ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា ណែនាំវិទ្យាស្ថាន CDRI បង្កើនការអភិវឌ្ឍន៍វិស័យកសិកម្មដើម្បីផ្តល់ផលចំណេញដល់កសិករ

2024/09/28 09:58:01 am        37
ភ្នំពេញ : ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកិច្ចប្រជុំជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានណែនាំឱ្យយកចិត្តទុកដាក់អភិវឌ្ឍវិស័យកសិកម្ម ដើម្បីជាប្រយោជន៍ជូនដល់ ប្រជាកសិករឲ្យទទួលបានផលចំណេញក្នុងវិស័យមួយនេះ។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កិច្ចប្រជុំ នារសៀលថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងប្រាប់តំណាងវិទ្យាស្ថាន CDRI ឱ្យគិតគូរឱ្យបានច្បាស់លាស់ ស៊ីជម្រៅ នូវរាល់ការអនុវត្តគម្រោងនានារបស់ខ្លួន ដោយត្រូវមានទិសដៅរួមគ្នា ជាពិសេសត្រូវគិតគូរពីនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត។នៅក្នុងការអនុវត្តគម្រោងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យវិទ្យាស្ថាន CDRI យកចិត្តទុកដាក់ស្វែងយល់ពីតម្រូវការចាំបាច់ និងកង្វល់នានារបស់កសិករ ដោយណែនាំបច្ចេកទេសឱ្យចំគោលដៅ មានភាពប្រាកដនិយម ដោយពង្រីកទំហំនៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាឱ្យប្រជាកសិករទទួលបានផលចំណេញ ប្រកបដោយនិរន្តរភាព។នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យវិទ្យាស្ថាន CDRI សិក្សាស្រាវជ្រាវដើម្បីជួយជំរុញការកែច្នៃ តាមរយៈការបង្កើតផែនការដែលគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច និងកាត់បន្ថយចំនាយមិនចាំបាច់ផ្សេងៗ។ បើតាមឯកឧត្តម ការសិក្សានេះមានសារៈសំខាន់ណាស់ ដើម្បីជួយឱ្យប្រជាកសិករទទួលបានផលចំណេញពីកសិផល ជាជាងការលក់វត្ថុធាតុដើម ដែលនាំឱ្យបាត់បង់តម្លៃបន្ថែម៕

ក្រសួងបរិស្ថាន និងវិទ្យាស្ថាន CDRI ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព

2024/09/28 08:09:16 am        59
ភ្នំពេញ ÷ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្រ្តី សម្រាប់ជាធាតុចូលនៅក្នុងផែនការយុទ្ធសាស្រ្តស្រាវជ្រាវគោលនយោបាយអភិវឌ្ឍន៍ រយៈពេល ៥ឆ្នាំ(២០២៥-២០៣០) របស់វិទ្យាស្ថាន CDRI។ ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមអំពី យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព ហើយតាមរយៈការងារអាទិភាពទាំងនេះ ក្រសួងបរិស្ថានសម្រេចបាននូវសមិទ្ធផលជោគជ័យជាបន្តបន្ទាប់ទៅតាមជំហាននីមួយៗ ដែលមានភាពប្រាកដនិយម និងជាក់លាក់ក្នុងនោះ គឺមានការគាំទ្រពីប្រជាពលរដ្ឋជាង ៩លាន ៦សែនអង្គ/នាក់ និងមានប្រជាពលរដ្ឋជាង ៣លាននាក់ចូលរួមសម្អាត នៅក្នុងយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន។ លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI និងគណប្រតិភូ បានសម្តែងនូវការអរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីនូវកិច្ចសហប្រតិបត្តិការនេះ និងបានថ្លែងកោតសរសើរចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបាន។សូមជម្រាបជូនថា វិទ្យាស្ថាន CDRI ជាអង្គការមិនមែនរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណូល និងបានទទួលស្គាល់ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សារដ្ឋមន្រ្តីចុះថ្ងៃទី ៤ ខែកក្កដា ឆ្នាំ១៩៩០ ដោយលោកស្រី អេវ៉ា មីស្លីវីក ជាស្ថាបនិក និងឯកឧត្តមបណ្ឌិត ជា ចាន់តូ ជាប្រធានកិត្តយសក្រុមប្រឹក្សាភិបាល។

KOICA ប្រចាំកម្ពុជា៖ ត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍសមត្ថភាពក្នុងកម្មវិធីការទូត និងការប្រែប្រួលអាកាសធាតុ

2024/09/27 09:30:32 pm        94
ភ្នំពេញ ៖ ការិយាល័យកយកា-KOICA ប្រចាំកម្ពុជា បានបើកវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់កម្មវិធីបណ្តុះបណ្តាលសំខាន់ៗចំនួនពីរ គឺឆ្នាំទី៣“វគ្គបណ្តុះបណ្តាលស្តីពី កម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់គ្រូបង្គោល របស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR)” និងឆ្នាំទី១ “ការកសាងសមត្ថភាពលើការអប់រំបម្រែបម្រួលអាកាសធាតុ និងការចោលកាកសំណល់ក្នុងរាជធានីភ្នំពេញ”, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី ឆយ មូន ជុង(CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ កូរ៉េ (កយកា-KOICA) ប្រចាំកម្ពុជា រួមជាមួយនឹង ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម បណ្ឌិតថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។ វគ្គតម្រង់ទិសនេះ បាននាំយកសិក្ខាកាម ចូលរួមសរុប៣០នាក់ មកពីក្រសួងនានា។វគ្គតម្រង់ទិសមុនចេញដំណើរ មានគោលបំណងសម្រាប់មន្ត្រីកម្ពុជារៀបចំពេលវេលាស្នាក់នៅរបស់សិក្ខាកាមនៅសាធារណរដ្ឋកូរ៉េ ដោយផ្តល់ព័ត៌មានសំខាន់ៗអំពីវប្បធម៌ និងទិដ្ខភាពជីវិតរស់របស់កូរ៉េ ដោយធានាថាសិក្ខាកាមអាចទទួលបានអត្ថប្រយោជន៍ពេញលេញពីការបណ្តុះបណ្តាលរបស់ពួកគាត់។ មន្ត្រី កយកា-KOICA ប្រចាំប្រទេសកម្ពុជាបានណែនាំសិក្ខាកាមទាំងអស់ អំពីទិដ្ឋភាពសំខាន់ៗនៃការរស់នៅប្រទេសកូរ៉េ សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ(CAMKAA)និងអំពីក្រមសីលធម៌សម្រាប់កម្មវិធីបណ្តុះបណ្តាល។ ឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី៣ សម្រាប់ “វគ្គបណ្តុះបណ្តាលស្តីពី កម្មវិធីអភិវឌ្ឍន៍សមត្ថភាពសម្រាប់គ្រូបង្គោល របស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR)” គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងជំនាញ និងចំណេះដឹងរបស់អ្នកទទួលខុសត្រូវក្នុងការបណ្តុះបណ្តាលអ្នកការទូតនាពេលអនាគត។ នៅពេលដែលការទូតកាន់តែមានសារៈសំខាន់នៅក្នុងពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស កម្មវិធីនេះបានបំពាក់ឱ្យសិក្ខាកាមនូវវិធីសាស្រ្តបង្រៀនថ្មីៗ និងទស្សនៈអន្តរជាតិ ដែលអនុញ្ញាតឱ្យគ្រូបង្គោលរៀបចំប្រកបដោយប្រសិទ្ធភាពនូវអ្នកការទូតកម្ពុជាជំនាន់ក្រោយសម្រាប់ការតំណាងពិភពលោក។បញ្ហាសំខាន់មួយទៀត ដែលត្រូវបានគូសបញ្ជាក់ នោះគឺ “ការកសាងសមត្ថភាពលើការអប់រំបម្រែបម្រួលអាកាសធាតុ និងការចោលកាកសំណល់ក្នុងរាជធានីភ្នំពេញ”ដែលឥឡូវ នេះគឺជាឆ្នាំទី១។ ក្នុងនាម ជារាជធានីរបស់ប្រទេសកម្ពុជា រាជធានីភ្នំពេញ គឺនាំមុខគេក្នុងការដោះស្រាយបញ្ហាប្រឈម បរិស្ថាន ជាបន្ទាន់ រួមទាំងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងកាកសំណល់ ។ កម្មវិធីនេះមានគោលបំណងដោះស្រាយបញ្ហាទាំងនេះដោយការអប់រំអ្នកចូលរួមអំពីការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ បច្ចេកទេសគ្រប់គ្រងកាកសំណល់ និងនិរន្តរភាពបរិស្ថាន។ អ្នកដែលពាក់ព័ន្ធនឹងមិនត្រឹមតែទទួលបានចំណេះដឹងស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងមានទំនួលខុសត្រូវក្នុងការរួមចំណែកដល់ភាពធន់នឹងបរិស្ថានរបស់កម្ពុជា។កម្មវិធីអភិវឌ្ឍន៍សមត្ថភាពទាំងនេះគឺជាផ្នែកមួយនៃបេសកកម្មរបស់ កយកា-KOICA ក្នុងការពង្រឹងការអភិវឌ្ឍន៍ធនធានមនុស្ស (HRD) នៅក្នុងប្រទេសដៃគូដូចជាកម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ កយកា-KOICA អញ្ជើញ និងគាំទ្រអ្នកជំនាញកម្ពុជា ដោយជួយពួកគាត់ឱ្យទទួលបានចំណេះដឹងឯកទេសដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត៕អត្ថបទ រដ្ឋា

សម្ដេចមហាបវរធិបតី លើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិន​នៅកម្ពុជា​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ជាពិសេសខេត្តភាគឦសាន

2024/09/27 08:40:59 pm        76
ភ្នំពេញ ÷ នារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នៅវិមានសន្ដិភាពក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលនេះជាការគាំទ្រដល់រាជរដ្ឋាភិបាល​ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ​ ក៏ដូចជាការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន។ សម្ដេចធិបតីបានគូសបញ្ជាក់ជូនគណៈប្រតិភូសមាគមថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តតាមព្រំដែន ដោយសម្ដេចបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបន្តអភិវឌ្ឍបន្ថែមទៀត ដោយផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវក្រវាត់ព្រំដែន, ការដាក់ចេញនូវកម្មវិធីផ្តល់ដីសង្គមកិច្ចដល់ប្រជាជនដែលខ្វះដី​ពិត​ប្រាកដ តាមរយៈកម្មវិធីផ្ដល់ដី​ ការពារព្រៃ​ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ដេីម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន និងការបន្តចរចាជាមួយប្រទេសជិតខាងលើកិច្ចការបោះបង្គោលព្រំដែន។ ទន្ទឹមនេះ សម្ដេចធិបតីក៏បានអរគុណចំពោះវិស័យឯកជន ក៏ដូចជា ​សមាគមសម្ព័ន្ធ​ខ្មែរ-ចិននៅកម្ពុជា​ ដែលតែងមាន​ភាពជឿជាក់​ និង​ទំនុកចិត្ត​ ក្នុង​ការបោះទុនវិនិយោគនៅកម្ពុជា ​ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្តេច​ធិបតី​ក៏បានគូសបញ្ជាក់ថា វិស័យឯកជនជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង ការបង្កើតការងារ​។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តរក្សានូវសន្ដិភាព, ស្ថិរភាពនយោបាយ និងការបង្កើតនូវបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ និងអំណោយផល សម្រាប់វិនិយោគិន។ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ពិនិត្យលទ្ធភាពថែមទៀតដើម្បីបណ្ដាក់ទុនវិនិយោគនៅតាមបណ្ដាខេត្តជាប់ព្រំដែន, ជាពិសេសខេត្តភាគឦសាន។

​ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូលនិងចែកចាយរថយន្ត JETOUR ផ្តាច់មុខលើទីផ្សារកម្ពុជា

2024/09/27 08:14:32 pm        232
ភ្នំពេញ ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលស្គាល់សិទ្ធិនៃការនាំចូល ចែកចាយរថយន្ត គ្រឿងបន្លាស់ និងសេវាកម្មម៉ាក JETOUR គ្រប់ម៉ូដែល ដោយផ្តាច់មុខនៅលើទីផ្សារកម្ពុជា ពីក្រសួងពាណិជ្ជកម្មចិន និងពីក្រសួងពាណិជ្ជកម្មកម្ពុជា។​លោក អ៊ឹង ម៉ុយហ្តិច នាយកប្រតិបត្តិប្រតិបត្តិការនៃក្រុមហ៊ុន JETOUR CAMBODIA លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នៅថ្ងៃ ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា ក្រុមហ៊ុន ខេ អិន អិន គឺជាអ្នកនាំចូលនិងចែកចាយផ្តាច់មុខរថយន្ត JETOUR តែមួយគត់នៃកម្ពុជា ក្នុងនោះសម្រាប់ អ្នកនាំចូល និងចែកចាយរថយន្ត JETOUR ខុសច្បាប់, ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នឹងសហការជាមួយអាជ្ញារធរ និងក្រសួង មានសមត្ថកិច្ច អនុវត្តន៍នីតិវិធីផ្លូវច្បាប់ ដើម្បីទប់ស្កាត់សកម្មភាពដែលរំលោភបំពានលើសិទ្ធិចែកចាយ។លោក បន្តថា ការប្រកាសជាសារធារណៈនេះ មានគោលបំណងឱ្យសារធារណៈជន ទទួលជាព័ត៌មានថា រាល់ការជាវរថយន្ត JETOUR ចេញពី Jetour Cambodia អតិថិជននឹងទទួលបាននូវទំនុកចិត្តពីប្រភពនៃរថយន្ត ព្រោះថា ក្រុមហ៊ុន KNN Cambodia មានការសិក្សាស៊ីជម្រៅ និងជ្រើសយក Spec រថយន្តដែលតម្រូវនឹងស្ថានភាពផ្លូវ និងអាកាសធាតុប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវ ការធានាស្តង់ដារខ្ពស់ ពីរោងចក្រ JETOUR ដល់ទៅ ៥ឆ្នាំ ឬ ១៥ ម៉ឺនគីឡូ, ជាពិសេសអតិថិជននឹងទទួលបាននូវការធានាសេវាកម្ម ក្រោយការលក់យ៉ាងត្រឹមត្រូវបំផុតពី Jetour Cambodia ជាមួយនូវប្រព័ន្ធឆែកលេខ VIN រថយន្ត និងប្រព័ន្ធស្កេនជួសជុល ដោយ បច្ចេកវិទ្យាខ្ពស់បំផុត ការប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ ក្រុមជាងបច្ចេកទេសជំនាញដែលបណ្តុះបណ្តាល និងទទួលស្គាល់ដោយ JETOUR ទាំងនេះ គឺធានាដល់គុណភាពប្រើប្រាស់ និងការបើកបររបស់អ្នកប្រើប្រាស់។ ប្រសិនបើអតិថិជនជាវរថយន្ត JETOUR ដែលនាំចូលនិងចែកចាយខុសច្បាប់ អតិថិជនអាចនឹងទិញបាននូវរថយន្តដែលជា Spec ប្រើក្នុងតំបន់ប្រទេសចិន និងពុំទទួលបានការ ធានាពីរោងចក្រ JETOUR នោះទេ ហើយអតិថិជនក៏មិនទទួលបានសេវាថែទាំ ការផ្លាស់ប្តូរគ្រឿងបន្លាស់ផងដែរ។ ដូចនេះអតិថិជន នឹងបាត់បង់អត្ថប្រយោជន៍ ក៏ដូចជារថយន្តអាចនឹងមានបញ្ហាលើការប្រើប្រាស់មុខងារសុវត្ថិភាព ឬប្រព័ន្ធបំពាក់ផ្សេងៗ។ចំណែក លោក GARY ZHANG, Country Manager of JETOUR International លើកឡើងផងដែរថា ក្រុមហ៊ុនផលិត រថយន្ត JETOUR ស្ថិតក្រោមក្រុមហ៊ុន Chery Holding Group គឺជាសម្ព័ន្ធក្រុមហ៊ុន ដែលនាំចេញរថយន្តច្រើនជាងគេ Top2 ទូទាំង ពិភពលោក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ជាពិសេសទីផ្សារអារ៉ាប់រួម និងអាហ្វ្រិក ដោយបានចាប់ផ្តើមបោះជំហ៊ានចូលទីផ្សារ កម្ពុជា ជាផ្លូវការនាចុងឆ្នាំ ២០២៣នេះ តាមរយៈការផ្តល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខទៅក្រុមហ៊ុន ខេ អិ នអិន ខេមបូឌា។ ការជ្រើសរើសក្រុមហ៊ុន KNN CAMBODIA ជាក្រុមហ៊ុនផ្តាច់មុខនេះ JETOUR AUTO គឺបានសិក្សាយ៉ាងល្អិតល្អន់ និងតឹងរឹងបំផុត ទៅលើគុណសម្បត្តិរបស់ក្រុមហ៊ុន ដែលជាដៃគូសហការ ក្នុងនោះដែរ KNN គឺជាក្រុមហ៊ុនដែលមានកិត្យានុភាព និងបទពិសោធន៍ ច្រើនជាង២០ឆ្នាំ លើការចែកចាយគ្រឿងចក្រធុនធ្ងន់នៃកម្ពុជា ក៏ជាក្រុមហ៊ុនដែលពោលពេញដោយទំនួលខុសត្រូវ ទៅលើការផ្តល់ សេវាធានា គ្រឿងបន្លាស់ ការបំពេញចិត្ត និងរក្សាគុណភាពខ្ពស់ទៅអតិថិជន។ សូមបញ្ជាក់ផងដែរថា KNN CAMBODIA នឹងនាំចូលនូវរថយន្ត JETOUR ជាច្រើនម៉ូដែលទៀតមានដូចជា៖ DASHING, T2, X50, X70, X70 Pluses, X90, X95 ជាដើម ក្នុងពេលឆាប់ៗនេះ។ ក្នុងនោះផងដែរ ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តម៉ូឌែលគ្រប់ JETOUR អតិថិជនអាចជ្រើសរើសសេវាកម្មបង់រំលស់របស់ក្រុមហ៊ុន ឬធនាគារដៃគូ ដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ និងឆាប់រហ័សនៅទីតាំងផ្ទាល់ ជាពិសេសគឺការប្រូម៉ូសិនបញ្ជុះតម្លៃ ២០០០ដុល្លាបន្ថែមទៀត ក្នុងរដូវការភ្ជុំបិណ្ឌនេះ៕អត្ថបទ៖ សុន រ៉ាឌី

នាវា HMS SPEY មកបំពេញទស្សនកិច្ចជាលើកទីពីរនៅកម្ពុជាសម្រាប់ការធ្វើសមយុទ្ធរួមពីរថ្ងៃជាមួយកងទ័ពជើងទឹកកម្ពុជា

2024/09/27 08:09:21 pm        69
ភ្នំពេញ ៖ នាវាចម្បាំងរបស់ចក្រភពអង់គ្លេស HMS SPEY បានមកទស្សនកិច្ចកំពង់ផែក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ ជាកន្លែងដែលនាវានេះបានចូលរួមក្នុងសមយុទ្ធហ្វឹកហាត់រួមគ្នារយៈពេលពីរថ្ងៃជាមួយកងទ័ពជើងទឹកកម្ពុជា។មេបញ្ជាការ Paul Caddy មេបញ្ជាការនៃនាវា HMS Spey បានដឹកនាវិករបស់គាត់ក្នុងការទទួលមន្ត្រីចំនួន ៣០ នាក់ នៃកងទ័ពជើងទឹកកម្ពុជាសម្រាប់សមយុទ្ធនៅថ្ងៃអង្គារ (ទី ២៤) និងថ្ងៃព្រហស្បតិ៍ (ទី ២៤) ។ លំហាត់សមយុទ្ធនេះគ្របដណ្តប់លើការធ្វើនាវាចរណ៍ Man Overboard Procedure បច្ចេកទេសពន្លត់អគ្គិភ័យ និងលំហាត់នានាជាច្រើនទៀត។ មេបញ្ជាការ Paul Caddy បានមានប្រសាសន៍ថា “ការហ្វឹកហ្វឺនទ្វេភាគី ដែលយើងបានធ្វើជាមួយកងទ័ពជើងទឹកកម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការរៀនសូត្ររួមគ្នា និងពង្រឹងភាពជាដៃគូដែលកំពុងរីកចម្រើនរវាងចក្រភពអង់គ្លេស និងកងកម្លាំងប្រដាប់អាវុធកម្ពុជា”។លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា “ពេលដែលខ្ញុំឈរលើកចុងក្រោយនៅលើនាវា HMS Spey ក្នុងក្រុងព្រះសីហនុ ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់កាលពីឆ្នាំ២០២៣ ពួកយើងពិតជារំភើបជាមួយនឹងទំនាក់ទំនងលើវិស័យការពារជាតិថ្មីនេះ។ យើងបានតែងតាំងអនុព័ន្ធយោធាអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាដំបូងក្នុងទសវត្សរ៍ឆ្នាំ ២០២២។ នាវា HMS Spey គឺជានាវាចក្រភពអង់គ្លេសដំបូងគេដែលបានមកទស្សកិច្ចព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៦៥ឆ្នាំ ហើយនៅពេលនោះ មានជនជាតិខ្មែរដំបូងគេដែលបានសិក្សានៅសាលានាយទាហានជាន់ខ្ពស់របស់ចក្រភពអង់គ្លេស Sandhurst។ ជាងមួយឆ្នាំកន្លះមកនេះ យើងនៅតែបន្តទំនាក់ទំនងការពារជាតិរបស់យើងជាមួយប្រទេសកម្ពុជា ហើយខ្ញុំពិតជារីករាយក្នុងការស្វាគមន៍ការត្រឡប់មកវិញរបស់នាវា HMS Spey ជាសញ្ញានៃការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់យើង។  ចក្រភពអង់គ្លេសមើលឃើញថាកម្ពុជាជាដៃគូដ៏សំខាន់នៅក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែទូលំទូលាយ ហើយយើងកំពុងពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យជាច្រើន ចាប់ពីពាណិជ្ជកម្ម រហូតដល់ការអប់រំ រហូតដល់ការប្រែប្រួលអាកាសធាតុ។ យើងទន្ទឹងរង់ចាំក្នុងការបន្តកសាងភាពជាដៃគូរបស់យើងជាមួយគ្នានៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ការហ្វឹកហ្វឺនលំហាត់សមយុទ្ធកាលពីថ្ងៃអង្គារ រួមមានទ្រឹស្ដីការធ្វើនាវាចរណ៍ និង Man Overboard Exercise ដោយប្រើកប៉ាល់សមុទ្ររបស់នាវា HMS Spey រួមជាមួយជំនួយសង្គ្រោះបឋម និងសង្គ្រោះជនរងគ្រោះ។ កិច្ចសហប្រតិបត្តិការនេះរួមមានការគ្រប់គ្រងពេលមានគ្រោះអាសន្ន និងសមយុទ្ធពន្លត់អគ្គិភ័យកាលពីថ្ងៃព្រហស្បតិ៍។ ឧត្តមនាវីឯក ងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹករាម បានចូលរួមជាសក្ខីភាពក្នុងការហ្វឹកហ្វឺនកាលពីថ្ងៃព្រហស្បតិ៍ និងបានកោតសរសើរចំពោះកិច្ចសហការនេះ។ លោកបានមានប្រសាសន៍ថា “យើងសូមអរគុណចំពោះឱកាសហ្វឹកហាត់ជាមួយកងទ័ពជើងទឹកចក្រភពអង់គ្លេស ខណៈពេលដែលនាវា HMS SPEY ចូលចតនៅខេត្តព្រះសីហនុ។ នេះជាដំណើរទស្សនកិច្ចលើកទី២ដែលនាវា HMS SPEY បានធ្វើមកកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ យើងសូមស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនាពេលខាងមុខជាញឹកញាប់របស់កងទ័ពជើងទឹកកម្ពុជា ដូច្នេះយើងអាចបន្តធ្វើលំហាត់ហ្វឹកហ្វឺនជាមួយគ្នា រៀនសូត្រពីបទពិសោធន៍គ្នាទៅវិញទៅមក និងការពង្រឹងមិត្តភាពរវាងកងទ័ពជើងទឹករបស់យើងទាំងពីរ។ យើងសូមជូនពរឱ្យនាវិករបស់នាវា HMS SPEY និង Commander Caddy មានសុខភាពល្អ ជោគជ័យ និងសុវត្ថិភាពសម្រាប់បេសកកម្មរបស់ពួកគេ ហើយយើងទន្ទឹងរង់ចាំទទួលពួកគេម្តងទៀតនៅឆ្នាំ ២០២៥។ក្រៅពីការហ្វឹកហ្វឺន កងទ័ពជើងទឹកទាំងពីរបានចំណាយពេលវេលារួមគ្នាដើម្បីចូលរួមក្នុងសកម្មភាពសង្គម។ នៅរសៀលថ្ងៃពុធ កងទ័ពជើងទឹកទាំងពីរបានជួបគ្នាដើម្បីប្រកួតបាល់ទាត់មិត្តភាព។ ល្ងាចនោះនាវា HMS Spey បានទទួលស្វាគមន៏មន្ត្រីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ កងយោធពលខេមរភូមិន្ទ កងទ័ព និងកងរាជអាវុធហត្ថ ដើម្បីចូលរួមពិធីជួមជុំនៅលើនាវា។ នាយឧត្តមសេនីយ៍ យន្ត មីន បានអញ្ជើញជាភ្ញៀវកិត្តិយស និងក៏មានការអញ្ជើញចូលរួមពី ឧត្តមនាវីឯក ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានទ័ពជើងទឹករាម និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញចូលរួមផងដែរ។ កម្មវិធីពេលល្ងាចត្រូវបានបញ្ចប់នៅក្នុងពិធីថ្ងៃលិច ដែលជាប្រពៃណីកងទ័ពជើងទឹកក្នុងការគោរពពេលវេលា។ ដំណើរទស្សនកិច្ចលើកទីពីររបស់នាវា HMS SPEY ទៅកាន់ខេត្តព្រះសីហនុ គឺជាផ្នែកមួយនៃទំនាក់ទំនងការពារជាតិរវាងចក្រភពអង់គ្លេស និង ព្រះរាជាការចក្រកម្ពុជា។ កាលពីឆ្នាំមុនយើងបានឃើញនិស្សិតកម្ពុជាដំបូងដែលបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធា Sandhurst (Royal Military Academy Sandhurst) ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលរបស់ចក្រភពអង់គ្លេសសម្រាប់នាយទាហាន។

គណៈរដ្ឋមន្ត្រីអនុម័តគម្រោងវិនិយោគលើវិស័យអគ្គិសនី ២៣ គម្រោង

2024/09/27 07:54:49 pm        110
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗជាច្រើន។​ក្រៅពីការឆ្លង និងអនុម័ត សេចក្តីព្រាងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងសេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ២០២៤-២០៣០ ដើ ម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍នោះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះក៏បានពិនិត្យ ឆ្លង និងអនុម័តសំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគកិច្ចព្រមព្រៀងវិនិយោគ និងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនី ចំនួន ២៣ គម្រោងសម្រាប់ឆ្នាំ២០២៤-២០២៩ ផងដែរ។គម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣ គម្រោងនេះនឹងដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីដែលបានគ្រោងទុក។ គម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង ២៣ គម្រោងនេះមាន៖ គម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន ១២គម្រោង គម្រោងថាមពលខ្យល់ចំនួន ៦ គម្រោង គម្រោងជីវម៉ាស(Biomass)ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យចំនួន ១ គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន(LNG)ចំនួន ១ គម្រោង គម្រោងវារីអ គ្គិសនីចំនួន ១ គម្រោង និងគម្រោងស្ថានីយស្តុកថាមពលចំនួន ២ គម្រោង។ ក្នុងគម្រោងអភិវឌ្ឍន៍សរុ បចំនួន ២៣ នេះមានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីចំនួន ២១ គម្រោងដែលមានអានុភាពសរុ ប ៣៩៥០ មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពលចំនួន ២ គម្រោងដែលមានអានុ ភាព ២០០០ មេហ្គាវ៉ាត់។ គម្រោងវិនិយោគទាំង ២៣ នេះមានទុនវិនិយោគសរុបចំនួន ៥៧៩០លានដុល្លារអាម៉េរិក។ តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍគម្រោង ២៣ នេះមានផលប្រយោជន៍ចំពោះកម្ពុជា ក្នុងការបំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់ពេលតាមកំណើន នៃតម្រូវការអគ្គិសនីដែលកើនឡើង ផ្តល់ប្រភពអគ្គិសនីដល់ប្រព័ន្ធបណ្តាញជាតិ ដើម្បីអាច ផ្គត់ផ្គង់អគ្គិសនីមួយដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងនៅកម្ពុជា។គម្រោងទាំងនេះ នឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុក, បង្កើន ការអភិវឌ្ឍថាមពលស្អាត ដែលរួមមានថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស ថាម ពលវារីអគ្គិសនី ឱ្យបានជាអតិបរមា ដោយរក្សាភាពអាចទុកចិត្តបាន និងតម្លៃសមរម្យ នៃការផ្គត់ផ្គង់អ គ្គិសនីឱ្យនៅដដែល ដើម្បីឈានទៅសម្រេចគោលដៅវិស័យថាមពលឆ្នាំ២០៣០ ឱ្យមានប្រភពថាម ពលស្អាតយ៉ាងតិច ៧០% នៅក្នុងប្រភពថាមពលក្នុងស្រុកសរុប និងចូលរួមចំណែកក្នុងការសម្រេចឱ្យបាននូវគោលដៅបរិស្ថានរបស់កម្ពុជា និងការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជាក្នុងការកាត់បន្ថយការបំ ភាយឧស្ម័នផ្ទះកញ្ចក់។ គម្រោងនេះនឹងផ្តល់ការងារជូនប្រជាពលរដ្ឋរាប់ម៉ឺននាក់ ជាពិសេសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, រតនគិរី, មណ្ឌលគិរី, ព្រះសីហនុ, កំព ង់ចាម និងខេត្តព្រៃវែង។ នៅក្នុងដំណាក់កាលសាងសង់ ដំណើរការ និងថែទាំ គម្រោងនេះនឹងនាំមកនូវបច្ចេកវិទ្យាថ្មី ទំនើប រួមជាមួយការបណ្តុះបណ្តាលនៅនឹងកន្លែង ជួយបង្កើនសមត្ថភាពជំនាញរបស់កម្មករនិយោជិតកម្ពុជា តាមរយៈការអនុវត្តផ្ទាល់នៅមូលដ្ឋាន។ ជាពិសេសរដ្ឋនឹងទទួលបានចំណូលពន្ធពីគម្រោងវិនិយោគទាំង ២៣ គម្រោងដែលរួមមានពន្ធលើប្រាក់ចំណូល ពន្ធបន្ថែមលើការបែងចែកមុនពន្ធកាត់ទុកលើការប្រាក់ និងពន្ធកាត់ទុកលើការបែងចែកភាគលាភ ក្នុងរយៈពេលនៃប្រតិបត្តិការ គម្រោងតាមកិច្ចព្រមព្រៀង៕​ដោយ៖ គង់ ឌិន

មន្រ្ដីពាក់ព័ន្ធចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវដែលខូចខាតដោយទឹកជំនន់ក្នុងខេត្តក្រចេះ

2024/09/27 06:38:02 pm        50
ក្រចេះ ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់នៅក្នុងខេត្តក្រចេះ។​ដំណើរចុះពិនិត្យ និងវាយតម្លៃនោះ ក៏មានការចូលរួមពីលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងក្រចេះ ក្រុមប្រឹក្សាសង្កាត់រកាកណ្តាល និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន។ក្នុងដំណើរចុះពិនិត្យជាក់ស្តែងនេះ ថ្នាក់ដឹកនាំនិងប្រតិភូក្រុមការងារ បានធ្វើដំណើរទៅកាន់ទីតាំងភូមិសាស្ត្រចំនួន៣ ដែលរងគ្រោះដោយសារទឹកជំនន់ រួមមាន ភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី និងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ឯកឧត្តម តូច ប៊ុនហួរ បានណែនាំទៅកាន់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ឱ្យធ្វើការជិតស្និត និងជាប់ជាប្រចាំ ជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ធ្វើយ៉ាងណាស្រង់ទិន្នន័យផ្ទៃដីប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ឱ្យបានច្បាស់លាស់ ដើម្បីបញ្ជូនទៅក្រសួងកសិកម្ម និងស្នើសុំពូជស្រូវទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនប្រជាកសិករស្តារស្រូវរបស់ពួកគាត់ឡើងវិញនៅពេលទឹកស្រក។ជាការកត់សម្គាល់ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ផ្ទៃដីលិចទឹកនៅក្នុងខេត្តក្រចេះទាំងមូលមានចំនួន ៨ ២៥៨ ហិកតា ក្នុងចំណោមនោះមានផ្ទៃដីខូចខាតទាំងស្រុងចំនួន ៥ ៧៨៥ហិកតា។ យ៉ាងណាក៏ដោយ បើតាមការវាយតម្លៃរបស់មន្ត្រីជំនាញ ដែលផ្ទៃដីយ៉ាងហោចណាស់ ៥ ៤៦០ហិកតា មានលទ្ធភាពនិងប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្តារឡើងវិញ៕

សម្តេចធិបតីណែនាំឱ្យផ្តល់រថយន្តក្រុងជូនពលរដ្ឋទៅស្រុកកំណើតចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី៤ ខែតុលានេះ

2024/09/27 06:34:25 pm        113
ភ្នំពេញ ៖ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុតង ជូនពលរដ្ឋទៅស្រុកកំណើតចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី៤ ខែតុលានេះតទៅ។​ក្នុងឱកាសនោះ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។ សម្តេចថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញដែលបានរៀបចំរថយន្តក្រុង ចំនួន៤៩៧គ្រឿង ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា និងរថយន្តក្រុងចំនួន៥៦គ្រឿងផ្សេងទៀត ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តទាំង៤ នៃតំបន់ភូមិភាគឦសាន ដោយឥតគិតថ្លៃ។សម្តេចធិបតី បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ។ ដើម្បីប្រារព្ធព្រះរាជពិធីនេះដោយជោគជ័យ សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធជាពិសេស ក្រសួងទេសចរណ៍ និងវិស័យឯកជន សហការរៀបចំឱ្យបានល្អដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។  ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានលើកទឹកចិត្តដល់បណ្តាខេត្ត ក្រុង ដែលនៅជាប់គ្នាឱ្យរៀបចំព្រឹត្តិការណ៍ប្តូរវេនគ្នា ដើម្បីបង្កើតផលិតផលទេសចរណ៍ឱ្យបានច្រើនដើម្បីក្រុមហ៊ុនទេសចរណ៍អាចលក់កញ្ចប់ទេសចរណ៍ក្នុងស្រុកបាន។ សម្តេច ក៏បានណែនាំឱ្យរៀបចំអង្គរសង្រ្កាន្ត និងសង្រ្កាន្តតាមបណ្តាខេត្តនានា សម្រាប់ឆ្នាំ២០២៥ ដោយមានកិច្ចសហការរវាង ក្រសួងទេសចរណ៍សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ជាដើម។សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ចក្នុងការតាមដានឱ្យជាប់ជាប្រចាំ និងការដោះស្រាយឱ្យបានទាន់ពេល ក្នុងករណីដែលមានគ្រោះទឹកជំនន់ប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សម្តេចធិបតី បានស្នើឱ្យភាគីពាក់ព័ន្ធមានដូចជា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារចាំបាច់នានា ដើម្បីធ្វើការអន្តរាគមន៍សង្គ្រោះទាន់ពេលតាមការចាំបាច់។ សម្តេចធិបតី បានណែនាំឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តតាមដានឱ្យជាប់ជាមួយអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងត្រូវកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព ក៏ដូចជាការចាត់វិធានការសមស្រប ជាមួយនឹងការត្រៀមកម្លាំង និងមធ្យោបាយ អន្តរាគមន៍សង្គ្រោះបន្ថែម។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រៀមស្បៀង និងបរិក្ខារចាំបាច់ក្នុងការអន្តរាគមន៍ជួយសង្គ្រោះ។ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានឱ្យជាប់ជាប្រចាំអំពីការវិវត្តនៃកម្ពស់ទឹក និងត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្រូវ ពូជ និងសម្ភារចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឱ្យមានការខូចខាតដល់ដំណាំរបស់ប្រជាពលរដ្ឋ និងដែលចាំបាច់ត្រូវជួយស្ដារឡើងវិញ៕

ក្រោមម្លប់សន្តិភាពរាជរដ្ឋាភិបាលបានស្ថាបនាផ្លូវជនបទប្រមាណ៥ម៉ឺនគីឡូម៉ែត្រដើម្បីប្រជាពលរដ្ឋស្រួលធ្វើដំណើរ

2024/09/27 06:18:08 pm        98
ពោធិ៍សាត់៖ ឯកឧត្តម អិុន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍លើកឡើងថា ក្រោមម្លប់នៃសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ រហូតដល់ពេលនេះបានស្ថាបនាកសាងផ្លូវជនបទ ទាំងផ្លូវក្រួសក្រហម ផ្លូវបេតុង និងផ្លូវកៅស៊ូរ សរុបប្រមាណ៥០០០០គីឡូម៉ែត្រ នៅគ្រប់មូលដ្ឋានភូមិ-ឃុំសង្កាត់ នៅទូទាំងប្រទេស ហើយកំពុងធ្វើការស្ថាបនាកសាងផ្លូវជាច្រើនខ្សែជាបន្តបន្ទាប់ទៀត ជាមួយគ្នានោះក្រសួងភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់ផងដែរ លើការងារថែទាំជួសជុលជាប្រចាំផ្លូវដែលបានកសាងកន្លងមក ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង ។ ឯកឧត្តម អិុន ចន្ថា មានប្រសាសន៍លើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើររដោយឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរជំនាញ ធ្វើការចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ភ្ជាប់ពីភូមិថ្មី ទៅភូមិដំបូក១០០ ក្នុងឃុំត្នោតជុំ ស្រុក្រគរ ដែលមានប្រវែង ៥៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ រួមជាមួយលូប្រអប់មុខពីរចំនួន១កន្លែង លូប្រអប់មុខមួយចំនួន១កន្លែង និងលូមូលមុខមួយចំនួន៣កន្លែង ដោយប្រើប្រាស់ថវិកាជំពូក២១ ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ហើយអនុវត្តគម្រោងដោយ នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ។ បន្ទាប់ពីធ្វើការចុះពិនិត្យដោយផ្ទាល់ គណៈកម្មការអន្តរក្រសួង បានវាយតម្លៃបញ្ចប់ការងារស្ថាបនា១០០ភាគរយ លើការស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសក្រហមចំនួន១ខ្សែនេះ ។ជាមួយគ្នានោះ ឯកឧត្តម អិុន ចន្ថា និងគណកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលផ្លូវទាំងនេះ ដោយឯកឧត្តម អិុន ចន្ថា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយឯកឧត្តមបានជម្រាបជូនថា គណៈកម្មាធិការអន្តរក្រសួងចុះមកក្នុងពេលនេះគឺដើម្បីធ្វើការត្រួតពិនិត្យគុណភាព និងវាយតម្លៃ លើការអនុវត្តន៍ការលើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសក្រហមចំនួន១ខ្សែនេះ ព្រោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការ យកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារស្ថាបនា ដោយបានគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ទាំងផ្លូវក្រាលដីស ផ្លូវក្រាល ល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង, ព្រោះផ្លូវពិតជាមានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និងទីប្រជុំជន និងដើម្បផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម អិុន ចន្ថា ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានត្រូវរួមចំណែកក្នុងការថែរក្សាផ្លូវទាំងនេះ ក៏ដូចផ្លូវជនបទផ្សេងទៀតក្នុងមូលដ្ឋាន ដើម្បីការប្រើប្រាស់បានយូរអង្វែងបន្ថែមទៀត ដោយកុំចាក់ដីលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវដែលមានស្រាប់ ហើយពេលចាក់ដីខ្ពស់ជាងផ្លូវសុំដាក់លូរំដោះទឹក និងកុំទុកដាក់សម្ភារៈផ្សេងៗឬ ហាលស្រូវដំឡូងនៅលើផ្លូវ ជាពិសេសត្រូវចូលរួមទបស្កាត់រថយន្តធំៗដឹកលើសទំងន់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM
នាយករដ្ឋមន្រ្តីប៉ូឡូញ៖ ការបាញ់ប្រហារវិចិត្រកររុស្ស៊ី ទំនងផ្តើមចេញពីរឿងនយោបាយ
06/17/2026 08:06 PM
ស្លូវ៉ាគីប្រញាប់ប្រញាល់ប្រមូលផលគ្រាប់ធុញ្ញជាតិមុនរដូវ ដោយសារក្តីកង្វល់ពីគ្រោះរាំងស្ងួត
06/17/2026 08:06 PM