ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព័ត៌មានជាតិ

ភាគីកូរ៉េលើកទឹកចិត្តពលករខ្មែរឱ្យបង្កើនសិក្សាភាសាកូរ៉េដើម្បីបង្កើនផលិតភាពការងារ

2024/11/02 10:07:31 am        922
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម គីម ហានគីល (Kim Han-Gil) ប្រធានគណៈកម្មាធិការរួបរួមជាតិនៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។នៅក្រោយចប់ជំនួបការងារនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរឱ្យដឹងថា ជំនួបនេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការបញ្ជូន និងទទួលពលករកម្ពុជាទៅធ្វើការ​នៅ​ក្នុងប្រទេសកូរ៉េ រួមនិងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។នាឱកាសនោះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែល​ជួយ​ក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅសិក្សានៅប្រទេសកូរ៉េ ជាពិសេសរដ្ឋាភិបាលកូរ៉េបានជួយកសាង​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេសកម្ពុជា (NPIC) ដែលភាគច្រើនស្គាល់ថា សាលាកូរ៉េ ដែលបាននិងកំពុង​បណ្តុះបណ្តាល​ធនធានមនុស្សជាច្រើនលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ភាសាកូរ៉េ ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យនៃប្រទេសកូរ៉េ ផងដែរ។ ទន្ទឹមនេះ វិទ្យាស្ថាន NPIC ក៏កំពុងសហការជាមួយក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ លើការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញយានយន្ត ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាទៀតផង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា កូរ៉េ បានក្លាយជាទិសដៅដែលពលករកម្ពុជា​ចង់ទៅ​ធ្វើការ ដោយសារទទួលបានប្រាក់ចំណូលខ្ពស់ មានការគាំពារពីរដ្ឋាភិបាលកូរ៉េ និងអាចទទួលបាន​ជំនាញខ្ពស់ពេលត្រឡប់មកប្រទេសកម្ពុជាវិញ។ តាមរយៈនៃសមិទ្ធផលទាំងនេះ បង្ហាញថាកម្ពុជា-កូរ៉េ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាមិន​ត្រឹម​តែរវាងរដ្ឋនិងរដ្ឋ ក្រសួងនិងក្រសួងប៉ុណ្ណោះទេ តែក៏មានកិច្ចសហប្រតិបត្តិការយ៉ាងល្អលើ​វិស័យវប្បធម៌ និងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ជាការឆ្លើយតប ឯកឧត្តម Kim Han-Gil បានជម្រាបជូនថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មាន​គោល​នយោបាយដែលត្រូវការកម្លាំងពលកម្មបរទេសកាន់តែច្រើន ជាពិសេសកម្លាំង​ពលកម្ម​ជំនាញខ្ពស់ ដែលចំណុចនេះ ឯកឧត្តម រំពឹងថា កម្ពុជានឹងអាចអភិវឌ្ឍន៍​កម្លាំងពលកម្ម​ជំនាញ​កាន់តែច្រើន ដើម្បីចូលរួមបំពេញតម្រូវការទៅតាមកូតារបស់សាធារណរដ្ឋកូរ៉េ។ ឯកឧត្តម ក៏​លើកទឹកចិត្តដល់ពលករកម្ពុជាដែលកំពុងបំពេញការងារនៅប្រទេសកូរ៉េ រៀនភាសាកូរ៉េបន្ថែមទៀត​ផងដែរ៕

ដើម្បីលើកកម្ពស់គុនខ្មែរឲ្យកាន់តែខ្លាំងបន្ថែមទៀត សម្តេចតេជោ ណែនាំឲ្យមានការរៀបចំក្លឹបបង្រៀននៅតាមមូលដ្ឋាន

2024/11/02 09:46:47 am        920
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យអ្នកគ្រប់គ្រង​កីឡាប្រដាល់គុនខ្មែរ និងភាគីពាក់ព័ន្ធទាំងអស់ធ្វើការរៀបចំក្លឹបប្រដាល់គុនខ្មែរ នៅតាមមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាលើកស្ទួយវិស័យកីឡាគុនខ្មែរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត បើទោះបីជាបច្ចុប្បន្ន កីឡាគុនខ្មែរបានកំពុងពេញនិយមក្តី ប៉ុន្តែមិនទាន់បានជាទូលំទូលាយនោះទេ។ក្នុងឱកាសអញ្ជើញសំណេះសំណាល និង​ពិសារអាហារ​សាមគ្គីជាមួយក្រុមកីឡា​បាល់ទាត់​តារា​កម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡាគុនខ្មែរយើងបច្ចុប្បន្ននេះ កំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញ តែប៉ុណ្ណោះ ហើយសម្តេចរំពឹងថា កីឡាគុនខ្មែរនឹងរីកចម្រើន លូតលាស់ជាងនេះ នាពេលខាងមុខ បើសិនជាមានការគាំទ្រឲ្យបានដិតដល់ជាងនេះ ទៀតនោះ។ ដូច្នេះគប្បីត្រូវធ្វើការរៀបចំក្លឹមប្រដាល់គុនខ្មែរនេះ ឲ្យបានច្រើនបន្ថែមទៀត​ នៅតាមបណ្តាខេត្តនានា​ប្រសិនអាចធ្វើទៅបាន។សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ការរៀបចំក្លឹបប្រដាល់គុនខ្មែរក៏ដូចជាការជួយតាមរយៈ ការបណ្តុះបណ្តាលជាថ្នាលកីឡានៅឯមូលដ្ឋាននេះ គឺដើម្បីផ្សារភ្ជាប់ការសិក្សារបស់យុវជន កុំឲ្យពួកគេបោះបង់ការសិក្សាចោល ​ហើយក៏គប្បីត្រូវផ្តល់ថវិកា​ប្រចាំ​ខែដល់ពួកគេផងដែរ ដើម្បី​បំប៉ន និងឲ្យពួកគេទទួលទានអាហារបានគ្រប់គ្រាន់​សម្រាប់ការ​ហ្វឹកហាត់ ហើយនេះគឺជា​ការធានា​មួយសម្រាប់និរន្តរភាព ​នៃកីឡាករ ​កីឡាការិនីរបស់កម្ពុជាយើងផងដែរ។សម្តេចតេជោ ​ហ៊ុន សែន ក៏បានរំពឹងផងដែរថា គំនិត​ផ្តួចផ្តើម​របស់សម្តេច​ឲ្យមានការរៀប​ចំក្លឹប​កីឡាគុនខ្មែរនៅតាម​មូលដ្ឋាន​នេះ​ គឺអាចធ្វើទៅបាន ​ដោយសារតែការ​ចំណាយសម្រាប់ការ បណ្តុះ​បណ្តាលថ្នាលកីឡាគុនខ្មែរតាមមូលដ្ឋាននេះ ​គឺមិនសូវជាចំណាយច្រើននោះទេ ​ហើយប្រសិន​បើ​យើងសាមគ្គីគ្នា​ ពីសំណាក់អ្នកមានធនធាន ​ដូចជាឧកញ៉ា​ ឧបនាយករដ្ឋមន្រ្តី ភាពរីកចម្រើន​របស់​កីឡាគុនខ្មែរ ​នឹងកាន់តែខ្លាំងជាងនេះទៅទៀត ជាក់ជាមិនខាននោះឡើយ៕ អត្ថបទបាន ចក់

សម្តេចតេជោអំពាវនាវឲ្យអ្នកមានធនធានជួយឧបត្ថម្ភក្លឹបគុនខ្មែរនៅតាមខេត្តនានា ដើម្បីលើកកម្ពស់គុនខ្មែរឲ្យកាន់តែប្រសើរថែមទៀត

2024/11/01 10:22:00 pm        120
ភ្នំពេញ ÷ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអំពាវនាវដល់អ្នកមាន ដូចជាប្រធានក្រុមហ៊ុន ជាឧកញ៉ា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីជាដើមនោះ ជួយឧបត្ថម្ភក្លឹបគុនខ្មែរនៅតាមខេត្តនានា ដើម្បីធានានិរន្តរភាពនៃការហ្វឹកហាត់ ដឹងដើម្បីលើកទឹកចិត្តដល់កីឡាករប្រដាល់ ព្រមទាំងដើម្បីឲ្យវិស័យគុនខ្មែរកាន់តែរីកចម្រើនទៅមុខទៀត ខណៈបច្ចុប្បន្នវិស័យគុនខ្មែរកំពុងមានការរីកចម្រើនក្តី ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញតែប៉ុណ្ណោះ។ក្នុងឱកាសអញ្ជើញ សំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាប្រដាល់គុនខ្មែរ នាល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ តេជោ ហ៊ុន សែន បាន ថ្លែងថា កីឡាគុនខ្មែរយើងបច្ចុប្បន្ននេះ កំពុងមានការរីកចម្រើន ប៉ុន្តែការរីកចម្រើននេះ បានប្រមូលផ្តុំនៅតែរាជធានីភ្នំពេញតែប៉ុណ្ណោះ ហើយសម្តេចបន្តថា រំពឹងថា កីឡាគុនខ្មែរនឹងរីកចម្រើន លូតលាស់ជាងនេះនាពេលខាងមុខ បើសិនជាមានការគាំទ្រអោយបានដិតដល់ជាងនេះទៀតនោះ។ជាមួយគ្នានោះដែរ សម្តេចតេជោ បានស្នើឱ្យមានការពិចារណាជួយគាំទ្រ ការបណ្តុះបណ្តាលតាមបណ្តាក្លឹបគុនខ្មែរនៅតាមខេត្តនានាទូទាំងប្រទេស ហើយសម្ដេចក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់«សូមចូលរួមលើកកម្ពស់គុនខ្មែរ តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបគុនខ្មែរនានា ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់កីឡាករ និងដើម្បីភាពរីកចម្រើននៃកីឡាគុនខ្មែរយើងនាពេលខាងមុខផងដែរ»។យ៉ាងណាក៏ដោយ សម្តេចតេជោហ៊ុន សែន ក៏បានសម្តែងនូវការអបអរសាទរចំពោះការប្រកួតរបស់កីឡាករបាល់ទាត់គុនខ្មែរ ដែលទទួលបានថវិការហូតដល់ប្រមាណ១ពាន់លានរៀលកាលពីពេលកន្លងទៅនេះផងដែរ ហើយជាមួយគ្នានោះសម្តេចតេជោ ក៏បានណែនាំបន្ថែមឲ្យអ្នករៀបចំកម្មវិធីប្រដាល់ឬគ្រប់គ្រងកីឡាករប្រដាល់ទាំងអស់ កែនកីឡាករប្រដាល់ពីតាមបណ្តាខេត្តនានាឲ្យមកប្រកួតនៅក្នុងរាជធានីភ្នំពេញ កុំឲ្យយកតែអ្នកនៅភ្នំពេញមកប្រកួតញឹកញាប់ពេកនាំឲ្យបាក់កម្លាំងកីឡាករ ខណៈការធ្វើបែបនេះ ក៏ជាការផ្តល់ឱកាសដល់កីឡាករនៅតាមបណ្តា ខេត្តធ្វើការប្រកួតតាមរយៈស្ថានីយ៍ទូរទស្សន៍ផងដែរ៕អត្ថបទ បាន ចក់

​មន្រ្តីធនាគារជាតិលើកទឹកចិត្តឱ្យចេះសន្សំប្រាក់ ដើម្បីខ្លួនឯងនិងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ

2024/11/01 07:54:29 pm        133
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់សាធារណជនចេះសន្សំប្រាក់ ជាពិសេសជាមួយគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុផ្លូវការ ដែលវានឹងជួយបំពេញតម្រូវការហិរញ្ញវត្ថុនាពេលអនាគត និងជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាប្រភព មូលធន សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុរបស់វិនិយោគិនក្នុងប្រទេស។​លោក ឡាយ សុខហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាផ្សព្វ ផ្សាយស្តីពី “ទិវាសន្សំអាស៊ាន” ក្រោមប្រធានបទ «សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ» នៅខេត្តកំពង់ស្ពឺ ម្សិលមិញនេះថា ការសន្សំប្រាក់ គឺជាសំណាញ់ហិរញ្ញវត្ថុដ៏សំខាន់ និងចាំបាច់សម្រាប់ឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការហិរញ្ញវត្ថុបន្ទាន់ ដែលឥតបាន ព្រៀងទុកនាពេលអនាគត ហើយក៏ជាផ្នែកមួយនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារ ដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ។ បញ្ហានេះ យើងអាចសន្សំប្រាក់នៅតាមផ្ទះ ក្នុងទូដែកសុវត្ថិភាព ឬក្នុងកូនជ្រូកសន្សំជាដើម ប៉ុន្តែការសន្សំដែលល្អប្រពៃនោះ គឺការសន្សំ ប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដែលហៅថា “ប្រាក់បញ្ញើសន្សំ” ។ លោក លើកឡើងបន្ថែមថា ការដាក់ប្រាក់បញ្ញើសន្សំនៅតាមគ្រឹះស្ថានផ្លូវការ នាំឱ្យយើងនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ផ្តល់នូវការថែរក្សា និងការពារប្រាក់សន្សំរបស់យើងប្រកបដោយសុវត្ថិភាព, ផ្តល់នូវចំណូលការប្រាក់សន្សំបន្ថែម, ទទួលបាននូវកិច្ច ការពារតាមផ្លូវច្បាប់, និងផ្តល់លទ្ធភាពដល់ការរៀបចំគម្រោងហិរញ្ញវត្ថុ សម្រាប់អនាគតច្បាស់លាស់។ លើសពីនេះ នៅពេលយើងសន្សំ ជាមួយគ្រឹះស្ថានផ្លូវការ មានន័យថា យើងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយសារប្រាក់បញ្ញើសន្សំទាំងនេះ គឺជា ប្រភពមូលធនដ៏សំខាន់មួយ សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុរបស់វិនិយោគិនក្នុងប្រទេស។ដោយមើលឃើញអំពីសារៈសំខាន់ និងភាពចាំបាច់ក្នុងការជំរុញវប្បធម៌សន្សំ នៅតាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ដែលមានទិសដៅបង្កើនលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ មានគុណភាពកាត់បន្ថយអត្រាស្រី្ត ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ និងពង្រីកការប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ ព្រមទាំងធ្វើឱ្យប្រសើរទ្បើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។ យុទ្ធសាស្ត្រជាតិនេះក៏ផ្តោតលើ ការលើកទឹកចិត្ត និងការជំរុញឱ្យប្រជាពលរដ្ឋធ្វើការសន្សំជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើផងដែរ។ក្នុងន័យនេះ លោក ឡាយ សុខហេង បានធ្វើការលើកទឹកចិត្តដល់សាធារណជន ធ្វើការសន្សំប្រាក់ ជាពិសេសជាមួយគ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដោយសូមគិតថា “ការបង្កើតទម្លាប់សន្សំប្រាក់ជាប្រចាំ អាចនឹងពិបាក ប៉ុន្តែផលដែលទទួល បានពីការសន្សំនេះពិតជាមានតម្លៃ”។ ទម្លាប់សន្សំទៀងទាត់ ទោះតិចក្តី ឬច្រើនក្ដី នឹងជួយយើងបំពេញតម្រូវការហិរញ្ញវត្ថុបន្ទាន់ នាពេលអនាគត សម្រាប់យើងខ្លួនឯង និងមនុស្សជាទីស្រលាញ់។ ម្យ៉ាងវិញទៀត, លោកក៏បានលើកទឹកចិត្ត ដល់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ បន្តពង្រឹងប្រតិបត្តិការ និងពង្រីកវិសាលភាពនៃការផ្ដល់សេវាហិរញ្ញវត្ថុ ស្របតាមតម្រូវការ ប្រកបដោយប្រសិទ្ធភាព និង ទំនួលខុសត្រូវខ្ពស់ ដើម្បីទទួលបានទំនុកចិត្តពីសាធារណជនបន្ថែមទៀត៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងការងារលេីកទឹកចិត្តសិស្សបញ្ចប់ថ្នាក់ទី១២ ងាកមករៀនជំនាញ TVET ដេីម្បីឆ្លេីយតបទីផ្សារការងារថ្ងៃអនាគត

2024/11/01 05:16:11 pm        199
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សិស្សដែលទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ថា យុវជនដែលទទួលបានលទ្ធផលជាប់ ឬក៏មិនជាប់ក្តី គួរសម្លឹងមកចាប់អារម្មណ៍លើការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់រាជរដ្ឋាភិបាល ពីព្រោះការសិក្សាជំនាញមួយនេះគឺជាស្ពានអនាគត អាចធ្វើឱ្យយុវជនមានជំនាញមួយច្បាស់លាស់ ស្រួលរកការងារធ្វើ។ យុវតី ទ្រី ស្រីនិច ជាសិស្សដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ក្នុងខេត្តកំពង់ស្ពឺ បានលើកឡើងថា ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈគឺមានសារសំខាន់សម្រាប់យុវជនដែលទើបទទួលបានលទ្ធផលប្រឡងបាក់ឌុបថ្មីៗនេះ ជាពិសេសអ្នកទទួលបានលទ្ធផលមិនជាប់ ឬអ្នកជាប់ ហើយគ្មានលទ្ធភាពទៅបន្តការសិក្សានៅសាកលវិទ្យាល័យបាន ពីព្រោះកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជន (TVET 1.5M) ពុំមានការបង់ថ្លៃសិក្សា ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទទួលបានប្រាក់ឧបត្ថម្ភ ២៨០ ០០០ដុល្លារក្នុងមួយខែថែមទៀតផង។ យុវតីរូបនេះបន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺសិក្សាត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ហើយយុវជនរៀនឆាប់ចេះជាមួយកម្មវិធីសិក្សាដ៏ល្អរបស់គ្រឹះស្ថានបណ្តុះបណ្តាល និងឆាប់មានការងារធ្វើ។ សិស្សានុសិស្សរបស់យើងអាចចាប់យកការសិក្សាជំនាញរយៈពេលខ្លី សិន ចាំបន្តការសិក្សានៅសាកលវិទ្យាល័យក៏មិនទាន់ហួសពេលដែរ ដោយឡែកបងប្អូនដែលប្រឡងមិនជាប់ក្តី ឬប្រឡងជាប់ហើយតែពុំមានលទ្ធភាពបន្តការសិក្សានៅសាកលវិទ្យាល័យបានភ្លាមៗ អាចជ្រើសរើសរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីជាស្ពានចម្លងទៅថ្ងៃអនាគត។   ស្រដៀងគ្នានេះ យុវជន ធូ វួចឆាយ ជាសិស្សម្នាក់ទៀតដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ក៏បានលើកឡើងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសរបស់រាជរដ្ឋាភិបាលនេះគឺល្អណាស់សម្រាប់យុវជន ពីព្រោះកម្មវិធីបណ្តុះបណ្តាលមួយនេះមានជំនាញល្អៗជាច្រើនសម្រាប់ជ្រើសរើសសិក្សាដូចនៅសាកលវិទ្យាល័យផងដែរ។ យុវជនដែលទើបតែបញ្ចប់ការប្រឡងថ្នាក់ទី១២ ថ្មីៗនេះគួរកុំមើលរំលងឱកាសក្នុងការសិក្សាជំនាញមួយនេះ។ ដោយឡែក យុវជន ហ៊ាម ឃ្លីនតុន បានឲ្យដឹងដែរ កន្លងមកឃើញមានមន្រ្តីរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជា ក៏ដូចជាលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស បានមកផ្តល់ព័ត៌មានអំពីការសិក្សាជំនាញ TVET មួយនេះមកដល់សាលារៀនផ្ទាល់ផងដែរ។ យុវជនរូបនេះមានការចាប់អារម្មណ៍ខ្ពស់លើកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះ ហើយលើកទឹកចិត្តឱ្យសិស្សានុសិស្សដែលទទួលបានលទ្ធផលមិនគាប់ប្រសើរក្នុងការប្រឡងបាក់ឌុបកាលពីពេលថ្មីៗនេះ សូមចាប់យកការសិក្សាជំនាញបច្ចេកទេសនេះដោយចាំបាច់បំផុត។ គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយកម្មវិធីសិក្សាជំនាញមួយនេះគឺមិនមានការបង់ថ្លៃសិក្សា, និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, សិក្សារយៈពេល៤ ខែ ដោយអាចជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្ត។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយនេះកំពុងតែដំណើរការបណ្តុះបណ្តាលយុវជនជាច្រើនមុឺននាក់ ហើយបច្ចុប្បន្ននៅតែបន្តជ្រើសរើសយុវជនចូលសិក្សានៅទូទាំងប្រទេសផងដែរ៕

ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥

2024/11/01 05:12:44 pm        132
ប៉ៃលិន៖ ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។បើតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ឆ្នាំសិក្សាថ្មី ២០២៤-២០២៥នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានមធ្យមសិក្សាសាធារណៈចំនួន ៩កន្លែង ក្នុងនោះវិទ្យាល័យចំនួន៣ និងអនុវិទ្យាល័យចំនួន ៦ ដែលមានសិស្សសរុប ៥.៨៥៩នាក់ ស្រី ៣.១៩៧ នាក់, គ្រឹះស្ថានមធ្យមសិក្សាឯកជនចំនួន១កន្លែង ក្នុងនោះអនុវិទ្យាល័យចំនួន១ ដែលមានសិស្សសរុប ៩៨នាក់ ស្រី៦១ នាក់, គ្រឹះស្ថានបឋមសិក្សាសាធារណៈចំនួន ៥៣ សាលា ដែលមានសិស្សសរុប ១៦.១៩៥ នាក់ ស្រី ៥.៣០៥ នាក់ (ក្នុងនោះសិស្សគ្រប់អាយុចុះឈ្មោះចូលរៀនថ្នាក់ទី១ចំនួន ១.៣៩៩នាក់ ស្រី ៦៨២នាក់), មត្តេយ្យសិក្សាសាធារណៈចំនួន ២៥ សាលា ដែលមានសិស្សចុះឈ្មោះចូលរៀនថ្មីសរុប ៤៨១នាក់ ស្រី ២៤៤នាក់ និងមត្តេយ្យសិក្សាសហគមន៍សិស្សចុះឈ្មោះចូលរៀនថ្មីសរុប ១១៧នាក់ ស្រី ៦៧នាក់។លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ចាត់ទុកជាឆ្នាំទី២ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ចាប់ផ្ដើមអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ ព្រមទាំងយុទ្ធសាស្ត្រកំណែទម្រង់អាទិភាព ៨ចំណុច ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញរួមមាន៖ ១-ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព, ២-កំណែទម្រង់សាលារៀន, ៣-ការអភិវឌ្ឍយុវជន ដើម្បីលើកកម្ពស់បំណិនសតវត្សទី២១, ៤-ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ៥-ការអប់រំឌីជីថល, ៦-កំណែទម្រង់សាលាគរុកោសល្យ, ៧-ការលើកកម្ពស់សុខភាពសិក្សា និង ៨-ការបង្កើតមជ្ឍមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា។លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់មន្ទីរអប់រំ និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្ដានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀន និងរៀន ដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជាសាលាកុមារមេត្រី កម្រិតអភិវឌ្ឍន៍ ជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ព្រមទាំងបន្តលើកកម្ពស់សុខភាពសិក្សា និងសុខុមាលភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅគ្រប់គ្រឹះស្ថានសិក្សា ថែមទាំងរៀបចំបរិស្ថានសាលារៀនស្អា បៃតង ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ នៅគ្រឹះស្ថានសិក្សាគ្រប់កម្រិត។នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើ និងសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឪពុកម្ដាយទី២ ជាមគ្គុទ្ទេសន៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ហើយចំពោះក្មួយៗសិស្សានុសិស្សទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង ”អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ផងដែរ ៕

រដ្ឋាភិបាលកម្ពុជាណែនាំសាកលវិទ្យាល័យរបស់ជប៉ុន បន្ថែមកម្មវិធីសិក្សាផ្នែកវិស្វកម្មកសិកម្មដើម្បីអភិវឌ្ឍធនធានមនុស្ស

2024/11/01 05:08:53 pm        100
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ណែនាំឱ្យសាកលវិទ្យាល័យរបស់ជប៉ុន ណាហ្គោយ៉ា ពិនិត្យលទ្ធភាពក្នុងការបន្ថែមនូវកម្មវិធីសិក្សាផ្នែកវិស្វកម្មកសិកម្ម ដោយសិក្សាទៅលើគ្រឿងយន្តកសិកម្ម ដើម្បីអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ក្នុងជំនួបការងារជាមួយសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ណាហ្គោយ៉ា និងក្រុមហ៊ុន SATAKE កាលរសៀលថ្ងៃទី៣១ តុលា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការបន្តសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យកសិកម្មកម្ពុជា។ពាក់ព័ន្ធការណែនាំខាងលើនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើសាកលវិទ្យាល័យជួយជំរុញកម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញទន់បន្ថែមទៀត និងផ្តល់នូវការសិក្សាភាពជាអ្នកដឹកនាំ ដែលអាចគ្រប់គ្រងនូវសហគមន៍កសិកម្មទំនើប ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងជាធនធានមនុស្សមានចំណេះជំនាញពិតប្រាកដ។ បន្ថែមពីនេះ ឯកឧត្តម បានលើកទឹកចិត្តដល់សាកលវិទ្យាល័យណាហ្គោយ៉ា ក្នុងការធ្វើកម្មវិធីហាត់សិក្សាដល់និស្សិតជប៉ុនមកកាន់កម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ ជាមួយនិស្សិតសាកលវិទ្យាល័យកសិកម្មកម្ពុជាទាំង៣ ជាពិសេសបានស្វែងយល់ពីវិស័យកសិកម្មកម្ពុជាផងដែរ។ បើតាម ក្រសួងកសិកម្ម ជំនួបការងារនេះ ក្នុងគោលបំណងដើម្បីសម្តែងការគួរសម និងបង្ហាញពីផែនការសកម្មភាព យុទ្ធសាស្រ្តអន្តរជាតិ របស់សាកលវិទ្យាល័យណាហ្គោយ៉ាក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោងស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម ការវិវត្តន៍នៃមន្ទីរពិសោធន៍ និងស្នើសុំការគាំទ្រពីក្រសួងកសិកម្ម លើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យណាហ្គោយ៉ា៕អត្ថបទ ឈិត បូរ៉ាវី 

ឯកឧត្ដម មាន ចាន់យ៉ាដា ផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខនានាដែលសង្គមស្អប់ខ្ពើម

2024/11/01 04:07:31 pm        1248
ឧត្ដរមានជ័យ៖ ក្នុងឱកាសបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានធ្វើការផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខនានាដែលសង្គមស្អប់ខ្ពើម ហើយត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ នៅក្នុងសង្គម។ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាល័យតេជោសែនសំរោង ​ព្រមទាំង​មាន​ការ​ចូលរួម​ពី​អាណាព្យាបាល​សិស្ស​លោកគ្រូអ្នកគ្រូ សិស្សានុសិស្សផងដែរ ។ក្នុងនោះដែរ ឯកឧត្ដម មាន ចាន់យ៉ាដា បានមានប្រសាសន៍បន្ដទៀតថា ការបើកបវេសសនកាល​នេះធ្វើឡើងដើម្បី​ដាស់​ស្មារតី​សិស្សានុសិស្ស ​ឲ្យ​យកចិត្តទុកដាក់ខ្ពស់ ​លើការសិក្សារបស់ខ្លួន​គ្រប់​ពេលវេលា។ឯកឧត្ដមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការសិក្សារៀនសូត្រ​មិនត្រឹម​តែ​អនុវត្ត​នៅក្នុងវិស័យសិក្សា​តែប៉ុណ្ណោះទេ ថែមទាំងតម្រូវឲ្យមានការបន្តលើកកម្ពស់ និងការអភិវឌ្ឍគ្មានថ្ងៃបញ្ចប់ ដើម្បី​ធានានូវការផលិតធនធានមនុស្ស​ប្រកប​ដោយគុណភាពអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ឯកឧត្ដម មាន ចាន់យ៉ាដា បានបន្ដទៀតថា ការអប់រំល្អផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល ជាពិសេសបង្កើននូវធនធានមនុស្ស និងកម្លាំងពលកម្ម​ដែលមាន​ចំណេះដឹង​ប្រកបដោយវិជ្ជាជីវៈ​ ដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាព​ទៅ​លើទីផ្សារការងារ និង​តម្រូវការអភិវឌ្ឍសង្គមជាតិផងដែរ។បើតាមលោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យ ក្នុងពិធីបើកបវេសនកាលឆ្នាំថ្មីព្រឹកមិញនេះដែរ បានលើកឡើងថា សម្រាប់ឆ្នាំសិក្សាថ្មី២០២៤នេះ ចំនួន​សិស្សដែលជាបេក្ខជនចុះឈ្មោះ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មាន សរុប ១៧៥០នាក់ បើគិតពីឆ្នាំមុន មានត្រឹមតែចំនួន១៦៤៧ តែប៉ុណ្តោះ កើនឡើងជាង១០០នាក់។ក្នុងនោះ ​សិស្សដែលប្រឡងជាប់ មានចំនួន១៤៣៩នាក់ ស្រី៧៩៣នាក់ ដោយ​និទ្ទេស A ចំនួន ៨នាក់ ស្រី ៣នាក់ / និទ្ទេស B ចំនួន ១០២នាក់ ស្រី ៥៩នាក់ / និទ្ទេស C ចំនួន ២៩២នាក់ ស្រី ១៧៩នាក់ /និទ្ទេស D ចំនួន ៥៨០នាក់ ស្រី ៣១៣នាក់ និង និទ្ទេស E ចំនួន ៤៥៧នាក់ ស្រី ២៣៩នាក់។

សមាគមកាយប្ញទ្ធិនារីកម្ពុជាបោះជំរំប្រចាំឆ្នាំផ្ដោតលើប្រធានបទ«យុវតីយើង អនាគតអ្នកដឹកនាំយើង»

2024/11/01 03:58:23 pm        1230
«យុវតីយើង អនាគតអ្នកដឹកនាំយើង»គឺជាប្រធានបទនៃការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលត្រូវបានរៀបរៀបចំធ្វើឡើងរយៈពេល ៤ ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី។ ពិធីបើកការបោះជំរំប្រចាំឆ្នាំនេះ ត្រូវបានប្រព្រឹត្តទៅអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគម និងមានការចូលរួមពីថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងថ្នាក់ដឹកនាំនៃកាយប្ញទ្ធិជាតិកម្ពុជា ព្រមទាំងសមាជិកសមាជិកា របស់សមាគម ចូលរួមប្រមាណជាង ៣២០ នាក់ មកពី ៦ សាខាទូទាំងប្រទេស។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា បានមានប្រសាសន៍ក្នុងពិធីបើកការកម្មវិធីបោះជំរំនាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នេះថា តាមរយៈការរួបរួមគ្នានារយៈពេលកន្លងមក នាំឱ្យសមាគមកាយប្ញទ្ធិនារីកម្ពុជាមានភាពរីកចម្រើនជាលំដាប់ដោយបានពង្រីកនូវសាខាថ្មីៗ បន្ថែម ហើយនៅជំហានបន្ទាប់ សមាគមនឹងបន្តអប់រំ បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពរបស់កុមារី និងយុវតីកម្ពុជាឱ្យពួកគេក្លាយជាអ្នកដឹកនាំនាថ្ងៃអនាគត។លោកជំទាវបណ្ឌិតក៏បានមានប្រសាសន៍ ជំរុញ លើកទឹកចិត្តយុវតី ឱ្យពួកគេមានភាពក្លាហាន និងចេះស្រលាញ់គ្នា ចេះជួយយកអាសារគ្នាទៅវិញទៅមក និងសហការគ្នាធ្វើការងារជាក្រុម ដែលសំដៅថាកម្លាំងសាមគ្គីភាពគឺជាស្ពានឆ្ពោះទៅរកភាពជោគជ័យ។ លោកជំទាវបណ្ឌិតក៏បានលើកឡើងពីតួអង្គស្រ្តីជាអ្នកដឹកនាំសំខាន់ជុំវិញពិភពលោក មកធ្វើជាឧទាហរណ៍សម្រាប់ប្អូនៗ ថា បច្ចុប្បន្ននេះពិភពលោកបានឱ្យតម្លៃស្រ្តីជាខ្លាំង ហើយចាប់តាំងឆ្នាំ ២០១៦ មក មានស្ថិតិបង្ហាញថាស្រ្តីមានតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងវិស័យឯកជន និងក្នុងជួររាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកជំទាវបានបង្ហាញការជឿជាក់ថាយុវតីកម្ពុជានឹងក្លាយជាអ្នកដឹកនាំសំខាន់ៗនាពេលអនាគត។ ការបោះជំរំដ៏ធំប្រចាំឆ្នាំ២០២៤នេះ មានការជួបជុំសមាជិក សមាជិកា របស់សមាគមកាយប្ញទ្ធិនារីទាំង ៦សាខា រួមមាន៖ សាខាក្រុងភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី។ រយៈពេល ៤ ថ្ងៃនេះការបោះជំរំ គឺមានសកម្មភាពសំខាន់ៗជាច្រើន ការតម្រង់ទិស កុមារី និងយុវតី ដែលជាអនាគតអ្នកដឹកនាំនៅក្នុងសង្គម ព្រមទាំងមានរៀបចំនូវសកម្មភាពជួយសង្គម និងសកម្មភាពកម្សាន្តសប្បាយជាច្រើនដែលបង្កប់នូវចំណេះដឹង និងការអប់រំសម្រាប់ប្អុនៗផងដែរ ដូចជាការរៀនពីរបៀបតម្លើងតង់រួមគ្នា ការរៀនធ្វើម្ហូបជុំគ្នា ការលេងល្បែងកម្សាន្តជុំគ្នា ការហាត់យោគៈរួមគ្នា ព្រមទាំងការដុតភ្លើងគប់ជុំគ្នាជាដើម៕ អត្ថបទ៖ ចេន សុភានាថ 

សិស្សានុសិស្សប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រក្នុងឆ្នាំសិក្សា ២០២៤-២០២៥

2024/11/01 03:31:54 pm        836
នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា ២០២៤-២០២៥ នៅទូទាំងប្រទេសកម្ពុជា។ជាមួយគ្នា សិស្សានុសិស្សបានប្តេជ្ញាថា នឹងខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ក្រេប​ជញ្ជក់ចំណេះដឹងផ្សេងៗពីលោកគ្រូអ្នកគ្រូដែលបានបង្រៀន។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសន​កាល​ឆ្នាំសិក្សា ២០២៤-២០២៥ ស្ថិតនៅអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ដែល​តំណាង​នៅ​ទូទាំងប្រទេសកម្ពុជាផងដែរ។ ពិធីនេះ មានការចូលរួមពី មន្រ្តីអប់រំ អាជ្ញាធររាជធានី​ភ្នំពេញ សិស្សានុសិស្ស និងជាអាណាព្យាបាលជាដើមនោះ សរុបចំនួនជាង២ពាន់នាក់។នៅ​ក្នុងពិធី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា កាលពីសម័យ​ប៉ុលពត​សាលា​រៀន​ទាំងអស់នៅក្នុងប្រទេសកម្ពុជាត្រូវបិទទ្វា ហើយកុមារា កុមារីមិនមាន​ឱកាស​សិក្សា​រៀន​សូត្រ ដូចក្នុងពេលបច្ចុប្បន្ន ដែលប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍។ បន្ថែម​លើនេះ​ ឯកបណ្ឌិតសភាចារ្យ បានអំពាវនាវដល់លោគ្រូអ្នកគ្រូ ត្រូវយក​ចិត្ត​ទុក​បង្រៀន​ដល់​សិស្សា​នុសិស្ស ហើយសិស្សនុសិស្សក៍ត្រូវប្រឹងប្រែងរៀនសូត្រផងដែរ។ជាការ​ឆ្លើយតប សិស្សានុសិស្សបានលើកឡើងថា  ក្នុងឆ្នាំសិក្សាថ្មីនេះ នឹងខិតខំប្រឹង​ប្រែង​រៀន​សូត្រ ដោយគោរពតាមការណែរបស់លោកគ្រូអ្នកគ្រូ ដើម្បីឱ្យការ​សិក្សា​ទទួល​បាន​ផល​ល្អ​នៅ​ចុង​ឆ្នាំ។ ក្រៅពី​នេះ សិក្សានុសិស្សបានបង្ហាញអារម្មណ៍រីករាយដែលបានចូលរៀនថ្នាក់ថ្មី ជួបមិត្តចាស់ ថ្មី និងលោកគ្រូអ្នកគ្រូជាដើម។គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ តាមរយៈក្រសួងអបរំយុវជន និងកីឡា បាន​យក​ចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗ សំដៅលើកកកម្ពស់គុណភាពអប់រំ ដោយផ្តោត​ទៅ​លើ​គុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈ​វិធានការ​សំខាន់ៗ​ចំនួន៤រួមមាន៖ទី១.ការពង្រឹងអភិបាលកិច្ច ទី២.ការពិនិត្យកែសម្រួល និងរៀបចំកម្ម​វិធី​សិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាម​រយៈ​កម្ម​វិធី​អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង​ទី៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកណាព្យាបាល និងសហគមន៍ ក្នុង​ការ​អប់រំស្របតាមពាក្យស្លោក«ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»៕ អត្ថបទ៖ទូច សោភ័ណ  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះទីហ្វុងទី២ ក្នុងរយៈពេល ១សប្តាហ៍ បានបោកបក់ដល់ដីគោកនៅប្រទេសចិន
07/12/2026 11:07 AM
សហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មី ខណៈពេលដែលអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz
07/12/2026 10:07 AM
អាហ្សង់ទីនឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ពិភពលោក ២០២៦ ក្រោយឈ្នះស្វីស
07/12/2026 10:07 AM
អតីតកីឡាករក្លឹប Porto Rui Pires ផ្ទេរពីក្លឹបនៅសិង្ហបុរី​មកលេង​ឱ្យជើងឯកកម្ពុជា​ព្រះខ័នរាជស្វាយរៀង
07/12/2026 08:07 AM
អបអរសាទរ អង់គ្លេសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក២០២៦ ក្រោយឈ្នះន័រវែស
07/12/2026 08:07 AM
ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
07/11/2026 07:07 PM
កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov
07/11/2026 05:07 PM
ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤
07/11/2026 05:07 PM
អ៊ីរ៉ង់​បានតប​ធ្ងន់ៗ​ទៅ​​លោក Trump វិញ បន្ទាប់ពី​លោក​ទទូច​ថា ​បទឈប់បាញ់គឺ​​ចប់​ហើយ
07/11/2026 05:07 PM
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
07/11/2026 04:07 PM