលដៅ និងអត្ថគាហក, ធ្វើយថាភូតកម្មដោយប្រើប្រាស់ទិន្នន័យជីវមាត្រ, និងមុខងារពិនិត្យ និងតាមដានទិន្នន័យស្ទួន ដោយធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធចុះបញ្ជីនីមួយៗ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ជាមូលដ្ឋានផ្លាស់ប្ដូរទិន្នន័យចុះបញ្ជីគោលមួយដែលមានតួនាទី ក្នុងការបើកគន្លងអន្តរប្រតិបត្តិការ រវាងមូលដ្ឋានទិន្នន័យរបស់ប្រតិបត្តិករជំនួយសង្គម និងសន្តិសុខសង្គមទាំងអស់ ដែលអនុញ្ញាតឱ្យមានការធ្វើសមកាលកម្ម, បច្ចុប្បន្នកម្ម, និងផ្លាស់ប្តូរទិន្នន័យជាប្រព័ន្ធអេកូឡូស៊ីរួម ដោយរួមបញ្ចូលនូវទិន្នន័យប្រជាសាស្ត្រ, ជីវមាត្រ, និងស្ថានភាពសង្គម-សេដ្ឋកិច្ច។ មុខងារទិន្នន័យចុះបញ្ជីគាំពារសង្គមនេះ ផ្តល់នូវលេខសម្គាល់គាំពារសង្គមតែមួយគត់ចំនួន ១០ខ្ទង់ ដោយស្វ័យប្រវត្តិសម្រាប់ទិន្នន័យអត្តសញ្ញាណនីមួយៗ។ជាមួយនឹងការដាក់ឲ្យដំណើរការនេះ លោកជំទាវ ប៉ែន សុបភា ជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ការដាក់ឱ្យដំណើរការ នៅពេលនេះ ជាការបោះជំហានថ្មីមួយដ៏សំខាន់ក្នុងដំណើរនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ និងជាបន្តបន្ទាប់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងដោយមានការចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីបុរេសកម្មរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, និងគ្រប់តួអង្គពាក់ព័ន្ធ។ លោកជំទាវ បានបន្តថា ជាមួយនឹងវឌ្ឍនភាពនេះ កម្ពុជានឹងមានមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គមមួយ ដែលមានសមត្ថភាពគ្រប់គ្រងសភាពការណ៍ទល់នឹងវិបត្តិនានាបានយ៉ាងល្អប្រសើរ និងកាត់បន្ថយកម្មវិបាកអវិជ្ជមានឱ្យនៅក្នុងកម្រិតអាចគ្រប់គ្រងបាន តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់នានា ប្រកបដោយជោគជ័យ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។ ទន្ទឹមនេះ, កិច្ចការ បរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមក៏បាន និងកំពុងរួមចំណែកគាំទ្រយ៉ាងសំខាន់ ដល់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម នានាប្រកបដោយបរិយាបន្ន, តម្លាភាព, ប្រសិទ្ធភាព, ស្វ័យប្រវត្តិកម្ម, និងទាន់ពេល។ ភ្ជាប់ជាមួយសមិទ្ធផលនេះ, លោកជំទាវ ក៏បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍ ដល់ក្រសួង-ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ឱ្យបន្តចលនាការនៃកិច្ចសហការចូលរួមប្រើប្រាស់ មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថល ដើម្បីបម្រើដល់ការចុះបញ្ជី និងកាត់បន្ថយបន្ទុក និងសម្ពាធរបស់មន្ត្រីមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលជាអ្នកអនុវត្តជាមួយនឹងឌីជីថលូបនីយកម្មពេញលេញ ដើម្បីបង្កើនប្រសិទ្ធភាព និងពង្រីកវិសាលភាពបន្ថែម ជាជំហានៗ។

សមាគមមួយកំពុងលើកកម្ពស់ម្ចាស់អាជីវកម្ម ឱ្យក្លាយជាសហគ្រិនឆ្នើម ប្រកួតប្រជែងលើការធ្វើអាជីវកម្ម

2024/11/02 04:42:03 pm        155
ភ្នំពេញ ÷ សមាគមក្នុងស្រុកមួយ កំពុងជំរុញលើកកម្ពស់នៃការផ្លាស់ប្តូរផ្នត់គំនិត និងការអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត ជួយដល់សហគ្រិនកម្ពុជា ឱ្យក្លាយទៅជាសហគ្រិនឆ្នើម បង្កើតនូវផលិតផលមានសក្តានុពល សម្រាប់ទីផ្សារប្រកួតប្រជែង ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋ កិច្ចជាតិ។  លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបអាជីវកម្ម និងការផ្គូផ្គងពាណិជ្ជកម្ម ក្រោមប្រធានបទ (ផ្នត់គំនិត និងការអភិវឌ្ឍន៍ជាយុទ្ធសាស្រ្តជួយដល់សហគ្រិនកម្ពុជា) នៅថ្ងៃទី ១ ខែ វិច្ឆិកា នេះថា ជុំវិញការចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ វិស័យឯកជនគឺជាដៃគូមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមបង្កើនសេដ្ឋកិច្ចជាតិ ជាក់ស្តែងជារៀងរាល់ខែ សមាគម សហគ្រិនវីម៉ូកម្ពុជា តែងតែបានប្រមូលផ្តុំម្ចាស់អាជីវកម្មបានជួបជុំគ្នា ចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និង ការបង្ហាញ អំពីសក្តានុពល និងភាពអំណោយផលផ្សេងៗ ខណៈដែលរាជរដ្ឋាភិបាលបានពង្រីកភាពជា ដៃគូយុទ្ធសាស្រ្តជាមួយបណ្តាប្រទេស ជាច្រើនដូចជា៖ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និង RECP ជាដើម ដែលតាមរយៈនេះ ម្ចាស់ អាជីវកម្មត្រូវតែខិតខំពង្រឹងខ្លួន ដើម្បីជំរុញភាពជោគជ័យក្នុងការធ្វើអាជីវកម្មរបស់ពួកគាត់។ លោក បន្តថា ជាក់ស្តែងជំនួបអាជីវកម្ម និងផ្គូផ្គងពាណិជ្ជកម្មនេះ គឺជាការលើកកម្ពស់ដល់សហគ្រិនដែលជាសមាជិករបស់ សមាគម ដើម្បីជំរុញអាជីវកម្ម ការធ្វើពាណិជ្ជកម្ម និងការគ្រប់គ្រងនៅក្នុងក្រុមហ៊ុន ឬសហគ្រាសរបស់ពួគគាត់ឱ្យកាន់តែមានប្រសិទ្ធ ភាព តាមរយៈការទទួលឱកាសផ្សេងៗ ជាពិសេសការផ្លាស់ប្តូរនូវផ្នត់គំនិតក្នុងការធ្វើការងារ និងសកម្មភាពក្នុងអាជីវកម្មជាដើម ដើម្បី ពង្រឹង និងពង្រីកអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែប្រសើរ និងដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ជុំវិញការធ្វើអាជីវកម្មនេះដែរ, បណ្ឌិត Alexander Evengroen ប្រធាននាយកគ្រប់គ្រង Evengroen Solution Group និងជាអគ្គលេខាធិការសមាគមថាមពលកកើតឡើងវិញ (CARE) នៅក្នុងជំនួបអាជីវកម្មនេះ, លោកបណ្ឌិត បានធ្វើការចែករំលែក នូវចំណុចគន្លឹះសំខាន់ៗមួយចំនួនដល់សហគ្រិនកម្ពុជា នៅលើកការគ្រប់គ្រង និងការរៀបចំផែនការសកម្មភាពអាជីវកម្មផ្សេងៗ ដែល ជាមូលដ្ឋានសម្រាប់ពង្រឹង និងឈានទៅរកការរីកលូតលាស់ក្នុងកិច្ចដំណើរការអាជីវកម្ម ដោយក្នុងនោះសហគ្រិនត្រូវបង្កើតទំនាក់ ទំនង និងការស្វែងរកដៃគូពាណិជ្ជកម្មឱ្យបានច្រើន ព្រោះការប្រមូលផ្តុំសហគ្រិន គឺមានសារៈសំខាន់ណាស់ ក្នុងការពូតដៃគ្នាដើរទៅ រកភាពជោគជ័យ។ សូមបញ្ជាក់ថា ជុំវិញការលើកកម្ពស់ដល់ធុរកិច្ច និងសហគ្រិនក្នុងស្រុកនេះ ឃើញថា នាពេលកន្លងមក មានស្ថាប័នពាក់ព័ន្ធជាច្រើន ជាពិសេសសហគម និងអង្គការដៃគូនានា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការចូលរួមលើកកម្ពស់ តាមរយៈការបង្កើននូវ ចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាឌីជីថល និងបទពិសោធន៍ផ្សេងៗ ដើម្បីភាពរីកលូតលាស់នៅក្នុងកិច្ចដំណើរការអាជីវកម្ម សម្រាប់ជីវភាពរស់នៅរបស់សហគ្រិនផង និងការចូលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផង៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមជាអធិបតីប្រកាសបើកជាផ្លូវការយុទ្ធនាការភ្នំពេញ ស្អាតឆ្នាំ២០២៤

2024/11/02 11:07:56 am        1133
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមព្រឹក្សាភិបាលនៃគម្រោងស្អាត នៅរសៀលថ្ងៃទី១ខែវិច្ឆិកា ម្សិលមិញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកដំណើរការយុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤ ស្ថិតនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ។អញ្ជើញមានវត្តមាននៅក្នុងពិធីនេះមានដូចជា៖ ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំតំណាងក្រសួងបរិស្ថាន តំណាងសាលារាជធានីភ្នំពេញ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បណ្តាសិល្បករ social influencer និងដៃគូសហការនានា។មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមការងារប្រតិបត្តិ និងយុវជនទូតសុឆន្ទៈទាំងអស់ នៃគម្រោងភ្នំពេញស្អាតដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលាចូលរួមដើម្បីរៀបចំនិងបន្តអនុវត្តយុទ្ធនាការភ្នំពេញស្អាត ដ៏មានអត្ថន័យតាំងពីឆ្នាំ២០១៧ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈមកដល់ថ្ងៃនេះ។ឯកឧត្តមបានបន្តថា គម្រោងស្អាតឆ្នាំ២០២៤នេះ ត្រូវបានរៀបចំឡើងក្រោមទិសស្លោក «តម្លៃជាខ្មែរ មោទនភាពអត្តសញ្ញាណខ្មែរ សមត្ថភាពខ្មែរ និងភាពរួបរួម ឯកភាពគ្នា ក្រោមទង់ជាតិខ្មែរតែមួយ» ផ្ដោតទៅលើភាពជាខ្មែរតែមួយ ដែលយើងត្រូវមានមោទនភាពជាខ្មែរ និងចូលរួមថែរក្សា ​និងកសាងបន្ថែម នូវភាពជាខ្មែរ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សគឺចាំបាច់ ក្នុងការត្រៀម ប្រកួតប្រជែង ក្នុងឆាកតំបន់ និងអន្តរជាតិ ជាពិសេសក្នុងបរិបទបដិវត្ត​ឧស្សាហកម្មទី៤.០ និងប្រជាជនពោរពេញដោយធម៌ គឺការចេះជួយយកអាសារគ្នាទៅ វិញទៅមក សាមគ្គីភាព ឥរិយាបទវិជ្ជមាន និងការលើកកម្ពស់តម្លៃគ្រួសារ និង សង្គម។ជាយុវជនដែលបានចូលរួមក្នុងយុទ្ធនាការភ្នំពេញស្អាត​ បានលើកឡើងថា នឹងខិតខំផ្សព្វផ្សាយ​ពីយុទ្ធនាការភ្នំពេញស្អាតទៅដល់សាធារណជនគ្រប់មជ្ឈដ្ឋានឱ្យដឹងបន្ថែមពីគុណតម្លៃនៃភាពស្អាត។ គួរបញ្ជាក់ដែរថា យុទ្ធនាការភ្នំពេញស្អាត ​ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ បញ្រ្ជាបសារអប់រំ​អំពីការថែរក្សាអនាម័យ បរិស្ថាន ជាពិសេសការទុកដាក់សំរាម ដោយផ្តោតចម្បងទៅលើ​ប្រជាពលរដ្ឋ​ដែលរស់ក្នុងរាជធានីភ្នំពេញ ​ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍​ដ៏សំខាន់​មួយរបស់ព្រះរាជាណាចក្រកម្ពុជា។ យុទ្ធនាការនេះ នឹងផ្តោតសំខាន់​លើគោលគំនិតសំខាន់ៗចំនួនបីរួមាន៖ ចិត្តគំនិតស្អាត អាកប្បកិរិយាស្អាត និង ប្រតិបត្តិស្អាត។ អត្ថបទ៖ទូច សោភ័ណ 

រយះពេល១ខែតុលាការរាជធានីខេត្ត ចាត់ការសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៣៤៧ ករណី ឃាត់ខ្លួនចំនួន ៧២៨នាក់

2024/11/02 10:43:50 am        1051
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិកា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹង នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការ​លើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៣៤៧ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១០៣៦ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ៧២៨ នាក់។អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំង​សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការ​អនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយក​ចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ​ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ជាចុងក្រោយ ឯកឧត្តម ជិន ម៉ាលីន បានលើកឡើងថា ​ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន​ ក៏ដូចជាចៀសវាងនូវរាល់​សកម្មភាព​ទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និង​បទល្មើសផ្សេងៗទៀត” ដែល​កើតមាន​នៅមូលដ្ឋាន​របស់ខ្លួនជូនដល់សមត្ថកិច្ច៕ អត្ថបទ៖ កុម្ភះ

កម្ពុជាសង្ឃឹមថា អាល្លឺម៉ង់នឹងជំរុញកិច្ចសហប្រតិបត្តិការវិស័យការងារឱ្យកាន់តែល្អប្រសើរថែមទៀតនៅកម្ពុជា

2024/11/02 10:37:34 am        813
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកជំទាវបណ្ឌិត បាប៊ែល កូហ្លឺ (Bärbel Kofler) រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់ នៅទីស្តីការក្រសួង។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រិបត្តិការក្នុងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តម ហេង សួរ បានថ្លែងការអរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងជួយគាំទ្រ​ដល់ការ​អភិវឌ្ឍ​វិស័យការងារនៅកម្ពុជា ជាពិសេសតាមរយៈអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) លើកិច្ចការងារអធិការកិច្ចក្នុងវិស័យការងាររបស់កម្ពុជា អនុលោមទៅនឹងអង្គការអន្តរជាតិ​ខាងការងារ (ILO)។ ទន្ទឹមនេះ អង្គការ GIZ ក៏បានគាំទ្រដល់វិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងខេត្តបាត់ដំបងផងដែរ។ ឯកឧត្តម សង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកជំទាវបណ្ឌិត មកកម្ពុជានាពេលនេះ នឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែមានភាពល្អប្រសើរថែមទៀត។ ជាកិច្ចឆ្លើយតប ភាគីអាល្លឺម៉ង់ បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្ត​ដាក់​យ៉ាងខ្លាំងចំពោះការគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋ ជាពិសេសកម្រិតប្រាក់ឈ្នួលអប្បបរមា ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ដោយបច្ចុប្បន្នកម្រិតប្រាក់ឈ្នួលអប្បរមា នៅកម្ពុជាក៏ខ្ពស់ជាង​បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ។ លោកជំទាវ ក៏ចាប់អារម្មណ៍ផងដែរ លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ជាពិសេសការអភិវឌ្ឍជំនាញដែលជាកត្តាសំខាន់សម្រាប់វិស័យឯកជន។ ឆ្លៀតក្នុងឱកាសនេះដែរ ​ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុង​យក​ចិត្តទុកដាក់យ៉ាងខ្លាំងលើការគាំពារសង្គម ជាពិសេសការគាំពារតាមរយៈបេឡាជាតិ​សន្តិសុខ​សង្គម (ប.ស.ស.) ដែលមិនត្រឹមតែសម្រាប់កម្មករ និយោជិតប៉ុណ្ណោះទេ គឺសម្រាប់ប្រជាពលរដ្ឋ បុគ្គលស្វ័យនិយោជន៍ អ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ។ ចំពោះវិស័យបណ្តុះបណ្តាល TVET ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីសិក្សាសម្រាប់ TVET​ ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញជាច្រើន ជាពិសេសជំនាញ​មេកានិក មេកាត្រូនិក​ ផ្នែកយានយន្ត ​ជាដើមដែលមានវិទ្យាស្ថានបច្ចេកទេសនានា ទាំងនៅក្នុង​រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ​កំពុងផ្តល់ការបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្រ ឌីប្លូម៉ា និងឧត្តមសិក្សា៕

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន

2024/11/02 10:25:17 am        933
ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ថ្លែងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាគម្រោងដ៏សំខាន់ដែលកម្ពុជា-ចិន បានកសាងរួមគ្នាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជាការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២ ឆ្នាំនៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា តាំងនាមស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅក្នុងកម្មវិធីគម្រប់ខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ចំពោះបុគ្គលិកដែលបានចូលរួមចំណែក និងលះបង់កម្លាំងកាយចិត្តតាំងពីតំណាក់កាលសាងសង់ និងបន្តមកដល់ការបើកដំណើរប្រតិបត្តិមកទល់ពេលនេះ ដោយស្មោះជូនចំពោះប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ។ឯកឧត្តម វ៉ាង វិនពីន បានបន្ថែមថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវល្បឿនលឿនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា និងជាគម្រោងដ៏សំខាន់ដែលកម្ពុជា-ចិន បានកសាងរួមគ្នាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជាការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។ ប្រទេសកម្ពុជា និង ចិនបានសហការយ៉ាងស្អិតរមួតក្នុងការជម្នះឧបសគ្គអំឡុងពេលរីករាលដាលនៃមេរោគកូវីដ-១៩ ហើយបានបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមុនកាលកំណត់រយៈពេល ៨ ខែ ដែលនាំឱ្យប្រទេសកម្ពុជាឈានចូលយុគសម័យ " ផ្លូវល្បឿនលឿន " ។ ចាប់តាំងពីបើកដំណើរការរយៈពេល ២ ឆ្នាំ កន្លងមក លំហូរចរាចរណ៍សរុបនៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានចំនួនដល់ទៅជាង ១០ លានដង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារក្នុងស្រុក លើកកម្ពស់ការអភិវឌ្ឍន៍ក្នុងតំបន់ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ឯកឧត្តមក៏បានធ្វើដំណើរតាមរយះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុជាច្រើនដង ហើយឯកឧត្ដមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ផ្លូវល្បឿនលឿន។ ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនត្រឹមតែធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់នូវសក្តានុពលនៃការ អភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវការយល់ដឹងយ៉ាងជ្រាលជ្រៅ អំពីសមិទ្ធផលជាផ្លែផ្កា និងចក្ខុវិស័យដ៏វែងឆ្ងាយនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ឯកឧត្តម វ៉ាង វិនពីន បានគូសបញ្ជាក់ថា ក្នុងចំណោមបណ្តាប្រទេសផ្សេងៗ កម្ពុជាគឺជាប្រទេសដំបូងគេមួយដែលបានចូលរួម និងអនុវត្តក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ”។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ មានគម្រោងធំៗជា ច្រើនដែលបានសាងសង់ឡើងដោយជោគជ័យ មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពហុកីឡដ្ឋានជាតិមរតកតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ គម្រោងទាំងនេះបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការកម្ពុជាចិន និងជាគំរូសម្រាប់សហគមន៍អន្តរជាតិនៅក្នុងការចូលរួមក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការ“ខ្សែក្រវ៉ាត់ និងផ្លូវ”បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។ ប្រទេសចិនមានឆន្ទៈ យ៉ាងមោះមុតក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “ការធ្វើផែនការរួមគ្នា កសាងរួមគ្នា និងផ្តល់ផលប្រយោជន៍រួមគ្នា” ដើម្បីសាងសង់គម្រោងធំៗបន្តទៀត និងបន្តជំរុញនិងលើកកម្ពស់ប្រទេសតូចតែពោពេញដោយសក្តានុពល។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកចំណែកជាកម្លាំងចលករ ជំរុញសន្ទុះនៃការអភិវឌ្ឍ ហើយនាំមកនូវភាពសុខដុមរមនាដល់ប្រជាជនកម្ពុជា៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពល

2024/11/02 10:18:51 am        1052
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដោយភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងឆ្ពោះទៅកាន់កំពង់ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ដល់សកម្មភាពសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីអបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ឯកឧត្តម ប៉េង ពោធិ៍នា បន្ថែមថា ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយ​ស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងគោលដៅតភ្ជាប់តំបន់អាស៊ីទៅតំបន់អឺរ៉ុប ដើម្បីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនា​សម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែកមួយជួយបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។ឯកឧត្តម ប៉េង ពោធិ៍នា បន្ថែមទៀតថា ​បើទោះជាកម្ពុជាមានផ្លូវល្បឿនលឿន និងមានការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធបណ្តាញផ្លូវស្ពានបានល្អស្អាតយ៉ាងណាក៏ដោយ ក៏នៅតែប្រឈមខ្លាំងជាមួយ​នឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ​ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។ កន្លងមកនេះ ​ឯកឧត្តមកត់សម្គាល់ឃើញថា អង្គភាពគ្រប់គ្រងគម្រោងផ្លូវល្បឿនលឿន​បាននិងកំពុង​ខិតខំជាមួយក្រុមហ៊ុនក្នុងការរិះរកគ្រប់មធ្យោបាយ និងនីតិវិធី ដើម្បីដោះស្រាយ​បញ្ហាប្រឈមនានា​ពាក់ព័ន្ធនឹងករណីកកស្ទះចរាចរណ៍នៅក្នុងអំឡុងពេលមានបុណ្យជាតិធំៗ និងបញ្ហាសុវត្ថិភាពចរាចរណ៍ជាដើម។ តាមរបាយការណ៍រយៈពេល ២ឆ្នាំនេះ ឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍​បានបណ្តាលឱ្យខូចខាត​រថយន្ត របួសធ្ងន់ស្រាល និងស្លាប់ ដែលភាគច្រើនបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពច្បាប់ និងបទដ្ឋានបច្ចេកទេសយានយន្ត។ ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឱ្យក្រុមហ៊ុន និងសមត្ថកិច្ច​គ្រប់គ្រង​លើផ្លូវល្បឿនលឿនបន្តយកចិត្តទុកដាក់បន្ថែមទៀតចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដោយធ្វើការណែនាំឱ្យបានម៉ឺងម៉ាត់លើយន្តការត្រួតពិនិត្យថែទាំបរិក្ខារផ្លូវថ្នល់ឱ្យបានទៀងទាត់ ចាត់វិធានការសម្របសម្រួលសង្គ្រោះរថយន្តខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ​ឱ្យបានទាន់ពេលវេលា ផលិតនូវវីដេអូផ្សព្វផ្សាយអប់រំខ្លីស្តីពីការប្រើប្រាស់ និងសុវត្ថិភាព​ផ្លូវល្បឿនលឿន​ឱ្យបានកាន់តែទូលំទូលាយ ​លើកទឹកចិត្តប្រជាពលរដ្ឋឱ្យបំពាក់ឧបករណ៍ ETC លើយានយន្តរបស់ខ្លួនបន្ថែមទៀត ដើម្បីបញ្ចៀសការកកស្ទះនៅបញ្ជារបង់ប្រាក់ និងបន្តកិច្ច​សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុងការណែនាំ និងអប់រំប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់​សកម្មភាពកាត់របងចូលមកផ្លូវ និងបណ្តោយឱ្យសត្វពាហនៈឆ្លងកាត់បាន ដែលជាហេតុនាំឱ្យ​បង្កជាគ្រោះថ្នាក់ផ្សេងៗ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតកីឡាករក្លឹប Porto Rui Pires ផ្ទេរពីក្លឹបនៅសិង្ហបុរី​មកលេង​ឱ្យជើងឯកកម្ពុជា​ព្រះខ័នរាជស្វាយរៀង
07/12/2026 08:07 AM
អបអរសាទរ អង់គ្លេសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក២០២៦ ក្រោយឈ្នះន័រវែស
07/12/2026 08:07 AM
ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
07/11/2026 07:07 PM
កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov
07/11/2026 05:07 PM
ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤
07/11/2026 05:07 PM
អ៊ីរ៉ង់​បានតប​ធ្ងន់ៗ​ទៅ​​លោក Trump វិញ បន្ទាប់ពី​លោក​ទទូច​ថា ​បទឈប់បាញ់គឺ​​ចប់​ហើយ
07/11/2026 05:07 PM
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងា​រជាង ២ពាន់កន្លែងកំពុងរង់​ចាំអតីតពល​ករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ
07/11/2026 04:07 PM