អភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
សភាប្រើភាសាបារាំងជិត ១០០ ប្រទេស ចេញមុខអំពាវនាវ​ឲ្យភាគី​ថៃ​គោរព​អធិបតេយ្យ​ភាព​កម្ពុជា
គណៈចលនាមហាជន រៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា”
ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន

ព័ត៌មានជាតិ

ឯកឧត្ដម មាន ចាន់យ៉ាដា ផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខនានាដែលសង្គមស្អប់ខ្ពើម

2024/11/01 04:07:31 pm        1248
ឧត្ដរមានជ័យ៖ ក្នុងឱកាសបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានធ្វើការផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខនានាដែលសង្គមស្អប់ខ្ពើម ហើយត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ នៅក្នុងសង្គម។ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាល័យតេជោសែនសំរោង ​ព្រមទាំង​មាន​ការ​ចូលរួម​ពី​អាណាព្យាបាល​សិស្ស​លោកគ្រូអ្នកគ្រូ សិស្សានុសិស្សផងដែរ ។ក្នុងនោះដែរ ឯកឧត្ដម មាន ចាន់យ៉ាដា បានមានប្រសាសន៍បន្ដទៀតថា ការបើកបវេសសនកាល​នេះធ្វើឡើងដើម្បី​ដាស់​ស្មារតី​សិស្សានុសិស្ស ​ឲ្យ​យកចិត្តទុកដាក់ខ្ពស់ ​លើការសិក្សារបស់ខ្លួន​គ្រប់​ពេលវេលា។ឯកឧត្ដមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការសិក្សារៀនសូត្រ​មិនត្រឹម​តែ​អនុវត្ត​នៅក្នុងវិស័យសិក្សា​តែប៉ុណ្ណោះទេ ថែមទាំងតម្រូវឲ្យមានការបន្តលើកកម្ពស់ និងការអភិវឌ្ឍគ្មានថ្ងៃបញ្ចប់ ដើម្បី​ធានានូវការផលិតធនធានមនុស្ស​ប្រកប​ដោយគុណភាពអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ឯកឧត្ដម មាន ចាន់យ៉ាដា បានបន្ដទៀតថា ការអប់រំល្អផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល ជាពិសេសបង្កើននូវធនធានមនុស្ស និងកម្លាំងពលកម្ម​ដែលមាន​ចំណេះដឹង​ប្រកបដោយវិជ្ជាជីវៈ​ ដើម្បីឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាព​ទៅ​លើទីផ្សារការងារ និង​តម្រូវការអភិវឌ្ឍសង្គមជាតិផងដែរ។បើតាមលោក ប៉ិច រតនា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យ ក្នុងពិធីបើកបវេសនកាលឆ្នាំថ្មីព្រឹកមិញនេះដែរ បានលើកឡើងថា សម្រាប់ឆ្នាំសិក្សាថ្មី២០២៤នេះ ចំនួន​សិស្សដែលជាបេក្ខជនចុះឈ្មោះ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មាន សរុប ១៧៥០នាក់ បើគិតពីឆ្នាំមុន មានត្រឹមតែចំនួន១៦៤៧ តែប៉ុណ្តោះ កើនឡើងជាង១០០នាក់។ក្នុងនោះ ​សិស្សដែលប្រឡងជាប់ មានចំនួន១៤៣៩នាក់ ស្រី៧៩៣នាក់ ដោយ​និទ្ទេស A ចំនួន ៨នាក់ ស្រី ៣នាក់ / និទ្ទេស B ចំនួន ១០២នាក់ ស្រី ៥៩នាក់ / និទ្ទេស C ចំនួន ២៩២នាក់ ស្រី ១៧៩នាក់ /និទ្ទេស D ចំនួន ៥៨០នាក់ ស្រី ៣១៣នាក់ និង និទ្ទេស E ចំនួន ៤៥៧នាក់ ស្រី ២៣៩នាក់។

សមាគមកាយប្ញទ្ធិនារីកម្ពុជាបោះជំរំប្រចាំឆ្នាំផ្ដោតលើប្រធានបទ«យុវតីយើង អនាគតអ្នកដឹកនាំយើង»

2024/11/01 03:58:23 pm        1230
«យុវតីយើង អនាគតអ្នកដឹកនាំយើង»គឺជាប្រធានបទនៃការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលត្រូវបានរៀបរៀបចំធ្វើឡើងរយៈពេល ៤ ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី។ ពិធីបើកការបោះជំរំប្រចាំឆ្នាំនេះ ត្រូវបានប្រព្រឹត្តទៅអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគម និងមានការចូលរួមពីថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងថ្នាក់ដឹកនាំនៃកាយប្ញទ្ធិជាតិកម្ពុជា ព្រមទាំងសមាជិកសមាជិកា របស់សមាគម ចូលរួមប្រមាណជាង ៣២០ នាក់ មកពី ៦ សាខាទូទាំងប្រទេស។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការរបស់សមាគមកាយប្ញទ្ធិនារីកម្ពុជា បានមានប្រសាសន៍ក្នុងពិធីបើកការកម្មវិធីបោះជំរំនាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នេះថា តាមរយៈការរួបរួមគ្នានារយៈពេលកន្លងមក នាំឱ្យសមាគមកាយប្ញទ្ធិនារីកម្ពុជាមានភាពរីកចម្រើនជាលំដាប់ដោយបានពង្រីកនូវសាខាថ្មីៗ បន្ថែម ហើយនៅជំហានបន្ទាប់ សមាគមនឹងបន្តអប់រំ បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពរបស់កុមារី និងយុវតីកម្ពុជាឱ្យពួកគេក្លាយជាអ្នកដឹកនាំនាថ្ងៃអនាគត។លោកជំទាវបណ្ឌិតក៏បានមានប្រសាសន៍ ជំរុញ លើកទឹកចិត្តយុវតី ឱ្យពួកគេមានភាពក្លាហាន និងចេះស្រលាញ់គ្នា ចេះជួយយកអាសារគ្នាទៅវិញទៅមក និងសហការគ្នាធ្វើការងារជាក្រុម ដែលសំដៅថាកម្លាំងសាមគ្គីភាពគឺជាស្ពានឆ្ពោះទៅរកភាពជោគជ័យ។ លោកជំទាវបណ្ឌិតក៏បានលើកឡើងពីតួអង្គស្រ្តីជាអ្នកដឹកនាំសំខាន់ជុំវិញពិភពលោក មកធ្វើជាឧទាហរណ៍សម្រាប់ប្អូនៗ ថា បច្ចុប្បន្ននេះពិភពលោកបានឱ្យតម្លៃស្រ្តីជាខ្លាំង ហើយចាប់តាំងឆ្នាំ ២០១៦ មក មានស្ថិតិបង្ហាញថាស្រ្តីមានតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងវិស័យឯកជន និងក្នុងជួររាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកជំទាវបានបង្ហាញការជឿជាក់ថាយុវតីកម្ពុជានឹងក្លាយជាអ្នកដឹកនាំសំខាន់ៗនាពេលអនាគត។ ការបោះជំរំដ៏ធំប្រចាំឆ្នាំ២០២៤នេះ មានការជួបជុំសមាជិក សមាជិកា របស់សមាគមកាយប្ញទ្ធិនារីទាំង ៦សាខា រួមមាន៖ សាខាក្រុងភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី។ រយៈពេល ៤ ថ្ងៃនេះការបោះជំរំ គឺមានសកម្មភាពសំខាន់ៗជាច្រើន ការតម្រង់ទិស កុមារី និងយុវតី ដែលជាអនាគតអ្នកដឹកនាំនៅក្នុងសង្គម ព្រមទាំងមានរៀបចំនូវសកម្មភាពជួយសង្គម និងសកម្មភាពកម្សាន្តសប្បាយជាច្រើនដែលបង្កប់នូវចំណេះដឹង និងការអប់រំសម្រាប់ប្អុនៗផងដែរ ដូចជាការរៀនពីរបៀបតម្លើងតង់រួមគ្នា ការរៀនធ្វើម្ហូបជុំគ្នា ការលេងល្បែងកម្សាន្តជុំគ្នា ការហាត់យោគៈរួមគ្នា ព្រមទាំងការដុតភ្លើងគប់ជុំគ្នាជាដើម៕ អត្ថបទ៖ ចេន សុភានាថ 

សិស្សានុសិស្សប្តេជ្ញាខិតខំប្រឹងប្រែងរៀនសូត្រក្នុងឆ្នាំសិក្សា ២០២៤-២០២៥

2024/11/01 03:31:54 pm        836
នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា ២០២៤-២០២៥ នៅទូទាំងប្រទេសកម្ពុជា។ជាមួយគ្នា សិស្សានុសិស្សបានប្តេជ្ញាថា នឹងខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ក្រេប​ជញ្ជក់ចំណេះដឹងផ្សេងៗពីលោកគ្រូអ្នកគ្រូដែលបានបង្រៀន។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញ​ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​បើក​បវេសន​កាល​ឆ្នាំសិក្សា ២០២៤-២០២៥ ស្ថិតនៅអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ដែល​តំណាង​នៅ​ទូទាំងប្រទេសកម្ពុជាផងដែរ។ ពិធីនេះ មានការចូលរួមពី មន្រ្តីអប់រំ អាជ្ញាធររាជធានី​ភ្នំពេញ សិស្សានុសិស្ស និងជាអាណាព្យាបាលជាដើមនោះ សរុបចំនួនជាង២ពាន់នាក់។នៅ​ក្នុងពិធី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា កាលពីសម័យ​ប៉ុលពត​សាលា​រៀន​ទាំងអស់នៅក្នុងប្រទេសកម្ពុជាត្រូវបិទទ្វា ហើយកុមារា កុមារីមិនមាន​ឱកាស​សិក្សា​រៀន​សូត្រ ដូចក្នុងពេលបច្ចុប្បន្ន ដែលប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍។ បន្ថែម​លើនេះ​ ឯកបណ្ឌិតសភាចារ្យ បានអំពាវនាវដល់លោគ្រូអ្នកគ្រូ ត្រូវយក​ចិត្ត​ទុក​បង្រៀន​ដល់​សិស្សា​នុសិស្ស ហើយសិស្សនុសិស្សក៍ត្រូវប្រឹងប្រែងរៀនសូត្រផងដែរ។ជាការ​ឆ្លើយតប សិស្សានុសិស្សបានលើកឡើងថា  ក្នុងឆ្នាំសិក្សាថ្មីនេះ នឹងខិតខំប្រឹង​ប្រែង​រៀន​សូត្រ ដោយគោរពតាមការណែរបស់លោកគ្រូអ្នកគ្រូ ដើម្បីឱ្យការ​សិក្សា​ទទួល​បាន​ផល​ល្អ​នៅ​ចុង​ឆ្នាំ។ ក្រៅពី​នេះ សិក្សានុសិស្សបានបង្ហាញអារម្មណ៍រីករាយដែលបានចូលរៀនថ្នាក់ថ្មី ជួបមិត្តចាស់ ថ្មី និងលោកគ្រូអ្នកគ្រូជាដើម។គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ តាមរយៈក្រសួងអបរំយុវជន និងកីឡា បាន​យក​ចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗ សំដៅលើកកកម្ពស់គុណភាពអប់រំ ដោយផ្តោត​ទៅ​លើ​គុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈ​វិធានការ​សំខាន់ៗ​ចំនួន៤រួមមាន៖ទី១.ការពង្រឹងអភិបាលកិច្ច ទី២.ការពិនិត្យកែសម្រួល និងរៀបចំកម្ម​វិធី​សិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាម​រយៈ​កម្ម​វិធី​អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង​ទី៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកណាព្យាបាល និងសហគមន៍ ក្នុង​ការ​អប់រំស្របតាមពាក្យស្លោក«ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»៕ អត្ថបទ៖ទូច សោភ័ណ  

កម្ពុជាស្ថិតនៅជួរមុខនៃការអភិរក្ស ប្រភេទសត្វត្រយងយក្សក្នុងពិភពលោក

2024/11/01 03:19:21 pm        832
ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា (CIWG) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជា គឺសត្វត្រយងយក្ស (Thaumatibis gigantea) និងសត្វត្រយងចង្កំកស (Pseudibis davisoni)។ របាយការណ៍នេះបង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និងអភិរក្សប្រភេទសត្វដែលជានិមិត្តរូបទាំងពីរនេះក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយងនៅកម្ពុជា ដែលមានសមាជិកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស ដែលក្នុងនោះមានដូចជាការបង្កាត់ពូជសត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូងសំរាប់កម្ពុជាក៏ដូចជាសម្រាប់សកលលោក និងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង៤០សំបុក។ ចំនួនសំបុកសត្វត្រយងយក្សដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងចំនួនសំបុកជោគជ័យកាលពីឆ្នាំមុន។ ការបន្តពូជរបស់សត្វត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន១៧៥ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ។ ការធ្វើជំរឿនថ្នាក់ជាតិបានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា ដោយបានកត់ត្រាសត្វត្រយងចង្កំកស ចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនគួរឱ្យចាប់អារម្មណ៍ព្រោះវាស្មើនឹង៨៧ ទៅ៩៥% នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ដែលមាននៅក្នុងពិភពលោក។ ការកត់ត្រាបានចំនួនដ៏ច្រើននេះបញ្ចាក់អំពីសមិទ្ធផលសម្រេចដ៏ធំនៃការងារអភិរក្សនាពេលកន្លងមក។ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា៖ «ប្រទេសកម្ពុជាស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដែលភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នេះជាភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជាយើង ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងតំបន់ការពារធម្មជាតិ»។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន អ្នកពាក់ព័ន្ធ និងអង្គការដៃគូអភិរក្សចាំបាច់ណាស់ បន្តការចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ជាពិសេសធានាថា សត្វស្លាបដែលជានិមិត្តរូបទាំងនេះ ត្រូវបានការពារពីការវិនាសផុតពូជ។ នៅក្នុងឆ្នាំ២០២៣ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា (CIWG) បានផ្តោតលើទីជម្រកសំខាន់ៗនៅភាគខាងកើត និងឦសាននៃប្រទេសកម្ពុជា រួមមាន៖ ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។ តំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់សត្វត្រយង ហើយក៏ជាទីតាំងដែលកំពុងមានសកម្មភាពអង្កេតតាមដាន សង្រ្គោះ និងការពារនៅក្នុងធម្មជាតិ។ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា បានបញ្ជាក់ថា៖ «កិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជាក្នុងឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបង្កាត់ពូជសត្វត្រយងចង្កំកស ដោយជោគជ័យ ដែលនេះជាប្រវត្តិសាស្ត្រនៃការសម្រេចបាននឹងកំពុងដំណើរការបន្តយ៉ាងល្អ។ ភាពជោគជ័យនេះបង្ហាញពីតួនាទីដ៏សំខាន់នៃកម្មភាពអភិរក្សនៅក្រៅទីជម្រកធម្មជាតិក្នុងការលើកកម្ពស់ការរស់រានមានជីវិតនៃប្រភេទសត្វជិតផុតពូជទាំងនេះ និងបញ្ជាក់អំពីតម្រូវការអភិរក្សរបៀបនេះបន្តទៀត។ ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជាត្រូវបានបង្កើតឡើងដើម្បីប្រមូលធនធាន និងបង្កើនកិច្ចសហការណ៍លើការងារអភិរក្សសត្វត្រយងជិតផុតពូជទាំងពីរប្រភេទនេះ ក្រុមការងារយើងពឹងផ្អែកលើរបាយការណ៍ នៃការអភិរក្សសត្វត្រយងថ្នាក់ជាតិប្រចាំឆ្នាំនេះដើម្បីតាមដានវឌ្ឍនភាពនៃការអភិរក្សឆ្លើយតបទៅនឹងផែនការសកម្មភាពអភិរក្សសត្វត្រយងដែលបានដាក់ចេញ។ លទ្ធផលដែលបានបង្ហាញក្នុងរបាយការណ៍ដែលផ្សព្វផ្សាយថ្ងៃនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ហើយក៏ជាការលើកទឹកចិត្តដល់ក្រុមការងារយើង ក្នុងការអភិរក្ស និងការពារទីជម្រករបស់ពួកវាបន្តទៀតដើម្បីធានាវត្តមានរបស់ពួកវានៅក្នុងប្រទេសកម្ពុជា»។សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស កំពុងប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនរួមមាន ការបាត់បង់ទីជម្រក និងសកម្មភាពរបស់មនុស្សដូចជាការបរបាញ់ជាដើម។ សត្វត្រយងយក្សដែលមានចំនួនតិចជាង ២០០ក្បាល នៅទូទាំងពិភពលោកត្រូវបានចាត់ជាបក្សីតំណាងជាតិរបស់កម្ពុជា ខណៈសត្វត្រយងចង្កំកស បាននិងកំពុងរងគ្រោះកាន់តែខ្លាំងឡើងៗ ទាមទារជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្ត៕ 

៩ខែដើមឆ្នាំ២០២៤ មន្រ្តីអន្តោប្រវេសន៍កម្ពុជាទទួលភ្ញៀវអន្តរជាតិជាង៤លាននាក់ បដិសេធមិនឱ្យចូលប្រមាណមួយពាន់នាក់

2024/11/01 02:54:52 pm        847
មិនទាន់មួយឆ្នាំផង ពោលគឺត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៤នេះ មន្រ្តីអន្តោប្រវេសន៍ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានទទួលភ្ញៀវជាលក្ខណៈអន្តរជាតិចូលមកតាមបណ្ដាច្រកទ្វាព្រំដែនគោក និង​អាកាស​រហូត​ទៅដល់ ៤.៨៤៩.៩២២នាក់ ស្មើនឹង ២១៧សញ្ជាតិ កើនឡើង៦,៧៦% ក្នុងនោះ​ភ្ញៀវ​ទេសចរមានចំនួន ៣.៧៦៧.៥១៨នាក់ ស្មើនឹង ៧៧,៦៨%។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ដោយឡែក ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នោះដូចគ្នា លោកបណ្ឌិត ទូច សុឃៈ បាន​ឱ្យ​ដឹង​ទៀត​ថា ក៏មានជនបរទេសចំនួន ១.០២៤នាក់ ស្មើនឹង ៧៨សញ្ជាតិ ត្រូវបានមន្រ្តីអន្តោប្រវេសន៍ បដិសេធ​ការផ្តល់ទិដ្ឋាការ និងបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ទាប់ពី​បាន​រក​ឃើញ​ពាក់ព័ន្ធក្នុងបញ្ជីមុខសញ្ញា រកឃើញការប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី មានគោល​បំណង​មិន​ច្បាស់លាស់ និងមិនគ្រប់លក្ខណៈសម្បត្តិឱ្យចូលប្រទេស។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងដែរលទ្ធផលការងារក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ បាន​សម្រេចឡើង បើទោះបីជាសភាពការណ៍សន្តិសុខពិភពលោកនៅតែបន្តភាពស្មុគស្មាញ ក្នុងនោះ​សង្គ្រាមរវាង រុស្សី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងប្រទេស​ក្នុង​តំបន់​មជ្ឈិម​​បូព៌ា​មួយ​ចំនួនក៏បាននិងកំពុងបន្តការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ។ បន្ថែមពីលើនេះ ប្រទេស ក្នុង​តំបន់​មួយ​ចំនួន​បានរងគ្រោះធម្មជាតិ។ វិបត្តិទាំងនេះ បានជះឥទ្ធិពល អវិជ្ជមានដល់​វិស័យ​ទេសចរណ៍​ជា​សកល រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ តែទោះជាយ៉ាងនេះក្តី លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅ​តែ​បន្ត​រក្សាបាន សុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កបរិយាកាស​ដល់​ដំណើរ​ការ​ប្រទេស​ទៅ​តាមវិស័យនីមួយៗ ប្រព្រឹត្តទៅដោយរលូន ស្របតាមកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ប្រកប​ដោយ​ថាមពល ភាពឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់ របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានោះដើម្បីសម្រួលដល់ការលំបាក និងដោះស្រាយរបាំងនានាដែលប៉ះពាល់​ដល់​អ្នក​ដំណើរ​ចេញ​ចូល រួមមាន ការពង្រឹងសេវាកម្មអន្តោប្រវេសន៍នៅតាមច្រកទ្វារអន្តរជាតិ លុប​បំបាត់​បាតុភាព​អសកម្ម និងការសម្រួលបែបបទអោយ បានងាយស្រួល ប្រមុខរាជរដ្ឋាភិបាល ការ​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​សាល​ក្របត្រអេឡិចត្រូនិកចូលព្រះរាជាណាចក្រ កម្ពុជា (Cambodia e-Arrival) ដែលបានដាក់អោយអនុវត្តជំហានដំបូងនៅតាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤៕ 

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន

2024/11/01 02:42:39 pm        890
ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ថ្លែងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជា​គម្រោង​ដ៏​សំខាន់​ដែល​កម្ពុជា-ចិន បានកសាងរួមគ្នាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជាការកសាង​សហគមន៍​ជោគ​វាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២ ឆ្នាំនៃ​ការ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា តាំង​នាម​ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសូមចូល​រួម​អបអរ​សាទរ​យ៉ាង​កក់​ក្តៅ​ក្នុ​ងកម្មវិធីគម្រប់ខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុង​ព្រះសីហនុ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ចំពោះ​បុគ្គលិក​ដែល​បាន​ចូល​រួម​ចំណែក និងលះបង់កម្លាំងកាយចិត្តតាំងពីតំណាក់កាលសាងសង់ និងបន្តមក​ដល់​ការ​បើក​ដំណើរ​ប្រតិបត្តិមក​ទល់​ពេលនេះ ដោយស្មោះជូនចំពោះប្រជាជនកម្ពុជា និងប្រជាជនចិនផងដែរ។ឯកឧត្តម វ៉ាង វិនពីន បានបន្ថែមថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​បង្អស់ក្នុងប្រទេសកម្ពុជា និងជាគម្រោងដ៏សំខាន់ដែលកម្ពុជា-ចិន បានកសាងរួម​គ្នា​ក្រោម​គំនិត​ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងជាការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកប​ដោយគុណភាព និងស្តង់ដារខ្ពស់។ ប្រទេសកម្ពុជា និង ចិនបានសហការ​យ៉ាង​ស្អិត​រមួត​ក្នុង​ការ​ជម្នះឧបសគ្គអំឡុងពេលរីករាលដាលនៃមេរោគកូវីដ-១៩ ហើយបានបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមុនកាលកំណត់រយៈពេល ៨ ខែ ដែលនាំឱ្យប្រទេសកម្ពុជាឈានចូលយុគសម័យ " ផ្លូវល្បឿនលឿន " ។ ចាប់តាំងពីបើកដំណើរការរយៈពេល ២ ឆ្នាំ កន្លងមក លំហូរចរាចរណ៍សរុបនៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានចំនួនដល់ទៅជាង ១០ លានដង ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារក្នុងស្រុក លើកកម្ពស់ការអភិវឌ្ឍន៍ក្នុងតំបន់ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ឯកឧត្តមក៏បានធ្វើដំណើរតាមរយះផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុជាច្រើនដង ហើយឯកឧត្ដមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ផ្លូវល្បឿនលឿន។ ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនត្រឹមតែធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់នូវសក្តានុពលនៃការ អភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវការយល់ដឹងយ៉ាងជ្រាលជ្រៅ អំពីសមិទ្ធផលជាផ្លែផ្កា និងចក្ខុវិស័យដ៏វែងឆ្ងាយនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ឯកឧត្តម វ៉ាង វិនពីន បានគូសបញ្ជាក់ថា ក្នុងចំណោមបណ្តាប្រទេសផ្សេងៗ កម្ពុជាគឺជាប្រទេសដំបូងគេមួយដែលបានចូលរួម និងអនុវត្តក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ”។ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ មានគម្រោងធំៗជា ច្រើនដែលបានសាងសង់ឡើងដោយជោគជ័យ មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពហុកីឡដ្ឋានជាតិមរតកតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ គម្រោងទាំងនេះបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការកម្ពុជាចិន និងជាគំរូសម្រាប់សហគមន៍អន្តរជាតិនៅក្នុងការចូលរួមក្នុងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការ“ខ្សែក្រវ៉ាត់ និងផ្លូវ”បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។ ប្រទេសចិនមានឆន្ទៈ យ៉ាងមោះមុតក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “ការធ្វើផែនការរួមគ្នា កសាងរួមគ្នា និងផ្តល់ផលប្រយោជន៍រួមគ្នា” ដើម្បីសាងសង់គម្រោងធំៗបន្តទៀត និងបន្តជំរុញនិងលើកកម្ពស់ប្រទេសតូចតែពោពេញដោយសក្តានុពល។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកចំណែកជាកម្លាំងចលករ ជំរុញសន្ទុះនៃការអភិវឌ្ឍ ហើយនាំមកនូវភាពសុខដុមរមនាដល់ប្រជាជនកម្ពុជា៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

សម្តេចប្រធានរដ្ឋសភា ជំរុញក្រុមការងារត្រៀមរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ឱ្យបានជោគជ័យ

2024/11/01 02:19:43 pm        209
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរនិងអរគុណចំពោះគណៈកម្មការដឹកនាំនិងរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី ១១ និងអនុគណៈកម្មការទទួលបន្ទុកការងារផ្សេងៗ ដែលបានត្រៀមរៀបចំការងារ សម្រេចលទ្ធផលមួយចំនួនធំ នៅក្នុងការត្រៀមរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលសភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នាខែវិច្ឆិកា ខាងមុខនេះ។ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យអំពីវឌ្ឍនភាពការងារ ក្នុងការត្រៀមលក្ខណៈរៀបចំ សម័យប្រជុំពេញអង្គ IPTP លើកទី១១ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ ដើម្បីបង្ហាញដល់សាធារណជនជាតិ និងមិត្តអន្តរជាតិ ពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ចំពោះសន្តិភាពពិភពលោក ដោយប្រើប្រាស់យន្តការ ការសន្ទនានិងការទូត ក្នុងកាលៈទេសៈ ដែលពិភពលោកកំពុងប្រឈមនឹងការផ្ទុះសង្រ្គាម ការធ្លាក់ចុះនៃសណ្តាប់ធ្នាប់សាកល និងវិបត្តិសាកលនានា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា “យើងត្រូវតែត្រៀមឱ្យបានល្អ ទាំងការរៀបចំទូទៅ និងទាំងខ្លឹមសារ ដើម្បីលើកកម្ពស់មុខមាត់ និងកិត្តិនាមកម្ពុជា ជាអ្នកសេ្នហាលើកតម្កើងសន្តិភាព និងជាអ្នកលើកកម្ពស់ពហុភាគីនិយម មានលក្ខណៈបើកចំហ និងបរិយាបន្ន ដោយគោរពច្បាប់អន្តរជាតិ។ លើសពីនេះ ព្រឹត្តិការណ៍នេះ ក៏ជាឱកាសដ៏ល្អសម្រាប់កសាងមិត្តភាពអន្តរជាតិ ដោយបង្កើតមិត្តភាពជាមួយអ្នកថ្មី និងពង្រឹងមិត្តភាពជាមួយមិត្តចាស់ ស្របតាមទិសស្លោក “ពង្រឹងមិត្តចាស់ បង្កើនមិត្តថ្មី”។សូមជម្រាបថាសភាកម្ពុជា ដែលមានរដ្ឋសភានិងព្រឹទ្ធសភា នឹងធ្វើជាម្ចាស់ផ្ទះ នៃសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពការងារត្រៀមរៀបចំកិច្ចប្រជុំអន្តរជាតិនេះ បានស្តាប់របាយការណ៍ របស់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការដឹកនាំនិងរៀបចំ និងរបាយការណ៍ពីអនុគណៈកម្មការនានាដែលត្រូវបានបង្កើតឡើងដើម្បីត្រៀមរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១។ក្រោយពីបានស្តាប់របាយការណ៍រួច សម្តេចមហារដ្ឋសភាធិការធិបតី បានកោតសរសើរជូនដល់សមាជិកគណៈកម្មការដឹកនាំនិងរៀបចំកិច្ចប្រជុំទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារតាមភារកិច្ចប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សម្តេចរដ្ឋសភាធិបតីបានណែនាំដល់ក្រុមការងារទំាងអស់ បន្តខិតខំបំពេញភារកិច្ចរៀបចំការងារដែលសេសសល់ឱ្យសម្រេចតាមផែនការដើម្បីធ្វើយ៉ាងណាឱ្យសម័យប្រជុំពេញអង្គ IPTP លើកទី ១១ ដែលជាកិត្តិយសប្រទេសកម្ពុជាទំាងមូលទទួលបានជោគជ័យ។ សម្តេចប្រធានរដ្ឋសភាក៏បានជំរុញដល់គណៈកម្មការដឹកនាំនិងរៀបចំកិច្ចប្រជុំគិតគូរដល់ការផ្សព្វផ្សាយព័ត៌មានពីព្រឹត្តិការណ៍នេះ ឱ្យបានទូលំទូលាយទំាងនៅមុនកិច្ចប្រជុំមកដល់ ពេលកិច្ចប្រជុំ និងក្រោយកិច្ចប្រជុំ ដល់សាធារណជនជាតិនិងអន្តរជាតិ។ សភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ជាវេទិកាមួយដើម្បីលើកកម្ពស់កិច្ចសន្ទនាពហុភាគីស្តីពីសន្តិភាព ដែលមានសមាជិកជាង៩០ប្រទេស។ កិច្ចប្រជុំពេញអង្គលើកទី១១ (IPTP) ដែលសភាកម្ពុជាធ្វើជាម្ចាស់នឹងពិភាក្សា និងអនុម័ត “ធម្មនុញ្ញសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភពផែនដី” ដែលជាការផ្តួចផ្តើម ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាមគ្គទេសក៍សន្តិភាពរបស់កម្ពុជា។ សម្តេចតេជោ នឹងអញ្ជើញថ្លែងបាឋកថា ពីការស្វែងរកសន្តិភាពនិងការថែរក្សាសន្តិភាពដល់វេទិកា (IPTP) លើកទី១១ ផងដែរ៕ 

អបអរសាទរខួប ២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ

2024/11/01 02:14:34 pm        267
នាព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក យ៉ាង ជៀ (Yang Jie) នាយកសាខាក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនប្រចាំកម្ពុជា (CRBC) និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ ពិធីនេះប្រារព្ធឡើង ដើម្បីអបអរសាទរ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរយៈពេល ០២ឆ្នាំកន្លងមក ដែលផ្លូវនេះជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូល សេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដោយភ្ជាប់ពីរាជធានី ភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងឆ្ពោះទៅកាន់កំពង់ ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ ដល់សកម្មភាពសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។ ជាងនេះទៀត ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយស្ថិតក្រោមគំនិត ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងគោលដៅតភ្ជាប់តំបន់អាស៊ីទៅតំបន់អឺរ៉ុប ដើម្បីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែកមួយជួយបង្កើនទំនាក់ទំនងរវាងប្រជាជននិង ប្រជាជននៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរចំពោះក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CRBC ក្នុងឱកាសប្រារព្ធពិធីខួប២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងអរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ ដឹកនាំ បុគ្គលិក កម្មករទាំងជាជនជាតិចិន និងខ្មែររបស់ក្រុមហ៊ុន CRBC ព្រមទាំង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសម្រាប់ គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាននិងកំពុងអនុវត្ត តួនាទីដ៏សំខាន់ក្នុងការបន្តត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសម្បទាន និងសកម្មភាពប្រតិ- បត្តិការរបស់ក្រុមហ៊ុនវិនិយោគទាំងទៅលើការផ្តល់សេវា ការថែទាំ ការគ្រប់គ្រងសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ ការសម្របសម្រួលដោះស្រាយបញ្ហាប្រឈម និងការដាក់ចេញនូវគោល ការណ៍ណែនាំផ្សេងៗ ដើម្បីជំរុញការធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីការចូលរួមចំណែករដ្ឋាភិបាលចិន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគោលនយោបាយអាទិភាព នានា ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាផងដែរ ដែលទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលមាន រយៈពេល ៦៦ឆ្នាំ ដោយបានក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងវិវឌ្ឍន៍ទៅជាមិត្តភាពដែកថែប ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន កំណត់យកឆ្នាំ២០២៤នេះ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើក កម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថិរជាអមតៈ រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិន ផងដែរ។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ ផ្លូវល្បឿនលឿននេះ និងបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងគោលការណ៍ណែនាំផ្សេងៗ នៃការប្រើប្រាស់ផ្លូវល្បឿនលឿនបានត្រឹមត្រូវ និងប្រកបដោយស្មារតីទទួលខុសត្រូវ នាពេល កន្លងមក ហើយសូមបន្តរក្សាស្មារតីគោរពច្បាប់ចរាចរណ៍ផ្លូវគោកបន្តទៀត ចៀសវាងកុំបើកបរ លើសល្បឿនកំណត់ និងត្រូវប្រើប្រាស់គន្លងផ្លូវឱ្យបានត្រឹមត្រូវ និងណែនាំដល់អង្គភាពគ្រប់គ្រងគម្រោងផ្លូវល្បឿនលឿន បន្តពិនិត្យ តាមដានការអនុវត្តប្រតិបត្តិការរបស់ក្រុមហ៊ុនវិនិយោគស្របតាមកិច្ចសន្យាសម្បទាន បន្តជួយ សម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានក្នុងដំណាក់កាលប្រតិបត្តិការនេះ និងបន្តជំរុញលើកទឹកចិត្តក្រុមហ៊ុនដឹកជញ្ជូនធំៗឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីកាត់បន្ថយ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤៕ 

រដ្ឋមន្ត្រី ៣ក្រសួង ចុះអនុស្សរណៈដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណេតឥតខ្សែ

2024/11/01 01:52:57 pm        164
ថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីចំនួន៣ក្រសួង បានរួមគ្នាចុះហត្ថលេខាលើ អនុស្សរណៈ​នៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិតឥតខ្សែ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទ រួមមានរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា និងរដ្ឋមន្ត្រីក្រសួងផែនការឯកឧត្តម ប៊ិន ត្រឈៃ ។សម្រាប់អនុស្សរណៈយោគយល់នេះមានគោលបំណង ៤សំខាន់ៗ គឺការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារចេញដោយក្រសួងសុខាភិបាល និងក្រសួងផែនការ ដើម្បីលុបបំបាត់ការក្លែងបន្លំ, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតឥតខ្សែសម្រាប់ការប្រើប្រាស់ក្នុងក្រសួងសុខាភិបាល និង ក្រសួងផែនការ, ការសហការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ប្រើប្រាស់នៅក្នុងក្រសួងសុខាភិបាល ដោយមានប្រព័ន្ធគ្រប់គ្រងមូលដ្ឋានសុខាភិបាលដែលប្រើប្រាស់ថ្នាល verify.gov.kh ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអាជ្ញាបណ្ណអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដោយប្រើប្រាស់ថ្នាល verify.gov.kh ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក (Electronic Medical Record/EMR) និងការបំពាក់ឧបករណ៍ឌីជីថលជូនមន្ទីរពេទ្យជាតិនិងមន្ទីរពេទ្យរាជធានី ខេត្តក្នុងដំណាក់កាលទី១ ដើម្បីប្រើប្រាស់សម្រាប់ផ្តល់ការប្រឹក្សាវេជ្ជសាស្រ្តតាមប្រព័ន្ធអនឡាញ និងឈានទៅពង្រីកដល់មន្ទីរពេទ្យបង្អែកជាបន្តបន្ទាប់ទៀត ហើយក៏ដើម្បីប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមូលដ្ឋានឃុំ សង្កាត់ សម្រាប់ប្រើប្រាស់នៅក្នុងក្រសួងផែនការ និងទីគឺការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនដល់មន្ត្រីរាជការនៃក្រសួងសុខាភិបាល និងក្រសួងផែនការ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចាំបាច់សម្រាប់សម្រួលដល់ការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងឆាប់រហ័ស។ ជាមួយគ្នានេះក្រសួងទំាង៣ បានចាត់ទុកការងារទំាងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕ អត្ថបទ៖ គង់ រ៉េន 

ផ្ទះថ្មីចំនួន ៣៣ខ្នង ត្រូវបានប្រគល់ជូនកុមារ និងគ្រួសារក្រីក្រ

2024/11/01 01:48:11 pm        211
អង្គការមូលនិធិកុមារកម្ពុជា ហៅកាត់ថា ស៊ីស៊ីអេហ្វ (CCF) នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ បានបើកសម្ពោធភូមិ ដែលសាងសង់ថ្មីសន្លាង មានឈ្មោះថា "លេនកូវ (Lenkov)"។ ភូមិថ្មី​នេះ ​មានផ្ទះចំនួន ៣៣ ខ្នងជាទីជំរកសម្រាប់កុមារ គ្រួសារ និងសមាជិកសហគមន៍ចាស់ជរា ដែល​រស់​នៅជុំវិញអតីតទីលានចាក់សំរាមក្នុងតំបន់ស្ទឹងមានជ័យ។ភូមិ "លេនកូវ" ដែលបើកសម្ពោធនេះ ផ្តួចផ្តើមឡើងដោយ អង្គការ CCF បានចាប់ដៃគូ​ជាមួយ​អង្គកា World Housingដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសកាណាដា។ ភូមិ លេន​កូវ​ គឺជាសហគមន៍ចម្រុះ ក្មេង ចាស់ ប្រុសស្រីរស់នៅជាមួយគ្នា។ ភូមិនេះ​ប្រកប​ដោយ​ភាព​សម្បូបែប​នេះ មានរួមបញ្ចូលសួនកុមារ បណ្ណាល័យ បន្ទប់ សម្រាប់ស្វ័យសិក្សារ ដែលអនុញ្ញាត​ឲ្យ​យុវជន​ក្នុង​គម្រោងភាពជាអ្នកដឹកនាំរបស់អង្គការ អាចបើកថ្នាក់បង្រៀនដល់កុមារតូចៗ នៅក្នុង​ភូមិបាន​។លោក ឡាច សាវី ប្រធានផ្នែកប្រតិបត្តិនៃអង្គការ CCF បានលើកឡើងថា ភូមិលេនកូវ តំណាង​ឱ្យ​ក្តី​ស​ង្ឃឹម ការផ្លាស់ប្តូរ និងការសន្យាសម្រាប់អនាគតដ៏ល្អប្រសើរដល់កុមារ និងក្រុម​គ្រួសារ​របស់​ពួកគេ​។ នេះជា​សក្ខីភាព​មួយ​ចំពោះ​សមិទ្ធផល​ដែល​កើត​ចេញ​ពី​កិច្ច​សហការ​លើ​ក​ការ​ងារ​សប្បុរស​ធម៌ ដើម្បីផ្ដល់ជំនួយជូនសហគមន៍នូវអ្វី ដែលពួកគាត់កំពុងត្រូវការជាចាំបាច់។ លោក Peter Lenkov ដែលជាម្ចាស់ជំនួយដ៏សំខាន់របស់ World Housing ហើយក៏អ្នកបម្រើការ ជាក្រុម​ប្រឹក្សាភិបាលរបស់ស្ថាប័ននេះ រួមជាមួយភិយារបស់លោក គឺលោក ស្រី Audie បាន​ធ្វើ​ការ​រៃ​អង្គាស​ប្រាក់ដោយជោគជ័យនៅឯស្រុកកំណើតរបស់គាត់ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្ដល់​ជា​មូល​និធិ​សាង​សង់​ភូមិ លេនកូវ នេះឡើង។ លោក Peter Lenkov មានឈ្មោះបោះ សម្លេងនិងត្រូវ​បាន​​គេស្គាល់ថា ជាអ្នកផលិតកម្មវិធីទូរទស្សន៍នៅ Los Ange les ជាអ្នក​សរសេរ​ខ្សែ​ភាពយន្ត​ជា​ផលិតករ និងអ្នកនិពន្ធសៀវភៅផងដែរ។ យុវជន សាន គីមអាន ដែលស្ថិតនៅក្នុងកម្មវិធីគាំពាររបស់អង្គការ CCF បានបង្ហាញ​អារម្មណ៍​រំភើប​សប្បាយ​រីករាយ និងនិយាយថា ពិតជាមានការអរគុណជាខ្លាំងដល់អង្គការទាំងពីរនេះ ខណៈ​យុវជនរូបនេះ បានចាកចេញពីក្នុងគ្រួសារខ្វះខាត និងកំព្រាឪពុក។ យុវជនដដែលនេះ បាន​ឲ្យ​ដឹង​ទៀតថា ការរស់នៅក្នុងផ្ទះជាក្រុមនៅក្នុងភូមិ លេនកូវ បានផ្តល់ឱ្យ​សិស្សា​នុស្សិត​ទាំង​អស់​នូវ​ជីវិតបែបលក្ខណៈគ្រួសារ និងចេះជួយយកអសារគ្នា​ទៅ​វិញ​ទៅ​មក​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល និងរាក់ទាក់។គិតមកដល់​ពេលនេះ អង្គការ CCF និងអង្គការ World Housing បានចាប់ដៃគូជាមួយ​គ្នា​រយៈ​ពេល​ជាង ១០ឆ្នាំ ដោយ បានសាងសង់ផ្ទះចំនួន ៦៥០ខ្នង សម្រាប់កុមារ និងគ្រួសារ​ងាយរង​គ្រោះ នៅស្ទឹងមានជ័យ។ មនុស្សជាង ២,១០០នាក់ ដែលកំពុងរស់នៅក្នុងភាពក្រីក្រ ឥឡូវនេះ អាច​ទទួលបានជម្រកសមរម្យ៕ អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា នាវាទី ២ រងការវាយប្រហារនៅច្រកសមុទ្រ Hormuz
07/12/2026 12:07 PM
អភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
07/12/2026 12:07 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ សន្យាសងសឹកជូនលោកឪពុករបស់ខ្លួនដែលត្រូវបានគេសម្លាប់
07/12/2026 12:07 PM
ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីនៅវេណេស៊ុយអេឡា កើនឡើងដល់ ៤.៣៣៣នាក់
07/12/2026 12:07 PM
សភាប្រើភាសាបារាំងជិត ១០០ ប្រទេស ចេញមុខអំពាវនាវ​ឲ្យភាគី​ថៃ​គោរព​អធិបតេយ្យ​ភាព​កម្ពុជា
07/12/2026 12:07 PM
គណៈចលនាមហាជន រៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា”
07/12/2026 11:07 AM
ព្យុះទីហ្វុងទី២ ក្នុងរយៈពេល ១សប្តាហ៍ បានបោកបក់ដល់ដីគោកនៅប្រទេសចិន
07/12/2026 11:07 AM
សហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មី ខណៈពេលដែលអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz
07/12/2026 10:07 AM
អាហ្សង់ទីនឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតបាល់ទាត់ពិភពលោក ២០២៦ ក្រោយឈ្នះស្វីស
07/12/2026 10:07 AM
អតីតកីឡាករក្លឹប Porto Rui Pires ផ្ទេរពីក្លឹបនៅសិង្ហបុរី​មកលេង​ឱ្យជើងឯកកម្ពុជា​ព្រះខ័នរាជស្វាយរៀង
07/12/2026 08:07 AM