អាជ្ញាធរភ្នំពេញរកឃើញអាជីវកម្មលក់ទូរស័ព្ទឈ្មោះ ឡឹ ចា ឌីជីថល ត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រ ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន
អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ

ព័ត៌មានជាតិ

គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង បានអញ្ជើញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី ១០២ ជាមួយទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្រុងប៉ារីស

2024/10/04 07:09:22 pm        137
ក្រុងបារីស ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹហពីទីក្រុងប៉ារីស នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ថា កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី ១០២ ក្រោមអធិបតីភាពលោកជំទាវ អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅសាលប្រជុំសាលាក្រុងបារីស ប្រទេសបារាំង។ លោកស្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបន្ថែមថា កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី ១០២នេះប្រព្រឹត្តទៅដើម្បីពិនិត្យ និងអនុម័តរបៀបវារៈសំខាន់មួយចំនួនរបស់សមាគមរួមមាន អនុម័តរបាយការណ៍កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី ១០១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡូហ្សាន ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលក្នុងរបាយការណ៍នេះគឺ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាតសម្រេចបោះឆ្នោតបន្តអាណត្តិជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យអចិន្ត្រៃយ៍របស់សមាគម AIMF និងសម្រេចរៀបចំមហាសន្និបាតនៃសមាគម AIMF ឆ្នាំ២០២៥ នៅទីក្រុងវ៉េ (Hué) នៅវៀតណាម នៅខែមេសា ឆ្នាំ២០២៥។ ក្រៅពីសមាគមក៏បានពិនិត្យ និងពិភាក្សាលើខ្លឹមសារធ្វើវិសោធនកម្មលក្ខន្តិកៈ និងខ្លឹមសារបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ព្រមទាំងការផ្លាស់ប្តូរមុខតំណែងអគ្គលេខាអចិន្រ្តៃយ៍មកជាអគ្គប្រតិភូវិញ។ លោកស្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបន្ថែមថា កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី ១០២នេះក៏ពិនិត្យលើសំណើសុំបង្កើតគណៈកម្មការមួយចំនួនរបស់សមាគម។ ជាមួយគ្នានេះដែរ កិច្ចប្រជុំការិយាល័យអចិន្រ្តៃយ៍ក៏បានពិនិត្យលើពាក្យស្នើសុំចូលជាសមាជិកថ្មីរបស់សមាគម។ ចុងក្រោយគឺការរៀបចំប្រតិទិនការងារប្រចាំឆ្នាំ២០២៥ របស់សមាគម៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រដ្ឋបាលរាជធានី និងស្ថាប័នពាក់ព័ន្ធប្រជុំពង្រឹងវិធានការការពារ និងរក្សាសន្តិសុខក្នុងដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ

2024/10/04 06:04:25 pm        90
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធប្រជុំពង្រឹងវិធានការការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិនៅភ្នំពេញ។នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំដើម្បីពង្រឹងវិធានការការពារ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះធ្វើឡើងក្រោយអធិបតីភាព លោក កើត ឆែ អភិបាលរាជធានីភ្នំពេញស្តីទី ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងអភិបាល អភិបាលរងខណ្ឌទាំងអស់ ព្រមទាំងមន្ត្រីមានសមត្ថកិច្ចចំណុះរដ្ឋបាលរាជធានីភ្នំពេញ។លោក កើត ឆែ បានលើកឡើងថា ការប្រឡងនេះ គឺជាពានរង្វាន់សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយរក្សាពានរង្វាន់ដែលប្រជាពលរដ្ឋសាទរក្នុងការកែទម្រង់វិស័យអប់រំនេះឱ្យបាន។ លោក កើត ឆែ អះអាថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ពង្រឹងការអប់រំតាំងពីបឋមសិក្សាឱ្យខ្លាំង ដែលជាគោលនយោបាយរាជរដ្ឋភិបាល អណត្តិទី៧ ដោយលោកបានចំណាយពេលវេលាដ៏មានតម្លៃបំផុតធ្វើដំណើរតាមរថយន្តចុះតាមបណ្ដាខេត្តនានា ដើម្បីដឹងសុខទុក្ខ និងដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋ បើប្រទេសមានមនុស្សពូកែច្រើនធ្វើឱ្យប្រទេសមានការរីកចម្រើននឹងដើរដល់គោលដៅ។លោក កើត ឆែ បន្តថា មន្ត្រីពាក់ព័ន្ធត្រូវមានមុខនៅតាមមណ្ឌលប្រឡងនៅថ្ងៃទី៨ តុលានេះ និងសូមឱ្យនគរបាលចរាចរណ៍ផ្លូវគោកដកដៃចេញពីវិធានការត្រួតពិនិត្យការផាកពិន័យ ទៅជាការជួយសម្រួល និងដោះស្រាយចរាចរណ៍ ដោយប្រើប្រាស់កម្លាំងអន្តរាគមន៍របស់អាជ្ញាធរ ដើម្បីជួយសម្របសម្រួលនៅពេលកកស្ទះតាមដងផ្លូវ ត្រូវបង្កលក្ខណៈឱ្យបេក្ខជនទៅប្រឡងឱ្យបានទាន់ពេលវេលា។ លោកបានបញ្ជាក់ផងដែរ ចំពោះរថយន្តក្រុងនៅរក្សាខ្សែរត់ និងពេលវេលាដដែល។ ចំពោះការផ្ញើរកង់ម៉ូតូនៅតាមមណ្ឌលប្រឡងមិនតម្រូវឱ្យបង់ប្រាក់ទេ ព្រោះរដ្ឋបាលរាជធានីភ្នំពេញបានចេញប្រាក់ជំនួសហើយ។លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានឱ្យដឹងថា នៅរាជធានីភ្នំពេញមានមណ្ឌលសំណេរចំនួន ៣២មណ្ឌល ស្មើនឹង ១០៣៧បន្ទប់ មានបេក្ខជនចំនួន ២៥.៧៣៩នាក់ និងមណ្ឌលកំណែចំនួន ១០មណ្ឌល។ ក្នុងចំណោមបេក្ខជនប្រឡងឆ្នាំនេះមានបេក្ខជនស្វ័យរិនចំនួន ៥.៨៣៧នាក់ ជនពិការ គរ ថ្លង់ ១៣នាក់។ សម្រាប់រាជធានីភ្នំពេញបានជ្រើសយកវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីរក្សាសុវត្ថិភាពវិញ្ញាសា និងធ្វើកំណែវិញ្ញាសា។សូមបញ្ជាក់ថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ នៅទូទាំងប្រទេសត្រូវបានកំណត់ថ្នាក់ វិទ្យាសាស្ត្រ មាន ៧៣មណ្ឌល មាន ១.៦១៦បន្ទប់ និងថ្នាក់ វិទ្យាសាស្ត្រសង្គម មាន ១៥៧មណ្ឌល មាន ៤.០២០បន្ទប់ សរុបចំនួន ២៣០មណ្ឌល ត្រូវជា ៥.៦៣៦បន្ទប់។ ចំណែកកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយមានចំនួន ៥៨៧នាក់ បម្រុង ៦៤នាក់ និងអ្នកស្ម័គ្រចិត្ត ១០០នាក់៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សប្ដាហ៍នេះ ! កម្ពុជាមានឱកាសការងារជាង ៥ម៉ឺនកន្លែង នៅក្នុងវិស័យធំៗចំនួន៣

2024/10/04 05:21:25 pm        1183
កម្ពុជាមានតម្រូវការកម្លាំងពលកម្មសរុប ៥១ ៧០៥កន្លែងនៅក្នុងវិស័យធំៗចំនួន ៣ រួមមាន​វិស័យ​ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ដែលជាឱកាសសម្រាប់ពលរដ្ឋ និងយុវជន បង្កើន​ប្រាក់​ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ថា វិស័យ​សំខាន់​ៗចំនួន៣ កំពុងត្រូវការកម្លាំងពលកម្មសរុប ៥១ ៧០៥កន្លែងរួមមាន វិស័យឧស្សាហកម្ម​ត្រូវ​ការ​កម្លាំងពលកម្មចំនួន ៣៩០១៧កន្លែង វិស័យសេវាកម្មត្រូវការកម្លាំងពលកម្មចំនួន ២៨០១​កន្លែង និងវិស័យកសិកម្ម ៩៨៨៧កន្លែង ដើម្បីជំរុញ​ឱ្យខ្សែ​ចង្វាក់​ផលិត​កម្ម​ដំណើរការ​ទៅរលូន។ក្រសួងការងារបានបន្តថា នៅក្នុងខេត្តចំនួន ៥ដែលមាន​តម្រូវ​ការ​កម្លាំ​ង​ពលកម្ម​ច្រើន​ជាង​គេរួ​ម​មាន ខេត្តកំពង់ស្ពឺចំនួនជាង ១១០០០កន្លែង ខេត្តកំពង់ឆ្នាំងជាង ១ម៉ឺនកន្លែង រាជធានី​ភ្នំពេញ​ជាង ៩ពាន់កន្លែង ខេត្តស្វាយរៀងជាង ៤ពាន់កន្លែង ខេត្តរតនគិរីជាង ៤ពាន់កន្លែង និង​ខេត្ត​ផ្សេង​ៗ​ទៀតសរុបជាង ១ម៉ឺនកន្លែង។ក្នុងនោះ ជំនាញចំនួន ៥ ដែលមានតម្រូវការច្រើនជាងគេមានដូចជា អ្នកបញ្ជាម៉ាស៊ីន​ដេរ​មាន​ចំនួន​ជាង ៣ម៉ឺនកន្លែង កម្មករចំការដំណាំជាង ៩ពាក់កន្លែង កម្មករក្នុងផលិតកម្មជាង ១ពាន់​កន្លែង អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុជាង ១ពាន់កន្លែង អ្នកផលិតស្បែកជើង និង​អ្នក​ធ្វើការដែលពាក់ព័ន្ធនឹងផលិតផលស្បែកជើងជាង ៨០០កន្លែង និងការងារ​ផ្សេងៗ​ទៀត​សរុប​ជាង​ ៦ពាន់កន្លែង។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្ថែមថា ដើម្បីទទួលបាននូវឱកាសការងារ ប្រជា​ពលរដ្ឋ យុវជន សិស្ស និងនិស្សិត អាចទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)​នៃ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬប្រព័ន្ធតេលេក្រាម និង Cool App លេខ 077 23 23 78៕

ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលប្រជាពលរដ្ឋវិលទៅកន្លែងធ្វើការវិញតាមរថយន្តរបស់រដ្ឋដោយឥតគិតថ្លៃ

2024/10/04 05:07:26 pm        63
កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកយិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងតំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រោយមកលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈ៣ថ្ងៃនេះ បានចាប់ផ្តើមវិលត្រលប់ទៅកន្លែងធ្វើការបំពេញការងារវិញ ដោយបានធ្វើដំណើរតាមរយន្តក្រុងរបស់សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃ នៅចំណតរថយន្តក្រុងកំពង់ឆ្នាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ។  លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ នៅខេត្តកំពង់ឆ្នាំង មានរថយន្តក្រុងរបស់រាជធានីភ្នំពេញ១០គ្រឿង បានដឹកជូនប្រជាពលរដ្ឋពីភ្នំពេញ មកខេត្តកំពងឆ្នាំង តាំងពីថ្ងៃដែលប្រជាពលរដ្ឋ និងកម្មករ កម្មការនី សម្រាកមកម្លេះ ហើយនៅថ្ងៃនេះ ជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋកម្មករកម្មការនី ចាប់ផ្តើមវិលត្រឡប់ពីស្រុកកំណើត ទៅកន្លែងធ្វើការវិញ ហើយបានមកធ្វើដំណើរ តាមរយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃ កំពុងរង់ចាំដឹកប្រជាពលរដ្ឋជាបន្តបន្ទាប់នាពេលនេះ ។  ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានគិតគូពីសុខទុក្ខប្រជាពលរដ្ឋ បានអនុញ្ញាតអោយប្រជាពលរដ្ឋមកលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ជិះរថយន្តក្រុងទាំងទៅទាំងមកដោយឥតគិតថ្លៃ ។ ការជិះរថយន្តក្រុងដោយឥតគិតថ្លៃ គឺរាជរដ្ឋាភិបាលតែងតែបានគិតគូរជានិច្ចដល់ប្រជាពលរដ្ឋ ពិសេសនៅថ្ងៃឈប់សម្រាក បុណ្យជាតិធំ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌជាដើម ។ ទាំងនេះបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែបានគិតអំពីសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូន និងរួមចំណែកកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់បងប្អូន ពេលមកលេស្រុកកំណើត និងត្រឡប់ទៅធ្វើការវិញ ។ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចធិបតី ហ៊ុនម៉ាណែត ដែលបានយកចិត្តទុកដាក់គិតគូដល់បងប្អូនប្រជាពលរដ្ឋពេលមកលេងស្រុកកំណើត និងត្រឡប់ទៅវិញ នេះជាការគិតគូរយ៉ាងធំធេងរបស់សម្តេច លើជីវភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។ កាំង ហុងវាស្នា

សហជីព និងកម្មករនិយោជិតនៅកម្ពុជា រំភើបយ៉ាងខ្លាំង ក្រោយពីកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក»

2024/10/04 04:51:47 pm        1464
តំណាងសហជីពធំៗ និងតំណាងកម្មករនិយោជិតនៅកម្ពុជា បានអបអរសាទរ និងរំភើប​រីករាយ​យ៉ាង​ខ្លាំង​ដែល​កម្ពុជាបានបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើប​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)» តាមរយៈ​ព្រឹត្តិការណ៍ ​Gumball 3000 Rally in Cambodia កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានចូលរួមអបអរសាទរ និងសប្បាយ​រីករាយ​យ៉ាង​ខ្លាំងចំពោះកម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្ត​ទំនើប​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលមានរថយន្ត​ចំនួន​ ១៧៩គ្រឿង។លោកបន្តថា វាជាជោគជ័យថ្មីរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ដែលបាន​បំបែក​ឯកទគ្គកម្ម​ថ្មី​បន្ថែមទៀត ហើយវាគឺជាកិត្តិនាម​ដ៏​អស្ចារ្យ​ថែម​ទៀត​សម្រាប់​មុខ​មាត់​ប្រទេស​កម្ពុជា។មេសហជីព​រូបនេះបន្ថែមថា៖«ក្នុងនាមតំណាងសហជីព ខ្ញុំសូមចូលរួមអបអរសាទ​រចំពោះ​ព្រឹត្តិការណ៍ ​Gumball 3000 ដែលបានផ្តល់ផលចំណេញយ៉ាងច្រើនមហិមាដល់កម្ពុជា ទាំងវិស័យ​ទេសចរណ៍ ទាំងចរន្តសេដ្ឋកិច្ចជាតិ ទាំងកិច្ចការសប្បុរស ជាពិសេសបង្ហាញ​ទៅ​ពិភព​លោក​ឲ្យ​ឃើញ​ច្បាស់ពីសន្តិភាព សេរីភាព វប្បធម៌ បេតិកភណ្ឌ និងទឹកដីអច្ឆរិយ​នៃ​កម្ពុជា​យើង​»​។លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានចូលរួម​អបអរ​សាទរ​ចំពោះកា​របំបែកកំណត់ត្រាពិភពលោក (Guinness World Records) របស់កម្ពុជាតាមរយៈ​ការតាំងបង្ហាញ​រថយន្ត​ទំនើបដ៏​ធំបំផុត​ដែល​ត្រូវ​បានរៀប​ចំ​ដោយ​ក្រសួង​ទេសចរណ៍​នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាបតាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally។លោកបន្តថា លើសពីសម្រស់ និងភាពសម្បូរបែបនៃរថយន្តទំនើបៗជាច្រើនគ្រឿងនៃព្រឹត្តិការណ៍ Gumball 3000 គឺព្រឹត្តិការណ៍នេះ​បា​ន​ផ្ដល់​ផល​ប្រយោជន៍​ដល់​កម្ពុជា​យ៉ាង​ច្រើន​លើស​លប់​រួម​មាន កិត្តិយសកម្ពុជាលើឆាកអន្តរជាតិ ពិភពលោកកាន់តែស្គាល់កម្ពុជា ចំណូលសម្រាប់​វិស័យ​សេដ្ឋកិច្ច (ស្នាក់នៅ ហូបចុក ធ្វើដំណើរ ទិញវត្ថុអនុស្សាវរីយ៍) និងឱកាស​នៃកា​រ​វិនិយោគ​បន្ថែម​ទៀត​។លោក រ៉ាវី បានបញ្ជាក់ថា៖«កម្ពុជាអាចចាប់យកឱកាសរៀបចំព្រឹត្តិការណ៍នេះបាន ក៏ដោយសារ​កម្ពុជា​មាន​សុខសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ល្អ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងអ្នកជ្រោម​ជ្រែង​ខ្នះ​ខ្នែង​យកព្រឹត្តិការណ៍នេះមកកម្ពុជា»។ទន្ទឹមនឹងនេះ អ្នកស្រី ហង្ស កថា កម្មការិនីរោងចក្រ ស៊ូវៃ ហ្គាមិន បាននិយាយថា អ្នកស្រីចូលរួម​អបអរ​សាទរ និងពេញចិត្តយ៉ាងខ្លាំងចំពោះគណៈកម្មការរៀបចំកម្មវិធី រាជរដ្ឋាភិបាល និងអ្នកចូល​រួម​ទាំង​អស់ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីរួម​ចំណែក​ទ្រទ្រង់​សកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបតាមរយៈកម្មវិធី Gumball 3000។កម្មការិនីរូបនេះថា៖«តាមរយៈព្រឹត្តិការណ៍នេះផងដែរ ខ្ញុំក៏សូមថ្លែងអំណរ​គុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រម​ទាំង​បាន​ជួយសង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន»។សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រារព្ធខួបរយៈពេល ២៥ឆ្នាំ នៃការបង្កើតឡើងព្រឹត្តិការណ៍ Gumball 3000 ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនជីបម៉ុង ដោយមាន​កិច្ច​សហការ​ពី​ក្រសួង​ទេសចរណ៍ផងនោះ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានសម្រេច​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​កម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកញ្ញា។ ស្របជាមួយគ្នានោះ ក៏មានការរៀប​ចំ​ព្រឹត្តិការណ៍​បង្ហាញរថយន្តនៅមុខប្រាសាទអង្គរ ដើម្បីបំបែកកំណត់ត្រាពិភពលោកតែម្តង៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខលើកទឹកចិត្តបុគ្គលិកសុខាភិបាលប្រចាំការ និងពិនិត្យទំនើបកម្មផ្តល់សេវាព្យាបាលវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត

2024/10/04 04:37:05 pm        30
ភ្នំពេញ ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញឆ្លៀតចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងសួរសុខទុក្ខក្រុមគ្រួសារអ្នកជំងឺ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃបិណ្ឌធំ នៃពិធីបុណ្យភ្ជុំបិណ្ឌ, កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអញ្ជើញពិនិត្យការផ្តល់សេវានៅតាមផ្នែកមួយចំនួន នៃមន្ទីរពេទ្យកាល់ម៉ែត ពិសេសផ្នែកវះកាត់ រួមមាន បន្ទប់ដាក់ថ្នាំសណ្តំ បន្ទប់មុនវះកាត់ បន្ទប់ក្រោយវះកាត់ បន្ទប់វះកាត់ផ្នែកពោះ ផ្នែកតំរង់នោម ផ្នែកបាក់បែកឆ្អឹង វះកាត់ភ្នែក និងបន្ទប់វះកាត់ដោយចោះតាមបំពង់ បន្ទប់អន្តរាគមន៍ឆ្លុះសរសៃ ពីរប្លង់ (angiography biplane)។ ដែលក្នុងនោះក៏បានផ្តល់អនុសាសន៍មួយចំនួនដល់មន្រ្តីនៅតាមផ្នែកនីមួយៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងទំនើបកម្មការងារបន្ថែមទៀត។ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាការលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕ អត្ថបទ រដ្ឋា

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាចង់ឃើញបងប្អូនកូរ៉េមានទំនាក់ទំនងជាមួយគ្នាល្អឡើងវិញ

2024/10/04 04:07:33 pm        1021
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងថា កម្ពុជាចង់ឃើញបងប្អូនកូរ៉េ មាន​ទំនាក់​ទំនង​ល្អ​នឹងគ្នាឡើងវិញ ហើយកម្ពុជាពេញ​ចិត្ត​ក្នុង​ការ​ចូលរួម​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិភាព​ដល់​ប្រទេស​កូរ៉េទាំងពីរផងដែរ។ក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយលោក Jang Yun Gon ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​ប្រជាមា​និត​ប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា(កូរ៉េខាងជើង) នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤​ នៅ​វិមា​ន​ព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណា​ចក្រ​កម្ពុជាបានលើកឡើងថា កម្ពុជាពិតជាចង់ឃើញ និងចង់បានឱ្យប្រទេសកូរ៉េទាំងពីរ ដែលជាបង​ប្អូន​នឹងគ្នា មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ។ នៅ​ចំពោះមុខឯកអគ្គរដ្ឋទូត សម្តេចតេជោក៏បានលើកឡើងផងដែរថា កម្ពុជា​ពេញ​ចិត្ត​ក្នុង​ការ​ចូលរួម​ស្វែងរកដំណោះស្រាយសន្តិភាពដល់ប្រទេសកូរ៉េទាំងពីរ។ ជាមួយគ្នានោះដែរ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានស្នើសុំការយោគយល់ពីឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ផង​ដែរ ចំពោះការដែលកម្ពុជាត្រូវបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តរបស់ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ចំពោះទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដោយ​ព្រះរា​ជា​ណាចក្រកម្ពុជា ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ដូច្នេះកម្ពុជា​ត្រូវ​តែ​បង្ខំ​ចិត្ត​អនុវត្ត​សេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សម្ដេចតេជោ​បាន​មាន​ប្រសាសន៍ថា ទណ្ឌកម្មនោះមិន​ត្រឹមតែ​ប៉ះពា​ល់​ដល់​សាធារណ​រដ្ឋ​ប្រជាមានិត​ប្រជាធិប​តេយ្យ​ប៉ុណ្ណោះនោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រទេសនានា រួមទាំងកម្ពុជាផងដែរ។ ចំពោះទំនាក់​ទំនងកូរ៉េខាងជើងជាមួយអាស៊ាន សម្តេចតេជោ បានមានប្រសាសន៍ថា កូរ៉េខាង​ជើង គប្បីប្រើវេទិកាអាស៊ាន ដើម្បីរក្សាទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងអាស៊ាន និង​ការ​ផ្សា​ភ្ជាប់​កូរ៉េ​ខាងជើងជាមួយតំបន់អាស៊ាន។ សម្តេចតេជោ បានបន្តថាកម្ពុជា យល់អំពី​ភាព​ចាំ​បាច់​នៃ​ការ​ការពារខ្លួនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក៏ប៉ុន្តែ សូមកុំដាក់​វិធានការ​ដែល​ដើរ​ហួស​ពីភាពចាំបាច់ ដែលនាំឱ្យមានការព្រួយបារម្ភ ដល់ប្រទេសក្នុងតំបន់ និងអាស៊ាន។ថ្លែង​នៅ​ក្នុងកិច្ចជំនួបនោះដែរ លោក Jang Yun Gon ក៏បានថ្លែងអំណរគុណដល់សម្តេចប្រមុខ រដ្ឋស្តីទី ចំពោះការអបអរសាទរខួបលើកទី៧១ នៃថ្ងៃបង្កើត​សាធារណ​រដ្ឋ​ប្រជាមានិត​ប្រជាធិ​បតេយ្យ​កូរ៉េ កាលពីថ្ងៃទី១ខែតុលាកន្លងមក និងខួបលើកទី៦០ នៃទំនាក់ទំនងកា​រទូ​តរ​វា​ង​ប្រទេស​យើង​ទាំង២ផងដែរ។ លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថាទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា និងកូរ៉េខាងជើងអស់រយៈពេល ៦០ឆ្នាំមកនេះ គឺជាទំនាក់ទំនង​ប្រវត្តិសាស្រ្ត​ដែល​បាន​កសាង​ឡើងដោយអតីតប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរគឺ ឯកឧត្តម គីម អ៊ីលស៊ុង និង​ព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ។ជាមួយ​គ្នានោះដែរលោកឯកអគ្គរដ្ឋទូតក៏បានគោរពអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ដែល បានជាប់ឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបាន​បំពេញ​ភារកិច្ចជានាយករដ្ឋមន្រ្តីអស់រយៈពេល៣៨ឆ្នាំ និងបានសម្រេច​នូវ​សមិទ្ធផល​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដែលមិនអាចកាត់ថ្លៃបាន ជូនប្រជាជន និងប្រទេសកម្ពុជា។ លោកទូត បានបន្តទៀតថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយក​រដ្ឋ​មន្រ្តី និងមានគណៈរដ្ឋមន្រ្តីជាយុវជន បានប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការវិវត្តនៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន។ នៅចំពោះមុខសម្តេចប្រមុខរដ្ឋស្តីទី លោកទូតក៏បានជម្រាបជូនសម្តេចផងដែរថា អស់រយៈពេល ១ឆ្នាំកន្លងមកនេះ តាមការតាមដានយ៉ាងយកចិត្តទុកដាក់របស់លោកផ្ទាល់ លោក​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយចិត្ត ដាក់ចេញនូវវិធានការ យុទ្ធសាស្រ្ត គម្រោងអភិវឌ្ឍន៍ និង​គោលនយោបាយជាច្រើនដែលទទួលបានលទ្ធផលជាផ្លែផ្កា និងជាពិសេស​គឺ​ធានា​បាន​នូវ​សន្តិភាព សុវត្ថិភាព ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា៕ អត្ថបទ៖ បាន ចក់

កម្ពុជាស្នើដល់ក្រុមហ៊ុនធំៗនៅអាមេរិក ពិនិត្យលទ្ធភាព ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា

2024/10/04 02:53:49 pm        833
កម្ពុជាស្នើដល់ក្រុមហ៊ុនធំៗនៅអាមេរិក ពិនិត្យលទ្ធភាព ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យថាមពល វិស័យ សុខាភិបាល និងការដាក់លក់ផលិតផលកម្ពុជា នៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១ ខែ តុលា ឆ្នាំ ២០២៤ បានជួបពិភាក្សារការងារជាមួយវិស័យឯកជនចំនួន៣ស្ថាប័ន លើវិស័យថាមពល, វិស័យពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce), និងសុខាភិបាល នៅវ៉ាស៊ីនតោនឌីស៊ី ដើម្បីផ្សព្វផ្សាយនិងពន្យល់ លម្អិតអំពីបរិយាកាសវិនិយោគនៅកម្ពុជា កញ្ចប់លើកទឹកចិត្តនានា និងកិច្ចសម្របសម្រួលវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានជម្រាបជូនអំពីព័ត៌មានជាសក្តានុពលសម្រាប់កិច្ចការងារ វិនិយោគនៅកម្ពុជា ដោយក្នុងនោះគណៈប្រតិភូកម្ពុជាបានស្នើក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាព ក្នុងការបណ្តាក់ទុនវិនិយោគរបស់ខ្លួន នៅកម្ពុជា លើវិស័យថាមពល វិស័យសុខាភិបាល និងការដាក់លក់ផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលជាមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុនផងដែរ។សូមបញ្ជាក់ថា នៅក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Daleep Singh ទីប្រឹក្សារងសន្តិសុខជាតិផ្នែកសេដ្ឋកិច្ចអន្តរជាតិរបស់សហរដ្ឋអាម៉េរិក ក្នុងនោះបានជូនអំពីកិច្ចសហប្រតិបត្តិការជាផ្លែផ្កា រវាងប្រទេស ទាំងពីរកន្លងមក និងបន្តបង្ហាញពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជា ដែលផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនឯកជនរបស់ សហរដ្ឋអាម៉េរិក អាចមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតប, ឯកឧត្តម Daleep Singh បានវាយតម្លៃខ្ពស់និងកោតសរសើរ ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយក្នុងនោះ ភាគីទាំងពីរបានបង្ហាញឆន្ទៈនឹងពង្រឹងទំនាក់ ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគផងដែរ។ដោយឡែកក្នុងជំនួបជាមួយលោក Scott Nathan នាយកប្រតិបត្តិនៃសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាម៉េរិក (DFC) វិញ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីវឌ្ឍនភាពថ្មីៗនៃការរីកចម្រើនរបស់កម្ពុជា ក្រោម សុខសន្តិភាព ដែលអាចអនុញ្ញាតឱ្យគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិកផងដែរ។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យមួយចំនួនមានជាអាទិ៍៖ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល និងសុខុមាលភាពប្រជាជន ដែលមានការប្រសើរឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ រាជរដ្ឋាភិបាលនៅតែបន្តពង្រឹង និងពង្រីកផលិតភាពឱ្យបានកាន់តែល្អប្រសើរ។ តាមរយៈជំនួបនានេះ លោក Scott Nathan បាន បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ នឹងចូលរួមបង្កើនសកម្មភាពប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនជាងមុន ជាពិសេសលើវិស័យជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី,

អ្នកនាំពាក្យ៖ ភ្ជុំ៣ថ្ងៃ ស្ថានភាពសន្តិសុខមានភាពល្អប្រសើរ ពលរដ្ឋធ្វើបុណ្យ និងដើរកម្សាន្ត​ដោយភាពរីករាយ

2024/10/04 01:02:30 pm        318
ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងថា ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែតុលា ឆ្នាំ២០២៤ ស្ថានភាព​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ មានភាពល្អប្រសើរ ដោយប្រជាពលរដ្ឋបានទៅធ្វើបុណ្យនៅតាមវត្តអារាម ឬទី​សក្ការ​បូជានានា និងដើរកម្សាន្តតាមរមណីយដ្ឋានផ្សេងៗ ប្រកបដោយភាពសប្បាយរីករាយ និង​សន្តិសុខល្អ ។ថ្លែងប្រាប់ BTV នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា ថ្ងៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋបានធ្វើដំណើរទៅស្រុកកំណើតជួបជុំគ្រួសារ ការនាំយក​ចង្ហាន់​ទេយ្យ​ទាន​ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាម ឬតាមទីបូជនីយដ្ឋានផ្សេងៗ ក្រោមបរិយាកាស​កក់ក្ដៅ។អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបន្តថា ជាពិសេសភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើរ​លេងកម្សាន្តនៅតំបន់រមណីយដ្ឋាននៅទូទាំងប្រទេស នៅប្រមាណជាង ១ពាន់គោលដៅ ប្រក​ប​ដោយការសប្បាយរីករាយ គ្មានអ្វីជាការព្រួយបារម្ភ ចំពោះបញ្ហាអសន្តិសុខនោះទេ។ឧត្តម​សេនីយ៍ឯក ឆាយ គឹមឃឿន បានបន្ថែមថា ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មាន​ការ​ថយ​ចុះ​ចំនួន ២៤លើក ស្មើនឹង ៤១ភាគរយ ខណៈឆ្នាំនេះកើតឡើង ៣៤លើក ហើយឆ្នាំមុន​កើត​ឡើង ៥៨លើក តែគួរឲ្យសោកស្ដាយអ្នកស្លាប់ឆ្នាំនេះមានរហូតដល់ ៣០នាក់ កើនឡើងចំនួន ៨នាក់ បើធៀបនឹងឆ្នាំមុន៕ អត្ថបទ៖ បាន សុខរិទ្ធិ 

សម្តេច ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំ​អង្គកឋិនទានដង្ហែ​ទៅកាន់វត្តខ្មែរក្រោម

2024/10/04 12:53:53 pm        223
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញ ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ដោយទទួលបានការ ចាត់តាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទើបរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ១៩៤ សសរ ស្តីពីការបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែក្រោម ចុះថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៤។បន្ទាប់ពីទទួលបានសេចក្តីសម្រេច សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្រេចបង្កើត អនុគណៈ​កម្មការ មួយចំនួន ចំណុះឲ្យគណ:កម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម និងបាន​ផ្តាំ​ផ្ញើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែល ជាសមាជិក សមាជិកាទាំង​ក្នុង​គណៈ​កម្មការ និងអនុគណៈកម្មការត្រូវបន្តយកចិត្តទុកដាក់ខ្ពស់អនុវត្ត តាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បី​ឲ្យ​​អង្គកឋិនទាននេះដំណើរការទៅបានដោយរលូន និងទទួលបានជោគជ័យស្របតាម ទំនៀម​ទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរភ្នំពេញរកឃើញអាជីវកម្មលក់ទូរស័ព្ទឈ្មោះ ឡឹ ចា ឌីជីថល ត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
06/18/2026 10:06 AM
សហរដ្ឋអាមេរិកនិយាយថា អ៊ីរ៉ង់ ព្រមព្រៀងពង្រាវអ៊ុយរ៉ានីញ៉ូម ក្រោមកិច្ចព្រមព្រៀងសន្តិភាព
06/18/2026 10:06 AM
លោក Trump អរគុណលោក Xi Jinping និងលោក Putin ចំពោះជំហរអព្យាក្រឹតក្នុងសង្គ្រាមអ៊ីរ៉ង់
06/18/2026 10:06 AM
ប្រមុខក្រុមហេសបូឡា៖ លីបង់ស្ថិតក្នុងពេលដ៏សំខាន់បន្ទាប់ពីកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់
06/18/2026 10:06 AM
ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រ ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ
06/18/2026 09:06 AM
លោក Putin ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្ម
06/18/2026 09:06 AM
តម្លៃប្រេងបន្តធ្លាក់ចុះ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
06/18/2026 09:06 AM
ប្រធានាធិបតីបារាំងសាទរភាពជោគជ័យនៃកិច្ចប្រជុំកំពូល G7 ដោយសារការវិវត្តន៍លើអ៊ុយក្រែន និងអ៊ីរ៉ង់
06/18/2026 09:06 AM
ប្រធានាធិបតីអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែលោក Trump ថា នៅតែអាចបន្តការវាយប្រហារបាន
06/18/2026 08:06 AM
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន
06/18/2026 07:06 AM