ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

គណៈប្រតិភូក្រសួងការងារចុះសួរសុខទុក្ខកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ

2024/09/28 04:01:46 pm        51
ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងជិតឈានមកដល់នាពេលខាងមុខនេះ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែកញ្ញានេះ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន។ ជាពិសេស ក្នុងអំឡុងរដូវភ្លៀងនេះ សូមថែទំាសុខភាព និងសុវត្ថិភាព ការពារពីសត្វអសិរពឹសចឹកខាំ និងជំងឺឆ្លងនានា តាមរយៈការប្រុងប្រយ័ត្នគ្រប់ពេល ព្រមទាំងការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ឯកឧត្តម ក៏បានលើកឡើងពីវឌ្ឍនភាពមួយចំនួនរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមិទ្ធិផលជាប្រវត្តិសាស្ត្រជាច្រើនទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលអាចដោះស្រាយបាននូវវិបត្តិធំៗនៅចំពោះមុខ មានឱកាសកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ជាតិ ពិសេសពលរដ្ឋមានជីវភាពធូរធារជាលំដាប់។ នាឱកាសនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំមកនូវអំណោយក្នុងនាមសមេ្តចធិបតី សម្រាប់ផ្តល់ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ រួមមានគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន សរុបជាថវិកាចំនួន ១៥២,៥១១,០០០រៀល។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា អំណោយទាំងនេះ ចាត់ទុកថាជាស្មារតីសាមគ្គី សហការ រវាងកងទ័ព ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាជន។ នេះគឺជាខឿនការពារជាតិដ៏រឹងមំា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សមេ្តចធិបតី។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនំា និងមន្រ្តីរាជការនៃក្រសួងការងារ ព្រមទាំងសប្បុរសជនទំាងអស់ ដែលបានចូលរួមចំណែកដ៏ថ្លាថ្លៃជាមួយក្រសួង និងសូមកោតសរសើរដ៏ស្មោះស័្មគ្រចំពោះ នាយទាហាន នាយទាហានរង ពលទាហាន ព្រមទំាងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់សហការគ្នាយ៉ាងជិតសិ្នទ្ធ ចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្រ្ត របស់កងកម្លាំងប្រដាប់អាវុធ នៃកងពលតូចអន្តរាគមន៍លេខ៧ ក្នុងការការពារបូរណភាពទឹកដី និងការពារសន្តិសុខសុវត្តិភាពជូនជាតិ៕អត្ថបទ ឈិត បូរ៉ាវី 

កម្ពុជាប្រារព្ធទិវា Earth Warriors Day ដើម្បីចូលរួមលើកកម្ពស់ទីក្រុងស្អាត និងបរិស្ថានល្អ

2024/09/28 01:40:19 pm        144
ភ្នំពេញ ៖ កម្ពុជាប្រារព្ធទិវា Earth Warriors Day សម្អាត និងថែរក្សាបរិស្ថាន ដើម្បីជំរុញការយល់ដឹងអំពីបរិស្ថាន តាមរយៈបទពិសោធ និងកិច្ចសហការ និងការពង្រឹងទំនាក់ទំនងរវាងមិត្តភក្តិ និងក្រុមគ្រួសារ ក៏ដូចជាការលើកកម្ពស់ដល់ការរស់នៅដែលមានផាសុកភាព។​ទិវាសម្អាតនិងថែរក្សាបរិស្ថាន ឬ Earth Warriors Day (EWD) 2024 ត្រូវបានរៀបចំនៅកម្ពុជា នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៤ គឺមានគោលបំណង ដើម្បីជំរុញការយល់ដឹង អំពីបរិស្ថាន តាមរយៈបទពិសោធផ្ទាល់ កិច្ចសហការ និងការពង្រឹងទំនាក់ ទំនង រវាងមិត្តភក្តិនិងក្រុមគ្រួសារ ក៏ដូចជាការលើកកម្ពស់របៀបរស់នៅដែលមានផាសុកភាព ជាពិសេសការបង្កើត បរិយាកាសដល់ វិស័យទេសចរ និងការវិនិយោគផងដែរ។នៅក្នុងពិធីនេះដែរ, ក្រុមយុវជនមកពីបណ្តាសាលានិងសាកលវិទ្យាល័យនានា លើកឡើងថា ជុំវិញសកម្មភាពសង្គមនេះ ពួកគាត់តែង តែចូលរួមជាញឹកញាប់ ជាក់ស្តែងនៅក្នុងទិវាសម្អាតនិងថែរក្សាបរិស្ថានជាដើម, ព្រោះការចូលរួមដើម្បីបរិស្ថាននៅក្នុងសង្គមនេះ ពិតជា មានសារៈសំខាន់ណាស់ ដើម្បីទីក្រុងស្អាត ការរស់នៅប្រកបដោយផាសុកភាព និងជីវភាពរស់នៅកាន់តែប្រសើរ។ជុំវិញទិវានេះ, លោក ហាន ហោះ ប្រធានកម្មវិធីនៃអង្គការសប្បុរសធម៌ ហ្គោលដិន លើកឡើងថា ការរៀបចំទិវាថ្ងៃនេះ គឺកម្ម វិធីធំមួយ បានការអនុញ្ញាត្តិពីប្រទេសម៉ាឡេស៊ី និងជាកម្មវិធីបែបសកល ដែលបានធ្វើឡើងចំនួន ១៣ ប្រទេស រួមគ្នាក្នុងថ្ងៃតែមួយ។ ការរៀបចំកម្មវិធីនេះឡើង ក៏ដើម្បីបង្ហាញទៅដល់សាធារណជន បានយល់ដឹងអំពីការសម្អាតបរិស្ថាន ឱ្យចេះស្រឡាញ់បរិស្ថាន ជាពិសេសប្រជាជននៅក្នុងសហគមន៍។ចំណែកលោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជាប្រធានក្រុម ស.ស.យ.ក ក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងថា ជុំវិញបញ្ហាបរិស្ថាន ឃើញថា នៅទីក្រុងភ្នំពេញបច្ចុប្បន្នមានការវិវឌ្ឍន៍រីកចម្រើនគួរកត់សម្គាល់ និងប្រកបដោយផាសុកភាព ដែល បញ្ហាទាំងអស់នេះ បានបង្ហាញនូវការយល់របស់ប្រជាពលរដ្ឋ ហើយសូមឱ្យប្រជាពលរដ្ឋបន្តសកម្ម នៃការចូលដើម្បីបរិស្ថានជាបន្ត បន្ទាប់ទៀត ដើម្បីបរិស្ថានប្រទេសយើងទាំងមូល។ទាក់ទិនបរិស្ថាននេះដែរ, លោក ជា សុធា ស្ថាបនិក ភីភី លីង លើកឡើងថា ការចូលរួមរបស់បងប្អូននេះពេលនេះ គឺដើម្បីជួយសង្គម ជាតិយើង និងបរិស្ថានក្នុងប្រទេសយើង គឺការចូលរួមប្រកបដោយស្នាមញញឹមទាំងអស់គ្នា និងសូមឱ្យបងប្អូនបន្តចូលរួមឱ្យសកម្ម ថែមទៀត ដើម្បីលើកកម្ពស់ទីក្រុងស្អាត និងបរិស្ថានល្អ និងជាផ្នែកដ៏សំខាន់ ក្នុងការបង្កើតបរិយាកាសដល់វិស័យទេសចរ និងការ វិនិយោគផងដែរ។ សូមបញ្ជាក់ថា ជុំវិញសកម្មភាពសម្អាត និងថែរក្សាបរិស្ថាន បងប្អូន សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន អង្គការ មន្រ្តី រាជការ និងយុវជន ស.ស.យ.ក បានចូលរួមរើសសំរ៉ាមនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ បានចំនួនជិត ៥ ពាន់គីឡូក្រាម ដែលតាម រយៈនេះ បានបង្ហាញឱ្យឃើញនូវទឹកចិត្តដ៏ប្រពៃ នៃការចូលរួមរបស់បងប្អូនទាំងអស់៕អត្ថបទ៖ សុន រ៉ាឌី

ចិន រៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគដើម្បីពង្រីកទំនាក់ទំនងក្នុងតំបន់ និងអន្តរជាតិ

2024/09/28 12:55:24 pm        65
ភ្នំពេញ ៖ រដ្ឋបាលខេត្តឡៅណីង (Liaoning) នៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំពិពរណ៍ពាណិជ្ជកម្ម និងវិនិយោគលើកទី៥ ដើម្បីពង្រីកទំនាក់ទំនងលើកិច្ចសហប្រតិបត្តិពាណិជ្ជកម្មក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ។ រដ្ឋបាលខេត្តឡៅណីងនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ លើកទី៥ក្រោមប្រធានបទ "ការអភិវឌ្ឍន៍ផលិតភាពថ្មី និងការលើកកម្ពស់ការរស់ឡើងវិញតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរគ្នាទៅវិញទៅមក" ដែលធ្វើឡើងក្នុងទីក្រុងហ្សិនយ៉ាង (Shenyang) ព្រមទាំងមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំ ពាណិជ្ជករមកពីប្រទេសជាច្រើន រួមទាំងអ្នកសារព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបូករួមទាំងកម្ពុជាផងដែរ។ លោក Hao Peng លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តឡៅណីង ថ្លែងថា ការប្រារព្ធពិធីពិព័រណ៍ពាណិជ្ជកម្ម គឺជាវិធានការជាក់ស្តែងមួយសម្រាប់ Liaoning ដើម្បីអនុវត្តតម្រូវការសំខាន់ៗរបស់លោកប្រធានាធិបតី Xi Jinping លើការលើកកម្ពស់ដ៏ទូលំទូលាយនៃប្រទេសចិន និងបង្កើតព្រំដែនថ្មីនៃការបើកចំហ។ លោក បន្តថា ពិពរណ៍ពាណិជ្ជកម្មលើកទី៥នេះ បណ្តាប្រទេសមួយចំនួននឹងទាញយកអត្ថប្រយោជន៍ពីឱកាសដ៏ល្អនៃពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មរបស់រដ្ឋបាលខេត្ត Liaoning ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ, ក៏ដូចជាពង្រីកទំហំកិច្ចសហប្រតិបត្តិការ, បង្កើនទំហំកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមក ហើយថែមទាំងរួមគ្នាដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ និងរួមចំណែកក្នុងការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក។ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តឡៅណីងរូបនេះ ថ្លែងទៀតថា នៅក្នុងយុគសម័យថ្មី ឧស្សាហកម្មខេត្ត Liaoning បានឆ្លងកាត់ការផ្លាស់ប្តូរ និងធ្វើឱ្យប្រសើរឡើងនូវការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបាននឹងកំពុងផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ព្រមទាំងជួយដល់ការអភិវឌ្ឍន៍ផលិតភាពគុណភាពថ្មី ដោយមានសន្ទុះខ្លាំង និងបរិយាកាសល្អ។ បន្ថែមលើនេះ មន្រ្តីជាន់ខ្ពស់តំណាងសភាប្រជាជនខេត្តឡៅណីង បានប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុនក្នុងស្រុក និងបរទេសក្នុងការវិនិយោគ និងចាប់ផ្តើមអាជីវកម្ម ដើម្បីបង្កើតផ្លូវអភិវឌ្ឍន៍ថ្មីៗ ក្នុងន័យរួមគ្នាបង្កើតអនាគតថ្មីសម្រាប់ការអភិវឌ្ឍន៍ ដែលមកពីគ្រប់មជ្ឈដ្ឋានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តឡៅណីង និងចែករំលែកឱកាសអភិវឌ្ឍន៍ថ្មីៗផងដែរ៕ដោយ ៖ ឧត្តម

ក្រុមហ៊ុន អេសស៊ីជី បើកបង្ហាញផលិតផលក្បឿងសេរ៉ាមិចថ្មី អ៊ិចសេឡា ក្រេស្តា (Excella Cresta)

2024/09/28 12:50:53 pm        64
ភ្នំពេញ ៖ អេសស៊ីជី ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់គ្រឿងសំណង់ឈានមុខគេនៅក្នុងតំបន់អាស៊ាន បានរៀបចំកម្មវិធីសម្ពោធផលិតផលថ្មី គឺក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ដែលត្រូវបានផលិតឡើងជាមួយបច្ចេកវិទ្យាទំនើប រួមបញ្ចូលនូវសិល្បៈនវានុវត្តន៍ ដ៏ល្អឥតខ្ចោះទាក់ទង នឹងផ្នែកដំបូលអគារ និងលំនៅដ្ឋាន។​កម្មវិធីដ៏ធំនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយលោក Ronnayut Manasatian អគ្គនាយកចែកចាយ នៃក្រុមហ៊ុន SCG Distribution and Retail Cambodia ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ អេសស៊ីជី រួមជាមួយនឹងអតិថិជនរបស់ក្រុមហ៊ុន SCG ជាច្រើនរូបទៀត។ លោក Ronnayut Manasatian បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ ដែលតែងតែផ្ដល់នូវទំនុកចិត្តក្នុងការជ្រើសរើសប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រមហ៊ុន អេសស៊ីជី តាំងពីដើមរៀងមក។ គោលបំណងសំខាន់ដែលយើងរៀបចំឡើងនូវកម្មវិធីសម្ពោធជាផ្លូវការនូវផលិតផលក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) មិនត្រឹមតែជាការបើកសម្ពោធផលិតផលថ្មីប៉ុណ្ណោះទេ ប៉ុន្ដែកម្មវិធីនេះ គឺជាការពង្រឹងភាពជាដៃគូ និងនិរន្តរភាពជាមួយអតិថិជនផងដែរ។ ក្បឿង អេសស៊ីជី ប្រភេទអ៊ិចសេឡា ក្រេស្ដា (Excella Cresta) ជាក្បឿងសេរ៉ាមិច ដែលត្រូវបានផលិតឡើងតាមបច្ចេកវិទ្យាស្រោបពណ៌ពិសេស Advance Glazing Technique ដែលជាបច្ចេកវិទ្យាផលិតផ្ដាច់មុខរបស់ក្រុមហ៊ុន អេសស៊ីជី ហើយវាមិនត្រឹមតែមានពណ៌ស្រស់ស្អាតទាក់ទាញ និងជាប់បានយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាជម្រើសដ៏ល្អសម្រាប់ម្ចាស់លំនៅដ្ឋាន ដែលចង់បានប្រភេទក្បឿង ដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ។ ក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) របស់ អេសស៊ីជី ត្រូវបានផលិតឡើង ដោយយកចិត្តដាក់ខ្ពស់បំផុត ជាមួយនឹងការគិតគូរអំពីតម្រូវការរបស់អ្នកប្រើប្រាស់ ទាំងផ្នែកគុណភាព និងសោភ័ណភាព។ ក្បឿងសេរ៉ាមិច អ៊ិចសេឡា ក្រេស្ដា (Excella Cresta) មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ, ពណ៌ដីឥដ្ឋ និងពណ៌ស។ ក្នុងនោះ ក្បឿង អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ស គឺមានសោភណ្ឌភាពទាក់ទាញស្រដៀងគ្នាទៅនឹងថ្មម៉ាបធម្មជាតិពណ៌ស។ ក្បឿង អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ខ្មៅវិញ គឺមានរំលេចនូវពណ៌ដូចត្បូងនិលពណ៌ខ្មៅ។ រីឯ ក្បឿង អ៊ិចសេឡា ក្រេស្ដា (Excella Cresta) ពណ៌ដីឥដ្ឋ គឺត្រូវបានផលិតឡើងជាមួយសោភណ្ឌភាពទាក់ទាញ ដូចទៅនឹងដីឥដ្ឋដែលត្រូវបានឆ្លងកាត់ការដុតកម្ដៅ រួមជាមួយនឹងខ្សាច់គ្រីស្តាល់ពណ៌មាសដ៏ស្រស់ស្អាត។ ក្រៅពីផលិតផលក្បឿងសេរ៉ាមិចថ្មីនេះ ក្រុមហ៊ុន អេសស៊ីជី ក៏មានការបង្ហាញជូននូវផលិតផលផ្សេងៗ ជាច្រើនទៀតដែរ ដូចជា ក្បឿងស៊ីម៉ងត៍អេសស៊ីជីពណ៌ថ្មីៗ អេសស៊ីជី ស្មាតបត (SCG SmartBoard), អេសស៊ីជី ស្មាតវូត (SCG Smartwood) ព្រមទាំងផលិតផលម៉ាក ឡាយរ៉ា (LYRA) ដែលរួមមាន សម្ភារៈបន្ទប់ទឹក រ៉ូប៊ីណេ ស៊ីងលាងចាន និងឥដ្ឋពន្លឺជាដើម។សូមបញ្ជាក់ផងដែរថា អេសស៊ីជី គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យសម្ភារៈសំណង់ ជាពិសេសការផ្គត់ផ្គង់ក្បឿងសេរ៉ាមិចសម្រាប់ប្រក់ដំបូលអគារ និងលំនៅដ្ឋាននានា។ ក្នុងរយៈពេលជាង 3០ឆ្នាំមកនេះ អេសស៊ីជី គឺជាក្រុមហ៊ុនដំបូងគេ ដែលបាននាំចូល និងបង្កើតទីផ្សារសម្រាប់ក្បឿងសេរ៉ាមិច ជាមួយនឹងការកំណត់នូវស្ដង់ដារខ្ពស់នៅក្នុងឧស្សាហកម្មនេះ។ ក្រុមហ៊ុន អេសស៊ីជី គឺជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុន ដែលមានការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រុមហ៊ុនកំពុងបង្កើនប្រតិបត្តិការរបស់ខ្លួន ដោយការរួមបញ្ចូលនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ តាមរយៈវិធីសាស្ត្រ “ESG 4 Plus” ដោយសង្កត់ធ្ងន់ទៅលើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យដល់កម្រិតសូន្យ (Net Zero Emission) ដោយជំរុញបរិស្ថានបៃតង ការកាត់បន្ថយវិសមភាពសង្គម និងការពង្រឹងកិច្ចសហការជាមួយនឹងភាពជឿទុកចិត្តតាមរយៈតម្លាភាព៕អត្ថបទ រដ្ឋា

ក្រសួងវប្បធម៌ អបអរសាទរចំពោះលទ្ធផលរបស់និសិ្សតមហាវិទ្យាល័យសិល្បៈសូនរូប តាមនិទ្ទេសនីមួយៗ

2024/09/28 12:39:29 pm        389
ភ្នំពេញ ៖ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមអបអរសាទរចំពោះលទ្ធផលរបស់និស្សិតមហាវិទ្យាល័យសិល្បៈសូនរូប បានឡើងការពារស្នាដៃបញ្ចប់បរិញ្ញាបត្រឆ្នាំសិក្សា២០២៣-២០២៤ ដោយទទួលបាននិទ្ទេសល្អប្រសើរ និទ្ទេសល្អ និងនិទ្ទេសល្អណាស់, នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។​លោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូនរូប បានមានប្រសាសន៍ថា និសិ្សតដែលជាបេក្ខជនត្រូវប្រឡងបញ្ចប់បរិញ្ញាបត្រក្នុងឆ្នាំ២០២៣-២០២៤ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សរុបមានចំនួន១៨៣នាក់ ក្នុងនោះមាន៖ ជំនាន់ទី២៦ ឯកទេសតុបតែងលំអ នៃស្ថាបត្យកម្ម មានចំនួន១១៣នាក់ នារី៨៥នាក់, ជំនាន់ទី១៥ ឯកទេសគំនូរសារគមនាគមន៍ មានចំនួន៤៧នាក់ នារី១៦នាក់, ជំនាន់ទី៣២ ឯកទេសវិចិត្រកម្ម មានចំនួន៧នាក់ នារី៤នាក់, ជំនាន់ទី៣០ ឯកទេសចម្លាក់ មានចំនួន២នាក់ និងលោកគ្រូ អ្នកគ្រូ បំពេញយកបរិញ្ញាបត្រសូនរូប មានចំនួន១៤នាក់ នារី៨នាក់។ ជាក់ស្តែងលទ្ធផលបង្ហាញថា បេក្ខជនទទួលបាន និទ្ទេសល្អប្រសើរ ចំនួន៧០នាក់, និទ្ទេសល្អ ចំនួន៤៨នាក់, និទ្ទេសល្អណាស់ ចំនួន៥០នាក់ និងបោះបង់ចំនួន១នាក់។ចំណែកនិសិ្សតមហាវិទ្យាល័យសិល្បៈសូនរូប ៣រូប ក្នុងចំណោមនិសិ្សតទាំង១៨៣នាក់ គឺនិស្សិត ម៉េង សៀងហៃ ឯកទេសចម្លាក់ទំនើប «ប្រធានបទ រូបលោកអាចារ្យហែម ចៀវ» និស្សិត លឿង យ៉ុងសឹង្ហ ឯកទេស តុបតែងលម្អ នៃស្ថាបត្យកម្ម «ប្រធានបទ សារមន្ទីរតំបន់កោះកេរ» និងនិសិ្សត ផល់ វិចិត្រ ឯកទេសតុបតែងលម្អស្ថាបត្យកម្ម «ប្រធានបទ សិប្បកម្ម និងអភិរក្សឧបករណ៍តន្រ្តីបុរាណខ្មែរ» ដោយទទួលបានលទ្ធផលនិទ្ទេស A បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាយ៉ាងដូច្នេះថា ចាប់តាំងពីចូលសិក្សាដំបូងនៅមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ធ្វើឲ្យនិសិ្សតទាំងអស់ យល់ដឹងអំពីក្បួន ខ្នាត និងការសិក្សាស្រាវជ្រាវផ្សេងៗជាច្រើនទៀត។ ជាពិសេសថ្ងៃនេះដែល និសិ្សតគ្រប់ជំនាញ បានបញ្ចប់បរិញ្ញាបត្រ ព្រមទាំងទទួលបាននិទ្ទេស A ល្អប្រសើរ ធ្វើឲ្យពួកគាត់រំភើប សប្បាយរីករាយ និងជាឱកាសដ៏កម្រក្នុងជីវិត ដែលបានខិតខំកសាងធ្វើស្នាដៃ ចូលរួមប្រឡងបញ្ចប់បរិញ្ញាបត្រ ទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរ ដើម្បីយកទៅជូនលោកឪពុក អ្នកម្តាយ ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ ជាពិសេសលោកសាស្រ្តាចារ្យដឹកនាំ ដែលលោកបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់ការគាំទ្រ ការអប់រំ ការណែនាំ និងចែករំលែកបទពិសោធន៍ដែលលោកសាស្រ្តាចារ្យ ឲ្យនិសិ្សតគ្រប់គ្នា និងសូមគោរពថ្លែងអំណរគុណថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ក៏ដូចជាមន្រី្តក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលលោកតែងតែខិតខំពុះពារ ធ្វើយ៉ាងណាឲ្យសិល្បៈវប្បធម៌ជាតិ ដែលជាដួងព្រលឹង ដួងវិញ្ញាណអត្តសញ្ញាណជាតិរស់រវើកក្នុងដួងចិត្តប្រជាជន និងបេះដូងរបស់ប្រជាជនខ្មែរយើងតរៀងទៅ។ឆ្លៀតក្នុងឱកាសនោះឯកឧត្តម សោម សុគន្ធ តំណាងលោកជំទាវ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមចូលរួមអបអរសាទរ និងរីករាយចំពោះលទ្ធផលរបស់ក្មួយៗនិស្សិតយ៉ាងគាប់ប្រសើរបំផុត លើស្នាដៃដែលបានបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំកន្លងមកនេះ ជាពិសេសមាតា បិតា អាណាព្យាបាល ដែលលោកយល់ថាកូនៗរបស់គាត់ បានឆ្លងកាត់ការសិក្សាអស់រយៈពេល៤ឆ្នាំ និងទទួលបានលទ្ធផលជាទីគាប់ចិត្តនាល្ងាចនេះ។ ក្រោយបញ្ចប់បរិញ្ញាបត្រនាថ្ងៃនេះ ក៏ជាផ្នែកមួយនៃការសម្រាល ប៉ុន្តែនៅពេលក្មួយៗនិសិ្សត ចេញពីមហាវិទ្យាល័យសិល្បៈសូនរូប ក៏រិតតែបង្កើន និងចំណេះជំនាញដែលមាននេះ ទៅបម្រើការងារតាមបណ្តាក្រសួង ស្ថាប័ន អង្គភាព ឲ្យកាន់តែមានការអភិវឌ្ឍលឿនឆ្ពោះទៅមុខ ផ្អែកលើគោលដៅចំណេះដឹងដែលបានឆ្លងកាត់ការសិក្សារយៈពេល៤ឆ្នាំកន្លងមកនេះ៕អត្ថបទ រដ្ឋា

បញ្ជាការដ្ឋានអង្គរក្សប្រារព្វពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតយុទ្ធជននិងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួល មរណៈភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកន្លងមក

2024/09/28 12:13:53 pm        91
កណ្តាល ៖ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា ជាពុទ្ធសាសនិកជន ចូលរួមពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌជាប្រពៃណីជាតិខ្មែរ នៃវេនទី១១ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បញ្ជាការដ្ឋានអង្គរក្ស បានប្រារព្វពិធីគោរពវិញ្ញាណក្ខ័ន្ធ ដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណៈភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន នាពេលកន្លងមកនេះ ។ ពិធីនេះបានប្រារព្ធធ្វើឡើង តាមបែបពិធីការវន្ទនកិច្ចរបស់កងទ័ព និងទំនៀមទម្លាប់ប្រពៃណីបែបពុទ្ធសាសនា ដោយមានវត្តមានអញ្ជើញជាអធិបតី ឯ.ឧ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី រួមជាមួយនិងមេ បញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ព្រម ទាំងក្រុមគ្រួសារ ក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត ។ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ បញ្ជាការដ្ឋានអង្គរក្សតែងបានរៀបចំនូវពិធីនេះឡើង នៅក្នុងឱកាសបុណ្យប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណង ដើម្បីឲ្យនាយទាហាន ពលទាហាន បានចូលរួមធ្វើបុណ្យទាន ឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧប្បជាយាចារ្យ និងញាត្តិការ ទាំង ៧សណ្តាន ជាពិសេសជូននាយទាហាន និងពលទាហាន ដែលបានបូជាសាច់ ស្រស់ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយបានមកទទួលនូវ មនុញផល និងបានទៅសោយសុខ ក្នុងទីឋានសុគតិភព ។  នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំង នាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស បាននិមន្តព្រះសង្ឃ ចំនួន៨០អង្គ ដែលនិមន្តមកពីវត្ត ចំនួន ០៥វត្ត នៅក្នងក្រុងតាខ្មៅ ខេត្តកណ្កាល, វត្តប្រជុំនទី(ក្រពើហា), វត្តព្រែកសំរោង, វត្តកណ្ធារាម(តាខ្មៅ), វត្តខ្ពបអណ្តែត(ក្របៅ) និង ពុទ្ធអណ្តែត(ព្រែកហូរ) ដើម្បីសូត្រមន្តរាប់បាត វេរប្រគេនទ័យ្យទាន មានគ្រឿងឧបភោគ -បរិភោគ រួមនឹងបច្ច័យជាច្រើនទៅដល់ព្រះសង្ឃ ស្របតាមគន្លងប្រពៃណីសាសនា នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី ១១នេះ។ សូមជម្រាបថា បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់ ខ.ភ.ម ដែលកន្លងមកបានចូល រួមបំពេញតួនាទី ភារកិច្ចយ៉ាង សកម្មក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ការកសាង និងអភិវឌ្ឍន៍ជាតិ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាព ថ្នាក់ដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងក្រុមគ្រួសារ និងការចូលរួមការងារសង្គមកិច្ចជាច្រើនទៀត ៕ អត្ថបទ ៖ ភារម្យ

បិណ្ឌទី១១ កម្មកររោងចក្រមួយចំនួនបន្តបំពេញការងារ ខណៈមួយចំនួនផ្សេងទៀតចាកចេញទៅស្រុកកំណើត

2024/09/28 12:10:06 pm        64
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ដែលជាថ្ងៃកាន់បិណ្ឌទី១០ កម្មករ កម្មការិនីរោងចក្រជាបណ្តើរៗហើយ បាននាំគ្នាចេញដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួនដើម្បីជួបជុំគ្រួសារ ញាតិសន្តាន និងមិត្តភ័ក្តិ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ខណៈកម្មករនិយោជិតមួយចំនួនផ្សេងទៀតបន្តធ្វើការងារជាធម្មតា។​អ្នកស្រី សេង ប៊ុនណេ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ សាន់នីខន ស្ថិតនៅខណ្ឌកំបូល រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រោងចក្រអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៦ និងចូលបំពេញការងារឡើងវិញនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ អ្នកស្រី បានឲ្យដឹងទៀតថា ឆ្នាំនេះក្រៅពីជួបជុំគ្រួសារ និងនាំយកចង្កាន់ប្រគេនព្រះសង្ឃ ក្រុមគ្រួសារទាំងអស់ នឹងបន្តដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានក្បែរៗផ្ទះ ដើម្បីសម្រាកលំហែកាយ។ លើកឡើងស្រដៀងគ្នានេះ ក្រុមកម្មការិនីដទៃផ្សេងទៀតនៅរោងចក្រខាងលើ បាននិយាយដោយទឹកមុខញញឹមថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ ដែលបានទៅលេងស្រុកកំណើត ព្រោះបានទៅលេងឪពុកម្តាយ បងប្អូន និតមិត្តភ័ក្ត ដែលខកខានជួបជុំគ្នាយ៉ាងយូរ ដោយសារជាប់រវល់ការងារ។ ពួកគាត់ បានលើកឡើងថា ការររស់នៅក្រុងភ្នំពេញសព្វថ្ងៃនេះ ពិតជារវល់ និងមមាញឹកច្រើនក្នុងការបំពេញការងារ ដូច្នេះមិនសូវមានពេលទៅលេងស្រុកឡើយ លុះត្រាតែមានបុណ្យទាន ឬបុណ្យជាតិធំៗទើបអាចធ្វើដំណើរទៅបាន។ជាការកត់សម្គាល់ ក្រៅពីកម្មករ កម្មការនី ក៏ឃើញមានប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត បានចាកចេញពីក្រុងភ្នំពេញ ធ្វើដំណើទៅខេត្តច្រើនខុសពីថ្ងៃធម្មតាដែរ ដោយឃើញមានការអន្តរាគមន៍របស់កងកម្លាំង សមត្ថកិច្ច ជាពិសេសប៉ូលិសចរាចរណ៍បានសម្រួលចរាចរណ៍នៅតាមតំបន់គោលដៅមួយចំនួន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងចៀសវាងការកក់ស្ទះចរាចរណ៍ផងដែរ។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឲ្យតែពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំប្រពៃជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូកជាដើម ប្រជាពលរដ្ឋចំណាកស្រុករស់នៅភ្នំពេញ ក៏ដូចជាកម្មករ កម្មការនីជាច្រើនសិបនាក់ តែងតែធ្វើដំណើរចេញ ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិនៅស្រុកកំណើតរៀងៗខ្លួន៕អត្ថបទ ឈិត បូរ៉ាវី

អ្នកជំនាញផ្នែកវះកាត់ឆ្អឹង៖ មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងទៅ គឺ70% - 80% មានបញ្ហាឆ្អឹងក្បាលជង្គង់

2024/09/28 12:04:41 pm        54
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត Phonthakorn Panichkul អ្នកជំនាញផ្នែកវះកាត់ឆ្អឹង នៃមន្ទីរពេទ្យបាងកក ប្រទេសថៃ បានលើកឡើងថា៖ មនុស្សចាស់ដែលមានអាយុច្រើន ចាប់ពី៦០ឆ្នាំឡើងទៅ គឺ៧០ភាគរយ ទៅ៨០ ភាគរយ ពួកគាត់មានបញ្ហាឆ្អឺងក្បាលជង្គង់ ប៉ុន្ដែក៏មានអ្នកជំងឺដែលមានអាយុទាបជាង៦០ឆ្នាំ ក៏ជួបនឹងជំងឺឈឺក្បាលជង្គង់នេះផងដែរ ដោយសារតែពួកគាត់មានគីឡូធ្ងន់ ធ្លាប់ជួបឧប្បទ្ទវហេតុ លេងកីឡា ដែលធ្វើឱ្យប៉ះពាល់ដល់សរសៃពួរជាដើម។​ការថ្លែងរបស់លោកវេជ្ជបណ្ឌិត Phonthakorn Panichkul យ៉ាងដូច្នេះ ក្នុងសិក្ខាសាលាស្តីអំពី ការវះកាត់ផ្លាស់ប្តូរក្បាលជង្គង់ ដោយមានជំនួយពីរ៉ូបូត និងការវះកាត់ដាក់ឆ្អឹងដោយការចោះ, កាលពីថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ លោកវេជ្ជបណ្ឌិត បន្តថា បច្ចុប្បន្ន ការវះកាត់ឆ្អឹងក្បាលជង្គង់ គឺធ្វើការវះកាត់បែបទំនើប អ្នកជំងឺទទួលបាននូវស្ដង់ដារដូចនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដូចគ្នា។ ហើយមិនមានការឈឺចាប់ លឿនរហ័ស និងចំណេញពេលវេលាច្រើនជាងមុន។ នៅក្រោយពេលដែលវះកាត់រួច អ្នកជំងឺមិនមានការឈឺចាប់នោះទេ និងអាចដើរបានធម្មតា។ លោកវេជ្ជបណ្ឌិតបានបង្ហាញពីមូលហេតុ និងវិធីការពារ ដើម្បីកុំឱ្យមានជំងឺសន្លាក់ក្បាលជង្គង់នេះកើតឡើង ដោយយើងត្រូវទទួលស្គាល់ថា បញ្ហានេះដោយសារតែសភាវៈចុះខ្សោយនៃរាងកាយ ការថែរក្សាគីឡូកុំឱ្យឡើងខ្លាំង និងការប្រើប្រាស់សកម្មភាពផ្សេងៗដោយប្រុងប្រយ័ត្ន ដើម្បីកុំឱ្យមានភាពប្រឈម។ ប៉ុន្ដែដំណាក់កាលបន្ដទៀត យើងត្រូវញ៉ាំថ្នាំ ដើម្បីកាត់បន្ថយភាពសឹករិចរិល និងធ្វើចលនា ដើម្បីសម្រួលសាច់ដុំត្រង់ក្បាលជង្គង់ជាប្រចាំ។ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត Kriwut Leurmprasert អ្នកជំនាញផ្នែកវះកាត់ឆ្អឹង នៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងទាក់ទងនឹងការវះកាត់ឆ្អឹងដែលត្រឹមត្រូវ និងរបៀបនៃការការពារ និងថែទាំ ថាតើត្រូវធ្វើការថែទាំឆ្អឹងយ៉ាងម៉េច? ហើយធ្វើយ៉ាងណាដើម្បីឱ្យឆ្អឹងល្អ រឹងមាំ ជាពិសេសពេលធ្វើការវះកាត់ឆ្អឹងបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានសុវត្ថិភាព។ បច្ចុប្បន្នមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានសម្ភារ និងឧបករណ៍ទំនើបក្នុងការពិនិត្យ និងធ្វើរោគវិនិច្ឆ័យបានលឿន ឆាប់រហ័សពាក់ព័ន្ធ នឹងបញ្ហាឆ្អឹង។ ជាចុងក្រោយលោកវេជ្ជបណ្ឌិត Phonthakorn Panichkul ក៏បានណែនាំដល់ប្រជាជនកម្ពុជាថា ប្រសិនបើមានបញ្ហាក្បាលជង្គង់សឹករិចរិល ឬក៏មានសភាពខ្សោយខ្លាំង អ្នកជំងឺត្រូវតែប្រញាប់មកទទួលការព្យាបាល ហើយបើយើងបណ្ដែតបណ្ដោយទុកយូរទៀត ក្បាលជង្គង់របស់យើងអាចនឹងខុសទ្រង់ទ្រាយ និងកោង ពិបាកទទួលការព្យាបាល ហើយប្រសិទ្ធភាពក៏មានការថយចុះ។ លោកវេជ្ជបណ្ឌិតក៏បានសង្កត់ធ្ងន់ថា៖ «បើមានបញ្ហាជង្គង់នេះទុកចោលរយៈពេលយូរ ជង្គង់នឹងឡើងកោងរហូតដល់ថ្នាក់ដើរអត់បាន ត្រូវប្រើរទេះរុញ និងគុណភាពជីវិតរបស់គាត់ត្រូវបាត់បង់ច្រើនឆ្នាំ ហើយបើទុកមិនទទួលការព្យាបាលទេ វានឹងធ្ងន់ធ្ងរទៅៗ»៕អត្ថបទ រដ្ឋា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយដល់តាៗធាក់ស៊ីក្លូចំនួន៣១១នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

2024/09/28 11:46:31 am        45
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាព្រះប្រធានកិត្តិ យស និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅក្នុងឱកាសបុណ្យកាន់បិណ្ឌទី១១ ថ្ងៃទី២៨ ខែកញ្ញា នេះ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា បាន អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣១១នាក់ នៅបរិវេណទីស្នាក់ការកណ្តាលកាកបាទក្រហម កម្ពុជា  ។​ក្នុងឱកាសសួរសុខទុក្ខ និងសំណេះសំណាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបន្ទូលហ្លូងម៉ែ ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកដល់លោកតា លោកអុំ ធាក់ស៊ីក្លូ និង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ និងសូមជូនពរលោកតា លោកអ៊ំ ជាអ្នកធាក់ស៊ីក្លូទាំងអស់មានសុខភាពល្អ។ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត បានឱ្យដឹងទៀតថា នេះគឺជាជំនួបលើកទី១ហើយ រវាងកាកបាទក្រហមកម្ពុជា ជាមួយសមាជិកមូលនិធិត្រី ចក្រយានកម្ពុជា (ស៊ីក្លូ) ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសអបអរទិវាមនុស្សចាស់កម្ពុជា ១ តុលា និងក្នុងឱកាសបុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិត្រីចក្រយានកម្ពុជា បានឱ្យដឹង ដែរថា មូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សំដៅអភិរក្សត្រីចក្រយាន (ស៊ីក្លូ) ដែលមានដើមកំណើតតាំងពី ឆ្នាំ១៩៣៦មកម្ល៉េះ។ សមាជិកសកម្ម សរុបចំនួន៣២៣នាក់ ប៉ុន្តែបច្ចុប្បន្ន នៅសល់ត្រឹមតែ២៩៤នាក់ប៉ុណ្ណោះ មូលហេតុ សមាជិក២៩នាក់ បានទទួលមរណភាព និងជរាពាធិ ហើយបច្ចុប្បន្នអ្នកដែលនៅសល់ ទទួលបានប្រាក់ខែទៀងទាត់ និង អាចបើកបានបីដងក្នុងមួយខែ ម្ដង៧ម៉ឺនរៀល ដើម្បីជួយសម្រួលការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។អ្នកធាក់ស៊ីក្លូទាំងអស់ បានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណអរគុណជ្រាលជ្រោចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ដែលបានផ្តល់ប័ណ្ណមូលនិធិសមធម៌ សុខាភិបាល ហើយកន្លងមកតែងតែជួយឧបត្ថមជារឿយ ៗដល់ពួកគាត់ ដោយមានទាំងប្រាក់ប្រចាំខែ ចែកជូនជាគ្រឿងឧបភោគ បរិភោគ និងថវិកានៅរាល់ពិធីបុណ្យទានជាតិធំ ៗ ដូចជាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌជាដើម។ឯកឧត្តម ឃួង ស្រេង បានជម្រាបថាការបង្កើតមូលនិធិនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃការចូលរួមអនុវត្តប្រព័ន្ធគាំ ពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរអំពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ដែល ជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យទទួលបានសេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួម គ្នាអភិរក្ស និងអភិវឌ្ឍ មុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។សូមជម្រាបថាអំណាយផ្តល់ជូន តាៗ ពូៗ អ្នកប្រកបរបរធាក់ស៊ីក្លូ ទាំង៣១១នាក់ ដោយក្នុងមួយនាក់ៗ ទទួល បាន៖ បាយ១ប្រអប់, បង្អែមនំចាក់ក្រចាន់១ប្រអប់, ផ្លែទំពាំងបាយជូ១គីឡូក្រាម, ក្រូចឃ្វិច១គីឡូក្រាម, ទឹកក្រូច១ដប, ទឹកបរិសុទ្ធអរុណា២ដប, អង្គរ២៥គីឡូក្រាម, មី១កេស, ត្រីខ១យូរ, ឃីត១កញ្ចប់ មាន (សារុង, ក្រមា, មុង, ភួយ), ទឹកដោះគោខាប់៥ កំប៉ុង, ភេសជ្ជៈបាកាស៤កំប៉ុង, អាវយឺតដៃវែង១, អាវអាចារ្យ១, ខោជើងវែង២, ស្បែកជើង១គូ, អាវភ្លៀង១, និងថវិកា ៣០០,០០០ រៀល (សាមសិបម៉ឺនរៀល)៕  អត្ថបទៈ សំ ងីម

ស្ថានទូតចិនប្រចាំកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

2024/09/28 11:15:27 am        144
ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតចិនប្រចាំកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៥ ឆ្នាំ (១ តុលា ១៩៤៩-១ តុលា ២០២៤) នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។​ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជាបានថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យនៅក្នុងពិធីនេះ។ តាមរយៈសុន្ទរកថា ឯកឧត្តម វ៉ាង វិនពីន បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ដែលចិនសម្រេចបានក្រោយពេលសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើង និងស្មារតីនៃសម័យប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុនិស្តលើកទី២០។ឯកឧត្តមមានប្រសាសន៍ថា ភាគីចិនរីករាយក្នុងការរួមគ្នាជាមួយភាគីកម្ពុជាដើម្បីជំរុញការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មីនេះ ពួតដៃគ្នាជាមួយកម្ពុជាដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងរីកចម្រើនសម្រាប់ប្រជាជាតិប្រទេសទាំងពីរ។ចំណែកឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរអំពីតួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងការជំរុញនិងរក្សាសន្តិភាពនិងការអភិវឌ្ឍសម្រាប់ពិភពលោកនិងតំបន់។ ឯកឧត្តមមានប្រសាសន៍ថា ភាគីកម្ពុជារីករាយក្នុងការរួមគ្នាជាមួយភាគីចិនដើម្បីបន្តទំនាក់ទំនងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ ផ្តល់ប្រយោជន៍ជូនប្រទេសទាំងពីរនិងប្រជាជនប្រទេសទាំងពីរឱ្យបានកាន់តែច្រើនបន្ថែមទៀត។ឯកឧត្តមបានបន្ថែមទៀតថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៦៦ ឆ្នាំមកនេះ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយៗនៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ។ កម្ពុជានិងចិនបានកសាងទំនាក់ទំនងមិត្តភាពដែកថែបដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា គោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា ហើយកត្តាទាំងនេះបានធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្លាយជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់។តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងតែគាំទ្រមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិខ្លួន តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ និងការឧបត្ថម្ភនានាលើវិស័យជាច្រើន ជាពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ វិស័យដឹកជញ្ជូន ថាមពល និង កសិកម្មជាដើម ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងរួមចំណែកដល់ការពង្រឹងឯករាជ្យភាពនិងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM