ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ កុំភ្លេចទៅកម្សាន្តនៅតាមសហគមន៍តំបន់ការពារធម្មជាតិ និងចូលរួមដល់ភាពស្អាត បៃតងរបស់កម្ពុជា

2024/09/30 12:55:46 pm        115
នៅរដូវបុណ្យភ្ជុំ ប្រជាពលរដ្ឋគ្រប់គ្នា បានឈប់សម្រាកពីការងារ ព្រមទាំងបានជួបជុំគ្រួសារ ក្រៅពីទៅវត្តអារាមរួចមមក ក៏មានដំណើរកម្សាន្ត តាមតំបន់រម្មណីយដ្ឋាននានាផងដែរ។ សហគមន៍តំបន់ការពារធម្មជាតិ ជាម្រើសមួយសម្រាប់ដំណើរកម្សាន្ត ក្នុងរដូវបុណ្យប្រពៃណីជាតិខ្មែរនេះផងដែរ។ សហគមន៍ដែលមានសក្តានុពលធម្មជាតិ បានរៀបចំផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ ដែលមានរៀបចំហេដ្ឋារចនាសម្ព័ន្ធ កន្លែងទេសភាពធម្មជាតិ ទឹកជ្រោះ ទស្សនាសត្វព្រៃ ដើមឈើ ប្រកបដោយខ្យល់អាកាសល្អ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅអំឡុងពេលជួបជាមួយអ្នកសារព័ត៌មាន នាពេលកន្លងមក។អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ទេសចរណ៍នៅតាមសហគមន៍តំបន់ការពារធម្មជាតិ រួមចំណែកដល់គោលលដៅអភិវឌ្ឍន៍លំហែបៃតង ដែលក្រសួងបរិស្ថាន នាពេលកន្លងមក បានយកចិត្តទុកដាក់ ជំរុញការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ គោរពវប្បធម៌ និងបរិស្ថាន និងជំរុញឱ្យសហគមន៍មូលដ្ឋានមានភាពស្អាត មានផ្តល់សេវាក្នុងតម្លៃសមរម្យ មានអនាម័យ មានការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការការពារព្រៃឈើ សត្វព្រៃ និងដាំស្តារព្រៃឈើ ដែលជួយបង្កើនចំណូលបន្ថែម តាមរយៈវិស័យអេកូទេសចរណ៍ និងកាត់ផ្តាច់ពីការពឹងអាស្រ័យ លើអនុផលព្រៃឈើ។ ឯកឧត្តម បានលើកឡើងផងដែរថា ក្រសួងបរិស្ថានកន្លងមក បានបណ្តុះបណ្តាល សហគមន៍ឱ្យចេះគ្រប់គ្រង ចេះផលិតវត្ថុអនុស្សាវរីយ៍ ការដាំដំណាំរួមផ្សំផ្សេងៗ មានបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ គ្រួសារប្រចាំថ្ងៃ សម្រាប់លក់ទៅទីផ្សារ និងបម្រើសេវាកម្មទេសចរណ៍ជាដើម។ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ ទេសចរជាតិនិងអន្តរជាតិ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកទឹកចិត្តឱ្យទេសចរ គាំទ្រទេសចរណ៍នៅតាមសហគមន៍តំបន់ការពារធម្មជាតិនានាទូទាំងប្រទេស។ សូមបញ្ចាក់ថា ក្រសួងបរិស្ថានកន្លងមក បានជំរុញការអភិវឌ្ឍទេសចរណ៍ លំហែបៃតង ដល់តំបន់សហគមន៍ តំបន់ការពារធម្មជាតិ ចំនួនជាង៥០កន្លែង ដែលមានសក្តានុពល ទេសចរណ៍ធម្មជាតិ ក្នុងចំណោមសហគមន៍សរុបចំនួន ១៩៣ សហគមន៍។ ជាមួយគ្នានេះ កម្ពុជាមានតំបន់ការពារធម្មជាតិ ចំនួន៧៣តំបន់ ដែលមានផ្ទៃដីទំហំ៤០% នៃផ្ទៃដីរបស់ប្រទេស។ តំបន់ការពារធម្មជាតិ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ រក្សាលំនឹង និងទ្រទ្រង់ប្រភពចំណូល ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ របស់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈមុខងារ នៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងធនធានជីវៈចម្រុះ។ តំបន់ទាំងនេះ ក៏មានសក្តានុពល ទេសចរណ៍ធម្មជាតិ និងក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក ក្នុងការចូលរួម កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ការអនុវត្តច្បាប់១០០% រួមជាមួយការបង្កើនការដាំឈើឱ្យបានច្រើន ដើម្បីពង្រឹងការការពារអភិរក្សធនធានធម្មជាតិ នឹងជំរុញឱ្យសហគមន៍ នឹងមានភាពរឹងមាំ មានភាពស្អាត បៃតង ប្រភេទជីវៈចម្រុះមានការរីកចម្រើន និងការលក់កាបូន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសជំរុញសម្រេចគោលដៅ នៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»៕

ក្រសួងកសិកម្មបញ្ជាក់ពីស្ថានភាពថ្លៃស្រូវ និងអំពាវនាវដល់ប្រជាកសិករ ឱ្យប្រុងប្រយ័ត្នពី​ការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីតម្លៃស្រូវ

2024/09/30 12:48:44 pm        168
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់ និងថ្មី ដែលត្រូវ​បានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ។ថ្លៃស្រូវនៅឆ្នាំនេះ នៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ មិនទាន់ធ្លាក់រហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើងមួយចំនួនឡើយ៕ VIDEO : https://t.me/btvnewscambodia/187706

អាជីវករផ្សារច្បារអំពៅលក់ដូរកាក់កបនាកំឡុងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ

2024/09/30 12:29:15 pm        113
ក្នុងរដូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ក្រុមអាជីវករលក់ដូរបន្លែ ត្រីសាច់ និងផ្កាជាដើម នៅក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ បានបង្ហាញទឹកមុខសប្បាយរីករាយ ខណៈការលក់ដូរ មានការកាក់កប លក់ដូរដាច់ច្រើន។ ជួបសម្ភាសន៍ជាមួយក្រុមអាជីវករផ្សារច្បារអំពៅ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ចំថ្ងៃកាន់បិណ្ឌទី១៣ ពួកគាត់បានលើកឡើងថា មកដល់ថ្ងៃកាន់បិណ្ឌវេនទី១៣នេះ សកម្មភាពដោះដូរទំនិញក្នុងផ្សារនៅតែបន្តមានគ្រប់មុខទំនិញ ជាពិសេសផ្នែកម្ហូបអាហារមានតម្រូវការច្រើន ដោយសារអ្នកទិញបន្លែ ត្រីសាច់ ដើម្បីយកទៅធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា។អ្នកស្រី សុភណ្ឌ អាជីវករលក់សាច់ជ្រូក បានលើកឡើងថា នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ការលក់សាច់ជ្រូក ក្នុង១ថ្ងៃៗ លក់ចេញអស់ប្រមាណពី ៣ ទៅ៤ក្បាល។ អ្នកស្រីបញ្ជាក់ថា តម្លៃសាច់ជ្រូកដែលលក់ដូរប្រចាំថ្ងៃនេះ មិនថាក្នុងរដូវសែន ឬជារដូវបុណ្យទាននានា តម្លៃលក់ចេញ គឺមិនមានការដំឡើងថ្លៃនោះទេ។លោក គួច ចំណាន ប្រធានផ្សារច្បារអំពៅ បានឲ្យដឹងថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះផ្សារនឹងបិទឈប់សម្រាកចំនួន៣ថ្ងៃ គិតចាប់ពីថ្ងៃទី២ ដល់ទី៤ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឲ្យអាជីវករបានឈប់សម្រាកជួបជុំគ្រួសារ និងមួយចំនួនផ្សេងទៀតអាចធ្វើដំណើរកម្សាន្តតាមតំបន់រមណីយដ្ឋាននានា៕ អត្ថបទ ឈិត បូរ៉ាវី 

ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ចាប់អារម្មណ៍លើការវិនិយោគវិស័យថាមពល និងកសិកម្មនៅកម្ពុជា

2024/09/30 12:17:37 pm        196
ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន បានចំណាប់អារម្មណ៍ខ្ពស់ នឹងពិនិត្យលទ្ធភាពអំពីការវិនិយោគនៅកម្ពុជា លើវិស័យថាមពល និងកសិកម្ម ស្របពេលដែលធនាគារជាតិកាណាដា បានសម្រេចផ្ដល់ទុនដល់ធុរកិច្ចកាណាដា-អាស៊ាន សម្រាប់ការវិនិយោគនៅក្នុង ប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២៤ បានជួបពិភាក្សាតុមូល ស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានការចូលរួមពីសមាជិក-សមាជិការ នៃក្រុមប្រឹក្សាធុរកិច្ចកាណាដា -អាស៊ាន (Canada-ASEAN Business Council- CABC) ដឹកនាំដោយលោក Louis Vachon ជាសហប្រធានប្រចាំកាណាដានៃ CABC, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា, ឯកឧត្តម Alan Bowman អគ្គនាយកកិច្ចការសកលរបស់កាណាដា ទទួល បន្ទុកអាស៊ីអាគ្នេយ៍ និងអូសេអានី តំណាងរដ្ឋាភិបាលកាណាដា, លោក Stephane Achard អនុប្រធានប្រតិបត្តិ ផ្នែកអន្តរជាតិ នៃធនាគារជាតិកាណាដា, និងវិស័យឯកជនកម្ពុជា-កាណាដាជាច្រើនរូបផងដែរ។ ក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកព័ត៌មានជាមូលដ្ឋានជូនដល់អង្គប្រជុំបានជ្រាប និងចូលរួមផ្សព្វ ផ្សាយបន្ត អំពីវឌ្ឍនភាពថ្មីៗរបស់កម្ពុជាលើគ្រប់វិស័យ ក្រោមការគិតគូរយ៉ាងម៉ត់ចត់ពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសគោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានបន្តយកចិត្តទុកដាក់យ៉ាងពេញទំហឹង លើការកសាងមូលធនមនុស្ស, ការលើក កម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទទាំងរឹង និងទន់ ព្រមទាំងការពង្រឹងវិស័យឯកជន និងធុរកិច្ចក្នុងវិស័យមានសក្តានុពល នានា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឧស្សាហូបនីយកម្មជាដើម។ ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងបន្ថែមថា កម្ពុជាជាប្រទេសតូច ដែលបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទី ស្របតាម ច្បាប់ស្ដីពីវិនិយោគកម្ពុជា ដោយពុំមានការរើសអើង ឬការបែងចែកណាមួយសម្រាប់ប្រទេសផ្សេងៗ, ជាមួយគ្នានេះដែរ ក្រៅអំពីទីផ្សារ របស់កម្ពុជាក្នុងតំបន់អាស៊ាន, ទីផ្សារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), និងពីកិច្ចព្រមព្រៀង ផ្សេងៗជាច្រើនទៀត កម្ពុជាក៏បានទទួលអត្ថប្រយោជន៍ បន្ថែមផងដែរពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាម៉េរិក និងប្រព័ន្ធ អនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប, បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តខិតខំយ៉ាងពេញទំហឹង ដើម្បីសម្របសម្រួល ការងារវិនិយោគរបស់វិនិយោគិនពីគ្រប់ប្រទេស ដែលសម្រេចចិត្តបណ្ដាក់ទុននៅកម្ពុជា។ របៀបវារៈថ្មី មួយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានរៀបចំឱ្យក្លាយទៅជាយន្តការកិច្ចសន្ទនាផ្លូវការរវាងរដ្ឋ និងឯកជន សម្រាប់ជួបពិភាក្សាស្ដាប់ និងដោះស្រាយបញ្ហាប្រឈម នានារបស់វិនិយោគិន ហើយបច្ចុប្បន្នកម្ពុជាកំពុងអនុវត្តយន្តការនេះ ជាមួយប្រទេសជប៉ុន សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ហើយ គ្រោងនឹងរៀបចំជាមួយប្រទេសផ្សេងៗជាបន្តបន្ទាប់ទៀតផងដែរ។ ជាការឆ្លើយតប, លោក Stephane Achard ក៏បានលើកបង្ហាញអំពីលទ្ធផលដ៏ល្អប្រសើរ ដែលធនាគារជាតិកាណាដា បានសម្រេច ផ្ដល់ទុនវិនិយោគជូនដល់សមាជិក-សមាជិកររបស់ក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន ទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ហើយធនាគារជាតិកាណាដា នឹងបន្តមានសុទិដ្ឋនិយមខ្ពស់សម្រាប់ កិច្ចការងារនេះ។ ជាលទ្ធផល, សមាជិក-សមាជិករ របស់ក្រុម ប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ក៏រំលេចលើកឡើងអំពីចំណាប់អារម្មណ៍ខ្ពស់ នឹងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា លើវិស័យមាន ថាមពល និងកសិកម្មផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុម Article IV វាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ មានកំណើន ៥,៥%

2024/09/30 11:57:09 am        163
ក្រុម Article IV វាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៤ នឹងមានកំណើន ៥,៥% គាំទ្រដោយការងើប ឡើងវិញលឿន ជាងការរំពឹងទុកនៃវិស័យកាត់ដេរ និងវិស័យ​ដឹក​ជញ្ជូន និងការបន្តចលនការនៃវិស័យទេសចរណ៍ និងវិស័យកសិកម្ម ខណៈវិស័យសំណង់ អចលន​ទ្រព្យនៅបន្តកំណើនទាប។ លោក KenichiroKashiwase ប្រធានក្រុមបេសកកម្ម តំណាងមូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ប្រចាំ​តំបន់​នៅ​កម្ពុជា, ឡាវ និង វៀតណាម លើកឡើងក្នុងលទ្ធផលកិច្ចប្រជុំបូកសរុបការងារ របស់ក្រុម​ការងារ​បេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើការវាយតម្លៃស្ថាន​ភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា ឆ្នាំ ២០២៤ និង ២០២៥ នេះថា ចំពោះលទ្ធផលនៃការវាយតម្លៃ លើស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថា, ក្នុងឆ្នាំ ២០២៤ សម្រេចក្នុងរង្វង់ ៥,៥%នេះ, ទោះបី​កំណើន​សេដ្ឋកិច្ច​ឆ្នាំ២០២៤ ទាបជាងការរំពឹងទុក ពីដើមឆ្នាំក្តី ក៏កំណើននេះជាកំណើនមួយខ្ពស់ក្នុងតំបន់ និង​សកល និងនៅតែល្អជាងឆ្នាំ ២០២៣កន្លងទៅ ។ ចំណែកនៅក្នុង ឆ្នាំ២០២៥ វិញ, សេដ្ឋកិច្ច​កម្ពុជា រំពឹងថា នឹងមានកំណើនក្នុងរង្វង់ ៥,៧៥% ដែលបន្តគាំទ្រ​ដោយ​វិស័យ​បម្រើ​ដ​ល់​ការ​នាំ​ចេញ និងការបន្តរក្សាបានកំណើនល្អនៃវិស័យទេសចរណ៍ និងកសិកម្ម។ លោក បន្តថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏នៅបន្តហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ នៃ​កត្តា​ខាង​ក្រៅរួមមាន៖ កំណើនយឺតនៃសេដ្ឋកិច្ចសកល, ភាពតានតឹងនៃកត្តាភូមិសាស្រ្តសេដ្ឋកិច្ច និងនយោបាយ និងការប្រែប្រួលអាកាសធាតុ និងគ្រោះ ធម្មជាតិជាដើម ប៉ុន្តែជាមួយគ្នា​នេះ​ក៏​មាន​កាលានុវ​ត្ត​ភាពមួយចំនួន សម្រាប់កម្ពុជាផងដែរដូចជា៖ ការបន្ធូរបន្ថយគោលនយោបាយ រូបិយវត្ថុ និងនិន្នាការល្អនៃសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មកម្ពុជានាពេលថ្មីៗនេះ ។ ក្នុងន័យនេះ, ក្រុមការងារ Article IV បានលើកឡើងជាអនុសាសន៍គោលនយោបាយ​ចម្បងៗ​មួយ​ចំនួន ដែលមាននិន្នា ការ ស្របគ្នាទៅនឹងការគិតគូររបស់រាជរដ្ឋាភិបាលរួមមាន៖ ការរក្សា​ជំហរ​គោលនយោបាយពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន សំដៅ កសាងទ្រនាប់ថវិកាឡើងវិញ និងការបន្តពង្រឹងយន្តការតាមដាន និងគ្រប់គ្រងហានិភ័យ។ ការពង្រឹងការកៀរគរចំណូល តាមរយៈការ ដាក់ចេញឱ្យអនុវត្តនូវយុទ្ធសាស្រ្តកៀរគរចំណូលដំណាក់កាលបន្ទាប់ ។ ការធ្វើអាទិភាវូបនីយកម្មចំណាយឱ្យស្របតាមតម្រូវការនៃការ អភិវឌ្ឍ ជាមួយនឹង​ការ​ផ្តល់​អាទិភាព​ខ្ពស់ដល់កិច្ចគាំពារសង្គម ជាពិសេសលើក្រុមងាយរងគ្រោះ។ ការបន្តអនុវត្តគោលនយោបាយ ម៉ាក្រូប្រុងប្រយ័ត្នចំពោះវិស័យហិរញ្ញវត្ថុ និងធនាគារ និងការ​បន្ត​ពង្រឹង​ក្របខ័ណ្ឌតាមដាន និងត្រួតពិនិត្យ។ ការបន្តជំរុញពិពិធកម្ម សេដ្ឋកិច្ច និងពង្រឹងភាព​ប្រកួត​ប្រជែង, ការបន្តលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ, ការជំរុញការតភ្ជាប់ឌីជីថល, ការបន្សំាទៅនឹងការប្រែ ប្រួលអាកាសធាតុ និងការពង្រឹងអភិបាលកិច្ច ដែលសុទ្ធសឹងជាទិសដៅគោលនយោបាយ ដើម្បីគាំទ្រដល់កំណើនប្រកបដោយ ចីរភាព, បរិយាប័ន្ន និងភាពធន់។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការវាយតម្លៃ ខ្ពស់ ចំពោះលទ្ធផលនៃការវាយតម្លៃរបស់ក្រុមការងារ Article IV ហើយបានកត់សម្គាល់ឃើញពីសង្គតិភាព នៃលទ្ធផលកំណើន សេដ្ឋកិច្ច និងស្ថានភាពតាមវិស័យសំខាន់ៗ ជាពិសេសលើវិស័យជំរុញកំណើនក្នុងឆ្នាំ ២០២៤ របស់ក្រុមការងារ និងការគិតគូររបស់ រាជរដ្ឋាភិបាល ទោះបីជាទំហំអាចមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ។ ទន្ទឹមនេះ ,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ ពីភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចសកល ដែលបន្តជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជាខិតខំសម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ៦,០% នៅឆ្នាំ ២០២៤ និង ៦,៣% នៅឆ្នាំ ២០២៥ ៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតី អញ្ជើញទទួលថវិកាសប្បុរសជនចំនួន ៤៥ម៉ឺនដុល្លារទទួលបានពីព្រឹត្តិការណ៍ Gumball 3000

2024/09/30 11:40:24 am        194
សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤នេះ បានញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ថវិកាសប្បុរសជនដែលបរិច្ចាគចំនួន ៤៥ ម៉ឺនដុល្លារ តាមរយ:ក្រុមហ៊ុនជីបម៉ុងគ្រុប ដើម្បីផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ដោយទទួលបានពីការចូលរួមនៃព្រឹត្តិការណ៍ Gumball 3000 កន្លងមក។ សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 បានរៀបចំឡើងនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ចប់ទៅពោរពេញដោយស្នាមញញឹម និងបរិយាកាសកក់ក្តៅជាទីបំផុត ក្រោមការរក្សាបានសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចម្រុះ ក្នុងការរៀបចំ និងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធីទាំងមូល និងបានកៀគរថវិកាពីសប្បុរសជន ៤៥ ម៉ឺនដុល្លារ ដើម្បីប្រគល់ឱ្យមន្ទីរពេទ្យកុមារអង្គរ។ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយសហគ្រិនសញ្ជាតិអង់គ្លេស លោក Maximillion Cooper បានក្លាយជាព្រឹត្តិការណ៍ដ៏មានប្រជាប្រិយភាពកម្រិតពិភពលោក ដែលប្រារព្ធឡើងសម្រាប់ អបអរសាទរទៅលើប្រណីតភាពប្លែកៗរបស់រថយន្តដែលមានសមត្ថភាពខ្លាំងក្លា ក៏ដូចជាតម្លៃខ្ពស់ៗ និងការធ្វើដំណើរផ្សងព្រេង៕

សភានិងមុខរបរ កំពុងចូលរួមទាក់ទាញទេសចរណ៍ តាមរយៈការផ្តល់សេវាកម្មម្ហូបអាហារ

2024/09/30 11:31:26 am        69
ក្រុមអ្នកជំនាញក្នុងវិស័យម្អូបអាហារ នៃសភានិងមុខរបរ បើកការប្រកួតប្រជែង និង​ដាក់​បង្ហាញ​ការ​រចនា កែច្នៃលម្អលើផ្លែឈើ និងបន្លែ ប្រកបដោយសោភ័ណ្ឌភាព និងការទាក់ទាញ ដើម្បី​ចូល​រួម​លើកកម្ពស់វិស័យម្ហូបអាហារ និងការចូលរួមដល់ការទាក់ទាញភ្ញៀវ ទេសចរ។លោក ដា សុខុន ប្រធានគ្រប់គ្រងវិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ច នៃសភានិងមុខរបរ លើក​ឡើង​ក្នុង​ពិព័រណ៍វិស័យម្ហូប អាហាររបស់សភានិងមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នៅចុង​សប្តាហ៍​​កន្លងមកថា ជុំវិញវិស័យម្ហូបអាហារ បានដើរតួយ៉ាងសំខាន់ សម្រាប់ការហូបចុកប្រចាំថ្ងៃ និង​ជា​អាហារប្រកបដោយអនាម័យ និងមានសុវត្ថិភាពខ្ពស់។ ទាក់ទិនបញ្ហានេះ សភានិងមុខរបរ តែង​តែ គូរនិងយកចិត្តទុកដាក់បំផុត ជាក់ស្តែងការរៀបចំព្រឹត្តិការណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺ​ចង់​បង្ហាញដល់ប្រជាពលរដ្ឋ អំពីវិស័យ ម្អូបអាហារនៅកម្ពុជា និងការ​ចូល​រួម​លើក​កម្ពស់​ដល់​សហ​គ្រាស​កែច្នៃម្ហូបអាហារ សម្រាប់ផលិត និងចែកចាយលើទីផ្សារឱ្យបានកាន់ តែច្រើន។លោក បន្តថា ជុំវិញវិស័យម្ហូបអាហារនេះ, ក្រៅពីការផ្តល់នូវអាហារដែលមានអនាម័យ និង​សុវត្ថិភាព ការរចនាលម្អលើផ្លែឈើ និងបន្លែ វាក៏ជា​ផ្នែក​មួយ​នៃ​ការ​ចូល​រួម​លើក​កម្ពស់​ដល់​វិស័យ​ម្ហូប​អាហារ​ប្រកបដោយសោភ័ណ្ឌភាព និងក៏ជាផ្នែកមួយយ៉ាងសំខាន់ នៃការទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ, ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នេះ សភានិងមុខរបរ ក៏បើកឱ្យមាន​ការ​ប្រកួត​ប្រជែង បង្ហាញនូវ ស្នាដៃ នៃការរចនា កែលម្អលើផ្លែឈើ និងបន្លែ ខណៈបច្ចុប្បន្ន​នៅ​តាម​សណ្ឋាគារ និងភោជនីយដ្ឋានធំៗមួយចំនួន បានកំពុងលើក កម្ពស់ម្អូបអាហារ តាមរយៈ​នៃ​ការ​រច​នា​នេះ។ទាក់ទិនវិស័យទេសចរណ៍វិញ, ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថា នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលទេចរអន្តរជាតិ បានចំនួនជាង ៣ លាននាក់ កើនជាង ២៣ ភាគរយ បើធៀបនិងឆ្នាំ២០២៣។ ឯកឧត្តម បន្តថា នៅពេលដែលមានកំណើនភ្ញៀវទេសចរ យើងត្រូវតែបង្កើននូវផលិតផលទេសចរណ៍ សម្រាប់លក់ជូនភ្ញៀវទេសចរ ជាវត្ថុអនុស្សាវរីយ៍ និងសេវាផ្សេងៗ ជាពិសេសវិស័យម្ហូបអាហារ គឺជាម្ហូបអាហារដែលឆ្ងាញ់ ប្រកបដោយអនាម័យ និងមានសុវត្ថិភាព ដែលធ្វើឱ្យភ្ញៀវ ពិសារហើយចង់ពិសារទៀត ដោយបញ្ហាទាំង នេះគឺជាសេវាទេសចរណ៍មួយដ៏សំខាន់ ដែលមិនអាចខ្វះបាន ក្នុងការចូលរួមចំណែក លើកកម្ពស់ទេសចរណ៍នៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង ធ្វើលំហាត់សមយុទ្ធជំនាញបច្ចេកទេសសង្រ្គោះ ការរុករកជនរងគ្រោះ ពេលមានគ្រោះមហន្តរាយធម្មជាតិផ្សេងៗ

2024/09/30 11:11:16 am        50
កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំកម្លាំងចំនួន១៥០នាក់ ធ្វើសមយុទ្ធជួយសង្គ្រោះ និងត្រៀមអន្តរាគមន៍ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ជាពិសេសទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា៖ ក្នុងសមយុទ្ធជួយសង្គ្រោះ និងអន្តរាគមន៍ប្រជាពលរដ្ឋពេលមានគ្រោះធម្មជាតិផ្សេងៗនេះ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានផ្សព្វផ្សាយដល់កម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវត្រៀមប្រុងប្រៀបមធ្យោបាយ និងសម្ភារៈ តាមផែនការរង់ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន ដើម្បីចល័តដោះស្រាយជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។ ការធ្វើលំហាត់សមយុទ្ធ ដើម្បីពង្រឹងនូវចំណេះជំនាញក្នុងការត្រៀម លក្ខណៈគ្រប់ពេលវេលា ក្នុងការសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្ត រាយជាយថាហេតុណាមួយកើតឡើង។ ការធ្វើលំហាត់សមយុទ្ធជំនាញបច្ចេកទេសសង្រ្គោះគ្រោះមហន្តរាយ ការរុករកនិងសង្គ្រោះជនរងគ្រោះនេះ មានការចូលរួមពីកងកម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំងចំនួន១៥០នាក់ សម្រាប់ត្រៀមឆ្លើយតបនិងសង្គ្រោះនៅពេលមានគ្រោះទឹកជំនន់ ឬគ្រោះធម្មជាតិផ្សេងៗកើតដោយយថាហេតុ។ លោកបានបញ្ជាក់ថា៖ ការហ្វឹកហ្វឺន និងការធ្វើលំហាត់សមយុទ្ធនាពេលនេះ នឹងផ្តល់នូវទិន្នផល និងប្រសិទ្ធភាពអាចកែប្រែទិដ្ឋភាព ខ្វះខាតនៃសមត្ថភាពរុករកសង្គ្រោះរបស់យើងកន្លងមកសម្រាប់ការឆ្លើយតបបានឆាប់រហ័ស ដើម្បីជួយសង្គ្រោះអាយុជីវិតជនរងគ្រោះយ៉ាងមានប្រសិទ្ធភាពខ្ពស់។ យុទ្ធសាស្រ្តគ្រប់គ្រងគ្រោះមហន្តរាយនេះ ត្រូវមានសមាសភាពយុទ្ធសាស្រ្តដែលឆ្លើយតបទៅនឹងទិដ្ឋភាពទាំងអស់នៃការគ្រប់ គ្រងគ្រោះមហន្តរាយដូចជា ការប៉ាន់ប្រមាណហានិភ័យ ការប្រកាសឱ្យដឹងមុនពីគ្រោះមហន្តរាយ និងការតាមដានត្រួតពិនិត្យ ការត្រៀមបង្ការនិងការកាត់បន្ថយគ្រោះថ្នាក់ ការត្រៀមរៀបចំសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញ។ លោកឧត្តមសេនីយ៍ត្រី បានស្នើដល់កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង ត្រូវមានវិន័យខ្ពស់ ថែទាំសុខ ភាពឱ្យបានមាំមួន អភិវឌ្ឍន៍សមត្ថភាពជំនាញជានិច្ច ធ្វើលំហាត់ និងធ្វើការហ្វឹកហ្វឺនជាប្រចាំ ហើយរាល់ការបំពេញ ការងារប្រតិបត្តិការរុករក សង្គ្រោះត្រូវជឿជាក់លើសមត្ថភាពខ្លួនឯងជួយគ្នាទៅវិញទៅមក ដើម្បីធានាដល់ការ ប្រតិបត្តិការឱ្យមានលក្ខណៈស្វ័យប្រវត្តិរហ័សរហួនទាន់ចិត្ត។ ការរៀបចំកម្មវិធីលំហាត់សមយុទ្ធនេះ ធ្វើឡើង ដើម្បីជាការត្រៀមបម្រុងដ៏ល្អប្រសើរសម្រាប់ការឆ្លើយតបគ្រោះមហន្តរាយ ពិសេសដោយទឹកជំនន់ក្នុងឆ្នាំនេះ៕ កាំង ហុងវាស្នា

សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតចុះពិនិត្យស្ថានភាព ទិដ្ឋភាពជាក់ស្ដែង និងសំណេះសំណាល​ជាមួយ​ពលរដ្ឋជិះរថយន្តក្រុងសាធារណៈទៅស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

2024/09/30 10:53:19 am        184
នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានឆ្លៀតចុះពិនិត្យមើលស្ថានភាព ទិដ្ឋភាពជាក់ស្ដែង និងបាន​សំណេះ​សំណាល​​ផង​ដែរ​ជាមួយបងប្អូនប្រជាពលរដ្ឋ​ដែលកំពុងរង់​ចាំជិះ​រថយន្ត​ក្រុង​សាធារណៈ​ដោយ​ឥត​គិត​ថ្លៃ​​ទៅ​​លេង​ស្រុក​កំណើត នៅទីតាំងចំណត(ជ្រោយចង្វារ) នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​។ក្នុងឱកាសពិធីបុណ្ឌភ្ជុំបិណ្ឌនេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។ សម្តេចធិតបីក៏បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញដែលបានរៀបចំរថយន្តក្រុងចំនួន៤៩៧ គ្រឿង ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា និងរថយន្តក្រុងចំនួន ៥៦ គ្រឿងផ្សេងទៀតពីរាជធានីភ្នំពេញទៅកាន់ខេត្តទាំង៤ នៃតំបន់ភូមិភាគឦសាន ដោយឥតគិតថ្លៃ ខណៈដែលសម្តេចបានណែនាំឱ្យផ្តល់ជូនរថយន្តក្រុងនេះចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។សូមបញ្ជាក់ថារថយន្តក្រុងសាធារណះចំនួន ៦៥៣ គ្រឿងសម្រាប់បម្រើដល់ការដឹកជញ្ចូនពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស បានកំពុងដំណើរការរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញានេះ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។ រថយន្តទាំង ៦៥៣ គ្រឿង បែកចែកចេញជា៣ផ្នែក ដោយ ១០០គ្រឿងប្រើប្រាស់សម្រាប់ការដឹកជញ្ចូនក្នុងរាជធានីភ្នំពេញ ៤៩៧ គ្រឿង ប្រើសម្រាប់ការដឹកជញ្ចូនទៅតាមបណ្តាខេត្តទាំងអស់ ចំណែក ៥៣ គ្រឿងទៀត ប្រើសម្រាប់ការដឹកជញ្ចូនពលរដ្ឋទៅខេត្តនៅភូមិភាគឦសាន រួមមានមណ្ឌលគីរី រតនៈគីរី ក្រចេះ និងស្ទឹងត្រែង៕

ព្រះមហាក្សត្រ នឹងយាងទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង ស្អែកនេះ​

2024/09/30 09:45:54 am        312
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ស្អែកនេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថនរោត្ដម សហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅចូលរួមកិច្ច​ប្រជុំកំពូល​ហ្វ្រង់​កូហ្វូនី លើកទី១៩ នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ថ្ងៃទី០៦ ខែតុលា។​  ព្រះមហាក្សត្រមានព្រះរាជបន្ទូលនៅក្នុងព្រះរាជសារថា៖ «នៅក្នុងឱកាសអវត្តមានរបស់​ទូលព្រះ​បង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួល​ជួយក្នុងព្រះបរមនាមទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ជាប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា។»។ គួរឱ្យដឹងថា ហ្រ្វង់កូហ្វូនីគឺអង្គការអន្តរជាតិមួយដែលមានរដ្ឋសមាជិកចំនួន ៨៨ និងរដ្ឋាភិបាល ជាសមាជិកពេញសិទ្ធិចំនួន ៥៤ និងសមាជិកសហការីចំនួន ៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ ២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន ៥ និងមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង ។ បេសកកម្មរបស់ហ្វ្រង់កូហ្វូនីគឺដើម្បីផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា, លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM